ចូរ«បង្ហាញចិត្តស្លូតបូតគ្រប់យ៉ាងចំពោះមនុស្សទាំងអស់»
«ចូររំលឹកដាស់តឿន . . . អោយគេមានចិត្តសប្បុរសនិងបង្ហាញចិត្តស្លូតបូតគ្រប់យ៉ាងចំពោះមនុស្សទាំងអស់វិញ»។—ទីតុស ៣:១, ២, ព្រះគម្ពីរភាសាខ្មែរសម្រាយ
១. ហេតុអ្វីការបង្ហាញភាពស្លូតបូតគឺមិនតែងតែងាយស្រួលទេ?
សាវ័កប៉ុលបានសរសេរថា៖«ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ»។ (កូរិនថូសទី១ ១១:១) សព្វថ្ងៃនេះ អ្នកបំរើទាំងឡាយរបស់ព្រះប្រឹងប្រែងប្រព្រឹត្តតាមការទូន្មាននេះ។ ពិតណាស់ នេះគឺមិនស្រួលទេ ដ្បិតយើងបានទទួលមរតកមួយពីមាតាបិតាដំបូងរបស់យើង ពោលគឺសេចក្ដីប៉ងប្រាថ្នាប្រកបទៅដោយអត្តទត្ថភាព និងលក្ខណៈដែលមិនសមស្របតាមគំរូរបស់ព្រះគ្រីស្ទ។ (រ៉ូម ៣:២៣; ៧:២១-២៥) យ៉ាងណាក៏ដោយ ចំណែកការសម្ដែងភាពស្លូតបូតវិញ យើងទាំងអស់គ្នាអាចទទួលបានជោគជ័យបើយើងព្យាយាម។ តែការមានឆន្ទៈធ្វើដូច្នេះគឺមិនគ្រប់គ្រាន់ទេ។ តើត្រូវការអ្វីទៀត?
២. តើយើងអាចបង្ហាញ«ចិត្តស្លូតបូតគ្រប់យ៉ាងចំពោះមនុស្សទាំងអស់»យ៉ាងដូចម្ដេច?
២ ភាពស្លូតបូតដូចព្រះសម្ដែងនោះ គឺជាផលផ្លែមួយនៃវិញ្ញាណបរិសុទ្ធ។ បើយើងកាន់តែបន្ទន់តាមការដឹកនាំពីសកម្មពលរបស់ព្រះ នោះផលផ្លែនៃសកម្មពលរបស់ព្រះនឹងមានកាន់តែជាក់ស្តែងក្នុងលក្ខណៈរបស់យើង។ ក្រោយយើងធ្វើដូច្នេះ ទើបមានសមត្ថភាពបង្ហាញ«ចិត្តស្លូតបូតគ្រប់យ៉ាង»ចំពោះមនុស្សទាំងអស់។ (ទីតុស ៣:២, ព្រះគម្ពីរភាសាខ្មែរសម្រាយ) សូមយើងពិនិត្យមើលនូវរបៀបដែលយើងអាចត្រាប់តាមគំរូរបស់ព្រះយេស៊ូក្នុងបំណងផ្ដល់សមត្ថភាពឲ្យអ្នកណាដែលយើងជួបទទួលបាននូវ«សេចក្ដីសំរាកដល់ព្រលឹង[«កម្លាំងចិត្តឡើងវិញ», ព.ថ.]»។—ម៉ាថាយ ១១:២៩; កាឡាទី ៥:២២, ២៣
ក្នុងក្រុមគ្រួសារ
៣. ក្នុងក្រុមគ្រួសារតើមានស្ថានភាពបែបណាដែលជាការសម្ដែងនូវវិញ្ញាណរបស់លោកីយ៍នេះ?
៣ កន្លែងមួយដែលត្រូវមានភាពស្លូតបូតជាចាំបាច់គឺក្នុងសំណាក់ក្រុមគ្រួសារ។ អង្គការសុខភាពពិភពលោកប៉ាន់ស្មានថា លទ្ធភាពដែលពួកស្ត្រីអាចរងគ្រោះដល់សុខភាពដោយសារអំពើហិង្សាក្នុងក្រុមគ្រួសារ គឺច្រើនជាងលទ្ធភាពដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍និងការឆ្លងជំងឺគ្រុនចាញ់ទាំងពីររួមគ្នា។ ជាឧទាហរណ៍ នៅទីក្រុងឡុងនៅប្រទេសអង់គ្លេស ម្ភៃប្រាំភាគរយនៃបណ្ដឹងអំពីអំពើហិង្សា គឺអំពើហិង្សាក្នុងគ្រួសារ។ ជាញឹកញយ ប៉ូលិសជួបមនុស្សដែលបញ្ចេញអារម្មណ៍ដោយ‹ស្រែកឡូឡានិងជេរប្រមាថ›។ អាក្រក់ជាងនោះទៅទៀត គូស្វាមីភរិយាខ្លះបានអនុញ្ញាតឲ្យ‹ចិត្តជូរចត់›មានឥទ្ធិពលទៅលើសម្ព័ន្ធមេត្រីរបស់ពួកគេ។ ទង្វើទាំងនេះជាការសម្ដែងនូវ«វិញ្ញាណរបស់លោកីយ»ដែលជាការគួរឲ្យសោកស្ដាយណាស់។ ហេតុនេះហើយការប្រព្រឹត្តនេះគឺមិនសមសោះសំរាប់ក្រុមគ្រួសារគ្រីស្ទាន។—អេភេសូរ ៤:៣១; កូរិនថូសទី១ ២:១២
៤. តើភាពស្លូតបូតអាចមានឥទ្ធិពលអ្វីទៅលើក្រុមគ្រួសារ?
៤ ដើម្បីទប់ទល់នឹងចិត្តទន់ទោរទៅរកការប្រព្រឹត្តដូចលោកីយ៍ យើងត្រូវការវិញ្ញាណរបស់ព្រះ។ «កន្លែងណាដែលមានព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះក៏មានសេរីភាពដែរ»។ (កូរិនថូសទី២ ៣:១៧) សេចក្ដីស្រឡាញ់ សេចក្ដីសប្បុរស ការចេះទប់ចិត្ត និងការអត់ធន់នឹងពង្រឹងសម្ព័ន្ធមេត្រីរវាងគូស្វាមីភរិយាដ៏ឥតគ្រប់ល័ក្ខណ៍។ (អេភេសូរ ៥:៣៣) ចិត្តស្លូតបូតធ្វើឲ្យបរិយាកាសក្នុងក្រុមគ្រួសារប្រកបទៅដោយភាពសប្បាយជាង ហើយជាអ្វីគួរឲ្យចង់បានណាស់ ដែលផ្ទុយពីការឈ្លោះប្រកែកមិនចុះសំរុងគ្នា ដែលធ្វើឲ្យកករល្អក់ដល់ក្រុមគ្រួសារជាច្រើន។ អ្វីដែលមនុស្សម្នាក់និយាយគឺសំខាន់ ប៉ុន្តែ គឺជារបៀបគាត់និយាយដែលបញ្ជាក់នូវអារម្មណ៍របស់គាត់។ ការប្រាប់ពីកង្វល់និងការព្រួយបារម្ភរបស់ខ្លួនដោយនិយាយយ៉ាងស្លូតបូតនោះនឹងបន្ធូរបន្ថយការតានតឹងចិត្តដែលមានចំពោះគ្នា។ ស្តេចសាឡូម៉ូនដែលជាអ្នកប្រាជ្ញបានសរសេរថា៖ «ពាក្យតបឆ្លើយដោយស្រទន់[«ដោយស្លូតបូត», ព.ថ.] នោះរមែងរំងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ»។—សុភាសិត ១៥:១
៥. តើភាពស្លូតបូតអាចជួយយ៉ាងណាក្នុងក្រុមគ្រួសារដែលមានសមាជិកមិនជឿ?
៥ ភាពស្លូតបូតគឺសំខាន់ជាពិសេសក្នុងក្រុមគ្រួសារដែលមានសមាជិកមិនជឿ។ ភាពស្លូតបូតរួមបញ្ចូលជាមួយនឹងការប្រព្រឹត្តដ៏សប្បុរស ដែលអាចជួយទាក់ទាញចិត្តអស់អ្នកដែលទទឹងទទែងមិនចង់ទទួលសេចក្ដីពិត ឲ្យមកបំរើព្រះយេហូវ៉ាវិញ។ ពេត្រុសជូនឱវាទភរិយាគ្រីស្ទានទាំងឡាយថា៖«ឯពួកស្រីៗ ត្រូវចុះចូលចំពោះប្ដីខ្លួនបែបដូច្នោះដែរ ដើម្បីបើមានអ្នកណា ដែលមិនព្រមស្ដាប់បង្គាប់ តាមព្រះបន្ទូល នោះប្រពន្ធនឹងទាញចិត្តមកបាន ដោយសារកិរិយាល្អក្រៅពីព្រះបន្ទូល ដោយអ្នកនោះឃើញកិរិយាបរិសុទ្ធ ដែលប្រពន្ធប្រព្រឹត្តយ៉ាងកោតខ្លាចដល់ព្រះ ទាំងតែងខ្លួនមិនមែនដោយបែបខាងក្រៅ ដូចជាក្រងសក់ ពាក់មាសឬសំលៀកបំពាក់ផ្សេងៗឡើយ គឺតែងចំពោះមនុស្សលាក់កំបាំងក្នុងចិត្តវិញ ដោយគ្រឿងដ៏មិនចេះពុករលួយរបស់វិញ្ញាណសំឡូត[«ស្លូតបូត», ព.ថ.] ហើយរម្យទម នោះឯងជាសេចក្ដីដែលមានដំឡៃវិសេសនៅចំពោះព្រះ»។—ពេត្រុសទី១ ៣:១-៤
៦. តើការបង្ហាញភាពស្លូតបូតអាចពង្រឹងទំនាក់ទំនងរវាងមាតាបិតានិងកូនយ៉ាងដូចម្ដេច?
៦ ទំនាក់ទំនងរវាងមាតាបិតានិងកូនអាចទៅជាប្រេះឆា ជាពិសេសពេលគ្មានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា។ ប៉ុន្តែ ក្រុមគ្រួសារគ្រីស្ទានទាំងឡាយ ត្រូវតែសម្ដែងភាពស្លូតបូតជាចាំបាច់។ ប៉ុលបានដាស់តឿនបិតាទាំងឡាយថា៖«ឪពុករាល់គ្នាអើយ! កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ»។ (អេភេសូរ ៦:៤) ពេលភាពស្លូតបូតជាលក្ខណៈដែលសមាជិកក្រុមគ្រួសារសម្ដែងច្រើនជាងគេ នោះមាតាបិតាហើយកូននឹងមានទំនាក់ទំនងកាន់តែជិតស្និទ្ធ។ លោកឌីន ដែលមានបងប្អូនប្រាំនាក់ បាននិយាយអំពីឪពុកគាត់ថា៖ «ពុកខ្ញុំមានចិត្តស្លូតបូត។ ខ្ញុំនឹកមិនឃើញសោះថាមានពេលណាមួយដែលខ្ញុំបានឈ្លោះជាមួយគាត់ សូម្បីតែពេលខ្ញុំនៅក្មេងជំទង់ក៏ដោយ។ គាត់តែងតែបង្ហាញភាពស្លូតបូត សូម្បីតែពេលខឹងក៏ដោយ។ ជួនកាលគាត់បញ្ជាខ្ញុំឲ្យទៅបន្ទប់ដេករបស់ខ្លួនដោយមិនឲ្យចេញទៅណាមួយរយៈ ឬមួយក៏ហាមមិនឲ្យខ្ញុំធ្វើអ្វីខ្លះដែលខ្ញុំចូលចិត្ត តែពុកនិងខ្ញុំមិនដែលឈ្លោះគ្នាទេ។ គាត់មិនគ្រាន់តែជាឪពុករបស់យើងទេ។ គាត់ក៏ជាមិត្តភក្ដិរបស់យើងដែរ ហើយយើងមិនចង់ធ្វើឲ្យគាត់ខកចិត្តទេ»។ ភាពស្លូតបូតពិតជាជួយពង្រឹងទំនាក់ទំនងរវាងមាតាបិតានិងកូន។
ក្នុងកិច្ចបំរើរបស់យើង
៧, ៨. ហេតុអ្វីបានជាចាំបាច់ដែលយើងសម្ដែងភាពស្លូតបូតក្នុងកិច្ចបំរើផ្សាយ?
៧ ភាពស្លូតបូតក៏មានតួនាទីដ៏សំខាន់ក្នុងកិច្ចបំរើផ្សាយផងដែរ។ ពេលយើងប្រាប់អ្នកឯទៀតនូវដំណឹងល្អអំពីព្រះរាជាណាចក្រ យើងជួបមនុស្សដែលមានលក្ខណៈខុសៗគ្នា។ មនុស្សខ្លះសប្បាយចិត្តស្ដាប់សារដែលយើងផ្សាយដែលផ្ដល់ឲ្យសេចក្ដីសង្ឃឹម។ អ្នកឯទៀតប្រហែលជាតបឆ្លើយមកវិញមិនយល់ព្រម ដោយហេតុផ្សេងៗ។ គឺនៅពេលនោះឯង ដែលភាពស្លូតបូតជួយយើងយ៉ាងច្រើនក្នុងការបំពេញតាមបង្គាប់ដែលឲ្យធ្វើបន្ទាល់រហូតដល់ចុងផែនដីបំផុត។—កិច្ចការ ១:៨; ធីម៉ូថេទី២ ៤:៥
៨ សាវ័កពេត្រុសបានសរសេរថា៖ «ចូរឲ្យតាំងព្រះគ្រីស្ទឡើង ជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ! ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព[«ដោយស្លូតបូត», ព.ថ.]ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា»។ (ពេត្រុសទី១ ៣:១៥) ដោយព្រោះយើងតាំងព្រះយេស៊ូជាគំរូក្នុងចិត្ត នោះយើងយកចិត្តទុកដាក់សម្ដែងភាពស្លូតបូតនិងការគោរព នៅពេលផ្សព្វផ្សាយដល់អ្នកដែលនិយាយគំរោះគំរើយ។ ជាញយៗ ការប្រព្រឹត្តយ៉ាងនេះបង្កើតលទ្ធផលដ៏ល្អគួរឲ្យកត់សម្គាល់។
៩, ១០. សូមរៀបរាប់បទពិសោធន៍មួយដែលបង្ហាញតម្លៃនៃភាពស្លូតបូតក្នុងកិច្ចផ្សព្វផ្សាយ។
៩ នៅពេលឮសូរគេគោះទ្វារប្រពន្ធរបស់លោកគីតទៅបើកទ្វារ តែលោកគីតមិនបានចេញមកទេ។ ពេលប្រពន្ធលោកគីតដឹងថាភ្ញៀវនេះជាស្មរបន្ទាល់ព្រះយេហូវ៉ា គាត់ចោទប្រកាន់ទាំងកំហឹងថា ស្មរបន្ទាល់ព្រះយេហូវ៉ាធ្វើបាបកូនក្មេង។ បងប្រុសនោះមិនបានខឹងទេ។ គាត់បានតបឆ្លើយដោយស្លូតបូតថា៖«ខ្ញុំស្ដាយណាស់ដែលអ្នកមានអារម្មណ៍ដូច្នេះ។ តើខ្ញុំសូមបង្ហាញអ្នកអំពីអ្វីដែលស្មរបន្ទាល់ព្រះយេហូវ៉ាជឿបានទេ?»។ នៅពេលនោះ លោកគីតដែលកំពុងស្ដាប់ការពិគ្រោះនេះបានទៅបញ្ចប់ការសន្ទនានោះតែម្ដង។
១០ ក្រោយមក គូស្វាមីភរិយានេះសោកស្ដាយដោយសារបានប្រព្រឹត្តយ៉ាងសាហាវចំពោះភ្ញៀវ។ ភាពស្លូតបូតរបស់បងប្រុសនោះបានមានឥទ្ធិពលទៅលើចិត្តរបស់ពួកគេ។ ពួកគេបានភ្ញាក់ផ្អើលពីព្រោះបងប្រុសនោះត្រឡប់មកវិញមួយសប្ដាហ៍ក្រោយមក ហើយលោកគីតនិងប្រពន្ធគាត់អនុញ្ញាតឲ្យបងប្រុសនេះពន្យល់ពីបទគម្ពីរអំពីជំនឿរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ នៅពេលក្រោយមក ពួកគេប្រាប់ថា៖«ក្នុងកំឡុងពីរឆ្នាំក្រោយនោះ យើងឧស្សាហ៍ស្ដាប់អ្វីជាច្រើនដែលស្មរបន្ទាល់ឯទៀតប្រាប់យើង»។ គីតនិងប្រពន្ធគាត់យល់ព្រមសិក្សាព្រះគម្ពីរ និងនៅទីបំផុតទាំងពីរនាក់បានទទួលបុណ្យជ្រមុជទឹកដើម្បីបង្ហាញពីការថ្វាយខ្លួនចំពោះព្រះយេហូវ៉ា។ នេះពិតជាពរមួយមែនសំរាប់ស្មរបន្ទាល់ដែលបានជួបលោកគីតនិងប្រពន្ធគាត់នៅលើកដំបូងនោះ! ស្មរបន្ទាល់នោះបានជួបពួកគេច្រើនឆ្នាំក្រោយមកហើយឃើញថា ឥឡូវពួកគេជាបងប្អូនប្រុសស្រីរបស់គាត់ខាងវិញ្ញាណ។ ភាពស្លូតបូតទទួលបានជោគជ័យពិតមែន។
១១. តើភាពស្លូតបូតអាចផ្ដល់ភាពងាយស្រួលឲ្យមនុស្សទទួលសេចក្ដីពិតយ៉ាងដូចម្ដេច?
១១ អ្វីដែលលោកហារ៉ូដបានពិសោធន៍ពេលគាត់ជាទាហានម្នាក់ បានធ្វើឲ្យគាត់តូចចិត្តជាខ្លាំងនិងសង្ស័យថាគ្មានព្រះ។ ពិបាកជាងនោះទៅទៀត គាត់ទៅជាពិការមួយជីវិតដោយសារអ្នកផឹកស្រាស្រវឹងបើករថយន្តបុកគាត់។ ពេលស្មរបន្ទាល់ព្រះយេហូវ៉ាមកផ្ទះរបស់លោកហារ៉ូដ គាត់ហាមដាច់ខាតមិនឲ្យពួកគេមកទៀតទេ។ ប៉ុន្តែនៅថ្ងៃមួយ ស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ឈ្មោះប៊ីលមានបំណងទៅលេងអ្នកចាប់អារម្មណ៍ម្នាក់ដែលនៅជិតផ្ទះហារ៉ូដដែលខុសគ្នាតែពីរផ្ទះទេ។ ប៊ីលច្រឡំគោះទ្វាររបស់ហារ៉ូដ។ ពេលហារ៉ូដបើកទ្វារទាំងកាន់ឈើច្រត់ពីរ នោះប៊ីលសូមទោសហារ៉ូដភ្លាម និងពន្យល់ថាគាត់មានបំណងទៅផ្ទះមួយទៀតដែលនៅក្បែរនោះទេ។ តើហារ៉ូដបានតបយ៉ាងណា? ទោះជាប៊ីលមិនបានដឹងក៏ដោយ តែហារ៉ូដបានឃើញពត៌មានតាមកញ្ចក់ទូរទស្សន៍ដែលបង្ហាញពីស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងតែធ្វើការជាមួយគ្នាដើម្បីសង់សាលព្រះរាជាណាចក្រថ្មីក្នុងរយៈពេលខ្លី។ ហារ៉ូដបានស្ងើចក្នុងចិត្តពេលឃើញមនុស្សជាច្រើនកំពុងតែធ្វើការជាមួយគ្នាដោយសាមគ្គីភាព ហើយនេះធ្វើឲ្យគាត់កែប្រែទស្សនៈចំពោះពួកស្មរបន្ទាល់។ របៀបប៊ីលបានសូមទោសហារ៉ូដយ៉ាងសុភាពនិងបានបង្ហាញភាពស្លូតបូតជាទីគាប់ចិត្តនោះ បានមានឥទ្ធិពលទៅលើចិត្តរបស់ហារ៉ូដ ហើយគាត់សម្រេចចិត្តឲ្យស្មរបន្ទាល់ព្រះយេហូវ៉ាមកជួបគាត់ទៀត។ ហារ៉ូដបានសិក្សាព្រះគម្ពីរ បានរីកចំរើន ហើយរួចមកបានទៅជាអ្នកបំរើព្រះយេហូវ៉ាដែលទទួលបុណ្យជ្រមុជទឹក។
ក្នុងក្រុមជំនុំ
១២. តើអ្វីជាលក្ខណៈរបស់លោកីយ៍ដែលសមាជិកក្រុមជំនុំគ្រីស្ទានគួរទប់ទល់?
១២ កន្លែងទីបីដែលត្រូវមានភាពស្លូតបូតជាចាំបាច់គឺក្នុងក្រុមជំនុំគ្រីស្ទាន។ ការប្រឆាំងតទល់នឹងគ្នាគឺជារឿងធម្មតាក្នុងសង្គមសព្វថ្ងៃនេះ។ ការតតាំង ការឈ្លោះប្រកែក និងវិវាទរវាងមនុស្សដែលគិតអំពីជីវិតក្នុងគំនិតខាងសាច់ឈាមគឺជាទង្វើប្រក្រតី។ ម្ដងម្កាល លក្ខណៈទាំងនេះដែលជាលក្ខណៈរបស់លោកីយ៍ជ្រាបចូលមកក្នុងក្រុមជំនុំគ្រីស្ទាននិងនាំឲ្យមានការមិនស្រុះស្រួលគ្នានិងការឈ្លោះប្រកែកគ្នា។ បងប្រុសៗដែលទទួលខុសត្រូវពិតជាសោកស្ដាយណាស់ពេលណាពួកគេត្រូវតែដោះស្រាយបញ្ហាបែបនេះ។ យ៉ាងណាក៏ដោយ សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងបងប្អូនរបស់ពួកគេ ជំរុញពួកគេឲ្យខំជួយអ្នកដែលធ្វើខុសឲ្យប្រែចិត្តនិងវិលមកវិញ។—កាឡាទី ៥:២៥, ២៦
១៣, ១៤. តើអ្វីអាចជាលទ្ធផលពីការ‹ប្រដៅដំរង់មនុស្សដែលទទឹងទទែងដោយមានចិត្តស្លូតបូត›?
១៣ នៅសតវត្សទីមួយ ប៉ុលនិងសហការីរបស់គាត់ឈ្មោះធីម៉ូថេបានជួបការពិបាកដោយសារបុគ្គលខ្លះក្នុងក្រុមជំនុំ។ ប៉ុលបានព្រមានធីម៉ូថេឲ្យប្រុងប្រយ័ត្ននឹងបងប្អូនដែលមានលក្ខណៈដូចគ្រឿងប្រដាប់«សំរាប់ការអាប់ឱន»។ ប៉ុលបានវែកញែកថា«មិនគួរឲ្យបាវបំរើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ផង ត្រូវប្រដៅដំរង់មនុស្សដែលទទឹងទទែងដោយមានចិត្តសុភាព[«ស្លូតបូត», ព.ថ.]»។ ជាញឹកញយ បើយើងរក្សាឲ្យមានភាពស្លូតបូតជាប្រចាំ សូម្បីតែនៅពេលមានការរុកកួនក៏ដោយ នេះបណ្ដាលឲ្យអ្នកទទឹងទទែងគិតអំពីការរិះគន់របស់ពួកគេឡើងវិញ។ ជាលទ្ធផល ព្រះយេហូវ៉ាប្រហែលជានឹង«បណ្ដាលឲ្យគេប្រែចិត្ត ឲ្យបានស្គាល់សេចក្ដីពិតវិញ»ដូចប៉ុលបានសរសេរនោះ។ (ធីម៉ូថេទី២ ២:២០, ២១, ២៤, ២៥) សូមកត់សម្គាល់ថា ប៉ុលបញ្ជាក់ទំនាក់ទំនងរវាងចិត្តសុភាព ចិត្តអត់ធ្មត់ និងភាពស្លូតបូត។
១៤ ប៉ុលបានអនុវត្តតាមអ្វីដែលគាត់បង្រៀន។ ពេលគាត់ទាក់ទង«ពួកសាវកយ៉ាងធំ»ក្នុងក្រុមជំនុំគ្រីស្ទាននៅទីក្រុងកូរិនថូស គាត់បានជំរុញចិត្តបងប្អូនថា៖«ឯប៉ុលខ្ញុំ ដែលកាលណានៅជាមួយនឹងអ្នករាល់គ្នា នោះមានឫកពាជាថោកទាប[ឬ«ជាមនុស្សទន់ខ្សោយ», ព.ថ.] តែកាលណាឃ្លាតចេញពីអ្នករាល់គ្នាទៅ នោះមានសេចក្ដីក្លាហានចំពោះអ្នករាល់គ្នាវិញ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយសេចក្ដីសុភាព នឹងសេចក្ដីសំឡូត[«ភាពស្លូតបូត», ព.ថ.]របស់ព្រះគ្រីស្ទ»។ (កូរិនថូសទី២ ១០:១; ១១:៥) ប៉ុលពិតជាបានយកតម្រាប់តាមព្រះគ្រីស្ទមែន។ សូមកត់សម្គាល់ថាគាត់បានអង្វរបងប្អូនទាំងនេះ‹ដោយភាពស្លូតបូត›របស់ព្រះគ្រីស្ទ។ ដោយធ្វើដូចនេះគាត់មិនបង្ហាញចិត្តគំនិតចង់បង្គាប់បញ្ជាឬធ្វើជាមេរបស់ពួកគេទេ។ ការដាស់តឿនរបស់គាត់ប្រាកដជាបានទាញទឹកចិត្តសមាជិកក្រុមជំនុំដែលឆាប់ទទួលអានុភាព។ គាត់បានជួយផ្សះផ្សារទំនាក់ទំនងដែលស្ទើរតែប្រេះឆារវាងបងប្អូន និងស្ថាបនាមូលដ្ឋានសំរាប់មេត្រីភាពនិងសាមគ្គីភាពក្នុងក្រុមជំនុំ។ នេះពិតជាការប្រព្រឹត្តដែលយើងទាំងអស់គ្នាអាចព្យាយាមធ្វើតាម មែនទេ? ជាពិសេសអ្នកចាស់ទុំត្រូវតែយកតម្រាប់តាមការប្រព្រឹត្តរបស់ព្រះគ្រីស្ទនិងប៉ុល។
១៥. នៅពេលដែលជូនឱវាទ ហេតុអ្វីបានជាភាពស្លូតបូតគឺសំខាន់?
១៥ ភារកិច្ចជួយអ្នកឯទៀតមិនគ្រាន់តែមាននៅពេលណាជិតបាត់បង់សាមគ្គីភាពនិងមេត្រីភាពក្នុងក្រុមជំនុំនោះទេ។ យូរមុនដែលជិតមានទំនាក់ទំនងប្រេះឆា បងប្អូនត្រូវការនូវការណែនាំដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ ប៉ុលបានជំរុញថា៖«បងប្អូនអើយ! បើបានទាន់ឃើញមនុស្សណាធ្វើខុសអ្វី នោះអ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរដំរង់អ្នកនោះ»។ ប៉ុន្តែ តើត្រូវកែតម្រង់ដោយមានទឹកចិត្តយ៉ាងណា? «ដោយចិត្តសុភាព[«ចិត្តស្លូតបូត», ព.ថ.] ព្រមទាំងប្រយ័តខ្លួនឯងផង ក្រែងត្រូវសេចក្ដីល្បួងដែរ»។ (កាឡាទី ៦:១) ការរក្សាឲ្យមាន«ចិត្តស្លូតបូត»មិនតែងតែងាយស្រួលទេ ជាពិសេសពីព្រោះគ្រីស្ទានទាំងឡាយ ដែលរួមទាំងពួកបុរសតែងតាំងដែរ ក៏ទទួលឥទ្ធិពលពីភាពទន់ទោរទៅរកអំពើបាបដែរ។ យ៉ាងណាក៏ដោយ គឺជាភាពស្លូតបូតទេដែលនឹងជួយធ្វើឲ្យអ្នកធ្វើខុសមានអារម្មណ៍ស្រួលជាងនៅពេលដែលទទួលការកែតម្រង់។
១៦, ១៧. តើអ្វីប្រហែលជាអាចរំលាយការទើសទាល់ដែលមិនសុខចិត្តធ្វើតាមឱវាទ?
១៦ ក្នុងភាសាក្រិចដែលជាភាសាដើមនោះ ពាក្យបកប្រែថា «ដំរង់»ក៏អាចសំដៅទៅលើការដាក់ឬទាញឆ្អឹងដែលបាក់ឲ្យត្រង់វិញ ដែលជាវិធីព្យាបាលដែលតែងតែនាំឲ្យឈឺចាប់។ គ្រូពេទ្យដែលតម្រង់ឆ្អឹងបាក់ធ្វើឲ្យអ្នកជំងឺមានទំនុកចិត្តដោយ និយាយវិជ្ជមានអំពីប្រយោជន៍ដែលនឹងមកពីការព្យាបាលនោះ។ អាកប្បកិរិយាសុភាពរបស់គាត់ក៏ជាទីសម្រាលទុក្ខដែរ។ ការនិយាយយ៉ាងខ្លីមុនព្យាបាលកន្លែងឈឺបំផុតជួយធ្វើឲ្យអន់ឈឺទៅវិញ។ ស្រដៀងគ្នាដែរ ការតម្រង់ខាងវិញ្ញាណប្រហែលជានាំឲ្យឈឺចិត្ត។ ប៉ុន្តែ ភាពស្លូតបូតនឹងជួយធ្វើឲ្យការកែតម្រង់នោះស្រួលទទួលជាង ដោយផ្សះផ្សារទំនាក់ទំនងឲ្យមានមេត្រីភាពឡើងវិញនិងផ្ដល់ភាពងាយស្រួលឲ្យអ្នកធ្វើខុសកែប្រែកិរិយារបស់គាត់។ សូម្បីតែពីដំបូងគេមិនព្រមទទួលឱវាទក្ដី ភាពស្លូតបូតរបស់អ្នកដែលខំជួយប្រហែលជាអាចរំលាយការទើសទាល់ដែលមិនសុខចិត្តធ្វើតាមឱវាទដ៏ត្រឹមត្រូវពីបទគម្ពីរ។—សុភាសិត ២៥:១៥
១៧ នៅពេលដែលជួយតម្រង់អ្នកឯទៀត តែងតែមានលទ្ធភាពជួបអ្វីដែលប្រៀបដូចជាគ្រោះថ្នាក់មួយ ពោលគឺការឲ្យឱវាទត្រូវគេចាត់ទុកជាការរិះគន់វិញ។ អ្នកនិពន្ធម្នាក់បានពន្យល់ដូចតទៅនេះថា៖«នៅពេលយើងខំកែតម្រង់អ្នកឯទៀត នោះជាពេលដែលផ្ដល់លទ្ធភាពច្រើនបំផុតឲ្យយើងជួបគ្រោះថ្នាក់មួយ ពោលគឺការលើកខ្លួនជាធំ ហើយដោយហេតុនេះក៏ជាពេលដែលយើងត្រូវការចិត្តរាបទាបច្រើនបំផុត»។ ការបណ្ដុះឲ្យមានភាពស្លូតបូតដែលផុសចេញពីចិត្តរាបទាបនឹងជួយគ្រីស្ទានដែលជូនឱវាទឲ្យគេអាចចៀសចេញពីគ្រោះថ្នាក់នេះ។
«ចំពោះមនុស្សទាំងអស់»
១៨, ១៩. (ក) ហេតុអ្វីជនគ្រីស្ទានប្រហែលជាពិបាកបង្ហាញភាពស្លូតបូតចំពោះពួកអាជ្ញាធរ? (ខ) តើអ្វីនឹងជួយជនគ្រីស្ទានសម្ដែងភាពស្លូតបូតចំពោះអ្នកដែលមានអំណាច? តើអ្វីអាចមានជាលទ្ធផល?
១៨ បុគ្គលជាច្រើនពិបាកបង្ហាញភាពស្លូតបូតក្នុងការទាក់ទងនឹងពួកអាជ្ញាធរ។ ជាការពិតមែនដែលថា ទង្វើរបស់អ្នកខ្លះដែលកាន់អំណាចគឺប្រកបទៅដោយភាពឃោរឃៅនិងគ្មានមេត្ដាទេ។ (សាស្ដា ៤:១; ៨:៩) ក៏ប៉ុន្តែ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានឹងជួយយើងទទួលស្គាល់អំណាចខ្ពង់ខ្ពស់បំផុតរបស់ទ្រង់ រួចចុះចូលដោយមានល័ក្ខខ័ណ្ឌចំពោះអាជ្ញាធរតាមដែលពួកគេត្រូវទទួល។ (រ៉ូម ១៣:១, ៤; ធីម៉ូថេទី១ ២:១, ២) សូម្បីតែនៅពេលអ្នកដែលមានឋានៈខ្ពស់ខំដាក់កំហិតទៅលើយើងក្នុងការថ្វាយបង្គំព្រះយេហូវ៉ាជាសាធារណៈ នោះយើងរីករាយនឹងរកវិធីដែលអាចធ្វើទៅបានដើម្បីថ្វាយពាក្យសរសើរទុកជាដង្វាយ។—ហេព្រើរ ១៣:១៥
១៩ យើងមិនត្រូវបែរជាប្រទូស្តប្រឆាំងជាដាច់ខាត។ ទោះជាយើងមិនព្រមបោះបង់ចោលគោលការណ៍សុចរិតក៏ដោយ យើងក៏ខំប្រឹងបង្ហាញភាពមិនរឹងរូសដែរ។ តាមវិធីនេះ បងប្អូនរបស់យើងបំពេញភារកិច្ចរបស់ពួកគេនៅ២៣៤ប្រទេសទូទាំងពិភពលោកដោយជោគជ័យ។ យើងធ្វើតាមឱវាទរបស់ប៉ុលថា៖«ចុះចូលនឹងពួកនាម៉ឺន ហើយនឹងពួកមានអំណាចទាំងអស់ ព្រមទាំងស្ដាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្ដីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង»។—ទីតុស ៣:១, ២
២០. តើមានរង្វាន់អ្វីសំរាប់អ្នកដែលសម្ដែងភាពស្លូតបូត?
២០ ពរជាបរិបូណ៍ស្ថិតនៅខាងមុខសំរាប់អស់អ្នកដែលសម្ដែងភាពស្លូតបូត។ ព្រះយេស៊ូបានមានបន្ទូលថ្លែងថា៖ «អ្នកណាមានចិត្តស្លូតបូត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក!»។ (ម៉ាថាយ ៥:៥, ព្រះគម្ពីរភាសាខ្មែរសម្រាយ) សំរាប់បណ្ដាអ្នកចាក់ប្រេងតាំងដែលជាបងប្អូនរបស់ព្រះគ្រីស្ទ ការរក្សាឲ្យមានភាពស្លូតបូតនឹងនាំឲ្យពួកគាត់ទទួលជាក់ជាពុំខាននូវសុភមង្គលនិងឯកសិទ្ធិគ្រប់គ្រងលើផែនដីដែលនៅក្រោមអំណាចព្រះរាជាណាចក្ររបស់ព្រះ។ ចំណែក«មនុស្ស១ហ្វូងយ៉ាងធំ» ពួកគេបន្តសម្ដែងភាពស្លូតបូតនិងរង់ចាំទទួលជីវិតក្នុងសួនមនោរម្យនៅលើផែនដីនេះ។ (វិវរណៈ ៧:៩; យ៉ូហាន ១០:១៦; ទំនុកដំកើង ៣៧:១១) យើងមានលទ្ធភាពអាចទទួលអ្វីដ៏ប្រសើរណាស់នៅថ្ងៃខាងមុខ! ដូច្នេះ កុំបីឲ្យយើងភ្លេចនូវអ្វីដែលប៉ុលបានរំឭកចំពោះគ្រីស្ទាននៅអេភេសូរថា៖«ដូច្នេះ ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរឲ្យអ្នករាល់គ្នាដើរបែបគួរនឹងការងារ ដែលទ្រង់បានហៅមកធ្វើចុះ! ព្រមទាំងមាន[ចិត្តរាបទាប] ហើយស្លូតបូតគ្រប់ជំពូក»។—អេភេសូរ ៤:១, ២
ការរៀនសាឡើងវិញ
• តើពរអ្វីមកពីការសម្ដែងភាពស្លូតបូត
• ក្នុងក្រុមគ្រួសារ?
• ក្នុងកិច្ចបំរើផ្សាយ?
• ក្នុងក្រុមជំនុំ?
• តើរង្វាន់អ្វីត្រូវសន្យាចំពោះអ្នកដែលមានចិត្តស្លូតបូត?
[រូបភាពនៅទំព័រ១៧]
ភាពស្លូតបូតគឺសំខាន់ជាពិសេស ក្នុងក្រុមគ្រួសារ ដែលមានសមាជិកមិនជឿ
[រូបភាពនៅទំព័រ១៧]
ភាពស្លូតបូតពង្រឹងទំនាក់ទំនងក្នុងក្រុមគ្រួសារ
[រូបភាពនៅទំព័រ១៩]
ចូរការពារជំនឿរបស់អ្នកដោយភាពស្លូតបូតនិងដោយបង្ហាញការគោរពដ៏ជ្រាលជ្រៅ
[រូបភាពនៅទំព័រ២០]
ភាពស្លូតបូតរបស់អ្នកជូនឱវាទប្រហែលជាជួយអ្នកធ្វើខុស