មេរៀនទី៣៧
តើគម្ពីរចែងយ៉ាងណាអំពីការងារនិងលុយ?
តើអ្នកធ្លាប់ព្រួយបារម្ភអំពីការងារឬលុយទេ? ប្រហែលជាធ្លាប់ ជាពិសេសបើយើងត្រូវធ្វើការចិញ្ចឹមជីវិតផង និងគោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបដែលលោកសមនឹងទទួលផង។ ប៉ុន្តែ គម្ពីរមានយោបល់ល្អៗដែលអាចជួយយើងបាន។
១. តើគម្ពីរចែងយ៉ាងណាអំពីការងារ?
ព្រះចង់ឲ្យយើងសប្បាយរីករាយនឹងការងារ។ គម្ពីរចែងថា៖ «ចំពោះមនុស្ស គ្មានអ្វីប្រសើរជាង . . . ការសប្បាយរីករាយដែលបានមកពីការនឿយហត់របស់ខ្លួនឡើយ»។ (អ្នកទូន្មាន ២:២៤) ព្រះយេហូវ៉ាខំព្យាយាមធ្វើការ។ ពេលយើងយកតម្រាប់លោកដោយខ្នះខ្នែងធ្វើការ នោះយើងធ្វើឲ្យលោកពេញចិត្ត ហើយយើងក៏សប្បាយចិត្តចំពោះខ្លួនឯងដែរ។
ការងារគឺសំខាន់ តែយើងមិនគួរចាត់ទុកការងារថាសំខាន់ជាងការគោរពប្រណិប័តន៍ព្រះយេហូវ៉ាឡើយ។ (យ៉ូហាន ៦:២៧) លោកសន្យាថា បើយើងចាត់ទុកលោកថាសំខាន់បំផុតក្នុងជីវិត នោះលោកនឹងផ្ដល់នូវអ្វីដែលយើងត្រូវការ។
២. តើយើងគួរមានទស្សនៈយ៉ាងណាអំពីលុយ?
គម្ពីរទទួលស្គាល់ថាប្រាក់ជា«គ្រឿងការពារ»។ ប៉ុន្តែ គម្ពីរក៏ព្រមានដែរថា ប្រាក់តែម្យ៉ាងមិនអាចធ្វើឲ្យយើងមានសុភមង្គលទេ។ (អ្នកទូន្មាន ៧:១២) ហេតុនេះហើយបានជាគម្ពីរលើកទឹកចិត្តយើងកុំឲ្យគិតតែអំពីលុយ តែឲ្យយើង‹ស្កប់ចិត្តនឹងអ្វីដែលយើងមាន›។ (សូមអាន ហេប្រឺ ១៣:៥) ពេលយើងបន្តស្កប់ចិត្តនឹងអ្វីដែលយើងមាន នោះជួយយើងកុំឲ្យតានតឹងចិត្តដោយសារតែការចង់បានឥតឈប់ ព្រមទាំងជួយយើងឲ្យជៀសវាងពីបំណុលដែលមិនចាំបាច់។ (សុភាសិត ២២:៧) ម្យ៉ាងទៀត នោះក៏ជួយយើងឲ្យជៀសផុតពីអន្ទាក់នៃការលេងល្បែងស៊ីសង និងការសង្វាតឲ្យមានឆាប់។
៣. តើយើងអាចប្រើលុយដោយចិត្តទូលាយយ៉ាងដូចម្ដេច?
ព្រះយេហូវ៉ាជាព្រះដែលមានចិត្តទូលាយ ដូច្នេះពេលយើង«មានចិត្តទូលាយ ហើយប្រុងប្រៀបចែករំលែកជានិច្ច» នោះយើងកំពុងធ្វើតាមគំរូរបស់លោក។ (ធីម៉ូថេទី១ ៦:១៨) យើងអាចប្រើលុយដោយចិត្តទូលាយក្នុងការគាំទ្រក្រុមជំនុំ និងជួយអ្នកឯទៀតដែលខ្វះខាត ជាពិសេសបងប្អូនរួមជំនឿ។ ព្រះយេហូវ៉ាចាប់អារម្មណ៍ខ្លាំងបំផុតទៅលើបំណងចិត្តដែលយើងឲ្យ មិនមែនទៅលើចំនួនដែលយើងឲ្យទេ។ ពេលយើងឲ្យដោយចិត្តទូលាយ យើងនឹងមានសុភមង្គល ហើយព្រះយេហូវ៉ានឹងពេញចិត្តយើង។—សូមអាន សកម្មភាព ២០:៣៥
បង្កើនចំណេះ
សូមពិចារណាប្រយោជន៍ដែលមកពីការមានចិត្តគំនិតត្រឹមត្រូវអំពីការងារ និងប្រយោជន៍ដែលមកពីការស្កប់ចិត្ត។
៤. ចូរលើកកិត្តិយសព្រះយេហូវ៉ា ដោយការប្រព្រឹត្តរបស់អ្នកនៅកន្លែងធ្វើការ
ចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា គួរមានឥទ្ធិពលលើចិត្តគំនិតរបស់យើងចំពោះការងារ។ លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
ក្នុងវីដេអូ តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីចិត្តគំនិតនិងការប្រព្រឹត្តរបស់ចេសិននៅកន្លែងធ្វើការ?
តើគាត់បានធ្វើអ្វីដើម្បីរក្សាទស្សនៈត្រឹមត្រូវអំពីការងារ?
សូមអាន កូឡុស ៣:២៣, ២៤ រួចពិភាក្សាសំណួរនេះ៖
ហេតុអ្វីចិត្តគំនិតរបស់យើងចំពោះការងារជារឿងសំខាន់?
ការងារគឺសំខាន់ តែយើងមិនគួរចាត់ទុកការងារថាសំខាន់ជាងការគោរពប្រណិប័តន៍ព្រះយេហូវ៉ាឡើយ
៥. ការចេះស្កប់ចិត្តផ្ដល់ប្រយោជន៍ឲ្យយើង
មនុស្សជាច្រើនខំប្រឹងប្រមូលទ្រព្យសម្បត្តិឲ្យបានច្រើនបំផុត។ ប៉ុន្តែ គម្ពីរមានយោបល់ផ្សេងអំពីរឿងនេះ។ សូមអាន ធីម៉ូថេទី១ ៦:៦-៨ រួចពិភាក្សាសំណួរនេះ៖
តើគម្ពីរលើកទឹកចិត្តយើងឲ្យធ្វើអ្វី?
ទោះជាយើងមានទ្រព្យបន្តិចបន្តួចក៏ដោយ យើងអាចមានសុភមង្គលបាន។ លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
ទោះជាក្រុមគ្រួសារទាំងនេះមានលុយតែបន្តិចបន្តួចក៏ដោយ តើអ្វីធ្វើឲ្យពួកគេមានសុភមង្គល?
ចុះបើយើងមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែនៅតែចង់បានថែមទៀត? លោកយេស៊ូបានលើកឧទាហរណ៍មួយដែលបង្ហាញថា ការមានចិត្តគំនិតបែបនេះនាំឲ្យមានគ្រោះថ្នាក់។ សូមអាន លូកា ១២:១៥-២១ រួចពិភាក្សាសំណួរនេះ៖
តើអ្នកបានទាញមេរៀនអ្វីពីឧទាហរណ៍របស់លោកយេស៊ូ? (សូមមើលខ១៥)
សូមអានហើយប្រៀបធៀបសុភាសិត ១០:២២ និងធីម៉ូថេទី១ ៦:១០។ រួចពិភាក្សាសំណួរដូចតទៅ៖
រវាងការមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ានិងការមានលុយច្រើន តើអ្នកគិតថាមួយណាសំខាន់ជាង? ហេតុអ្វី?
តើការដេញតាមទ្រព្យសម្បត្តិនាំឲ្យមានបញ្ហាអ្វីខ្លះ?
៦. ព្រះយេហូវ៉ានឹងផ្ដល់នូវអ្វីដែលយើងត្រូវការ
ពេលយើងមានបញ្ហាការងារនិងលុយកាក់ នោះអាចជួយយើងឲ្យដឹងថាយើងទុកចិត្តព្រះយេហូវ៉ាឬយ៉ាងណា។ លេងវីដេអូ ដើម្បីមើលអ្វីដែលយើងអាចធ្វើ ពេលយើងប្រឈមមុខនឹងបញ្ហាទាំងនេះ។ រួចពិភាក្សាសំណួរដូចតទៅ៖
ក្នុងវីដេអូ តើបងប្រុសនេះបានជួបប្រទះបញ្ហាអ្វីខ្លះ?
តើគាត់បានធ្វើអ្វីដើម្បីដោះស្រាយបញ្ហាទាំងនោះ?
សូមអាន ម៉ាថាយ ៦:២៥-៣៤ រួចពិភាក្សាសំណួរនេះ៖
តើព្រះយេហូវ៉ាបានសន្យាអ្វីចំពោះអស់អ្នកដែលចាត់ទុកលោកថាសំខាន់បំផុត?
មនុស្សខ្លះនិយាយថា៖ «ខ្ញុំត្រូវប្រឹងធ្វើការដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារខ្ញុំ។ ខ្ញុំមិនអាចចូលរួមកិច្ចប្រជុំរាល់សប្ដាហ៍បានទេ»។
តើបទគម្ពីរមួយណាដែលធ្វើឲ្យអ្នកជឿជាក់ថា ការចាត់ទុកការគោរពប្រណិប័តន៍ព្រះយេហូវ៉ាថាសំខាន់ទី១ តែងតែជាការសម្រេចចិត្តល្អបំផុត?
សេចក្ដីសង្ខេប
ការងារនិងលុយគឺសំខាន់ តែយើងមិនគួរឲ្យអ្វីទាំងនោះបំបែរអារម្មណ៍យើងពីការបម្រើព្រះយេហូវ៉ាទេ។
រៀនសាឡើងវិញ
តើអ្វីអាចជួយអ្នកឲ្យរក្សាទស្សនៈត្រឹមត្រូវអំពីការងារ?
តើការចេះស្កប់ចិត្តជួយអ្នកយ៉ាងដូចម្ដេច?
តើតាមរបៀបណាអ្នកអាចបង្ហាញថា អ្នកទុកចិត្តសេចក្ដីសន្យារបស់ព្រះយេហូវ៉ាថាលោកនឹងផ្គត់ផ្គង់រាស្ត្ររបស់លោក?
ស្វែងយល់ថែមទៀត
សូមរៀនថា តើការឲ្យបែបណាដែលព្រះពេញចិត្ត?
«តើគម្ពីរចែងយ៉ាងណាអំពីការឲ្យ?» (អត្ថបទក្នុងគេហទំព័រ)
តើការលេងល្បែងស៊ីសងគ្មានគ្រោះថ្នាក់ឬទេ?
«គោលការណ៍ពីគម្ពីរ ល្បែងស៊ីសង» (ទស្សនាវដ្ដីភ្ញាក់រឭក! ខែមីនា ឆ្នាំ២០១៥)
សូមមើលថា តើអ្វីបានជំរុញចិត្តបុរសម្នាក់ដែលធ្លាប់ជាអ្នកលេងល្បែងស៊ីសងនិងជាចោរ ឲ្យកែខ្លួនឡើងវិញ?
«ខ្ញុំជាមនុស្សដែលងប់ងុលនឹងការប្រណាំងសេះ» (brwp១១១១០១)