បងប្អូនប្រុសៗចូរសាបព្រោះដោយគិតពីសកម្មពលរបស់ព្រះ ហើយព្យាយាមឲ្យបានមុខងារក្នុងក្រុមជំនុំចុះ!
«អ្នកណាដែលសាបព្រោះដោយគិតពីសកម្មពលរបស់ព្រះ អ្នកនោះនឹងទទួលផលជាជីវិតដែលគ្មានទីបញ្ចប់»។ —កាឡ. ៦:៨
១, ២. តើបទគម្ពីរនៅម៉ាថាយ ៩:៣៧, ៣៨កំពុងសម្រេចយ៉ាងដូចម្ដេច? ហើយតើនេះនាំឲ្យមានសេចក្ដីត្រូវការអ្វីក្នុងក្រុមជំនុំ?
សព្វថ្ងៃនេះ អ្នកកំពុងឃើញព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ត្រដែលអ្នកនឹងចាំជារៀងរហូត! កិច្ចការដែលលោកយេស៊ូបានមានប្រសាសន៍ កំពុងរីកចម្រើនឡើងយ៉ាងឆាប់រហ័ស។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ផលដំណាំដែលត្រូវប្រមូលមានច្រើនមែន តែកម្មករមានតិចទេ។ ដូច្នេះ ចូរអង្វរសុំម្ចាស់នៃកិច្ចការប្រមូលផលដំណាំ ចាត់កម្មករថែមទៀតឲ្យចូលរួមកិច្ចការរបស់លោក»។ (ម៉ាថ. ៩:៣៧, ៣៨) ព្រះយេហូវ៉ាកំពុងធ្វើតាមការអង្វរសុំនេះតាមរបៀបដែលមិនធ្លាប់មានពីមុន។ ក្នុងអំឡុងឆ្នាំកិច្ចបម្រើ២០០៩ចំនួនក្រុមជំនុំនៃសាក្សីព្រះយេហូវ៉ានៅទូទាំងពិភពលោកបានកើនឡើង២.០៣១ក្រុមជំនុំ ហើយឥឡូវមានចំនួន១០៥.២៩៨ក្រុមជំនុំ។ ជារៀងរាល់ថ្ងៃ ជាមធ្យមមនុស្ស៧៥៧នាក់បានទទួលការជ្រមុជទឹក!
២ ការរីកចម្រើនដូចនេះតម្រូវឲ្យមានបងប្អូនប្រុសៗដែលមានលក្ខណៈគ្រប់គ្រាន់នាំមុខក្នុងការបង្រៀននិងធ្វើជាគង្វាលក្នុងក្រុមជំនុំ។ (អេភ. ៤:១១) ជាច្រើនទសវត្សរ៍មកហើយ ព្រះយេហូវ៉ាបានបង្កើតឲ្យមានពួកបុរសដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីថែរក្សាចៀមរបស់លោក ហើយយើងមានទំនុកចិត្តថាលោកនឹងបន្តធ្វើដូច្នោះ។ ទំនាយដែលបានត្រូវកត់ទុកនៅសៀវភៅមីកា ៥:៤ធានាយើងថា ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ រាស្ត្ររបស់ព្រះយេហូវ៉ានឹងមាន«ពួកអ្នកគង្វាល៧នាក់» និង«ពួកជាប្រធាន៨នាក់» ដែលតំណាងបុរសមួយចំនួនដែលមានសមត្ថភាពនាំមុខក្នុងចំណោមពួកគេ។
៣. តើការ«សាបព្រោះដោយគិតពីសកម្មពលរបស់ព្រះ»មានន័យយ៉ាងណា? សូមពន្យល់។
៣ បើអ្នកជាបុរសដែលបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ារួចហើយ តើអ្វីអាចជួយអ្នកឲ្យចង់ទទួលឯកសិទ្ធិក្នុងកិច្ចបម្រើ? កត្ដាសំខាន់គឺ អ្នកត្រូវ«សាបព្រោះដោយគិតពីសកម្មពលរបស់ព្រះ»។ (កាឡ. ៦:៨) នេះរួមបញ្ចូលរបៀបរស់នៅដែលអនុញ្ញាតឲ្យសកម្មពលបរិសុទ្ធរបស់ព្រះមានឥទ្ធិពលទៅលើអ្នក។ ចូរតាំងចិត្តមិន«សាបព្រោះដោយគិតពីសេចក្ដីប៉ងប្រាថ្នានៃរូបកាយ»។ ចូរកុំឲ្យអ្វីៗបែបនេះដូចជាការចង់បានភាពសុខស្រួល ការលម្ហែកាយនិងការកម្សាន្តធ្វើឲ្យអ្នកមិនសូវចង់បម្រើព្រះអស់ពីសមត្ថភាព។ គ្រិស្តសាសនិកទាំងអស់គួរ«សាបព្រោះដោយគិតពីសកម្មពលរបស់ព្រះ» ហើយមិនយូរមិនឆាប់ បុរសដែលធ្វើដូច្នេះប្រហែលជាមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិផ្សេងៗក្នុងក្រុមជំនុំ។ ដោយសារសព្វថ្ងៃនេះមានសេចក្ដីត្រូវការយ៉ាងខ្លាំងនូវជំនួយការខាងកិច្ចបម្រើនិងអ្នកចាស់ទុំ អត្ថបទនេះបានត្រូវរៀបចំសម្រាប់ពួកបុរសគ្រិស្តសាសនិក។ ហេតុនេះ យើងដាស់តឿនបងប្អូនប្រុសៗឲ្យអធិដ្ឋានហើយពិចារណាអំពីអត្ថបទនេះ។
ព្យាយាមឲ្យបានកិច្ចការដ៏ល្អប្រសើរ
៤, ៥. (ក) តើបុរសដែលបានទទួលការជ្រមុជទឹកហើយ បានត្រូវដាស់តឿនឲ្យព្យាយាមឲ្យបានឯកសិទ្ធិអ្វីក្នុងក្រុមជំនុំ? (ខ) តើបុរសអាចព្យាយាមឲ្យបានឯកសិទ្ធិយ៉ាងដូចម្ដេច?
៤ បុរសគ្រិស្តសាសនិកម្នាក់មិនក្លាយជាអ្នកត្រួតពិនិត្យដោយស្វ័យប្រវត្តឡើយ។ គាត់ត្រូវព្យាយាមឲ្យបាន«កិច្ចការដ៏ល្អប្រសើរ»។ (១ធី. ៣:១) នេះរួមបញ្ចូលបម្រើបងប្អូនរួមជំនឿដោយយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់ពួកគាត់យ៉ាងស្មោះត្រង់។ (សូមអាន អេសាយ ៣២:១, ២) បុរសដែលព្យាយាមឲ្យបានឯកសិទ្ធិដោយបំណងចិត្តត្រឹមត្រូវមិនមានមហិច្ឆតាឡើយ។ ផ្ទុយទៅវិញ គាត់តែងតែគិតពីប្រយោជន៍របស់អ្នកឯទៀតជាជាងគិតពីប្រយោជន៍ផ្ទាល់ខ្លួន។
៥ បុរសម្នាក់ព្យាយាមបម្រើជាជំនួយការខាងកិច្ចបម្រើ ហើយព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ ដោយខំបណ្ដុះឲ្យមានលក្ខណៈគ្រប់គ្រាន់ដែលបានត្រូវកត់ទុកក្នុងបទគម្ពីរ។ (១ធី. ៣:១-១០, ១២, ១៣; ទីត. ១:៥-៩) បើអ្នកជាបុរសដែលបានប្រគល់ខ្លួនជូនព្រះហើយ សូមដណ្ដឹងសួរខ្លួនអ្នកថា ‹តើខ្ញុំចូលរួមយ៉ាងពេញលេញក្នុងកិច្ចផ្សព្វផ្សាយ ហើយកំពុងជួយអ្នកឯទៀតឲ្យធ្វើដូច្នោះឬទេ? តើខ្ញុំកំពុងពង្រឹងកម្លាំងចិត្តបងប្អូនរួមជំនឿដោយយកចិត្តទុកដាក់យ៉ាងស្មោះចំពោះសុខុមាលភាពរបស់ពួកគាត់ឬ? តើខ្ញុំមានឈ្មោះថាជាអ្នកឧស្សាហ៍សិក្សាបណ្ដាំរបស់ព្រះឬទេ? តើខ្ញុំកំពុងធ្វើឲ្យចម្លើយរបស់ខ្ញុំនៅឯកិច្ចប្រជុំកាន់តែប្រសើរឡើងឬ? ពេលអ្នកចាស់ទុំប្រគល់ភារកិច្ចឲ្យខ្ញុំ តើខ្ញុំខំធ្វើដោយយកចិត្តទុកដាក់ឬទេ?›។ (២ធី. ៤:៥) គប្បីឲ្យអ្នកពិចារណាអំពីសំណួរទាំងនោះឲ្យបានដិតដល់។
៦. តើអ្វីជាកត្ដាសំខាន់ដែលជួយឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចក្នុងក្រុមជំនុំ?
៦ វិធីមួយទៀតដែលជួយឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចក្នុងក្រុមជំនុំគឺ«ឲ្យអ្នករាល់គ្នាមានកម្លាំងចិត្តខ្លាំងក្លា តាមរយៈសកម្មពលរបស់[ព្រះ]»។ (អេភ. ៣:១៦) គ្មានការបោះឆ្នោតជ្រើសរើសបុរសក្នុងក្រុមជំនុំឲ្យក្លាយជាជំនួយការខាងកិច្ចបម្រើឬអ្នកចាស់ទុំទេ។ អ្នកអាចទទួលឯកសិទ្ធិនេះ លុះត្រាតែអ្នកមានជំនឿនក្នុងសេចក្ដីពិត។ តើអ្នកអាចមានជំនឿនក្នុងសេចក្ដីពិតតាមវិធីណា? វិធីមួយគឺឲ្យ«សកម្មពលរបស់ព្រះបន្តដឹកនាំអ្នក» ហើយបណ្ដុះឲ្យមានផលដែលបង្កើតដោយសកម្មពលនោះ។ (កាឡ. ៥:១៦, ២២, ២៣) កាលដែលអ្នកបង្ហាញឲ្យឃើញថាអ្នកមានគុណសម្បត្ដិដែលបានកត់ទុកក្នុងគម្ពីរដើម្បីបំពេញភារកិច្ចបន្ថែម ហើយកាលដែលអ្នកអនុវត្តតាមដំបូន្មានស្តីអំពីរបៀបដែលអ្នកអាចធ្វើឲ្យបានប្រសើរជាងក្នុងការគោរពប្រណិប័តន៍ព្រះ នោះ‹មនុស្សទាំងអស់នឹងឃើញថាអ្នកមានជំនឿន›។—១ធី. ៤:១៥
ត្រូវមានស្មារតីលះបង់ប្រយោជន៍ខ្លួន
៧. តើការបម្រើអ្នកឯទៀតរួមបញ្ចូលអ្វី?
៧ ការបម្រើអ្នកឯទៀតរួមបញ្ចូលការខំប្រឹងយ៉ាងខ្លាំង និងតម្រូវឲ្យមានស្មារតីលះបង់ប្រយោជន៍ខ្លួន។ ដោយសារពួកអ្នកត្រួតពិនិត្យគ្រិស្តសាសនិកបម្រើជាគង្វាលក្នុងន័យធៀប ពួកគាត់យកចិត្តទុកដាក់យ៉ាងខ្លាំងអំពីបញ្ហាដែលហ្វូងចៀមជួបប្រទះ។ សូមកត់សម្គាល់របៀបដែលភារកិច្ចជាគង្វាលមានឥទ្ធិពលលើប៉ូល។ គាត់បានប្រាប់បងប្អូនរួមជំនឿក្នុងក្រុងកូរិនថូសថា៖ «ខ្ញុំបានសរសេរមកកាន់អ្នករាល់គ្នាដោយមានសេចក្ដីវេទនានិងកើតទុក្ខយ៉ាងខ្លាំងក្នុងចិត្ត ថែមទាំងស្រក់ទឹកភ្នែកទៀតផង មិនមែនដើម្បីធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តឡើយ តែដើម្បីឲ្យអ្នករាល់គ្នាដឹងអំពីសេចក្ដីស្រឡាញ់ដែលខ្ញុំមាន ជាពិសេសចំពោះអ្នករាល់គ្នា»។ (២កូ. ២:៤) គឺច្បាស់ណាស់ ប៉ូលបានបម្រើបងប្អូនអស់ពីកម្លាំងចិត្តកម្លាំងកាយ។
៨, ៩. សូមលើកឧទាហរណ៍មួយក្នុងគម្ពីរដែលបង្ហាញថាបុរសផ្សេងៗបានយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់អ្នកឯទៀត។
៨ ស្មារតីលះបង់ប្រយោជន៍ខ្លួនជាលក្ខណៈសម្គាល់របស់បុរសដែលបានខំប្រឹងប្រែងដើម្បីជាប្រយោជន៍ដល់អ្នកបម្រើរបស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ ណូអេពិតជាមិនបានប្រាប់សមាជិកក្រុមគ្រួសារគាត់ថា៖ ‹សូមប្រាប់ខ្ញុំកាលណាសង់ទូកហើយ ខ្ញុំនឹងចូលក្នុងទូកជាមួយដែរ›។ ម៉ូសេមិនបានប្រាប់បណ្ដាជនអ៊ីស្រាអែលនៅស្រុកអេស៊ីបថា៖ ‹ចាំជួបគ្នានៅសមុទ្រក្រហម ធ្វើយ៉ាងណាក៏បានឲ្យតែទៅដល់ទីនោះ›។ យ៉ូស្វេមិនដែលនិយាយថា៖ ‹សូមប្រាប់ខ្ញុំឲ្យដឹងផងកាលណាកំពែងក្រុងយេរីខូរលំ›។ ហើយអេសាយមិនបានចង្អុលទៅនរណាម្នាក់ទៀតថា៖ ‹គាត់នៅនេះហើយ! សូមចាត់គាត់ទៅ›។—អេ. ៦:៨
៩ បុរសដែលជាគំរូដ៏ប្រសើរបំផុតសម្រាប់យើង ដែលបានឲ្យសកម្មពលព្រះជំរុញទឹកចិត្តលោកគឺលោកយេស៊ូគ្រិស្ត។ លោកបានទទួលយកដោយស្ម័គ្រចិត្តនូវភារកិច្ចដើម្បីបម្រើជាអ្នកលោះមនុស្សជាតិ។ (យ៉ូន. ៣:១៦) សេចក្ដីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ខ្លួនរបស់លោកយេស៊ូគួរជំរុញចិត្តយើងឲ្យលះបង់ប្រយោជន៍យើងដែរ មែនទេ? អ្នកចាស់ទុំម្នាក់ដែលបានបម្រើជាយូរយារមកហើយបានរៀបរាប់អំពីអារម្មណ៍របស់គាត់ចំពោះហ្វូងចៀម ដោយពោលថា៖ «ពាក្យរបស់លោកយេស៊ូទៅកាន់ពេត្រុសដែលថា‹ចូរឃ្វាលចៀមតូចៗរបស់ខ្ញុំ› បានជំរុញចិត្តខ្ញុំយ៉ាងខ្លាំង។ អស់ច្រើនឆ្នាំមកហើយ ខ្ញុំបានដឹងថាពាក្យសម្ដីពីរបីម៉ាត់ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ឬការធ្វើអ្វីមួយបន្ដិចបន្តួចដោយសប្បុរស អាចលើកទឹកចិត្តបងប្អូនរួមជំនឿ។ ការឃ្វាលចៀមជាកិច្ចការដែលខ្ញុំចូលចិត្តណាស់»។—យ៉ូន. ២១:១៦
១០. តើអ្វីអាចជំរុញទឹកចិត្តបុរសគ្រិស្តសាសនិកឲ្យយកតម្រាប់តាមលោកយេស៊ូស្តីអំពីការបម្រើអ្នកឯទៀត?
១០ ស្តីអំពីហ្វូងចៀមរបស់ព្រះ បុរសក្នុងក្រុមជំនុំដែលបានប្រគល់ខ្លួនជូនព្រះពិតជាចង់បង្ហាញចិត្តគំនិតដូចលោកយេស៊ូដែលបានមានប្រសាសន៍ថា៖ «ខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ»។ (ម៉ាថ. ១១:២៨) ដោយសារបុរសដែលជាគ្រិស្តសាសនិកមានជំនឿលើព្រះ ហើយមានសេចក្ដីស្រឡាញ់ចំពោះបងប្អូនក្នុងក្រុមជំនុំ នេះជំរុញពួកគាត់ឲ្យព្យាយាមឲ្យបានកិច្ចការដ៏ប្រសើរនេះ ដោយមិនគិតថាការធ្វើដូច្នេះជាការលះបង់ច្រើនពេក ឬថាជាការទាមទារកម្លាំងកាយចិត្ត ថែមទាំងពេលវេលាច្រើនពេកឡើយ។ ចុះយ៉ាងណាបើបុរសម្នាក់មិនមានចិត្តចង់ព្យាយាមឲ្យបានមុខងារក្នុងក្រុមជំនុំ? តើតាមរបៀបណាដែលគាត់អាចបណ្ដុះឲ្យមានសេចក្ដីប៉ងប្រាថ្នាចង់បម្រើក្រុមជំនុំ?
បណ្ដុះឲ្យមានចិត្តចង់បម្រើអ្នកឯទៀត
១១. តើបុរសម្នាក់អាចបណ្ដុះឲ្យមានសេចក្ដីប៉ងប្រាថ្នាចង់បម្រើអ្នកឯទៀតយ៉ាងដូចម្ដេច?
១១ ប្រសិនបើអ្នកមិនបានព្យាយាមឲ្យបានមុខងារក្នុងក្រុមជំនុំដោយសារអ្នកមានអារម្មណ៍ថាអ្នកមិនមានលក្ខណៈគ្រប់គ្រាន់ នោះគឺសមរម្យឲ្យអ្នកអធិដ្ឋានសុំសកម្មពលបរិសុទ្ធរបស់ព្រះ។ (លូក. ១១:១៣) សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ានឹងជួយអ្នកឲ្យតស៊ូនឹងកង្វល់ណាមួយដែលអ្នកប្រហែលជាមានស្តីអំពីរឿងនេះ។ សេចក្ដីប៉ងប្រាថ្នាចង់បម្រើអ្នកឯទៀតគឺមកពីព្រះ ពីព្រោះគឺសកម្មពលរបស់ព្រះយេហូវ៉ាដែលជំរុញទឹកចិត្តបងប្រុសម្នាក់ឲ្យព្យាយាមឲ្យបានមុខងារក្នុងក្រុមជំនុំ ហើយផ្ដល់កម្លាំងដល់គាត់ដើម្បីគាត់អាចបំពេញកិច្ចបម្រើពិសិដ្ឋ។ (ភី. ២:១៣; ៤:១៣) ហេតុនេះ ជាការល្អឲ្យអ្នកសុំព្រះយេហូវ៉ាជួយអ្នកបណ្ដុះឲ្យមានចិត្តចង់ទទួលឯកសិទ្ធិផ្សេងៗក្នុងក្រុមជំនុំ។—សូមអាន ទំនុកតម្កើង ២៥:៤, ៥
១២. តើបុគ្គលម្នាក់អាចទទួលបានប្រាជ្ញាគ្រប់គ្រាន់យ៉ាងដូចម្ដេចដើម្បីបំពេញភារកិច្ចដែលបានប្រគល់ឲ្យគាត់?
១២ បុរសគ្រិស្តសាសនិកម្នាក់ប្រហែលសម្រេចចិត្តមិនព្យាយាមឲ្យបានមុខងារក្នុងក្រុមជំនុំដោយសារគាត់ឃើញថា សេចក្ដីត្រូវការរបស់បងប្អូនក្នុងក្រុមជំនុំមើលទៅស្មុគស្មាញ ហើយទាមទារកម្លាំងកាយចិត្តច្រើនពេកពីគាត់។ ឬក៏គាត់ប្រហែលជាមានអារម្មណ៍ថាគាត់មិនមានប្រាជ្ញាគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចផ្សេងៗ។ បើដូច្នេះមែន គាត់អាចទទួលប្រាជ្ញាដោយឧស្សាហ៍សិក្សាជាងមុននូវបណ្ដាំរបស់ព្រះនិងសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ។ គាត់ប្រហែលជាសួរខ្លួនគាត់ថា‹តើខ្ញុំទុកពេលវេលាដើម្បីសិក្សាបណ្ដាំរបស់ព្រះ ហើយខ្ញុំកំពុងអធិដ្ឋានសុំឲ្យមានប្រាជ្ញាឬទេ?›។ យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូបានសរសេរថា៖ «ប្រសិនបើក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាម្នាក់ខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះសុំព្រះម្ដងហើយម្ដងទៀតចុះ ព្រោះលោកឲ្យដោយចិត្តទូលាយដល់មនុស្សទាំងអស់ ហើយលោកមិនស្តីបន្ទោសឡើយ។ ធ្វើដូច្នេះ អ្នកនោះនឹងទទួលប្រាជ្ញាមែន»។ (យ៉ា. ១:៥) តើអ្នកគិតថាពាក្យនេះដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះជាពាក្យពិតឬទេ? ព្រះបានធ្វើតាមសេចក្ដីអធិដ្ឋានរបស់សាឡូម៉ូន ដោយឲ្យគាត់មាន«ចិត្តប្រកបដោយប្រាជ្ញានិងយោបល់»ដើម្បីគាត់អាចដឹងអ្វីដែលល្អនិងអ្វីដែលអាក្រក់ ពេលគាត់វិនិច្ឆ័យសេចក្ដី។ (១ព. ៣:៧-១៤) ពិតមែន ករណីរបស់សាឡូម៉ូនគឺជាករណីពិសេស។ ក៏ប៉ុន្តែ យើងអាចមានទំនុកចិត្តថាព្រះនឹងផ្ដល់ប្រាជ្ញាឲ្យពួកបុរសដែលបានទទួលភារកិច្ចក្នុងក្រុមជំនុំដើម្បីគាត់អាចថែរក្សាចៀមឲ្យបានត្រឹមត្រូវ។—សុភ. ២:៦
១៣, ១៤. (ក) សូមពន្យល់ថាតើ«សេចក្ដីស្រឡាញ់របស់គ្រិស្ត»មានឥទ្ធិពលយ៉ាងណាទៅលើប៉ូល? (ខ) តើ«សេចក្ដីស្រឡាញ់របស់គ្រិស្ត»គួរមានឥទ្ធិពលយ៉ាងដូចម្ដេចមកលើយើង?
១៣ អ្វីមួយទៀតដែលជួយបណ្ដុះឲ្យមានចិត្តចង់បម្រើអ្នកឯទៀតគឺដោយគិតឲ្យបានជ្រៅជ្រះអំពីអ្វីដែលព្រះយេហូវ៉ានិងបុត្ររបស់លោកបានធ្វើដើម្បីយើង។ ជាឧទាហរណ៍ សូមពិចារណាបទគម្ពីរនៅកូរិនថូសទី២ ៥:១៤, ១៥។ (សូមអាន) តើ«សេចក្ដីស្រឡាញ់ដែលគ្រិស្តមាន ជំរុញចិត្តយើង»យ៉ាងណា? លោកយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់ដ៏អស្ចារ្យដោយសារលោកបានលះបង់ជីវិតជាប្រយោជន៍ដល់យើងស្របតាមបំណងប្រាថ្នារបស់ព្រះ ហើយកាលណាយើងមានការយល់ដឹងនិងមានចិត្តដឹងគុណកាន់តែខ្លាំងឡើងចំពោះសេចក្ដីស្រឡាញ់នេះ នោះចិត្តយើងបានត្រូវជំរុញយ៉ាងខ្លាំង។ ប៉ូលបានឲ្យសេចក្ដីស្រឡាញ់របស់គ្រិស្តមានឥទ្ធិពលលើការប្រព្រឹត្តរបស់គាត់។ សេចក្ដីស្រឡាញ់នេះបានទប់គាត់មិនឲ្យប្រព្រឹត្តដោយគិតពីប្រយោជន៍ផ្ទាល់ខ្លួន ហើយបានជួយគាត់ឲ្យចាត់ទុកការបម្រើព្រះនិងបម្រើបងប្អូនក្នុងនិងក្រៅក្រុមជំនុំជាគោលដៅចម្បងរបស់គាត់។
១៤ ការសញ្ជឹងគិតអំពីសេចក្ដីស្រឡាញ់របស់គ្រិស្តចំពោះមនុស្សជាតិ នាំឲ្យយើងមានកតញ្ញុតាធម៌។ ជាលទ្ធផល យើងទទួលស្គាល់ថាគឺមិនសមត្រឹមត្រូវទេឲ្យយើងបន្ត«សាបព្រោះដោយគិតពីសេចក្ដីប៉ងប្រាថ្នានៃរូបកាយ»ដោយខំប្រឹងសម្រេចគោលដៅដែលបម្រើប្រយោជន៍ផ្ទាល់ខ្លួន ហើយដោយរស់នៅដើម្បីបំពេញសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ យើងកែប្រែរបៀបរស់នៅរបស់យើងដើម្បីឲ្យកិច្ចការដែលព្រះប្រគល់ឲ្យយើងជាកិច្ចការដែលសំខាន់បំផុត។ យើងបានត្រូវជំរុញចិត្តឲ្យ«បម្រើ»បងប្អូនយើងដោយសេចក្ដីស្រឡាញ់។ (សូមអាន កាឡាទី ៥:១៣) បើយើងមានទស្សនៈថាយើងជាខ្ញុំបម្រើដែលធ្វើការដោយចិត្តរាបទាបជាប្រយោជន៍ដល់អ្នកបម្រើព្រះយេហូវ៉ាដែលបានប្រគល់ខ្លួនជូនលោក នោះយើងនឹងប្រព្រឹត្តចំពោះពួកគាត់ដោយសេចក្ដីថ្លៃថ្នូរនិងការគោរព។ ច្បាស់ណាស់ យើងនឹងមិនយកតម្រាប់តាមគំនិតដែលចូលចិត្តរិះគន់ និងវិនិច្ឆ័យដែលជំរុញដោយសាថានឡើយ។—បប. ១២:១០
ការគាំទ្រពីគ្រួសារ
១៥, ១៦. ដើម្បីឲ្យបងប្អូនប្រុសមានលក្ខណៈគ្រប់គ្រាន់ធ្វើជាជំនួយការខាងកិច្ចបម្រើឬអ្នកចាស់ទុំ តើសមាជិកគ្រួសារមានតួនាទីអ្វី?
១៥ បើបងប្អូនប្រុសម្នាក់ជាបុរសដែលបានរៀបការ ហើយមានកូន នោះស្ថានភាពក្នុងគ្រួសាររបស់គាត់នឹងត្រូវយកមកពិចារណា ដើម្បីដឹងថាគាត់មានឬមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីបម្រើជាជំនួយការខាងកិច្ចបម្រើឬអ្នកចាស់ទុំ។ ពិតមែន ចំណេះដឹងរបស់គាត់អំពីទស្សនៈរបស់ព្រះក្នុងរឿងផ្សេងៗនិងកេរ្ដិ៍ឈ្មោះនៃគ្រួសារគាត់មានឥទ្ធិពលខ្លាំងទៅលើការតែងតាំងគាត់។ នេះដៅបញ្ជាក់អំពីសារៈសំខាន់នៃតួនាទីរបស់គ្រួសារក្នុងការគាំទ្រប្ដីនិងឪពុក កាលដែលគាត់ចង់បម្រើផលប្រយោជន៍ក្រុមជំនុំ ជាជំនួយការខាងកិច្ចបម្រើឬអ្នកចាស់ទុំ។—សូមអាន ធីម៉ូថេទី១ ៣:៤, ៥, ១២
១៦ ព្រះយេហូវ៉ាពេញចិត្តពេលសមាជិកគ្រួសារគ្រិស្តសាសនិកសហការគ្នា។ (អេភ. ៣:១៤, ១៥) មេគ្រួសារត្រូវមានតុល្យភាពដើម្បីបំពេញភារកិច្ចក្នុងក្រុមជំនុំ ហើយដឹកនាំពួកអ្នកផ្ទះរបស់ខ្លួន«យ៉ាងល្អប្រសើរ»។ ដូច្នេះ ជាការសំខាន់ចាំបាច់ឲ្យអ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើសិក្សាគម្ពីរជាមួយប្រពន្ធនិងកូនរបស់គាត់ដើម្បីឲ្យទាំងអស់គ្នាទទួលប្រយោជន៍ពីការគោរពប្រណិប័តន៍ជាគ្រួសាររៀងរាល់សប្ដាហ៍។ គប្បីឲ្យគាត់ផ្សព្វផ្សាយជាមួយពួកគេយ៉ាងទៀងទាត់។ ដូចគ្នាដែរ គឺសំខាន់ឲ្យសមាជិកគ្រួសារសហការគ្នាជាមួយមេគ្រួសារពេលគាត់ខំព្យាយាមដឹកនាំពួកគេ។
តើអ្នកនឹងបម្រើជាអ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើម្ដងទៀតឬទេ?
១៧, ១៨. (ក) បើបងប្អូនប្រុសណាម្នាក់លែងបម្រើជាអ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើ តើគាត់ប្រហែលជាត្រូវការធ្វើអ្វី? (ខ) តើបងប្អូនប្រុសដែលធ្លាប់បម្រើជាអ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើ គួរមានទស្សនៈយ៉ាងណា?
១៧ ប្រហែលពីមុនអ្នកធ្លាប់បម្រើជាអ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើ។ អ្នកស្រឡាញ់ព្រះយេហូវ៉ា ហើយអ្នកក៏អាចប្រាកដថាលោកនៅតែគិតអំពីអ្នកដែរ។ (១ពេ. ៥:៦, ៧) តើពួកអ្នកចាស់ទុំបានប្រាប់អ្នកថាអ្នកត្រូវកែប្រែលក្ខណៈខ្លះៗឬទេ? សូមទទួលស្គាល់កំហុសដោយស្ម័គ្រចិត្ត ហើយព្យាយាមកែប្រែដោយមានជំនួយពីព្រះ។ សូមកុំអន់ចិត្តឡើយ តែចូរបង្ហាញប្រាជ្ញា ហើយមានសុទិដ្ឋិនិយមវិញ។ បងប្រុសម្នាក់ដែលធ្លាប់បម្រើជាអ្នកចាស់ទុំអស់រយៈពេលច្រើនឆ្នាំ តែបានបាត់បង់ឯកសិទ្ធិនោះបានពោលថា៖ «ខ្ញុំបានតាំងចិត្តទៅប្រជុំ ផ្សព្វផ្សាយ និងអានគម្ពីរដូចខ្ញុំធ្លាប់ធ្វើពេលខ្ញុំនៅបម្រើជាអ្នកចាស់ទុំ ហើយនេះជាគោលដៅមួយដែលខ្ញុំបានសម្រេច។ ខ្ញុំបានរៀនឲ្យមានចិត្តអត់ធ្មត់ដោយសារខ្ញុំបានគិតថាខ្ញុំនឹងមានឯកសិទ្ធិនោះវិញតែក្នុងមួយឆ្នាំឬពីរឆ្នាំប៉ុណ្ណោះ ប៉ុន្តែជិត៧ឆ្នាំបានកន្លងផុតទៅ មុនខ្ញុំទទួលឯកសិទ្ធិបម្រើជាអ្នកចាស់ទុំម្ដងទៀត។ ក្នុងអំឡុងពេលនោះ ខ្ញុំបានទទួលការលើកទឹកចិត្តឲ្យនៅតែព្យាយាមឲ្យបានមុខងារក្នុងក្រុមជំនុំ ជាជាងរសាយចិត្ត នេះពិតជាជួយខ្ញុំច្រើនណាស់»។
១៨ បើអ្នកមានស្ថានភាពដូចបងប្រុសខាងលើនេះ សូមកុំធ្លាក់ទឹកចិត្ត។ សូមសញ្ជឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាកំពុងឲ្យពរដល់កិច្ចបម្រើផ្សាយរបស់អ្នកនិងក្រុមគ្រួសាររបស់អ្នក។ សូមពង្រឹងក្រុមគ្រួសាររបស់អ្នកក្នុងការគោរពប្រណិប័តន៍ព្រះ ទៅលេងបងប្អូនដែលឈឺ ហើយលើកទឹកចិត្តបងប្អូនដែលខ្សោយ។ សំខាន់បំផុត សូមឲ្យតម្លៃចំពោះឯកសិទ្ធិធ្វើជាសាក្សីព្រះយេហូវ៉ាដើម្បីសរសើរតម្កើងព្រះ និងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់លោក។—ទំនុក. ១៤៥:១, ២; អេ. ៤៣:១០-១២
ចូរពិចារណាអំពីស្ថានភាពរបស់ខ្លួនឡើងវិញ
១៩, ២០. (ក) តើបងប្អូនប្រុសៗទាំងអស់ដែលបានទទួលការជ្រមុជទឹកហើយ បានត្រូវដាស់តឿនឲ្យធ្វើអ្វី? (ខ) តើអត្ថបទបន្ទាប់នឹងពិភាក្សាអំពីអ្វី?
១៩ សព្វថ្ងៃនេះ មានសេចក្ដីត្រូវការខ្លាំងជាងពេលណាៗទាំងអស់នូវអ្នកត្រួតពិនិត្យនិងជំនួយការខាងកិច្ចបម្រើ។ ហេតុនេះ យើងដាស់តឿនបងប្អូនប្រុសៗទាំងអស់ដែលបានទទួលការជ្រមុជទឹកហើយ ឲ្យពិចារណាអំពីស្ថានភាពរបស់ខ្លួនឡើងវិញ ហើយសួរខ្លួនថា‹តើមានមូលហេតុអ្វីខ្ញុំមិនបម្រើជាជំនួយការខាងកិច្ចបម្រើឬអ្នកចាស់ទុំ?›។ សូមឲ្យសកម្មពលព្រះជួយអ្នកឲ្យមានទស្សនៈត្រឹមត្រូវអំពីរឿងដ៏សំខាន់ចាំបាច់នេះ។
២០ ពេលបងប្អូនរួមជំនឿខំប្រឹងបម្រើព្រះដោយលះបង់ប្រយោជន៍ខ្លួន នោះសមាជិកទាំងអស់ក្នុងក្រុមជំនុំនឹងទទួលប្រយោជន៍។ កាលណាយើងប្រព្រឹត្តដោយសប្បុរសនិងដោយមិនគិតពីប្រយោជន៍ខ្លួន យើងមានអំណរដែលមកពីការបម្រើអ្នកឯទៀត និងពីការសាបព្រោះដោយគិតពីសកម្មពលរបស់ព្រះ។ ក៏ប៉ុន្តែ យើងមិនត្រូវធ្វើឲ្យសកម្មពលបរិសុទ្ធរបស់ព្រះកើតទុក្ខឡើយ ដូចអត្ថបទបន្ទាប់នឹងបង្ហាញយើង។ តើយើងត្រូវធ្វើអ្វីដើម្បីកុំឲ្យសកម្មពលបរិសុទ្ធរបស់ព្រះកើតទុក្ខ?
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើទំនាយនៅមីកា ៥:៤ធានាយើងអំពីអ្វី?
• តើស្មារតីលះបង់ប្រយោជន៍ខ្លួនរួមបញ្ចូលអ្វីខ្លះ? សូមពន្យល់។
• តើតាមរបៀបណាដែលយើងអាចបណ្ដុះឲ្យមានចិត្តចង់បម្រើអ្នកឯទៀត?
• បើបងប្រុសម្នាក់ចង់មានលក្ខណៈគ្រប់គ្រាន់ដើម្បីបម្រើជាជំនួយការខាងកិច្ចបម្រើឬអ្នកចាស់ទុំ តើការសហការរបស់គ្រួសារគាត់មានសារៈសំខាន់យ៉ាងណា?
[រូបភាពនៅទំព័រ២៥]
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីព្យាយាមឲ្យបានមុខងារក្នុងក្រុមជំនុំ?