យើងត្រូវជាមនុស្សបរិសុទ្ធក្នុងការប្រព្រឹត្តទាំងអស់
«ចូរក្លាយទៅជាមនុស្សបរិសុទ្ធក្នុងការប្រព្រឹត្តទាំងអស់»។—ពេត្រុសទី១ ១:១៥
១, ២. (ក) តើព្រះយេហូវ៉ាតម្រូវអ្វីពីរាស្ត្ររបស់លោក? (ខ) តើអត្ថបទនេះនឹងឆ្លើយសំណួរអ្វីខ្លះ?
ក្រោមការដឹកនាំរបស់ព្រះ សាវ័កពេត្រុសបានដកស្រង់សៀវភៅលេវីវិន័យ ហើយបានពន្យល់ថាគ្រិស្តសាសនិកត្រូវតែបរិសុទ្ធដូចជនជាតិអ៊ីស្រាអែលត្រូវតែបរិសុទ្ធ។ (សូមអាន ពេត្រុសទី១ ១:១៤-១៦) ព្រះយេហូវ៉ាដែលជា«ព្រះដ៏បរិសុទ្ធ»តម្រូវឲ្យពួកអ្នកដែលបានត្រូវរើសតាំងនិង«ចៀមឯទៀត»ខំអស់ពីសមត្ថភាពដើម្បីទៅជាមនុស្សបរិសុទ្ធក្នុងការប្រព្រឹត្តទាំងអស់។—យ៉ូហាន ១០:១៦
២ នៅក្នុងអត្ថបទនេះ យើងនឹងពិនិត្យមើលគោលការណ៍ពីសៀវភៅលេវីវិន័យដែលនឹងជួយយើងឲ្យរៀនអំពីខ្នាតតម្រារបស់ព្រះស្តីអំពីសេចក្ដីបរិសុទ្ធ និងឲ្យធ្វើតាមខ្នាតតម្រានោះនៅក្នុងជីវិតរបស់យើង។ យើងក៏នឹងឆ្លើយផងដែរនូវសំណួរដូចតទៅនេះ: តើយើងគួរមានទស្សនៈយ៉ាងណាចំពោះការបំពានលើច្បាប់និងគោលការណ៍របស់ព្រះ? តើសៀវភៅលេវីវិន័យបង្រៀនយើងអ្វីអំពីការគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា? តើយើងអាចរៀនអ្វីពីគ្រឿងបូជាដែលជនជាតិអ៊ីស្រាអែលបានជូនព្រះ?
ចូរប្រុងប្រយ័ត្នមិនបំពានលើច្បាប់និងគោលការណ៍របស់ព្រះយេហូវ៉ា
៣, ៤. (ក) ហេតុអ្វីគ្រិស្តសាសនិកត្រូវជៀសវាងមិនបំពានលើច្បាប់និងគោលការណ៍គម្ពីរ? (ខ) ហេតុអ្វីយើងមិនគួរសងសឹក ឬចងគំនុំ?
៣ ដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត យើងត្រូវធ្វើតាមច្បាប់និងគោលការណ៍របស់លោក មិនមែនមានចិត្តគំនិតមិនបរិសុទ្ធ ដោយគិតថាមានច្បាប់និងគោលការណ៍ខ្លះយើងមិនចាំបាច់ធ្វើតាមគ្រប់ពេលវេលានោះទេ។ សព្វថ្ងៃនេះ យើងមិននៅក្រោមច្បាប់របស់ម៉ូសេទេ ប៉ុន្តែច្បាប់នោះជួយយើងយល់អំពីអ្វីដែលព្រះយេហូវ៉ាពេញចិត្ត ឬអ្វីដែលលោកមិនពេញចិត្ត។ ជាឧទាហរណ៍ ជនជាតិអ៊ីស្រាអែលបានទទួលបង្គាប់ថា៖ «មិនត្រូវសងសឹក ឬចងគំនុំគុំកួននឹងពួកកូនចៅរបស់សាសន៍ឯងឡើយ គឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ អញនេះជាព្រះយេហូវ៉ា»។—លេវីវិន័យ ១៩:១៨
៤ ព្រះយេហូវ៉ាមិនចង់ឲ្យយើងសងសឹក ឬចងគំនុំឡើយ។ (រ៉ូម ១២:១៩) បើយើងមិនអើពើចំពោះច្បាប់និងគោលការណ៍របស់ព្រះទេ នោះសាថាននឹងសប្បាយចិត្ត ហើយយើងនឹងធ្វើឲ្យនាមរបស់ព្រះអាប់ឱនកិត្ដិយស។ ទោះជាអ្នកណាម្នាក់ធ្វើឲ្យយើងឈឺចិត្តក៏ដោយ យើងមិនគួរខឹងខ្លាំងរហូតដល់ចងគំនុំឡើយ។ គម្ពីរប្រៀបប្រដូចយើងទៅនឹង«ភាជនៈដី» ឬចានធ្វើពីដីឥដ្ឋដែលមានទ្រព្យវិសេស។ ទ្រព្យវិសេសនេះគឺកិច្ចបម្រើផ្សាយ។ (កូរិនថូសទី២ ៤:១, ៧) យើងមិនចង់ទុកកំហឹងដែលប្រៀបដូចជាទឹកអាស៊ីតជាមួយនឹងទ្រព្យវិសេសដ៏មានតម្លៃនៅក្នុងភាជនៈតែមួយទេ។
៥. តើយើងអាចរៀនអ្វីពីកំណត់ហេតុអំពីអេរ៉ុននិងការស្លាប់របស់កូនប្រុសគាត់? (សូមមើលរូបភាពនៅដើមអត្ថបទ)។
៥ លេវីវិន័យ ១០:១-១១ ចែងអំពីស្ថានភាពមួយដែលបានបណ្ដាលឲ្យក្រុមគ្រួសាររបស់អេរ៉ុនឈឺចាប់យ៉ាងខ្លាំង។ ព្រះយេហូវ៉ាបានទម្លាក់ភ្លើងពីស្ថានសួគ៌មកបំផ្លាញណាដាបនិងអ័ប៊ីហ៊ូវដែលជាកូនអេរ៉ុន។ បន្ទាប់មក ព្រះបានប្រាប់អេរ៉ុននិងក្រុមគ្រួសាររបស់គាត់ថា ពួកគាត់មិនអាចបង្ហាញទុក្ខសោកសោះឡើយ។ នេះពិតជាការសាកល្បងជំនឿមែន! តើអ្នកបង្ហាញថាអ្នកជាមនុស្សបរិសុទ្ធ ដោយមិនសេពគប់ជាមួយនឹងសមាជិកក្រុមគ្រួសារ ឬអ្នកឯទៀតដែលបានត្រូវបណ្ដាច់មិត្តភាពឬទេ?—សូមអាន កូរិនថូសទី១ ៥:១១
៦, ៧. (ក) តើយើងត្រូវគិតអំពីអ្វី ពេលសម្រេចចិត្តថាគួរ ឬមិនគួរមានចំណែកក្នុងពិធីមង្គលការនៅវិហារ? (សូមមើលកំណត់សម្គាល់)។ (ខ) តើតាមរបៀបណាយើងអាចពន្យល់អំពីមូលហេតុដែលយើងមិនអាចមានចំណែកក្នុងពិធីមង្គលការនៅវិហារ?
៦ យើងប្រហែលជាមិនបានត្រូវសាកល្បងតាមរបៀបដូចអេរ៉ុននិងក្រុមគ្រួសាររបស់គាត់បានត្រូវសាកល្បងនោះទេ។ ប៉ុន្តែ ចុះយ៉ាងណាបើគេអញ្ជើញយើងឲ្យចូលរួមនិងឲ្យមានចំណែកក្នុងពិធីមង្គលការរបស់សាច់ញាតិម្នាក់ដែលមិនមែនជាសាក្សីព្រះយេហូវ៉ា ដែលធ្វើឡើងនៅវិហារ? គ្មានច្បាប់នៅក្នុងគម្ពីរដែលចែងថាយើងមិនអាចចូលរួមនោះទេ ប៉ុន្តែមានគោលការណ៍ដែលគួរតែមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់យើងa (សូមមើលកំណត់សម្គាល់)។
៧ ការសម្រេចចិត្តរបស់យើងដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត និងដើម្បីរក្សាខ្លួនឲ្យនៅបរិសុទ្ធប្រហែលជាធ្វើឲ្យសាច់ញាតិរបស់យើងងឿងឆ្ងល់។ (ពេត្រុសទី១ ៤:៣, ៤) យើងមិនចង់ធ្វើឲ្យពួកគេទាស់ចិត្តទេ ដូច្នេះយើងគួរនិយាយជាមួយនឹងពួកគេដោយត្រង់និងដោយសប្បុរស។ បើអាចធ្វើបាន យើងគួរតែពិភាក្សាអំពីរឿងនេះជាមួយពួកគេជាយូរមុនមានពិធីនោះ។ យើងអាចអរគុណពួកគេដែលបានអញ្ជើញយើងឲ្យមានចំណែកក្នុងពិធីមង្គលការនោះ។ បន្ទាប់មក យើងប្រហែលជាអាចនិយាយថា យើងចង់ឲ្យពួកគេសប្បាយនៅថ្ងៃពិសេសរបស់ពួកគេ ហើយយើងមិនចង់ធ្វើឲ្យពួកគេនិងភ្ញៀវរបស់ពួកគេមានអារម្មណ៍ខ្មាស ដោយសារយើងមិនអាចមានចំណែកក្នុងពិធីសាសនានោះឡើយ។ នេះជារបៀបមួយដែលយើងអាចជៀសវាងធ្វើអ្វីដែលនាំឲ្យយើងមិនស្មោះត្រង់នឹងជំនឿរបស់យើង។
ចូរគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា
៨. តើសៀវភៅលេវីវិន័យលើកបញ្ជាក់យ៉ាងណាអំពីសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា?
៨ សៀវភៅលេវីវិន័យលើកបញ្ជាក់អំពីសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ ជាង៣០ដង យើងអានថាច្បាប់នៅក្នុងសៀវភៅលេវីវិន័យគឺមកពីព្រះ។ ម៉ូសេបានដឹងអំពីចំណុចនេះ ហើយបានធ្វើតាមអ្វីដែលព្រះយេហូវ៉ាបង្គាប់ឲ្យគាត់ធ្វើ។ (លេវីវិន័យ ៨:៤, ៥) ដូចម៉ូសេដែរ យើងគួរធ្វើជានិច្ចនូវអ្វីដែលព្រះយេហូវ៉ាដែលជាអ្នកគ្រប់គ្រងរបស់យើង ចង់ឲ្យយើងធ្វើ។ ទោះជាអង្គការរបស់ព្រះនឹងជួយយើងក៏ដោយ ជួនកាលជំនឿរបស់យើងបានត្រូវសាកល្បងពេលយើងនៅម្នាក់ឯង ដូចដែលបានកើតឡើងដល់លោកយេស៊ូនៅតំបន់ស្ងាត់ជ្រងំ។ (លូកា ៤:១-១៣) បើយើងទុកចិត្តលើព្រះ ហើយគាំទ្រសិទ្ធិគ្រប់គ្រងរបស់លោក នោះគ្មានអ្នកណាអាចបណ្ដាលឲ្យយើងបំពានលើច្បាប់និងគោលការណ៍របស់ព្រះទេ។ យើងនឹងមិនភ័យខ្លាចឡើយ។—សុភាសិត ២៩:២៥
ដូចម៉ូសេដែរ យើងគួរធ្វើជានិច្ចនូវអ្វីដែលព្រះយេហូវ៉ាដែលជាអ្នកគ្រប់គ្រងរបស់យើង ចង់ឲ្យយើងធ្វើ
៩. ហេតុអ្វីនៅគ្រប់ប្រជាជាតិ រាស្ត្ររបស់ព្រះបានត្រូវគេស្អប់?
៩ យើងគួរដឹងថា រាស្ត្ររបស់ព្រះនៅជុំវិញពិភពលោកនឹងត្រូវគេបៀតបៀន ពីព្រោះលោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកថា៖ «មនុស្សនឹងបញ្ជូនអ្នករាល់គ្នាឲ្យទៅរងទុក្ខវេទនា ក៏នឹងសម្លាប់អ្នក ហើយប្រជាជាតិទាំងឡាយនឹងស្អប់អ្នករាល់គ្នា ដោយសារអ្នកកាន់តាមខ្ញុំ»។ (ម៉ាថាយ ២៤:៩) ទោះជាមនុស្សស្អប់យើងក៏ដោយ យើងបន្តផ្សព្វផ្សាយ ហើយរក្សាខ្លួនជាមនុស្សបរិសុទ្ធក្នុងការប្រព្រឹត្តទាំងអស់។ យើងជាមនុស្សទៀងត្រង់ ហើយស្អាតស្អំខាងរូបកាយនិងខាងសីលធម៌។ យើងក៏ជាពលរដ្ឋដ៏ល្អដែរ។ ដូច្នេះ ហេតុអ្វីមនុស្សខ្លះស្អប់យើង? (រ៉ូម ១៣:១-៧) គឺដោយសារយើងស្ដាប់បង្គាប់តែព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងរបស់យើងប៉ុណ្ណោះ។ យើងគោរពប្រណិប័តន៍«តែលោកប៉ុណ្ណោះ» ហើយនឹងមិនបំពានលើច្បាប់និងគោលការណ៍ដ៏សុចរិតរបស់លោកសោះឡើយ។—ម៉ាថាយ ៤:១០
១០. តើអ្វីបានកើតឡើងដល់បងប្រុសម្នាក់ដែលបានបោះបង់ជំហរអព្យាក្រឹត?
១០ យើង«មិនរួមចំណែកក្នុងពិភពលោកឡើយ» ដូច្នេះយើងកាន់ជំហរអព្យាក្រឹត ហើយមិនចូលរួមក្នុងសង្គ្រាមនិងក្នុងនយោបាយរបស់ពិភពលោកនេះទេ។ (សូមអាន យ៉ូហាន ១៥:១៨-២១; អេសាយ ២:៤) គ្រិស្តសាសនិកខ្លះដែលបានប្រគល់ខ្លួនជូនព្រះ បានបោះបង់ជំហរអព្យាក្រឹតរបស់ខ្លួន។ ពួកគេជាច្រើននាក់បានប្រែចិត្ត ហើយបានត្រឡប់មកព្រះយេហូវ៉ាវិញ។ (ទំនុកតម្កើង ៥១:១៧) ប៉ុន្តែ អ្នកខ្លះមិនបានប្រែចិត្តទេ។ ជាឧទាហរណ៍ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ បងប្អូនជាច្រើននាក់បានត្រូវគេចាប់ដាក់គុកដោយអយុត្ដិធម៌នៅទូទាំងប្រទេសហុងគ្រី។ ពួកអាជ្ញាធរបានប្រមូលបងប្អូន១៦០នាក់ពីចំណោមបងប្អូនទាំងនោះ ដែលមានអាយុក្រោម៤៥ឆ្នាំមកក្នុងក្រុងមួយ ហើយបានបង្គាប់ពួកគាត់ឲ្យធ្វើទាហាន។ បងប្អូនភាគច្រើនបានបដិសេធ ប៉ុន្តែមាន៩នាក់បានស្បថចូលធ្វើទាហាន ហើយបានទទួលយកឯកសណ្ឋាន។ ពីរឆ្នាំក្រោយមក ម្នាក់ក្នុងចំណោម៩នាក់ដែលបានបោះបង់ជំហរអព្យាក្រឹត បានត្រូវគេចាត់ឲ្យប្រហារជីវិតសាក្សីស្មោះត្រង់។ ក្នុងចំណោមសាក្សីស្មោះត្រង់ទាំងនោះមានបងប្រុសបង្កើតរបស់គាត់! ប៉ុន្តែ សាក្សីស្មោះត្រង់ដែលបានត្រូវគេកាត់ទោស មិនបានត្រូវគេប្រហារជីវិតឡើយ។
ចូរជូនព្រះយេហូវ៉ានូវអ្វីដ៏ល្អបំផុត
១១, ១២. តើយើងអាចរៀនអ្វីពីគ្រឿងបូជាដែលពួកអ្នកនៅអ៊ីស្រាអែលសម័យបុរាណបានជូនព្រះ?
១១ ច្បាប់របស់ព្រះបានបញ្ជាក់ថាជនជាតិអ៊ីស្រាអែលត្រូវជូនគ្រឿងបូជាបែបណា។ (លេវីវិន័យ ៩:១-៤, ១៥-២១) គ្រឿងបូជាត្រូវតែគ្មានខ្ចោះ ពីព្រោះវាបញ្ជាក់អំពីគ្រឿងបូជាដ៏ល្អឥតខ្ចោះរបស់លោកយេស៊ូ។ ម្យ៉ាងទៀត ជនជាតិអ៊ីស្រាអែលត្រូវធ្វើតាមទម្រង់ការជាក់លាក់សម្រាប់គ្រឿងបូជាប្រភេទនីមួយៗ។ លេវីវិន័យ ១២:៦ រៀបរាប់អំពីអ្វីដែលម្ដាយនៃទារកដែលទើបនឹងកើតត្រូវធ្វើ ដោយចែងថា៖ «លុះកាលណាបានសំរេចថ្ងៃសំអាតខ្លួន ដោយព្រោះសំរាលកូនប្រុសឬកូនស្រីហើយ នោះនាងត្រូវយកកូនចៀម១អាយុ១ខួបសំរាប់ជាដង្វាយដុត នឹងព្រាបជំទើរ១ ឬលលក១សំរាប់ជាដង្វាយលោះបាបមក ប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ»។ ទោះជាតម្រូវការរបស់ព្រះយេហូវ៉ាគឺជាក់លាក់ក៏ដោយ ច្បាប់ដែលលោកបានឲ្យដល់ជនជាតិអ៊ីស្រាអែលបញ្ជាក់យ៉ាងច្បាស់ថាលោកមានសេចក្ដីស្រឡាញ់ ហើយសមហេតុសមផល។ ជាឧទាហរណ៍ បើម្ដាយគ្មានលទ្ធភាពជូនចៀមបានទេ នាងបានត្រូវអនុញ្ញាតឲ្យជូនលលកពីរ ឬព្រាបជំទើរពីរ។ (លេវីវិន័យ ១២:៨) ទោះជានាងក្រីក្រក៏ដោយ ព្រះយេហូវ៉ាបានស្រឡាញ់នាង ហើយបានឲ្យតម្លៃចំពោះនាងដូចលោកឲ្យតម្លៃចំពោះពួកអ្នកដែលអាចជូនគ្រឿងបូជាថ្លៃៗដែរ។ តើយើងអាចរៀនអ្វីពីចំណុចនេះ?
ច្បាប់ដែលព្រះយេហូវ៉ាបានឲ្យដល់ជនជាតិអ៊ីស្រាអែលបញ្ជាក់យ៉ាងច្បាស់ថាលោកមានសេចក្ដីស្រឡាញ់ ហើយសមហេតុសមផល
១២ សាវ័កប៉ូលបានដាស់តឿនគ្រិស្តសាសនិកឲ្យជូនព្រះនូវ«សេចក្ដីសរសើរជាគ្រឿងបូជា»។ (ហេប្រឺ ១៣:១៥) យើងជូនសេចក្ដីសរសើរជាគ្រឿងបូជា ពេលយើងនិយាយជាមួយនឹងអ្នកឯទៀតអំពីនាមរបស់ព្រះយេហូវ៉ា។ បងប្អូនដែលថ្លង់ប្រើភាសាសញ្ញាដើម្បីសរសើរព្រះ។ គ្រិស្តសាសនិកដែលមិនអាចចេញពីផ្ទះ សរសើរព្រះយេហូវ៉ាដោយសរសេរសំបុត្រ ផ្សព្វផ្សាយតាមទូរស័ព្ទ ព្រមទាំងផ្សព្វផ្សាយដល់អ្នកដែលមកលេងពួកគាត់។ យើងអាចធ្វើច្រើន ឬតិចក្នុងការសរសើរព្រះយេហូវ៉ា នោះនឹងអាស្រ័យទៅលើសុខភាពនិងសមត្ថភាពរបស់យើង ប៉ុន្តែអ្វីដែលយើងជូនព្រះ គួរតែល្អបំផុតជានិច្ច។—រ៉ូម ១២:១; ធីម៉ូថេទី២ ២:១៥
១៣. ហេតុអ្វីយើងគួររាយការណ៍អំពីម៉ោងដែលយើងចំណាយក្នុងកិច្ចផ្សព្វផ្សាយ?
១៣ ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ា យើងពេញចិត្តជូនលោកនូវសេចក្ដីសរសើរជាគ្រឿងបូជា។ (ម៉ាថាយ ២២:៣៧, ៣៨) ប៉ុន្តែ តើយើងគួរមានចិត្តគំនិតបែបណា ពេលអង្គការសុំយើងរាយការណ៍អំពីម៉ោងដែលយើងចំណាយក្នុងកិច្ចបម្រើផ្សាយជារៀងរាល់ខែ? យើងគួរតែពេញចិត្តនឹងរាយការណ៍ ពីព្រោះតាមរបៀបនេះ យើងបង្ហាញភក្ដីភាពចំពោះព្រះ។ (ពេត្រុសទី២ ១:៧) ប៉ុន្តែ គ្មានអ្នកណាគួរគិតថាគាត់ត្រូវចំណាយពេលច្រើនក្នុងកិច្ចបម្រើផ្សាយគ្រាន់តែដើម្បីរាយការណ៍ម៉ោងច្រើនជាងប៉ុណ្ណោះទេ។ តាមពិត បើអ្នកផ្សាយម្នាក់មិនអាចធ្វើច្រើនក្នុងកិច្ចបម្រើផ្សាយ ដោយសារអាយុ ឬសុខភាពរបស់គាត់ នោះគាត់អាចរាយការណ៍រហូតដល់តិចបំផុត១៥នាទី។ ដោយសារគាត់ខំអស់ពីសមត្ថភាព នោះព្រះយេហូវ៉ាពេញចិត្ត។ ព្រះយេហូវ៉ាក៏ជ្រាបដែរថាបងប្អូនយើងស្រឡាញ់លោក ហើយពិតជាចង់ធ្វើជាសាក្សីរបស់លោក។ ដូចពួកអ្នកនៅអ៊ីស្រាអែលសម័យបុរាណដែលទោះជាក្រីក្រក្ដី ពួកគេនៅតែអាចជូនគ្រឿងបូជាដល់ព្រះ នៅសព្វថ្ងៃនេះ ពួកអ្នកដែលមិនមានសុខភាពល្អ ឬមានវ័យចាស់នៅតែអាចជូនរបាយការណ៍មួយដែលពួកគាត់អាចពេញចិត្ត។ របាយការណ៍របស់យើងបានត្រូវបញ្ចូលទៅក្នុងរបាយការណ៍សរុបទូទាំងពិភពលោក ដែលជួយអង្គការយើងធ្វើគម្រោងសម្រាប់សេចក្ដីត្រូវការក្នុងកិច្ចផ្សព្វផ្សាយ។ នេះជាមូលហេតុដែលយើងរាយការណ៍អំពីម៉ោងដែលយើងចំណាយក្នុងកិច្ចផ្សព្វផ្សាយ។
ទម្លាប់របស់យើងក្នុងការសិក្សានិងសេចក្ដីសរសើរជាគ្រឿងបូជាដែលយើងជូនព្រះ
១៤. សូមពន្យល់អំពីមូលហេតុដែលយើងគួរពិនិត្យមើលទម្លាប់របស់យើងក្នុងការសិក្សា។
១៤ ក្រោយពីបានរៀនមេរៀនដ៏មានតម្លៃទាំងនេះពីសៀវភៅលេវីវិន័យ តើអ្នកមានការយល់ដឹងច្រើនជាងអំពីមូលហេតុដែលសៀវភៅនេះបានត្រូវបញ្ចូលទៅក្នុងបណ្ដាំដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះឬទេ? (ធីម៉ូថេទី២ ៣:១៦) តើអ្នកតាំងចិត្តខ្លាំងជាងមុនដើម្បីរក្សាខ្លួនជាមនុស្សបរិសុទ្ធឬទេ? ព្រះយេហូវ៉ាតម្រូវឲ្យយើងជូនលោកនូវអ្វីដែលល្អបំផុត ហើយលោកសមនឹងទទួលអ្វីទាំងនោះ។ អ្នកក៏ប្រហែលជាចង់សិក្សាសៀវភៅឯទៀតក្នុងគម្ពីរឲ្យកាន់តែជ្រាលជ្រៅដែរ។ (សូមអាន សុភាសិត ២:១-៥) សូមពិនិត្យមើល ហើយអធិដ្ឋានអំពីទម្លាប់សិក្សារបស់អ្នក។ សូមដណ្ដឹងសួរខ្លួនអ្នកថា ‹តើខ្ញុំកំពុងជូនព្រះយេហូវ៉ានូវអ្វីដ៏ល្អបំផុតឬទេ? ឬតើខ្ញុំឲ្យកម្មវិធីទូរទស្សន៍ ហ្គេមវីដេអូ ការលេងកីឡា ឬការកម្សាន្ត រារាំងខ្ញុំមិនឲ្យជឿនទៅមុខក្នុងសេចក្ដីពិត?›។ បើដូច្នេះ ប្រហែលជាការល្អដែលអ្នកគិតយ៉ាងដិតដល់អំពីអ្វីដែលប៉ូលបាននិយាយនៅក្នុងសៀវភៅហេប្រឺ។
១៥, ១៦. ហេតុអ្វីប៉ូលបាននិយាយត្រង់ ពេលគាត់សរសេរសំបុត្រទៅគ្រិស្តសាសនិកជនជាតិហេប្រឺ?
១៥ ប៉ូលបាននិយាយត្រង់ ពេលគាត់បានសរសេរសំបុត្រទៅគ្រិស្តសាសនិកជនជាតិហេប្រឺ។ (សូមអាន ហេប្រឺ ៥:៧, ១១-១៤) គាត់បានប្រាប់ពួកគេថា៖ «អ្នករាល់គ្នាបានក្លាយទៅជាមនុស្សក្រនឹងយល់»។ ហេតុអ្វីគាត់និយាយត្រង់ដូច្នេះ? ដូចព្រះយេហូវ៉ាដែរ គាត់ស្រឡាញ់ពួកគេ ហើយគាត់បារម្ភថាពួកគេព្យាយាមមានជីវិតរស់នៅដោយសារតែទឹកដោះប៉ុណ្ណោះ ឬដោយផ្អែកលើចំណេះបឋមនៃគម្ពីរ។ ទោះជាការយល់ដឹងអំពីសេចក្ដីបង្រៀនបឋមគឺសំខាន់ក៏ដោយ យើងត្រូវបរិភោគ«អាហាររឹង» ពោលគឺសេចក្ដីបង្រៀនដែលជ្រាលជ្រៅជាងក្នុងគម្ពីរ បើយើងចង់ជឿនទៅមុខក្នុងសេចក្ដីពិត។
១៦ ជាជាងអាចបង្រៀនអ្នកឯទៀត គ្រិស្តសាសនិកជនជាតិហេប្រឺត្រូវការឲ្យអ្នកណាម្នាក់បង្រៀនពួកគេ។ ហេតុអ្វី? ពួកគេបានជៀសវាង«អាហាររឹង»។ សូមដណ្ដឹងសួរខ្លួនអ្នកថា ‹តើខ្ញុំមានចិត្តគំនិតត្រឹមត្រូវចំពោះសេចក្ដីបង្រៀនដែលជ្រាលជ្រៅជាងក្នុងគម្ពីរឬទេ? តើខ្ញុំចង់សិក្សាសេចក្ដីបង្រៀននោះឬទេ? ឬតើខ្ញុំជៀសវាងអធិដ្ឋាននិងសិក្សាយ៉ាងស៊ីជម្រៅ? បើដូច្នេះ តើទម្លាប់របស់ខ្ញុំក្នុងការសិក្សាជាដើមហេតុមួយនៃបញ្ហាទាំងនោះឬទេ?›។ យើងមិនគ្រាន់តែត្រូវផ្សព្វផ្សាយដល់អ្នកឯទៀតប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បង្រៀនពួកគេ ហើយជួយពួកគេឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្តដែរ។—ម៉ាថាយ ២៨:១៩, ២០
១៧, ១៨. (ក) ហេតុអ្វីយើងគួរបរិភោគ«អាហាររឹង»ជាទៀងទាត់? (ខ) តើយើងគួរមានទស្សនៈយ៉ាងណាចំពោះការពិសាស្រាមុនកិច្ចប្រជុំ?
១៧ ព្រះយេហូវ៉ាមិនបណ្ដាលឲ្យយើងមានអារម្មណ៍ថាខ្លួនយើងខុស ដើម្បីជំរុញយើងឲ្យចង់សិក្សាគម្ពីរទេ។ សូម្បីតែការសិក្សាគម្ពីរមិនមែនស្រួលសម្រាប់យើងក្ដី យើងគួរបន្តបរិភោគ«អាហាររឹង» ទោះជាយើងស្គាល់សេចក្ដីពិតអស់រយៈពេលយូរប៉ុន្មានក៏ដោយ។ នេះគឺសំខាន់ចាំបាច់ បើយើងចង់រក្សាខ្លួនជាមនុស្សបរិសុទ្ធ។
១៨ ដើម្បីធ្វើជាមនុស្សបរិសុទ្ធ យើងត្រូវពិនិត្យមើលបទគម្ពីរដោយយកចិត្តទុកដាក់ ហើយធ្វើអ្វីដែលព្រះសុំយើងឲ្យធ្វើ។ ណាដាបនិងអ័ប៊ីហ៊ូវដែលជាកូនប្រុសរបស់អេរ៉ុនបានត្រូវប្រហារជីវិត ដោយសារពួកគាត់បានជូន«ភ្លើងដទៃទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ដែលទ្រង់ឥតបានបង្គាប់ឡើយ» ប្រហែលជាក្នុងពេលដែលពួកគាត់ស្រវឹងស្រា។ (លេវីវិន័យ ១០:១, ២) សូមកត់សម្គាល់អ្វីដែលព្រះបានប្រាប់អេរ៉ុននៅពេលក្រោយមក។ (សូមអាន លេវីវិន័យ ១០:៨-១១) តើខគម្ពីរទាំងនេះចង់បញ្ជាក់ថាយើងមិនត្រូវផឹកអ្វីៗដែលមានជាតិស្រាមុននឹងទៅកិច្ចប្រជុំគ្រិស្តសាសនិកឬ? សូមគិតអំពីចំណុចទាំងនេះ: យើងមិននៅក្រោមច្បាប់ម៉ូសេឡើយ។ (រ៉ូម ១០:៤) នៅប្រទេសខ្លះ បងប្អូនរួមជំនឿរបស់យើងប្រើភេសជ្ជៈដែលមានជាតិស្រាដោយចេះប្រមាណនៅពេលបរិភោគអាហារមុននឹងចូលរួមកិច្ចប្រជុំ។ ស្រាទំពាំងបាយជូរបួនពែងបានត្រូវប្រើនៅបុណ្យរំលង។ ពេលលោកយេស៊ូបានចាប់ផ្ដើមពិធីរំលឹក លោកបានប្រាប់ពួកសាវ័ករបស់លោកឲ្យពិសាស្រាទំពាំងបាយជូរដែលជាតំណាងឈាមរបស់លោក។ (ម៉ាថាយ ២៦:២៧) គម្ពីរផ្ដន្ទាទោសការពិសាស្រាហួសប្រមាណនិងការប្រមឹកស្រា។ (កូរិនថូសទី១ ៦:១០; ធីម៉ូថេទី១ ៣:៨) ម្យ៉ាងទៀត ដោយសារសមត្ថភាពវិនិច្ឆ័យរបស់ពួកគាត់ គ្រិស្តសាសនិកជាច្រើននាក់ប្រហែលជាមិនពិសាស្រាសោះមុនគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ប៉ុន្តែ កាល:ទេស:គឺខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ ហើយអ្វីដែលសំខាន់ចំពោះគ្រិស្តសាសនិក គឺ«ចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតា»ឬរបស់មិនបរិសុទ្ធ ដើម្បីពួកគាត់អាចរក្សាខ្លួនជាមនុស្សបរិសុទ្ធ ហើយអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។
១៩. (ក) តើតាមរបៀបណាយើងអាចធ្វើឲ្យការគោរពប្រណិប័តន៍ជាក្រុមគ្រួសារនិងការសិក្សាផ្ទាល់ខ្លួនមានន័យខ្លឹមសារ? (ខ) តើអ្នកអាចបង្ហាញយ៉ាងណាថាអ្នកតាំងចិត្តដើម្បីរក្សាខ្លួនជាមនុស្សបរិសុទ្ធ?
១៩ មានគោលការណ៍ល្អៗជាច្រើនក្នុងគម្ពីរដែលយើងអាចរកឃើញ បើយើងធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ក្នុងបណ្ដាំរបស់ព្រះ។ សូមប្រើឧបករណ៍ជំនួយផ្សេងៗសម្រាប់ស្រាវជ្រាវដើម្បីធ្វើឲ្យការគោរពប្រណិប័តន៍ជាក្រុមគ្រួសារនិងការសិក្សាផ្ទាល់ខ្លួនមានន័យខ្លឹមសារ។ សូមស្វែងយល់អំពីព្រះយេហូវ៉ានិងគោលបំណងរបស់លោកឲ្យបានប្រសើរជាង។ សូមចូលទៅជិតលោក។ (យ៉ាកុប ៤:៨) សូមអធិដ្ឋានទៅព្រះដូចអ្នកតែងទំនុកតម្កើងដែលបានច្រៀងថា៖ «សូមបំភ្លឺភ្នែកទូលបង្គំឲ្យបានឃើញសេចក្ដីអស្ចារ្យនៅក្នុងក្រិត្យវិន័យរបស់ទ្រង់»។ (ទំនុកតម្កើង ១១៩:១៨) សូមកុំបំពានលើច្បាប់និងគោលការណ៍គម្ពីរឲ្យសោះ។ សូមធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាដែលជា«ព្រះដ៏បរិសុទ្ធ»យ៉ាងអស់ពីចិត្ត ហើយចូលរួមយ៉ាងខ្នះខ្នែងក្នុង«កិច្ចការដ៏បរិសុទ្ធ គឺជាការប្រកាសដំណឹងល្អនៃព្រះ»។ (ពេត្រុសទី១ ១:១៥; រ៉ូម ១៥:១៦) យើងត្រូវរក្សាខ្លួនជាមនុស្សបរិសុទ្ធក្នុងអំឡុងគ្រាចុងក្រោយបង្អស់ដ៏អាក្រក់នេះ។ សូមឲ្យយើងទាំងអស់គ្នាធ្វើជាមនុស្សបរិសុទ្ធក្នុងការប្រព្រឹត្តរបស់យើង ហើយគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។
a សូមមើល«សំណួរពីអ្នកអាន»នៅក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣។