គុណភាពនៃជំនឿរបស់អ្នក—កំពុងសាកល្បងឥឡូវនេះ
«បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន»។—យ៉ាកុប ១:២, ៣
១. ហេតុអ្វីក៏ពួកគ្រីស្ទានទន្ទឹងចាំថានឹងមានការសាកល្បងជំនឿរបស់គេ?
គ្រីស្ទានពិតឥតចូលចិត្តរងទុក្ខ ហើយគេក៏មិនសប្បាយចិត្តពីការឈឺចាប់ឬការអាម៉ាស់មុខនោះដែរ។ ប៉ុន្តែ គេចាំពាក្យខាងលើនេះ ដែលបានសរសេរដោយយ៉ាកុប ដែលជាប្អូនប្រុសរបស់ព្រះយេស៊ូខាងម្ដាយ។ ព្រះគ្រីស្ទបានបញ្ជាក់ឲ្យច្បាស់ថា សិស្សរបស់ទ្រង់នឹងអាចជួបនឹងការបៀតបៀន និងការពិបាកឯទៀត ដោយព្រោះគេកាន់ខ្ជាប់នឹងខ្នាតតម្រារបស់ព្រះ។ (ម៉ាថាយ ១០:៣៤; ២៤:៩-១៣; យ៉ូហាន ១៦:៣៣) យ៉ាងណាក៏ដោយ ក៏នឹងមានអំណរពីការសាកល្បងបែបនេះដែរ។ តើយ៉ាងដូចម្ដេចទៅ?
២. (ក) តើតាមរបៀបណាដែលការសាកល្បងជំនឿរបស់យើងនាំឲ្យមានអំណរ? (ខ) តើតាមរបៀបណាដែលការស៊ូទ្រាំបានត្រូវសម្រេចក្នុងករណីរបស់យើង?
២ មូលហេតុដ៏សំខាន់មួយដែលយើងមានអំណរ នៅពេលពិសោធសេចក្ដីទុក្ខលំបាកឬការសាកល្បងនៃជំនឿនោះ គឺថារឿងទាំងនេះអាចបង្កើតផលផ្លែល្អ។ ដូចយ៉ាកុបបានសរសេរមកនោះ ការស៊ូទ្រាំនឹងការសាកល្បងឬសេចក្ដីទុក្ខលំបាក «នាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន»។ យើងអាចមានប្រយោជន៍ពីការស្ថាបនាគុណសម្បត្ដិគ្រីស្ទានដ៏មានតម្លៃបែបនេះ។ យ៉ាកុបបានសរសេរថា៖ «ចូរទុកឲ្យសេចក្ដីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់ល័ក្ខណ៍ ហើយពេញខ្នាត ឥតខ្វះអ្វីឡើយ»។ (យ៉ាកុប ១:៤) សេចក្ដីខ្ជាប់ខ្ជួនគឺមានការធ្វើ ឬក៏‹កិច្ចការ›មួយ។ មុខងាររបស់វាគឺដើម្បីធ្វើឲ្យយើងបានពេញលេញក្នុងគ្រប់ប្រការ ហើយជួយយើងមានតុល្យាភាពនិងគំនិតចាស់ទុំជាគ្រីស្ទាន។ ដូច្នេះ ការអនុញ្ញាតឲ្យសេចក្ដីទុក្ខលំបាកមានជាដំណើរ ដោយមិនរកបញ្ចប់លំបាកនោះភ្លាមដោយវិធីដែលមិនស្របនឹងព្រះគម្ពីរ នោះជាលទ្ធផល ជំនឿរបស់យើងនឹងបានសាកល្បងនិងបានប្រសើរឡើង។ ប្រសិនបើយើងខ្វះការអត់ធ្មត់ សេចក្ដីមេត្ដាករុណា សេចក្ដីសប្បុរស ឬសេចក្ដីស្រឡាញ់ក្នុងការដោះស្រាយស្ថានការណ៍ណាមួយឬជាមួយមនុស្សគ្នីគ្នា នោះការស៊ូទ្រាំអាចជួយឲ្យចំរើនគុណសម្បត្ដិគ្រីស្ទានរបស់យើង។ ត្រូវហើយ ជាលំដាប់នោះ៖ ការសាកល្បងនាំឲ្យមានការស៊ូទ្រាំ។ ការស៊ូទ្រាំបង្កើនគុណសម្បត្ដិគ្រីស្ទាន។ ហើយគុណសម្បត្ដិទាំងនេះបណ្ដាលឲ្យមានអំណរ។—ពេត្រុសទី១ ៤:១៤; ពេត្រុសទី២ ១:៥-៨
៣. ហេតុអ្វីក៏យើងមិនត្រូវរួញរាដោយខ្លាចនូវសេចក្ដីទុក្ខលំបាកឬការសាកល្បងជំនឿ?
៣ សាវ័កពេត្រុសក៏បានបញ្ជាក់នូវមូលហេតុ ដែលយើងមិនត្រូវខ្លាចឬគេចពីការសាកល្បងនៃជំនឿរបស់យើងនោះឡើយ។ គាត់បានសរសេរថា៖ «អ្នករាល់គ្នាក៏មានសេចក្ដីអំណរជាខ្លាំង ក្នុងសេចក្ដីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះត្រូវរងទុក្ខព្រួយជាយូរបន្ដិច ដោយកើតមានសេចក្ដីល្បួងផ្សេងៗក៏ដោយ ដើម្បីឲ្យការសាកលសេចក្ដីជំនឿនៃអ្នករាល់គ្នា ដ៏វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ នោះបានឃើញសំរាប់ជាសេចក្ដីសរសើរ កេរ្ដិ៍ឈ្មោះ នឹងសិរីល្អ ក្នុងកាលដែលព្រះយេស៊ូគ្រីស្ទទ្រង់លេចមក»។ (ពេត្រុសទី១ ១:៦, ៧) ពាក្យទាំងនេះគឺជាការលើកទឹកចិត្តណាស់ ពីព្រោះ«សេចក្ដីវេទនាជាខ្លាំង»—គ្រានៃការសរសើរ សិរីល្អ សេចក្ដីថ្លៃថ្នូរ និងការរួចរស់—គឺកាន់តែជិតមកដល់ ជាងមនុស្សខ្លះគិតទៅទៀត ហើយកាន់តែជិតជាងពេលដែលយើងបានក្លាយទៅជាអ្នកជឿផង។—ម៉ាថាយ ២៤:២១; រ៉ូម ១៣:១១, ១២
៤. តើបងប្រុសម្នាក់មានអារម្មណ៍យ៉ាងណាអំពីការសាកល្បង ដែលគាត់និងពួកគ្រីស្ទានចាក់ប្រេងតាំងឯទៀតកំពុងតែពិសោធនោះ?
៤ នៅក្នុងអត្ថបទមុននេះ យើងបានពិនិត្យមើលការសាកល្បង ដែលពួកអ្នកចាក់ប្រេងតាំងដែលនៅសល់បានប្រឈមមុខតាំងពីឆ្នាំ១៩១៤មកម្ល៉េះ។ តើនេះបានជាអ្វីដែលនាំឲ្យមានអំណរនោះទេ? បងប្រុសអាលេក្សានដឺ ម៉ាក់មីល្លិន បានឲ្យទស្សនៈនេះថា៖ «ខ្ញុំបានឃើញសេចក្ដីទុក្ខលំបាកជាច្រើនដែលមានមកលើអង្គការ និងការសាកល្បងនៃជំនឿនៃពួកអ្នកដែលនៅក្នុងនោះ។ ដោយមានជំនួយពីវិញ្ញាណរបស់ព្រះ អង្គការនេះបានបន្តរីកចំរើនទៅទៀត។ ខ្ញុំបានឃើញថា ជាការមានប្រាជ្ញាដោយរង់ចាំព្រះយេហូវ៉ាយ៉ាងអត់ធ្មត់ ដើម្បីបំភ្លឺឲ្យយើងយល់ដឹងរបស់ខាងព្រះគម្ពីរ ជាជាងនឹងតូចចិត្តដោយគំនិតថ្មីនោះ។ . . . មិនថាមានការកែតម្រង់អ្វីក៏ដោយ ក្នុងទស្សនៈរបស់យើងពីពេលមួយទៅពេលមួយ នោះនឹងមិនផ្លាស់ប្ដូរនូវសំវិធានការដ៏មេត្ដាករុណានៃការលោះ និងសេចក្ដីសន្យារបស់ព្រះនៃជីវិតអស់កល្បជានិច្ចឡើយ។ ដូច្នេះ យើងមិនត្រូវអនុញ្ញាតឲ្យជំនឿរបស់យើងទៅជាខ្សោយ ដោយការទន្ទឹងចាំដ៏ឥតបានសម្រេចឬការផ្លាស់ប្ដូរខាងទស្សនៈនោះឡើយ»។—ប៉មយាម ១៥ សីហា ១៩៦៦ ទំព័រ ៥០៤។
៥. (ក) តើមានផលប្រយោជន៍អ្វី ពីពេលដែលពួកពួកសំណល់បានពិសោធនឹងការសាកល្បងនោះ? (ខ) ហេតុអ្វីក៏រឿងនេះទាក់ទងនឹងយើងឥឡូវនេះ?
៥ ពួកគ្រីស្ទានដែលបានចាក់ប្រេងតាំង ដែលបានរួចរស់ជីវិតពីគ្រានៃការសាកល្បងនៅឆ្នាំ១៩១៤-១៩ បានត្រូវរួចផុតពីឥទ្ធិពលដ៏ជិះជាន់នៃលោកីយ៍នេះ ហើយរួចផុតពីការប្រព្រឹត្តខាងសាសនាដែលមានសភាពដូចបាប៊ីឡូន។ ពួកអ្នកសំណល់បានបន្តទៅមុខ ជាមនុស្សដែលបានស្អាតហើយបានសម្រង់ ដោយស្ម័គ្រចិត្តធ្វើយញ្ញបូជាសរសើរព្រះ ហើយមានការធានារ៉ាប់រងថា ជាមនុស្សមួយក្រុម គេមានការយល់ព្រមពីព្រះ។ (អេសាយ ៥២:១១; កូរិនថូសទី២ ៦:១៤-១៨) ការជំនុំជំរះបានចាប់ផ្ដើមឡើងជាមួយដំណាក់របស់ព្រះ ប៉ុន្តែនឹងមិនបានសម្រេចនៅគ្រាតែមួយនោះទេ។ ការសាកល្បងនិងការសម្រាំងនៃរាស្ត្ររបស់ព្រះគឺមានជាបន្ត។ អស់ពួកអ្នកដែលសង្ឃឹមឲ្យរួចរស់ជីវិតពី«សេចក្ដីវេទនាជាខ្លាំង»ដែលនឹងមកដល់ខាងមុខនេះ ដើម្បីឲ្យបានជាផ្នែកនៃ«ហ្វូងធំ» នោះជំនឿរបស់គេក៏កំពុងតែសាកល្បងដែរ។ (វិវរណៈ ៧:៩, ១៤) នេះកំពុងតែធ្វើឡើងតាមរបៀបដូចគ្នានឹងអ្វីដែល ពួកអ្នកចាក់ប្រេងតាំងដែលនៅសល់បានប្រឈមមុខដែរ។
តើអ្នកនឹងបានត្រូវសាកល្បងតាមរបៀបណា?
៦. តើការសាកល្បងដ៏ខ្លាំងបែបណា ដែលមនុស្សជាច្រើនបានពិសោធនោះ?
៦ ពួកគ្រីស្ទានជាច្រើនបានគិតអំពីការពិបាកនៃការស៊ូទ្រាំនឹងការសាកល្បង ដែលមានតាមរយៈការប្រយុទ្ធចំៗ។ គេបានចាំរបាយការណ៍នេះថា៖ «[មេដឹកនាំយូដា]កាលបានហៅពួកសាវ័កមកវិញ នោះក៏វាយនឹងរំពាត់ ព្រមទាំងហាមឃាត់មិនឲ្យនិយាយពីព្រះនាមព្រះយេស៊ូទៀត រួចលែងឲ្យទៅ ពួកសាវ័កក៏ចេញពីពួកក្រុមជំនុំទៅ ដោយអរសប្បាយ ពីព្រោះបានរាប់ជាអ្នកគួរនឹងទ្រាំសេចក្ដីដំនៀល ដោយព្រោះព្រះនាមទ្រង់»។ (កិច្ចការ ៥:៤០, ៤១) ហើយប្រវត្ដិសាស្ត្រនៃរាស្ត្ររបស់ព្រះនៅសម័យទំនើបនេះ ជាពិសេសនៅកំឡុងសង្គ្រាមពិភពលោក ធ្វើឲ្យឃើញច្បាស់ថា ស្មរបន្ទាល់ព្រះយេហូវ៉ាជាច្រើន គឺពិតជាមានគេវាយ នៅក្រោមកណ្ដាប់ដៃនៃពួកបៀតបៀនដ៏អាក្រក់ជាងនោះទៅទៀត។
៧. តើដល់កំរិតណាដែលពួកគ្រីស្ទានខ្លះនៅសម័យទំនើបនេះបានសម្ដែងជំនឿរបស់គេនោះ?
៧ បើស្តីអំពីការបៀតបៀនមកលើគ្រីស្ទាននោះ គឺលោកីយ៍ឥតសម្គាល់ថាអ្នកណាជាពួកអ្នកចាក់ប្រេងតាំងដែលនៅសល់ ហើយនិងហ្វូងធំនៃ«ចៀមឯទៀត»ឡើយ។ (យ៉ូហាន ១០:១៦) ជាច្រើនឆ្នាំកន្លងមក សមាជិកនៃក្រុមទាំងពីរបានត្រូវសាកល្បងយ៉ាងខ្លាំងដោយការជាប់គុក ហើយព្រមទាំងត្រូវរងទុក្ខសេចក្ដីស្លាប់ផង ដោយព្រោះគេស្រឡាញ់ព្រះនិងជឿលើទ្រង់។ ក្រុមទាំងពីរត្រូវការវិញ្ញាណរបស់ព្រះ មិនថាគេមានសេចក្ដីសង្ឃឹមខាងណាក៏ដោយ។ (ប្រៀបធៀប ប៉មយាម ១៥ មិថុនា ១៩៩៦ ទំព័រ ៣១) ក្នុងកំឡុងទសវត្សនៃឆ្នាំ១៩៣០និងឆ្នាំ១៩៤០ នៅប្រទេសអាល្លឺម៉ង់របបណាត្ស៊ី ស្មរបន្ទាល់ព្រះយេហូវ៉ាជាច្រើននាក់ រួមទាំងកូនក្មេង បានបង្ហាញជំនឿយ៉ាងអស្ចារ្យ ហើយគេជាច្រើននាក់បានត្រូវសាកល្បងយ៉ាងខ្លាំងមែនទែន។ នៅពេលថ្មីៗនេះ រាស្ត្ររបស់ព្រះយេហូវ៉ាក៏បានជួបការសាកល្បងដោយការបៀតបៀន នៅស្រុកដូចជា ប្រទេសប៊ុរុនឌី ប្រទេសអ៊ីរីទ្រា ប្រទេសអេស្យូពី ប្រទេសម៉ាឡាវី ប្រទេសម៉ូសាំប៊ីក ប្រទេសរ្វ៉ាន់ដា ប្រទេសសិង្ហបូរី និងប្រទេសសៃអៀរ។ ហើយការសាកល្បងបែបនេះគឺមានជាបន្ត។
៨. តើតាមរបៀបណាដែលសេចក្ដីថ្លែងរបស់បងប្រុសជាតិអាហ្វ្រិកម្នាក់ បង្ហាញថា ការសាកល្បងជំនឿរបស់យើងទាក់ទងអ្វីច្រើនទៀត មិនគ្រាន់តែឲ្យយើងអត់ធន់នឹងការបៀតបៀនដោយគេវាយនោះទេ?
៨ ប៉ុន្តែ ដូចជាបានកត់សម្គាល់មកហើយ ជំនឿរបស់យើងក៏កំពុងតែត្រូវសាកល្បងតាមឧបាយកលដែរ។ ការសាកល្បងខ្លះគឺមិនមានចំៗ ហើយមិនសូវស្រួលសម្គាល់ទេ។ សូមពិចារណានូវរបៀបដែលអ្នកនឹងប្រព្រឹត្តក្រោមស្ថានការណ៍ខ្លះៗ។ បងប្រុសម្នាក់នៅប្រទេសអង់ហ្គោឡា ដែលមានកូនដប់នាក់បាននៅក្នុងក្រុមជំនុំ ដែលក្នុងគ្រាមួយរយៈ ឥតមានការទាក់ទងជាមួយនឹងបងប្អូនដែលមើលថែរក្សានោះទេ។ ក្រោយមក អ្នកដទៃអាចទៅលេងក្រុមជំនុំនោះ។ គេបានសួរគាត់នូវរបៀបដែលគាត់ចាត់ចែងចិញ្ចឹមគ្រួសាររបស់គាត់។ នេះមិនមែនជាអ្វីដ៏ស្រួលឲ្យគាត់ឆ្លើយនោះទេ ហើយគាត់អាចគ្រាន់តែនិយាយថា ស្ថានការណ៍នោះគឺពិបាកណាស់។ តើគាត់អាចចិញ្ចឹមរកអាហារឲ្យកូនរបស់គាត់មួយថ្ងៃៗនោះទេ? គាត់បានតបឆ្លើយថា៖ «បាទ គឺពិបាកណាស់។ យើងបានចេះចិញ្ចឹមខ្លួន ដោយអ្វីដែលយើងមាន»។ រួចមក ដោយសម្លេងដ៏មានជំនឿស៊ប់ គាត់បាននិយាយថា៖ «ប៉ុន្តែ តើនេះមិនមែនជាអ្វីដែលយើងដឹងថា ជាថ្ងៃជាន់ក្រោយបង្អស់ទេឬ»? ជំនឿបែបនេះគឺជាអ្វីដ៏អស្ចារ្យណាស់ក្នុងលោកីយ៍នេះ ប៉ុន្តែនេះមិនមែនជាអ្វីចម្លែកក្នុងចំណោមពួកគ្រីស្ទានដ៏ស្មោះត្រង់នោះទេ ដែលមានការទុកចិត្តទាំងស្រុងថា សេចក្ដីសន្យាអំពីព្រះរាជាណាចក្រនឹងបានត្រូវសម្រេច។
៩. តើតាមរបៀបណាដែលយើងបានត្រូវសាកល្បង ដែលទាក់ទងនឹងកូរិនថូសទី១ ១១:៣?
៩ ពួកហ្វូងធំក៏កំពុងតែបានត្រូវសាកល្បងដែរ ដែលទាក់ទងនឹងទម្រង់ការណ៍ខាងព្រះធិបតេយ្យ។ ក្រុមជំនុំគ្រីស្ទានពាសពេញពិភពលោក គឺកំពុងតែដឹកនាំដោយគោលការណ៍របស់ព្រះ និងខ្នាតតម្រាខាងព្រះធិបតេយ្យ។ ជាដំបូង នេះតម្រូវឲ្យទទួលស្គាល់ព្រះយេស៊ូជាមេដឹកនាំ ជាបុគ្គលដែលបានតែងតាំងឲ្យធ្វើជាមេក្រុមជំនុំ។ (កូរិនថូសទី១ ១១:៣) ការចុះចូលដ៏ស្ម័គ្រជាមួយនឹងទ្រង់និងព្រះវរបិតារបស់ទ្រង់ គឺបង្ហាញឲ្យឃើញតាមជំនឿរបស់យើង ក្នុងការតែងតាំងខាងព្រះធិបតេយ្យ និងសេចក្ដីសម្រេចដែលទាក់ទង នឹងការធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ាដោយសាមគ្គីភាព។ ថែមទៀតនោះ ក្នុងក្រុមជំនុំក្នុងតំបន់និមួយៗ គឺមានពួកបុរសដែលបានតែងតាំងឲ្យធ្វើជាអ្នកនាំមុខ។ ពួកគេជាបុរសដែលឥតគ្រប់ល័ក្ខណ៍ ដែលមានកំហុសដ៏ស្រួលមើលឃើញ។ ប៉ុន្តែយើងបានត្រូវដាស់តឿនឲ្យគោរពអ្នកមើលខុសត្រូវបែបនេះ ហើយឲ្យចុះចូលនឹងពួកគេដែរ។ (ហេព្រើរ ១៣:៧, ១៧) តើអ្នកមានការពិបាកធ្វើបែបនេះនៅពេលខ្លះឬ? តើនេះពិតជាការសាកល្បងសំរាប់អ្នកឬ? ប្រសិនជាដូច្នេះ តើអ្នកកំពុងតែទទួលប្រយោជន៍ពីការសាកល្បងជំនឿរបស់អ្នកឬទេ?
១០. តើការសាកល្បងអ្វីដែលយើងប្រឈមមុខ ដែលស្តីអំពីកិច្ចបំរើផ្សាយ?
១០ យើងក៏បានត្រូវសាកល្បងដែលទាក់ទងនឹងឯកសិទ្ធិនិងសេចក្ដីតម្រូវ ក្នុងការទៅផ្សាយប្រកាសជារឿយៗនោះដែរ។ បើយើងចង់ជាប់ការសាកល្បងនេះ យើងត្រូវតែដឹងថា ការចូលរួមដ៏ពេញលេញក្នុងការផ្សាយ គឺទាក់ទងច្រើនទៀត មិនមែនគ្រាន់តែការផ្សាយបន្ដិចបន្តួចនោះទេ។ សូមរំឭកឡើងវិញនូវពាក្យបន្ទូលដ៏យល់ព្រមរបស់ព្រះយេស៊ូ អំពីស្ត្រីមេម៉ាយដ៏ក្រខ្សត់ម្នាក់ដែលបានឲ្យរបស់ដែលនាងមាន។ (ម៉ាកុស ១២:៤១-៤៤) យើងអាចសួរខ្លួនថា ‹តើខ្ញុំប្រគល់ខ្លួនក្នុងការផ្សាយស្រដៀងនេះឬទេ›? យើងគ្រប់គ្នាត្រូវធ្វើជាស្មរបន្ទាល់របស់ព្រះយេហូវ៉ាជារៀងរាល់ម៉ោង ដោយប្រុងប្រៀបក្នុងគ្រប់ឱកាស ដើម្បីឲ្យពន្លឺរបស់យើងបានភ្លឺឡើង។—ម៉ាថាយ ៥:១៦
១១. តើតាមរបៀបណាដែលការផ្លាស់ប្ដូរក្នុងការយល់ឬឱវាទលើចរិយាជាការសាកល្បងមួយ?
១១ ការសាកល្បងមួយទៀតដែលយើងអាចប្រឈមមុខនោះ ទាក់ទងត្រឹមណាដែលយើងអបអរចំពោះពន្លឺដែលបានបង្កើនលើសេចក្ដីពិតខាងព្រះគម្ពីរ ហើយនិងចំពោះឱវាទដែលបានផ្ដល់មកដោយក្រុមអ្នកបំរើស្មោះត្រង់។ (ម៉ាថាយ ២៤:៤៥) នៅពេលខ្លះនេះតម្រូវឲ្យមានកែតម្រង់នូវចរិយាផ្ទាល់ខ្លួន ដូចជានៅពេលដែលដឹងច្បាស់ថា អស់អ្នកដែលប្រើថ្នាំជក់នឹងត្រូវឲ្យឈប់ ប្រសិនបើគេចង់នៅក្នុងក្រុមជំនុំ។a (កូរិនថូសទី២ ៧:១) ឬក៏ការសាកល្បងប្រហែលទាក់ទងនឹងការកែតម្រូវនូវប្រភេទភ្លេងដែលយើងចូលចិត្តស្ដាប់ ឬគ្រឿងកំសាន្តណាមួយដែរ។b តើយើងនឹងសង្ស័យថាឱវាទដែលបានផ្ដល់ឲ្យនោះគ្មានប្រយោជន៍ឬ? ឬក៏ តើយើងនឹងអនុញ្ញាតឲ្យវិញ្ញាណរបស់ព្រះ បំពាក់បំប៉នគំនិតរបស់យើង ហើយជួយយើងឲ្យប្រដាប់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី?—អេភេសូរ ៤:២០-២៤; ៥:៣-៥
១២. តើអ្វីដែលត្រូវការដើម្បីពង្រឹងជំនឿ ក្រោយពីបុគ្គលម្នាក់បានធ្វើបុណ្យជ្រមុជទឹក?
១២ ជាច្រើនទសវត្សមកហើយ ចំនួននៃពួកហ្វូងធំបានរីកចំរើន ហើយក្រោយពីធ្វើបុណ្យជ្រមុជទឹក គេកំពុងតែបន្តពង្រឹងទំនាក់ទំនងរបស់គេជាមួយព្រះយេហូវ៉ា។ នេះទាក់ទងច្រើនទៀត មិនគ្រាន់តែមកឯសន្និបាតគ្រីស្ទាន ទៅកិច្ចប្រជុំខ្លះនៅឯសាលព្រះរាជាណាចក្រ ឬទៅធ្វើកិច្ចផ្សាយបំរើយូរៗម្ដងនោះឡើយ។ ជាឧទាហរណ៍៖ បុគ្គលម្នាក់ប្រហែលជានៅខាងក្រៅបាប៊ីឡូនដ៏ធំ ដែលជាចក្រភពទូទៅនៃសាសនាមិនពិត ប៉ុន្តែ តើគាត់ពិតជាបានទុកវាចោលហើយឬទេ? តើគាត់នៅតោងនឹងអ្វីៗដែលបង្ហាញនូវគំនិតរបស់បាប៊ីឡូនដ៏ធំ—ដែលជាអាកប្បកិរិយាដែលមើលងាយដល់ខ្នាតតម្រាដ៏សុចរិតរបស់ព្រះឬ? តើគាត់ចាត់ទុកសីលធម៌និងសេចក្ដីស្មោះត្រង់ខាងអាពាហ៍ពិពាហ៍ជាអ្វីដ៏ឥតសំខាន់ឬ? តើគាត់ចាត់ទុកប្រយោជន៍ផ្ទាល់ខ្លួននិងវត្ថុខាងសាច់ឈាម ជាអ្វីដែលសំខាន់ជាងប្រយោជន៍ខាងវិញ្ញាណឬ? ត្រូវហើយ តើគាត់បានរក្សាខ្លួនឲ្យឥតប្រឡាក់ពីលោកីយ៍នេះឬ?—យ៉ាកុប ១:២៧
ផលប្រយោជន៍ពីជំនឿដែលបានសាកល្បងហើយ
១៣, ១៤. តើអ្នកខ្លះបានប្រព្រឹត្តអ្វី ក្រោយពីបានចាប់ផ្ដើមតាមផ្លូវនៃការថ្វាយបង្គំពិត?
១៣ ប្រសិនបើយើងពិតជាបានរត់ចេញពីបាប៊ីឡូនដ៏ធំ ហើយចេញពីលោកីយ៍នេះដែរ ចូរកុំឲ្យយើងក្រឡេកមើលរបស់ខាងក្រោយយើងវិញ។ ស្របនឹងគោលការណ៍នៅលូកា ៩:៦២នោះ អ្នកណាមួយដែលមើលមកក្រោយ អាចបាត់បង់សិទ្ធិជារាស្ត្រនៃព្រះរាជាណាចក្ររបស់ព្រះ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ»។
១៤ ប៉ុន្តែ អ្នកខ្លះដែលបានក្លាយទៅជាគ្រីស្ទាននៅពេលមុន បានបណ្ដោយឲ្យខ្លួនគេធ្វើតាមរបបលោកីយ៍នេះ។ គេមិនបានតទល់នឹងវិញ្ញាណនៃលោកីយ៍នេះទេ។ (ពេត្រុសទី២ ២:២០-២២) ការរំខានផ្សេងៗដោយលោកីយ៍បានស្រូបយកអារម្មណ៍និងពេលវេលារបស់គេ ជាលទ្ធផលបានបង្អាក់នូវការរីកចំរើនរបស់គេ។ ជាជាងរក្សាចិត្តគំនិតរបស់គេជាប់នឹងព្រះរាជាណាចក្ររបស់ព្រះ ឲ្យបានមាំមួននិងសេចក្ដីសុចរិតរបស់ទ្រង់ ដោយចាត់ទុកអ្វីបែបនេះជាសំខាន់ក្នុងជីវិត គេបានបែរក្រោយដើម្បីទៅស្វែងរកបំណងខាងវត្ថុនិយម។ បើគេនឹងមិនទទួលស្គាល់ថា គេមានជំនឿខ្សោយនិងសភាពមិនសូវកក់ក្ដៅនោះ ហើយមិនព្រមកែប្រែដំណើររបស់គេ នោះគេអាចមានគ្រោះថ្នាក់នូវការបាត់បង់ទំនាក់ទំនងដ៏មានតម្លៃ ជាមួយព្រះយេហូវ៉ានិងអង្គការរបស់ទ្រង់។—វិវរណៈ ៣:១៥-១៩
១៥. តើត្រូវការអ្វីដើម្បីឲ្យព្រះយល់ព្រមទទួលស្គាល់យើងនោះ?
១៥ ដើម្បីឲ្យព្រះទទួលយល់ព្រមនឹងយើង ហើយឲ្យមានលទ្ធភាពរួចរស់ជីវិតពីសេចក្ដីវេទនាជាខ្លាំងដែលកំពុងតែមកនោះ គឺស្រេចលើការរក្សាខ្លួនឲ្យស្អាតបាត ដោយទុកអាវរបស់យើង‹បោកស្អាតដោយឈាមរបស់កូនចៀម›។ (វិវរណៈ ៧:៩-១៤; កូរិនថូសទី១ ៦:១១) ប្រសិនបើយើងមិនរក្សាជំហរឲ្យស្អាត ឲ្យសុចរិតក្នុងព្រះនេត្ររបស់ព្រះ នោះប្រហែលជាទ្រង់ឥតយល់ព្រមនឹងកិច្ចបំរើបរិសុទ្ធរបស់យើងទេ។ យ៉ាងប្រាកដហើយ យើងគ្រប់គ្នាត្រូវឲ្យដឹងថា គុណភាពនៃជំនឿដែលបានសាកល្បងហើយ នឹងជួយយើងឲ្យស៊ូទ្រាំហើយជៀសវាងអ្វីដែលទ្រង់មិនសព្វព្រះហឫទ័យ។
១៦. ក្នុងរបៀបណាដែលពាក្យកុហក បង្ហាញទៅជាការសាកល្បងនៃជំនឿរបស់យើង?
១៦ នៅពេលខ្លះ សារពត៌មាននិងអាជ្ញាធរខាងលោកីយ៍ បានក្លែងនិយាយបង្ខូចរាស្ត្ររបស់ព្រះ ដោយនិយាយមិនល្អអំពីជំនឿខាងគ្រីស្ទាននិងរបៀបរស់នៅជាគ្រីស្ទានរបស់យើង។ នេះមិនជាអ្វីដែលត្រូវធ្វើឲ្យយើងភ្ញាក់ផ្អើលនោះទេ ដ្បិតព្រះយេស៊ូបង្ហាញយ៉ាងច្បាស់ថា ‹លោកីយ៍នឹងស្អប់យើង ដោយព្រោះយើងគ្មានចំណែកនឹងវា›។ (យ៉ូហាន ១៧:១៤) តើយើងនឹងអនុញ្ញាតឲ្យពួកអ្នកដែលបានស្រពិលភ្នែកដោយសាតាំងនោះ មកធ្វើឲ្យយើងខ្លាចហើយធ្វើឲ្យបាក់ទឹកចិត្ត ហើយធ្វើឲ្យយើងអាម៉ាស់មុខនឹងដំណឹងល្អឬ? តើយើងនឹងអនុញ្ញាតឲ្យពាក្យកុហកអំពីសេចក្ដីពិត មានឥទ្ធិពលលើការមកប្រជុំនិងសកម្មភាពផ្សាយរបស់យើងឬ? ឬក៏តើយើងនឹងនៅមុតមាំ ហើយឲ្យបានក្លាហានដោយប្ដេជ្ញាចិត្ត ដើម្បីបន្តផ្សាយសេចក្ដីពិតអំពីព្រះយេហូវ៉ានិងព្រះរាជាណាចក្ររបស់ទ្រង់?
១៧. តើការធានារ៉ាប់រងអ្វីដែលអាចជំរុញយើងឲ្យបន្តក្នុងការបង្ហាញជំនឿ?
១៧ យោងទៅតាមទំនាយព្រះគម្ពីរដែលបានសម្រេចហើយ នោះឥឡូវនេះយើងកំពុងតែរស់នៅគ្រាចុងបញ្ចប់។ ការទន្ទឹងចាំពិភពលោកថ្មីដ៏សុចរិតដែលបានរៀបរាប់ក្នុងព្រះគម្ពីរ គឺប្រាកដជានឹងក្លាយទៅជាសេចក្ដីពិតដ៏រីករាយមួយ។ ទំរាំពេលនោះមកដល់ សូមឲ្យយើងមានជំនឿដ៏មាំមួនលើបន្ទូលរបស់ព្រះ ហើយបង្ហាញជំនឿយើង ដោយមិនអន់ថយខាងការផ្សាយដំណឹងល្អនៃព្រះរាជាណាចក្រនៅក្នុងពិភពលោក។ សូមគិតអំពីពួកសិស្សជាច្រើនពាន់នាក់ដែលកំពុងតែធ្វើបុណ្យជ្រមុជទឹករៀងរាល់សប្ដាហ៍។ តើនេះមិនមែនជាមូលហេតុល្អសំរាប់ឲ្យយើងអបអរថា ការអត់ធ្មត់របស់ព្រះយេហូវ៉ាស្តីអំពីសេចក្ដីជំនុំជំរះរបស់ទ្រង់ អាចនាំឲ្យមានសេចក្ដីសង្គ្រោះដល់មនុស្សជាច្រើនទេឬ? តើយើងមិនអរ ដែលព្រះអនុញ្ញាតឲ្យមានសកម្មភាពបន្តក្នុងការផ្សាយដំណឹងល្អនេះទេឬ? ហើយតើយើងមិនសប្បាយថា មនុស្សជាច្រើនលាននាក់អាចទទួលសេចក្ដីពិត ហើយបង្ហាញឲ្យឃើញជំនឿរបស់គេឬទេ?
១៨. តើអ្វីជាការតាំងចិត្តរបស់អ្នក ចំពោះការបំរើព្រះយេហូវ៉ា?
១៨ ដែលគ្រាសាកល្បងជំនឿរបស់យើងនឹងមានប៉ុនណាទៅទៀត នោះយើងមិនអាចនិយាយបានទេ។ ប៉ុន្តែ អ្វីមួយជាប្រាកដ គឺថា៖ ព្រះយេហូវ៉ាបានកត់ទុកថ្ងៃនៃការប្រហារជំនុំជំរះ លើផ្ទៃមេឃនិងផែនដីដ៏អាក្រក់នេះ។ នៅពេលចន្លោះនោះ សូមឲ្យយើងតាំងចិត្តដើម្បីយកតម្រាប់តាមជំនឿដែលមានគុណភាពដ៏អស្ចារ្យដោយបានសាកល្បងនោះ ដែលបានសម្ដែងដោយព្រះយេស៊ូ ដែលជាអ្នកបំពេញជំនឿរបស់យើង។ ហើយសូមឲ្យយើងធ្វើតាមគំរូនៃពួកអ្នកចាក់ប្រេងតាំងដែលនៅសល់ ដែលមានអាយុចាស់ទៅហើយនេះ ហើយចំពោះអស់អ្នកដែលបំរើយ៉ាងក្លាហានក្នុងចំណោមយើង។
១៩. តើអ្វីដែលអ្នកអាចដឹងជាពិតប្រាកដថានឹងឈ្នះលោកីយ៍នេះបាន?
១៩ យើងត្រូវតែតាំងចិត្តប្រកាសដោយឥតឈប់ឈរនូវដំណឹងល្អដ៏អស់កល្បជានិច្ច ដល់គ្រប់ទាំងសាសន៍ កុលសម្ព័ន្ធ ភាសា និងមនុស្ស ដែលយើងធ្វើកិច្ចការនេះរួមជាមួយទេវតាដែលហោះហើរនៅលើផ្ទៃមេឃ។ សូមឲ្យគេឮសេចក្ដីប្រកាសរបស់ទេវតាថា៖ «ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ»។ (វិវរណៈ ១៤:៦, ៧) នៅពេលដែលព្រះប្រហារសេចក្ដីជំនុំជំរះ តើនឹងមានលទ្ធផលយ៉ាងណា ដែលស្តីអំពីគុណភាពជំនឿរបស់យើងដែលបានសាកល្បងនោះ? តើនេះនឹងធ្វើជាជ័យជំនះទេឬ—ការសង្គ្រោះចេញពីរបបលោកីយ៍នៅបច្ចុប្បន្ននេះ ចូលទៅក្នុងពិភពលោកថ្មីរបស់ព្រះនោះ? ដោយស៊ូទ្រាំនឹងការសាកល្បងនៃជំនឿរបស់យើង យើងនឹងអាចនិយាយដូចសាវ័កយ៉ូហានដែរថា៖ «នោះបានឈ្នះលោកីយ៍ហើយ ឯជ័យជំនះដែលឈ្នះលោកីយ៍ នោះគឺជាសេចក្ដីជំនឿរបស់យើង»។—យ៉ូហានទី១ ៥:៤
[កំណត់សម្គាល់]
a សូមមើលប៉មយាម ១ មិថុនា ១៩៧៣ ទំព័រ ៣៣៦-៤៣, និង ១ កក្កដា ១៩៧៣ ទំព័រ ៤០៩-១១។
b សូមមើលប៉មយាម ១៥ កក្កដា ១៩៨៣ ទំព័រ ២៧-៣១។
តើអ្នកនៅចាំឬទេ?
◻ តើតាមរបៀបណាដែលការសាកល្បងជំនឿរបស់យើង អាចបណ្ដាលឲ្យមានអំណរ?
◻ តើអ្វីជាការសាកល្បងខ្លះនៃជំនឿរបស់យើង ដែលមិនអាចឃើញបានយ៉ាងស្រួល?
◻ តើតាមរបៀបណាដែលយើងទទួលប្រយោជន៍ជាស្ថាពរ ដោយឈ្នះលើការសាកល្បងនៃជំនឿរបស់យើង?
[រូបភាពនៅទំព័រ២៩]
អាលេក្សានដឺ ម៉ាក់មីល្លិន (នៅមុខហើយខាងឆ្វេង) នៅគ្រាដែលគាត់និងសមាជិកនៃសមាគមប៉មយាមបានត្រូវជាប់គុកដោយអយុត្ដិធម៌
គណៈប្រតិភូនៅឯមហាសន្និបាតនៅ រដ្ឋមីស៊ីហ្គិន ឌីត្រូត ឆ្នាំ១៩២៨
ក្នុងឆ្នាំចុងក្រោយក៏នៅតែបង្ហាញជំនឿដែរ
[រូបភាពនៅទំព័រ៣១]
ដូចគ្រួសារនេះ ពួកគ្រីស្ទានជាច្រើនក្នុងទ្វីបអាហ្វ្រីក បានបង្ហាញនូវគុណភាពនៃជំនឿដែលបានសាកល្បងហើយ