ចូរបន្តស្អាងចិត្តគ្នាទៅវិញទៅមក
១ សាវ័កប៉ុលបានខំប្រឹងអស់ពីសមត្ថភាពដើម្បីពង្រឹងកំឡាំងចិត្តអ្នកជឿគ្នីគ្នា។ (កិច្ច. ១៤:១៩-២២) ដូចគ្នាដែរ យើងតែងបារម្ភកាលណាបងប្អូនយើងប្រឈមមុខនឹងស្ថានភាពដ៏ពិបាកហើយយើងចង់ជួយពួកគេ។ ព្រះគម្ពីរបង្ហាញថា មិនត្រឹមតែពួកអ្នកចាស់ទុំប៉ុណ្ណោះទេដែលគួរយកចិត្តទុកដាក់ចំពោះអ្នកឯទៀត តែយើងទាំងអស់គ្នាក៏គួរធ្វើដូច្នោះដែរ។ (រ៉ូម ១៥:១, ២) សូមពិចារណារបៀបពីរយ៉ាងដែលយើងអាចស្ដាប់តាមការដាស់តឿនប្រកបដោយសេចក្ដីស្រឡាញ់ដែលថា៖ «ចូរកំសាន្តហើយស្អាងចិត្តគ្នាទៅវិញទៅមក»។—១ថែ. ៥:១១
២ ចូរត្រិះរិះយល់អំពីសេចក្ដីត្រូវការរបស់អ្នកឯទៀត: ព្រះបន្ទូលរបស់ព្រះពណ៌នាថានាងតេប៊ីថា«បានធ្វើគុណហើយដាក់ទានជាច្រើន»។ (កិច្ច. ៩:៣៦, ៣៩) នាងបានកត់សំគាល់អ្នកដែលខ្វះខាតហើយបានធ្វើអ្វីដែលនាងអាចធ្វើទៅបានដើម្បីជួយពួកគេ។ នាងពិតជាធ្វើជាគំរូដ៏ល្អប្រសើរដល់យើងមែន! អ្នកប្រហែលជាដឹងថាបងប្អូនដែលមានវ័យចាស់ម្នាក់ត្រូវការអ្នកជូនទៅឯកិច្ចប្រជុំ។ ឬក៏ប្រហែលជាមានអ្នកត្រួសត្រាយម្នាក់ដែលគ្មានអ្នកណាផ្សព្វផ្សាយជាមួយនៅពេលរសៀលពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។ បើសិនជាអ្នកត្រិះរិះយល់អំពីសេចក្ដីត្រូវការដូចនេះហើយស្នើផ្ដល់ជំនួយដែលមានប្រយោជន៍នោះ សូមនឹកក្នុងចិត្តថាតើបងប្អូននោះនឹងបានទទួលការលើកទឹកចិត្តយ៉ាងណាទៅ។
៣ ការសន្ទនាខាងវិញ្ញាណ: យើងក៏អាចស្អាងចិត្តអ្នកឯទៀតដោយសារពាក្យសំដីរបស់យើងដែរ។ (អេភ. ៤:២៩) អ្នកចាស់ទុំដែលមានបទពិសោធន៍ម្នាក់បានកត់សំគាល់ថា៖ «បើអ្នកចង់ផ្ដល់ការលើកទឹកចិត្ត សូមនិយាយអំពីរឿងខាងវិញ្ញាណ។ ដើម្បីចាប់ផ្ដើមការសន្ទនាដែលស្អាងចិត្តបាន អ្នកអាចសួរសំនួរធម្មតាមួយដូចជា‹តើតាមរបៀបណាដែលអ្នកស្គាល់សេចក្ដីពិត?›»។ សូមបង្ហាញការយកចិត្តទុកដាក់ដ៏ស្មោះពីចិត្តចំពោះពួកយុវវ័យនៅក្នុងក្រុមជំនុំ។ សូមយកចិត្តទុកដាក់ចំពោះអស់អ្នកដែលធ្លាក់ទឹកចិត្តនិងអ្នកដែលប្រហែលជាមានការអៀនប្រៀន។ (សុ. ១២:២៥) សូមកុំអនុញ្ញាតឲ្យការសន្ទនាអំពីការកំសាន្តរបស់លោកីយ៍ស៊ីពេលអស់សំរាប់ការពិភាក្សារឿងខាងវិញ្ញាណជាមួយអ្នកជឿគ្នីគ្នា។—រ៉ូម ១:១១, ១២
៤ ទោះជាយ៉ាងណាក្ដី តើអ្នកអាចនិយាយអ្វីដែលស្អាងចិត្តអ្នកឯទៀត? កាលណាអ្នកអាននិងសិក្សាព្រះគម្ពីរដោយខ្លួនឯងនោះ តើពេលថ្មីៗអ្នកបានរកឃើញគោលការណ៍ណាមួយដែលធ្វើឲ្យសេចក្ដីស្រឡាញ់និងចិត្តកតញ្ញូរបស់អ្នកចំពោះព្រះយេហូវ៉ាកាន់តែជ្រាលជ្រៅថែមទៀតឬទេ? តើអ្នកបានត្រូវលើកទឹកចិត្តដោយសារអ្វីដែលអ្នកបានឮក្នុងសុន្ទរកថាសាធារណៈឬក្នុងការសិក្សាទស្សនាវដ្ដីប៉មយាមឬទេ? តើអ្នកមានចិត្តរំភើបដោយសារបទពិសោធន៍ណាមួយដែលពង្រឹងជំនឿអ្នកឬទេ? បើអ្នករក្សាទុកដោយប្រុងប្រយ័ត្ននូវរតនសម្បត្ដិដ៏មានតម្លៃខាងវិញ្ញាណដូចនេះ អ្នកនឹងមានជានិច្ចនូវអ្វីៗដែលលើកទឹកចិត្តដើម្បីចែកជូនដល់អ្នកឯទៀត។—សុ. ២:១; លូ. ៦:៤៥
៥ សូមឲ្យយើងបន្តស្អាងចិត្តគ្នាទៅវិញទៅមកដោយស្នើផ្ដល់ជំនួយដែលមានប្រយោជន៍ហើយដោយចេះប្រើពាក្យសំដីរបស់អ្នកប្រកបដោយប្រាជ្ញា។—សុ. ១២:១៨