ចៀមឯទៀតនិងកិច្ចព្រមព្រៀងថ្មី
«ឯពួកសាសន៍ដទៃ . . . គឺគ្រប់អស់អ្នកណាដែលរក្សាថ្ងៃឈប់សំរាកឥតបង្អាប់ឡើយ ហើយកាន់ខ្ជាប់តាម[កិច្ចព្រមព្រៀង]របស់អញ នោះអញនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់អញ»។—អេសាយ ៥៦:៦, ៧
១. (ក) យោងទៅតាមចក្ខុនិមិត្តរបស់យ៉ូហាន តើអ្វីដែលបានសម្រេចកាលដែលខ្យល់នៃការជំនុំជំរះរបស់ព្រះយេហូវ៉ាកំពុងទប់នោះ? (ខ) តើបណ្ដាជនដ៏អស្ចារ្យណាដែលយ៉ូហានបានឃើញ?
ក្នុងចក្ខុនិមិត្តទីបួននៅសៀវភៅវិវរណៈ សាវ័កយ៉ូហានបានឃើញខ្យល់ដ៏ហិនហោចនៃការជំនុំជំរះរបស់ព្រះយេហូវ៉ា បានត្រូវទប់ កាលដែលការបោះត្រានៃសមាជិកទាំងអស់នៃ«អ៊ីស្រាអែលរបស់ព្រះ» បានធ្វើចប់សិន។ ពួកទាំងនេះជាពួកដំបូងដែលបានទទួលពរដោយសារព្រះយេស៊ូ ជាផ្នែកដ៏សំខាន់នៃពូជរបស់អ័ប្រាហាំ។ (កាឡាទី ៦:១៦; លោកុប្បត្តិ ២២:១៨; វិវរណៈ ៧:១-៤) ក្នុងចក្ខុនិមិត្តដដែលនេះ យ៉ូហានបានឃើញ«មនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា . . . គេបន្លឺសំឡេងថា៖ ‹សេចក្ដីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង› »។ (វិវរណៈ ៧:៩, ១០) ដោយនិយាយថា«សេចក្ដីសង្គ្រោះស្រេចនូវ . . . កូនចៀម» ពួកហ្វូងធំបង្ហាញថា គេក៏នឹងទទួលពរដោយសារពូជរបស់អ័ប្រាហាំដែរ។
២. តើនៅពេលណាដែលពួកហ្វូងធំបានលេចខ្លួនមក ហើយតើត្រូវបានសម្គាល់យ៉ាងណា?
២ ពួកហ្វូងធំនេះបានត្រូវទទួលស្គាល់តាំងពីឆ្នាំ១៩៣៥ ហើយសព្វថ្ងៃនេះគឺមានចំនួនជាងប្រាំលាននាក់។ ដោយបានបោះត្រាឲ្យរួចរស់ជីវិតពីសេចក្ដីវេទនាជាខ្លាំង សមាជិកទាំងឡាយនឹងបានត្រូវរំលែកសំរាប់ជីវិតអស់កល្បជានិច្ច ពេលដែលព្រះយេស៊ូញែករំលែក«ចៀម» ចេញពី«ពពែ»។ ពួកគ្រីស្ទាននៃហ្វូងធំគឺក្នុងចំណោម«ចៀមឯទៀត» ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូនៃក្រោលចៀម។ គេមានសង្ឃឹមរស់នៅជារហូតនៅលើផែនដីមនោរម្យ។—ម៉ាថាយ ២៥:៣១-៤៦; យ៉ូហាន ១០:១៦; វិវរណៈ ២១:៣, ៤
៣. តើពួកគ្រីស្ទានចាក់ប្រេងតាំងនិងពួកចៀមឯទៀតមានសភាពខុសគ្នាយ៉ាងណា ស្តីអំពីកិច្ចព្រមព្រៀងថ្មី?
៣ ចំពោះពួក១៤៤.០០០នាក់ ពរនៃកិច្ចព្រមព្រៀងអ័ប្រាហាំ គឺនឹងអនុវត្តដោយសារកិច្ចព្រមព្រៀងថ្មី។ ជាអ្នកចូលរួម ក្នុងកិច្ចព្រមព្រៀងនេះ គេ‹នៅក្រោមព្រះគុណដែលគ្មានសិទ្ធិទទួល› ហើយ«នៅក្នុងក្រិត្យវិន័យព្រះគ្រីស្ទ»។ (រ៉ូម ៦:១៥; កូរិនថូសទី១ ៩:២១) ដូច្នេះ មានតែ១៤៤.០០០នាក់នៃអ៊ីស្រាអែលរបស់ព្រះ ដែលទទួលទានវត្ថុតំណាងយ៉ាងត្រឹមត្រូវ ក្នុងពិធីបុណ្យរំឭកនៃការសោយទិវង្គតរបស់ព្រះយេស៊ូ ហើយព្រះយេស៊ូបានធ្វើកិច្ចព្រមព្រៀងសំរាប់ព្រះរាជាណាចក្រជាមួយតែពួកគេប៉ុណ្ណោះ។ (លូកា ២២:១៩, ២០, ២៩) សមាជិកទាំងឡាយនៃពួកហ្វូងធំ គឺមិនមានចំណែកក្នុងកិច្ចព្រមព្រៀងថ្មីទេ។ ប៉ុន្តែ គេចូលរួមជាមួយអ៊ីស្រាអែលរបស់ព្រះ ហើយរស់នៅជាមួយគេក្នុង«ស្រុក»របស់គេ។ (អេសាយ ៦៦:៨) ដូច្នេះ គឺសមហេតុផល ដោយនិយាយថាគេក៏នៅក្រោមព្រះគុណដែលគ្មានសិទ្ធិទទួលរបស់ព្រះយេហូវ៉ា ហើយនៅក្រោមក្រិត្យវិន័យព្រះគ្រីស្ទ។ ទោះជាឥតចូលរួមក្នុងកិច្ចព្រមព្រៀងថ្មីក៏ដោយ គេក៏ទទួលប្រយោជន៍ពីនេះដែរ។
«ពួកសាសន៍ដទៃ» និង «អ៊ីស្រាអែលរបស់ព្រះ»
៤, ៥. (ក) យោងទៅតាមអេសាយ តើក្រុមណាមួយនឹងបំរើព្រះយេហូវ៉ា? (ខ) តើអេសាយ ៥៦:៦, ៧ បានសម្រេចយ៉ាងណាចំពោះពួកហ្វូងធំ?
៤ ព្យាការីអេសាយបានសរសេរថា៖ «ឯពួកសាសន៍ដទៃ ដែលភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាដើម្បីធ្វើការងារទ្រង់ ហើយនឹងស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ា ព្រមទាំងធ្វើជាអ្នកបំរើទ្រង់ គឺគ្រប់អស់អ្នកណាដែលរក្សាថ្ងៃឈប់សំរាកឥតបង្អាប់ឡើយ ហើយកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញ នោះអញនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់អញ ដែលសំរាប់ជាទីអធិស្ឋាន អញនឹងទទួលអស់ទាំងដង្វាយដុត នឹងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់អញនឹងបានហៅជាទីអធិស្ឋានសំរាប់គ្រប់ទាំងសាសន៍»។ (អេសាយ ៥៦:៦, ៧) ក្នុងអ៊ីស្រាអែល នេះមានន័យថា «ពួកសាសន៍ដទៃ» ដែលមិនមែនជាតិអ៊ីស្រាអែល នឹងថ្វាយបង្គំព្រះយេហូវ៉ា—ស្រឡាញ់ព្រះនាមរបស់ទ្រង់ ស្ដាប់បង្គាប់តាមកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ រក្សាថ្ងៃឈប់សំរាក ហើយថ្វាយយញ្ញបូជានៅឯព្រះវិហារ ‹ដំណាក់ជាទីសំរាប់អធិស្ឋាន›របស់ព្រះ។—ម៉ាថាយ ២១:១៣
៥ ក្នុងសម័យយើង «ពួកសាសន៍ដទៃ ដែលភ្ជាប់ខ្លួននឹងព្រះយេហូវ៉ា» គឺជាពួកហ្វូងធំ។ ពួកទាំងនេះបំរើព្រះយេហូវ៉ា ដោយចូលរួមជាមួយអ៊ីស្រាអែលនៃព្រះ។ (សាការី ៨:២៣) ពួកគេថ្វាយយញ្ញបូជាដ៏ត្រឹមត្រូវដូចអ៊ីស្រាអែលនៃព្រះដែរ។ (ហេព្រើរ ១៣:១៥, ១៦) គេថ្វាយបង្គំក្នុងព្រះវិហារខាងវិញ្ញាណរបស់ព្រះ គឺ‹ដំណាក់ជាទីសំរាប់អធិស្ឋាន›របស់ទ្រង់។ (ប្រៀបធៀប វិវរណៈ ៧:១៥) តើគេនៅកាន់តាមថ្ងៃឈប់សំរាកប្រចាំសប្ដាហ៍ទេ? ពួកចាក់ប្រេងតាំងនិងពួកចៀមឯទៀត មិនបានត្រូវបង្គាប់ឲ្យធ្វើទេ។ (កូល៉ុស ២:១៦, ១៧) ប៉ុន្តែ ប៉ុលមានប្រសាសន៍ដល់ពួកគ្រីស្ទានចាក់ប្រេងតាំងហេព្រើរថា៖ «មានសេចក្ដីឈប់សំរាក ទុកសំរាប់រាស្ត្ររបស់ព្រះនៅខាងមុខ ដ្បិតអ្នកណាដែលចូលទៅក្នុងសេចក្ដីសំរាករបស់ទ្រង់ហើយ នោះក៏បានឈប់សំរាក ពីការខ្លួនប្រព្រឹត្តទាំងប៉ុន្មាន ដូចជាព្រះបានឈប់ ពីការដែលទ្រង់ធ្វើដែរ»។ (ហេព្រើរ ៤:៩, ១០) ពួកហេព្រើរទាំងនោះបានចូលក្នុង«សេចក្ដីឈប់សំរាក» ពេលដែលគេចុះចូលតាម«សេចក្ដីសុចរិតនៃព្រះ» ហើយសំរាកពីការខំដោះសាពីកិច្ចការនៃក្រិត្យវិន័យ។ (រ៉ូម ១០:៣, ៤) ពួកគ្រីស្ទានចាក់ប្រេងតាំងនៃសាសន៍ដទៃ មានការសំរាកដូចគ្នា ដោយចុះចូលតាមសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ា។ ពួកហ្វូងធំក៏ធ្វើតាមគេក្នុងការឈប់សំរាកនោះដែរ។
៦. តើតាមរបៀបណាដែលចៀមឯទៀតសព្វថ្ងៃនេះ ទុកខ្លួនគេនៅក្រោមកិច្ចព្រមព្រៀងថ្មី?
៦ ម្យ៉ាងវិញទៀត ពួកចៀមឯទៀតទុកខ្លួនគេនៅក្រោមកិច្ចព្រមព្រៀងថ្មី ដូចពួកសាសន៍ដទៃពីដើមបានធ្វើចំពោះកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ។ តើតាមរបៀបណា? គឺមិនមែនក្លាយទៅជាអ្នកចូលរួមក្នុងនោះទេ តែដោយចុះចូលតាមក្រិត្យវិន័យដែលទាក់ទងនឹងរឿងនេះ ហើយទទួលប្រយោជន៍ពីការរៀបចំ។ (ប្រៀបធៀប យេរេមា ៣១:៣៣, ៣៤) ដូចពួកគ្រីស្ទានចាក់ប្រេងតាំង ពួកចៀមឯទៀតមានក្រិត្យវិន័យរបស់ព្រះយេហូវ៉ាសរសេរ‹នៅក្នុងចិត្តរបស់គេ›។ ពួកគេស្រឡាញ់និងធ្វើតាមសេចក្ដីបង្គាប់និងគោលការណ៍របស់ព្រះយេហូវ៉ា។ (ទំនុកដំកើង ៣៧:៣១; ១១៩:៩៧) ដូចពួកគ្រីស្ទានចាក់ប្រេងតាំង នោះគេក៏ស្គាល់ព្រះយេហូវ៉ាដែរ។ (យ៉ូហាន ១៧:៣) ចុះយ៉ាងណាវិញចំពោះការកាត់ស្បែក? ប្រមាណ១.៥០០ឆ្នាំមុនធ្វើកិច្ចព្រមព្រៀងថ្មី ម៉ូសេបានដាស់តឿនពួកអ៊ីស្រាអែលថា៖ «ចូរឯងរាល់គ្នាកាត់ស្បែកចិត្តចេញ»។ (ចោទិយកថា ១០:១៦; យេរេមា ៤:៤) ថ្វីបើការកាត់ស្បែកខាងសាច់ឈាមបានកន្លងផុតទៅជាមួយនឹងក្រិត្យវិន័យ ក៏ពួកចាក់ប្រេងតាំងនិងពួកចៀមឯទៀត ត្រូវតែ«កាត់ស្បែក»ចិត្តរបស់គេ។ (កូល៉ុស ២:១១) នៅទីបំផុត ព្រះយេហូវ៉ាអត់ទោសដល់កំហុសនៃពួកចៀមឯទៀត លើមូលដ្ឋាននៃ‹ឈាមនៃកិច្ចព្រមព្រៀងថ្មី› របស់ព្រះយេស៊ូ។ (ម៉ាថាយ ២៦:២៨; យ៉ូហានទី១ ១:៩; ២:២) ព្រះមិនយកពួកចៀមឯទៀតមកចិញ្ចឹមជាបុត្រខាងវិញ្ញាណ ដូចពួក១៤៤.០០០នាក់ទេ។ ប៉ុន្តែ ទ្រង់រាប់ទុកពួកចៀមឯទៀតជាសុចរិត ក្នុងន័យថាអ័ប្រាហាំបានរាប់ជាសុចរិត ជាមិត្តសំឡាញ់របស់ព្រះ។—ម៉ាថាយ ២៥:៤៦; រ៉ូម ៤:២, ៣; យ៉ាកុប ២:២៣
៧. តើអនាគតអ្វីដែលបើកឲ្យសំរាប់ពួកចៀមឯទៀតសព្វថ្ងៃនេះ ដែលបានរាប់ជាសុចរិតដូចអ័ប្រាហាំ?
៧ ចំពោះពួក១៤៤.០០០នាក់ ដែលបានរាប់ជាសុចរិត គឺបើកផ្លូវឲ្យគេមានសង្ឃឹមសោយរាជ្យជាមួយព្រះយេស៊ូ ក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌។ (រ៉ូម ៨:១៦, ១៧; កាឡាទី ២:១៦) ចំពោះពួកចៀមឯទៀត ការរាប់ជាសុចរិតជាមិត្តសំឡាញ់របស់ព្រះ អនុញ្ញាតឲ្យគេមានសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ចក្នុងផែនដីមនោរម្យ—មិនថារួចរស់ជីវិតពីអើម៉ាគេដូនជាផ្នែកនៃពួកហ្វូងធំ ឬតាមរយៈ‹ដំណើររស់ឡើងវិញនៃពួកសុចរិត›។ (កិច្ចការ ២៤:១៥) ជាឯកសិទ្ធដ៏ល្អមែនដោយមានសេចក្ដីសង្ឃឹមបែបនេះ ហើយធ្វើជាមិត្តសំឡាញ់នៃព្រះមហាក្សត្រនៃសកលលោក ជាអ្នកដែល«នៅក្នុងរោងឧបោសថរបស់ទ្រង់»! (ទំនុកដំកើង ១៥:១, ២) ត្រូវហើយ ពួកចាក់ប្រេងតាំងនិងពួកចៀមឯទៀតគឺទទួលពរតាមរយៈដ៏អស្ចារ្យ ដោយសារព្រះយេស៊ូជាពូជរបស់អ័ប្រាហាំ។
ថ្ងៃបុណ្យធួនបាបដ៏ឧត្តមជាង
៨. តើថ្ងៃបុណ្យធួនបាបក្រោមក្រិត្យវិន័យតំណាងអ្វី?
៨ នៅពេលពិគ្រោះកិច្ចព្រមព្រៀងថ្មី ប៉ុលបានរំឭកពួកអ្នកអានអំពីថ្ងៃបុណ្យធួនបាបនៅក្រោមកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ។ នៅថ្ងៃនោះ គឺមានយញ្ញបូជាផ្សេងគ្នាដែលថ្វាយ—មួយគឺសំរាប់ពួកកុលសម្ព័ន្ធខាងសង្ឃលេវី ហើយមួយទៀតសំរាប់កុលសម្ព័ន្ធទាំង១២ដែលមិនមែនខាងសង្ឃ។ នេះបានពន្យល់ជាយូរយារមកហើយ ដែលតំណាងយញ្ញបូជាដ៏ឧត្តមរបស់ព្រះយេស៊ូ ដែលនឹងមានប្រយោជន៍ដល់ពួក១៤៤.០០០នាក់ ដែលមានសេចក្ដីសង្ឃឹមខាងស្ថានសួគ៌ ហើយពួករាប់លាននាក់ទៀតដែលមានសេចក្ដីសង្ឃឹមលើផែនដី។a ប៉ុលបានបង្ហាញថាក្នុងការសម្រេចនោះ ផលប្រយោជន៍នៃយញ្ញបូជារបស់ព្រះយេស៊ូ នឹងអនុវត្តតាមរយៈថ្ងៃបុណ្យធួនបាបដ៏ឧត្តមជាង ក្រោមកិច្ចព្រមព្រៀងថ្មី។ ជាសម្ដេចសង្ឃនៃថ្ងៃដ៏ឧត្តមជាងនេះ ព្រះយេស៊ូបានប្រទានព្រះជន្មដ៏គ្រប់ល័ក្ខណ៍របស់ទ្រង់ ជាយញ្ញបូជាធួនបាប ដើម្បីឲ្យបានទទួល«សេចក្ដីប្រោសលោះ នៅអស់កល្បជានិច្ច»សំរាប់មនុស្សលោក។—ហេព្រើរ ៩:១១-២៤
៩. ដោយនៅក្នុងកិច្ចព្រមព្រៀងថ្មី តើពួកគ្រីស្ទានចាក់ប្រេងតាំងសាសន៍ហេព្រើរអាចមានអ្វី?
៩ ពួកគ្រីស្ទានហេព្រើរជាច្រើននៃសតវត្សទីមួយ គឺ«មានសេចក្ដីឧស្សាហ៍ខ្មីឃ្មាតកាន់តាមក្រិត្យវិន័យ[ម៉ូសេ]»នៅឡើយ។ (កិច្ចការ ២១:២០) ដូច្នេះ យ៉ាងសមត្រឹមត្រូវ ប៉ុលបានរំឭកគេថា៖ «[ព្រះយេស៊ូ]ជាអ្នកកណ្ដាលនៃ[កិច្ចព្រមព្រៀងថ្មី ដើម្បីឲ្យពួកអ្នកដែលទ្រង់ហៅ បានទទួលសេចក្ដីសន្យា ទុកជាមរដកដ៏នៅអស់កល្បជានិច្ច ដោយទ្រង់សុគត ប្រយោជន៍នឹងប្រោសលោះគេ ឲ្យរួចពីការរំលង ដែលគេប្រព្រឹត្តពីកាលនៅក្រោម[កិច្ចព្រមព្រៀង]ចាស់នៅឡើយ»។ (ហេព្រើរ ៩:១៥) កិច្ចព្រមព្រៀងថ្មីបានដោះលែងពួកគ្រីស្ទានហេព្រើរចេញពីកិច្ចព្រមព្រៀងចាស់ ដែលលាតត្រដាងអំពើបាបរបស់គេ។ ដោយសារតែកិច្ចព្រមព្រៀងថ្មី គេអាចចូលរួម«សេចក្ដីសន្យា ទុកជាមរដក[ខាងស្ថានសួគ៌]ដ៏នៅអស់កល្បជានិច្ច»។
១០. តើពួកចាក់ប្រេងតាំងនិងពួកចៀមឯទៀតមានអំណរគុណដល់ព្រះសំរាប់អ្វី?
១០ «អ្នកណា»ដែល«ជឿដល់ព្រះរាជបុត្រានោះ» នឹងទទួលផលប្រយោជន៍ពីយញ្ញបូជាលោះ។ (យ៉ូហាន ៣:១៦, ៣៦) ប៉ុលមានប្រសាសន៍ថា៖ «ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដង ហើយដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្ដងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់»។ (ហេព្រើរ ៩:២៨) សព្វថ្ងៃនេះ អស់អ្នកដែលខំរកព្រះយេស៊ូ រួមបញ្ចូលពួកគ្រីស្ទានចាក់ប្រេងតាំងនៃអ៊ីស្រាអែលរបស់ព្រះ និងពួករាប់លាននាក់នៃពួកហ្វូងធំ ដែលមានមសេចក្ដីសង្ឃឹមដ៏អស់កល្បជានិច្ចដែរ។ ក្រុមទាំងពីរនេះមានអំណរគុណដល់ព្រះចំពោះកិច្ចព្រមព្រៀងថ្មី ហើយពរដែលផ្ដល់ជីវិតដែលទាក់ទងនឹងរឿងនេះ រួមបញ្ចូលនឹងថ្ងៃបុណ្យធួនបាបដ៏ឧត្តម និងកិច្ចបំរើនៃសម្ដេចសង្ឃ ព្រះយេស៊ូ ក្នុងទីបរិសុទ្ធបំផុតនៅស្ថានសួគ៌។
ជាប់រវល់ក្នុងកិច្ចបំរើបរិសុទ្ធ
១១. ដោយមានមនសិការជ្រះថ្លាតាមរយៈយញ្ញបូជារបស់ព្រះយេស៊ូ តើពួកចាក់ប្រេងតាំងនិងពួកចៀមឯទៀត ធ្វើអ្វីដោយសប្បាយរីករាយ?
១១ ក្នុងសំបុត្ររបស់គាត់ទៅពួកហេព្រើរ ប៉ុលបានបញ្ជាក់តម្លៃដ៏ឧត្តមនៃយញ្ញបូជារបស់ព្រះយេស៊ូក្នុងកិច្ចព្រមព្រៀងថ្មី ប្រើប្រៀបធៀបទៅនឹងតង្វាយបាបនៅក្រោមកិច្ចព្រមព្រៀងចាស់។ (ហេព្រើរ ៩:១៣-១៥) យញ្ញបូជាដ៏ប្រសើររបស់ព្រះយេស៊ូ គឺអាច«សំអាតទាំងបញ្ញាចិត្តអ្នករាល់គ្នា ពីអស់ទាំងការស្លាប់ផង ដើម្បីឲ្យបានបំរើព្រះដ៏មានព្រះជន្មរស់»។ ចំពោះគ្រីស្ទានហេព្រើរ «ការស្លាប់»រួមបញ្ចូល«ការរំលង ដែលគេបានប្រព្រឹត្តពីកាលនៅក្រោមសញ្ញាចាស់នៅឡើយ»។ ចំពោះពួកគ្រីស្ទានសព្វថ្ងៃនេះ គឺរួមបញ្ចូលបាបដែលបានប្រព្រឹត្តនៅអតីតកាល ដែលបានប្រែចិត្តដ៏ស្មោះ ហើយដែលព្រះបានអត់ទោសឲ្យ។ (កូរិនថូសទី១ ៦:៩-១១) ដោយមានមនសិការជ្រះថ្លា ពួកគ្រីស្ទានចាក់ប្រេងតាំង«បំរើព្រះដ៏មានព្រះជន្មរស់»។ ហើយពួកហ្វូងធំក៏ធ្វើដូច្នេះដែរ។ ដោយបានសំអាតមនសិការរបស់គេ តាមរយៈ«ឈាមរបស់កូនចៀម» នោះពួកគេនៅក្នុងព្រះវិហារខាងវិញ្ញាណដ៏ឧត្តមរបស់ព្រះ«បំរើទ្រង់ ... ទាំងយប់ទាំងថ្ងៃ»។—វិវរណៈ ៧:១៤, ១៥
១២. តើយើងអាចបង្ហាញថាយើងមាន‹ជំនឿដ៏ទុកចិត្តទាំងស្រុង›យ៉ាងដូចម្ដេច?
១២ ម្យ៉ាងវិញទៀត ប៉ុលបាននិយាយថា៖ «នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់ នឹងចិត្តដឹងពិតប្រាកដ ហើយសេចក្ដីជំនឿ ព្រមទាំងមានចិត្តប្រោះញែកជាស្អាត រួចពីបញ្ញាចិត្តដែលសៅហ្មងផង ហើយបានលាងរូបកាយនឹងទឹកដ៏ស្អាតដែរ»។ (ហេព្រើរ ១០:២២) តើយើងអាចបង្ហាញថាយើងមាន‹ជំនឿដ៏ទុកចិត្តទាំងស្រុង› យ៉ាងដូចម្ដេច? ប៉ុលបានដាស់តឿនពួកគ្រីស្ទានហេព្រើរថា៖ «ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីបន្ទាល់របស់សេចក្ដីសង្ឃឹម[ខាងស្ថានសួគ៌]នោះ ឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់ ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ»។ (ហេព្រើរ ១០:២៣-២៥) ប្រសិនបើជំនឿរបស់យើងនៅរស់ នោះយើងក៏មិន‹បោះបង់ចោលការមកជួបជុំរបស់យើងដែរ›។ យើងនឹងមានចិត្តរីករាយដើម្បីកំឡាចិត្តបងប្អូនរបស់យើង ហើយឲ្យគេកំឡាចិត្តយើងដែរ ដើម្បីបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ហើយឲ្យបានពង្រឹងចំពោះកិច្ចការដ៏សំខាន់នៃការប្រកាសជាសាធារណៈអំពីសេចក្ដីសង្ឃឹមរបស់យើង មិនថាខាងផែនដីឬខាងស្ថានសួគ៌។—យ៉ូហាន ១៣:៣៥
‹កិច្ចព្រមព្រៀងដ៏នៅអស់កល្បជានិច្ច›
១៣, ១៤. ក្នុងរបៀបណាដែលកិច្ចព្រមព្រៀងថ្មីគឺនៅអស់កល្បជានិច្ច?
១៣ តើអ្វីនឹងកើតឡើងពេលដែលសមាជិកចុងក្រោយនៃពួក១៤៤.០០០នាក់ទទួលសេចក្ដីសង្ឃឹមខាងស្ថានសួគ៌របស់គេ? តើកិច្ចព្រមព្រៀងថ្មីលែងមានទាក់ទងទៀតឬ? នៅពេលនោះ នឹងឥតមានសមាជិកអ៊ីស្រាអែលនៃព្រះនៅសល់លើផែនដីទៀតទេ។ ពួកអ្នកមានចំណែកក្នុងកិច្ចព្រមព្រៀង នឹងគង់នៅជាមួយព្រះយេស៊ូ«នៅក្នុងនគរព្រះវរបិតានៃ[ទ្រង់]»។ (ម៉ាថាយ ២៦:២៩) ប៉ុន្តែ យើងចាំពាក្យរបស់ប៉ុលក្នុងសំបុត្ររបស់គាត់ទៅពួកហេព្រើរ៖ ‹ព្រះនៃសេចក្ដីសុខសាន្ត ដែលទ្រង់ប្រោស . . . ឲ្យត្រឡប់ពីពួកស្លាប់មកវិញ គឺជាអ្នកគង្វាលដ៏ធំនៃហ្វូងចៀម . . . ដោយសារព្រះលោហិត នៃ[កិច្ចព្រមព្រៀង]ដ៏នៅអស់កល្បជានិច្ច»។ (ហេព្រើរ ១៣:២០; អេសាយ ៥៥:៣) ក្នុងន័យយ៉ាងណាដែលកិច្ចព្រមព្រៀងថ្មី នឹងនៅអស់កល្បជានិច្ច?
១៤ ទីមួយ កិច្ចព្រមព្រៀងដ៏នៅអស់កល្បជានិច្ច មិនដូចកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ នោះនឹងមិនត្រូវមានអ្វីមកជំនួសឡើយ។ ទីពីរ លទ្ធផលនៃការប្រតិបត្ដិការរបស់វាគឺអចិន្ត្រៃយ៍ នេះគឺមានដូចអំណាចជាស្តេចនៃព្រះយេស៊ូដែរ។ (ប្រៀបធៀប លូកា ១:៣៣ ជាមួយនឹងកូរិនថូសទី១ ១៥:២៧, ២៨) ព្រះរាជាណាចក្រនៅស្ថានសួគ៌គឺមានកន្លែងជាអនន្តក្នុងគោលបំណងរបស់ព្រះយេហូវ៉ា។ (វិវរណៈ ២២:៥) ហើយទីបី ពួកចៀមឯទៀតនឹងបន្តទទួលផលប្រយោជន៍ពីរបៀបរៀបចំនៃកិច្ចព្រមព្រៀងថ្មី។ ក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ មនុស្សលោកដ៏ស្មោះត្រង់នឹងបន្ត«បំរើទ្រង់ [ព្រះយេហូវ៉ា] នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ» ដូចគេកំពុងធ្វើឥឡូវនេះ។ ព្រះយេហូវ៉ានឹងមិនរំឭកគេអំពីអតីតបាបរបស់គេ ដែលបានអត់ទោសឲ្យលើមូលដ្ឋាននៃ‹ឈាមនៃកិច្ចព្រមព្រៀង›របស់ព្រះយេស៊ូ។ ពួកគេនឹងបន្តមានឋានៈសុចរិតជាមិត្តសំឡាញ់របស់ព្រះយេហូវ៉ា ហើយក្រិត្យវិន័យរបស់ទ្រង់នឹងនៅតែសរសេរក្នុងចិត្តរបស់គេ។
១៥. សូមរៀបរាប់ទំនាក់ទំនងរបស់ព្រះយេហូវ៉ាជាមួយនឹងពួកអ្នកថ្វាយបង្គំរបស់ទ្រង់លើផែនដីក្នុងពិភពលោកថ្មី?
១៥ តើព្រះយេហូវ៉ានឹងអាចមានបន្ទូលទៅពួកអ្នកបំរើទាំងនេះនៅពេលនោះថា៖ ‹អញជាព្រះរបស់គេ ហើយគេជារាស្ត្ររបស់អញបានទេ›? មែនហើយ។ «ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ»។ (វិវរណៈ ២១:៣) ពួកគេនឹងក្លាយទៅជា«ទីដំឡើងត្រសាលរបស់ពួកបរិសុទ្ធ» ជាពួកអ្នកនៅលើផែនដីដែលតំណាង«ទីក្រុងស្ងួនភ្ងា» ដែលជាប្រពន្ធថ្មោងថ្មីនៅស្ថានសួគ៌របស់ព្រះយេស៊ូគ្រីស្ទ។ (វិវរណៈ ១៤:១; ២០:៩; ២១:២) រឿងទាំងនេះនឹងអាចកើតឡើងបាន ដោយសារជំនឿរបស់គេលើ‹ឈាមនៃកិច្ចព្រមព្រៀង›របស់ព្រះយេស៊ូ ហើយការចុះចូលរបស់គេដល់ស្តេចនិងសង្ឃនៅស្ថានសួគ៌ ដែលកាលនៅលើផែនដី ជាអ៊ីស្រាអែលនៃព្រះ។—វិវរណៈ ៥:១០
១៦. (ក) តើអ្វីដែលរង់ចាំពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញលើផែនដី? (ខ) តើនឹងមានពរយ៉ាងណានៅទីបញ្ចប់នៃមួយពាន់ឆ្នាំ?
១៦ ចុះយ៉ាងណាវិញ ចំពោះពួកមនុស្សស្លាប់ដែលបានប្រោសឲ្យរស់ឡើងវិញលើផែនដី? (យ៉ូហាន ៥:២៨, ២៩) គេនឹងបានត្រូវអញ្ជើញឲ្យ«បានពរ» ដោយសារព្រះយេស៊ូ ជាពូជរបស់អ័ប្រាហាំ។ (លោកុប្បត្តិ ២២:១៨) គេក៏នឹងស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ា បំរើទ្រង់ ផ្ដល់តង្វាយដ៏ត្រឹមត្រូវ ហើយផ្ដល់កិច្ចបំរើបរិសុទ្ធក្នុងដំណាក់នៃសេចក្ដីអធិស្ឋានរបស់ទ្រង់។ ពួកអ្នកដែលធ្វើបែបនេះ នឹងចូលក្នុងសេចក្ដីសំរាកនៃព្រះ។ (អេសាយ ៥៦:៦, ៧) ទំរាំដល់ទីបញ្ចប់នៃមួយពាន់ឆ្នាំ ពួកស្មោះត្រង់ទាំងអស់នឹងបាននាំឲ្យទៅជាមនុស្សគ្រប់ល័ក្ខណ៍ ដោយសារការចាត់ចែងនៃព្រះយេស៊ូគ្រីស្ទនិងពួកសង្ឃ១៤៤.០០០នាក់របស់ទ្រង់។ ពួកគេនឹងទៅជាសុចរិត មិនគ្រាន់តែរាប់ជាសុចរិត ជាមិត្តសំឡាញ់របស់ព្រះនោះទេ។ ពួកគេនឹង«រស់វិញ» ដោយរួចផុតពីបាបនិងសេចក្ដីស្លាប់ ដែលមានជាមរតកពីអ័ដាម។ (វិវរណៈ ២០:៥; ២២:២) នេះនឹងទៅជាពរដ៏អស្ចារ្យមែន! ពីទស្សនៈរបស់យើងសព្វថ្ងៃនេះ មើលទៅ កិច្ចការខាងសង្ឃនៃព្រះយេស៊ូនិងពួក១៤៤.០០០នាក់ នឹងបានចប់សម្រេចហើយ។ ពរនៃថ្ងៃបុណ្យធួនបាបដ៏ឧត្តមនឹងបានសម្រេចដ៏ពេញលេញ។ ម្យ៉ាងវិញទៀត ព្រះយេស៊ូនឹង‹ប្រគល់ព្រះរាជាណាចក្រដល់ព្រះដ៏ជាព្រះវរបិតារបស់ទ្រង់›។ (កូរិនថូសទី១ ១៥:២៤) ហើយនឹងមានការសាកល្បងចុងក្រោយសំរាប់មនុស្សលោក ហើយរួចមក សាតាំងនិងពួកបិសាចរបស់វានឹងត្រូវកំទេចចោលជានិរន្តរ៍។—វិវរណៈ ២០:៧, ១០
១៧. ដោយគិតអំពីអំណរដែលរង់ចាំយើង តើអ្វីដែលយើងរាល់គ្នាត្រូវតាំងចិត្តនឹងធ្វើ?
១៧ បើសិនជាមាននោះ តើអ្វីជាមុខនាទីនៃ‹កិច្ចព្រមព្រៀងដ៏នៅអស់កល្បជានិច្ច› មាននៅគ្រាដ៏រំភើប ដែលនឹងចាប់ផ្ដើមនៅពេលនោះ? នេះគឺមិនមែនសំរាប់ឲ្យយើងនិយាយស្មាននោះទេ។ អ្វីដែលព្រះយេហូវ៉ាបានសម្ដែងប្រាប់មកនេះ គឺគ្រប់គ្រាន់ហើយចំពោះពេលឥឡូវនេះ។ នេះគឺធ្វើឲ្យយើងពោរពេញទៅការស្ញប់ស្ញែង។ សូមគិតទៅមើល—ជីវិតដ៏នៅអស់កល្បជានិច្ច ជាផ្នែកនៃ«ផ្ទៃមេឃថ្មីនិងផែនដីថ្មី»! (ពេត្រុសទី២ ៣:១៣) សូមកុំឲ្យមានអ្វីមកធ្វើឲ្យខ្សោយដល់សេចក្ដីប្រាថ្នារបស់អ្នក ក្នុងការចង់ទទួលយកសេចក្ដីសន្យានោះ។ ការឈរឲ្យមុតមាំ គឺប្រហែលមិនជាស្រួលទេ។ ប៉ុលមានប្រសាសន៍ថា៖ «ដ្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្ដីអត់ធ្មត់ ដើម្បីឲ្យបានទទួលសេចក្ដីដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ»។ (ហេព្រើរ ១០:៣៦) ប៉ុន្តែ សូមចាំថា បញ្ហានិងឧបសគ្គណាមួយដែលត្រូវឲ្យបានឈ្នះ នោះក្លាយទៅជាឥតសំខាន់ទេ បើប្រៀបធៀបទៅនឹងអំណរដែលរង់ចាំយើង។ (កូរិនថូសទី២ ៤:១៧) ដូច្នេះហើយ សូមកុំឲ្យយើងរាល់គ្នាទៅជា«ពួកអ្នកដែលថយទៅវិញ»។ ប៉ុន្តែ សូមឲ្យយើងផ្ដល់ភស្តុតាងថាយើងជា«ពួកអ្នកដែលមានសេចក្ដីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ»។ (ហេព្រើរ ១០:៣៩) សូមឲ្យយើងរាល់គ្នាមានការទុកចិត្តដ៏ពេញលេញលើព្រះយេហូវ៉ា ជាព្រះនៃកិច្ចព្រមព្រៀង ដែលនឹងប្រទានពរជាអនន្តដល់យើងរាល់គ្នា។
[កំណត់សម្គាល់]
a សូមមើលសៀវភៅ Survival Into a New Earth, ជំពូក ១៣ បានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។
តើអ្នកយល់ទេ?
◻ ក្រៅពីពួកគ្រីស្ទានចាក់ប្រេងតាំង តើអ្នកណាដែលទទួលពរដោយសារពូជរបស់អ័ប្រាហាំ?
◻ ដោយទទួលពរពីកិច្ចព្រមព្រៀងថ្មី តើតាមរបៀបណាដែលពួកចៀមឯទៀត មានសភាពដូចពួកចូលសាសនាយូដានៅក្រោមកិច្ចព្រមព្រៀងចាស់?
◻ តើដោយដូចម្ដេចដែលពួកចៀមឯទៀតទទួលពរ ដោយសារការរៀបចំនៃថ្ងៃបុណ្យធួនបាបដ៏ឧត្តម?
◻ ហេតុអ្វីក៏ប៉ុលហៅកិច្ចព្រមព្រៀងថ្មី ជា‹កិច្ចព្រមព្រៀងថ្មីដ៏នៅអស់កល្បជានិច្ច›?
[ប្រអប់នៅទំព័រ២០]
កិច្ចបំរើបរិសុទ្ធក្នុងព្រះវិហារ
ពួកហ្វូងធំថ្វាយបង្គំជាមួយពួកគ្រីស្ទានចាក់ប្រេងតាំងនៅឯទីធ្លាលើផែនដី នៃព្រះវិហារខាងវិញ្ញាណរបស់ព្រះយេហូវ៉ា។ (វិវរណៈ ៧:១៤, ១៥; ១១:២) គឺគ្មានមូលហេតុក្នុងការសន្មតថាគេនៅឯទីធ្លាផ្សេងនៃពួកសាសន៍ដទៃនោះឡើយ។ ពេលដែលព្រះយេស៊ូគង់នៅលើផែនដី នោះគឺមានទីធ្លានៃពួកសាសន៍ដទៃក្នុងព្រះវិហារ។ ប៉ុន្តែ ក្នុងផែនការរបស់សាឡូម៉ូននិងព្រះវិហារនៃអេសេគាល ដែលបានបណ្ដាលមកពីព្រះ នោះគឺឥតមានសំវិធានការសំរាប់ទីធ្លានៃពួកសាសន៍ដទៃទេ។ ក្នុងព្រះវិហារនៃសាឡូម៉ូន នោះគឺមានទីធ្លាខាងក្រៅ ដែលពួកអ៊ីស្រាអែលនិងពួកចូលសាសនាយូដា ប្រុសនិងស្រី ថ្វាយបង្គំជាមួយគ្នា។ នេះជាគំរូទំនាយនៃទីធ្លាលើផែនដីនៃព្រះវិហារខាងវិញ្ញាណ ដែលយ៉ូហានបានឃើញពួកហ្វូងធំផ្ដល់កិច្ចបំរើបរិសុទ្ធ។
ប៉ុន្តែ មានតែពួកសង្ឃនិងពួកលេវីទេ ដែលអាចចូលទៅក្នុងទីធ្លាខាងក្នុង ជាទីកន្លែងនៃអាសនៈដ៏ឧត្តម មានតែពួកសង្ឃដែលអាចចូលក្នុងកន្លែងបរិសុទ្ធ ហើយមានតែសម្ដេចសង្ឃប៉ុណ្ណោះដែលអាចចូលទីបរិសុទ្ធបំផុត។ ទីធ្លាខាងក្នុងនិងកន្លែងបរិសុទ្ធ បានយល់ថា តំណាងស្ថានភាពដ៏អស្ចារ្យនៃពួកគ្រីស្ទានចាក់ប្រេងតាំងលើផែនដី។ ហើយទីបរិសុទ្ធបំផុត គឺតំណាងស្ថានសួគ៌ ដែលពួកគ្រីស្ទានចាក់ប្រេងតាំងនឹងទទួលជីវិតអមតៈ ជាមួយនឹងសម្ដេចសង្ឃនៅស្ថានសួគ៌របស់គេ។—ហេព្រើរ ១០:១៩, ២០