ចូរជៀសវាងកុំឲ្យ«វិចារណញ្ញាណរបស់អ្នករាល់គ្នាឆាប់រង្គោះរង្គើ»!
«បងប្អូនអើយ . . . យើងសុំប្រាប់ថា កុំឲ្យវិចារណញ្ញាណរបស់អ្នករាល់គ្នាឆាប់រង្គោះរង្គើ»។—២ថែ. ២:១, ២
១, ២. ហេតុអ្វីសព្វថ្ងៃនេះមានការបោកបញ្ឆោតច្រើនម្ល៉េះ ហើយតើតាមរបៀបណាខ្លះ? (សូមមើលរូបភាពនៅដើមអត្ថបទ)។
ការបោកបញ្ឆោតនិងការភូតកុហក គឺជារឿងធម្មតានៅក្នុងពិភពលោកដែលយើងរស់នៅ។ នេះមិនគួរធ្វើឲ្យយើងភ្ញាក់ផ្អើលឡើយ។ គម្ពីរបានចែងយ៉ាងច្បាស់ថា មេកំណាចសាថានគឺជាអ្នកបោកបញ្ឆោតដែលប៉ិនប្រសប់ ហើយវាគឺជាអ្នកគ្រប់គ្រងនៃរបៀបរបបនេះ។ (១ធី. ២:១៤; ១យ៉ូន. ៥:១៩) កាលដែលយើងចូលកាន់តែជិតដល់ទីបញ្ចប់នៃរបៀបរបបដ៏អាក្រក់នេះ សាថានមានកំហឹងកាន់តែខ្លាំងឡើង ពីព្រោះវានៅសល់«ពេលតែបន្ដិចបន្តួច»ប៉ុណ្ណោះ។ (បប. ១២:១២) ដូច្នេះ យើងអាចរំពឹងថាពួកអ្នកដែលទទួលឥទ្ធិពលពីមេកំណាចនឹងបោកបញ្ឆោតកាន់តែខ្លាំងឡើង ជាពិសេសពួកគេនឹងព្យាយាមបោកបញ្ឆោតពួកអ្នកដែលលើកតម្កើងការគោរពប្រណិប័តន៍ពិត។
២ ជួនកាលបណ្ដាញផ្សាយព័ត៌មាន បានផ្សាយពាក្យបោកបញ្ឆោតនិងពាក្យភូតកុហកចំៗអំពីអ្នកបម្រើព្រះយេហូវ៉ានិងអំពីជំនឿរបស់ពួកគាត់។ សារព័ត៌មាន កម្មវិធីទូរទស្សន៍និងគេហទំព័រអ៊ីនធឺណិតបានត្រូវប្រើដើម្បីផ្សាយពាក្យមិនពិត។ ជាលទ្ធផល មនុស្សខ្លះជ្រួលច្របល់ក្នុងចិត្ត ងាយចាញ់បោក ដោយជឿពាក្យកុហកបែបនេះ។
៣. តើអ្វីអាចជួយយើងទប់ទល់នឹងការបោកបញ្ឆោត?
៣ ដើម្បីទប់ទល់នឹងកលល្បិចនេះ ដែលសត្រូវរបស់យើងប្រើដើម្បីធ្វើឲ្យយើងធ្លាក់ទឹកចិត្ត នោះយើងដឹងគុណព្រះដោយសារយើងមានបណ្ដាំរបស់លោក ដែល«មានប្រយោជន៍សម្រាប់ . . . ធ្វើឲ្យត្រឹមត្រូវឡើងវិញ»។ (២ធី. ៣:១៦) ជាការសំខាន់ណាស់ដែលយើងរៀនពីអ្វីដែលសាវ័កប៉ូលបានសរសេរថា គ្រិស្តសាសនិកខ្លះនៅក្រុងថែស្សាឡូនិចនៅសតវត្សរ៍ទី១ បានចាញ់បោក ដោយទទួលយកអ្វីដែលមិនពិត។ ប៉ូលបានដាស់តឿនពួកគាត់ «កុំឲ្យវិចារណញ្ញាណរបស់[ពួកគាត់]ឆាប់រង្គោះរង្គើ»។ (២ថែ. ២:១, ២) តើយើងអាចទាញមេរៀនអ្វីពីការដាស់តឿនដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ប៉ូល ហើយតើតាមរបៀបណាយើងអាចអនុវត្តមេរៀនទាំងនេះនៅក្នុងស្ថានភាពរបស់យើង?
ការព្រមានដែលត្រូវពេល
៤. តើគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិចបានត្រូវព្រមានយ៉ាងដូចម្ដេចអំពីការមកដល់នៃ«ថ្ងៃរបស់ព្រះយេហូវ៉ា» ហើយតើយើងបានត្រូវព្រមានយ៉ាងណាដែរ?
៤ នៅក្នុងសំបុត្រទី១របស់គាត់ជូនចំពោះក្រុមជំនុំនៅក្រុងថែស្សាឡូនិច ប៉ូលបានទាញអារម្មណ៍ពួកគាត់ទៅលើការមកដល់នៃ«ថ្ងៃរបស់ព្រះយេហូវ៉ា»។ គាត់មិនចង់ឲ្យបងប្អូនរួមជំនឿរបស់គាត់ស្ថិតក្នុងភាពងងឹត និងមិនបានត្រៀមខ្លួនឡើយ។ ប៉ូលបានប្រាប់ពួកគាត់ថាពួកគាត់ជា«កូននៃពន្លឺ» ហើយបន្ទាប់មកគាត់បានបន្ថែមថា៖ «ចូរឲ្យយើងភ្ញាក់ហើយដឹងខ្លួនជានិច្ច»។ (សូមអាន ថែស្សាឡូនិចទី១ ៥:១-៦) សព្វថ្ងៃនេះ យើងរង់ចាំការបំផ្លាញចោលនៃបាប៊ីឡូនដ៏ខ្លាំងក្លា ដែលជាតំណាងសាសនាមិនពិតទាំងឡាយទូទាំងពិភពលោក។ នេះនឹងជាការចាប់ផ្ដើមនៃថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា។ យើងពិតជាដឹងគុណដែលយើងអាចមានការយល់ដឹងកាន់តែច្រើនអំពីការសម្រេចគោលបំណងរបស់ព្រះយេហូវ៉ា។ ម្យ៉ាងទៀត តាមរយៈក្រុមជំនុំ យើងទទួលជាទៀងទាត់នូវសេចក្ដីរំលឹកដែលជួយយើងឲ្យដឹងខ្លួនជានិច្ច។ បើយើងយកចិត្តទុកដាក់ចំពោះសេចក្ដីរំលឹកទាំងនេះដែលយើងទទួលម្ដងហើយម្ដងទៀត នោះយើងអាចពង្រឹងការតាំងចិត្តរបស់យើងដើម្បីបម្រើព្រះដោយប្រើ«សមត្ថភាពរិះគិត»។—រ៉ូម ១២:១
៥, ៦. (ក) នៅក្នុងសំបុត្រទី២របស់ប៉ូលជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច តើគាត់បានសរសេរអំពីអ្វី? (ខ) តើនៅពេលឆាប់ៗខាងមុខនេះព្រះនឹងធ្វើអ្វីតាមរយៈលោកយេស៊ូ ហើយតើយើងគួរសួរខ្លួនយើងនូវសំណួរអ្វីខ្លះ?
៥ មិនយូរក្រោយពីប៉ូលបានផ្ញើសំបុត្រទី១របស់គាត់ទៅគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច គាត់បានផ្ញើសំបុត្រទី២ទៅពួកគាត់។ នៅក្នុងសំបុត្រនេះ ប៉ូលបានទាញអារម្មណ៍ពួកគាត់ទៅលើទុក្ខវេទនាដែលជិតមកដល់ ពេលលោកម្ចាស់យេស៊ូអនុវត្តការវិនិច្ឆ័យទោសលើ«ពួកអ្នកដែលមិនស្គាល់ព្រះ និងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អ»។ (២ថែ. ១:៦-៨) នៅជំពូកទី២នៃសំបុត្រនោះ ប៉ូលសរសេរថាអ្នកខ្លះនៅក្នុងក្រុមជំនុំនោះបាន«ជ្រួលច្របល់ក្នុងចិត្ត»អំពីថ្ងៃរបស់ព្រះយេហូវ៉ារហូតដល់ពួកគាត់បានជឿថាថ្ងៃនោះគឺជិតដល់ណាស់ហើយ។ (សូមអាន ថែស្សាឡូនិចទី២ ២:១, ២) គ្រិស្តសាសនិកនៅសម័យដើមទាំងនោះមិនបានយល់ដឹងទាំងស្រុងថាគោលបំណងរបស់ព្រះយេហូវ៉ានឹងបានសម្រេចយ៉ាងណាឡើយ។ ប៉ូលបានទទួលស្គាល់រឿងនេះពេលគាត់សរសេរក្រោយមកអំពីទំនាយដូចតទៅនេះថា៖ «ចំណេះរបស់យើងគឺមិនទាន់សព្វគ្រប់ ហើយទំនាយដែលយើងប្រកាសក៏មិនទាន់សព្វគ្រប់ដែរ ប៉ុន្តែកាលណាយើងមានចំណេះសព្វគ្រប់ ហើយប្រកាសទំនាយសព្វគ្រប់ នោះចំណេះដែលមិនទាន់សព្វគ្រប់និងទំនាយដែលមិនទាន់សព្វគ្រប់នឹងត្រូវធ្វើឲ្យសូន្យទៅ»។ (១កូ. ១៣:៩, ១០) ប៉ុន្តែការព្រមានដែលព្រះបានដឹកនាំប៉ូល សាវ័កពេត្រុសនិងបងប្អូនរើសតាំងដ៏ស្មោះត្រង់ឯទៀតឲ្យសរសេរ អាចជួយពួកគាត់រក្សាជំនឿ។
៦ ដើម្បីកែតម្រង់គំនិតរបស់ពួកគាត់ ព្រះបានដឹកនាំប៉ូលឲ្យពន្យល់ថាមុនថ្ងៃរបស់ព្រះយេហូវ៉ា ការក្បត់ជំនឿដ៏ធំមួយនឹងកើតឡើង ហើយ«បុរសប្រឆាំងច្បាប់»នឹងមកដល់។a ក្រោយមក នៅពេលកំណត់របស់លោក លោកម្ចាស់យេស៊ូនឹង«ធ្វើឲ្យសាបសូន្យ»នូវអស់អ្នកដែលបានត្រូវបោកបញ្ឆោត។ សាវ័កប៉ូលបានបញ្ជាក់អំពីមូលហេតុនៃការវិនិច្ឆ័យនេះទៅលើពួកគេ គឺដោយសារ«ពួកគេមិនព្រមស្រឡាញ់សេចក្ដីពិត»។ (២ថែ. ២:៣, ៨-១០) យើងគួរសួរខ្លួនយើងថា ‹តើខ្ញុំស្រឡាញ់សេចក្ដីពិតខ្លាំងប៉ុន្មាន? តើខ្ញុំសិក្សាទស្សនាវដ្ដីនេះនិងសៀវភៅឯទៀតដែលបានត្រូវផ្ដល់ឲ្យរាស្ត្ររបស់ព្រះនៅទូទាំងពិភពលោកដើម្បីខ្ញុំអាចដឹងការយល់ដឹងថ្មីរបស់យើងអំពីសេចក្ដីបង្រៀនក្នុងគម្ពីរឬទេ?›។
ចូរជ្រើសរើសមិត្តភក្ដិដោយប្រុងប្រយ័ត្ន
៧, ៨. (ក) តើគ្រិស្តសាសនិកសម័យដើមត្រូវប្រឈមមុខនឹងគ្រោះថ្នាក់អ្វីខ្លះ? (ខ) សព្វថ្ងៃនេះ តើអ្វីអាចនាំឲ្យមានគ្រោះថ្នាក់ខ្លាំងណាស់ដល់គ្រិស្តសាសនិក?
៧ មែនហើយ គ្រិស្តសាសនិកនឹងជួបគ្រោះថ្នាក់ផ្សេងទៀតក្រៅពីពួកអ្នកក្បត់ជំនឿនិងសេចក្ដីបង្រៀនរបស់ពួកគេ។ ប៉ូលបានសរសេរទៅកាន់ធីម៉ូថេថា៖ «ការស្រឡាញ់ប្រាក់ជាឫសគល់មួយនៃអំពើអាក្រក់សព្វបែបយ៉ាង»។ គាត់បានបញ្ជាក់ថា៖ «ដោយបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់បែបនោះ អ្នកខ្លះបានត្រូវបង្វែរចេញពីជំនឿ ហើយបានចាក់ទម្លុះខ្លួនគ្រប់កន្លែងដោយទុក្ខវេទនាជាច្រើន»។ (១ធី. ៦:១០) «ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង»ក៏នឹងបង្កឲ្យមានគ្រោះថ្នាក់ជានិច្ចផងដែរ។—កាឡ. ៥:១៩-២១
៨ ប៉ុន្តែអ្នកអាចយល់អំពីមូលហេតុដែលប៉ូលព្រមានយ៉ាងខ្លាំងដល់គ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិចអំពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដែលបណ្ដាលមកពីបុរសបែបនេះ ដែលគាត់បានហៅនៅខគម្ពីរផ្សេងទៀតថា«សាវ័កក្លែងក្លាយ»។ ក្នុងចំណោមពួកគេ មានបុរសខ្លះដែលបាន«និយាយបង្ខុសសេចក្ដីពិត ដើម្បីអូសទាញពួកអ្នកកាន់តាមឲ្យទៅតាមខ្លួនវិញ»។ (២កូ. ១១:៤, ១៣; សកម្ម. ២០:៣០) ក្រោយមក លោកយេស៊ូបានសរសើរក្រុមជំនុំនៅក្រុងអេភេសូរ ដោយសារពួកគាត់មិនអាច«ទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយ»។ គ្រិស្តសាសនិកនៅក្រុងអេភេសូរទាំងនេះបាន«សាកល្បង»បុគ្គលដែលតាមពិតជាសាវ័កក្លែងក្លាយ និងជាអ្នកភូតភរ។ (បប. ២:២) គួរឲ្យចាប់អារម្មណ៍ណាស់ថា នៅក្នុងសំបុត្រទី២របស់ប៉ូលជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច គាត់បានបំផុសទឹកចិត្តពួកគាត់ថា៖ «បងប្អូនអើយ ឥឡូវយើងបង្គាប់អ្នករាល់គ្នាក្នុងនាមលោកម្ចាស់យេស៊ូគ្រិស្ត ឲ្យដកខ្លួនចេញពីបងប្អូនណាដែលមានរបៀបរស់នៅខុសគន្លង»។ បន្ទាប់មក គាត់បាននិយាយយ៉ាងច្បាស់អំពីគ្រិស្តសាសនិកដែល«មិនចង់ធ្វើការ»។ (២ថែ. ៣:៦, ១០) ដូច្នេះ បើពួកគាត់ត្រូវជៀសវាងអ្នកណាដែលខ្ជិល ហើយមិនចង់ធ្វើការ នោះគឺរឹតតែសំខាន់ជាងទៅទៀតដែលពួកគាត់ជៀសវាងអ្នកណាដែលបានចាប់ផ្ដើមប្រព្រឹត្តដូចអ្នកក្បត់ជំនឿ។ មែនហើយ ការសេពគប់យ៉ាងជិតស្និទ្ធជាមួយនឹងបុគ្គលបែបនេះនៅសម័យនោះនាំឲ្យមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយត្រូវតែជៀសវាង។ សព្វថ្ងៃនេះក៏ដូចគ្នាដែរ។—សុភ. ១៣:២០
៩. ហេតុអ្វីយើងគួរប្រុងប្រយ័ត្នប្រសិនបើអ្នកណាម្នាក់ចាប់ផ្ដើមគិតស្មានអំពីអ្វីដែលគម្ពីរមិនបានចែង ឬរិះគន់អង្គការព្រះយេហូវ៉ា?
៩ យើងកាន់តែឈានទៅជិតដល់ការចាប់ផ្ដើមនៃគ្រាទុក្ខវេទនាជាខ្លាំងនិងទីបញ្ចប់នៃរបៀបរបបដ៏អាក្រក់នេះ ហេតុនេះការព្រមានពីព្រះ ដែលបានផ្ដល់ឲ្យនៅសតវត្សរ៍ទី១កាន់តែមានសារៈសំខាន់។ យើងពិតជាមិនចង់«ទទួលគុណដ៏វិសេសលើសលប់របស់ព្រះដោយឥតប្រយោជន៍»ឡើយ។ ប្រសិនបើរឿងនោះកើតឡើង យើងនឹងបាត់បង់ឱកាសរស់នៅជារៀងរហូត។ (២កូ. ៦:១) យើងគួរប្រុងប្រយ័ត្នយ៉ាងខ្លាំង ប្រសិនបើអ្នកណាម្នាក់ដែលចូលរួមកិច្ចប្រជុំរបស់យើង ព្យាយាមល្បួងយើងឲ្យគិតស្មានអំពីអ្វីដែលគម្ពីរមិនបានចែង ឬរិះគន់អ្នកចាស់ទុំនិងអ្នកឯទៀតដែលបម្រើព្រះ។—២ថែ. ៣:១៣-១៥
ចូរ«កាន់ខ្ជាប់តាមទំនៀមទម្លាប់»
១០. តើគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិចបានត្រូវដាស់តឿនឲ្យកាន់ខ្ជាប់តាមទំនៀមទម្លាប់អ្វី?
១០ ប៉ូលបានដាស់តឿនបងប្អូននៅក្រុងថែស្សាឡូនិចឲ្យ«កាន់ជំហរមាំមួន» ហើយកាន់ខ្ជាប់តាមអ្វីដែលពួកគាត់បានរៀន។ (សូមអាន ថែស្សាឡូនិចទី២ ២:១៥) តើ«ទំនៀមទម្លាប់»អ្វី ដែលពួកគាត់បានរៀន? គឺជាសេចក្ដីបង្រៀនរបស់លោកយេស៊ូនិងអ្វីដែលព្រះបានដឹកនាំឲ្យប៉ូលនិងអ្នកឯទៀតសរសេរ។ ប៉ូលមិនបានសំដៅលើទំនៀមទម្លាប់ដែលសាសនាមិនពិតបានបង្រៀនឡើយ។ គាត់បានសរសើរបងប្អូននៅក្រុមជំនុំនៅក្រុងកូរិនថូស ដូចគាត់បានសរសេរថា៖ «អ្នករាល់គ្នាគិតអំពីខ្ញុំជានិច្ច ហើយកំពុងប្រកាន់ខ្ជាប់តាមសេចក្ដីដែលខ្ញុំបានពាំនាំមកប្រាប់»។ (១កូ. ១១:២) សេចក្ដីបង្រៀនបែបនេះគឺមកពីប្រភពដែលគួរឲ្យទុកចិត្ត ហើយពិតជាអាចទុកចិត្តបាន។
១១. តើតាមរបៀបណាដែលការបោកបញ្ឆោតអាចមានឥទ្ធិពលលើមនុស្សខ្លះ?
១១ ពេលប៉ូលសរសេរសំបុត្រទៅគ្រិស្តសាសនិកជនជាតិហេប្រឺ គាត់បានលើកបញ្ជាក់អំពីរបៀបពីរយ៉ាងដែលគ្រិស្តសាសនិកអាចបាត់បង់ជំនឿ ហើយលែងកាន់ជំហរមាំមួន។ (សូមអាន ហេប្រឺ ២:១; ៣:១២) គាត់បាននិយាយអំពី‹ការរសាត់ចេញពីជំនឿ›និង‹ការថយចេញ›។ ទូកមួយដែលរសាត់ចេញពីច្រាំងទន្លេ មុនដំបូងយើងប្រហែលជាពិបាកកត់សម្គាល់ថាវារសាត់ចេញ។ បន្ដិចម្ដងៗ ទូកនោះកាន់តែឃ្លាតឆ្ងាយពីច្រាំង។ ប៉ុន្តែ បុរសម្នាក់ក៏អាចសម្រេចចិត្តរុញទូករបស់គាត់ចេញពីច្រាំងដែរ។ ករណីទាំងពីរនេះបង្ហាញយ៉ាងច្បាស់អំពីស្ថានភាពរបស់មនុស្សខ្លះដែលត្រូវគេបោកបញ្ឆោត ដោយបណ្ដោយឲ្យទំនុកចិត្តរបស់ពួកគេលើសេចក្ដីពិតចុះខ្សោយ។
១២. តើសកម្មភាពអ្វីខ្លះនៅសម័យនេះអាចបង្ខូចចំណងមិត្តភាពរវាងយើងនិងព្រះ?
១២ គ្រិស្តសាសនិកខ្លះនៅក្រុងថែស្សាឡូនិចប្រហែលជាបានបណ្ដោយខ្លួនឲ្យគេបោកបញ្ឆោត។ ចុះយ៉ាងណាសព្វថ្ងៃនេះ? សកម្មភាពជាច្រើនអាចស៊ីពេលវេលារបស់យើង។ សូមគិតអំពីពេលប៉ុន្មានម៉ោងដែលយើងចំណាយដើម្បីធ្វើអ្វីដែលយើងចូលចិត្តធ្វើនៅពេលទំនេរ ប្រើបណ្ដាញគេហទំព័រសម្រាប់ប្រាស្រ័យទាក់ទងគ្នា អាននិងឆ្លើយតបសារតាមទូរស័ព្ទឬអ៊ីមែល ឬមើលព័ត៌មានថ្មីៗអំពីការប្រកួតកីឡា។ សកម្មភាពណាមួយក៏ដោយក្នុងចំណោមសកម្មភាពទាំងនេះអាចបំបែរអារម្មណ៍គ្រិស្តសាសនិក ហើយធ្វើឲ្យចិត្តខ្នះខ្នែងរបស់គាត់ចុះខ្សោយ។ តើមានលទ្ធផលយ៉ាងណា? យើងប្រហែលជាមិនសូវអធិដ្ឋានអស់ពីចិត្ត សិក្សាបណ្ដាំរបស់ព្រះ ចូលរួមកិច្ចប្រជុំនិងកិច្ចផ្សព្វផ្សាយដំណឹងល្អទេ។ ដូច្នេះ តើយើងអាចធ្វើអ្វីដើម្បីជៀសវាងកុំឲ្យវិចារណញ្ញាណរបស់យើងឆាប់រង្គោះរង្គើ?
ចូរការពារខ្លួនដើម្បីកុំឲ្យឆាប់រង្គោះរង្គើ
១៣. ដូចគម្ពីរបានទាយ តើមនុស្សជាច្រើននាក់មានចិត្តគំនិតយ៉ាងណា ហើយតើអ្វីអាចការពារជំនឿរបស់យើង?
១៣ អ្វីមួយដែលយើងពិតជាត្រូវធ្វើ គឺចាំជានិច្ចអំពីគ្រាដែលយើងកំពុងរស់នៅនិងអំពីឥទ្ធិពលនៃការសេពគប់ជាមួយនឹងពួកអ្នកដែលមិនព្រមទទួលស្គាល់ថាគ្រានេះគឺជា«គ្រាចុងក្រោយបង្អស់»។ សាវ័កពេត្រុសបានសរសេរអំពីគ្រានេះថា៖ «នឹងមានពួកអ្នកចំអក ដែលបណ្ដែតបណ្ដោយទៅតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន មកចំអក ហើយនិយាយថា៖ ‹លោកសន្យាថានឹងមក តែតើលោកនៅឯណា? ចាប់ពីថ្ងៃដែលពួកបុព្វបុរសរបស់យើងដេកលក់ក្នុងសេចក្ដីស្លាប់ អ្វីៗទាំងអស់នៅដដែល តាំងពីពេលចាប់ផ្ដើមបង្កើតពិភពលោកមក›»។ (២ពេ. ៣:៣, ៤) បើយើងអាននិងសិក្សាបណ្ដាំរបស់ព្រះជាទៀងទាត់ នេះនឹងជួយយើងឲ្យផ្ដោតអារម្មណ៍ទៅលើគ្រាដែលយើងកំពុងរស់នៅ ពោលគឺជួយយើងឲ្យចាំជានិច្ចថាយើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់»។ ការក្បត់ជំនឿដែលគម្ពីរបានទាយ បានចាប់ផ្ដើមមានតាំងពីយូរយារមកហើយ ហើយបន្តមានរហូតដល់សព្វថ្ងៃនេះ។ នៅតែមាន«បុរសប្រឆាំងច្បាប់»ដែលបន្តប្រឆាំងអ្នកបម្រើព្រះ។ អាស្រ័យហេតុនេះ យើងមិនគួរភ្លេចថាថ្ងៃរបស់ព្រះយេហូវ៉ាគឺជិតមកដល់ហើយនោះទេ។—សេផ. ១:៧
១៤. តើការជាប់រវល់ជានិច្ចក្នុងកិច្ចបម្រើព្រះការពារយើងយ៉ាងដូចម្ដេច?
១៤ បទពិសោធន៍បានបង្ហាញថា វិធីដ៏សំខាន់មួយដើម្បីប្រុងស្មារតីជានិច្ច និងដើម្បីជៀសវាងកុំឲ្យវិចារណញ្ញាណរបស់យើងឆាប់រង្គោះរង្គើ គឺការចូលរួមជាទៀងទាត់ក្នុងកិច្ចផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ ហេតុនេះ ពេលគ្រិស្តយេស៊ូ ដែលជាប្រមុខក្រុមជំនុំ បានបង្គាប់ពួកអ្នកកាន់តាមលោកឲ្យបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមលោក ដោយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលលោកបានបង្រៀន នោះលោកបានឲ្យឱវាទដែលនឹងការពារពួកអ្នកកាន់តាមលោក។ (ម៉ាថ. ២៨:១៩, ២០) ដើម្បីធ្វើតាមការណែនាំរបស់លោក យើងត្រូវមានចិត្តខ្នះខ្នែងក្នុងកិច្ចផ្សព្វផ្សាយ។ តើអ្នកអាចស្រមៃគិតថា បងប្អូនរបស់អ្នកនៅក្រុងថែស្សាឡូនិចនឹងពេញចិត្តផ្សព្វផ្សាយនិងបង្រៀនគ្រាន់តែដើម្បីបង្គ្រប់កិច្ច ដោយចាត់ទុកកិច្ចការនោះជាភារកិច្ចមួយដែលពួកគាត់ត្រូវធ្វើដោយគ្មានចិត្តរំភើបប៉ុណ្ណោះឬ? សូមនឹកចាំពាក្យរបស់ប៉ូលចំពោះពួកគាត់ដែលថា៖ «កុំរារាំងឥទ្ធិពលនៃសកម្មពលរបស់ព្រះ។ កុំមើលងាយទំនាយ»។ (១ថែ. ៥:១៩, ២០) ទំនាយដែលយើងសិក្សានិងប្រាប់អ្នកឯទៀតពិតជាគួរឲ្យរំភើបចិត្តមែន!
១៥. តើយើងអាចពិចារណាអំពីអ្វីខ្លះក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ?
១៥ ជាការធម្មតាដែលយើងចង់ជួយក្រុមគ្រួសាររបស់យើងឲ្យបង្កើនសមត្ថភាពក្នុងកិច្ចផ្សព្វផ្សាយ។ ដើម្បីធ្វើដូច្នេះ បងប្អូនប្រុសស្រីជាច្រើននាក់ប្រើពេលខ្លះក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារដើម្បីហាត់សម្រាប់កិច្ចបម្រើផ្សាយ។ អ្នកប្រហែលជាឃើញថាមានប្រយោជន៍ បើពិភាក្សាអំពីរបៀបដែលសមាជិកក្រុមគ្រួសារត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍។ តើពួកគាត់នឹងនិយាយអំពីអ្វីពេលត្រឡប់ទៅជួបលើកក្រោយ? តើប្រធានបទអ្វីដែលនឹងទំនងជាបង្កើនចំណាប់អារម្មណ៍របស់ពួកអ្នកដែលអ្នកត្រឡប់ទៅជួប? តើពេលណាជាពេលដ៏ល្អបំផុតដើម្បីត្រឡប់ទៅជួប? បងប្អូនជាច្រើននាក់ក៏ប្រើពេលខ្លះក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារដើម្បីរៀបចំកិច្ចប្រជុំដែរ។ តើអ្នកអាចធ្វើអ្វីថែមទៀតដើម្បីរៀបចំសម្រាប់ឆ្លើយសំណួរ? ការចូលរួមរបស់អ្នកដើម្បីឆ្លើយសំណួរនឹងពង្រឹងជំនឿរបស់អ្នក ហើយនេះនឹងជួយអ្នកឲ្យជៀសវាងកុំឲ្យវិចារណញ្ញាណរបស់អ្នកឆាប់រង្គោះរង្គើ។ (ទំនុក. ៣៥:១៨) ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារនឹងការពារយើងមិនឲ្យគិតស្មានអំពីអ្វីដែលគម្ពីរមិនបានចែង ហើយការពារយើងមិនឲ្យមានការសង្ស័យ។
១៦. តើអ្វីបានជំរុញចិត្តគ្រិស្តសាសនិកដែលព្រះបានរើសតាំងឲ្យជៀសវាងកុំឲ្យវិចារណញ្ញាណរបស់ពួកគាត់ឆាប់រង្គោះរង្គើ?
១៦ ពេលយើងរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាឲ្យពររាស្ត្ររបស់លោកអស់ជាច្រើនឆ្នាំដោយឲ្យពួកគាត់យល់ដឹងកាន់តែច្រើនអំពីទំនាយក្នុងគម្ពីរ នោះយើងអាចឲ្យតម្លៃចំពោះរង្វាន់ដ៏អស្ចារ្យដែលនៅខាងមុខយើង។ ពួកអ្នកដែលព្រះបានរើសតាំងមានសេចក្ដីសង្ឃឹមចូលរួមជាមួយនឹងគ្រិស្តនៅស្ថានសួគ៌។ សេចក្ដីសង្ឃឹមនេះប្រាកដជាជំរុញចិត្តពួកគាត់ឲ្យជៀសវាងកុំឲ្យវិចារណញ្ញាណរបស់ពួកគាត់ឆាប់រង្គោះរង្គើ! អ្វីដែលប៉ូលបានសរសេរទៅគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិចគឺជាប់ទាក់ទងនឹងពួកអ្នកដែលព្រះបានរើសតាំងនៅសព្វថ្ងៃនេះ។ គាត់បានសរសេរថា៖ «បងប្អូន ជាអ្នកដែលព្រះយេហូវ៉ាស្រឡាញ់អើយ យើងត្រូវអរគុណព្រះជានិច្ចដោយសារអ្នករាល់គ្នា ពីព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នា . . . ដោយញែកអ្នករាល់គ្នាជាបរិសុទ្ធ ដោយសកម្មពលរបស់លោក និងដោយជំនឿរបស់អ្នករាល់គ្នាលើសេចក្ដីពិត»។—២ថែ. ២:១៣
១៧. តើអ្នកបានទទួលការលើកទឹកចិត្តយ៉ាងណាពីអ្វីដែលបានត្រូវសរសេរនៅថែស្សាឡូនិចទី២ ៣:១-៥?
១៧ ដូចគ្នាដែរ ពួកអ្នកដែលទន្ទឹងរង់ចាំទទួលជីវិតដែលគ្មានទីបញ្ចប់នៅផែនដី គួរខំជៀសវាងកុំឲ្យវិចារណញ្ញាណរបស់ពួកគាត់ឆាប់រង្គោះរង្គើ។ បើអ្នកមានសេចក្ដីសង្ឃឹមរស់នៅផែនដី សូមយកចិត្តទុកដាក់ចំពោះការលើកទឹកចិត្តដែលប្រកបដោយសេចក្ដីស្រឡាញ់ដែលប៉ូលបានសរសេរទៅពួកអ្នកដែលបានត្រូវរើសតាំងដូចគាត់ នៅក្រុងថែស្សាឡូនិច។ (សូមអាន ថែស្សាឡូនិចទី២ ៣:១-៥) យើងគួរដឹងគុណចំពោះពាក្យសម្ដីទាំងនោះដែលប្រកបដោយសេចក្ដីស្រឡាញ់។ មែនហើយ សំបុត្រដែលប៉ូលជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិចផ្ដល់ការព្រមានដែលសំខាន់ចាំបាច់អំពីការគិតស្មានឬគំនិតដែលគួរឲ្យសង្ស័យ។ ដោយសារយើងរស់នៅជិតដល់ទីបញ្ចប់នៃរបៀបរបបនេះ យើងដឹងគុណខ្លាំងណាស់ចំពោះការព្រមានទាំងនេះ។
a ដូចយើងអាននៅសកម្មភាព ២០:២៩, ៣០ ប៉ូលបានបញ្ជាក់ថា នៅក្នុងក្រុមជំនុំគ្រិស្តសាសនិក «បុរសខ្លះ[នឹង]ក្រោកឡើងនិយាយបង្ខុសសេចក្ដីពិត ដើម្បីអូសទាញពួកអ្នកកាន់តាមឲ្យទៅតាមខ្លួនវិញ»។ ប្រវត្ដិសាស្ត្របញ្ជាក់ថា ក្រោយមកការបែងចែករវាងបព្វជិតនិងសមាជិកគ្រិស្តសាសនាបានកើតឡើង។ នៅសតវត្សរ៍ទី៣ គ.ស. «បុរសប្រឆាំងច្បាប់»បានត្រូវឃើញជាក់ស្តែងនៅក្នុងក្រុមនៃពួកបព្វជិតពិភពគ្រិស្តសាសនា (សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩០ ទំព័រ១០-១៤ ជាភាសាអង់គ្លេស)។