«អញនៅជាមួយនឹងឯងរាល់គ្នា»
«ទូតរបស់ព្រះយេហូវ៉ា លោកប្រាប់ដល់បណ្ដាជនតាមព្រះបន្ទូលដែលព្រះយេហូវ៉ា . . . មានបន្ទូលថា៖ ‹អញនៅជាមួយនឹងឯងរាល់គ្នា›»។—ហាកាយ ១:១៣
១. តើព្រះយេស៊ូសំដៅទៅលើព្រឹត្ដិការណ៍អ្វីខ្លះ ដែលមានលក្ខណៈជាទំនាយសំដៅទៅលើសម័យយើងនេះ?
យើងកំពុងតែរស់នៅគ្រាដ៏សំខាន់ក្នុងប្រវត្ដិសាស្ត្រមនុស្សជាតិ។ ការសម្រេចនៃបទទំនាយក្នុងព្រះគម្ពីរបង្ហាញថា តាំងពីឆ្នាំ១៩១៤ យើងកំពុងតែរស់នៅ«ថ្ងៃនៃព្រះអម្ចាស់»។ (វិវរណៈ ១:១០) អ្នកប្រហែលជាបានសិក្សាចំណុចនេះពីមុន ដូច្នេះអ្នកដឹងថាព្រះយេស៊ូបានប្រៀបធៀប«គ្រារបស់កូនមនុស្ស»ដែលមានអំណាចគ្រប់គ្រងនោះ ទៅនឹង«ជំនាន់លោកណូអេ»និង«ជំនាន់លោកឡុត»។ (លូកា ១៧:២៦, ២៨) នេះបានន័យថា ព្រឹត្ដិការណ៍នៅជំនាន់ណូអេនិងឡុតនោះ មានលក្ខណៈជាទំនាយដែលសំដៅទៅលើព្រឹត្ដិការណ៍នៅសម័យយើងនេះ។ ប៉ុន្តែមានព្រឹត្ដិការណ៍ឯទៀតដែរ ដែលយើងគួរពិនិត្យមើលដោយយកចិត្តទុកដាក់ពីព្រោះមានលក្ខណៈជាទំនាយដែលសំដៅទៅលើព្រឹត្ដិការណ៍នៅសម័យយើងនេះ។
២. តើព្រះយេហូវ៉ាឲ្យព្យាការីហាកាយនិងសាការីបំពេញភារកិច្ចអ្វី?
២ សូមយើងពិនិត្យមើលព្រឹត្ដិការណ៍នៅសម័យព្យាការីពីរនាក់ជនជាតិហេព្រើរ ឈ្មោះហាកាយនិងសាការី។ តើព្យាការីស្មោះត្រង់ពីរនាក់នេះបានផ្សាយសារអ្វីដែលជាមេរៀនជាក់ច្បាស់ចំពោះរាស្ត្ររបស់ព្រះយេហូវ៉ានៅសម័យយើងនេះ? ហាកាយនិងសាការីជា«ទូតរបស់ព្រះយេហូវ៉ា»ដោយធ្វើជាអ្នកនាំសារទ្រង់ដល់ប្រជាជនយូដា ក្រោយពួកគេបានចេញពីទាសភាពនៅស្រុកបាប៊ីឡូនហើយត្រឡប់ទៅស្រុកវិញ។ ពួកគាត់បានទទួលភារកិច្ចធានាដល់ពួកអ៊ីស្រាអែលថា ព្រះយេហូវ៉ានឹងជួយគាំទ្រពួកគេក្នុងការកសាងព្រះវិហារឡើងវិញ។ (ហាកាយ ១:១៣; សាការី ៤:៨, ៩) សៀវភៅដែលហាកាយនិងសាការីបានសរសេរនោះជាសៀវភៅដ៏ខ្លីមែន តែរួមចំណែកក្នុង«គ្រប់ទាំងបទគម្ពីរ[ដែល]ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង . . . ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត»។—ធីម៉ូថេទី២ ៣:១៦
ហេតុដែលយើងគួរយកចិត្តទុកដាក់ចំពោះសៀវភៅហាកាយនិងសាការី
៣, ៤. ហេតុអ្វីក៏យើងគួរយកចិត្តទុកដាក់ចំពោះសារក្នុងសៀវភៅហាកាយនិងសាការី?
៣ ប្រាកដហើយ សារដែលហាកាយនិងសាការីសរសេរនោះ មានប្រយោជន៍ដល់ពួកយូដានៅសម័យពួកគាត់ ហើយទំនាយទាំងនោះក៏បានសម្រេចនៅពេលនោះដែរ។ ប៉ុន្តែ ហេតុអ្វីក៏យើងនៅសព្វថ្ងៃនេះគួរយកចិត្តទុកដាក់ចំពោះសារក្នុងសៀវភៅទាំងពីរនេះ? សៀវភៅហេព្រើរ ១២:២៦-២៩ ជួយផ្ដល់មូលហេតុ។ សាវ័កប៉ុលបានដកស្រង់ពាក្យក្នុងខទាំងប៉ុន្មាននោះចេញពីសៀវភៅហាកាយ ២:៦ ដែលរៀបរាប់ថា ព្រះយេហូវ៉ាកំពុងតែ‹អង្រួនផ្ទៃមេឃនិងផែនដី›។ នៅទីបំផុត ការអង្រួននោះត្រូវ«រំលំបល្ល័ង្កនៃរាជ្យផ្សេងៗ ហើយនឹងរំលាងបំផ្លាញឥទ្ធិឫទ្ធិរបស់រាជ្យនៃសាសន៍ទាំងប៉ុន្មាន»ផង។—ហាកាយ ២:២២
៤ ពេលដែលប៉ុលដកស្រង់ពាក្យទាំងនោះពីសៀវភៅហាកាយ គាត់ពន្យល់អំពីអ្វីដែលនឹងកើតឡើងដល់«រាជ្យនៃសាសន៍ទាំងប៉ុន្មាន» ហើយក៏បញ្ជាក់អំពីភាពខ្ពង់ខ្ពស់នៃនគរឬព្រះរាជាណាចក្រដែលកក្រើករញ្ជួយពុំបាន ដែលជនគ្រីស្ទានចាក់ប្រេងតាំងនឹងទទួលជាមត៌ក។ (ហេព្រើរ ១២:២៨) នេះបង្ហាញថា ទំនាយរបស់ហាកាយនិងសាការីសំដៅទៅលើគ្រាក្រោយសម័យដែលប៉ុលបានសរសេរសៀវភៅហេព្រើរនៅសតវត្សរ៍ទីមួយក្នុងគ្រីស្ទសករាជយើងនេះ។ នៅលើផែនដីសព្វថ្ងៃនេះក៏នៅតែមានជនសំណល់មួយចំនួននៃពួកគ្រីស្ទានចាក់ប្រេងតាំងដែលនឹងទទួលតំណែងជាអ្នកសោយរាជ្យជាមួយព្រះយេស៊ូក្នុងព្រះរាជាណាចក្ររបស់ទ្រង់ជាព្រះមេស្ស៊ី។ ដូច្នេះ សៀវភៅហាកាយនិងសាការីក៏មានសារៈប្រយោជន៍សម្រាប់សម័យយើងនេះផងដែរ។
៥, ៦. តើមានព្រឹត្ដិការណ៍អ្វីខ្លះនាំឲ្យហាកាយនិងសាការីសរសេរទំនាយរបស់ពួកគាត់?
៥ សៀវភៅអែសរ៉ាមានការរៀបរាប់អំពីប្រវត្ដិសាស្ត្រដែលជួយយើងយល់សំណេររបស់ហាកាយនិងសាការី។ ពេលប្រជាជនអ៊ីស្រាអែលបានចេញពីទាសភាពនៅស្រុកបាប៊ីឡូនហើយបានវិលមកឯស្រុកខ្លួនវិញនៅឆ្នាំ៥៣៧ មុនគ.ស. ចៅហ្វាយឈ្មោះសូរ៉ូបាបិលជាមួយនឹងយេសួរដែលជាសម្ដេចសង្ឃ បានត្រួតពិនិត្យមើលការដាក់ជើងជញ្ជាំងនៃព្រះវិហារថ្មីនៅឆ្នាំ៥៣៦ មុនគ.ស.។ (អែសរ៉ា ៣:៨-១៣; ៥:១) នេះពិតជាហេតុដែលនាំឲ្យមានចិត្តរីករាយមែន ប៉ុន្តែ មិនយូរប៉ុន្មានក្រោយមក ពួកយូដាបានចាប់ផ្ដើមមានចិត្តភ័យខ្លាច។ សៀវភៅអែសរ៉ា ៤:៤ ចែងថា៖ «ពួកអ្នកស្រុក»ដែលជាខ្មាំងសត្រូវនោះ «ក៏ខំនាំឲ្យពួកយូដាខ្សោយដៃទៅ ហើយបង្អើលបង្អាក់គេក្នុងការស្អាងនោះ»។ ខ្មាំងសត្រូវទាំងនោះ ជាពិសេសពួកសាសន៍សាម៉ារី បានចោទប្រកាន់មិនពិតលើពួកយូដា។ ជាលទ្ធផល ពួកអ្នកប្រឆាំងទាំងនោះបានអុជអាលឲ្យស្តេចស្រុកពើស៊ីដាក់បម្រាមលើការកសាងព្រះវិហារ។—អែសរ៉ា ៤:១០-២១
៦ ចិត្តខ្នះខ្នែងដែលពួកយូដាមានដំបូងនោះក្នុងការកសាងព្រះវិហារ បានរសាយបាត់អស់ ហើយពួកគេចាប់ផ្ដើមគិតស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនវិញ។ យ៉ាងណាក៏ដោយ ១៦ឆ្នាំក្រោយបានដាក់ជើងជញ្ជាំងព្រះវិហារហើយ គឺនៅឆ្នាំ៥២០ មុនគ.ស. ព្រះយេហូវ៉ាបានបង្គាប់ហាកាយនិងសាការីឲ្យជំរុញទឹកចិត្តប្រជាជនឲ្យចាប់ផ្ដើមធ្វើការកសាងព្រះវិហារម្ដងទៀត។ (ហាកាយ ១:១; សាការី ១:១) ទូតឬអ្នកនាំសារទាំងពីរនាក់នេះរបស់ព្រះ បានជួយជំរុញចិត្តប្រជាជនយូដាឲ្យទទួលស្គាល់ថាព្រះយេហូវ៉ាកំពុងតែគាំទ្រពួកគេ។ ជាលទ្ធផល ពួកគេក៏បន្តកសាងព្រះវិហារឡើងវិញ រហូតដល់បានបង្ហើយកិច្ចការនៅឆ្នាំ៥១៥ មុនគ.ស.។—អែសរ៉ា ៦:១៤, ១៥
៧. តើព្រឹត្ដិការណ៍នៅសម័យហាកាយនិងសាការីមានលក្ខណៈស្រដៀងនឹងគ្រាយើងនេះយ៉ាងណា?
៧ តើអ្នកយល់ថាព្រឹត្ដិការណ៍ទាំងប៉ុន្មាននោះមានសារៈប្រយោជន៍អ្វីសម្រាប់យើងឬទេ? យើងមានការងារធ្វើផងដែរ គឺការផ្សាយ‹ដំណឹងល្អអំពីនគរ›ដែលជាព្រះរាជាណាចក្ររបស់ព្រះ។ (ម៉ាថាយ ២៤:១៤) កិច្ចការនេះមានសារៈសំខាន់ជាពិសេសតាំងពីទីបញ្ចប់នៃសង្គ្រាមលោកលើកទីមួយ។ ដូចជាពួកយូដាពីបុរាណបានត្រូវប្រោសឲ្យរួចពីទាសភាពនៅស្រុកបាប៊ីឡូន នោះរាស្ត្ររបស់ព្រះយេហូវ៉ានាយុគសម័យនេះក៏ត្រូវបានរំដោះចេញពីទាសភាពក្នុងបាប៊ីឡូនដ៏ធំដែលជាចក្រភពសាសនាមិនពិតទូទៅ។ ពួកអ្នកចាក់ប្រេងតាំងរបស់ព្រះបានខិតខំធ្វើកិច្ចការផ្សព្វផ្សាយ បង្រៀននិងជួយណែនាំមនុស្សឲ្យរួមចំណែកក្នុងការថ្វាយបង្គំពិត។ កិច្ចការនេះកំពុងតែធ្វើរហូតមកដល់សព្វថ្ងៃនេះ ទាំងច្រើនជាងមុនៗទៅទៀត ហើយអ្នកប្រហែលជារួមចំណែកក្នុងកិច្ចការនេះផងដែរ។ គឺនៅពេលឥឡូវនេះដែលយើងត្រូវធ្វើកិច្ចការផ្សាយ ដ្បិតទីបញ្ចប់នៃរបបអាក្រក់នេះជិតដល់ហើយ! កិច្ចការផ្សាយដែលព្រះយេហូវ៉ាបង្គាប់ឲ្យមនុស្សធ្វើ ត្រូវមានជាបន្តរហូតដល់ទ្រង់ធ្វើអន្តរាគមន៍ដោយនាំឲ្យមាន«សេចក្ដីវេទនាជាខ្លាំងណាស់»ក្នុងលោកិយនេះ។ (ម៉ាថាយ ២៤:២១) ក្រោយគ្រាវេទនានោះ អំពើអាក្រក់ត្រូវបំបាត់ចោល ហើយការថ្វាយបង្គំពិតអាចរីកចម្រើនពេញផែនដី។
៨. ហេតុអ្វីក៏យើងអាចទុកចិត្តថាព្រះយេហូវ៉ានឹងគាំទ្រកិច្ចផ្សព្វផ្សាយរបស់យើង?
៨ ដូចទំនាយរបស់ហាកាយនិងសាការីបង្ហាញនោះ យើងអាចទុកចិត្តថាព្រះយេហូវ៉ានឹងគាំទ្រយើង និងប្រទានពរលើយើងផង ពេលដែលយើងចូលរួមយ៉ាងអស់ពីចិត្តក្នុងកិច្ចការនេះ។ ទោះជាមានអ្នកខ្លះខិតខំរារាំងកិច្ចការរបស់រាស្ត្រព្រះយេហូវ៉ា ឬដាក់បម្រាមលើកិច្ចការដែលទ្រង់ប្រគល់ឲ្យគេធ្វើក៏ដោយ តែគ្មានរដ្ឋាភិបាលណាសោះមានលទ្ធភាពបញ្ឈប់ការឈានទៅមុខនៃកិច្ចការផ្សព្វផ្សាយនេះទេ។ សូមគិតអំពីព្រះពរដែលព្រះយេហូវ៉ាប្រទានលើកិច្ចការផ្សាយព្រះរាជាណាចក្ររបស់ទ្រង់ ថាតាំងពីសង្គ្រាមលោកលើកទីមួយរហូតមកដល់សព្វថ្ងៃនេះ កិច្ចការផ្សព្វផ្សាយនេះបានរីកចម្រើនជានិច្ច។ ប៉ុន្តែ នៅមានកិច្ចការជាច្រើនថែមទៀតដែលយើងត្រូវធ្វើ។
៩. តើយើងគួរយកចិត្តទុកដាក់ចំពោះព្រឹត្ដិការណ៍អ្វីខ្លះពីបុរាណ? ហេតុអ្វី?
៩ តើមេរៀនក្នុងសៀវភៅហាកាយនិងសាការីអាចជំរុញចិត្តយើងបានយ៉ាងណា ឲ្យស្ដាប់បង្គាប់ព្រះច្រើនថែមទៀតក្នុងការធ្វើតាមបញ្ជាឲ្យផ្សព្វផ្សាយនិងបង្រៀនអ្នកដទៃ? សូមឲ្យយើងកត់សម្គាល់មេរៀនខ្លះៗដែលយើងអាចទាញពីសៀវភៅហាកាយនិងសាការីក្នុងព្រះគម្ពីរ។ ជាឧទាហរណ៍ យើងអាចមើលព័ត៌មានខ្លះដែលទាក់ទងនឹងកិច្ចការកសាងព្រះវិហារដែលពួកយូដាបានធ្វើពេលត្រឡប់ទៅស្រុកខ្លួនវិញ។ ពីមុនយើងបានកត់សម្គាល់ថា ពួកយូដាដែលបានចេញពីស្រុកបាប៊ីឡូនដើម្បីវិលត្រឡប់ទៅទីក្រុងយេរូសាឡិមនោះ មិនបានធ្វើការកសាងព្រះវិហាររហូតដល់ចប់ទេ។ ពេលបានដាក់ជើងជញ្ជាំងព្រះវិហារហើយ ពួកគេបានរសាយការព្យាយាមអស់។ តើពួកគេចាប់ផ្ដើមមានទស្សនៈមិនត្រឹមត្រូវអ្វី? ហើយតើយើងអាចទាញមេរៀនអ្វីពីទស្សនៈរបស់ពួកគេ?
ការបង្កើតឲ្យមានទស្សនៈត្រឹមត្រូវ
១០. តើពួកយូដាបានចាប់ផ្ដើមមានទស្សនៈខុសឆ្គងបែបណា? តើទស្សនៈនោះនាំឲ្យមានលទ្ធផលអ្វី?
១០ ពួកយូដាដែលបានវិលត្រឡប់ទៅទីក្រុងយេរូសាឡិមនោះ បានពោលថា៖ «វេលា . . . មិនទាន់មកដល់នៅឡើយ»។ (ហាកាយ ១:២) ពេលដែលពួកគេចាប់ផ្ដើមកសាងព្រះវិហារដោយដាក់ជើងជញ្ជាំងនៅឆ្នាំ៥៣៦ មុនគ.ស. ពួកគេមិនបាននិយាយថា«វេលា . . . មិនទាន់មកដល់នៅឡើយ»ទេ។ ប៉ុន្តែ មិនយូរប៉ុន្មានក្រោយមក ពួកគេបានអនុញ្ញាតឲ្យការប្រឆាំងពីមនុស្សជិតខាងនិងការរារាំងពីពួករដ្ឋអំណាចមានឥទ្ធិពលលើពួកគេ។ ប្រជាជនយូដាបានចាប់ផ្ដើមប្រមូលអារម្មណ៍លើផ្ទះសម្បែងរបស់ខ្លួននិងការមានជីវិតស្រណុកស្រួលវិញ។ បើគិតពីសភាពខុសស្រឡះរវាងព្រះវិហារដែលមិនទាន់បានសង់ចប់ ហើយផ្ទះសម្បែងរបស់ពួកបណ្ដាជនដែលបានតាក់តែងដោយឈើល្អៗនោះ ព្រះយេហូវ៉ាបានសួរថា៖ «កំពុងដែលព្រះវិហារនេះនៅខូចបង់នៅឡើយ នោះតើជាវេលាឲ្យឯងរាល់គ្នាបានអាស្រ័យនៅក្នុងផ្ទះដែលបិទភ្ជិត[ឬ«តាក់តែងដោយឈើដ៏មានតម្លៃ»]ដូច្នេះឬ?»។—ហាកាយ ១:៤; ខ.ស.
១១. ហេតុអ្វីក៏ព្រះយេហូវ៉ាត្រូវទូន្មានពួកយូដានៅសម័យហាកាយ?
១១ មែនហើយ អ្វីដែលពួកយូដាបានចាត់ទុកជាអាទិភាពនោះ បានកែប្រែហើយ។ ជាជាងចាត់ទុកបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ាជាអាទិភាពក្នុងជីវិត ពោលគឺការកសាងព្រះវិហារ នោះរាស្ត្ររបស់ព្រះបានប្រមូលអារម្មណ៍លើខ្លួនគេនិងផ្ទះសម្បែងរបស់ខ្លួនវិញ។ ពួកគេលែងគិតអំពីការកសាងព្រះវិហាររបស់ព្រះទៀត។ បន្ទូលរបស់ព្រះយេហូវ៉ាដែលបានកត់ទុកនៅសៀវភៅហាកាយ ១:៥ បានលើកទឹកចិត្តពួកយូដាឲ្យ«ពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួន»។ ព្រះយេហូវ៉ាមានបន្ទូលឲ្យពួកគេផ្អាកសិន និងរំពឹងគិតអំពីទង្វើរបស់ខ្លួន ថាតើការមិនចាត់ទុកកិច្ចការកសាងព្រះវិហារជាអាទិភាពនោះ មានឥទ្ធិពលអ្វីលើពួកគេ?
១២, ១៣. តើហាកាយ ១:៦ រៀបរាប់យ៉ាងណាអំពីស្ថានភាពនៃពួកយូដា? តើខនោះមានន័យអ្វី?
១២ ដូចយើងអាចនឹកស្មានដែរ ការកំណត់អាទិភាពមិនត្រឹមត្រូវនោះ មានឥទ្ធិពលលើពួកយូដាមែន។ សូមកត់សម្គាល់ទស្សនៈរបស់ព្រះយេហូវ៉ានៅសៀវភៅហាកាយ ១:៦ ដែលចែងថា៖ «ឯងរាល់គ្នាបានព្រោះពូជជាច្រើន តែច្រូតបានតិចទេ ក៏បានស៊ីតែមិនចេះឆ្អែត ហើយបានផឹក តែមិនបានស្កប់ស្កល់ ព្រមទាំងស្លៀកពាក់ តែមិនបានកក់ក្ដៅឡើយ។ ឯអ្នកណាដែលស៊ីឈ្នួល នោះទទួលឈ្នួលឲ្យតែដាក់ក្នុងថង់ធ្លុះទេ»។
១៣ ទោះជាពួកយូដាកំពុងតែរស់នៅស្រុកដែលព្រះប្រទានឲ្យពួកគេក៏ដោយ ដីនោះឥតបានបង្កើតផលតាមក្ដីប្រាថ្នារបស់ពួកគេទេ។ ព្រះយេហូវ៉ាមិនប្រទានពរទៅលើគេទេ ដូចទ្រង់បានព្រមានទុកជាមុន។ (ចោទិយកថា ២៨:៣៨-៤៨) ដោយសារព្រះយេហូវ៉ាមិនគាំទ្រពួកយូដានោះ គេបានព្រោះពូជច្រើន តែច្រូតតិចណាស់ គឺមិនគ្រប់គ្រាន់ឲ្យគេបរិភោគឆ្អែតទេ។ ដោយសារព្រះយេហូវ៉ាមិនប្រទានព្រះពរលើពួកយូដា ពួកគេក៏គ្មានអ្វីស្លៀកពាក់ឲ្យកក់ក្ដៅឡើយ។ ហើយអ្នករកស៊ីមិនទទួលផលចំណេញសោះ គឺហាក់ដូចជាប្រាក់ឈ្នួលដែលគេបានទទួលពេលធ្វើការត្រូវដាក់ក្នុងថង់ធ្លុះ។ ចុះយ៉ាងណាឃ្លាដែលថា គេ«បានផឹក តែមិនបានស្កប់ស្កល់[ឬ«ផឹកស្រា តែមិនចេះស្កប់», ខ.ស.]»នោះ? នេះមិនសំដៅទៅលើការផឹកស្រាហួសប្រមាណដូចជាមិនចេះឆ្អែតទេ ដ្បិតព្រះយេហូវ៉ាកាត់ទោសពួកអ្នកដែលប្រមឹកស្រា។ (សាំយូអែលទី១ ២៥:៣៦; សុភាសិត ២៣:២៩-៣៥) ផ្ទុយទៅវិញ ឃ្លានេះបញ្ជាក់ថា ពួកយូដានោះអត់មានពរពីព្រះយេហូវ៉ាទេ។ បើគេធ្វើស្រាបាន គឺមានតែបន្ដិចបន្តួចទេ ដល់ម្ល៉េះបានជាមិនគ្រប់គ្រាន់ឲ្យផឹកស្រវឹង។
១៤, ១៥. តើយើងរៀនមេរៀនអ្វីពីសៀវភៅហាកាយ ១:៦?
១៤ ខទាំងប៉ុន្មាននេះមិនបានកត់ទុកជាមេរៀនអំពីរបៀបរៀបចំតាក់តែងផ្ទះទេ ដ្បិតច្រើនឆ្នាំមុនប្រជាជនបានត្រូវបំបរបង់ចេញពីស្រុកខ្លួននោះ ព្យាការីអេម៉ុសបានស្តីបន្ទោសពួកអ្នកមាននៅស្រុកអ៊ីស្រាអែលដែលសុទ្ធតែមាន«ផ្ទះធំៗ»ហើយបាន«ដេកលើគ្រែភ្លុក»ដ៏ប្រណីតៗ។ (អេម៉ុស ៣:១៥; ៦:៤) ផ្ទះស្អាតស្កឹមស្កៃនិងគ្រឿងសង្ហារឹមដ៏ហ៊ឺហារបស់គេមិនបានស្ថិតស្ថេរទេ។ ពួកខ្មាំងសត្រូវដែលបានទន្ទ្រានចូលស្រុកអ៊ីស្រាអែលបានចាប់យករបស់ទាំងនោះជារបឹប។ ច្រើនឆ្នាំក្រោយមក គឺពេលដែលរាស្ត្ររបស់ព្រះយេហូវ៉ាត្រូវនិរទេសអស់៧០ឆ្នាំហើយ ពួកគេភាគច្រើននៅតែមិនទទួលស្គាល់ថា វត្ថុទ្រព្យគ្មានស្ថិរភាពសោះ។ តើយើងអាចទាញមេរៀនអ្វីពីប្រវត្ដិសាស្ត្ររបស់ពួកគេ? យកល្អយើងម្នាក់ៗគួរសួរខ្លួនឯងថា៖ ‹តើខ្ញុំចាត់ទុកផ្ទះសម្បែងនិងការរៀបតាក់តែងផ្ទះជារឿងសំខាន់ប៉ុណ្ណា? ចុះយ៉ាងណាការរៀនសូត្របន្ថែមដើម្បីបង្កើនជំនាញសម្រាប់អាជីពរបស់ខ្លួន ទោះជាទង្វើនោះតម្រូវឲ្យចូលសាលាច្រើនឆ្នាំទៀតហើយប្រហែលជាស៊ីពេលច្រើនក្ដី? តើនេះគ្របសង្កត់លើសកម្មភាពរបស់ខ្ញុំក្នុងការបម្រើព្រះយេហូវ៉ាទេ?›។—លូកា ១២:២០, ២១; ធីម៉ូថេទី១ ៦:១៧-១៩
១៥ អ្វីដែលយើងអានក្នុងសៀវភៅហាកាយ ១:៦ គួររំលឹកយើងពីសារៈសំខាន់នៃការទទួលពរពីព្រះយេហូវ៉ាក្នុងជីវិតយើង។ ព្រះយេហូវ៉ាមិនបានប្រសិទ្ធពរឲ្យពួកយូដាពីបុរាណ ហើយពួកគេបានទទួលទុក្ខជាលទ្ធផលវិញ។ មិនថាយើងមានវត្ថុទ្រព្យជាបរិបូរឬអត់ក៏ដោយ បើយើងមិនទទួលពរពីព្រះយេហូវ៉ា យើងគ្មានលទ្ធភាពចងមេត្រីភាពជិតស្និទ្ធជាមួយនឹងទ្រង់ឡើយ។ (ម៉ាថាយ ២៥:៣៤-៤០; កូរិនថូសទី២ ៩:៨-១២) ប៉ុន្តែ តើយើងត្រូវធ្វើអ្វីដើម្បីទទួលពរពីទ្រង់?
ព្រះយេហូវ៉ាជួយយើងតាមរយៈវិញ្ញាណរបស់ទ្រង់
១៦-១៨. តើសាការី ៤:៦ មានន័យអ្វីពេលសំដៅទៅលើព្រឹត្ដិការណ៍នៅសម័យបុរាណនោះ?
១៦ សាការីជាព្យាការីដូចហាកាយដែរ ហើយព្រះយេហូវ៉ាបានបណ្ដាលឲ្យគាត់បញ្ជាក់អំពីរបៀបដែលទ្រង់ជំរុញចិត្តនិងប្រទានពរលើមនុស្សនៅសម័យនោះដែលស្មោះត្រង់ចំពោះទ្រង់។ នេះក៏បង្ហាញពីរបៀបដែលព្រះយេហូវ៉ានឹងប្រទានពរលើអ្នកដែរ។ យើងអានថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា៖ ‹មិនមែនដោយឥទ្ធិឫទ្ធិឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់អញវិញ›»។ (សាការី ៤:៦) អ្នកប្រហែលជាបានឮគេអានខនេះច្រើនដងហើយ ប៉ុន្តែ តើខនេះមានន័យអ្វីសម្រាប់ពួកយូដានៅសម័យហាកាយនិងសាការីនោះ? ហើយតើខនេះមានន័យអ្វីសម្រាប់អ្នកនៅសព្វថ្ងៃនេះ?
១៧ សូមចាំថា ពាក្យរបស់ហាកាយនិងសាការីដែលព្រះបណ្ដាលឲ្យគាត់តែងនោះ មានឥទ្ធិពលយ៉ាងអស្ចារ្យលើប្រជាជននៅសម័យបុរាណ។ ពាក្យរបស់ព្យាការីទាំងពីរបានជំរុញចិត្តពួកយូដាដែលមានចិត្តស្មោះភក្ដីឲ្យមានសកម្មភាពជាថ្មីឡើងវិញ។ ព្យាការីហាកាយបានចាប់ផ្ដើមទាយនៅខែទី៦ក្នុងឆ្នាំ៥២០ មុនគ.ស. ហើយសាការីបានចាប់ផ្ដើមទាយនៅខែទី៨ក្នុងឆ្នាំនោះដែរ។ (សាការី ១:១) សៀវភៅហាកាយ ២:១៨ បង្ហាញថា ពួកយូដាបានចាប់ផ្ដើមធ្វើការដាក់ជើងជញ្ជាំងដោយខ្នះខ្នែងម្ដងទៀតនៅខែ៩ក្នុងឆ្នាំនោះ។ ដូច្នេះ ពួកយូដាបានត្រូវជំរុញឲ្យមានសកម្មភាពឡើងវិញ ហើយបានស្ដាប់បង្គាប់ព្រះយេហូវ៉ាដោយទុកចិត្តថា ទ្រង់នឹងគាំទ្រពួកគេ។ ពាក្យនៅសាការី ៤:៦ សំដៅទៅលើការគាំទ្រពីព្រះយេហូវ៉ា។
១៨ ពេលពួកយូដាបានត្រឡប់ទៅស្រុករបស់ខ្លួននៅឆ្នាំ៥៣៧ មុនគ.ស. ពួកគេគ្មានកងទ័ពទេ។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាបានការពារនិងនាំផ្លូវពួកគេពេលធ្វើដំណើរចេញពីស្រុកបាប៊ីឡូន។ មិនយូរប៉ុន្មានក្រោយមក ពេលប្រជាជនចាប់ផ្ដើមកសាងព្រះវិហារឡើងវិញនោះ វិញ្ញាណរបស់ព្រះយេហូវ៉ាក៏បានដឹកនាំពួកគេ។ កាលដែលពួកគេមានចិត្តខ្នះខ្នែងម្ដងទៀតក្នុងការកសាងនោះ ទ្រង់ក៏គាំទ្រពួកគេថែមទៀតដែរ តាមរយៈវិញ្ញាណបរិសុទ្ធរបស់ទ្រង់។
១៩. តើវិញ្ញាណរបស់ព្រះយេហូវ៉ាបានជួយយកឈ្នះឥទ្ធិពលដ៏ខ្លាំងក្លាអ្វី?
១៩ ព្រះយេហូវ៉ាបានបណ្ដាលឲ្យសាការីឃើញចក្ខុនិមិត្ត៨ដែលជាការធានាថា ទ្រង់នឹងគង់នៅជាមួយរាស្ត្រទ្រង់ដែលនឹងបង្ហើយកិច្ចការកសាងព្រះវិហារ។ ចក្ខុនិមិត្តទីបួនដែលកត់ទុកក្នុងជំពូកទីបី បង្ហាញថាសាតាំងបានប្រឆាំងយ៉ាងសកម្មនឹងពួកយូដាដែលខិតខំបង្ហើយកិច្ចការកសាងព្រះវិហារ។ (សាការី ៣:១) សាតាំងច្បាស់ជាមិនសប្បាយទេ ពេលឃើញសម្ដេចសង្ឃយេសួរបម្រើប្រជាជននៅឯព្រះវិហារថ្មី។ ទោះជាសាតាំងខិតខំមានសកម្មភាពរារាំងកិច្ចការរបស់ពួកយូដាក្នុងការកសាងព្រះវិហារក៏ដោយ វិញ្ញាណរបស់ព្រះយេហូវ៉ាមានតួនាទីដ៏សំខាន់ក្នុងការដកឧបសគ្គផ្សេងៗចេញ ទាំងពង្រឹងកម្លាំងពួកយូដាឲ្យឈានទៅមុខរហូតដល់បង្ហើយកិច្ចការកសាងព្រះវិហារ។
២០. តើវិញ្ញាណរបស់ព្រះយេហូវ៉ាមានតួនាទីអ្វីក្នុងការជួយពួកយូដាឲ្យសម្រេចតាមព្រះហឫទ័យរបស់ទ្រង់?
២០ ពួករាជការបានដាក់បម្រាមលើការកសាងព្រះវិហារ ដែលមើលទៅដូចជាឧបសគ្គមួយដែលពួកយូដាគ្មានលទ្ធភាពយកឈ្នះបានឡើយ។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាបានសន្យាថា ឧបសគ្គមួយនេះដែលប្រៀបដូចជា«ភ្នំធំ»នោះ នឹងត្រូវយកចេញដើម្បីឲ្យក្លាយទៅជា«ដីរាបស្មើ»វិញ។ (សាការី ៤:៧) នេះជាអ្វីដែលបានកើតឡើងមែន! ស្តេចដារីយុសទីមួយបានរកឃើញលិខិតដែលជាកំណត់របស់ស្តេចស៊ីរូសផ្ទាល់ ដែលអនុញ្ញាតឲ្យពួកយូដាកសាងព្រះវិហារឡើងជាថ្មី។ ជាលទ្ធផល ស្តេចដារីយុសបានលុបបម្រាមចោល ហើយបញ្ជាឲ្យគេបើកប្រាក់ពីព្រះរាជទ្រព្យរបស់ស្តេចដើម្បីជួយចេញថ្លៃឲ្យពួកយូដាបំពេញកិច្ចការកសាងនោះ។ នេះជាការផ្លាស់ប្រែស្ថានការណ៍យ៉ាងអស្ចារ្យមែន! តើវិញ្ញាណរបស់ព្រះយេហូវ៉ាមានតួនាទីក្នុងករណីនេះឬទេ? គឺប្រាកដជាមានមែន! ព្រះវិហារបានត្រូវសង់ចប់នៅឆ្នាំ៥១៥ មុនគ.ស. ដែលជាឆ្នាំទី៦នៃការសោយរាជ្យរបស់ស្តេចដារីយុសទីមួយ។—អែសរ៉ា ៦:១, ១៥
២១. (ក) នៅសម័យបុរាណនោះ តើព្រះយេហូវ៉ា«អង្រួនអស់ទាំងសាសន៍»ដោយរបៀបណា? តើ«ទីគាប់ចិត្ត»បានចេញមកពីអស់ទាំងសាសន៍យ៉ាងដូចម្ដេច? (ខ) នៅសម័យយើង តើទំនាយនេះបានសម្រេចយ៉ាងណា?
២១ នៅសៀវភៅហាកាយ ២:៥ ព្យាការីហាកាយបានរំលឹកប្រជាជនយូដាអំពីកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាចុះជាមួយនឹងពួកគេនៅឯភ្នំស៊ីណាយ ពេល«តួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំង»។ (និក្ខមនំ ១៩:១៨) នៅសម័យហាកាយនិងសាការី ព្រះយេហូវ៉ាមានបំណងធ្វើឲ្យមានការរង្គោះរង្គើស្របទៅតាមពាក្យជាអត្ថបដិរូបក្នុងសៀវភៅហាកាយជំពូក២ខ៦និង៧។ សភាពការណ៍ក្នុងចក្រភពពើស៊ីលែងមានភាពនឹងនរ តែកិច្ចការកសាងព្រះវិហារបានត្រូវបង្ហើយវិញ។ នៅទីបំផុត«ទីគាប់ចិត្តរបស់អស់ទាំងសាសន៍»ឬក៏មនុស្សមួយចំនួនដែលមិនមែនជាសាសន៍យូដានោះ ត្រូវរួមចំណែកក្នុងការលើកតម្កើងព្រះជាមួយនឹងពួកយូដានៅឯព្រះវិហារ។ នៅសម័យយើងនេះ ព្រះយេហូវ៉ាបាន«អង្រួនអស់ទាំងសាសន៍»ដោយសារការផ្សព្វផ្សាយរបស់ពួកគ្រីស្ទានយើង ដូច្នេះហើយ «ទីគាប់ចិត្តរបស់អស់ទាំងសាសន៍»ក៏បានចូលរួមការថ្វាយបង្គំព្រះយេហូវ៉ាជាមួយនឹងជនសំណល់នៃពួកគ្រីស្ទានចាក់ប្រេងតាំង។ ពិតណាស់ ពួកអ្នកចាក់ប្រេងតាំងព្រមទាំងពួកចៀមឯទៀតកំពុងតែបំពេញវិហាររបស់ព្រះយេហូវ៉ាដោយសិរីល្អ។ ពួកអ្នកដែលថ្វាយបង្គំព្រះយេហូវ៉ាដោយសេចក្ដីពិតកំពុងតែរង់ចាំថ្ងៃដែលទ្រង់នឹង«អង្រួនទាំងផ្ទៃមេឃនឹងផែនដី»ក្នុងន័យម្យ៉ាងទៀត ពោលគឺ ដើម្បីរំលំនិងរំលាងបំផ្លាញឥទ្ធិឫទ្ធិរបស់រាជ្យនៃសាសន៍ទាំងប៉ុន្មាននោះ។—ហាកាយ ២:២២
២២. តើអស់ទាំងសាសន៍កំពុងត្រូវ«អង្រួន»យ៉ាងណា? តើមានលទ្ធផលអ្វី? តើត្រូវមានអ្វីកើតឡើងទៀត?
២២ នេះរំលឹកយើងពីភាពចលាចលដែលបានកើតឡើងដោយសារការអង្រួននូវអ្វីដែលតំណាងដោយ«ផ្ទៃមេឃនឹងផែនដី ទាំងសមុទ្រនឹងទីគោកផង»។ ជាឧទាហរណ៍ សាតាំងនិងពួកបិសាចរបស់វាបានត្រូវទម្លាក់មកក្បែរៗផែនដីនេះ។ (វិវរណៈ ១២:៧-១២) ម្យ៉ាងទៀត កិច្ចការផ្សព្វផ្សាយដែលពួកអ្នកចាក់ប្រេងតាំងនាំមុខនោះ បានអង្រួនរបបលោកិយនេះដែលតំណាងដោយផែនដី។ (វិវរណៈ ១១:១៨) ទោះជាមានការអង្រួនបែបនេះក៏ដោយ «មនុស្ស១ហ្វូងយ៉ាងធំ»ដែលជាទីគាប់ចិត្តពីអស់ទាំងសាសន៍នោះ បានរួមចំណែកក្នុងការបម្រើព្រះយេហូវ៉ាជាមួយនឹងពួកអ៊ីស្រាអែលខាងវិញ្ញាណ។ (វិវរណៈ ៧:៩, ១០) មនុស្សមួយហ្វូងយ៉ាងធំនេះសហការជាមួយនឹងពួកគ្រីស្ទានចាក់ប្រេងតាំងក្នុងការផ្សព្វផ្សាយដំណឹងល្អថា បន្ដិចទៀតព្រះយេហូវ៉ានឹងអង្រួនអស់ទាំងសាសន៍នៅឯសង្គ្រាមអើម៉ាគេដូន។ ព្រឹត្ដិការណ៍នោះត្រូវបើកផ្លូវឲ្យការថ្វាយបង្គំពិតមានពេញពាសលើផែនដី។
តើអ្នកចាំទេ?
• តើព្យាការីហាកាយនិងសាការីបានបម្រើព្រះយេហូវ៉ានៅពេលណា? ហើយតើពួកគាត់បម្រើទ្រង់ក្រោមស្ថានភាពបែបណា?
• តើអ្នកអាចអនុវត្តតាមសារដែលហាកាយនិងសាការីផ្សាយនោះ ដោយរបៀបណា?
• ហេតុអ្វីក៏សាការី ៤:៦ លើកទឹកចិត្តអ្នក?
[រូបភាពនៅទំព័រ៨]
សំណេររបស់ព្យាការី ហាកាយនិងសាការីធានាថា ព្រះយេហូវ៉ាកំពុងតែគាំទ្រយើង
[រូបភាពនៅទំព័រ៩]
‹កំពុងដែលព្រះវិហារនេះនៅខូចបង់នៅឡើយ តើនេះជាវេលាឲ្យអ្នកអាស្រ័យនៅក្នុងផ្ទះដែលតាក់តែងដោយឈើដ៏មានតម្លៃដូច្នេះឬ?›
[រូបភាពនៅទំព័រ១០]
រាស្ត្ររបស់ព្រះយេហូវ៉ារួមចំណែក ក្នុងការជួយរកមនុស្សដែលជា‹ទីគាប់ចិត្តពីអស់ទាំងសាសន៍›