ពួកស្មរបន្ទាល់ប្រឆាំងព្រះមិនពិត
«ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយជាអ្នកបំរើដែលអញបានរើសតាំង»។—អេសាយ ៤៣:១០
១. តើអ្នកណាជាព្រះពិត ហើយតើក្នុងរបៀបណាដែលទ្រង់មានអំណាចដ៏មហាឧត្តមលើអស់ទាំងព្រះដែលត្រូវបានគេថ្វាយបង្គំនៅសព្វថ្ងៃនេះ?
តើអ្នកណាជាព្រះពិត? នៅសព្វថ្ងៃនេះ សំនួរដ៏សំខាន់បំផុតនេះប្រឈមមុខមនុស្សលោកគ្រប់រូប។ ថ្វីបើមនុស្សទូទៅថ្វាយបង្គំព្រះជាច្រើនក្ដី មានតែព្រះមួយអង្គទេដែលអាចផ្ដល់ឲ្យជីវិតយើង ហើយឲ្យយើងនូវអនាគតដ៏សប្បាយរីករាយ។ ចំពោះតែព្រះមួយអង្គគត់ដែលអាចចែងថា៖ «ដ្បិតគឺដោយសារទ្រង់ហើយ ដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង»។ (កិច្ចការ ១៧:២៨) ពិតមែនហើយ មានតែព្រះមួយអង្គគត់ដែលមានសិទ្ធិទទួលនូវការថ្វាយបង្គំ។ ដូចជាក្រុមអ្នកចំរៀងសួគ៌ានៅក្នុងសៀវភៅវិវរណៈចែងថា៖ «ឱព្រះអម្ចាស់[ព្រះយេហូវ៉ា] ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្ដិនាម នឹងព្រះចេស្ដា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង»។—វិវរណៈ ៤:១១
២, ៣. (ក) តើតាមរបៀបណាដែលសាតាំងបានប្រកួតប្រជែងនឹងសិទ្ធិរបស់ព្រះយេហូវ៉ាចំពោះការទទួលការថ្វាយបង្គំ? (ខ) តើអ្វីជាលទ្ធផលនៃអំពើបាបរបស់នាងអេវ៉ាចំពោះខ្លួននាងនិងកូនចៅរបស់នាង ហើយតើសាតាំងបានទទួលលទ្ធផលអ្វី?
២ នៅក្នុងសួនអេដែន ដោយភូតភរ សាតាំងបានប្រកួតប្រជែងនឹងសិទ្ធិរបស់ព្រះយេហូវ៉ាចំពោះការទទួលការថ្វាយបង្គំ។ ដោយប្រើសត្វពស់ វាបានប្រាប់នាងអេវ៉ាថា បើសិនជានាងបះបោរនឹងច្បាប់របស់ព្រះយេហូវ៉ា ហើយបរិភោគពីដើមឈើដែលព្រះយេហូវ៉ាបានហាមឃាត់ នោះខ្លួននាងនឹងបានដូចជាព្រះ។ វាបាននិយាយថា៖ «ដ្បិតព្រះទ្រង់ ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។ (លោកុប្បត្តិ ៣:៥) នាងអេវ៉ាបានជឿតាមសត្វពស់នោះ ហើយក៏បានបរិភោគផ្លែឈើហាមឃាត់នោះទៅ។
៣ ពិតមែនហើយ សាតាំងបានពោលពាក្យភូតភរ។ (យ៉ូហាន ៨:៤៤) វិធីតែមួយដែលនាងអេវ៉ាបានក្លាយ«ដូចជាព្រះ» នៅពេលដែលនាងបានធ្វើបាប នោះគឺថានាងទទួលយកភារៈនៃការសម្រេចអ្វីដែលត្រូវនិងអ្វីដែលខុស ដែលជាអ្វីមួយដែលនាងគួរតែទុកឲ្យព្រះយេហូវ៉ាសម្រេច។ ហើយជាយថាហេតុនាងក៏បានស្លាប់ទៅ ផ្ទុយនឹងការភូតរបស់សាតាំង។ ដូច្នេះ មានតែសាតាំងទេដែលជាអ្នកមានឈ្មោះទទួលផលនៃអំពើបាបរបស់នាងអេវ៉ា។ ពិតប្រាកដមែន បំណងដែលពុំបានថ្លែងមករបស់សាតាំង ក្នុងការលួងលោមនាងអេវ៉ាឲ្យប្រព្រឹត្តអំពើបាប នោះគឺដើម្បីឲ្យខ្លួនវាក្លាយទៅជាព្រះតែម្ដង។ កាលដែលនាងអេវ៉ាបានប្រព្រឹត្តអំពើបាប នាងបានក្លាយទៅជាមនុស្សទីមួយដែលដើរតាមវា ហើយមិនយូរប៉ុន្មានក្រោយមក អ័ដាមក៏បានចូលរួមជាមួយនឹងនាងដែរ។ កូនចៅរបស់គេជាច្រើនមិនត្រឹមតែបានកើតមក«ក្នុងអំពើបាប»នោះទេ តែថែមទាំងបានធ្លាក់ទៅក្រោមអានុភាពរបស់សាតាំងផង។ ហើយក្នុងរយៈពេលយ៉ាងខ្លី លោកីយ៍ទាំងមូលនោះដែលបានឃ្លាតចេញពីព្រះពិត ក៏បានកើតមានឡើង។—លោកុប្បត្តិ ៦:៥; ទំនុកដំកើង ៥១:៥
៤. (ក) តើអ្នកណាជាព្រះនៃលោកីយ៍នេះ? (ខ) តើមានសេចក្ដីត្រូវការជាបន្ទាន់អំពីអ្វី?
៤ លោកីយ៍នោះត្រូវបានបំផ្លាញចោលនៅក្នុងទឹកជំនន់។ (ពេត្រុសទី២ ៣:៦) ក្រោយពីទឹកជំនន់ លោកីយ៍ទីពីរដែលបានឃ្លាតចេញពីព្រះយេហូវ៉ាក៏បានលូតលាស់ឡើង ហើយលោកីយ៍នេះនៅមានវត្តមាននៅឡើយ។ ព្រះគម្ពីរបានចែងអំពីលោកីយ៍នេះថា៖ «លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ»។ (យ៉ូហានទី១ ៥:១៩) ដោយបានប្រព្រឹត្តផ្ទុយនឹងគតិទូទៅនិងសារៈសំខាន់នៃច្បាប់របស់ព្រះយេហូវ៉ា លោកីយ៍នេះគឺកំពុងតែធ្វើតាមគោលបំណងរបស់សាតាំង។ វាជាព្រះរបស់លោកីយ៍នេះ។ (កូរិនថូសទី២ ៤:៤) ប៉ុន្តែ វាជាព្រះដែលគ្មានអំណាចសោះ។ វាមិនអាចធ្វើឲ្យមនុស្សសប្បាយ ឬឲ្យជីវិតដល់ពួកគេទេ។ មានតែព្រះយេហូវ៉ាទេដែលអាចធ្វើយ៉ាងនេះបាន។ ដូច្នេះ មនុស្សណាដែលចង់បានជីវិតដែលពោរពេញទៅដោយអត្ថន័យ និងពិភពលោកដ៏ល្អ ទីមួយជននោះត្រូវតែរៀនឲ្យដឹងថាព្រះយេហូវ៉ាជាព្រះពិត ហើយត្រូវតែរៀនធ្វើតាមគោលបំណងរបស់ទ្រង់។ (ទំនុកដំកើង ៣៧:១៨, ២៧, ២៨; សាស្ដា ១២:១៣) ដូច្នេះហើយ បានជាមានសេចក្ដីត្រូវការជាបន្ទាន់ចំពោះមនុស្សប្រុសស្រីដែលមានជំនឿ ដើម្បីធ្វើបន្ទាល់ ឬប្រកាសសេចក្ដីពិតអំពីព្រះយេហូវ៉ា។
៥. តើ«ស្មរបន្ទាល់១ហ្វូងធំ»ណាដែលប៉ុលបានរៀបរាប់មក? ចូររៀបរាប់ឈ្មោះខ្លះៗដែលគាត់បាននិយាយមកនោះ។
៥ បុគ្គលស្មោះត្រង់ទាំងនេះបានលេចឡើងក្នុងឆាកពិភពលោកតាំងពីដើមកំណើតមនុស្សជាតិមកម្ល៉េះ។ នៅហេព្រើរជំពូក១១ សាវ័កប៉ុលបានឲ្យបញ្ជីដ៏វែងមួយអំពីពួកគេ ហើយបានហៅពួកគេជា «ស្មរបន្ទាល់១ហ្វូងធំ»។ (ហេព្រើរ ១២:១) អេបិលជាកូនប្រុសទីពីររបស់អ័ដាមនិងនាងអេវ៉ា គឺជាបុគ្គលដំបូងបង្អស់នៅក្នុងបញ្ជីរបស់ប៉ុល។ លោកហេណុកនិងណូអេត្រូវបានរៀបរាប់ផងដែរក្នុងសម័យមុននឹងទឹកជំនន់។ (ហេព្រើរ ១១:៤, ៥, ៧) បុគ្គលដ៏ធំដុំជាងគេ នោះគឺលោកអ័ប្រាហាំ ដែលជាជីដូនជីតានៃសាសន៍យូដា។ លោកអ័ប្រាហាំ ដែលត្រូវបានគេហៅជា‹មិត្តសំឡាញ់របស់ព្រះយេហូវ៉ា› បានក្លាយទៅជាជីតារបស់ព្រះយេស៊ូ ដែលជា«ស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ»។—យ៉ាកុប ២:២៣; វិវរណៈ ៣:១៤
ទីបន្ទាល់របស់អ័ប្រាហាំចំពោះសេចក្ដីពិត
៦, ៧. តើតាមវិធីណាដែលជីវិតនិងការប្រព្រឹត្តរបស់លោកអ័ប្រាហាំ ធ្វើជាទីបន្ទាល់ថា ព្រះយេហូវ៉ាជាព្រះពិតនោះ?
៦ តើលោកអ័ប្រាហាំបានបំរើជាស្មរបន្ទាល់ម្នាក់តាមរបៀបណា? គឺតាមរយៈជំនឿដ៏មុតមាំនិងការគោរពដ៏ស្មោះរបស់គាត់ចំពោះព្រះយេហូវ៉ា។ នៅពេលដែលព្រះបង្គាប់គាត់ឲ្យចេញពីទីក្រុងអ៊ើរ ហើយទៅរស់នៅមួយជីវិតក្នុងស្រុកឯទៀត លោកអ័ប្រាហាំបានគោរពធ្វើតាម។ (លោកុប្បត្តិ ១៥:៧; កិច្ចការ ៧:២-៤) ជាធម្មតា ពួកកុលសម្ព័ន្ធតែងតែលះបង់ចោលជីវភាពផ្លាស់ប្ដូរលំនៅរបស់គេ ហើយទៅរស់នៅក្នុងទីក្រុងវិញដែលជាកន្លែងសុខសាន្ត។ ដូច្នេះហើយ កាលដែលលោកអ័ប្រាហាំចាកចេញពីទីក្រុងទៅរស់នៅក្នុងរោងសំពត់ លោកបានសម្ដែងឲ្យឃើញជាភស្តុតាងដ៏ច្បាស់ពីការទុកចិត្តរបស់លោកទៅលើព្រះយេហូវ៉ា។ ការគោរពតាមរបស់លោកគឺជាទីបន្ទាល់ដល់ពួកអ្នកក្រៅដែលសង្កេតមើលចរិយារបស់គាត់។ ព្រះយេហូវ៉ាបានប្រទានពរជាច្រើនដល់លោកអ័ប្រាហាំចំពោះជំនឿរបស់លោក។ ថ្វីបើលោកអ័ប្រាហាំរស់នៅក្នុងរោងសំពត់ក្ដី លោកបានរីកចំរើនមានទ្រព្យសម្បត្ដិជាច្រើន។ ពេលដែលឡុតនិងគ្រួសារត្រូវបានគេចាប់យកទៅ ព្រះយេហូវ៉ាបានផ្ដល់ឲ្យលោកអ័ប្រាហាំមានជ័យជំនះក្នុងការដេញតាម ដើម្បីឲ្យលោកអាចជួយសង្គ្រោះដល់ពួកគេ។ ប្រពន្ធរបស់លោកអ័ប្រាហាំបង្កើតបានកូនប្រុសម្នាក់ក្នុងកាលអាយុចាស់ ហើយនេះបញ្ជាក់ពីកិច្ចសន្យារបស់ព្រះយេហូវ៉ា ដែលថាលោកអ័ប្រាហាំនឹងបង្កើតឲ្យមានពូជមួយ។ តាមរយៈលោកអ័ប្រាហាំ មនុស្សបានឃើញថា ព្រះយេហូវ៉ាគឺជាព្រះដ៏មានព្រះជន្មរស់ដែលបំពេញកិច្ចសន្យារបស់ទ្រង់។—លោកុប្បត្តិ ១២:១-៣; ១៤:១៤-១៦; ២១:១-៧
៧ នៅពេលដែលត្រឡប់មកពីសង្គ្រោះឡុតវិញ លោកអ័ប្រាហាំបានជួបម៉ិលគីស្សាដែក ដែលជាស្តេចក្រុងសាឡិម (ដែលក្រោយមក ហៅយេរូសាឡិម) ដែលបានទទួលស្វាគមន៍លោកអ័ប្រាហាំ ដោយមានបន្ទូលថា៖ «សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត»។ ស្តេចក្រុងសូដុំមក៏បានមកជួបលោកដែរ ហើយចង់ឲ្យអំណោយដល់លោក។ លោកអ័ប្រាហាំបានបដិសេធមិនទទួល។ តើហេតុអ្វី? ពីព្រោះគាត់មិនចង់ឲ្យមានការសង្ស័យអំពីប្រភពនៃប្រសិទ្ធិពររបស់គាត់ឡើយ។ គាត់បានមានប្រសាសន៍ថា៖ «ទូលបង្គំបានលើកដៃស្បថចំពោះព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌នឹងផែនដីថា ទូលបង្គំនឹងមិនយកអ្វីសោះ សូម្បីតែចេស១សរសៃ ឬខ្សែស្បែកជើង១ ឬអ្វីៗរបស់ទ្រង់ឡើយ ខ្លាចក្រែងទ្រង់មានបន្ទូលថា ‹អញបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន›»។ (លោកុប្បត្តិ ១៤:១៧-២៤) លោកអ័ប្រាហាំជាស្មរបន្ទាល់ដ៏ប្រសើរម្នាក់មែន!
សាសន៍នៃពួកស្មរបន្ទាល់
៨. តើម៉ូសេបានបង្ហាញជំនឿយ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៨ ម៉ូសេជាកូនចៅរបស់លោកអ័ប្រាហាំក៏មានឈ្មោះនៅក្នុងបញ្ជីរបស់ប៉ុលនៃពួកស្មរបន្ទាល់ដែរ។ លោកម៉ូសេបានលះបង់ចោលទ្រព្យសម្បត្ដិនៃប្រទេសអេស៊ីប ហើយក្រោយមកបានប្រឈមមុខយ៉ាងក្លាហាននឹងមេគ្រប់គ្រងនៃប្រទេសមហាអំណាចនោះ ដើម្បីដឹកនាំកូនចៅអ៊ីស្រាអែលទៅកាន់សេរីភាព។ តើគាត់បានសេចក្ដីក្លាហានពីណាមក? គឺពីជំនឿរបស់គាត់។ ប៉ុលបានមានប្រសាសន៍ថា៖ «[ម៉ូសេ] លោកបានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ»។ (ហេព្រើរ ១១:២៧) ពួកព្រះរបស់សាសន៍អេស៊ីបអាចមើលឃើញ ហើយអាចពាល់បាន។ សូម្បីតែនៅសព្វថ្ងៃនេះ មនុស្សក៏នៅតែកោតស្ងើចនឹងរូបព្រះទាំងនេះដែរ។ ប៉ុន្តែ ព្រះយេហូវ៉ា ថ្វីបើមើលមិនឃើញក្ដី គឺជាព្រះដ៏ពិតចំពោះម៉ូសេជាងពួកព្រះមិនពិតទាំងនោះទៅទៀត។ លោកម៉ូសេជឿជាក់ថាមានព្រះយេហូវ៉ា ហើយទ្រង់នឹងប្រទានពរដល់ពួកអ្នកថ្វាយបង្គំរបស់ទ្រង់។ (ហេព្រើរ ១១:៦) លោកម៉ូសេបានក្លាយទៅជាស្មរបន្ទាល់ដ៏ប្រសើរម្នាក់។
៩. តើសាសន៍អ៊ីស្រាអែលត្រូវបំរើព្រះយេហូវ៉ាតាមរបៀបណា?
៩ ក្រោយពីបានដឹកនាំប្រជាជនអ៊ីស្រាអែលទៅកាន់សេរីភាពហើយ លោកម៉ូសេបានក្លាយទៅជាអន្តរការី ឬក៏ជាអ្នកកណ្ដាលនៃកិច្ចព្រមព្រៀងរវាងព្រះយេហូវ៉ានិងកូនចៅរបស់លោកអ័ប្រាហាំតាមរយៈយ៉ាកុប។ ជាលទ្ធផល សាសន៍អ៊ីស្រាអែលបានក្លាយទៅជាសម្បត្ដិពិសេសរបស់ព្រះយេហូវ៉ា។ (និក្ខមនំ ១៩:៥, ៦) ជាលើកដំបូង ដែលទីបន្ទាល់ជាតិត្រូវបានធ្វើឡើង។ ប្រមាណ៨០០ឆ្នាំក្រោយមក ពាក្យបន្ទូលរបស់ព្រះយេហូវ៉ាតាមរយៈអេសាយ បានសម្រេចជាគោលការណ៍តាំងពីដើមកំណើតនៃសាសន៍នេះ គឺថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ‹ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយជាអ្នកបំរើដែលអញបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់អញ ព្រមទាំងយល់ថា គឺអញនេះហើយ›»។ (អេសាយ ៤៣:១០) តើសាសន៍ថ្មីនេះអាចបំរើជាស្មរបន្ទាល់របស់ព្រះយេហូវ៉ាតាមរបៀបណា? គឺតាមរយៈជំនឿនិងការគោរពរបស់គេ ហើយតាមរយៈសកម្មភាពរបស់ព្រះយេហូវ៉ាជាប្រយោជន៍ដល់ពួកគេ។
១០. ក្នុងវិធីណាដែលកិច្ចការដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ាចំពោះប្រយោជន៍ដល់សាសន៍អ៊ីស្រាអែល ផ្ដល់ឲ្យឃើញជាទីបន្ទាល់នោះ ហើយតើមានលទ្ធផលយ៉ាងណា?
១០ ប្រមាណ៤០ឆ្នាំបន្ទាប់ពីការចាប់ផ្ដើមមក សាសន៍អ៊ីស្រាអែលជិតនឹងយកបានស្រុកសន្យា។ ពួកឈ្លបបានចេញទៅយកការណ៍នៅទីក្រុងយេរីខូរ ហើយនាងរ៉ាហាប ដែលជាអ្នករស់នៅទីនោះ បានការពារពួកគេ។ តើហេតុអ្វី? នាងបានមានប្រសាសន៍ថា៖ «យើងបានឮពីការ ដែលព្រះយេហូវ៉ាទ្រង់ធ្វើឲ្យទឹកសមុទ្រក្រហមរីងទៅ នៅមុខអ្នករាល់គ្នា ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក ហើយពីការដែលអ្នករាល់គ្នាបានធ្វើ ដល់ស្តេចសាសន៍អាម៉ូរីទាំង២អង្គ នៅខាងនាយទន្លេយ័រដាន់នោះដែរ គឺដល់ស៊ីហុនហើយនឹងអុក ដែលអ្នករាល់គ្នាបានបំផ្លាញអស់រលីងទៅ។ កាលដែលយើងខ្ញុំបានឮ នោះចិត្តយើងខ្ញុំបានរលត់ទៅភ្លាម គ្មានវិញ្ញាណនៅក្នុងមនុស្សណាទៀតសោះ ដោយព្រោះអ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទ្រង់ជាព្រះលើស្ថានសួគ៌ ហើយជាព្រះលើផែនដីផង»។ (យ៉ូស្វេ ២:១០, ១១) សេចក្ដីរាយការណ៍អំពីកិច្ចការដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ាបានជំរុញនាងរ៉ាហាបនិងគ្រួសាររបស់នាងឲ្យចេញពីទីក្រុងយេរីខូរ និងពួកព្រះមិនពិតនៃក្រុងនោះ ហើយមកថ្វាយបង្គំព្រះយេហូវ៉ាជាមួយនឹងសាសន៍អ៊ីស្រាអែល។ យ៉ាងច្បាស់ណាស់ ព្រះយេហូវ៉ាបានផ្ដល់នូវទីបន្ទាល់យ៉ាងខ្លាំងក្លាតាមរយៈសាសន៍អ៊ីស្រាអែល។—យ៉ូស្វេ ៦:២៥
១១. តើឪពុកម្ដាយជនជាតិអ៊ីស្រាអែលមានភារកិច្ចអ្វីក្នុងការធ្វើបន្ទាល់?
១១ កាលដែលសាសន៍អ៊ីស្រាអែលនៅក្នុងស្រុកអេស៊ីបនៅឡើយ ព្រះយេហូវ៉ាបានចាត់ឲ្យម៉ូសេទៅជួបស្តេចផារ៉ោន ហើយបានមានបន្ទូលថា៖ «ចូរទៅគាល់ផារ៉ោន ដ្បិតអញបានបណ្ដាលឲ្យចិត្តទ្រង់នឹងចិត្តនៃពួកមហាតលិកទ្រង់រឹងទទឹង ដើម្បីឲ្យអញបានសំដែងអស់ទាំងទីសំគាល់របស់អញ នៅក្នុងចំណោមពួកគេ។ ហើយឲ្យឯងបាននិទានប្រាប់ដល់កូនចៅឯងពីការដែលអញបានធ្វើនៅស្រុកអេស៊ីព្ទ នឹងពីទីសំគាល់ទាំងប៉ុន្មានដែលអញបានសំដែងនៅក្នុងពួកគេ យ៉ាងនោះ ឯងនឹងបានដឹងថា អញនេះជាព្រះយេហូវ៉ាពិត»។ (និក្ខមនំ ១០:១, ២) ប្រជាជនអ៊ីស្រាអែលដែលគោរពតាម នឹងប្រាប់កូនចៅរបស់គេអំពីកិច្ចការក៏ខ្លាំងក្លារបស់ព្រះយេហូវ៉ា។ កូនចៅក៏នឹងប្រាប់តៗគ្នាទៅកូនចៅរបស់គេទៀត ពីតំណមួយទៅតំណមួយ។ ដូច្នេះ កិច្ចការដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ានឹងត្រូវបានចងចាំជានិច្ច។ នៅសព្វថ្ងៃនេះ ឱពុកម្ដាយក៏មានភារកិច្ចក្នុងការធ្វើបន្ទាល់ដល់កូនចៅរបស់គេដែរ។—ចោទិយកថា ៦:៤-៧; សុភាសិត ២២:៦
១២. តើតាមរបៀបណា ដែលការប្រទានពរដល់ស្តេចសាឡូម៉ូននិងសាសន៍អ៊ីស្រាអែលពីព្រះយេហូវ៉ា បានធ្វើជាទីបន្ទាល់នោះ?
១២ ប្រសិទ្ធិពរដ៏បរិបូរនៃព្រះយេហូវ៉ាមកលើសាសន៍អ៊ីស្រាអែលនៅពេលដែលស្មោះត្រង់នោះ បានធ្វើជាទីបន្ទាល់ដល់ពួកសាសន៍ដទៃដែលនៅជិតខាង។ ក្រោយពីបានរៀបរាប់អំពីប្រសិទ្ធិពរដែលព្រះយេហូវ៉ាបានសន្យាមក លោកម៉ូសេបានមានប្រសាសន៍ថា៖ «នោះគ្រប់ទាំងសាសន៍នៅផែនដីនឹងឃើញថា ឯងជាអ្នកមានឈ្មោះតាមព្រះនាមព្រះយេហូវ៉ា ហើយគេនឹងកោតខ្លាចដល់ឯង»។ (ចោទិយកថា ២៨:១០) ស្តេចសាឡូម៉ូនបានទទួលប្រាជ្ញានិងទ្រព្យសម្បត្ដិ ដោយសារតែជំនឿរបស់ទ្រង់។ នៅក្រោមការគ្រប់គ្រងរបស់ទ្រង់ សាសន៍អ៊ីស្រាអែលបានចំរើនហើយមានសន្ដិភាពយ៉ាងយូរ។ អំពីសម័យនោះ យើងអានថា៖ «មានមនុស្សមូលមកពីគ្រប់ទាំងសាសន៍ ដើម្បីស្ដាប់ប្រាជ្ញារបស់សាឡូម៉ូន គឺមកពីអស់ទាំងស្តេចនៅផែនដី ជាកន្លែងដែលគេបានឮថ្លែងប្រាប់ពីប្រាជ្ញាទ្រង់»។ (ពង្សាវតារក្សត្រទី១ ៤:២៥, ២៩, ៣០, ៣៤) ភ្ញៀវដ៏ធំដុំជាងគេក្នុងចំណោមពួកភ្ញៀវរបស់ស្តេចសាឡូម៉ូន គឺជាមហាក្សត្រីនៃស្រុកសេបា។ បន្ទាប់ពីបានឃើញដោយខ្លួននាងផ្ទាល់នូវប្រសិទ្ធិពររបស់ព្រះយេហូវ៉ាមកលើសាសន៍និងស្តេច នាងបានមានប្រសាសន៍ថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃទ្រង់បានព្រះពរដែលទ្រង់បានសព្វព្រះហឫទ័យនឹងព្រះករុណា ដើម្បីនឹងលើកព្រះករុណាឡើង ឲ្យគង់លើបល្ល័ង្ករាជ្យ ធ្វើជាស្តេចថ្វាយព្រះយេហូវ៉ា ជាព្រះនៃទ្រង់ គឺដោយព្រោះព្រះនៃទ្រង់បានស្រឡាញ់សាសន៍អ៊ីស្រាអែល»។—របាក្សត្រទី២ ៩:៨
១៣. តើអ្វីដែលប្រហែលជាទីបន្ទាល់ដ៏មានប្រសិទ្ធិភាពបំផុតរបស់សាសន៍អ៊ីស្រាអែល ហើយតាមរបៀបណាដែលយើងនៅតែទទួលប្រយោជន៍ពីការធ្វើបន្ទាល់នោះ?
១៣ សាវ័កប៉ុលបានថ្លែងអំពីអ្វីដែលប្រហែលជាទីបន្ទាល់ដ៏មានប្រសិទ្ធិភាពបំផុតរបស់សាសន៍អ៊ីស្រាអែល។ នៅពេលដែលពិគ្រោះអំពីសាសន៍អ៊ីស្រាអែលខាងសាច់ឈាមជាមួយក្រុមជំនុំគ្រីស្ទាននៅរ៉ូម គាត់បានមានប្រសាសន៍ថា៖ «ព្រះបានផ្ញើព្រះបន្ទូលទុកនឹងគេ»។ (រ៉ូម ៣:១, ២) ចាប់ផ្ដើមនឹងលោកម៉ូសេ ប្រជាជនអ៊ីស្រាអែលដ៏ស្មោះត្រង់ខ្លះត្រូវបានព្រះបណ្ដាលឲ្យកត់ទុកជាឯកសារនូវការទាក់ទងរបស់ព្រះយេហូវ៉ាជាមួយសាសន៍អ៊ីស្រាអែល ព្រមទាំងដំបូន្មាន ច្បាប់និងទំនាយរបស់ទ្រង់ផង។ តាមរយៈឯកសារទាំងនេះ ពួកស្មៀនពីបុរាណទាំងនោះបានធ្វើបន្ទាល់ដល់គ្រប់តំណមនុស្សនៅអនាគត—រួមទាំងតំណនៅសព្វថ្ងៃនេះដែរ—ដែលថាមានព្រះតែមួយអង្គគត់ ហើយព្រះនាមទ្រង់គឺព្រះយេហូវ៉ា។—ដានីយ៉ែល ១២:៩; ពេត្រុសទី១ ១:១០-១២
១៤. ហេតុអ្វីក៏ពួកអ្នកខ្លះដែលធ្វើបន្ទាល់ចំពោះព្រះយេហូវ៉ាបានរងទុក្ខការបៀតបៀននោះ?
១៤ គួរឲ្យសោកស្ដាយដែរ ជាញឹកញាប់សាសន៍អ៊ីស្រាអែលពុំបានអនុវត្តជំនឿ ហើយព្រះយេហូវ៉ាក៏បានចាត់ពួកស្មរបន្ទាល់ឲ្យមកសាសន៍របស់ទ្រង់នេះ។ ពួកស្មរបន្ទាល់ទាំងនេះជាច្រើនត្រូវបានគេធ្វើទុកបៀតបៀន។ ប៉ុលបានមានប្រសាសន៍ថា អ្នកខ្លះ «ត្រូវសេចក្ដីល្បង ដោយមានគេចំអកឲ្យ ទាំងវាយនឹងរំពាត់ ក៏ទ្រាំទាំងជាប់ចំណង នឹងជាប់គុកផង»។ (ហេព្រើរ ១១:៣៦) នេះជាពួកស្មរបន្ទាល់យ៉ាងស្មោះត្រង់មែន! ជាការគួរឲ្យសោកស្ដាយណាស់ ដែលការធ្វើទុកបៀតបៀនរបស់គេតែងតែមានមកពីសមាជិកគ្នីគ្នានៃសាសន៍ជ្រើសរើសរបស់ព្រះយេហូវ៉ា! (ម៉ាថាយ ២៣:៣១, ៣៧) តាមការពិត អំពើបាបនៃសាសន៍អ៊ីស្រាអែលបានក្លាយទៅជាធំដ៏ម្ល៉េះ ដែលនៅឆ្នាំ៦០៧ ម.ស.យ. ព្រះយេហូវ៉ាបាននាំពួកបាប៊ីឡូនមកបំផ្លាញចោលក្រុងយេរូសាឡិមនិងព្រះវិហារ ហើយក៏បានចាប់យកប្រជាជនអ៊ីស្រាអែលនៅរស់ជាច្រើន។ (យេរេមា ២០:៤; ២១:១០) តើនេះជាការបញ្ចប់នៃទីបន្ទាល់ជាតិដល់ព្រះនាមព្រះយេហូវ៉ាឬ? គឺមិនមែនទេ។
ការល្បងមើលនៃពួកព្រះ
១៥. តើបានធ្វើបន្ទាល់តាមរបៀបណា ថ្វីបើនៅស្រុកបាប៊ីឡូននោះ?
១៥ សូម្បីតែនិរទេសនៅក្នុងស្រុកបាប៊ីឡូនក្ដី ក៏សមាជិកស្មោះត្រង់នៃសាសន៍អ៊ីស្រាអែលមិនបានស្ទាក់ស្ទើរក្នុងការធ្វើបន្ទាល់អំពីព្រះយេហូវ៉ានិងព្រះចេស្ដារបស់ទ្រង់ឡើយ។ ឧទាហរណ៍ ដានីយ៉ែលបានបកស្រាយយ៉ាងអង់អាចនូវសុបិនរបស់ស្តេចនេប៊ូក្នេសា និងបានពន្យល់អំពីការសរសេរនៅលើជញ្ជាំងឲ្យស្តេចបេលសាសារ ហើយបានបដិសេធមិនសម្របសម្រួលនៅចំពោះព្រះរាជាដារីយុសអំពីការអធិស្ឋាន។ យ៉ាងនេះដែរ យុវជនហេព្រើរបីនាក់បានធ្វើបន្ទាល់ដ៏អស្ចារ្យដល់ស្តេចនេប៊ូក្នេសា នៅពេលដែលពួកគេបានបដិសេធមិនព្រមក្រាបថ្វាយបង្គំរូបព្រះ។—ដានីយ៉ែល ៣:១៣-១៨; ៥:១៣-២៩; ៦:៤-២៧
១៦. តើតាមរបៀបណាដែលព្រះយេហូវ៉ាបានទាយប្រាប់អំពីការវិលត្រឡប់មកវិញនៃសាសន៍អ៊ីស្រាអែល ហើយតើការត្រឡប់មកវិញនេះមានបំណងចំពោះអ្វី?
១៦ យ៉ាងណាក្ដី ព្រះយេហូវ៉ាបានមានបំណងថា នឹងត្រូវមានការធ្វើទីបន្ទាល់ជាតិម្ដងទៀតនៅក្នុងស្រុកអ៊ីស្រាអែល។ អេសេគាល ដែលជាព្យាការីក្នុងចំណោមពួកយូដាដែលបាននិរទេសទៅស្រុកបាប៊ីឡូន បានសរសេរអំពីការប្ដេជ្ញារបស់ព្រះយេហូវ៉ាចំពោះស្រុកដ៏ខ្ទេចខ្ទីនេះ៖ «អញនឹងឲ្យមនុស្សចំរើនឡើងនៅក្នុងឯង គឺជាពួកវង្សអ៊ីស្រាអែលទាំងមូល ដូច្នេះទីក្រុងទាំងប៉ុន្មានរបស់ឯងនឹងមានមនុស្សនៅ ហើយអស់ទាំងទីខូចបង់នឹងបានសង់ឡើងវិញ»។ (អេសេគាល ៣៦:១០) ហេតុអ្វីក៏ព្រះយេហូវ៉ាធ្វើដូច្នេះ? ទីមួយ គឺជាទីបន្ទាល់ដល់ព្រះនាមផ្ទាល់របស់ទ្រង់។ ទ្រង់បានមានបន្ទូលតាមរយៈអេសេគាលថា៖ «ឱពួកវង្សអ៊ីស្រាអែលអើយ អញមិនមែនធ្វើការនេះ ដោយយល់ដល់ឯងរាល់គ្នាទេ គឺដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់អញវិញ ជាឈ្មោះដែលឯងរាល់គ្នាបានបង្អាប់ នៅកណ្ដាលអស់ទាំងសាសន៍»។—អេសេគាល ៣៦:២២; យេរេមា ៥០:២៨
១៧. តើបរិបទនៃពាក្យនៅអេសាយ ៤៣:១០ជាអ្វី?
១៧ ដោយសារតែបានទាយអំពីការវិលត្រឡប់មកវិញនៃសាសន៍អ៊ីស្រាអែល ពីនិរទេសនៅបាប៊ីឡូន បានជាព្រះបណ្ដាលឲ្យព្យាការីអេសាយកត់ទុកពាក្យបន្ទូលនៅអេសាយ ៤៣:១០ដែលថា សាសន៍អ៊ីស្រាអែលជាស្មរបន្ទាល់ព្រះយេហូវ៉ា ជាអ្នកបំរើរបស់ទ្រង់។ នៅអេសាយ ៤៣ និង ៤៤ ព្រះយេហូវ៉ាត្រូវបានរៀបរាប់ជា ព្រះដែលបង្កើតសាសន៍អ៊ីស្រាអែល អ្នកបង្កើត ជាព្រះ ជាព្រះដ៏បរិសុទ្ធ ជាព្រះដ៏សង្គ្រោះ ជាព្រះដ៏ប្រោសលោះ ជាមហាក្សត្រ ហើយជាអ្នកជបសូន។ (អេសាយ ៤៣:៣, ១៤, ១៥; ៤៤:២) ព្រះបានអនុញ្ញាតឲ្យសាសន៍អ៊ីស្រាអែលនិរទេស ពីព្រោះម្ដងហើយម្ដងទៀតសាសន៍នេះពុំបានលើកដំកើងទ្រង់ឲ្យដូចឋានន្តរខាងលើនេះឡើយ។ យ៉ាងណាក្ដី ពួកគេនៅតែជាប្រជារាស្ត្ររបស់ទ្រង់។ ព្រះយេហូវ៉ាបានមានបន្ទូលទៅពួកគេថា៖ «កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ»។ (អេសាយ ៤៣:១) និរទេសនៃសាសន៍អ៊ីស្រាអែលនឹងត្រូវចប់។
១៨. តើតាមរបៀបណាដែលការរំដោះនៃសាសន៍អ៊ីស្រាអែលពីស្រុកបាប៊ីឡូន បង្ហាញថាព្រះយេហូវ៉ាជាព្រះពិតតែមួយនោះ?
១៨ ជាពិតប្រាកដ ព្រះយេហូវ៉ាបានរំដោះសាសន៍អ៊ីស្រាអែលពីបាប៊ីឡូន ឲ្យចូលក្នុងការល្បងមើលនៃពួកព្រះ។ ទ្រង់បានប្រកួតប្រជែងនឹងពួកព្រះមិនពិតរបស់សាសន៍ដទៃឲ្យស្មរបន្ទាល់របស់គេបញ្ចេញខ្លួនមក ហើយទ្រង់បានតែងតាំងសាសន៍អ៊ីស្រាអែលជាស្មរបន្ទាល់របស់ទ្រង់។ (អេសាយ ៤៣:៩, ១២) នៅពេលដែលទ្រង់បានរំដោះសាសន៍អ៊ីស្រាអែល ទ្រង់បានបង្ហាញឲ្យឃើញថា ពួកព្រះរបស់បាប៊ីឡូនមិនមែនជាព្រះទាល់តែសោះ ហើយថាទ្រង់ជាព្រះពិតតែមួយអង្គគត់។ (អេសាយ ៤៣:១៤, ១៥) ប្រមាណ២០០ឆ្នាំមុននឹងការរំដោះនោះ ទ្រង់បានតែងតាំងស៊ីរូសស្តេចពើស៊ី ជាអ្នកបំរើរបស់ទ្រង់ឲ្យដោះលែងពួកយូដា ដែលទ្រង់បានឲ្យភស្តុតាងថែមទៀតអំពីភាពជាព្រះរបស់ទ្រង់។ (អេសាយ ៤៤:២៨) សាសន៍អ៊ីស្រាអែលនឹងត្រូវបានរំដោះ។ តើហេតុអ្វី? ព្រះយេហូវ៉ាពន្យល់ថា៖ «ដើម្បីឲ្យគេ[សាសន៍អ៊ីស្រាអែល]បានសំដែងចេញជាសេចក្ដីសរសើររបស់អញ»។ (អេសាយ ៤៣:២១) នេះនឹងផ្ដល់ឲ្យឱកាសតទៅទៀតសំរាប់ការធ្វើទីបន្ទាល់។
១៩. តើស្តេចស៊ីរូសបានផ្ដល់ការធ្វើបន្ទាល់អំពីអ្វី ដោយអញ្ជើញពួកអ៊ីស្រាអែលឲ្យត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ហើយដោយការប្រព្រឹត្តរបស់ពួកយូដាដែលមានចិត្តស្មោះក្រោយពីត្រឡប់មកវិញនោះ?
១៩ នៅពេលដែលគ្រាកំណត់បានមកដល់ ស៊ីរូសស្តេចពើស៊ីបានច្បាំងឈ្នះបាប៊ីឡូនដូចជាបានទាយមកមែន។ ស៊ីរូស ថ្វីបើជាអ្នកមិនជឿព្រះក្ដី បានប្រកាសអំពីភាពជាព្រះនៃព្រះយេហូវ៉ា នៅពេលដែលទ្រង់បានធ្វើសេចក្ដីថ្លែងដល់ពួកយូដានៅបាប៊ីឡូនថា៖ «បើមានអ្នកណាជារបស់ផងទ្រង់ នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅឯក្រុងយេរូសាឡិមដែលនៅស្រុកយូដា ដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលចុះ គឺជាព្រះដែលគង់នៅក្រុងយេរូសាឡិមនោះ»។ (អែសរ៉ា ១:៣) ពួកយូដាជាច្រើនបានតបឆ្លើយ។ ពួកគេបានចាប់ផ្ដើមធ្វើដំណើរយ៉ាងឆ្ងាយទៅស្រុកសន្យា ហើយក៏តម្លើងអាសនាមួយនៅកន្លែងព្រះវិហារចាស់។ ថ្វីបើមានការបាក់ទឹកចិត្តនិងការជំទាស់យ៉ាងខ្លាំងក្ដី នៅទីបំផុត ពួកគេបានស្អាងព្រះវិហារនិងក្រុងយេរូសាឡិមឡើងវិញ។ ការទាំងអស់នេះបានកើតឡើង ដូចជាព្រះយេហូវ៉ាអង្គបានមានបន្ទូលមកថា «មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់[ទ្រង់]វិញ»។ (សាការី ៤:៦) ការសម្រេចទាំងនេះបានឲ្យភស្តុតាងថែមទៀតថា ព្រះយេហូវ៉ាគឺជាព្រះពិត។
២០. ថ្វីបើអ៊ីស្រាអែលមានការទន់ខ្សោយក្ដី តើយើងអាចនិយាយយ៉ាងណា អំពីការធ្វើបន្ទាល់របស់គេដល់ព្រះនាមព្រះយេហូវ៉ាក្នុងសម័យពីបុរាណនោះ?
២០ ដូច្នេះហើយ ព្រះយេហូវ៉ាបានប្រើសាសន៍អ៊ីស្រាអែលតទៅទៀតជាស្មរបន្ទាល់របស់ទ្រង់ ថ្វីបើសាសន៍នេះមិនល្អឥតខ្ចោះ ហើយជួនកាលជាប្រជារាស្ត្របះបោរផង។ នៅក្នុងពិភពលោកមុនសម័យគ្រីស្ទាន សាសន៍នោះ ជាមួយនិងព្រះវិហារ ហើយពួកសង្ឃ បានតំណាងទីកណ្ដាលពិភពលោកនៃការថ្វាយបង្គំពិត។ អ្នកណាដែលអានបទគម្ពីរភាសាហេព្រើរដែលស្តីអំពីកិច្ចការរបស់ព្រះយេហូវ៉ាចំពោះសាសន៍អ៊ីស្រាអែល អាចយល់យ៉ាងច្បាស់លាស់ថា មានព្រះពិតតែមួយអង្គប៉ុណ្ណោះ ហើយព្រះនាមរបស់ទ្រង់គឺព្រះយេហូវ៉ា។ (ចោទិយកថា ៦:៤; សាការី ១៤:៩) យ៉ាងណាក៏ដោយ នឹងមានការធ្វើបន្ទាល់ដ៏ធំជាងនេះទៅទៀតដល់ព្រះនាមរបស់ព្រះយេហូវ៉ា ហើយយើងនឹងពិគ្រោះអំពីរឿងនេះនៅក្នុងអត្ថបទជាបន្ទាប់។
តើអ្នកនៅចាំទេ?
◻ តើតាមរបៀបណាដែលលោកអ័ប្រាហាំបានផ្ដល់នូវទីបន្ទាល់ ថាព្រះយេហូវ៉ាជាព្រះពិតនោះ?
◻ តើគុណសម្បត្ដិដ៏អស្ចារ្យរបស់លោកម៉ូសេមួយណា ដែលជួយគាត់ឲ្យធ្វើជាស្មរបន្ទាល់ដ៏ស្មោះត្រង់បាន?
◻ តាមរបៀបណាដែលសាសន៍អ៊ីស្រាអែលបានផ្ដល់ការធ្វើបន្ទាល់អំពីព្រះយេហូវ៉ាជាសាសន៍មួយនោះ?
◻ តើតាមរបៀបណាដែលការរំដោះនៃសាសន៍អ៊ីស្រាអែលពីស្រុកបាប៊ីឡូនសម្ដែងថា ព្រះយេហូវ៉ាជាព្រះពិតតែមួយអង្គនោះ?
[រូបភាពនៅទំព័រ១០]
តាមរយៈជំនឿនិងការគោរពធ្វើតាមរបស់គាត់ លោកអ័ប្រាហាំបានធ្វើបន្ទាល់យ៉ាងប្រសើរដល់ភាពជាព្រះរបស់ព្រះយេហូវ៉ា