ចូរយកតម្រាប់ជំនឿរបស់ពួកគាត់ | សារ៉ា
ព្រះបានហៅនាងថា«ម្ចាស់ក្សត្រី»
សារ៉ាចាប់ផ្ដើមធ្វើការតាំងពីថ្ងៃរះរហូតដល់ថ្ងៃលិច។ អ្នកបម្រើមមាញឹកនឹងការងាររបស់ពួកគេ តែពួកគេសប្បាយចិត្ត ដោយសារមានបង្គាប់យ៉ាងត្រឹមត្រូវពីសារ៉ា។ សារ៉ាក៏ខ្នះខ្នែងធ្វើកិច្ចការផ្ទាល់ខ្លួនដែរ។ សូមស្រមៃគិតថានាងកំពុងឈ្លីដៃរបស់នាង ដោយសារហត់នឿយពីកិច្ចការ។ ប្រហែលជាគាត់បានដេរប៉ះត្រសាលជាកន្លែងដែលពួកគាត់រស់នៅ។ កាលដែលច្រើនឆ្នាំកន្លងទៅ ហើយនៅក្រោមអាកាសធាតុក្ដៅនិងភ្លៀង ត្រសាលដែលធ្វើពីរោមពពែក៏សឹករេចរឹល។ នេះរំលឹកសារ៉ាអំពីរយៈពេលដែលពួកគាត់បានរស់នៅដោយរើពីកន្លែងមួយទៅកន្លែងមួយ។ នាងបានមើលអាប្រាហាំaចេញដំណើរពេលព្រឹក។ កាលដែលថ្ងៃរៀបលិចបញ្ចេញរស្មីពណ៌មាស នាងចាំមើលផ្លូវប្ដីរបស់នាង។ ពេលនាងឃើញស្រមោលប្ដីរបស់នាងឡើងជិតដល់កំពូលភ្នំ នាងមានទឹកមុខញញឹម។
ដប់ឆ្នាំបានកន្លងទៅ អាប្រាហាំបានដឹកនាំគ្រួសារនិងអ្នកបម្រើជាច្រើនរបស់គាត់ឆ្លងកាត់ទន្លេអឺប្រាតទៅស្រុកកាណាន។ សារ៉ាតែងតែគាំទ្រប្ដីរបស់នាងក្នុងការធ្វើដំណើរដ៏យូរនេះ ទោះជាមិនដឹងថាទៅទីណាក្ដី ដោយសារនាងដឹងថានាងមានតួនាទីសំខាន់ក្នុងគោលបំណងរបស់ព្រះយេហូវ៉ា ពោលគឺបង្កើតពូជឲ្យទៅជាប្រជាជាតិពិសេស។ ប៉ុន្តែ តើសារ៉ាអាចសម្រេចគោលបំណងរបស់ព្រះយ៉ាងដូចម្ដេច? នាងជាស្ត្រីអារ ហើយពេលនោះនាងមានអាយុ៧៥ឆ្នាំ។ នាងប្រហែលជាឆ្ងល់ថា ‹បើខ្ញុំមិនអាចមានកូន តើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាអាចសម្រេចយ៉ាងដូចម្ដេច?›។ ដូច្នេះយើងច្បាស់ជាអាចយល់ បើនាងមានការព្រួយបារម្ភ ឬខ្វះចិត្តអត់ធ្មត់។
ជួនកាល យើងក៏ប្រហែលជាឆ្ងល់ថាតើសេចក្ដីសន្យារបស់ព្រះនឹងសម្រេចនៅពេលណា។ មិនងាយស្រួលឲ្យយើងមានចិត្តអត់ធ្មត់ទេ ជាពិសេសបើយើងកំពុងទន្ទឹងរង់ចាំលោកធ្វើតាមសេចក្ដីសន្យាមួយដែលយើងចង់ឃើញខ្លាំងជាងគេ។ ដូច្នេះ តើយើងអាចរៀនអ្វីពីជំនឿរបស់ស្ត្រីដ៏ល្អម្នាក់នេះ?
«ព្រះយេហូវ៉ាទ្រង់បង្ខាំងមិនឲ្យខ្ញុំមានកូនទេ»
ក្រុមគ្រួសារអាប្រាហាំទើបតែត្រឡប់មកពីស្រុកអេស៊ីប។ (លោកុប្បត្តិ ១៣:១-៤) ពួកគាត់បានដំឡើងត្រសាលនៅតំបន់ភ្នំនាភាគខាងកើតនៃក្រុងបេតអែលឬលូស ជាឈ្មោះដែលជនជាតិកាណានបានហៅ។ ពីលើតំបន់ភ្នំនោះ សារ៉ាអាចមើលឃើញមួយផ្នែកធំនៃស្រុកដែលព្រះបានសន្យា។ នាងឃើញភូមិរបស់ជនជាតិកាណាន និងផ្លូវដែលឆ្ពោះទៅតំបន់ដាច់ស្រយាល។ ទស្សនីយភាពទាំងនោះ គឺខុសពីស្រុកកំណើតរបស់សារ៉ា។ នាងបានធំឡើងនៅក្រុងអ៊ើរជាក្រុងមួយនៅតំបន់មេសូប៉ូតាមៀដែលនៅចម្ងាយ១.៩០០គីឡូម៉ែត្រ (១.២០០ម៉ៃល៍)។ នាងបានចាកចេញពីសាច់ញាតិជាច្រើន ជីវិតស្រណុកស្រួលក្នុងក្រុងដ៏ជឿនលឿន ព្រមទាំងផ្ទះដ៏ស្អាតដែលប្រហែលជាមានប្រព័ន្ធទឹក។ បើសិនជាយើងគិតថាសារ៉ាបានអាឡោះអាល័យជីវិតស្រណុកស្រួលនៅស្រុកកំណើតរបស់នាង នោះមានន័យថាយើងមិនទាន់ស្គាល់នាងច្បាស់ទេ។
សូមកត់សម្គាល់អ្វីដែលសាវ័កប៉ូលបានត្រូវដឹកនាំឲ្យសរសេរ២.០០០ឆ្នាំក្រោយមក។ ស្តីអំពីជំនឿរបស់សារ៉ានិងអាប្រាហាំ គាត់បាននិយាយថា៖ «ប្រសិនបើពួកគេបាននឹកនាដល់កន្លែងដែលពួកគេចាកចេញនោះ ពួកគេនឹងមានឱកាសត្រឡប់ទៅវិញ»។ (ហេប្រឺ ១១:៨, ១១, ១៥) ប៉ុន្តែ ទាំងសារ៉ាទាំងអាប្រាហាំមិនបានគិតចង់ត្រឡប់ទៅវិញឡើយ។ បើពួកគាត់មានគំនិតបែបនោះ ពួកគាត់ប្រហែលជាសម្រេចចិត្តត្រឡប់ទៅក្រុងអ៊ើរវិញ។ ប៉ុន្តែ បើពួកគាត់ត្រឡប់ទៅវិញ ពួកគាត់នឹងបាត់បង់ឯកសិទ្ធិដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានឲ្យពួកគាត់ ហើយក៏មិនបានទៅជាគំរូដ៏ប្រសើរស្តីអំពីជំនឿដែលមានឥទ្ធិពលលើចិត្តរបស់មនុស្សរាប់លាននាក់ឡើយ។
ជាជាងសម្លឹងទៅអតីតកាល សារ៉ាសម្លឹងចំទៅអនាគត។ ដូច្នេះ នាងតែងតែគាំទ្រប្ដីរបស់នាងក្នុងការធ្វើដំណើរ ដូចជាជួយរើត្រសាល នាំហ្វូងសត្វ ហើយដំឡើងត្រសាលជាដើម។ នាងក៏មានការកែប្រែនិងការពិបាកជាច្រើនទៀត។ ព្រះយេហូវ៉ាបានរំលឹកអាប្រាហាំអំពីសេចក្ដីសន្យារបស់លោក តែលោកនៅតែមិនទាន់មានប្រសាសន៍អំពីសារ៉ាទេ។—លោកុប្បត្តិ ១៣:១៤-១៧; ១៥:៥-៧
ទីបំផុត សារ៉ាបានសម្រេចចិត្តថាគឺដល់ពេលដែលនាងត្រូវនិយាយជាមួយអាប្រាហាំអំពីគម្រោងការដែលនាងគិតទុកក្នុងចិត្ត។ សូមស្រមៃគិតអំពីទឹកមុខរបស់នាងដែលបង្ហាញអំពីអារម្មណ៍ដែលច្របូកច្របល់ ពេលនាងនិយាយថា៖ «មើល! ព្រះយេហូវ៉ាទ្រង់បង្ខាំងមិនឲ្យខ្ញុំមានកូនទេ»។ រួចនាងបានសុំអាប្រាហាំឲ្យរួមដំណេកជាមួយនឹងហាកាដែលជាស្រីបម្រើរបស់នាងដើម្បីបង្កើតកូន។ នេះប្រហែលជាសំណូមពរចម្លែកសម្រាប់យើងនៅសព្វថ្ងៃនេះ ប៉ុន្តែនៅសម័យនោះគឺជារឿងធម្មតាទេដែលបុរសអាចយកប្រពន្ធទី២ ឬប្រពន្ធចុង ដើម្បីស្នងត្រកូល។b តើអ្នកគិតថាសារ៉ាឈឺចិត្តខ្លាំងយ៉ាងណាពេលដែលសុំប្ដីរបស់ខ្លួនឲ្យធ្វើដូច្នេះ? សារ៉ាប្រហែលជាគិតថានេះជាវិធីដើម្បីសម្រេចគោលបំណងរបស់ព្រះក្នុងការបង្កើតប្រជាជាតិមួយពីកូនចៅរបស់អាប្រាហាំ។ ទោះជាយ៉ាងណាក៏ដោយ នាងបានធ្វើការលះបង់ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។ តើអាប្រាហាំមានប្រតិកម្មយ៉ាងណា? គម្ពីរចែងថាគាត់បាន«ស្ដាប់តាម»សារ៉ា។—លោកុប្បត្តិ ១៦:១-៣
តើកំណត់ហេតុនោះបង្ហាញថាព្រះយេហូវ៉ាបានជំរុញចិត្តសារ៉ាឲ្យធ្វើការលះបង់បែបនោះឬ? មិនមែនទេ! នាងបានគិតថាព្រះបានបង្ខាំងនាងមិនឲ្យមានកូន ហើយនាងគិតមិនដល់ថាព្រះមានដំណោះស្រាយផ្សេងអំពីរឿងនេះទេ។ បើយើងជាសារ៉ា យើងក៏ប្រហែលជាគិតឃើញដូចនាងដែរ។ ដំណោះស្រាយរបស់សារ៉ានឹងធ្វើឲ្យនាងឈឺចិត្តនិងមានបញ្ហា ទោះជាយ៉ាងនោះក៏ដោយ នាងបានបង្ហាញចិត្តគំនិតដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ក្នុងពិភពលោកនេះ មនុស្សច្រើនតែចាត់ទុកប្រយោជន៍ផ្ទាល់ខ្លួនថាសំខាន់ជាងអ្វីៗទាំងអស់ ដូច្នេះយើងឃើញថាស្មារតីលះបង់របស់សារ៉ាពិតជាគួរឲ្យកោតសរសើរណាស់ មែនទេ? បើយើងចាត់ទុកគោលបំណងរបស់ព្រះថាសំខាន់ជាងប្រយោជន៍ផ្ទាល់ខ្លួន នោះបង្ហាញថាយើងមានជំនឿដូចសារ៉ាដែរ។
«ឯងបានសើចមែន»
មិនយូរក្រោយមកហាកាបានមានផ្ទៃពោះជាមួយនឹងអាប្រាហាំ។ ដោយសារមានផ្ទៃពោះ ហាកាបានគិតថាខ្លួនសំខាន់ជាងសារ៉ា ដូច្នេះនាងបានចាប់ផ្ដើមមើលងាយសារ៉ាដែលជាចៅហ្វាយរបស់ខ្លួន។ សារ៉ាដែលជាស្ត្រីអារច្បាស់ជាឈឺចិត្តខ្លាំងណាស់! ដោយមានការអនុញ្ញាតពីអាប្រាហាំនិងការគាំទ្រពីព្រះយេហូវ៉ា សារ៉ាបានដាក់ទោសហាកា តែយើងមិនដឹងអំពីរបៀបដែលគាត់ធ្វើដូច្នេះទេ។ ហាកាបានបង្កើតកូនប្រុសម្នាក់ឈ្មោះអ៊ីសម៉ាអែល ហើយកូននោះកាន់តែធំឡើងៗ។ (លោកុប្បត្តិ ១៦:៤-៩, ១៦) ពេលព្រះយេហូវ៉ាប្រាប់ដំណឹងរបស់លោកម្ដងទៀត សារ៉ាមានអាយុ៨៩ឆ្នាំ ហើយប្ដីរបស់នាងមានអាយុ៩៩ឆ្នាំ។ ពួកគាត់បានទទួលដំណឹងដ៏អស្ចារ្យ!
ម្ដងនេះទៀត ព្រះយេហូវ៉ាបានសន្យានឹងអាប្រាហាំថាលោកនឹងធ្វើឲ្យគាត់មានកូនចៅច្រើនក្រៃលែង។ ព្រះក៏បានផ្លាស់ប្ដូរឈ្មោះរបស់បុរសនេះដែរ។ គាត់ធ្លាប់បានត្រូវគេហៅថាអាប់រ៉ាម។ ប៉ុន្តែ ព្រះយេហូវ៉ាបានដាក់ឈ្មោះថ្មីឲ្យគាត់ថាអាប្រាហាំ ដែលមានន័យថា«ឪពុកនៃសាសន៍ជាច្រើន»។ រួចមក ព្រះយេហូវ៉ាបានមានប្រសាសន៍អំពីសារ៉ាជាលើកទី១ក្នុងសេចក្ដីសន្យារបស់លោក។ លោកបានប្ដូរឈ្មោះរបស់នាងពីសារ៉ាយ ដែលប្រហែលជាមានន័យថា«អ្នកដែលចេះតែបង្កជម្លោះ» ទៅជាសារ៉ាវិញ ជាឈ្មោះដែលយើងទាំងអស់គ្នាស្គាល់។ តើឈ្មោះសារ៉ាមានន័យអ្វី? មានន័យថា«ម្ចាស់ក្សត្រី»។ ព្រះយេហូវ៉ាបានពន្យល់អំពីមូលហេតុដែលលោកជ្រើសរើសឈ្មោះនោះ ដាក់ឲ្យស្ត្រីដ៏ល្អម្នាក់នេះថា៖ «អញនឹងឲ្យពរដល់នាង ហើយនឹងឲ្យឯងមានកូនពីនាងដែរ អញនឹងឲ្យពរដល់នាងជាពិត នាងនឹងធ្វើជាម្ដាយនៃនគរផ្សេងៗ ហើយនឹងមានស្តេចនៃសាសន៍ជាច្រើនចេញពីនាងមក»។—លោកុប្បត្តិ ១៧:៥, ១៥, ១៦
កិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាបាននាំឲ្យមានពូជដែលនឹងផ្ដល់ពរដល់ប្រជាជាតិទាំងអស់ តាមរយៈកូនប្រុសរបស់សារ៉ា។ ព្រះបានជ្រើសរើសឈ្មោះទុកដាក់ឲ្យកូនប្រុសនោះថាអ៊ីសាក ដែលមានន័យថា«សើច»។ ពេលអាប្រាហាំបានឮជាលើកដំបូងអំពីគោលបំណងរបស់ព្រះយេហូវ៉ា ដែលឲ្យសារ៉ាមានកូនប្រុសមួយ គាត់បាន«ក្រាបផ្កាប់មុខ នឹកអស់សំណើច»។ (លោកុប្បត្តិ ១៧:១៧) ទោះជាយ៉ាងនេះក្ដី គាត់បាននឹកអស្ចារ្យក្នុងចិត្តហើយសប្បាយចិត្តក្រៃលែង។ (រ៉ូម ៤:១៩, ២០) ចុះយ៉ាងណាសារ៉ាវិញ?
មិនយូរក្រោយមក មានបុរសប្លែកមុខបីនាក់បានមកត្រសាលរបស់អាប្រាហាំ។ នោះគឺជាពេលដែលថ្ងៃក្ដៅខ្លាំងណាស់ ដូច្នេះប្ដីប្រពន្ធវ័យចាស់នេះបានប្រញាប់ប្រញាល់ទៅស្វាគមន៍ភ្ញៀវទាំងនោះ។ អាប្រាហាំបាននិយាយទៅកាន់សារ៉ាថា៖ «ចូរយកម្សៅយ៉ាងម៉ដ្ដ៣រង្វាល់មកលាយធ្វើនំឲ្យឆាប់ៗ»។ នៅសម័យនោះត្រូវការរៀបចំច្រើនដើម្បីទទួលអ្នកឯទៀតដោយរាក់ទាក់។ អាប្រាហាំមិនបានទុកឲ្យប្រពន្ធគាត់រៀបចំតែឯងទេ គាត់ក៏បានប្រញាប់ទៅសម្លាប់កូនគោមួយសម្រាប់ជាអាហារ ហើយរៀបចំភេសជ្ជៈដែរ។ (លោកុប្បត្តិ ១៨:១-៨) តាមពិត បុរសទាំងនោះគឺជាទេវតារបស់ព្រះយេហូវ៉ា។ សាវ័កប៉ូលទំនងជានឹកឃើញអំពីព្រឹត្ដិការណ៍នេះពេលគាត់បានសរសេរថា៖ «កុំភ្លេចទទួលអ្នកឯទៀតដោយរាក់ទាក់ ព្រោះដោយបង្ហាញទឹកចិត្តបែបនេះអ្នកខ្លះបានទទួលទេវតាដោយមិនដឹងខ្លួន»។ (ហេប្រឺ ១៣:២) តើអ្នកអាចធ្វើតាមគំរូដ៏គួរឲ្យកោតសរសើររបស់អាប្រាហាំនិងសារ៉ាស្តីអំពីការបង្ហាញចិត្តរាក់ទាក់ឬទេ?
ពេលទេវតាមួយរូបបានរំលឹកអាប្រាហាំអំពីសេចក្ដីសន្យារបស់ព្រះដែលថាសារ៉ានឹងបង្កើតកូនប្រុសមួយ នាងមិននៅទីនោះទេ តែនាងបានស្ដាប់ឮពីក្នុងត្រសាល។ ពេលនាងគិតថានាងនឹងបង្កើតកូននៅវ័យចាស់បែបនេះ នាងហួសចិត្តខ្លាំងដល់ម្ល៉េះបានជានាងនឹកអស់សំណើច ដោយនិយាយថា៖ «អញចាស់ប៉ុណ្ណេះទៅហើយ តើនឹងនៅមានដំរេកទៀតដែរឬអី? ណាមួយលោកម្ចាស់ប្ដីអញក៏ចាស់ណាស់ដែរ»។ ទេវតាបានកែតម្រង់សារ៉ាដោយសួរនាងថា៖ «តើមានការអ្វីដែលព្រះយេហូវ៉ាធ្វើមិនកើតដែរឬអី?»។ គឺជាការធម្មតាទេដែលសារ៉ាភ័យខ្លាច ហើយនិយាយការពារខ្លួន។ ភ្លាមៗ នាងបានប្រកែកថា៖ «ខ្ញុំម្ចាស់មិនបានសើចទេ»។ ទេវតាបានតបថា៖ «ទេ! គឺឯងបានសើចមែន»។—លោកុប្បត្តិ ១៨:៩-១៥
តើការដែលសារ៉ាសើចបង្ហាញថានាងគ្មានជំនឿឬ? មិនមែនទាល់តែសោះ! គម្ពីរចែងថា៖ «ក៏ដោយសារជំនឿដែរ សារ៉ាបានទទួលសមត្ថភាពឲ្យមានផ្ទៃពោះបង្កើតកូន ពេលដែលនាងហួសអាយុនឹងបង្កើតកូនទៅហើយ ពីព្រោះនាងចាត់ទុកថាលោកដែលបានសន្យាការនោះគឺស្មោះត្រង់»។ (ហេប្រឺ ១១:១១) សារ៉ាស្គាល់បុគ្គលិកលក្ខណៈព្រះយេហូវ៉ា ដូច្នេះនាងដឹងថាលោកនឹងធ្វើតាមគ្រប់សេចក្ដីសន្យារបស់លោក។ យើងទាំងអស់គ្នាក៏ត្រូវការជំនឿបែបនេះដែរ មែនទេ? យើងគួរតែស្គាល់ព្រះយេហូវ៉ាឲ្យកាន់តែច្បាស់តាមរយៈគម្ពីរ។ ពេលយើងស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់ យើងនឹងឃើញថាការដែលសារ៉ាមានជំនឿបែបនោះ គឺសមត្រឹមត្រូវមែន។ ព្រះយេហូវ៉ាគឺពិតជាព្រះស្មោះត្រង់ ហើយលោកធ្វើតាមគ្រប់សេចក្ដីសន្យារបស់លោក។ ជួនកាលលោកធ្វើដូច្នេះតាមរបៀបដែលធ្វើឲ្យយើងកោតស្ងើចឬនឹកស្មានមិនដល់។
«ត្រូវស្ដាប់តាមគ្រប់ទាំងសេចក្ដីដែលសារ៉ាបានប្រាប់ឯង»
ទីបំផុត ពេលដែលសារ៉ាមានអាយុ៩០ឆ្នាំ នាងបានទទួលអ្វីដែលនាងបានទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយ។ នាងបានបង្កើតកូនប្រុសម្នាក់ឲ្យប្ដីជាទីស្រឡាញ់របស់នាង ក្នុងវ័យចាស់បែបនេះ។ អាប្រាហាំបានដាក់ឈ្មោះឲ្យកូននោះថាអ៊ីសាក ឬ«សើច» តាមប្រសាសន៍របស់ព្រះ។ យើងអាចស្រមៃឃើញថាសារ៉ាច្បាស់ជាអស់កម្លាំង ប៉ុន្តែគាត់បានពន្យល់ដោយទឹកមុខញញឹមថា៖ ‹ព្រះទ្រង់បានធ្វើឲ្យខ្ញុំសើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយនឹងខ្ញុំដែរ›។ (លោកុប្បត្តិ ២១:៦) អំណោយដ៏ពិសេសនេះពីព្រះយេហូវ៉ាប្រាកដជាធ្វើឲ្យនាងសប្បាយចិត្តពេញមួយជីវិត។ ទោះជាយ៉ាងនេះក្ដី នាងមានភារកិច្ចដ៏សំខាន់។
ពេលអ៊ីសាកអាយុប្រាំឆ្នាំ គាត់បានផ្ដាច់ដោះ ដូច្នេះក្រុមគ្រួសារបានធ្វើជប់លៀងដ៏ធំ។ ប៉ុន្តែនៅទីនោះមានបញ្ហាមួយ។ ក្នុងគម្ពីរថាសារ៉ា«ឃើញ»ថាអ៊ីសម៉ាអែលដែលមានអាយុ១៩ឆ្នាំ ជាកូនរបស់ហាកា ចេះតែសើចចំអកអ៊ីសាកដែលជាក្មេងតូច។ ការសើចចំអកនេះមិនមែនជារឿងតូចតាចទេ។ ក្រោយមក ក្រោមការដឹកនាំរបស់ព្រះ សាវ័កប៉ូលបានហៅការប្រព្រឹត្តរបស់អ៊ីសម៉ាអែលថាជាការបៀតបៀន។ សារ៉ាយល់ថាការសើចចំអកនេះគឺអាចមានឥទ្ធិពលអាក្រក់ទៅលើកូនប្រុសនាង។ សារ៉ាដឹងច្បាស់ថាអ៊ីសាកមានតួនាទីសំខាន់ក្នុងគោលបំណងរបស់ព្រះយេហូវ៉ា គាត់មិនគ្រាន់តែជាកូនប្រុសនាងប៉ុណ្ណោះទេ។ ដូច្នេះ នាងបានតាំងចិត្តក្លាហាន ហើយនិយាយចំៗទៅអាប្រាហាំ។ នាងបានសុំគាត់ឲ្យបណ្ដេញហាកានិងអ៊ីសម៉ាអែល។—លោកុប្បត្តិ ២១:៨-១០; កាឡាទី ៤:២២, ២៣, ២៩
តើអាប្រាហាំមានប្រតិកម្មយ៉ាងណា? គម្ពីរចែងថា៖ «សេចក្ដីនោះនាំឲ្យអ័ប្រាហាំពិបាកចិត្តណាស់ ដោយព្រោះកូនគាត់»។ ដោយសារគាត់ស្រឡាញ់អ៊ីសម៉ាអែលខ្លាំង នោះគាត់មិនអាចយល់អារម្មណ៍របស់សារ៉ាទេ។ ទោះជាយ៉ាងនោះក្ដី ព្រះយេហូវ៉ាយល់អំពីបញ្ហានោះច្បាស់ ដូច្នេះលោកបានចាត់វិធានការ។ គម្ពីររៀបរាប់ថា៖ «រួចព្រះទ្រង់មានបន្ទូលទៅអ័ប្រាហាំថា៖ ‹កុំឲ្យឯងពិបាកចិត្តដោយព្រោះកូនក្មេង ហើយនឹងបាវស្រីរបស់ឯងឡើយ។ ត្រូវស្ដាប់តាមគ្រប់ទាំងសេចក្ដីដែលសារ៉ាបានប្រាប់ឯងវិញ ដ្បិតពូជឯងនឹងបានរាប់ដោយសារតែអ៊ីសាកទេ›»។ ព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តអាប្រាហាំថាលោកនឹងផ្គត់ផ្គង់ហាកានិងកូនរបស់នាង។ អាប្រាហាំដែលជាមនុស្សស្មោះត្រង់បានធ្វើតាម។—លោកុប្បត្តិ ២១:១១-១៤
សារ៉ាជាប្រពន្ធដ៏ល្អរបស់អាប្រាហាំ ពោលគឺនាងជាជំនួយដ៏ស្មោះត្រង់។ នាងមិនគ្រាន់តែប្រាប់អ្វីដែលប្ដីនាងចង់ឮប៉ុណ្ណោះទេ។ ពេលនាងឃើញមានបញ្ហាកើតឡើងដែលអាចប៉ះពាល់ដល់ក្រុមគ្រួសារនិងអនាគតរបស់ពួកគេ នាងបាននិយាយអំពីបញ្ហានោះប្រាប់ប្ដីដោយចំៗនិងដោយការគោរព។ ការនិយាយចំៗរបស់នាងមិនមែនមានន័យថានាងមិនគោរពប្ដីនាងទេ។ ក្រោយមកសាវ័កពេត្រុសដែលជាបុរសរៀបការហើយ បានលើកបញ្ជាក់អំពីគំរូដ៏ល្អរបស់សារ៉ាថា ជាប្រពន្ធដែលបង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះប្ដី។ (កូរិនថូសទី១ ៩:៥; ពេត្រុសទី១ ៣:៥, ៦) តាមពិត បើសារ៉ាមិនប្រាប់អំពីបញ្ហានេះ នោះបង្ហាញថានាងមិនគោរពចំពោះអាប្រាហាំទេ ដោយសារនេះអាចមានផលប៉ះពាល់មិនល្អដល់អាប្រាហាំនិងក្រុមគ្រួសារទាំងមូល។ ដោយសេចក្ដីស្រឡាញ់ សារ៉ាបាននិយាយអ្វីដែលនាងគួរនិយាយ។
ប្រពន្ធជាច្រើនធ្វើតាមគំរូរបស់សារ៉ា។ ដូចសារ៉ា ពួកគេប្រស្រ័យទាក់ទងជាមួយប្ដីដោយចំៗនិងដោយការគោរព។ ប្រហែលជាប្រពន្ធខ្លះចង់ឲ្យព្រះយេហូវ៉ាជួយនិយាយជាមួយប្ដីពួកគេដូចក្នុងករណីរបស់សារ៉ា។ ទោះជាយ៉ាងនោះក៏ដោយ ពួកគេរៀនពីគំរូរបស់សារ៉ាស្តីអំពីជំនឿ សេចក្ដីស្រឡាញ់ និងចិត្តអត់ធ្មត់។
ទោះជាព្រះយេហូវ៉ាបានដាក់ឈ្មោះឲ្យនាងថា«ម្ចាស់ក្សត្រី»ក្ដី តែនាងមិនរំពឹងឲ្យគេប្រព្រឹត្តចំពោះនាងដូចជាម្ចាស់ក្សត្រីឡើយ
ទោះជាព្រះយេហូវ៉ាបានដាក់ឈ្មោះឲ្យនាងថា«ម្ចាស់ក្សត្រី»ក្ដី តែនាងមិនរំពឹងឲ្យគេប្រព្រឹត្តចំពោះនាងដូចជាម្ចាស់ក្សត្រីឡើយ។ ដូច្នេះ យើងមិនភ្ញាក់ផ្អើលទេដែលអាប្រាហាំបាន«កាន់ទុក្ខ ហើយយំសោកនឹងសពសារ៉ា» ពេលនាងស្លាប់នៅអាយុ១២៧ឆ្នាំ។c (លោកុប្បត្តិ ២៣:១, ២) គាត់នឹកប្រពន្ធជាទីស្រឡាញ់របស់គាត់ខ្លាំងណាស់។ ព្រះយេហូវ៉ាក៏នឹកស្ត្រីដ៏ស្មោះត្រង់នេះជាខ្លាំងដែរ ហើយលោកនឹងប្រោសនាងឲ្យរស់ឡើងវិញនៅលើផែនដីដែលជាសួនឧទ្យាន។ សារ៉ានិងអស់អ្នកដែលមានជំនឿដូចនាងកំពុងទន្ទឹងរង់ចាំនូវសេចក្ដីសន្យាអំពីអនាគតដ៏ត្រចះត្រចង់ជារៀងរហូត។—យ៉ូហាន ៥:២៨, ២៩
a ប្ដីប្រពន្ធនេះមានឈ្មោះដើមថាអាប់រ៉ាមនិងសារ៉ាយ តែក្រោយមកព្រះបានដាក់ឈ្មោះថ្មីឲ្យពួកគាត់ ដូច្នេះដើម្បីស្រួលយល់យើងនឹងប្រើឈ្មោះថ្មីនោះដោយសារមនុស្សស្គាល់ជាទូទៅ។
b អស់មួយរយៈពេល ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យបុរសអាចមានប្រពន្ធលើសពីមួយ ប៉ុន្តែក្រោយមកលោកបានឲ្យលោកយេស៊ូគ្រិស្តកែតម្រូវអាពាហ៍ពិពាហ៍ឲ្យសមស្របនឹងខ្នាតតម្រាដំបូងក្នុងសួនអេដែនស្តីអំពីប្ដីមួយប្រពន្ធមួយ។—លោកុប្បត្តិ ២:២៤; ម៉ាថាយ ១៩:៣-៩
c សារ៉ាគឺជាស្ត្រីតែម្នាក់គត់ដែលគម្ពីរបានប្រាប់អំពីអាយុរបស់នាង នៅពេលនាងស្លាប់។