ជំពូកទីបួន
តើអ្នកអាចចាត់ចែងកិច្ចការផ្ទះបានយ៉ាងណា?
១. ហេតុអ្វីក៏ការចេះចាត់ចែងកិច្ចការផ្ទះជាអ្វីដ៏ពិបាកនៅសព្វថ្ងៃនេះ?
«គំរូនៃលោកីយនេះតែងតែផ្លាស់ទៅ»។ (កូរិនថូសទី១ ៧:៣១) ពាក្យទាំងនេះបានត្រូវសរសេរជាង១៩០០ឆ្នាំមកហើយ ហើយពាក្យទាំងនេះក៏នៅតែជាការពិតមកដល់សព្វថ្ងៃនេះដែរ! ស្ថានការណ៍កំពុងតែប្រែប្រួល ជាពិសេសស្តីអំពីជីវភាពគ្រួសារ។ អ្វីដែលគេបានចាត់ទុកថា ជាធម្មតាឬបើគិតពីទំនៀមទម្លាប់៤០ឬ៥០ឆ្នាំកន្លងទៅនេះ គេច្រើនតែឥតទទួលស្គាល់ទេនៅសព្វថ្ងៃនេះ។ ហេតុនោះហើយបានជាការចេះចាត់ចែងកិច្ចការផ្ទះបានដោយជោគជ័យ អាចនាំឲ្យមានការពិបាកដ៏ធំដែរ។ យ៉ាងណាក៏ដោយ ប្រសិនបើធ្វើតាមឱវាទក្នុងបទគម្ពីរ នោះអ្នកអាចរកផ្លូវដោះស្រាយនូវការពិបាកទាំងនោះបាន។
រស់នៅទៅតាមធនធានរបស់អ្នក
២. តើកាលៈទេសៈអ្វីខាងសេដ្ឋកិច្ចដែលធ្វើឲ្យមានភាពលំបាកក្នុងក្រុមគ្រួសារ?
២ សព្វថ្ងៃនេះ មនុស្សជាច្រើនលែងស្កប់ចិត្តនឹងជីវិតដែលមានជីវភាពសាមញ្ញៗរស់នៅជាក្រុមគ្រួសារទៀតហើយ។ កាលដែលពិភពពាណិជ្ជកម្មផលិតកាន់តែច្រើនឡើងនូវផលិតផលផ្សេងៗ និងប្រើជំនាញរបស់វាដើម្បីល្បួងសាធារណជន នោះមាតាបិតារាប់លាននាក់ចំណាយពេលយ៉ាងច្រើននៅកន្លែងធ្វើការ ដើម្បីឲ្យអាចទិញផលិតផលទាំងនោះ។ មាតាបិតាជាច្រើនលាននាក់ទៀត ប្រឈមមុខនឹងការពុះពាររាល់ថ្ងៃ ដើម្បីគ្រាន់តែរកអាហារខ្លះៗឲ្យបានបរិភោគ។ ពួកគេត្រូវតែចំណាយពេលយ៉ាងច្រើន នៅឯកន្លែងធ្វើការជាងពេលមុនៗទៅទៀត ទាំងប្រហែលជាមានការងារនៅពីរកន្លែង នោះគ្រាន់តែដើម្បីមានប្រាក់ចំណាយសំរាប់វត្ថុចាំបាច់ប៉ុណ្ណោះ។ ក៏ប៉ុន្តែ មានពួកអ្នកឯទៀតដែលសប្បាយចិត្តឲ្យតែរកបានការងារអ្វីក៏បាន ដោយព្រោះការគ្មានការងារធ្វើជាបញ្ហាទូទៅ។ ត្រូវហើយ ជីវិតគឺមិនតែងតែស្រួលចំពោះក្រុមគ្រួសារនៅសម័យទំនើបនេះទេ ក៏ប៉ុន្តែគោលការណ៍ទាំងឡាយក្នុងព្រះគម្ពីរ អាចជួយក្រុមគ្រួសារនានាឲ្យខំប្រឹងអស់ពីសមត្ថភាព យោងទៅតាមកាលៈទេសៈរបស់គេរៀងៗខ្លួន។
៣. តើគោលការណ៍អ្វីដែលសាវ័កប៉ុលបានពន្យល់ប្រាប់? ហើយតើការអនុវត្តន៍តាមគោលការណ៍នោះ អាចជួយបុគ្គលម្នាក់ឲ្យបានជោគជ័យខាងការចេះចាត់ចែងកិច្ចការផ្ទះបានយ៉ាងណា?
៣ សាវ័កប៉ុលបានពិសោធន៍នូវការគាបសង្កត់ខាងសេដ្ឋកិច្ច។ គាត់បានរៀនមេរៀនមួយដ៏មានតម្លៃ ក្នុងការដោះស្រាយរឿងទាំងនោះ ដែលគាត់ពន្យល់ប្រាប់ក្នុងសំបុត្ររបស់គាត់ជូនមិត្តម្នាក់ឈ្មោះធីម៉ូថេ។ ប៉ុលសរសេរថា៖ «យើងរាល់គ្នាមិនបានយកអ្វី ចូលមកក្នុងលោកីយនេះទេ ហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរ តែបើមានអាហារទទួលទាន នឹងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ»។ (ធីម៉ូថេទី១ ៦:៧, ៨) ពិតមែន ក្រុមគ្រួសារត្រូវការរបស់របរច្រើនជាងអាហារនិងសំលៀកបំពាក់ទៅទៀត។ ក្រុមគ្រួសារក៏ត្រូវការកន្លែងរស់នៅផងដែរ។ កូនក្មេងក៏ត្រូវរៀនសូត្រ។ ហើយក៏មានការចំណាយខាងការព្យាបាលនិងសោហ៊ុយឯទៀត។ យ៉ាងណាក៏ដោយ គោលការណ៍ពីពាក្យរបស់ប៉ុលក៏អាចនៅប្រើបានដែរ។ ប្រសិនបើយើងស្កប់ចិត្តបំពេញនូវតម្រូវការរបស់យើង ជាជាងផ្ដេកផ្ដួលទៅតាមសេចក្ដីប្រាថ្នារបស់យើងវិញ នោះយើងនឹងរក្សាបានជីវិតរស់នៅបានយ៉ាងស្រួល។
៤, ៥. តើការគិតនិងការគ្រោងទុកជាមុន អាចជួយក្នុងការចេះចាត់ចែងកិច្ចការផ្ទះបានយ៉ាងណា?
៤ គោលការណ៍មួយទៀតដ៏មានប្រយោជន៍ គឺមានក្នុងរឿងប្រៀបប្រដូចមួយរបស់ព្រះយេស៊ូ។ ទ្រង់បានមានបន្ទូលថា៖ «ក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនទេឬអី ដើម្បីឲ្យដឹងជាមានល្មមនឹងធ្វើបង្ហើយបានឬមិនបាន?»។ (លូកា ១៤:២៨) នេះព្រះយេស៊ូកំពុងតែមានបន្ទូលអំពីការគិតទុកជាមុន គឺការមានគម្រោងទៅមុខ។ យើងបានឃើញនៅក្នុងជំពូកមុននេះ នូវរបៀបដដែលនេះបានជួយ ក្នុងកាលដែលមនុស្សពីរនាក់គិតចង់រៀបការនោះ។ ហើយក្រោយពីរៀបអាពាហ៍ពិពាហ៍ នេះក៏មានប្រយោជន៍ដែរក្នុងការចេះចាត់ចែងកិច្ចការផ្ទះហើយនោះ។ ការគិតទុកជាមុនស្តីអំពីរឿងនេះ ទាក់ទងនឹងការចេះលៃលកក្នុងការប្រើថវិកា ការគ្រោងទុកជាមុន ដើម្បីប្រើធនធានរបស់ខ្លួនដោយប្រាជ្ញា។ តាមរបៀបនេះ ក្រុមគ្រួសារអាចដាក់កំរិតទៅលើសោហ៊ុយនានា ដោយទុកលុយសំរាប់ការចំណាយលើរបស់ត្រូវការប្រចាំថ្ងៃ ឬប្រចាំសប្ដាហ៍និមួយៗ និងមិនត្រូវរស់នៅហួសពីធនធានរបស់ខ្លួនឡើយ។
៥ នៅប្រទេសខ្លះៗ ការចេះលៃលកក្នុងការប្រើថវិកាបែបនេះ ប្រហែលជាមានន័យថា ត្រូវចេះទប់នឹងចំណង់ចង់ខ្ចីប្រាក់ដែលមានការប្រាក់ច្រើន ដើម្បីទិញអ្វីៗដែលមិនចាំបាច់។ នៅប្រទេសផ្សេងទៀត នេះប្រហែលជាមានន័យថា ត្រូវប្រយ័ត្នក្នុងការប្រើប័ណ្ណឥណទានតាមរបៀបដោយឥតចេះគិត។ (សុភាសិត ២២:៧) នេះក៏ប្រហែលជាទាក់ទងនឹងការរារាំងមិនឲ្យចិត្តចង់ទិញដោយឥតព្រាងទុកជាមុន ដែលជាការទិញនូវអ្វីៗដោយសម្រេចចិត្តភ្លាមៗ ទាំងមិនបានគិតថ្លឹងថ្លែងពីតម្រូវការនិងលទ្ធផលនោះ។ ម្យ៉ាងទៀត ការចេះលៃលកក្នុងការប្រើថវិកានឹងធ្វើឲ្យឃើញជាក់ស្តែងថា ការបង្ហិនប្រាក់ដោយលេងល្បែងស៊ីសង ជក់បារី និងការផឹកស្រាហួសហេតុ នឹងធ្វើឲ្យជីវភាពក្នុងក្រុមគ្រួសារដុនដាបទៅៗ ព្រមទាំងប្រឆាំងនឹងគោលការណ៍ព្រះគម្ពីរទៀតផង។—សុភាសិត ២៣:២០, ២១, ២៩-៣៥; រ៉ូម ៦:១៩; អេភេសូរ ៥:៣-៥
៦. តើសេចក្ដីពិតណាក្នុងបទគម្ពីរ ដែលជួយអស់អ្នកដែលបានត្រូវរស់នៅក្នុងភាពក្រីក្រ?
៦ ចុះយ៉ាងណាវិញចំពោះអស់អ្នកដែលទាល់ក្រនោះ? ពួកគេអាចមានការសម្រាលទុក្ខដោយដឹងថា បញ្ហាដែលមានទូទាំងពិភពលោកនេះ គឺគ្រាន់តែជាការបណ្ដោះអាសន្នប៉ុណ្ណោះ។ នៅក្នុងពិភពលោកថ្មីដែលកំពុងតែឈានមកយ៉ាងលឿន នោះព្រះយេហូវ៉ានឹងបំបាត់ចោលនូវភាពក្រីក្រ ព្រមទាំងរបស់អាក្រក់ៗឯទៀត ដែលនាំឲ្យមនុស្សជាតិទទួលនូវសេចក្ដីវេទនានោះ។ (ទំនុកដំកើង ៧២:១, ១២-១៦) នៅចន្លោះពេលនេះ គ្រីស្ទានពិតទោះបីជាពួកគេក្រខ្សត់យ៉ាងណាក៏ដោយ ក៏មិនមានអារម្មណ៍អស់សង្ឃឹមទាំងស្រុងនោះដែរ ដ្បិតគេមានជំនឿលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថា៖ «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ»។ ដូច្នោះហើយ អ្នកជឿម្នាក់អាចនិយាយដោយទុកចិត្តថា៖ «ខ្ញុំមិនព្រមខ្លាចឡើយ ព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំ!»។ (ហេព្រើរ ១៣:៥, ៦) នៅក្នុងសម័យដ៏ពិបាកនេះ ព្រះយេហូវ៉ាបានគាំទ្រអ្នកថ្វាយបង្គំរបស់ទ្រង់តាមរបៀបជាច្រើន ពេលដែលពួកគេធ្វើតាមគោលការណ៍របស់ទ្រង់ ហើយទុកព្រះរាជាណាចក្ររបស់ទ្រង់ជាអ្វីដែលមានអាទិភាពក្នុងជីវិតរបស់ពួកគេ។ (ម៉ាថាយ ៦:៣៣) ជាច្រើននាក់អាចធ្វើជាកសិណសាក្សី ដោយនិយាយតាមពាក្យរបស់សាវ័កប៉ុលដែលថា៖ «ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមាន ទាំងខ្វះ ក្នុងសារពើទាំងអស់ហើយ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»។—ភីលីព ៤:១២, ១៣
ចែករំលែកបន្ទុក
៧. តើបន្ទូលរបស់ព្រះយេស៊ូណាខ្លះ ប្រសិនបើអនុវត្តតាមនោះនឹងជួយឲ្យមានការចេះចាត់ចែងកិច្ចការផ្ទះបានយ៉ាងជោគជ័យនោះ?
៧ ជិតដល់ទីបញ្ចប់នៃកិច្ចបំរើរបស់ទ្រង់នៅលើផែនដី នោះព្រះយេស៊ូបានមានបន្ទូលថា៖ «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»។ (ម៉ាថាយ ២២:៣៩) ការអនុវត្តន៍តាមឱវាទនេះក្នុងក្រុមគ្រួសារ នឹងជួយបានច្រើនណាស់ក្នុងការចាត់ចែងកិច្ចការផ្ទះនោះ។ យ៉ាងណាមិញ អស់អ្នកដែលរស់នៅជាមួយគ្នាក្នុងក្រុមគ្រួសារ ដែលជាស្វាមីភរិយា មាតាបិតា និងបុត្រធីតា នោះហើយជាអ្នកជិតខាងជិតជាងគេហើយក៏ជាទីស្រឡាញ់របស់យើងជាងគេផងដែរ មែនទេ? តើសមាជិកក្នុងក្រុមគ្រួសារអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច?
៨. តើសេចក្ដីស្រឡាញ់ក្នុងក្រុមគ្រួសារអាចសម្ដែងចេញមកដោយដូចម្ដេច?
៨ វិធីមួយគឺឲ្យសមាជិកនិមួយៗក្នុងក្រុមគ្រួសារធ្វើកិច្ចការដែលខ្លួនគួរនឹងធ្វើក្នុងផ្ទះ។ ហេតុដូច្នេះហើយ ត្រូវបង្រៀនបុត្រធីតាឲ្យចេះប្រមូលទុករបស់របរបន្ទាប់ពីប្រើរួចហើយ មិនថារបស់ទាំងនេះជាសំលៀកបំពាក់ឬប្រដាប់ក្មេងលេងឡើយ។ ការរៀបគ្រែដេកឲ្យមានរបៀបរៀបរយជារៀងរាល់ព្រឹក គឺប្រហែលជាត្រូវការពេលវេលានិងការខ្នះខ្នែង ក៏ប៉ុន្តែនេះក៏ជាជំនួយដ៏ធំមួយក្នុងការចេះចាត់ចែងកិច្ចការផ្ទះផងដែរ។ ប្រាកដហើយ គឺមិនអាចជៀសវាងពីការមានរបស់នៅរប៉ាត់រប៉ាយបន្ដិចបន្តួចដែលមានជាបណ្ដោះអាសន្ននោះទេ ប៉ុន្តែគ្រប់គ្នាអាចរួមដៃគ្នា ដើម្បីរៀបចំផ្ទះឲ្យមានរបៀបរៀបរយត្រឹមត្រូវ ព្រមទាំងលាងចានក្រោយពីបរិភោគហើយ។ ភាពខ្ជិល ការភ្លើតភ្លើនហួសប្រមាណ និងគំនិតដ៏ទើសទាល់ហើយស្ទាក់ស្ទើរ គឺមានឥទ្ធិពលដ៏អវិជ្ជមានលើមនុស្សគ្រប់គ្នា។ (សុភាសិត ២៦:១៤-១៦) ម្យ៉ាងវិញទៀត ការសប្បាយចិត្ត ហើយការមានគំនិតចង់ជួយ នឹងផ្ដល់នូវជីវភាពគ្រួសារដ៏មានសុភមង្គលមួយ។ «ព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ»។—កូរិនថូសទី២ ៩:៧
៩, ១០. (ក) ជាញឹកញាប់តើបន្ទុកអ្វីដែលមានមកលើមេផ្ទះ? ហើយតើបន្ទុកនេះអាចត្រូវធ្វើឲ្យស្រាលជាងយ៉ាងដូចម្ដេច? (ខ) តើមានយោបល់ណាដែលប្រកបដោយតុល្យភាពដែលបានផ្ដល់មកស្តីអំពីកិច្ចការក្នុងផ្ទះ?
៩ ការចេះគិតដល់គ្នាទៅវិញទៅមកព្រមទាំងការបង្ហាញសេចក្ដីស្រឡាញ់ នឹងជួយបង្ការនូវស្ថានភាពដែលជាបញ្ហាដ៏ធ្ងន់ធ្ងរក្នុងផ្ទះខ្លះៗ។ តាមទំនៀមទម្លាប់ មាតាជាអ្នកថែរក្សាក្នុងផ្ទះ។ គាត់មើលថែរក្សាបុត្រធីតា បោសសំអាតផ្ទះ បោកអ៊ុតសំលៀកបំពាក់សំរាប់ក្រុមគ្រួសារ ទៅផ្សារនិងចំអិនអាហារ។ នៅក្នុងប្រទេសខ្លះតាមទំនៀមទម្លាប់ ស្ត្រីក៏ធ្វើការនៅឯស្រែ លក់ផលិតផលនៅឯផ្សារ ឬបានផ្ដល់ប្រយោជន៍ឲ្យដល់ក្រុមគ្រួសារតាមរបៀបផ្សេងទៀត ដើម្បីអាចមានថវិកាគ្រប់គ្រាន់។ ទោះជានេះមិនមែនត្រូវតាមទំនៀមទម្លាប់នៅពេលមុនៗក៏ដោយ ការចាំបាច់បានជំរុញស្ត្រីដែលបានរៀបការរាប់លាននាក់ ឲ្យរកការងារធ្វើនៅក្រៅផ្ទះ។ ភរិយានិងមាតាម្នាក់ដែលបានខំប្រឹងធ្វើការទាំងខាងក្នុងនិងខាងក្រៅផ្ទះ សមទទួលនូវការសរសើរមែន។ ដូចជា‹ស្ត្រីដែលមានសមត្ថភាព› បានត្រូវរៀបរាប់នៅក្នុងព្រះគម្ពីរ នោះនាងមានចិត្តឧស្សាហ៍ណាស់។ «[នាង]ឥតដែលបរិភោគអាហារដោយសេចក្ដីកំជិលឡើយ»។ (សុភាសិត ៣១:១០, ២៧) ក៏ប៉ុន្តែនេះមិនមានន័យថា ស្ត្រីជាបុគ្គលតែមួយដែលអាចធ្វើការក្នុងផ្ទះនោះឡើយ។ ក្រោយពីស្វាមីនិងភរិយាបានធ្វើការពេញមួយថ្ងៃនៅខាងក្រៅផ្ទះ តើភរិយាគួរទទួលបន្ទុកដោយធ្វើកិច្ចការនៅឯផ្ទះតែម្នាក់ឯង កាលដែលស្វាមីនិងសមាជិកគ្រួសារទាំងឡាយសំរាកនោះឬ? ប្រាកដជាមិនដូច្នេះទេ។ (ប្រៀបមើល កូរិនថូសទី២ ៨:១៣, ១៤) ជាឧទាហរណ៍ ប្រសិនបើមាតាម្នាក់នឹងត្រូវរៀបចំអាហារ គាត់អាចមានចិត្តអរណាស់ បើសមាជិកឯទៀតក្នុងក្រុមគ្រួសារជួយក្នុងការរៀបចំ ដូចជាការរៀបតុបាយ ទៅទិញរបស់បន្ដិចបន្តួច ឬបោសសំអាតផ្ទះនោះ។ ត្រូវហើយ មនុស្សគ្រប់គ្នាអាចចូលរួមក្នុងភារកិច្ចទាំងនេះ។—ប្រៀបមើល កាឡាទី ៦:២
១០ អ្នកខ្លះប្រហែលជានិយាយថា៖ «កន្លែងដែលខ្ញុំរស់នៅ គឺមិនមែនជាមុខនាទីរបស់បុរសឲ្យធ្វើការងារបែបនោះទេ»។ ការនេះអាចជាការពិតមែន ក៏ប៉ុន្តែ តើមិនជាការល្អទេឬ បើយករឿងនេះមកពិនិត្យមើលឡើងវិញនោះ? នៅពេលដែលព្រះយេហូវ៉ាបានចាប់ផ្ដើមឲ្យមានក្រុមគ្រួសារ ទ្រង់មិនបានចេញបញ្ជាថា កិច្ចការណាមួយនឹងត្រូវសម្រេចដោយស្ត្រីនោះឡើយ។ នៅគ្រាមួយ ពេលដែលអ្នកនាំសារដ៏ពិសេសពីព្រះយេហូវ៉ាបានទៅលេងលោកអ័ប្រាហាំដែលជាបុរសស្មោះត្រង់ នោះលោកអ័ប្រាហាំក៏បានចូលរួមដោយផ្ទាល់ក្នុងការរៀបចំម្ហូបអាហារជូនភ្ញៀវទាំងនោះ។ (លោកុប្បត្តិ ១៨:១-៨) ព្រះគម្ពីរឲ្យឱវាទថា៖ «ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ»។ (អេភេសូរ ៥:២៨) ប្រសិនបើនៅពេលល្ងាចចប់ការងារ ស្វាមីអស់កម្លាំងនិងចង់សំរាក នោះភរិយាច្បាស់ជាមានអារម្មណ៍ដូចនេះដែរ មែនទេ? ប្រហែលជាអស់កម្លាំងច្រើនជាងស្វាមីទៅទៀតផង។ (ពេត្រុសទី១ ៣:៧) បើដូច្នេះ តើមិនសមហេតុផលនិងប្រកបដោយសេចក្ដីស្រឡាញ់ទេឬ បើស្វាមីជួយធ្វើកិច្ចការក្នុងផ្ទះផងដែរនោះ?—ភីលីព ២:៣, ៤
១១. តើតាមរបៀបណាដែលព្រះយេស៊ូបានទុកគំរូដ៏ល្អចំពោះសមាជិកនិមួយៗក្នុងក្រុមគ្រួសារ?
១១ ព្រះយេស៊ូជាគំរូដ៏ល្អបំផុត ស្តីអំពីបុគ្គលដែលបានផ្គាប់ព្រះហឫទ័យព្រះ ហើយបាននាំឲ្យគូកនរបស់ទ្រង់មានសុភមង្គល។ ទោះជាទ្រង់មិនដែលរៀបការក៏ដោយ ក៏ព្រះយេស៊ូជាគំរូដ៏ល្អចំពោះស្វាមី ព្រមទាំងភរិយានិងបុត្រធីតាផងដែរ។ ព្រះយេស៊ូមានបន្ទូលអំពីអង្គទ្រង់ផ្ទាល់ថា៖ «ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ» បទគម្ពីរនេះគឺឲ្យបំរើអ្នកដទៃ។ (ម៉ាថាយ ២០:២៨) ជាការគួរឲ្យគាប់ចិត្តយ៉ាងណាទៅហ្ន៎! ចំពោះក្រុមគ្រួសារទាំងប៉ុន្មាន ដែលសមាជិកទាំងអស់បណ្ដុះឲ្យមានអាកប្បកិរិយាបែបនេះ។
ភាពស្អាតស្អំ ហេតុអ្វីក៏សំខាន់ម្ល៉េះ?
១២. តើព្រះយេហូវ៉ាតម្រូវអ្វីពីអស់អ្នកដែលបំរើទ្រង់?
១២ គោលការណ៍មួយទៀតក្នុងព្រះគម្ពីរ ដែលអាចជួយក្នុងការចាត់ចែងកិច្ចការផ្ទះនោះ គឺមាននៅកូរិនថូសទី២ ៧:១។ នៅខនេះ យើងអានថា៖ «នោះត្រូវឲ្យយើងរាល់គ្នាសំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង»។ ព្រះយេហូវ៉ាទទួលស្គាល់អស់អ្នកដែលស្ដាប់តាមបន្ទូលនេះ ព្រោះទ្រង់តម្រូវឲ្យមាន‹ការថ្វាយបង្គំដែលបរិសុទ្ធ ហើយឥតសៅហ្មង›។ (យ៉ាកុប ១:២៧) នេះក៏ដើម្បីឲ្យក្រុមគ្រួសាររបស់ពួកគេទទួលប្រយោជន៍ជាច្រើនពីនោះដែរ។
១៣. ហេតុអ្វីបានជាភាពស្អាតស្អំគឺសំខាន់ ក្នុងការចេះចាត់ចែងកិច្ចការផ្ទះនោះ?
១៣ ជាឧទាហរណ៍ ព្រះគម្ពីរធានារ៉ាប់រងយើងថា នឹងមានថ្ងៃមកដល់ ដែលជំងឺនិងរោគានឹងលែងមានទៀត។ នៅគ្រានោះ«ពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា ‹ខ្ញុំឈឺទៀតឡើយ›»។ (អេសាយ ៣៣:២៤; វិវរណៈ ២១:៤, ៥) ក៏ប៉ុន្តែទំរាំដល់ពេលនោះ ក្រុមគ្រួសារទាំងអស់ត្រូវតែរកផ្លូវដោះស្រាយចំពោះជំងឺដែលមានម្ដងៗ។ សូម្បីតែប៉ុលនិងធីម៉ូថេក៏បានឈឺដែរ។ (កាឡាទី ៤:១៣; ធីម៉ូថេទី១ ៥:២៣) ក៏ប៉ុន្តែ ពួកអ្នកជំនាញខាងពេទ្យនិយាយថា ជំងឺជាច្រើនគឺអាចបង្ការបាន។ ក្រុមគ្រួសារដែលប្រកបដោយប្រាជ្ញា នោះនឹងគេចផុតពីជំងឺខ្លះដែលអាចបង្ការបាន ប្រសិនបើគេជៀសវាងពីភាពមិនស្អាតស្អំខាងសាច់ឈាមនិងខាងវិញ្ញាណ។ សូមឲ្យយើងពិនិត្យមើលតាមរបៀបណា។—ប្រៀបមើល សុភាសិត ២២:៣
១៤. តើតាមរបៀបណាដែលភាពស្អាតស្អំខាងសីលធម៌ ការពារក្រុមគ្រួសារពីជំងឺបាន?
១៤ ភាពស្អាតស្អំខាងវិញ្ញាណ រួមបញ្ចូលភាពស្អាតស្អំខាងសីលធម៌។ ដូចគេបានដឹងជាទូទៅថា ព្រះគម្ពីរបានលើកដំកើងខ្នាតតម្រាសីលធម៌យ៉ាងខ្ពង់ខ្ពស់ និងផ្ដន្ទាទោសការរួមដំណេកគ្រប់បែបគ្រប់យ៉ាងក្រៅអាពាហ៍ពិពាហ៍។ «ដ្បិតពួកមនុស្សកំផិត . . . ពួកសហាយស្មន់ ពួកអ្នកសំរេចកិច្ចដោយខ្លួនឯង ពួកលេងកូនជឹង . . . នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ»។ (កូរិនថូសទី១ ៦:៩, ១០) ការធ្វើតាមខ្នាតតម្រាដ៏ម៉ឺងម៉ាត់នេះ គឺសំខាន់ណាស់ចំពោះពួកគ្រីស្ទានដែលរស់នៅក្នុងលោកីយ៍ដ៏អន់ថយនេះ។ ការធ្វើបែបនេះនឹងផ្គាប់ព្រះហឫទ័យព្រះ ហើយក៏ជួយការពារក្រុមគ្រួសារពីកាមរោគដូចជារោគអេដស៍ រោគស្វាយ រោគប្រមេះនិងរោគក្លាមោឌា។—សុភាសិត ៧:១០-២៣
១៥. សូមឲ្យឧទាហរណ៍មួយអំពីការគ្មានភាពស្អាតស្អំខាងរាងកាយ ដែលអាចនាំឲ្យមានជំងឺដ៏មិនចាំបាច់នោះ។
១៥ ‹ការសំអាតខ្លួនយើងពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ› ជួយការពារក្រុមគ្រួសារពីជំងឺឯទៀត។ រោគជាច្រើនបានកើតឡើង ដោយព្រោះគ្មានភាពស្អាតស្អំខាងរាងកាយ។ ឧទាហរណ៍មួយគឺទម្លាប់ជក់បារី។ ការជក់បារីមិនគ្រាន់តែធ្វើឲ្យសួត សំលៀកបំពាក់ និងខ្យល់អាកាសកខ្វក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យមនុស្សឈឺដែរ។ មនុស្សរាប់លាននាក់ស្លាប់រាល់ឆ្នាំ ដោយព្រោះគេបានជក់បារី។ ចូរគិតទៅមើល រៀងរាល់ឆ្នាំមនុស្សរាប់លាននាក់នឹងមិនឈឺស្លាប់មុនអាយុទេ ប្រសិនបើគេបានជៀសវាងពី‹សេចក្ដីដែលប្រឡាក់ខាងសាច់ឈាម!›។
១៦, ១៧. (ក) តើក្រិត្យវិន័យអ្វីដែលបានផ្ដល់មកដោយព្រះយេហូវ៉ា ក្នុងការការពារពួកអ៊ីស្រាអែលពីជំងឺខ្លះនោះ? (ខ) តើគោលការណ៍នៅចោទិយកថា ២៣:១២, ១៣ អាចយកមកអនុវត្តក្នុងក្រុមគ្រួសារទាំងឡាយបានយ៉ាងដូចម្ដេច?
១៦ ចូរពិនិត្យមើលនូវឧទាហរណ៍មួយទៀត។ ប្រមាណ៣.៥០០ឆ្នាំកន្លងទៅនេះ ព្រះបានប្រទានឲ្យសាសន៍អ៊ីស្រាអែលនូវក្រិត្យវិន័យរបស់ទ្រង់ ដើម្បីឲ្យរៀបចំការថ្វាយបង្គំរបស់ពួកគេ និងរៀបចំក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេខ្លះៗដែរ។ ក្រិត្យវិន័យនោះបានជួយការពារសាសន៍នេះពីជំងឺ ដោយស្ថាបនានូវគោលការណ៍ដ៏សំខាន់ខ្លះៗខាងអនាម័យ។ ក្រិត្យវិន័យមួយគឺទាក់ទងនឹងការកប់ចោលនូវលាមកមនុស្ស ដែលត្រូវតែកប់ឲ្យបានត្រឹមត្រូវឆ្ងាយពីជំរំ ដើម្បីកុំឲ្យកន្លែងដែលមនុស្សរស់នៅទៅជាកខ្វក់នោះ។ (ចោទិយកថា ២៣:១២, ១៣) ក្រិត្យវិន័យនោះដែលមានតាំងពីបុរាណ គឺនៅតែជាឱវាទដ៏ល្អ។ សូម្បីតែសព្វថ្ងៃនេះ មនុស្សទៅជាឈឺហើយស្លាប់ ដោយព្រោះពួកគេមិនបានធ្វើតាមឱវាទនេះ។a
១៧ ស្របទៅតាមគោលការណ៍នៃក្រិត្យវិន័យរបស់អ៊ីស្រាអែល បន្ទប់ទឹករបស់ក្រុមគ្រួសារនិងកន្លែងបង្គន់ មិនថាខាងក្នុងឬខាងក្រៅផ្ទះ គួររក្សាឲ្យបានស្អាតស្អំនិងដើម្បីបង្ការពីមេរោគ។ ប្រសិនបើកន្លែងបង្គន់មិនបានរក្សាឲ្យបានស្អាតស្អំនិងគ្របឲ្យបានជិតទេ នោះសត្វរុយនឹងមករោម ហើយនិងធ្វើឲ្យមេរោគឆ្លងរាលដាលដល់កន្លែងផ្សេងទៀតក្នុងផ្ទះ និងទៅលើម្ហូបដែលយើងបរិភោគទៀតផង! ម្យ៉ាងទៀត កូនក្មេងនិងមនុស្សពេញវ័យគួរលាងដៃ ក្រោយពីប្រើបង្គន់ហើយ។ បើមិនដូច្នោះទេ ពួកគេនឹងនាំមេរោគមកតាមស្បែករបស់គេ។ យោងទៅតាមគ្រូពេទ្យម្នាក់ដែលជាជនជាតិបារាំងបានប្រាប់ថា ការលាងដៃ«គឺនៅតែជាការធានាដ៏ល្អបំផុត ចំពោះការបង្ការនៃការឆ្លងរោគខាងការរំលាយអាហារ ការដកដង្ហើម ឬរោគសើស្បែកណាមួយ»។
១៨, ១៩. តើមានយោបល់អ្វីខ្លះ ស្តីអំពីការមើលថែរក្សាផ្ទះឲ្យបានស្អាតបាត សូម្បីតែក្នុងសង្កាត់ក្រីក្រក៏ដោយ?
១៨ ពិតមែន ភាពស្អាតស្អំ គឺជាអ្វីដ៏ពិបាកក្នុងសង្កាត់ពួកអ្នកក្រីក្រ។ មនុស្សម្នាក់ដែលដឹងអំពីតំបន់ដូចនេះ បានពន្យល់ថា៖ «ធាតុអាកាសដ៏ក្ដៅខ្លាំង ធ្វើឲ្យការបោសសំអាតកាន់តែពិបាកមួយជាពីរ។ ខ្យល់ដែលពោរពេញទៅដោយធូលីគ្របដណ្ដប់ពេញចន្លោះតូចៗទាំងអស់ក្នុងផ្ទះ ដោយមានលំអងដីដ៏ម៉ដ្ឋពណ៌ត្នោត។ . . . ការចំរើនឡើងខាងចំនួនប្រជាជននៅក្នុងទីក្រុង ព្រមទាំងតាមជនបទ ក៏នាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពផងដែរ។ លូទឹកស្អុយ គំនរសម្រាមដែលឥតប្រមូល បង្គន់រួមគ្នាដែលស្មោកគ្រោក កណ្ដុរ កន្លាត និងរុយដែលមានរោគ គឺមានជាទូទៅទាំងអស់»។
១៩ ការរក្សាឲ្យមានភាពស្អាតស្អំក្រោមស្ថានភាពទាំងនេះ គឺពិបាកមែន។ ក៏ប៉ុន្តែគឺនៅតែមានប្រយោជន៍។ សាប៊ូ និងទឹក ហើយការធ្វើអ្វីបន្ដិចបន្តួចថែមទៀត គឺថោកជាងថ្នាំនិងប្រាក់បំណុលខាងពេទ្យ។ ប្រសិនបើលោកអ្នករស់នៅក្នុងស្ថានភាពបែបនេះ ឲ្យតែធ្វើទៅបាន សូមមើលថែរក្សាផ្ទះនិងទីធ្លារបស់អ្នកឲ្យបានស្អាតបាត និងកើបលាមកសត្វចេញឲ្យស្អាត។ ប្រសិនបើផ្លូវលំឆ្ពោះទៅផ្ទះរបស់អ្នកមានភក់ក្នុងកំឡុងរដូវភ្លៀង តើអ្នកអាចដាក់ក្រួសល្អិតៗនិងថ្ម ដើម្បីកុំឲ្យភក់ចូលផ្ទះបានឬទេ? ប្រសិនបើប្រើស្បែកជើងឬស្បែកជើងសង្រែក តើអាចដោះស្បែកជើងទាំងនេះមុនចូលផ្ទះបានឬទេ? ម្យ៉ាងទៀត អ្នកត្រូវតែទុកពាងទឹកឬក៏អាងទឹកកុំឲ្យក្រខ្វក់។ គឺត្រូវបានគេស្មានថា យ៉ាងហោចណាស់ មានមនុស្សពីរលាននាក់ស្លាប់រាល់ឆ្នាំ ដោយសាររោគដែលទាក់ទងនឹងទឹកមិនស្អាតនិងការខ្វះអនាម័យ។
២០. បើចង់ឲ្យផ្ទះបានស្អាតស្អំ តើអ្នកណាដែលចូលរួមទទួលភារកិច្ចនោះ?
២០ ផ្ទះដ៏ស្អាតស្អំមួយពឹងទៅលើមនុស្សគ្រប់គ្នា គឺមាតា បិតា បុត្រធីតា និងភ្ញៀវជួយសំអាត។ ម្ដាយម្នាក់ដែលមានកូនប្រាំបីនាក់នៅប្រទេសគេនយ៉ា បាននិយាយថា៖ «គេគ្រប់គ្នាបានរៀនចេះធ្វើកិច្ចការរបស់ខ្លួន»។ ផ្ទះដ៏ស្អាតស្អំនិងរៀបរយ ក៏លើកកិត្ដិយសក្រុមគ្រួសារទាំងមូលដែរ។ សុភាសិតអេស្បាញ៉ុលចែងថា៖ «គឺគ្មានការប្រឆាំងគ្នារវាងភាពក្រីក្រនិងភាពស្អាតស្អំឡើយ»។ មិនថាបុគ្គលម្នាក់រស់នៅក្នុងគេហដ្ឋានដ៏ស្តុកស្តម្ភ ផ្ទះល្វែង ផ្ទះធម្មតា ឬខ្ទមក៏ដោយ ភាពស្អាតស្អំនោះឯងជាអ្វីដែលនាំឲ្យមានសុខភាពល្អជាងក្នុងក្រុមគ្រួសារ។
ការលើកទឹកចិត្តធ្វើឲ្យមានភាពសប្បាយរីករាយ
២១. ស្របទៅតាមសុភាសិត ៣១:២៨ តើអ្វីដែលនឹងជួយនាំឲ្យមានសុភមង្គលក្នុងក្រុមគ្រួសារ?
២១ នៅពេលដែលពិគ្រោះអំពីភរិយាដែលមានសមត្ថភាព នោះសៀវភៅសុភាសិតចែងថា៖ «កូនរបស់នាងទាំងប៉ុន្មាន ក្រោកឈរឡើងគោរពដល់ម្ដាយ ថាជាអ្នកមានពរ ប្ដីក៏ក្រោកឈរឡើងសរសើរនាងដែរ»។ (សុភាសិត ៣១:២៨) តើពេលណាគឺជាពេលចុងក្រោយដែលអ្នកធ្លាប់សរសើរសមាជិកម្នាក់ក្នុងក្រុមគ្រួសាររបស់អ្នក? ពិតមែន ពួកយើងដូចជារុក្ខជាតិក្នុងនិទាឃរដូវដែលផ្កាជិតរីក ពេលទទួលនូវកំដៅនិងសំណើម។ ក្នុងករណីយើងវិញ យើងត្រូវការភាពកក់ក្ដៅពីការសរសើរ។ គឺជាការល្អឲ្យភរិយាម្នាក់ដឹងថា ស្វាមីរបស់នាងអបអរនឹងការខំប្រឹងហើយនិងការថែរក្សាដោយសេចក្ដីស្រឡាញ់របស់នាង ថែមទាំងគាត់មិនភ្លេចទទួលស្គាល់តម្លៃរបស់នាងឡើយ។ (សុភាសិត ១៥:២៣; ២៥:១១) ហើយក៏ជាការល្អដែរ ពេលដែលភរិយាសរសើរស្វាមីរបស់នាងចំពោះកិច្ចការដែលគាត់ធ្វើទាំងខាងក្រៅនិងខាងក្នុងផ្ទះ។ កូនៗក៏មានភាពរីករាយផងដែរ ពេលដែលមាតាបិតាសរសើរពួកគេចំពោះកិច្ចការនៅឯផ្ទះ នៅសាលា ឬនៅក្នុងក្រុមជំនុំគ្រីស្ទាន។ មែនហើយ ការសម្ដែងគុណតិចតួចគឺសំខាន់ម្ល៉េះហ្ន៎! តើពិបាកនឹងនិយាយថា«អរគុណ»ទេ? មិនពិបាកទេ! តែលទ្ធផលជាការលើកទឹកចិត្តដ៏ល្អប្រសើរក្នុងក្រុមគ្រួសារវិញ។
២២. តើត្រូវការអ្វីជាចាំបាច់ ដើម្បីឲ្យក្រុមគ្រួសារបាន‹ស្ថាបនាឡើងយ៉ាងរឹងមាំ›? ហើយតើនេះអាចទទួលបានយ៉ាងដូចម្ដេច?
២២ ចំពោះហេតុជាច្រើន ការចេះចាត់ចែងកិច្ចការផ្ទះគឺមិនងាយស្រួលនោះទេ។ ក៏ប៉ុន្តែ គឺអាចសម្រេចដោយជោគជ័យបាន។ សុភាសិតព្រះគម្ពីរចែងថា៖ «ការដែលសង់ផ្ទះឡើងបាន នោះក៏ដោយសារប្រាជ្ញា ហើយគឺដោយសារយោបល់ដែលផ្ទះនោះនឹងបានតាំងនៅជាមាំមួន»។ (សុភាសិត ២៤:៣) ប្រាជ្ញានិងការយោគយល់អាចទទួលបាន បើទាំងអស់គ្នាក្នុងក្រុមគ្រួសារ ខំរៀនធ្វើតាមបំណងព្រះហឫទ័យព្រះ និងអនុវត្តក្នុងជីវិតរបស់ពួកគេ។ ក្រុមគ្រួសារដ៏មានសុភមង្គលមួយ គឺប្រាកដជាសមនឹងត្រូវខំព្យាយាមមែនក្នុងការធ្វើបែបនេះ ហើយពិតជាមានប្រយោជន៍ដើម្បីឲ្យមានសុភមង្គលក្នុងក្រុមគ្រួសារ!
a នៅក្នុងសៀវភៅក្បួនព្យាបាលដែលឲ្យយោបល់អំពីរបៀបជៀសវាងជំងឺរាគ ដែលជារោគមានទូទៅ ដែលនាំឲ្យកូនង៉ាជាច្រើនស្លាប់ នោះអង្គការពិភពលោកខាងសុខភាព រាយការណ៍ថា៖ «ប្រសិនបើឥតមានបង្គន់សាធារណៈទេ ចូរបត់ជើងធំឆ្ងាយពីផ្ទះ ហើយឆ្ងាយពីកន្លែងកូនក្មេងលេង យ៉ាងតិចណាស់១០ម៉ែត្រពីប្រភពទឹក។ ចូរយកដីកប់លាមកផង»។