ចូរត្រៀមខ្លួនជានិច្ច!
«អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ចដូច្នេះដែរ ពីព្រោះកូនមនុស្សនឹងមកនៅម៉ោងដែលអ្នករាល់គ្នាមិននឹកស្មាន»។—ម៉ាថ. ២៤:៤៤
១, ២. (ក) តើព្រឹត្ដិការណ៍អ្វីក្នុងទំនាយរបស់គម្ពីរដែលអាចប្រៀបដូចជាការវាយប្រហាររបស់សត្វខ្លា? (ខ) ស្តីអំពីការវាយប្រហារដែលនឹងកើតឡើងនៅពេលខាងមុខនេះ តើអ្នកអាចត្រៀមខ្លួនយ៉ាងដូចម្ដេច?
អស់ជាច្រើនឆ្នាំ អ្នកសម្ដែងដ៏ល្បីម្នាក់បានធ្វើឲ្យទស្សនិកជនរីករាយដោយសម្ដែងជាមួយនឹងសត្វខ្លាដំបងធំៗដែលគាត់បានបង្ហាត់។ គាត់បាននិយាយថា៖ «ពេលដែលសត្វទុកចិត្តអ្នក នោះអ្នកមានអារម្មណ៍ថាខ្លួនបានទទួលអ្វីមួយដ៏អស្ចារ្យបំផុតក្នុងពិភពលោក»។ ប៉ុន្តែ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០០៣ ទំនុកចិត្តនោះលែងមានទៀតហើយ។ ដោយគ្មានមូលហេតុ សត្វខ្លាពណ៌សមួយរបស់គាត់ដែលមានទម្ងន់១៧២គីឡូក្រាមបានខាំគាត់និងធ្វើឲ្យគាត់មានរបួស។ គ្មានអ្នកណាស្មានថាការវាយប្រហារនេះអាចកើតឡើងបានឡើយ ហើយអ្នកបង្ហាត់នោះមិនបានត្រៀមខ្លួនទេ។
២ គួរឲ្យកត់សម្គាល់ថា គម្ពីរក៏បានទាយទុកអំពីការវាយប្រហារដែលមកពី«សត្វសាហាវ»មួយដែរ ហើយយើងត្រូវត្រៀមខ្លួនទុកជាមុនចំពោះការវាយប្រហារនោះ។ (សូមអាន ការបើកបង្ហាញ ១៧:១៥-១៨) តើសត្វសាហាវនេះនឹងវាយប្រហារទៅលើអ្នកណា? គួរឲ្យភ្ញាក់ផ្អើលណាស់ដែលពិភពលោករបស់មេកំណាចបែរជាចាប់ផ្ដើមទាស់ប្រឆាំងគ្នាទៅវិញ។ សត្វសាហាវដែលមានសម្បុរក្រហមឆ្អៅតំណាងអង្គការសហប្រជាជាតិ ហើយ«ស្នែងទាំងដប់»តំណាងរដ្ឋាភិបាលទាំងឡាយក្នុងពិភពលោក។ ពួកគេនឹងវាយប្រហារបាប៊ីឡូនដ៏ខ្លាំងក្លាដែលប្រៀបដូចជាស្ត្រីពេស្យា ដែលជាសាសនាមិនពិតទាំងឡាយទូទាំងពិភពលោក ហើយពួកគេនឹងបំផ្លាញនាងយ៉ាងសាហាវ។ តើព្រឹត្ដិការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? យើងមិនដឹងថ្ងៃនិងម៉ោងនោះឡើយ។ (ម៉ាថ. ២៤:៣៦) ប៉ុន្តែយើងដឹងថាពេលនោះនឹងកើតឡើងនៅពេលដែលយើងមិននឹកស្មាន ហើយពេលដែលនៅសល់មានតែបន្ដិចទេមុននឹងការវាយប្រហារនេះកើតឡើង។ (ម៉ាថ. ២៤:៤៤; ១កូ. ៧:២៩) ដូច្នេះ គឺចាំបាច់ណាស់ឲ្យយើងត្រៀមខ្លួនជានិច្ច ព្រោះពេលដែលការវាយប្រហារនេះកើតឡើង ហើយពេលដែលគ្រិស្តមកក្នុងនាមជាអ្នកប្រហារជីវិត នោះលោកក៏នឹងធ្វើជាអ្នកសង្គ្រោះរបស់យើងដែរ។ (លូក. ២១:២៨) ដើម្បីជួយយើងឲ្យត្រៀមខ្លួន យើងអាចរៀនពីគំរូរបស់អ្នកបម្រើស្មោះត្រង់របស់ព្រះដែលបានត្រៀមខ្លួនជានិច្ច ហើយយ៉ាងនេះ ពួកគេបានឃើញដោយផ្ទាល់ភ្នែកនូវការសម្រេចនៃសេចក្ដីសន្យារបស់ព្រះ។ តើយើងនឹងធ្វើតាមគំរូរបស់ពួកគេឬទេ?
ត្រៀមខ្លួនជានិច្ចដូចលោកណូអេ
៣. តើមានស្ថានភាពអ្វីដែលធ្វើឲ្យណូអេពិបាកបម្រើព្រះយ៉ាងស្មោះត្រង់?
៣ ទោះជាណូអេរស់នៅក្នុងស្ថានភាពដ៏អាក្រក់ដែលមានពាសពេញលើផែនដីក៏ដោយ គាត់បានត្រៀមខ្លួនជានិច្ចដើម្បីឃើញការសម្រេចនៃសេចក្ដីសន្យារបស់ព្រះ។ សូមស្រមៃគិតអំពីការពិបាកដែលណូអេត្រូវតែជួបប្រទះ ពេលពួកទេវតាដែលបះបោរបានកាឡាខ្លួនធ្វើជាមនុស្ស ហើយបានរួមដំណេកជាមួយនឹងស្ត្រីដែលស្អាតៗ! ការរួមដំណេកដែលខុសពីធម្មជាតិបែបនេះនាំឲ្យពួកគេបង្កើតកូនដែលជាមនុស្សរូបធំសម្បើមជា«មនុស្សខ្លាំងពូកែ» ដែលបានប្រើកម្លាំងដ៏ខ្លាំងក្លារបស់ពួកគេធ្វើបាបមនុស្សឯទៀត។ (លោ. ៦:៤) សូមគិតអំពីអំពើឃោរឃៅដែលបានកើតឡើង ពេលមនុស្សមាឌធំសម្បើមនេះទៅកន្លែងណាពួកគេបំផ្លាញកន្លែងនោះ។ ហេតុនេះហើយ អំពើទុច្ចរិតមាននៅគ្រប់ទីកន្លែង ហើយគំនិតនិងការប្រព្រឹត្តរបស់មនុស្សបានខូចទាំងស្រុង។ នៅពេលនោះ ព្រះយេហូវ៉ាដែលជាម្ចាស់ដ៏ឧត្តមបំផុត បានកំណត់ពេលមួយដើម្បីបំផ្លាញមនុស្សទុច្ចរិតទាំងនោះ។—សូមអាន លោកុប្បត្តិ ៦:៣, ៥, ១១, ១២a
៤, ៥. តើស្ថានភាពនៅសព្វថ្ងៃនេះស្រដៀងនឹងសម័យណូអេយ៉ាងណា?
៤ លោកយេស៊ូបានទាយថាស្ថានភាពដែលយើងរស់នៅសព្វថ្ងៃនេះស្រដៀងនឹងសម័យណូអេដែរ។ (ម៉ាថ. ២៤:៣៧) ជាឧទាហរណ៍ យើងក៏ឃើញអំពីការជ្រៀតជ្រែករបស់ពួកវិញ្ញាណអាក្រក់ដែរ។ (បប. ១២:៧-៩, ១២) ពួកទេវតាអាក្រក់ទាំងនេះបានកាឡាខ្លួននៅសម័យរបស់ណូអេ ហើយទោះជាពួកគេមិនអាចធ្វើដូច្នេះនៅសព្វថ្ងៃនេះក៏ដោយ ពួកគេនៅតែព្យាយាមគ្រប់គ្រងលើមនុស្សទាំងចាស់ទាំងក្មេង។ មនុស្សជាទូទៅមិនដឹងទេថា ពួកទេវតាទាំងនេះអាចបង្ខូចចិត្តគំនិតរបស់ពួកគេបាន ហើយពួកវាសប្បាយចិត្តណាស់ពេលដែលឃើញការអាក្រក់និងការប្រព្រឹត្តដ៏ថោកទាបរបស់ពួកគេ។—អេភ. ៦:១១, ១២
៥ បណ្ដាំរបស់ព្រះហៅមេកំណាចថាជា«ឃាតករ» ហើយចែងថាវាមាន«សមត្ថភាពបណ្ដាលឲ្យស្លាប់»។ (យ៉ូន. ៨:៤៤; ហេ. ២:១៤) ប៉ុន្តែ សមត្ថភាពរបស់វាមានកម្រិត ហើយវាមិនអាចសម្លាប់មនុស្សតាមតែចិត្តវានោះទេ។ យ៉ាងណាក៏ដោយ វាអាចបណ្ដាលឲ្យមនុស្សធ្វើអ្វីផ្សេងៗដែលនាំឲ្យពួកគេរងទុក្ខនិងស្លាប់។ វាក៏អាចធ្វើឲ្យមនុស្សស្អប់គ្នា ហើយមានបំណងចិត្តសម្លាប់អ្នកឯទៀតដែរ។ ជាឧទាហរណ៍ នៅសហរដ្ឋអាម៉េរិក ក្នុងចំណោមកូនក្មេង១៤២នាក់មាន១នាក់នឹងត្រូវគេធ្វើឃាត។ ដោយឃើញអំពើឃោរឃៅដែលគ្មានហេតុផលនៅជុំវិញយើង តើអ្នកគិតថាព្រះយេហូវ៉ានឹងយកចិត្តទុកដាក់ចំពោះបញ្ហានៅសព្វថ្ងៃនេះតិចជាងសម័យណូអេឬទេ? តើលោកនឹងចាត់វិធានការឬទេ?
៦, ៧. តើណូអេនិងក្រុមគ្រួសាររបស់គាត់បង្ហាញយ៉ាងដូចម្ដេចថា ពួកគាត់មានជំនឿនិងកោតខ្លាចព្រះ?
៦ ក្រោយមក ព្រះយេហូវ៉ាបានប្រាប់អំពីការសម្រេចចិត្តរបស់លោកដល់ណូអេថា លោកនឹងធ្វើឲ្យមានទឹកជំនន់ពេញផែនដី ដែលនឹងបំផ្លាញគ្រប់ទាំងសាច់ដែលមានដង្ហើមជីវិត។ (លោ. ៦:១៣, ១៧) ដូច្នេះ ព្រះយេហូវ៉ាបានបង្គាប់ណូអេឲ្យសង់ទូកដែលមានរាងដូចជាប្រអប់ធំមួយ ហើយភ្លាមៗនោះ ណូអេនិងក្រុមគ្រួសាររបស់គាត់ចាប់ផ្ដើមសាងសង់ទូក។ តើអ្វីបានជួយពួកគាត់ឲ្យស្ដាប់បង្គាប់ព្រះនិងត្រៀមខ្លួនជានិច្ចពេលដែលលោកវិនិច្ឆ័យទោសមនុស្សអាក្រក់?
៧ ជំនឿយ៉ាងខ្លាំងនិងការកោតខ្លាចព្រះបានជំរុញណូអេនិងក្រុមគ្រួសារឲ្យធ្វើតាមបង្គាប់របស់លោក។ (លោ. ៦:២២; ហេ. ១១:៧) ក្នុងនាមជាមេគ្រួសារ ណូអេបានរក្សាចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ហើយគាត់មិនបានរួមចំណែកក្នុងអំពើអាក្រក់របស់មនុស្សដែលមាននៅជុំវិញគាត់ទេ។ (លោ. ៦:៩) គាត់ដឹងថាគាត់ត្រូវតែការពារក្រុមគ្រួសាររបស់គាត់ពីអំពើឃោរឃៅ និងពីចិត្តគំនិតដែលរឹងចចេសរបស់មនុស្សនៅជុំវិញពួកគាត់។ ពួកគាត់បានដឹងថា ពួកគាត់មិនត្រូវជក់ស្លុងក្នុងកិច្ចការប្រចាំថ្ងៃឡើយ។ ព្រះមានកិច្ចការឲ្យពួកគាត់ធ្វើ ហើយគឺចាំបាច់ឲ្យសមាជិកទាំងអស់ក្នុងក្រុមគ្រួសារចាត់ទុកកិច្ចការនោះជាអ្វីដែលសំខាន់បំផុត។—សូមអាន លោកុប្បត្តិ ៦:១៤, ១៨
ណូអេនិងក្រុមគ្រួសាររបស់គាត់បានត្រៀមខ្លួនជានិច្ច
៨. តើអ្វីដែលបង្ហាញថាសមាជិកក្នុងក្រុមគ្រួសាររបស់ណូអេមានភក្ដីភាពចំពោះព្រះ?
៨ កំណត់ហេតុក្នុងគម្ពីរផ្ដោតការចាប់អារម្មណ៍ទៅលើណូអេដែលជាមេគ្រួសារ ប៉ុន្តែប្រពន្ធរបស់ណូអេ កូនៗនិងប្រពន្ធរបស់ពួកគាត់ក៏ជាអ្នកបម្រើព្រះយេហូវ៉ាដែរ។ អេសេគាលដែលជាអ្នកប្រកាសទំនាយបានបញ្ជាក់យ៉ាងច្បាស់អំពីរឿងនេះ។ គាត់បានមានប្រសាសន៍ថា ប្រសិនបើណូអេរស់នៅក្នុងសម័យគាត់ កូនរបស់ណូអេមិនអាចរួចរស់ជីវិតដោយផ្អែកលើសេចក្ដីសុចរិតរបស់ណូអេបានឡើយ ពីព្រោះពួកគាត់មានវ័យធំល្មមដើម្បីសម្រេចចិត្តថាស្ដាប់បង្គាប់ឬមិនស្ដាប់បង្គាប់ព្រះ។ ដូច្នេះ នេះបញ្ជាក់ថា កូនៗរបស់ណូអេបានបង្ហាញភ័ស្តុតាងរៀងៗខ្លួនថាពួកគាត់ស្រឡាញ់ព្រះនិងផ្លូវរបស់លោក។ (អេស. ១៤:១៩, ២០) ក្រុមគ្រួសាររបស់ណូអេមិនបានអនុញ្ញាតឲ្យឥទ្ធិពលរបស់មនុស្សឯទៀតរារាំងពួកគាត់ពីការបំពេញភារកិច្ចដែលព្រះប្រគល់ឲ្យឡើយ ហើយពួកគាត់បានធ្វើតាមការណែនាំរបស់ណូអេ ថែមទាំងបង្ហាញជំនឿដូចគាត់ផងដែរ។
៩. សព្វថ្ងៃ តើអ្នកណាបង្ហាញថាពួកគាត់មានជំនឿដូចណូអេ?
៩ នេះពិតជាគួរឲ្យលើកទឹកចិត្តមែនដោយឃើញថា បងប្អូនដែលជាមេគ្រួសារនៅទូទាំងពិភពលោកសព្វថ្ងៃនេះកំពុងយកតម្រាប់តាមណូអេដោយអស់ពីសមត្ថភាព! ពួកគាត់ទទួលស្គាល់ថាការផ្គត់ផ្គង់ដល់ក្រុមគ្រួសារដូចជា អាហារ សម្លៀកបំពាក់ ទីជម្រក និងការអប់រំក្នុងពិភពលោកនេះគឺមិនគ្រប់គ្រាន់ទេ។ ក្រៅពីនេះ ពួកគាត់ក៏ត្រូវតែយកចិត្តទុកដាក់ដែរចំពោះសេចក្ដីត្រូវការរបស់សមាជិកម្នាក់ៗក្នុងការមានចំណងមិត្តភាពជាមួយនឹងព្រះ។ ដោយធ្វើដូច្នេះ ពួកគាត់កំពុងត្រៀមខ្លួនជានិច្ចចំពោះអ្វីដែលព្រះយេហូវ៉ានឹងធ្វើនៅពេលឆាប់ៗខាងមុខនេះ។
១០, ១១. (ក) ពេលដែលនៅក្នុងទូក តើណូអេនិងក្រុមគ្រួសាររបស់គាត់ប្រាកដជាមានអារម្មណ៍យ៉ាងណា? (ខ) ជាការល្អ តើយើងអាចសួរខ្លួននូវសំណួរអ្វី?
១០ ណូអេ ប្រពន្ធរបស់គាត់ កូនប្រុសៗរបស់គាត់ និងប្រពន្ធរបស់ពួកគេប្រហែលជាបានសាងសង់ទូកនោះអស់រយៈពេលជាង៥០ឆ្នាំ។ កាលដែលពួកគាត់សាងសង់ទូក ពួកគាត់ពិតជាបានដើរចេញដើរចូលទូកនោះរាប់រយដង។ ពួកគាត់បិទជ័រទូកនោះ ប្រមូលស្បៀងអាហារ ហើយបានប្រមូលសត្វទាំងឡាយទៀតផង។ សូមស្រមៃគិតអំពីស្ថានភាពនៃរឿងដូចតទៅនេះ។ ថ្ងៃដ៏សំខាន់បានមកដល់។ ថ្ងៃនោះជាថ្ងៃ១៧ ខែទី២ ក្នុងឆ្នាំ២៣៧០ មុនគ.ស. ពួកគាត់ចូលទៅក្នុងទូកធំនោះ។ ព្រះយេហូវ៉ាបិទទ្វារទូកនោះ ហើយមេឃចាប់ផ្ដើមភ្លៀង។ នេះមិនមែនជាទឹកជំនន់ធម្មតាទេ។ រន្ធទឹកឬទំនប់ទឹកនៅលើមេឃបែកធ្លាយចេញ ហើយភ្លៀងធ្លាក់ដូចគេហែកមេឃ ដែលធ្វើឲ្យមានសំឡេងខ្ទរពេញក្នុងទូក។ (លោ. ៧:១១, ១៦) មនុស្សដែលនៅក្រៅទូកកំពុងលង់ទឹកស្លាប់ ប៉ុន្តែពួកអ្នកដែលនៅក្នុងទូកបានត្រូវសង្គ្រោះវិញ។ តើក្រុមគ្រួសាររបស់ណូអេប្រហែលជាមានអារម្មណ៍យ៉ាងណា? ពួកគាត់ពិតជាមានចិត្តដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមែន ហើយពួកគាត់ប្រាកដជាគិតថា ‹ពិតជាគួរឲ្យរីករាយណាស់ដែលយើងដើរជាមួយនឹងព្រះពិត ហើយត្រៀមខ្លួនជានិច្ចនោះ!›។ (លោ. ៦:៩) ស្រដៀងគ្នាដែរ តើអ្នកអាចស្រមៃឃើញថា ខ្លួនអ្នកនឹងមានចិត្តដឹងគុណយ៉ាងជ្រាលជ្រៅដោយសារអ្នកបានរួចរស់ជីវិតពីសង្គ្រាមហាម៉ាគេដូនឬទេ?
១១ គ្មានអ្វីអាចបញ្ឈប់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតមិនឲ្យបំពេញសេចក្ដីសន្យារបស់លោកបានឡើយ ពោលគឺបំផ្លាញចោលរបៀបរបបនៃពិភពលោករបស់សាថាននេះ។ សូមសួរខ្លួនអ្នកថា‹តើខ្ញុំទុកចិត្តទាំងស្រុងចំពោះសេចក្ដីសន្យារបស់ព្រះ ទោះជាព័ត៌មានល្អិតល្អន់យ៉ាងណាក៏ដោយថានឹងសម្រេចជាមិនខាន ហើយថាអ្វីៗទាំងនោះនឹងសម្រេចតាមពេលកំណត់ឬទេ?›។ បើអ្នកទុកចិត្តមែន សូមត្រៀមខ្លួនជានិច្ចដោយចាំជាប់ក្នុងចិត្តថា«ថ្ងៃរបស់ព្រះយេហូវ៉ា»កៀកណាស់ហើយ។—២ពេ. ៣:១២
ម៉ូសេបានប្រុងប្រយ័ត្នជានិច្ច
១២. តើអ្វីខ្លះអាចបំបែរអារម្មណ៍របស់ម៉ូសេ?
១២ សូមឲ្យយើងពិចារណាអំពីគំរូមួយទៀត។ បើគិតអំពីទស្សនៈរបស់មនុស្ស តាមមើលទៅម៉ូសេបានរស់នៅក្នុងស្ថានភាពដ៏ល្អក្រៃលែងសម្រាប់បណ្ដាជនអេស៊ីប។ ក្នុងនាមជាកូនចិញ្ចឹមរបស់កូនស្រីផារ៉ូ គាត់ទំនងជាមានឋានៈខ្ពស់ មានអាហារពិសេសៗ មានសម្លៀកបំពាក់ល្អៗ រស់នៅកន្លែងដ៏ល្អប្រណីតបំផុត ហើយបានទទួលការអប់រំដ៏ខ្ពង់ខ្ពស់។ (សូមអាន សកម្មភាព ៧:២០-២២) ម្យ៉ាងទៀត គាត់ក៏ប្រហែលជាអាចទទួលកេរមត៌កជាច្រើនដែរ។
១៣. តើម៉ូសេបានធ្វើអ្វីដើម្បីជួយគាត់ឲ្យផ្ចង់ស្មារតីលើពាក្យសន្យារបស់ព្រះ?
១៣ តាមមើលទៅ ការអប់រំដែលម៉ូសេទទួលពីឪពុកម្ដាយតាំងពីក្មេង បានជួយគាត់ឲ្យយល់ថាការគោរពបូជារូបព្រះរបស់ជនជាតិអេស៊ីបគឺគ្មានប្រយោជន៍ឡើយ។ (និក្ខ. ៣២:៨) ការអប់រំនៅស្រុកអេស៊ីបនិងរបស់ល្អៗក្នុងរាជវាំង មិនបានធ្វើឲ្យម៉ូសេបោះបង់ចោលការគោរពប្រណិប័តន៍ពិតទេ។ គាត់ពិតជាបានរំពឹងគិតយ៉ាងជ្រាលជ្រៅអំពីពាក្យសន្យារបស់ព្រះចំពោះបុព្វបុរសរបស់គាត់ ហើយគាត់មានសេចក្ដីប៉ងប្រាថ្នាយ៉ាងខ្លាំងដើម្បីត្រៀមខ្លួនជានិច្ចក្នុងការធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ យ៉ាងណាមិញ ម៉ូសេបានប្រាប់ពួកកូនចៅអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ា . . . ជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប ទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា»។—សូមអាន និក្ខមនំ ៣:១៥-១៧
១៤. តើជំនឿនិងចិត្តក្លាហានរបស់ម៉ូសេបានត្រូវល្បងលយ៉ាងដូចម្ដេច?
១៤ ចំពោះម៉ូសេ ព្រះយេហូវ៉ាជាព្រះពិតដែលមានជីវិត មិនដូចរូបព្រះទាំងអស់ដែលគ្មានជីវិតរបស់ជនជាតិអេស៊ីបនោះទេ។ របៀបដែលគាត់ប្រើជីវិតរបស់គាត់ នោះប្រៀបដូចជាគាត់អាច‹មើលឃើញព្រះដែលមនុស្សមើលពុំឃើញ›។ ម៉ូសេបានជឿថារាស្ត្ររបស់ព្រះនឹងត្រូវរំដោះឲ្យរួច ប៉ុន្តែគាត់មិនដឹងអំពីពេលវេលាដែលការនោះនឹងកើតឡើងទេ។ (ហេ. ១១:២៤, ២៥, ២៧) គាត់មានសេចក្ដីប៉ងប្រាថ្នាយ៉ាងខ្លាំងក្នុងការជួយជនជាតិហេប្រឺឲ្យមានសេរីភាព ហើយនេះបានសឲ្យឃើញយ៉ាងច្បាស់ពេលគាត់ជួយការពារខ្ញុំបម្រើជនជាតិអ៊ីស្រាអែលម្នាក់ដែលគេកំពុងធ្វើបាប។ (និក្ខ. ២:១១, ១២) ទោះជាយ៉ាងនោះក្ដី នៅពេលនោះមិនទាន់ដល់ពេលកំណត់របស់ព្រះយេហូវ៉ាទេ ដូច្នេះម៉ូសេត្រូវរស់នៅជាជនភៀសខ្លួននៅកន្លែងយ៉ាងឆ្ងាយ។ នេះពិតជាពិបាកមែនចំពោះម៉ូសេដែលធ្លាប់តែរស់នៅយ៉ាងស្រណុកស្រួលក្នុងរាជវាំងអេស៊ីប តែបែរជាត្រូវទៅរស់នៅតំបន់ស្ងាត់ជ្រងំវិញ។ ប៉ុន្តែ ម៉ូសេបានត្រៀមខ្លួនជានិច្ចដើម្បីទទួលការណែនាំពីព្រះយេហូវ៉ា។ ហេតុនេះ ក្រោយពីគាត់រស់នៅស្រុកម៉ាឌានអស់រយ:ពេល៤០ឆ្នាំ ព្រះបានប្រើគាត់ឲ្យរំដោះបងប្អូនរបស់គាត់។ ម៉ូសេបានស្ដាប់តាមការណែនាំរបស់ព្រះដែលឲ្យគាត់ត្រឡប់ទៅស្រុកអេស៊ីបវិញ។ ពេលនោះជាពេលដែលគាត់ត្រូវបំពេញភារកិច្ចដែលព្រះប្រគល់ឲ្យ ហើយក៏ជាពេលដែលគាត់ត្រូវធ្វើកិច្ចការរបស់លោកតាមវិធីរបស់លោកដែរ។ (និក្ខ. ៣:២, ៧, ៨, ១០) ពេលមកដល់ស្រុកអេស៊ីប គាត់ត្រូវមានជំនឿនិងចិត្តក្លាហានដើម្បីបង្ហាញខ្លួននៅមុខស្តេចផារ៉ូ សូម្បីតែម៉ូសេជាមនុស្សដែល«សុភាពណាស់លើសអស់ទាំងមនុស្ស»ក៏ដោយ។ (ជន. ១២:៣) គាត់បានធ្វើដូច្នេះមិនគ្រាន់តែម្ដងទេ ប៉ុន្តែគាត់បានបង្ហាញខ្លួនម្ដងហើយម្ដងទៀតពេលដែលមានសេចក្ដីវេទនាកើតឡើង ហើយពីសេចក្ដីវេទនាមួយទៅសេចក្ដីវេទនាមួយ គាត់ក៏មិនដឹងថាគាត់ត្រូវទៅជួបនឹងផារ៉ូប៉ុន្មានដងទៀតនោះដែរ។
១៥. ទោះជាម៉ូសេបានខកចិត្តក៏ដោយ តើអ្វីបានជំរុញគាត់ឲ្យនៅតែស្វែងរកឱកាសដើម្បីផ្ដល់កិត្ដិយសដល់បិតារបស់គាត់នៅស្ថានសួគ៌?
១៥ ក្នុងរយៈពេល៤០ឆ្នាំក្រោយមក គឺចាប់ពីឆ្នាំ១៥១៣ មុនគ.ស. ដល់ឆ្នាំ១៤៧៣ មុនគ.ស. ម៉ូសេបានទទួលការខកចិត្តជាច្រើន។ ប៉ុន្តែ គាត់បានស្វែងរកឱកាសដើម្បីផ្ដល់កិត្ដិយសដល់ព្រះយេហូវ៉ា ហើយលើកទឹកចិត្តបណ្ដាជនអ៊ីស្រាអែលយ៉ាងអស់ពីចិត្តឲ្យធ្វើដូច្នេះដែរ។ (ចោ. ៣១:១-៨) ហេតុអ្វី? ដោយសារគាត់ស្រឡាញ់នាមរបស់ព្រះយេហូវ៉ា និងការគ្រប់គ្រងរបស់លោកច្រើនជាងកេរ្ដិ៍ឈ្មោះរបស់ខ្លួន។ (និក្ខ. ៣២:១០-១៣; ជន. ១៤:១១-១៦) ដូច្នេះ ទោះជាមានការខកចិត្តឬមានអ្វីដែលបង្អាក់យើងក្ដី នោះយើងត្រូវបន្តគាំទ្រការគ្រប់គ្រងរបស់ព្រះដោយមានទំនុកចិត្តថារបៀបដែលលោកប្រព្រឹត្តគឺមានប្រាជ្ញាច្រើនជាង មានសេចក្ដីសុចរិតច្រើនជាង និងប្រសើរជាងគេទាំងអស់។ (អេ. ៥៥:៨-១១; យេ. ១០:២៣) តើអ្នកមានអារម្មណ៍ដូចនេះឬទេ?
ចូរប្រុងប្រយ័ត្នជានិច្ច!
១៦, ១៧. ហេតុអ្វីម៉ាកុស ១៣:៣៥-៣៧ មានអត្ថន័យជ្រាលជ្រៅចំពោះអ្នក?
១៦ «ចូរឃ្លាំមើលជានិច្ច ចូរប្រុងប្រយ័ត្ន ព្រោះអ្នករាល់គ្នាមិនដឹងថាពេលណាជាពេលកំណត់ឡើយ»។ (ម៉ាក. ១៣:៣៣) លោកយេស៊ូបានផ្ដល់ការព្រមាននេះពេលដែលលោកពន្យល់អំពីសញ្ញាសម្គាល់នៃទីបញ្ចប់របស់របៀបរបបដ៏អាក្រក់នេះ។ សូមពិចារណាអំពីពាក្យបញ្ចប់នៃទំនាយដ៏អស្ចារ្យរបស់លោកយេស៊ូដែលបានកត់ទុកនៅម៉ាកុស ដែលថា៖ «ចូរចាំយាម ពីព្រោះអ្នករាល់គ្នាមិនដឹងថាម្ចាស់ផ្ទះនឹងមកវិញពេលណាឡើយ មិនដឹងថាពេលព្រលប់ ឬពេលអធ្រាត្រ ឬពេលមាន់រងាវ ឬពេលព្រលឹមទេ។ យ៉ាងនេះ ពេលដែលម្ចាស់ផ្ទះមកដល់ភ្លាម គាត់មិនឃើញថា អ្នករាល់គ្នាកំពុងដេកលក់ទេ។ ប៉ុន្តែអ្វីដែលខ្ញុំប្រាប់អ្នក ខ្ញុំក៏ប្រាប់គ្រប់គ្នាដែរថា ចូរចាំយាម»។—ម៉ាក. ១៣:៣៥-៣៧
១៧ ការដាស់តឿនរបស់លោកយេស៊ូគឺគួរឲ្យចាប់អារម្មណ៍មែន។ លោកបានបញ្ជាក់អំពីពេលចាំយាមបួនវេនខុសៗគ្នាក្នុងវេលាយប់។ វេនយាមចុងក្រោយអាចជាពេលដែលពិបាកឲ្យនៅភ្ញាក់ដឹងខ្លួនជានិច្ច ពីព្រោះវេននោះចាប់ផ្ដើមពីម៉ោងបីទៀបភ្លឺរហូតដល់ថ្ងៃរះ។ អ្នកជំនាញខាងយុទ្ធសាស្ត្រធ្វើសឹកសង្គ្រាមបញ្ជាក់ថា នេះជាពេលវេលាដែលល្អបំផុតដើម្បីវាយប្រហារសត្រូវ ដោយសារពួកគេកំពុង«ដេកលក់»។ ដូចគ្នាដែរ ពេលមនុស្សក្នុងពិភពលោកកំពុងដេកលក់យ៉ាងស៊ប់ក្នុងន័យធៀប នេះជាពេលដែលពិបាកបំផុតឲ្យយើងប្រុងប្រយ័ត្នឬនៅដឹងខ្លួន។ ស្តីអំពីទីបញ្ចប់ដែលបានត្រូវទាយទុក និងអំពីសេចក្ដីសង្គ្រោះរបស់យើង តើយើងមានការសង្ស័យថាយើងត្រូវ«ប្រុងប្រយ័ត្ន»និង«ឃ្លាំមើលជានិច្ច»ឬទេ?
១៨. ក្នុងនាមជាសាក្សីព្រះយេហូវ៉ា តើយើងមានឯកសិទ្ធិដ៏អស្ចារ្យអ្វី?
១៨ អ្នកដែលបង្ហាត់សត្វខ្លាដែលបានរៀបរាប់នៅដើមអត្ថបទនេះ គាត់បានរួចរស់ជីវិតពីការវាយប្រហាររបស់សត្វខ្លានោះ។ ប៉ុន្តែ ទំនាយក្នុងគម្ពីរបញ្ជាក់យ៉ាងច្បាស់ថាសាសនាមិនពិតនិងរបៀបរបបដ៏អាក្រក់នេះនឹងមិនអាចគេចផុតពីទីបញ្ចប់ដែលជិតមកដល់បានទេ។ (បប. ១៨:៤-៨) សូមឲ្យអ្នកបម្រើព្រះទាំងចាស់ទាំងក្មេងយល់នូវសារៈសំខាន់នៃការខំប្រឹងអស់ពីសមត្ថភាពដើម្បីត្រៀមខ្លួនជានិច្ចសម្រាប់ថ្ងៃរបស់ព្រះយេហូវ៉ា ដូចណូអេនិងក្រុមគ្រួសាររបស់គាត់បានធ្វើដែរ។ យើងរស់នៅក្នុងពិភពលោកដែលបង្ខូចកិត្ដិយសព្រះ។ ក្នុងពិភពលោកនេះ អ្នកបង្រៀនសាសនាមិនពិត អ្នកដែលមិនជឿថាមានព្រះ និងអ្នកដែលជឿទៅលើអ្វីដែលគេអាចមើលឃើញប៉ុណ្ណោះ បានសើចចំអកចំពោះព្រះដែលជាអ្នកបង្កើតដោយប្រើពាក្យសម្ដីរបស់ពួកគេ។ ប៉ុន្តែ យើងមិនគួរឲ្យអ្វីៗទាំងនេះមានឥទ្ធិពលមកលើយើងទេ។ ហេតុនេះ សូមឲ្យយើងរៀនពីគំរូដែលយើងបានពិចារណា ហើយស្វែងរកឱកាសដើម្បីការពារនិងផ្ដល់កិត្ដិយសដល់ព្រះយេហូវ៉ាដែលជា«ព្រះលើអស់ទាំងព្រះ» និងជា«ព្រះដ៏ធំដែលមានព្រះចេស្ដា ហើយក៏គួរស្ញែងខ្លាច»។—ចោ. ១០:១៧
[កំណត់សម្គាល់]
a ស្តីអំពីចំនួន«១២០ឆ្នាំ»ដែលបានរៀបរាប់នៅលោកុប្បត្តិ ៦:៣ សូមមើលក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១០ ទំព័រ៣០ ជាភាសាអង់គ្លេស។
តើអ្នកនៅចាំឬទេ?
• ហេតុអ្វីណូអេត្រូវចាត់ទុកថាសេចក្ដីត្រូវការរបស់ក្រុមគ្រួសារគាត់ក្នុងការមានចំណងមិត្តភាពជាមួយនឹងព្រះជាអ្វីដែលសំខាន់?
• តើសម័យរបស់យើងនិងសម័យណូអេមានលក្ខណៈស្រដៀងគ្នាយ៉ាងណា?
• ទោះជាមានអ្វីដែលធ្វើឲ្យម៉ូសេខកចិត្តក៏ដោយ ហេតុអ្វីគាត់នៅតែផ្ដោតការចាប់អារម្មណ៍ទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា?
• តើទំនាយអ្វីក្នុងគម្ពីរដែលជំរុញអ្នកឲ្យប្រុងប្រយ័ត្នជានិច្ចក្នុងការគោរពប្រណិប័តន៍ព្រះ?
[រូបភាពនៅទំព័រ២០]
ណូអេនិងក្រុមគ្រួសាររបស់គាត់ បានប្រមូលអារម្មណ៍ទៅលើកិច្ចការរបស់ព្រះយេហូវ៉ា
[រូបភាពនៅទំព័រ២១]
សេចក្ដីសន្យារបស់ព្រះដែលគួរឲ្យទុកចិត្ត បានជួយម៉ូសេឲ្យនៅប្រុងប្រយ័ត្នជានិច្ច