តើអ្នកអាចរក្សាទស្សនៈដ៏ថ្លឹងថ្លែងអំពីរឿងលុយបានយ៉ាងណា?
ការស្រឡាញ់លុយ និងសេចក្ដីប្រាថ្នាចង់បានវត្ថុទ្រព្យនានា មិនមែនជាអ្វីដ៏ថ្មីនោះទេ។ ព្រះគម្ពីរក៏មិនបានរៀបរាប់អំពីសេចក្ដីទាំងនេះ ហាក់ដូចជាអ្វីដ៏ទាន់សម័យនោះទេ តែជាអ្វីដែលធ្លាប់មានជាយូរយារណាស់មកហើយ។ តាមក្រិត្យវិន័យរបស់ព្រះ នោះទ្រង់បានបញ្ជាពួកអ៊ីស្រាអែលថា៖ «កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យសោះ . . . ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ»។—និក្ខមនំ ២០:១៧
ការស្រឡាញ់លុយនិងវត្ថុទ្រព្យ ជាអ្វីដែលធម្មតានៅជំនាន់ព្រះយេស៊ូដែរ។ សូមពិចារណាមើលសេចក្ដីចែងទុកមួយ អំពីការពិគ្រោះរវាងព្រះយេស៊ូនិងយុវបុរសម្នាក់ដែល«មានសម្បត្ដិទ្រព្យច្រើនណាស់»។ «ព្រះយេស៊ូវ . . . មានបន្ទូលទៅគាត់ថា៖ ‹អ្នកនៅខ្វះសេចក្ដី១ទៀត ដូច្នេះ ចូរទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្ដិ នៅលើស្ថានសួគ៌វិញ រួចចូរមកតាមខ្ញុំចុះ!›។ កាលគាត់បានឮសេចក្ដីទាំងនេះហើយ នោះក៏កើតមានចិត្តព្រួយជាខ្លាំង ព្រោះគាត់មានសម្បត្ដិទ្រព្យច្រើនណាស់»។—លូកា ១៨:១៨-២៣
ទស្សនៈត្រឹមត្រូវអំពីលុយ
បើសន្និដ្ឋានថា ព្រះគម្ពីរចាត់ទុកលុយឬការប្រើលុយ ជាអ្វីដ៏អាក្រក់នោះ គឺខុសហើយ។ ព្រះគម្ពីរបង្ហាញថា លុយអាចជួយការពារយើងឲ្យទប់ទល់នឹងភាពក្រីក្រ និងស្ថានភាពលំបាកដែលទាក់ទងនឹងនោះ ទាំងអាចឲ្យមនុស្សទទួលរបស់ដែលចាំបាច់ទៀតផង។ ស្តេចសាឡូម៉ូនបានសរសេរថា៖ «ប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ»។ និងបានចែងទៀតថា៖ «គេតែងតែបរិភោគ ដើម្បីលំហែកាយ រីឯស្រារមែងធ្វើអោយជីវិតបានសប្បាយ ហើយប្រាក់ធ្វើបំណងទាំងអស់បានសំរេច»។—សាស្ដា ៧:១២; ១០:១៩, ព្រះគម្ពីរភាសាខ្មែរសម្រាយ
ព្រះទ្រង់សព្វព្រះហឫទ័យដែរ បើយើងប្រើលុយតាមរបៀបដ៏សមត្រឹមត្រូវនោះ។ ជាឧទាហរណ៍ ព្រះយេស៊ូបានមានបន្ទូលថា៖ «ចូរប្រើទ្រព្យសម្បត្ដិលោកីយនេះ ឲ្យបានមិត្រសំឡាញ់ដល់ខ្លួន»។ (លូកា ១៦:៩) នេះគឺរួមបញ្ចូលការធ្វើវិភាគទាន ដើម្បីជួយចំរើនការថ្វាយបង្គំពិតចំពោះព្រះ ដ្បិតយើងប្រាកដជាគួរចង់បានព្រះជាមិត្តសំឡាញ់របស់យើង។ សាឡូម៉ូន អង្គទ្រង់ផ្ទាល់ក៏បានធ្វើតាមគំរូរបស់ដាវីឌដែលជាបិតាទ្រង់ ដោយធ្វើវិភាគទានលុយនិងទ្រព្យសម្បត្ដិយ៉ាងច្រើនអនេក ដើម្បីសាងសង់វិហាររបស់ព្រះយេហូវ៉ា។ បទបញ្ជាមួយទៀតជូនចំពោះពួកគ្រីស្ទាន គឺតម្រូវឲ្យជួយអស់អ្នកដែលខ្វះខាតខាងវត្ថុទ្រព្យ។ សាវ័កប៉ុលបាននិយាយថា៖ «ខាងសេចក្ដីខ្វះខាតរបស់ពួកបរិសុទ្ធ នោះក៏ចូរផ្គត់ផ្គង់ឲ្យ»ចុះ! គាត់បានបន្ថែមទៀតថា៖ «ខំប្រឹងឲ្យមានសេចក្ដីចៅរ៉ៅផងចុះ»។ (រ៉ូម ១២:១៣) ការធ្វើដូច្នេះច្រើនតែតម្រូវឲ្យចាយលុយដែរ។ ក៏ប៉ុន្តែ ចុះយ៉ាងណាចំពោះការស្រឡាញ់ប្រាក់វិញនោះ?
‹ការស្រឡាញ់ប្រាក់›
ប៉ុលបានពិគ្រោះយ៉ាងហូរហែអំពីការ«ស្រឡាញ់ប្រាក់» ឬ‹ការស្រឡាញ់លុយ› នៅពេលដែលគាត់បានសរសេរជូនចំពោះប្អូនប្រុសគ្រីស្ទានម្នាក់ ឈ្មោះធីម៉ូថេ។ យើងអាចរកឃើញពាក្យដាស់តឿនរបស់ប៉ុលនៅសៀវភៅធីម៉ូថេទី១ ៦:៦-១៩។ គាត់បានមានប្រសាសន៍អំពីការ«ស្រឡាញ់ប្រាក់» ជាផ្នែកមួយនៃការពិគ្រោះដ៏ទូលំទូលាយជាងរបស់គាត់ អំពីវត្ថុទ្រព្យ។ ពីព្រោះសង្គមមនុស្សសព្វថ្ងៃនេះលើកដំកើងលុយច្រើនពេក ដូចនេះ យើងគួរសិក្សាឲ្យបានហ្មត់ចត់នូវសេចក្ដីទាំងប៉ុន្មានរបស់ប៉ុល ដែលបានបណ្ដាលមកដោយវិញ្ញាណរបស់ព្រះ។ ការពិនិត្យមើលបែបនេះ ប្រាកដជាមានប្រយោជន៍មែន ដោយព្រោះបានលាតត្រដាងនូវគន្លឹះដែលអាច‹ចាប់បានជីវិតដ៏រុងរឿង›។
ប៉ុលព្រមានថា៖ «ការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្ដីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្ដីព្រួយលំបាកជាច្រើន»។ (ធីម៉ូថេទី១ ៦:១០) ខនេះមិនបានសេចក្ដីថា លុយជាអ្វីដ៏អាក្រក់សុទ្ធសាធនោះទេ ក៏គ្មានខគម្ពីរណាទៀតដែលបញ្ជាក់អ៊ីចឹងដែរ។ សាវ័កប៉ុលក៏មិនដែលថា លុយជាដើមហេតុដែលបណ្ដាលឲ្យមាន«សេចក្ដីអាក្រក់» ឬថា លុយជាអ្វីដែលបង្កឲ្យមានបញ្ហាទាំងឡាយនោះទេ។ ផ្ទុយទៅវិញ ការស្រឡាញ់ប្រាក់អាចធ្វើជាអ្វីដែលបង្កឲ្យមាន«សេចក្ដីអាក្រក់»គ្រប់បែបយ៉ាង ថ្វីបើមិនមែនជាដើមហេតុតែឯកឯងនោះក៏ដោយ។
ចូរប្រយ័ត្ននឹងចិត្តលោភលន់
ហេតុការណ៍ដែលថា លុយមិនត្រូវបានចាត់ទុកក្នុងបទគម្ពីរជារបស់អាក្រក់ តែក៏មិនបង្អាក់នឹងការព្រមានពីប៉ុលទេ។ ពួកគ្រីស្ទានដែលចាប់ផ្ដើមស្រឡាញ់ប្រាក់ នោះងាយប្រឈមមុខនឹងបញ្ហាគ្រប់បែបយ៉ាង ដែលមានការរសាយជំនឿជាបញ្ហាមួយដ៏ធំជាងគេ។ ហេតុការណ៍ពិតនេះបានត្រូវបញ្ជាក់ទៀត ដោយអ្វីដែលប៉ុលបានមានប្រសាសន៍ប្រាប់ពួកគ្រីស្ទាននៅទីក្រុងកូល៉ុសគឺថា៖ «ដូច្នេះ ចូរសំឡាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺជា . . . ប៉ងប្រាថ្នាអាក្រក់ នឹងសេចក្ដីលោភ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ»។ (កូល៉ុស ៣:៥) តើសេចក្ដីលោភចង់បានរបស់គេ ឬការលោភលន់ និងការ«ស្រឡាញ់ប្រាក់» អាចរាប់ជាការថ្វាយបង្គំរូបព្រះដោយដូចម្ដេច? តើនេះមានន័យថា ការចង់បានផ្ទះធំជាង ឡានថ្មីជាង ឬការងារដែលបានប្រាក់ខែច្រើនជាង ជាអ្វីដែលខុសឬទេ? អត់ទេ! របស់ទាំងនេះមិនមែនអាក្រក់សុទ្ធសាធនោះទេ។ សំនួរដែលគួរសួរគឺថា តើអ្វីដែលជំរុញចិត្តឲ្យចង់បានរបស់ទាំងនេះ? និងតើអ្វីៗទាំងនេះជារបស់ដែលពិតជាចាំបាច់ឬទេ?
គឺអាចប្រៀបធៀបភាពខុសគ្នារវាងចិត្តប្រាថ្នាធម្មតា និងចិត្តលោភលន់ចង់បាន ទៅនឹងភ្លើងតិចៗដើម្បីចំអិនអាហារ និងភ្លើងដ៏សន្ធោសន្ធៅដែលឆេះព្រៃអស់។ ចិត្តប្រាថ្នាដ៏ល្អ និងសមត្រឹមត្រូវ អាចមានប្រយោជន៍មែន។ ចិត្តប្រាថ្នាបែបនេះជំរុញយើងឲ្យខំធ្វើការនិងបង្កើតផលដែរ។ សុភាសិត ១៦:២៦ ចែងថា៖ «ការស្រេកឃ្លានរបស់អ្នកណាដែលរកស៊ី នោះខំធ្វើសំរាប់ខ្លួនអ្នកនោះឯង ដ្បិតមាត់ខ្លួនបង្ខំឲ្យធ្វើទៅ»។ ប៉ុន្តែ ចិត្តលោភលន់ចង់បាននោះ មានគ្រោះថ្នាក់ និងបង្ខូចបំផ្លាញដែរ។ ចិត្តលោភលន់ជាការប្រាថ្នាដោយឥតចេះទប់ចិត្ត។
ការទប់នូវចិត្តប្រាថ្នារបស់យើង ជាអ្វីដែលសំខាន់បំផុត។ តើលុយដែលយើងប្រមូលទុក ឬវត្ថុទ្រព្យដែលយើងចង់បាននោះ បំរើតម្រូវការរបស់យើងទេ? ឬក៏ តើតម្រូវការរបស់យើងនឹងនាំឲ្យយើងទៅជាខ្ញុំកញ្ជះរបស់លុយទៅវិញទេ? ហេតុនេះហើយបានជាប៉ុលបាននិយាយថា ការធ្វើជាមនុស្ស«លោភ គឺជាមនុស្សថ្វាយបង្គំរូបព្រះ»។ (អេភេសូរ ៥:៥) ការលោភលន់ចង់បានអ្វីមួយ តាមការពិតមានន័យថា យើងចុះចូលចំពោះចំណង់នោះ គឺថាលើកចំណង់នោះជាម្ចាស់លើយើង ឬក៏ព្រះរបស់យើង គឺជាអ្វីដែលយើងបំរើវិញ។ ផ្ទុយទៅវិញ ព្រះទទូចដោយមានបន្ទូលថា៖ «កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ»។—និក្ខមនំ ២០:៣
បើយើងមានចិត្តលោភលន់ នោះបង្ហាញថា យើងមិនទុកចិត្តចំពោះព្រះក្នុងការធ្វើតាមសេចក្ដីសន្យារបស់ទ្រង់ដែលថា ទ្រង់នឹងប្រទានអ្វីៗដែលយើងត្រូវការនោះទេ។ (ម៉ាថាយ ៦:៣៣) បើអ៊ីចឹង ការលោភលន់ចង់បានជាការបែរចេញពីព្រះវិញ។ យ៉ាងនេះដែរ ការលោភលន់ជាការ«ថ្វាយបង្គំរូបព្រះ»។ គឺគ្មានការងឿងឆ្ងល់ទេ ពីហេតុដែលប៉ុលព្រមានឲ្យប្រយ័ត្ននឹងការលោភលន់ដូចនេះ!
ព្រះយេស៊ូក៏បានព្រមានយ៉ាងចំៗ ឲ្យប្រយ័ត្ននឹងចិត្តលោភលន់ចង់បាន។ ទ្រង់បានបង្គាប់ឲ្យយើងប្រយ័ត្នកុំចង់បានអ្វីដែលយើងអត់មាននោះ គឺថា៖ «ចូរប្រយ័ត ហើយខំចៀសពីសេចក្ដីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្ដិជាបរិបូរទេ»។ (លូកា ១២:១៥) យោងទៅតាមប្រយោគនេះ និងរឿងប្រៀបប្រដូចដែលទ្រង់បានរៀបរាប់ក្រោយមកទៀតនោះ ចិត្តលោភលន់ចង់បានតែងមានមូលដ្ឋានទៅលើជំនឿល្ងីល្ងើដែលថា អ្វីដែលសំខាន់បំផុតក្នុងជីវិត គឺជាទ្រព្យសម្បត្ដិស្តុកស្តម្ភដែលមនុស្សម្នាក់មាននោះ។ របស់ស្តុកស្តម្ភនោះប្រហែលជាលុយ ឋានៈ អំណាច ឬរបស់ផ្សេងៗទៀតដែលទាក់ទងអ្វីៗទាំងនេះ។ មនុស្សអាចលោភលន់ចង់បានអ្វីៗក៏ដោយដែលអាចទទួលបាន។ គឺមានគំនិតគិតថា ការទទួលបានអ្វីមួយនោះ នឹងឲ្យយើងស្កប់ស្កល់ចិត្ត។ ប៉ុន្តែ សមស្របទៅតាមព្រះគម្ពីរ និងបទពិសោធន៍របស់មនុស្សបង្ហាញថា គឺមានតែព្រះប៉ុណ្ណោះទេ ដែលអាចបំពេញសេចក្ដីត្រូវការពិតរបស់យើង ដូចព្រះយេស៊ូបានមានបន្ទូលវែកញែកជាមួយនឹងអ្នកកាន់តាមទ្រង់ដែរ។—លូកា ១២:២២-៣១
សង្គមមនុស្សសព្វថ្ងៃនេះ ដែលមានទំនោរចិត្តចង់តែរកស៊ីនោះ គឺពូកែបណ្ដុះបណ្ដាលឲ្យមានអារម្មណ៍លោភលន់ចង់បានណាស់។ មនុស្សជាច្រើនជឿថា អ្វីៗក៏ដោយដែលគេមាននោះ គឺមិនគ្រប់គ្រាន់ទេ ដោយព្រោះលោកីយ៍ពិតជាមានឥទ្ធិពលដ៏ខ្លាំងដែលមិនអាចមើលឃើញទេ។ គេត្រូវការរបស់ច្រើនជាង ទាំងធំជាង និងល្អជាងផងដែរ។ ថ្វីបើយើងមិនអាចសង្ឃឹមនឹងកែប្រែលោកីយ៍ដែលនៅជុំវិញយើងនេះបានទេ តើដោយរបៀបណាដែលយើងផ្ទាល់អាចទប់ទល់នឹងទំនោរចិត្តបែបនេះ?
ចិត្តស្កប់ស្កល់ប្រឆាំងនឹងចិត្តលោភលន់
ប៉ុលបានបញ្ជាក់អំពីអ្វីដែលអាចផ្លាស់ជំនួសចិត្តលោភលន់ គឺចិត្តស្កប់ស្កល់។ គាត់មានប្រសាសន៍ថា៖ «តែបើមានអាហារទទួលទាន នឹងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ»។ (ធីម៉ូថេទី១ ៦:៨) ការពិពណ៌នានេះអំពីអ្វីៗទាំងអស់ដែលយើងត្រូវការនោះ គឺ«អាហារទទួលទាន នឹងសំលៀកបំពាក់» ប្រហែលជាមើលទៅដូចជាសាមញ្ញពេក ឬក៏ជាការឆោតល្ងង់ទៅវិញ។ មនុស្សជាច្រើនអង្គុយមើលកំសាន្តនូវកម្មវិធីទូរទស្សន៍ ដែលនាំឲ្យទស្សនិកជនមើលតារាភាពយន្តដែលមានផ្ទះធំប្រណីតដ៏ហ៊ឺហា។ ការធ្វើដូច្នេះមិននាំឲ្យមានចិត្តស្កប់ស្កល់ឡើយ។
តែអ្នកបំរើព្រះ ប្រាកដជាមិនត្រូវរស់នៅដោយធ្វើឲ្យធ្លាក់ខ្លួនទៅជាអ្នកទាល់ក្រនោះឡើយ។ (សុភាសិត ៣០:៨, ៩) ក៏ប៉ុន្តែ ប៉ុលបានរំឭកឲ្យយើងចាំថា ភាពក្រីក្រពិតជាអ្វីទៅ: គឺការខ្វះម្ហូបម្ហា ខ្វះសំលៀកបំពាក់ និងខ្វះទីជម្រកល្មមនឹងរស់នៅនាតំបន់ខ្លួន។ ផ្ទុយទៅវិញ បើយើងមានរបស់ទាំងនេះ យើងក៏មានមូលហេតុស្កប់ស្កល់ចិត្តដែរ។
តើប៉ុលមានចិត្តស្មោះពិតប្រាកដឬទេ ក្នុងការពណ៌នាអំពីចិត្តស្កប់ស្កល់បែបនេះ? តើពិតជាអាចធ្វើទៅបានទេ គ្រាន់តែឲ្យមនុស្សស្កប់ស្កល់ចិត្តតែនឹងរបស់ចាំបាច់ប៉ុណ្ណោះ គឺម្ហូប សំលៀកបំពាក់ និងទីជម្រកនោះ? ប៉ុលគួរតែដឹងអំពីរឿងនេះហើយ។ គាត់បានពិសោធផ្ទាល់ខ្លួននូវភោគទ្រព្យ និងឯកសិទ្ធិផ្សេងៗដែលមកដោយព្រោះមានឋានៈខ្ពស់ក្នុងសហគមន៍សាសន៍យូដា និងដោយមានសញ្ជាតិរ៉ូមផងដែរ។ (កិច្ចការ ២២:២៨; ២៣:៦; ភីលីព ៣:៥) ប៉ុលក៏បានរងទុក្ខលំបាកណាស់ ពេលដែលសម្រេចការជាសាសនទូត។ (កូរិនថូសទី២ ១១:២៣-២៨) ដោយបានឆ្លងកាត់ទាំងអស់នោះ គាត់បានរៀនអ្វីដែលអាចជួយគាត់រក្សាឲ្យមានចិត្តស្កប់ស្កល់។ តើជាអ្វីទៅ?
«ខ្ញុំបានអប់រំចិត្ត»
ប៉ុលបានពន្យល់ក្នុងសំបុត្រមួយរបស់គាត់ថា៖ «ទោះបីទ័លក្រក្ដី មានបរិបូណ៌ក្ដី ខ្ញុំក៏ចេះរស់ដែរ។ ខ្ញុំបានអប់រំចិត្តក្នុងគ្រប់កាលៈទេសៈ និង គ្រប់ទីកន្លែង គឺថា ទោះបីបរិភោគឆ្អែតក្ដី អត់ឃ្លានក្ដី មានបរិបូណ៌ក្ដី ឬ ខ្វះខាតក្ដី ខ្ញុំស្កប់ចិត្តជានិច្ច»។ (ភីលីព ៤:១២, ព្រះគម្ពីរភាសាខ្មែរសម្រាយ) គឺមើលទៅដូចជាប៉ុលមានទំនុកចិត្តជាខ្លាំង ឬប្រកបទៅដោយសុទិដ្ឋិនិយមផង! យើងងាយគិតស្មានថា ជីវិតរបស់គាត់ស្រណុកស្រួលណាស់ នៅពេលដែលគាត់បានសរសេរពាក្យទាំងនោះ។ តែមិនមែនអ៊ីចឹងទេ។ គាត់កំពុងតែជាប់គុកនៅទីក្រុងរ៉ូម!—ភីលីព ១:១២-១៤
ដោយទទួលស្គាល់ហេតុការណ៍ទាំងនេះ យើងឃើញថា សេចក្ដីទាំងប៉ុន្មាននោះបញ្ជាក់យ៉ាងខ្លាំងអំពីការស្កប់ស្កល់ចិត្ត មិនត្រឹមតែនឹងវត្ថុទ្រព្យប៉ុណ្ណោះ តែចំពោះកាលៈទេសៈផងដែរ។ ការមានភោគទ្រព្យច្រើនពេក ឬមានការពិបាកហួសហេតុនោះ អាចល្បងមើលនូវអាទិភាពរបស់យើងបាន។ ប៉ុលបាននិយាយអំពីអ្វីៗខាងវិញ្ញាណដែលបានជួយឲ្យគាត់ស្កប់ស្កល់ចិត្ត ទោះជាមានវត្ថុទ្រព្យប៉ុណ្ណាក៏ដោយគឺថា៖ «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះ[អង្គ]ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»។ (ភីលីព ៤:១៣) ជាជាងពឹងពាក់លើវត្ថុទ្រព្យរបស់គាត់ មិនថាច្រើនឬតិចក្ដី ឬក៏កាលៈទេសៈរបស់គាត់ ថ្វីបើល្អឬអាក្រក់ក៏ដោយ ប៉ុលបានអាងព្រះឲ្យបំពេញតម្រូវការរបស់គាត់វិញ។ ជាលទ្ធផលនោះ គឺមានការស្កប់ស្កល់ចិត្ត។
គំរូរបស់ប៉ុលគឺសំខាន់ណាស់ចំពោះធីម៉ូថេ។ សាវ័កប៉ុលបានដាស់តឿនយុវបុរសម្នាក់នេះ ឲ្យតាមរករបៀបរស់នៅដែលរក្សាទុកការគោរពប្រតិបត្ដិដល់ព្រះ និងទំនាក់ទំនងជិតស្និទ្ធជាមួយនឹងព្រះ ឲ្យសំខាន់ជាងភោគទ្រព្យទៅទៀត។ ប៉ុលបានមានប្រសាសន៍ថា៖ «តែឱអ្នកសំណប់នៃព្រះអើយ! ចូរឲ្យអ្នករត់ចៀសចេញពីសេចក្ដីទាំងនោះ ហើយដេញតាមសេចក្ដីសុចរិត សេចក្ដីគោរពប្រតិបត្ដិដល់ព្រះ សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីខ្ជាប់ខ្ជួន នឹងសេចក្ដីសំឡូតវិញ»។ (ធីម៉ូថេទី១ ៦:១១) ពាក្យទាំងនោះប្រហែលជាត្រូវជូនចំពោះធីម៉ូថេ តែអាចទាក់ទងនរណាម្នាក់ដែលចង់លើកកិត្ដិយសថ្វាយព្រះ និងចង់បានជីវិតដែលមានសុភមង្គលដ៏ពិតដែរ។
ធីម៉ូថេត្រូវប្រយ័ត្ននឹងចិត្តលោភលន់ ដូចជនគ្រីស្ទានឯទៀតដែរ។ ពេលដែលប៉ុលបានសរសេរជូនចំពោះធីម៉ូថេនៅទីក្រុងអេភេសូរ តាមមើលទៅ គឺមានអ្នកជឿគ្នីគ្នាដែលជាអ្នកមានក្នុងក្រុមជំនុំនោះដែរ។ (ធីម៉ូថេទី១ ១:៣) ប៉ុលបានចូលទៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានការរីកចំរើន ទាំងនាំឲ្យគេស្គាល់ដំណឹងល្អអំពីព្រះគ្រីស្ទ ហើយបានអ្នកជឿថ្មីជាច្រើននាក់ដែរ។ មនុស្សមួយចំនួននោះប្រាកដជាអ្នកមាន ដូចអ្នកខ្លះក្នុងក្រុមជំនុំគ្រីស្ទានសព្វថ្ងៃនេះដែរ។
ដូច្នេះហើយ អ្វីដែលយើងគួរសួរ ដែលជាពិសេសទាក់ទងការបង្រៀននៅឯធីម៉ូថេទី១ ៦:៦-១០ គឺថា បើអ្នកមានម្នាក់ចង់លើកកិត្ដិយសថ្វាយព្រះ តើគាត់ត្រូវធ្វើយ៉ាងណា? ប៉ុលមានប្រសាសន៍ថា គេត្រូវចាប់ផ្ដើមដោយពិនិត្យមើលអាកប្បកិរិយារបស់គេសិន។ លុយច្រើនតែបង្កើតឲ្យមានអារម្មណ៍ថា ខ្លួនមិនពឹងពាក់អ្នកឯទៀតទេ។ ប៉ុលនិយាយថា៖ «ចូរហាមប្រាម ដល់ពួកអ្នកមាន នៅលោកីយនេះផង កុំឲ្យគេមានឫកខ្ពស់ ឬទុកចិត្តនឹងទ្រព្យសម្បត្ដិ ដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ»។ (ធីម៉ូថេទី១ ៦:១៧) អ្នកមានត្រូវតែរៀនឲ្យចេះគិតហួសពីលុយរបស់គេ។ គេត្រូវតែរកពឹងពាក់ព្រះវិញ ដែលជាដើមហេតុនៃទ្រព្យសម្បត្ដិណាមួយនោះ។
ក៏ប៉ុន្តែ អាកប្បកិរិយាគ្រាន់តែជារឿងពាក់កណ្ដាលទេ ដើម្បីឲ្យបានជោគជ័យ។ មិនយូរមិនឆាប់ ពួកគ្រីស្ទានដែលជាអ្នកមាននោះ ត្រូវតែរៀនប្រើភោគទ្រព្យរបស់គេ តាមរបៀបដែលប្រកបទៅដោយប្រាជ្ញា។ ប៉ុលទូន្មានថា៖ «ចូរ . . . ធ្វើគុណ នឹងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង»។—ធីម៉ូថេទី១ ៦:១៨
‹ជីវិតដ៏រុងរឿង›
គោលចំបងនៃឱវាទពីប៉ុលនោះ គឺឲ្យយើងរំឭកខ្លួនអំពីកំរិតនៃតម្លៃរបស់វត្ថុទ្រព្យ។ ព្រះបន្ទូលរបស់ព្រះចែងថា៖ «ឯមនុស្សអ្នកមានវិញ ទ្រព្យសម្បត្ដិរបស់គេជាទីក្រុងមាំមួន ហើយតាមគំនិតរបស់គេ ក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរ»។ (សុភាសិត ១៨:១១) មែនហើយ ភាពសុខសាន្តដែលវត្ថុទ្រព្យអាចផ្ដល់ឲ្យនោះ នៅទីបំផុតគ្រាន់តែជាការស្រមើស្រមៃ និងជាគ្រឿងបញ្ឆោតភ្នែកប៉ុណ្ណោះទេ។ ការលើកវត្ថុទ្រព្យជាគោលសំខាន់នៃជីវិតយើង ជាជាងចង់ផ្គាប់ព្រះហឫទ័យនៃព្រះវិញ នោះជាការដ៏ខុសឆ្គងមែន។
ដោយព្រោះវត្ថុទ្រព្យជាអ្វីដែលមិនទៀងទាត់ នោះជាមូលដ្ឋានដ៏ខ្សោយដែលមិនមាំទេ សំរាប់សេចក្ដីសង្ឃឹមរបស់យើង។ សេចក្ដីសង្ឃឹមដ៏ពិត ត្រូវតែមានទីពំនាក់ដ៏មាំមួន ដែលមានន័យ និងស្ថិតស្ថេរជាដរាបវិញ។ សេចក្ដីសង្ឃឹមរបស់ពួកគ្រីស្ទាន គឺពឹងទៅលើអ្នកបង្កើតរបស់យើង គឺព្រះយេហូវ៉ា និងទៅលើសេចក្ដីសន្យារបស់ទ្រង់អំពីជីវិតជារៀងរហូត។ លុយប្រាកដជាមិនអាចទិញឲ្យមានសុភមង្គលបានឡើយ ក៏រឹតតែមិនអាចទិញឲ្យបានសេចក្ដីសង្គ្រោះដែរ។ មានតែជំនឿរបស់យើងទៅលើព្រះទេ ដែលអាចឲ្យយើងមានសេចក្ដីសង្ឃឹមបែបនោះ។
ដូច្នេះ មិនថាយើងជាអ្នកមាន ឬអ្នកក្រក៏ដោយ ចូរឲ្យយើងស្វែងរកផ្លូវជីវិតបែបណាដែលនឹងឲ្យយើងទៅជាអ្នក«មានខាងឯព្រះ»។ (លូកា ១២:២១) គឺគ្មានអ្វីសោះ ដែលវិសេសជាងជំហរដែលផ្គាប់ព្រះហឫទ័យនៃព្រះអាទិទេព។ ការខំប្រឹងយ៉ាងណាក៏ដោយដើម្បីរក្សាជំហរបែបនោះ នឹងជួយយើង‹ប្រមូលទ្រព្យសម្បត្ដិទុកជាគោលយ៉ាងល្អសំរាប់ខ្លួន ដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យយើងចាប់បានជីវិតដ៏រុងរឿង›។—ធីម៉ូថេទី១ ៦:១៩
[រូបភាពនៅទំព័រ៧]
ប៉ុលបានអប់រំចិត្តឲ្យចេះស្កប់ស្កល់
[រូបភាពនៅទំព័រ៨]
យើងអាចមានសុភមង្គលនិងចិត្តស្កប់ស្កល់ ដោយសារអ្វីៗដែលយើងមានហើយ