ជំពូកទី១៤
ការរក្សាសេចក្ដីសុខសាន្តនិងភាពស្អាតស្អំនៅក្នុងក្រុមជំនុំ
ស្របតាមទំនាយក្នុងគម្ពីរ មនុស្សរាប់ពាន់នាក់ចូលមកគោរពប្រណិប័តន៍ព្រះយេហូវ៉ាជារៀងរាល់ឆ្នាំ។ (មីកា ៤:១, ២) យើងសប្បាយរីករាយទទួលស្វាគមន៍ពួកគេឲ្យចូល«ក្រុមជំនុំរបស់ព្រះ»! (សកម្ម. ២០:២៨) ពួកគេឲ្យតម្លៃទៅលើឯកសិទ្ធិបម្រើព្រះយេហូវ៉ាជាមួយនឹងយើង ក៏ឲ្យតម្លៃទៅលើស្ថានភាពដ៏សុខសាន្តនិងស្អាតស្អំនៃការគោរពប្រណិប័តន៍របស់យើងដែរ ជាស្ថានភាពដែលប្រៀបដូចជាសួនឧទ្យាន។ សកម្មពលបរិសុទ្ធរបស់ព្រះនិងឱវាទដែលប្រកបដោយប្រាជ្ញាពីគម្ពីរ ជួយយើងឲ្យរក្សាភាពស្អាតស្អំនិងសេចក្ដីសុខសាន្តក្នុងក្រុមជំនុំ។—ទំនុក. ១១៩:១០៥; សាក. ៤:៦
២ ដោយអនុវត្តគោលការណ៍គម្ពីរ យើងបំពាក់ខ្លួនដោយ«បុគ្គលិកលក្ខណៈថ្មី»។ (កូឡ. ៣:១០) យើងមិនឲ្យទំនាស់តូចតាចនិងការខ្វែងគំនិតគ្នាបណ្ដាលឲ្យយើងបែកបាក់សាមគ្គីទេ។ ដោយសារយើងមានទស្សនៈដូចព្រះយេហូវ៉ា យើងយកឈ្នះឥទ្ធិពលពីពិភពលោកដែលនាំឲ្យបែកបាក់គ្នា។ ជាលទ្ធផល យើងបន្តបម្រើព្រះដោយសាមគ្គីភាពជាមួយបងប្អូនរួមជំនឿទូទាំងពិភពលោក។—សកម្ម. ១០:៣៤, ៣៥
៣ ទោះជាយ៉ាងនោះក៏ដោយ ម្ដងម្កាលមានបញ្ហាកើតឡើងដែលប៉ះពាល់ដល់សេចក្ដីសុខសាន្តនិងសាមគ្គីភាពក្នុងក្រុមជំនុំ។ តើអ្វីនាំឲ្យមានបញ្ហានេះ? ក្នុងករណីភាគច្រើន បញ្ហានេះផ្ដើមមកពីការមិនធ្វើតាមឱវាទក្នុងគម្ពីរ។ យើងនៅតែត្រូវខំប្រឹងយកឈ្នះទំនោរចិត្តដែលទោរទន់ទៅរកភាពខុសឆ្គង។ យើងគ្រប់គ្នាមានការខុសឆ្គង។ (១យ៉ូន. ១:១០) ប្រហែលជាបុគ្គលម្នាក់ចាប់ផ្ដើមដើរផ្លូវខុសដោយមិនដឹងខ្លួន ហើយនេះអាចនាំឲ្យមានភាពមិនស្អាតស្អំខាងសីលធម៌ឬខាងការគោរពប្រណិប័តន៍ក្នុងក្រុមជំនុំ។ ម្យ៉ាងទៀត ប្រហែលជាយើងធ្វើឲ្យអ្នកណាម្នាក់ឈឺចិត្តដោយសារយើងប្រព្រឹត្តឬនិយាយដោយមិនគិតពិចារណាជាមុន ឬក៏ប្រហែលជាយើងតូចចិត្តដោយសារពាក្យសម្ដីឬការប្រព្រឹត្តរបស់អ្នកណាម្នាក់ដែរ។ (រ៉ូម ៣:២៣) តើយើងអាចធ្វើអ្វីដើម្បីដោះស្រាយបញ្ហាបែបនេះ?
៤ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ ដោយគិតអំពីដំណោះស្រាយចំពោះរឿងទាំងនេះ។ បណ្ដាំរបស់ព្រះមានឱវាទស្ដីអំពីអ្វីដែលយើងត្រូវធ្វើពេលមានបញ្ហាកើតឡើង។ យើងម្នាក់ៗអាចទទួលជំនួយពីពួកអ្នកចាស់ទុំ ដែលឃ្វាលយើងដោយសេចក្ដីស្រឡាញ់។ ដោយធ្វើតាមឱវាទដែលពួកគាត់ឲ្យពីគម្ពីរ នោះយើងអាចមានទំនាក់ទំនងដ៏ល្អម្ដងទៀតជាមួយអ្នកឯទៀត ក៏អាចរក្សាចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាដែរ។ ប្រសិនបើយើងទទួលការប្រៀនប្រដៅឬបានត្រូវប្រដៅតម្រង់ដោយសារយើងបានប្រព្រឹត្តអំពើខុសឆ្គងណាមួយ នោះយើងអាចប្រាកដថា បិតារបស់យើងនៅស្ថានសួគ៌ស្រឡាញ់យើងណាស់ បានជាលោកកែតម្រង់យើងបែបនេះ។—សុភ. ៣:១១, ១២; ហេ. ១២:៦
វិធីដោះស្រាយរឿងរ៉ាវតូចតាច
៥ ជួនកាល អាចមានទំនាស់តូចតាចឬការខ្វែងគំនិតគ្នារវាងបងប្អូនក្នុងក្រុមជំនុំ។ យើងត្រូវដោះស្រាយរឿងរ៉ាវទាំងនេះឲ្យបានឆាប់រហ័ស ដោយបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូន។ (អេភ. ៤:២៦; ភី. ២:២-៤; កូឡ. ៣:១២-១៤) អ្នកទំនងជានឹងឃើញថា បញ្ហាភាគច្រើនដែលអ្នកមានជាមួយនឹងបុគ្គលណាម្នាក់ក្នុងក្រុមជំនុំ អាចត្រូវដោះស្រាយបានដោយធ្វើតាមឱវាទរបស់សាវ័កពេត្រុស ដែលណែនាំឲ្យ«ស្រឡាញ់គ្នាទៅវិញទៅមកឲ្យខ្លាំង ពីព្រោះសេចក្ដីស្រឡាញ់គ្របបាំងការខុសឆ្គងជាច្រើន»។ (១ពេ. ៤:៨) គម្ពីរចែងថា៖ «យើងទាំងអស់គ្នាជំពប់ដួលជាញឹកញយ»។ (យ៉ា. ៣:២) ដោយប្រព្រឹត្តតាមគោលការណ៍គម្ពីរដ៏ល្បីល្បាញដែលថា យើងគួរប្រព្រឹត្តចំពោះអ្នកដទៃដូចដែលយើងចង់ឲ្យគេប្រព្រឹត្តចំពោះយើងដែរ នោះធម្មតាយើងអាចដោះស្រាយរឿងរ៉ាវតូចតាច ដោយអភ័យទោស រួចបំភ្លេចចោល។—ម៉ាថ. ៦:១៤, ១៥; ៧:១២
៦ បើអ្នកបានដឹងថាបងប្អូនណាម្នាក់ឈឺចិត្តដោយសារអ្វីដែលអ្នកបានធ្វើឬនិយាយ នោះអ្នកគួរទៅរកជានឹងគាត់ដោយមិនបង្អែបង្អង់។ សូមចាំថា នេះក៏ប៉ះពាល់ដល់ចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ាដែរ។ លោកយេស៊ូបានឲ្យឱវាទអ្នកកាន់តាមលោកថា៖ «ដូច្នេះ ប្រសិនបើអ្នកកំពុងយកគ្រឿងបូជាមកទីបូជា ហើយនៅទីនោះអ្នកនឹកឃើញថាបងប្អូនណាម្នាក់កំពុងប្រកាន់ទោសអ្នក ចូរទុកគ្រឿងបូជារបស់អ្នកនៅមុខទីបូជា រួចទៅរកជានឹងបងប្អូនអ្នកសិន។ បន្ទាប់មក ចូរត្រឡប់មកបូជាអ្វីទាំងនោះចុះ»។ (ម៉ាថ. ៥:២៣, ២៤) ជួនកាល បញ្ហាកើតឡើងដោយសារការយល់ច្រឡំ។ បើដូច្នេះមែន សូមបន្តប្រស្រ័យទាក់ទងគ្នា ពីព្រោះការប្រស្រ័យទាក់ទងគ្នាយ៉ាងល្អរវាងបងប្អូនទាំងអស់ក្នុងក្រុមជំនុំ ពិតជាសំខាន់ណាស់ដើម្បីកុំឲ្យមានការយល់ច្រឡំ និងដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលបណ្ដាលមកពីភាពមិនល្អឥតខ្ចោះរបស់យើង។
ការឲ្យឱវាទដែលមានមូលដ្ឋានលើគម្ពីរ
៧ ជួនកាល អ្នកត្រួតពិនិត្យប្រហែលជាត្រូវឲ្យឱវាទដល់បុគ្គលណាម្នាក់ ដើម្បីកែតម្រង់របៀបគិតគូររបស់គាត់។ ការឲ្យឱវាទមិនតែងតែស្រួលទេ។ សាវ័កប៉ូលបានសរសេរជូនគ្រិស្តសាសនិកនៅខេត្តកាឡាទីថា៖ «បងប្អូនអើយ ទោះជាមនុស្សម្នាក់ចាប់ផ្ដើមដើរផ្លូវខុសដោយមិនដឹងខ្លួនក៏ដោយ ចូរអ្នករាល់គ្នាជាគ្រិស្តសាសនិកដែលមានគុណសម្បត្តិគ្រប់គ្រាន់កែតម្រង់អ្នកនោះដោយចិត្តស្លូតបូត»។—កាឡ. ៦:១
៨ ដោយសារពួកអ្នកត្រួតពិនិត្យថែរក្សាហ្វូងចៀមរបស់ព្រះ នោះពួកគាត់អាចការពារបងប្អូនក្នុងក្រុមជំនុំពីគ្រោះថ្នាក់ជាច្រើនដែលបង្ខូចចំណងមិត្តភាពជាមួយនឹងព្រះ ហើយអាចជួយការពារកុំឲ្យមានបញ្ហាធ្ងន់ធ្ងរកើតឡើង។ ពួកអ្នកចាស់ទុំខំព្យាយាមបម្រើក្រុមជំនុំ ដូចអ្វីដែលព្រះយេហូវ៉ាបានសន្យាតាមរយៈអេសាយថា៖ «មនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ»។—អេ. ៣២:២
ការចំណាំពួកអ្នកដែលមានរបៀបរស់នៅខុសគន្លង
៩ សាវ័កប៉ូលបានផ្ដល់ការព្រមានអំពីបុគ្គលដែលអាចជះឥទ្ធិពលអាក្រក់លើក្រុមជំនុំ ដោយសរសេរថា៖ «យើងបង្គាប់អ្នករាល់គ្នា . . . ឲ្យដកខ្លួនចេញពីបងប្អូនណាដែលមានរបៀបរស់នៅខុសគន្លង មិនស្របតាមទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានទទួលពីយើង»។ គាត់បញ្ជាក់ថែមទៀតថា៖ «ប្រសិនបើមានអ្នកណាដែលមិនស្ដាប់តាមពាក្យរបស់យើងក្នុងសំបុត្រនេះ ចូរចំណាំអ្នកនោះ ហើយឈប់សេពគប់ជាមួយ ដើម្បីឲ្យគាត់អៀនខ្មាស។ ប៉ុន្តែទោះជាយ៉ាងនោះក៏ដោយ កុំចាត់ទុកគាត់ជាសត្រូវ តែចូរបន្តដាស់តឿនគាត់ជាបងប្អូន»។—២ថែ. ៣:៦, ១៤, ១៥
១០ ជួនកាល មានបុគ្គលម្នាក់ក្នុងក្រុមជំនុំដែលមិនបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរដែលអាចនាំឲ្យគាត់ត្រូវបណ្ដេញចេញពីក្រុមជំនុំទេ ក៏ប៉ុន្តែ គាត់មិនអើពើទាល់តែសោះនឹងខ្នាតតម្រារបស់ព្រះដែលគួរដឹកនាំជីវិតរបស់គ្រិស្តសាសនិក។ នេះអាចរួមបញ្ចូលមនុស្សដែលខ្ជិលហួសហេតុ ចេះតែរិះគន់ ឬស្មោកគ្រោកខ្វះអនាម័យ។ គាត់ប្រហែលជា«ចេះតែជ្រៀតជ្រែកក្នុងរឿងដែលមិនទាក់ទងនឹង[គាត់]»។ (២ថែ. ៣:១១) ម្យ៉ាងទៀត គាត់ប្រហែលជាប្រើល្បិចកេងយកប្រយោជន៍ពីអ្នកឯទៀត ឬចូលចិត្តការកម្សាន្តដែលមិនសមរម្យសោះ។ បុគ្គលនេះមានការប្រព្រឹត្តខុសគន្លងដែលអាចធ្វើឲ្យខូចឈ្មោះក្រុមជំនុំ ហើយអាចជះឥទ្ធិពលអាក្រក់ទៅលើគ្រិស្តសាសនិកឯទៀត។
១១ មុនដំបូង ពួកអ្នកចាស់ទុំនឹងឲ្យឱវាទពីគម្ពីរដល់បុគ្គលដែលមានរបៀបរស់នៅខុសគន្លង ដើម្បីព្យាយាមកែតម្រង់គាត់។ ក៏ប៉ុន្តែ បើអ្នកចាស់ទុំបានដាស់តឿនច្រើនដងហើយ តែគាត់នៅតែមិនអើពើនឹងគោលការណ៍គម្ពីរ នោះពួកអ្នកចាស់ទុំអាចសម្រេចចិត្តថ្លែងសុន្ទរកថាព្រមានក្រុមជំនុំ។ ពួកអ្នកចាស់ទុំត្រូវប្រើសមត្ថភាពវែកញែកដើម្បីដឹងថាស្ថានភាពនោះធ្ងន់ធ្ងរដល់កម្រិតណា ហើយប៉ះពាល់យ៉ាងណាដល់បងប្អូនឯទៀត មុននឹងសម្រេចចិត្តថ្លែងសុន្ទរកថាព្រមាន។ អ្នកថ្លែងនឹងឲ្យឱវាទសមរម្យដែលទាក់ទងនឹងការប្រព្រឹត្តខុសគន្លង តែគាត់មិនប្រាប់ឈ្មោះរបស់អ្នកដែលប្រព្រឹត្តខុសគន្លងនោះទេ។ ហេតុនេះ ពួកអ្នកដែលដឹងអំពីរឿងនោះនឹងជៀសវាងការសេពគប់ធម្មតាជាមួយបុគ្គលបែបនេះ តែពួកគេបន្តទាក់ទងជាមួយគាត់ក្នុងរឿងខាងជំនឿ ដោយ«ដាស់តឿនគាត់ជាបងប្អូន»។
១២ ពេលគ្រិស្តសាសនិកដ៏ស្មោះត្រង់ក្នុងក្រុមជំនុំកាន់ជំហរមាំមួន នេះអាចធ្វើឲ្យអ្នកដែលមានរបៀបរស់នៅខុសគន្លងមានការអៀនខ្មាសចំពោះការប្រព្រឹត្តរបស់ខ្លួន ហើយប្រែចិត្តវិញ។ ពេលឃើញច្បាស់ថាបុគ្គលនេះបានលះចោលការប្រព្រឹត្តខុសគន្លង នោះគឺមិនចាំបាច់ចំណាំគាត់តទៅទៀតទេ។
របៀបដោះស្រាយពេលមានអំពើខុសឆ្គងធ្ងន់ធ្ងរខ្លះ
១៣ ការដែលយើងសុខចិត្តអភ័យទោសនិងបំភ្លេចចោលកំហុសខ្លះ មិនមែនមានន័យថាយើងមិនអើពើចំពោះអំពើខុសឆ្គង ឬពេញចិត្តនឹងអំពើខុសឆ្គងនោះទេ។ យើងមិនត្រូវគិតថាអំពើខុសឆ្គងទាំងអស់ផុសចេញពីភាពមិនល្អឥតខ្ចោះដែលយើងបានទទួលតាមរយៈអាដាមឡើយ ហើយយើងក៏មិនត្រូវមើលរំលងអំពើខុសឆ្គងធ្ងន់ធ្ងរដែរ។ (លេវី. ១៩:១៧; ទំនុក. ១៤១:៥) កិច្ចព្រមព្រៀងខាងច្បាប់បានឲ្យដឹងថា អំពើខុសឆ្គងខ្លះគឺធ្ងន់ធ្ងរជាងអំពើខុសឆ្គងឯទៀត ហើយគ្រិស្តសាសនិកក៏ទទួលស្គាល់ដូច្នោះដែរ។—១យ៉ូន. ៥:១៦, ១៧
១៤ លោកយេស៊ូបានពន្យល់យ៉ាងជាក់លាក់អំពីវិធីដោះស្រាយបញ្ហាធ្ងន់ធ្ងរដែលអាចកើតឡើងរវាងបងប្អូនរួមជំនឿ។ សូមកត់សម្គាល់ជំហានផ្សេងៗ តាមប្រសាសន៍របស់លោកថា៖ «ប្រសិនបើបងប្អូនណាម្នាក់របស់អ្នកធ្វើខុសអ្វីមួយ [១] ចូរទៅជួបគាត់ម្នាក់ឯង ហើយលាតត្រដាងកំហុសរបស់គាត់។ បើគាត់ស្ដាប់អ្នក នោះអ្នកបានបងប្អូននោះមកវិញ។ ប៉ុន្តែបើគាត់មិនស្ដាប់អ្នកទេ [២] ចូរយកមនុស្សម្នាក់ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យគ្រប់រឿងទាំងអស់អាចត្រូវទុកជាការពិត ដោយការបញ្ជាក់របស់សាក្សីពីរឬបីនាក់។ បើគាត់មិនស្ដាប់ពួកគេទេ [៣] ចូរប្រាប់ដល់ក្រុមជំនុំ។ ប្រសិនបើគាត់មិនស្ដាប់ក្រុមជំនុំទៀត នោះចូរចាត់ទុកគាត់ជាជនជាតិដទៃ និងជាអ្នកយកពន្ធ»។—ម៉ាថ. ១៨:១៥-១៧
១៥ តាមមើលទៅ អំពើខុសឆ្គងមួយដែលបានត្រូវរៀបរាប់នៅម៉ាថាយ ១៨:១៥-១៧ ទាក់ទងនឹងរឿងលុយកាក់ឬអចលនទ្រព្យ ដូចជាការមិនសងប្រាក់គេឬការឆបោក។ យើងអាចសន្និដ្ឋានដូច្នេះ ពេលគិតអំពីឧទាហរណ៍ដែលលោកយេស៊ូបានលើកឡើងក្រោយមក នៅម៉ាថាយ ១៨:២៣-៣៥។ ឬក៏ប្រហែលជាអំពើខុសឆ្គងនៅម៉ាថាយ ១៨:១៥-១៧ ទាក់ទងនឹងការនិយាយបង្កាច់បង្ខូច ដែលធ្វើឲ្យខូចកេរ្ដិ៍ឈ្មោះរបស់អ្នកណាម្នាក់។
១៦ ប្រសិនបើអ្នកមានភ័ស្តុតាងដែលបញ្ជាក់ថា បុគ្គលម្នាក់ក្នុងក្រុមជំនុំបានប្រព្រឹត្តអំពើខុសឆ្គងដូចនេះចំពោះអ្នក សូមកុំប្រញាប់ទៅជួបពួកអ្នកចាស់ទុំដើម្បីសុំឲ្យពួកគាត់ជួយដោះស្រាយ។ ដូចលោកយេស៊ូបានឲ្យឱវាទ អ្នកត្រូវទៅនិយាយជាមុនសិនជាមួយនឹងបងប្អូនដែលធ្វើខុសនឹងអ្នក។ ចូរព្យាយាមដោះស្រាយបញ្ហានោះជាមួយគ្នាតែពីរនាក់ប៉ុណ្ណោះ។ សូមចាំថា លោកយេស៊ូមិនបានមានប្រសាសន៍ថា៖ ‹ចូរទៅតែមួយដងប៉ុណ្ណោះ ហើយលាតត្រដាងកំហុសរបស់គាត់›ទេ។ ដូច្នេះ ប្រសិនបើបុគ្គលនោះមិនសារភាពកំហុសហើយសុំការអភ័យទោសទេ ប្រហែលជាការល្អបើអ្នកទៅជួបគាត់ម្នាក់ឯងនៅលើកក្រោយទៀត។ បើអាចដោះស្រាយបញ្ហាតាមវិធីនេះ បុគ្គលដែលធ្វើខុសនោះច្បាស់ជាដឹងគុណដែលអ្នកមិនបានប្រាប់មនុស្សឯទៀតអំពីកំហុសរបស់គាត់ ឬធ្វើឲ្យគាត់ខូចកេរ្ដិ៍ឈ្មោះក្នុងក្រុមជំនុំ។ យ៉ាងនេះ អ្នកនឹង«បានបងប្អូននោះមកវិញ»។
១៧ ប្រសិនបើបុគ្គលដែលបានធ្វើខុសទទួលស្គាល់ថាខ្លួនខុស សុំការអភ័យទោស ហើយព្យាយាមកែតម្រូវអ្វីដែលខុស អ្នកអាចចាត់ទុកថារឿងនោះបានដោះស្រាយរួចហើយ។ ទោះបីជាអំពើខុសឆ្គងបែបនេះគឺធ្ងន់ធ្ងរក្ដី តែបញ្ហាដូចនេះអាចត្រូវដោះស្រាយរវាងបុគ្គលដែលជាប់ពាក់ព័ន្ធបាន។
១៨ ប្រសិនបើអ្នកបាន«ទៅជួបគាត់ម្នាក់ឯង»ដើម្បីលាតត្រដាងកំហុសរបស់គាត់ ប៉ុន្តែអ្នកមិនអាចបានបងប្អូននោះមកវិញទេ នោះអ្នកអាចធ្វើតាមឱវាទរបស់លោកយេស៊ូ ដោយ«យកមនុស្សម្នាក់ឬពីរនាក់ទៀត»ទៅនិយាយជាមួយនឹងអ្នកនោះម្ដងទៀត។ បុគ្គលដែលទៅជាមួយអ្នក ក៏គួរមានគោលបំណងឲ្យបានបងប្អូននោះមកវិញដែរ។ ជាការល្អបើបុគ្គលទាំងនោះជាសាក្សីចំពោះអំពើខុសឆ្គងដែលបានត្រូវចោទប្រកាន់នោះ ក៏ប៉ុន្តែ បើគ្មានសាក្សីដែលបានឃើញផ្ទាល់ភ្នែកទេ អ្នកអាចសុំបងប្អូនម្នាក់ឬពីរនាក់ធ្វើជាសាក្សីចំពោះការពិភាក្សាគ្នា។ ពួកគេប្រហែលជាមានបទពិសោធន៍ក្នុងរឿងបែបនោះ ហើយអាចដឹងថាអ្វីដែលបានកើតឡើងជាអំពើខុសឆ្គងមែនឬមិនមែន។ បើយកអ្នកចាស់ទុំទៅជាមួយឲ្យធ្វើជាសាក្សី នោះពួកគាត់មិនមែនជាតំណាងក្រុមជំនុំទេ ពីព្រោះក្រុមអ្នកចាស់ទុំមិនបានចាត់ពួកគាត់ឲ្យធ្វើដូច្នេះឡើយ។
១៩ បើអ្នកបានព្យាយាមដោះស្រាយម្ដងហើយម្ដងទៀត (ពោលគឺអ្នកបានទៅនិយាយជាមួយគាត់ម្នាក់ឯង ក្រោយមកអ្នកបាននាំមនុស្សម្នាក់ឬពីរនាក់ទៅនិយាយជាមួយនឹងគាត់ទៀត) ប៉ុន្តែរឿងនោះនៅតែមិនទាន់ដោះស្រាយទេ ហើយអ្នកពុំអាចបំភ្លេចរឿងនេះបាន នោះអ្នកគួរប្រាប់រឿងនេះដល់ពួកអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំ។ ចូរចាំថា ពួកអ្នកចាស់ទុំមានគោលដៅរក្សាសេចក្ដីសុខសាន្តនិងភាពស្អាតស្អំក្នុងក្រុមជំនុំ។ ក្រោយពីបានប្រាប់ពួកអ្នកចាស់ទុំ ចូរទុកបញ្ហានេះឲ្យពួកគាត់ដោះស្រាយ ហើយទុកចិត្តព្រះយេហូវ៉ា។ សូមកុំឲ្យការប្រព្រឹត្តរបស់អ្នកឯទៀតធ្វើឲ្យអ្នកជំពប់ដួល ឬធ្វើឲ្យអ្នកលែងមានអំណរក្នុងការបម្រើព្រះយេហូវ៉ាឡើយ។—ទំនុក. ១១៩:១៦៥
២០ ពួកអ្នកចាស់ទុំដែលមានភារកិច្ចឃ្វាលហ្វូងចៀមរបស់ព្រះ នឹងសួរព័ត៌មានអំពីរឿងនោះ។ បើអ្នកចាស់ទុំឃើញថា បុគ្គលនោះបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរចំពោះអ្នកមែន ហើយគាត់មិនប្រែចិត្តនិងមិនព្រមចាត់វិធានការដែលសមត្រឹមត្រូវដើម្បីកែតម្រូវអ្វីដែលខុសទេ ប្រហែលជាគណៈកម្មាធិការនៃពួកអ្នកត្រួតពិនិត្យត្រូវបណ្ដេញអ្នកប្រព្រឹត្តអំពើខុសឆ្គងនេះចេញពីក្រុមជំនុំ។ ធ្វើដូច្នេះ ពួកគាត់ការពារហ្វូងចៀមរបស់ព្រះ ហើយរក្សាភាពស្អាតស្អំក្នុងក្រុមជំនុំ។—ម៉ាថ. ១៨:១៧
របៀបដោះស្រាយពេលមានអំពើខុសឆ្គងធ្ងន់ធ្ងរ
២១ អំពើខុសឆ្គងធ្ងន់ធ្ងរខ្លះដូចជា អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការផិតក្បត់ ការរួមភេទជាមួយនឹងមនុស្សដែលមានភេទដូចគ្នា ការពោលពាក្យប្រមាថព្រះ ការក្បត់ជំនឿ ការគោរពបូជារូបព្រះ ឬអំពើខុសឆ្គងធ្ងន់ធ្ងរស្រដៀងនេះ គឺមិនអាចដោះស្រាយដោយគ្រាន់តែសុំការអភ័យទោសពីបុគ្គលម្នាក់ដែលឈឺចិត្តដោយសារអំពើខុសឆ្គងនោះទេ។ (១កូ. ៦:៩, ១០; កាឡ. ៥:១៩-២១) អំពើខុសឆ្គងធ្ងន់ធ្ងរបែបនេះអាចធ្វើឲ្យក្រុមជំនុំបាត់បង់ភាពស្អាតស្អំខាងសីលធម៌និងខាងការគោរពប្រណិប័តន៍ព្រះ ដូច្នេះយើងត្រូវប្រាប់ពួកអ្នកចាស់ទុំអំពីបញ្ហានោះ ហើយទុកឲ្យពួកគាត់ដោះស្រាយ។ (១កូ. ៥:៦; យ៉ា. ៥:១៤, ១៥) បុគ្គលម្នាក់អាចទៅជួបពួកអ្នកចាស់ទុំដើម្បីសារភាពប្រាប់អំពីអំពើខុសឆ្គងរបស់ខ្លួន ឬដើម្បីប្រាប់អ្វីដែលគាត់ដឹងអំពីអំពើខុសឆ្គងរបស់អ្នកឯទៀត។ (លេវី. ៥:១; យ៉ា. ៥:១៦) ទោះជាអ្នកចាស់ទុំបានឮតាមរបៀបណាក៏ដោយថាសាក្សីព្រះយេហូវ៉ាម្នាក់ដែលបានទទួលការជ្រមុជទឹកបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ នោះអ្នកចាស់ទុំពីរនាក់នឹងស៊ើបសួរព័ត៌មានជាមុនសិន។ ប្រសិនបើរកឃើញថាបញ្ហានោះបានកើតឡើងពិតមែន ព្រមទាំងមានភ័ស្តុតាងដែលបង្ហាញថាមានអំពើខុសឆ្គងធ្ងន់ធ្ងរ នោះក្រុមអ្នកចាស់ទុំនឹងបង្កើតគណៈកម្មាធិការវិនិច្ឆ័យដែលមានអ្នកចាស់ទុំយ៉ាងតិចបីនាក់ ដើម្បីដោះស្រាយបញ្ហា។
២២ ពួកអ្នកចាស់ទុំយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះហ្វូងចៀមរបស់ព្រះ ហើយខំការពារពួកគេពីអ្វីណាក៏ដោយដែលអាចបង្ខូចចំណងមិត្តភាពរបស់ពួកគេជាមួយនឹងព្រះ។ ពួកគាត់ក៏ខំប្រើបណ្ដាំរបស់ព្រះដោយប៉ិនប្រសប់ ដើម្បីប្រដៅតម្រង់ពួកអ្នកដែលបានធ្វើខុស និងដើម្បីជួយឲ្យពួកគេមានចំណងមិត្តភាពល្អឡើងវិញជាមួយនឹងព្រះ។ (យូ. ២១-២៣) នេះគឺស្របតាមអ្វីដែលសាវ័កប៉ូលបានសរសេរ ពេលគាត់ណែនាំធីម៉ូថេថា៖ «នៅចំពោះមុខព្រះនិងគ្រិស្តយេស៊ូ ជាអ្នកដែលត្រូវវិនិច្ឆ័យមនុស្សរស់និងមនុស្សស្លាប់ . . . ចូរប្រដៅតម្រង់ ស្ដីបន្ទោស បំផុសទឹកចិត្ត ដោយមានចិត្តធ្ងន់គ្រប់យ៉ាង និងការប៉ិនប្រសប់សព្វគ្រប់ក្នុងការបង្រៀន»។ (២ធី. ៤:១, ២) ពួកអ្នកចាស់ទុំត្រូវចំណាយពេលច្រើនដើម្បីធ្វើអ្វីទាំងនេះ ប៉ុន្តែនេះជាផ្នែកមួយនៃកិច្ចការដ៏ខ្នះខ្នែងរបស់ពួកគាត់។ បងប្អូនក្នុងក្រុមជំនុំដឹងគុណអ្នកចាស់ទុំចំពោះកិច្ចការរបស់ពួកគាត់ ហើយរាប់ពួកគាត់ជាអ្នកដែល«គួរនឹងទទួលកិត្តិយសមួយជាពីរ»។—១ធី. ៥:១៧
២៣ ក្នុងគ្រប់ករណីទាំងអស់ដែលអ្នកចាស់ទុំរកឃើញថាមានអំពើខុសឆ្គងធ្ងន់ធ្ងរមែន នោះគោលដៅចម្បងរបស់ពួកគាត់គឺជួយអ្នកប្រព្រឹត្តអំពើខុសឆ្គងឲ្យមានចំណងមិត្តភាពរឹងមាំឡើងវិញជាមួយនឹងព្រះ។ ប្រសិនបើគាត់ប្រែចិត្តយ៉ាងស្មោះហើយអ្នកចាស់ទុំអាចជួយគាត់បាន នោះអ្នកចាស់ទុំនឹងផ្ដល់ការប្រដៅតម្រង់ដើម្បីអប់រំគាត់។ បើមានសាក្សីដែលផ្ដល់សក្ខីភាពក្នុងអំឡុងការវិនិច្ឆ័យ អ្នកចាស់ទុំនឹងប្រដៅតម្រង់គាត់នៅមុខពួកគេ ដើម្បីធ្វើឲ្យពួកអ្នកដែលនៅទីនោះកោតខ្លាចព្រះ។ (២សាំ. ១២:១៣; ១ធី. ៥:២០) ក្នុងគ្រប់ករណីទាំងអស់ គណៈកម្មាធិការវិនិច្ឆ័យគួរដកឯកសិទ្ធិខ្លះពីបុគ្គលដែលបានត្រូវប្រដៅតម្រង់។ នេះអាចជួយឲ្យអ្នកដែលធ្វើអំពើខុសឆ្គង ធ្វើ«ផ្លូវត្រង់»សម្រាប់ជើងគាត់ចាប់ពីពេលនោះតទៅ។ (ហេ. ១២:១៣) នៅអនាគត ពួកអ្នកចាស់ទុំអាចឲ្យឯកសិទ្ធិវិញកាលណាពួកគាត់ឃើញថា បុគ្គលនោះចាប់ផ្ដើមមាំមួនឡើងវិញក្នុងការគោរពប្រណិប័តន៍ព្រះ។
សេចក្ដីជូនដំណឹងអំពីការប្រដៅតម្រង់
២៤ ប្រសិនបើគណៈកម្មាធិការវិនិច្ឆ័យសម្រេចចិត្តថា បុគ្គលម្នាក់បានបានប្រែចិត្ត ប៉ុន្តែក្រុមជំនុំឬមនុស្សក្នុងសហគមន៍ទំនងជានឹងដឹងឮអំពីបញ្ហារបស់គាត់ ឬបើក្រុមជំនុំត្រូវតែប្រុងប្រយ័ត្ននឹងអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងតែបានប្រែចិត្ត នោះនឹងមានសេចក្ដីជូនដំណឹងក្នុងអំឡុងកិច្ចប្រជុំកិច្ចបម្រើនិងជីវិតដែលអានថា៖ «បង/ប្អូន [ឈ្មោះរបស់បុគ្គលនោះ] បានត្រូវប្រដៅតម្រង់»។
ពេលសម្រេចចិត្តបណ្ដាច់មិត្តភាព
២៥ ក្នុងករណីខ្លះ អ្នកប្រព្រឹត្តអំពើខុសឆ្គងបែរជារឹងរូសមិនព្រមប្រែចិត្តពីការប្រព្រឹត្តខុសឆ្គងរបស់ខ្លួន ហេតុនេះហើយបានជាគាត់មិនព្រមស្ដាប់ពេលពួកអ្នកចាស់ទុំព្យាយាមជួយគាត់។ ម្យ៉ាងទៀត នៅពេលមានគណៈកម្មាធិការវិនិច្ឆ័យ ប្រហែលជាគាត់គ្មាន‹ការប្រព្រឹត្តឲ្យសមនឹងការប្រែចិត្ត›ឡើយ។ (សកម្ម. ២៦:២០) បើដូច្នេះ តើនឹងមានអ្វីកើតឡើងដល់គាត់? ក្នុងករណីបែបនេះ អ្នកប្រព្រឹត្តអំពើខុសឆ្គងដែលមិនប្រែចិត្តនឹងត្រូវបណ្ដេញចេញពីក្រុមជំនុំ។ យ៉ាងនេះ គាត់មិនអាចសេពគប់រាស្ត្រដ៏ស្អាតស្អំរបស់ព្រះយេហូវ៉ាទៀតឡើយ។ ការធ្វើដូច្នេះនឹងបំបាត់ឥទ្ធិពលអាក្រក់របស់អ្នកប្រព្រឹត្តអំពើខុសឆ្គងពីក្រុមជំនុំ ហើយនេះនឹងការពារភាពស្អាតស្អំខាងសីលធម៌និងខាងការគោរពប្រណិប័តន៍ព្រះក្នុងក្រុមជំនុំ ព្រមទាំងការពារកេរ្ដិ៍ឈ្មោះល្អរបស់ក្រុមជំនុំផងដែរ។ (ចោ. ២១:២០, ២១; ២២:២៣, ២៤) ពេលសាវ័កប៉ូលបានដឹងថា បុគ្គលម្នាក់ក្នុងក្រុមជំនុំនៅក្រុងកូរិនថូសបានប្រព្រឹត្តអំពើដែលគួរឲ្យអៀនខ្មាស នោះគាត់បានដាស់តឿនពួកអ្នកចាស់ទុំឲ្យ«ប្រគល់បុរសបែបនេះទៅសាថាន . . . ដើម្បីរក្សាការពារចិត្តគំនិតរបស់ក្រុមជំនុំ»។ (១កូ. ៥:៥, ១១-១៣) ប៉ូលក៏បានរៀបរាប់ដែរអំពីអ្នកឯទៀតដែលបានត្រូវបណ្ដាច់មិត្តភាពពីក្រុមជំនុំនៅសតវត្សរ៍ទី១ ព្រោះពួកគេបានបះបោរប្រឆាំងសេចក្ដីពិត។—១ធី. ១:២០
២៦ នៅពេលសម្រេចចិត្តថាអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលមិនបានប្រែចិត្តត្រូវបណ្ដាច់មិត្តភាព គណៈកម្មាធិការវិនិច្ឆ័យគួរជម្រាបអ្នកនោះអំពីការសម្រេចចិត្តនេះ ដោយប្រើបទគម្ពីរដើម្បីបញ្ជាក់មូលហេតុយ៉ាងច្បាស់ដែលគាត់ត្រូវបណ្ដាច់មិត្តភាព។ នៅពេលដែលប្រាប់អ្នកប្រព្រឹត្តអំពើខុសឆ្គងអំពីការសម្រេចចិត្តនេះ គណៈកម្មាធិការវិនិច្ឆ័យក៏នឹងប្រាប់គាត់ដែរថា បើគាត់ចង់ប្ដឹងតវ៉ាដោយសារគិតថាពួកអ្នកចាស់ទុំបានធ្វើការវិនិច្ឆ័យខុសទាំងស្រុង នោះគាត់អាចសរសេរសំបុត្រប្រាប់មូលហេតុយ៉ាងច្បាស់ដែលគាត់ប្ដឹងតវ៉ា។ ចាប់ពីពេលដែលគណៈកម្មាធិការប្រាប់គាត់អំពីការសម្រេចចិត្តបណ្ដាច់មិត្តភាព គាត់នឹងមានពេល៧ថ្ងៃដើម្បីសរសេរសំបុត្រប្ដឹងតវ៉ា។ បើក្រុមអ្នកចាស់ទុំទទួលពាក្យបណ្ដឹងតវ៉ា ពួកគាត់ត្រូវទាក់ទងអ្នកត្រួតពិនិត្យប្រចាំមណ្ឌល រួចគាត់នឹងជ្រើសរើសអ្នកចាស់ទុំដែលមានសមត្ថភាពគ្រប់គ្រាន់ ឲ្យធ្វើជាគណៈកម្មាធិការឧទ្ធរណ៍ដើម្បីវិនិច្ឆ័យសាជាថ្មី។ ពួកគាត់នឹងខំព្យាយាមធ្វើការវិនិច្ឆ័យក្នុងអំឡុងមួយសប្ដាហ៍ ក្រោយពីទទួលសំបុត្រប្ដឹងតវ៉ា។ បើមានការប្ដឹងតវ៉ា សេចក្ដីជូនដំណឹងអំពីការបណ្ដាច់មិត្តភាពគួរផ្អាកសិន។ នៅចន្លោះពេលនោះ ជនជាប់ចោទនឹងមិនត្រូវអនុញ្ញាតឲ្យឆ្លើយឬអធិដ្ឋាននៅកិច្ចប្រជុំ ហើយមិនអាចមានឯកសិទ្ធិពិសេសណាមួយឡើយ។
២៧ ការឲ្យសិទ្ធិប្ដឹងតវ៉ាដូចនេះ គឺជាការបង្ហាញសេចក្ដីសប្បុរសដល់ជនជាប់ចោទ ហើយផ្ដល់ឱកាសឲ្យគាត់ធ្វើការតវ៉ា។ យ៉ាងនេះ បើអ្នកប្រព្រឹត្តអំពើខុសឆ្គងមានចេតនាមិនមកជួបគណៈកម្មាធិការឧទ្ធរណ៍ទេ ទោះជាពួកអ្នកចាស់ទុំបានខំប្រឹងទាក់ទងនឹងគាត់ក្ដី នោះអ្នកចាស់ទុំនឹងប្រកាសអំពីការបណ្ដាច់មិត្តភាព។
២៨ ប្រសិនបើអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងមិនចង់ប្ដឹងតវ៉ាទេ នោះគណៈកម្មាធិការវិនិច្ឆ័យនឹងពន្យល់គាត់អំពីសារៈសំខាន់នៃការប្រែចិត្ត និងអំពីអ្វីដែលគាត់អាចធ្វើបានដើម្បីចូលក្រុមជំនុំឡើងវិញនៅពេលអនាគត។ ការពន្យល់បែបនេះគឺដើម្បីជួយគាត់និងបង្ហាញសេចក្ដីសប្បុរសដល់គាត់។ អ្នកចាស់ទុំធ្វើដូច្នេះដោយសង្ឃឹមថាគាត់នឹងកែខ្លួន ហើយមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីត្រឡប់មកអង្គការរបស់ព្រះយេហូវ៉ាវិញ។—២កូ. ២:៦, ៧
សេចក្ដីជូនដំណឹងអំពីការបណ្ដាច់មិត្តភាព
២៩ ពេលត្រូវបណ្ដាច់មិត្តភាពអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលមិនប្រែចិត្ត នោះនឹងមានសេចក្ដីជូនដំណឹងយ៉ាងខ្លីថា៖ «[ឈ្មោះរបស់បុគ្គលនោះ]លែងជាសាក្សីព្រះយេហូវ៉ាហើយ»។ សេចក្ដីជូនដំណឹងនេះធ្វើឲ្យពួកអ្នកស្មោះត្រង់ក្នុងក្រុមជំនុំដឹងថា ពួកគេត្រូវឈប់សេពគប់បុគ្គលនោះ។—១កូ. ៥:១១
ការដកខ្លួនចេញពីក្រុមជំនុំ
៣០ ពាក្យថា«ការដកខ្លួនចេញពីក្រុមជំនុំ» គឺសំដៅទៅលើការសម្រេចចិត្តរបស់បុគ្គលម្នាក់ដែលបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា ពេលគាត់បោះបង់ចោលជីវិតជាគ្រិស្តសាសនិកដោយចេតនា។ គាត់ធ្វើដូច្នេះដោយប្រាប់យ៉ាងច្បាស់ថាគាត់លែងចង់ធ្វើជាសាក្សីព្រះយេហូវ៉ាទៀត។ ម្យ៉ាងទៀត បុគ្គលម្នាក់អាចដកខ្លួនចេញពីក្រុមជំនុំគ្រិស្តសាសនិកតាមរយៈការប្រព្រឹត្តរបស់គាត់។ ការប្រព្រឹត្តនេះរួមបញ្ចូលការចូលរួមជាមួយអង្គការណាមួយរបស់ពិភពលោកនេះដែលព្រះយេហូវ៉ាផ្ដន្ទាទោស ជាអង្គការដែលមានគោលដៅខុសស្រឡះពីសេចក្ដីបង្រៀនក្នុងគម្ពីរ។—អេ. ២:៤; បប. ១៩:១៧-២១
៣១ សាវ័កយ៉ូហានបានសរសេរអំពីពួកអ្នកដែលបានបោះបង់ចោលជំនឿជាគ្រិស្តសាសនិកនៅសម័យគាត់ថា៖ «ពួកគេបានចេញពីចំណោមយើងទៅ តែពួកគេមិនមែនជាគ្នាយើងទេ ពីព្រោះបើជាគ្នាយើងមែន នោះពួកគេនឹងនៅជាប់ជាមួយនឹងយើង»។—១យ៉ូន. ២:១៩
៣២ ពេលបុគ្គលម្នាក់ដកខ្លួនចេញពីក្រុមជំនុំ ស្ថានភាពរបស់គាត់នៅចំពោះមុខព្រះយេហូវ៉ា គឺខុសគ្នាឆ្ងាយពីស្ថានភាពរបស់គ្រិស្តសាសនិកអសកម្មម្នាក់ដែលលែងចូលរួមក្នុងកិច្ចផ្សព្វផ្សាយ។ ប្រហែលជាបុគ្គលម្នាក់បានទៅជាអសកម្ម ដោយសារតែគាត់មិនបានសិក្សាបណ្ដាំរបស់ព្រះជាទៀងទាត់ ឬដោយសារមានបញ្ហាផ្ទាល់ខ្លួនឬមានការបៀតបៀន ដូច្នេះហើយគាត់បាត់បង់ចិត្តខ្នះខ្នែងក្នុងការបម្រើព្រះយេហូវ៉ា។ ពួកអ្នកចាស់ទុំនិងបងប្អូនឯទៀតក្នុងក្រុមជំនុំ នឹងបន្តលើកទឹកចិត្តឲ្យគ្រិស្តសាសនិកអសកម្មគោរពប្រណិប័តន៍ព្រះ។—រ៉ូម ១៥:១; ១ថែ. ៥:១៤; ហេ. ១២:១២
៣៣ ផ្ទុយទៅវិញ បើគ្រិស្តសាសនិកម្នាក់សម្រេចចិត្តដកខ្លួនចេញពីក្រុមជំនុំ នោះក្រុមជំនុំនឹងមានសេចក្ដីជូនដំណឹងខ្លីមួយថា៖ «[ឈ្មោះរបស់បុគ្គលនោះ]លែងជាសាក្សីព្រះយេហូវ៉ាហើយ»។ បុគ្គលបែបនោះនឹងត្រូវចាត់ទុកដូចជាបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាពដែរ។
ពេលបុគ្គលម្នាក់ស្នើសុំចូលក្រុមជំនុំឡើងវិញ
៣៤ បុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាពឬដែលបានដកខ្លួនចេញពីក្រុមជំនុំ អាចចូលក្រុមជំនុំឡើងវិញពេលគាត់បង្ហាញយ៉ាងច្បាស់ថាគាត់បានប្រែចិត្ត និងពេលគាត់បង្ហាញអស់មួយរយៈពេលល្មមគ្រប់គ្រាន់ថា គាត់បានបោះបង់ចោលការប្រព្រឹត្តដ៏ខុសឆ្គង។ គាត់បង្ហាញឲ្យឃើញថា គាត់ចង់មានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាឡើងវិញ។ ពួកអ្នកចាស់ទុំគួរទុកពេលឲ្យបានគ្រប់គ្រាន់ អាចជាច្រើនខែ មួយឆ្នាំ ឬយូរជាងនេះទៀតស្របតាមកាលៈទេសៈ ដើម្បីឲ្យបុគ្គលនោះបង្ហាញថាគាត់បានប្រែចិត្តដោយស្មោះ។ ពេលក្រុមអ្នកចាស់ទុំទទួលសំបុត្រស្នើសុំចូលក្រុមជំនុំឡើងវិញ នោះគណៈកម្មាធិការវិនិច្ឆ័យអ្នកដែលចង់ចូលក្រុមជំនុំឡើងវិញនឹងនិយាយជាមួយបុគ្គលនោះ។ គណៈកម្មាធិការនោះនឹងពិចារណាទីសំអាងដែលបញ្ជាក់ថា គាត់បាន«ប្រព្រឹត្តឲ្យសមនឹងការប្រែចិត្ត» រួចសម្រេចចិត្តថាគួរឲ្យគាត់ចូលក្រុមជំនុំឡើងវិញនៅពេលនោះឬមិនគួរ។—សកម្ម. ២៦:២០
៣៥ ប្រសិនបើបុគ្គលដែលស្នើសុំចូលក្រុមជំនុំឡើងវិញ បានត្រូវបណ្ដាច់មិត្តភាពនៅក្រុមជំនុំផ្សេង នោះគណៈកម្មាធិការវិនិច្ឆ័យអ្នកដែលចង់ចូលក្រុមជំនុំឡើងវិញនៅក្រុមជំនុំដែលគាត់កំពុងចូលរួម នឹងជួបជាមួយបុគ្គលនោះហើយពិចារណាសំណូមពររបស់គាត់។ បើសមាជិកគណៈកម្មាធិការនេះគិតថា បុគ្គលនោះសមនឹងចូលក្រុមជំនុំឡើងវិញ ពួកគាត់នឹងទាក់ទងក្រុមអ្នកចាស់ទុំនៅក្រុមជំនុំដែលបានដោះស្រាយបញ្ហានោះនៅលើកដំបូង ហើយប្រាប់អំពីយោបល់របស់ពួកគាត់។ គណៈកម្មាធិការដែលពាក់ព័ន្ធនឹងសហការគ្នា ដើម្បីធ្វើឲ្យប្រាកដថាមានព័ត៌មានសព្វគ្រប់ដើម្បីពួកគាត់អាចធ្វើការសម្រេចចិត្តដ៏យុត្តិធម៌។ ក៏ប៉ុន្តែ គណៈកម្មាធិការវិនិច្ឆ័យអ្នកដែលចង់ចូលក្រុមជំនុំឡើងវិញនៅក្រុមជំនុំដែលបានដោះស្រាយបញ្ហានោះលើកដំបូង មានភារកិច្ចសម្រេចចិត្តថាគួរឲ្យបុគ្គលនោះចូលក្រុមជំនុំឡើងវិញឬមិនគួរ។
សេចក្ដីជូនដំណឹងអំពីការចូលក្រុមជំនុំឡើងវិញ
៣៦ នៅពេលដែលគណៈកម្មាធិការវិនិច្ឆ័យអ្នកដែលចង់ចូលក្រុមជំនុំឡើងវិញជឿជាក់ថា បុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាពឬដែលបានដកខ្លួនចេញពីក្រុមជំនុំបានប្រែចិត្តដោយស្មោះ ហើយគួរអនុញ្ញាតឲ្យចូលក្រុមជំនុំឡើងវិញ នោះនឹងមានសេចក្ដីជូនដំណឹងអំពីការចូលក្រុមជំនុំឡើងវិញនៅក្រុមជំនុំដែលបានដោះស្រាយបញ្ហានោះលើកដំបូង។ បើបុគ្គលនោះបានរើទៅក្រុមជំនុំផ្សេង សេចក្ដីជូនដំណឹងក៏នឹងត្រូវប្រកាសនៅក្រុមជំនុំនោះដែរ។ សេចក្ដីជូនដំណឹងនោះថា៖ «[ឈ្មោះរបស់បុគ្គលនោះ]បានទៅជាសាក្សីព្រះយេហូវ៉ាម្នាក់ឡើងវិញ»។
បញ្ហាដែលទាក់ទងនឹងក្មេងមិនទាន់គ្រប់អាយុ ដែលបានទទួលការជ្រមុជទឹកហើយ
៣៧ ប្រសិនបើក្មេងមិនទាន់គ្រប់អាយុដែលបានទទួលការជ្រមុជទឹក បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ អ្នកដែលដឹងអំពីបញ្ហានោះគួរប្រាប់ដល់ពួកអ្នកចាស់ទុំ។ ពេលអ្នកចាស់ទុំដោះស្រាយបញ្ហារបស់ក្មេងមិនទាន់គ្រប់អាយុដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ជាការល្អបើឪពុកម្ដាយដែលបានទទួលការជ្រមុជទឹកហើយ មានវត្តមានដែរ។ ឪពុកម្ដាយគួរសហការជាមួយនឹងគណៈកម្មាធិការវិនិច្ឆ័យ ហើយមិនគួរព្យាយាមការពារកូនដែលបានប្រព្រឹត្តអំពើខុសឆ្គង មិនឲ្យទទួលការប្រៀនប្រដៅទេ។ គណៈកម្មាធិការវិនិច្ឆ័យនឹងព្យាយាមកែតម្រង់ក្មេងនោះ ហើយជួយគាត់ឲ្យមានចំណងមិត្តភាពល្អឡើងវិញជាមួយនឹងព្រះ ដូចដែលពួកគាត់ធ្វើចំពោះមនុស្សពេញវ័យដែលប្រព្រឹត្តអំពើខុសឆ្គងដែរ។ ក៏ប៉ុន្តែ ប្រសិនបើក្មេងនោះមិនព្រមប្រែចិត្ត គាត់នឹងត្រូវបណ្ដាច់មិត្តភាព។
ពេលអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក ប្រព្រឹត្តអំពើខុសឆ្គង
៣៨ តើក្រុមជំនុំគួរធ្វើយ៉ាងណាពេលអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹកប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ? ដោយសារពួកគេមិនទាន់ទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា ពួកគេមិនអាចត្រូវបណ្ដាច់មិត្តភាពទេ។ ក៏ប៉ុន្តែ ពួកគេប្រហែលជាមិនយល់ច្បាស់អំពីខ្នាតតម្រាផ្សេងៗក្នុងគម្ពីរ ដូច្នេះបើអ្នកចាស់ទុំជូនឱវាទដោយចិត្តសប្បុរស នេះអាចជួយឲ្យពួកគេធ្វើ«ផ្លូវត្រង់»សម្រាប់ជើងរបស់ពួកគេ។—ហេ. ១២:១៣
៣៩ បើអ្នកផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹកបានប្រព្រឹត្តអំពើខុសឆ្គង អ្នកចាស់ទុំពីរនាក់នឹងខំព្យាយាមជួយគាត់។ ប៉ុន្តែ បើគាត់មិនព្រមប្រែចិត្ត អ្នកចាស់ទុំត្រូវប្រាប់ក្រុមជំនុំអំពីរឿងនេះ ដោយប្រកាសយ៉ាងខ្លីថា៖ «ក្រុមជំនុំលែងទទួលស្គាល់ [ឈ្មោះបុគ្គលនោះ] ជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹកទៀតហើយ»។ ក្រោយមក ក្រុមជំនុំនឹងចាត់ទុកអ្នកប្រព្រឹត្តអំពើខុសឆ្គងនេះជាមនុស្សខាងពិភពលោក។ ទោះជាអ្នកប្រព្រឹត្តអំពើខុសឆ្គងនេះមិនបានត្រូវបណ្ដាច់មិត្តភាពក៏ដោយ ប៉ុន្តែគ្រិស្តសាសនិកពិតគួរប្រុងប្រយ័ត្នចំពោះការសេពគប់គ្រប់បែបយ៉ាងជាមួយគាត់។ (១កូ. ១៥:៣៣) ក្រុមជំនុំក៏មិនទទួលសេចក្ដីរាយការណ៍ពីកិច្ចបម្រើផ្សាយពីគាត់ទៀតដែរ។
៤០ នៅពេលក្រោយមក បុគ្គលម្នាក់ដែលពីមុនបានត្រូវបញ្ឈប់មិនឲ្យធ្វើជាអ្នកផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក ប្រហែលជាចង់ក្លាយទៅជាអ្នកផ្សាយម្ដងទៀត។ ក្នុងករណីដូចនេះ អ្នកចាស់ទុំពីរនាក់នឹងជួបគាត់ដើម្បីពិចារណាថា តើគាត់មានគុណសម្បត្តិគ្រប់គ្រាន់ឡើងវិញឬយ៉ាងណា។ បើគាត់មានមែន នឹងមានសេចក្ដីជូនដំណឹងយ៉ាងខ្លីដែលថា៖ «[ឈ្មោះរបស់បុគ្គលនោះ] បានត្រូវទទួលស្គាល់ម្ដងទៀត ជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក»។
ពួកអ្នកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយរក្សាភាពស្អាតស្អំនិងសេចក្ដីសុខសាន្តទទួលពរពីលោក
៤១ អស់អ្នកដែលចូលរួមជាមួយនឹងក្រុមជំនុំរបស់ព្រះនៅសព្វថ្ងៃនេះ អាចរីករាយនឹងស្ថានភាពសុខសាន្តដែលប្រៀបដូចជាសួនឧទ្យាន ដែលព្រះយេហូវ៉ាផ្ដល់ឲ្យរាស្ត្ររបស់លោក។ យើងទទួលសេចក្ដីបង្រៀនជាច្រើនដែលប្រៀបដូចជាអាហារ និងមានសេចក្ដីពិតដែលនាំឲ្យយើងមានកម្លាំងចិត្តឡើងវិញ។ យើងក៏បានទទួលការការពារពីព្រះយេហូវ៉ាដែរ តាមរយៈអង្គការរបស់លោកដែលនៅក្រោមការដឹកនាំរបស់គ្រិស្ត។ (ទំនុក. ២៣; អេ. ៣២:១, ២) ការស្ថិតនៅក្នុងស្ថានភាពដែលប្រៀបដូចជាសួនឧទ្យានក្នុងគ្រាចុងក្រោយបង្អស់ដ៏ច្របូកច្របល់នេះ ពិតជាធ្វើឲ្យយើងមានអារម្មណ៍សុខសាន្តមែន។
ដោយរក្សាសេចក្ដីសុខសាន្តនិងភាពស្អាតស្អំក្នុងក្រុមជំនុំ នោះយើងបន្តឲ្យពន្លឺនៃសេចក្ដីពិតអំពីរាជាណាចក្ររបស់ព្រះ បានភ្លឺនៅមុខមនុស្សទាំងឡាយ
៤២ ដោយរក្សាសេចក្ដីសុខសាន្តនិងភាពស្អាតស្អំក្នុងក្រុមជំនុំ នោះយើងបន្តឲ្យពន្លឺនៃសេចក្ដីពិតអំពីរាជាណាចក្ររបស់ព្រះ បានភ្លឺនៅមុខមនុស្សទាំងឡាយ។ (ម៉ាថ. ៥:១៦; យ៉ា. ៣:១៨) ដោយមានពរពីព្រះយេហូវ៉ា យើងនឹងមានចិត្តរីករាយពេលឃើញមនុស្សកាន់តែច្រើនទៀតមានចំណេះដឹងអំពីព្រះយេហូវ៉ា ហើយធ្វើតាមបំណងប្រាថ្នារបស់ព្រះជាមួយនឹងយើងដែរ។