ចូរខំប្រឹងឈានទៅរកភាពចាស់ទុំ ព្រោះ«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់»
«ចូរយើងខំប្រឹងឈានទៅរកភាពចាស់ទុំ»។—ហេ. ៦:១
១, ២. ស្តីអំពីពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ដែលរស់នៅក្រុងយេរូសាឡិមនិងតំបន់យូឌា តើមានកាលៈទេសៈណាដែលទុកឱកាសឲ្យពួកគេ«រត់ទៅតំបន់ភ្នំ»?
ពេលលោកយេស៊ូនៅផែនដី នោះអ្នកកាន់តាមលោកមកសួរថា៖ «តើអ្វីជាសញ្ញាសម្គាល់ដែលបញ្ជាក់វត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក?»។ ចំពោះសំណួរនេះ លោកយេស៊ូបានផ្ដល់ចម្លើយឲ្យពួកគេតាមរយៈទំនាយ ហើយការសម្រេចដំបូងនៃទំនាយនោះកើតឡើងនៅសតវត្សរ៍ទី១។ លោកយេស៊ូមានប្រសាសន៍អំពីព្រឹត្ដិការណ៍ដ៏ចម្លែកដែលនឹងបង្ហាញឲ្យដឹងថា ទីបញ្ចប់ជិតមកដល់ហើយ។ ពេលឃើញព្រឹត្ដិការណ៍នោះ «អ្នកដែលនៅតំបន់យូឌា[ត្រូវ]ចាប់ផ្ដើមរត់ទៅតំបន់ភ្នំ»។ (ម៉ាថ. ២៤:១-៣, ១៥-២២) តើពួកអ្នកកាន់តាមលោកយេស៊ូនឹងស្គាល់សញ្ញាសម្គាល់ ហើយប្រព្រឹត្តតាមការណែនាំរបស់លោកឬទេ?
២ ជិត៣០ឆ្នាំក្រោយមក នៅឆ្នាំ៦១ គ.ស. នោះសាវ័កប៉ូលបានសរសេរសំបុត្រដោយប្រាប់ត្រង់ៗទៅពួកគ្រិស្តសាសនិកសាសន៍ហេប្រឺ ដែលរស់នៅក្នុងទីក្រុងយេរូសាឡិមនិងកន្លែងជិតៗទីក្រុងនោះ។ ទាំងប៉ូលទាំងអ្នករួមជំនឿមិនដឹងថា មានតែប្រាំឆ្នាំទៀតប៉ុណ្ណោះ មុនសញ្ញាសម្គាល់របស់ដំណាក់កាលទី១នៃ«ទុក្ខវេទនាជាខ្លាំង»នឹងចាប់ផ្ដើម។ (ម៉ាថ. ២៤:២១) នៅឆ្នាំ៦៦ គ.ស. ស៊ីស្ទាស ហ្កាឡាសនាំកងទ័ពរ៉ូមមកប្រយុទ្ធនឹងពួកយូដានៅក្រុងយេរូសាឡិម ប៉ុន្តែពេលជិតឈ្នះ ស្រាប់តែដកទ័ពថយ។ ដូច្នេះ នេះទុកឱកាសឲ្យពួកគ្រិស្តសាសនិករត់ចេញពីទីក្រុងនោះទៅកន្លែងដែលមានសុវត្ថិភាព។
៣. តើប៉ូលបានដាស់តឿនពួកគ្រិស្តសាសនិកសាសន៍ហេប្រឺយ៉ាងណា? ហើយហេតុអ្វីបានជាប៉ូលដាស់តឿនពួកគេ?
៣ ពួកគ្រិស្តសាសនិកទាំងនោះត្រូវប៉ិនប្រសប់ក្នុងការវែកញែក និងត្រូវចេះមើលធ្លុះថាព្រឹត្ដិការណ៍ដែលកំពុងកើតឡើង គឺជាការសម្រេចនៃពាក្យរបស់លោកយេស៊ូហើយយល់ថា ពួកគេត្រូវរត់ចេញ។ ក៏ប៉ុន្តែ គ្រិស្តសាសនិកខ្លះបានក្លាយទៅជាមនុស្ស«ក្រនឹងយល់»។ ពួកគេខ្វះការយល់ដឹងអំពីបណ្ដាំរបស់ព្រះ ប្រៀបដូចពួកគេជាកូនក្មេងដែលត្រូវការ«ទឹកដោះ»។ (សូមអាន ហេប្រឺ ៥:១១-១៣) ទោះជាគ្រិស្តសាសនិកខ្លះបានកាន់តាមសេចក្ដីពិតអស់ច្រើនឆ្នាំក៏ដោយ តែពួកគេបង្ហាញលក្ខណៈដែលបញ្ជាក់ថា ពួកគេកំពុង«ថយចេញពីព្រះដែលមានជីវិតរស់នៅ»។ (ហេ. ៣:១២) ខ្លះមាន«ទម្លាប់»គេចវេះពីកិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិក នៅពេលដែល«ថ្ងៃ[ដ៏ធំ]នោះកាន់តែខិតចូលមកដល់»។ (ហេ. ១០:២៤, ២៥) ប៉ូលបានដាស់តឿនពួកគេយ៉ាងត្រឹមត្រូវដោយថា៖ «ឥឡូវ យើងបានរៀនសេចក្ដីបង្រៀនជាមូលដ្ឋានអំពីគ្រិស្តហើយ ដូច្នេះ ចូរយើងខំប្រឹងឈានទៅរកភាពចាស់ទុំ»។—ហេ. ៦:១
៤. ហេតុអ្វីសំខាន់ឲ្យយើងឆាប់យល់នូវរបៀបទំនាយក្នុងគម្ពីរសម្រេច ហើយបណ្ដុះឲ្យមានចំណងមេត្រីភាពដ៏រឹងមាំជាមួយព្រះយេហូវ៉ា? ហើយតើអ្វីនឹងជួយយើងឲ្យធ្វើដូច្នេះ?
៤ យើងកំពុងរស់នៅក្នុងអំឡុងគ្រាដែលមានការសម្រេចចុងបំផុតនៃទំនាយរបស់លោកយេស៊ូ។ «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់»ហើយ នោះជាថ្ងៃដែលរបៀបរបបទាំងមូលរបស់សាថាននឹងត្រូវបំផ្លាញចោល។ (សេផ. ១:១៤) ដូច្នេះ លើសជាងមុនៗទៅទៀត យើងត្រូវឆាប់យល់ការសម្រេចនៃទំនាយដែលមានក្នុងគម្ពីរ ហើយបណ្ដុះឲ្យមានចំណងមេត្រីភាពដ៏រឹងមាំជាមួយព្រះយេហូវ៉ា។ (១ពេ. ៥:៨) តើយើងពិតជាកំពុងធ្វើដូច្នេះឬទេ? ការធ្វើជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំនឹងជួយយើងចាំមិនភ្លេចថា យើងកំពុងរស់នៅគ្រាណាសព្វថ្ងៃ។
តើអ្នកណាជាគ្រិស្តសាសនិកមានភាពចាស់ទុំ?
៥, ៦. (ក) តើការធ្វើជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំរួមបញ្ចូលអ្វីខ្លះ? (ខ) តើមានរឿងពីរណាដែលយើងត្រូវព្យាយាមធ្វើដើម្បីខំប្រឹងឈានទៅរកភាពចាស់ទុំ?
៥ ប៉ូលមិនគ្រាន់តែលើកទឹកចិត្តពួកគ្រិស្តសាសនិកសាសន៍ហេប្រឺនៅសតវត្សរ៍ទី១ឲ្យឈានទៅរកភាពចាស់ទុំប៉ុណ្ណោះទេ តែក៏បានប្រាប់ពួកគេអំពីភាពចាស់ទុំនោះរួមបញ្ចូលអ្វី។ (សូមអាន ហេប្រឺ ៥:១៤; កំណត់សម្គាល់) «មនុស្សពេញវ័យ»មិនពេញចិត្តទទួលទាន«ទឹកដោះ»ប៉ុណ្ណោះឡើយ តែពួកគេចង់ទទួលទាន«អាហាររឹង»ដែរ។ ហេតុនេះហើយបានជាពួកគេស្គាល់ទាំង«បឋមសេចក្ដី»ទាំង«សេចក្ដីជ្រាលជ្រៅ»របស់សេចក្ដីពិត។ (១កូ. ២:១០) ម្យ៉ាងទៀត ពួកគេបានប្រើប្រាស់សមត្ថភាពយល់ដឹង ហើយសមត្ថភាពនោះបានត្រូវបង្វឹកបង្ហាត់ ដោយអនុវត្តតាមអ្វីដែលពួកគេដឹង។ ការធ្វើដូច្នេះជួយឲ្យពួកគេចេះសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ។ កាលណាពួកគេត្រូវធ្វើការសម្រេចចិត្ត នោះការបង្វឹកបង្ហាត់នេះជួយពួកគេឲ្យចេះវែកញែកថាគោលការណ៍ក្នុងបទគម្ពីរណាខ្លះជាប់ពាក់ព័ន្ធនឹងកាលៈទេសៈនោះ ព្រមទាំងរបៀបដែលខ្លួនអាចអនុវត្តតាមគោលការណ៍នោះផង។
៦ ប៉ូលបានសរសេរថា៖ «យើងត្រូវតែយកចិត្តទុកដាក់ឲ្យបានច្រើនជាងធម្មតាចំពោះអ្វីដែលយើងបានឮ ដើម្បីកុំឲ្យយើងរសាត់ចេញពីជំនឿ»។ (ហេ. ២:១) ការរសាត់ចេញពីជំនឿបែបនេះអាចកើតឡើងមុនដែលយើងដឹងខ្លួន។ យើងអាចជៀសផុតពីបញ្ហានេះបានដោយ«យកចិត្តទុកដាក់ឲ្យបានច្រើនជាងធម្មតា» ពេលយើងពិចារណាសេចក្ដីពិតក្នុងគម្ពីរ។ ដូច្នេះ យើងម្នាក់ៗត្រូវសួរខ្លួនថា ‹តើខ្ញុំនៅតែពិចារណាអំពីបឋមសេចក្ដីប៉ុណ្ណោះឬ? តើខ្ញុំកំពុងធ្វើកិច្ចការក្នុងសេចក្ដីពិតដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ ប្រៀបដូចជាអណ្ដែតត្រសែតតាមទឹកទេ? តើខ្ញុំអាចធ្វើដូចម្ដេចដើម្បីពិតជាជឿនទៅមុខក្នុងសេចក្ដីពិត?›។ ការខំប្រឹងឈានទៅរកភាពចាស់ទុំតម្រូវឲ្យយើងព្យាយាមក្នុងរឿងពីរយ៉ាង ពោលគឺយើងត្រូវស្គាល់បណ្ដាំរបស់ព្រះច្បាស់ ហើយរៀនឲ្យចេះស្ដាប់បង្គាប់។
ត្រូវស្គាល់បណ្ដាំរបស់ព្រះច្បាស់
៧. តើយើងអាចទទួលប្រយោជន៍យ៉ាងណាដោយស្គាល់បណ្ដាំរបស់ព្រះច្បាស់?
៧ ប៉ូលបានសរសេរថា៖ «អស់អ្នកណាដែលទទួលទានទឹកដោះមិនស្គាល់បណ្ដាំនៃសេចក្ដីសុចរិតទេ ពីព្រោះអ្នកនោះជាទារក»។ (ហេ. ៥:១៣) យើងត្រូវស្គាល់បណ្ដាំរបស់ព្រះច្បាស់គឺអ្វីដែលលោកផ្ដាំយើង ទើបអាចមានភាពចាស់ទុំ។ ដោយសារអ្វីដែលព្រះបានផ្ដាំគឺនៅក្នុងគម្ពីរដែលជាបណ្ដាំរបស់លោក នោះគប្បីឲ្យយើងមានចិត្តឧស្សាហ៍ក្នុងការសិក្សាគម្ពីរ និងសៀវភៅផ្សេងៗពី«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ (ម៉ាថ. ២៤:៤៥-៤៧) ការសិក្សាតាមរបៀបនេះនឹងជួយយើងឲ្យរៀនរបៀបដែលព្រះគិត ហើយនឹងជួយយើងបង្ហាត់សមត្ថភាពយល់ដឹងរបស់យើងដែរ។ សូមគិតអំពីគំរូរបស់គ្រិស្តសាសនិកម្នាក់ឈ្មោះស្រីពៅ។a គាត់និយាយថា៖ «ការរំលឹកឲ្យអានគម្ពីរទៀងទាត់គឺជាការរំលឹកដែលមានឥទ្ធិពលខ្លាំងបំផុតលើជីវិតខ្ញុំ។ ខ្ញុំបានចំណាយពេលអស់ពីរឆ្នាំទើបអានគម្ពីរទាំងមូលចប់ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំទើបចាប់ផ្ដើមស្គាល់អ្នកបង្កើតជាលើកដំបូង។ ខ្ញុំបានរៀនអំពីការប្រព្រឹត្តរបស់លោក អ្វីដែលលោកចូលចិត្តនិងមិនចូលចិត្ត ក៏បានរៀនថាលោកមានឫទ្ធានុភាពខ្លាំងប៉ុណ្ណា និងមានប្រាជ្ញាច្រើនប៉ុណ្ណា។ ការអានគម្ពីរជារៀងរាល់ថ្ងៃបានជួយផ្ដល់កម្លាំងចិត្តខ្ញុំក្នុងគ្រាពិបាកបំផុតក្នុងជីវិត»។
៨. តើបណ្ដាំរបស់ព្រះអាចមានឫទ្ធានុភាពអ្វីមកលើយើង?
៨ ការអានបទគម្ពីរខ្លះៗជារឿយៗអនុញ្ញាតឲ្យបណ្ដាំរបស់ព្រះមាន«ឫទ្ធានុភាព»មកលើយើង។ (សូមអាន ហេប្រឺ ៤:១២) ការអានបែបនេះអាចមានឥទ្ធិពលលើចិត្តរបស់យើង ហើយធ្វើឲ្យព្រះពេញចិត្តនឹងយើងកាន់តែច្រើនឡើង។ តើរូបអ្នកត្រូវលៃទុកពេលច្រើនជាងដើម្បីអានគម្ពីរ និងរំពឹងគិតលើអ្វីដែលគម្ពីររៀបរាប់ឬទេ?
៩, ១០. តើការស្គាល់បណ្ដាំរបស់ព្រះរួមបញ្ចូលអ្វីខ្លះ? សូមរៀបរាប់ឧទាហរណ៍មួយ។
៩ ការស្គាល់បណ្ដាំរបស់ព្រះរួមបញ្ចូលច្រើនទៀត មិនមែនគ្រាន់តែស្គាល់អ្វីដែលគម្ពីរចែងប៉ុណ្ណោះឡើយ។ គ្រិស្តសាសនិកដែលគ្មានភាពចាស់ទុំនៅសម័យប៉ូលទំនងជាមានចំណេះខ្លះៗអំពីអ្វីដែលបានរៀបរាប់ក្នុងបណ្ដាំរបស់ព្រះដែរ។ ក៏ប៉ុន្តែ ពួកគេមិនបានអនុវត្តតាមអ្វីដែលខ្លួនដឹងដើម្បីអាចឃើញប្រយោជន៍ដែលមកពីបណ្ដាំរបស់ព្រះ។ ពួកគេមិនឲ្យបណ្ដាំរបស់ព្រះណែនាំពួកគេដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងជីវិត ដូច្នេះហើយពួកគេមិនស្គាល់បណ្ដាំរបស់ព្រះ។
១០ ការស្គាល់បណ្ដាំរបស់ព្រះមានន័យថាយើងដឹងអ្វីដែលបណ្ដាំនោះចែង ហើយអនុវត្តតាមការយល់ដឹងនោះ។ បទពិសោធន៍របស់បងស្រីគ្រិស្តសាសនិកម្នាក់ឈ្មោះខែល សឲ្យឃើញនូវរបៀបដែលយើងអាចធ្វើដូច្នេះបាន។ បងស្រីខែលបានឈ្លោះគ្នាជាមួយអ្នករួមការងារម្នាក់។ តើគាត់បានធ្វើអ្វីដើម្បីឲ្យត្រូវគ្នាវិញនឹងអ្នករួមការងារនោះ? គាត់ពន្យល់ថា៖ «បទគម្ពីរដែលខ្ញុំនឹកឃើញភ្លាមគឺរ៉ូម ១២:១៨ ដែលថា៖ ‹ចូរខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់›។ ដូច្នេះ ខ្ញុំណាត់ជួបគាត់ក្រោយចេញពីធ្វើការ»។ ពួកគេបានដោះស្រាយបញ្ហានោះ ហើយអ្នករួមការងារបានកោតស្ងើចវិធីដែលខែលចាត់វិធានការដើម្បីដោះស្រាយបញ្ហានោះ។ បងស្រីខែលនិយាយថា៖ «ខ្ញុំបានរៀនថា ការអនុវត្តតាមគោលការណ៍ក្នុងគម្ពីរជាទង្វើត្រឹមត្រូវជានិច្ច»។
រៀនឲ្យចេះស្ដាប់បង្គាប់
១១. ពេលមានការពិបាក តើអ្វីដែលបង្ហាញថាការស្ដាប់បង្គាប់គឺមិនងាយស្រួលទេ?
១១ ការអនុវត្តតាមអ្វីដែលយើងបានរៀនពីបទគម្ពីរមិនងាយស្រួលទេ ជាពិសេសពេលមានការពិបាក។ ជាឧទាហរណ៍ មិនយូរប៉ុន្មានក្រោយពេលព្រះយេហូវ៉ារំដោះកូនចៅអ៊ីស្រាអែលពីការធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីប នោះពួកគេបាន«រករឿងឈ្លោះនឹងម៉ូសេ» ហើយ«ល្បងលព្រះយេហូវ៉ា»។ ហេតុអ្វី? ពីព្រោះពួកគេខ្វះទឹកផឹក។ (និក្ខ. ១៧:១-៤) ពួកគេបានធ្វើកិច្ចព្រមព្រៀងជាមួយព្រះ ហើយយល់ព្រមថានឹងធ្វើតាម«អស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូលមក»។ ក្រោយមកមិនដល់ពីរខែផង ពួកគេបានបំពានច្បាប់របស់លោកស្តីអំពីការគោរពបូជារូបព្រះ។ (និក្ខ. ២៤:៣, ១២-១៨; ៣២:១, ២, ៧-៩) កាលដែលម៉ូសេកំពុងទទួលការណែនាំពីព្រះនៅភ្នំហូរែប តើពួកគេបានបំពានច្បាប់របស់ព្រះដោយសារម៉ូសេអវត្តមានយូរពេក ហើយនេះធ្វើឲ្យពួកគេភ័យខ្លាចឬ? តើពួកគេគិតថាសាសន៍អាម៉ាលេកនឹងមកច្បាំងនឹងពួកគេម្ដងទៀតទេ? មុននេះ ម៉ូសេបាននាំឲ្យពួកគេមានជ័យជម្នះលើសាសន៍អាម៉ាលេកដោយលើកដៃឡើងទៅលើ ដូច្នេះ តើពួកគេគិតថាបណ្ដាជនអ៊ីស្រាអែលមិនអាចមានជ័យជម្នះដោយសារឥតមានម៉ូសេឬ? (និក្ខ. ១៧:៨-១៦) ប្រហែលជាពួកគេមានគំនិតដូចនេះមែន ប៉ុន្តែមិនថាមានមូលហេតុណាក៏ដោយ បណ្ដាជនអ៊ីស្រាអែល«មិនព្រមស្ដាប់បង្គាប់»ឡើយ។ (សកម្ម. ៧:៣៩-៤១) ប៉ូលបានដាស់តឿនពួកគ្រិស្តសាសនិកឲ្យ«ខំអស់ពីសមត្ថភាព»ដើម្បីកុំឲ្យ«ធ្លាក់ខ្លួន រួចដើរតាមគន្លងរបស់ពួកអ្នកដែលមិនបានស្ដាប់បង្គាប់» ដូចបណ្ដាជនអ៊ីស្រាអែលបានធ្វើពេលពួកគេខ្លាចមិនហ៊ានចូលស្រុកសន្យា។—ហេ. ៤:៣, ១១
១២. តើលោកយេស៊ូរៀនឲ្យចេះស្ដាប់បង្គាប់យ៉ាងដូចម្ដេច? ហើយដោយសារចេះស្ដាប់បង្គាប់ តើលោកទទួលប្រយោជន៍អ្វី?
១២ ការខំប្រឹងឈានទៅរកភាពចាស់ទុំតម្រូវឲ្យយើងខំធ្វើអស់ពីសមត្ថភាពដើម្បីស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ដូចបានឃើញតាមគំរូរបស់លោកយេស៊ូ ភាគច្រើនយើងអាចរៀនឲ្យចេះស្ដាប់បង្គាប់ដោយសារអ្វីដែលយើងបានរងទុក្ខ។ (សូមអាន ហេប្រឺ ៥:៨, ៩) មុនលោកយេស៊ូមកផែនដី លោកចេះស្ដាប់បង្គាប់បិតា។ ក៏ប៉ុន្តែ ពេលនៅផែនដី ការធ្វើតាមបំណងប្រាថ្នារបស់បិតាគឺជាប់ទាក់ទងនឹងការរងទុក្ខខាងផ្លូវចិត្តនិងផ្លូវកាយ។ តាមរយៈការស្ដាប់បង្គាប់ពេលមានទុក្ខសែនធ្ងន់ នោះលោកយេស៊ូបាន«ក្លាយទៅជាល្អឥតខ្ចោះ»ក្នុងនាមជាស្តេចនិងសម្ដេចសង្ឃ ដែលជាឋានៈថ្មីដែលព្រះបានរៀបចំឲ្យលោក។
១៣. តើអ្វីដែលបង្ហាញថាយើងបានរៀនឬមិនបានរៀនឲ្យចេះស្ដាប់បង្គាប់?
១៣ ចុះយ៉ាងណាចំពោះយើង? ទោះជាយើងជួបប្រទះបញ្ហាដែលធ្វើឲ្យមានទុក្ខព្រួយក៏ដោយ តើយើងបានតាំងចិត្តឲ្យស្ដាប់តាមព្រះយេហូវ៉ាឬទេ? (សូមអាន ពេត្រុសទី១ ១:៦, ៧) ដំបូន្មានរបស់ព្រះគឺច្បាស់ណាស់ស្តីអំពីសីលធម៌ សេចក្ដីទៀងត្រង់ ពាក្យសម្ដីដ៏គួរសម ការអាននិងសិក្សាបទគម្ពីរដោយខ្លួនឯង ការទៅកិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិកហើយចូលរួមក្នុងកិច្ចផ្សព្វផ្សាយ។ (យ៉ូស. ១:៨; ម៉ាថ. ២៨:១៩, ២០; អេភ. ៤:២៥, ២៨, ២៩; ៥:៣-៥; ហេ. ១០:២៤, ២៥) តើយើងចេះស្ដាប់បង្គាប់ព្រះយេហូវ៉ាទេក្នុងរឿងទាំងនេះ ទោះជាយើងមានការលំបាកក៏ដោយ? ការស្ដាប់បង្គាប់របស់យើងជាសញ្ញាសម្គាល់មួយដែលបញ្ជាក់ថាយើងបានជឿនទៅរកភាពចាស់ទុំ។
ការធ្វើជាគ្រិស្តសាសនិកមានភាពចាស់ទុំ មានប្រយោជន៍អ្វី?
១៤. សូមរៀបរាប់ឧទាហរណ៍ស្តីអំពីរបៀបដែលការខំប្រឹងឈានទៅរកភាពចាស់ទុំអាចការពារយើង។
១៤ ពួកគ្រិស្តសាសនិកអាចទទួលការការពារមែន បើពួកគាត់មានសមត្ថភាពយល់ដឹងដែលបានត្រូវបង្វឹកបង្ហាត់យ៉ាងត្រឹមត្រូវ ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវក្នុងពិភពលោកដែល«លែងស្គាល់ល្អស្គាល់អាក្រក់»។ (អេភ. ៤:១៩) ជាឧទាហរណ៍ បងប្រុសម្នាក់ឈ្មោះជេមជាអ្នកដែលធ្លាប់អានសៀវភៅដែលមានមូលដ្ឋានលើគម្ពីរជារឿយៗ ហើយចាត់ទុកព័ត៌មានក្នុងសៀវភៅនោះថាមានតម្លៃខ្ពស់។ គាត់ព្រមទទួលការងារដែលមានបុគ្គលិកស្ត្រីទាំងអស់ លើកលែងតែគាត់។ គាត់និយាយថា៖ «ស្ត្រីជាច្រើននាក់មិនមានសីលធម៌ទេ តែមានស្ត្រីម្នាក់ដែលមើលទៅជាមនុស្សដែលគួរឲ្យគោរព ហើយគាត់បង្ហាញចំណាប់អារម្មណ៍ទៅលើសេចក្ដីពិតក្នុងគម្ពីរដែរ។ ប៉ុន្តែ ពេលយើងនៅតែពីរនាក់ក្នុងបន្ទប់មួយនៅកន្លែងធ្វើការ នោះគាត់ចាប់ផ្ដើមប្រើពាក្យសម្ដីនិងធ្វើកាយវិការបង្ហាញថាគាត់ចង់រួមដំណេកជាមួយខ្ញុំ។ ខ្ញុំស្មានថាគាត់ធ្វើលេង ប៉ុន្តែពិបាកបញ្ឈប់គាត់ណាស់។ នៅពេលនោះខ្ញុំនឹកចាំបទពិសោធន៍មួយក្នុងទស្សនាវដ្ដីប៉មយាម ស្តីអំពីបងប្រុសម្នាក់ដែលប្រឈមមុខការល្បងលស្រដៀងគ្នាដែរនៅកន្លែងធ្វើការរបស់គាត់។ អត្ថបទនោះបានលើកឧទាហរណ៍របស់យ៉ូសែបនិងភរិយារបស់ប៉ូទីផារ។ ដូច្នេះ ខ្ញុំក៏ច្រានគាត់ចេញ ហើយគាត់រត់ចេញពីបន្ទប់នោះ»។ (លោ. ៣៩:៧-១២) ជេមសប្បាយចិត្តដែលគាត់មិនបានប្រព្រឹត្តជ្រុលជ្រួស ហើយមិនបានធ្វើអ្វីដែលនាំឲ្យសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោសគាត់។—១ធី. ១:៥
១៥. តើការខំប្រឹងឈានទៅរកភាពចាស់ទុំផ្ដល់ឲ្យយើងមានកម្លាំងចិត្តយ៉ាងដូចម្ដេច?
១៥ ភាពចាស់ទុំក៏នាំឲ្យយើងទទួលប្រយោជន៍ដោយព្រោះនេះផ្ដល់ឲ្យយើងមានកម្លាំងចិត្ត និងមិនឲ្យ«សេចក្ដីបង្រៀនផ្សេងៗដែលចម្លែកបង្វែរ[យើង]រាល់គ្នាឡើយ»។ (សូមអាន ហេប្រឺ ១៣:៩) កាលណាយើងខិតខំជឿនទៅមុខក្នុងការសិក្សាបណ្ដាំរបស់ព្រះ នោះយើងផ្ចង់អារម្មណ៍ទៅលើ«អ្វីដែលសំខាន់ជាង»។ (ភី. ១:៩, ១០) យ៉ាងនេះ យើងដឹងគុណព្រះកាន់តែច្រើនឡើង និងយល់តម្លៃនៃការរៀបចំទាំងអស់ដែលលោកបានផ្ដល់ឲ្យដើម្បីប្រយោជន៍យើង។ (រ៉ូម ៣:២៤) គ្រិស្តសាសនិកដែល‹មានសមត្ថភាពយល់ដឹងជាមនុស្សពេញវ័យ› បណ្ដុះឲ្យមានការដឹងគុណដូចនេះ ហើយឲ្យមានចំណងមេត្រីភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា។—១កូ. ១៤:២០
១៦. តើអ្វីបានជួយបងស្រីម្នាក់បណ្ដុះឲ្យមាន«ចិត្តរឹងមាំ»?
១៦ បងស្រីឈ្មោះឡូអ៊ីសបានសារភាពថា អស់មួយរយៈយូរបន្ទាប់ពីគាត់ទទួលការជ្រមុជទឹក នោះមូលហេតុចម្បងដែលគាត់បន្តធ្វើកិច្ចការជាគ្រិស្តសាសនិក គឺដើម្បីធ្វើឲ្យមនុស្សឯទៀតពេញចិត្តនឹងគាត់។ គាត់បាននិយាយថា៖ «ខ្ញុំមិនបានធ្វើអ្វីដែលខុសទេ តែខ្ញុំមិនមានក្ដីប្រាថ្នាខ្លាំងក្នុងការបម្រើព្រះយេហូវ៉ាឡើយ។ ខ្ញុំដឹងខ្លួនថាបើខ្ញុំចង់បម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាព នោះខ្ញុំត្រូវតែផ្លាស់ប្ដូរការប្រព្រឹត្តរបស់ខ្ញុំ។ ការផ្លាស់ប្ដូរដ៏ពិបាកបំផុតរបស់ខ្ញុំ គឺត្រូវគោរពប្រណិប័តន៍ព្រះដោយអស់ពីដួងចិត្ត»។ ដោយសារបងស្រីឡូអ៊ីសបានព្យាយាមបែបនេះ នោះគាត់បានបណ្ដុះឲ្យមាន«ចិត្តរឹងមាំ» ហើយនេះពិតជាបានជួយគាត់ពេលជួបប្រទះបញ្ហាសុខភាពដែលនាំឲ្យមានទុក្ខព្រួយ។ (យ៉ា. ៥:៨) បងស្រីឡូអ៊ីសនិយាយថា៖ «ខ្ញុំត្រូវតស៊ូខ្លាំងណាស់ តែខ្ញុំពិតជាបានចូលកាន់តែជិតព្រះយេហូវ៉ា»។
«ស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ត»
១៧. នៅសតវត្សរ៍ទី១ ហេតុអ្វីបានជាការស្ដាប់បង្គាប់ចាំបាច់?
១៧ ដំបូន្មានរបស់ប៉ូលឲ្យ«ខំប្រឹងឈានទៅរកភាពចាស់ទុំ» ជួយសង្គ្រោះជីវិតរបស់ពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ ដែលរស់នៅទីក្រុងយេរូសាឡិមនិងតំបន់យូឌា។ អស់អ្នកដែលយកចិត្តទុកដាក់នឹងដំបូន្មាននោះ ប៉ិនវែកញែកនិងចេះមើលធ្លុះថាព្រឹត្ដិការណ៍ដែលកំពុងកើតឡើងជាសញ្ញាសម្គាល់ដែលលោកយេស៊ូបានផ្ដល់ឲ្យ គឺត្រូវ«ចាប់ផ្ដើមរត់ទៅតំបន់ភ្នំ»។ ពេលពួកគេ«ឃើញអ្វីដ៏គួរឲ្យស្អប់ខ្ពើមដែលបំផ្លិចបំផ្លាញ កំពុងឈរនៅកន្លែងបរិសុទ្ធ» ពោលគឺកងទ័ពរ៉ូមឡោមព័ទ្ធនិងសម្រុកចូលទីក្រុងយេរូសាឡិម នោះពួកគេដឹងថាត្រូវតែរត់ចេញពីទីក្រុង។ (ម៉ាថ. ២៤:១៥, ១៦) យោងទៅតាមអ្នកប្រវត្ដិសាស្ត្រមួយរូប គាត់ថាពួកគ្រិស្តសាសនិកបានស្ដាប់តាមការព្រមានរបស់លោកយេស៊ូ ហើយរត់ចេញពីទីក្រុងយេរូសាឡិម មុនទីក្រុងនោះបានត្រូវកម្ទេចចោល ហើយបានស្ថិតនៅក្រុងភេឡានៅតំបន់ភ្នំនៃស្រុកកាឡាត។ (អ្នកប្រវត្ដិសាស្ត្រ Eusebius) ដូច្នេះ ពួកគេបានជៀសផុតពីរឿងខ្លោចផ្សាបំផុតដែលមិនធ្លាប់កើតមានឡើងក្នុងប្រវត្ដិសាស្ត្ររបស់ទីក្រុងយេរូសាឡិម។
១៨, ១៩. (ក) ហេតុអ្វីបានជាការស្ដាប់បង្គាប់សំខាន់ម្ល៉េះសព្វថ្ងៃ? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទបន្តបន្ទាប់?
១៨ ការស្ដាប់បង្គាប់ដែលមកពីការខំប្រឹងឈានទៅរកភាពចាស់ទុំក៏នឹងជួយសង្គ្រោះជីវិតយើងដែរ ពេលយើងប្រឈមមុខការសម្រេចដ៏សំខាន់បំផុតនៃទំនាយរបស់លោកយេស៊ូ ដែលថានឹង«មានទុក្ខវេទនាជាខ្លាំង»ប្រៀបផ្ទឹមពុំបាន។ (ម៉ាថ. ២៤:២១) តើយើងនឹងស្ដាប់បង្គាប់ការណែនាំណាក៏ដោយដែល«អ្នកបម្រើដ៏ស្មោះត្រង់»នឹងជូនឲ្យយើងទេ? (លូក. ១២:៤២) គឺសំខាន់ចាំបាច់ដែលយើងរៀនឲ្យចេះ«ស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ត»!—រ៉ូម ៦:១៧
១៩ ការមានភាពចាស់ទុំតម្រូវឲ្យយើងបង្ហាត់សមត្ថភាពយល់ដឹងរបស់យើង។ យើងអាចធ្វើដូច្នោះដោយព្យាយាមស្គាល់បណ្ដាំរបស់ព្រះច្បាស់ និងដោយរៀនឲ្យចេះស្ដាប់បង្គាប់។ ការជឿនទៅមុខដើម្បីធ្វើជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ នោះនាំឲ្យមានការពិបាកសម្រាប់ប្អូនៗយុវវ័យ។ អត្ថបទបន្តបន្ទាប់នឹងពិចារណានូវវិធីដែលប្អូនៗយុវវ័យអាចយកឈ្នះលើការពិបាកទាំងនោះ។
[កំណត់សម្គាល់]
a ឈ្មោះខ្លះបានត្រូវប្ដូរ។
តើអ្នកបានរៀនអ្វី?
• តើនរណាជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ? ហើយតើយើងអាចមានភាពចាស់ទុំបែបនេះតាមវិធីណា?
• តើការស្គាល់បណ្ដាំរបស់ព្រះទាក់ទងនឹងការខំប្រឹងឈានទៅរកភាពចាស់ទុំយ៉ាងដូចម្ដេច?
• តើយើងរៀនឲ្យចេះស្ដាប់បង្គាប់យ៉ាងណា?
• តើយើងអាចទទួលប្រយោជន៍អ្វីខ្លះពេលមានភាពចាស់ទុំ?
[រូបភាពនៅទំព័រ១៥]
ការអនុវត្តតាមដំបូន្មានក្នុងគម្ពីរជួយយើងដោះស្រាយបញ្ហាតាមវីធីដែលបង្ហាញភាពចាស់ទុំ
[រូបភាពនៅទំព័រ១៦]
ការធ្វើតាមដំបូន្មានរបស់លោកយេស៊ូ នោះសង្គ្រោះជីវិតពួកគ្រិស្តសាសនិកសម័យដើម