គង្វាលទាំងឡាយ ចូរយកតម្រាប់គង្វាលឧត្តុង្គឧត្តមបំផុត
«គ្រិស្តបានរងទុក្ខដើម្បីអ្នករាល់គ្នា ហើយទុកគំរូដើម្បីឲ្យអ្នករាល់គ្នាខំដើរតាមលំអានដានរបស់លោក ឲ្យបានដិតដល់»។—១ពេ. ២:២១
១, ២. (ក) តើមានលទ្ធផលអ្វីពេលចៀមទទួលការថែរក្សាយ៉ាងល្អ? (ខ) ហេតុអ្វីមនុស្សជាច្រើននៅសម័យលោកយេស៊ូដូចជាសត្វចៀមដែលគ្មានគង្វាល?
ចៀមមានសុខភាពល្អពេលគង្វាលយកចិត្តទុកដាក់ដល់សុខុមាលភាពហ្វូងចៀមរបស់គាត់។ សៀវភៅមួយអំពីការចិញ្ចឹមចៀមចែងថា ប្រសិនបើគង្វាលម្នាក់គ្រាន់តែទុកចៀមរបស់គាត់ចោលឲ្យស៊ីស្មៅនៅវាល ដោយមិនយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការផ្សេងទៀតរបស់ចៀម ចៀមនោះនឹងខ្សោយហើយឈឺក្នុងរយៈពេលពីរបីឆ្នាំ។ ប៉ុន្តែ ពេលគង្វាលថែរក្សាចៀមតាមរបៀបត្រឹមត្រូវ នោះហ្វូងចៀមរបស់គាត់នឹងមានសុខភាពល្អ។
២ នៅក្នុងក្រុមជំនុំក៏ដូច្នេះដែរ។ ពេលគង្វាលដែលជាគ្រិស្តសាសនិកថែរក្សា ហើយយកចិត្តទុកដាក់នឹងចៀមម្នាក់ៗ នោះក្រុមជំនុំទាំងមូលនឹងទទួលប្រយោជន៍។ អ្នកប្រហែលជានឹកចាំថា លោកយេស៊ូមានចិត្តអាណិតអាសូរចំពោះបណ្ដាជន ដោយសារ«ពួកគេបានត្រូវគេធ្វើទុក្ខ និងទុកចោលឲ្យនៅរាត់រាយដូចសត្វចៀមដែលគ្មានគង្វាល»។ (ម៉ាថ. ៩:៣៦) ហេតុអ្វីពួកគេស្ថិតក្នុងស្ថានភាពដែលគួរឲ្យអាណិតអាសូរបែបនេះ? ដោយសារពួកអ្នកដែលមានតួនាទីបង្រៀនច្បាប់របស់ព្រះដល់ជនជាតិអ៊ីស្រាអែល គឺគ្មានមេត្ដា ពិបាកផ្គាប់ចិត្ត ហើយមានពុតត្បុត។ ជាជាងជួយហើយថែរក្សាចៀម ពួកមេដឹកនាំសាសនារបស់ជនជាតិអ៊ីស្រាអែលដាក់«បន្ទុកយ៉ាងធ្ងន់»លើស្មារបស់ពួកគេ។—ម៉ាថ. ២៣:៤
៣. តើអ្នកចាស់ទុំគួរដឹងអំពីអ្វី ពេលពួកគាត់បំពេញតួនាទីរបស់ពួកគាត់ជាគង្វាលក្នុងក្រុមជំនុំ?
៣ នៅសព្វថ្ងៃនេះ គង្វាលដែលជាគ្រិស្តសាសនិក ពោលគឺពួកអ្នកចាស់ទុំ មានភារកិច្ចដ៏ធ្ងន់ធ្ងរមួយ។ ចៀមនៅក្នុងហ្វូងដែលពួកគាត់មើលថែ គឺជារបស់ព្រះយេហូវ៉ានិងលោកយេស៊ូ ដែលសម្គាល់ខ្លួនលោកជា«គង្វាលដ៏ល្អប្រសើរ»។ (យ៉ូន. ១០:១១) ចៀមទាំងនោះបានត្រូវ«ទិញក្នុងតម្លៃថ្លៃណាស់»។ លោកយេស៊ូបានបង់ថ្លៃនោះដោយ«ឈាមដ៏ថ្លៃវិសេស»របស់លោក។ (១កូ. ៦:២០; ១ពេ. ១:១៨, ១៩) លោកស្រឡាញ់ចៀមទាំងនោះដល់ម្ល៉េះបានជាលោកសុខចិត្តលះបង់ជីវិតរបស់លោកសម្រាប់ពួកគេ។ អ្នកចាស់ទុំគួរចាំជានិច្ចថា ពួកគាត់គឺជាគង្វាលដែលនៅក្រោមអំណាចរបស់លោក ហើយនៅក្រោមការមើលខុសត្រូវរបស់លោកយេស៊ូដែលជាបុត្រជាទីស្រឡាញ់របស់ព្រះ និងជា«គង្វាលចៀមឧត្តុង្គឧត្តម»។—ហេ. ១៣:២០
៤. តើអត្ថបទនេះនឹងពិចារណាអំពីអ្វី?
៤ ដូច្នេះ តើគង្វាលដែលជាគ្រិស្តសាសនិកត្រូវប្រព្រឹត្តយ៉ាងណាចំពោះចៀម? សមាជិកក្នុងក្រុមជំនុំបានត្រូវដាស់តឿនឲ្យ«ស្ដាប់បង្គាប់ . . . ពួកអ្នកដែលនាំមុខ»ពួកគេ។ ម្យ៉ាងទៀត អ្នកចាស់ទុំជាគ្រិស្តសាសនិកបានត្រូវដាស់តឿនឲ្យជៀសវាងពីការ«ធ្វើជាចៅហ្វាយលើពួកអ្នកដែលជាមត៌ករបស់ព្រះ»។ (ហេ. ១៣:១៧; សូមអាន ពេត្រុសទី១ ៥:២, ៣) ដូច្នេះ តើតាមរបៀបណាអ្នកចាស់ទុំដែលព្រះបានតែងតាំងអាចនាំមុខដោយមិនធ្វើជាចៅហ្វាយលើចៀម? ឬបើនិយាយឲ្យស្រួលយល់ តើតាមរបៀបណាអ្នកត្រួតពិនិត្យអាចថែរក្សាចៀម ដោយមិនធ្វើលើសពីអំណាចដែលព្រះបានផ្ដល់ឲ្យពួកគាត់?
លោក«លើកផ្ទាប់»នៅទ្រូង
៥. តើឧទាហរណ៍នៅអេសាយ ៤០:១១បង្ហាញអ្វីអំពីព្រះយេហូវ៉ា?
៥ ស្តីអំពីព្រះយេហូវ៉ា អ្នកប្រកាសទំនាយអេសាយបាននិយាយថា៖ «ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅ[ទ្រូង] ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម»។ (អេ. ៤០:១១) ឧទាហរណ៍នេះបង្ហាញថា ព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់សមាជិកក្រុមជំនុំដែលខ្សោយនិងងាយរងគ្រោះ។ ដូចគង្វាលម្នាក់ដែលកត់សម្គាល់អំពីសេចក្ដីត្រូវការរបស់ចៀមនីមួយៗក្នុងហ្វូង ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីជួយចៀម ព្រះយេហូវ៉ាដឹងអំពីសេចក្ដីត្រូវការរបស់បងប្អូនក្នុងក្រុមជំនុំ ហើយលោកពេញចិត្តនឹងផ្ដល់ជំនួយដែលពួកគេត្រូវការ។ ដូចគង្វាលដែលលើកចៀមដែលទើបនឹងកើតមកបីក្នុងថ្នក់អាវធំរបស់គាត់ពេលចាំបាច់ ព្រះយេហូវ៉ាដែលជា«បិតានៃសេចក្ដីមេត្ដាករុណា» នឹងជួយទ្រទ្រង់យើងពេលយើងមានទុក្ខលំបាក។ លោកនឹងសម្រាលទុក្ខយើងពេលយើងជួបនឹងការល្បងលដ៏ធំ ឬពេលយើងមានសេចក្ដីត្រូវការពិសេសណាមួយ។—២កូ. ១:៣, ៤
៦. ក្នុងនាមជាគង្វាលក្នុងក្រុមជំនុំ តើអ្នកចាស់ទុំអាចធ្វើតាមគំរូរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៦ នេះពិតជាមេរៀនដ៏អស្ចារ្យមួយដែលគង្វាលក្នុងក្រុមជំនុំអាចរៀនពីព្រះយេហូវ៉ាដែលជាបិតារបស់យើងដែលនៅស្ថានសួគ៌! ដូចព្រះយេហូវ៉ា គាត់ត្រូវយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់ចៀម។ ដោយដឹងអំពីទុក្ខលំបាកដែលពួកគេកំពុងជួបប្រទះ និងអំពីអ្វីដែលពួកគេត្រូវការជាបន្ទាន់ អ្នកចាស់ទុំមានភារកិច្ចផ្ដល់ការលើកទឹកចិត្ត និងការគាំទ្រដែលពួកគេត្រូវការ។ (សុភ. ២៧:២៣) អ្នកចាស់ទុំត្រូវមានការប្រាស្រ័យទាក់ទងល្អជាមួយបងប្អូនរួមជំនឿរបស់គាត់។ អ្នកចាស់ទុំគោរពសិទ្ធិបងប្អូនដោយមិនជ្រៀតជ្រែកក្នុងរឿងផ្ទាល់ខ្លួនរបស់ពួកគេឡើយ តែគាត់យកចិត្តទុកដាក់ចំពោះអ្វីដែលគាត់ឃើញនិងឮក្នុងក្រុមជំនុំ ហើយគាត់បង្ហាញសេចក្ដីស្រឡាញ់ដោយចំណាយពេល«ជួយអ្នកដែលខ្សោយ»។—សកម្ម. ២០:៣៥; ១ថែ. ៤:១១
៧. (ក) តើគង្វាលបានប្រព្រឹត្តយ៉ាងណាចំពោះចៀមរបស់ព្រះនៅសម័យអេសេគាលនិងយេរេមា? (ខ) តើយើងអាចទាញមេរៀនអ្វីពីការផ្ដន្ទាទោសរបស់ព្រះចំពោះគង្វាលដែលមិនស្មោះត្រង់?
៧ សូមពិចារណាអំពីចិត្តគំនិតរបស់គង្វាលដែលព្រះផ្ដន្ទាទោស។ នៅសម័យអេសេគាលនិងយេរេមា ព្រះយេហូវ៉ាបានរិះគន់ពួកអ្នកដែលគួរតែថែរក្សាចៀមរបស់លោក តែបែរជាមិនបានធ្វើដូច្នេះតាមរបៀបត្រឹមត្រូវឡើយ។ ពេលគ្មាននរណាម្នាក់មើលថែរក្សាចៀម ហ្វូងចៀមបានវង្វេង ហើយខ្ចាត់ខ្ចាយ។ ជាជាងឲ្យចំណីចៀម គង្វាលទាំងនោះបានជញ្ជក់យកផលប្រយោជន៍ពីពួកគេ ហើយ«ឃ្វាលតែខ្លួនឯង»ឬចិញ្ចឹមខ្លួនឯង។ (អេស. ៣៤:៧-១០; យេ. ២៣:១) ការផ្ដន្ទាទោសរបស់ព្រះចំពោះគង្វាលទាំងនោះក៏សមនឹងគង្វាលដែលជាអ្នកដឹកនាំពិភពគ្រិស្តសាសនាដែរ។ ប៉ុន្តែរឿងនេះក៏បង្ហាញដែរថា គឺជាការសំខាន់ណាស់ដែលអ្នកចាស់ទុំជាគ្រិស្តសាសនិកថែរក្សាហ្វូងចៀមរបស់ព្រះយេហូវ៉ាតាមរបៀបត្រឹមត្រូវ ហើយបង្ហាញសេចក្ដីស្រឡាញ់ដោយយកចិត្តទុកដាក់ចំពោះចៀមទាំងនោះ។
«ខ្ញុំបានធ្វើគំរូឲ្យអ្នករាល់គ្នា»
៨. តើលោកយេស៊ូបានបង្ហាញគំរូដ៏ល្អអ្វី ស្តីអំពីការកែប្រែចិត្តគំនិតដែលមិនត្រឹមត្រូវ?
៨ ដោយសារភាពមិនល្អឥតខ្ចោះ ចៀមខ្លះរបស់ព្រះប្រហែលជាមិនឆាប់យល់នូវអ្វីដែលព្រះយេហូវ៉ាចង់ឲ្យពួកគាត់ធ្វើឡើយ។ ពួកគាត់ប្រហែលជាមិនបានចាត់វិធានការស្របតាមឱវាទពីបទគម្ពីរ ឬពួកគាត់ប្រហែលជាបានធ្វើអ្វីមួយដែលបង្ហាញថាពួកគាត់គ្មានភាពចាស់ទុំជាគ្រិស្តសាសនិក។ តើអ្នកចាស់ទុំគួរមានប្រតិកម្មយ៉ាងណា? ពួកគាត់គួរធ្វើតាមគំរូនៃចិត្តអត់ធ្មត់របស់លោកយេស៊ូចំពោះអ្នកកាន់តាមលោក ពេលដែលពួកគេបានគិតហួសហេតុពេកថា អ្នកណាក្នុងចំណោមពួកគាត់នឹងទៅជាអ្នកធំជាងគេក្នុងរាជាណាចក្រព្រះ។ ជាជាងឈប់អត់ធ្មត់នឹងពួកគាត់ លោកយេស៊ូបន្តបង្រៀនអ្នកកាន់តាមលោក ហើយដោយសេចក្ដីស្រឡាញ់លោកផ្ដល់ការណែនាំដល់ពួកគាត់អំពីការបង្ហាញចិត្តរាបទាប។ (លូក. ៩:៤៦-៤៨; ២២:២៤-២៧) ដោយលាងជើងឲ្យពួកគាត់ លោកយេស៊ូបានបង្រៀនពួកគាត់នូវមេរៀនដ៏សំខាន់មួយស្តីអំពីចិត្តរាបទាប ដែលជាគុណសម្បត្ដិមួយដែលអ្នកត្រួតពិនិត្យជាគ្រិស្តសាសនិកត្រូវបង្ហាញ។—សូមអាន យ៉ូហាន ១៣:១២-១៥; ១ពេ. ២:២១
៩. តើលោកយេស៊ូចង់ឲ្យសាវ័ករបស់លោកមានចិត្តគំនិតបែបណា?
៩ សាវ័កយ៉ាកុបនិងយ៉ូហានបានបង្ហាញថា ពួកគាត់គិតថាការធ្វើជាគង្វាលមានន័យថាការគ្រប់គ្រងអ្នកឯទៀត។ សាវ័កទាំងពីរនាក់នេះចង់បានឋានៈខ្ពង់ខ្ពស់ក្នុងរាជាណាចក្រព្រះ។ ប៉ុន្តែលោកយេស៊ូបានកែតម្រង់ចិត្តគំនិតរបស់ពួកគាត់ដោយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាដឹងថា អ្នកគ្រប់គ្រងប្រជាជាតិនានាត្រួតត្រាលើពួកគេ ហើយអ្នកធំក៏ប្រើអំណាចលើពួកគេដែរ។ ក្នុងចំណោមអ្នករាល់គ្នាគឺមិនដូច្នេះឡើយ ផ្ទុយទៅវិញអ្នកណាដែលចង់ធ្វើជាអ្នកធំក្នុងចំណោមអ្នករាល់គ្នា ត្រូវធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នាវិញ»។ (ម៉ាថ. ២០:២៥, ២៦) ពួកសាវ័កត្រូវបដិសេធចិត្តគំនិតដែលចង់«ត្រួតត្រា»លើអ្នកឯទៀត ឬបង្គាប់បញ្ជាអ្នកឯទៀត។
១០. តើលោកយេស៊ូចង់ឲ្យអ្នកចាស់ទុំប្រព្រឹត្តយ៉ាងណាចំពោះចៀម ហើយតើប៉ូលបានទុកគំរូអ្វីស្តីអំពីរឿងនេះ?
១០ លោកយេស៊ូតម្រូវឲ្យអ្នកចាស់ទុំដែលជាគ្រិស្តសាសនិកប្រព្រឹត្តចំពោះចៀមតាមរបៀបដែលលោកប្រព្រឹត្តចំពោះចៀមទាំងនោះ។ ពួកគាត់ត្រូវស្ម័គ្រចិត្តបម្រើបងប្អូន មិនមែនជាចៅហ្វាយលើពួកគេទេ។ សាវ័កប៉ូលមានចិត្តរាបទាបបែបនោះ ពីព្រោះគាត់បានប្រាប់បុរសចាស់ទុំនៅក្រុមជំនុំនៅក្រុងអេភេសូរថា៖ «អ្នករាល់គ្នាដឹងច្បាស់ថា តាំងពីថ្ងៃដំបូងដែលខ្ញុំឈានជើងចូលតំបន់អាស៊ី ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នារហូត ខ្ញុំបានធ្វើការយ៉ាងនឿយហត់ដើម្បីលោកម្ចាស់ ដូចជាខ្ញុំបម្រើម្នាក់ ដោយចិត្តរាបទាប»។ សាវ័កប៉ូលចង់ឲ្យអ្នកចាស់ទុំទាំងនោះជួយអ្នកឯទៀតដោយស្មោះ និងដោយចិត្តរាបទាប។ គាត់បាននិយាយថា៖ «ក្នុងការទាំងអស់ ខ្ញុំបានបង្ហាញអ្នករាល់គ្នាថា អ្នករាល់គ្នាត្រូវជួយអ្នកដែលខ្សោយ»។ (សកម្ម. ២០:១៨, ១៩, ៣៥) ប៉ូលបានប្រាប់បងប្អូននៅក្រុងកូរិនថូសថា គាត់មិនមែនជាម្ចាស់លើជំនឿរបស់ពួកគេឡើយ។ ផ្ទុយទៅវិញគាត់ជាអ្នករួមការងារដើម្បីឲ្យពួកគេទាំងអស់គ្នាមានអំណរ។ (២កូ. ១:២៤) ប៉ូលបានទុកគំរូដ៏ល្អដល់អ្នកចាស់ទុំនៅសព្វថ្ងៃនេះស្តីអំពីចិត្តរាបទាបនិងការខំប្រឹងធ្វើការ។
ចូរ«កាន់ខ្ជាប់តាមបណ្ដាំដ៏គួរឲ្យទុកចិត្ត»
១១, ១២. តើតាមរបៀបណាអ្នកចាស់ទុំអាចជួយបងប្អូនរួមជំនឿឲ្យធ្វើការសម្រេចចិត្ត?
១១ អ្នកចាស់ទុំក្នុងក្រុមជំនុំត្រូវ«កាន់ខ្ជាប់តាមបណ្ដាំដ៏គួរឲ្យទុកចិត្ត ក្នុងរបៀបដែលគាត់បង្រៀន»។ (ទីត. ១:៩) ប៉ុន្តែគាត់ធ្វើដូច្នេះដោយ«ចិត្តស្លូតបូត»។ (កាឡ. ៦:១) ជាជាងព្យាយាមបង្ខំបងប្អូនឯទៀតក្នុងក្រុមជំនុំឲ្យធ្វើអ្វីមួយ គង្វាលល្អក្នុងក្រុមជំនុំគិតអំពីវិធីដែលអាចជំរុញចិត្តគាត់ឲ្យធ្វើអ្វីមួយ។ អ្នកចាស់ទុំម្នាក់ប្រហែលជាប្រាប់អំពីគោលការណ៍គម្ពីរដែលបងប្អូនម្នាក់គួរពិចារណា ពេលគាត់ខំព្យាយាមធ្វើការសម្រេចចិត្តដ៏សំខាន់មួយ។ អ្នកចាស់ទុំប្រហែលជាពិភាក្សាជាមួយគាត់នូវព័ត៌មានដែលអង្គការយើងបានបោះពុម្ពអំពីប្រធានបទនោះ។ គាត់ក៏ប្រហែលជាសុំឲ្យបងប្អូននោះគិតថាការសម្រេចចិត្តរបស់គាត់មានឥទ្ធិពលយ៉ាងណាលើចំណងមិត្តភាពរបស់គាត់ជាមួយព្រះយេហូវ៉ា។ អ្នកចាស់ទុំនោះអាចប្រាប់អំពីសារៈសំខាន់នៃការស្វែងរកការណែនាំពីព្រះតាមរយៈសេចក្ដីអធិដ្ឋានមុនពេលធ្វើការសម្រេចចិត្តមួយ។ (សុភ. ៣:៥, ៦) ក្រោយពីបានពិចារណាអំពីអ្វីទាំងនេះជាមួយបងប្អូននោះ អ្នកចាស់ទុំនឹងឲ្យគាត់ធ្វើការសម្រេចចិត្តដោយខ្លួនគាត់។—រ៉ូម ១៤:១-៤
១២ អ្នកត្រួតពិនិត្យជាគ្រិស្តសាសនិកត្រូវអាងលើបទគម្ពីរប៉ុណ្ណោះដើម្បីណែនាំបងប្អូន។ ហេតុនេះ គឺសំខាន់ណាស់ដែលពួកគាត់ប្រើគម្ពីរយ៉ាងប៉ិនប្រសប់ ហើយធ្វើតាមអ្វីដែលគម្ពីរចែង។ ការធ្វើដូច្នេះជួយអ្នកចាស់ទុំឲ្យជៀសវាងពីការប្រើអំណាចតាមរបៀបមិនត្រឹមត្រូវ។ ម្យ៉ាងវិញទៀត ពួកគាត់គ្រាន់តែជាគង្វាលដែលនៅក្រោមអំណាចរបស់លោកយេស៊ូប៉ុណ្ណោះ ហើយសមាជិកម្នាក់ៗក្នុងក្រុមជំនុំនឹងទទួលខុសត្រូវចំពោះព្រះយេហូវ៉ានិងលោកយេស៊ូចំពោះការសម្រេចចិត្តរបស់ពួកគាត់។—កាឡ. ៦:៥, ៧, ៨
«គំរូដល់ហ្វូងចៀម»
១៣, ១៤. តើអ្នកចាស់ទុំត្រូវធ្វើជាគំរូដ៏ល្អសម្រាប់ក្រុមជំនុំក្នុងរឿងណាខ្លះ?
១៣ ក្រោយពីបានដាស់តឿនពួកបុរសចាស់ទុំក្នុងក្រុមជំនុំកុំឲ្យ‹ធ្វើជាចៅហ្វាយលើពួកអ្នកដែលព្រះបានប្រគល់ឲ្យពួកគាត់› សាវ័កពេត្រុសដាស់តឿនពួកគាត់ឲ្យ«ធ្វើជាគំរូដល់ហ្វូងចៀម»។ (១ពេ. ៥:៣) តើអ្នកចាស់ទុំអាចធ្វើជាគំរូដល់ហ្វូងចៀមយ៉ាងដូចម្ដេច? សូមពិចារណាអំពីគុណសម្បត្ដិពីរយ៉ាងដែលបងប្អូន ដែល«ព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ»ត្រូវមាន។ គាត់ត្រូវ«ដឹងខុសត្រូវ» ហើយត្រូវ«ដឹកនាំពួកអ្នកផ្ទះរបស់ខ្លួនយ៉ាងល្អប្រសើរ»។ ហេតុអ្វី? ពីព្រោះអ្នកចាស់ទុំម្នាក់ដែលមានក្រុមគ្រួសារ ត្រូវដឹកនាំពួកអ្នកផ្ទះរបស់គាត់ តាមរយៈគំរូដ៏ល្អរបស់គាត់។ «ប្រសិនបើអ្នកណាម្នាក់មិនចេះដឹកនាំពួកអ្នកផ្ទះរបស់ខ្លួន តើអ្នកនោះអាចថែរក្សាក្រុមជំនុំរបស់ព្រះយ៉ាងដូចម្ដេចបាន?»។ (១ធី. ៣:១, ២, ៤, ៥) ដើម្បីមានលក្ខណៈគ្រប់គ្រាន់ទទួលមុខងារជាអ្នកត្រួតពិនិត្យ បងប្រុសម្នាក់ត្រូវដឹងខុសត្រូវក្នុងន័យថាគាត់យល់ច្បាស់អំពីគោលការណ៍របស់ព្រះ ហើយដឹងអំពីរបៀបអនុវត្តគោលការណ៍ទាំងនោះក្នុងជីវិតរបស់គាត់។ គាត់មានចិត្តធ្ងន់ ហើយមិនវិនិច្ឆ័យដោយមិនបានពិចារណាវែងឆ្ងាយឡើយ។ ពេលឃើញបងប្រុសដែលទៅជាអ្នកចាស់ទុំមានគុណសម្បត្ដិបែបនេះ បងប្អូនក្នុងក្រុមជំនុំទុកចិត្តគាត់។
១៤ ការនាំមុខក្នុងកិច្ចផ្សព្វផ្សាយ គឺជារបៀបមួយទៀតដែលអ្នកចាស់ទុំអាចធ្វើជាគំរូដ៏ល្អដល់បងប្អូនរួមជំនឿរបស់ពួកគាត់។ ស្តីអំពីរឿងនេះ លោកយេស៊ូបានទុកគំរូសម្រាប់អ្នកចាស់ទុំ។ ការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចការរបស់លោកយេស៊ូនៅលើផែនដី។ លោកយេស៊ូបានបង្ហាញអំពីរបៀបដែលអ្នកកាន់តាមលោកអាចសម្រេចកិច្ចការនេះ។ (ម៉ាក. ១:៣៨; លូក. ៨:១) សព្វថ្ងៃនេះ អ្នកផ្សាយពិតជាទទួលការលើកទឹកចិត្តពេលផ្សព្វផ្សាយជាមួយអ្នកចាស់ទុំ ហើយឃើញចិត្តខ្នះខ្នែងរបស់ពួកគាត់ក្នុងកិច្ចការសង្គ្រោះជីវិតនេះ ព្រមទាំងរៀនពីពួកគាត់អំពីវិធីបង្រៀន។ ពេលអ្នកចាស់ទុំប្រើពេលវេលានិងកម្លាំងរបស់ពួកគាត់ជាទៀងទាត់ក្នុងកិច្ចផ្សព្វផ្សាយដំណឹងល្អ ទោះជាពួកគាត់ជាប់រវល់យ៉ាងណាក៏ដោយ ពួកគាត់ជំរុញឲ្យបងប្អូនក្នុងក្រុមជំនុំបង្ហាញចិត្តខ្នះខ្នែងដូចពួកគាត់។ អ្នកចាស់ទុំក៏អាចទុកគំរូល្អដល់បងប្អូនតាមរយៈការរៀបចំសម្រាប់កិច្ចប្រជុំ ហើយការចូលរួមកិច្ចប្រជុំនិងសកម្មភាពឯទៀត ដូចជាការសម្អាតនិងការថែទាំសាលប្រជុំជាដើម។—អេភ. ៥:១៥, ១៦; សូមអាន ហេប្រឺ ១៣:៧
ចូរ«គាំពារពួកអ្នកដែលខ្សោយ»
១៥. តើមានមូលហេតុអ្វីខ្លះ ដែលអ្នកចាស់ទុំទៅលេងបងប្អូន?
១៥ គង្វាលល្អផ្ដល់ជំនួយភ្លាមៗពេលចៀមណាមួយរបួសឬឈឺ។ ស្រដៀងគ្នាដែរ អ្នកចាស់ទុំត្រូវចាត់វិធានការភ្លាមៗដើម្បីជួយបងប្អូនក្នុងក្រុមជំនុំដែលកំពុងរងទុក្ខ ឬត្រូវការជំនួយក្នុងការពង្រឹងចំណងមិត្តភាពជាមួយព្រះ។ បងប្អូនវ័យចាស់និងបងប្អូនដែលឈឺប្រហែលជាត្រូវការជំនួយខាងសម្ភារ ប៉ុន្តែជាពិសេសពួកគាត់ត្រូវការការលើកទឹកចិត្តនិងជំនួយក្នុងការពង្រឹងចំណងមិត្តភាពជាមួយព្រះ។ (១ថែ. ៥:១៤) សមាជិកវ័យក្មេងក្នុងក្រុមជំនុំប្រហែលជាកំពុងជួបប្រទះនឹងការពិបាក ដូចជាការបដិសេធ«សេចក្ដីប៉ងប្រាថ្នាដែលកើតមានក្នុងភាពជាយុវវ័យ»ជាដើម។ (២ធី. ២:២២) ដូច្នេះ ការធ្វើជាគង្វាលរួមបញ្ចូលការទៅលេងសមាជិកក្នុងក្រុមជំនុំជារឿយៗ ដើម្បីដឹងអំពីស្ថានភាពដែលពួកគាត់កំពុងប្រឈមមុខ ហើយលើកទឹកចិត្តពួកគាត់ដោយផ្ដល់ឱវាទត្រឹមត្រូវពីបទគម្ពីរ។ ប្រសិនបើអ្នកចាស់ទុំឆាប់ផ្ដល់ជំនួយដែលពួកគាត់ត្រូវការ នោះបងប្អូនអាចជៀសផុតពីបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើន។
១៦. ពេលបងប្អូនណាម្នាក់ក្នុងក្រុមជំនុំមានបញ្ហាដ៏ធ្ងន់ធ្ងរមួយ តើអ្នកចាស់ទុំអាចធ្វើអ្វី?
១៦ ចុះយ៉ាងណាបើបងប្អូនម្នាក់ក្នុងក្រុមជំនុំមានបញ្ហាដ៏ធ្ងន់ធ្ងរមួយ ហើយអាចបាត់បង់ចំណងមិត្តភាពជាមួយព្រះយេហូវ៉ា? យ៉ាកុបបានសួរថា៖ «តើមានអ្នកណាឈឺក្នុងចំណោមអ្នករាល់គ្នាទេ? ចូរឲ្យអ្នកនោះហៅបុរសចាស់ទុំក្នុងក្រុមជំនុំមក ហើយឲ្យពួកគាត់អធិដ្ឋានឲ្យអ្នកនោះ ដោយលាបប្រេងក្នុងនាមព្រះយេហូវ៉ា។ រួចសេចក្ដីអធិដ្ឋានដែលបានត្រូវពោលដោយជំនឿនឹងធ្វើឲ្យអ្នកដែលមិនស្រួលខ្លួនបានជាសះស្បើយ ហើយព្រះយេហូវ៉ានឹងធ្វើឲ្យអ្នកនោះមានសុខភាពល្អឡើងវិញ។ ម្យ៉ាងទៀត ប្រសិនបើអ្នកនោះបានប្រព្រឹត្តអំពើខុសឆ្គង អ្នកនោះនឹងទទួលការអភ័យទោស»។ (យ៉ា. ៥:១៤, ១៥) ទោះជាបងប្អូនដែល«ឈឺ»មិនបាន«ហៅបុរសចាស់ទុំ»ក៏ដោយ នោះអ្នកចាស់ទុំគួរឆាប់មកជួយបងប្អូននោះ ពេលពួកគាត់ដឹងអំពីស្ថានភាពរបស់គាត់។ ពេលអ្នកចាស់ទុំអធិដ្ឋានជាមួយនិងសម្រាប់បងប្អូន ព្រមទាំងផ្ដល់ជំនួយពេលដែលបងប្អូនត្រូវការ នោះពួកគាត់ពង្រឹងជំនឿ ហើយលើកទឹកចិត្តបងប្អូនដែលស្ថិតក្រោមការមើលថែរក្សារបស់ពួកគាត់។—សូមអាន អេសាយ ៣២:១, ២
១៧. តើមានលទ្ធផលអ្វី ពេលអ្នកចាស់ទុំយកតម្រាប់«គង្វាលឧត្តុង្គឧត្តម»?
១៧ ទោះជាពួកគាត់ធ្វើកិច្ចការអ្វីក៏ដោយក្នុងអង្គការរបស់ព្រះយេហូវ៉ា គង្វាលដែលជាគ្រិស្តសាសនិកព្យាយាមយកតម្រាប់លោកយេស៊ូគ្រិស្តដែលជា‹គង្វាលឧត្តុង្គឧត្តម›។ ដោយទទួលជំនួយក្នុងការគោរពប្រណិប័តន៍ព្រះពីបងប្រុសទាំងនេះ ដែលមានភារកិច្ចទទួលខុសត្រូវក្នុងក្រុមជំនុំ ចៀមទទួលប្រយោជន៍យ៉ាងច្រើន ហើយបន្តរីកចម្រើន។ យើងដឹងគុណ ហើយយើងបានត្រូវជំរុញចិត្តឲ្យសរសើរព្រះយេហូវ៉ាដែលជាគង្វាលដ៏ឧត្តមរបស់យើង ចំពោះកិច្ចការទាំងអស់នេះ។