ចូររក្សាការពារកេរដំណែលរបស់អ្នកដោយធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ
«ចូរស្អប់ខ្ពើមអ្វីៗដែលទុច្ចរិត ហើយកាន់ខ្ជាប់អ្វីៗដែលល្អ»។—រ៉ូម ១២:៩
១, ២. (ក) តើតាមរបៀបណាអ្នកបានសម្រេចចិត្តបម្រើព្រះ? (ខ) តើយើងអាចសួរសំណួរអ្វីខ្លះស្តីអំពីកេរដំណែលដែលមកពីព្រះ?
យើងរាប់លាននាក់បានធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដោយបម្រើព្រះយេហូវ៉ានិងដើរតាមលំអានដានលោកយេស៊ូគ្រិស្តយ៉ាងដិតដល់។ (ម៉ាថ. ១៦:២៤; ១ពេ. ២:២១) ការប្រគល់ខ្លួនជូនព្រះគឺជាការសម្រេចចិត្តដ៏សំខាន់បំផុត។ ការសម្រេចចិត្តរបស់យើងមិនមែនផ្អែកលើចំណេះសើៗអំពីបទគម្ពីរពីរបីប៉ុណ្ណោះទេ ប៉ុន្តែគឺតាមរយៈការសិក្សាបណ្ដាំរបស់ព្រះដោយយកចិត្តទុកដាក់។ ជាលទ្ធផល យើងបានរៀនយ៉ាងល្អិតល្អន់នូវចំណុចជាច្រើនដែលពង្រឹងជំនឿ ស្តីអំពីកេរដំណែលដែលព្រះយេហូវ៉ាផ្ដល់ឲ្យពួកអ្នកដែល‹ស្គាល់លោកឲ្យបានច្បាស់ ព្រមទាំងយេស៊ូគ្រិស្ត ដែលលោកបានចាត់ឲ្យមក›។—យ៉ូន. ១៧:៣; រ៉ូម ១២:២
២ បើយើងចង់រក្សាចំណងមិត្តភាពឲ្យបានល្អជាមួយនឹងព្រះយេហូវ៉ា យើងត្រូវធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដែលធ្វើឲ្យលោកពេញចិត្ត។ ដូច្នេះ ក្នុងអត្ថបទនេះយើងនឹងពិចារណាសំណួរសំខាន់ទាំងនេះគឺ តើកេរដំណែលរបស់យើងជាអ្វី? តើយើងគួរមានទស្សនៈយ៉ាងណាចំពោះកេរដំណែលនេះ? តើយើងអាចធ្វើយ៉ាងណាដើម្បីប្រាកដថា យើងទទួលកេរដំណែលរបស់យើង? តើអ្វីនឹងជួយយើងឲ្យចេះធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ?
តើកេរដំណែលរបស់យើងជាអ្វី?
៣. តើមានកេរដំណែលអ្វីសម្រាប់ (ក) អ្នកដែលបានត្រូវរើសតាំង (ខ) «ចៀមឯទៀត»?
៣ គ្រិស្តសាសនិកមួយចំនួនតូចទន្ទឹងរង់ចាំទទួល«មត៌កដែលមិនអាចខូចទៅ ដែលឥតសៅហ្មង ហើយដែលស្ថិតស្ថេរជានិរន្តរ៍» ពោលគឺការគ្រប់គ្រងជាមួយគ្រិស្តនៅស្ថានសួគ៌ ដែលជាឯកសិទ្ធិដែលប្រៀបផ្ទឹមពុំបាន។ (១ពេ. ១:៣, ៤) ដើម្បីទទួលមត៌កឬកេរដំណែលនោះ បុគ្គលទាំងនោះត្រូវ«កើតម្ដងទៀត»។ (យ៉ូន. ៣:១-៣) ចំពោះមនុស្សរាប់លាននាក់ជា«ចៀមឯទៀត»របស់លោកយេស៊ូ ដែលបានចូលរួមផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រជាមួយពួកអ្នកដែលបានត្រូវរើសតាំង តើកេរដំណែលរបស់ពួកគេជាអ្វី? (យ៉ូន. ១០:១៦) ចៀមឯទៀតនឹងទទួលកេរដំណែលដែលអាដាមនិងអេវ៉ាដែលមានភាពខុសឆ្គងមិនបានទទួល គឺជីវិតគ្មានទីបញ្ចប់នៅលើផែនដី ដែលលែងមានការឈឺចាប់ សេចក្ដីស្លាប់ ឬទុក្ខព្រួយទៀត។ (បប. ២១:១-៤) ហេតុនេះ លោកយេស៊ូអាចសន្យាដល់ឧក្រិដ្ឋជនម្នាក់ដែលនឹងស្លាប់ជាមួយនឹងលោកថា៖ «ខ្ញុំប្រាប់អ្នកការពិតនៅថ្ងៃនេះថា អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»។—លូក. ២៣:៤៣
៤. តើយើងបានទទួលពរអ្វីខ្លះរួចមកហើយ?
៤ ប៉ុន្តែ កេរដំណែលរបស់យើងក៏រួមបញ្ចូលពរខ្លះដែលយើងទទួលសូម្បីតែឥឡូវនេះដែរ។ ដោយសារយើងបង្ហាញជំនឿលើ«ថ្លៃលោះដែលគ្រិស្តយេស៊ូបានបង់» យើងមានសេចក្ដីសុខសាន្តក្នុងចិត្ត និងមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះ។ (រ៉ូម ៣:២៣-២៥) យើងយល់ច្បាស់នូវសេចក្ដីសន្យាដ៏មានតម្លៃ ដែលមាននៅក្នុងបណ្ដាំរបស់ព្រះ។ ម្យ៉ាងទៀត យើងមានអំណរពន់ពេកដែលបានរួមចំណែកជាមួយបងប្អូនរួមជំនឿជាទីស្រឡាញ់នៅទូទាំងពិភពលោក។ ការធ្វើជាសាក្សីព្រះយេហូវ៉ាម្នាក់ក្នុងចំណោមសាក្សីឯទៀតពិតជាឯកសិទ្ធិដ៏អស្ចារ្យណាស់។ ហេតុនេះគឺមិនមែនជាការចម្លែកឡើយ ដែលយើងឲ្យតម្លៃយ៉ាងខ្លាំងចំពោះកេរដំណែលរបស់យើង!
៥. តើសាថានព្យាយាមធ្វើអ្វីចំពោះរាស្ត្ររបស់ព្រះ ហើយតើអ្វីអាចជួយយើងកាន់ជំហរមាំមួនប្រឆាំងនឹងកលល្បិចទាំងប៉ុន្មានរបស់វា?
៥ ប៉ុន្តែដើម្បីកុំឲ្យយើងបាត់បង់កេរដំណែលដ៏អស្ចារ្យនេះ យើងត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះឧបាយកលរបស់សាថាន។ វាតែងតែព្យាយាមមានឥទ្ធិពលទៅលើរាស្ត្រព្រះដើម្បីឲ្យពួកគេធ្វើការសម្រេចចិត្តដែលនាំឲ្យពួកគេបាត់បង់កេរដំណែលរបស់ខ្លួន។ (ជន. ២៥:១-៣, ៩) ដោយដឹងថាទីបញ្ចប់របស់វាកាន់តែជិតមកដល់ហើយ សាថានខំប្រឹងរឹតតែខ្លាំងថែមទៀតដើម្បីបំភាន់យើង។ (សូមអាន ការបើកបង្ហាញ ១២:១២, ១៧) ប្រសិនបើយើងចង់«កាន់ជំហរមាំមួនប្រឆាំងនឹងកលល្បិចទាំងប៉ុន្មានរបស់មេកំណាច» យើងត្រូវបន្តឲ្យតម្លៃកាន់តែខ្លាំងចំពោះកេរដំណែលរបស់យើង។ (អេភ. ៦:១១) ស្តីអំពីរឿងនេះ គំរូដែលទុកជាការព្រមានរបស់អេសាវដែលជាកូនប្រុសរបស់អ៊ីសាក ផ្ដល់មេរៀនដែលយើងគួរចាំទុកក្នុងចិត្ត។
កុំធ្វើដូចអេសាវ
៦, ៧. តើអេសាវជាអ្នកណា ហើយតើគាត់នឹងទទួលកេរដំណែលអ្វី?
៦ ជិត៤.០០០ឆ្នាំមុន អ៊ីសាកនិងរេបិកាបានបង្កើតអេសាវនិងយ៉ាកុបដែលជាប្អូនប្រុសភ្លោះរបស់គាត់។ កាលដែលកូនភ្លោះមានវ័យធំឡើង ពួកគេមានអត្តចរិតខុសគ្នា ហើយចូលចិត្តធ្វើកិច្ចការខុសគ្នាដែរ។ «អេសាវបានទៅជាអ្នកចំណានខាងឯវិជ្ជាព្រានប្រមាញ់ ជាមនុស្សនៅតែទីវាល» រីឯ«យ៉ាកុបជាមនុស្សរមទម នៅតែក្នុងត្រសាលវិញ»។ (លោ. ២៥:២៧) អ្នកបកប្រែគម្ពីរឈ្មោះរ៉ូបឺត អាលថឺបានកត់សម្គាល់ថា ពាក្យភាសាហេប្រឺ«រមទមបង្កប់អត្ថន័យ ចិត្តស្មោះគ្រប់លក្ខណៈ ឬស្លូតត្រង់»។
៧ ពេលអេសាវនិងយ៉ាកុបមានអាយុ១៥ឆ្នាំ អាប្រាហាំដែលជាជីតារបស់ពួកគាត់បានស្លាប់។ ប៉ុន្តែព្រះយេហូវ៉ាបាននឹកចាំសេចក្ដីសន្យាដែលលោកបានធ្វើជាមួយនឹងអាប្រាហាំ។ ក្រោយមក ព្រះយេហូវ៉ាបានប្រាប់អំពីសេចក្ដីសន្យានោះម្ដងទៀតដល់អ៊ីសាកថា គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជរបស់អាប្រាហាំ។ (សូមអាន លោកុប្បត្តិ ២៦:៣-៥) សេចក្ដីសន្យានោះបានបើកបង្ហាញថា មេស្ស៊ី ពោលគឺ«ពូជ»ដ៏ស្មោះត្រង់នៅលោកុប្បត្តិ ៣:១៥នឹងកើតមកពីកូនចៅរបស់អាប្រាហាំ។ ដោយសារអេសាវជាកូនប្រុសច្បងរបស់អ៊ីសាក គាត់មានសិទ្ធិត្រឹមត្រូវតាមច្បាប់ដើម្បីទទួលសេចក្ដីសន្យានោះ។ នេះពិតជាកេរដំណែលដ៏អស្ចារ្យណាស់សម្រាប់អេសាវ! តើគាត់បានយល់តម្លៃនៃកេរដំណែលនេះឬទេ?
៨, ៩. (ក) ស្តីអំពីកេរដំណែលរបស់គាត់ តើអេសាវបានធ្វើការសម្រេចចិត្តអ្វី? (ខ) ច្រើនឆ្នាំក្រោយមក តើអេសាវបានដឹងយ៉ាងណាអំពីការសម្រេចចិត្តរបស់គាត់ ហើយតើគាត់បានមានប្រតិកម្មយ៉ាងណា?
៨ ថ្ងៃមួយ ពេលអេសាវមកពីវាល គាត់បានឃើញយ៉ាកុប«កំពុងតែស្លសំឡ» អេសាវបាននិយាយថា៖ «សូមចែកសំឡក្រហមនោះឲ្យបងបរិភោគផង ដ្បិតបងហេវណាស់!»។ យ៉ាកុបតបឆ្លើយទៅអេសាវថា៖ «សូមឲ្យបងផ្ទេរអំណាចមរដករបស់បងច្បងមកឲ្យខ្ញុំសិន!»។ តើអេសាវសម្រេចចិត្តយ៉ាងណា? មិនគួរឲ្យជឿសោះ គាត់បានឆ្លើយថា៖ «តើអំណាចនោះមានប្រយោជន៍អ្វីដល់បងទៀត?»។ មែនហើយ អេសាវបានសម្រេចយកសម្លក្រហមមួយចានជំនួសសិទ្ធិកូនច្បង! ដើម្បីឲ្យការផ្ទេរសិទ្ធិកូនច្បងស្របតាមច្បាប់ យ៉ាកុបបានទាមទារថា៖ «ចូរស្បថឲ្យខ្ញុំឥឡូវចុះ!»។ ដោយឥតស្ទាក់ស្ទើរ អេសាវបានបោះបង់ចោលសិទ្ធិកូនច្បងរបស់គាត់។ រួចមក«យ៉ាកុបក៏ឲ្យនំប៉័ងនឹងសំឡសណ្ដែកបាយដល់អេសាវ គាត់ក៏បរិភោគ រួចក្រោកដើរចេញបាត់ទៅ អេសាវបានមើលងាយអំណាចមរដកនៃបងច្បងរបស់ខ្លួន ដោយអាការយ៉ាងដូច្នោះ»។—លោ. ២៥:២៩-៣៤
៩ ច្រើនឆ្នាំក្រោយមក ពេលអ៊ីសាកគិតថាគាត់ជិតស្លាប់ រេបិកាបានរៀបចំគម្រោងការដើម្បីឲ្យប្រាកដថាយ៉ាកុបនឹងទទួលសិទ្ធិកូនច្បងដែលអេសាវបានបោះបង់។ ក្រោយមក ពេលអេសាវបានដឹងថា គាត់បានធ្វើការសម្រេចចិត្តដ៏ល្ងង់ខ្លៅមួយ គាត់បានអង្វរអ៊ីសាកថា៖ «ឱលោកឪពុកអើយ សូមចែកឲ្យពរមកខ្ញុំផង . . . តើលោកឪពុកគ្មានបំរុងពរណាទុកសំរាប់ឲ្យខ្ញុំផងទេឬ?»។ ពេលអ៊ីសាកប្រាប់ថា គាត់មិនអាចប្ដូរពរដែលគាត់បានឲ្យដល់យ៉ាកុបរួចហើយឡើយ «អេសាវក៏ឡើងសំឡេងយំ»។—លោ. ២៧:៣០-៣៨
១០. តើព្រះយេហូវ៉ាបានមានទស្សនៈយ៉ាងណាចំពោះអេសាវនិងយ៉ាកុប ហើយហេតុអ្វី?
១០ យោងទៅតាមបទគម្ពីរ តើអេសាវមានចិត្តគំនិតបែបណា? គាត់បានបង្ហាញថាការបំពេញសេចក្ដីប៉ងប្រាថ្នាខាងរូបកាយរបស់គាត់ គឺសំខាន់ជាងការទទួលពរពីកេរដំណែលរបស់គាត់នៅអនាគត។ អេសាវមិនបានឲ្យតម្លៃសោះចំពោះសិទ្ធិកូនច្បងរបស់គាត់ ហើយតាមមើលទៅគាត់មិនសូវស្រឡាញ់ព្រះទេ។ ម្យ៉ាងទៀត អេសាវមិនខ្វល់ថាការប្រព្រឹត្តរបស់គាត់នឹងមានឥទ្ធិពលយ៉ាងណាទៅលើកូនចៅរបស់គាត់ទេ។ ផ្ទុយទៅវិញ យ៉ាកុបឲ្យតម្លៃយ៉ាងខ្លាំងទៅលើកេរដំណែលរបស់គាត់។ ជាឧទាហរណ៍ យ៉ាកុបបានធ្វើតាមការណែនាំរបស់ឪពុកម្ដាយគាត់ក្នុងការជ្រើសរើសប្រពន្ធ។ (លោ. ២៧:៤៦–២៨:៣) ដោយសារយ៉ាកុបបានធ្វើការសម្រេចចិត្តដូច្នេះ ដែលតម្រូវឲ្យគាត់មានចិត្តអត់ធ្មត់និងឲ្យគាត់លះបង់ប្រយោជន៍របស់ខ្លួន នោះគាត់បានក្លាយទៅជាបុព្វបុរសរបស់មេស្ស៊ី។ តើព្រះមានទស្សនៈយ៉ាងណាចំពោះអេសាវនិងយ៉ាកុប? តាមរយៈម៉ាឡាគីដែលជាអ្នកប្រកាសទំនាយ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «អញបានស្រឡាញ់យ៉ាកុប តែចំណែកអេសាវនោះអញបានស្អប់»។—ម៉ាឡ. ១:២, ៣
១១. (ក) ហេតុអ្វីគំរូរបស់អេសាវទាក់ទងនឹងយើងដែលជាគ្រិស្តសាសនិក? (ខ) ពេលប៉ូលរៀបរាប់អំពីអ្វីដែលអេសាវបានធ្វើ ហេតុអ្វីគាត់ក៏និយាយអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដែរ?
១១ តើអ្វីដែលគម្ពីរចែងអំពីអេសាវទាក់ទងនឹងគ្រិស្តសាសនិកសព្វថ្ងៃនេះឬទេ? គឺពិតជាទាក់ទងមែន។ សាវ័កប៉ូលបានព្រមានបងប្អូនរួមជំនឿថា៖ «ដើម្បីកុំឲ្យមានអ្នកណាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ឬអ្នកណាដែលមិនឲ្យតម្លៃទៅលើអ្វីដែលពិសិដ្ឋ ដូចអេសាវដែលបានប្រគល់សិទ្ធិជាកូនច្បងដើម្បីប្ដូរយកអាហារតែមួយពេល»។ (ហេ. ១២:១៦) ការព្រមាននោះនៅតែសម្រាប់គ្រិស្តសាសនិក។ យើងត្រូវតែបន្តឲ្យតម្លៃទៅលើអ្វីដែលពិសិដ្ឋ ដើម្បីកុំឲ្យសេចក្ដីប៉ងប្រាថ្នាខាងរូបកាយដឹកនាំយើង ហើយនាំឲ្យយើងបាត់បង់កេរដំណែលដែលមកពីព្រះ។ ពេលប៉ូលរៀបរាប់អំពីអ្វីដែលអេសាវបានធ្វើ ហេតុអ្វីគាត់ក៏និយាយអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដែរ? ពីព្រោះបើយើងប្រព្រឹត្តដូចអេសាវ ហើយឲ្យសេចក្ដីប៉ងប្រាថ្នារបស់យើងខាងរូបកាយគ្រប់គ្រងលើយើង នោះយើងនឹងងាយប្រព្រឹត្តអំពើខុសឆ្គង ដូចជាអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាដើម ហើយជាលទ្ធផលយើងអាចបាត់បង់កេរដំណែលរបស់យើង។
ចូរត្រៀមចិត្តរបស់អ្នកពីឥឡូវ
១២. (ក) តើតាមរបៀបណាសាថានឲ្យយើងជួបសេចក្ដីល្បួង? (ខ) សូមលើកឧទាហរណ៍ក្នុងគម្ពីរដែលអាចជួយយើង ពេលយើងត្រូវធ្វើការសម្រេចចិត្តដ៏ពិបាក។
១២ ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា យើងខំអស់ពីសមត្ថភាពដើម្បីជៀសវាងពីស្ថានភាពណាដែលអាចល្បួងយើងឲ្យធ្វើអំពើប្រាសចាកសីលធម៌។ ប្រសិនបើអ្នកណាម្នាក់ល្បួងយើង នោះយើងអធិដ្ឋានសុំព្រះយេហូវ៉ាជួយយើងកុំឲ្យយើងចុះចាញ់សេចក្ដីល្បួងនោះ។ (ម៉ាថ. ៦:១៣) ប៉ុន្តែសាថានព្យាយាមឥតឈប់ដើម្បីបំផ្លាញចំណងមិត្តភាពរបស់យើងជាមួយព្រះ ពេលដែលយើងខំប្រឹងរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់យើងក្នុងពិភពលោកដ៏អាក្រក់នេះ។ (អេភ. ៦:១២) ជាព្រះនៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ មេកំណាចដឹងនូវរបៀបទាញយកផលប្រយោជន៍ពីសេចក្ដីប៉ងប្រាថ្នាមិនល្អឥតខ្ចោះរបស់យើង ដោយឲ្យយើងជួបសេចក្ដីល្បួងដែលមនុស្សមិនល្អឥតខ្ចោះធ្លាប់ជួបប្រទះ។ (១កូ. ១០:៨, ១៣) ជាឧទាហរណ៍ សូមស្រមៃគិតថាយើងស្ថិតនៅក្នុងស្ថានភាពមួយដែលបើកឱកាសឲ្យយើងបំពេញសេចក្ដីប៉ងប្រាថ្នាណាមួយតាមរបៀបដែលប្រាសចាកសីលធម៌។ តើអ្នកនឹងសម្រេចចិត្តធ្វើអ្វី? តើអ្នកនឹងធ្វើដូចអេសាវ ដែលឆាប់ចុះចាញ់ការល្បួងនោះឬទេ? ឬតើអ្នកនឹងមិនចុះចាញ់ការល្បួងនោះ ហើយរត់ចេញពីវា ដូចយ៉ូសែបជាកូនរបស់យ៉ាកុបបានធ្វើ ពេលដែលប្រពន្ធប៉ូទីផារបានល្បួងគាត់?—សូមអាន លោកុប្បត្តិ ៣៩:១០-១២
១៣. (ក) នៅសព្វថ្ងៃនេះ តើតាមរបៀបណាបុគ្គលជាច្រើននាក់បានប្រព្រឹត្តដូចយ៉ូសែប ប៉ុន្តែតើតាមរបៀបណាអ្នកខ្លះបានប្រព្រឹត្តដូចអេសាវ? (ខ) តើយើងត្រូវធ្វើអ្វី ដើម្បីកុំឲ្យយើងប្រព្រឹត្តដូចអេសាវ?
១៣ បងប្អូនប្រុសស្រីរបស់យើងជាច្រើននាក់ធ្លាប់ស្ថិតក្នុងស្ថានភាពដែលពួកគាត់ត្រូវសម្រេចចិត្តថាពួកគាត់ត្រូវប្រព្រឹត្តដូចអេសាវ ឬដូចយ៉ូសែប។ ពួកគាត់ភាគច្រើនបានប្រព្រឹត្តដោយឈ្លាសវៃ ហើយបានធ្វើឲ្យចិត្តព្រះយេហូវ៉ារីករាយ។ (សុភ. ២៧:១១) ប៉ុន្តែ ពេលជួបនឹងសេចក្ដីល្បួង បងប្អូនរួមជំនឿខ្លះបានសម្រេចចិត្តធ្វើដូចអេសាវ ដែលអាចធ្វើឲ្យពួកគាត់បាត់បង់កេរដំណែលដែលមកពីព្រះ។ ជារៀងរាល់ឆ្នាំ បុគ្គលជាច្រើននាក់ក្នុងចំណោមពួកអ្នកដែលបានត្រូវប្រដៅតម្រង់ឬបណ្ដាច់មិត្តភាព ដោយសារបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ជាការសំខាន់ណាស់ដែលយើងត្រៀមចិត្តនៅពេលឥឡូវនេះ មុនយើងស្ថិតក្នុងស្ថានភាពដែលល្បងលចិត្តស្មោះគ្រប់លក្ខណៈរបស់យើង! (ទំនុក. ៧៨:៨) យើងនឹងពិចារណាអំពីអ្វីពីរយ៉ាងដែលយើងអាចធ្វើដើម្បីត្រៀមខ្លួនមិនឲ្យចុះចាញ់ការល្បួង និងដើម្បីធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃនៅពេលក្រោយ។
ចូរគិត ហើយត្រៀមខ្លួនជាមុន
១៤. តើការរំពឹងគិតអំពីសំណួរអ្វីខ្លះ ដែលអាចជួយយើងឲ្យ«ស្អប់ខ្ពើមអ្វីៗដែលទុច្ចរិត» ហើយ«កាន់ខ្ជាប់អ្វីៗដែលល្អ»?
១៤ ជំហានទីមួយគឺជាប់ទាក់ទងនឹងការរំពឹងគិតអំពីផលវិបាកនៃការប្រព្រឹត្តរបស់យើង។ កាលណាយើងកាន់តែសេចក្ដីស្រឡាញ់ព្រះយេហូវ៉ា នោះយើងនឹងកាន់តែយល់តម្លៃនៃកេរដំណែលរបស់យើង។ យ៉ាងណាមិញ ប្រសិនបើយើងស្រឡាញ់អ្នកណាម្នាក់ យើងមិនចង់ធ្វើឲ្យបុគ្គលនោះឈឺចិត្តទេ។ ផ្ទុយទៅវិញ យើងខំធ្វើឲ្យគាត់ពេញចិត្ត។ បើដូច្នេះមែន យើងគួរឆ្លៀតពេលខ្លះដើម្បីគិតអំពីផលវិបាកដែលខ្លួនយើងនិងអ្នកឯទៀតនឹងទទួល បើយើងចុះចាញ់សេចក្ដីប៉ងប្រាថ្នាមិនស្អាតស្អំរបស់យើងខាងរូបកាយ។ យើងគួរសួរខ្លួនយើងថា៖ ‹តើការប្រព្រឹត្តរបស់ខ្ញុំដែលបម្រើប្រយោជន៍ផ្ទាល់ខ្លួន មានឥទ្ធិពលយ៉ាងណាទៅលើចំណងមិត្តភាពរបស់ខ្ញុំជាមួយព្រះយេហូវ៉ា? តើការប្រព្រឹត្តខុសឆ្គងរបស់ខ្ញុំអាចជះឥទ្ធិពលយ៉ាងណាមកលើក្រុមគ្រួសារខ្ញុំ? តើការប្រព្រឹត្តនេះអាចប៉ះពាល់យ៉ាងណាដល់បងប្អូនក្នុងក្រុមជំនុំ? តើខ្ញុំអាចធ្វើឲ្យអ្នកឯទៀតជំពប់ដួលឬទេ?›។ (ភី. ១:១០) យើងក៏អាចសួរខ្លួនយើងថែមទៀតថា៖ ‹តើការសប្បាយតែមួយភ្លែតដែលមកពីការធ្វើអ្វីមិនត្រឹមត្រូវ សមនឹងការឈឺចិត្តដែលបណ្ដាលមកពីការសម្រេចចិត្តរបស់ខ្ញុំឬទេ? តើខ្ញុំពិតជាចង់ធ្វើដូចអេសាវ ដែលយំយ៉ាងខ្លាំង ពេលគាត់ដឹងអំពីផលវិបាកនៃអំពើខុសឆ្គងរបស់គាត់ឬ?›។ (ហេ. ១២:១៧) ការរំពឹងគិតអំពីសំណួរបែបនេះនឹងជួយយើងឲ្យ«ស្អប់ខ្ពើមអ្វីៗដែលទុច្ចរិត» ហើយ«កាន់ខ្ជាប់អ្វីៗដែលល្អ»។ (រ៉ូម ១២:៩) កាលណាយើងពិតជាស្រឡាញ់ព្រះយេហូវ៉ា យើងនឹងខំប្រឹងយ៉ាងខ្លាំងដើម្បីរក្សាការពារកេរដំណែលរបស់យើង។—ទំនុក. ៧៣:២៨
១៥. តើអ្វីអាចជួយយើងត្រៀមខ្លួនដើម្បីកុំឲ្យចុះចាញ់សេចក្ដីល្បួង និងដើម្បីការពារចំណងមិត្តភាពរវាងយើងនឹងព្រះ?
១៥ ជំហានទីពីរគឺ យើងត្រៀមខ្លួនយើងដើម្បីកុំឲ្យចុះចាញ់ការល្បួង។ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវរបៀបជាច្រើនដើម្បីជួយយើងត្រៀមខ្លួនកុំឲ្យចុះចាញ់ការល្បួងដែលមកពីក្នុងពិភពលោកនេះ និងដើម្បីការពារចំណងមិត្តភាពរបស់យើងជាមួយនឹងលោក។ របៀបរៀបចំរបស់លោករួមមាន ការសិក្សាគម្ពីរ កិច្ចប្រជុំ កិច្ចផ្សព្វផ្សាយ និងសេចក្ដីអធិដ្ឋាន។ (១កូ. ១៥:៥៨) រាល់ដងយើងអធិដ្ឋានទៅព្រះយេហូវ៉ាអស់ពីចិត្ត ហើយរាល់ពេលយើងខំចូលរួមកិច្ចបម្រើផ្សាយ យើងកំពុងពង្រឹងកម្លាំងរបស់យើងដើម្បីកុំឲ្យចុះចាញ់សេចក្ដីល្បួង។ (សូមអាន ធីម៉ូថេទី១ ៦:១២, ១៩) យើងត្រូវបន្តព្យាយាមធ្វើអ្វីៗទាំងនេះ បើយើងចង់ត្រៀមខ្លួនដើម្បីកុំឲ្យចុះចាញ់សេចក្ដីល្បួង។ (កាឡ. ៦:៧) នេះបានត្រូវបញ្ជាក់ក្នុងសុភាសិតជំពូកទី២។
ចូរ«ខំរក»ប្រាជ្ញានិងសមត្ថភាពរិះគិត
១៦, ១៧. តើអ្វីអាចជួយយើងធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ?
១៦ សុភាសិតជំពូកទី២ លើកទឹកចិត្តយើងឲ្យស្វែងរកប្រាជ្ញានិងសមត្ថភាពរិះគិត។ អំណោយទាំងនេះពីព្រះយេហូវ៉ានឹងជួយយើងឲ្យចេះជ្រើសរើសរវាងអ្វីដែលខុសនិងអ្វីដែលត្រូវ និងរវាងការចេះទប់ចិត្តនិងការគិតតែពីបំពេញសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។ ប៉ុន្តែយើងអាចធ្វើដូច្នេះបាន លុះត្រាតែយើងខំប្រឹង។ សេចក្ដីពិតដ៏សំខាន់នេះបានត្រូវបញ្ជាក់ក្នុងគម្ពីរដែលចែងថា៖ «កូនអើយ បើឯងនឹងទទួលពាក្យអញ ហើយនឹងប្រមូលពាក្យបណ្ដាំរបស់អញ ទុកនៅជាប់នឹងឯង ដើម្បីឲ្យបានប្រុងត្រចៀកស្ដាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់ អើ បើឯងស្រែកហៅរកដំរិះ ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់ បើឯងខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ នោះឯងនឹងបានយល់សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់ នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក»។—សុភ. ២:១-៦, យើងកែជាអក្សរទ្រេត
១៧ ប្រសិនបើយើងធ្វើដូចអ្វីដែលបានរៀបរាប់ក្នុងខទាំងនោះ យើងនឹងអាចធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ បើយើងឲ្យបណ្ដាំរបស់ព្រះយេហូវ៉ាអប់រំចិត្តគំនិតយើង បើយើងអធិដ្ឋានម្ដងហើយម្ដងទៀតសុំការណែនាំពីព្រះ ហើយបើយើងខំរកចំណេះរបស់ព្រះដូចជាស្វែងរកកំណប់ទ្រព្យ នោះយើងអាចកាន់ជំហរមាំមួននៅចំពោះមុខសេចក្ដីល្បួងបាន។
១៨. តើអ្នកតាំងចិត្តបន្តធ្វើអ្វី ហើយហេតុអ្វី?
១៨ ព្រះយេហូវ៉ាឲ្យចំណេះ ការយល់ដឹង សមត្ថភាពវែកញែក និងប្រាជ្ញាដល់ពួកអ្នកដែលខំប្រឹងស្វែងរកអំណោយទាំងនេះ។ ដរាបណាយើងកាន់តែស្វែងរកអំណោយទាំងនេះ ហើយប្រើវា ដរាបនោះយើងកាន់តែជិតស្និទ្ធនឹងព្រះយេហូវ៉ាដែលជាអ្នកផ្ដល់អំណោយនោះ។ ជាលទ្ធផល ចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ានឹងជួយការពារយើង ពេលយើងប្រឈមមុខនឹងសេចក្ដីល្បួង។ ការចូលទៅជិតព្រះយេហូវ៉ា ហើយកោតខ្លាចលោកនឹងជួយការពារយើងមិនឲ្យប្រព្រឹត្តអំពើខុសឆ្គង។ (ទំនុក. ២៥:១៤; យ៉ា. ៤:៨) ចំណងមិត្តភាពរវាងយើងនិងព្រះយេហូវ៉ាព្រមទាំងប្រាជ្ញាដែលលោកផ្ដល់ឲ្យយើង នឹងជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដែលធ្វើឲ្យលោករីករាយ ហើយការពារកេរដំណែលរបស់យើង។