ជំពូកទីប្រាំបួន
ឥទ្ធិពលនៃសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ
១. បើគ្មានសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញទេ តើមនុស្សស្លាប់នឹងទៅជាយ៉ាងណា?
តើអ្នកធ្លាប់មានបុគ្គលជាទីស្រឡាញ់ស្លាប់ឬទេ? បើគ្មានដំណើររស់ឡើងវិញ នោះយើងគ្មានសេចក្ដីសង្ឃឹមឃើញបុគ្គលជាទីស្រឡាញ់ទាំងនោះម្ដងទៀតឡើយ។ ពួកអ្នកជាទីស្រឡាញ់ដែលស្លាប់ទៅនោះនឹងបន្តនៅក្នុងស្ថានភាពដូចជាព្រះគម្ពីរពិពណ៌នាមកថា៖ «តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ . . . ដ្បិតនៅស្ថានឃុំព្រលឹងមនុស្សស្លាប់[ផ្នូរ] ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានដំរិះ ឬប្រាជ្ញាឡើយ»។—សាស្ដា ៩:៥, ១០
២. ដោយសារដំណើររស់ឡើងវិញនោះ តើមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យអ្វី?
២ ដោយសេចក្ដីមេត្ដាករុណានិងតាមរយៈដំណើររស់ឡើងវិញ ព្រះយេហូវ៉ាបានបើកឱកាសដ៏វិសេសបំផុតសំរាប់មនុស្សជាច្រើនឥតគណនាដែលបានស្លាប់ទៅ ឲ្យរស់ឡើងវិញនិងទទួលជីវិតអស់កល្បជានិច្ច។ នេះបានសេចក្ដីថា អ្នកអាចមានសេចក្ដីសង្ឃឹមយ៉ាងកក់ក្ដៅថា នៅថ្ងៃណាមួយក្នុងពិភពលោកថ្មីរបស់ព្រះ អ្នកនឹងជួបបុគ្គលជាទីស្រឡាញ់របស់អ្នកដែលបានស្លាប់ទៅហើយនោះ។—ម៉ាកុស ៥:៣៥, ៤១, ៤២; កិច្ចការ ៩:៣៦-៤១
៣. (ក) តើតាមរបៀបណាដែលដំណើររស់ឡើងវិញ បានសឲ្យឃើញថាជាការសំខាន់ចំពោះការសម្រេចនូវគោលបំណងរបស់ព្រះយេហូវ៉ា? (ខ) តើនៅពេលណាជាពិសេស ដែលសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញជាប្រភពនៃកម្លាំងដល់យើង?
៣ យើងមិនចាំបាច់ភ័យខ្លាចចំពោះសេចក្ដីស្លាប់ទេ ពីព្រោះយើងមានសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ។ ព្រះយេហូវ៉ាអាចអនុញ្ញាតឲ្យសាតាំងរកគ្រប់វិធីក្នុងការបញ្ជាក់នូវពាក្យចោទបង្កាច់បង្ខូចរបស់វាដែលថា«មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ» តែទ្រង់មិនឲ្យពួកអ្នកបំរើដ៏ស្មោះត្រង់របស់ទ្រង់មានគ្រោះថ្នាក់រហូតនោះឡើយ។ (យ៉ូប ២:៤) ព្រះយេស៊ូមានព្រះទ័យស្មោះត្រង់ចំពោះព្រះរហូតដល់សោយទិវង្គត ដូច្នេះហើយព្រះក៏បានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មនៅស្ថានសួគ៌វិញ។ ដូច្នេះ ព្រះយេស៊ូអាចប្រទាននូវតម្លៃនៃយញ្ញបូជាដ៏គ្រប់ល័ក្ខណ៍របស់ទ្រង់ នៅចំពោះបល្ល័ង្កនៅស្ថានសួគ៌របស់ព្រះវរបិតា ហើយជាលទ្ធផលអាចសង្គ្រោះជីវិតយើងបាន។ តាមរយៈដំណើររស់ឡើងវិញ អស់អ្នកដែលនៅក្នុងចំណោម«ហ្វូងតូច»ជាពួកអ្នកគ្រងមរតកជាមួយនឹងព្រះគ្រីស្ទ ក៏មានសេចក្ដីសង្ឃឹមរួបរួមជាមួយនឹងទ្រង់ក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌ដែរ។ (លូកា ១២:៣២) ចំពោះអ្នកដទៃទៀត ពួកគេក៏មានសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញដែរ គឺរស់នៅជារៀងរហូតលើផែនដីមនោរម្យ។ (ទំនុកដំកើង ៣៧:១១, ២៩) គ្រីស្ទានទាំងអស់គ្នាចាត់ទុកសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ ជាប្រភពនៃកម្លាំង«ដ៏លើសលប់» ពេលពួកគេឆ្លងកាត់សេចក្ដីទុក្ខលំបាក ដែលនាំឲ្យពួកគេប្រឈមមុខនឹងសេចក្ដីស្លាប់នោះ។—កូរិនថូសទី២ ៤:៧
ដំណើររស់ឡើងវិញជាមូលដ្ឋានគ្រឹះចំពោះជំនឿគ្រីស្ទាន
៤. (ក) តើក្នុងន័យយ៉ាងណា ដែលដំណើររស់ឡើងវិញជា«សេចក្ដីបង្រៀនដ៏ចំបង»? (ខ) តើមនុស្សទូទៅគិតយ៉ាងណាអំពីដំណើររស់ឡើងវិញ?
៤ ដូចជាចែងក្នុងហេព្រើរ ៦:១, ២ នោះដំណើររស់ឡើងវិញគឺជា«សេចក្ដីបថមសិក្សា[«សេចក្ដីបង្រៀនដ៏ចំបង», ព.ថ.]»។ ដំណើររស់ឡើងវិញជាផ្នែកមួយនៃមូលដ្ឋានគ្រឹះនៃជំនឿ បើមិនដូច្នេះទេ យើងមិនអាចក្លាយទៅជាគ្រីស្ទានដែលមានគំនិតចាស់ទុំបាននោះដែរ។ (កូរិនថូសទី១ ១៥:១៦-១៩) ប៉ុន្តែ សេចក្ដីបង្រៀនអំពីដំណើររស់ឡើងវិញក្នុងព្រះគម្ពីរ គឺជាអ្វីដ៏ចម្លែកចំពោះមនុស្សទូទៅក្នុងពិភពលោក។ ដោយគ្មានភាពខាងវិញ្ញាណនោះ មនុស្សកាន់តែច្រើនឡើងៗ ចាត់ទុកជីវភាពរស់នៅនាពេលឥឡូវនេះតែប៉ុណ្ណោះ ជាអ្វីដ៏ពិតប្រាកដ។ ដូច្នេះហើយ ពួកគេរស់នៅដើម្បីស្វះស្វែងរកតែការកំសាន្ត។ ប៉ុន្តែ ក៏មានមនុស្សដែលកាន់សាសនាតាមប្រពៃណីទំនៀមទំលាប់ មានពួកអ្នកដែលនៅក្នុងពិភពគ្រីស្ទសាសនា និងអ្នកមិនមែននៅក្នុងពិភពគ្រីស្ទសាសនាផងដែរ ដែលគិតថាពួកគេមានព្រលឹងអមតៈ។ ប៉ុន្តែជំនឿបែបនោះមិនអាចសមស្របនឹងសេចក្ដីបង្រៀនអំពីដំណើររស់ឡើងវិញក្នុងព្រះគម្ពីរឡើយ ពីព្រោះបើមនុស្សមានព្រលឹងអមតៈ នោះគឺមិនចាំបាច់ឲ្យមានដំណើររស់ឡើងវិញទេ។ បើយើងខំបញ្ចូលជំនឿទាំងពីរនេះ នោះនឹងធ្វើឲ្យគំនិតយើងច្របូកច្របល់កាន់តែខ្លាំងឡើង និងមិននាំឲ្យមានសេចក្ដីសង្ឃឹមទេ។ តើតាមរបៀបណាដែលយើងអាចជួយមនុស្សដែលមានចិត្តស្មោះត្រង់និងមនុស្សដែលចង់ស្គាល់សេចក្ដីពិតនោះ?
៥. (ក) មុននឹងបុគ្គលម្នាក់អាចយល់អំពីដំណើររស់ឡើងវិញ តើគាត់ត្រូវតែយល់ដឹងអំពីអ្វីជាមុនសិន? (ខ) តើខគម្ពីរមួយណាដែលអ្នកនឹងប្រើដើម្បីពន្យល់អំពីព្រលឹង និងស្ថានភាពនៃមនុស្សស្លាប់? (គ) តើអ្នកអាចធ្វើយ៉ាងណា បើបុគ្គលម្នាក់ប្រើព្រះគម្ពីរកំណែណាមួយ ដែលហាក់ដូចជាធ្វើឲ្យពិបាកយល់អំពីសេចក្ដីពិតនោះ?
៥ មុននឹងមនុស្សបែបនេះយល់ថា ដំណើររស់ឡើងវិញជាសំវិធានការដ៏អស្ចារ្យនោះ ពួកគេត្រូវតែមានការយល់ដឹងដ៏ត្រឹមត្រូវអំពីព្រលឹង និងស្ថានភាពនៃមនុស្សស្លាប់ជាមុនសិន។ ចំពោះមនុស្សដែលស្រេកឃ្លានសេចក្ដីពិតក្នុងព្រះគម្ពីរ ជាធម្មតាការបង្ហាញខគម្ពីរពីរបីគឺគ្រប់គ្រាន់ហើយ ដើម្បីឲ្យពួកគេយល់យ៉ាងច្បាស់អំពីរឿងនេះ។ (លោកុប្បត្តិ ២:៧; សាស្ដា ៩:៥; អេសេគាល ១៨:៤) ប៉ុន្តែ សេចក្ដីបកប្រែព្រះគម្ពីរសម័យទំនើបនិងកំណែថ្មីខ្លះៗ ធ្វើឲ្យពិបាកយល់នូវសេចក្ដីពិតអំពីព្រលឹងទៅវិញ។ ដូច្នេះ អ្នកប្រហែលជាត្រូវពិនិត្យមើលនូវពាក្យដែលបានប្រើតាមភាសាដើមនៃព្រះគម្ពីរ។
៦. តើអ្នកអាចជួយពន្យល់បុគ្គលម្នាក់យ៉ាងដូចម្ដេចឲ្យយល់ពីអត្ថន័យនៃពាក្យព្រលឹង?
៦ សេចក្ដីបកប្រែព្រះគម្ពីរខ្លះ បកប្រែពាក្យហេព្រើរនីហ្វែស និងពាក្យដដែលនោះជាភាសាក្រិកសែគីជា«ព្រលឹង»ជារៀងរហូត។ សេចក្ដីបកប្រែព្រះគម្ពីរកំណែផ្សេងជាច្រើនទៀត ដូចជាព្រះគម្ពីរភាសាខ្មែរ បកប្រែពាក្យហេព្រើរនីហ្វែស និងពាក្យដដែលនោះជាភាសាក្រិក សែគី ទៅជាពាក្យផ្សេងៗដូចជា «ព្រលឹង» «សត្តនិករ» «មនុស្ស» «បុគ្គល» និង«ជីវិត»។ ការសិក្សាយ៉ាងផ្ចិតផ្ចង់នូវរបៀបដែលពាក្យភាសាហេព្រើរនិងជាភាសាក្រិកដែលត្រូវបកប្រែថា«ព្រលឹង»បានត្រូវប្រើក្នុងព្រះគម្ពីរនឹងជួយពួកសិស្សដែលមានចិត្តស្មោះឲ្យយល់ថា ព្រលឹង អាចសំដៅទៅទាំងមនុស្សទាំងសត្វដែរ។ ប៉ុន្តែ ពាក្យទាំងនេះមិនដែលបង្ហាញថា ព្រលឹងគឺអ្វីដែលមើលមិនឃើញ ហើយជារបស់ដែលគ្មានរូបរាង ដែលអាចចេញពីរូបកាយពេលស្លាប់ទៅ និងបន្តដឹងស្មារតីនៅកន្លែងណាផ្សេងនោះឡើយ។
៧. តើអ្នកអាចពន្យល់យ៉ាងណាពីព្រះគម្ពីរអំពីស្ថានភាពនៃមនុស្សនៅក្នុងហ្សីអូល នៅក្នុងហាដេស និងនៅក្នុងហ្គេហេណា?
៧ សេចក្ដីបកប្រែព្រះគម្ពីរពីរជាភាសាខ្មែរ ពាក្យហេព្រើរថាហ្សីអូល ដែលមានន័យដូចគ្នានឹងពាក្យក្រិកហាដេសនោះត្រូវបកប្រែខុសពីគ្នា ដូចជា«ស្ថានឃុំព្រលឹងមនុស្សស្លាប់» ឬក៏«ស្ថានមនុស្សស្លាប់»។ ពាក្យភាសាក្រិកថាហ្គេហេណាបានត្រូវបកប្រែជាស្ថាននរក នរក និងភ្លើងនរក។ នៅក្នុងភាសាដើមនៃព្រះគម្ពីរគឺបញ្ជាក់ថា ទាំងពាក្យហ្សីអូលនិងពាក្យហាដេស សំដៅទៅផ្នូរមនុស្សប៉ុណ្ណោះ ថែមទាំងទាក់ទងនឹងសេចក្ដីស្លាប់ មិនមែនជីវិតនោះទេ។ (ទំនុកដំកើង ៨៩:៤៨; វិវរណៈ ២០:១៣) បទគម្ពីរក៏ចង្អុលប្រាប់នូវសេចក្ដីសង្ឃឹមអំពីការចេញពីផ្នូរ តាមរយៈដំណើររស់ឡើងវិញផងដែរ។ (យ៉ូប ១៤:១៣; កិច្ចការ ២:៣១) ផ្ទុយទៅវិញ គឺគ្មានសេចក្ដីសង្ឃឹមចំពោះជីវិតនៅពេលខាងមុខ ចំពោះអស់អ្នកដែលទៅហ្គេហេណាទេ ហើយក៏មិនដែលប្រាប់ថាព្រលឹងមានស្មារតីនៅទីនោះដែរ។—ម៉ាថាយ ១០:២៨
៨. តើការយល់យ៉ាងច្បាស់អំពីដំណើររស់ឡើងវិញ អាចមានអានុភាពលើចិត្តនិងការប្រព្រឹត្តរបស់មនុស្សម្នាក់យ៉ាងណា?
៨ ក្រោយបានពន្យល់ចំណុចទាំងនេះតាមរបៀបស្រួលយល់ នោះអាចជួយបុគ្គលម្នាក់ឲ្យយល់ថាដំណើររស់ឡើងវិញ មានន័យយ៉ាងណាចំពោះគាត់ផ្ទាល់។ គាត់អាចចាប់ផ្ដើមដឹងគុណចំពោះសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាបង្ហាញ ដោយប្រទាននូវសំវិធានការដ៏អស្ចារ្យនេះ។ អស់អ្នកដែលសោកសៅដោយសារបុគ្គលជាទីស្រឡាញ់ស្លាប់ទៅ ក៏អាចបានធូរស្រាលវិញដោយសារសេចក្ដីសង្ឃឹមដ៏សប្បាយ ចំពោះការជួបបុគ្គលនោះវិញក្នុងពិភពលោកថ្មីរបស់ព្រះ។ ការយល់ដឹងនូវចំណុចទាំងនេះ ក៏ជាកត្ដាដ៏សំខាន់ចំពោះការយល់នូវអត្ថន័យនៃការសោយទិវង្គតរបស់ព្រះគ្រីស្ទដែរ។ ពួកគ្រីស្ទាននៅសតវត្សទីមួយបានដឹងថា ដំណើររស់ឡើងវិញរបស់ព្រះយេស៊ូគ្រីស្ទ គឺជាមូលដ្ឋានគ្រឹះនៃជំនឿគ្រីស្ទាន ដែលបើកផ្លូវឲ្យអ្នកដទៃរស់ឡើងវិញដែរ។ ពួកគាត់បានផ្សព្វផ្សាយយ៉ាងខ្នះខ្នែងអំពីដំណើររស់ឡើងវិញរបស់ព្រះយេស៊ូ និងអំពីសេចក្ដីសង្ឃឹមដោយសារដំណើររស់ឡើងវិញនោះ។ ដូច្នេះ នៅសព្វថ្ងៃនេះ អស់អ្នកដែលយល់និងដឹងគុណចំពោះដំណើររស់ឡើងវិញ ក៏មានចិត្តខ្នះខ្នែងនឹងប្រាប់អ្នកដទៃអំពីសេចក្ដីពិតដ៏មានតម្លៃនេះដែរ។—កិច្ចការ ៥:៣០-៣២; ១០:៤២, ៤៣
ការប្រើ «កូនសោនៃហាដេស»
៩. តើតាមរបៀបណាដែលព្រះយេស៊ូប្រើ«កូនសោនៃសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់[«ហាដេស», ព.ថ.]»មុនដំបូងនោះ?
៩ ពួកអ្នកដែលចូលរួមជាមួយនឹងព្រះគ្រីស្ទក្នុងព្រះរាជាណាចក្រស្ថានសួគ៌ នឹងត្រូវទទួលមរណភាពជាយថាហេតុ។ ប៉ុន្តែ ពួកគាត់ក៏ដឹងអំពីការធានារ៉ាប់រង ដែលព្រះយេស៊ូបានមានបន្ទូលថា៖ «អញបានស្លាប់ តែមើល! អញរស់នៅអស់កល្បជានិច្ចរៀងរាបតទៅវិញ អញក៏មានកូនសោនៃសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់[«ហាដេស», ព.ថ.]ដែរ»។ (វិវរណៈ ១:១៨) តើទ្រង់ចង់មានន័យយ៉ាងណា? ព្រះយេស៊ូកំពុងតែមានបន្ទូលអំពីបទពិសោធន៍របស់ទ្រង់ផ្ទាល់។ ទ្រង់ក៏បានសោយទិវង្គតដែរ។ ប៉ុន្តែ ព្រះមិនបានទុកព្រះយេស៊ូនៅក្នុងហាដេសទេ។ នៅថ្ងៃទីបី នោះព្រះយេហូវ៉ាបានប្រោសឲ្យព្រះយេស៊ូមានជីវិតជាបុគ្គលវិញ្ញាណ និងបានប្រទានឲ្យទ្រង់នូវអមតភាព។ (កិច្ចការ ២:៣២, ៣៣; ១០:៤០) ក្រៅពីនោះ ព្រះក៏ប្រទានដល់ព្រះយេស៊ូនូវ«កូនសោនៃសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់[«ហាដេស», ព.ថ.]ដែរ» ដើម្បីយកទៅរំដោះមនុស្សឯទៀតចេញពីផ្នូរ និងឲ្យរួចផុតពីឥទ្ធិពលនៃអំពើបាបរបស់អ័ដាម។ ព្រះយេស៊ូអាចប្រោសពួកអ្នកកាន់តាមដ៏ស្មោះត្រង់របស់ទ្រង់ឲ្យមានជីវិតរស់ឡើងវិញ ពីព្រោះទ្រង់មានកូនសោទាំងនោះ។ ព្រះយេស៊ូបានប្រោសសមាជិកចាក់ប្រេងតាំងនៃក្រុមជំនុំរបស់ទ្រង់មុនគេ ដោយប្រទាននូវរង្វាន់ដ៏វិសេសមួយ គឺជីវិតអមតៈនៅស្ថានសួគ៌ ដូចជាព្រះវរបិតារបស់ទ្រង់បានប្រទានដល់ទ្រង់ដែរ។—រ៉ូម ៦:៥; ភីលីព ៣:២០, ២១
១០. តើដំណើររស់ឡើងវិញនៃពួកគ្រីស្ទានចាក់ប្រេងតាំងកើតឡើងនៅពេលណា?
១០ តើនៅពេលណាដែលពួកគ្រីស្ទានចាក់ប្រេងតាំង នឹងពិសោធន៍នូវការរស់ឡើងវិញនៅស្ថានសួគ៌? ព្រះគម្ពីរបង្ហាញថា នេះបានចាប់ផ្ដើមហើយ។ សាវ័កប៉ុលបានពន្យល់ថា ពួកគេនឹងត្រូវប្រោស‹ក្នុងកំឡុងវត្តមានរបស់ព្រះគ្រីស្ទ› ហើយវត្តមានរបស់ទ្រង់ចាប់ផ្ដើមនៅឆ្នាំ១៩១៤។ (កូរិនថូសទី១ ១៥:២៣) ឥឡូវនេះ នៅពេលដែលពួកគ្រីស្ទានចាក់ប្រេងតាំងស្លាប់ក្នុងវត្តមានព្រះយេស៊ូ នោះពួកគេមិនចាំបាច់រង់ចាំរហូតដល់ព្រះអម្ចាស់របស់ពួកគេ យាងត្រឡប់មកវិញទេ។ ពេលពួកគេទទួលមរណភាពនោះ ភ្លាមៗពួកគេនឹងត្រូវប្រោសឲ្យមានជីវិតជាបុគ្គលវិញ្ញាណ ដោយ«បានផ្លាស់ប្រែទៅក្នុង១រំពេច»។ ពួកគេនឹងមានសុភមង្គលខ្លាំងមែន ពីព្រោះកិច្ចការដ៏ល្អរបស់ពួកគេ នឹង«តាមគេជាប់!»។—កូរិនថូសទី១ ១៥:៥១, ៥២; វិវរណៈ ១៤:១៣
១១. តើមនុស្សទូទៅនឹងមានដំណើររស់ឡើងវិញបែបណា? ហើយនឹងចាប់ផ្ដើមនៅពេលណា?
១១ ប៉ុន្តែ មិនមែនមានតែដំណើររស់ឡើងវិញនៃពួកអ្នកដែលទទួលជីវិតនៅស្ថានសួគ៌និងទទួលមរតកខាងព្រះរាជាណាចក្រប៉ុណ្ណោះនោះទេ។ ហេតុដែលវិវរណៈ ២០:៦ ហៅនោះថា«ខណរស់ឡើងវិញជាន់មុនដំបូង» បង្ហាញថានឹងមានដំណើររស់ឡើងវិញមួយទៀតជាបន្ទាប់។ អស់អ្នកដែលនឹងទទួលប្រយោជន៍ពីដំណើររស់ឡើងវិញមួយនេះ នឹងមានសេចក្ដីសង្ឃឹមដ៏សប្បាយរីករាយចំពោះជីវិតជារៀងរហូតលើផែនដីមនោរម្យ។ តើដំណើររស់ឡើងវិញក្រោយនេះនឹងមាននៅពេលណា? សៀវភៅវិវរណៈបង្ហាញថា នឹងកើតឡើងក្រោយពី«ផែនដី នឹងផ្ទៃមេឃ» គឺរបបលោកីយ៍ដ៏អាក្រក់នៅបច្ចុប្បន្ននេះ និងពួកអ្នកគ្រប់គ្រងបានត្រូវដកចេញសិន។ ទីបញ្ចប់នៃរបបចាស់នេះគឺកាន់តែកៀកណាស់ទៅហើយ។ ក្រោយមក នៅគ្រាកំណត់របស់ព្រះ នោះការរស់ឡើងវិញនៅលើផែនដីនឹងចាប់ផ្ដើម។—វិវរណៈ ២០:១១, ១២
១២. តើអ្នកណាដែលនឹងរួមបញ្ចូលក្នុងចំណោមមនុស្សស្មោះត្រង់ ដែលប្រោសឲ្យរស់ឡើងវិញលើផែនដី? តើហេតុអ្វីបានជានេះជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យដែលគួរឲ្យរំភើបចិត្ត?
១២ តើការរស់ឡើងវិញនៅលើផែនដីនេះនឹងរួមបញ្ចូលអ្នកណាខ្លះ? គឺពួកអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាពីសម័យបុរាណ បុរសនិងស្ត្រី ដែលមានជំនឿដ៏រឹងមាំលើសេចក្ដីសង្ឃឹមនៃដំណើររស់ឡើងវិញ ដែល‹មិនព្រមទទួលការប្រោសលោះណាឡើយ›។ នេះបានសេចក្ដីថាពួកគេនឹងមិនបង្ខូចភក្ដីភាពរបស់ពួកគេចំពោះព្រះ ដើម្បីជៀសវាងពីការស្លាប់មុនអាយុយ៉ាងសាហាវនោះទេ។ គឺជាការរីករាយមែន ដើម្បីសំណេះសំណាលឲ្យស្គាល់ពួកគេផ្ទាល់ខ្លួន និងស្ដាប់នូវពត៌មានដ៏ល្អិតល្អន់ ដែលឥឡូវបានរៀបរាប់យ៉ាងសង្ខេបប៉ុណ្ណោះក្នុងព្រះគម្ពីរ! ពួកអ្នកដែលត្រូវប្រោសឲ្យមានជីវិតលើផែនដីក៏នឹងមាន អេបិល ជាស្មរបន្ទាល់ដំបូង ដែលមានចិត្តស្មោះចំពោះព្រះយេហូវ៉ា ហេណុកនិងណូអេ ដែលជាអ្នកប្រកាសសាររបស់ព្រះយ៉ាងក្លាហានពីមុនទឹកជំនន់ អ័ប្រាហាំនិងសារ៉ាដែលបានទទួលពួកទេវតាយ៉ាងរាក់ទាក់ ក៏មានម៉ូសេ ដែលតាមរយៈគាត់នោះច្បាប់របស់ព្រះបានផ្ដល់មកនៅភ្នំស៊ីណាយ ក៏មានព្យាការីដ៏ក្លាហាន គឺយេរេមា ដែលបានឃើញនូវសេចក្ដីហិនវិនាសនៃទីក្រុងយេរូសាឡិម នៅឆ្នាំ៦០៧ ម.ស.យ. ហើយយ៉ូហានជាអ្នកធ្វើបុណ្យជ្រមុជទឹកឲ្យគេ ដែលបានឮព្រះប្រកាសថាព្រះយេស៊ូជារាជបុត្រារបស់ទ្រង់។ ក្រៅពីនោះទៀត ក៏មានមនុស្សប្រុសស្រីជាច្រើននាក់ដែលបានស្លាប់ ក្នុងកំឡុងថ្ងៃជាន់ក្រោយបង្អស់នៃរបបលោកីយ៍ដ៏អាក្រក់នេះផងដែរ។—ហេព្រើរ ១១:៤-៣៨; ម៉ាថាយ ១១:១១
១៣, ១៤. (ក) តើហាដេសនិងមនុស្សស្លាប់ក្នុងនោះនឹងទៅជាយ៉ាងណា? (ខ) តើអ្នកណាដែលនឹងរួមបញ្ចូលក្នុងដំណើររស់ឡើងវិញ? ហើយហេតុអ្វី?
១៣ ក្រោយមក ក្រៅពីពួកអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះ ក៏មានអ្នកឯទៀតដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញដែរ ដើម្បីកុំឲ្យមាននរណាម្នាក់នៅក្នុងផ្នូរទៀតឡើយ។ កំរិតដែលមនុស្សនឹងចេញឲ្យអស់ពីផ្នូរ គឺអាចឃើញដោយមើលនូវរបៀបព្រះយេស៊ូនឹងប្រើ‹កូនសោហាដេស› សំរាប់ជាប្រយោជន៍ដល់មនុស្សលោក។ នេះបានត្រូវបញ្ជាក់ក្នុងចក្ខុនិមិត្តពេលសាវ័កយ៉ូហានបានឃើញ ហាដេស«បោះទៅក្នុងបឹងភ្លើង»។ (វិវរណៈ ២០:១៤) តើនេះមានន័យយ៉ាងណា? នេះមានន័យថា ហាដេសដែលជាផ្នូរទូទៅ នឹងត្រូវបំផ្លាញចោលទាំងស្រុង។ ដោយសារមនុស្សស្លាប់នឹងចេញអស់ពីផ្នូរ នោះផ្នូរក៏នឹងលែងមានទៀត ពីព្រោះក្រៅពីការប្រោសពួកអ្នកថ្វាយបង្គំដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា ព្រះយេស៊ូនឹងប្រោសមនុស្សទុច្ចរិតមកវិញដែរដោយសារសេចក្ដីមេត្ដាករុណា។ បន្ទូលរបស់ព្រះធានារ៉ាប់រងយើងថា៖ «ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។—កិច្ចការ ២៤:១៥
១៤ ពួកមនុស្សទុច្ចរិតគឺមិនមែនប្រោសឲ្យរស់ឡើងវិញ ដើម្បីឲ្យជាប់ទោស ហើយទទួលសេចក្ដីស្លាប់ម្ដងទៀតនោះទេ។ នៅក្នុងបរិស្ថានដ៏ល្អដែលនឹងមានទូទាំងផែនដីក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រ នោះពួកគេក៏នឹងត្រូវទទួលជំនួយដើម្បីធ្វើឲ្យជីវិតរបស់ពួកគេរស់នៅសមស្របទៅតាមមាគ៌ារបស់ព្រះយេហូវ៉ា។ ចក្ខុនិមិត្តនេះក៏បានបង្ហាញថា«បញ្ជីជីវិត»នឹងត្រូវបើកឡើង។ ហេតុដូច្នេះហើយ ពួកគេនឹងមានឱកាសធ្វើឲ្យឈ្មោះរបស់ពួកគេបានចារក្នុងសៀវភៅនោះដែរ។ ពួកគេនឹងត្រូវ«ជំនុំជំរះ . . . តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន» ដែលពួកគេបានធ្វើក្រោយពីដំណើររស់ឡើងវិញរបស់ពួកគេ។ (វិវរណៈ ២០:១២, ១៣) ដូច្នេះ ដំណើររស់ឡើងវិញរបស់ពួកគេ បើមើលលទ្ធផលចុងក្រោយ នោះក៏អាចទៅជាការ«រស់ឡើងវិញឲ្យបានជីវិត» និងអាចជៀសវាងពីការ«រស់ឡើងវិញ ឲ្យជាប់មានទោស»។—យ៉ូហាន ៥:២៨, ២៩
១៥. (ក) តើអ្នកណាដែលមិនត្រូវប្រោសឲ្យរស់ឡើងវិញ? (ខ) តើចំណេះដឹងអំពីសេចក្ដីពិតនៃដំណើររស់ឡើងវិញ គួរមានអានុភាពលើយើងយ៉ាងណា?
១៥ ប៉ុន្តែ មិនមែនមនុស្សទាំងអស់ដែលធ្លាប់រស់នៅ និងមនុស្សដែលបានស្លាប់ទៅ នឹងត្រូវប្រោសឲ្យរស់ឡើងវិញនោះទេ។ មនុស្សខ្លះបានប្រព្រឹត្តអំពើបាប ដែលមិនអាចត្រូវអត់ឱនទោសឲ្យបានទេ។ បុគ្គលបែបនេះ គឺមិនមែននៅក្នុងហាដេសទេ តែនៅក្នុងហ្គេហេណាវិញ ជាទីដែលពួកគេនឹងទទួលសេចក្ដីហិនវិនាសជារៀងរហូត។ ពួកអ្នកដែលព្រះនឹងកំទេចចោលក្នុង«សេចក្ដីវេទនាជាខ្លាំង»ដែលកាន់តែជិតដល់ហើយ ក៏នៅក្នុងហ្គេហេណាដែរ។ (ម៉ាថាយ ១២:៣១, ៣២, ២៣:៣៣; ២៤:២១, ២២; ២៥:៤១, ៤៦; ថែស្សាឡូនីចទី២ ១:៦-៩) ដូច្នេះហើយ ទោះជាព្រះយេហូវ៉ាបានបង្ហាញសេចក្ដីមេត្ដាយ៉ាងធំធេង ដោយរំដោះមនុស្សស្លាប់ចេញពីហាដេស តែសេចក្ដីសង្ឃឹមអំពីដំណើររស់ឡើងវិញ មិនផ្ដល់ឲ្យយើងមានមូលហេតុធ្វើព្រងើយកន្តើយនឹងរបៀបដែលយើងរស់នៅសព្វថ្ងៃនេះទេ។ ពួកអ្នកដែលបះបោរដោយចេតនាទាស់នឹងអធិបតេយ្យរបស់ព្រះយេហូវ៉ា ក៏នឹងគ្មានការប្រោសឲ្យរស់ឡើងវិញឡើយ។ ចំណេះដឹងអំពីនេះ គួរជំរុញទឹកចិត្តយើងឲ្យបង្ហាញថា យើងអបអរយ៉ាងជ្រាលជ្រៅចំពោះព្រះគុណដែលគ្មានសិទ្ធិទទួលរបស់ព្រះ ដោយរស់នៅតាមបំណងព្រះហឫទ័យរបស់ព្រះវិញ។
សេចក្ដីសង្ឃឹមអំពីដំណើររស់ឡើងវិញបានពង្រឹងកម្លាំងយើង
១៦. តើសេចក្ដីសង្ឃឹមអំពីដំណើររស់ឡើងវិញ អាចជាប្រភពនៃកម្លាំងដ៏ខ្លាំងយ៉ាងដូចម្ដេច?
១៦ យើងរាល់គ្នាដែលពិតជាជឿលើសេចក្ដីសង្ឃឹមអំពីដំណើររស់ឡើងវិញ គឺអាចទទួលកម្លាំងយ៉ាងខ្លាំងពីសេចក្ដីសង្ឃឹមនេះ។ នៅបច្ចុប្បន្ននេះ ពេលយើងមានអាយុចាស់ជរានោះ យើងដឹងថា យើងមិនអាចពន្យារសេចក្ដីស្លាប់បានទេ ទោះជាមានការព្យាបាលយ៉ាងណាក៏ដោយ។ (សាស្ដា ៨:៨) ប្រសិនបើយើងបានបំរើព្រះយេហូវ៉ាជាមួយនឹងអង្គការរបស់ទ្រង់ដោយភក្ដីភាព នោះយើងអាចសង្ឃឹមទៅអនាគតដោយមានទំនុកចិត្តទាំងស្រុង។ នៅគ្រាកំណត់របស់ព្រះ នោះយើងដឹងថាតាមរយៈដំណើររស់ឡើងវិញ យើងនឹងអាចសប្បាយនឹងជីវិតម្ដងទៀត។ នៅពេលនោះតើជីវិតនឹងសប្បាយយ៉ាងណាទៅហ្ន៎! ដ្បិតសាវ័កប៉ុលបានហៅជីវិតនោះគឺជា«ជីវិតអស់កល្បជានិច្ច[«ជីវិតដ៏រុងរឿង», ព.ថ.]។—ធីម៉ូថេទី១ ៦:១៩; ហេព្រើរ ៦:១០-១២
១៧. តើអ្វីដែលអាចជួយយើងឲ្យរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា?
១៧ ដោយយើងដឹងថា នឹងមានដំណើររស់ឡើងវិញ និងស្គាល់អំពីព្រះដែលជាប្រភពនៃដំណើររស់ឡើងវិញនេះ ក៏ជួយយើងឲ្យមានជំនឿរឹងមាំដែរ។ នេះពង្រឹងកម្លាំងយើងឲ្យមានភក្ដីភាពចំពោះព្រះ ទោះជាពួកអ្នកបៀតបៀនដ៏ឃោរឃៅគំរាមកំហែងចង់សម្លាប់យើងក៏ដោយ។ ជាយូរយារមកហើយសាតាំងបានប្រើនូវការខ្លាចស្លាប់ទាំងនៅអាយុខ្លី ជាមធ្យោបាយដើម្បីឲ្យមនុស្សស្ថិតនៅក្រោមកណ្ដាប់ដៃរបស់វា។ ប៉ុន្តែ ព្រះយេស៊ូឥតមានសេចក្ដីខ្លាចអំពីរឿងនេះទេ។ ទ្រង់បាននៅស្មោះត្រង់ចំពោះព្រះយេហូវ៉ារហូតដល់សោយទិវង្គត។ តាមរយៈយញ្ញបូជាលោះរបស់ទ្រង់ ព្រះយេស៊ូក៏បានប្រទានឲ្យមធ្យោបាយដើម្បីរំដោះអ្នកដទៃចេញពីសេចក្ដីខ្លាចបែបនេះដែរ។—ហេព្រើរ ២:១៤, ១៥
១៨. តើអ្វីដែលបានជួយពួកអ្នកបំរើរបស់ព្រះយេហូវ៉ា បង្កើតនូវកេរ្ដិ៍ឈ្មោះដ៏ល្បីរន្ទឺអំពីចិត្តស្មោះគ្រប់លក្ខណ៍?
១៨ ដោយសារពួកអ្នកបំរើរបស់ព្រះយេហូវ៉ា មានជំនឿលើអំណោយនៃយញ្ញបូជារបស់ព្រះគ្រីស្ទ និងជំនឿលើដំណើររស់ឡើងវិញនោះ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាបានបង្កើតនូវកេរ្ដិ៍ឈ្មោះដ៏ល្បីរន្ទឺ ដែលបញ្ជាក់ថាពួកគេរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍។ ពេលនៅក្រោមការបង្ខិតបង្ខំ នោះពួកគេសឲ្យឃើញថា«មិនបានស្ដាយ[«ស្រឡាញ់», ព.ថ.]ជីវិតរបស់ខ្លួន»ច្រើនជាងពួកគេស្រឡាញ់ព្រះយេហូវ៉ានោះទេ។ (វិវរណៈ ១២:១១) ដោយប្រាជ្ញា នោះពួកគេមិនបោះបង់ចោលគោលការណ៍គ្រីស្ទាន ដើម្បីសង្គ្រោះជីវិតរបស់ពួកគេទេ។ (លូកា ៩:២៤, ២៥) ពួកគេដឹងថា ទោះជាពួកគេស្លាប់នៅឥឡូវនេះក៏ដោយ ដោយសារការគាំទ្រយ៉ាងស្មោះត្រង់ចំពោះអធិបតេយ្យរបស់ព្រះយេហូវ៉ា នោះទ្រង់នឹងប្រទានរង្វាន់ឲ្យពួកគេតាមរយៈដំណើររស់ឡើងវិញ។ តើអ្នកមានជំនឿបែបនេះឬទេ? អ្នកនឹងមានជំនឿបែបនេះ ប្រសិនបើអ្នកពិតជាស្រឡាញ់ព្រះយេហូវ៉ា ហើយបើអ្នកពិតជាអបអរយ៉ាងខ្លាំងចំពោះសារៈសំខាន់នៃសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញនោះ។
ការពិគ្រោះសាឡើងវិញ
• ហេតុអ្វីបានជាបុគ្គលម្នាក់ត្រូវតែយល់អំពីព្រលឹងនិងស្ថានភាពនៃមនុស្សស្លាប់ មុននឹងគាត់អាចអបអរនឹងដំណើររស់ឡើងវិញនោះ?
• តើអ្នកណាដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ? តើការដឹងអំពីនេះគួរមានឥទ្ធិពលយ៉ាងណាលើយើង?
• តើសេចក្ដីសង្ឃឹមអំពីដំណើររស់ឡើងវិញ ពង្រឹងកម្លាំងយើងយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ៨៤, ៨៥]
ព្រះយេហូវ៉ាសន្យាថាទាំងមនុស្សសុចរិតនិងមនុស្សទុច្ចរិតនឹងបានរស់ឡើងវិញទាំងអស់គ្នា