អត្ថបទសិក្សា ៤០
«ចូររក្សាការពារអ្វីដែលបានត្រូវផ្ញើទុកនឹងអ្នក»
«ធីម៉ូថេអើយ ចូររក្សាការពារអ្វីដែលបានត្រូវផ្ញើទុកនឹងអ្នក»។—១ធី. ៦:២០
ចម្រៀងលេខ២៩ ការប្រព្រឹត្តស្របតាមឈ្មោះរបស់យើង
សេចក្ដីសង្ខេបa
១-២. យោងទៅតាមធីម៉ូថេទី១ ៦:២០ តើធីម៉ូថេបានទទួលអ្វី?
យើងច្រើនតែផ្ញើទុករបស់ដែលមានតម្លៃនៅនឹងអ្នកឯទៀតឲ្យថែរក្សា។ ជាឧទាហរណ៍ យើងប្រហែលជាទុកលុយក្នុងធនាគារ។ យើងចង់ឲ្យលុយរបស់យើងនៅកន្លែងដែលមានសុវត្ថិភាព មិនបាត់ ឬមិនត្រូវគេលួចឡើយ។
២ សូមអាន ធីម៉ូថេទី១ ៦:២០។ សាវ័កប៉ូលបានរំលឹកធីម៉ូថេថា គាត់បានទទួលអ្វីដ៏មានតម្លៃ ពោលគឺចំណេះត្រឹមត្រូវអំពីគោលបំណងរបស់ព្រះសម្រាប់មនុស្សជាតិ។ ធីម៉ូថេក៏បានទទួលឯកសិទ្ធិ«ប្រកាសបណ្ដាំរបស់ព្រះ» និង«បំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ»។ (២ធី. ៤:២, ៥) ប៉ូលបានលើកទឹកចិត្តធីម៉ូថេឲ្យរក្សាការពារអ្វីដែលបានត្រូវផ្ញើទុកនឹងគាត់។ ដូចធីម៉ូថេ យើងបានទទួលអ្វីដ៏មានតម្លៃ។ តើនោះជាអ្វី? ហេតុអ្វីយើងត្រូវរក្សាការពាររបស់មានតម្លៃដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយើង?
សេចក្ដីពិតដ៏មានតម្លៃបានត្រូវផ្ញើទុកនឹងយើង
៣-៤. ហេតុអ្វីសេចក្ដីបង្រៀនក្នុងគម្ពីរមានតម្លៃ?
៣ ដោយសប្បុរស ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវចំណេះត្រឹមត្រូវអំពីសេចក្ដីពិតដ៏មានតម្លៃនៅក្នុងគម្ពីរជាបណ្ដាំរបស់លោក។ សេចក្ដីបង្រៀនពីគម្ពីរគឺមានតម្លៃ ដោយសារអ្វីទាំងនោះបង្រៀនយើងអំពីរបៀបមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ា ហើយណែនាំយើងអំពីអ្វីដែលនាំឲ្យមានសុភមង្គលពិតប្រាកដក្នុងជីវិត។ ពេលយើងជឿសេចក្ដីបង្រៀនទាំងនោះ យើងនឹងមិនជឿតាមសេចក្ដីបង្រៀនមិនពិតឡើយ ហើយយើងអាចមានរបៀបរស់នៅស្អាតស្អំ។—១កូ. ៦:៩-១១
៤ មូលហេតុមួយទៀតដែលសេចក្ដីបង្រៀនក្នុងបណ្ដាំរបស់ព្រះមានតម្លៃ គឺដោយសារព្រះយេហូវ៉ាបើកបង្ហាញសេចក្ដីបង្រៀនទាំងនោះដល់តែពួកអ្នកមានចិត្តរាបទាប ដែល«មានចិត្តគំនិតត្រឹមត្រូវ»ប៉ុណ្ណោះ។ (សកម្ម. ១៣:៤៨) មនុស្សដែលមានចិត្តរាបទាបទទួលស្គាល់ថា នៅសព្វថ្ងៃនេះខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា បង្រៀនយើងអំពីអ្វីដែលគម្ពីរចែង។ (ម៉ាថ. ១១:២៥; ២៤:៤៥) យើងមិនអាចយល់សេចក្ដីបង្រៀនក្នុងគម្ពីរដោយគ្មានជំនួយបានទេ ហើយគ្មានអ្វីមានតម្លៃជាងការយល់គម្ពីរឡើយ។—សុភ. ៣:១៣, ១៥
៥. តើព្រះយេហូវ៉ាបានឲ្យយើងអ្វីទៀត?
៥ ព្រះយេហូវ៉ាក៏បានឲ្យយើងមានឯកសិទ្ធិបង្រៀនអ្នកឯទៀតនូវសេចក្ដីពិតអំពីលោកនិងគោលបំណងរបស់លោក។ (ម៉ាថ. ២៤:១៤) ដំណឹងដែលយើងផ្សាយគឺមានតម្លៃខ្លាំងណាស់ ដោយសារនោះជួយមនុស្សឲ្យចូលក្នុងក្រុមគ្រួសាររបស់ព្រះយេហូវ៉ា ហើយផ្ដល់ឱកាសឲ្យពួកគេទទួលជីវិតដែលគ្មានទីបញ្ចប់។ (១ធី. ៤:១៦) មិនថាយើងចូលរួមក្នុងកិច្ចបម្រើផ្សាយច្រើនឬតិចក្ដី យើងកំពុងគាំទ្រកិច្ចការដ៏សំខាន់បំផុតដែលត្រូវធ្វើឡើងនៅសម័យយើង។ (១ធី. ២:៣, ៤) ការធ្វើជាអ្នករួមការងារជាមួយនឹងព្រះគឺជាកិត្តិយសមែន!—១កូ. ៣:៩
ចូរកាន់ខ្ជាប់តាមអ្វីដែលអ្នកបានទទួល!
៦. តើអ្វីបានកើតឡើងចំពោះបុគ្គលខ្លះដែលមិនចេះរក្សាការពារអ្វីដែលមានតម្លៃ?
៦ នៅសម័យរបស់ធីម៉ូថេ គ្រិស្តសាសនិកខ្លះមិនឲ្យតម្លៃចំពោះឯកសិទ្ធិរបស់ពួកគេក្នុងការធ្វើជាអ្នករួមការងារជាមួយនឹងព្រះទេ។ ដោយសារដេម៉ាសស្រឡាញ់របៀបរបបពិភពលោកនេះ គាត់បានបោះបង់ឯកសិទ្ធិបម្រើជាមួយសាវ័កប៉ូល។ (២ធី. ៤:១០) តាមមើលទៅ ភីកេឡឺសនិងហ៊ើម៉ាជិនីសបានឈប់ផ្សព្វផ្សាយ ពីព្រោះពួកគេខ្លាចថាពួកគេនឹងត្រូវគេបៀតបៀនដូចប៉ូលដែរ។ (២ធី. ១:១៥) ហ៊ីមេនាស អាឡិចសង់ និងភីឡេតូស បានទៅជាអ្នកក្បត់ជំនឿ ហើយចាកចេញពីសេចក្ដីពិត។ (១ធី. ១:១៩, ២០; ២ធី. ២:១៦-១៨) បុគ្គលទាំងនេះធ្លាប់ស្រឡាញ់ព្រះយេហូវ៉ា ប៉ុន្តែក្រោយមកពួកគេបានឈប់គិតថាអ្វីដែលលោកផ្ដល់ឲ្យពួកគេគឺមានតម្លៃ។
៧. តើសាថានប្រើកលល្បិចអ្វីខ្លះដើម្បីប្រឆាំងយើង?
៧ តើតាមរបៀបណាសាថានព្យាយាមធ្វើឲ្យយើងបោះបង់ចោលអ្វីដ៏មានតម្លៃដែលព្រះយេហូវ៉ាបានផ្ញើទុកនឹងយើង? សូមកត់សម្គាល់កលល្បិចខ្លះរបស់សាថាន។ វាប្រើការកម្សាន្តនិងប្រព័ន្ធផ្សាយព័ត៌មាន ដើម្បីធ្វើឲ្យយើងគិតនិងប្រព្រឹត្តតាមរបៀបដែលយូរៗទៅនឹងនាំឲ្យយើងឈប់ស្រឡាញ់ព្រះយេហូវ៉ា ឬឈប់ធ្វើតាមច្បាប់របស់លោក។ វាព្យាយាមធ្វើឲ្យយើងភ័យខ្លាច តាមរយៈការបង្ខិតបង្ខំពីមនុស្សស្រករគ្នា ឬការបៀតបៀនដើម្បីឲ្យយើងឈប់ផ្សព្វផ្សាយ។ វាក៏ព្យាយាមទាក់ទាញយើងឲ្យស្ដាប់«អ្វីដែលគេហៅខុសថា‹ចំណេះ›»របស់ពួកអ្នកក្បត់ជំនឿ ដើម្បីឲ្យយើងបោះបង់សេចក្ដីពិត។—១ធី. ៦:២០, ២១
៨. តើអ្នករៀនអ្វីពីបទពិសោធន៍របស់បងដានីយ៉ែល?
៨ បើយើងមិនប្រុងប្រយ័ត្ន យូរៗទៅយើងអាចចាកចេញពីសេចក្ដីពិត។ សូមគិតអំពីបទពិសោធន៍របស់បងប្រុសដានីយ៉ែលb ដែលចូលចិត្តលេងហ្គេមវីដេអូខ្លាំងណាស់។ គាត់ពន្យល់ថា៖ «ខ្ញុំចាប់ផ្ដើមលេងហ្គេមវីដេអូ តាំងពីខ្ញុំមានអាយុប្រហែលជា១០ឆ្នាំ។ ដំបូង ខ្ញុំលេងហ្គេមដែលមើលទៅសមរម្យ។ ប៉ុន្តែ យូរៗទៅខ្ញុំចាប់ផ្ដើមលេងហ្គេមដែលប្រើអំពើហិង្សានិងវេទមន្ត»។ ក្រោយមក គាត់បានចំណាយពេលលេងហ្គេមវីដេអូប្រហែលជា១៥ម៉ោងជារៀងរាល់ថ្ងៃ។ គាត់បន្តនិយាយទៀតថា៖ «បើខ្ញុំមិនកុហកខ្លួនឯង ខ្ញុំដឹងថាប្រភេទហ្គេមដែលខ្ញុំកំពុងលេង និងរយៈពេលដែលខ្ញុំលេង ធ្វើឲ្យខ្ញុំឃ្លាតឆ្ងាយពីព្រះយេហូវ៉ាបន្តិចម្ដងៗ។ ប៉ុន្តែ ខ្ញុំបានធ្វើឲ្យខ្លួនជឿជាក់ថា ខ្ញុំមិនចាំបាច់ធ្វើតាមអ្វីដែលគម្ពីរចែងទេ»។ ដូច្នេះ បើយើងមិនប្រុងប្រយ័ត្នទេ ការកម្សាន្តអាចធ្វើឲ្យយើងលែងកាន់ខ្ជាប់តាមសេចក្ដីពិតយ៉ាងងាយ។ បើនេះកើតឡើង យើងប្រហែលជាបាត់បង់អ្វីៗដ៏មានតម្លៃដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយើង។
របៀបដែលយើងអាចកាន់ខ្ជាប់តាមសេចក្ដីពិត
៩. នៅធីម៉ូថេទី១ ១:១៨, ១៩ តើប៉ូលបានប្រដូចធីម៉ូថេទៅនឹងអ្នកណា?
៩ សូមអាន ធីម៉ូថេទី១ ១:១៨, ១៩។ ប៉ូលបានប្រដូចធីម៉ូថេទៅនឹងទាហានម្នាក់ ហើយបានលើកទឹកចិត្តគាត់ឲ្យ‹បន្តតយុទ្ធយ៉ាងប្រសើរក្នុងសង្គ្រាម›។ ប៉ូលមិនមែននិយាយអំពីសង្គ្រាមរវាងមនុស្សនឹងមនុស្សទេ។ ដូច្នេះ តើគ្រិស្តសាសនិកប្រៀបដូចជាទាហានដែលចូលរួមក្នុងការប្រយុទ្ធក្នុងន័យអ្វី? ក្នុងនាមជាទាហានរបស់គ្រិស្ត តើយើងត្រូវបណ្ដុះឲ្យមានគុណសម្បត្តិអ្វីខ្លះ? សូមយើងគិតអំពីមេរៀនប្រាំដែលយើងអាចរៀនពីឧទាហរណ៍របស់ប៉ូល។ មេរៀនទាំងនេះអាចជួយយើងឲ្យកាន់ខ្ជាប់តាមសេចក្ដីពិត។
១០. ហេតុអ្វីយើងត្រូវមានភក្ដីភាពចំពោះព្រះ?
១០ ចូរមានភក្ដីភាពចំពោះព្រះ។ ទាហានល្អគឺស្មោះត្រង់។ គាត់នឹងខំតយុទ្ធដើម្បីការពារបុគ្គលដែលគាត់ស្រឡាញ់ ឬរបស់ដែលមានតម្លៃចំពោះគាត់។ ប៉ូលបានលើកទឹកចិត្តធីម៉ូថេឲ្យមានភក្ដីភាពចំពោះព្រះ។ (១ធី. ៤:៧) កាលដែលយើងកាន់តែស្រឡាញ់ព្រះ នោះយើងកាន់តែចង់កាន់ខ្ជាប់តាមសេចក្ដីពិត។—១ធី. ៤:៨-១០; ៦:៦
១១. ហេតុអ្វីយើងត្រូវចេះអប់រំខ្លួន?
១១ ចូរចេះអប់រំខ្លួន។ ទាហានត្រូវអប់រំខ្លួនដើម្បីអាចត្រៀមខ្លួនច្បាំងជានិច្ច។ ធីម៉ូថេអាចយកឈ្នះឥទ្ធិពលរបស់សាថានបាន ពីព្រោះគាត់បានធ្វើតាមយោបល់របស់ប៉ូល ដោយខំតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ បណ្ដុះគុណសម្បត្តិផ្សេងៗ និងចំណាយពេលជាមួយគ្រិស្តសាសនិកឯទៀត។ (២ធី. ២:២២) នោះតម្រូវឲ្យចេះអប់រំខ្លួន។ យើងត្រូវអប់រំខ្លួនដើម្បីយកឈ្នះបំណងប្រាថ្នាមិនត្រឹមត្រូវរបស់យើង។ (រ៉ូម ៧:២១-២៥) លើសពីនេះទៅទៀត យើងត្រូវអប់រំខ្លួនដើម្បីបន្តដោះចេញនូវបុគ្គលិកលក្ខណៈចាស់ ហើយពាក់បុគ្គលិកលក្ខណៈថ្មី។ (អេភ. ៤:២២, ២៤) ពេលយើងធ្វើការពេញមួយថ្ងៃអស់កម្លាំង យើងប្រហែលជាត្រូវបង្ខំខ្លួនឲ្យចូលរួមកិច្ចប្រជុំ។—ហេ. ១០:២៤, ២៥
១២. តើយើងអាចបង្កើនភាពប៉ិនប្រសប់ក្នុងការប្រើគម្ពីរយ៉ាងដូចម្ដេច?
១២ ទាហានត្រូវហ្វឹកហាត់ប្រើអាវុធរបស់គាត់ ហើយដើម្បីចេះប្រើវាយ៉ាងស្ទាត់ គាត់ត្រូវធ្វើដូច្នេះជាទៀងទាត់។ ស្រដៀងគ្នាដែរ យើងត្រូវចេះប្រើបណ្ដាំរបស់ព្រះយ៉ាងប៉ិនប្រសប់។ (២ធី. ២:១៥) យើងអាចរៀនអំពីរបៀបធ្វើដូច្នេះនៅកិច្ចប្រជុំ។ ប៉ុន្តែ បើយើងត្រូវធ្វើឲ្យអ្នកឯទៀតជឿជាក់ថា សេចក្ដីបង្រៀនក្នុងគម្ពីរគឺជាអ្វីដែលពិតជាមានតម្លៃ យើងត្រូវសិក្សាគម្ពីរផ្ទាល់ខ្លួនជាទៀងទាត់។ យើងត្រូវប្រើបណ្ដាំរបស់ព្រះដើម្បីពង្រឹងជំនឿរបស់យើង។ នេះមានន័យថាយើងមិនគ្រាន់តែអានគម្ពីរប៉ុណ្ណោះទេ តែយើងក៏ត្រូវរំពឹងគិតទៅលើអ្វីដែលយើងអាន ហើយធ្វើការស្រាវជ្រាវក្នុងសៀវភៅរបស់យើង ដើម្បីយើងអាចយល់យ៉ាងត្រឹមត្រូវ ហើយចេះពន្យល់បទគម្ពីរ។ (១ធី. ៤:១៣-១៥) យ៉ាងនេះ យើងនឹងចេះប្រើបណ្ដាំរបស់ព្រះដើម្បីបង្រៀនអ្នកឯទៀត។ ក៏ប៉ុន្តែ យើងមិនគ្រាន់តែអានខគម្ពីរឲ្យពួកគេប៉ុណ្ណោះទេ។ យើងចង់ជួយអ្នកស្ដាប់ឲ្យយល់ខគម្ពីរ និងរបៀបដែលខគម្ពីរនោះជាប់ទាក់ទងនឹងពួកគេ។ ដូច្នេះ ពេលយើងសិក្សាគម្ពីរជាទៀងទាត់ យើងអាចទៅជាអ្នកបង្រៀនគម្ពីរដ៏ល្អប្រសើរជាង។—២ធី. ៣:១៦, ១៧
១៣. ស្របតាមហេប្រឺ ៥:១៤ ហេតុអ្វីយើងត្រូវមានសមត្ថភាពយល់ដឹង?
១៣ ចូរមានសមត្ថភាពយល់ដឹង។ ទាហានត្រូវចេះសម្គាល់ស្ថានភាពដែលអាចនាំឲ្យមានគ្រោះថ្នាក់ ហើយជៀសវាងពីស្ថានភាពនោះ។ យើងក៏ត្រូវរៀនឲ្យចេះសម្គាល់ស្ថានភាពដែលអាចនាំឲ្យយើងមានគ្រោះថ្នាក់ រួចមកចាត់វិធានការដើម្បីជៀសវាងពីស្ថានភាពនោះ។ (សុភ. ២២:៣; សូមអាន ហេប្រឺ ៥:១៤) ជាឧទាហរណ៍ យើងត្រូវជ្រើសរើសការកម្សាន្តដោយឈ្លាសវៃ។ កម្មវិធីទូរទស្សន៍និងភាពយន្ត ច្រើនតែឆ្លុះបញ្ចាំងអំពីអំពើប្រាសចាកសីលធម៌។ យើងជៀសវាងការកម្សាន្តបែបនេះ ដោយសារនេះអាចធ្វើឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាខ្សោយទៅបន្តិចម្ដងៗ។ យើងដឹងថាព្រះយេហូវ៉ាស្អប់អំពើប្រាសចាកសីលធម៌ ហើយថាមនុស្សដែលប្រព្រឹត្តអំពើបែបនេះនាំឲ្យខ្លួនឯងនិងអ្នកឯទៀតរងទុក្ខ។—អេភ. ៥:៥, ៦
១៤. តើសមត្ថភាពយល់ដឹងបានជួយបងដានីយ៉ែលយ៉ាងដូចម្ដេច?
១៤ បងដានីយ៉ែលដែលបានត្រូវរៀបរាប់នៅខាងលើ ចាប់ផ្ដើមយល់ថាការលេងហ្គេមវីដេអូដែលមានអំពើឃោរឃៅនិងវេទមន្តគឺជាបញ្ហា។ គាត់បានស្រាវជ្រាវក្នុងបណ្ណាល័យប៉មយាម ដើម្បីរកព័ត៌មានដែលអាចជួយគាត់ឲ្យយកឈ្នះបញ្ហានេះ។ តើនោះមានឥទ្ធិពលយ៉ាងណាទៅលើគាត់? គាត់បានឈប់លេងហ្គេមវីដេអូដែលមិនសមរម្យ ហើយគាត់បានឈប់សេពគប់ជាមួយនឹងអ្នកលេងហ្គេម។ បងដានីយ៉ែលនិយាយថា៖ «ជាជាងលេងហ្គេមវីដេអូ ខ្ញុំចាប់ផ្ដើមចំណាយពេលធ្វើអ្វីៗនៅខាងក្រៅ ឬសេពគប់ជាមួយមិត្តភក្ដិពីក្រុមជំនុំ»។ ឥឡូវ បងដានីយ៉ែលបម្រើជាអ្នកត្រួសត្រាយនិងជាអ្នកចាស់ទុំ។
១៥. ហេតុអ្វីព័ត៌មានមិនពិតគឺមានគ្រោះថ្នាក់?
១៥ ដូចធីម៉ូថេ យើងត្រូវចេះសម្គាល់គ្រោះថ្នាក់ពីការផ្សាយព័ត៌មានមិនពិតរបស់ពួកអ្នកក្បត់ជំនឿ។ (១ធី. ៤:១, ៧; ២ធី. ២:១៦) ជាឧទាហរណ៍ ពួកគេប្រហែលជាព្យាយាមផ្សាយរឿងមិនពិតអំពីបងប្អូនរួមជំនឿរបស់យើង ឬធ្វើឲ្យយើងសង្ស័យអំពីអង្គការរបស់ព្រះយេហូវ៉ា។ ព័ត៌មានក្លែងក្លាយបែបនេះ អាចធ្វើឲ្យជំនឿរបស់យើងចុះខ្សោយ។ យើងមិនត្រូវជឿការឃោសនានេះឡើយ។ ហេតុអ្វី? ពីព្រោះរឿងបែបនេះបានត្រូវផ្សាយ«ដោយមនុស្សដែលគំនិតរបស់ពួកគេបានទៅជាខូចនិងប្រាសចាកសេចក្ដីពិត»។ គោលដៅរបស់ពួកគេគឺចាប់ផ្ដើមធ្វើឲ្យមាន«សំណួរនិងការជជែកតវ៉ា»។ (១ធី. ៦:៤, ៥) ពួកគេចង់ឲ្យយើងជឿពាក្យបង្កាច់បង្ខូចរបស់ពួកគេ ហើយធ្វើឲ្យយើងសង្ស័យបងប្អូនយើងក្នុងផ្លូវអាក្រក់។
១៦. តើយើងត្រូវជៀសវាងអ្វីខ្លះ?
១៦ ចូរជៀសវាងពីអ្វីដែលបំបែរអារម្មណ៍។ ក្នុងនាមជា«ទាហានល្អប្រសើររបស់គ្រិស្តយេស៊ូ» ធីម៉ូថេត្រូវផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើផ្សាយ ជាជាងឲ្យទ្រព្យសម្បត្តិឬអ្វីផ្សេងទៀតបង្វែរអារម្មណ៍គាត់។ (២ធី. ២:៣, ៤) ដូចធីម៉ូថេ យើងមិនគួរបណ្ដោយខ្លួនឲ្យមានសេចក្ដីប៉ងប្រាថ្នាចង់បានវត្ថុទ្រព្យថែមទៀតទេ។ «ការល្បួងនៃទ្រព្យសម្បត្តិ» អាចធ្វើឲ្យយើងបាត់បង់សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា លែងឲ្យតម្លៃចំពោះបណ្ដាំរបស់ព្រះ និងមិនសូវចង់ប្រាប់អ្នកឯទៀតអំពីគម្ពីរ។ (ម៉ាថ. ១៣:២២) យើងត្រូវរក្សាជីវិតរបស់យើងឲ្យសាមញ្ញ ហើយប្រើពេលវេលានិងកម្លាំងរបស់យើង ដើម្បី‹បន្តស្វែងរករាជាណាចក្ររបស់ព្រះជាមុន›។—ម៉ាថ. ៦:២២-២៥, ៣៣
១៧-១៨. តើយើងអាចធ្វើអ្វីដើម្បីការពារចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា?
១៧ ចូរត្រៀមខ្លួនដើម្បីអ្នកអាចចាត់វិធានការឲ្យបានឆាប់ពេលបញ្ហាកើតឡើង។ ទាហានត្រូវរៀបចំគម្រោងទុកជាមុនអំពីអ្វីដែលគាត់នឹងធ្វើដើម្បីការពារខ្លួន។ ដើម្បីការពារអ្វីៗដែលព្រះយេហូវ៉ាបានផ្ញើទុកនឹងយើង យើងត្រូវចាត់វិធានការភ្លាមៗ ពេលយើងឃើញអ្វីដែលអាចនាំឲ្យមានបញ្ហា។ តើអ្វីអាចជួយយើងឲ្យធ្វើដូច្នេះ? យើងត្រូវគិតអំពីអ្វីដែលយើងនឹងធ្វើមុនរឿងណាមួយកើតឡើង។
១៨ ជាឧទាហរណ៍ ពេលចូលរួមកម្មវិធីណាមួយ គេច្រើនតែសុំអ្នកចូលរួមឲ្យរកមើលច្រកចេញដែលជិតជាងគេ មុនកម្មវិធីចាប់ផ្ដើម។ ហេតុអ្វី? ពីព្រោះបើមានរឿងបន្ទាន់កើតឡើង ពួកគេអាចចេញទៅបានយ៉ាងលឿន។ ស្រដៀងគ្នាដែរ យើងអាចត្រៀមខ្លួនថាយើងនឹងធ្វើអ្វី បើយើងស្រាប់តែឃើញឈុតប្រាសចាកសីលធម៌ អំពើឃោរឃៅ ឬព័ត៌មានរបស់ពួកអ្នកក្បត់ជំនឿ នៅលើបណ្ដាញអ៊ីនធឺណិត ក្នុងកម្មវិធីទូរទស្សន៍ ឬភាពយន្ត។ បើយើងត្រៀមខ្លួនចំពោះអ្វីដែលអាចកើតឡើង យើងអាចចាត់វិធានការយ៉ាងលឿនដើម្បីការពារចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា ហើយរក្សាខ្លួនជាមនុស្សដែលស្អាតស្អំតាមទស្សនៈរបស់លោក។—ទំនុក. ១០១:៣; ១ធី. ៤:១២
១៩. តើយើងនឹងទទួលពរអ្វីខ្លះ បើយើងរក្សាទុកអ្វីដ៏មានតម្លៃដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយើង?
១៩ យើងត្រូវរក្សាទុកអ្វីដ៏មានតម្លៃដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយើង ពោលគឺសេចក្ដីបង្រៀនដ៏មានតម្លៃនៅក្នុងគម្ពីរ និងឯកសិទ្ធិបង្រៀនអ្នកឯទៀតអំពីសេចក្ដីបង្រៀនទាំងនោះ។ ពេលយើងធ្វើដូច្នេះ យើងនឹងមានជីវិតមានន័យខ្លឹមសារពិតប្រាកដ សមត្ថភាពវិនិច្ឆ័យស្អាតស្អំ និងអំណរដែលមកពីការជួយអ្នកឯទៀតឲ្យស្គាល់ព្រះយេហូវ៉ា។ ដោយមានជំនួយពីលោក យើងនឹងអាចរក្សាទុកអ្វីដែលបានត្រូវផ្ញើទុកនឹងយើង។—១ធី. ៦:១២, ១៩
ចម្រៀងលេខ១២៧ ខ្ញុំគួរជាមនុស្សដែលព្រះពេញចិត្ត
a ការស្គាល់សេចក្ដីពិតនិងការបង្រៀនអ្នកឯទៀតអំពីសេចក្ដីពិតនោះ គឺជាឯកសិទ្ធិដ៏អស្ចារ្យមែន។ អត្ថបទនេះ នឹងជួយយើងឲ្យរក្សាការពារ និងមិនលះចោលឯកសិទ្ធិនោះឡើយ។
b ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។