តើអ្នកបានចូលទៅក្នុងសេចក្ដីសំរាករបស់ព្រះហើយឬ?
«ដ្បិតអ្នកណាដែលចូលទៅក្នុងសេចក្ដីសំរាករបស់ទ្រង់ហើយ នោះក៏បានឈប់សំរាក ពីការខ្លួនប្រព្រឹត្តទាំងប៉ុន្មាន»។—ហេព្រើរ ៤:១០
១. ហេតុអ្វីក៏យើងចង់បានសេចក្ដីសំរាកម្ល៉េះ?
សេចក្ដីសំរាក។ នេះជាពាក្យដែលគួរឲ្យចូលចិត្តណាស់! ការរស់នៅក្នុងពិភពលោកដែលមានល្បឿនយ៉ាងលឿន ហើយដែលពេញដោយចលាចលនៅសព្វថ្ងៃនេះ នោះយើងសឹងតែគ្រប់គ្នានឹងយល់ស្របថា ការមានសេចក្ដីសំរាកបន្ដិចបន្តួច នោះជាការពេញចិត្តណាស់។ ទោះជាយើងជាមនុស្សក្មេង ឬចាស់ បានរៀបការ ឬនៅលីវក៏ដោយ យើងអាចមានចិត្តដ៏តានតឹងនិងដ៏អស់កម្លាំងទៀតផង ពីការរស់នៅរៀងរាល់ថ្ងៃ។ ចំពោះអស់អ្នកដែលមានកំរិតខាងខ្លួនប្រាណ ឬក៏ភាពទន់ខ្សោយ នោះជាអ្វីដ៏ពិបាកមួយរៀងរាល់ថ្ងៃ។ ដូចជាបទគម្ពីរចែងថា «ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ»។ (រ៉ូម ៨:២២) មនុស្សម្នាក់ដែលកំពុងសំរាក មិនត្រូវន័យថាជាមនុស្សខ្ជិលនោះទេ។ សេចក្ដីសំរាកជាអ្វីដែលមនុស្សត្រូវការនឹងទទួលបាន។
២. តើព្រះយេហូវ៉ាបានសំរាកតាំងពីពេលណាមក?
២ ព្រះយេហូវ៉ាអង្គទ្រង់ក៏បានសំរាកដែរ។ នៅក្នុងសៀវភៅលោកុប្បត្តិ យើងអានថា៖ «ផ្ទៃមេឃនឹងផែនដីក៏បានរួចជាស្រេច ព្រមទាំងរបស់សព្វសារពើផង លុះដល់ថ្ងៃទី៧ កាលដែលព្រះទ្រង់ធ្វើ នោះបានហើយជាស្រេច ទ្រង់ក៏ឈប់ផ្អាកសំរាកនៅថ្ងៃទី៧នោះ ពីគ្រប់ទាំងការដែលទ្រង់ធ្វើ»។ ព្រះយេហូវ៉ាឲ្យទម្ងន់ទៅលើ«ថ្ងៃទី៧» ដ្បិតបទគម្ពីរចែងបន្តទៀតថា៖ «ព្រះទ្រង់ក៏ប្រទានពរដល់ថ្ងៃទី៧នោះ ព្រមទាំងញែកទុកជាថ្ងៃបរិសុទ្ធ»។—លោកុប្បត្តិ ២:១-៣
ព្រះបានសំរាកពីកិច្ចការរបស់ទ្រង់
៣. តើអ្វីដែលមិនអាចជាមូលហេតុដែលព្រះទ្រង់បានសំរាកនោះ?
៣ ហេតុអ្វីក៏ព្រះបានសំរាកនៅ«ថ្ងៃទី៧»នោះ? ប្រាកដហើយ ទ្រង់មិនបានសំរាកដោយព្រោះទ្រង់អស់កម្លាំងនោះឡើយ។ ព្រះយេហូវ៉ាមាន«ព្រះចេស្ដាដ៏ធំ» ហើយ«ទ្រង់មិនដែលល្វើយឡើយ ក៏មិនដែលអស់កម្លាំងផង»។ (អេសាយ ៤០:២៦, ២៨) ហើយទ្រង់ក៏មិនសំរាកដោយព្រោះទ្រង់ត្រូវការពេលសំរាក ឬការផ្លាស់ប្ដូរពីដំណើរធម្មតានោះទេ។ ដ្បិតព្រះយេស៊ូបានមានបន្ទូលប្រាប់យើងថា៖ «ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ»។ (យ៉ូហាន ៥:១៧) ទោះជាយ៉ាងណាក៏ដោយ «ព្រះទ្រង់ជាវិញ្ញាណ» ហើយមិនជាប់នឹងដំណើរវិលចុះវិលឡើងខាងរូបកាយនិងសេចក្ដីត្រូវការដូចសត្តនិករខាងសាច់ឈាមនោះទេ។—យ៉ូហាន ៤:២៤
៤. ក្នុងរបៀបណាដែល«ថ្ងៃទី៧» ខុសប្លែកពីប្រាំមួយ‹ថ្ងៃ›ដំបូងនោះ?
៤ តើតាមរបៀបណាដែលយើងអាចយល់ធ្លុះជ្រៅបាន នូវមូលហេតុដែលព្រះបានសំរាក«នៅថ្ងៃទី៧»នោះ? ដោយកត់សម្គាល់ថា ទោះជាព្រះបានសព្វព្រះហឫទ័យនឹងអ្វីៗដែលទ្រង់បានសម្រេចក្នុងប្រាំមួយ‹ថ្ងៃ›បង្កើតដំបូង ដែលមានរយៈជាយូរនោះ តែទ្រង់បានប្រទានពរទៅលើ«ថ្ងៃទី៧» ហើយបានញែកទុកជាថ្ងៃ«បរិសុទ្ធ»។ វចនានុក្រមអុកហ្វុតដ៏សង្ខេប បកស្រាយពាក្យ«បរិសុទ្ធ» ថា«បានថ្វាយយ៉ាងដាច់មុខ ឬបានញែកទុកដោយឡែក (ជូនឲ្យព្រះឬសំរាប់គោលបំណងខាងសាសនា)»។ ដូច្នេះ ហេតុដែលព្រះយេហូវ៉ាប្រទានពរ ហើយញែកទុកជាបរិសុទ្ធនូវ«ថ្ងៃទី៧» នោះបង្ហាញថាការ«សំរាក»របស់ទ្រង់ ត្រូវតែជាប់ទាក់ទងនឹងព្រះហឫទ័យនិងគោលបំណងដ៏បរិសុទ្ធរបស់ទ្រង់ ជាជាងនឹងសេចក្ដីត្រូវការខ្លះរបស់ទ្រង់នោះឡើយ។ តើជាប់ទាក់ទងអ្វីទៅ?
៥. តើអ្វីដែលព្រះបានដាក់ឲ្យមានចលនាក្នុងកំឡុងប្រាំមួយ‹ថ្ងៃ›ដំបូង?
៥ ក្នុងកំឡុង‹ថ្ងៃ›បង្កើតទាំងប្រាំមួយមុននេះ នោះព្រះទ្រង់បានធ្វើហើយដាក់ឲ្យមានចលនានូវខួបនិងច្បាប់ទាំងឡាយ ដែលមានឥទ្ធិពលលើផែនដីនិងរបស់ដែលនៅជុំវិញនោះ។ ពួកអ្នកវិទ្យាសាស្ត្រទើបនឹងរៀនដឹងថា របស់ទាំងនេះបានគូរប្លង់យ៉ាងអស្ចារ្យមែន។ ដល់ជិតទីបញ្ចប់នៃ«ថ្ងៃទី៦» ព្រះបានបង្កើតមនុស្សមួយគូដំបូង ហើយបានឲ្យគេរស់នៅក្នុង«សួនច្បារ១នៅស្រុកអេដែនទិសខាងកើត»។ នៅទីបំផុត ព្រះបានប្រកាសអំពីគោលបំណងរបស់ទ្រង់ ដែលស្តីអំពីគ្រួសារមនុស្សលោក និងផែនដី តាមបន្ទូលជាទំនាយដូចនេះថា៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាសនឹងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង»។—លោកុប្បត្តិ ១:២៨, ៣១; ២:៨
៦. (ក) នៅទីបញ្ចប់នៃ«ថ្ងៃទី៦» តើព្រះមានអារម្មណ៍យ៉ាងណាអំពីអ្វីដែលទ្រង់បានបង្កើតនោះ? (ខ) ក្នុងន័យយ៉ាងណាដែល«ថ្ងៃទី៧» ជាថ្ងៃបរិសុទ្ធ?
៦ កាលដែលសេចក្ដីបង្កើតនៅ«ថ្ងៃទី៦»បានចប់ហើយនោះ ដំណើររឿងនេះប្រាប់យើងថា៖ «ព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ»។ (លោកុប្បត្តិ ១:៣១) ទ្រង់បានសព្វព្រះហឫទ័យនឹងរបស់ដែលទ្រង់បានបង្កើត។ ដូច្នេះទ្រង់ក៏បានសំរាកឬក៏បានឈប់ ពីកិច្ចការបង្កើតទៀត ដែលស្តីអំពីផែនដី។ ប៉ុន្តែ ទោះជាសួនមនោរម្យនេះបានគ្រប់ល័ក្ខណ៍ហើយល្អបំព្រងយ៉ាងណាក៏ដោយ នេះជាកន្លែងដ៏តូចមួយប៉ុណ្ណោះ ហើយមានមនុស្សតែពីរនាក់ទេដែលរស់នៅលើផែនដីនោះ។ គឺនឹងត្រូវការពេលវេលាសំរាប់ផែនដីនិងគ្រួសារមនុស្ស ឲ្យមកដល់ស្ថានភាពដែលព្រះបានមានគោលបំណងនោះ។ ដោយហេតុនេះហើយ ដែលទ្រង់បានរើសយក«ថ្ងៃទី៧» ដើម្បីនឹងអនុញ្ញាតឲ្យអ្វីៗដែលទ្រង់បានបង្កើតនៅប្រាំមួយ‹ថ្ងៃ›មុននេះ ឲ្យរីកចំរើនតាមព្រះហឫទ័យដ៏បរិសុទ្ធរបស់ទ្រង់។ (ប្រៀបធៀប អេភេសូរ ១:១១) កាលដែល«ថ្ងៃទី៧»បានមកដល់ទីអវសាន នោះផែនដីនឹងក្លាយទៅជាសួនមនោរម្យទូទាំងផែនដី ដែលមានមនុស្សល្អគ្រប់ល័ក្ខណ៍រស់នៅ។ (អេសាយ ៤៥:១៨) «ថ្ងៃទី៧» បានទុកដោយឡែកឬបានថ្វាយឲ្យ ដើម្បីសម្រេចតាមព្រះហឫទ័យរបស់ព្រះ ដែលស្តីអំពីផែនដីនិងមនុស្សលោក។ ក្នុងន័យនេះហើយ ដែលជាថ្ងៃ«បរិសុទ្ធ»នោះ។
៧. (ក) ក្នុងករណីអ្វីដែលព្រះឈប់សំរាកនៅ«ថ្ងៃទី៧»? (ខ) តើតាមរបៀបណាដែលរបស់ទាំងអស់នឹងបានសម្រេច នៅពេលដែល«ថ្ងៃទី៧»មកដល់ទីបញ្ចប់នោះ?
៧ ដូច្នេះ ព្រះបានសំរាកពីកិច្ចការបង្កើតរបស់ទ្រង់ នៅ«ថ្ងៃទី៧»។ នេះគឺហាក់ដូចជាទ្រង់បានឈប់ ហើយបានអនុញ្ញាតឲ្យទីតាំងរបស់ទ្រង់មានចលនាឲ្យបានសម្រេច។ ទ្រង់មានព្រះទ័យទុកចិត្តថា នៅទីបំផុតនៃ«ថ្ងៃទី៧» នោះរបស់ទាំងអស់នឹងបានដូចអ្វីដែលទ្រង់បានមានបំណងមកជាមិនខាន។ ទោះជាមានឧបសគ្គយ៉ាងណាក៏ដោយ នោះក៏នឹងបានពុះពារឈ្នះដែរ។ មនុស្សលោកដ៏គោរពទាំងអស់នឹងទទួលបានប្រយោជន៍ នៅពេលដែលព្រះហឫទ័យរបស់ព្រះបានសម្រេចជាផ្ដាច់ព្រាត់នោះ។ គ្មានអ្វីមួយដែលនឹងបង្ការរឿងនេះឡើយ ពីព្រោះពររបស់ព្រះមាននៅ«ថ្ងៃទី៧» ហើយទ្រង់នឹងធ្វើឲ្យថ្ងៃនោះបានជា«បរិសុទ្ធ»។ នេះជាការទន្ទឹងចាំដ៏រុងរឿងមែនចំពោះមនុស្សលោកដែលគោរពតាមនោះ!
សាសន៍អ៊ីស្រាអែលមិនបានចូលក្នុងសេចក្ដីសំរាករបស់ព្រះ
៨. តើនៅពេលណានិងតាមរបៀបណាដែលពួកអ៊ីស្រាអែល ប្រតិបត្ដិតាមថ្ងៃឈប់សំរាក?
៨ សាសន៍អ៊ីស្រាអែលបានទទួលប្រយោជន៍ពីការរៀបចំរបស់ព្រះយេហូវ៉ា សំរាប់កិច្ចការនិងសេចក្ដីសំរាក។ ទោះជាមុននឹងប្រទានឲ្យច្បាប់ទៅពួកអ៊ីស្រាអែលនៅភ្នំស៊ីណាយ នោះព្រះបានមានបន្ទូលប្រាប់គេតាមរយៈម៉ូសេថា៖ «មើល ដោយព្រោះព្រះយេហូវ៉ាបានប្រទានឲ្យមានថ្ងៃឈប់សំរាក នោះបានជាក្នុងថ្ងៃទី៦ ទ្រង់ក៏ប្រទាននំឲ្យល្មមគ្រាន់ដល់២ថ្ងៃ ដូច្នេះចូរឲ្យឯងរាល់គ្នានៅតែក្នុងកន្លែងឯងចុះ កុំឲ្យអ្នកណាចេញទៅក្រៅនៅថ្ងៃទី៧ឡើយ»។ ជាលទ្ធផល «នោះបណ្ដាជនគ្រប់គ្នាក៏សំរាកនៅថ្ងៃទី៧នោះ»។—និក្ខមនំ ១៦:២២-៣០
៩. ហេតុអ្វីក៏ច្បាប់ថ្ងៃឈប់សំរាក ច្បាស់ជាអ្វីដែលបានពេញចិត្តពួកអ៊ីស្រាអែលនោះ?
៩ ការរៀបចំនេះជាអ្វីមួយថ្មីសំរាប់ពួកអ៊ីស្រាអែល ដែលទើបតែបានសង្គ្រោះចេញពីស្រុកអេស៊ីប។ ទោះជាពួកអេស៊ីបនិងសាសន៍ឯទៀតបានរាប់ពេល ជាវេលាពីប្រាំទៅដប់ថ្ងៃក៏ដោយ គឺគេច្បាស់ជាមិនឲ្យពួកអ៊ីស្រាអែលដែលជាប់ឃុំឃាំងនេះ មានថ្ងៃឈប់សំរាកឡើយ។ (ប្រៀបធៀប និក្ខមនំ ៥:១-៩) ដូច្នេះជាការសមហេតុផលដោយសន្និដ្ឋានថា ពួកអ៊ីស្រាអែលទទួលយកការផ្លាស់ប្ដូរនេះជាទីពេញចិត្ត។ ជាជាងចាត់ទុកសេចក្ដីតម្រូវនៃថ្ងៃឈប់សំរាក ជាបន្ទុកឬព្រំដែន នោះគេមានចិត្តរីករាយក្នុងការធ្វើតាម។ តាមពិត ក្រោយមកព្រះបានមានបន្ទូលប្រាប់ថា ថ្ងៃឈប់សំរាកគឺសំរាប់រំឭកនូវទាសភាពក្នុងស្រុកអេស៊ីប ហើយនិងអំពីការសង្គ្រោះពួកគេ។—ចោទិយកថា ៥:១៥
១០, ១១. (ក) បើពួកគេគោរពតាមព្រះ តើពួកអ៊ីស្រាអែលនឹងអាចទន្ទឹងចាំទទួលអ្វី? (ខ) ហេតុអ្វីក៏ពួកអ៊ីស្រាអែលមិនបានចូលទៅក្នុងសេចក្ដីសំរាករបស់ព្រះ?
១០ ប្រសិនបើពួកអ៊ីស្រាអែលដែលបានចេញពីស្រុកអេស៊ីបជាមួយម៉ូសេ មានចិត្តដ៏គោរពតាម នោះគេនឹងមានឯកសិទ្ធិចូលទៅក្នុង«ស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរ»ដែលបានសន្យាមកនោះ។ (និក្ខមនំ ៣:៨) ពួកគេនឹងបានទទួលសេចក្ដីសំរាកពិតនៅទីនោះ អស់មួយជីវិតរបស់គេ មិនគ្រាន់តែនៅថ្ងៃឈប់សំរាកនោះទេ។ (ចោទិយកថា ១២:៩, ១០) ប៉ុន្តែ ឥតបានឃើញដូចនេះឡើយ។ រីឯពួកគេ នោះសាវ័កប៉ុលបានសរសេរថា៖ «ចុះតើអ្នកណាដែលឮ រួចកើតបះបោរនោះ? តើមិនមែនជាអស់អ្នក ដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីព្ទទេឬអី? តើទ្រង់គ្នាន់ក្នាញ់នឹងអ្នកណា នៅរវាង៤០ឆ្នាំនោះ តើមិនមែននឹងអស់អ្នកដែលបានធ្វើបាប ដែលសាកសពរបស់គេបានដួល នៅទីរហោស្ថានទេឬអី? ហើយតើទ្រង់បានស្បថនឹងអ្នកណាថា«វារាល់គ្នាមិនត្រូវចូលទៅក្នុងសេចក្ដីសំរាករបស់អញសោះឡើយ» បើមិនមែននឹងអស់អ្នក ដែលមិនស្ដាប់បង្គាប់ទេ? ដូច្នេះ យើងឃើញថា អ្នកទាំងនោះពុំអាចនឹងចូលបានទេ ដោយព្រោះគេមិនជឿ»។—ហេព្រើរ ៣:១៦-១៩
១១ នេះជាមេរៀនដ៏ខ្លាំងមែនសំរាប់យើង! ដោយព្រោះគេឥតមានជំនឿលើព្រះយេហូវ៉ា មនុស្សមួយតំណនោះមិនបានចូលក្នុងសេចក្ដីសំរាកដែលទ្រង់បានសន្យាមកឡើយ។ ផ្ទុយទៅវិញ គេបានបាត់បង់ជីវិតក្នុងទីរហោស្ថាន។ គេឥតបានយល់ថា ជាកូនចៅរបស់អ័ប្រាហាំ នោះគេបានជាប់ទាក់ទងនឹងព្រះហឫទ័យរបស់ព្រះ ក្នុងការផ្ដល់នូវពរឲ្យអស់ទាំងសាសន៍នៅលើផែនដី។ (លោកុប្បត្តិ ១៧:៧, ៨; ២២:១៨) ជាជាងធ្វើឲ្យស្របនឹងព្រះហឫទ័យរបស់ព្រះ នោះគេបានរំខានដោយសេចក្ដីប្រាថ្នាខាងសាច់ឈាមដ៏កំណាញ់របស់គេទៅវិញ។ សូមកុំឲ្យយើងធ្លាក់ចូលទៅក្នុងដំណើរបែបនេះឡើយ!—កូរិនថូសទី១ ១០:៦, ១០
នៅមានសេចក្ដីសំរាកនៅឡើយ
១២. តើនៅមានការទន្ទឹងចាំអ្វីសំរាប់ពួកគ្រីស្ទាននៅសតវត្សទីមួយ ហើយតើគេនឹងអាចទទួលបានយ៉ាងដូចម្ដេច?
១២ ក្រោយពីបានចង្អុលប្រាប់នូវបរាជ័យរបស់ពួកអ៊ីស្រាអែល ក្នុងការចូលទៅក្នុងសេចក្ដីសំរាករបស់ព្រះ ដោយព្រោះឥតជំនឿ នោះប៉ុលបានបែរស្មារតីទៅពួកជឿគ្នីគ្នារបស់គាត់។ ដូចបានកត់ទុកមកនៅហេព្រើរ ៤:១-៥ នោះគាត់បានធានារ៉ាប់រងគេថា«នៅមានសេចក្ដីសន្យាទុកមក ឲ្យបានចូលក្នុងសេចក្ដីសំរាករបស់ទ្រង់»។ ប៉ុលបានដាស់តឿនគេឲ្យអនុវត្តជំនឿលើ«ដំណឹងល្អ» ដ្បិត«យើងរាល់គ្នាដែលជឿ យើងចូលក្នុងសេចក្ដីសំរាកនោះ»។ ដោយព្រោះក្រិត្យវិន័យនោះបានត្រូវដកចេញដោយយញ្ញបូជាលោះរបស់ព្រះយេស៊ូ នោះប៉ុលមិនបានសំដៅទៅសេចក្ដីសំរាកខាងរូបកាយ ដែលផ្ដល់ឲ្យតាមថ្ងៃឈប់សំរាកនោះទេ។ (កូល៉ុស ២:១៣, ១៤) ដោយស្រង់ពាក្យពីលោកុប្បត្តិ ២:២ និងទំនុកដំកើង ៩៥:១១ នោះប៉ុលបានដាស់តឿនពួកគ្រីស្ទានសាសន៍ហេព្រើរឲ្យចូលទៅក្នុងសេចក្ដីសំរាករបស់ព្រះ។
១៣. ក្នុងការដកពាក្យស្រង់ចេញពីទំនុកដំកើង ៩៥ ហេតុអ្វីក៏ប៉ុលឲ្យយើងប្រុងស្មារតីនឹងពាក្យ«នៅថ្ងៃនេះ»?
១៣ ដែលគេអាចចូលទៅក្នុងសេចក្ដីសំរាករបស់ព្រះ នោះត្រូវបានធ្វើជា«ដំណឹងល្អ»ដល់ពួកគ្រីស្ទានសាសន៍ហេព្រើរ ដូចថ្ងៃឈប់សំរាកត្រូវបានជា«ដំណឹងល្អ»ដល់ពួកអ៊ីស្រាអែលពីដើមដែរ។ ដូច្នេះ ប៉ុលបានដាស់តឿនពួកគ្រីស្ទានកុំឲ្យមានកំហុសដដែល ដូចពួកអ៊ីស្រាអែលបានធ្វើនៅទីរហោស្ថាននោះឡើយ។ ដោយស្រង់ពីទំនុកដំកើង ៩៥:៧, ៨ គាត់បានសំដៅទៅពាក្យ«នៅថ្ងៃនេះ» ទោះជាព្រះបានសំរាកពីសេចក្ដីបង្កើតរបស់ទ្រង់ជាយូរយារមកហើយក៏ដោយ។ (ហេព្រើរ ៤:៦, ៧) តើប៉ុលចង់មានប្រសាសន៍យ៉ាងណា? នោះគឺថានៅ«ថ្ងៃទី៧» ដែលព្រះញែកទុកសំរាប់ឲ្យគោលបំណងទ្រង់ដែលស្តីអំពីផែនដី និងមនុស្សលោកឲ្យបានសម្រេចពេញលេញ នោះកំពុងតែមាននៅឡើយ។ ដូច្នេះ ជាបន្ទាន់ណាស់ ដែលពួកគ្រីស្ទានធ្វើតាមគោលបំណងនោះ ជាជាងគិតសង្វាតរកតាមសេចក្ដីប្រាថ្នាដ៏កំណាញ់វិញ។ ម្ដងនេះទៀត គាត់បានឲ្យការព្រមាននេះថា៖ «កុំឲ្យតាំងចិត្តរឹងរូសឡើយ»។
១៤. តើតាមរបៀបណាដែលប៉ុលបង្ហាញថា «សេចក្ដីសំរាក»របស់ព្រះនៅមាននោះ?
១៤ ម្យ៉ាងទៀត ប៉ុលបានបង្ហាញថា«សេចក្ដីសំរាក»ដែលបានសន្យាមកនោះ មិនមែនគ្រាន់តែជារឿងអំពីការរស់នៅក្នុងស្រុកដែលបានសន្យាមកនៅក្រោមការដឹកនាំរបស់យ៉ូស្វេនោះទេ។ (យ៉ូស្វេ ២១:៤៤) ប៉ុលបានប្រកែកថា «បើសិនជាលោកយ៉ូស្វេបានឲ្យគេឈប់សំរាក នោះក្រោយមក [ព្រះនឹង]មិនមានបន្ទូលពីថ្ងៃ១ទៀតទេ»។ ដោយដឹងអំពីរឿងនេះ ប៉ុលមានប្រសាសន៍ទៀតថា៖ «ដូច្នេះ មានសេចក្ដីឈប់សំរាក ទុកសំរាប់រាស្ត្ររបស់ព្រះនៅខាងមុខ»។ (ហេព្រើរ ៤:៨, ៩) តើអ្វីទៅជា«សេចក្ដីឈប់សំរាក»នោះ?
ចូលទៅក្នុងសេចក្ដីសំរាករបស់ព្រះ
១៥, ១៦. (ក) តើអ្វីចំណុចដ៏សារៈសំខាន់នៃពាក្យ«ថ្ងៃឈប់សំរាក»? (ខ) តើ‹ការឈប់សំរាកពីកិច្ចការរបស់យើង› មានន័យយ៉ាងណា?
១៥ ឃ្លាដែលថា«សេចក្ដីឈប់សំរាក» គឺបានបកប្រែពីពាក្យក្រិក ដែលមានន័យថា«ការឈប់សំរាក»។ (Kingdom Interlinear) សាស្ដ្រាចារ្យ វីលាម ឡេន មានប្រសាសន៍ថា៖ «ពាក្យនេះទទួលភាពលាំគ្នាពីសេចក្ដីបង្គាប់ខាងថ្ងៃឈប់សំរាក ដែលបានរីកចំរើនឡើងក្នុងសាសនាយូដា ដែលចេញពីនិក្ខមនំ ២០:៨-១០ ដែលបានត្រូវគេបញ្ជាក់ថា សេចក្ដីសំរាកនិងសេចក្ដីសរសើរនៅជាប់ជាមួយគ្នា . . . [នេះ]បង្ហាញនូវលក្ខណៈពិសេសនៃភាពហ៊ឹកហ៊ាក់ដូចពេលបុណ្យនិងអំណរ ដែលបានសម្ដែងនូវសេចក្ដីស្រឡាញ់និងសេចក្ដីសរសើរព្រះ»។ ដូច្នេះ សេចក្ដីសំរាកដែលបានសន្យាមកនោះ មិនគ្រាន់តែជាការដោះលែងពីការងារនោះទេ។ នេះជាការផ្លាស់ប្ដូរពីការងារដែលគួរឲ្យធុញទ្រាន់ កិច្ចការដ៏ឥតមានបំណងទៅកិច្ចបំរើដ៏សប្បាយ ដែលឲ្យកិត្ដិយសដល់ព្រះ។
១៦ នេះបានត្រូវបញ្ជាក់ដោយពាក្យរបស់ប៉ុលជាបន្ទាប់ ដែលថា៖ «ដ្បិតអ្នកណាដែលចូលទៅក្នុងសេចក្ដីសំរាករបស់ទ្រង់ហើយ នោះក៏បានឈប់សំរាក ពីការខ្លួនប្រព្រឹត្តទាំងប៉ុន្មាន ដូចជាព្រះបានឈប់ ពីការដែលទ្រង់ធ្វើដែរ»។ (ហេព្រើរ ៤:១០) ព្រះទ្រង់មិនបានសំរាកនៅថ្ងៃទី៧ ដោយព្រោះអស់កម្លាំងនោះទេ។ ផ្ទុយទៅវិញ ទ្រង់បានឈប់សំរាកពីកិច្ចការខាងផែនដី ដើម្បីឲ្យស្នាព្រះហស្តបានរីកចំរើន ហើយឲ្យបានសិរីរុងរឿង ដើម្បីឲ្យសរសើរនិងឲ្យកិត្ដិយសដល់ទ្រង់។ ជាផ្នែកនៃសេចក្ដីបង្កើតរបស់ព្រះ នោះយើងក៏មានចំណែកនៅក្នុងការរៀបចំនេះដែរ។ យើងត្រូវ‹ឈប់សំរាកពីកិច្ចការរបស់យើង› ក្នុងន័យថា យើងត្រូវឈប់ដោះសាខ្លួនយើងនឹងព្រះ ដើម្បីប៉ុនប៉ងទទួលសេចក្ដីសង្គ្រោះ។ ផ្ទុយទៅវិញ យើងត្រូវមានជំនឿថា សេចក្ដីសង្គ្រោះរបស់យើងគឺពឹងលើយញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រីស្ទ ដែលរបស់ទាំងអស់នឹងបាននាំឲ្យស្របតាមគោលបំណងរបស់ព្រះ។—អេភេសូរ ១:៨-១៤; កូល៉ុស ១:១៩, ២០
បន្ទូលរបស់ព្រះមានអំណាច
១៧. តើដំណើរផ្លូវអ្វីរបស់ពួកអ៊ីស្រាអែល ដែលយើងត្រូវតែជៀសវាងនោះ?
១៧ ពួកអ៊ីស្រាអែលមិនបានចូលទៅក្នុងសេចក្ដីសំរាករបស់ព្រះដែលបានសន្យានោះទេ ដោយព្រោះការមិនគោរពតាមហើយនិងការខ្វះជំនឿរបស់គេ។ ជាលទ្ធផល នោះប៉ុលបានដាស់តឿនពួកគ្រីស្ទានសាសន៍ហេព្រើរថា៖ «ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាសង្វាតនឹងចូលទៅក្នុងសេចក្ដីសំរាកនោះ ក្រែងលោអ្នកណាដួលទៅ តាមក្បួនមិនជឿ ដូចជាគេដែរ»។ (ហេព្រើរ ៤:១១) ពួកយូដាភាគច្រើននៅសតវត្សទីមួយមិនមានជំនឿលើព្រះយេស៊ូទេ ហើយពួកគេជាច្រើននាក់បានរងទុក្ខយ៉ាងខ្លាំង នៅពេលដែលរបបយូដាបានត្រូវបំផ្លាញនៅឆ្នាំ៧០ ស.យ.។ ជាការសំខាន់មែនដែលយើងត្រូវមានជំនឿ លើសេចក្ដីសន្យាក្នុងបន្ទូលរបស់ព្រះសព្វថ្ងៃនេះ!
១៨. (ក) តើមូលហេតុអ្វីដែលប៉ុលឲ្យសំរាប់ការអនុវត្តជំនឿលើបន្ទូលរបស់ព្រះ? (ខ) តើតាមរបៀបណាដែលបន្ទូលរបស់ព្រះ«មុតជាងដាវណាមានមុខ២»នោះ?
១៨ យើងមានមូលហេតុយ៉ាងត្រឹមត្រូវក្នុងការអនុវត្តជំនឿលើពាក្យបន្ទូលរបស់ព្រះយេហូវ៉ា។ ប៉ុលបានសរសេរថា៖ «ឯព្រះបន្ទូលនៃព្រះ នោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់នឹងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសំរេចដែរ»។ (ហេព្រើរ ៤:១២) ត្រូវហើយ បន្ទូលឬក៏សាររបស់ព្រះ គឺ«មុតជាងដាវណាមានមុខ២»។ ពួកគ្រីស្ទានសាសន៍ហេព្រើរត្រូវតែនឹកចាំនូវអ្វីដែលបានកើតឡើងដល់ពួកឰយុកោរបស់គេ។ ពួកគេបានខំចូលទៅក្នុងស្រុកដែលបានសន្យានោះ ដោយឥតអើពើនឹងសេចក្ដីជំនុំជំរះរបស់ព្រះយេហូវ៉ា ដែលថាគេនឹងត្រូវស្លាប់ក្នុងទីរហោស្ថានវិញ។ ប៉ុន្តែ ម៉ូសេបានព្រមានគេថា៖ «ពួកសាសន៍អាម៉ាលេក និងសាសន៍កាណាននៅខាងមុខឯងរាល់គ្នានោះហើយ ឯងនឹងត្រូវដួលដោយដាវរបស់គេជាមិនខាន»។ នៅពេលដែលពួកអ៊ីស្រាអែលបានបន្តទៅមុខ ដោយមានចិត្តមានះ នោះ«ពួកសាសន៍អាម៉ាលេក និងសាសន៍កាណាន ដែលនៅលើភ្នំនោះ ក៏ចុះមកវាយផ្ដួល ហើយដេញតាមគេ រហូតដល់ស្រុកហោម៉ា»។ (ជនគណនា ១៤:៣៩-៤៥) បន្ទូលរបស់ព្រះយេហូវ៉ាគឺមុតជាងដាវមុខពីរ ហើយអ្នកណាម្នាក់ដែលឥតអើពើដោយចេតនា នោះនឹងទទួលកម្មផលជាមិនខាន។—កាឡាទី ៦:៧-៩
១៩. តើបន្ទូលរបស់ព្រះមានអំណាចខ្លាំងយ៉ាងណា ក្នុងការ‹ចាក់ទម្លុះចូល› ហើយហេតុអ្វីក៏យើងត្រូវដឹងអំពីការទទួលខុសត្រូវជូនព្រះនោះ?
១៩ បន្ទូលរបស់ព្រះមានអំណាចយ៉ាងខ្លាំង ក្នុងការចាក់«ធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់នឹងខួរឆ្អឹងដាច់ពីគ្នា»! វាជ្រាបចូលគំនិតនិងបំណងចិត្តនៃបុគ្គលម្នាក់ ឬបើនិយាយប្រៀបប្រដូច នោះហាក់ដូចជាចាក់ទម្លុះចូល កាត់រហូតនឹងខួរឆ្អឹងដែលជាទីជំរៅបំផុត! ទោះជាពួកគេមានសេរីភាពពីពួកអេស៊ីប ហើយបានសុខចិត្តធ្វើតាមក្រិត្យវិន័យនោះក៏ដោយ ព្រះយេហូវ៉ាបានដឹងថា ក្នុងចិត្តរបស់គេនោះគេឥតអបអរនឹងសំវិធានការនិងសេចក្ដីតម្រូវរបស់ទ្រង់ទេ។ (ទំនុកដំកើង ៩៥:៧-១១) ជាជាងធ្វើតាមព្រះហឫទ័យព្រះ នោះគេបានខ្វល់ខ្វាយតែនឹងការបំពេញសេចក្ដីប្រាថ្នារបស់គេប៉ុណ្ណោះ។ ដូច្នេះ គេឥតបានចូលទៅក្នុងសេចក្ដីសំរាករបស់ព្រះដែលបានសន្យាមក ប៉ុន្តែបានបាត់បង់ជីវិតនៅក្នុងទីរហោស្ថាន។ យើងត្រូវតែធ្វើតាមមេរៀននោះ ដ្បិត«គ្មានអ្វីកើតមក ដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់»។ (ហេព្រើរ ៤:១៣) ដូច្នេះសូមឲ្យយើងសម្រេចតាមការថ្វាយខ្លួនរបស់យើងទៅព្រះយេហូវ៉ា ហើយមិន«ថយទៅវិញ ឲ្យត្រូវវិនាសនោះឡើយ»។—ហេព្រើរ ១០:៣៩
២០. តើអ្វីដែលមាននៅខាងមុខ ហើយតើអ្វីដែលយើងត្រូវធ្វើដើម្បីឲ្យបានចូលក្នុងសេចក្ដីសំរាករបស់ព្រះ?
២០ ទោះជា«ថ្ងៃទី៧» ដែលជាថ្ងៃសំរាករបស់ព្រះ គឺកំពុងតែជឿនទៅមុខក្ដី នោះទ្រង់ប្រុងសម្រេចគោលបំណងរបស់ទ្រង់ ដែលស្តីអំពីផែនដីនិងមនុស្សលោក។ មិនយូរប៉ុន្មានទៀត ព្រះយេស៊ូគ្រីស្ទដែលជាស្តេចមេស្ស៊ី នឹងចាត់វិធានការដើម្បីកំចាត់ពួកអ្នកប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះចេញពីផែនដីនេះ ដែលរួមបញ្ចូលអារក្សសាតាំងដែរ។ ក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ នោះព្រះយេស៊ូនិងពួក១៤៤.០០០នាក់នឹងនាំឲ្យផែនដីនិងមនុស្សលោកមកដល់ភាពសម្រេច ដែលព្រះបានមានបំណងមកនោះ។ (វិវរណៈ ១៤:១; ២០:១-៦) ឥឡូវនេះហើយជាគ្រាសំរាប់ឲ្យយើង បង្ហាញថាជីវិតរបស់យើង គិតចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ា។ ជាជាងរកតែដោះសាខ្លួនយើងពីមុខព្រះ ហើយគិតរកតែប្រយោជន៍របស់ខ្លួនយើង ឥឡូវនេះហើយជាពេលសំរាប់ឲ្យយើង‹ឈប់សំរាកពីកិច្ចការរបស់យើង› ហើយបំរើគោលបំណងព្រះរាជាណាចក្រដោយស្មោះពីចិត្ត។ ដោយធ្វើបែបនេះ ហើយរក្សាចិត្តស្មោះត្រង់តាមព្រះយេហូវ៉ា ដែលជាព្រះវរបិតានៅស្ថានសួគ៌ នោះយើងនឹងមានឯកសិទ្ធិទទួលប្រយោជន៍ពីសេចក្ដីសំរាករបស់ព្រះ នៅគ្រាឥឡូវនេះនិងជារៀងរហូតតទៅ។
តើអ្នកអាចពន្យល់បានទេ?
◻ ចំពោះគោលបំណងអ្វីដែលព្រះបានសំរាកនៅ«ថ្ងៃទី៧»នោះ?
◻ តើសេចក្ដីសំរាកអ្វីដែលពួកអ៊ីស្រាអែលអាចទទួលបាន ប៉ុន្តែហេតុអ្វីក៏គេឥតបានចូលក្នុងសេចក្ដីសំរាកទៅវិញ?
◻ តើយើងត្រូវតែធ្វើអ្វីដើម្បីឲ្យចូលទៅក្នុងសេចក្ដីសំរាករបស់ព្រះ?
◻ តើបន្ទូលរបស់ព្រះនៅរស់ មានអំណាច និងមុតជាងដាវមុខពីរយ៉ាងណា?