បានត្រូវជាប់មាំដោយសេចក្ដីសង្ឃឹម ប៉ុន្តែបានត្រូវជំរុញដោយសេចក្ដីស្រឡាញ់
«នៅមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម នឹងសេចក្ដីស្រឡាញ់ ទាំង៣មុខនេះ តែសេចក្ដីដែលវិសេសជាងគេ គឺជាសេចក្ដីស្រឡាញ់»។—កូរិនថូសទី១ ១៣:១៣
១. តើសាវ័កប៉ុលឲ្យយើងនូវសេចក្ដីព្រមានអ្វី?
សាវ័កប៉ុលបានព្រមានយើងថា ជំនឿរបស់យើងអាចលិចបាត់ដូចជាសំពៅមួយ។ គាត់មានប្រសាសន៍អំពីការ«រក្សាសេចក្ដីជំនឿ នឹងបញ្ញាចិត្តជ្រះថ្លា ដែលមនុស្សខ្លះបានបោះបង់ចោល ហើយគេបានលិចបាត់ខាងឯសេចក្ដីជំនឿផង»។ (ធីម៉ូថេទី១ ១:១៩) នៅសតវត្សទីមួយ ស.យ. សំពៅបានត្រូវសង់ពីឈើ។ សមត្ថភាពឆ្លងកាត់សមុទ្ររបស់សំពៅនោះ ពឹងពាក់ទៅលើគុណភាពនៃធ្នឹមហើយជំនាញខាងការសង់សំពៅ។
២. ហេតុដូចម្ដេចដែលសំពៅនៃជំនឿរបស់យើងត្រូវតែសង់ឲ្យបានយ៉ាងល្អ ហើយតើនេះតម្រូវអ្វីពីយើង?
២ អ្វីដែលហៅជាសំពៅនៃជំនឿរបស់យើង នោះត្រូវតែអណ្ដែតលើសមុទ្រដ៏ជាមនុស្សជាតិ ដែលចេះតែកំរើកឥតស្ងប់នេះ។ (អេសាយ ៥៧:២០; វិវរណៈ ១៧:១៥) ដូច្នេះ សំពៅនោះត្រូវតែសង់ឲ្យបានយ៉ាងល្អ ហើយនេះពឹងពាក់ទៅលើយើង។ ពេលដែល«សមុទ្រ»នៃពិភពយូដានិងរ៉ូម បានទៅជាពិបាកសំរាប់ពួកគ្រីស្ទាននៅសម័យដើម នោះយូដាសបានសរសេរថា៖ «ពួកស្ងួនភ្ងាអើយ ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះចុះ ព្រមទាំងរង់ចាំសេចក្ដីមេត្ដាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ឲ្យបានជីវិតអស់កល្បជានិច្ចវិញ ដោយស្អាងចិត្តឡើង ក្នុងសេចក្ដីជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ហើយទាំងអធិស្ឋាន ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង»។ (យូដាស ២០, ២១) ដោយព្រោះយូដាសបានស្តីពីការតយុទ្ធ ដើម្បី‹សេចក្ដីជំនឿដែលបានប្រគល់មកពួកបរិសុទ្ធ› នោះប្រយោគដែលថា«សេចក្ដីជំនឿដ៏បរិសុទ្ធបំផុត» ប្រហែលជាសំដៅទៅសេចក្ដីបង្រៀនគ្រីស្ទានទាំងមូល រួមបញ្ចូលដំណឹងល្អពីសេចក្ដីសង្គ្រោះ។ (យូដាស ៣) ព្រះគ្រីស្ទគឺជាគ្រឹះនៃជំនឿនោះ។ ជំនឿខ្លាំងគឺត្រូវការបើសិនជាយើងនឹងនៅជាប់ជាមួយនឹងជំនឿគ្រីស្ទានពិត។
ការឆ្លងកាត់ព្យុះនៃ«ការខ្លាចនិកាយ»
៣. តើតាមរបៀបណាដែលមនុស្សខ្លះកំពុងតែប្រើ«ការខ្លាចនិកាយ»?
៣ ក្នុងពេលថ្មីៗនេះ មានករណីមួយចំនួនដ៏គួរឲ្យរន្ធត់ អំពីការធ្វើអត្ថឃាតដោយមនុស្សជាច្រើនជាមួយគ្នា ឃាតកម្ម និងការវាយលុកពីភេរវជន ជាការប្រព្រឹត្តរបស់និកាយដែលសំរាប់តែមនុស្សមួយចំនួន។ គួរឲ្យយោគយល់ ដែលមនុស្សជាច្រើន រួមបញ្ចូលពួកអ្នកដឹកនាំនយោបាយស្មោះត្រង់នោះ បានបង្ហាញការយកចិត្តទុកដាក់លើការការពារមនុស្សដែលគ្មានកំហុស ជាពិសេសយុវជន ពីនិកាយបែបនេះដ៏ប្រកបដោយគ្រោះថ្នាក់។ «ព្រះរបស់លោកីយនេះ» ច្បាស់ជាអ្នកដែលទទួលខុសត្រូវចំពោះបទឧក្រិដ្ឋដ៏សាហាវយង់ឃ្នងទាំងនេះ ហេតុដូច្នេះហើយបានបង្កើតអ្វីមួយដែលត្រូវមនុស្សខ្លះហៅជាការខ្លាចនិកាយ ហើយវាកំពុងតែប្រើនេះប្រឆាំងនឹងរាស្ត្ររបស់ព្រះយេហូវ៉ា។ (កូរិនថូសទី២ ៤:៤; វិវរណៈ ១២:១២) អ្នកខ្លះបានឆ្លៀតប្រយោជន៍ពីស្ថានការណ៍នេះ ដើម្បីនាំឲ្យមានការទាស់ប្រឆាំងចំពោះកិច្ចការរបស់យើង។ នៅប្រទេសខ្លះ គេបាននាំគ្នាធ្វើយុទ្ធនាការដែលមានគោលដៅ ជាការការពារមនុស្សពី«និកាយដ៏ប្រកបដោយគ្រោះថ្នាក់» ក៏ប៉ុន្តែដោយការភាន់ច្រឡំ ក៏រួមបញ្ចូលពួកស្មរបន្ទាល់ព្រះយេហូវ៉ា ហើយដូច្នេះបានចោទប្រកាន់យើងតាមរបៀបបញ្ឆិតបញ្ឆៀង។ នេះបានធ្វើឲ្យការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ទៅជាពិបាកក្នុងប្រទេសខ្លះនៅទ្វីបអឺរ៉ុប ហើយក៏បានធ្វើឲ្យមនុស្សខ្លះ ដែលធ្លាប់សិក្សា ឈប់សិក្សាតទៅទៀត។ ជាលទ្ធផល នេះបានមានឥទ្ធិពលដ៏អវិជ្ជមានទៅលើបងប្អូនខ្លះរបស់យើង។
៤. ហេតុអ្វីបានជាការប្រឆាំងមិនគួរធ្វើឲ្យយើងធ្លាក់ទឹកចិត្ត?
៤ ក៏ប៉ុន្តែ ជាជាងធ្វើឲ្យយើងធ្លាក់ទឹកចិត្ត នោះការប្រឆាំងគួរពង្រឹងជំនឿរបស់យើង ថាយើងកំពុងតែអនុវត្តសាសនាគ្រីស្ទានពិតប្រាកដ។ (ម៉ាថាយ ៥:១១, ១២) ពួកគ្រីស្ទានពីសម័យដើមបានត្រូវគេចោទប្រកាន់ ថាគេជានិកាយមួយដែលនាំឲ្យបះបោរ ហើយក៏ត្រូវមនុស្សនៅគ្រប់ទីកន្លែង«និយាយអាក្រក់»អំពីគេ។ (កិច្ចការ ២៤:៥; ២៨:២២) ក៏ប៉ុន្តែ សាវ័កពេត្រុសបានធ្វើឲ្យអ្នកជឿគ្នីគ្នាទុកចិត្តជាថ្មី ដោយសរសេរថា៖ «ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្ដៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្ដីចំឡែកនោះឡើយ ត្រូវអរសប្បាយវិញ ដោយព្រោះមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអររីករាយជាខ្លាំង ក្នុងកាលដែលសិរីល្អទ្រង់លេចមក»។ (ពេត្រុសទី១ ៤:១២, ១៣) ដោយនិយាយស្រដៀងគ្នានឹងនេះ នោះសមាជិកម្នាក់នៃគណៈអភិបាលនៅសតវត្សទីមួយ បានសរសេរថា៖ «បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងល មើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមាន[ការស៊ូទ្រាំ, ព.ថ.] ចូរទុកឲ្យ[ការស៊ូទ្រាំ, ព.ថ.]នោះ បានធ្វើការឲ្យសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់ល័ក្ខណ៍ ហើយពេញខ្នាត ឥតខ្វះអ្វីឡើយ»។ (យ៉ាកុប ១:២-៤) ដូចខ្យល់ដែលបក់ខ្លាំងនោះក៏ល្បងលសមត្ថភាពឆ្លងកាត់សមុទ្រនៃសំពៅមួយ នោះព្យុះនៃការប្រឆាំងនឹងបង្ហាញភាពខ្សោយណាក្នុងសំពៅរបស់យើងជាជំនឿ។
សេចក្ដីវេទនាបង្កើតឲ្យមានការស៊ូទ្រាំ
៥. តើយ៉ាងដូចម្ដេចដែលយើងអាចដឹងប្រាកដថា ជំនឿរបស់យើងគឺនឹងនក្នុងកាលមានសេចក្ដីវេទនា?
៥ ពួកគ្រីស្ទានអាចដឹងប្រាកដពីការស៊ូទ្រាំនិងភាពនឹងននៃជំនឿរបស់គេ បន្ទាប់ពីការឆ្លងកាត់ព្យុះនៃសេចក្ដីវេទនារួចមក។ ការស៊ូទ្រាំរបស់យើងនឹង«បានធ្វើការឲ្យសំរេចពេញលេញ»ក្នុងព្យុះនៅសមុទ្រ បើសិនតែយើង«បានគ្រប់លក្ខណ៍ ហើយពេញខ្នាត ឥតខ្វះអ្វីឡើយ» រួមបញ្ចូលជំនឿដ៏មាំមួន។ ប៉ុលបានសរសេរថា៖ «ក្នុងគ្រប់ការទាំងអស់ នោះយើងខ្ញុំខំផ្ទុកផ្ដាក់ខ្លួន ទុកដូចជាអ្នកបំរើព្រះ គឺក្នុងការទ្រាំទ្រជាច្រើន ក្នុងការទុក្ខលំបាក ការខ្វះខាត ការចង្អៀតចង្អល់»។—កូរិនថូសទី២ ៦:៤
៦. ហេតុអ្វីបានជាយើងគួរ«អួតក្នុងកាលដែលមានទុក្ខលំបាក» ហើយតើតាមរបៀបណាដែលនេះពង្រឹងសេចក្ដីសង្ឃឹមរបស់យើង?
៦ ខ្យល់ខ្លាំងនៃសេចក្ដីវេទនាដែលយើងប្រហែលជាជួនកាលនឹងពិសោធន៍នោះ គឺត្រូវចាត់ទុកជាឱកាសឲ្យយើងផ្ដល់ភស្តុតាងថា សំពៅនៃជំនឿរបស់យើងគឺជាមាំហើយនឹងន។ ប៉ុលបានសរសេរទៅកាន់ពួកគ្រីស្ទាននៅឯទីក្រុងរ៉ូមដោយថា៖ «យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្ដីទុក្ខលំបាកបង្កើតឲ្យមាន[ការស៊ូទ្រាំ, ព.ថ.] [ការស៊ូទ្រាំ, ព.ថ.]បង្កើតឲ្យមានសេចក្ដីស៊ាំថ្នឹក សេចក្ដីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្ដីសង្ឃឹម ឯសេចក្ដីសង្ឃឹមក៏មិនដែលនាំឲ្យមានសេចក្ដីខ្មាសឡើយ»។ (រ៉ូម ៥:៣-៥) ភាពមាំមួនក្នុងកាលមានការល្បងល នោះនាំឲ្យព្រះយេហូវ៉ាពេញព្រះហឫទ័យនឹងយើង។ ជាលទ្ធផល នេះពង្រឹងសេចក្ដីសង្ឃឹមរបស់យើង។
មូលហេតុដែលអ្នកខ្លះពិសោធន៍ការលិចបាត់
៧. (ក) ដូចពាក្យរបស់ប៉ុលបង្ហាញនោះ តើយ៉ាងដូចម្ដេចដែលអ្នកខ្លះបានពិសោធន៍ការលិចបាត់ខាងវិញ្ញាណ? (ខ) តើយ៉ាងដូចម្ដេចដែលអ្នកខ្លះបានចាកចេញពីសេចក្ដីពិតសព្វថ្ងៃនេះ?
៧ នៅពេលដែលប៉ុលបានព្រមានពីការពិសោធន៍ការ«លិចបាត់» នោះគាត់បាននិយាយ ដោយគិតពីអ្នកខ្លះដែលបាន«បោះបង់ចោល»មនសិការដ៏ជ្រះថ្លា ហើយបានបាត់បង់ជំនឿរបស់គេ។ (ធីម៉ូថេទី១ ១:១៩) ក្នុងចំណោមពួកនោះមានឈ្មោះហ៊ីមេនាសនិងអ័លេក្សានត្រុស ដែលបានធ្លាក់ចូលក្នុងការក្បត់ជំនឿ ដោយចាកចេញពីសេចក្ដីពិត ព្រមទាំងនិយាយប្រមាថផង។ (ធីម៉ូថេទី១ ១:២០; ធីម៉ូថេទី២ ២:១៧, ១៨) សព្វថ្ងៃនេះ អ្នកក្បត់ជំនឿដែលបានចាកចេញពីសេចក្ដីពិត វាយ«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ»ដោយប្រើពាក្យសំដី ហើយដោយធ្វើដូច្នេះគឺហាក់ដូចជាខាំដៃ ដែលបានផ្ដល់អាហារខាងវិញ្ញាណឲ្យគេ។ ពួកគេខ្លះគឺស្រដៀងគ្នានឹង«អ្នកបំរើអាក្រក់» ដោយគិតក្នុងចិត្តថា៖ «ចៅហ្វាយអញក្រមក»។ (ម៉ាថាយ ២៤:៤៤-៤៩; ធីម៉ូថេទី២ ៤:១៤, ១៥) ពួកគេបដិសេធថា ទីបញ្ចប់នៃរបបដ៏ទុច្ចរិតនេះគឺមិនជិតមកដល់ទេ ហើយក៏រិះគន់គណៈអ្នកបំរើដ៏ចាំយាមខាងវិញ្ញាណ ដោយព្រោះគេរក្សាឲ្យមានភាពបន្ទាន់ក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ា។ (អេសាយ ១:៣) អ្នកក្បត់ជំនឿបែបនេះ ជោគជ័យក្នុងការ«បង្ខូចសេចក្ដីជំនឿរបស់អ្នកខ្លះ» នាំឲ្យមានការលិចបាត់ខាងវិញ្ញាណ។—ធីម៉ូថេទី២ ២:១៨
៨. តើអ្វីខ្លះដែលបាននាំឲ្យអ្នកខ្លះពន្លិច ឬទម្លុះសំពៅនៃជំនឿរបស់គេឲ្យលិចបាត់?
៨ គ្រីស្ទានឯទៀតដែលបានថ្វាយខ្លួនហើយ ក៏បានពន្លិចបាត់នូវសំពៅនៃជំនឿរបស់គេ ដោយការបោះបង់ចោលមនសិការរបស់គេ ហើយចូលរួមក្នុងការស្វះស្វែងតែការសប្បាយនិងអំពើអសីលធម៌ខាងកាម ដោយគ្មានកំរិតក្នុងលោកីយ៍នេះ។ (ពេត្រុសទី២ ២:២០-២២) អ្នកឯទៀតទម្លុះសំពៅនៃជំនឿរបស់គេឲ្យលិចបាត់ ពីព្រោះតាមទស្សនៈរបស់គេនោះ របបថ្មីហាក់ដូចជាមិនទាន់ជិតមកដល់ទេ។ ដោយព្រោះគ្មានសមត្ថភាពគិតពីពេលវេលាសំរាប់ការសម្រេចនៃទំនាយខ្លះៗ ហើយគិត‹ថ្ងៃនៃព្រះយេហូវ៉ា›គឺនៅឆ្ងាយ នោះគេបោះបង់ចោលការថ្វាយបង្គំពិត។ (ពេត្រុសទី២ ៣:១០-១៣; ពេត្រុសទី១ ១:៩) ក្រោយមកគេឃើញថា ខ្លួននៅក្នុងសង្គមចលាចលដ៏វឹកវរនៃរបបបច្ចុប្បន្ននេះម្ដងទៀត។ (អេសាយ ១៧:១២, ១៣; ៥៧:២០) អ្នកខ្លះដែលបានឈប់ចូលរួមជាមួយនឹងក្រុមជំនុំគ្រីស្ទាន ក៏នៅជឿថានេះជាសាសនាពិត។ ក៏ប៉ុន្តែ តាមមើលទៅ ពួកគេឥតមានសេចក្ដីអត់ធ្មត់និងការស៊ូទ្រាំ ដើម្បីចាំដល់របបថ្មី ដែលព្រះយេហូវ៉ាបានសន្យាមកនោះ។ ជីវិតនៅក្នុងសួនមនោរម្យមិនបានមកលឿនតាមចិត្តរបស់ពួកគេ។
៩. តើគ្រីស្ទានខ្លះដែលបានថ្វាយខ្លួនហើយកំពុងតែធ្វើអ្វី ហើយតើហេតុការណ៍ទាំងនេះគួរនាំឲ្យយើងពិចារណាអ្វីទៅ?
៩ គ្រីស្ទានមួយចំនួនតូចនៅប្រទេសខ្លះៗនៃផែនដី តាមមើលទៅដូចជាបានទាញចុះនូវក្ដោងសំពៅនៃជំនឿរបស់គេ។ សំពៅនោះនៅតែអណ្ដែតលើទឹក ក៏ប៉ុន្តែ ជាជាងចំរើនទៅមុខដោយជឿទាំងស្រុង នោះគេបានប្រើល្បឿនដ៏យឺតទៅវិញ។ ដោយព្រោះបានត្រូវទាញដោយសេចក្ដីសង្ឃឹមពី«សួនមនោរម្យដ៏ឆាប់នេះ» នោះអ្នកខ្លះបានត្រៀមខិតខំពេញទំហឹងដើម្បីទទួល រួមបញ្ចូលការចូលរួមយ៉ាងឧស្សាហ៍ក្នុងកិច្ចផ្សព្វផ្សាយ និងការទៅជាទៀងទាត់នៅឯកិច្ចប្រជុំ សន្និបាត និងមហាសន្និបាត។ ឥឡូវ ដោយគិតថាការសម្រេចនៃសេចក្ដីសង្ឃឹមរបស់គេ គឺឆ្ងាយជាងពីកាលដែលគេបានគិតស្មាន នោះគេបានណាយចិត្តពីការខ្នះខ្នែង។ នេះគឺជាក់ច្បាស់ដោយឃើញសកម្មភាពផ្សព្វផ្សាយបានថយចុះ ការមិនមកជាទៀងទាត់នៅឯកិច្ចប្រជុំ និងការសុខចិត្តខានចូលរួមផ្នែកខ្លះនៃកម្មវិធីសន្និបាតឬមហាសន្និបាត។ អ្នកឯទៀតកំពុងតែឆ្លៀតពេលជាច្រើនក្នុងការកំសាន្ត ហើយនិងការប្រមូលទ្រព្យសម្បត្ដិ។ ហេតុការណ៍នេះនាំឲ្យយើងពិចារណាអ្វី ដែលគួរជាកម្លាំងជំរុញក្នុងជីវិតរបស់យើង ដែលសមស្របតាមការថ្វាយខ្លួនយើងចំពោះព្រះយេហូវ៉ា។ តើសេចក្ដីឧស្សាហ៍របស់យើងក្នុងការបំរើទ្រង់នោះ គួរពឹងពាក់ទៅលើសេចក្ដីសង្ឃឹមចំពោះ«សួនមនោរម្យដ៏ឆាប់នេះ»ទេឬ?
សេចក្ដីសង្ឃឹមប្រៀបធៀបនឹងយុថ្កាមួយ
១០, ១១. តើប៉ុលបានប្រៀបធៀបសេចក្ដីសង្ឃឹមរបស់យើងនឹងអ្វី ហើយហេតុដូចម្ដេចដែលនេះគឺសមគួរ?
១០ ប៉ុលបានចង្អុលប្រាប់ថា ព្រះយេហូវ៉ាបានសន្យាពីពរដែលនឹងមកតាមរយៈលោកអ័ប្រាហាំ។ ក្រោយនោះសាវ័កប៉ុលបានពន្យល់ថា៖ «ព្រះ . . . នោះទ្រង់ក៏បញ្ចូលពាក្យសម្បថដូច្នោះដែរ ដើម្បីឲ្យយើងរាល់គ្នា ដែលបានរត់មកចាប់កាន់សេចក្ដីសង្ឃឹម ដែលដាក់នៅមុខយើង ទុកជាទីជ្រកកោន បានសេចក្ដីកំឡាចិត្តឡើងជាខ្លាំង ដោយសារសេចក្ដីទាំង២មុខនេះដ៏មិនចេះប្រែប្រួល ដែលខាងឯសេចក្ដីទាំង២នោះ ព្រះទ្រង់កុហកពុំបានទេ យើងខ្ញុំមានសេចក្ដីសង្ឃឹមនោះ ទុកដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន»។ (ហេព្រើរ ៦:១៧-១៩; លោកុប្បត្តិ ២២:១៦-១៨) សេចក្ដីសង្ឃឹមនៅមុខគ្រីស្ទានចាក់ប្រេងតាំងនោះ គឺជាជីវិតអមតៈនៅស្ថានសួគ៌។ សព្វថ្ងៃនេះ អ្នកបំរើភាគច្រើនរបស់ព្រះយេហូវ៉ា នោះមានសេចក្ដីសង្ឃឹមដ៏ប្រសើរ ជាជីវិតអស់កល្បជានិច្ចនៅលើផែនដីមនោរម្យ។ (លូកា ២៣:៤៣) បើគ្មានសេចក្ដីសង្ឃឹមដូច្នេះ នោះគ្មាននរណាម្នាក់អាចមានជំនឿទេ។
១១ យុថ្កាមួយគឺជាគ្រឿងឧបករណ៍ការពារដ៏ខ្លាំង ដែលមិនអាចចោលបានសំរាប់ការទុកសំពៅមួយ ឲ្យជាប់នៅនឹងកន្លែងហើយមិនអណ្ដែតទៅបាត់។ អ្នកដើរកប៉ាល់ម្នាក់នឹងមិនចេញពីកំពង់ផែទេបើសិនជាគ្មានយុថ្កាមួយនោះ។ ដោយព្រោះប៉ុលបានពិសោធន៍ការលិចបាត់នូវសំពៅជាច្រើនដង នោះគាត់ដឹងដោយបទពិសោធន៍ថា ជីវិតនៃអ្នកដើរសមុទ្រច្រើនតែពឹងពាក់ទៅលើយុថ្កានៃសំពៅរបស់គេ។ (កិច្ចការ ២៧:២៩, ៣៩, ៤០; កូរិនថូសទី២ ១១:២៥) នៅសតវត្សទីមួយ សំពៅមួយគ្មានម៉ាស៊ីនដើម្បីឲ្យនាយសំពៅបើកតាមចិត្តគាត់នោះទេ។ លើកលែងតែនាវាចំបាំងដែលត្រូវជំរុញដោយច្រវា នោះសំពៅទាំងឡាយច្រើនតែពឹងពាក់ទៅលើខ្យល់សំរាប់ធ្វើដំណើរ។ បើសិនជាសំពៅរបស់គាត់ប្រឈមគ្រោះថ្នាក់ទង្គិចថ្ម នោះផ្លូវតែមួយគត់របស់នាយសំពៅ គឺការបោះយុថ្កានិងចាំទាល់តែព្យុះនោះស្ងប់សិន ដោយទុកចិត្តថាយុថ្កានោះនឹងមិនរបូតចេញពីបាតសមុទ្រ។ ដូច្នេះ ប៉ុលបានប្រៀបធៀបសេចក្ដីសង្ឃឹមរបស់គ្រីស្ទានម្នាក់នឹង«យុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន»។ (ហេព្រើរ ៦:១៩) នៅពេលដែលយើងត្រូវគំរាមកំហែងពីគ្រប់ទិសទីដោយការប្រឆាំង ឬក៏ពិសោធន៍ការល្បងលផ្សេងទៀត នោះសេចក្ដីសង្ឃឹមដ៏ល្អប្រពៃរបស់យើង គឺដូចជាយុថ្កាមួយដែលនាំឲ្យយើងនឹងនជាព្រលឹងដែលមានជីវិត ដើម្បីមិនឲ្យជំនឿរបស់យើងអណ្ដែតទៅលើទួលខ្សាច់ជាការសង្ស័យដែលនាំឲ្យមានគ្រោះថ្នាក់ ឬក៏ដុំថ្មទាំងប៉ុន្មានជាការក្បត់ជំនឿដែលនាំមកនូវអន្តរាយ។—ហេព្រើរ ២:១; យូដាស ៨-១៣
១២. តើតាមរបៀបណាដែលយើងអាចជៀសចេញ ពីការបោះបង់ចោលព្រះយេហូវ៉ា?
១២ ប៉ុលបានព្រមានគ្រីស្ទានសាសន៍ហេព្រើរថា៖ «ចូរប្រយ័តបងប្អូនអើយ ក្រែងមានពួកអ្នករាល់គ្នាណាមួយ មានចិត្តអាក្រក់ ដោយមិនជឿ ព្រមទាំងបោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ»។ (ហេព្រើរ ៣:៧) ក្នុងបទគម្ពីរជាភាសាក្រិក ពាក្យ«បោះបង់ចោល»មានន័យចំៗថា«ឈរឆ្ងាយដោយឡែក» ឬក៏ក្បត់ជំនឿ។ ក៏ប៉ុន្តែ យើងអាចជៀសចេញពីការលិចបាត់ទាំងស្រុងបែបនេះ។ ជំនឿនិងសេចក្ដីសង្ឃឹមនឹងឲ្យយើងមានសមត្ថភាពនៅជាប់នឹងព្រះយេហូវ៉ា សូម្បីតែពេលមានព្យុះខ្លាំងបំផុតនៃការល្បងលក៏ដោយ។ (ចោទិយកថា ៤:៤; ៣០:១៩, ២០) ជំនឿរបស់យើងនឹងមិនដូចជាសំពៅមួយ ដែលត្រូវរុញចុះរុញឡើងដោយខ្យល់នៃសេចក្ដីបង្រៀនក្បត់ជំនឿ។ (អេភេសូរ ៤:១៣, ១៤) ហើយដោយមានសេចក្ដីសង្ឃឹមដូចជាយុថ្ការបស់យើង នោះយើងនឹងមានសមត្ថភាពឆ្លងកាត់ព្យុះទាំងប៉ុន្មាន ក្នុងជីវិតជាអ្នកបំរើព្រះយេហូវ៉ា។
ត្រូវជំរុញដោយសេចក្ដីស្រឡាញ់និងវិញ្ញាណបរិសុទ្ធ
១៣, ១៤. (ក) ហេតុអ្វីបានជាយុថ្កានៃសេចក្ដីសង្ឃឹមរបស់យើងប៉ុណ្ណោះ នោះមិនគ្រប់គ្រាន់ទេ? (ខ) តើអ្វីគួរជាកម្លាំងជំរុញក្នុងការបំពេញកិច្ចបំរើដ៏បរិសុទ្ធថ្វាយព្រះយេហូវ៉ា ហើយហេតុអ្វី?
១៣ គ្រីស្ទានម្នាក់នឹងមិនឈានទៅមុខឆ្ពោះទៅដល់របបថ្មីនោះឡើយ បើសិនជាគ្រឿងជំរុញតែមួយគត់របស់គាត់ក្នុងការបំរើព្រះយេហូវ៉ា គឺជាសេចក្ដីសង្ឃឹមពីការរស់នៅជារៀងរហូតនៅលើផែនដីមនោរម្យ។ ទោះបីគាត់ទុកយុថ្កានៃសេចក្ដីសង្ឃឹមជាអ្វីដែលឲ្យជីវិតគាត់មានភាពនឹងនក៏ដោយ នោះគាត់ត្រូវតែបន្ថែមលើសពីនោះដោយជំនឿរបស់គាត់ នូវកម្លាំងជំរុញពីសេចក្ដីស្រឡាញ់។ ប៉ុលបានបញ្ជាក់ហេតុការណ៍នេះ ពេលគាត់សរសេរថា៖ «ឥឡូវនេះ នៅមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម នឹងសេចក្ដីស្រឡាញ់ ទាំង៣មុខនេះ តែសេចក្ដីដែលវិសេសជាងគេ គឺជាសេចក្ដីស្រឡាញ់»។—កូរិនថូសទី១ ១៣:១៣
១៤ ឥទ្ធិពលដែលជំរុញយើងក្នុងកិច្ចបំរើបរិសុទ្ធ គួរជាសេចក្ដីស្រឡាញ់ពីដួងចិត្តសំរាប់ព្រះយេហូវ៉ា ជាការតបឆ្លើយនឹងសេចក្ដីស្រឡាញ់ដ៏អនន្តរបស់ទ្រង់។ សាវ័កយ៉ូហានបានសរសេរថា៖ «តែអ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង សេចក្ដីស្រឡាញ់របស់ព្រះបានសំដែងមក ឲ្យយើងខ្ញុំស្គាល់ ដោយទ្រង់ចាត់ព្រះរាជបុត្រាទ្រង់តែ១ ឲ្យមកក្នុងលោកីយ ដើម្បីឲ្យយើងរាល់គ្នាបានរស់ដោយសារទ្រង់ . . . ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន»។ (យ៉ូហានទី១ ៤:៨, ៩, ១៩) ដោយមានកតញ្ញូធម៌ចំពោះព្រះយេហូវ៉ា អ្វីដែលយើងគួរយកចិត្តទុកដាក់លើសជាងគេ មិនមែនជាការទទួលសេចក្ដីសង្គ្រោះខ្លួនផ្ទាល់នោះទេ ក៏ប៉ុន្តែការឃើញលើការញែកជាបរិសុទ្ធនៃព្រះនាមរបស់ទ្រង់ ហើយយុត្ដិកម្មចំពោះអធិបតេយ្យដ៏សុចរិតរបស់ទ្រង់។
១៥. តើយ៉ាងដូចម្ដេចដែលសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា គឺទាក់ទងនិងរឿងអធិបតេយ្យរបស់ទ្រង់?
១៥ ព្រះយេហូវ៉ាមានព្រះទ័យឲ្យយើងបំរើទ្រង់ពីព្រោះយើងស្រឡាញ់ទ្រង់ មិនមែនស្រឡាញ់តែសួនមនោរម្យប៉ុណ្ណោះទេ។ សព្វវចនាធិប្បាយព្រះគម្ពីរឈ្មោះ ការយល់ធ្លុះជ្រៅនឹងបទគម្ពីរaប្រាប់ថា៖ «ព្រះយេហូវ៉ាមានព្រះទ័យរីករាយក្នុងហេតុការណ៍ ដែលអធិបតេយ្យរបស់ទ្រង់ហើយការគាំទ្រនូវអធិបតេយ្យនោះ ដោយសត្តនិកររបស់ទ្រង់ នោះច្រើនតែមានមូលដ្ឋានលើសេចក្ដីស្រឡាញ់។ ទ្រង់មានព្រះទ័យប្រាថ្នាឲ្យមានតែអ្នកដែលស្រឡាញ់អធិបតេយ្យរបស់ទ្រង់ ដោយព្រោះគុណសម្បត្ដិដ៏ល្អប្រសើររបស់ទ្រង់ ហើយដោយព្រោះអធិបតេយ្យនោះគឺសុចរិត នោះទើបមានអ្នកដែលស្រឡាញ់អធិបតេយ្យទ្រង់ជាងអធិបតេយ្យដទៃទៀត។ (កូរិនថូសទី១ ២:៩) ពួកគេសម្រេចចិត្តបំរើទ្រង់នៅក្រោមអធិបតេយ្យរបស់ទ្រង់ ជាជាងខិតខំមានភាពម្ចាស់ការ។ គេសម្រេចចិត្តដូច្នេះដោយចំណេះរបស់គេពីទ្រង់ហើយសេចក្ដីស្រឡាញ់ យុត្ដិធម៌ និងប្រាជ្ញារបស់ទ្រង់ ដែលគេទទួលស្គាល់គឺថាប្រសើរជាងរបស់គេទៅទៀត។ (ទំនុកដំកើង ៨៤:១០, ១១)»—ក្បាលទី២ ទំព័រ២៧៥។
១៦. តើយ៉ាងដូចម្ដេចដែលសេចក្ដីស្រឡាញ់សំរាប់ព្រះយេស៊ូ ជាកម្លាំងជំរុញក្នុងជីវិតរបស់យើង?
១៦ ជាគ្រីស្ទាន នោះយើងក៏ត្រូវតែបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេស៊ូ ជាការតបនឹងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង។ ប៉ុលបានវែកញែកថា៖ «ដ្បិតសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ ដោយយើងខ្ញុំពិចារណាឃើញថា បើម្នាក់បានស្លាប់ជំនួសអ្នកទាំងអស់ នោះទាំងអស់ឈ្មោះថាបានស្លាប់ហើយ ទ្រង់ក៏បានសុគតជំនួសមនុស្សទាំងអស់យ៉ាងនោះ គឺដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សំរាប់តែខ្លួនឯងទៀត គឺរស់សំរាប់ព្រះអង្គ ដែលសុគតជំនួសគេ ហើយបានរស់ឡើងនោះវិញ»។ (កូរិនថូសទី២ ៥:១៤, ១៥) ព្រះគ្រីស្ទគឺជាគ្រឹះដែលជីវិតខាងវិញ្ញាណ ជំនឿ និងសេចក្ដីសង្ឃឹមរបស់យើងបានត្រូវសង់ពីលើនោះ។ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេស៊ូគ្រីស្ទនោះ ចំរើនកម្លាំងនៃសេចក្ដីសង្ឃឹមរបស់យើង ហើយក៏ធ្វើឲ្យជំនឿរបស់យើងទៅជាមាំមួន ជាពិសេសក្នុងកាលដែលមានព្យុះនៃការល្បងល។—កូរិនថូសទី១ ៣:១១; កូល៉ុស ១:២៣; ២:៦, ៧
១៧. តើព្រះយេហូវ៉ាផ្ដល់កម្លាំងដ៏មានថាមពលអ្វីដើម្បីយើង ហើយតើតាមរបៀបណាដែលសារៈសំខាន់របស់នោះត្រូវបង្ហាញក្នុងកិច្ចការ ១:៨ ហើយអេភេសូរ ៣:១៦?
១៧ ថ្វីបើសេចក្ដីស្រឡាញ់របស់យើងសំរាប់ព្រះនិងរាជបុត្រារបស់ទ្រង់ គឺជាកម្លាំងជំរុញដ៏ខ្លាំងបំផុតក្នុងជីវិតរបស់យើងជាគ្រីស្ទានក៏ដោយ នោះព្រះយេហូវ៉ាផ្ដល់អ្វីទៀតដែលជំរុញយើង ចំរើនថាមពលរបស់យើង ហើយឲ្យយើងមានកម្លាំងឈានទៅមុខក្នុងកិច្ចបំរើ។ គឺជាសកម្មពលរបស់ទ្រង់ឬក៏វិញ្ញាណបរិសុទ្ធ។ ពាក្យហេព្រើរនិងក្រិកដែលត្រូវបកប្រែជា«វិញ្ញាណ» មានន័យជាបឋមសំដៅទៅលើចលនាដែលមានថាមពលនៃខ្យល់ដូចពេលខ្យល់បក់។ សំពៅដែលមានក្ដោងដូចជាសំពៅដែលប៉ុលធ្លាប់ជិះ នោះពឹងពាក់ទៅលើកម្លាំង ដែលមើលមិនឃើញនៃខ្យល់ដើម្បីឆ្ពោះទៅដល់ទីដៅរបស់គេ។ ស្រដៀងគ្នានឹងនេះដែរ នោះយើងត្រូវការនូវសេចក្ដីស្រឡាញ់ និងសកម្មភាពនៃសកម្មពលដ៏មើលមិនឃើញរបស់ព្រះ បើសិនជាសំពៅនៃជំនឿរបស់យើងនឹងឈានទៅមុខក្នុងការបំរើព្រះយេហូវ៉ា។—កិច្ចការ ១:៨; អេភេសូរ ៣:១៦
ឈានទៅមុខទៅដល់ទីដៅរបស់យើង!
១៨. តើអ្វីដែលនឹងឲ្យយើងមានសមត្ថភាព ស៊ូទ្រាំនឹងការល្បងលនៃជំនឿរបស់យើងនៅឯអនាគត?
១៨ ជំនឿនិងសេចក្ដីស្រឡាញ់របស់យើងប្រហែលជានឹងត្រូវល្បងលជាខ្លាំង មុនដែលយើងមកដល់របបថ្មីនោះ។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវយុថ្កាមួយ«ដ៏ជាប់លាប់មាំមួន» ជាសេចក្ដីសង្ឃឹមដ៏ល្អប្រសើររបស់យើង។ (ហេព្រើរ ៦:១៩; រ៉ូម ១៥:៤, ១៣) នៅពេលយើងត្រូវវាយដោយការប្រឆាំងឬក៏ការល្បងលផ្សេងទៀត នោះយើងអាចស៊ូទ្រាំ បើសិនជាយើងត្រូវជាប់យ៉ាងមាំមួនដោយយុថ្កានៃសេចក្ដីសង្ឃឹមរបស់យើង។ ក្រោយពីព្យុះមួយរសាយទៅ ក៏ប៉ុន្តែមុនដែលមួយទៀតមកដល់ ចូរឲ្យយើងតាំងចិត្តធ្វើឲ្យមាំដល់សេចក្ដីសង្ឃឹមរបស់យើង ព្រមទាំងពង្រឹងជំនឿរបស់យើងដែរ។
១៩. តើយ៉ាងដូចម្ដេចដែលយើងអាចទុកសំពៅនៃជំនឿរបស់យើង ឲ្យតាមទិសតម្រង់ទៅហើយមកដល់ទីជ្រកកោននៃពិភពលោកថ្មីដែលជាសន្យារបស់ព្រះ?
១៩ មុនដែលប៉ុលបានស្តីពី«យុថ្កានៃព្រលឹង» នោះគាត់បាននិយាយថា៖ «តែយើងខ្ញុំចង់ឲ្យអ្នករាល់គ្នានិមួយៗ បានសំដែងចេញជាចិត្តឧស្សាហ៍ដូចគ្នាទាំងអស់[«លឿនឡើង», ព.ថ.] ប្រយោជន៍ឲ្យបានសេចក្ដីជំនឿដ៏ពេញលេញរបស់សេចក្ដីសង្ឃឹម ដរាបដល់ចុងបំផុត ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្តើយឡើយ គឺឲ្យត្រាប់តាមពួកអ្នក ដែលគ្រងបានសេចក្ដីសន្យាទុកជាមរដក ដោយចិត្តជឿ ហើយអត់ធន់វិញ»។ (ហេព្រើរ ៦:១១, ១២) ដោយត្រូវជំរុញដោយសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា និងព្រះរាជបុត្រារបស់ទ្រង់ ហើយដោយទទួលកម្លាំងពីវិញ្ញាណបរិសុទ្ធរបស់ទ្រង់ នោះចូរយើងរក្សាទុកឲ្យសំពៅនៃជំនឿរបស់យើងឲ្យតាមទិសដែលតម្រង់ទៅ ទាល់តែយើងមកដល់ទីជ្រកកោននៃពិភពលោកថ្មីដែលជាសន្យារបស់ព្រះនោះ។
[កំណត់សម្គាល់]
a បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃញូវយ៉ក។ (ភាសាអង់គ្លេស)
ដើម្បីរៀនសារឡើងវិញ
◻ ចំពោះជំនឿរបស់យើង តើប៉ុលបានឲ្យយើងនូវពាក្យព្រមានអ្វី?
◻ តើយ៉ាងដូចម្ដេចដែលអ្នកខ្លះបានពិសោធន៍ការលិចបាត់ខាងវិញ្ញាណ ហើយតើយ៉ាងដូចម្ដេចដែលអ្នកឯទៀតកំពុងតែបង្អង់ល្បឿន?
◻ តើគុណសម្បត្ដិណារបស់ព្រះ ដែលត្រូវតែបន្ថែមនឹងជំនឿរបស់យើង?
◻ តើអ្វីដែលនឹងឲ្យយើងមានសមត្ថភាពមកដល់ពិភពលោកថ្មីដែលព្រះបានសន្យានោះ?
[រូបភាពនៅទំព័រ២៨]
សំពៅនៃជំនឿរបស់យើងត្រូវតែសង់យ៉ាងល្អដើម្បីធន់នឹងព្យុះទាំងប៉ុន្មានក្នុងជីវិត
[រូបភាពនៅទំព័រ៣១]
ជំនឿរបស់យើងអាចពិសោធន៍ការលិចបាត់
[រូបភាពនៅទំព័រ៣២]
សេចក្ដីសង្ឃឹមជាយុថ្កាមួយ សំរាប់ជីវិតយើងជាគ្រីស្ទាន