ចូរឲ្យមានសុវត្ថិភាពជាផ្នែកនៃអង្គការរបស់ព្រះយេហូវ៉ា
«ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រកហើយមានសេចក្ដីសុខ»។—សុភាសិត ១៨:១០
១. ស្របតាមសេចក្ដីអធិស្ឋានរបស់ព្រះយេស៊ូ តើពួកគ្រីស្ទានមានស្ថានការណ៍ដ៏ពិបាកយ៉ាងណា?
បន្ដិចមុនទ្រង់បានសោយទិវង្គតទៅ នោះព្រះយេស៊ូបានអធិស្ឋានទៅព្រះវរបិតាស្ថានសួគ៌ សំរាប់ពួកអ្នកកាន់តាមរបស់ទ្រង់។ ដោយមានព្រះទ័យទុកដាក់ដ៏ជាទីស្រឡាញ់ នោះទ្រង់បានមានបន្ទូលថា៖ «ទូលបង្គំបានឲ្យព្រះបន្ទូលទ្រង់ដល់គេ ហើយលោកីយបានស្អប់គេ ពីព្រោះគេមិនមែនជារបស់លោកីយទេ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពីសេចក្ដីអាក្រក់វិញ»។ (យ៉ូហាន ១៧:១៤, ១៥) ព្រះយេស៊ូបានជ្រាបថា លោកីយ៍នេះនឹងជាកន្លែងដ៏មានគ្រោះថ្នាក់ចំពោះពួកគ្រីស្ទាន។ លោកីយ៍នេះនឹងស្អប់ពួកគេ ដោយនិយាយពាក្យភូតភរអំពីគេ ហើយធ្វើបៀតបៀនគេផង។ (ម៉ាថាយ ៥:១១, ១២; ១០:១៦, ១៧) លោកីយ៍នេះក៏នឹងជាប្រភពនៃការពុករលួយដែរ។—ធីម៉ូថេទី២ ៤:១០; យ៉ូហានទី១ ២:១៥, ១៦
២. តើពួកគ្រីស្ទានអាចរកទីសុវត្ថិភាពខាងវិញ្ញាណនៅកន្លែងណា?
២ សាវ័កយ៉ូហានបានមានប្រសាសន៍ថា លោកីយ៍ដែលនឹងត្រូវស្អប់ពួកគ្រីស្ទាន គឺជាពួកដែលឃ្លាតឆ្ងាយពីព្រះ ហើយជាពួកដែលនៅក្រោមអំណាចរបស់សាតាំង។ (យ៉ូហានទី១ ៥:១៩) លោកីយ៍នេះគឺធំជាងក្រុមជំនុំគ្រីស្ទានយ៉ាងច្រើនណាស់ ហើយសាតាំងក៏មានអំណាចខ្លាំងក្លាជាងមនុស្សទៅទៀត។ ដូច្នេះហើយ ការស្អប់ពីលោកីយ៍នេះ គឺជាការគំរាមកំហែងពិតមែន។ តើពួកអ្នកកាន់តាមព្រះយេស៊ូអាចរកសុវត្ថិភាពខាងវិញ្ញាណនៅកន្លែងណា? សេចក្ដីថ្លែងមួយនៅក្នុងទស្សនាវដ្ដីប៉មយាម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩២២ បានឲ្យយោបល់ជាចម្លើយថា៖ «ឥឡូវនេះយើងកំពុងតែនៅក្នុងសម័យដ៏អាក្រក់។ ការប្រយុទ្ធគឺកំពុងច្បាំងរវាងអង្គការរបស់សាតាំងនិងអង្គការរបស់ព្រះ។ នេះជាការប្រយុទ្ធដ៏ខ្លាំងសាហាវមួយ»។ ក្នុងការប្រយុទ្ធនេះ អង្គការរបស់ព្រះគឺជាកន្លែងដែលមានសុវត្ថិភាពខាងវិញ្ញាណ។ ពាក្យដែលថា «អង្គការ» គឺឥតមាននៅក្នុងព្រះគម្ពីរនោះទេ ហើយនៅក្នុងទសវត្សនៃឆ្នាំ១៩២០ «អង្គការរបស់ព្រះ»ជាសេចក្ដីមួយប្រយោគថ្មី។ បើអញ្ចឹង តើអង្គការនេះជាអ្វីទៅ? ហើយតើអង្គការនេះអាចនាំឲ្យមានការការពារយ៉ាងដូចម្ដេចដែរ?
អង្គការរបស់ព្រះយេហូវ៉ា
៣, ៤. (ក) យោងទៅតាមការបកស្រាយនៃវចនានុក្រមមួយនិងទស្សនាវដ្ដីប៉មយាម តើអង្គការជាអ្វីទៅ? (ខ) ក្នុងន័យយ៉ាងណា ដែលទំនាក់ទំនងអន្តរជាតិនៃស្មរបន្ទាល់ព្រះយេហូវ៉ាអាចហៅបានជាអង្គការមួយ?
៣ អង្គការមួយ គឺជា«គណៈរៀបរយមួយ» បើយោងទៅតាមវចនានុក្រមអុក្សហ្វដដ៏សង្ខេប។ ដោយគិតអំពីអត្ថន័យនេះ យើងយល់ថា ដោយព្រោះពួកសាវ័កបានរៀបចំពួកគ្រីស្ទានសតវត្សទីមួយ ឲ្យទៅជាក្រុមជំនុំក្នុងតំបន់ ដែលមានការមើលចាត់ចែងក្រោមគណៈអភិបាលនៅក្រុងយេរូសាឡិម នោះជាការត្រឹមត្រូវក្នុងការនិយាយអំពី‹បងប្អូនរួមជំនឿ› ជាអង្គការមួយ។ (ពេត្រុសទី១ ២:១៧) ស្មរបន្ទាល់ព្រះយេហូវ៉ាសព្វថ្ងៃនេះ ក៏មានរចនាសម្ព័ន្ធដ៏រៀបរយដូចនេះដែរ។ ឯកភាពនៃគណៈនោះក្នុងសតវត្សទីមួយ បានត្រូវពង្រឹងដោយ‹អំណោយទានជាមនុស្ស› ដូចជា‹អ្នកគង្វាលនិងគ្រូបង្រៀន›។ ពួកគេខ្លះក្នុងចំណោមទាំងនេះ បានធ្វើដំណើរពីក្រុមជំនុំមួយទៅក្រុមជំនុំមួយ កាលដែលអ្នកឯទៀតបានធ្វើជាអ្នកចាស់ទុំនៃក្រុមជំនុំក្នុងតំបន់នានា។ (អេភេសូរ ៤:៨, ១១, ១២; កិច្ចការ ២០:២៨) «អំណោយទាន»ស្រដៀងនេះ ក៏ពង្រឹងឯកភាពនៃស្មរបន្ទាល់ព្រះយេហូវ៉ាសព្វថ្ងៃនេះដែរ។
៤ ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩២២ បានចែងអំពីពាក្យ«អង្គការ» ថា៖ «អង្គការមួយគឺជាការរួបរួមគ្នានូវមនុស្សមួយចំនួន ដោយមានគោលបំណងសម្រេចផែនការណ៍ដែលបានគ្រោងទុកជាមុន»។ ប៉មយាមនេះ ក៏បន្តពន្យល់ថា ដោយហៅស្មរបន្ទាល់ព្រះយេហូវ៉ាជាអង្គការមួយ មិនបានធ្វើឲ្យគេជា«និកាយមួយ តាមន័យដែលបានត្រូវប្រើពាក្យនោះទេ ប៉ុន្តែនេះគ្រាន់តែមានន័យថា ពួកសិស្សព្រះគម្ពីរ[ស្មរបន្ទាល់ព្រះយេហូវ៉ា] គឺខំប្រឹងអនុវត្តតាមគោលបំណងរបស់ព្រះ ហើយធ្វើតាមអ្វីដែលព្រះអម្ចាស់ធ្វើទាំងអស់ តាមរបៀបរៀបរយ»។ (កូរិនថូសទី១ ១៤:៣៣) សាវ័កប៉ុលបានបង្ហាញថា ពួកគ្រីស្ទាននៅសម័យរបស់គាត់ ក៏បានប្រព្រឹត្តតាមរបៀបរៀបរយផងដែរ។ គាត់បានប្រៀបធៀបពួកគ្រីស្ទានចាក់ប្រេងតាំងទៅនឹងរូបកាយមនុស្ស ដែលមានអវយវៈជាច្រើន ដែលអវយវៈនិមួយៗបំពេញមុខនាទីរបស់វា ដើម្បីឲ្យរូបកាយអាចដើរឲ្យបានត្រឹមត្រូវ។ (កូរិនថូសទី១ ១២:១២-២៦) នេះជារឿងប្រៀបប្រដូចដ៏ប្រសើរមែនអំពីអង្គការមួយ! ហេតុអ្វីក៏ពួកគ្រីស្ទានបានត្រូវរៀបចំឡើង? ដើម្បីនឹងបំរើ«គោលបំណងរបស់ព្រះ» គឺធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ា។
៥. តើអ្វីទៅជាអង្គការដ៏មើលឃើញរបស់ព្រះ?
៥ ព្រះគម្ពីរបានទាយប្រាប់ថា ពួកគ្រីស្ទានពិតសព្វថ្ងៃនេះ នឹងបានត្រូវរួបរួមគ្នា ឲ្យបានជា«ស្រុក» ជា‹សាសន៍›មួយ ដែលគេនឹងត្រូវ«ដូចជាតួពន្លឺនៅក្នុងលោក»។ (អេសាយ ៦៦:៨; ភីលីព ២:១៥) ‹សាសន៍›ដែលបានរៀបចំឡើងនេះ មានចំនួនជាងប្រាំលានប្រាំសែននាក់ទៅហើយ។ (អេសាយ ៦០:៨-១០, ២២) យ៉ាងណាក៏ដោយ នេះមិនមែនជាទំហំដ៏ធំបំផុតនៃអង្គការរបស់ព្រះនោះទេ។ ពួកទេវតាក៏មានចំណែកក្នុងអង្គការនេះដែរ។
៦. ក្នុងន័យដ៏ទូលំទូលាយ តើអង្គការរបស់ព្រះបង្រួបបង្រួមអ្នកណាខ្លះ?
៦ គឺមានករណីជាច្រើនដែលថាពួកទេវតាធ្វើការជាមួយនឹងមនុស្ស ដែលជាអ្នកបំរើរបស់ព្រះ។ (លោកុប្បត្តិ ២៨:១២; ដានីយ៉ែល ១០:១២-១៤; ១២:១; ហេព្រើរ ១:១៣, ១៤; វិវរណៈ ១៤:១៤-១៦) ដូច្នេះ ដែលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩២៥ បានចែងយ៉ាងត្រឹមត្រូវថា៖ «ពួកទេវតាដ៏បរិសុទ្ធទាំងអស់មានចំណែកក្នុងអង្គការរបស់ព្រះ»។ បន្ថែមទៀតនោះ ប៉មយាមនេះចែងថា៖ «ឯសិរសានៃអង្គការរបស់ព្រះ [គឺ]ព្រះយេស៊ូគ្រីស្ទជាព្រះអម្ចាស់ ដែលមានគ្រប់ព្រះចេស្ដានិងអំណាច»។ (ម៉ាថាយ ២៨:១៨) ដូច្នេះ ក្នុងន័យដ៏ទូលំទូលាយ អង្គការរបស់ព្រះគឺបានត្រូវបង្រួបបង្រួមពួកអ្នកទាំងអស់នៅក្នុងស្ថានសួគ៌ ហើយនិងពួកនៅលើផែនដី ដែលរួមដៃគ្នាក្នុងការធ្វើតាមព្រះហឫទ័យរបស់ព្រះ។ (សូមមើលប្រអប់) គឺជាឯកសិទ្ធិដ៏អស្ចារ្យមែនក្នុងការមានចំណែកក្នុងរឿងនេះ! ហើយជាអំណរមែនក្នុងការទន្ទឹងមើលទៅគ្រា នៅពេលដែលសត្តនិករទាំងអស់ ដែលនៅស្ថានសួគ៌និងនៅលើផែនដីនេះ នឹងបានត្រូវចាត់តាំងឡើងឲ្យសរសើរដំកើងព្រះយេហូវ៉ាដោយមានឯកភាពនោះ! (វិវរណៈ ៥:១៣, ១៤) ប៉ុន្តែ តើអ្វីទៅដែលជាការការពារដែលអង្គការរបស់ព្រះផ្ដល់ឲ្យសព្វថ្ងៃនេះ?
បានត្រូវការពារក្នុងអង្គការរបស់ព្រះ—តាមរបៀបណា?
៧. តើតាមរបៀបណាដែលអង្គការរបស់ព្រះការពារយើងនោះ?
៧ អង្គការរបស់ព្រះអាចជួយការពារយើងពីសាតាំងនិងពីកលល្បិចទាំងឡាយរបស់វា។ (អេភេសូរ ៦:១១) សាតាំងវាបង្ខិតបង្ខំ បៀតបៀន និងល្បួងពួកអ្នកថ្វាយបង្គំរបស់ព្រះយេហូវ៉ា ដោយមានគោលដៅតែមួយប៉ុណ្ណោះ គឺ៖ ដើម្បីយកគេចេញពី‹ផ្លូវដែលគេគួរដើរ›។ (អេសាយ ៤៨:១៧; ប្រៀបធៀប ម៉ាថាយ ៤:១-១១) យើងមិនអាចជៀសវាងយ៉ាងសព្វគ្រប់បាន ពីការវាយលុករបស់វាក្នុងរបបសម័យនេះឡើយ។ ប៉ុន្តែ ការទាក់ទងដ៏ជិតសិទ្ធជាមួយនឹងព្រះ ហើយជាមួយនឹងអង្គការរបស់ទ្រង់ នោះនឹងពង្រឹងហើយការពារយើង ហើយនេះនឹងជួយយើងឲ្យរក្សានៅក្នុង«ផ្លូវ»។ ជាលទ្ធផល យើងនឹងមិនបាត់បង់នូវសេចក្ដីសង្ឃឹមរបស់យើងឡើយ។
៨. តើតាមរបៀបណាដែលអង្គការដ៏មើលមិនឃើញរបស់ព្រះយេហូវ៉ា គាំទ្រពួកអ្នកបំរើរបស់ទ្រង់នៅលើផែនដី?
៨ តើតាមរបៀបណាដែលអង្គការរបស់ព្រះផ្ដល់ឲ្យនូវការការពារនេះ? នៅដើមដំបូង យើងមានការគាំទ្រពីពួកអ្នកបំរើរបស់ព្រះយេហូវ៉ា ដែលជាបុគ្គលវិញ្ញាណ។ នៅពេលដែលព្រះយេស៊ូបានមានការពិបាកយ៉ាងខ្លាំង នោះមានទេវតាមួយរូបលេចមកជួយទ្រង់។ (លូកា ២២:៤៣) ពេលមានគ្រោះថ្នាក់ដល់ជីវិត នោះពេត្រុសបានត្រូវសង្គ្រោះយ៉ាងអព្ភូតដោយទេវតាមួយរូប។ (កិច្ចការ ១២:៦-១១) ថ្វីបើសព្វថ្ងៃនេះឥតមានអព្ភូតហេតុបែបនេះក៏ដោយ រាស្ត្ររបស់ព្រះយេហូវ៉ាបានត្រូវសន្យាថានឹងមានការគាំទ្រពីពួកទេវតា ក្នុងសកម្មភាពផ្សាយរបស់គេ។ (វិវរណៈ ១៤:៦, ៧) នៅពេលដែលជួបប្រទះនឹងស្ថានការណ៍ដ៏ពិបាកមួយ គេតែងតែមានកម្លាំងដ៏លើសលប់។ (កូរិនថូសទី២ ៤:៧) ម្យ៉ាងវិញទៀត គេក៏ដឹងថា«ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច»។—ទំនុកដំកើង ៣៤:៧
៩, ១០. តើអាចនិយាយថា«ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន»យ៉ាងដូចម្ដេចបាន ហើយតើគោលការណ៍នេះទាក់ទងដល់អង្គការរបស់ព្រះទាំងមូលយ៉ាងដូចម្ដេច?
៩ អង្គការដ៏មើលឃើញរបស់ព្រះយេហូវ៉ាក៏ជាការការពារដែរ។ តើតាមរបៀបណា? នៅសុភាសិត ១៨:១០ យើងអានថា៖ «ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ»។ នេះមិនមានសេចក្ដីថា ការគ្រាន់តែសូត្រព្រះនាមរបស់ព្រះម្ដងហើយម្ដងទៀត នឹងទទួលនូវការការពារនោះឡើយ។ ផ្ទុយទៅវិញ ដែលយើងចូលទៅពឹងជ្រកក្នុងព្រះនាមរបស់ព្រះ នោះបង្ហាញថាយើងទុកចិត្តលើព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់។ (ទំនុកដំកើង ២០:១; ១២២:៤) នេះមានសេចក្ដីថា ត្រូវគាំទ្រនូវអធិបតេយ្យភាពរបស់ទ្រង់ និងលើកដំកើងក្រិត្យវិន័យនិងគោលការណ៍របស់ទ្រង់ ហើយមានជំនឿលើសេចក្ដីសន្យាទាំងឡាយរបស់ទ្រង់។ (ទំនុកដំកើង ៨:១-៩; អេសាយ ៥០:១០; ហេព្រើរ ១១:៦) នេះរួមបញ្ចូលការថ្វាយដល់ព្រះយេហូវ៉ានូវភក្ដីភាពដាច់មុខ។ មានតែអស់អ្នកដែលថ្វាយបង្គំព្រះយេហូវ៉ាតាមរបៀបនេះទេ ដែលអាចនិយាយដូចអ្នកតែងទំនុកដំកើង ដែលថា៖ «ដ្បិតចិត្តយើងខ្ញុំនឹងរីករាយឡើងក្នុង[ព្រះយេហូវ៉ា] ពីព្រោះយើងខ្ញុំបានទុកចិត្តដល់ព្រះនាមបរិសុទ្ធរបស់ទ្រង់ហើយ»។—ទំនុកដំកើង ៣៣:២១; ១២៤:៨
១០ ឥឡូវនេះ អស់អ្នកដែលនៅក្នុងអង្គការដ៏មើលឃើញរបស់ព្រះ មានប្រសាសន៍ដូចមីកាដែរថា៖ «យើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅវិញ»។ (មីកា ៤:៥) អង្គការរបស់ព្រះនៅសម័យទំនើបនេះ បានត្រូវប្រមូលឲ្យនៅជិត‹អ៊ីស្រាអែលនៃព្រះ› ដែលបានត្រូវហៅក្នុងព្រះគម្ពីរជា«រាស្ត្រ១ពួក . . . ទុកសំរាប់ព្រះនាមទ្រង់»។ (កាឡាទី ៦:១៦; កិច្ចការ ១៥:១៤; អេសាយ ៤៣:៦, ៧; ពេត្រុសទី១ ២:១៧) ដូច្នេះហើយ ឲ្យបានមានចំណែកក្នុងអង្គការរបស់ព្រះយេហូវ៉ា មានសេចក្ដីថាឲ្យមានចំណែកជារាស្ត្រដែលស្វែងរក និងទទួលការការពារក្នុងព្រះនាមរបស់ព្រះ។
១១. តើតាមរបៀបដ៏ជាក់លាក់ណាដែលអង្គការរបស់ព្រះយេហូវ៉ា ផ្ដល់ការការពារសំរាប់អស់អ្នកដែលមានចំណែកក្នុងនោះ?
១១ ថែមពីនេះទៀត អង្គការដ៏មើលឃើញរបស់ព្រះ ជាសមាគមនៃជំនឿ ជាការរួបរួមនៃពួកអ្នកជឿគ្នីគ្នា ដែលកំសាន្តនិងលើកទឹកចិត្តគ្នាទៅវិញទៅមក។ (សុភាសិត ១៣:២០; រ៉ូម ១:១២) នេះជាកន្លែងដែលពួកអ្នកគង្វាលគ្រីស្ទានមើលថែរក្សាចៀម លើកទឹកចិត្តអ្នកឈឺនិងអ្នកដែលបានថយកម្លាំងចិត្ត ហើយខំជួយពួកអ្នកដែលបានដួលឲ្យបានដូចដើមវិញ។ (អេសាយ ៣២:១, ២; ពេត្រុសទី១ ៥:២-៤) ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ផ្ដល់នូវ«អាហារ . . . តាមត្រូវពេល» តាមខ្សែរយៈអង្គការនេះ។ (ម៉ាថាយ ២៤:៤៥) «អ្នកបំរើ»នោះផ្ដល់នូវអាហារខាងវិញ្ញាណដ៏ល្អប្រសើរ ដែលជាចំណេះត្រឹមត្រូវ ដែលមានមូលដ្ឋានពីព្រះគម្ពីរ ដែលអាចនាំទៅដល់ជីវិតដ៏អស់កល្បជានិច្ច។ (យ៉ូហាន ១៧:៣) ដោយសារមានការដឹកនាំពី«អ្នកបំរើ»នេះ ពួកគ្រីស្ទានទាំងឡាយបានត្រូវជួយឲ្យរក្សាក្បួនខ្នាតសីលធម៌ខ្ពង់ខ្ពស់ ហើយឲ្យ«ឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាប» ក្នុងបរិយាកាសដ៏គ្រោះថ្នាក់ដែលមាននៅជុំវិញគេ។ (ម៉ាថាយ ១០:១៦) ហើយគេបានត្រូវទទួលជំនួយជានិច្ចឲ្យ«ធ្វើការព្រះអម្ចាស់ ឲ្យបរិបូរ» ជាកិច្ចការដែលការពារយ៉ាងខ្លាំងក្លា។—កូរិនថូសទី១ ១៥:៥៨
តើអ្នកណាដែលមានចំណែកក្នុងអង្គការរបស់ព្រះ?
១២. តើអ្នកណាដែលបានត្រូវសម្គាល់ជាផ្នែកក្នុងអង្គការរបស់ព្រះនៅស្ថានសួគ៌?
១២ ដោយព្រោះការការពារនេះ គឺមានសំរាប់អស់អ្នកដែលមានចំណែកក្នុងអង្គការរបស់ព្រះ តើរួមបញ្ចូលអ្នកណាខ្លះទៅ? រីឯអង្គការនៅស្ថានសួគ៌ នោះគ្មានការសង្ស័យទេ។ សាតាំងនិងពួកទេវតារបស់វាគឺលែងនៅស្ថានសួគ៌ទៀតហើយ។ ផ្ទុយទៅវិញ ពួកទេវតាដ៏ស្មោះត្រង់ទាំងឡាយគឺនៅទីនោះ នៅឯ«ទីប្រជុំ»។ សាវ័កយ៉ូហានបានឃើញថា ក្នុងកំឡុងថ្ងៃជាន់ក្រោយបង្អស់ នោះ«កូនចៀម» ពួកចេរូប៊ីន (សត្តនិករបួនតួដែលមានជីវិត) និង«ទេវតាជាច្រើន» នឹងនៅជិតបល្ល័ង្ករបស់ព្រះ។ ហើយពួកចាស់ទុំ២៤នាក់ក៏នៅជាមួយគេដែរ ដែលតំណាងពួកគ្រីស្ទានចាក់ប្រេងតាំង ដែលបានទទួលនូវមរតកដ៏រុងរឿងរបស់គេនៅស្ថានសួគ៌ហើយ។ (ហេព្រើរ ១២:២២, ២៣; វិវរណៈ ៥:៦, ១១; ១២:៧-១២) យ៉ាងច្បាស់ណាស់ ពួកទាំងអស់នេះមានចំណែកក្នុងអង្គការរបស់ព្រះ។ ប៉ុន្តែ ក្នុងចំណោមមនុស្សវិញ រឿងនេះគឺមិនស្រួលឃើញច្បាស់លាស់នោះទេ។
១៣. តើតាមរបៀបណាដែលព្រះយេស៊ូបានសម្គាល់អស់អ្នក ដែលមានចំណែកក្នុងអង្គការរបស់ព្រះ និងពួកអ្នកដែលឥតមានចំណែកនោះ?
១៣ ព្រះយេស៊ូបានមានបន្ទូលថា នឹងមានអ្នកខ្លះដែលអះអាងថាគេដើរតាមទ្រង់៖ «នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ‹ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនូវព្រះនាមទ្រង់ទេឬអី›? នោះខ្ញុំនឹងនិយាយដោយត្រង់ថា ‹អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ›»។ (ម៉ាថាយ ៧:២២, ២៣) ប្រសិនបើមនុស្សណាម្នាក់ជាអ្នកទទឹងច្បាប់ នោះគាត់ច្បាស់ជាមិនមានចំណែកក្នុងអង្គការរបស់ព្រះទេ ទោះជាគាត់អះអាងយ៉ាងណា ហើយទៅថ្វាយបង្គំនៅកន្លែងណាក៏ដោយ។ ព្រះយេស៊ូក៏បានបង្ហាញនូវរបៀបដែលអាចសម្គាល់ថាតើអ្នកណាគឺមានចំណែកក្នុងអង្គការរបស់ព្រះដែរ។ ទ្រង់បានមានបន្ទូលថា៖ «មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ‹ឱព្រះអម្ចាស់ៗអើយ› ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ»។—ម៉ាថាយ ៧:២១
១៤. តើអ្វីជាលក្ខណៈនៃបំណងព្រះហឫទ័យរបស់ព្រះ ដែលបានត្រូវសម្គាល់ជាកាតព្វកិច្ចលើអស់អ្នកដែលមានចំណែកក្នុងអង្គការរបស់ព្រះ?
១៤ ដូច្នេះ ឲ្យបានមានចំណែកក្នុងអង្គការរបស់ព្រះ ដែល‹ព្រះរាជាណាចក្រនៅស្ថានសួគ៌›ជាទីសំខាន់បំផុត នោះបុគ្គលម្នាក់ត្រូវតែធ្វើតាមព្រះហឫទ័យរបស់ព្រះវិញ។ តើបំណងព្រះហឫទ័យរបស់ទ្រង់ជាអ្វីទៅ? ប៉ុលបានសម្គាល់ប្រាប់នូវលក្ខណៈដ៏សំខាន់មួយនៃបំណងព្រះហឫទ័យរបស់ព្រះ កាលដែលគាត់មានប្រសាសន៍ថា៖ «ទ្រង់សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៤) ប្រសិនបើបុគ្គលម្នាក់ពិតជាស្វែងរកចំណេះត្រឹមត្រូវពីព្រះគម្ពីរ ដើម្បីអនុវត្តតាមក្នុងជីវិតរបស់គាត់ ហើយដើម្បីឲ្យចែកដល់«មនុស្សទាំងអស់» នោះគាត់កំពុងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះហើយ។ (ម៉ាថាយ ២៨:១៩, ២០; រ៉ូម ១០:១៣-១៥) ហើយក៏ជាបំណងព្រះហឫទ័យរបស់ព្រះដែរ ដែលចៀមរបស់ព្រះយេហូវ៉ាបានត្រូវឲ្យបំប៉ននិងមើលថែរក្សានោះ។ (យ៉ូហាន ២១:១៥-១៧) ការប្រជុំគ្រីស្ទានមានមុខនាទីដ៏សំខាន់ក្នុងរឿងនេះ។ បុគ្គលម្នាក់ដែលមានសេរីភាពដើម្បីទៅការប្រជុំបែបនេះ ប៉ុន្តែបែរជាឥតទៅវិញនោះ គឺឥតមានការអបអរនឹងចំណែករបស់គាត់ក្នុងអង្គការរបស់ព្រះ។—ហេព្រើរ ១០:២៣-២៥
មិត្តភាពជាមួយលោកីយ៍នេះ
១៥. តើការព្រមានអ្វីដែលយ៉ាកុបបានឲ្យក្រុមជំនុំទាំងឡាយក្នុងសម័យរបស់គាត់?
១៥ ប្រមាណ៣០ឆ្នាំក្រោយពីព្រះយេស៊ូបានសោយទិវង្គតទៅ នោះយ៉ាកុបដែលជាប្អូនខាងម្ដាយរបស់គាត់ បានសម្គាល់នូវលក្ខណៈខ្លះទៀត ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ចំណែករបស់បុគ្គលម្នាក់នៅក្នុងអង្គការរបស់ព្រះ។ គាត់បានសរសេរថា៖ «ឱពួកកំផិតទាំងប្រុសទាំងស្រីអើយ តើមិនដឹងទេឬអីថា ដែលស្រឡាញ់ដល់លោកីយ នោះគឺជាស្អប់ដល់ព្រះហើយ ដូច្នេះ អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្តសំឡាញ់នឹងលោកីយ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ»។ (យ៉ាកុប ៤:៤) ជាខ្មាំងសត្រូវនឹងព្រះ គឺប្រាកដជាឥតមានចំណែកក្នុងអង្គការរបស់ទ្រង់ឡើយ។ បើអញ្ចឹង តើមិត្តភាពជាមួយនឹងលោកីយ៍នេះជាអ្វីទៅ? គឺបានត្រូវពន្យល់មក ថាមានសណ្ឋានផ្សេងៗ ដូចជាការបណ្ដុះបណ្ដាល ឬក៏ក្លាយទៅជាទាក់ទងនឹងការសេពគប់ដ៏អាក្រក់។ បន្ថែមទៀតនោះ យ៉ាកុបបានសំដៅទៅលើអ្វីមួយដ៏ចំៗតែម្ដង គឺចិត្តគំនិតដ៏ជាខុស—ដែលអាចនាំឲ្យមានចរិយាដ៏ឥតត្រឹមត្រូវ។
១៦. តើអ្វីជាបរិបទនៃការព្រមានរបស់យ៉ាកុប ដែលថាមិត្តភាពជាមួយលោកីយ៍នេះជាខ្មាំងសត្រូវនឹងព្រះវិញ?
១៦ នៅយ៉ាកុប ៤:១-៣ យើងអានថា៖ «ឯសេចក្ដីទាស់ទែង នឹងសេចក្ដីឈ្លោះប្រកែក ក្នុងពួកអ្នករាល់គ្នា នោះមកពីណា តើមិនមែនមកពីសេចក្ដីសំរើប ដែលច្បាំងក្នុងអវយវៈរបស់អ្នករាល់គ្នាទេឬអី អ្នករាល់គ្នាសង្វាតចង់បាន តែមិនបានទេ អ្នករាល់គ្នាសំឡាប់គេ ហើយមានចិត្តច្រណែន តែពុំអាចនឹងបានឡើយ ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា តែមិនបានអ្វីសោះ ពីព្រោះមិនសូម អ្នករាល់គ្នាក៏សូមដែរ តែមិនបានទេ ដ្បិតសេចក្ដីសំណូមនោះបែបអាក្រក់ សំរាប់នឹងចាយបំពេញសេចក្ដីសំរើបរបស់អ្នករាល់គ្នាវិញ»។ គឺក្រោយពីបានសរសេរពាក្យទាំងនេះហើយ ដែលយ៉ាកុបបានព្រមានអំពីមិត្តភាពជាមួយនឹងលោកីយ៍នេះ។
១៧. តើតាមរបៀបណាដែលមាន«សេចក្ដីទាស់ទែង» និង«សេចក្ដីឈ្លោះប្រកែក» ក្នុងក្រុមជំនុំគ្រីស្ទាននៅសតវត្សទីមួយ?
១៧ ជាច្រើនសតវត្សក្រោយពីយ៉ាកុបបានស្លាប់ហើយ នោះពួកគ្រីស្ទានមិនពិតបានច្បាំងគ្នា ហើយបានសម្លាប់គ្នាទៅវិញទៅមកមែនទែនតែម្ដង។ ប៉ុន្តែ យ៉ាកុបបានសរសេរទៅពួកសមាជិកនៃ‹អ៊ីស្រាអែលនៃព្រះ›ក្នុងសតវត្សទីមួយ ដែលនឹងជា‹សង្ឃនិងស្តេច›នៅស្ថានសួគ៌នោះ។ (វិវរណៈ ២០:៦) ពួកគេមិនបានសម្លាប់គ្នាក្នុងការច្បាំងដ៏មែនទែននោះទេ។ ដូច្នេះ ហេតុអ្វីក៏យ៉ាកុបនិយាយអំពីរឿងបែបនេះក្នុងចំណោមពួកគ្រីស្ទាននោះ? សាវ័កយ៉ូហានបានហៅមនុស្សណាម្នាក់ដែលស្អប់បងប្អូនរបស់ខ្លួន ថាជាអ្នកសម្លាប់គេ។ ហើយប៉ុលបាននិយាយអំពីការទាស់ទែងគ្នាខាងបុគ្គលិកលក្ខណៈ និងការគុំគួនគ្នាក្នុងក្រុមជំនុំ ជា«សេចក្ដីឈ្លោះប្រកែក» និង«សេចក្ដីជជែក»។ (ទីតុស ៣:៩; ធីម៉ូថេទី២ ២:១៤; យ៉ូហានទី១ ៣:១៥-១៧) យល់ស្របនឹងគំនិតនេះ យ៉ាកុបច្បាស់ជាចង់មានប្រសាសន៍អំពីការឥតស្រឡាញ់ពួកគ្រីស្ទានគ្នីគ្នា។ ក្នុងចំណោមពួកគេ ពួកគ្រីស្ទានបានប្រស្រ័យទាក់ទងនឹងគ្នា តាមរបៀបដូចពួកក្នុងលោកីយ៍ប្រព្រឹត្តនឹងគ្នានោះដែរ។
១៨. តើអ្វីដែលអាចនាំឲ្យមានការប្រព្រឹត្ត និងអារម្មណ៍ដ៏ឥតស្រឡាញ់ក្នុងចំណោមពួកគ្រីស្ទាន?
១៨ ហេតុអ្វីក៏រឿងបែបនេះបានកើតឡើងនៅក្នុងក្រុមជំនុំគ្រីស្ទាន? នេះគឺពីព្រោះមានអាកប្បកិរិយាដ៏ខុស ដូចជាការច្រណែនលោភចង់បាន ហើយ‹ចិត្តស្រើបស្រាល›។ ចិត្តមានះ សេចក្ដីច្រណែន និងមហិច្ឆតា ក៏អាចធ្វើឲ្យបាក់បែកនូវទំនាក់ទំនងដោយសេចក្ដីស្រឡាញ់ជាគ្រីស្ទានក្នុងក្រុមជំនុំដែរ។ (យ៉ាកុប ៣:៦, ១៤) អាកប្បកិរិយាបែបនេះក៏អាចធ្វើឲ្យបុគ្គលម្នាក់ទៅជាមិត្តនៃលោកីយ៍នេះ ដែលជាលទ្ធផលគឺជាខ្មាំងសត្រូវរបស់ព្រះវិញ។ គ្មានអ្នកណាម្នាក់ដែលរក្សាទុកអាកប្បកិរិយាបែបនេះ អាចនៅមានចំណែកក្នុងអង្គការរបស់ព្រះឡើយ។
១៩. (ក) តើត្រូវបន្ទោសអ្នកណាជាងគេ ប្រសិនបើគ្រីស្ទានម្នាក់ឃើញថា គំនិតខុសកំពុងចាក់ឫសក្នុងចិត្តរបស់គាត់នោះ? (ខ) តើតាមរបៀបណាដែលគ្រីស្ទានម្នាក់មានជ័យជំនះលើគំនិតខុស?
១៩ តើយើងអាចបន្ទោសអ្នកណា ប្រសិនបើយើងឃើញថាគំនិតខុស កំពុងចាក់ឫសក្នុងចិត្តរបស់យើងនោះ? តើត្រូវបន្ទោសសាតាំងឬ? មែនហើយ សាតាំងត្រូវទទួលកំហុសមួយកំរិត។ វាជា«មេគ្រប់គ្រងរាជ្យលើអាកាស»នៃលោកីយ៍នេះ ដែលមានអាកប្បកិរិយាបែបនេះពាសពេញ។ (អេភេសូរ ២:១, ២; ទីតុស ២:១២) ប៉ុន្តែ ជាធម្មតាឫសនៃគំនិតខុស គឺនៅក្នុងខ្លួនដ៏ឥតគ្រប់ល័ក្ខណ៍របស់យើងវិញ។ ក្រោយពីបានព្រមានអំពីការចងមិត្តភាពជាមួយនឹងលោកីយ៍នេះ យ៉ាកុបបានសរសេរថា៖ «តើអ្នករាល់គ្នាស្មានថា គម្ពីរសំដែងចេញជាឥតប្រយោជន៍ឬអី រីឯព្រះវិញ្ញាណដែលបានសណ្ឋិតនៅក្នុងយើង ទ្រង់រំឭកដល់យើង ដោយមានព្រះហឫទ័យប្រចណ្ឌ»។ (យ៉ាកុប ៤:៥) យើងគ្រប់គ្នាមានចិត្តទោរទន់ធ្វើខុសពីកំណើតមក។ (លោកុប្បត្តិ ៨:២១; រ៉ូម ៧:១៨-២០) ប៉ុន្តែ យើងអាចតទល់នឹងចិត្តទោរទន់នេះ ប្រសិនបើយើងសារភាពអំពីភាពទន់ខ្សោយរបស់យើង ហើយទុកចិត្តលើជំនួយរបស់ព្រះយេហូវ៉ាឲ្យមានជ័យជំនះលើនោះ។ យ៉ាកុបមានប្រសាសន៍ថា៖ «ទ្រង់ផ្ដល់ព្រះគុណមកកាន់តែខ្លាំង[ជាងការទោរទន់តាមចិត្តច្រណែនដែលមានពីកំណើតនោះទៀត]»។ (យ៉ាកុប ៤:៦) ដោយសារជំនួយពីវិញ្ញាណបរិសុទ្ធរបស់ព្រះ និងការគាំទ្រពីបងប្អូនគ្រីស្ទានដ៏ស្មោះត្រង់ ហើយតាមរយៈប្រយោជន៍ពីយញ្ញបូជាលោះរបស់ព្រះយេស៊ូ នោះពួកគ្រីស្ទានដ៏ស្មោះត្រង់មានជ័យជំនះលើភាពទន់ខ្សោយខាងសាច់ឈាមរបស់គេ។ (រ៉ូម ៧:២៤, ២៥) ពួកគេមានសុវត្ថិភាពក្នុងអង្គការរបស់ព្រះ ជាមិត្តរបស់ទ្រង់ មិនមែនមិត្តរបស់លោកីយ៍នេះទេ។
២០. តើពរដ៏វិសេសណាដែលនឹងបានទទួលដោយអស់អ្នក ដែលមានចំណែកក្នុងអង្គការរបស់ព្រះ?
២០ ព្រះគម្ពីរសន្យាថា៖ «ព្រះយេហូវ៉ាទ្រង់នឹងចំរើនកំឡាំងដល់រាស្ត្រទ្រង់ ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់រាស្ត្រទ្រង់ ឲ្យបានសេចក្ដីសុខសាន្តត្រាណ»។ (ទំនុកដំកើង ២៩:១១) ប្រសិនបើយើងពិតជាមានចំណែកក្នុង«សាសន៍»របស់ព្រះយេហូវ៉ានៅសម័យនេះមែន ដែលជាអង្គការដ៏មើលឃើញរបស់ទ្រង់ នោះយើងនឹងបានកម្លាំងដែលទ្រង់ប្រទានឲ្យ ហើយនឹងទទួលការសុខសាន្ត ជាពរដែលទ្រង់ប្រទានឲ្យរាស្ត្ររបស់ទ្រង់នោះ។ ពិតហើយ លោកីយ៍របស់សាតាំងគឺធំជាងអង្គការដ៏មើលឃើញរបស់ព្រះយេហូវ៉ាឆ្ងាយណាស់ ហើយសាតាំងក៏មានកម្លាំងខ្លាំងជាងយើងដែរ។ ប៉ុន្តែព្រះយេហូវ៉ាជាព្រះដ៏មានព្រះចេស្ដាបំផុត។ សកម្មពលរបស់ទ្រង់គឺមិនចេះចាញ់ទេ។ ពួកទេវតាដ៏ខ្លាំងក្លារបស់ទ្រង់ក៏រួមដៃជាមួយយើងក្នុងការបំរើព្រះដែរ។ ដូច្នេះ ទោះជាយើងមានជួបប្រទះនឹងការស្អប់ក៏ដោយ នោះយើងអាចឈរយ៉ាងមុតមាំបាន។ ដូចព្រះយេស៊ូ យើងក៏អាចមានជ័យជំនះលើលោកីយ៍នេះដែរ។—យ៉ូហាន ១៦:៣៣; យ៉ូហានទី១ ៤:៤
តើអ្នកអាចពន្យល់បានទេ?
◻ តើអង្គការដ៏មើលឃើញរបស់ព្រះជាអ្វីទៅ?
◻ តើតាមរបៀបណាដែលអង្គការរបស់ព្រះផ្ដល់នូវការការពារនោះ?
◻ តើអ្នកណាដែលមានចំណែកក្នុងអង្គការរបស់ព្រះ?
◻ តើតាមរបៀបណាដែលយើងអាចជៀសវាងពីការធ្វើជាមិត្តនៃលោកីយ៍នេះ?
[ប្រអប់នៅទំព័រ៩]
តើអង្គការរបស់ព្រះជាអ្វី?
ក្នុងប្រកាសវត្ថុរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា ឃ្លាដែលថា«អង្គការរបស់ព្រះ» គឺបានត្រូវប្រើក្នុងរបៀបបីយ៉ាង។
១ អង្គការនៅស្ថានសួគ៌ដ៏មើលមិនឃើញរបស់ព្រះយេហូវ៉ា គឺបង្រួបបង្រួមពួកសត្តនិករវិញ្ញាណដ៏ស្មោះត្រង់។ នៅក្នុងព្រះគម្ពីរ នេះគឺបានត្រូវហៅជា«ក្រុងយេរូសាឡិម ដែលនៅស្ថានលើ»។—កាឡាទី ៤:២៦
២ អង្គការដ៏មើលឃើញរបស់ព្រះយេហូវ៉ាដែលរួមមនុស្សលោក។ សព្វថ្ងៃនេះ គឺពួកសំណល់នៃពួកអ្នកចាក់ប្រេងតាំង ហើយពួកហ្វូងធំក៏ចូលរួមជាមួយនឹងពួកគេដែរ។
៣ អង្គការសកលលោករបស់ព្រះយេហូវ៉ា។ សព្វថ្ងៃនេះ គឺរួមបញ្ចូលអង្គការនៅស្ថានសួគ៌របស់ព្រះយេហូវ៉ា ព្រមទាំងពួកកូនចិញ្ចឹមចាក់ប្រេងតាំង ដែលនៅផែនដី ដែលមានសេចក្ដីសង្ឃឹមខាងវិញ្ញាណ។ នៅពេលក្រោយមក នេះក៏នឹងរួមបញ្ចូលពួកមនុស្សគ្រប់ល័ក្ខណ៍នៅលើផែនដីដែរ។
[រូបភាពនៅទំព័រ១០]
អាហារខាងវិញ្ញាណដ៏ប្រសើរបំផុតគឺបានត្រូវផ្ដល់មកតាមរយៈអង្គការរបស់ព្រះយេហូវ៉ា