តើអ្នកស្មោះត្រង់ក្នុងគ្រប់ការទាំងអស់ឬទេ?
«អ្នកណាដែលស្មោះត្រង់ក្នុងការតូចបំផុត នោះក៏ឈ្មោះថា ស្មោះត្រង់ក្នុងការធំ»។—លូកា ១៦:១០
១. តើព្រះយេហូវ៉ាបង្ហាញភាពស្មោះត្រង់យ៉ាងដូចម្ដេច?
បើគិតអំពីស្រមោលដើមឈើនោះ តើអ្នកធ្លាប់កត់សម្គាល់អំពីអ្វីដែលកើតឡើងក្នុងកំឡុងមួយថ្ងៃទេ? ទំហំនិងទិសនៃស្រមោលនោះចេះតែប្រែប្រួលជានិច្ច! សមិទ្ធផលនិងពាក្យសន្យារបស់មនុស្សច្រើនតែមានភាពមិននឹងនដូចជាស្រមោលនោះដែរ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាមិនប្រែប្រួលសោះ។ លោកយ៉ាកុបបានសំដៅទៅលើព្រះយេហូវ៉ាជា«ព្រះវរបិតានៃពន្លឺ»ហើយពន្យល់ទៀតថា៖ «ទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្ដីផ្លាស់ប្រែក៏គ្មានដែរ»។ (យ៉ាកុប ១:១៧) ព្រះយេហូវ៉ាមានភាពនឹងនហើយជាទីពឹងពាក់បាន សូម្បីតែក្នុងរឿងតូចតាចជាទីបំផុតក៏ដោយ។ ទ្រង់«ជាព្រះដ៏ស្មោះត្រង់»។—ចោទិយកថា ៣២:៤
២. (ក) ហេតុអ្វីក៏គប្បីឲ្យយើងពិនិត្យមើលខ្លួនឯងដើម្បីឲ្យដឹងថា យើងជាមនុស្សស្មោះត្រង់ឬក៏អត់? (ខ) តើយើងនឹងពិគ្រោះសំនួរអ្វីខ្លះ ស្តីអំពីភាពស្មោះត្រង់?
២ តើព្រះមានទស្សនៈយ៉ាងណាចំពោះពួកអ្នកថ្វាយបង្គំទ្រង់ដែលបង្ហាញថា ខ្លួនជាទីទុកចិត្តបាន? ទ្រង់មានទស្សនៈដូចដាវីឌដែលបានមានបន្ទូលអំពីមនុស្សដែលថ្វាយបង្គំព្រះថា៖ «ភ្នែកទូលបង្គំនឹងនៅលើពួកអ្នកស្មោះត្រង់ក្នុងស្រុក ដើម្បីឲ្យគេបាននៅជាមួយនឹងទូលបង្គំវិញ។ អ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ អ្នកនោះឯងនឹងបំរើទូលបង្គំ»។ (ទំនុកដំកើង ១០១:៦) ពិតមែនហើយ ព្រះយេហូវ៉ាសព្វព្រះហឫទ័យចំពោះភាពស្មោះត្រង់នៃពួកអ្នកបំរើទ្រង់។ ដូច្នេះ សាវ័កប៉ុលមានមូលហេតុត្រឹមត្រូវក្នុងការសរសេរថា៖ «រីឯអ្នករ៉ាប់រង ត្រូវឲ្យគេបានស្មោះត្រង់»។ (កូរិនថូសទី១ ៤:២) តើការបង្ហាញភាពស្មោះត្រង់រួមបញ្ចូលអ្វីខ្លះ? តើយើងគួរប្រព្រឹត្តដោយស្មោះត្រង់ក្នុងករណីណាខ្លះនៃជីវិតយើង? តើការ«ប្រព្រឹត្តតាមផ្លូវទៀងត្រង់»នាំឲ្យមានប្រយោជន៍អ្វី?
តើភាពស្មោះត្រង់រួមបញ្ចូលអ្វីខ្លះ?
៣. តើអ្វីបង្ហាញថាយើងជាមនុស្សស្មោះត្រង់ឬក៏អត់?
៣ ហេព្រើរ ៣:៥ ចែងថា៖ «លោកម៉ូសេក៏ស្មោះត្រង់ . . . ជាអ្នកបំរើ»។ ហេតុអ្វីបានជាព្យាការីម៉ូសេបានត្រូវចាត់ទុកជាមនុស្សស្មោះត្រង់? ពេលម៉ូសេបានរៀបចំហើយកសាងរោងឧបោសថនោះ «ម៉ូសេលោកក៏ធ្វើអស់ទាំងការដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក។ លោកធ្វើការនោះសំរេចទាំងអស់»។ (និក្ខមនំ ៤០:១៦) ក្នុងនាមជាអ្នកថ្វាយបង្គំព្រះយេហូវ៉ា យើងបង្ហាញនូវភាពស្មោះត្រង់ដោយស្ដាប់បង្គាប់ព្រះក្នុងការបំរើទ្រង់។ នេះពិតជារួមបញ្ចូលការរក្សាឲ្យមានចិត្តស្មោះភក្ដីចំពោះព្រះយេហូវ៉ាពេលដែលយើងជួបប្រទះទុក្ខលំបាកឬការល្បងលដ៏ធំ។ យ៉ាងណាក៏ដោយ ការស៊ូទ្រាំក្រោមការល្បងលដ៏ធំនោះមិនមែនជាកត្ដាតែមួយប៉ុណ្ណោះទេ ដែលបញ្ជាក់ពីភាពស្មោះត្រង់របស់យើង។ ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នកណាដែលស្មោះត្រង់ក្នុងការតូចបំផុត នោះក៏ឈ្មោះថា ស្មោះត្រង់ក្នុងការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងការដ៏ធំដែរ»។ (លូកា ១៦:១០) យើងត្រូវរក្សាឲ្យមានភាពស្មោះត្រង់ក្នុងរឿងដែលមើលទៅហាក់ដូចជាតូចបំផុតដែរ។
៤, ៥. តើការបង្ហាញភាពស្មោះត្រង់«ក្នុងការតូចបំផុត»អាចសឲ្យឃើញអ្វី?
៤ ការស្ដាប់បង្គាប់«ក្នុងការតូចបំផុត»ជារៀងរាល់ថ្ងៃជាអ្វីដែលសំខាន់ ហើយនេះគួរផ្អែកលើមូលហេតុពីរយ៉ាង។ ទីមួយ ការស្ដាប់បង្គាប់«ក្នុងការតូចបំផុត»នោះ សឲ្យឃើញអារម្មណ៍របស់យើងចំពោះអធិបតេយ្យរបស់ព្រះយេហូវ៉ា។ សូមគិតអំពីការល្បងលចិត្តស្មោះភក្ដីដែលអ័ដាមនិងអេវ៉ាជាមនុស្សមួយគូដំបូងបានប្រឈមមុខនោះ។ ពួកគេស្ថិតក្រោមតម្រូវការមួយដែលមិនបណ្ដាលឲ្យពួកគេរងទុក្ខលំបាកអ្វីសោះ។ ពួកគេមានម្ហូបគ្រប់មុខក្នុងសួនច្បារអេដែន តែត្រូវចៀសវាងការបរិភោគផ្លែពីដើមឈើតែមួយគត់ ពោលគឺ«ដើមដឹងខុសត្រូវ»។ (លោកុប្បត្តិ ២:១៦, ១៧) ការបង្ហាញភាពស្មោះត្រង់ដោយធ្វើតាមបង្គាប់មួយដ៏ស្រួលនោះ អាចបង្ហាញថាមនុស្សមួយគូដំបូងនោះពេញចិត្តចុះចូលក្រោមការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ ការធ្វើតាមពាក្យណែនាំរបស់ព្រះយេហូវ៉ាក្នុងជីវិតរបស់យើងប្រចាំថ្ងៃក៏បង្ហាញថា យើងជាអ្នកគាំទ្រខាងអធិបតេយ្យរបស់ព្រះយេហូវ៉ា។
៥ ទីពីរ ការប្រព្រឹត្តរបស់យើង«ក្នុងការតូចបំផុត»ក៏អាចមានអានុភាពទៅលើរបៀបដែលយើងប្រព្រឹត្ត«ក្នុងការដ៏ធំដែរ» ពោលគឺពេលដែលយើងជួបប្រទះរឿងដ៏ធំក្នុងជីវិតយើង។ ស្តីអំពីរឿងនេះ សូមគិតអំពីអ្វីដែលបានកើតឡើងដល់ដានីយ៉ែលនិងគូកនជនជាតិហេព្រើរបីនាក់របស់គាត់ ឈ្មោះហាណានា មីសាអែលនិងអ័សារា ដែលបានបង្ហាញភាពស្មោះត្រង់ដែរ។ ពួកគាត់បានត្រូវចាប់ដោយនាំទៅស្រុកបាប៊ីឡូនជានិរទេសជននៅឆ្នាំ៦១៧ មុនគ.ស.។ ពេលដែលពួកគាត់នៅក្មេង គឺប្រហែលជាក្មេងជំទង់នៅឡើយ យុវជនបួននាក់នេះបានត្រូវនាំឲ្យស្នាក់នៅក្នុងរាជវាំងនៃស្តេចនេប៊ូក្នេសា។ នៅទីនោះ«មានចំណែកអាហារហ្លួងចែកដល់គេជារាល់ថ្ងៃ ព្រមទាំងស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយផង ហើយឲ្យចិញ្ចឹមគេយ៉ាងដូច្នោះគ្រប់៣ឆ្នាំ ដើម្បីកាលណាសំរេចពេលកំណត់ហើយ នោះឲ្យគេបានធ្វើការងារនៅចំពោះស្តេច»។—ដានីយ៉ែល ១:៣-៥
៦. តើដានីយ៉ែលនិងគូកនជនជាតិហេព្រើរបីនាក់របស់គាត់បានជួបប្រទះការល្បងលអ្វីខ្លះក្នុងរាជវាំងនៅស្រុកបាប៊ីឡូន?
៦ ក៏ប៉ុន្តែ អាហារដែលស្តេចសាសន៍បាប៊ីឡូនបានផ្គត់ផ្គង់ឲ្យនោះ បាននាំឲ្យយុវជនសាសន៍ហេព្រើរបួននាក់នោះជួបប្រទះការពិបាកមួយ។ អាហារដែលស្តេចនោះធ្លាប់សោយ ច្បាស់ជាបានរួមបញ្ចូលម្ហូបខ្លះដែលស្ថិតក្រោមបំរាមក្នុងក្រិត្យវិន័យម៉ូសេ។ (ចោទិយកថា ១៤:៣-២០) ពេលដែលជនជាតិបាប៊ីឡូនបានសម្លាប់សត្វសំរាប់ជាអាហារនោះ ពួកគេប្រហែលជាមិនបានសម្រក់ឈាមចោលអស់ទេ ដូច្នេះការបរិភោគសាច់បែបនោះជាការបំពានលើក្រិត្យវិន័យរបស់ព្រះ។ (ចោទិយកថា ១២:២៣-២៥) ហើយពួកសាសន៍បាប៊ីឡូនក៏ប្រហែលជាបានថ្វាយអាហារនោះដល់រូបព្រះជាមុន ដែលជាទំលាប់របស់ពួកអ្នកថ្វាយបង្គំនៅស្រុកបាប៊ីឡូន មុននឹងគេទទួលទានអាហាររួមគ្នានោះ។
៧. តើការស្ដាប់បង្គាប់របស់ដានីយ៉ែលនិងគូកនបីនាក់របស់គាត់បានបង្ហាញអំពីអ្វី?
៧ វង្សានុវង្សនៃស្តេចស្រុកបាប៊ីឡូននោះច្បាស់ជាមិនបានចាត់ទុកបំរាមលើអាហារខ្លះៗជារឿងសំខាន់ទេ។ ក៏ប៉ុន្តែ ដានីយ៉ែលនិងគូកនបីនាក់របស់គាត់បានតាំងចិត្តមិនចង់ក្លាយឲ្យមានភាពសៅហ្មងដោយបរិភោគអាហារដែលក្រិត្យវិន័យរបស់ព្រះដល់សាសន៍អ៊ីស្រាអែលបានហាមឃាត់នោះ។ នេះជារឿងមួយដែលប៉ះពាល់ដល់ចិត្តស្មោះភក្ដីនិងភាពស្មោះត្រង់របស់ពួកគាត់ចំពោះព្រះ។ ដូច្នេះ យុវជនបួននាក់នោះបានសូមបរិភោគតែបន្លែនិងទឹកសុទ្ធប៉ុណ្ណោះ ហើយនេះបានត្រូវយល់ព្រម។ (ដានីយ៉ែល ១:៩-១៤) មនុស្សខ្លះសព្វថ្ងៃនេះប្រហែលជាមិនចាត់ទុកទង្វើរបស់យុវជនបួននាក់នេះជាអ្វីដែលសំខាន់ទេ។ យ៉ាងណាក៏ដោយ ការស្ដាប់បង្គាប់ព្រះពេលនោះបានបង្ហាញអំពីទស្សនៈរបស់ពួកគាត់ចំពោះការចោទប្រឆាំងនឹងអធិបតេយ្យរបស់ព្រះយេហូវ៉ា។
៨. (ក) តើបុរសសាសន៍ហេព្រើរបីនាក់បានជួបប្រទះការដ៏សំខាន់អ្វី ដែលល្បងលចិត្តស្មោះភក្ដីរបស់ខ្លួន? (ខ) តើការល្បងលនោះមានលទ្ធផលអ្វី? ហើយតើនេះផ្ដល់មេរៀនអ្វី?
៨ ការរក្សាឲ្យមានភាពស្មោះត្រង់ចំពោះរឿងមិនសូវសំខាន់ បានជួយឲ្យគូកនបីនាក់របស់ដានីយ៉ែលត្រៀមខ្លួនដើម្បីប្រឈមមុខនូវការល្បងលដែលធំជាងនោះតទៅទៀត។ សូមបើកមើលជំពូកទី៣ក្នុងសៀវភៅដានីយ៉ែលក្នុងព្រះគម្ពីរ ហើយអានខ្លួនឯងអំពីទង្វើរបស់យុវជនសាសន៍ហេព្រើរបីនាក់នេះពេលដែលស្តេចបានកាត់ក្ដីឲ្យប្រហារជីវិតពួកគាត់ដោយព្រោះមិនព្រមថ្វាយបង្គំរូបមាសដែលស្តេចនេប៊ូក្នេសាបានតាំងឡើងនោះ។ ពេលបានត្រូវនាំនៅចំពោះព្រះភក្ដ្រស្តេចនោះ ពួកគាត់បានប្រាប់ដោយអង់អាចអំពីការតាំងចិត្តរបស់ខ្លួនថា៖ «បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំដែលយើងខ្ញុំគោរពប្រតិបត្ដិតាម ទ្រង់អាចនឹងជួយឲ្យយើងខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ។ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងខ្ញុំរួចពីព្រះហស្តទ្រង់ដែរ។ តែបើមិនជួយទេ នោះសូមឲ្យទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាសដែលទ្រង់បានតាំងឡើងនោះដែរ»។ (ដានីយ៉ែល ៣:១៧, ១៨) តើព្រះយេហូវ៉ាប្រោសពួកគាត់ឲ្យរួចឬទេ? ទាហានដែលបានបោះយុវជនទាំងនេះទៅក្នុងគុកភ្លើងបានស្លាប់ តែបុរសសាសន៍ហេព្រើរបីនាក់នោះបានរួចរស់ជីវិតចេញពីគុកភ្លើងនោះ ទាំងគ្មានស្នាមឆេះរោលដោយកំដៅគុកភ្លើងសោះ! ដោយសារយុវជនទាំងនេះមានទំលាប់បង្ហាញភាពស្មោះត្រង់ម្ដងហើយម្ដងទៀត នេះបានជួយឲ្យពួកគាត់ត្រៀមខ្លួនដើម្បីរក្សាឲ្យមានភាពស្មោះត្រង់ក្នុងការល្បងលដ៏សំខាន់មួយនេះ។ ក្នុងរឿងនេះក៏បង្ហាញយើងពីសារៈសំខាន់នៃការរក្សាភាពស្មោះត្រង់ក្នុងរឿងតូចតាចផងដែរ មែនទេ?
ភាពស្មោះត្រង់ដែលទាក់ទងនឹង«ទ្រព្យសម្បត្ដិទុច្ចរិត»
៩. តើបន្ទូលរបស់ព្រះយេស៊ូនៅលូកា ១៦:១០ មានបរិបទដែលពិគ្រោះអំពីអ្វី?
៩ មុនព្រះយេស៊ូបានបង្រៀនគោលការណ៍ថា មនុស្សដែលស្មោះត្រង់ក្នុងការដែលមើលទៅហាក់ដូចជាតូច នឹងមានភាពស្មោះត្រង់ក្នុងការដ៏សំខាន់នោះ ទ្រង់បានជូនយោបល់ដល់អ្នកស្ដាប់ពេលនោះថា៖ «ចូរប្រើទ្រព្យសម្បត្ដិលោកីយ[ឬ«ទ្រព្យសម្បត្ដិទុច្ចរិត», ព.ថ.]នេះឲ្យបានមិត្រសំឡាញ់ដល់ខ្លួន ដើម្បីកាលណាអ្នករាល់គ្នាខាននៅ នោះនឹងមានគេទទួលអ្នករាល់គ្នាឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ»។ ក្រោយមកព្រះយេស៊ូបានមានបន្ទូលអំពីមនុស្សដែលស្មោះត្រង់ក្នុងការតូចបំផុត។ រួចមក ទ្រង់មានបន្ទូលទៀតថា៖ «ដូច្នេះ បើអ្នករាល់គ្នាមិនស្មោះត្រង់ចំពោះទ្រព្យសម្បត្ដិរបស់លោកីយ[ឬ«ទ្រព្យសម្បត្ដិទុច្ចរិត», ព.ថ.]ទេ តើអ្នកណាហ៊ានផ្ញើសម្បត្ដិដ៏ពិតទុកនឹងអ្នករាល់គ្នាបាន? . . . គ្មានបាវណាដែលបំរើចៅហ្វាយ២បានទេ ពីព្រោះបាវនោះនឹងស្អប់១ ស្រឡាញ់១ ឬនឹងកាន់ខាង១ ហើយមើលងាយ១។ ដូច្នេះ អ្នករាល់គ្នាក៏បំរើព្រះផង ទ្រព្យសម្បត្ដិផងពុំបានដែរ»។—លូកា ១៦:៩-១៣
១០. តើយើងអាចបង្ហាញភាពស្មោះត្រង់បានយ៉ាងណា ក្នុងរបៀបប្រើ«ទ្រព្យសម្បត្ដិទុច្ចរិត»របស់យើង?
១០ ស្របទៅតាមបរិបទនោះ បន្ទូលរបស់ព្រះយេស៊ូនៅលូកា ១៦:១០ បានសំដៅមុនដំបូងទៅលើការប្រើ«ទ្រព្យសម្បត្ដិទុច្ចរិត» ដែលជាវត្ថុទ្រព្យនិងធនធានរបស់យើង។ របស់ទាំងនេះបានត្រូវហៅជាអ្វីដែលទុច្ចរិតពីព្រោះទ្រព្យសម្បត្ដិ ជាពិសេសលុយ គឺស្ថិតក្រោមអំណាចនៃមនុស្សមិនគ្រប់ល័ក្ខណ៍។ ម្យ៉ាងទៀត ការប្រាថ្នាចង់ប្រមែប្រមូលទ្រព្យសម្បត្ដិអាចនាំឲ្យមនុស្សធ្វើអំពើទុច្ចរិត។ យើងបង្ហាញភាពស្មោះត្រង់ដោយមានប្រាជ្ញាក្នុងរបៀបដែលយើងប្រើវត្ថុទ្រព្យរបស់យើង។ ជាជាងប្រើវត្ថុទ្រព្យដើម្បីបំពេញតែចិត្តប្រាថ្នារបស់ខ្លួនយើងប៉ុណ្ណោះ យើងចង់ប្រើធនធាននោះក្នុងការផ្ដល់ប្រយោជន៍ដល់កិច្ចការខាងព្រះរាជាណាចក្ររបស់ព្រះ ហើយក្នុងការជួយពួកអ្នកដែលខ្វះខាត។ បើយើងបង្ហាញភាពស្មោះត្រង់តាមរបៀបនេះ យើងអាចក្លាយជាមិត្តសំឡាញ់របស់ព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទដែលគង់«នៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ច»។ ទ្រង់ទាំងពីរអង្គនឹងព្រមទទួលយើងឲ្យចូលទៅក្នុងទីលំនៅនោះដោយឲ្យជីវិតជារៀងរហូតដល់យើង មិនថានៅលើស្ថានសួគ៌ឬក្នុងសួនមនោរម្យនៅលើផែនដីក្ដី។
១១. ហេតុអ្វីក៏យើងមិនគួរស្ទាក់ស្ទើរក្នុងការពន្យល់ដល់ម្ចាស់ផ្ទះនានា ថាយើងសប្បាយចិត្តទទួលវិភាគទានដែលគាំទ្រកិច្ចការទូទាំងពិភពលោកដែលស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងតែធ្វើនោះ?
១១ សូមគិតផងដែរអំពីឱកាសដែលយើងផ្ដល់ដល់ពួកអ្នកដែលព្រមទទួលព្រះគម្ពីរ ឬប្រកាសនវត្ថុឯទៀតដែលមានមូលដ្ឋានពីព្រះគម្ពីរដែលយើងចែកឲ្យនោះ ពេលដែលយើងប្រកាសផ្សាយសារព្រះរាជាណាចក្ររបស់ព្រះនិងពន្យល់ដល់គេថា យើងសប្បាយចិត្តទទួលវិភាគទានដែលគាំទ្រកិច្ចការទូទាំងពិភពលោកដែលរាស្ត្ររបស់ព្រះកំពុងតែធ្វើនោះ។ ក្នុងកាលៈទេសៈនេះ យើងកំពុងតែបើកឱកាសឲ្យពួកគេប្រើធនធានរបស់ខ្លួនដោយប្រាជ្ញា មែនទេ? ទោះបីជាគោលការណ៍ក្នុងលូកា ១៦:១០ សំដៅទៅលើវត្ថុទ្រព្យមុនដំបូងក៏ដោយ គោលការណ៍នោះក៏សំដៅទៅលើលក្ខណៈផ្សេងៗទៀតនៃជីវិតយើងផងដែរ។
ភាពទៀងត្រង់ពិតជាសំខាន់មែន
១២, ១៣. តើយើងអាចបង្ហាញឲ្យមានភាពទៀងត្រង់ក្នុងរឿងអ្វីខ្លះ?
១២ សាវ័កប៉ុលបានសរសេរថា៖ «យើងខ្ញុំជឿជាក់ថា យើងខ្ញុំមានបញ្ញាចិត្ត[ឬ«មនសិការ», ខ.ស.]ជ្រះថ្លា ហើយក៏ប្រាថ្នាចង់ប្រព្រឹត្តល្អ[ឬ«ទៀងត្រង់», ព.ថ.]ក្នុងគ្រប់ការទាំងអស់»។ (ហេព្រើរ ១៣:១៨) «គ្រប់ការទាំងអស់»នោះ ពិតជារួមបញ្ចូលរឿងដែលទាក់ទងនឹងលុយកាក់។ យើងសងបំណុលនិងបង់ពន្ធឲ្យបានឆាប់ហើយយ៉ាងទៀងត្រង់។ ហេតុអ្វី? មនសិការយើងជំរុញឲ្យធ្វើដូច្នេះ ហើយមូលហេតុចំបងដែលយើងធ្វើនេះគឺដោយសារយើងស្រឡាញ់ព្រះនិងចង់ធ្វើតាមពាក្យណែនាំរបស់ទ្រង់។ (រ៉ូម ១៣:៥, ៦) តើយើងធ្វើអ្វីពេលរកឃើញអីវ៉ាន់ដែលមិនមែនជារបស់ផងយើង? យើងខំរកម្ចាស់វាដើម្បីជូនដល់គាត់វិញ។ នេះក៏ជាឱកាសល្អឲ្យយើងធ្វើបន្ទាល់ដោយពន្យល់អំពីអ្វីដែលជំរុញឲ្យយើងជូនរបស់នោះដល់គាត់វិញ!
១៣ ការធ្វើគ្រប់ការទាំងអស់ដោយភាពស្មោះត្រង់ហើយយ៉ាងទៀងត្រង់នោះ ក៏តម្រូវឲ្យយើងបង្ហាញភាពទៀងត្រង់នៅឯកន្លែងធ្វើការ។ ការបង្ហាញភាពទៀងត្រង់ក្នុងរបៀបដែលយើងធ្វើការនោះ អាចសឲ្យឃើញនូវបុគ្គលិកលក្ខណៈនៃព្រះដែលយើងតំណាងទ្រង់។ យើងមិនធ្វើការយឺតឬដោយកំជិល ហាក់ដូចជា«លួច»ម៉ោងពីនិយោជកទេ។ ផ្ទុយទៅវិញ យើងធ្វើការអស់ពីសមត្ថភាព ហាក់ដូចជាកំពុងតែធ្វើការនោះថ្វាយព្រះយេហូវ៉ា។ (អេភេសូរ ៤:២៨; កូល៉ុស ៣:២៣) នៅប្រទេសមួយនាទ្វីបអឺរ៉ុបនោះ គេប៉ាន់ស្មានថា និយោជិតមួយភាគបីដែលសុំសំបុត្រពីគ្រូពេទ្យដើម្បីសុំច្បាប់ឈប់សំរាកពីការងារព្រោះឈឺនោះ តាមពិតមិនមែនឈឺទេ។ អ្នកបំរើពិតរបស់ព្រះមិនរកលេសដើម្បីចៀសវាងការធ្វើការងារទេ។ ជួនកាលស្មរបន្ទាល់ព្រះយេហូវ៉ាអាចទទួលឋានៈធំជាងនៅកន្លែងធ្វើការបាន ពីព្រោះនិយោជកកត់សម្គាល់នូវភាពទៀងត្រង់និងកិច្ចការដែលធ្វើអស់ពីចិត្តរបស់ពួកគាត់។—សុភាសិត ១០:៤
ភាពស្មោះត្រង់ក្នុងកិច្ចបំរើផ្សាយរបស់យើងជាគ្រីស្ទាន
១៤, ១៥. តើយើងអាចបង្ហាញភាពស្មោះត្រង់ក្នុងកិច្ចបំរើផ្សាយរបស់យើងតាមរបៀបណាខ្លះ?
១៤ តើយើងអាចបង្ហាញភាពស្មោះត្រង់ក្នុងកិច្ចបំរើផ្សាយដែលបានប្រគល់ដល់យើងយ៉ាងណា? ព្រះគម្ពីរចែងថា៖ «ត្រូវឲ្យយើងរាល់គ្នាថ្វាយពាក្យសរសើរដោយសារទ្រង់ ទុកជាគ្រឿងបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ដែលថ្លែងប្រាប់ពីព្រះនាមទ្រង់»។ (ហេព្រើរ ១៣:១៥) របៀបដ៏ប្រសើរបំផុតដែលយើងអាចបង្ហាញភាពស្មោះត្រង់ក្នុងកិច្ចបំរើផ្សាយ គឺដោយរួមចំណែកក្នុងកិច្ចការនោះយ៉ាងទៀងទាត់។ តើគប្បីឲ្យយើងខានធ្វើបន្ទាល់អំពីព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់ក្នុងកំឡុងខែណាមួយទេ? ការរួមចំណែកយ៉ាងទៀងទាត់ក្នុងកិច្ចការផ្សព្វផ្សាយនោះ ក៏ជួយយើងបណ្ដុះឲ្យមានបំនិននិងប្រសិទ្ធភាពថែមទៀត។
១៥ របៀបល្អមួយទៀតដែលយើងអាចបង្ហាញភាពស្មោះត្រង់ក្នុងកិច្ចបំរើផ្សាយ គឺដោយអនុវត្តតាមយោបល់ដែលមានក្នុងទស្សនាវដ្ដីប៉មយាម និងក្នុងឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង។ ពេលដែលយើងរៀបចំនិងប្រើយោបល់អំពីរបៀបនិយាយ ឬក៏ប្រើពាក្យណាទៀតក៏បានដែលមានប្រសិទ្ធភាពនោះ យើងបង្កើតលទ្ធផលច្រើនជាងក្នុងកិច្ចបំរើផ្សាយរបស់យើង មែនទេ? ពេលដែលយើងជួបមនុស្សដែលបង្ហាញចំណាប់អារម្មណ៍ចំពោះសារព្រះរាជាណាចក្ររបស់ព្រះ តើយើងប្រញាប់ទៅជួបគាត់ម្ដងទៀតឬ? ហើយចុះយ៉ាងណាចំពោះអ្នកចាប់អារម្មណ៍ដែលយល់ព្រមឲ្យយើងទៅបង្រៀនព្រះគម្ពីរនៅឯផ្ទះរបស់គាត់? តើយើងជាមនុស្សដែលគាត់អាចទុកចិត្តថា នឹងបំពេញភារកិច្ចនោះដោយស្មោះត្រង់ឬទេ? ការបង្ហាញភាពស្មោះត្រង់ក្នុងកិច្ចបំរើផ្សាយរបស់យើងអាចនាំឲ្យយើងទទួលជីវិតបាន ហើយឲ្យមនុស្សដែលព្រមស្ដាប់យើងទទួលជីវិតបានដែរ។—ធីម៉ូថេទី១ ៤:១៥, ១៦
ការរក្សាខ្លួនដោយឡែកពីលោកីយ៍នេះ
១៦, ១៧. តើយើងអាចបង្ហាញថាយើងមិនមែនជារបស់ផងលោកីយ៍ដោយរបៀបណាខ្លះ?
១៦ ពេលដែលព្រះយេស៊ូបានអធិស្ឋានទូលថ្វាយព្រះម្ដងនោះ ទ្រង់បានមានបន្ទូលអំពីពួកអ្នកកាន់តាមទ្រង់ថា៖ «ទូលបង្គំបានឲ្យព្រះបន្ទូលទ្រង់ដល់គេ ហើយលោកីយបានស្អប់គេពីព្រោះគេមិនមែនជារបស់លោកីយទេ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ។ ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយទេ គឺសូមឲ្យទ្រង់រក្សាគេឲ្យរួចពីសេចក្ដីអាក្រក់វិញ។ គេមិនមែនជារបស់ផងលោកីយ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ»។ (យ៉ូហាន ១៧:១៤-១៦) យើងប្រហែលជាបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ឲ្យរក្សាខ្លួនដោយឡែកពីលោកីយ៍ក្នុងរឿងធំដុំមួយចំនួនដូចជា អព្យាក្រឹតភាព ពិធីបុណ្យផ្សេងៗខាងសាសនា ឬខាងរឿងសីលធម៌ជាដើម។ ក៏ប៉ុន្តែ ចុះយ៉ាងណាក្នុងរឿងតូចតាចវិញ? ដោយឥតដឹងខ្លួន តើលោកីយ៍ប្រហែលជាកំពុងតែមានឥទ្ធិពលលើយើងទេ? ជាឧទាហរណ៍ បើយើងមិនប្រុងប្រយ័ត្នជានិច្ចនោះ ជាការងាយស្រួលណាស់ឲ្យរបៀបស្លៀកពាក់របស់យើងក្លាយជាមានភាពមិនសមរម្យឬរហូតដល់មិនថ្លៃថ្នូរក៏មាន! ការបង្ហាញភាពស្មោះត្រង់តម្រូវឲ្យយើងស្លៀកពាក់សំអិតសំអាង«ខ្លួនតាមបែបគួរសមឲ្យចេះអៀនខ្លួន»។ (ធីម៉ូថេទី១ ២:៩, ១០) ពិតមែនហើយ «យើងខ្ញុំក៏មិនបង្អាក់បង្អន់ចិត្តដល់អ្នកណាក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាថ្កោលទោសចំពោះការងារនេះ។ ក្នុងគ្រប់ការទាំងអស់នោះយើងខ្ញុំខំផ្ទុកផ្ដាក់ខ្លួនទុកដូចជាអ្នកបំរើព្រះ»។—កូរិនថូសទី២ ៦:៣, ៤
១៧ ដោយមានបំណងចង់លើកកិត្ដិយសថ្វាយព្រះយេហូវ៉ា យើងស្លៀកពាក់បែបថ្លៃថ្នូរពេលទៅកិច្ចប្រជុំតាមក្រុមជំនុំ។ គឺដូចគ្នាដែរពេលដែលយើងជួបជុំគ្នាជាមួយមនុស្សមួយចំនួនធំនៅឯសន្និបាតនិងមហាសន្និបាតរបស់យើង។ យើងគួរស្លៀកពាក់បែបគួរសមនិងសមរម្យផង។ នេះអាចជួយយើងធ្វើបន្ទាល់ដល់មនុស្សដទៃដែលកំពុងតែមើលយើង។ សូម្បីតែពួកទេវតាក៏កត់សម្គាល់ការប្រព្រឹត្តរបស់យើង ដូចពេលដែលពួកគាត់បានមើលប៉ុលនិងគូកនគ្រីស្ទានរបស់គាត់ដែរ។ (កូរិនថូសទី១ ៤:៩) តាមការពិត យើងត្រូវស្លៀកពាក់បែបគួរសមជានិច្ច។ បងប្អូនខ្លះប្រហែលជាចាត់ទុកការបង្ហាញភាពស្មោះត្រង់ក្នុងជំរើសស្លៀកពាក់ជារឿងតូចតាច តែព្រះចាត់ទុកនេះជារឿងសំខាន់វិញ។
ពរដែលមកពីការបង្ហាញភាពស្មោះត្រង់
១៨, ១៩. តើមានពរអ្វីខ្លះមកពីការបង្ហាញភាពស្មោះត្រង់?
១៨ គ្រីស្ទានពិតបានត្រូវពណ៌នាថា ជា«អ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ»។ ក្នុងការបំពេញភារកិច្ចនេះ ពួកគាត់«បំរើដោយកំឡាំងដែលព្រះប្រទានឲ្យ»។ (ពេត្រុសទី១ ៤:១០, ១១) ម្យ៉ាងទៀត ក្នុងនាមជាអ្នកចែកចាយនោះ យើងបានទទួលបញ្ញើមួយដែលមិនមែនជារបស់ផងយើងទេ ពោលគឺអ្វីៗដែលបង្ហាញពីព្រះគុណរបស់ព្រះ ដែលរួមបញ្ចូលកិច្ចបំរើផ្សាយផងដែរ។ ពេលដែលយើងខំបង្ហាញថា យើងជាអ្នកចែកចាយដ៏ល្អនោះ យើងក៏ពឹងផ្អែកលើកម្លាំងដែលព្រះប្រទានឲ្យ ពោលគឺ«ឥទ្ធិឫទ្ធិដ៏លើសលប់»។ (កូរិនថូសទី២ ៤:៧) នេះជាការបង្ហាត់បង្រៀនដ៏ល្អដែលអាចជួយយើងស៊ូទ្រាំនូវរាល់ទុក្ខលំបាកណាក៏ដោយដែលយើងប្រហែលជានឹងជួបប្រទះនៅពេលអនាគត!
១៩ អ្នកតែងបទទំនុកដំកើងបានច្រៀងថា៖ «ឱអស់អ្នកបរិសុទ្ធរបស់ទ្រង់អើយ! ចូរស្រឡាញ់ដល់ព្រះយេហូវ៉ាចុះ! ព្រះយេហូវ៉ាទ្រង់ការពារមនុស្សស្មោះត្រង់»។ (ទំនុកដំកើង ៣១:២៣) ចូរឲ្យយើងតាំងចិត្តបង្ហាញភាពស្មោះត្រង់ដោយមានទំនុកចិត្តទាំងស្រុងថា ព្រះយេហូវ៉ាជា«ព្រះសង្គ្រោះរបស់មនុស្សលោកទាំងអស់ ជាពិសេសរបស់អ្នក[«ស្មោះត្រង់», ព.ថ.]»។—ធីម៉ូថេទី១ ៤:១០, ខ.ស.
តើអ្នកចាំទេ?
• ហេតុអ្វីក៏យើងគួរ«ស្មោះត្រង់ក្នុងការតូចបំផុត»?
• តើយើងបង្ហាញភាពស្មោះត្រង់បានយ៉ាងណា:
ដោយមានភាពទៀងត្រង់?
ក្នុងកិច្ចបំរើផ្សាយរបស់យើង?
ក្នុងការរក្សាខ្លួនដោយឡែកពីលោកីយ៍?
[រូបភាពនៅទំព័រ២៤]
ស្មោះត្រង់ក្នុងការតូចបំផុត ស្មោះត្រង់ក្នុងការធំ
[រូបភាពនៅទំព័រ២៧]
‹ចូរប្រព្រឹត្តដោយទៀងត្រង់ក្នុងគ្រប់ការទាំងអស់›
[រូបភាពនៅទំព័រ២៧]
របៀបមួយដែលយើងអាចបង្ហាញភាពស្មោះត្រង់គឺដោយរៀបចំយ៉ាងល្អសំរាប់កិច្ចបំរើផ្សាយរបស់យើង
[រូបភាពនៅទំព័រ២៨]
ចូរស្លៀកពាក់សំអិតសំអាងខ្លួនបែបគួរសម