តើអ្នកតែងតែត្រូវការច្បាប់ពីព្រះគម្ពីរឬ?
ពេលដែលអ្នកនៅក្មេង មាតាបិតារបស់អ្នកទំនងជាបានដាក់បញ្ជាជាច្រើនឲ្យអ្នកធ្វើតាម។ ពេលអ្នកធំឡើង អ្នកចាប់ផ្ដើមយល់ថាពួកគាត់បានគិតខ្វល់ខ្វាយពីប្រយោជន៍អ្នក បានជាពួកគាត់ដាក់បញ្ជាទាំងនេះ។ ឥឡូវដែលអ្នកជាមនុស្សពេញវ័យហើយ អ្នកប្រហែលជានៅតែប្រព្រឹត្តតាមគោលការណ៍ខ្លះៗដែលពួកគាត់បានធ្វើឲ្យដក់ជាប់ក្នុងចិត្តគំនិតរបស់អ្នក ទោះជាអ្នកមិននៅក្រោមបង្គាប់ពួកគាត់ទៀតក៏ដោយ។
ព្រះយេហូវ៉ាជាបិតារបស់យើងនៅស្ថានសួគ៌ ទ្រង់ក៏ប្រទានសេចក្ដីបង្គាប់ចំៗមួយចំនួនតាមរយៈព្រះបន្ទូលរបស់ទ្រង់ក្នុងព្រះគម្ពីរ។ ជាឧទាហរណ៍ ទ្រង់ហាមថ្វាយបង្គំរូបព្រះ ធ្វើអំពើសហាយស្មន់ ការផិតគ្នា និងអំពើលួចប្លន់។ (និក្ខមនំ ២០:១-១៧; កិច្ចការ ១៥:២៨, ២៩) ពេលយើង«បានធំឡើង ខាងឯគ្រប់ការទាំងអស់» យើងចាប់ផ្ដើមយល់ថាព្រះយេហូវ៉ាគិតពីប្រយោជន៍យើង ហើយសេចក្ដីបង្គាប់របស់ទ្រង់គឺមិនតឹងតែងហួសហេតុនោះទេ។—អេភេសូរ ៤:១៥; អេសាយ ៤៨:១៧, ១៨; ៥៤:១៣
ក៏ប៉ុន្តែ មានស្ថានភាពជាច្រើនដែលគ្មានសេចក្ដីបង្គាប់ចំៗនោះទេ។ ហេតុនេះ មនុស្សជាច្រើនមានអារម្មណ៍មួយថា បើគ្មានច្បាប់ចំៗណាមួយក្នុងព្រះគម្ពីរ ពួកគេមានសេរីភាពអាចធ្វើតាមចិត្តបាន។ ពួកគេខំវែកញែកថា បើចាំបាច់នោះ ព្រះប្រាកដជាដាក់សេចក្ដីបង្គាប់ចំៗណាមួយឲ្យដឹងថាទ្រង់មានព្រះហឫទ័យយ៉ាងណា។
មនុស្សដែលវែកញែកដូច្នេះច្រើនតែធ្វើការសម្រេចចិត្តមិនល្អនាំឲ្យខ្លួនស្ដាយក្រោយយ៉ាងខ្លាំង។ ពួកគេមិនទទួលស្គាល់ថា ព្រះគម្ពីរមិនគ្រាន់តែមានច្បាប់ប៉ុណ្ណោះទេ តែក៏បើកឲ្យដឹងអំពីទស្សនៈរបស់ព្រះទៀតផង។ នៅពេលយើងសិក្សាព្រះគម្ពីរនិងចាប់ផ្ដើមយល់នូវទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរឿងផ្សេងៗនោះ ការយល់ដឹងនេះជួយយើងលត់ដំមនសិការទៅតាមព្រះគម្ពីរ ហើយធ្វើការសម្រេចចិត្តដែលសមស្របតាមទស្សនៈរបស់ទ្រង់។ នៅពេលយើងធ្វើដូច្នេះ យើងធ្វើឲ្យទ្រង់មានព្រះទ័យរីករាយ ហើយយើងទទួលផលប្រយោជន៍ដ៏ល្អដែលមកពីការធ្វើការសម្រេចចិត្តដ៏ល្អ។—អេភេសូរ ៥:១
គំរូល្អប្រសើរក្នុងព្រះគម្ពីរ
នៅពេលយើងមើលកំណត់ហេតុព្រះគម្ពីរស្តីអំពីអ្នកបំរើព្រះនៅសម័យបុរាណ យើងឃើញថាពួកគាត់ធ្លាប់គិតពិចារណាពីទស្សនៈរបស់ព្រះយេហូវ៉ាក្នុងស្ថានភាពផ្សេងៗ សូម្បីតែនៅពេលពួកគាត់គ្មានបញ្ញត្ដិចំៗណាមួយក៏ដោយ។ សូមពិចារណាគំរូរបស់យ៉ូសែប។ នៅពេលដែលប្រពន្ធរបស់លោកប៉ូទីផារខំល្បួងគាត់ឲ្យធ្វើអំពើអសីលធម៌ជាមួយនឹងនាង នោះគ្មានច្បាប់ជាលាយល័ក្ខណ៍អក្សរណាពីព្រះដែលហាមផិតគ្នានោះឡើយ។ ប៉ុន្តែ ទោះជាគ្មានច្បាប់ចំៗក៏ដោយ យ៉ូសែបបានរិះគិតហើយយល់ឃើញថា ការផិតមិនគ្រាន់តែជាបាបទាស់នឹងមនសិការរបស់គាត់តែប៉ុណ្ណោះទេ តែក៏ជាបាប«នៅចំពោះព្រះ»ឬទាស់នឹងព្រះដែរ។ (លោកុប្បត្តិ ៣៩:៩) តាមមើលទៅ យ៉ូសែបបានទទួលស្គាល់ថា ការផិតគឺជាអំពើទាស់នឹងគំនិតហើយបំណងព្រះហឫទ័យរបស់ព្រះ ដែលទ្រង់បានបើកឲ្យដឹងនៅសួនច្បារអេដែន។—លោកុប្បត្តិ ២:២៤
សូមពិចារណាគំរូមួយទៀត។ នៅកិច្ចការ ១៦:៣ យើងអានថា ប៉ុលយកធីម៉ូថេទៅកាត់ស្បែកមុនយកគាត់ទៅជាមួយពេលធ្វើដំណើរជាសាសនទូតគ្រីស្ទាន។ ប៉ុន្តែ នៅខ៤ យើងអានថា ក្រោយនោះប៉ុលនិងធីម៉ូថេធ្វើដំណើរទៅទីក្រុងមួយចំនួនដោយប្រគល់«សេចក្ដីបញ្ញត្តទាំងប៉ុន្មានដល់គេ ជាសេចក្ដីដែលពួកសាវក នឹងពួកចាស់ទុំ ដែលនៅក្រុងយេរូសាឡិម បានជំនុំសំរេចឲ្យគេកាន់តាម»។ ក្នុងចំណោមសេចក្ដីបញ្ញត្ដិទាំងនោះ មានការសម្រេចដែលថាគ្មានច្បាប់តម្រូវឲ្យជនគ្រីស្ទានកាត់ស្បែកទៀតឡើយ! (កិច្ចការ ១៥:៥, ៦, ២៨, ២៩) ហេតុអ្វីបានជាប៉ុលគិតថាធីម៉ូថេចាំបាច់ត្រូវកាត់ស្បែកនោះ? «ដោយព្រោះពួកសាសន៍យូដាដែលនៅស្រុកទាំងនោះ ដ្បិតគេដឹងគ្រប់គ្នាថា ឪពុក[របស់ធីម៉ូថេ]ជាសាសន៍ក្រេក»។ ប៉ុលមិនចង់ធ្វើឲ្យអ្នកណាប្រកាន់ឬជំពប់ដួលដោយមិនចាំបាច់នោះឡើយ។ គាត់ខ្វល់ខ្វាយចង់ឲ្យជនគ្រីស្ទានបន្ត«ផ្ទុកផ្ដាក់ខ្លួន នឹងបញ្ញាចិត្តរបស់មនុស្សទាំងអស់ នៅចំពោះព្រះ»។—កូរិនថូសទី២ ៤:២; កូរិនថូសទី១ ៩:១៩-២៣
ការគិតគូរបែបនេះជាលក្ខណៈធម្មតារបស់ប៉ុលនិងធីម៉ូថេ។ សូមអានបទគម្ពីរផ្សេងៗដូចជារ៉ូម ១៤:១៥, ២០, ២១ និងកូរិនថូសទី១ ៨:៩-១៣; ១០:២៣-៣៣ ហើយអ្នកនឹងឃើញថា ប៉ុលគិតគូរខ្វល់ខ្វាយយ៉ាងខ្លាំងដល់ភាពខាងវិញ្ញាណរបស់អ្នកឯទៀត ជាពិសេសអ្នកដែលអាចជំពប់ដួលចំពោះរឿងណាមួយដែលតាមការពិតមិនមែនជាអ្វីខុសនោះទេ។ ហើយប៉ុលក៏បានសរសេរអំពីធីម៉ូថេដែរថា៖ «ខ្ញុំគ្មានអ្នកណាមានគំនិតដូចជាគាត់ ដែលនឹងយកចិត្តទុកដាក់ក្នុងការរបស់អ្នករាល់គ្នា ដោយស្មោះត្រង់នោះទេ ពីព្រោះមនុស្សទាំងអស់ គេរកតែប្រយោជន៍ផ្ទាល់ខ្លួន មិនរកប្រយោជន៍ដល់ព្រះយេស៊ូវគ្រីស្ទទេ តែអ្នករាល់គ្នាស្គាល់កិរិយារបស់គាត់ហើយ ថាគាត់បានបំរើនៅជាមួយនឹងខ្ញុំក្នុងដំណឹងល្អ ដូចជាកូនបំរើឱពុក»។ (ភីលីព ២:២០-២២) បុរសគ្រីស្ទានទាំងពីរនាក់នេះបានទុកគំរូល្អប្រសើរណាស់សំរាប់យើងសព្វថ្ងៃនេះ! នៅពេលគ្មានច្បាប់ចំៗណាមួយពីព្រះ ជាជាងសម្រេចចិត្តធ្វើអ្វីដែលស្រួលឬក៏រកបំពេញចំណង់ចំណូលចិត្តរបស់ខ្លួន ពួកគាត់បានយកតម្រាប់តាមរបៀបព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់បង្ហាញសេចក្ដីស្រឡាញ់ដោយពិចារណាឥទ្ធិពលដែលការសម្រេចចិត្តរបស់ខ្លួនអាចមានទៅលើភាពខាងវិញ្ញាណរបស់អ្នកឯទៀត។
សូមគិតអំពីព្រះយេស៊ូគ្រីស្ទដែលជាគំរូសំខាន់បំផុតរបស់យើង។ ពេលទ្រង់ថ្លែងធម្មទាននៅលើភ្នំ ទ្រង់ពន្យល់យ៉ាងច្បាស់ថា បុគ្គលម្នាក់ដែលយល់គោលការណ៍ដែលជាមូលដ្ឋាននៃច្បាប់របស់ព្រះ នឹងធ្វើលើសពីអ្វីដែលត្រូវបង្គាប់យ៉ាងចំៗឲ្យធ្វើឬមិនធ្វើទៅទៀត។ (ម៉ាថាយ ៥:២១, ២២, ២៧, ២៨) ទាំងព្រះយេស៊ូ ប៉ុល ធីម៉ូថេ និងយ៉ូសែបមិនបានប្រកាន់គំនិតថា ពេលណាគ្មានច្បាប់ចំៗពីព្រះ យើងអាចធ្វើតាមតែអំពើចិត្តនោះ។ ដោយប្រព្រឹត្តតាមទស្សនៈរបស់ព្រះវិញ បុរសទាំងនេះបានកាន់តាមច្បាប់ដែលព្រះយេស៊ូបញ្ជាក់ថាជាច្បាប់ពីរសំខាន់បំផុត ពោលគឺចូរស្រឡាញ់ព្រះនិងស្រឡាញ់អ្នកជិតខាង។—ម៉ាថាយ ២២:៣៦-៤០
ចុះជនគ្រីស្ទានសព្វថ្ងៃនេះវិញ?
គឺឃើញច្បាស់ហើយថា យើងមិនត្រូវចាត់ទុកព្រះគម្ពីរជាឯកសារច្បាប់ដែលរៀបរាប់យ៉ាងចំៗអំពីភារកិច្ចគ្រប់ទាំងអស់ដែលយើងត្រូវបំពេញនោះទេ។ យើងធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយជាខ្លាំង ពេលយើងសម្រេចចិត្តធ្វើអ្វីដែលបង្ហាញពីគំនិតរបស់ទ្រង់ សូម្បីតែនៅពេលដែលគ្មានច្បាប់ចំៗប្រាប់យើងថាយើងត្រូវធ្វើយ៉ាងណាក៏ដោយ។ បើនិយាយម្យ៉ាងវិញទៀត ជាជាងតែងតែត្រូវការមានច្បាប់មួយប្រាប់ថាព្រះចង់ឲ្យយើងធ្វើយ៉ាងណាទៅ នោះយើងអាច«ខំឲ្យយល់[ឬ«រិះគិតអោយយល់», ខ.ស.]បំណងព្រះហឫទ័យព្រះអម្ចាស់វិញ»។ (អេភេសូរ ៥:១៧; រ៉ូម ១២:២) ហេតុអ្វីនេះធ្វើឲ្យព្រះយេហូវ៉ាមានព្រះហឫទ័យសប្បាយ? ពីព្រោះនេះបង្ហាញថា យើងមិនចាត់ទុកចំណង់ចំណូលចិត្តនិងសិទ្ធិរបស់ខ្លួនសំខាន់ជាងការគាប់ព្រះហឫទ័យទ្រង់នោះទេ។ នោះក៏បង្ហាញថាយើងមានកតញ្ញុតាដោយសារសេចក្ដីស្រឡាញ់របស់ទ្រង់រហូតនាំឲ្យយើងចង់យកតម្រាប់តាមរបៀបទ្រង់បង្ហាញសេចក្ដីស្រឡាញ់ ហើយយកសេចក្ដីស្រឡាញ់បែបនេះជាកម្លាំងដែលជំរុញចិត្តយើង។ (សុភាសិត ២៣:១៥; ២៧:១១) ម្យ៉ាងទៀត ការប្រព្រឹត្តដែលមានមូលដ្ឋានលើអ្វីដែលត្រូវបញ្ជាក់ក្នុងបទគម្ពីរបណ្ដាលឲ្យយើងមានសុខភាពល្អខាងវិញ្ញាណផងហើយជាញយៗក៏នាំឲ្យមានសុខភាពល្អជាងខាងរូបកាយផងដែរ។
សូមយើងមើលរបៀបដែលអាចអនុវត្តតាមគោលការណ៍នេះក្នុងរឿងផ្ទាល់ខ្លួន។
ជម្រើសនៃការកំសាន្ត
សូមពិចារណាឧទាហរណ៍មួយអំពីយុវជនម្នាក់ដែលចង់ទិញស៊ីឌីចំរៀងមួយ។ ចំរៀងដែលគាត់ធ្លាប់ឮពីស៊ីឌីនេះគឺពីរោះណាស់ ប៉ុន្តែ គាត់កំពុងតែខ្វល់ខ្វាយដោយសារសំបកស៊ីឌីនេះប្រាប់ឲ្យដឹងថាចំរៀងក្នុងស៊ីឌីមានពាក្យអាសអាភាសនិងពាក្យទ្រគោះ។ ម្យ៉ាងទៀត គាត់យល់ថាចំរៀងភាគច្រើនរបស់អ្នកចំរៀងម្នាក់នេះច្រើនតែបង្ហាញពីចិត្តឆេវឆាវនិងឃោរឃៅ។ ក្នុងនាមជាអ្នកស្រឡាញ់ព្រះយេហូវ៉ា យុវជននេះចង់ដឹងពីគំនិតនិងព្រះហឫទ័យរបស់ទ្រង់។ តើគាត់អាចរិះគិតឲ្យយល់ព្រះហឫទ័យរបស់ព្រះយ៉ាងដូចម្ដេចក្នុងរឿងនេះ?
ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរទៅកាន់បងប្អូននៅទីក្រុងកាឡាទី គាត់រៀបរាប់អំពីកិច្ចការខាងសាច់ឈាមនិងផលផ្លែនៃវិញ្ញាណរបស់ព្រះ។ អ្នកទំនងជាដឹងហើយថា ផលផ្លែនៃវិញ្ញាណរបស់ព្រះមានអ្វីខ្លះ គឺ៖ សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត។ ប៉ុន្តែ តើកិច្ចការខាងសាច់ឈាមមានអ្វីខ្លះ? ប៉ុលបានសរសេរថា៖ «រីឯកិច្ចការខាងសាច់ឈាម នោះប្រាកដច្បាស់ហើយ គឺជាសេចក្ដីកំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សំអប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន កាប់សំឡាប់ ប្រមឹក ស៊ីផឹកជ្រុល នឹងការអ្វីទៀត ដែលស្រដៀងនឹងសេចក្ដីទាំងនេះផង ហើយខ្ញុំប្រាប់អ្នករាល់គ្នាទុកជាមុន ដូចជាបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះ ទុកជាមរដកឡើយ»។—កាឡាទី ៥:១៩-២៣
សូមកត់សម្គាល់ពាក្យចុងក្រោយនោះដែលថា«ការអ្វីទៀត ដែលស្រដៀងនឹងសេចក្ដីទាំងនេះផង»។ ប៉ុលមិនបានសរសេររៀបរាប់ឲ្យអស់ពីអំពើគ្រប់បែបយ៉ាងដែលចាត់ទុកជាកិច្ចការខាងសាច់ឈាមនោះទេ។ នេះមិនបានន័យថា យើងអាចវែកញែកថា«តាមបទគម្ពីរ ខ្ញុំមានសិទ្ធិធ្វើអ្វីក៏ដោយ ឲ្យតែមិនបានរៀបរាប់ក្នុងសំបុត្ររបស់ប៉ុលអំពីអ្វីដែលជាកិច្ចការខាងសាច់ឈាមនោះ»។ ផ្ទុយទៅវិញ អ្នកអានត្រូវតែប្រើសមត្ថភាពរិះគិតដើម្បីសម្គាល់អ្វីដែលប៉ុលមិនបានរៀបរាប់ ប៉ុន្តែនៅតែជាអ្វីដែល«ស្រដៀងនឹងសេចក្ដីទាំងនេះ»។ អ្នកណាដែលប្រព្រឹត្តអំពើដែលមិនបានរៀបរាប់ក្នុងកិច្ចការខាងសាច់ឈាម តែជាអំពើដែល«ស្រដៀងនឹងសេចក្ដីទាំងនេះ» ហើយធ្វើអំពើនោះដោយមិនប្រែចិត្ត អ្នកនោះនឹងមិនទទួលពរពីព្រះរាជាណាចក្ររបស់ព្រះឡើយ។
ដូច្នេះ យើងត្រូវចេះរិះគិតឬក៏វែកញែកឲ្យយល់ថា អ្វីដែលមិនផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ាមានអ្វីខ្លះ។ តើការរិះគិតគឺពិបាកទេ? ឧបមាថាគ្រូពេទ្យរបស់អ្នកជូនយោបល់ថា ត្រូវញ៉ាំផ្លែឈើនិងបន្លែឲ្យបានច្រើន ហើយត្រូវតមបង្អែម ការ៉េម និងរបស់ញ៉ាំណាដែលស្រដៀងបង្អែមនិងការ៉េម តើអ្នកពិបាកយល់ថានំគួរតែញ៉ាំឬក៏តម? ឥឡូវ សូមមើលម្ដងទៀតនូវផលផ្លែនៃវិញ្ញាណរបស់ព្រះនិងកិច្ចការខាងសាច់ឈាម។ តើស៊ីឌីដែលរៀបរាប់ខាងលើនេះចូលមួយណា? ស៊ីឌីនោះមិនទាក់ទងលក្ខណៈដូចជាសេចក្ដីស្រឡាញ់ ស្មោះត្រង់ ដឹងខ្នាត ឬគុណសម្បត្ដិឯទៀតដែលរៀបរាប់ក្នុងផលផ្លែនៃវិញ្ញាណរបស់ព្រះនោះទេ។ មនុស្សម្នាក់មិនចាំបាច់ត្រូវការច្បាប់ចំៗណាមួយដើម្បីរិះគិតយល់ថា ចំរៀងបែបនេះមិនសមស្របនឹងគំនិតរបស់ព្រះឡើយ។ គោលការណ៍ដដែលនេះក៏ត្រូវអនុវត្តក្នុងការជ្រើសរើសសៀវភៅអាន មើលកុន កម្មវិធីទូរទស្សន៍ ហ្គេមកុំព្យូទ័រ និងពត៌មានតាមអ៊ិនថឺណិតជាដើម។
អាការក្រៅសមរម្យ
ព្រះគម្ពីរក៏មានគោលការណ៍ដែលទាក់ទងនឹងរបៀបស្លៀកពាក់សំអិតសំអាងខ្លួនដែរ។ គោលការណ៍ទាំងនេះជួយណែនាំគ្រីស្ទានម្នាក់ៗដើម្បីគាត់អាចមានអាការក្រៅដ៏គាប់ភ្នែកនិងសមរម្យ។ ប៉ុន្តែ ក្នុងរឿងនេះដែរ អ្នកដែលស្រឡាញ់ព្រះយេហូវ៉ាឃើញថា នេះមិនមែនឱកាសធ្វើតាមតែអំពើចិត្តខ្លួនទេ តែជាឱកាសធ្វើអ្វីដែលបណ្ដាលឲ្យព្រះវរបិតានៅស្ថានសួគ៌មានព្រះទ័យរីករាយវិញ។ ដូចយើងបានរៀនហើយ ហេតុតែព្រះយេហូវ៉ាមិនបានឲ្យការណែនាំចំៗអំពីរឿងណាមួយ នេះមិនបានន័យថាទ្រង់អនុញ្ញាតឲ្យរាស្ត្រទ្រង់ធ្វើតាមតែអំពើចិត្តទេ។ ធម្មតាតែងតែមានម៉ូដខុសៗគ្នាតាមកន្លែង ហើយសូម្បីតែនៅកន្លែងតែមួយក៏ដោយ ម៉ូដដែលមនុស្សនិយមក៏មានការផ្លាស់ប្ដូរម្ដងម្កាលដែរ។ ក៏ប៉ុន្តែ ព្រះផ្គត់ផ្គង់គោលការណ៍បឋមៗមួយចំនួនដែលគួរណែនាំរាស្ត្រទ្រង់នៅគ្រប់ពេលគ្រប់គ្រា និងគ្រប់កន្លែងទាំងអស់។
ជាឧទាហរណ៍ ធីម៉ូថេទី១ ២:៩, ១០ចែងថា៖ «ឯពួកស្រីៗ នោះខ្ញុំក៏ចង់ឲ្យគេតែងខ្លួនតាមបែបគួរសម ឲ្យចេះអៀនខ្លួន ហើយដឹងប្រមាណខ្លួន មិនមែនជាអ្នកតែងខ្លួនដោយក្រងសក់ ឬពាក់មាស កែវមុក្ដាឬសំលៀកបំពាក់យ៉ាងថ្លៃពេកនោះឡើយ តែឲ្យសំណំនឹងពួកស្ត្រី ដែលរាប់ខ្លួនជាអ្នកកោតខ្លាចដល់ព្រះ គឺដោយការប្រព្រឹត្តល្អវិញ»។ ដូច្នេះ ស្ត្រីនិងបុរសគ្រីស្ទានគួរគប្បីគិតពិចារណាថា តើមនុស្សនៅតំបន់ខ្លួនគិតថាបុគ្គល«ដែលរាប់ខ្លួនជាអ្នកកោតខ្លាចដល់ព្រះ»នឹងមានអាការក្រៅបែបណាទៅ? ជាពិសេស ជាការសមរម្យណាស់ដែលគ្រីស្ទានម្នាក់ពិចារណាថា តើអាការក្រៅរបស់ខ្លួននឹងធ្វើឲ្យអ្នកឯទៀតគិតអ្វីខ្លះអំពីសារពីព្រះគម្ពីរដែលគាត់ផ្សាយនោះ? (កូរិនថូសទី២ ៦:៣) គ្រីស្ទានម្នាក់ដែលជាគំរូល្អនឹងមិនគិតខ្វល់ខ្វាយហួសហេតុពេកអំពីចំណង់ចំណូលចិត្តរបស់ខ្លួនឬក៏អាងសិទ្ធិរបស់ខ្លួនទេ តែផ្ទុយទៅវិញគាត់នឹងគិតខ្វល់ខ្វាយពីអាការក្រៅរបស់ខ្លួនមិនឲ្យជាហេតុនាំឲ្យអ្នកដទៃរង្កៀសចិត្តឬជំពប់ដួលឡើយ។—ម៉ាថាយ ១៨:៦; ភីលីព ១:១០
នៅពេលគ្រីស្ទានម្នាក់ឃើញថា អាការក្រៅណាមួយរបស់ខ្លួននាំឲ្យអ្នកដទៃរង្កៀសចិត្តឬក៏ជំពប់ដួលនោះ គាត់អាចយកតម្រាប់តាមសាវ័កប៉ុលដោយគិតពីភាពខាងវិញ្ញាណរបស់អ្នកឯទៀតមុនដែលគិតពីចំណង់ចំណូលចិត្តរបស់ខ្លួន។ ប៉ុលបានពោលថា៖ «ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ»។ (កូរិនថូសទី១ ១១:១) ហើយប៉ុលបានសរសេរអំពីព្រះយេស៊ូថា៖ «ដ្បិតព្រះគ្រីស្ទ ទ្រង់មិនបានបំពេញព្រះហឫទ័យទ្រង់ដែរ»។ ចំណុចដែលប៉ុលចង់ឲ្យគ្រីស្ទានទាំងឡាយទាញយកមកអនុវត្តគឺច្បាស់ហើយថា៖ «គួរតែឲ្យយើងរាល់គ្នាដែលមានកំឡាំង បានទ្រាំទ្រនឹងសេចក្ដីកំសោយរបស់ពួកអ្នកដែលគ្មានកំឡាំងវិញ ឥតបំពេញចិត្តខ្លួនយើងឡើយ ត្រូវឲ្យយើងទាំងអស់គ្នាបំពេញចិត្តអ្នកជិតខាងខ្លួន សំរាប់ជាសេចក្ដីល្អ ឲ្យបានស្អាងចិត្តឡើង»។—រ៉ូម ១៥:១-៣
ការបណ្ដុះបណ្ដាលសមត្ថភាពរិះគិត
តើយើងអាចបណ្ដុះបណ្ដាលសមត្ថភាពរិះគិតរបស់យើងយ៉ាងដូចម្ដេចដើម្បីដឹងនូវរបៀបដែលអាចពេញព្រះហឫទ័យរបស់ព្រះយេហូវ៉ា ទោះបីជាទ្រង់មិនបានឲ្យការណែនាំចំៗអំពីរឿងណាមួយក៏ដោយ? បើយើងអានព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ ហើយសិក្សាជាទៀងទាត់ និងរំពឹងគិតអំពីអ្វីដែលយើងបានអាន នោះយើងនឹងពង្រីកសមត្ថភាពរិះគិតរបស់យើង។ ការរីកចំរើនបែបនេះមិនកើតឡើងយ៉ាងលឿននោះទេ។ ដូចការធំឡើងរបស់កូនក្មេងកើតឡើងបន្ដិចម្ដងៗ នោះការរីកចំរើនខាងវិញ្ញាណគឺបន្ដិចម្ដងៗដែរ ហើយមិនមែនជាអ្វីដែលអាចមើលឃើញភ្លាមៗនោះទេ។ ដូច្នេះ យើងត្រូវតែអត់ធ្មត់ ហើយមិនគួរមួម៉ៅចិត្តបើមិនឃើញការរីកចំរើនភ្លាមៗនោះ។ ម្យ៉ាងវិញទៀត បើគ្រាន់តែឲ្យពេលជាច្រើនកន្លងទៅប៉ុណ្ណោះ នោះក៏មិនបណ្ដុះបណ្ដាលសមត្ថភាពរិះគិតរបស់យើងដែរ។ ក្នុងកំឡុងពេលនោះ យើងត្រូវពិចារណានូវព្រះបន្ទូលរបស់ព្រះជាទៀងទាត់ ដូចត្រូវរៀបរាប់ខាងលើនេះ ហើយយើងត្រូវប្រព្រឹត្តតាមបន្ទូលនោះក្នុងជីវិតយើងឲ្យអស់ពីសមត្ថភាព។—ហេព្រើរ ៥:១៤
យើងអាចនិយាយបានថា ច្បាប់របស់ព្រះអាចសឲ្យឃើញថា តើយើងចេះស្ដាប់បង្គាប់ឬក៏យ៉ាងណា? ហើយគោលការណ៍របស់ទ្រង់ក៏អាចសឲ្យឃើញថា តើយើងមានភាពខាងវិញ្ញាណនិងបំណងប្រាថ្នាផ្គាប់ព្រះហឫទ័យរបស់ទ្រង់ខ្លាំងប៉ុនណាទៅ? ពេលដែលយើងកំពុងតែរីកចំរើនខាងវិញ្ញាណ នោះយើងនឹងប្រមូលអារម្មណ៍កាន់តែខ្លាំងទៅលើការយកតម្រាប់តាមព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់។ យើងនឹងមានចិត្តរំភើបចង់ធ្វើការសម្រេចចិត្តដែលមានមូលដ្ឋានទៅលើគំនិតរបស់ព្រះយេហូវ៉ាដែលត្រូវបញ្ជាក់ឲ្យដឹងក្នុងបទគម្ពីរ។ នៅពេលដែលយើងធ្វើឲ្យព្រះវរបិតារបស់យើងនៅស្ថានសួគ៌មានព្រះហឫទ័យរីករាយចំពោះអ្វីៗទាំងអស់ដែលយើងធ្វើ នោះយើងនឹងឃើញថា អំណររបស់យើងក៏កើនឡើងផងដែរ។
[រូបភាពនៅទំព័រ៣២]
ម៉ូដសំលៀកបំពាក់តែងតែខុសៗគ្នាតាមកន្លែង ប៉ុន្តែគោលការណ៍ព្រះគម្ពីរគួរណែនាំយើង ពេលជ្រើសរើសម៉ូដសំលៀកបំពាក់