តើជីវិតអស់កល្បជានិច្ចពិតជាអាចមានមែនឬ?
«លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើការល្អអ្វី ឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច»?—ម៉ាថាយ ១៩:១៦
១. តើអាចនិយាយយ៉ាងណាអំពីរយៈពេលជីវិតមនុស្ស?
ស្តេចស៊ើកសេសទី១នៃសាសន៍ពើស៊ី ដែលនៅក្នុងព្រះគម្ពីរមានព្រះនាមជាអ័ហាស៊ូរុស កំពុងពិនិត្យមើលទ័ពរបស់ទ្រង់ មុននឹងទៅធ្វើចម្បាំងមួយ នៅក្នុងឆ្នាំ៤៨០ ម.ស.យ.។ (នាងអេសធើរ ១:១, ២) យោងទៅតាមហ៊ីរ៉ូដូថុស ដែលជាអ្នកប្រវត្ដិសាស្ត្រជាតិក្រិក នោះស្តេចនេះបានព្រះកន្សែង កាលដែលទ្រង់ពិនិត្យមើលពួកទ័ពរបស់ទ្រង់។ ហេតុអ្វី? ស្តេចស៊ើកសេសមានបន្ទូលថា៖ «ខ្ញុំពិបាកព្រះទ័យណាស់ កាលដែលខ្ញុំនឹកគិតអំពីជីវិតមនុស្សដែលមានរយៈពេលដ៏ខ្លីនោះ។ រីឯពួកបុរសទាំងអស់នេះ នោះមួយរយឆ្នាំទៅមុខ គ្មានអ្នកណាម្នាក់នឹងនៅរស់ឡើយ»។ អ្នកក៏ប្រហែលជាបានឃើញថា ជីវិតគឺមានរយៈខ្លីយ៉ាងគួរឲ្យស្ដាយ ហើយគ្មានអ្នកណាម្នាក់ដែលចង់ទៅចាស់ជរា ឈឺ ហើយស្លាប់ទៅនោះទេ។ ឱ! បើយើងអាចមានជីវិត ដែលប្រកបទៅដោយសុភមង្គលនិងសុខភាពវ័យក្មេង វាជាការល្អយ៉ាងណាទៅហ្ន៎!—យ៉ូប ១៤:១, ២
២. តើមនុស្សជាច្រើនមានសេចក្ដីសង្ឃឹមអ្វី ហើយហេតុអ្វី?
២ គួរឲ្យចាប់អារម្មណ៍ដែរ ដែលទស្សនាវដ្ដីញូវយ៉កថែម្ស នៃថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៩៧ មានអត្ថបទមួយ ដែលថា «ពួកគេចង់រស់នៅ»។ គឺបានដកស្រង់ពាក្យរបស់អ្នកស្រាវជ្រាវម្នាក់ ដែលបានលាន់មាត់ថា៖ «ខ្ញុំពិតជាជឿថា យើងអាចជាមនុស្សតំណដំបូង ដែលអាចរស់នៅជារហូត»! អ្នកក៏ប្រហែលជាជឿថា ជីវិតអស់កល្បជានិច្ចគឺអាចមានទៅបាន។ អ្នកប្រហែលជាគិតដូច្នេះ ពីព្រោះព្រះគម្ពីរសន្យាថា យើងអាចរស់នៅអស់កល្បជានិច្ចនៅលើផែនដីនេះបាន។ (ទំនុកដំកើង ៣៧:២៩; វិវរណៈ ២១:៣, ៤) ក៏ប៉ុន្តែ មនុស្សខ្លះជឿថា ជីវិតអស់កល្បជានិច្ចគឺអាចមានបាន ដោយមានមូលហេតុផ្សេង ពីមូលហេតុនៅក្នុងព្រះគម្ពីរទេ។ ការពិនិត្យមើលមូលហេតុខ្លះៗនេះ នឹងជួយយើងឲ្យអបអរថា ជីវិតអស់កល្បជានិច្ចគឺពិតជាអាចមានមែន។
បានគ្រោងការណ៍ឲ្យរស់នៅជានិរន្តរ៍
៣, ៤. (ក) ហេតុអ្វីក៏មនុស្សខ្លះជឿថា យើងគួរចេះរស់នៅជានិរន្តរ៍បាន? (ខ) តើដាវីឌនិយាយយ៉ាងណាអំពីការបណ្ដុះនូវរូបកាយរបស់គាត់?
៣ មូលហេតុមួយ ដែលមនុស្សជាច្រើនជឿថា មនុស្សអាចរស់នៅជានិរន្តរ៍ គឺទាក់ទងនឹងរបៀបដ៏អស្ចារ្យដែលយើងបានត្រូវបង្កើតមក។ ជាឧទាហរណ៍ គឺពិតជាអព្ភូតហេតុដ៏អស្ចារ្យមែន នូវរបៀបយើងបានត្រូវបណ្ដុះឡើងនៅក្នុងផ្ទៃរបស់ម្ដាយយើង! អ្នកចេះដឹងយ៉ាងធំដុំម្នាក់ខាងឯដំណើរចាស់ជរា បានសរសេរថា៖ «ក្រោយពីធ្វើអព្ភូតហេតុដែលនាំយើងពីការចាប់កំណើតទៅដល់កាលសម្រាលជាកូន ហើយរួចមក ទៅពេលមានភាពពេញវ័យខាងកាម និងភាពវ័យចាស់ នោះកម្លាំងរស់បានសម្រេចមិនបង្កើតនូវវិធីដែលមើលទៅជាស្រួលជាង ដែលនឹងបញ្ចប់ដំណើរទៅជាចាស់ជរា ហើយដែលធ្វើដូច្នេះនឹងរក្សាអព្ភូតហេតុនេះជារៀងរហូតតទៅ»។ ត្រូវហើយ ដោយពិនិត្យមើលនូវសមាសភាពដ៏អព្ភូតហេតុរបស់យើង នោះនៅមានសំនួរដែលត្រូវសួរគឺថា ហេតុអ្វីក៏យើងត្រូវស្លាប់ទៅវិញ?
៤ ជាច្រើនពាន់ឆ្នាំកន្លងទៅនេះ ដាវីឌជាអ្នកសរសេរព្រះគម្ពីរបានជញ្ជឹងគិតលើអព្ភូតហេតុនេះ ទោះបើគាត់ឥតអាចឃើញនៅខាងក្នុងផ្ទៃ ដូចពួកវិទ្យាសាស្ត្រសព្វថ្ងៃនេះក៏ដោយ។ ដាវីឌបានជញ្ជឹងគិតដូចគាត់បានសរសេរ អំពីការបណ្ដុះឡើងនៃរូបកាយរបស់គាត់ កាលដែលគាត់បានត្រូវ‹បង្កប់នៅក្នុងផ្ទៃម្ដាយ›។ គាត់មានប្រសាសន៍ថា នៅគ្រានោះ‹ថ្លើមរបស់គាត់បានត្រូវបង្កើតមក›។ គាត់ក៏បានប្រាប់អំពីការបណ្ដុះនូវ«ឆ្អឹង»របស់គាត់ដែរ នៅពេលដែលគាត់បានសង្កេតថា «ទូលបង្គំកើតមាននៅទីកំបាំង»។ រួចមក ដាវីឌបាននិយាយអំពី«ធាតុនៃទូលបង្គំ» ហើយបានកត់សម្គាល់គភ៌នោះ ដែលនៅក្នុងផ្ទៃម្ដាយគាត់ ដោយថា៖ ‹ផ្នែកវាទាំងអស់បានកត់ទុកហើយ›។—ទំនុកដំកើង ១៣៩:១៣-១៦
៥. តើអព្ភូតហេតុអ្វីដែលបានទាក់ទង នឹងការបណ្ដុះនូវរូបកាយរបស់យើងនៅក្នុងផ្ទៃ?
៥ យ៉ាងច្បាស់ណាស់ គឺឥតមានគម្រោងសរសេរមែនទែនទេ ឲ្យបានបណ្ដុះរូបកាយរបស់ដាវីឌនៅក្នុងផ្ទៃម្ដាយគាត់នោះ។ ប៉ុន្តែ នៅក្នុងការជញ្ជឹងគិតរបស់ដាវីឌលើការបង្កើត«ថ្លើម»និង«ឆ្អឹង» ហើយអវយវៈផ្សេងៗទៀតរបស់គាត់ នេះគឺដូចជា ការបង្កើតអវយវៈទាំងនេះគឺស្របតាមប្លង់អ៊ីចឹង ដែលអវយវៈទាំងអស់ គឺ‹បានកត់ទុកហើយ›។ នេះគឺដូចជាកោសិកាដែលមានផលក្នុងផ្ទៃម្ដាយគាត់ មានបន្ទប់ដ៏ធំមួយ ដែលមានសៀវភៅជាច្រើន ដែលមានអនុទ្ទេសយ៉ាងល្អិតល្អន់ពីរបៀបបង្កើតទារកមនុស្ស ហើយអនុទ្ទេសដ៏ស្មុគស្មាញទាំងនេះ បានឲ្យដល់កោសិកានិមួយៗដែលដុះលេចឡើងទៀត។ ដូច្នេះហើយ ទស្សនាវដ្ដី ពិភពវិទ្យាសាស្ត្រ ប្រើពាក្យប្រៀបប្រដូចថា‹កោសិកាក្នុងគភ៌ដែលកំពុងលូតលាស់ នោះមានទូររៀងៗខ្លួនដែលពេញដោយគម្រោងការណ៍›។
៦. តើមានភស្តុតាងអ្វីដែលថា យើង‹បានបង្កើតមកយ៉ាងគួរអស្ចារ្យ› ដូចជាដាវីឌបានសរសេរនោះ?
៦ តើអ្នកដែលគិតអំពីដំណើរដ៏អព្ភូតហេតុនៃរូបកាយរបស់យើងឬទេ? លោក ចារិឌ ដៃម៉ុន ជាជីវវិទូម្នាក់បានកត់សម្គាល់ថា៖ «យើងប្ដូរស្រទាប់កោសិកាក្នុងពោះវៀនរបស់យើងបីបួនថ្ងៃម្ដង ព្រមទាំងប្ដូរស្រទាប់ក្នុងក្រពះនោមពីរខែម្ដង និងប្ដូរគោលិកាក្រហមរបស់យើងបួនខែម្ដង»។ គាត់បានសន្និដ្ឋានថា៖ «ជារៀងរាល់ថ្ងៃនោះ ធម្មជាតិកំពុងតែបោះបង់កោសិកាចាស់ហើយក្រោយមកដាក់ចូលវិញនូវកោសិកាថ្មី។ តើនេះពិតជាមានន័យយ៉ាងណា? គឺមានន័យថា មិនថាយើងបានរស់នៅប៉ុន្មានឆ្នាំក៏ដោយ មិនថា៨ឆ្នាំ ៨០ឆ្នាំឬក៏៨០០ឆ្នាំ នោះរូបកាយរបស់យើងគឺនៅក្មេងដដែល។ អ្នកវិទ្យាសាស្ត្រម្នាក់ នៅពេលមួយបានស្មានថា៖ «នៅក្នុងមួយឆ្នាំ ប្រមាណ៩៨ភាគរយនៃអាតូមដែលនៅក្នុងយើង នឹងបានត្រូវប្ដូរដោយអាតូមផ្សេងទៀត ដែលយើងបានយកចូលតាមរយៈខ្យល់ អាហារ និងទឹក»។ ប្រាកដហើយ ដូចដាវីឌបានសរសើរ នោះយើងបាន‹បង្កើតមកយ៉ាងគួរអស្ចារ្យ›។—ទំនុកដំកើង ១៣៩:១៤
៧. តើមនុស្សខ្លះបានសន្និដ្ឋានយ៉ាងណា ដោយគិតពីរបៀបដែលរូបកាយយើងបានគ្រោងការណ៍នោះ?
៧ ដោយមានមូលដ្ឋានលើគម្រោងការណ៍រូបកាយយើង នោះអ្នកចេះដឹងម្នាក់ខាងដំណើរចាស់ជរា ចែងថា៖ «គឺមិនឃើញជាក់ស្តែងសោះ នូវមូលហេតុដែលមានដំណើរចាស់ជរានោះ»។ ដូច្នេះគឺមានទំនងដូចជា យើងគួរតែរស់នៅជារៀងរហូតបាន។ អ៊ីចឹងហើយ បានជាមនុស្សខំប្រឹងឲ្យបានសម្រេចគោលដៅនេះ តាមរយៈវិទ្យាសាស្ត្របច្ចេកទេសរបស់គេ។ មិនយូរប៉ុន្មានកន្លងទៅនេះ វេជ្ជបណ្ឌិត លោកអាលវិន សិល្វើស្ទីន បានសរសេរយ៉ាងទុកចិត្តនៅក្នុងសៀវភៅរបស់គាត់ឈ្មោះ ការឈ្នះលើសេចក្ដីស្លាប់ថា៖ «យើងនឹងដោះស្រាយសារៈសំខាន់នៃជីវិត។ យើងនឹងយល់ . . . នូវរបៀបដែលមនុស្សម្នាក់ទៅជាចាស់»។ តើនឹងមានផលអ្វី? គាត់បានទាយថា៖ «គឺនឹងលែងមានមនុស្ស‹ចាស់›ទៀត ដ្បិតចំណេះដែលនាំឲ្យឈ្នះសេចក្ដីស្លាប់ ក៏នឹងនាំឲ្យមានយុវភាពដ៏ជានិរន្តរ៍ដែរ»។ ដោយបានពិចារណាមើលនូវការស្វែងយល់សមាសភាពរបស់មនុស្ស ដោយប្រើវិទ្យាសាស្ត្រទំនើបនេះ នោះតើគំនិតអំពីជីវិតអស់កល្ប ជាទីពិបាកជឿចំពោះអ្នកឬទេ? គឺមានមូលហេតុមួយទៀតដែលខ្លាំងជាងនេះ ក្នុងការជឿលើលទ្ធភាពឲ្យបានជីវិតអស់កល្បជានិច្ចនោះ។
សេចក្ដីប្រាថ្នាចង់រស់នៅជានិរន្តរ៍
៨, ៩. តើសេចក្ដីប្រាថ្នាដ៏ធម្មតាមួយណា ដែលមនុស្សទូទាំងប្រវត្ដិសាស្ត្រមាននោះ?
៨ តើអ្នកដែលកត់សម្គាល់ថា ការរស់នៅជានិរន្តរ៍ជាសេចក្ដីប្រាថ្នាធម្មតារបស់មនុស្សឬទេ? គ្រូពេទ្យម្នាក់បានសរសេរនៅក្នុងកាសែតអាល្លឺម៉ង់ថា៖ «សេចក្ដីប្រាថ្នាចង់បានជីវិតអស់កល្បជានិច្ច គឺប្រហែលជាមានចំណាស់ស្មើនឹងមនុស្សលោកដែរ»។ ការពណ៌នាអំពីជំនឿខ្លះនៃពួកអឺរ៉ុបពីបុរាណ នោះសព្វវចនាធិប្បាយប៊្រីធែណនីកាថ្មី ចែងថា៖ «មនុស្សដែលសមគួរ នោះនឹងរស់នៅជារៀងរហូតនៅក្នុងមហាសាលដ៏ត្រចះត្រចង់ ដែលបានត្រូវប្រក់ដោយមាស»។ ហើយកំរិតដែលមនុស្សបានខំប្រឹងតាម ដើម្បីសម្រេចសេចក្ដីប្រាថ្នាឲ្យបានជីវិតអស់កល្បជានិច្ច នោះគឺមានច្រើនមែន!
៩ សព្វវចនាធិប្បាយអាមេរិកាណាសង្កេតឃើញថា ជាង២.០០០ឆ្នាំកន្លងទៅនេះ នៅប្រទេសចិន «អធិរាជនិងមនុស្សធម្មតា ដែលនៅក្រោមការដឹកនាំរបស់សង្ឃដៅអីស្ទ គឺឥតអើពើនឹងកិច្ចការទេ បែរជា«ស្វែងរកថ្នាំទទួលទានឲ្យអាយុវែងទៅវិញ» ដែលគេចាត់ទុកថាជាប្រភពនៃយុវភាពណាមួយ។ ប្រាកដហើយ នៅក្នុងទូទាំងប្រវត្ដិសាស្ត្រ មនុស្សបានជឿថា ដោយទទួលថ្នាំដែលលាយគ្នានោះ ឬក៏ផឹកទឹកណាមួយ នោះគេនឹងនៅមានអាយុក្មេង។
១០. តើមានការខំប្រឹងយ៉ាងណានៅសម័យទំនើបនេះ ដើម្បីឲ្យទទួលបានជីវិតយូរអង្វែងនោះ?
១០ ការខំប្រឹងនៅសម័យទំនើបនេះ ដើម្បីសម្រេចនូវសេចក្ដីប្រាថ្នារបស់មនុស្សខាងជីវិតអស់កល្បជានិច្ច គឺមានដូចគ្នា។ ឧទាហរណ៍ដ៏ធំដុំមួយ គឺការធ្វើឲ្យកកសាកសពមនុស្សដែលស្លាប់ដោយព្រោះមានរោគ។ គេធ្វើអ៊ីចឹងដោយសង្ឃឹមថា នឹងស្ដារជីវិតឡើងវិញនៅអនាគត ជាមួយការរីកចំរើនរបស់វិទ្យាសាស្ត្រ។ អ្នកគាំទ្រម្នាក់ខាងការប្រព្រឹត្តនេះ ដែលបានត្រូវហៅថាមុខវិជ្ជាធ្វើឲ្យកកសព បានសរសេរថា៖ «ប្រសិនបើគំនិតសុទិដ្ឋិនិយមរបស់យើងបញ្ជាក់ថាសមហេតុផល ហើយបានត្រូវរៀនចេះប្រោសឲ្យជា ឬជួសជុលការខូចខាតទាំងអស់ ដែលរួមបញ្ចូលភាពអន់ខ្សោយរបស់អ្នកចាស់ជរា នោះអស់អ្នកដែល‹ស្លាប់›ឥឡូវ នឹងមានជីវិតដែលពន្យារដោយឥតកំរិតតទៅទៀត នៅពេលអនាគត»។
១១. ហេតុអ្វីក៏មនុស្សមានចិត្តប្រាថ្នាចង់រស់នៅជានិរន្តរ៍?
១១ អ្នកប្រហែលជាសួរថា ហេតុអ្វីក៏សេចក្ដីប្រាថ្នានេះចំពោះជីវិតអស់កល្បជានិច្ច បានត្រូវមានជាប់ក្នុងគំនិតរបស់យើងម្ល៉េះ? តើនេះដោយព្រោះ«[ព្រះ]អោយគេចេះគិតអំពីពេលវេលា . . . អស់កល្បជានិច្ច»ឬ? (សាស្ដា ៣:១១; ព្រះគម្ពីរភាសាខ្មែរសម្រាយ) នេះជារឿង ដែលយើងគួរយកមកត្រិះរិះយ៉ាងប្រាកដប្រជា! ចូរគិតទៅមើល៖ ប្រសិនបើព្រះអាទិទេពឥតមានគោលបំណងនឹងសម្រេចសេចក្ដីប្រាថ្នានោះ តើហេតុអ្វីបានជាតាំងពីកំណើត យើងមានសេចក្ដីប្រាថ្នាចង់រស់នៅអស់កល្បជានិច្ច ជារៀងរហូតអ៊ីចឹង? ហើយតើជាការមានសេចក្ដីស្រឡាញ់ទេឬ បើទ្រង់បង្កើតយើងឲ្យមានសេចក្ដីប្រាថ្នាចង់រស់នៅអស់កល្បជានិច្ច ហើយរួចមកធ្វើឲ្យយើងមានចិត្តអន្ទះអន្ទែង ដោយឥតឲ្យយើងសម្រេចសេចក្ដីប្រាថ្នានោះ?—ទំនុកដំកើង ១៤៥:១៦
តើយើងត្រូវទុកចិត្តលើអ្នកណា?
១២. តើមនុស្សខ្លះមានការទុកចិត្តអ្វី ប៉ុន្តែតើអ្នកជឿថានេះ មានគ្រឹះមាំមួនឬទេ?
១២ ប៉ុន្តែ នៅកន្លែងណាឬក្នុងអ្វី ដែលយើងត្រូវទុកចិត្តដើម្បីឲ្យទទួលជីវិតដ៏អស់កល្បជានិច្ច? តើត្រូវទុកចិត្តទៅលើវិទ្យាសាស្ត្របច្ចេកទេសនៅសតវត្សទី២០ឬទី២១ឬ? នៅក្នុងអត្ថបទមួយនៃទស្សនាវដ្ដីញូវយ៉កថែម្ស ដែលមានចំណងជើង «ពួកគេចង់រស់នៅ» នោះបាននិយាយអំពី «ព្រះ គឺជាវិទ្យាសាស្ត្របច្ចេកទេស» និងអំពី«សេចក្ដីសាទរអំពីលទ្ធភាពនៃវិទ្យាសាស្ត្របច្ចេកទេស»។ គេបាននិយាយអំពីអ្នកស្រាវជ្រាវម្នាក់ថា «ដោយមិនសូវចេះរិះគិតនោះ ក៏ទុកចិត្ត . . . ថាវិធីបំផ្លាស់ប្រែពន្ធុ នឹងបានទាន់ពេលដើម្បីសង្គ្រោះ[យើង] ដោយបញ្ឈប់ដំណើរចាស់ជរា ប្រហែលទាំងអាចប្ដូរបញ្ច្រាសដំណើរនេះទៀតផង»។ ក៏ប៉ុន្តែ ការខំប្រឹងរបស់មនុស្សបានបង្ហាញភស្តុតាងថាឥតមានប្រយោជន៍ទេ ក្នុងការបញ្ឈប់ដំណើរចាស់ជរា ឬក៏ការឈ្នះលើសេចក្ដីស្លាប់នោះ។
១៣. តើតាមរបៀបណាដែលរចនាសម្ព័ន្ធនៃខួរក្បាលយើង បង្ហាញថាយើងបានត្រូវបម្រុងឲ្យរស់នៅជានិរន្តរ៍នោះ?
១៣ តើនេះមានសេចក្ដីថា គឺគ្មានផ្លូវណាសោះ ដើម្បីទទួលជីវិតអស់កល្បជានិច្ចឬ? គឺមិនដូច្នេះទេ! គឺមានផ្លូវមួយមែន! រចនាសម្ព័ន្ធនៃខួរក្បាលដ៏អស្ចារ្យរបស់យើង ដែលមានសមត្ថភាពរៀនសឹងតែឥតកំរិត នោះត្រូវធ្វើឲ្យយើងជឿអំពីរឿងនេះ។ អ្នកជីវសាស្ត្រខាងម៉ូលេគុលម្នាក់ឈ្មោះ ជេម្ស វាត់សិន បានហៅខួរក្បាលយើង«ជារបស់ដ៏ស្មុគស្មាញបំផុត ដែលយើងមិនធ្លាប់រកឃើញក្នុងសកលលោកនេះ»។ ហើយអ្នកប្រសាទសាស្ត្រម្នាក់ ឈ្មោះ រីឆែទ រីស្ទែក មានប្រសាសន៍ថា៖ «គ្មានកន្លែងណានៅក្នុងសកលលោកនេះ ដែលមានអ្វីដូចខួរក្បាលសោះឡើយ»។ ហេតុអ្វីក៏យើងមានខួរក្បាល ដែលមានសមត្ថភាពផ្គរទុក និងធ្វើឲ្យជ្រួតជ្រាបនូវពត៌មានជាច្រើនអនេក ហើយរូបកាយដែលបានត្រូវបង្កើតមកឲ្យរស់នៅជានិរន្តរ៍ ប្រសិនបើយើងមិនត្រូវមានបំណងឲ្យសប្បាយនឹងជីវិតដ៏អស់កល្បជានិច្ចនោះ?
១៤. (ក) តើពួកអ្នកសរសេរព្រះគម្ពីរជាច្រើននាក់ សន្និដ្ឋានយ៉ាងណាអំពីជីវិតមនុស្ស? (ខ) ហេតុអ្វីក៏យើងត្រូវទុកចិត្តលើព្រះ ជាជាងលើមនុស្សលោក?
១៤ ដូច្នេះ តើអ្វីជាសេចក្ដីសន្និដ្ឋានពិតប្រាកដ ដែលសមហេតុផលតែមួយគត់នោះ? តើអ្នកមិនយល់ស្របថា យើងបានត្រូវបង្កើតមកដោយព្រះអាទិទេព ដែលមានព្រះចេស្ដាដ៏ខ្លាំងបំផុតទេឬ ដើម្បីឲ្យយើងរស់នៅបានជារៀងរហូតនោះ? (យ៉ូប ១០:៨; ទំនុកដំកើង ៣៦:៩; ១០០:៣; ម៉ាឡាគី ២:១០; កិច្ចការ ១៧:២៤, ២៥) ដូច្នេះ តើយើងគួរធ្វើតាមដោយប្រាជ្ញាទេឬអី នូវសេចក្ដីបង្គាប់របស់អ្នកតែងបទទំនុកដំកើង ដែលថា៖ «កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយ គេនឹងជួយឯងមិនបានទេ»។ ហេតុអ្វីក៏យើងមិនត្រូវទុកចិត្តលើមនុស្ស? ពីព្រោះ ដូចអ្នកតែងបទទំនុកដំកើង បានសរសេរថា៖ «គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ»។ ប្រាកដហើយ ថ្វីបើមានលទ្ធភាពចំពោះការរស់នៅជានិរន្តរ៍ក៏ដោយ តែពួកគេឥតមានអំណាចប្រឈមមុខនឹងសេចក្ដីស្លាប់ទេ។ អ្នកតែងបទទំនុកដំកើងសន្និដ្ឋានថា៖ «សប្បាយហើយ អ្នកណា . . . ដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន»។—ទំនុកដំកើង ១៤៦:៣-៥
តើពិតជាគោលបំណងរបស់ព្រះមែនឬ?
១៥. តើអ្វីដែលបង្ហាញថា ពិតជាគោលបំណងរបស់ព្រះ ដែលយើងត្រូវរស់នៅជានិរន្តរ៍?
១៥ ប៉ុន្តែ អ្នកប្រហែលជាសួរថា តើពិតជាបំណងរបស់ព្រះឬ ដែលយើងត្រូវទទួលជីវិតដ៏អស់កល្បជានិច្ចនោះ? ប្រាកដហើយ គឺអ៊ីចឹងមែន! បន្ទូលរបស់ទ្រង់សន្យាអំពីរឿងនេះជាច្រើនដង។ ព្រះគម្ពីរធានារ៉ាប់រងយើងថា៖ «អំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច»។ យ៉ូហាន ជាអ្នកបំរើរបស់ព្រះបានសរសេរថា៖ «នេះហើយ ជាសេចក្ដីដែលទ្រង់បានសន្យានឹងយើងរាល់គ្នា គឺជាជីវិតដ៏រស់នៅអស់កល្បជានិច្ច»។ អ៊ីចឹងហើយបានជាយុវបុរសម្នាក់បានសួរព្រះយេស៊ូថា៖ «លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើការល្អអ្វី ឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច»? (រ៉ូម ៦:២៣; យ៉ូហានទី១ ២:២៥; ម៉ាថាយ ១៩:១៦) តាមការពិត សាវ័កប៉ុលបានសរសេរអំពី«សេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាមុនអស់ទាំងកល្ប»។—ទីតុស ១:២
១៦. តើក្នុងន័យអ្វី ដែលព្រះបានសន្យាអំពីជីវិតអស់កល្បជានិច្ច«មុនអស់ទាំងកល្ប»ទៅទៀត?
១៦ តើនេះមានន័យយ៉ាងណា ដែលថាព្រះបានសន្យាអំពីជីវិតអស់កល្បជានិច្ច«មុនអស់ទាំងកល្ប»? អ្នកខ្លះគិតថា សាវ័កប៉ុលចង់មានន័យថាពីមុនគូស្វាមីភរិយាដំបូង អ័ដាមនិងអេវ៉ាបានត្រូវបង្កើតមក នោះព្រះទ្រង់មានបំណងថា មនុស្សត្រូវរស់នៅជានិរន្តរ៍។ ក៏ប៉ុន្តែ បើសិនជាប៉ុលបានសំដៅទៅលើគ្រាមួយ ក្រោយពីមនុស្សបានត្រូវបង្កើតមក ហើយនៅពេលដែលព្រះយេហូវ៉ាបានមានបន្ទូលអំពីគោលបំណងរបស់ទ្រង់ នេះក៏នៅច្បាស់ថា បំណងព្រះហឫទ័យរបស់ព្រះនឹងរួមបញ្ចូលជីវិតអស់កល្បជានិច្ចសំរាប់មនុស្សលោក។
១៧. ហេតុអ្វីក៏អ័ដាមនិងអេវ៉ា បានត្រូវបណ្ដេញពីសួនអេដែន ហើយហេតុអ្វីក៏បានដាក់ពួកចេរូប៊ីននៅឯមាត់ទ្វារចូល?
១៧ ព្រះគម្ពីរចែងថា នៅក្នុងសួនអេដែន «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើឲ្យដីដុះ . . . ដើមជីវិត»។ មូលហេតុចំពោះការបណ្ដេញអ័ដាមចេញពីសួននេះ គឺដើម្បីកុំឲ្យគាត់«លូកដៃទៅបេះផ្លែជីវិតស៊ីទៀត ហើយរស់» ត្រូវហើយ រស់ដ៏អស់កល្បជានិច្ច! ក្រោយពីបានបណ្ដេញអ័ដាមនិងអេវ៉ាចេញពីសួនអេដែន នោះព្រះយេហូវ៉ាបានដាក់«ចេរូប៊ីន . . . នឹងដាវ ដែលជាអណ្ដាតភ្លើងរេបែរទៅគ្រប់ទិស ដើម្បីនឹងរក្សាផ្លូវទៅឯដើមជីវិត»។—លោកុប្បត្តិ ២:៩; ៣:២២-២៤
១៨. (ក) តើការបរិភោគផ្លែពីដើមជីវិត នឹងមានន័យយ៉ាងណាចំពោះអ័ដាមនិងអេវ៉ា? (ខ) តើការបរិភោគពីដើមនោះតំណាងអ្វី?
១៨ ប្រសិនបើអ័ដាមនិងអេវ៉ាបានអនុញ្ញាតឲ្យបរិភោគផ្លែនៃដើមជីវិត តើនេះនឹងមានន័យយ៉ាងណាចំពោះគេ? មែនហើយ គឺឯកសិទ្ធិនៃការរស់នៅជានិរន្តរ៍នៅក្នុងសួនមនោរម្យ! វិជ្ជាករម្នាក់ខាងព្រះគម្ពីរ បាននឹកស្មានថា៖ «ដើមជីវិតច្បាស់ជាមានគុណធម៌បែបណាមួយហើយ ដែលអាចរក្សារូបកាយមនុស្សឲ្យរួចផុតពីភាពទន់ខ្សោយដោយអាយុចាស់ជរា ឬក៏ការពុករលួយ ដែលមកទីបញ្ចប់ជាសេចក្ដីស្លាប់»។ គាត់ព្រមទាំងអះអាងថា «គឺមានគុណធម៌ជាថ្នាំរុក្ខជាតិនៅក្នុងទីមនោរម្យនេះ ដែលអាចប្រឈមឥទ្ធិពល»នៃដំណើរចាស់ជរា។ ប៉ុន្តែ ព្រះគម្ពីរឥតចែងថា ដើមជីវិតមែនទែននេះ មានអំណាចឲ្យជីវិតនោះទេ។ ផ្ទុយទៅវិញ ដើមឈើនេះ បានត្រូវតំណាងនូវការធានារបស់ព្រះខាងឯជីវិតអស់កល្បជានិច្ច ដល់បុគ្គលណា ដែលបានត្រូវអនុញ្ញាតឲ្យបរិភោគពីដើមនោះ។—វិវរណៈ ២:៧
គោលបំណងរបស់ព្រះឥតបានផ្លាស់ប្ដូរទេ
១៩. ហេតុអ្វីក៏អ័ដាមស្លាប់ទៅ ហើយហេតុអ្វីក៏យើងជាកូនចៅរបស់គាត់ ក៏ត្រូវស្លាប់ដែរនោះ?
១៩ នៅពេលដែលអ័ដាមបានធ្វើអំពើបាប នោះគាត់បានបាត់បង់នូវសិទ្ធិឲ្យបានជីវិតអស់កល្បជានិច្ចសំរាប់ខ្លួន និងសំរាប់កូនទាំងឡាយដែលមិនទាន់កើតនោះ។ (លោកុប្បត្តិ ២:១៧) នៅពេលដែលគាត់បានក្លាយទៅជាអ្នកមានបាប ដោយព្រោះការឥតស្ដាប់បង្គាប់ នោះគាត់ក្លាយទៅជាមានខ្ចោះ ឥតគ្រប់ល័ក្ខណ៍។ តាំងពីនោះមក រូបកាយរបស់អ័ដាមបានត្រូវដាក់បញ្ជាឲ្យស្លាប់។ ដូចព្រះគម្ពីរចែងថា៖ «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់»។ (រ៉ូម ៦:២៣) ម្យ៉ាងវិញទៀត កូនដ៏ឥតគ្រប់ល័ក្ខណ៍របស់អ័ដាម ក៏បានត្រូវដាក់បញ្ជាឲ្យស្លាប់ដែរ មិនមែនសំរាប់ជីវិតអស់កល្បជានិច្ចទេ។ ព្រះគម្ពីរពន្យល់ថា៖ «ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់[អ័ដាម] ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។—រ៉ូម ៥:១២
២០. តើអ្វីដែលបង្ហាញថាមនុស្សបានបម្រុង ឲ្យរស់នៅជានិរន្តរ៍នៅលើផែនដី?
២០ ប៉ុន្តែ ចុះយ៉ាងណាវិញ បើអ័ដាមមិនបានប្រព្រឹត្តអំពើបាបនោះ? យ៉ាងណាវិញ បើគាត់បានស្ដាប់តាមព្រះ ហើយគាត់បានត្រូវអនុញ្ញាតឲ្យបរិភោគពីដើមជីវិតនោះ? តើនៅកន្លែងណា ដែលគាត់នឹងទទួលអំណោយពីព្រះដែលជាជីវិតអស់កល្បជានិច្ច? តើនៅលើស្ថានសួគ៌ឬ? គឺអត់ទេ! ព្រះឥតបានមានបន្ទូលអ្វីសោះ ថានឹងយកអ័ដាមទៅស្ថានសួគ៌នោះទេ។ គាត់បានត្រូវទទួលកិច្ចការឲ្យធ្វើនៅលើផែនដីនេះ។ ព្រះគម្ពីរពន្យល់ថា «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើឲ្យដីដុះគ្រប់អស់ ទាំងដើមឈើដែលគួរពិចពិលរមឹលមើល ហើយសំរាប់ជាអាហារផង» ហើយចែងទៀតថា៖ «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកអ័ដាមទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការហើយថែរក្សា»។ (លោកុប្បត្តិ ២:៩, ១៥) ក្រោយពីអេវ៉ាបានត្រូវបង្កើតជាគូរបស់អ័ដាម គេទាំងពីរនាក់បានត្រូវទទួលកិច្ចការថែមទៀតនៅលើផែនដីនេះ។ ព្រះទ្រង់មានបន្ទូលប្រាប់គេថា៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាសនឹងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង»។—លោកុប្បត្តិ ១:២៨
២១. តើការទន្ទឹងចាំដ៏អស្ចារ្យអ្វី ដែលមនុស្សដំបូងមាននោះ?
២១ ចូរគិតពីការទន្ទឹងចាំដ៏អស្ចារ្យសំរាប់ផែនដី ដែលសេចក្ដីបង្គាប់របស់ព្រះ នោះនឹងបើកឲ្យអ័ដាមនិងអេវ៉ា! ពួកគេនឹងត្រូវចិញ្ចឹមកូនប្រុសស្រីដែលល្អគ្រប់ល័ក្ខណ៍ នៅលើផែនដីមនោរម្យ។ កាលដែលកូនស្ងួនភ្ងារបស់គេបានធំឡើង ពួកនេះនឹងចូលរួមក្នុងកិច្ចការដ៏ចូលចិត្ត ដើម្បីរក្សាសួននោះ។ ហើយដោយសត្វទាំងអស់នៅក្រោមអំណាចគេ នោះមនុស្សលោកនឹងបានត្រូវស្កប់ស្កល់ចិត្តមែន។ ចូរគិតពីអំណរដែលនឹងមកពីការពង្រីកព្រំដែនសួនច្បារអេដែន ដើម្បីជាយថាហេតុនោះ ផែនដីទាំងមូលនឹងក្លាយទៅជាសួនមនោរម្យ! តើអ្នកសប្បាយនឹងជីវិតក្នុងផែនដីមនោរម្យដ៏សែនស្អាតនេះ ជាមួយកូនៗដ៏គ្រប់ល័ក្ខណ៍ ដោយគ្មានការខ្វល់ខ្លាចទៅជាចាស់ និងសេចក្ដីស្លាប់ឬទេ? សូមឲ្យចំណូលចិត្តធម្មតារបស់អ្នកឆ្លើយនឹងសំនួរនេះចុះ។
២២. ហេតុអ្វីក៏យើងអាចដឹងប្រាកដថា ព្រះមិនបានផ្លាស់ប្ដូរគោលបំណងរបស់ទ្រង់ចំពោះផែនដី?
២២ បើអ៊ីចឹង នៅពេលដែលអ័ដាមនិងអេវ៉ាឥតស្ដាប់បង្គាប់ ហើយបានត្រូវបណ្ដេញចេញពីសួនច្បារអេដែន តើព្រះបានផ្លាស់ប្ដូរគោលបំណងទ្រង់ ឲ្យមនុស្សរស់នៅផែនដីមនោរម្យជានិរន្តរ៍ឬ? អត់ទេ! ពីព្រោះបើព្រះធ្វើបែបនោះ នោះនឹងសារភាពពីបរាជ័យ ស្តីអំពីសមត្ថភាពរបស់ទ្រង់ ក្នុងការសម្រេចនឹងគោលបំណងដើមរបស់ទ្រង់។ យើងអាចដឹងប្រាកដថា ព្រះនឹងធ្វើអ្វីដែលទ្រង់បានសន្យាមក ដូចទ្រង់ប្រកាសថា៖ «នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ»។—អេសាយ ៥៥:១១
២៣. (ក) តើអ្វីដែលបញ្ជាក់ថែមទៀតថា ពិតជាគោលបំណងរបស់ព្រះ ឲ្យមនុស្សសុចរិតរស់នៅជានិរន្តរ៍នៅលើផែនដីនេះ? (ខ) តើយើងនឹងពិគ្រោះអ្វីជាបន្ទាប់?
២៣ ដែលគោលបំណងរបស់ព្រះសំរាប់ផែនដីនេះមិនបានផ្លាស់ប្ដូរ គឺបានត្រូវបញ្ជាក់ឲ្យច្បាស់នៅក្នុងព្រះគម្ពីរ ដែលព្រះសន្យាថា៖ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។ សូម្បីតែព្រះយេស៊ូបានមានបន្ទូលនៅក្នុងធម្មទាននៅលើភ្នំ ថាពួកមនុស្សរាបសានឹងបានផែនដីជាមរតក។ (ទំនុកដំកើង ៣៧:២៩; ម៉ាថាយ ៥:៥) ក៏ប៉ុន្តែ តើយើងអាចទទួលជីវិតអស់កល្បជានិច្ចយ៉ាងដូចម្ដេចបាន ហើយតើយើងត្រូវតែធ្វើអ្វីដើម្បីឲ្យសប្បាយនឹងជីវិតបែបនេះ? នេះនឹងត្រូវពិគ្រោះនៅក្នុងអត្ថបទជាបន្ទាប់។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ហេតុអ្វីក៏មនុស្សជាច្រើនជឿលើលទ្ធភាពនៃជីវិតអស់កល្បជានិច្ច?
◻ តើអ្វីដែលត្រូវធ្វើឲ្យយើងជឿស៊ប់ថា យើងបានត្រូវបម្រុងឲ្យរស់នៅជានិរន្តរ៍នោះ?
◻ តើគោលបំណងដើមរបស់ព្រះជាអ្វី ចំពោះមនុស្សលោកនិងផែនដីនេះ?
◻ ហេតុអ្វីក៏យើងអាចប្រាកដក្នុងខ្លួនថា ព្រះនឹងសម្រេចគោលបំណងដើមរបស់ទ្រង់នោះ?