-
ចូរបង្ហាញឲ្យគេឃើញថាអ្នកមានជំនឿនទស្សនាវដ្ដីប៉មយាម ២០០៩ | ១ ធ្នូ
-
-
៦ ប៉ូលបានសរសេរទៅធីម៉ូថេថា៖ «ក្នុងការនិយាយ ការប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ ចូរធ្វើជាគំរូល្អដល់ពួកអ្នកស្មោះត្រង់»។ ប៉ូលបន្ថែមថា៖ «ចូរសញ្ជឹងគិតអំពីការទាំងនេះ ចូរជក់ចិត្តគំនិតនឹងការទាំងនេះ ដើម្បីឲ្យមនុស្សទាំងអស់ឃើញថាអ្នកមានជំនឿន»។ (១ធី. ៤:១២, ១៥) ជំនឿននេះមិនមែនជាជំនឿនខាងឋានៈបុណ្យស័ក្ដិទេ តែខាងគុណសម្បត្ដិរបស់ធីម៉ូថេជាគ្រិស្តសាសនិកវិញ។ គ្រិស្តសាសនិកទាំងឡាយគួរចង់បង្ហាញជំនឿននេះ។
-
-
ចូរបង្ហាញឲ្យគេឃើញថាអ្នកមានជំនឿនទស្សនាវដ្ដីប៉មយាម ២០០៩ | ១ ធ្នូ
-
-
ធ្វើជាគំរូល្អក្នុងការនិយាយស្តី
៨. តើពាក្យសម្ដីរបស់យើងមានឥទ្ធិពលអ្វីទៅលើការគោរពប្រណិប័តន៍របស់យើង?
៨ ចំណុចមួយដែលធីម៉ូថេគួរទុកគំរូល្អឲ្យអ្នកឯទៀតគឺក្នុងការនិយាយស្តី។ តើយើងអាចបង្ហាញការជឿនទៅមុខស្តីអំពីរឿងនេះយ៉ាងដូចម្ដេច? ពាក្យសម្ដីសឲ្យឃើញថាយើងជាមនុស្សប្រភេទណា។ លោកយេស៊ូបានរៀបរាប់យ៉ាងត្រឹមត្រូវថា៖ «មាត់តែងនិយាយអ្វីដែលមានពោរពេញនៅក្នុងចិត្ត»។ (ម៉ាថ. ១២:៣៤) យ៉ាកុបដែលជាប្អូនប្រុសរបស់លោកយេស៊ូ ក៏បានកត់សម្គាល់នូវឥទ្ធិពលដែលពាក្យសម្ដីអាចមានទៅលើការគោរពប្រណិប័តន៍របស់យើង។ គាត់បានសរសេរថា៖ «ប្រសិនបើអ្នកណាចាត់ទុកខ្លួនជាអ្នកគោរពប្រណិប័តន៍តាមរបៀបត្រឹមត្រូវ តែមិនទប់អណ្ដាតខ្លួន ប៉ុន្តែចេះតែបញ្ឆោតចិត្តខ្លួន នោះរបៀបដែលអ្នកនោះគោរពប្រណិប័តន៍គឺគ្មានប្រយោជន៍ទេ»។—យ៉ា. ១:២៦
៩. តើយើងគួរធ្វើជាគំរូល្អក្នុងការនិយាយតាមវិធីណាខ្លះ?
៩ ពាក្យសម្ដីរបស់យើងអាចបង្ហាញបងប្អូនឯទៀតក្នុងក្រុមជំនុំថា យើងបានជឿនទៅមុខប៉ុណ្ណាជាគ្រិស្តសាសនិក។ ដូច្នេះ ជាជាងនិយាយស្តីដោយគ្មានភាពថ្លៃថ្នូរ តែងលើកឡើងចំណុចមិនល្អ រិះគន់ឬបញ្ឈឺចិត្ត នោះគ្រិស្តសាសនិកដែលមានភាពចាស់ទុំព្យាយាមពង្រឹងកម្លាំងចិត្ត សម្រាលទុក្ខ លួងលោម និងលើកទឹកចិត្តវិញ។ (សុភ. ១២:១៨; អេភ. ៤:២៩; ១ធី. ៦:៣-៥, ២០) ការត្រៀមខ្លួននិយាយការពារខ្នាតតម្រាដ៏ខ្ពស់របស់ព្រះ និងនិយាយអំពីក្ដីប្រាថ្នារបស់យើងដែលចង់រស់នៅសមស្របតាមខ្នាតតម្រានោះ អាចបង្ហាញថាយើងមានភក្ដីភាពចំពោះព្រះ។ (រ៉ូម ១:១៥, ១៦) មនុស្សដែលមានចិត្តត្រង់នឹងពិតជាឃើញរបៀបដែលយើងប្រើអំណោយនៃការនិយាយ ហើយប្រហែលជាធ្វើតាមគំរូរបស់យើងដែរ។—ភី. ៤:៨, ៩
ធ្វើជាគំរូល្អក្នុងការប្រព្រឹត្តនិងសេចក្ដីបរិសុទ្ធ
១០. ដើម្បីជឿនទៅមុខជាគ្រិស្តសាសនិក ហេតុអ្វីសំខាន់ចាំបាច់ឲ្យយើងមានជំនឿដែលប្រាសចាកពុតត្បុត?
១០ ដើម្បីឲ្យគ្រិស្តសាសនិកទុកគំរូល្អឲ្យអ្នកឯទៀត នោះពាក្យសម្ដីរបស់គាត់មិនគ្រាន់តែពង្រឹងកម្លាំងចិត្តប៉ុណ្ណោះទេ។ បុគ្គលដែលនិយាយល្អ តែមិនធ្វើល្អ នោះជាមនុស្សលាក់ពុត។ ប៉ូលដឹងច្បាស់អំពីភាពពុតត្បុតរបស់ពួកផារិស៊ី និងលទ្ធផលអាក្រក់ដែលកើតមកពីការប្រព្រឹត្តរបស់ពួកគាត់។ គាត់បានព្រមានធីម៉ូថេម្ដងហើយម្ដងទៀតថា កុំឲ្យមានចិត្តមិនស្មោះនិងធ្វើពុតដូចនោះ។ (១ធី. ១:៥; ៤:១,២) ប៉ុន្តែធីម៉ូថេមិនមែនជាមនុស្សលាក់ពុតឡើយ។ ប៉ូលបានសរសេរក្នុងសំបុត្រទី២របស់គាត់ទៅកាន់ធីម៉ូថេថា៖ «ខ្ញុំចាំអំពីជំនឿរបស់អ្នកដែលប្រាសចាកពុតត្បុត»។ (២ធី. ១:៥) ទោះជាយ៉ាងណាក៏ដោយ ធីម៉ូថេត្រូវបង្ហាញឲ្យអ្នកឯទៀតឃើញថា គាត់ប្រាកដជាគ្រិស្តសាសនិកពិតមែន។ គាត់ត្រូវធ្វើជាគំរូល្អក្នុងការប្រព្រឹត្ត។
១១. តើប៉ូលបានសរសេរអ្វីទៅធីម៉ូថេស្តីអំពីប្រាក់?
១១ ក្នុងសំបុត្រទាំងពីរទៅធីម៉ូថេ ប៉ូលបានដាស់តឿនធីម៉ូថេអំពីចំណុចពីរបីដែលទាក់ទងនឹងការប្រព្រឹត្ត។ ជាឧទាហរណ៍ ប៉ូលបានដាស់តឿនធីម៉ូថេកុំឲ្យប្រមូលប្រាក់។ ប៉ូលបានសរសេរថា៖ «ការស្រឡាញ់ប្រាក់ជាឫសគល់មួយនៃអំពើអាក្រក់សព្វបែបយ៉ាង ហើយដោយបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់បែបនោះ អ្នកខ្លះបានត្រូវបង្វែរចេញពីជំនឿ ហើយបានចាក់ទម្លុះខ្លួនគ្រប់កន្លែងដោយទុក្ខវេទនាជាច្រើន»។ (១ធី. ៦:១០) ការស្រឡាញ់ប្រាក់ជាទីសម្គាល់មួយដែលបញ្ជាក់ថា បុគ្គលម្នាក់មានចំណងមេត្រីភាពមិនរឹងមាំជាមួយព្រះ។ ផ្ទុយទៅវិញ គ្រិស្តសាសនិកណាដែលស្កប់ចិត្តនឹងជីវិតសាមញ្ញ ដោយមាន«អាហារបរិភោគ សម្លៀកបំពាក់ និងជម្រក» នោះបង្ហាញថាខ្លួនជឿនទៅមុខជាគ្រិស្តសាសនិក។—១ធី. ៦:៦-៨; ភី. ៤:១១-១៣
១២. ស្តីអំពីរឿងផ្សេងៗក្នុងជីវិត តើយើងអាចធ្វើយ៉ាងដូចម្ដេចឲ្យអ្នកឯទៀតឃើញថាយើងមានជំនឿន?
១២ ប៉ូលបានរៀបរាប់ប្រាប់ធីម៉ូថេថា គឺសំខាន់ណាស់ឲ្យស្ត្រីដែលជាគ្រិស្តសាសនិក«តែងខ្លួនដោយសម្លៀកបំពាក់រៀបរយ បែបរមទម និងដោយមានគំនិតសមហេតុសមផល»។ (១ធី. ២:៩) ស្ត្រីណាដែលរមទមនិងមានគំនិតសមហេតុសមផលក្នុងការស្លៀកពាក់ ថែមទាំងក្នុងរឿងផ្សេងៗឯទៀតក្នុងជីវិតខ្លួន នោះពួកគាត់ទុកគំរូល្អប្រសើរឲ្យអ្នកឯទៀត។ (១ធី. ៣:១១) បុរសដែលជាគ្រិស្តសាសនិកក៏ត្រូវធ្វើតាមគោលការណ៍នេះដែរ។ ប៉ូលបានដាស់តឿនពួកអ្នកត្រួតពិនិត្យឲ្យ«ប្រព្រឹត្តដោយមានតុល្យភាព ដឹងខុសត្រូវ មានសណ្ដាប់ធ្នាប់»។ (១ធី. ៣:២) ពេលយើងបង្ហាញគុណសម្បត្ដិទាំងនេះក្នុងការប្រព្រឹត្តប្រចាំថ្ងៃរបស់យើង នោះមនុស្សទាំងអស់នឹងឃើញថាយើងមានជំនឿន។
១៣. ដូចធីម៉ូថេ តើយើងអាចធ្វើជាគំរូក្នុងសេចក្ដីបរិសុទ្ធយ៉ាងដូចម្ដេច?
១៣ ធីម៉ូថេក៏ត្រូវធ្វើគំរូល្អក្នុងសេចក្ដីបរិសុទ្ធដែរ។ ពេលប៉ូលប្រើពាក្យបរិសុទ្ធ គាត់សំដៅទៅលើផ្នែកមួយនៃការប្រព្រឹត្ត គឺសីលធម៌ខាងផ្លូវភេទ។ ជាពិសេស ធីម៉ូថេមិនត្រូវឲ្យអ្នកឯទៀតតិះដៀលគាត់ស្តីអំពីការប្រព្រឹត្តទៅលើស្ត្រី។ គាត់ត្រូវតែ«អង្វរស្ត្រីវ័យចាស់ដូចអង្វរម្ដាយ អង្វរស្ត្រីវ័យក្មេងដូចអង្វរបងស្រី ដោយសេចក្ដីបរិសុទ្ធគ្រប់ជំពូក»។ (១ធី. ៤:១២; ៥:២) ទោះជាអំពើប្រាសចាកសីលធម៌មើលទៅដូចជាអាចលាក់បាំងបាន តែតាមពិតព្រះជ្រាបរឿងទាំងអស់ ហើយនៅទីបំផុតមនុស្សឯទៀតក៏នឹងដឹងដែរ។ ប៉ុន្តែ ការល្អដែលគ្រិស្តសាសនិកធ្វើក៏មិនអាចលាក់បានរហូតដែរ។ (១ធី. ៥:២៤, ២៥) ដូច្នេះ បងប្អូនទាំងឡាយក្នុងក្រុមជំនុំមានឱកាសបង្ហាញឲ្យគេឃើញជំនឿនរបស់ខ្លួនក្នុងការប្រព្រឹត្តនិងសេចក្ដីបរិសុទ្ធ។
សេចក្ដីស្រឡាញ់និងជំនឿគឺសំខាន់ចាំបាច់
១៤. តើបទគម្ពីរដៅបញ្ជាក់យ៉ាងដូចម្ដេចថាយើងត្រូវស្រឡាញ់គ្នា?
១៤ លក្ខណៈសំខាន់មួយនៃគ្រិស្តសាសនាពិតគឺសេចក្ដីស្រឡាញ់។ លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកថា៖ «យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។ (យ៉ូន. ១៣:៣៥) តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់បែបនេះយ៉ាងដូចម្ដេច? បណ្ដាំរបស់ព្រះជំរុញទឹកចិត្តយើងឲ្យទ្រាំទ្រ«គ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់» «ប្រព្រឹត្តដោយសប្បុរសដល់គ្នាទៅវិញទៅមក មានសេចក្ដីអាណិតមេត្ដា ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ» ថែមទាំងទទួលអ្នកឯទៀតដោយរាក់ទាក់។ (អេភ. ៤:២, ៣២; ហេ. ១៣:១, ២) សាវ័កប៉ូលបានសរសេរថា៖ «ចូរស្រឡាញ់គ្នាជាបងប្អូនដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ»។—រ៉ូម ១២:១០
១៥. ហេតុអ្វីបងប្អូនទាំងអស់គួរបង្ហាញសេចក្ដីស្រឡាញ់ ជាពិសេសពួកអ្នកត្រួតពិនិត្យ?
១៥ ប្រសិនបើធីម៉ូថេប្រព្រឹត្តទៅលើបងប្អូនរួមជំនឿដោយកាចសាហាវឬគ្មានមេត្ដា នេះធ្វើឲ្យគាត់លែងមានប្រសិទ្ធភាពជាអ្នកបង្រៀននិងអ្នកត្រួតពិនិត្យ។ (សូមអាន កូរិនថូសទី១ ១៣:១-៣) ផ្ទុយទៅវិញ ពាក្យសម្ដីរបស់ធីម៉ូថេដែលបង្ហាញមនោសញ្ចេតនាចំពោះបងប្អូន រួមទាំងធ្វើល្អចំពោះពួកគាត់ និងទទួលពួកគាត់ដោយរាក់ទាក់ នោះពិតជាសឲ្យឃើញថា គាត់មានជំនឿនជាគ្រិស្តសាសនិក។ ដូច្នេះ គឺសមហេតុផលណាស់ដែលក្នុងសំបុត្ររបស់ប៉ូលទៅធីម៉ូថេ គាត់បានរៀបរាប់យ៉ាងចំៗថា ធីម៉ូថេគួរធ្វើជាគំរូល្អឲ្យអ្នកឯទៀតក្នុងការបង្ហាញសេចក្ដីស្រឡាញ់។
១៦. ហេតុអ្វីបានជាធីម៉ូថេត្រូវការជំនឿរឹងមាំ?
១៦ ក្នុងអំឡុងពេលធីម៉ូថេស្នាក់នៅក្រុងអេភេសូរ ជំនឿរបស់គាត់បានត្រូវល្បងល។ បងប្អូនខ្លះក្នុងក្រុមជំនុំបានលើកស្ទួយសេចក្ដីបង្រៀនដែលមិនស្របនឹងសេចក្ដីពិត។ ខ្លះទៀតបានលើក«រឿងមិនពិត»ឬស្រាវជ្រាវព័ត៌មានដែលមិនជួយក្រុមជំនុំគោរពប្រណិប័តន៍ព្រះ។ (សូមអាន ធីម៉ូថេទី១ ១:៣, ៤) ប៉ូលបាននិយាយសំដៅទៅបុគ្គលបែបនោះថា ជាអ្នក«ក្រអឺតក្រអោងហើយមិនយល់អ្វីសោះ តែអ្នកនោះឆ្កួតនឹងសំណួរនិងការជជែកតវ៉ាអំពីពាក្យ»។ (១ធី. ៦:៣, ៤) តើធីម៉ូថេសុខចិត្តប្រថុយយកយោបល់ដែលជាយោបល់ប្រកបដោយគ្រោះថ្នាក់ហើយបានជ្រៀតចូលក្នុងក្រុមជំនុំ មកពិចារណាឬទេ? ទេ ពីព្រោះប៉ូលបានជំរុញធីម៉ូថេឲ្យ«តស៊ូយ៉ាងប្រសើរដើម្បីជំនឿ» ហើយជៀសចេញពី«សម្ដីអសារឥតការដែលមិនស្របតាមអ្វីដែលបរិសុទ្ធ ហើយពីភាពមិនស្របគ្នានៃអ្វីដែលគេហៅខុសថា‹ចំណេះ›»។ (១ធី. ៦:១២, ២០, ២១) គ្មានហេតុសង្ស័យអ្វីឡើយ ថាធីម៉ូថេធ្វើតាមយោបល់ល្អៗរបស់ប៉ូល។—១កូ. ១០:១២
១៧. សព្វថ្ងៃ តើមានអ្វីដែលអាចល្បងលជំនឿរបស់យើង?
១៧ គួរឲ្យចាប់អារម្មណ៍ណាស់ថា ប៉ូលបានប្រាប់ធីម៉ូថេថា «នៅអនាគតប្រាកដជាមានគ្រាដែលអ្នកខ្លះនឹងបោះបង់ជំនឿ ដោយស្ដាប់តាមបណ្ដាំមិនពិតដែលហាក់ដូចជាមកពីព្រះ ព្រមទាំងស្ដាប់តាមសេចក្ដីបង្រៀនរបស់ពួកវិញ្ញាណកំណាច»។ (១ធី. ៤:១) បងប្អូនទាំងអស់ក្នុងក្រុមជំនុំ រួមទាំងបងប្អូនដែលមានភារកិច្ច ត្រូវធ្វើដូចធីម៉ូថេក្នុងការបង្ហាញជំនឿរឹងមាំដែលមិនរង្គោះរង្គើ។ ដោយប្រកាន់ជំហររឹងមាំហើយបដិសេធការក្បត់ជំនឿយ៉ាងម៉ឺងម៉ាត់ នោះយើងអាចធ្វើឲ្យអ្នកឯទៀតឃើញថាយើងមានជំនឿន ថែមទាំងធ្វើជាគំរូល្អក្នុងជំនឿ។
-