តើអ្នកនឹងស្ដាប់តាមការព្រមានយ៉ាងច្បាស់របស់ព្រះយេហូវ៉ាឬទេ?
«គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។—អេ. ៣០:២១
១, ២. តើសាថានបានតាំងចិត្តធ្វើអ្វី? ហើយតើបណ្ដាំរបស់ព្រះជួយយើងយ៉ាងដូចម្ដេច?
ផ្លាកសញ្ញាដែលចង្អុលទៅផ្លូវខុស មិនគ្រាន់តែធ្វើឲ្យយើងវង្វេងផ្លូវតែប៉ុណ្ណោះទេ ប៉ុន្តែក៏នាំឲ្យមានគ្រោះថ្នាក់ដែរ។ សូមស្រមៃគិតថាមិត្តភក្ដិម្នាក់បានព្រមានអ្នកអំពីបុរសកំណាចម្នាក់ដែលមានចេតនាប្ដូរផ្លាកសញ្ញាមួយ គឺដោយសារគាត់ចង់ឲ្យអ្នកដែលធ្វើដំណើរតាមផ្លូវនោះវង្វេងផ្លូវ។ អ្នកពិតជាស្ដាប់តាមការព្រមានរបស់មិត្តភក្ដិនោះ មែនទេ?
២ យើងដឹងប្រាកដថា សាថានជាសត្រូវដ៏កំណាចម្នាក់ដែលតាំងចិត្តបំភាន់យើង។ (បប. ១២:៩) ឥទ្ធិពលដ៏អាក្រក់ទាំងប៉ុន្មានដែលយើងបានពិចារណាក្នុងអត្ថបទមុន គឺជាអ្វីដែលសាថានប្រើដើម្បីធ្វើឲ្យយើងលែងស្ដាប់តាមព្រះយេហូវ៉ានិងចាកចេញពីផ្លូវទៅកាន់ទិសដៅរបស់យើង ពោលគឺជីវិតដែលគ្មានទីបញ្ចប់។ (ម៉ាថ. ៧:១៣, ១៤) ប៉ុន្តែ យើងពិតជាមានចិត្តដឹងគុណណាស់ចំពោះព្រះយេហូវ៉ាដែលជាមិត្តភក្ដិរបស់យើង ព្រោះលោកព្រមានយើងកុំឲ្យទៅតាម‹ផ្លាកសញ្ញា›របស់សាថានដែលនាំឲ្យយើងវង្វេងផ្លូវ។ សូមឲ្យយើងពិចារណាអំពីឥទ្ធិពលដ៏អាក្រក់បីយ៉ាងទៀតរបស់វា។ កាលដែលយើងពិចារណាអំពីរបៀបដែលបណ្ដាំរបស់ព្រះជួយយើងឲ្យជៀសផុតពីការបំភាន់របស់វា យើងអាចស្រមៃគិតថាព្រះយេហូវ៉ាកំពុងដើរខាងក្រោយយើង ហើយចង្អុលប្រាប់យើងនូវទិសដៅដែលត្រឹមត្រូវ ដោយមានប្រសាសន៍ថា៖ «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។ (អេ. ៣០:២១) ពេលដែលយើងស្ដាប់តាមការព្រមានយ៉ាងច្បាស់របស់ព្រះយេហូវ៉ា នោះនឹងជួយយើងឲ្យពង្រឹងការតាំងចិត្តដើម្បីធ្វើតាមអ្វីដែលលោកប្រាប់យើង។
កុំស្ដាប់តាម«គ្រូក្លែងក្លាយ»
៣, ៤. (ក) តើពួកគ្រូក្លែងក្លាយប្រៀបដូចជាអណ្ដូងរីងស្ងួតដែលគ្មានទឹកយ៉ាងដូចម្ដេច? (ខ) តើពួកគ្រូក្លែងក្លាយច្រើនតែលេចចេញមកពីណា? ហើយតើពួកគេចង់បានអ្វី?
៣ សូមគិតថាខ្លួនអ្នកកំពុងដើរនៅកន្លែងដែលហួតហែង។ អ្នកឃើញអណ្ដូងទឹកមួយពីចម្ងាយ ហើយអ្នកដើរតម្រង់ទៅរកវាដោយសង្ឃឹមថាអ្នកអាចដងទឹកខ្លះមកផឹកដើម្បីបំបាត់ការស្រេកទឹក។ ប៉ុន្តែ ពេលដែលអ្នកទៅដល់ អណ្ដូងនោះស្ងួតទទេគ្មានទឹកសោះ។ អ្នកពិតជាខកចិត្តណាស់! គ្រូក្លែងក្លាយគឺប្រៀបដូចជាអណ្ដូងដែលស្ងួតគ្មានទឹកនេះ។ មនុស្សគ្រប់គ្នាដែលមករកពួកគេដើម្បីទទួលសេចក្ដីពិតដែលប្រៀបដូចជាទឹក បែរជាខកចិត្តទៅវិញ។ ព្រះយេហូវ៉ាបានព្រមានយើងអំពីគ្រូក្លែងក្លាយនេះតាមរយៈសាវ័កប៉ូលនិងសាវ័កពេត្រុស។ (សូមអាន សកម្មភាព ២០:២៩, ៣០; ពេត្រុសទី២ ២:១-៣) តើគ្រូទាំងនេះជាអ្នកណា? ពាក្យរបស់សាវ័កទាំងពីរនាក់នេះជួយយើងឲ្យចេះកត់សម្គាល់ថាគ្រូក្លែងក្លាយទាំងនេះចេញមកពីណា ហើយក៏ចេះកត់សម្គាល់អំពីរបៀបដែលពួកគេបំភាន់មនុស្សដែរ។
៤ ប៉ូលបាននិយាយទៅកាន់ពួកអ្នកចាស់ទុំនៅក្រុមជំនុំអេភេសូរថា៖ «ពីចំណោមអ្នករាល់គ្នានឹងមានបុរសខ្លះក្រោកឡើងនិយាយបង្ខុសសេចក្ដីពិត»។ ម្យ៉ាងទៀត ពេត្រុសបានសរសេរទៅកាន់បងប្អូនគ្រិស្តសាសនិកដូចគ្នាថា៖ «គ្រូក្លែងក្លាយនឹងលេចមកក្នុងចំណោមអ្នករាល់គ្នា»។ ដូច្នេះ តើពួកគ្រូក្លែងក្លាយលេចចេញមកពីណា? ពួកគេប្រហែលជាលេចចេញមកពីក្នុងក្រុមជំនុំ។ ពួកគេគឺជាពួកអ្នកក្បត់ជំនឿ។a តើពួកគេចង់បានអ្វី? ពួកគេមិនគ្រាន់តែចង់ចាកចេញពីអង្គការដែលពួកគេធ្លាប់ស្រឡាញ់ប៉ុណ្ណោះទេ តែពួកគេមានគោលបំណងដូចអ្វីដែលប៉ូលបានពន្យល់ គឺ«ដើម្បីអូសទាញពួកអ្នកកាន់តាមឲ្យទៅតាមខ្លួនវិញ»។ ពួកអ្នកកាន់តាមដែលសាវ័កប៉ូលនិយាយក្នុងខនេះ គឺជាពួកអ្នកកាន់តាមលោកយេស៊ូគ្រិស្ត។ ដូច្នេះ ជាជាងចេញពីក្រុមជំនុំនិងទៅស្វែងរកពួកអ្នកកាន់តាមដោយខ្លួនពួកគេ នោះពួកអ្នកក្បត់ជំនឿមានចិត្តប្រាថ្នាចង់បានពួកអ្នកនៅក្នុងក្រុមជំនុំវិញ។ ដូច«ឆ្កែចចកអត់ឃ្លាន» ពួកគ្រូក្លែងក្លាយចង់បំផ្លាញជំនឿរបស់សមាជិកក្នុងក្រុមជំនុំ និងចង់ឲ្យពួកគេចេញពីសេចក្ដីពិត។—ម៉ាថ. ៧:១៥; ២ធី. ២:១៨
៥. តើពួកគ្រូក្លែងក្លាយបំភាន់មនុស្សយ៉ាងដូចម្ដេច?
៥ តើពួកគ្រូក្លែងក្លាយបំភាន់មនុស្សយ៉ាងដូចម្ដេច? ពួកគេធ្វើដូច្នេះយ៉ាងប៉ិនប្រសប់។ ដូចពួកឧក្រិដ្ឋជនលួចនាំទំនិញខុសច្បាប់ចូលក្នុងប្រទេសដោយសម្ងាត់ ហើយកែឯកសារក្លែងក្លាយឲ្យមើលទៅដូចជាឯកសារពិត នោះពួកអ្នកក្បត់ជំនឿក៏«លួច»ឬធ្វើយ៉ាងសម្ងាត់ដើម្បីបញ្ចូលគំនិតរបស់ពួកគេក្នុងក្រុមជំនុំដោយប្រើ«ពាក្យបោកបញ្ឆោត»ដែរ។ នេះមានន័យថាពួកគេនិយាយអ្វីដែលធ្វើឲ្យគំនិតខុសរបស់ពួកគេស្ដាប់ទៅដូចជាការពិតវិញ។ ពួកគេក៏ខំប្រមូលមនុស្សឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបានតាមរយៈ«សេចក្ដីបង្រៀនបោកបញ្ឆោត»ដែរ។ ពេត្រុសបានប្រាប់ថាពួកគេចូលចិត្តនិយាយ«បង្ខុសអត្ថន័យនៃបទគម្ពីរ»ដើម្បីឲ្យអ្នកឯទៀតជឿគំនិតរបស់ពួកគេ។ (២ពេ. ២:១, ៣, ១៣; ៣:១៦) យ៉ាងច្បាស់ណាស់ ពួកអ្នកក្បត់ជំនឿមិនយកចិត្តទុកដាក់នឹងយើងសោះ។ បើយើងស្ដាប់តាមពួកគេ នោះអាចនាំយើងឲ្យចាកចេញពីផ្លូវដែលនាំទៅដល់ជីវិតដែលគ្មានទីបញ្ចប់ជាមិនខាន។
៦. តើគម្ពីរឲ្យឱវាទយ៉ាងច្បាស់អ្វីស្តីអំពីពួកគ្រូក្លែងក្លាយ?
៦ តើយើងអាចការពារខ្លួនយើងពីពួកគ្រូក្លែងក្លាយយ៉ាងដូចម្ដេច? ឱវាទក្នុងគម្ពីរបង្ហាញយ៉ាងច្បាស់អំពីរបៀបដែលយើងអាចធ្វើដូច្នេះបាន។ (សូមអាន រ៉ូម ១៦:១៧; យ៉ូហានទី២ ៩-១១) បណ្ដាំរបស់ព្រះចែងថា៖ «ចូរជៀសចេញពីអ្នកទាំងនោះ»។ សេចក្ដីបកប្រែផ្សេងទៀតបានបកប្រែឃ្លានេះថា«បែរចេញពីអ្នកទាំងនោះ» «នៅឲ្យឆ្ងាយពីអ្នកទាំងនោះ» និង«កុំទៅជិតអ្នកទាំងនោះ!»។ ឱវាទដែលមកពីព្រះពិតជាច្បាស់មែន។ ឧបមាថា គ្រូពេទ្យម្នាក់បានប្រាប់អ្នកឲ្យជៀសវាងកុំទាក់ទងជាមួយនឹងមនុស្សម្នាក់ដែលមានជំងឺឆ្លង។ គ្រូពេទ្យនោះដឹងថាបើអ្នកឆ្លងជំងឺនេះ អ្នកនឹងត្រូវស្លាប់។ ការព្រមានរបស់គាត់គឺច្បាស់ ហើយអ្នកនឹងស្ដាប់តាមការព្រមានរបស់គាត់យ៉ាងដិតដល់។ គម្ពីរបានប្រាប់ថា ពួកអ្នកក្បត់ជំនឿមានជំងឺ«ឆ្កួត» ហើយពួកគេព្យាយាមចម្លងជំងឺនោះដល់អ្នកឯទៀតដោយប្រើការបង្រៀនមិនពិតរបស់ពួកគេ។ (១ធី. ៦:៣, ៤) ព្រះយេហូវ៉ាប្រៀបដូចជាគ្រូពេទ្យដ៏ឧត្តមម្នាក់ ហើយលោកប្រាប់យើងកុំឲ្យទាក់ទងជាមួយពួកគេឲ្យសោះ។ ការព្រមាននេះគឺច្បាស់ណាស់ ប៉ុន្តែតើយើងបានតាំងចិត្តស្ដាប់តាមការព្រមាននោះក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើងឬទេ?
៧, ៨. (ក) តើការជៀសចេញពីពួកគ្រូក្លែងក្លាយរួមបញ្ចូលអ្វីខ្លះ? (ខ) ហេតុអ្វីអ្នកតាំងចិត្តកាន់ជំហររឹងមាំប្រឆាំងនឹងពួកគ្រូក្លែងក្លាយ?
៧ តើការជៀសចេញពីពួកគ្រូក្លែងក្លាយរួមបញ្ចូលអ្វីខ្លះ? យើងមិនអញ្ជើញពួកគេឲ្យចូលផ្ទះរបស់យើងឬនិយាយគំនាប់ជាមួយនឹងពួកគេឡើយ។ យើងក៏មិនអានសៀវភៅរបស់ពួកគេ មើលទូរទស្សន៍ដែលមានកម្មវិធីរបស់ពួកគេ អានអ្វីដែលពួកគេសរសេរក្នុងអ៊ីនធឺណិត ឬសរសេរមតិរបស់យើងអំពីអ្វីដែលពួកគេសរសេរក្នុងអ៊ីនធឺណិតដែរ។ ហេតុអ្វីយើងត្រូវកាន់ជំហររឹងមាំបែបនេះ? នេះគឺដោយសារសេចក្ដីស្រឡាញ់របស់យើង។ យើងស្រឡាញ់«ព្រះនៃសេចក្ដីពិត» ដូច្នេះយើងមិនចាប់អារម្មណ៍ទៅលើសេចក្ដីបង្រៀនខុសដែលប្រឆាំងនឹងបណ្ដាំរបស់លោកជាសេចក្ដីពិតឡើយ។ (ទំនុក. ៣១:៥; យ៉ូន. ១៧:១៧) យើងក៏ស្រឡាញ់អង្គការដែលព្រះយេហូវ៉ាប្រើដើម្បីបង្រៀនយើងអំពីសេចក្ដីពិតនានាដ៏អស្ចារ្យដែរ ដែលមានដូចជានាមរបស់លោកនិងអត្ថន័យនៃនាមនោះ គោលបំណងរបស់លោកសម្រាប់ផែនដី ស្ថានភាពនៃមនុស្សស្លាប់ និងសេចក្ដីសង្ឃឹមនៃការប្រោសឲ្យរស់ឡើងវិញ។ តើអ្នកអាចនឹកចាំអំពីអារម្មណ៍របស់អ្នក ពេលអ្នករៀនជាលើកដំបូងអំពីអ្វីៗទាំងនេះ និងអំពីសេចក្ដីពិតដ៏មានតម្លៃឯទៀតឬទេ? ដូច្នេះ កុំឲ្យពាក្យភូតកុហករបស់គ្រូក្លែងក្លាយធ្វើឲ្យអ្នកបែរចេញពីអង្គការដែលបានបង្រៀនសេចក្ដីពិតទាំងនេះដល់អ្នកឡើយ។—យ៉ូន. ៦:៦៦-៦៩
៨ មិនថាគ្រូក្លែងក្លាយនិយាយអ្វីក៏ដោយ យើងនឹងមិនស្ដាប់តាមពួកគេឡើយ! យើងមិនចង់ខកចិត្តនិងត្រូវគេបំភាន់ដោយទៅឯអណ្ដូងដែលរីងស្ងួតទេ មែនទេ? ផ្ទុយទៅវិញ សូមឲ្យយើងតាំងចិត្តនៅស្មោះត្រង់ចំពោះព្រះយេហូវ៉ានិងអង្គការរបស់លោកជានិច្ច។ អង្គការរបស់ព្រះមិនដែលធ្វើឲ្យយើងខកចិត្តឡើយ ហើយតែងតែផ្ដល់សេចក្ដីបង្រៀនយ៉ាងច្រើននៃសេចក្ដីពិតពីបណ្ដាំរបស់ព្រះដែលប្រៀបដូចជាទឹកស្អាតបរិសុទ្ធ។—អេ. ៥៥:១-៣; ម៉ាថ. ២៤:៤៥-៤៧
កុំស្ដាប់តាម«រឿងមិនពិត»
៩, ១០. តើប៉ូលបានព្រមានអ្វីដល់ធីម៉ូថេស្តីអំពី«រឿងមិនពិត»? ហើយពេលគាត់ឲ្យការព្រមាននោះ តើប៉ូលប្រហែលជាគិតអំពីអ្វី? (សូមមើលកំណត់សម្គាល់)
៩ ជួនកាល យើងងាយសម្គាល់ផ្លាកសញ្ញាដែលគេបានផ្លាស់ប្ដូរដើម្បីបំភាន់យើង ព្រោះយើងឃើញផ្លាកសញ្ញានោះចង្អុលទៅផ្លូវខុស ប៉ុន្តែពេលខ្លះទៀតវាមិនងាយឲ្យយើងសម្គាល់នោះទេ។ ឥទ្ធិពលអាក្រក់របស់សាថានក៏ស្រដៀងគ្នានឹងនេះដែរ។ សាវ័កប៉ូលបានព្រមានយើងអំពីឧបាយកលមួយរបស់សាថាន គឺ«រឿងមិនពិត»។ (សូមអាន ធីម៉ូថេទី១ ១:៣, ៤) ដើម្បីកុំឲ្យយើងវង្វេងចេញពីផ្លូវដែលនាំទៅឯជីវិត យើងត្រូវដឹងថា តើរឿងមិនពិតជាអ្វី? ហើយតើយើងអាចជៀសចេញពីការស្ដាប់តាមរឿងមិនពិតទាំងនេះយ៉ាងដូចម្ដេច?
១០ ការព្រមានរបស់ប៉ូលអំពីរឿងមិនពិតជាផ្នែកនៃសំបុត្រទី១របស់គាត់ចំពោះធីម៉ូថេដែលជាអ្នកត្រួតពិនិត្យម្នាក់។ ធីម៉ូថេជាអ្នកដែលទទួលភារកិច្ចរក្សាភាពស្អាតស្អំក្នុងក្រុមជំនុំ និងជួយបងប្អូនរួមជំនឿឲ្យនៅស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ (១ធី. ១:១៨, ១៩) ពាក្យភាសាក្រិចដែលប៉ូលប្រើអាចសំដៅទៅលើរឿងព្រេង រឿងប្រឌិត ឬរឿងភូតកុហក។ សព្វវចនាធិប្បាយមួយខាងគម្ពីរបានរៀបរាប់ថា ពាក្យនេះសំដៅទៅលើ«រឿង(សាសនា)ដែលមិនទាក់ទងនឹងការពិតទាល់តែសោះ»។ (The International Standard Bible Encyclopaedia) ប៉ូលប្រហែលជាគិតអំពីសេចក្ដីបង្រៀនមិនពិតខាងសាសនាដែលមានប្រភពមកពីរឿងព្រេងចាស់បុរាណដែលមនុស្សប្រឌិតឡើង។b រឿងបែបនេះគ្រាន់តែ«នាំឲ្យធ្វើការស្រាវជ្រាវដែលចំណាយពេលវេលាច្រើន» ពោលគឺការលើកឡើងសំណួរមិនបានការដែលនាំឲ្យធ្វើការស្រាវជ្រាវឥតប្រយោជន៍។ សាថានដែលជាមេបំភាន់ចូលចិត្តប្រើរឿងមិនពិតទាំងនេះ និងសេចក្ដីបង្រៀនមិនពិតខាងសាសនាដើម្បីធ្វើឲ្យមនុស្សលែងគិតពីអ្វីដែលសំខាន់ៗទៀត ហើយនាំឲ្យគេវង្វេងចេញពីផ្លូវទៅឯជីវិត។ ឱវាទរបស់ប៉ូលគឺច្បាស់ណាស់ដែលថា កុំឲ្យយើងស្ដាប់តាមរឿងមិនពិតឲ្យសោះ!
១១. តើសាថានប្រើសាសនាមិនពិតយ៉ាងប៉ិនប្រសប់ដើម្បីបំភាន់មនុស្សយ៉ាងដូចម្ដេច? ហើយដើម្បីជួយយើងកុំឲ្យវាបំភាន់ តើយើងត្រូវស្ដាប់តាមការព្រមានអ្វី?
១១ តើអ្វីខ្លះជារឿងមិនពិតដែលអាចនាំឲ្យមនុស្សដែលមិនប្រុងប្រយ័ត្នវង្វេងផ្លូវនោះ? ពាក្យថា«រឿងមិនពិត»អាចសំដៅទៅលើសេចក្ដីបង្រៀនមិនពិតខាងសាសនាឬរឿងប្រឌិតណាក៏ដោយដែលអាចនាំយើងឲ្យ«ឈប់ស្ដាប់សេចក្ដីពិត»។ (២ធី. ៤:៣, ៤) សាថានដែលក្លែងខ្លួនជា«ទេវតានៃពន្លឺ» បានប្រើសាសនាមិនពិតយ៉ាងប៉ិនប្រសប់ដើម្បីបំភាន់មនុស្ស។ (២កូ. ១១:១៤) ក្នុងនាមជាគ្រិស្តសាសនាតែសំបកក្រៅ នោះពិភពគ្រិស្តសាសនាបង្រៀនលទ្ធិដែលទាក់ទងនឹងរឿងប្រឌិតនិងរឿងភូតកុហកជាច្រើន ដូចជាព្រះបីអង្គរួមជាព្រះតែមួយ ភ្លើងនរក និងព្រលឹងអមតៈជាដើម។ ពិភពគ្រិស្តសាសនាក៏លើកតម្កើងថ្ងៃឈប់សម្រាកដូចជាថ្ងៃបុណ្យណូអែល និងបុណ្យអ៊ីស្ទើរ៍ ដែលតាមមើលទៅគេគិតថាទម្លាប់នោះមិនខុសទេ តែតាមពិតមានដើមកំណើតមកពីរឿងព្រេង និងមកពីសាសនាមិនពិតវិញ។ យើងនឹងមិនត្រូវបំភាន់ដោយរឿងមិនពិតឡើយ បើយើងស្ដាប់តាមការព្រមានរបស់ព្រះដែលឲ្យយើងញែកខ្លួនចេញពីសាសនាមិនពិត និង«ឈប់ពាល់អ្វីដែលមិនស្អាត»។—២កូ. ៦:១៤-១៧
១២, ១៣. (ក) តើរឿងភូតកុហកអ្វីដែលសាថានបានលើកឡើង? ហើយតើសេចក្ដីពិតអំពីរឿងទាំងនេះមានអ្វីខ្លះ? (ខ) ដើម្បីជៀសចេញពីការបំភាន់នៃរឿងមិនពិតរបស់សាថាន តើយើងត្រូវធ្វើអ្វី?
១២ សាថានលើកតម្កើងរឿងភូតកុហកឯទៀតដែលអាចបំភាន់យើង បើយើងមិនប្រុងប្រយ័ត្ន។ សូមពិចារណាអំពីឧទាហរណ៍ខ្លះ។ រឿងភូតកុហកទី១គឺ អ្នកអាចធ្វើអ្វីក៏ដោយតាមចិត្តអ្នកបាន ហើយអ្នកអាចសម្រេចចិត្តដោយខ្លួនអ្នកថាអ្វីខុសនិងអ្វីត្រូវ។ គំនិតនេះបានត្រូវលើកឡើងតាមរយៈប្រព័ន្ធឃោសនានិងក្នុងនាទីកម្សាន្តផ្សេងៗ។ ទស្សនៈខុសបែបនេះស្តីអំពីខ្នាតតម្រារបស់ព្រះ ជះឥទ្ធិពលខ្លាំងមកលើយើងដែលឲ្យយើងគិតនិងធ្វើតាមគំនិតគ្មានសីលធម៌របស់មនុស្សក្នុងពិភពលោកនេះ។ ប៉ុន្តែសេចក្ដីពិតអំពីរឿងនេះគឺថាយើងត្រូវការព្រះដើម្បីប្រាប់យើងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ (យេ. ១០:២៣) រឿងភូតកុហកទី២គឺ ព្រះនឹងមិនធ្វើអន្តរាគមន៍ចំពោះកិច្ចការនៅផែនដីទេ។ មនុស្សមានគំនិតដែលគិតតែពីជីវិតរស់នៅសម្រាប់ថ្ងៃនេះប៉ុណ្ណោះ ហើយបើយើងមានគំនិតបែបនេះយើងអាចក្លាយទៅជា‹អសកម្ម ឬឥតផល›។ (២ពេ. ១:៨) សេចក្ដីពិតអំពីរឿងនេះគឺថ្ងៃរបស់ព្រះយេហូវ៉ាកាន់តែកៀកណាស់ហើយ ហើយយើងត្រូវតែត្រៀមខ្លួនជានិច្ចសម្រាប់ថ្ងៃនោះ។ (ម៉ាថ. ២៤:៤៤) រឿងភូតកុហកទី៣គឺ ព្រះមិនយកចិត្តទុកដាក់ចំពោះអ្នកឡើយ។ ការជឿពាក្យភូតកុហករបស់សាថាននេះអាចបណ្ដាលឲ្យយើងរសាយចិត្ត ដោយមានអារម្មណ៍ថាយើងមិនសមនឹងទទួលសេចក្ដីស្រឡាញ់របស់ព្រះទេ។ ប៉ុន្តែ សេចក្ដីពិតអំពីរឿងនេះគឺព្រះយេហូវ៉ាស្រឡាញ់ និងឲ្យតម្លៃចំពោះមនុស្សម្នាក់ៗដែលគោរពប្រណិប័តន៍លោក។—ម៉ាថ. ១០:២៩-៣១
១៣ យើងត្រូវការពារខ្លួនជានិច្ច ព្រោះការគិតនិងចិត្តគំនិតរបស់មនុស្សក្នុងពិភពលោកសាថានអាចមើលទៅដូចជាអ្វីដែលត្រឹមត្រូវ។ ប៉ុន្តែ សូមចាំថាសាថានជាមេបំភាន់។ ដូច្នេះ យើងអាចជៀសចេញពីការបំភាន់របស់វាដែលជា«រឿងមិនពិតដែលមនុស្សបានប្រឌិតឡើងយ៉ាងប៉ិនប្រសប់»បាន ឲ្យតែយើងស្ដាប់តាមដំបូន្មាននិងការរំលឹកពីបណ្ដាំរបស់ព្រះ។—២ពេ. ១:១៦
កុំ«តាមសាថាន»
១៤. តើប៉ូលបានព្រមានស្ត្រីមេម៉ាយវ័យក្មេងខ្លះៗអំពីអ្វី? ហើយហេតុអ្វីយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់នឹងពាក្យរបស់គាត់?
១៤ សូមស្រមៃគិតថាមានផ្លាកសញ្ញាមួយដែលសរសេរថា៖ «ផ្លូវនេះជាផ្លូវទៅតាមសាថាន»។ យើងទាំងអស់គ្នាប្រាកដជាមិនចង់ទៅតាមផ្លូវនោះទេ មែនទេ? ប៉ុន្តែ ប៉ូលព្រមានយើងអំពីវិធីផ្សេងៗដែលគ្រិស្តសាសនិកដែលបានប្រគល់ខ្លួនជូនព្រះអាច«បែរទៅតាមសាថាន»បាន។ (សូមអាន ធីម៉ូថេទី១ ៥:១១-១៥) ក្នុងខទាំងនោះប៉ូលបាននិយាយទៅកាន់«ស្ត្រីមេម៉ាយវ័យក្មេង»ខ្លះៗ ប៉ុន្តែគោលការណ៍ដែលគាត់បានលើកឡើងគឺមានប្រយោជន៍ចំពោះយើងទាំងអស់គ្នា។ ពួកស្ត្រីគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ ប្រហែលជាមិនបានគិតថាពួកនាងទៅតាមសាថាននោះទេ ប៉ុន្តែការប្រព្រឹត្តរបស់ពួកនាងបានបង្ហាញថាពួកនាងធ្វើដូច្នេះមែន។ តើយើងអាចការពារខ្លួនពីការទៅតាមសាថានដោយមិនដឹងខ្លួនយ៉ាងដូចម្ដេច? សូមឲ្យយើងពិចារណាអំពីការព្រមានរបស់ប៉ូលស្តីអំពីការនិយាយដើមគេ។
១៥. តើអ្វីជាគោលបំណងរបស់សាថាន? ហើយតើប៉ូលបានដៅបញ្ជាក់អំពីកលល្បិចរបស់សាថានយ៉ាងដូចម្ដេច?
១៥ សាថានមិនចង់ឲ្យយើងនិយាយអំពីអ្វីដែលយើងជឿនោះទេ។ គោលបំណងរបស់វាគឺចង់ឲ្យយើងឈប់ផ្សព្វផ្សាយដំណឹងល្អ។ (បប. ១២:១៧) ដូច្នេះ វាខំប្រឹងទាក់ទាញចិត្តយើងឲ្យធ្វើកិច្ចការដែលបង្ខាតពេលរបស់យើង ឬឲ្យយើងបែកបាក់សាមគ្គីគ្នា។ សូមកត់សម្គាល់អំពីរបៀបដែលប៉ូលដៅបញ្ជាក់អំពីកលល្បិចរបស់វា។ «ទម្លាប់ទំនេរដៃ ដើរពីផ្ទះមួយទៅផ្ទះមួយ»។ ក្នុងសម័យដែលមានបច្ចេកវិជ្ជាជឿនលឿន ជាការងាយស្រួលឲ្យយើងខ្ជះខ្ជាយពេលវេលារបស់ខ្លួន និងរបស់អ្នកឯទៀត ដូចជាការផ្ញើរឿងមិនពិតឬរឿងឥតបានការតាមរយៈអ៊ីមែលដល់អ្នកឯទៀត។ ការ«និយាយដើមគេ»។ ការនិយាយដើមគេអាចនាំឲ្យយើងនិយាយបង្កាច់បង្ខូចអ្នកឯទៀតដែលច្រើនតែបង្កឲ្យមានជម្លោះ។ (សុភ. ២៦:២០) មិនថាយើងដឹងឬមិនដឹងក៏ដោយ បើយើងនិយាយបង្កាច់បង្ខូចអ្នកឯទៀត នោះយើងយកតម្រាប់តាមមេកំណាចសាថានហើយ។c «ជ្រៀតជ្រែកក្នុងរឿងអ្នកដទៃ»។ យើងមិនមានសិទ្ធិប្រាប់អ្នកឯទៀតអំពីរបៀបដែលពួកគេត្រូវរស់នៅនោះទេ។ កិច្ចការបែបនេះគ្មានប្រយោជន៍ទេ ហើយបង្កឲ្យមានរឿងដែលអាចបំបែរអារម្មណ៍យើងពីកិច្ចការដែលព្រះប្រគល់ឲ្យយើងធ្វើ ពោលគឺកិច្ចការផ្សព្វផ្សាយដំណឹងល្អ។ យើងមិនអាចចាក់ខ្សែបានទេ ព្រោះបើយើងលែងមានសកម្មភាពក្នុងកិច្ចការរបស់ព្រះយេហូវ៉ា នោះយើងចាប់ផ្ដើមទៅតាមសាថានហើយ។—ម៉ាថ. ១២:៣០
១៦. ដើម្បីជួយយើងកុំឲ្យ«បែរទៅតាមសាថាន» តើយើងត្រូវស្ដាប់តាមដំបូន្មានអ្វី?
១៦ ការធ្វើតាមឱវាទក្នុងគម្ពីរអាចជួយយើងកុំឲ្យ«បែរទៅតាមសាថាន»។ សូមពិចារណាអំពីដំបូន្មានខ្លះៗដែលមានប្រយោជន៍របស់ប៉ូល។ ការ«ជាប់រវល់ក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់»។ (១កូ. ១៥:៥៨) ពេលយើងជាប់រវល់ក្នុងកិច្ចការផ្សព្វផ្សាយរាជាណាចក្រ នោះយើងគ្មានពេលសម្រាប់អ្វីមិនសំខាន់ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់យើងឡើយ។ (ម៉ាថ. ៦:៣៣) និយាយអ្វីដែល«ល្អសម្រាប់ពង្រឹងអ្នកឯទៀត»។ (អេភ. ៤:២៩) សូមតាំងចិត្តមិនស្ដាប់ការនិយាយដើមគេ ហើយកុំនិយាយតៗគ្នាអំពីរឿងនោះ។d បណ្ដុះឲ្យមានទំនុកចិត្តនិងការគោរពចំពោះបងប្អូនរួមជំនឿ។ យ៉ាងនោះ យើងនឹងមានទំនោរចិត្តនិយាយពាក្យដែលពង្រឹងជាជាងធ្វើឲ្យគេបាក់ទឹកចិត្ត។ «ខំប្រឹង . . . មិនជ្រៀតជ្រែកក្នុងរឿងអ្នកដទៃ»។ (១ថែ. ៤:១១) សូមឲ្យយើងបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកឯទៀត តាមរបៀបដែលគោរពសិទ្ធិរបស់ពួកគេ ហើយតាមរបៀបដែលរក្សាភាពថ្លៃថ្នូររបស់ពួកគេផងដែរ។ សូមចងចាំដែរថា យើងមិនគួរបង្ខំឲ្យអ្នកឯទៀតមានទស្សនៈដូចយើង ស្តីអំពីរឿងដែលពួកគេត្រូវសម្រេចដោយខ្លួនពួកគេផ្ទាល់នោះទេ។—កាឡ. ៦:៥
១៧. (ក) ហេតុអ្វីព្រះយេហូវ៉ាព្រមានយើងអំពីអ្វីដែលយើងមិនត្រូវធ្វើតាមឬស្ដាប់តាម? (ខ) ស្តីអំពីផ្លូវដែលព្រះយេហូវ៉ាចង់ឲ្យយើងដើរតាម តើអ្នកតាំងចិត្តធ្វើអ្វី?
១៧ យើងពិតជាដឹងគុណចំពោះព្រះយេហូវ៉ាណាស់ដែលលោកប្រាប់យើងយ៉ាងច្បាស់អំពីអ្វីដែលយើងមិនត្រូវធ្វើតាមឬស្ដាប់តាម! ដូច្នេះ សូមកុំភ្លេចថាការព្រមានរបស់ព្រះយេហូវ៉ាដែលយើងបានពិចារណាក្នុងអត្ថបទនេះនិងអត្ថបទមុន គឺផុសចេញពីសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់លោក។ លោកមិនចង់ឲ្យយើងទទួលទុក្ខវេទនានិងការឈឺចាប់ដោយសារការធ្វើតាម‹ផ្លាកសញ្ញា›ដែលជាការបំភាន់របស់សាថាននោះទេ។ ផ្លូវដែលព្រះយេហូវ៉ាចង់ឲ្យយើងដើរតាមប្រហែលជាផ្លូវចង្អៀត ប៉ុន្តែផ្លូវនេះអាចនាំទៅដល់ទិសដៅដែលប្រសើរបំផុត ពោលគឺជីវិតដែលគ្មានទីបញ្ចប់។ (ម៉ាថ. ៧:១៤) សូមឲ្យយើងតាំងចិត្តជានិច្ចដើម្បីស្ដាប់តាមការដាស់តឿនរបស់ព្រះយេហូវ៉ាដែលថា៖ «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។—អេ. ៣០:២១
[កំណត់សម្គាល់]
a «ការក្បត់ជំនឿ»គឺជាការចាកចេញពីការគោរពប្រណិប័តន៍ពិត ការបែរចេញ ការបះបោរ និងការបោះបង់ចោល។
b ជាឧទាហរណ៍ សៀវភៅថូបិត(ថូបាយឹស)ជាសៀវភៅរឿងមិនពិតមួយដែលមនុស្សខ្លះនៅសម័យប៉ូលគិតថាជាសៀវភៅដែលរួមចំណែកក្នុងគម្ពីរបរិសុទ្ធ។ សៀវភៅថូបិតប្រហែលបានត្រូវសរសេរនៅសតវត្សរ៍ទី៣ មុនគ.ស.។ សៀវភៅនេះសុទ្ធតែរៀបរាប់អំពីរឿងមន្តអាគម អបិយជំនឿ និងរឿងអាបធ្មប់ថាជារឿងពិតវិញ (សូមមើលសៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរជាភាសាអង់គ្លេស ក្បាលទី១ ទំព័រ១២២)។
c ពាក្យភាសាក្រិច«មេកំណាច»គឺឌីអាបូឡូសដែលមានន័យថា«អ្នកបង្កាច់បង្ខូច»។ ពាក្យនេះជាឋានន្តរមួយទៀតរបស់សាថានដែលជាមេបង្កាច់បង្ខូច។—យ៉ូន. ៨:៤៤; បប. ១២:៩, ១០
d សូមមើលប្រអប់«បាចរោមសំឡីឲ្យហើរទៅតាមខ្យល់»
តើអ្នកឆ្លើយយ៉ាងណា?
តើអ្នកអាចបង្ហាញយ៉ាងដូចម្ដេចថា អ្នកស្ដាប់តាមការព្រមានក្នុងបទគម្ពីរទាំងនេះ?
[ប្រអប់/រូបភាពនៅទំព័រ១៨]
បាចរោមសំឡីឲ្យហើរទៅតាមខ្យល់
រឿងនិទានចាស់បុរាណមួយរបស់ជនជាតិយូដាបានបង្ហាញយ៉ាងច្បាស់អំពីលទ្ធផលដែលមកពីការនិយាយដើមគេ។ រឿងនេះបានត្រូវរៀបរាប់តាមរបៀបផ្សេងៗ ប៉ុន្តែខ្លឹមសារនៃរឿងនេះមានដូចតទៅ៖
បុរសម្នាក់បាននិយាយបង្កាច់បង្ខូចប្រាប់ដល់មនុស្សជាច្រើនក្នុងភូមិ អំពីបុរសដែលមានប្រាជ្ញាម្នាក់ដែលគេចាត់ទុកគាត់ជាសុភា។ នៅពេលក្រោយមក អ្នកនិយាយបង្កាច់បង្ខូចនេះបានដឹងខ្លួនថាគាត់បានធ្វើខុស ហើយគាត់ទៅជួបលោកសុភានោះដើម្បីសុំឲ្យគាត់អភ័យទោស ថែមទាំងព្រមធ្វើអ្វីៗក៏ដោយដើម្បីឲ្យលោកសុភាលើកលែងទោសឲ្យ។ លោកសុភាមានសំណូមពរមួយគឺឲ្យបុរសដែលនិយាយដើមគាត់យកខ្នើយសំឡី ហែកវា ហើយបាចរោមសំឡីនោះឲ្យហើរទៅតាមខ្យល់។ ទោះជាបុរសនោះមិនយល់ក៏ដោយ គាត់បានធ្វើដូច្នេះ ហើយគាត់បានត្រឡប់មកឯលោកសុភាម្ដងទៀត។
បុរសនោះសួរថា៖ «តើលោកលើកលែងទោសឲ្យខ្ញុំឬទេ?»
លោកសុភានោះឆ្លើយថា៖ «អ្នកត្រូវប្រមូលរោមសំឡីទាំងអស់មកវិញជាមុនសិន»។
បុរសសួរថា៖ «ប៉ុន្តែតើខ្ញុំធ្វើយ៉ាងម៉េចនឹងប្រមូលវាបាន? វាបានហើរទៅតាមខ្យល់អស់ទៅហើយ»។
លោកសុភាឆ្លើយថា៖ «ការប៉ះប៉ូវឡើងវិញនូវអ្វីដែលអ្នកបាននិយាយ នោះជាការពិបាកដូចការប្រមូលរោមសំឡីដូច្នេះដែរ»។
មេរៀនក្នុងរឿងនេះគឺច្បាស់ណាស់។ យើងមិនអាចយកមកវិញនូវពាក្យសម្ដីដែលយើងបានបញ្ចេញហួសហើយនោះទេ ហើយជួនកាលយើងក៏មិនអាចផ្លាស់ប្ដូរនូវលទ្ធផលអាក្រក់ដែលមកពីពាក្យសម្ដីរបស់យើងដែរ។ ដូច្នេះ មុនយើងនិយាយដើមគេ ជាការល្អឲ្យយើងចាំថា តើយើងហៀបនឹងបាចរោមសំឡីឲ្យហើរទៅតាមខ្យល់ឬទេ?
[រូបភាពនៅទំព័រ១៥]
តើបងប្អូនខ្លះប្រហែលជាអញ្ជើញពួកអ្នកក្បត់ជំនឿឲ្យចូលក្នុងផ្ទះរបស់ពួកគេយ៉ាងដូចម្ដេច?