ចូរប្រយ័ត្ននូវការខ្វះជំនឿ
«ដូច្នេះ ចូរប្រយ័តបងប្អូនអើយ ក្រែងមានពួកអ្នករាល់គ្នាណាមួយ មានចិត្តអាក្រក់ ដោយមិនជឿ ព្រមទាំងបោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ»។—ហេព្រើរ ៣:៧
១. តើពាក្យរបស់ប៉ុលជូនពួកគ្រីស្ទានសាសន៍ហេព្រើរ តម្រូវឲ្យយើងយកចិត្តទុកដាក់នឹងហេតុការណ៍ពិតដ៏រន្ធត់អ្វី?
នេះជាគំនិតដ៏គួរឲ្យខ្លាចមែន ដែលមនុស្សធ្លាប់មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេហូវ៉ា អាចបណ្ដុះ«ចិត្តអាក្រក់» ហើយ«បោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ»! នេះជាការព្រមានមួយដ៏គួរឲ្យយកចិត្តទុកដាក់មែន! ពាក្យទាំងនេះរបស់សាវ័កប៉ុលបានសំដៅទៅពួកមនុស្ស ដែលបានថ្វាយខ្លួនទៅព្រះយេហូវ៉ា ដែលមានមូលដ្ឋានលើជំនឿនៃយញ្ញបូជាលោះព្រះយេស៊ូគ្រីស្ទ មិនមែនសំដៅទៅពួកអ្នកដែលឥតជឿនោះទេ។
២. តើសំនួរអ្វីដែលយើងត្រូវតែពិចារណា?
២ ហេតុអ្វីក៏បុគ្គលម្នាក់ដែលនៅក្នុងសភាពដ៏មានព្រះពរបែបនេះ អាចបណ្ដុះ«ចិត្តអាក្រក់ ដោយមិនជឿ»នោះ? ប្រាកដហើយ ហេតុអ្វីក៏អ្នកណាម្នាក់ដែលពិសោធសេចក្ដីស្រឡាញ់របស់ព្រះ និងព្រះគុណរបស់ទ្រង់ បោះបង់ចោលទ្រង់ដោយចេតនា? ហើយតើរឿងនេះអាចកើតឡើងដល់យើងម្នាក់ៗឬទេ? នេះជាគំនិតដ៏គួរឲ្យប្រយ័ត្នប្រយែងមួយ ហើយជាការសមហេតុផល ដែលយើងត្រូវពិចារណាមើលនូវមូលហេតុនៃការព្រមាននេះ។—កូរិនថូសទី១ ១០:១១
ហេតុអ្វីក៏ឲ្យដំបូន្មានខ្លាំងម្ល៉េះ?
៣. សូមរៀបរាប់នូវកាលៈទេសៈដែលមានឥទ្ធិពលលើពួកគ្រីស្ទាន នៅសតវត្សទីមួយ នៅក្នុងនិងក្បែរក្រុងយេរូសាឡិម។
៣ ប៉ុលទំនងជាសំដៅសំបុត្រនេះជូនពួកគ្រីស្ទានហេព្រើរក្នុងស្រុកយូដា នៅឆ្នាំ៦១ ស.យ.។ អ្នកប្រវត្ដិសាស្ត្រម្នាក់បានសង្កេតឃើញថា នេះជាគ្រាដែល«ឥតមានសន្ដិភាពនិងសុវត្ថិភាពចំពោះបុរសដ៏នឹងនួន ឬស្មោះត្រង់ណាឡើយ ទោះជានៅក្នុងក្រុងយេរូសាឡិម ឬកន្លែងណាផ្សេងទៀតទូទាំងស្រុកក៏ឥតមានដែរ»។ នេះជាគ្រានៃការទទឹងច្បាប់ទម្លាប់និងអំពើឃោរឃៅ ដែលបានអុចអាលឡើងដោយវត្តមាននៃពួកទាហានរ៉ូមដ៏ជិះជាន់នោះ។ រួចមក ក៏បង្កដោយពួកហ្សីឡុតដែលជានិកាយយូដាមួយក្រុម ដែលមានឫកក្លាហានប្រឆាំងពួករ៉ូម និងការប្រព្រឹត្តអំពើឧក្រិដ្ឋដោយពួកចោរ ដែលយកប្រយោជន៍ពីស្ថានការណ៍ដ៏ច្របូកច្របល់នេះ។ ស្ថានការណ៍ទាំងនេះធ្វើឲ្យមានការពិបាកណាស់ដល់ពួកគ្រីស្ទាន ដែលខំប្រឹងមិនចង់ប្រទាក់លើរឿងទាំងនេះ។ (ធីម៉ូថេទី១ ២:១, ២) តាមការពិត ដោយព្រោះជំហរដ៏អព្យាក្រឹតរបស់គេ នោះមនុស្សខ្លះបានចាត់ទុកពួកគ្រីស្ទាន ជាពួកដែលចូលមិនចុះក្នុងសង្គម ថែមទាំងចាត់ទុកថាជាមនុស្សដ៏បះបោរផង។ ជាញឹកញយ ពួកគ្រីស្ទានបានត្រូវគេធ្វើបាប ព្រមទាំងបានរងទុក្ខខាងខ្លួនប្រាណផង។—ហេព្រើរ ១០:៣២-៣៤
៤. តើពួកគ្រីស្ទានសាសន៍ហេព្រើរបានទទួលការបង្ខិតបង្ខំយ៉ាងណាខាងសាសនា?
៤ ពួកគ្រីស្ទានសាសន៍ហេព្រើរ ក៏រងទុក្ខលំបាកយ៉ាងខ្លាំងពីពួកសាសនាដែរ។ ការខ្នះខ្នែងនៃពួកសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូ និងការរីកចំរើនយ៉ាងរហ័សនៃក្រុមជំនុំគ្រីស្ទាន បានបង្កឲ្យពួកយូដាមានការច្រណែននិងការខឹង ជាពិសេសពីពួកអ្នកដឹកនាំសាសនាគេ។ ពួកគេបានខំរំខាននិងបៀតបៀនពួកសិស្សរបស់ព្រះយេស៊ូគ្រីស្ទ។a (កិច្ចការ ៦:៨-១៤; ២១:២៧-៣០; ២៣:១២, ១៣; ២៤:១-៩) ទោះជាពួកគ្រីស្ទានខ្លះឥតបានទទួលការបៀតបៀនក៏ដោយ ក៏បានត្រូវពួកយូដាសើចចំអកមើលងាយដែរ។ សាសនាគ្រីស្ទានដែលទើបតែមានកំណើតនេះ បានត្រូវគេស្អប់ ដោយព្រោះឥតមានភាពអស្ចារ្យដូចសាសនាយូដា ព្រមទាំងឥតមានព្រះវិហារ ឥតមានសម្ដេចសង្ឃ ឥតមានពិធីបុណ្យ និងឥតមានយញ្ញបូជាតាមផ្លូវការជាដើម។ សូម្បីតែព្រះយេស៊ូ ដែលជាមេដឹកនាំរបស់គេ ក៏បានត្រូវធ្វើគត់ជាឧក្រិដ្ឋជនដែរ។ ពួកគ្រីស្ទានត្រូវតែមានជំនឿ ចិត្តក្លាហាន និងការស៊ូទ្រាំ ដើម្បីកាន់សាសនារបស់គេនោះ។
៥. ហេតុអ្វីក៏ជាការសំខាន់ដែលពួកគ្រីស្ទាននៅស្រុកយូដា បានត្រូវរក្សាការប្រុងប្រយ័ត្នខាងវិញ្ញាណនោះ?
៥ សំខាន់ទៅទៀតគឺថា ពួកគ្រីស្ទានសាសន៍ហេព្រើរនៅស្រុកយូដាកំពុងរស់នៅ ក្នុងគ្រាដ៏សំខាន់មួយក្នុងប្រវត្ដិសាស្ត្រនៃសាសន៍នោះ។ របស់ជាច្រើនដែលព្រះអម្ចាស់ ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលមក ដែលនឹងសម្គាល់ទីបញ្ចប់នៃរបបយូដា នោះបានកើតឡើងរួចទៅហើយ។ ទីបញ្ចប់នោះមិនជានៅយូរប៉ុន្មានទៀតទេ។ ដើម្បីឲ្យរួចរស់ជីវិត នោះពួកគ្រីស្ទានត្រូវរក្សាការប្រុងប្រយ័ត្នខាងវិញ្ញាណ ហើយឲ្យប្រុង«រត់ចេញទៅឯភ្នំ»។ (ម៉ាថាយ ២៤:៦, ១៥, ១៦) តើគេនឹងមានជំនឿនិងកម្លាំងខាងវិញ្ញាណ ដើម្បីនឹងចាត់វិធានការធ្វើភ្លាម ដូចព្រះយេស៊ូបានបង្គាប់នោះទេ? មនុស្សខ្លះមានទំនងដូចជាមានចិត្តសង្ស័យ។
៦. តើពួកគ្រីស្ទាននៅស្រុកយូដាបានត្រូវការអ្វីជាបន្ទាន់?
៦ ក្នុងកំឡុងទសវត្សចុងក្រោយមុននឹងការសាបសូន្យនៃរបបយូដា នោះពួកគ្រីស្ទានហេព្រើរមានការរងទុក្ខលំបាកយ៉ាងខ្លាំងពីស្ថានការណ៍ខាងក្នុងនិងខាងក្រៅក្រុមជំនុំ។ ពួកគេត្រូវការ ការលើកទឹកចិត្តជាខ្លាំង។ ប៉ុន្តែ គេក៏ត្រូវការដំបូន្មាននិងសេចក្ដីបង្គាប់ ដើម្បីជួយគេឲ្យឃើញថា ដំណើរដែលគេបានជ្រើសរើស នោះជាផ្លូវត្រឹមត្រូវ ហើយថាគេមិនបានរងទុក្ខនិងបានស៊ូទ្រាំដោយឥតប្រយោជន៍នោះឡើយ។ គួរឲ្យសប្បាយណាស់ ប៉ុលបានលៃលកដោះស្រាយនឹងស្ថានការណ៍នេះ ហើយបានមកជួយពួកគេ។
៧. ហេតុអ្វីក៏យើងត្រូវតែយកចិត្តទុកដាក់ ក្នុងអ្វីដែលប៉ុលបានសរសេរជូនពួកគ្រីស្ទានសាសន៍ហេព្រើរ?
៧ អ្វីដែលប៉ុលបានសរសេរទៅពួកគ្រីស្ទានសាសន៍ហេព្រើរ គឺជាអ្វីដែលយើងត្រូវយកចិត្តទុកដាក់នឹងដែរ។ ហេតុអ្វី? ពីព្រោះយើងកំពុងរស់នៅក្នុងគ្រាដែលមានសភាពស្មើនឹងគ្រារបស់គេដែរ។ រៀងរាល់ថ្ងៃយើងមានការពិបាកពីលោកីយ៍ ដែលនៅក្រោមអំណាចរបស់សាតាំង។ (យ៉ូហានទី១ ៥:១៩) ទំនាយជាច្រើនរបស់ព្រះយេស៊ូនិងរបស់ពួកសាវ័កទ្រង់ ដែលស្តីអំពីថ្ងៃជាន់ក្រោយបង្អស់ និង«គ្រាចុងបញ្ចប់នៃរបបលោកីយ៍» គឺកំពុងតែបានសម្រេចនៅសម័យយើងនេះ។ (ម៉ាថាយ ២៤:៣-១៤; ធីម៉ូថេទី២ ៣:១-៥; ពេត្រុសទី២ ៣:៣, ៤; វិវរណៈ ៦:១-៨) សំខាន់ទៅទៀត យើងត្រូវតែរក្សាការប្រយ័ត្នប្រយែងខាងវិញ្ញាណ ដើម្បីឲ្យយើង«បានរាប់ជាគួរនឹងរួចពីការទាំងនេះដែលត្រូវមក»។—លូកា ២១:៣៦
បុគ្គលដែលឧត្តមជាងម៉ូសេ
៨. តើប៉ុលបានដាស់តឿនពួកគ្រីស្ទានឲ្យធ្វើអ្វី ដោយមានប្រសាសន៍នៅហេព្រើរ ៣:១ នោះ?
៨ ក្នុងការនិយាយអំពីចំណុចដ៏សំខាន់មួយ នោះប៉ុលបានសរសេរថា៖ «ចូរពិចារណាពីព្រះយេស៊ូវ ជាសាវក នឹងជាសំដេចសង្ឃ ដែលយើងថា យើងជឿតាមនោះចុះ»។ (ហេព្រើរ ៣:១) «ពិចារណា» មានន័យថា«ឲ្យយល់យ៉ាងច្បាស់ . . . ឲ្យយល់យ៉ាងពេញលេញ ឲ្យត្រិះរិះបានដិតដល់»។ (វចនានុក្រមពីលោកវ៉ាញដែលពន្យល់ពាក្យសញ្ញាចាស់និងសញ្ញាថ្មី) ដូច្នេះ ប៉ុលបានដាស់តឿនពួកអ្នកជឿឲ្យខំប្រឹងធ្វើយ៉ាងណាឲ្យអបអរយ៉ាងស្មោះអំពីមុខនាទីរបស់ព្រះយេស៊ូ ដែលមាននៅលើជំនឿនិងសេចក្ដីសង្គ្រោះរបស់គេ។ ការធ្វើបែបនេះនឹងពង្រឹងការតាំងចិត្តរបស់គេ ដើម្បីឈរឲ្យមាំមួនក្នុងជំនឿ។ បើអញ្ចឹង តើអ្វីជាមុខនាទីរបស់ព្រះយេស៊ូ ហើយហេតុអ្វីក៏យើងត្រូវ«ពិចារណា»ទ្រង់?
៩. ហេតុអ្វីក៏ប៉ុលនិយាយសំដៅទៅព្រះយេស៊ូជា«សាវ័ក» និង‹សម្ដេចសង្ឃ›?
៩ ប៉ុលបានប្រើពាក្យដែលថា «សាវ័ក» និង‹សម្ដេចសង្ឃ› ក្នុងការសំដៅទៅព្រះយេស៊ូ។ «សាវ័ក» គឺជាអ្នកណាម្នាក់ដែលបានបញ្ជូនមក ហើយនៅទីនេះ គឺស្តីអំពីផ្លូវដែលព្រះប្រើចំពោះការប្រស្រ័យទាក់ទងជាមួយមនុស្សលោក។ ហើយតាមរយៈ‹សម្ដេចសង្ឃ› មនុស្សអាចចូលទៅជិតព្រះបាន។ របស់ទាំងពីរនេះ គឺចាំបាច់ណាស់ចំពោះការថ្វាយបង្គំពិត ហើយព្រះយេស៊ូបានតំណាងរបស់ទាំងពីរនេះ។ ទ្រង់ជាបុគ្គលដែលបានត្រូវបញ្ជូនមកពីស្ថានសួគ៌ ដើម្បីបង្រៀនមនុស្សលោកនូវសេចក្ដីពិតអំពីព្រះ។ (យ៉ូហាន ១:១៨; ៣:១៦; ១៤:៦) ព្រះយេស៊ូក៏បានត្រូវរើសតាំងជាសម្ដេចសង្ឃដូចគំរូដើម ក្នុងរបៀបរៀបចំព្រះវិហារខាងវិញ្ញាណរបស់ព្រះយេហូវ៉ា សំរាប់ការអត់ឱនទោសនៃសេចក្ដីបាប។ (ហេព្រើរ ៤:១៤, ១៥; យ៉ូហានទី១ ២:១, ២) ប្រសិនបើយើងពិតជាអបអរនឹងពរដែលអាចទទួលបានតាមរយៈព្រះយេស៊ូ នោះយើងនឹងមានចិត្តក្លាហាននិងការតាំងចិត្តដើម្បីឈរឲ្យបានមាំមួនក្នុងជំនឿ។
១០. (ក) តើតាមរបៀបណាដែលប៉ុលបានជួយពួកគ្រីស្ទានសាសន៍ហេព្រើរ ឲ្យអបអរថាសាសនាគ្រីស្ទានមានភាពប្រសើរជាងសាសនាយូដានោះ? (ខ) តើសេចក្ដីពិតអ្វីដែលប៉ុលបានស្រង់មកដើម្បីពង្រឹងចំណុចរបស់គាត់?
១០ ដើម្បីបញ្ជាក់នូវតម្លៃនៃជំនឿគ្រីស្ទាន នោះប៉ុលបានប្រៀបធៀបព្រះយេស៊ូជាមួយនឹងម៉ូសេ ដែលជាបុគ្គលដែលពួកយូដាបានចាត់ទុក ជាព្យាការីដ៏ធំបំផុតក្នុងចំណោមជីដូនជីតារបស់គេ។ ប្រសិនបើពួកគ្រីស្ទានសាសន៍ហេព្រើរអាចយល់ដឹងដោយស្មោះ នូវហេតុការណ៍ដែលថាព្រះយេស៊ូគឺឧត្តមជាងម៉ូសេ នោះគេនឹងមិនមានចិត្តសង្ស័យអំពីសាសនាគ្រីស្ទាន ដែលមានភាពប្រសើរជាងសាសនាយូដា។ ប៉ុលបានចង្អុលប្រាប់ថា ទោះជាម៉ូសេបានសមជាអ្នកដែលបានប្រគល់ឲ្យមើល«ផ្ទះ» ដែលជាសាសន៍ឬក្រុមជំនុំនៃអ៊ីស្រាអែលក៏ដោយ គាត់គ្រាន់តែជាអ្នកបំរើដ៏ស្មោះត្រង់ប៉ុណ្ណោះ។ (ជនគណនា ១២:៧) ផ្ទុយទៅវិញ ព្រះយេស៊ូជាបុត្រា ដែលជាចៅហ្វាយលើដំណាក់វិញ។ (កូរិនថូសទី១ ១១:៣; ហេព្រើរ ៣:២, ៣, ៥) ដើម្បីនឹងពង្រឹងចំណុចរបស់គាត់ នោះប៉ុលបានប្រាប់អំពីសេចក្ដីពិតទូទៅនេះថា៖ «ព្រោះគ្រប់ទាំងផ្ទះតែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ»។ (ហេព្រើរ ៣:៤) គ្មានអ្នកណាម្នាក់ដែលប្រកែកនឹងពាក្យដែលថា ព្រះមានភាពប្រសើរជាងអ្នកណាម្នាក់ឡើយ ដ្បិតទ្រង់ជាអ្នកសង់ ឬព្រះអាទិទេពដែលបានបង្កើតរបស់សព្វសារពើ។ ដូច្នេះ ជាសមហេតុផល ដោយព្រោះព្រះយេស៊ូជាអ្នកបង្កើតជាមួយព្រះ នោះទ្រង់ច្បាស់ជាឧត្តមជាងសេចក្ដីបង្កើតឯទៀត រួមបញ្ចូលនឹងលោកម៉ូសេដែរ។—សុភាសិត ៨:៣០; កូល៉ុស ១:១៥-១៧
១១, ១២. តើប៉ុលបានដាស់តឿនពួកគ្រីស្ទានសាសន៍ហេព្រើរឲ្យកាន់អ្វី«យ៉ាងខ្ជាប់ខ្ជួនដរាបដល់ចុងបំផុត» ហើយតើយើងអាចធ្វើតាមដំបូន្មានរបស់គាត់យ៉ាងដូចម្ដេច?
១១ យ៉ាងពិតហើយ ពួកគ្រីស្ទានសាសន៍ហេព្រើរមានជំហរយ៉ាងខ្ពង់ខ្ពស់មែន។ ប៉ុលបានរំឭកពួកគេថា គេ«មានចំណែកក្នុងការងារស្ថានសួគ៌» ដែលជាឯកសិទ្ធិដ៏ខ្ពង់ខ្ពស់បំផុតជាងអ្វីៗដែលរបបយូដាអាចផ្ដល់ឲ្យទៅទៀត។ (ហេព្រើរ ៣:១) ពាក្យសំដីរបស់ប៉ុលច្បាស់ជាធ្វើឲ្យពួកគ្រីស្ទានចាក់ប្រេងតាំង មានអំណរគុណណាស់ ដែលគេមានចំណែកក្នុងមរតកថ្មីនេះ ជាជាងមានចិត្តស្ដាយដោយព្រោះបោះបង់ចោលអ្វីដែលទាក់ទងនឹងមរតកពីយូដានោះ។ (ភីលីព ៣:៨) ក្នុងការដាស់តឿនពួកគេឲ្យកាន់ជាប់នឹងឯកសិទ្ធិរបស់គេ ហើយកុំឲ្យចាត់ទុកជាអ្វីដ៏ឥតសំខាន់ នោះប៉ុលបានមានប្រសាសន៍ថា៖ «តែព្រះគ្រីស្ទ ទ្រង់ស្មោះត្រង់ ទុកដូចជាព្រះរាជបុត្រា ដែលត្រួតលើដំណាក់ទ្រង់វិញ គឺយើងរាល់គ្នានេះជាដំណាក់នោះ បើយើងកាន់ចិត្តមោះមុត នឹងសេចក្ដីអំនួត ចំពោះសេចក្ដីសង្ឃឹមនេះ យ៉ាងខ្ជាប់ខ្ជួនដរាបដល់ចុងបំផុតមែន»។—ហេព្រើរ ៣:៦
១២ ត្រូវហើយ ប្រសិនបើពួកគ្រីស្ទានសាសន៍ហេព្រើរចង់ឲ្យរួចរស់ជីវិតពីគ្រាបញ្ចប់នៃរបបយូដា នោះគេត្រូវតែកាន់សេចក្ដីសង្ឃឹមដែលព្រះបានប្រទានមក ឲ្យបាន«ខ្ជាប់ខ្ជួនដរាបដល់ចុងបំផុត»។ យើងក៏ត្រូវតែធ្វើដូច្នេះដែរ ប្រសិនបើយើងចង់រួចរស់ជីវិតពីទីបញ្ចប់នៃរបបលោកីយ៍នេះ។ (ម៉ាថាយ ២៤:១៣) យើងមិនត្រូវឲ្យសេចក្ដីខ្វល់ខ្វាយនៃជីវិត ការឥតអើពើរបស់មនុស្ស ឬការទោរទន់ដ៏ឥតគ្រប់ល័ក្ខណ៍របស់យើង ធ្វើឲ្យយើងរេរាលើសេចក្ដីសន្យារបស់ព្រះក្នុងជំនឿរបស់យើងឡើយ។ (លូកា ២១:១៦-១៩) សូមឲ្យយើងពិនិត្យមើលពាក្យរបស់ប៉ុលតទៅទៀត ដើម្បីមើលនូវរបៀបដែលយើងអាចពង្រឹងខ្លួនយើង។
«កុំឲ្យតាំងចិត្តរឹងរូសឡើយ»
១៣. តើប៉ុលបានឲ្យការព្រមានអ្វី ហើយតើគាត់បានប្រើទំនុកដំកើង ៩៥យ៉ាងដូចម្ដេច?
១៣ ក្រោយពីបានពិចារណាមើលនូវជំហរដ៏ល្អរបស់ពួកគ្រីស្ទានសាសន៍ហេព្រើរ នោះប៉ុលបានឲ្យការព្រមាននេះថា៖ «ដូចជាព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលថា‹នៅថ្ងៃនេះ បើឯងរាល់គ្នាឮសម្លេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូសឡើយ ដូចកាលគ្រាបះបោរ នៅថ្ងៃដែលមានសេចក្ដីល្បួង នៅក្នុងទីរហោស្ថាន› »។ (ហេព្រើរ ៣:៨, ៩) ប៉ុលបានស្រង់ពាក្យនេះចេញពីទំនុកដំកើង ៩៥ ហើយដូច្នេះអាចនិយាយថា «ព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលថា»។b (ទំនុកដំកើង ៩៥:៧, ៨; និក្ខមនំ ១៧:១-៧) បទគម្ពីរគឺបានបណ្ដាលឲ្យតែងដោយព្រះតាមរយៈវិញ្ញាណបរិសុទ្ធរបស់ទ្រង់។—ធីម៉ូថេទី២ ៣:១៦
១៤. តើពួកអ៊ីស្រាអែលបានប្រព្រឹត្តយ៉ាងណា ចំពោះអ្វីដែលព្រះយេហូវ៉ាបានធ្វើសំរាប់ពួកគេ ហើយហេតុអ្វី?
១៤ ក្រោយពីបានចេញពីទាសភាពក្នុងស្រុកអេស៊ីប នោះពួកអ៊ីស្រាអែលបានទទួលឯកសិទ្ធិដ៏ល្អក្នុងការចូលកិច្ចព្រមព្រៀងជាមួយនឹងព្រះយេហូវ៉ា។ (និក្ខមនំ ១៩:៤, ៥; ២៤:៧, ៨) ប៉ុន្តែ ជាជាងបង្ហាញនូវការអបអរនឹងអ្វីដែលព្រះបានធ្វើចំពោះគេនោះ ពួកគេបានប្រព្រឹត្តយ៉ាងបះបោរទៅវិញ។ (ជនគណនា ១៣:២៥–១៤:១០) ហេតុអ្វីក៏នេះអាចកើតឡើងដូច្នេះ? ប៉ុលបានចង្អុលប្រាប់នូវមូលហេតុថា៖ ដោយចិត្តរឹងរូសរបស់គេ។ ប៉ុន្តែ តើតាមរបៀបណាដែលចិត្តចេះយោគយល់ហើយប្រព្រឹត្តតាមបន្ទូលរបស់ព្រះ ក្លាយទៅជារឹងរូសនោះ? ហើយតើយើងត្រូវតែធ្វើអ្វីដើម្បីនឹងបង្ការរឿងនេះ?
១៥. (ក) តើតាមរបៀបណាដែល‹សម្លេងរបស់ព្រះ›បានត្រូវគេឮ នៅអតីតកាលនិងបច្ចុប្បន្នកាលនេះ? (ខ) តើមានសំនួរអ្វីខ្លះដែលយើងត្រូវតែសួរខ្លួនយើង ស្តីអំពី‹សម្លេងរបស់ព្រះ›?
១៥ ប៉ុលបានចាប់ផ្ដើមព្រមានដោយប្រើអនុប្រយោគដែលបញ្ជាក់នូវលក្ខខ័ណ្ឌ ដោយថា «បើឯងរាល់គ្នាឮសំឡេងទ្រង់»។ ព្រះទ្រង់បានមានបន្ទូលទៅកាន់រាស្ត្ររបស់ទ្រង់តាមរយៈម៉ូសេនិងព្យាការីឯទៀត។ រួចមក ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់ពួកគេតាមរយៈបុត្ររបស់ទ្រង់ គឺព្រះយេស៊ូគ្រីស្ទ។ (ហេព្រើរ ១:១, ២) សព្វថ្ងៃនេះ យើងមានព្រះគម្ពីរបរិសុទ្ធទាំងមូល ដែលជាបន្ទូលរបស់ព្រះ។ យើងក៏មាន‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ដែលបានរើសតាំងដោយព្រះយេស៊ូ ដើម្បីឲ្យផ្ដល់នូវ«អាហារ[ខាងវិញ្ញាណ] . . . តាមត្រូវពេល»។ (ម៉ាថាយ ២៤:៤៥-៤៧) ដូច្នេះ ព្រះទ្រង់គឺកំពុងមានបន្ទូលមកដល់យើង។ ប៉ុន្តែ តើយើងកំពុងស្ដាប់តាមឬទេ? ជាឧទាហរណ៍ តើយើងប្រព្រឹត្តយ៉ាងណា នឹងដំបូន្មានអំពីសំលៀកបំពាក់ ឬការជ្រើសរើសបែបបទកំសាន្តនិងបទភ្លេងនោះ? តើយើង‹ស្ដាប់› ដោយយកចិត្តទុកដាក់និងគោរពតាមអ្វីដែលយើងឮនោះទេ? ប្រសិនបើយើងមានទម្លាប់ដោះសាឬជំទាស់នឹងដំបូន្មាន នោះយើងប្រហែលជាបណ្ដោយខ្លួនឲ្យធ្លាក់ក្នុងគ្រោះថ្នាក់នៃការធ្វើឲ្យចិត្តយើងរឹងរូសហើយ។
១៦. តើតាមរបៀបណាមួយ ដែលចិត្តរបស់យើងអាចក្លាយទៅជារឹងរូស?
១៦ ចិត្តរបស់យើងក៏អាចទៅជារឹងរូស ប្រសិនបើយើងគេចចេញពីការធ្វើអ្វីដែលយើងអាចធ្វើទៅបាននោះ។ (យ៉ាកុប ៤:១៧) ទោះជាព្រះយេហូវ៉ាបានធ្វើរបស់សព្វគ្រប់ឲ្យពួកអ៊ីស្រាអែលក៏ដោយ ពួកគេពុំបានអនុវត្តជំនឿនោះទេ។ ពួកគេបានប្រឆាំងបះបោរនឹងលោកម៉ូសេ បានស្ដាប់តាមរបាយការណ៍ដ៏មិនល្អអំពីស្រុកកាណាន ហើយមិនព្រមចូលស្រុកដែលបានសន្យានោះឡើយ។ (ជនគណនា ១៤:១-៤) ដូច្នេះ ព្រះយេហូវ៉ាក៏ចេញច្បាប់ថាគេនឹងចំណាយពេល៤០ឆ្នាំក្នុងទីរហោស្ថាន រហូតដល់ពួកសមាជិកដ៏គ្មានជំនឿនៃតំណនោះស្លាប់អស់ទៅ។ ដោយជិនឆ្អន់នឹងពួកគេ នោះព្រះទ្រង់បានមានបន្ទូលថា៖ «វារាល់គ្នាចេះតែមានចិត្តវង្វេងជាដរាប ហើយមិនបានស្គាល់ផ្លូវរបស់អញសោះ បានជាអញស្បថទាំងកំហឹងថា វារាល់គ្នាមិនត្រូវចូលទៅក្នុងសេចក្ដីសំរាករបស់អញសោះឡើយ› »។ (ហេព្រើរ ៣:១០-១២) តើយើងឃើញនូវមេរៀនក្នុងរឿងនេះសំរាប់យើងឬទេ?
មេរៀនសំរាប់យើង
១៧. ហេតុអ្វីក៏ពួកអ៊ីស្រាអែលឥតមានជំនឿ ទោះជាគេបានឃើញការប្រព្រឹត្តនិងការប្រកាសដ៏អស្ចារ្យរបស់ព្រះយេហូវ៉ានោះ?
១៧ ពួកអ៊ីស្រាអែលមួយតំណនោះ ដែលបានចេញពីស្រុកអេស៊ីប ក៏បានឃើញផ្ទាល់ភ្នែកនិងបានឮផ្ទាល់ត្រចៀក នូវការប្រព្រឹត្តនិងការប្រកាសដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។ ប៉ុន្តែ ពួកគេឥតមានជំនឿ ថាព្រះនឹងអាចនាំគេចេញដោយសុវត្ថិភាពទៅក្នុងស្រុកដែលបានសន្យាមកនោះទេ។ តើហេតុអ្វី? ព្រះយេហូវ៉ាបានមានបន្ទូលថា ពួកគេ«មិនបានស្គាល់ផ្លូវរបស់អញសោះ»។ ពួកគេបានដឹងនូវអ្វីដែលព្រះយេហូវ៉ាបានមានបន្ទូលហើយនិងបានប្រព្រឹត្ត តែពួកគេមិនដែលបានបណ្ដុះឲ្យមានសេចក្ដីទុកចិត្ត លើសមត្ថភាពរបស់ទ្រង់ក្នុងការមើលថែរក្សានោះឡើយ។ ពួកគេបានគិតតែអំពីរបស់ត្រូវការខ្លួន ដែលគេពុំបានគិតអំពីផ្លូវនិងគោលបំណងរបស់ព្រះនោះទេ។ ត្រូវហើយ គេបានខ្វះជំនឿលើសេចក្ដីសន្យារបស់ទ្រង់។
១៨. យោងទៅតាមប៉ុល តើការប្រព្រឹត្តយ៉ាងណាដែលនឹងនាំឲ្យមាន«ចិត្តអាក្រក់ដោយមិនជឿ»?
១៨ ពាក្យតទៅទៀតជូនពួកហេព្រើរ ក៏មានទម្ងន់លើយើងដូចពួកគេនោះដែរ ដែលថា៖ «ដូច្នេះ ចូរប្រយ័តបងប្អូនអើយ ក្រែងមានពួកអ្នករាល់គ្នាណាមួយ មានចិត្តអាក្រក់ ដោយមិនជឿ ព្រមទាំងបោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ»។ (ហេព្រើរ ៣:៧) ប៉ុលបាននិយាយអំពីដើមហេតុនៃបញ្ហានេះ ដោយចង្អុលប្រាប់ថា ការមាន«ចិត្តអាក្រក់ដោយមិនជឿ» គឺដោយសារគេបាន«បោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ»។ នៅដើមនៃសំបុត្រនេះ គាត់បាននិយាយអំពី‹ការរសាត់ចេញ› ដោយព្រោះការឥតប្រុងប្រយ័ត្ន។ (ហេព្រើរ ២:១) ប៉ុន្តែ ពាក្យក្រិកដែលបានបកប្រែ «រសាត់ចេញ» មានន័យថា «បង្វែរចេញ» ហើយពាក្យក្រិកនេះគឺជាប់ទាក់ទិននឹងពាក្យ«សេចក្ដីក្បត់ជំនឿ»។ ពាក្យនេះឲ្យអត្ថន័យនៃការទប់ទល់ ការដកខ្លួនចេញ និងការរត់ចោលដោយចេតនា ដែលរួមបញ្ចូលនឹងការមើលងាយផង។
១៩. តើតាមរបៀបណាដែលការមិនស្ដាប់តាមដំបូន្មាននាំឲ្យមានកម្មផលដ៏ធ្ងន់នោះ? សូមពន្យល់។
១៩ ដូច្នេះ មេរៀននោះគឺថា ប្រសិនបើយើងមានទម្លាប់មិន«ឮសំឡេងទ្រង់» ដោយឥតអើពើនឹងដំបូន្មានពីព្រះយេហូវ៉ា តាមរយៈបន្ទូលរបស់ទ្រង់និងតាមរយៈក្រុមអ្នកបំរើស្មោះត្រង់ នោះមិនយូរប៉ុន្មាន ចិត្តរបស់យើងនឹងក្លាយទៅជាឥតចេះមេត្ដា ដ៏រឹងរូសផង។ ជាឧទាហរណ៍ គូដែលមិនទាន់រៀបការប្រហែលជាស្និទ្ធស្នាលនឹងគ្នាហួសហេតុ។ ចុះយ៉ាងណាវិញប្រសិនបើគេឥតអើពើនឹងរឿងនេះ? តើនេះនឹងការពារគេពីការធ្វើបែបនេះម្ដងទៀតទេ ឬក៏តើនេះជាការងាយស្រួលឲ្យគេប្រព្រឹត្តបែបនេះម្ដងទៀត? ស្រដៀងគ្នាដែរ នៅពេលដែលក្រុមអ្នកបំរើផ្ដល់ឲ្យឱវាទលើ ការជ្រើសរើសនូវបទភ្លេងនិងបែបបទកំសាន្តជាដើមនោះ តើយើងទទួលយកដំបូន្មាននោះដោយអំណរ ហើយកែតម្រូវនូវអ្វីដែលត្រូវនោះទេ? ប៉ុលបានដាស់តឿន‹មិនត្រូវលះបង់ការប្រជុំគ្នា›។ (ហេព្រើរ ១០:២៤, ២៥) ទោះជាមានដំបូន្មាននេះក៏ដោយ អ្នកខ្លះមិនអើពើនឹងកិច្ចប្រជុំគ្រីស្ទានទេ។ គេប្រហែលជាគិតថា ការមិនទៅប្រជុំខ្លះឬលែងទៅកិច្ចប្រជុំណាមួយទាំងស្រុង នោះមិនសំខាន់ទេ។
២០. ហេតុអ្វីក៏ជាការចាំបាច់ ដែលយើងត្រូវប្រព្រឹត្តយ៉ាងវិជ្ជមានតាមដំបូន្មានពីបទគម្ពីរ?
២០ ប្រសិនបើយើងមិនប្រព្រឹត្តយ៉ាងវិជ្ជមានតាម‹សម្លេង›របស់ព្រះយេហូវ៉ា ដែលបានបង្ហាញយ៉ាងច្បាស់ក្នុងបទគម្ពីរនិងប្រកាសនវត្ថុដែលមានមូលដ្ឋានពីព្រះគម្ពីរ នោះមិនយូរប៉ុន្មានយើងនឹង«បោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ»ហើយ។ ការឥតអើពើដ៏អកម្មដល់ដំបូន្មាននេះ អាចក្លាយទៅជាការមើលងាយ ការរិះគន់ ព្រមទាំងការជំទាស់ដ៏សកម្មដល់ដំបូន្មាននោះផង។ បើមិនកែតម្រូវចិត្តគំនិតបែបនេះទេ នោះនឹងមាន«ចិត្តអាក្រក់ដោយមិនជឿ» ហើយជាការពិបាកណាស់ ក្នុងការកែតម្រូវឲ្យបានជាពីចិត្តគំនិតបែបនេះ។ (ប្រៀបធៀប អេភេសូរ ៤:១៩) យេរេមាបានសរសេរយ៉ាងត្រឹមត្រូវថា៖ «ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន»? (យេរេមា ១៧:៩) ដោយហេតុនេះ ប៉ុលបានដាស់តឿនពួកហេព្រើរថា៖ «ចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា‹ថ្ងៃនេះ›នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្ដីបញ្ឆោតរបស់អំពើបាប»។—ហេព្រើរ ៣:១៣
២១. តើយើងបានដាស់តឿនឲ្យធ្វើអ្វី ហើយតើការទន្ទឹងចាំអ្វីដែលយើងមាននោះ?
២១ យើងមានចិត្តរីករាយណាស់ ដែលព្រះយេហូវ៉ានៅមានបន្ទូលប្រស្រ័យទាក់ទងនឹងយើង តាមរយៈបន្ទូលនិងអង្គការរបស់ទ្រង់! យើងអរព្រះគុណណាស់ ដែល‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› បន្តជួយយើងឲ្យ«កាន់ខ្ជាប់ តាមសេចក្ដីជំនឿដើមដរាបដល់ចុងបំផុត»។ (ហេព្រើរ ៣:១៤) ឥឡូវនេះហើយជាពេលដែលយើងត្រូវប្រព្រឹត្តតាមសេចក្ដីស្រឡាញ់និងការដឹកនាំរបស់ព្រះនោះ។ កាលដែលយើងធ្វើដូចនេះ នោះយើងនឹងទទួលបាននូវសេចក្ដីសន្យារបស់ព្រះយេហូវ៉ាមួយទៀត ដែលជា‹ការចូលក្នុង›សេចក្ដីសំរាករបស់ទ្រង់។ (ហេព្រើរ ៤:៣, ១០) នេះហើយជាប្រធានដែលប៉ុលបានពិគ្រោះជាបន្ទាប់ជាមួយនឹងពួកគ្រីស្ទានសាសន៍ហេព្រើរ ហើយក៏ជាប្រធានដែលយើងនឹងពិចារណាមើលក្នុងអត្ថបទជាបន្ទាប់ដែរ។
[កំណត់សម្គាល់]
a លោកយ៉ូស៊ីហ្វឺសបានរាយការណ៍ថា ក្រោយបន្ដិចពីហ្វីតែសបានស្លាប់ទៅ នោះលោកអាន្ន៉ានាសពីនិកាយសាឌូស៊ី បានក្លាយជាសម្ដេចសង្ឃ។ លោកបានយកយ៉ាកុប ដែលជាប្អូនរបស់ព្រះយេស៊ូខាងម្ដាយ និងពួកសិស្សឯទៀតមកឯក្រុមប្រឹក្សាជាន់ខ្ពស់ ហើយបានកាត់ទោសប្រហារជីវិតដោយគប់ដុំថ្ម។
b ប៉ុលច្បាស់ជាបានស្រង់ពាក្យចេញពីបទគម្ពីរសេបទូជីនភាសាក្រិក ដែលបកប្រែពាក្យហេព្រើរ«មេរីបា» និង«ម៉ាសា» ចេញជា«ការឈ្លោះគ្នា» និង«ការសាកល្បង» ជាលំដាប់។ សូមមើលទំព័រ ៣៥០និង ៣៧៩ ក្នុងសៀវភៅ Insight on the Scriptures, ក្បាលទី២ ដែលបានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។
តើអ្នកអាចពន្យល់បានទេ?
◻ ហេតុអ្វីក៏ប៉ុលបានសរសេរឲ្យដំបូន្មានដ៏ខ្លាំងម្ល៉េះជូនពួកគ្រីស្ទានសាសន៍ហេព្រើរ?
◻ តើតាមរបៀបណាដែលប៉ុលជួយពួកគ្រីស្ទានសាសន៍ហេព្រើរឲ្យអបអរ ថាគេមានអ្វីមួយដ៏ប្រសើរជាងអ្វីដែលគេមានក្រោមសាសនាយូដា?
◻ តើតាមរបៀបណាដែលចិត្តរបស់មនុស្សម្នាក់អាចទៅជារឹងរូសនោះ?
◻ តើអ្វីដែលយើងត្រូវតែធ្វើ ដើម្បីជៀសវាងពីការនាំឲ្យមាន«ចិត្តអាក្រក់ដោយមិនជឿ»?
[រូបភាពនៅទំព័រ២៤]
តើអ្នកកំពុងតែអនុវត្តជំនឿលើព្រះយេស៊ូ ដែលជាលោកម៉ូសេដ៏ឧត្តមជាងនោះទេ?