ចូរតាំងចិត្ត«បន្តស្រឡាញ់គ្នាជាបងប្អូន»!
«ចូរបន្តស្រឡាញ់គ្នាជាបងប្អូន»។—ហេប្រឺ ១៣:១
១, ២. ហេតុអ្វីប៉ូលបានសរសេរសំបុត្រទៅគ្រិស្តសាសនិកជនជាតិហេប្រឺ?
នៅឆ្នាំ៦១គ.ស. ក្រុមជំនុំទូទាំងស្រុកអ៊ីស្រាអែលមានសេចក្ដីសុខសាន្តមួយកម្រិត។ ទោះជាសាវ័កប៉ូលបានជាប់គុកនៅក្រុងរ៉ូមក៏ដោយ គាត់បានសង្ឃឹមថាមិនយូរទៀតគេនឹងដោះលែងគាត់។ ធីម៉ូថេដែលជាអ្នករួមដំណើរជាមួយនឹងគាត់ទើបតែបានត្រូវដោះលែងពីគុក ហើយពួកគាត់សង្ឃឹមថានឹងទៅជួបបងប្អូននៅតំបន់យូឌាជាមួយគ្នា។ (ហេប្រឺ ១៣:២៣) ប៉ុន្តែ នៅតែប្រាំឆ្នាំទៀតប៉ុណ្ណោះ គ្រិស្តសាសនិកនៅតំបន់យូឌា ហើយជាពិសេសពួកអ្នកដែលកំពុងរស់នៅក្រុងយេរូសាឡិមនឹងត្រូវចាត់វិធានការភ្លាមៗ។ ហេតុអ្វី? ពីមុន លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកថា កាលណាពួកគាត់ឃើញពួកទាហានឡោមព័ទ្ធក្រុងយេរូសាឡិម នោះពួកគាត់ត្រូវរត់ចេញភ្លាមៗ។—លូកា ២១:២០-២៤
២ ម្ភៃប្រាំបីឆ្នាំបានកន្លងទៅហើយចាប់តាំងពីលោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកនូវទំនាយនោះ។ ក្នុងអំឡុងពេលនោះ គ្រិស្តសាសនិកនៅស្រុកអ៊ីស្រាអែលបានរក្សាភក្ដីភាព ទោះជាពួកគាត់ទទួលរងការបៀតបៀននិងទុក្ខលំបាកជាច្រើនក្ដី។ (ហេប្រឺ ១០:៣២-៣៤) ប៉ុន្តែ ប៉ូលចង់ជួយពួកគាត់ឲ្យត្រៀមលក្ខណៈសម្រាប់អ្វីដែលនឹងកើតឡើងនាពេលអនាគត។ ពួកគាត់ហៀបនឹងឆ្លងកាត់ការល្បងលខ្លាំងបំផុតមួយនៃជំនឿរបស់ពួកគាត់។ (ម៉ាថាយ ២៤:២០, ២១; ហេប្រឺ ១២:៤) គ្រិស្តសាសនិកទាំងនោះនឹងត្រូវការជំនឿនិងការស៊ូទ្រាំលើសពីពេលមុនៗទៅទៀតដើម្បីធ្វើតាមបង្គាប់របស់លោកយេស៊ូដែលឲ្យរត់ចេញ ហើយបើពួកគាត់ធ្វើដូច្នោះ ពួកគាត់នឹងរួចជីវិត។ (សូមអាន ហេប្រឺ ១០:៣៦-៣៩) ហេតុនេះ ព្រះយេហូវ៉ាបានដឹកនាំប៉ូលឲ្យសរសេរសំបុត្រទៅបងប្អូនជាទីស្រឡាញ់ទាំងនោះ។ សំបុត្រនោះដែលឥឡូវនេះហៅថាសៀវភៅហេប្រឺបានត្រូវសរសេរដើម្បីពង្រឹងពួកគាត់សម្រាប់អ្វីដែលនឹងកើតឡើង។
៣. ហេតុអ្វីយើងគួរចាប់អារម្មណ៍នឹងសៀវភៅហេប្រឺ?
៣ ក្នុងនាមជារាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ យើងគួរចាប់អារម្មណ៍នឹងសៀវភៅហេប្រឺ។ ហេតុអ្វី? ពីព្រោះស្ថានភាពរបស់យើងគឺស្រដៀងនឹងស្ថានភាពរបស់គ្រិស្តសាសនិកនៅតំបន់យូឌា។ យើងកំពុងរស់នៅ‹គ្រាចុងក្រោយបង្អស់ដែលលំបាកណាស់› ហើយបងប្អូនជាច្រើននាក់បាននៅស្មោះត្រង់ជានិច្ចនៅពេលពួកគាត់ស៊ូទ្រាំនឹងទុក្ខលំបាកដ៏ខ្លាំង ឬការបៀតបៀន។ (ធីម៉ូថេទី២ ៣:១, ១២) ប៉ុន្តែពួកយើងភាគច្រើនរស់នៅដោយសុខសាន្ត ហើយមិនទទួលការបៀតបៀនចំៗឡើយ។ ដូច្នេះ ដូចគ្រិស្តសាសនិកនៅសម័យប៉ូលដែរ យើងត្រូវប្រុងប្រយ័ត្ន។ ហេតុអ្វី? ពីព្រោះមិនយូរទៀត យើងនឹងឆ្លងកាត់ការល្បងលដ៏ខ្លាំងបំផុតនៃជំនឿរបស់យើង!—សូមអាន លូកា ២១:៣៤-៣៦
៤. តើបទគម្ពីរប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១៦គឺជាអ្វី ហើយហេតុអ្វីខគម្ពីរនេះគឺសមត្រឹមត្រូវ?
៤ តើអ្វីនឹងជួយយើងឲ្យត្រៀមខ្លួនសម្រាប់ព្រឹត្ដិការណ៍នេះដែលនឹងកើតឡើងនៅអនាគត? នៅសៀវភៅហេប្រឺ ប៉ូលបានបញ្ជាក់អំពីអ្វីៗជាច្រើនដែលនឹងជួយពង្រឹងជំនឿរបស់យើង។ សេចក្ដីរំលឹកមួយដ៏សំខាន់ណាស់ គឺនៅហេប្រឺ ១៣:១។ ខគម្ពីរនេះលើកទឹកចិត្តយើងថា៖ «ចូរបន្តស្រឡាញ់គ្នាជាបងប្អូន»។ ខគម្ពីរនេះបានត្រូវជ្រើសរើសជាបទគម្ពីរប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១៦។
បទគម្ពីរប្រចាំឆ្នាំរបស់យើងសម្រាប់ឆ្នាំ២០១៦គឺ: «ចូរបន្តស្រឡាញ់គ្នាជាបងប្អូន»។—ហេប្រឺ ១៣:១
តើអ្វីជាការស្រឡាញ់គ្នាជាបងប្អូន?
៥. តើអ្វីជាការស្រឡាញ់គ្នាជាបងប្អូន?
៥ តើអ្វីជាការស្រឡាញ់គ្នាជាបងប្អូន? ពាក្យដើមជាភាសាក្រិចដែលប៉ូលបានប្រើមានន័យត្រង់ថា«សេចក្ដីស្រឡាញ់ចំពោះបងប្អូនម្នាក់»។ ការស្រឡាញ់គ្នាជាបងប្អូនគឺជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងសមាជិកគ្រួសារ ឬរវាងមិត្តជិតស្និទ្ធ។ (យ៉ូហាន ១១:៣៦) យើងមិនធ្វើពុតជាបងប្អូនទេ។ យើងគឺជាបងប្អូននឹងគ្នា។ (ម៉ាថាយ ២៣:៨) ប៉ូលនិយាយថា៖ «ចូរស្រឡាញ់គ្នាជាបងប្អូនដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ ក្នុងការលើកកិត្ដិយសគ្នាទៅវិញទៅមក ចូរលើកកិត្ដិយសគេមុន»។ (រ៉ូម ១២:១០) ពាក្យទាំងនេះបង្ហាញថាយើងមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះបងប្អូនរបស់យើង។ ការស្រឡាញ់គ្នាជាបងប្អូននេះគួបផ្សំជាមួយនឹងសេចក្ដីស្រឡាញ់ដែលមានមូលដ្ឋានលើគោលការណ៍គ្រិស្តសាសនិក ជួយរាស្ត្ររបស់ព្រះឲ្យធ្វើជាមិត្តជិតស្និទ្ធនឹងគ្នា ហើយមានសាមគ្គីភាព។
៦. តើគ្រិស្តសាសនិកពិតយល់យ៉ាងណាអំពីអត្ថន័យនៃការស្រឡាញ់គ្នាជាបងប្អូន?
៦ ពាក្យថា«ស្រឡាញ់គ្នាជាបងប្អូន» ភាគច្រើនគឺមាននៅក្នុងសៀវភៅរបស់គ្រិស្តសាសនិក។ ចំពោះជនជាតិយូដានៅអតីតកាល ធម្មតាពាក្យ«បងប្អូន»សំដៅលើសាច់ញាតិ ហើយជួនកាលសំដៅលើបុគ្គលម្នាក់ក្រៅក្រុមគ្រួសារ។ ទោះជាយ៉ាងនេះក្ដី ពាក្យនេះមិនដែលរួមបញ្ចូលបុគ្គលណាម្នាក់ដែលមិនមែនជាជនជាតិយូដាឡើយ។ ប៉ុន្តែ ក្នុងនាមជាគ្រិស្តសាសនិកពិត «បងប្អូន»របស់យើងគឺជាគ្រិស្តសាសនិកពិតឯទៀតទាំងអស់ ទោះជាគាត់មកពីប្រទេសណាក៏ដោយ។ (រ៉ូម ១០:១២) ព្រះយេហូវ៉ាបានបង្រៀនយើងឲ្យស្រឡាញ់គ្នាទៅវិញទៅមកជាបងប្អូន។ (ថែស្សាឡូនិចទី១ ៤:៩) ប៉ុន្តែហេតុអ្វីជាការសំខាន់ដែលយើងបន្តបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូន?
ហេតុអ្វីគឺសំខាន់ណាស់ដែលយើងបន្តបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូន?
៧. (ក) តើអ្វីជាមូលហេតុសំខាន់បំផុតដែលយើងបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូន? (ខ) សូមប្រាប់អំពីមូលហេតុមួយទៀតដែលការស្រឡាញ់គ្នាទៅវិញទៅមកកាន់តែខ្លាំងគឺសំខាន់។
៧ មូលហេតុសំខាន់បំផុតដែលយើងបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូនគឺដោយសារព្រះយេហូវ៉ាប្រាប់យើងឲ្យធ្វើដូច្នេះ។ យើងមិនអាចអះអាងថាយើងស្រឡាញ់ព្រះយេហូវ៉ាបានឡើយ បើយើងមិនព្រមស្រឡាញ់បងប្អូនយើង។ (យ៉ូហានទី១ ៤:៧, ២០, ២១) មូលហេតុមួយទៀតគឺយើងត្រូវការគ្នាទៅវិញទៅមក ជាពិសេសក្នុងអំឡុងគ្រាដ៏លំបាក។ ពេលប៉ូលបានសរសេរសំបុត្រទៅគ្រិស្តសាសនិកជនជាតិហេប្រឺ គាត់បានដឹងថាមិនយូរទៀត បងប្អូនខ្លះនឹងត្រូវចាកចេញពីផ្ទះ ហើយត្រូវលះចោលវត្ថុទ្រព្យរបស់ខ្លួន។ លោកយេស៊ូបានរៀបរាប់ថាគ្រានោះនឹងពិបាកយ៉ាងខ្លាំង។ (ម៉ាកុស ១៣:១៤-១៨; លូកា ២១:២១-២៣) ហេតុនេះ មុនគ្រានោះមកដល់ គ្រិស្តសាសនិកទាំងនោះនឹងត្រូវស្រឡាញ់គ្នាទៅវិញទៅមកឲ្យកាន់តែខ្លាំង។—រ៉ូម ១២:៩
ឥឡូវនេះ យើងត្រូវស្រឡាញ់គ្នាជាបងប្អូនឲ្យកាន់តែខ្លាំង ពីព្រោះនេះនឹងជួយយើងស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយដែលយើងនឹងជួបប្រទះនៅពេលអនាគត
៨. តើយើងត្រូវធ្វើអ្វីនៅឥឡូវនេះមុនគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម?
៨ គ្រាទុក្ខវេទនាដ៏ខ្លាំងបំផុតក្នុងប្រវត្ដិសាស្ត្ររបស់មនុស្សជាតិនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ (ម៉ាកុស ១៣:១៩; ការបើកបង្ហាញ ៧:១-៣) យើងនឹងត្រូវធ្វើតាមឱវាទដែលថា៖ «ចូរមកជនជាតិខ្ញុំអើយ ចូរឲ្យចូលទៅក្នុងបន្ទប់ខ្លួន ហើយបិទទ្វារចុះ។ ត្រូវឲ្យពួនខ្លួនបន្ដិចសិន ទាល់តែសេចក្ដីក្រោធបានកន្លងហួសទៅ»។ (អេសាយ ២៦:២០) «បន្ទប់»ទាំងនោះប្រហែលជាសំដៅលើក្រុមជំនុំនានារបស់យើង។ នៅទីនោះយើងគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយនឹងបងប្អូនយើង។ ប៉ុន្តែយើងមិនគ្រាន់តែត្រូវជួបជុំគ្នាជាទៀងទាត់ប៉ុណ្ណោះទេ។ ប៉ូលបានរំលឹកគ្រិស្តសាសនិកជនជាតិហេប្រឺថាពួកគាត់គួរលើកទឹកចិត្តគ្នាឲ្យបង្ហាញសេចក្ដីស្រឡាញ់និងឲ្យធ្វើអំពើល្អចំពោះគ្នាទៅវិញទៅមក។ (ហេប្រឺ ១០:២៤, ២៥) ឥឡូវនេះ យើងត្រូវស្រឡាញ់គ្នាជាបងប្អូនឲ្យកាន់តែខ្លាំង ពីព្រោះនេះនឹងជួយយើងស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយដែលយើងនឹងជួបប្រទះនៅពេលអនាគត។
៩. (ក) នៅសព្វថ្ងៃនេះ តើយើងមានឱកាសអ្វីខ្លះដើម្បីបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូន? (ខ) សូមលើកឧទាហរណ៍ខ្លះអំពីរបៀបដែលរាស្ត្ររបស់ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូន។
៩ សូម្បីតែនៅសព្វថ្ងៃនេះក្ដីមុនគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម យើងមានឱកាសជាច្រើនដើម្បីបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូន។ បងប្អូនយើងជាច្រើននាក់រងទុក្ខដោយសារការរញ្ជួយដី ទឹកជំនន់ ព្យុះសង្ឃរា រលកយក្សស៊ូណាមី ឬមហន្តរាយធម្មជាតិឯទៀត។ បងប្អូនខ្លះស៊ូទ្រាំនឹងការបៀតបៀន។ (ម៉ាថាយ ២៤:៦-៩) ម្យ៉ាងទៀត ជារៀងរាល់ថ្ងៃ យើងមានបញ្ហាខាងលុយកាក់ដោយសារយើងកំពុងរស់នៅក្នុងពិភពលោកដ៏ខូចអាក្រក់នេះ។ (ការបើកបង្ហាញ ៦:៥, ៦) ប៉ុន្តែ កាលណាបងប្អូនយើងមានបញ្ហាកាន់តែច្រើន នោះយើងកាន់តែមានឱកាសដើម្បីបង្ហាញថាយើងស្រឡាញ់ពួកគេយ៉ាងខ្លាំង។ ទោះជាពិភពលោកនេះមិនបង្ហាញសេចក្ដីស្រឡាញ់ក៏ដោយ យើងត្រូវបន្តបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូន[១] (សូមមើលកំណត់នៅចុងអត្ថបទ)។—ម៉ាថាយ ២៤:១២
តើតាមរបៀបណាយើងអាចបន្តស្រឡាញ់គ្នាជាបងប្អូន?
១០. តើយើងនឹងពិចារណាអ្វីឥឡូវនេះ?
១០ ទោះជាយើងមានបញ្ហាផ្សេងៗក៏ដោយ តើតាមរបៀបណាយើងអាចប្រាកដថាយើងបន្តបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូន? តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងមានសេចក្ដីស្រឡាញ់បែបនេះចំពោះបងប្អូនយើង? ក្រោយពីសាវ័កប៉ូលបាននិយាយថា៖ «ចូរបន្តស្រឡាញ់គ្នាជាបងប្អូន» គាត់បានរៀបរាប់ជាបន្តបន្ទាប់អំពីរបៀបមួយចំនួនដែលគ្រិស្តសាសនិកអាចធ្វើដូច្នេះ។ សូមយើងពិចារណារបៀប៦យ៉ាងក្នុងចំណោមរបៀបទាំងនោះ។
១១, ១២. តើការទទួលអ្នកឯទៀតដោយរាក់ទាក់មានន័យយ៉ាងណា? (សូមមើលរូបភាពនៅដើមអត្ថបទ)
១១ «កុំភ្លេចទទួលអ្នកឯទៀតដោយរាក់ទាក់»។ (សូមអាន ហេប្រឺ ១៣:២) តើពាក្យថា«ទទួលអ្នកឯទៀតដោយរាក់ទាក់»មានន័យយ៉ាងណា? ពាក្យដែលប៉ូលបានប្រើមានន័យត្រង់ថា«បង្ហាញសេចក្ដីសប្បុរសចំពោះអ្នកដែលយើងមិនស្គាល់»។ ពាក្យនោះប្រហែលជារំលឹកយើងអំពីអាប្រាហាំនិងឡុត។ បុរសទាំងពីរនាក់នោះបានបង្ហាញសេចក្ដីសប្បុរសចំពោះភ្ញៀវដែលពួកគាត់មិនបានស្គាល់។ នៅទីបំផុត អាប្រាហាំនិងឡុតបានដឹងថា តាមពិតភ្ញៀវទាំងនោះគឺជាពួកទេវតា។ (លោកុប្បត្តិ ១៨:២-៥; ១៩:១-៣) ឧទាហរណ៍ទាំងនេះបានលើកទឹកចិត្តគ្រិស្តសាសនិកជនជាតិហេប្រឺឲ្យបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូនដោយទទួលអ្នកឯទៀតដោយរាក់ទាក់។
១២ តើតាមរបៀបណាយើងអាចទទួលអ្នកឯទៀតដោយរាក់ទាក់? យើងអាចអញ្ជើញបងប្អូនយើងឲ្យមកផ្ទះរបស់យើងដើម្បីពិសាអាហារ ឬដើម្បីលើកទឹកចិត្តគ្នា។ ទោះជាយើងប្រហែលជាមិនស្គាល់អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងប្រពន្ធរបស់គាត់ច្បាស់ក៏ដោយ យើងអាចអញ្ជើញពួកគាត់ ពេលពួកគាត់ធ្វើទស្សនកិច្ចនៅក្រុមជំនុំរបស់យើង។ (យ៉ូហានទី៣ ៥-៨) យើងមិនចាំបាច់ធ្វើអាហារច្រើនមុខ ឬចំណាយលុយច្រើនដើម្បីរៀបចំអាហារឡើយ។ គោលដៅរបស់យើងគឺដើម្បីលើកទឹកចិត្តបងប្អូនយើង មិនមែនដើម្បីឲ្យពួកគាត់កោតស្ងើចចំពោះអ្វីដែលយើងមានទេ។ ម្យ៉ាងទៀត យើងមិនគួរអញ្ជើញតែពួកអ្នកដែលអាចតបស្នងយើងវិញឡើយ។ (លូកា ១០:៤២; ១៤:១២-១៤) អ្វីដ៏សំខាន់បំផុតគឺ ទោះជាយើងជាប់រវល់យ៉ាងណាក៏ដោយ យើងមិនភ្លេចទទួលអ្នកឯទៀតដោយរាក់ទាក់ទេ!
១៣, ១៤. តើតាមរបៀបណាយើងអាច«ចាំជានិច្ចអំពីពួកអ្នកដែលជាប់ចំណង»?
១៣ «ចូរចាំជានិច្ចអំពីពួកអ្នកដែលជាប់ចំណង»។ (សូមអាន ហេប្រឺ ១៣:៣) ពេលប៉ូលបានសរសេរឃ្លានេះ គាត់បានសំដៅលើបងប្អូនដែលជាប់គុកដោយសារជំនឿរបស់ពួកគាត់។ ប៉ូលបានសរសើរក្រុមជំនុំនោះដោយសារពួកគាត់បានបង្ហាញ«ចិត្តអាណិតអាសូរចំពោះអ្នកដែលជាប់គុក»។ (ហេប្រឺ ១០:៣៤) បងប្អូនខ្លះបានជួយប៉ូលក្នុងអំឡុងពេលបួនឆ្នាំដែលគាត់ជាប់គុក ប៉ុន្តែបងប្អូនឯទៀតរស់នៅឆ្ងាយ។ តើពួកគាត់អាចជួយប៉ូលយ៉ាងដូចម្ដេច? ពួកគាត់អាចអធិដ្ឋានអស់ពីចិត្តដើម្បីប៉ូល។—ភីលីព ១:១២-១៤; ហេប្រឺ ១៣:១៨, ១៩
យើងអាចអធិដ្ឋានឲ្យបងប្អូនប្រុសស្រីព្រមទាំងកុមារដែលជាប់គុកនៅប្រទេសអេរីត្រេ
១៤ សព្វថ្ងៃនេះ សាក្សីជាច្រើននាក់ជាប់គុកដោយសារជំនឿរបស់ពួកគាត់។ បងប្អូនដែលរស់នៅជិតអាចជួយពួកគាត់ដោយផ្ដល់អ្វីដែលពួកគាត់ត្រូវការ។ ប៉ុន្តែពួកយើងជាច្រើននាក់រស់នៅឆ្ងាយពីបងប្អូនដែលជាប់គុក។ តើតាមរបៀបណាយើងអាចជួយពួកគាត់ ហើយមិនភ្លេចពួកគាត់? ការស្រឡាញ់គ្នាជាបងប្អូននឹងជំរុញចិត្តយើងឲ្យអធិដ្ឋានអស់ពីចិត្តដើម្បីពួកគាត់។ ជាឧទាហរណ៍ យើងអាចអធិដ្ឋានឲ្យបងប្អូនប្រុសស្រី ព្រមទាំងកុមារដែលជាប់គុកនៅប្រទេសអេរីត្រេ រួមទាំងបងប្រុសប៉ោឡុស អ៊ីយ៉ាស៊ូ បងប្រុសអ៊ីសាក ម៉ូហ្គុសនិងបងប្រុសណេហ្គេដេ ថេកឡេម៉ារីយ៉ាម ដែលនៅតែជាប់គុក២០ឆ្នាំហើយ។
១៥. តើតាមរបៀបណាយើងអាចចាត់ទុកចំណងអាពាហ៍ពិពាហ៍របស់យើងជាអ្វីដែលមានតម្លៃ?
១៥ «ចូរឲ្យមនុស្សទាំងអស់គ្នាចាត់ទុកអាពាហ៍ពិពាហ៍ជាអ្វីដែលមានតម្លៃ»។ (សូមអាន ហេប្រឺ ១៣:៤) យើងក៏អាចបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូនដោយមានភាពស្អាតស្អំខាងសីលធម៌ដែរ។ (ធីម៉ូថេទី១ ៥:១, ២) ជាឧទាហរណ៍ បើយើងប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងបងប្អូនប្រុស ឬបងប្អូនស្រីណាម្នាក់ យើងនឹងធ្វើឲ្យបុគ្គលនោះនិងក្រុមគ្រួសារគាត់មានទុក្ខលំបាក។ យើងនឹងធ្វើឲ្យបងប្អូនយើងលែងទុកចិត្តគ្នា។ (ថែស្សាឡូនិចទី១ ៤:៣-៨) សូមគិតផងដែរអំពីអារម្មណ៍របស់ប្រពន្ធម្នាក់ បើនាងរកឃើញថាប្ដីនាងមើលរូបអាសអាភាស។ តើនាងនឹងមានអារម្មណ៍ថាប្ដីនាងស្រឡាញ់នាង ហើយឲ្យតម្លៃចំពោះរបៀបរៀបចំរបស់ព្រះសម្រាប់អាពាហ៍ពិពាហ៍ឬទេ?—ម៉ាថាយ ៥:២៨
១៦. តើតាមរបៀបណាការចេះស្កប់ចិត្តជួយយើងបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូន?
១៦ «ចូរស្កប់ចិត្តនឹងអ្វីដែលអ្នករាល់គ្នាមាន»។ (សូមអាន ហេប្រឺ ១៣:៥) ទំនុកចិត្តលើព្រះយេហូវ៉ានឹងជួយយើងឲ្យចេះស្កប់ចិត្ត ពោលគឺយើងយល់ថាអ្វីដែលយើងមានគឺគ្រប់គ្រាន់។ តើតាមរបៀបណាការចេះស្កប់ចិត្តនឹងជួយយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូន? ពេលយើងស្កប់ចិត្ត យើងនឹងចាំថាបងប្អូនគ្រិស្តសាសនិករបស់យើងគឺសំខាន់ជាងលុយ ឬវត្ថុទ្រព្យឆ្ងាយណាស់។ (ធីម៉ូថេទី១ ៦:៦-៨) យើងនឹងមិនត្អូញត្អែរអំពីបងប្អូនយើង ឬអំពីស្ថានភាពរបស់យើងក្នុងជីវិតឡើយ។ ម្យ៉ាងទៀត យើងនឹងមិនច្រណែនអ្នកឯទៀត ឬមិនលោភលន់ទេ។ ផ្ទុយទៅវិញ កាលណាយើងស្កប់ចិត្ត យើងនឹងមានចិត្តទូលាយ។—ធីម៉ូថេទី១ ៦:១៧-១៩
១៧. តើតាមរបៀបណាការ«មានចិត្តពោរពេញទៅដោយសេចក្ដីក្លាហាន»ជួយយើងបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូន?
១៧ ចូរ«មានចិត្តពោរពេញទៅដោយសេចក្ដីក្លាហាន»។ (សូមអាន ហេប្រឺ ១៣:៦) ទំនុកចិត្តលើព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវចិត្តក្លាហានដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗ។ ចិត្តក្លាហាននេះជួយយើងមានចិត្តគំនិតល្អ។ ម្យ៉ាងទៀត កាលណាយើងមានចិត្តគំនិតល្អ យើងអាចបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូនដោយលើកទឹកចិត្តនិងដោយសម្រាលទុក្ខបងប្អូនយើង។ (ថែស្សាឡូនិចទី១ ៥:១៤, ១៥) សូម្បីតែក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងក៏ដោយ យើងអាចមានចិត្តក្លាហាន ដោយដឹងថាសេចក្ដីសង្គ្រោះរបស់យើងគឺជិតដល់ហើយ។—លូកា ២១:២៥-២៨
យើងអាចមានចិត្តក្លាហាន ដោយដឹងថាសេចក្ដីសង្គ្រោះរបស់យើងគឺជិតដល់ហើយ
១៨. តើតាមរបៀបណាយើងអាចមានសេចក្ដីស្រឡាញ់ជាបងប្អូនកាន់តែខ្លាំងចំពោះពួកអ្នកចាស់ទុំរបស់យើង?
១៨ «ចូរចាំអំពីពួកអ្នកដែលកំពុងនាំមុខ»។ (សូមអាន ហេប្រឺ ១៣:៧, ១៧) ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់យើងប្រើពេលវេលារបស់ពួកគាត់ដើម្បីខំប្រឹងបំពេញភារកិច្ចផ្សេងៗជាប្រយោជន៍ដល់យើង។ ពេលយើងគិតអំពីអ្វីទាំងអស់ដែលពួកគាត់ធ្វើ យើងមានសេចក្ដីស្រឡាញ់និងមានអំណរគុណកាន់តែខ្លាំងចំពោះពួកគាត់។ យើងនឹងមិនចង់ឲ្យពួកគាត់បាត់បង់អំណរ ឬខកចិត្តដោយសារអ្វីមួយដែលយើងធ្វើឡើយ។ ផ្ទុយទៅវិញ យើងចង់ស្ដាប់បង្គាប់ដោយស្ម័គ្រចិត្ត។ យ៉ាងនេះ យើង«ឲ្យតម្លៃខ្ពស់ដល់ពួកគាត់ដោយសេចក្ដីស្រឡាញ់ ដោយសារកិច្ចការរបស់ពួកគាត់»។—ថែស្សាឡូនិចទី១ ៥:១៣
ចូរបន្តធ្វើដូច្នេះឲ្យកាន់តែប្រសើរថែមទៀត
១៩, ២០. តើតាមរបៀបណាយើងអាចបន្តបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូនតាមវិធីដែលប្រសើរជាង?
១៩ គេស្គាល់រាស្ត្ររបស់ព្រះយេហូវ៉ាថាជាពួកអ្នកដែលស្រឡាញ់គ្នាជាបងប្អូន។ នៅសម័យប៉ូលក៏ដូចគ្នាដែរ។ ប៉ុន្តែប៉ូលបានលើកទឹកចិត្តបងប្អូនឲ្យបង្ហាញសេចក្ដីស្រឡាញ់តាមវិធីដែលប្រសើរជាង។ គាត់បាននិយាយថា៖ ‹ចូរធ្វើដូច្នោះឲ្យកាន់តែប្រសើរថែមទៀត›។ (ថែស្សាឡូនិចទី១ ៤:៩, ១០) ហេតុនេះ យើងអាចបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូនឲ្យកាន់តែប្រសើរឡើង!
២០ ដូច្នេះ ក្នុងអំឡុងឆ្នាំនេះកាលដែលយើងមើលបទគម្ពីរប្រចាំឆ្នាំរបស់យើងនៅសាលប្រជុំ ចូរយើងរំពឹងគិតអំពីសំណួរទាំងនេះ៖ តើខ្ញុំអាចទទួលអ្នកឯទៀតកាន់តែរាក់ទាក់ជាងឬទេ? តើតាមរបៀបណាខ្ញុំអាចជួយបងប្អូនយើងដែលជាប់គុក? តើខ្ញុំចាត់ទុកអាពាហ៍ពិពាហ៍ដែលជាការរៀបចំរបស់ព្រះជាអ្វីដែលមានតម្លៃឬទេ? តើអ្វីនឹងជួយខ្ញុំឲ្យពិតជាស្កប់ចិត្ត? តើតាមរបៀបណាខ្ញុំអាចមានទំនុកចិត្តទៅលើព្រះយេហូវ៉ាកាន់តែខ្លាំង? តើតាមរបៀបណាខ្ញុំអាចកាន់តែស្ដាប់បង្គាប់ពួកអ្នកដែលនាំមុខ? បើយើងខំប្រឹងធ្វើតាមចំណុចទាំង៦យ៉ាងនេះឲ្យកាន់តែប្រសើរឡើង នោះបទគម្ពីរប្រចាំឆ្នាំនឹងមិនគ្រាន់តែជាស្លាកសញ្ញាមួយដែលនៅលើជញ្ជាំងប៉ុណ្ណោះទេ តែវានឹងរំលឹកយើងឲ្យធ្វើតាមពាក្យរបស់ប៉ូលដែលថា៖ «ចូរបន្តស្រឡាញ់គ្នាជាបងប្អូន»។—ហេប្រឺ ១៣:១
^ [១] (វគ្គ៩) ដើម្បីដឹងព័ត៌មានអំពីរបៀបដែលសាក្សីព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូនក្នុងគ្រាដែលមានមហន្តរាយ សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ ទំព័រ២០ វគ្គ១៤ និងសៀវភៅរាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ! ជំពូកទី២០។