‹ក្នុងពួកអ្នករាល់គ្នា តើអ្នកណាមានប្រាជ្ញានិងយោបល់?›
«ក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាមានប្រាជ្ញានឹងយោបល់ ត្រូវឲ្យអ្នកនោះសំដែងចេញជាកិរិយាល្អ ដោយសារការដែលខ្លួនប្រព្រឹត្តដោយសេចក្ដីសុភាពនៃប្រាជ្ញាចុះ!»។—យ៉ា. ៣:១៣
១, ២. ស្តីអំពីមនុស្សដែលមើលទៅដូចជាមានប្រាជ្ញា តើយើងអាចសន្និដ្ឋានបានយ៉ាងណា?
តើអ្នកចាត់ទុកមនុស្សបែបណាជាអ្នកដែលមានប្រាជ្ញា? ប្រហែលជាយើងចាត់ទុកមាតាបិតា លោកតាមួយរូប ឬសាស្ដ្រាចារ្យណាម្នាក់ជាអ្នកដែលមានប្រាជ្ញា។ តាមធម្មតា កាលៈទេសៈក្នុងជីវិតនិងមជ្ឈដ្ឋានជុំវិញយើងជះឥទ្ធិពលទៅលើទស្សនៈរបស់យើង ស្តីអំពីនរណាគួររាប់ជាមនុស្សដែលមានប្រាជ្ញា។ ចំពោះអ្នកបម្រើព្រះយេហូវ៉ាវិញ ទស្សនៈរបស់ទ្រង់ជាអ្វីដែលសំខាន់ចម្បង។
២ ស្តីអំពីអ្នកណាដែលមានប្រាជ្ញា ព្រះយេហូវ៉ាមិនតែងតែមានទស្សនៈឯកភាពនឹងមនុស្សក្នុងពិភពលោកនេះទេ។ ជាឧទាហរណ៍ លោកយ៉ូបបាននិយាយជាមួយបុរសប៉ុន្មាននាក់ដែលចាត់ទុកខ្លួនជាអ្នកដែលពោលពាក្យប្រកបទៅដោយប្រាជ្ញា។ ប៉ុន្តែ ក្រោយមក យ៉ូបសន្និដ្ឋានថា៖ «ខ្ញុំមិនឃើញអ្នកណាមួយដែលមានប្រាជ្ញាឡើយ»។ (យ៉ូប ១៧:១០) រីឯមនុស្សដែលមិនព្រមទទួលចំណេះដែលមកពីព្រះយេហូវ៉ា សាវ័កប៉ុលបានសរសេរថា៖ «គេអួតខ្លួនថាមានប្រាជ្ញា បានជាគេត្រឡប់ទៅជាល្ងង់ល្ងើវិញ»។ (រ៉ូម ១:២២) ណាមួយទៀត តាមរយៈលោកអេសាយដែលជាអ្នកប្រកាសទំនាយ ព្រះយេហូវ៉ាមានប្រសាសន៍ចំៗថា៖ «វេទនាដល់ពួកអ្នកដែលរាប់ខ្លួនថា ជា[អ្នក]មានប្រាជ្ញា»។—អេសា. ៥:២១
៣, ៤. ដើម្បីឲ្យមានប្រាជ្ញាពិត តើយើងត្រូវធ្វើយ៉ាងណាខ្លះ?
៣ គឺច្បាស់ហើយថា យើងត្រូវតែយល់អំពីអ្វីដែលពិតជានាំឲ្យមានប្រាជ្ញា ទើបយើងអាចផ្គាប់ចិត្តព្រះយេហូវ៉ាបាន។ សុភាសិតមួយជួយបំភ្លឺឲ្យយល់ដឹងអំពីអ្វីដែលពិតជានាំឲ្យមានប្រាជ្ញា ដោយចែងថា៖«សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចម[ឬ«ប្រភព»]នៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធនោះ គឺជាយោបល់»។ មនុស្សដែលពិតជាមានប្រាជ្ញា ត្រូវតែកោតខ្លាចព្រះយេហូវ៉ា និងគោរពតាមតម្រូវការរបស់ទ្រង់។ ប៉ុន្តែ ការទទួលស្គាល់ព្រះយេហូវ៉ានិងតម្រូវការរបស់ទ្រង់ប៉ុណ្ណោះ នោះក៏មិនគ្រប់គ្រាន់ដែរ។ ក្នុងករណីនេះ សំណេររបស់លោកយ៉ាកុបជួយដាស់ស្មារតីយើង។ (សុ. [សុភ.] ៩:១០; ខ.ស.; សូមអាន យ៉ាកុប ៣:១៣) សូមកត់សម្គាល់ឃ្លាដែលថា៖ «ត្រូវឲ្យអ្នកនោះសំដែងចេញជាកិរិយាល្អ»។ បើយើងមានប្រាជ្ញាពិតមែន នេះត្រូវសម្ដែងមកដោយគ្រប់កិរិយាប្រព្រឹត្តនិងពាក្យសម្ដីរបស់យើង។
៤ អស់អ្នកដែលពិតជាមានប្រាជ្ញាក៏ចេះវិនិច្ឆ័យល្អ ព្រមទាំងធ្វើតាមចំណេះនិងយោបល់ដើម្បីទទួលប្រយោជន៍។ តើទង្វើបែបណាខ្លះសម្គាល់អ្នកដែលមានប្រាជ្ញាពិត? យ៉ាកុបបានរៀបរាប់អំពីលក្ខណៈសំខាន់ៗមួយចំនួន ដែលសម្ដែងមកដោយកិរិយាប្រព្រឹត្តរបស់អ្នកដែលមានប្រាជ្ញា។a តើយ៉ាកុបបានសរសេរអ្វីខ្លះ ដែលជួយយើងឲ្យមានទំនាក់ទំនងល្អជាមួយបងប្អូនរួមជំនឿ និងមនុស្សដែលមិនជឿផង?
មានប្រាជ្ញា មានកិរិយាល្អ
៥. តើមនុស្សដែលពិតជាមានប្រាជ្ញានឹងប្រព្រឹត្តយ៉ាងណា?
៥ សូមកត់សម្គាល់ម្ដងទៀតថា យ៉ាកុបបញ្ជាក់ថាប្រាជ្ញានិងកិរិយាល្អតែងតែដើរទន្ទឹមគ្នា។ ដោយសារប្រាជ្ញាមកពីការកោតខ្លាចព្រះយេហូវ៉ា មនុស្សដែលមានប្រាជ្ញាព្យាយាមប្រព្រឹត្តសមស្របទៅតាមតម្រូវការនិងគំរូរបស់ទ្រង់។ ប្រាជ្ញាមិនឆ្លងមកពីឪពុកម្ដាយតាំងពីកំណើតរបស់យើងទេ។ ប៉ុន្តែ យើងអាចទទួលប្រាជ្ញាបាន ដោយសិក្សាគម្ពីរនិងរំពឹងគិតពីអ្វីដែលយើងរៀននោះ ជាទៀងទាត់។ ការសិក្សានិងការរំពឹងគិតនឹងជួយយើងឲ្យធ្វើតាមអ្វីដែលបានចែងទុកក្នុងសៀវភៅអេភេសូរ ៥:១ ដែលថា៖ «ចូរត្រាប់តាមព្រះ[យេហូវ៉ាចុះ]!»។ ពេលយើងមានកិរិយាប្រព្រឹត្តកាន់តែដូចព្រះយេហូវ៉ា ការប្រព្រឹត្តទាំងនោះនឹងសឲ្យឃើញកាន់តែច្បាស់ថា យើងមានប្រាជ្ញាពិត។ ផ្លូវឬរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តនោះ គឺខ្ពស់ជាងផ្លូវប្រព្រឹត្តរបស់មនុស្សឆ្ងាយណាស់! (អេសា. ៥៥:៨, ៩) ដូច្នេះ ពេលយើងខំប្រព្រឹត្តសមស្របទៅតាមគំរូរបស់ព្រះយេហូវ៉ា អ្នកដែលមិនស្គាល់ទ្រង់នឹងឃើញថា យើងមានអាកប្បកិរិយាខុសប្លែកពីមនុស្សឯទៀតក្នុងពិភពលោកនេះ។
៦. ម្ដេចក៏ការប្រព្រឹត្តដោយចិត្តសុភាពបង្ហាញថា យើងកំពុងធ្វើតាមគំរូរបស់ព្រះ? តើយើងអាចបង្ហាញយ៉ាងណា ថាយើងមានចិត្តសុភាព?
៦ យ៉ាកុបបង្ហាញថា វិធីមួយដែលយើងអាចមានលក្ខណៈដូចព្រះយេហូវ៉ា គឺដោយមានចិត្ត«សុភាព» ដែលជាលក្ខណៈមួយរបស់អស់អ្នកដែលមានប្រាជ្ញា។ ទោះជាមនុស្សសុភាពតែងតែប្រព្រឹត្តដោយសម្លូតក្ដី គ្រិស្តសាសនិកយើងកាន់ជំហររឹងមាំតាមគោលការណ៍ក្នុងគម្ពីរ ដូច្នេះយើងមានសមត្ថភាពប្រព្រឹត្តដោយសុភាពផង ហើយដំណាលគ្នានោះ ក៏ម៉ឺងម៉ាត់ផងដែរ។ ទោះជាព្រះយេហូវ៉ាមានអំណាចដែលពុំអាចវាស់បានក៏ដោយ ទ្រង់នៅតែមានចិត្តសុភាព ហើយយើងមិនខ្លាចចូលទៅជិតទ្រង់ទេ។ បុត្ររបស់ព្រះយេហូវ៉ាក៏មានចិត្តសុភាពដូចបិតាបេះបិទ ដល់ម្ល៉េះបានជាទ្រង់មានប្រសាសន៍ថា៖ «អស់អ្នកដែលនឿយព្រួយហើយផ្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។ ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ! ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង»។—ម៉ាថ. ១១:២៨, ២៩; ភី. ២:៥-៨
៧. តើម៉ូសេជាគំរូល្អក្នុងការបង្ហាញចិត្តសុភាពយ៉ាងដូចម្ដេច?
៧ គម្ពីររៀបរាប់អំពីមនុស្សឯទៀតដែរ ដែលបង្ហាញចិត្តសុភាពនិងចិត្តរាបទាបលើសជាងធម្មតា។ ជាឧទាហរណ៍ លោកម៉ូសេមានចិត្តសុភាព។ ទោះជាម៉ូសេមានភារកិច្ចជាច្រើនក្ដី គម្ពីរនៅតែរៀបរាប់អំពីគាត់ជាអ្នកដែល«សុភាពណាស់ លើសអស់ទាំងមនុស្សនៅលើផែនដី»។ (ជន. ១១:២៩; ១២:៣) ម៉ូសេមានចិត្តសុភាពមែន ប៉ុន្តែកុំឲ្យយើងភ្លេចថា ព្រះយេហូវ៉ាបានផ្ដល់កម្លាំងចិត្តយ៉ាងខ្លាំងដល់គាត់ ដើម្បីជួយគាត់ឲ្យធ្វើតាមឆន្ទៈរបស់ទ្រង់។ ព្រះយេហូវ៉ាចូលចិត្តបំពេញបំណងរបស់ទ្រង់តាមរយៈមនុស្សដែលមានចិត្តសុភាព។
៨. ទោះជាគ្មានភាពល្អឥតខ្ចោះក្ដី តើយើងអាចបង្ហាញចិត្ត«សុភាព»ដែលសម្ដែងពីប្រាជ្ញាយ៉ាងដូចម្ដេច?
៨ គឺច្បាស់ហើយថា ទោះជាមនុស្សគ្មានភាពល្អឥតខ្ចោះក្ដី យើងអាចបង្ហាញចិត្ត«សុភាព»ដែលសម្ដែងពីប្រាជ្ញាបាន។ ចុះយ៉ាងណាចំពោះយើងផ្ទាល់? តើយើងអាចបង្ហាញចិត្តសុភាពកាន់តែច្រើនដោយរបៀបណា? ចិត្តសុភាពជាផលផ្លែនៃវិញ្ញាណរបស់ព្រះយេហូវ៉ា ដែលមានន័យថា ជាលក្ខណៈមួយដែលសម្ដែងមកពេលយើងមានសកម្មពលរបស់ទ្រង់។ (កា. ៥:២២, ២៣) យើងអាចអធិដ្ឋានសូមសកម្មពលរបស់ព្រះយេហូវ៉ា និងខំបង្ហាញលក្ខណៈសមស្របនឹងសកម្មពលនោះ ដោយមានទំនុកចិត្តថា ទ្រង់នឹងជួយយើងឲ្យចេះបង្ហាញចិត្តសុភាពកាន់តែច្រើន។ អ្នកតែងបទទំនុកដំកើងក៏ជំរុញយើងឲ្យបង្ហាញចិត្តសុភាពកាន់តែច្រើនដែរ ហើយពាក្យរបស់គាត់ធានាថា៖ «[ព្រះយេហូវ៉ា]នឹងបង្រៀនមនុស្សរាបទាបឲ្យស្គាល់ផ្លូវទ្រង់»។—ទំនុក. ២៥:៩
៩, ១០. ម្ដេចក៏មិនតែងតែស្រួលឲ្យយើងបង្ហាញចិត្តសុភាពដូចព្រះយេហូវ៉ា?
៩ ទោះជាយើងប្រាថ្នាចង់បង្ហាញចិត្តសុភាពកាន់តែច្រើនក្ដី នេះមិនតែងតែស្រួលទេ។ ដោយសារកាលៈទេសៈដែលយើងបានជួបប្រទះក្នុងជីវិត យើងប្រហែលជាមិនសូវមានទំនោរចិត្តបង្ហាញចិត្តសុភាពឡើយ។ ណាមួយទៀត អ្នកដទៃប្រហែលជាបង្ខិតបង្ខំយើងឲ្យមានលក្ខណៈខុសផ្ទុយពីចិត្តសុភាព ដោយលើកទឹកចិត្តយើងឲ្យប្រើ«កំហឹងទល់កំហល់»វិញ។ ប៉ុន្តែ តើទង្វើបែបនេះពិតជាប្រកបទៅដោយប្រាជ្ញាទេ? សូមគិតទៅមើល បើមានភ្លើងចាប់ផ្ដើមឆេះក្នុងផ្ទះ តើយើងយកប្រេងឬយកទឹកទៅពន្លត់? បើចាក់ប្រេង នេះធ្វើឲ្យភ្លើងឆេះរឹតតែខ្លាំង មែនទេ? ប៉ុន្តែ បើចាក់ទឹកវិញ ប្រហែលជាយើងអាចពន្លត់ភ្លើងបាន។ ដូចគ្នាដែរ ក្នុងគម្ពីរមានយោបល់ដែលថា៖ «ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ»។ (សុ. ១៥:១, ១៨) ដូច្នេះ នៅពេលក្រោយ ពេលយើងជួបប្រទះកាលៈទេសៈដែលបង្កហេតុឲ្យទាស់ទែងគ្នា មិនថាជាមួយបងប្អូនរួមជំនឿ ឬជាមួយអ្នកដែលមិនជឿក្ដី ការប្រព្រឹត្តដោយចិត្តសុភាពទៅលើពួកគេពិតជានឹងបង្ហាញថាយើងមានប្រាជ្ញា មែនទេ?—២ធី. ២:២៤
១០ ដូចបានបញ្ជាក់នៅខាងលើ តាមធម្មតា មនុស្សដែលចុះញ៉មនឹងទស្សនៈដែលមានជាទូទៅក្នុងពិភពលោកនេះ មិនមានចិត្តស្លូតបូត មេត្រីចិត្តឬចិត្តស្ងប់ឡើយ។ ផ្ទុយទៅវិញ ពិភពលោកសព្វថ្ងៃនេះពេញទៅដោយមនុស្សកាចសាហាវដែលមានអំណួត។ យ៉ាកុបជ្រាបពីលក្ខណៈរបស់មនុស្សជាតិដែរ ដូច្នេះគាត់បានផ្ដល់ការព្រមានដើម្បីជួយកុំឲ្យទស្សនៈអាក្រក់បែបនោះ មានឥទ្ធិពលលើយើងម្នាក់ៗក្នុងក្រុមជំនុំ។ តើយើងអាចទាញយកមេរៀនអ្វីទៀតពីឱវាទរបស់យ៉ាកុប?
ខ្វះប្រាជ្ញា មានលក្ខណៈមិនល្អ
១១. តើលក្ខណៈអ្វីខ្លះដែលប្រឆាំងនឹងប្រាជ្ញាដែលមកពីព្រះយេហូវ៉ា?
១១ យ៉ាកុបបានសរសេរចំៗអំពីលក្ខណៈមិនល្អដែលប្រឆាំងនឹងប្រាជ្ញាដែលមកពីព្រះយេហូវ៉ា។ (សូមអាន យ៉ាកុប ៣:១៤) ចិត្តច្រណែននិងការចងគំនុំមិនមែនជាលក្ខណៈសម្បត្ដិរបស់ព្រះយេហូវ៉ាទេ តែជាលក្ខណៈដែលសម្គាល់មនុស្សក្នុងពិភពលោកនេះ។ សូមគិតអំពីឧទាហរណ៍ដូចតទៅ ដែលសឲ្យឃើញថា ការបង្ហាញលក្ខណៈមិនល្អដូចមនុស្សឯទៀតក្នុងពិភពលោកនេះ មានលទ្ធផលអាក្រក់។ នៅទីក្រុងយេរូសាឡិមសព្វថ្ងៃនេះ វិហារមួយខាងសាសនាយេស៊ូបានកសាងនៅទីកន្លែងដែលគេជឿថា ជាកន្លែងដែលគេធ្វើគុតនិងកប់សពព្រះយេស៊ូ។ សាសនាយេស៊ូ៦និកាយរួមគ្នាកាន់កាប់វិហារនោះ។ យូរឆ្នាំមកហើយ ពួកគេបានទាស់ទែងគ្នាម្ដងម្កាល។ នៅឆ្នាំ២០០៦ ទស្សនាវដ្ដីអន្តរជាតិមួយ (Time) បានរាយការណ៍អំពីពេលដែលពួកសង្ឃខាងសាសនាទាំងនោះបាន«ប្រតាយប្រតប់គ្នាច្រើនម៉ោង . . . ទាំងយកជើងទ្រទៀនធំៗមកវាយគ្នាផង»។ និកាយទាំង៦នោះខ្វះទំនុកចិត្តនឹងគ្នាយ៉ាងខ្លាំងដល់ម្ល៉េះ បានជាគេឲ្យអ្នកខាងសាសនាអ៊ិស្លាមកាន់កូនសោវិហារទៅវិញ។
១២. តើកង្វះប្រាជ្ញាអាចនាំឲ្យមានស្ថានភាពបែបណា?
១២ មិនគប្បីទាល់តែសោះ ឲ្យក្រុមជំនុំនៃពួកគ្រិស្តសាសនិកពិតទាស់ទែងគ្នានិងចងគំនុំបែបនោះឡើយ។ យ៉ាងណាក៏ដោយ ដោយសារគ្មាននរណាម្នាក់មានភាពល្អឥតខ្ចោះ ជួនកាលអ្នកខ្លះប្រកាន់ទស្សនៈរបស់ខ្លួនដែរ ហើយនេះអាចនាំឲ្យមានការឈ្លោះគ្នានិងមានរឿងរ៉ាវ។ សាវ័កប៉ុលបានកត់សម្គាល់ស្ថានភាពបែបនេះក្នុងក្រុមជំនុំនៅទីក្រុងកូរិនថូស ដូច្នេះគាត់សរសេរថា៖ «ដែលមានសេចក្ដីឈ្នានីស ឈ្លោះប្រកែកនឹងបាក់បែកគ្នាក្នុងពួកអ្នករាល់គ្នា នោះតើមិននៅខាងសាច់ឈាមហើយដើរតាមបែបមនុស្សលោកទេឬអី?»។ (១កូ. ៣:៣) គួរឲ្យស្ដាយណាស់ ដែលអស់រយៈពេលយូរបន្ដិច មានស្ថានភាពមិនល្អក្នុងក្រុមជំនុំនោះនៅសតវត្សរ៍ទីមួយ។ ដូច្នេះ យើងត្រូវតែប្រុងប្រយ័ត្នកុំឲ្យមានស្ថានភាពដូចគ្នាក្នុងក្រុមជំនុំរបស់យើងនាសម័យនេះ។
១៣, ១៤. សូមរៀបរាប់ឧទាហរណ៍ខ្លះពីរបៀបដែលគ្រិស្តសាសនិកអាចបែរជាមានលក្ខណៈដូចមនុស្សក្នុងពិភពលោកនេះ។
១៣ តើអ្វីអាចបណ្ដាលឲ្យមានចិត្តឈ្នានីសនិងការឈ្លោះប្រកែកបាក់បែកគ្នាក្នុងក្រុមជំនុំ? នេះអាចផ្ទុះចេញពីរឿងមួយដ៏តូចតាចប៉ុណ្ណោះ។ ជាឧទាហរណ៍ ពេលបងប្អូនកំពុងសាងសង់សាលប្រជុំថ្មី អ្នកខ្លះប្រហែលជាទាស់គំនិតនឹងគ្នាស្តីអំពីរបៀបធ្វើការ។ បើបុរសម្នាក់ជូនយោបល់ តែអ្នកឯទៀតមិនធ្វើតាមគំនិតរបស់គាត់ គាត់អាចឡើងមុខក្រហមទាំងចងគំនុំផង ហើយរអ៊ូរទាំដាក់អ្នកដែលមានភារកិច្ចធ្វើការសម្រេចចិត្ត។ គាត់ក៏ប្រហែលជាមិនព្រមធ្វើការនៅទីនោះទៀតផង! ប៉ុន្តែ ការប្រព្រឹត្តបែបនេះបង្ហាញថា គាត់ភ្លេចចំណុចសំខាន់មួយ ថាកិច្ចការដែលយើងធ្វើដើម្បីផ្ដល់ប្រយោជន៍ឲ្យក្រុមជំនុំ មិនពឹងផ្អែកទៅលើរបៀបដែលយើងសម្រេចការនោះទេ តែស្រេចទៅលើសមត្ថភាពសហការគ្នាទៅវិញទៅមកវិញ។ ព្រះយេហូវ៉ាតែងតែប្រទានពរដល់អស់អ្នកដែលមានចិត្តសុភាព មិនមែនពួកអ្នកដែលចងគំនុំឡើយ។—១ធី. ៦:៤, ៥
១៤ មានឧទាហរណ៍មួយទៀត។ ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំប្រហែលជាកត់សម្គាល់ថា ទោះជាអ្នកចាស់ទុំម្នាក់ក្នុងចំណោមពួកគាត់បានបម្រើជាអ្នកចាស់ទុំយូរហើយក្ដី ពេលឥឡូវនេះគាត់លែងមានលក្ខណៈគ្រប់គ្រាន់តាមតម្រូវការក្នុងគម្ពីរ ដើម្បីឲ្យមានឯកសិទ្ធិបម្រើជាអ្នកចាស់ទុំតទៅទៀត។ ពួកអ្នកចាស់ទុំបានផ្ដល់ឱវាទចំៗដល់គាត់រួចទៅហើយ ប៉ុន្តែគាត់នៅតែមិនបានកែប្រែ។ ដូច្នេះ ពេលអ្នកត្រួតពិនិត្យមណ្ឌលធ្វើទស្សនកិច្ចនៅក្រុមជំនុំ ហើយគាត់ឯកភាពថា បុរសម្នាក់នោះមិនគួរធ្វើជាអ្នកចាស់ទុំក្នុងក្រុមជំនុំទៀត តើបុរសនោះនឹងមានប្រតិកម្មយ៉ាងណា? ដោយសារក្រុមអ្នកចាស់ទុំបានឯកភាពគ្នាស្របទៅតាមការណែនាំក្នុងគម្ពីរ តើគាត់នឹងចុះចូលចំពោះពួកគាត់ដោយចិត្តសុភាពរាបទាប និងទទួលស្គាល់ថា បើគាត់ចង់បម្រើការជាអ្នកចាស់ទុំម្ដងទៀត គាត់ត្រូវតែបំពេញតាមលក្ខណៈដែលបានកត់ទុកក្នុងគម្ពីរឬទេ? ឬមួយក៏ តើគាត់នឹងចងគំនុំនិងមានចិត្តច្រណែនឈ្នានីសទៅវិញ ដោយសារគាត់លែងមានឯកសិទ្ធិបម្រើជាអ្នកចាស់ទុំ? បើអ្នកចាស់ទុំទាំងឡាយឯកភាពថា គាត់លែងមានលក្ខណៈគ្រប់គ្រាន់ហើយ តើគាត់ទទូចទាមទាររក្សាឲ្យមានមុខតំណែងនោះធ្វើអ្វី? ផ្ទុយទៅវិញ គាត់អាចបង្ហាញថាខ្លួនមានប្រាជ្ញាពិត ដោយមានចិត្តរាបទាបក្នុងការចុះចូលចំពោះការសម្រេចចិត្តរបស់ពួកអ្នកចាស់ទុំ និងធ្វើតាមឱវាទរបស់ពួកគាត់ផង។
១៥. ហេតុអ្វីក៏អ្នកចាត់ទុកឱវាទពីព្រះដែលមានក្នុងសៀវភៅយ៉ាកុប ៣:១៥, ១៦ ជាអ្វីដ៏សំខាន់?
១៥ តាមការពិត មានកាលៈទេសៈច្រើនបែបច្រើនយ៉ាងដែលអាចបណ្ដាលឲ្យមានចិត្តច្រណែនឈ្នានីសនិងចងគំនុំ។ ប៉ុន្តែ មិនថាមានកាលៈទេសៈបែបណាក៏ដោយ គប្បីឲ្យយើងព្យាយាមទប់ចិត្តកុំឲ្យមានគំនិតបែបនោះទាល់តែសោះ។ (សូមអាន យ៉ាកុប ៣:១៥, ១៦) យ៉ាកុបសំដៅទៅលើលក្ខណៈមិនល្អបែបនោះ ថា«ជារបស់ផងលោកីយ» ពីព្រោះជាលក្ខណៈខុសផ្ទុយពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ា។ គាត់ក៏ហៅលក្ខណៈទាំងនោះថា ជារបស់«ខាងសាច់ឈាម»ផង ពីព្រោះមានលក្ខណៈដូចជាសត្វលោកដែលមិនចេះគិតពិចារណា។ លក្ខណៈបែបនោះក៏ជារបស់«ខាងអារក្ស»ដែរ ពីព្រោះជាទំនោរចិត្តដូចគ្នាបេះបិទនឹងចិត្តគំនិតនៃពួកទេវតាអាក្រក់ដែលជាខ្មាំងសត្រូវរបស់ព្រះយេហូវ៉ា។ បើដូច្នេះ មិនគប្បីឲ្យពួកគ្រិស្តសាសនិកមានលក្ខណៈបែបនោះទាល់តែសោះ!
១៦. តើយើងប្រហែលជាត្រូវកែប្រែចិត្តគំនិតយ៉ាងណា? តើអ្វីនឹងជួយយើងឲ្យកែប្រែបាន?
១៦ គប្បីណាស់ឲ្យសមាជិកម្នាក់ៗក្នុងក្រុមជំនុំពិនិត្យមើលចិត្តគំនិតរបស់ខ្លួន ហើយព្យាយាមយកឈ្នះលើទំនោរចិត្តមិនល្អបែបនោះ។ ជាពិសេស ពួកអ្នកដែលត្រួតពិនិត្យលើក្រុមជំនុំ ដោយសារពួកគាត់មានភារកិច្ចជាអ្នកបង្រៀនបងប្អូនទាំងឡាយ ច្បាស់ជាសំខាន់ណាស់ឲ្យពួកគាត់ខំដកចេញពីចិត្តរបស់ខ្លួននូវលក្ខណៈមិនល្អ។ យើងមិនមានភាពល្អឥតខ្ចោះ ហើយយើងក៏ទទួលឥទ្ធិពលយ៉ាងខ្លាំងពីមនុស្សជុំវិញយើងក្នុងពិភពលោកនេះ។ ហេតុនេះហើយ មិនជាការងាយស្រួលទេ ឲ្យយើងដកលក្ខណៈមិនល្អចេញពីចិត្តរបស់ខ្លួន។ ទង្វើនេះអាចប្រៀបដូចជាអ្នកដែលខំឡើងដើមត្នោតនៅរដូវភ្លៀង។ បើគ្មានបង្អោង ងាយណាស់ឲ្យគាត់រអិលធ្លាក់។ ដូចគ្នាដែរ បើយើងធ្វើតាមយោបល់ក្នុងគម្ពីរ និងអនុវត្តតាមយោបល់ដែលយើងទទួលក្នុងក្រុមជំនុំនៃពួកអ្នកដែលថ្វាយបង្គំព្រះយេហូវ៉ា ហាក់ដូចជាតោងឡើងតាមបង្អោងយ៉ាងជាប់ យ៉ាងនេះយើងអាចលូតលាស់ទៅមុខបាន។—ទំនុក. ៧៣:២៣, ២៤
មានប្រាជ្ញា សម្ដែងលក្ខណៈល្អ
១៧. តាមធម្មតា ពេលមានកាលៈទេសៈដែលបញ្ចូលចិត្តឲ្យធ្វើអំពើអាក្រក់ តើអ្នកដែលមានប្រាជ្ញាប្រព្រឹត្តយ៉ាងណា?
១៧ សូមអាន យ៉ាកុប ៣:១៧។ យើងទទួលប្រយោជន៍ពីការពិនិត្យមើលលក្ខណៈល្អៗដែលសម្ដែងពី«ប្រាជ្ញាដែលមកពីស្ថានលើ»។ ភាពបរិសុទ្ធមានន័យថា ការប្រព្រឹត្តរបស់យើងសុទ្ធតែផុសចេញពីបំណងចិត្តល្អ។ គឺសំខាន់ចាំបាច់ឲ្យយើងបដិសេធដោយស្វ័យប្រវត្ដិនឹងអំពើអាក្រក់ភ្លាមៗ។ ជាឧទាហរណ៍ ប្រហែលជាយើងធ្លាប់មានគេយកដៃចង្អុលចំភ្នែក។ តាមធម្មតា យើងងាកមុខចេញភ្លាម ឬកៀសដៃគេចេញ។ យើងធ្វើដូច្នេះដោយស្វ័យប្រវត្ដិ មិនមែនដោយគិតពិចារណាជាមុនទេ។ ដូចគ្នាដែរ ពេលមានកាលៈទេសៈដែលបញ្ចូលចិត្តយើងឲ្យធ្វើអំពើអាក្រក់ ចិត្តបរិសុទ្ធរបស់យើងដែលបានអប់រំស្របទៅតាមគោលការណ៍ក្នុងគម្ពីរ ជំរុញយើងឲ្យបដិសេធអំពើអាក្រក់ទាំងនោះភ្លាមៗ ដោយស្វ័យប្រវត្ដិ។ (រ៉ូម ១២:៩) ក្នុងគម្ពីរមានគំរូល្អៗរបស់មនុស្សច្រើននាក់ដែលបានប្រព្រឹត្តយ៉ាងនេះ ដូចជាយ៉ូសែបនិងព្រះយេស៊ូជាដើម។—លោ. ៣៩:៧-៩; ម៉ាថ. ៤:៨-១០
១៨. (ក) មានមេត្រីចិត្ត តើមានន័យអ្វី? (ខ) តើយើងអាចរកសេចក្ដីមេត្រីដោយរបៀបណា?
១៨ ប្រាជ្ញាដែលមកពីស្ថានលើក៏តម្រូវឲ្យយើងមានមេត្រីចិត្តដែរ។ នេះមានន័យថា យើងមិនឆេវឆាវ មានក្បាលរឹងឬធ្វើអ្វីទៀតដែលបង្ខូចភាពសុខសាន្តឡើយ។ យ៉ាកុបរៀបរាប់បន្ថែមទៅទៀតអំពីចំណុចនេះ ដោយសរសេរថា៖ «ផលនៃសេចក្ដីសុចរិត នោះបានព្រោះចុះដោយសេចក្ដីមេត្រី សំរាប់ពួកអ្នកដែលរកសេចក្ដីមេត្រីនោះឯង»។ (យ៉ា. ៣:១៨) សូមកត់សម្គាល់ថា យ៉ាកុបក៏បានសំដៅទៅលើការ«រកសេចក្ដីមេត្រី»ជាមួយអ្នកដទៃផងដែរ។ ដូច្នេះ ក្នុងក្រុមជំនុំរបស់យើង តើយើងមានកេរ្ដិ៍ឈ្មោះជាអ្នកដែលរកឬខំបង្កើតឲ្យមានមេត្រីភាព? ឬមួយក៏ តើអ្នកដទៃចាត់ទុកយើងជាអ្នកដែលបង្ខូចមេត្រីភាពទៅវិញ? តើយើងពូកែឈ្លោះប្រកែកនិងទាស់ទែងគ្នាជាមួយបងប្អូនឯទៀត ព្រមទាំងរហ័សតូចចិត្តនិងធ្វើឲ្យអ្នកដទៃទើសចិត្តទេ? តើយើងជាមនុស្សមានះដែលមិនព្រមកែប្រែដើម្បីឲ្យស្របចិត្តគ្នា? ឬតើយើងមានចិត្តរាបទាប ហើយខំយកឈ្នះលើលក្ខណៈអាក្រក់ទៅវិញ? តើអ្នកដទៃចាត់ទុកយើងជាអ្នកដែលខំធ្វើអ្វីៗដោយមេត្រីភាព ទាំងអត់ទោសនិងបំភ្លេចកំហុសរបស់អ្នកដទៃភ្លាមៗទេ? ការពិនិត្យមើលលក្ខណៈពិតក្នុងចិត្តយើង អាចជួយយើងឲ្យយល់ច្បាស់ថា យើងត្រូវព្យាយាមច្រើនប៉ុណ្ណាទៀតដើម្បីបង្ហាញប្រាជ្ញាដែលមកពីស្ថានលើ។
១៩. តើអាកប្បកិរិយាបែបណាដែលសម្គាល់យើងជាអ្នកប្រព្រឹត្តដោយសម្លូត?
១៩ ក្នុងការពន្យល់អំពីលក្ខណៈដែលសមស្របនឹងប្រាជ្ញាពីស្ថានលើ យ៉ាកុបក៏បានសំដៅទៅលើការប្រព្រឹត្តដោយសម្លូតដែរ។ បើអ្នកដទៃចង់ធ្វើអ្វីដែលមិនប្រឆាំងនឹងគោលការណ៍ក្នុងគម្ពីរ តើយើងមានកេរ្ដិ៍ឈ្មោះជាអ្នកដែលបន្ទន់ចិត្តភ្លាម ដោយមិនប្រកាន់ទស្សនៈរបស់ខ្លួនទេ? តើអ្នកដទៃគិតថា យើងមានចិត្តស្លូតបូតហើយស្រួលទំនាក់ទំនងឬ? យ៉ាងនេះ យើងបង្ហាញថាយើងចេះប្រព្រឹត្តដោយសម្លូត។
២០. បើយើងមានលក្ខណៈដូចព្រះយេហូវ៉ា ស្របទៅតាមអ្វីដែលយើងទើបតែពិភាក្សា តើនឹងមានលទ្ធផលយ៉ាងណា?
២០ ពេលបងប្អូនរួមជំនឿខំបង្ហាញលក្ខណៈសម្បត្ដិកាន់តែដូចព្រះយេហូវ៉ាបេះបិទ សមស្របទៅតាមអ្វីដែលយ៉ាកុបបានសរសេរនោះ នេះពិតជាបណ្ដាលឲ្យមានស្ថានភាពដ៏ល្អអស្ចារ្យក្នុងក្រុមជំនុំរបស់យើងមែន! (ទំនុក. ១៣៣:១-៣) ពេលយើងបង្ហាញចិត្តសុភាព មានមេត្រីចិត្តនិងប្រព្រឹត្តដោយសម្លូតចំពោះគ្នា យើងនឹងរួបរួមគ្នាកាន់តែស្រួល ហើយនេះនឹងសឲ្យឃើញថា យើងពិតជាមាន«ប្រាជ្ញាដែលមកពីស្ថានលើ»។ ក្នុងអត្ថបទបន្ទាប់យើងនឹងពិនិត្យមើលថា បើយើងមានទស្សនៈដូចព្រះយេហូវ៉ាចំពោះអ្នកដទៃ នេះក៏ជួយយើងឲ្យមានចិត្តសុភាព មេត្រីចិត្តនិងប្រព្រឹត្តដោយសម្លូតថែមទៀតផង។
[កំណត់សម្គាល់]
a វគ្គមុននិងក្រោយបទគម្ពីរនេះបង្ហាញថា យ៉ាកុបកំពុងរៀបរាប់អំពីអ្នកចាស់ទុំដែលមានភារកិច្ចជា«គ្រូ»បង្រៀនក្នុងក្រុមជំនុំ។ (យ៉ា. ៣:១) ពួកអ្នកចាស់ទុំច្បាស់ជាត្រូវតាំងគំរូល្អក្នុងការបង្ហាញថាខ្លួនមានប្រាជ្ញាពីស្ថានលើ ប៉ុន្តែយើងរាល់គ្នាក៏អាចទាញយកមេរៀនពីឱវាទរបស់យ៉ាកុបដែរ។
តើអ្នកអាចពន្យល់បានទេ?
• តើអ្វីជួយគ្រិស្តសាសនិកឲ្យក្លាយទៅជាអ្នកដែលមានប្រាជ្ញា?
• តើអ្វីនឹងជួយយើងឲ្យមានប្រាជ្ញាដែលមកពីព្រះយេហូវ៉ា?
• បើគ្មាន«ប្រាជ្ញាដែលមកពីស្ថានលើ» តើអាចមានលក្ខណៈមិនល្អបែបណាខ្លះ?
• តើអ្នកមានបំណងសម្ដែងឲ្យបានកាន់តែច្រើនលក្ខណៈល្អអ្វីខ្លះ?
[រូបភាពនៅទំព័រ២៣]
តើអ្វីអាចបណ្ដាលឲ្យមានចិត្តឈ្នានីសនិងការឈ្លោះប្រកែកបាក់បែកគ្នាក្នុងក្រុមជំនុំ?
[រូបភាពនៅទំព័រ២៤]
តើយើងបដិសេធអំពើអាក្រក់ភ្លាមដោយស្វ័យប្រវត្ដិឬ?