ចូរយល់តម្លៃនៃគុណសម្បត្ដិរបស់ព្រះយេហូវ៉ា គឺចិត្តទូលាយនិងសមហេតុផល
«ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យទន់សន្ដោសរបស់ទ្រង់ ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន»។—ទំនុក. ១៤៥:៩
១, ២. តើមិត្តសម្លាញ់របស់ព្រះយេហូវ៉ាមានឱកាសអ្វី?
បងស្រីម្នាក់ដែលជាគ្រិស្តសាសនិកឈ្មោះម៉ានីកានិយាយថា៖ «យើងបានរៀបការជិត៣៥ឆ្នាំហើយ។ ខ្ញុំនិងប្ដីខ្ញុំស្គាល់គ្នាច្បាស់ណាស់។ ទោះជាប៉ុន្មានឆ្នាំកន្លងផុតទៅហើយក៏ដោយ នៅតែមានចំណុចថ្មីជាច្រើនដែលធ្វើឲ្យយើងស្គាល់ចិត្តគ្នាកាន់តែច្បាស់!»។ យើងជាច្រើននាក់អាចនិយាយដូចគ្នានេះអំពីប្ដី ប្រពន្ធ ឬមិត្តភក្ដិរបស់យើង។
២ យើងសប្បាយនឹងស្គាល់មនុស្សដែលយើងស្រឡាញ់ឲ្យបានច្បាស់ជាង។ ប៉ុន្តែក្នុងចំណោមមិត្តភាពទាំងអស់ដែលយើងអាចមាន គ្មានមិត្តភាពណាដែលសំខាន់ជាងមិត្តភាពរវាងយើងនឹងព្រះយេហូវ៉ាឡើយ។ យើងមិនអាចដឹងអ្វីទាំងអស់អំពីលោកឡើយ។ (រ៉ូម ១១:៣៣) យើងនឹងមានឱកាសជារៀងរហូតដើម្បីរៀន ហើយយល់តម្លៃនៃគុណសម្បត្ដិរបស់ព្រះយេហូវ៉ាកាន់តែខ្លាំងឡើង។—សាស្ដ. ៣:១១
៣. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៣ អត្ថបទមុនជួយយើងឲ្យកាន់តែយល់តម្លៃនៃគុណសម្បត្ដិរបស់ព្រះយេហូវ៉ា គឺការស្រួលទាក់ទងនិងការមិនរើសមុខ។ ឥឡូវនេះ សូមយើងពិចារណាគុណសម្បត្ដិដែលគួរឲ្យស្រឡាញ់ពីរទៀតរបស់ព្រះយេហូវ៉ា ពោលគឺចិត្តទូលាយនិងសមហេតុផល។ ដោយធ្វើដូច្នេះ យើងនឹងស្គាល់កាន់តែច្បាស់ថា«ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យទន់សន្ដោសរបស់ទ្រង់ ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន»។—ទំនុក. ១៤៥:៩
ព្រះយេហូវ៉ាមានចិត្តទូលាយ
៤. តើចិត្តទូលាយពិតប្រាកដមានន័យយ៉ាងណា?
៤ តើការមានចិត្តទូលាយមានន័យយ៉ាងណា? យើងនឹងរកឃើញចម្លើយចំពោះសំណួរនេះក្នុងប្រសាសន៍របស់លោកយេស៊ូដែលបានកត់ទុកនៅសកម្មភាព ២០:៣៥ ដែលចែងថា៖ «ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។ តាមរយៈពាក្យដ៏ស្រួលយល់នេះ លោកយេស៊ូបានបញ្ជាក់អត្ថន័យនៃចិត្តទូលាយពិតប្រាកដ។ បុគ្គលដែលមានចិត្តទូលាយចំណាយពេលវេលា កម្លាំង និងធនធានរបស់ខ្លួនដើម្បីជួយអ្នកឯទៀតដោយឥតសំចៃ ហើយគាត់ធ្វើដូច្នេះដោយសប្បាយរីករាយ។ ចិត្តទូលាយពិតប្រាកដមិនអាស្រ័យទៅលើការជូនអំណោយថ្លៃៗនោះទេ ប៉ុន្តែអាស្រ័យទៅលើបំណងចិត្តនៃអ្នកដែលជូនអំណោយនោះ។ (សូមអាន កូរិនថូសទី២ ៩:៧) គ្មាននរណាម្នាក់មានចិត្តទូលាយជាងព្រះរបស់យើងគឺព្រះយេហូវ៉ា ជាព្រះដែល«មានសេចក្ដីសប្បាយ»ឡើយ។—១ធី. ១:១១
៥. តើតាមរបៀបណាព្រះយេហូវ៉ាបង្ហាញថាលោកមានចិត្តទូលាយ?
៥ តើព្រះយេហូវ៉ាបង្ហាញថា លោកមានចិត្តទូលាយយ៉ាងដូចម្ដេច? លោកបានផ្គត់ផ្គង់នូវអ្វីដែលមនុស្សទាំងអស់ត្រូវការ រួមទាំងពួកអ្នកដែលមិនទាន់គោរពប្រណិប័តន៍លោកផងដែរ។ «ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់»។ លោក«ធ្វើឲ្យថ្ងៃរះលើមនុស្សអាក្រក់និងមនុស្សល្អ ថែមទាំងបង្អុរភ្លៀងលើមនុស្សសុចរិតនិងមនុស្សទុច្ចរិត»។ (ម៉ាថ. ៥:៤៥) ហេតុនេះ ពេលដែលសាវ័កប៉ូលនិយាយទៅកាន់អ្នកមិនជឿ គាត់អាចនិយាយថា ព្រះយេហូវ៉ា«ធ្វើល្អចំពោះអ្នករាល់គ្នា ដោយធ្វើឲ្យទឹកភ្លៀងធ្លាក់ពីលើមេឃនិងធ្វើឲ្យមានរដូវដែលសម្បូរភោគផល ក៏ឲ្យអាហារជាបរិបូរនិងធ្វើឲ្យចិត្តរបស់អ្នករាល់គ្នាពោរពេញទៅដោយក្ដីរីករាយ»។ (សកម្ម. ១៤:១៧) ព្រះយេហូវ៉ាពិតជាបង្ហាញចិត្តទូលាយដល់មនុស្សទាំងអស់មែន។—លូក. ៦:៣៥
៦, ៧. (ក) តើព្រះយេហូវ៉ាសប្បាយជាងនេះទៅទៀត ក្នុងការផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកណា? (ខ) សូមលើកឧទាហរណ៍អំពីរបៀបដែលព្រះផ្គត់ផ្គង់អ្នកដែលគោរពប្រណិប័តន៍លោកយ៉ាងស្មោះត្រង់។
៦ ព្រះយេហូវ៉ាសប្បាយជាងនេះទៅទៀត ក្នុងការផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកដែលគោរពប្រណិប័តន៍លោកយ៉ាងស្មោះត្រង់។ ស្តេចដាវីឌបាននិយាយថា៖ «យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ»។ (ទំនុក. ៣៧:២៥) គ្រិស្តសាសនិកស្មោះត្រង់ជាច្រើននាក់ធ្លាប់មានទីសំអាងបែបនេះស្តីអំពីការថែទាំរបស់ព្រះយេហូវ៉ា។ សូមពិចារណាឧទាហរណ៍មួយ។
៧ ប៉ុន្មានឆ្នាំមុន បងស្រីម្នាក់ដែលជាអ្នកត្រួសត្រាយពេញពេលឈ្មោះណាន់ស៊ីបានស្ថិតក្នុងស្ថានភាពដ៏ពិបាកមួយ។ គាត់នឹកចាំថា៖ «ពេលនោះខ្ញុំត្រូវការលុយ៦៦ដុល្លារដើម្បីបង់ថ្លៃឈ្នួលផ្ទះ ហើយខ្ញុំត្រូវបង់លុយនេះនៅថ្ងៃស្អែក។ ខ្ញុំមិនដឹងថាខ្ញុំនឹងបានលុយនេះពីណាទេ។ ខ្ញុំបានអធិដ្ឋានប្រាប់ព្រះយេហូវ៉ាអំពីបញ្ហានេះ ហើយក្រោយមកខ្ញុំបានទៅធ្វើការរបស់ខ្ញុំជាអ្នករត់តុ។ ខ្ញុំមិនសង្ឃឹមថាខ្ញុំអាចទទួលលុយទឹកតែច្រើនទេនៅល្ងាចនោះ ដោយសារថ្ងៃនោះមិនមែនជាចុងសប្ដាហ៍ ដែលតាមធម្មតាមិនសូវមានភ្ញៀវឡើយ។ ខ្ញុំបានភ្ញាក់ផ្អើលជាខ្លាំងពេលឃើញភ្ញៀវមួយចំនួនមកភោជនីយដ្ឋាននៅយប់នោះ។ ពេលចប់ម៉ោងធ្វើការ ខ្ញុំបានរាប់លុយទឹកតែដែលខ្ញុំបានទទួល នោះខ្ញុំឃើញថាខ្ញុំមានលុយទាំងអស់៦៦ដុល្លារ»។ ណាន់ស៊ីបានជឿជាក់ថា ព្រះយេហូវ៉ាបានបង្ហាញចិត្តទូលាយចំពោះគាត់ដោយផ្គត់ផ្គង់លុយគ្រប់ចំនួនដែលគាត់ត្រូវការ។—ម៉ាថ. ៦:៣៣
៨. តើអ្វីជាអំណោយដែលព្រះយេហូវ៉ាផ្ដល់ដោយចិត្តទូលាយបំផុត?
៨ មនុស្សទាំងអស់អាចទទួលអំណោយពីព្រះយេហូវ៉ាដែលលោកផ្ដល់ដោយចិត្តទូលាយបំផុត។ តើអំណោយនោះជាអ្វី? គឺជាគ្រឿងបូជាលោះរបស់បុត្រលោក។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ព្រះស្រឡាញ់ពិភពលោកដល់ម្ល៉េះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះអាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។ (យ៉ូន. ៣:១៦) ក្នុងបរិបទនេះ ពាក្យ«ពិភពលោក»សំដៅទៅលើមនុស្សជាតិ។ ព្រះយេហូវ៉ាផ្ដល់អំណោយនេះដោយចិត្តទូលាយបំផុតដល់មនុស្សទាំងអស់ដែលសម្រេចចិត្តទទួលយក។ ពួកអ្នកដែលបង្ហាញជំនឿលើលោកយេស៊ូនឹងទទួលជីវិតយូរអង្វែង ពោលគឺជីវិតដែលគ្មានទីបញ្ចប់! (យ៉ូន. ១០:១០) នេះជាទីសំអាងដ៏ប្រសើរបំផុតដែលបង្ហាញថាព្រះយេហូវ៉ាមានចិត្តទូលាយ។
ចូរបង្ហាញចិត្តទូលាយដូចព្រះយេហូវ៉ា
៩. តើតាមរបៀបណាយើងអាចបង្ហាញចិត្តទូលាយដូចព្រះយេហូវ៉ា?
៩ តើតាមរបៀបណាយើងអាចបង្ហាញចិត្តទូលាយដូចព្រះយេហូវ៉ា? ព្រះយេហូវ៉ា«ផ្គត់ផ្គង់អ្វីៗទាំងអស់ដល់យើង ដើម្បីឲ្យយើងបានសប្បាយ»។ ហេតុនេះ យើងគួរ«ប្រុងប្រៀបចែករំលែកជានិច្ច»ដល់អ្នកឯទៀត។ ដោយធ្វើដូច្នេះ យើងធ្វើឲ្យពួកគេសប្បាយ។ (១ធី. ៦:១៧-១៩) យើងសប្បាយនឹងឲ្យអំណោយដល់មនុស្សជាទីស្រឡាញ់របស់យើង ហើយជួយពួកអ្នកដែលត្រូវការជំនួយ។ (សូមអាន ចោទិយកថា ១៥:៧) តើអ្វីជួយយើងឲ្យចាំថាយើងត្រូវបង្ហាញចិត្តទូលាយ? គ្រិស្តសាសនិកខ្លះបានធ្វើតាមរបៀបដែលមានប្រយោជន៍នេះ: ពេលពួកគាត់ទទួលអំណោយមួយ ពួកគាត់ខំរកឱកាសដើម្បីជូនអំណោយដល់អ្នកឯទៀត។ រាស្ត្ររបស់ព្រះយេហូវ៉ាជាច្រើននាក់សព្វថ្ងៃនេះបានធ្វើជាគំរូដ៏ល្អក្នុងការបង្ហាញចិត្តទូលាយ។
១០. តើអ្វីជារបៀបដ៏ល្អបំផុតដើម្បីបង្ហាញចិត្តទូលាយ?
១០ របៀបដ៏ល្អបំផុតដើម្បីបង្ហាញចិត្តទូលាយគឺតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ត។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? គឺដោយប្រើពេលវេលានិងកម្លាំងរបស់យើងដើម្បីជួយនិងដើម្បីលើកទឹកចិត្តអ្នកឯទៀត។ (កាឡ. ៦:១០) ដើម្បីដឹងថាតាមរបៀបណាយើងអាចធ្វើដូច្នេះ យើងអាចសួរខ្លួនយើងថា៖ ‹តើអ្នកឯទៀតដឹងថាខ្ញុំសុខចិត្តលះបង់ប្រយោជន៍ខ្លួន ហើយស្ដាប់ពេលពួកគេនិយាយអំពីកង្វល់របស់ពួកគេឬទេ? ប្រសិនបើអ្នកណាម្នាក់សុំខ្ញុំជួយគាត់ធ្វើអ្វីមួយ តើខ្ញុំសុខចិត្តជួយគាត់ឬទេ? នៅពេលថ្មីៗនេះ តើខ្ញុំបានសរសើរសមាជិកណាម្នាក់ក្នុងក្រុមគ្រួសារឬបងប្អូនរួមជំនឿណាម្នាក់ឬទេ?›។ ពេលយើង«ទម្លាប់ឲ្យគេ» យើងប្រាកដជាកាន់តែចូលទៅជិតព្រះយេហូវ៉ាផងនិងមិត្តភក្ដិរបស់យើងផងដែរ។—លូក. ៦:៣៨; សុភ. ១៩:១៧
១១. តើយើងអាចបង្ហាញចិត្តទូលាយចំពោះព្រះយេហូវ៉ាតាមវិធីណាខ្លះ?
១១ យើងក៏អាចបង្ហាញចិត្តទូលាយចំពោះព្រះយេហូវ៉ាដែរ។ បទគម្ពីរដាស់តឿនថា៖ «ចូរថ្វាយកិត្ដិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្ដិ»។ (សុភ. ៣:៩) «ទ្រព្យសម្បត្ដិ»ឬអ្វីដែលមានតម្លៃទាំងនេះរួមបញ្ចូលពេលវេលា កម្លាំងនិងធនធានរបស់យើង ដែលយើងចំណាយដោយឥតសំចៃក្នុងកិច្ចបម្រើ។ សូម្បីតែប្អូនៗវ័យក្មេងក៏អាចរៀនបង្ហាញចិត្តទូលាយចំពោះព្រះយេហូវ៉ាដែរ។ ឪពុកម្នាក់ឈ្មោះជេសុននិយាយថា៖ «ពេលក្រុមគ្រួសាររបស់យើងធ្វើវិភាគទាននៅសាលប្រជុំ យើងឲ្យកូនរបស់យើងជាអ្នកដាក់លុយនោះក្នុងប្រអប់វិភាគទាន។ ពេលដែលពួកគេដាក់លុយ ពួកគេសប្បាយដោយសារពួកគេ‹ជូនអ្វីមួយដល់ព្រះយេហូវ៉ា›»។ ក្មេងៗដែលធ្លាប់សប្បាយនឹងឲ្យដល់ព្រះយេហូវ៉ាពេលដែលពួកគេនៅក្មេង ទំនងជាបន្តឲ្យដោយចិត្តទូលាយនៅពេលដែលពួកគេធំឡើង។—សុភ. ២២:៦
ព្រះយេហូវ៉ាប្រព្រឹត្តដោយសមហេតុផល
១២. តើការសមហេតុផលមានន័យយ៉ាងណា?
១២ គុណសម្បត្ដិដែលគួរឲ្យស្រឡាញ់ផ្សេងទៀតរបស់ព្រះយេហូវ៉ាគឺ ការសមហេតុផល។ តើការសមហេតុផលមានន័យយ៉ាងណា? (ទីត. ៣:១, ២) មនុស្សសមហេតុផលមិនទាមទារឲ្យគេធ្វើអ្វីដោយមិនចេះយោគយល់ ក៏មិនតឹងតែងហួសហេតុពេកដែរ។ ផ្ទុយទៅវិញ គាត់ខំប្រព្រឹត្តចំពោះអ្នកឯទៀតដោយស្លូតបូត និងចេះយល់អំពីស្ថានភាពរបស់ពួកគេ។ គាត់សុខចិត្តស្ដាប់អ្នកឯទៀត ហើយពេលដែលសមត្រឹមត្រូវ គាត់សុខចិត្តធ្វើតាមសំណូមពររបស់ពួកគេ ហើយកែប្រែអ្វីដែលគាត់តម្រូវពីពួកគេ។
១៣, ១៤. (ក) តើព្រះយេហូវ៉ាបង្ហាញថាលោកសមហេតុផលយ៉ាងដូចម្ដេច? (ខ) ដោយពិចារណាអំពីរបៀបដែលព្រះបានប្រព្រឹត្តចំពោះឡុត តើយើងរៀនអ្វីស្តីអំពីការសមហេតុផល?
១៣ តើព្រះយេហូវ៉ាបង្ហាញថាលោកសមហេតុផលយ៉ាងដូចម្ដេច? លោកបង្ហាញចិត្តសប្បុរសដោយគិតអំពីអារម្មណ៍របស់អ្នកបម្រើលោក ហើយលោកច្រើនតែធ្វើតាមសំណូមពររបស់ពួកគេ។ ជាឧទាហរណ៍ សូមពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តចំពោះឡុតដែលជាបុរសសុចរិត។ ពេលព្រះយេហូវ៉ាបានតាំងចិត្តថាលោកនឹងបំផ្លាញក្រុងសូដុមនិងក្រុងកូម៉ូរ៉ា លោកបានឲ្យការណែនាំយ៉ាងច្បាស់ដល់ឡុត ដោយឲ្យគាត់រត់ទៅភ្នំ។ ប៉ុន្តែ ដោយសារមូលហេតុណាមួយ ឡុតបានសុំការអនុញ្ញាតរត់ទៅកន្លែងផ្សេងវិញ។ សូមគិតទៅមើល ឡុតបានសុំឲ្យព្រះយេហូវ៉ាផ្លាស់ប្ដូរការណែនាំរបស់លោក!—សូមអាន លោកុប្បត្តិ ១៩:១៧-២០
១៤ ពេលអ្នកអានកំណត់ហេតុនេះ អ្នកប្រហែលជាគិតថាឡុតគ្មានជំនឿរឹងមាំ ឬថាគាត់មិនស្ដាប់បង្គាប់ព្រះទេ។ យ៉ាងណាមិញ ព្រះយេហូវ៉ាច្បាស់ជាអាចជួយជីវិតគាត់នៅកន្លែងណាក៏ដោយដែលគាត់ទៅ ដូច្នេះគឺមិនសមហេតុផលទេដែលឡុតភ័យខ្លាច។ ប៉ុន្តែឡុតនៅតែភ័យខ្លាច។ ដោយសារឡុតមានអារម្មណ៍ដូច្នេះ ព្រះយេហូវ៉ាបានសុខចិត្តធ្វើតាមគាត់។ លោកបានអនុញ្ញាតឲ្យគាត់រត់ទៅក្រុងមួយដែលលោកចង់បំផ្លាញចោល។ (សូមអាន លោកុប្បត្តិ ១៩:២១, ២២) ព្រះយេហូវ៉ាច្បាស់ជាមិនតឹងរឹងឡើយ។ លោកសុខចិត្តធ្វើតាម ពេលដែលសមនឹងធ្វើ ហើយលោកសមហេតុផល។
១៥, ១៦. តើតាមរបៀបណាច្បាប់ម៉ូសេបង្ហាញថា ព្រះយេហូវ៉ាសមហេតុផល? (សូមមើលរូបភាពនៅដើមអត្ថបទ)។
១៥ ច្បាប់ដែលព្រះយេហូវ៉ាបានឲ្យដល់ជនជាតិអ៊ីស្រាអែលក៏បង្ហាញដែរថាលោកសមហេតុផល។ ប្រសិនបើជនជាតិអ៊ីស្រាអែលម្នាក់ក្រីក្រពេករហូតដល់មិនអាចជូនចៀមមួយ ឬពពែមួយជាគ្រឿងបូជា គាត់អាចជូនលលកពីរ ឬព្រាបជំទើរពីរជំនួសវិញ។ ចុះយ៉ាងណាបើជនជាតិអ៊ីស្រាអែលនោះក្រីក្រពេករហូតមិនអាចជូនព្រាបពីរបាន? ក្នុងករណីនោះ ព្រះយេហូវ៉ាអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលដែលក្រីក្រជូនម្សៅបន្ដិចបន្តួចជាគ្រឿងបូជា។ ប៉ុន្តែ សូមកត់សម្គាល់នូវចំណុចសំខាន់នេះគឺ ពួកគេត្រូវជូន«ម្សៅយ៉ាងម៉ដ្ដ»ដែលគេប្រើសម្រាប់ភ្ញៀវកិត្ដិយស មិនមែនម្សៅបែបណាក៏ដោយទេ។ (លោ. ១៨:៦) តើតាមរបៀបណាឧទាហរណ៍នេះបង្ហាញថាព្រះយេហូវ៉ាគឺសមហេតុផល?—សូមអាន លេវីវិន័យ ៥:៧, ១១
១៦ សូមស្រមៃគិតថាអ្នកជាជនជាតិអ៊ីស្រាអែល ហើយអ្នកក្រីក្រយ៉ាងខ្លាំង។ ពេលដែលអ្នកមកដល់ត្រសាលដោយមានម្សៅបន្ដិចបន្តួចដើម្បីធ្វើជាគ្រឿងបូជា អ្នកឃើញថា ជនជាតិអ៊ីស្រាអែលដែលជាអ្នកមាន នាំសត្វរបស់ពួកគេមក។ អ្នកប្រហែលជាខ្មាសដោយសារអ្នកជូនគ្រឿងបូជាដែលជាម្សៅ ដែលមើលទៅមិនសូវសំខាន់ឡើយ។ បន្ទាប់មកអ្នកនឹកចាំថា ចំពោះព្រះយេហូវ៉ា គ្រឿងបូជារបស់អ្នកគឺសំខាន់។ ហេតុអ្វី? មូលហេតុមួយគឺ ព្រះយេហូវ៉ាបានតម្រូវឲ្យជូនម្សៅដែលមានគុណភាពខ្ពស់។ គឺហាក់ដូចជាព្រះយេហូវ៉ាមានប្រសាសន៍ទៅជនជាតិអ៊ីស្រាអែលដែលក្រីក្រថា៖ ‹ខ្ញុំដឹងថាអ្នកមិនអាចជូនច្រើនដូចអ្នកឯទៀតទេ ប៉ុន្តែខ្ញុំក៏ដឹងដែរថា អ្នកបានឲ្យខ្ញុំនូវអ្វីដ៏ល្អបំផុតដែលអ្នកមាន›។ ព្រះយេហូវ៉ាពិតជាបង្ហាញថាលោកសមហេតុផល ដោយដឹងកម្រិតសមត្ថភាពនិងស្ថានភាពរបស់អ្នកបម្រើលោក។—ទំនុក. ១០៣:១៤
១៧. តើកិច្ចបម្រើបែបណាដែលព្រះយេហូវ៉ាទទួលយក?
១៧ យើងអាចទទួលការសម្រាលទុក្ខដោយដឹងថាព្រះយេហូវ៉ាគឺសមហេតុផល ហើយលោកព្រមទទួលកិច្ចបម្រើរបស់យើង ដែលយើងធ្វើដោយអស់ពីចិត្ត។ (កូឡ. ៣:២៣) បងស្រីវ័យចាស់ជនជាតិអ៊ីតាលីម្នាក់ឈ្មោះកនស្ទិនបាននិយាយថា៖ «ការនិយាយប្រាប់អ្នកឯទៀតអំពីព្រះដែលជាអ្នកបង្កើតគឺជាអ្វីដែលខ្ញុំចូលចិត្តធ្វើបំផុត។ នេះជាមូលហេតុដែលខ្ញុំបន្តផ្សព្វផ្សាយ ហើយដឹកនាំការសិក្សាគម្ពីរ។ ជួនកាលខ្ញុំស្ដាយថាខ្ញុំមិនអាចធ្វើថែមទៀតដោយសារខ្ញុំមានបញ្ហាសុខភាព។ ប៉ុន្តែខ្ញុំដឹងថាព្រះយេហូវ៉ាដឹងអំពីកម្រិតសមត្ថភាពរបស់ខ្ញុំ ហើយថាលោកស្រឡាញ់និងឲ្យតម្លៃចំពោះអ្វីដែលខ្ញុំអាចធ្វើបាន»។
ចូរប្រព្រឹត្តដោយសមហេតុផលដូចព្រះយេហូវ៉ា
១៨. តើតាមរបៀបមួយណាដែលឪពុកម្ដាយអាចធ្វើតាមគំរូរបស់ព្រះយេហូវ៉ា?
១៨ តើយើងប្រព្រឹត្តដោយសមហេតុផលដូចព្រះយេហូវ៉ាយ៉ាងដូចម្ដេច? សូមគិតម្ដងទៀតអំពីរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តចំពោះឡុត។ ព្រះយេហូវ៉ាជាបុគ្គលដែលមានអំណាច ប៉ុន្តែលោកបង្ហាញចិត្តសប្បុរស ដោយស្ដាប់ឡុតពេលគាត់ប្រាប់អំពីអារម្មណ៍របស់គាត់ ហើយលោកបានធ្វើតាមសំណូមពររបស់គាត់។ ប្រសិនបើអ្នកជាឪពុកម្ដាយ តើអ្នកអាចធ្វើតាមគំរូរបស់ព្រះយេហូវ៉ាឬទេ? តើអ្នកអាចស្ដាប់អ្វីដែលកូនរបស់អ្នកសូម ហើយប្រសិនបើសំណូមពររបស់ពួកគេគឺសមត្រឹមត្រូវ តើអ្នកធ្វើតាមឬទេ? ស្តីអំពីរឿងនេះ ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៧បានរៀបរាប់ថា ជួនកាលឪពុកម្ដាយចង់ដឹងគំនិតរបស់កូនដែរ ពេលពួកគាត់រៀបចំច្បាប់សម្រាប់ក្រុមគ្រួសាររបស់ពួកគាត់។ ជាឧទាហរណ៍ ឪពុកម្ដាយប្រាកដជាមានសិទ្ធិកំណត់ម៉ោងជាក់លាក់ដែលកូនត្រូវវិលមកផ្ទះវិញពេលយប់។ ទោះជាយ៉ាងនោះក្ដី ឪពុកម្ដាយដែលជាគ្រិស្តសាសនិកប្រហែលជាស្ដាប់កូនរបស់ពួកគាត់ប្រាប់អំពីយោបល់របស់ខ្លួនស្តីអំពីម៉ោងដែលឪពុកម្ដាយបានកំណត់នោះ។ ក្នុងករណីខ្លះ ឪពុកម្ដាយប្រហែលជាសម្រេចចិត្តប្ដូរម៉ោងដែលពួកគាត់បានកំណត់ទុក ប្រសិនបើនេះមិនប៉ះពាល់ដល់គោលការណ៍គម្ពីរ។ ឪពុកម្ដាយប្រហែលជាឃើញថា កាលណាពួកគាត់គិតអំពីយោបល់របស់កូនស្តីអំពីច្បាប់សម្រាប់ក្រុមគ្រួសារ កូននឹងយល់ច្បាប់ទាំងនោះ ហើយចង់ធ្វើតាម។
១៩. តើតាមរបៀបណាអ្នកចាស់ទុំខំប្រឹងប្រព្រឹត្តដោយសមហេតុផលដូចព្រះយេហូវ៉ា?
១៩ អ្នកចាស់ទុំខំប្រឹងប្រព្រឹត្តដោយសមហេតុផលដូចព្រះយេហូវ៉ា ដោយគិតអំពីស្ថានភាពរបស់បងប្អូនរួមជំនឿ។ សូមចាំថា ព្រះយេហូវ៉ាចាត់ទុកគ្រឿងបូជារបស់ជនជាតិអ៊ីស្រាអែលក្រីក្រ ថាមានតម្លៃ។ ស្រដៀងគ្នាដែរ បងប្អូនប្រុសស្រីខ្លះអាចចំណាយពេលតែបន្ដិចបន្តួចប៉ុណ្ណោះក្នុងកិច្ចបម្រើផ្សាយ ប្រហែលជាដោយសារពួកគាត់មានបញ្ហាសុខភាព ឬដោយសារពួកគាត់មានវ័យចាស់។ ចុះយ៉ាងណាបើពួកគាត់ធ្លាក់ទឹកចិត្តដោយសារពួកគាត់មិនអាចផ្សព្វផ្សាយច្រើនដូចពួកគាត់ចង់ធ្វើ? អ្នកចាស់ទុំអាចពង្រឹងទំនុកចិត្តពួកគាត់ថា ព្រះយេហូវ៉ាស្រឡាញ់ពួកគាត់ដោយសារពួកគាត់ឲ្យអ្វីដែលល្អបំផុត។—ម៉ាក. ១២:៤១-៤៤
២០. តើការប្រព្រឹត្តដោយសមហេតុផលក្នុងកិច្ចបម្រើព្រះមានន័យយ៉ាងណា? សូមពន្យល់។
២០ ការប្រព្រឹត្តដោយសមហេតុផលមិនមានន័យថា យើងអាណិតខ្លួន ដែលនាំឲ្យយើងមិនអាចបម្រើព្រះអស់ពីចិត្តនោះទេ។ (ម៉ាថ. ១៦:២២) យើងមិនចង់បម្រើព្រះតែបន្ដិចបន្តួច ពេលដែលយើងអាចបម្រើលោកច្រើនជាងឡើយ។ ផ្ទុយទៅវិញ យើងទាំងអស់គ្នាត្រូវ«ខំប្រឹងឲ្យខ្លាំង»ដើម្បីគាំទ្រកិច្ចការដែលទាក់ទងនឹងរាជាណាចក្រព្រះ។ (លូក. ១៣:២៤) យើងពិតជាព្យាយាមមានតុល្យភាពរវាងគោលការណ៍ពីរយ៉ាង។ ម្យ៉ាង យើងខំប្រឹងបម្រើព្រះយ៉ាងអស់ពីចិត្ត។ ម្យ៉ាងទៀត យើងចាំថាព្រះយេហូវ៉ាមិនតម្រូវឲ្យយើងធ្វើលើសពីសមត្ថភាពរបស់យើងឡើយ។ ពេលដែលយើងឲ្យអ្វីដែលល្អបំផុត យើងអាចប្រាកដថាលោកពេញចិត្ត។ យើងពិតជាសប្បាយនឹងបម្រើព្រះដែលឲ្យតម្លៃយើង ហើយសមហេតុផល។ អត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីគុណសម្បត្ដិដែលគួរឲ្យស្រឡាញ់ពីរយ៉ាងទៀតរបស់ព្រះយេហូវ៉ា។—ទំនុក. ៧៣:២៨