ព្រះយេហូវ៉ានាំកូនជាច្រើនមកក្នុងសិរីល្អ
«ព្រះ ដែលគ្រប់របស់ទាំងអស់សំរាប់ទ្រង់ ហើយដោយសារទ្រង់ កាលទ្រង់ចង់នាំកូនជាច្រើនមកក្នុងសិរីល្អ នោះគួរគប្បីឲ្យទ្រង់បានធ្វើឲ្យមេនៃសេចក្ដីសង្គ្រោះគេបានគ្រប់លក្ខណ៍ ដោយរងទុក្ខលំបាក»។—ហេព្រើរ ២:១០
១. ហេតុអ្វីក៏យើងអាចដឹងប្រាកដថា គោលបំណងរបស់ព្រះយេហូវ៉ាសំរាប់មនុស្សលោកនឹងបានសម្រេច?
ព្រះយេហូវ៉ាបានបង្កើតផែនដី ឲ្យបានទៅជាលំនៅជាអនន្តនៃគ្រួសារដ៏គ្រប់ល័ក្ខណ៍របស់មនុស្ស ដែលសប្បាយរីករាយនឹងជីវិតដ៏មិនចេះចប់។ (សាស្ដា ១:៤; អេសាយ ៤៥:១២, ១៨) ពិតមែន ឪពុកដើមដំបូងរបស់យើង អ័ដាមបានធ្វើបាប ហើយបានចែករំលែកបាបនិងសេចក្ដីស្លាប់មកលើកូនរបស់គេទាំងឡាយ។ ប៉ុន្តែ គោលបំណងរបស់ព្រះសំរាប់មនុស្សលោក នឹងបានសម្រេចដោយសារពូជដែលបានសន្យា គឺព្រះយេស៊ូគ្រីស្ទ។ (លោកុប្បត្តិ ៣:១៥; ២២:១៨; រ៉ូម ៥:១២-២១; កាឡាទី ៣:១៦) សេចក្ដីស្រឡាញ់ចំពោះមនុស្សលោកបានជំរុញឲ្យព្រះយេហូវ៉ាប្រទាន «ព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ (យ៉ូហាន ៣:១៦) ហើយសេចក្ដីស្រឡាញ់ ក៏ជំរុញព្រះយេស៊ូ«ឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង»។ (ម៉ាថាយ ២០:២៨) ‹តម្លៃលោះដ៏ស្មើ›នេះ គឺទិញមកវិញនូវសិទ្ធិនិងសេចក្ដីសង្ឃឹម ដែលអ័ដាមបានបាត់បង់ ហើយធ្វើឲ្យអាចទទួលនូវជីវិតអស់កល្បជានិច្ច។—ធីម៉ូថេទី១ ២:៥, ៦; យ៉ូហាន ១៧:៣
២. តើដោយដូចម្ដេចដែលការប្រើនៃយញ្ញបូជាលោះរបស់ព្រះយេស៊ូ បានតំណាងដោយថ្ងៃធួនបាបប្រចាំឆ្នាំអ៊ីស្រាអែល?
២ ការប្រើយញ្ញបូជាលោះរបស់ព្រះយេស៊ូ គឺបានតំណាងដោយថ្ងៃធួនបាបប្រចាំឆ្នាំ។ នៅថ្ងៃនោះ សម្ដេចសង្ឃរបស់អ៊ីស្រាអែល មុនដំបូងគឺបូជាគោមួយ ធ្វើជាតង្វាយបាប ហើយថ្វាយឈាមរបស់វានៅឯហិបដ៏ពិសិដ្ឋ ក្នុងទីបរិសុទ្ធបំផុតនៃរោងឧបោសថ ហើយក្រោយមក ក្នុងព្រះវិហារ។ នេះបានធ្វើឡើងសំរាប់ប្រយោជន៍លោក គ្រួសាររបស់លោក និងកុលសម្ព័ន្ធលេវី។ ស្រដៀងគ្នា ព្រះយេស៊ូគ្រីស្ទបានថ្វាយជូនព្រះនូវតម្លៃនៃឈាមរបស់ទ្រង់ មុនដំបូង ដើម្បីគ្របបាំងបាបនៃ‹ពួកបងប្អូន›ខាងវិញ្ញាណរបស់ទ្រង់។ (ហេព្រើរ ២:១២; ១០:១៩-២២; លេវីវិន័យ ១៦:៦, ១១-១៤) នៅថ្ងៃធួនបាប សម្ដេចសង្ឃក៏ធ្វើយញ្ញបូជាសត្វពពែមួយដែរ ជាតង្វាយលោះបាប ហើយថ្វាយឈាមរបស់វាក្នុងទីបរិសុទ្ធបំផុត ដោយធ្វើដូច្នេះ នោះបានធ្វើការធួនបាបនៃកុលសម្ព័ន្ធ១២ទៀត ដែលមិនមែនខាងសង្ឃ។ ដូច្នេះដែរ សម្ដេចសង្ឃព្រះយេស៊ូគ្រីស្ទ នឹងប្រើឈាមដ៏មានជីវិតរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់មនុស្សលោកដែលអនុវត្តជំនឿ ដោយលុបចោលបាបរបស់គេ។—លេវីវិន័យ ១៦:១៥
នាំកូនជាច្រើនមកក្នុងសិរីល្អ
៣. យោងទៅតាមហេព្រើរ ២:៩, ១០ តើព្រះបានធ្វើអ្វីអស់រយៈ១៩០០ឆ្នាំមកនេះ?
៣ អស់រយ:១៩០០ឆ្នាំ ព្រះបានធ្វើអ្វីមួយដ៏អស្ចារ្យ ដែលទាក់ទងនឹង‹ពួកបងប្អូន›របស់ព្រះយេស៊ូ។ ស្តីអំពីរឿងនេះ សាវ័កប៉ុលបានសរសេរថា៖ «យើងឃើញព្រះយេស៊ូវិញ ដែលព្រះបានធ្វើឲ្យទាបជាងពួកទេវតាបន្ដិចទ្រង់ពាក់សិរីល្អ នឹងល្បីព្រះនាមទុកជាមកុដ ដោយព្រោះទ្រង់បានរងទុក្ខសុគត ដើម្បីនឹងភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់ ដោយនូវព្រះគុណនៃព្រះ ដ្បិតឯព្រះ ដែលគ្រប់របស់ទាំងអស់សំរាប់ទ្រង់ ហើយដោយសារទ្រង់ កាលទ្រង់ចង់នាំកូនជាច្រើនមកក្នុងសិរីល្អ នោះគួរគប្បីឲ្យ[ព្រះយេហូវ៉ា]បានធ្វើឲ្យមេនៃសេចក្ដីសង្គ្រោះគេបានគ្រប់លក្ខណ៍ ដោយរងទុក្ខលំបាក»។ (ហេព្រើរ ២:៩, ១០) មេនៃសេចក្ដីសង្គ្រោះគឺជាព្រះយេស៊ូគ្រីស្ទ ដែលបានរៀនការគោរពដ៏គ្រប់ល័ក្ខណ៍ ដោយសារអ្វីដែលទ្រង់បានរងទុក្ខ កាលដែលរស់នៅជាមនុស្សលើផែនដី។ (ហេព្រើរ ៥:៧-១០) ព្រះយេស៊ូជាបុគ្គលទីមួយដែលបានកើតជារាជបុត្រាវិញ្ញាណរបស់ព្រះ។
៤. តើនៅពេលណា និងយ៉ាងដូចម្ដេច ដែលព្រះយេស៊ូបានកើតជារាជបុត្រាវិញ្ញាណរបស់ព្រះ?
៤ ព្រះយេហូវ៉ាបានប្រើវិញ្ញាណបរិសុទ្ធឬសកម្មពលរបស់ទ្រង់ ដើម្បីបង្កើតព្រះយេស៊ូជារាជបុត្រាវិញ្ញាណ ដើម្បីនាំឲ្យទ្រង់មកឯសិរីល្អនៅស្ថានសួគ៌។ កាលដែលនៅជាមួយយ៉ូហាន-បាទីស្ទ ព្រះយេស៊ូបានធ្វើបុណ្យជ្រមុជទឹក ដើម្បីតំណាងការថ្វាយខ្លួនទ្រង់ដល់ព្រះ។ ដំណឹងល្អតាមលូកាចែងថា៖ «លុះកាលបណ្ដាជនទាំងប៉ុន្មាន បានទទួលបុណ្យជ្រមុជហើយ នោះព្រះយេស៊ូវក៏ទទួលដែរ រួចកំពុងដែលទ្រង់អធិស្ឋាន នោះស្រាប់តែមេឃបើកឡើង ហើយព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើទ្រង់ មានរូបរាងដូចជាសត្វព្រាប ក៏ឮសំឡេងចេញពីមេឃថា៖ ‹ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់› »។ (លូកា ៣:២១, ២២) យ៉ូហានបានឃើញវិញ្ញាណបរិសុទ្ធធ្លាក់មកលើព្រះយេស៊ូ ហើយបានឮព្រះយេហូវ៉ាមានបន្ទូលយល់ព្រមជាកូនស្ងួនភ្ងារបស់ទ្រង់។ នៅពេលនោះ ហើយដោយវិញ្ញាណបរិសុទ្ធ ព្រះយេហូវ៉ាបានបង្កើតព្រះយេស៊ូ ជាទីមួយនៃ‹កូនជាច្រើនមកក្នុងសិរីល្អ›។
៥. តើអ្នកណាជាពួកដំបូងដែលបានទទួលប្រយោជន៍ពីយញ្ញបូជារបស់ព្រះយេស៊ូ ហើយតើគេមានចំនួនប៉ុន្មាននាក់?
៥ ‹ពួកបងប្អូន›របស់ព្រះយេស៊ូ គឺជាពួកដំបូងដែលទទួលផលប្រយោជន៍ពីយញ្ញបូជានេះ។ (ហេព្រើរ ២:១២-១៨) ក្នុងចក្ខុនិមិត្ត សាវ័កយ៉ូហានបានឃើញគេទទួលសិរីល្អនៅលើភ្នំស៊ីយ៉ូនជាមួយកូនចៀម គឺព្រះយេស៊ូគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ។ យ៉ូហានក៏បានបញ្ចេញឲ្យដឹងចំនួននៃពួកនេះ ដោយមានប្រសាសន៍ថា៖ «ខ្ញុំក្រឡេកទៅឃើញកូនចៀម ឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ដែលមានព្រះនាមទ្រង់ នឹងព្រះនាមព្រះវរបិតាទ្រង់កត់លើថ្ងាស។ . . . ទ្រង់បានលោះគេចេញពីពួកមនុស្សលោក ទុកជាផ្លែដំបូងថ្វាយដល់ព្រះ ហើយនឹងកូនចៀម មិនឃើញមានសេចក្ដីភូតភរ នៅក្នុងមាត់គេឡើយ ដ្បិតគេឥតសៅហ្មង»។ (វិវរណៈ ១៤:១-៥) ដូច្នេះ ‹កូនជាច្រើនដែលបាននាំមកក្នុងសិរីល្អ›លើស្ថានសួគ៌ ចំនួនសរុបមានតែ១៤៤.០០១នាក់—ព្រះយេស៊ូនិងបងប្អូនខាងវិញ្ញាណរបស់ទ្រង់។
«កើតពីព្រះ»
៦, ៧. តើអ្នកណាដែល«កើតពីព្រះ» ហើយតើនេះមានន័យយ៉ាងណាចំពោះគេ?
៦ ពួកអ្នកដែលបាននាំមកដោយព្រះយេហូវ៉ា គឺ«កើតពីព្រះ»។ ក្នុងការសំដៅទៅពួកទាំងនេះ សាវ័កយ៉ូហានបានសរសេរថា៖ «អស់អ្នកណាដែលកើតពីព្រះ នោះមិនដែលប្រព្រឹត្តអំពើបាបទេ ពីព្រោះពូជ[របស់ព្រះយេហូវ៉ា]នៅក្នុងអ្នកនោះឯង បានជាពុំអាចនឹងធ្វើបាបបានឡើយ ដ្បិតបានកើតពីព្រះមក»។ (យ៉ូហានទី១ ៣:៩) «ពូជ»នេះគឺជាវិញ្ញាណបរិសុទ្ធរបស់ព្រះ។ វិញ្ញាណបរិសុទ្ធនិងបន្ទូលរបស់ព្រះ បានផ្ដល់ឲ្យបុគ្គលម្នាក់ៗនៃពួក១៤៤.០០០នាក់នូវ‹កំណើតថ្មី›នៃសេចក្ដីសង្ឃឹមនៅស្ថានសួគ៌។—ពេត្រុសទី១ ១:៣-៥, ២៣
៧ ព្រះយេស៊ូជាបុត្ររបស់ព្រះតាំងពីកំណើតជាមនុស្ស ដូចកាលអ័ដាមជាមនុស្សគ្រប់ល័ក្ខណ៍ជា«កូនព្រះ»។ (លូកា ១:៣៥; ៣:៣៨) ប៉ុន្តែ ក្រោយពីពិធីជ្រមុជទឹករបស់ព្រះយេស៊ូ ជាការសំខាន់ណាស់ដែលព្រះយេហូវ៉ាប្រកាសថា៖ «ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់»។ (ម៉ាកុស ១:១១) ដោយសេចក្ដីប្រកាសនេះ ជាមួយនឹងការចាក់វិញ្ញាណបរិសុទ្ធ គឺបានឃើញជាក់ស្តែងថា ពេលនោះហើយដែលព្រះបាននាំព្រះយេស៊ូឲ្យធ្វើជាបុត្រវិញ្ញាណពិសេសរបស់ទ្រង់។ បើនិយាយជាអត្ថបដិរូប ពេលនោះព្រះយេស៊ូបានទទួល‹កំណើតថ្មី› ដែលមានសិទ្ធិទទួលជីវិតម្ដងទៀត ជាបុត្រវិញ្ញាណនៃព្រះនៅលើស្ថានសួគ៌។ ដូចទ្រង់ ពួកបងប្អូនខាងវិញ្ញាណ១៤៤.០០០នាក់ ក៏‹កើតថ្មី›ដែរ។ (យ៉ូហាន ៣:១-៨; មើល ប៉មយាម ១៥ វិច្ឆិកា ១៩៩២ ទំព័រ ៣-៦) ហើយដូចព្រះយេស៊ូ គេក៏បានចាក់ប្រេងតាំងដោយព្រះ ហើយបានចាត់ឲ្យផ្សាយប្រកាសដំណឹងល្អ។—អេសាយ ៦១:១, ២; លូកា ៤:១៦-២១; យ៉ូហានទី១ ២:២០
ភស្តុតាងនៃការនាំមកដោយព្រះ
៨. តើមានភស្តុតាងណាខ្លះនៃការនាំមកដោយវិញ្ញាណ ក្នុងករណីរបស់ (ក) ព្រះយេស៊ូ (ខ) ពួកសិស្សដើមដំបូងរបស់ទ្រង់?
៨ គឺមានភស្តុតាងដែលថាព្រះយេស៊ូបានត្រូវនាំមកដោយវិញ្ញាណ។ យ៉ូហាន-បាទីស្ទបានឃើញវិញ្ញាណចុះលើព្រះយេស៊ូ ហើយបានឮសេចក្ដីប្រកាសរបស់ព្រះ អំពីភាពជាបុត្រវិញ្ញាណនៃព្រះមេស្ស៊ីចាក់ប្រេងតាំងថ្មីនេះ។ ប៉ុន្តែ តើពួកសិស្សដើមដំបូងរបស់ព្រះយេស៊ូដឹងយ៉ាងណាថាគេបាននាំមកដោយវិញ្ញាណនោះ? នៅថ្ងៃនៃការយាងទៅស្ថានសួគ៌ ព្រះយេស៊ូបានមានបន្ទូលថា៖ «ដ្បិតពិតជាលោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែនៅបន្ដិចទៀត អ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ»។ (កិច្ចការ ១:៥) ពួកសិស្សរបស់ព្រះយេស៊ូបានត្រូវ«ជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ»នៅថ្ងៃនៃបុណ្យភិន្ដាកុសឆ្នាំ ៣៣ស.យ.។ ការចាក់វិញ្ញាណនោះ គឺមាន«ឮសូរពីលើមេឃ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង» ហើយ«អណ្ដាត ដូចជាអណ្ដាតភ្លើង» មានលើពួកសិស្សគ្រប់គ្នា។ អ្វីដ៏អស្ចារ្យបំផុត នោះគឺពួកសិស្ស«បានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ»។ ដូច្នេះ គឺមានទីសំអាងខាងការឃើញនិងការឮ ដែលថាផ្លូវទៅឯសិរីល្អនៅស្ថានសួគ៌ជាបុត្ររបស់ព្រះ បានត្រូវបើកសំរាប់ពួកអ្នកកាន់តាមព្រះគ្រីស្ទ។—កិច្ចការ ២:១-៤, ១៤-២១; យ៉ូអែល ២:២៨, ២៩
៩. តើមានភស្តុតាងណាខ្លះដែលថាពួកសាម៉ារី លោកកូនេលាស និងពួកដទៃទៀតនៃសតវត្សទីមួយបានត្រូវនាំមកដោយវិញ្ញាណ?
៩ មិនយូរប៉ុន្មានក្រោយមក ភីលីពជាអ្នកផ្សាយដំណឹងល្អបានប្រកាសក្នុងស្រុកសាម៉ារី។ ថ្វីបើពួកសាម៉ារីបានទទួលយកសារ ហើយបានធ្វើបុណ្យជ្រមុជទឹក តែគេឥតមានទីសំអាងថាព្រះបាននាំគេមកជាបុត្រវិញ្ញាណរបស់ទ្រង់ឡើយ។ នៅពេលដែលសាវ័កពេត្រុសនិងយ៉ូហានបានអធិស្ឋាន ហើយដាក់ដៃគេលើពួកអ្នកជឿទាំងនោះ «គេបានទទួល ព្រះវិញ្ញាណបរិសុទ្ធដែរ» ដែលក្នុងផ្លូវខ្លះនេះឃើញជាក់ស្តែងដល់ពួកអ្នកសង្កេតមើល។ (កិច្ចការ ៨:៤-២៥) នេះជាភស្តុតាង ដែលថាពួកសាម៉ារីដែលជឿនោះបានត្រូវនាំមកដោយវិញ្ញាណជាបុត្ររបស់ព្រះ។ ស្រដៀងគ្នានេះ ក្នុងឆ្នាំ៣៦ស.យ. កូនេលាសនិងពួកសាសន៍ដទៃទៀតបានទទួលសេចក្ដីពិតរបស់ព្រះ។ ពេត្រុសនិងពួកអ្នកជឿសាសន៍យូដាដែលបានមកជាមួយគាត់ «មានសេចក្ដីអស្ចារ្យជាខ្លាំង ពីដំណើរដែលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ បានចាក់មកលើពួកសាសន៍ដទៃដូច្នេះដែរ ដ្បិតគេឮអ្នកទាំងនោះនិយាយភាសាដទៃ ហើយសរសើរដំកើងដល់ព្រះ»។ (កិច្ចការ ១០:៤៤-៤៨) ពួកគ្រីស្ទានជាច្រើននៅសតវត្សទីមួយបានទទួល«អំណោយទានខាងឯវិញ្ញាណ» ដូចជាការនិយាយភាសាដទៃ។ (កូរិនថូសទី១ ១៤:១២, ៣២) ដូច្នេះ ពួកទាំងនេះមានទីសំអាងដ៏ជាក់លាក់ថាគេបាននាំមកដោយវិញ្ញាណ។ ប៉ុន្តែ តើយ៉ាងដូចម្ដេចដែលពួកគ្រីស្ទាននៅពេលក្រោយនឹងដឹងថាគេបាននាំមកដោយវិញ្ញាណឬក៏អត់នោះ?
ការធ្វើបន្ទាល់នៃវិញ្ញាណបរិសុទ្ធ
១០, ១១. លើមូលដ្ឋាននៃរ៉ូម ៨:១៥-១៧ តើអ្នកនឹងពន្យល់យ៉ាងណាថាវិញ្ញាណធ្វើបន្ទាល់ជាមួយពួកអ្នកដែលទទួលមរតកជាមួយព្រះគ្រីស្ទ?
១០ ពួកគ្រីស្ទានចាក់ប្រេងតាំង១៤៤.០០០នាក់ទាំងអស់បានឃើញទីសំអាងដ៏ជាក់លាក់ ថាគេមានវិញ្ញាណរបស់ព្រះ។ ស្តីអំពីរឿងនេះ ប៉ុលបានសរសេរថា៖ «គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ‹ឱអ័ប្បា ព្រះវរបិតាអើយ›! ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ»។ (រ៉ូម ៨:១៥-១៧) ពួកគ្រីស្ទានចាក់ប្រេងតាំងមានចិត្តជាបុត្រដល់ព្រះវរបិតានៅស្ថានសួគ៌របស់គេ ជាការដឹងដ៏ខ្លាំងនៃភាពជាបុត្រ។ (កាឡាទី ៤:៦, ៧) ពួកគេដឹងជាប្រាកដថា ព្រះបាននាំគេមក ឲ្យក្លាយទៅជាបុត្រវិញ្ញាណ ដើម្បីទទួលមរតកជាមួយព្រះគ្រីស្ទក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌។ ក្នុងរឿងនេះ វិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាមានមុខនាទីដ៏ជាក់លាក់មួយ។
១១ នៅក្រោមឥទ្ធិពលនៃវិញ្ញាណបរិសុទ្ធរបស់ព្រះ គំនិតដ៏ច្បាស់របស់ពួកចាក់ប្រេងតាំង ជំរុញឲ្យគេតបឆ្លើយតាមរបៀបដ៏វិជ្ជមាន ដល់អ្វីដែលបន្ទូលរបស់ព្រះបានចែងអំពីសេចក្ដីសង្ឃឹមនៅស្ថានសួគ៌។ ជាឧទាហរណ៍ ពេលដែលគេអាននូវអ្វីដែលបទគម្ពីរចែងអំពីបុត្រវិញ្ញាណរបស់ព្រះយេហូវ៉ា គេបានទទួលស្គាល់ភ្លាម ថាពាក្យបែបនេះគឺស្តីអំពីពួកគេ។ (យ៉ូហានទី១ ៣:២) គេដឹងថាគេបាន«ទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូគ្រីស្ទ» ហើយក្នុងការសោយទិវង្គតរបស់ទ្រង់ដែរ។ (រ៉ូម ៦:៣) ការជឿស៊ប់របស់គេ គឺថាគេជាបុត្រវិញ្ញាណរបស់ព្រះ ដែលនឹងស្លាប់ហើយប្រោសឲ្យរស់ឡើងវិញដល់សិរីល្អនៅស្ថានសួគ៌ ដូចព្រះយេស៊ូដែរ។
១២. តើវិញ្ញាណរបស់ព្រះបានបង្កើតអ្វីក្នុងពួកគ្រីស្ទានចាក់ប្រេងតាំង?
១២ ដោយបាននាំមកជាបុត្រវិញ្ញាណ មិនមែនជាសេចក្ដីប្រាថ្នាដែលបានបណ្ដុះនោះទេ។ ពួកដែលបាននាំមកដោយវិញ្ញាណ មិនមែនចង់ទៅស្ថានសួគ៌ ដោយព្រោះទុក្ខសោកលើសេចក្ដីលំបាកវេទនានៅលើផែនដីសព្វថ្ងៃនេះទេ។ (យ៉ូប ១៤:១) ផ្ទុយទៅវិញ វិញ្ញាណរបស់ព្រះយេហូវ៉ាបានបង្កើតក្នុងពួកចាក់ប្រេងតាំងដ៏ស្មោះ នូវសេចក្ដីសង្ឃឹមនិងសេចក្ដីប្រាថ្នា ដែលមិនមែនជាធម្មតាក្នុងមនុស្សលោកទូទៅ។ ពួកដែលបាននាំមកដោយវិញ្ញាណបែបនេះ ដឹងថាជីវិតអស់កល្បជានិច្ច ជាមនុស្សគ្រប់ល័ក្ខណ៍លើផែនដី ដែលមានគ្រួសារនិងមិត្តដ៏សប្បាយ នោះជាការអស្ចារ្យណាស់។ ប៉ុន្តែ ជីវិតបែបនេះគឺមិនមែនជាសេចក្ដីប្រាថ្នាដ៏សំខាន់ក្នុងចិត្តរបស់គេទេ។ ពួកចាក់ប្រេងតាំងមានសេចក្ដីសង្ឃឹមដ៏ខ្លាំងខាងស្ថានសួគ៌ ដែលគេសុខចិត្តបូជាការទន្ទឹងចាំនិងសេចក្ដីស្រឡាញ់ខាងផែនដី។—ពេត្រុសទី២ ១:១៣, ១៤
១៣. យោងទៅតាមកូរិនថូសទី២ ៥:១-៥ តើ‹សេចក្ដីប្រាថ្នាដ៏ខ្នះខ្នែង›របស់ប៉ុលជាអ្វី ហើយតើនេះបង្ហាញយ៉ាងណាចំពោះពួកអ្នកដែលបាននាំមកដោយវិញ្ញាណ?
១៣ សេចក្ដីសង្ឃឹមនៃជីវិតលើស្ថានសួគ៌ដែលព្រះប្រទាន គឺខ្លាំងដល់ម្ល៉េះក្នុងបុគ្គលទាំងនេះ ដែលអារម្មណ៍របស់គេគឺមានដូចប៉ុល ដែលបានសរសេរថា៖ «យើងខ្ញុំដឹងថា បើត្រសាលដែលជាទីលំនៅរបស់យើងខ្ញុំនៅផែនដីនេះ ត្រូវបំផ្លាញវេលាណា នោះយើងខ្ញុំមានវិមាន១ ដែលមកពីព្រះ មិនមែនធ្វើនឹងដៃទេ គឺនៅលើស្ថានសួគ៌វិញ ជាវិមានដ៏នៅជាប់អស់កល្បជានិច្ច ដ្បិតនៅក្នុងត្រសាលនេះ យើងខ្ញុំតែងតែថ្ងូរ ដោយសង្វាតនឹងចង់ប្រដាប់ខ្លួន ដោយទីលំនៅរបស់យើងខ្ញុំ ជាទីលំនៅដែលមកពីស្ថានសួគ៌ណាស់ ឲ្យតែយើងខ្ញុំបានប្រដាប់ខ្លួនចុះ ដើម្បីកុំឲ្យមានឃើញយើងខ្ញុំនៅអាក្រាតឡើយ ដ្បិតយើងខ្ញុំដែលនៅក្នុងត្រសាលនេះ យើងថ្ងូរមែន ដោយមានបន្ទុកយ៉ាងធ្ងន់ ពីព្រោះយើងមិនចង់ដោះ សំលៀកបំពាក់នេះចេញទេ គឺចង់តែស្លៀកពាក់វិញ ដើម្បីឲ្យជីវិតបានលេបរបស់ ដែលតែងតែស្លាប់ ឲ្យបាត់ទៅនោះ រីឯអ្នកដែលបានបង្កើតយើងខ្ញុំសំរាប់ការនោះឯង គឺជាព្រះដែលទ្រង់ក៏ប្រទានព្រះវិញ្ញាណ មកបញ្ចាំចិត្តយើងខ្ញុំដែរ»។ (កូរិនថូសទី២ ៥:១-៥) ‹សេចក្ដីប្រាថ្នាដ៏ខ្នះខ្នែង›របស់ប៉ុល គឺឲ្យបានប្រោសរស់ឡើងវិញលើស្ថានសួគ៌ ជាសត្តវិញ្ញាណអមតៈ។ ក្នុងការសំដៅទៅរូបកាយមនុស្ស គាត់បានប្រើពាក្យប្រៀបទៅនឹងត្រសាលដ៏ងាយរលំ ដែលជាលំនៅដ៏ងាយបាក់បែកនិងដ៏បណ្ដោះអាសន្ន បើប្រៀបទៅនឹងផ្ទះមួយ។ ថ្វីបើរស់នៅជារូបកាយខាងសាច់ឈាមដ៏ចេះស្លាប់ក្ដី ពួកគ្រីស្ទានដែលមានវិញ្ញាណបរិសុទ្ធ មកបញ្ចាំនៃជីវិតលើស្ថានសួគ៌នៅខាងមុខ គឺទន្ទឹងចាំ«វិមាន១ ដែលមកពីព្រះ» ជារូបកាយខាងវិញ្ញាណដ៏មិនចេះស្លាប់និងមិនចេះពុករលួយ។ (កូរិនថូសទី១ ១៥:៥០-៥៣) ដូចប៉ុល គេអាចនិយាយយ៉ាងខ្នះខ្នែងថា៖ «យើងខ្ញុំមានចិត្តជឿជាក់ ហើយក៏សុខចិត្តស៊ូចេញពីរូបកាយ[មនុស្ស]នេះ ទៅនៅ[ស្ថានសួគ៌]ជាមួយនឹងព្រះអម្ចាស់ជាជាង»។—កូរិនថូសទី២ ៥:៨
យកចូលក្នុងកិច្ចព្រមព្រៀងដ៏ពិសេស
១៤. ពេលដែលតែងតាំងពិធីបុណ្យរំឭក តើកិច្ចព្រមព្រៀងអ្វីដែលព្រះយេស៊ូមានបន្ទូលមុនដំបូង ហើយតើមានមុខនាទីយ៉ាងណា ក្នុងការទាក់ទងនឹងពួកអ៊ីស្រាអែលខាងវិញ្ញាណ?
១៤ ពួកគ្រីស្ទានដែលបាននាំមកដោយវិញ្ញាណ គឺដឹងប្រាកដថាគេនឹងបានត្រូវយកចូលក្នុងកិច្ចព្រមព្រៀងដ៏ពិសេសពីរ។ ព្រះយេស៊ូមានបន្ទូលអំពីកិច្ចព្រមព្រៀងមួយ ពេលដែលទ្រង់បានប្រើនំប៉័ងឥតដំបែនិងស្រា ដើម្បីតែងតាំងពិធីបុណ្យរំឭកនៃការសោយទិវង្គតរបស់ទ្រង់នៅខាងមុខនេះ ហើយមានបន្ទូលអំពីពែងស្រាថា៖ «ពែងនេះជា[កិច្ចព្រមព្រៀងថ្មី] ដែលតាំងដោយនូវឈាមខ្ញុំ គឺជាឈាម ដែលត្រូវច្រួចចេញសំរាប់អ្នករាល់គ្នា»។ (លូកា ២២:២០; កូរិនថូសទី១ ១១:២៥) តើអ្នកណាជាអ្នកចូលរួមក្នុងកិច្ចព្រមព្រៀងថ្មី? ព្រះយេហូវ៉ានិងពួកសមាជិកនៃអ៊ីស្រាអែលខាងវិញ្ញាណ—គឺពួកអ្នកដែលព្រះយេហូវ៉ាមានបំណងយកចូលក្នុងសិរីនៅស្ថានសួគ៌។ (យេរេមា ៣១:៣១-៣៤; កាឡាទី ៦:១៥, ១៦; ហេព្រើរ ១២:២២-២៤) កិច្ចព្រមព្រៀងថ្មីដែលអាចចាប់អនុវត្តបានដោយឈាមរបស់ព្រះយេស៊ូ ក៏យកចូលមនុស្សពីគ្រប់សាសន៍សំរាប់ព្រះនាមនៃព្រះយេហូវ៉ា ហើយធ្វើពួកគ្រីស្ទានចាក់ប្រេងតាំងទាំងនេះ ជាផ្នែកនៃ«ពូជ»របស់អ័ប្រាហាំ។ (កាឡាទី ៣:២៦-២៩; កិច្ចការ ១៥:១៤) កិច្ចព្រមព្រៀងថ្មីផ្ដល់ឲ្យពួកអ៊ីស្រាអែលខាងវិញ្ញាណ ឲ្យបានយកចូលក្នុងសិរីល្អ ដោយប្រោសឲ្យរស់ឡើងវិញជាជីវិតអមតៈក្នុងស្ថានសួគ៌។ ដោយនៅក្នុង‹កិច្ចព្រមព្រៀងដ៏នៅអស់កល្បជានិច្ច› ផលប្រយោជន៍ពីនោះនឹងនៅមានជារៀងរហូត។ អនាគតនឹងបង្ហាញ ថាតើកិច្ចព្រមព្រៀងនេះនឹងមានមុខនាទីដ៏សំខាន់យ៉ាងណា ក្នុងផ្លូវផ្សេងទៀតក្នុងកំឡុងសហស្សវត្ស និងក្រោយពីនោះមកទៀត។—ហេព្រើរ ១៣:២០
១៥. ស្របនឹងលូកា ២២:២៨-៣០ តើពួកសិស្សចាក់ប្រេងតាំងរបស់ព្រះយេស៊ូ បានត្រូវចាប់ផ្ដើមយកចូលក្នុងកិច្ចព្រមព្រៀងឯណាទៀត ហើយនៅពេលណា?
១៥ «បុត្រជាច្រើន» ដែលព្រះយេហូវ៉ាមានបំណង‹នាំចូលសិរីល្អ› ក៏បានយកចូលរៀងៗខ្លួនក្នុងកិច្ចព្រមព្រៀងសំរាប់ព្រះរាជាណាចក្រនៅស្ថានសួគ៌។ ចំពោះកិច្ចព្រមព្រៀងនេះរវាងទ្រង់ និងពួកកាន់តាមទ្រង់ ព្រះយេស៊ូមានបន្ទូលថា៖ «ជាពួកដែលបានកាន់ខ្ជាប់ជាមួយនឹងខ្ញុំ ក្នុងអស់ទាំងសេចក្ដីល្បងលខ្ញុំ ខ្ញុំក៏ដំរូវនគរមួយឲ្យអ្នករាល់គ្នា ដូចជាព្រះវរបិតានៃខ្ញុំបានដំរូវនគរឲ្យខ្ញុំដែរ ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុខ្ញុំ ក្នុងនគររបស់ខ្ញុំ ហើយឲ្យបានអង្គុយលើបល្ល័ង្ក ជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២ផង»។ (លូកា ២២:២៨-៣០) កិច្ចព្រមព្រៀងព្រះរាជាណាចក្របានតែងតាំងឡើង នៅពេលដែលពួកសិស្សរបស់ព្រះយេស៊ូបានចាក់ប្រេងតាំងដោយវិញ្ញាណបរិសុទ្ធនៅបុណ្យភិន្ដាកុសឆ្នាំ ៣៣ស.យ.។ កិច្ចព្រមព្រៀងនោះនៅមានមុខនាទីរវាងព្រះគ្រីស្ទ និងពួកស្តេចរបស់ទ្រង់ជារៀងរហូត។ (វិវរណៈ ២២:៥) ដូច្នេះ ពួកគ្រីស្ទានដែលនាំមកដោយវិញ្ញាណ គឺដឹងប្រាកដថាគេនៅក្នុងកិច្ចព្រមព្រៀងថ្មី ហើយនៅក្នុងកិច្ចព្រមព្រៀងសំរាប់ព្រះរាជាណាចក្រ។ ដូច្នេះ នៅពេលធ្វើបុណ្យអាហារល្ងាចរបស់ព្រះអម្ចាស់ មានពួកចាក់ប្រេងដែលនៅសល់តូចប៉ុណ្ណោះដែលនៅលើផែនដី ដែលទទួលទាននំប៉័ង ដែលតំណាងរូបកាយដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេស៊ូ ហើយស្រា ដែលតំណាងឈាមដ៏គ្រប់ល័ក្ខណ៍របស់ទ្រង់ ដែលបានចាក់ក្នុងការសោយទិវង្គត ហើយធ្វើឲ្យកិច្ចព្រមព្រៀងថ្មីមានសុពលភាព។—កូរិនថូសទី១ ១១:២៣-២៦; មើលប៉មយាម ១ កុម្ភៈ ១៩៨៩ ទំព័រ ១៧-២០ (ភាសាអង់គ្លេស)
បានហៅ បានរើស ហើយជាអ្នកស្មោះត្រង់
១៦, ១៧. (ក) ដើម្បីឲ្យនាំយកចូលក្នុងសិរីល្អ តើអ្វីដែលត្រូវជាការពិតអំពីពួក១៤៤.០០០នាក់? (ខ) តើអ្នកណាជា«ស្តេច១០អង្គ» ហើយតើពួកគេប្រព្រឹត្តលើ‹បងប្អូន›របស់ព្រះគ្រីស្ទនៅលើផែនដីយ៉ាងដូចម្ដេច?
១៦ ការអនុវត្តប្រើទីមួយនៃយញ្ញបូជាលោះរបស់ព្រះយេស៊ូ ធ្វើឲ្យពួក១៤៤.០០០នាក់ អាចបានត្រូវហៅទៅឯជីវិតលើស្ថានសួគ៌ ហើយបានរើស ដោយបានត្រូវពេញជាវិញ្ញាណដោយព្រះ។ ប្រាកដហើយ ដើម្បីឲ្យនាំចូលក្នុងសិរីល្អ គេត្រូវតែ‹ខំប្រឹងដើម្បីឲ្យការហៅនិងការរើសរបស់គេបានប្រាកដ› ហើយគេត្រូវតែស្មោះត្រង់ រហូតដល់ស្លាប់។ (ពេត្រុសទី២ ១:១០; អេភេសូរ ១:៣-៧; វិវរណៈ ២:១០) ពួកអ្នកសំណល់ចាក់ប្រេងតាំងដែលមានចំនួនដ៏តូចនៅលើផែនដីនៅឡើយ គឺកំពុងរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ ក្នុងកាលដែលបានប្រឆាំងដោយ«ស្តេច១០អង្គ» ដែលតំណាងអំណាចខាងនយោបាយ។ ទេវតាមួយអង្គមានបន្ទូលថា «គេនឹងច្បាំងទាស់នឹងកូនចៀម តែកូនចៀមនឹងឈ្នះគេ ពីព្រោះទ្រង់ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯពួកអ្នកដែលនៅជាមួយនឹងទ្រង់ នោះជាអ្នកដែលទ្រង់បានហៅ បានរើស ហើយជាអ្នកស្មោះត្រង់ទាំងអស់គ្នា»។—វិវរណៈ ១៧:១២-១៤
១៧ ពួកអ្នកគ្រប់គ្រងជាមនុស្ស មិនអាចធ្វើអ្វីប្រឆាំងនឹងព្រះយេស៊ូ«ស្តេចលើអស់ទាំងស្តេច»បានឡើយ ព្រោះទ្រង់នៅលើស្ថានសួគ៌។ ប៉ុន្តែ គេបង្ហាញសេចក្ដីស្អប់របស់គេលើពួកសំណល់នៃ‹បងប្អូន›របស់ទ្រង់ ដែលនៅលើផែនដីនៅឡើយ។ (វិវរណៈ ១២:១៧) សេចក្ដីស្អប់នោះនឹងត្រូវមកទីបញ្ចប់នៅឯសង្គ្រាមអើម៉ាគេដូន ពេលដែលការជោគជ័យបានធានារ៉ាប់រងសំរាប់«ស្តេចលើអស់ទាំងស្តេច» និង‹បងប្អូន›របស់ទ្រង់—ដែល«បានហៅ បានរើស ហើយជាអ្នកស្មោះត្រង់»។ (វិវរណៈ ១៦:១៤, ១៦) ក្នុងពេលចន្លោះនេះ ពួកគ្រីស្ទានដែលបាននាំមកដោយវិញ្ញាណ គឺកំពុងរវល់ណាស់។ តើគេកំពុងតែធ្វើអ្វីឥឡូវនេះ មុននឹងបានត្រូវនាំចូលក្នុងសិរីល្អដោយព្រះយេហូវ៉ា?
តើអ្វីជាចម្លើយរបស់អ្នក?
◻ តើអ្នកណាដែលព្រះ‹នាំយកចូលក្នុងសិរីល្អនៅស្ថានសួគ៌›?
◻ តើការ«កើតពីព្រះ»មានន័យយ៉ាងណា?
◻ តើតាមរបៀបណាដែល‹វិញ្ញាណធ្វើបន្ទាល់›ជាមួយគ្រីស្ទានខ្លះ?
◻ ពួកដែលបាននាំមកដោយវិញ្ញាណបានយកចូលក្នុងកិច្ចព្រមព្រៀងមួយណា?
[រូបភាពនៅទំព័រ២៦]
នៅបុណ្យភិន្ដាកុសឆ្នាំ៣៣ស.យ. ទីសំអាងបានផ្ដល់ឲ្យ ថាផ្លូវចូលទៅសិរីល្អខាងស្ថានសួគ៌បានត្រូវបើកហើយ