«ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក»
«ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមកទុកដូចជាបងប្អូនបង្កើត»។—រ៉ូម ១២:១០, ខ.ស.
១, ២. តើសាវ័កប៉ុលក៏ដូចជាបងប្រុសម្នាក់ដែលបំរើជាសាសនទូតនៅសម័យនេះ មានចំណងមិត្តភាពបែបណាជាមួយនឹងបងប្អូនខាងវិញ្ញាណ?
ដាន់បំរើជាសាសនទូតអស់៤៣ឆ្នាំនៅអាស៊ី ហើយត្រូវគេស្គាល់ជាមនុស្សដែលបង្ហាញភាពកក់ក្ដៅដល់អស់អ្នកដែលគាត់បំរើ។ កាលដែលគាត់កំពុងស៊ូទ្រាំនឹងជំងឺដែលអាចធ្វើឲ្យគាត់ស្លាប់ នោះសិស្សព្រះគម្ពីរខ្លះដែលគាត់ធ្លាប់សិក្សាជាមួយបានធ្វើដំណើររាប់ពាន់គីឡូម៉ែត្រដើម្បីមកជំរាបគាត់ថា៖ «ខាមសាហាមនីដា ខាមសាហាមនីដា!» ដែលភាសាកូរ៉េមានន័យថា «យើងសូមអរគុណ យើងសូមអរគុណ!»។ ការបង្ហាញសេចក្ដីស្រឡាញ់របស់បងដាន់ដែលផ្ដល់នូវភាពកក់ក្ដៅនោះបានមានឥទ្ធិពលលើចិត្តរបស់ពួកគេ។
២ ឧទាហរណ៍ដូចនេះគឺមានជាច្រើន។ នៅសតវត្សរ៍ទីមួយ សាវ័កប៉ុលបានសម្ដែងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះអស់អ្នកដែលគាត់ស្រឡាញ់។ ប៉ុលបានធ្វើពលិកម្មជាច្រើនមែន។ ទោះជាប៉ុលជាមនុស្សដែលមានជំនឿមោះមុតក៏ដោយ ក៏គាត់ជាមនុស្សសុភាពហើយចេះបីបាច់ថែរក្សាបងប្អូន«ដូចជាម្ដាយថ្នមកូនដែលកំពុងនៅបៅ»។ គាត់បានសរសេរជូនបងប្អូននៅក្រុងថែស្សាឡូនីចថា៖ «យើងខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នាដល់ម្ល៉េះបានជាយើងខ្ញុំចូលចិត្តចែកដំណឹងល្អពីព្រះមកអ្នករាល់គ្នា មិនត្រឹមតែប៉ុណ្ណោះក៏ចូលចិត្តចែកទាំងជីវិតយើងខ្ញុំផង ដោយព្រោះអ្នករាល់គ្នាបានត្រឡប់ជាស្ងួនភ្ងាដល់យើងខ្ញុំ»។ (ថែស្សាឡូនីចទី១ ២:៧, ៨) ក្រោយមក នៅពេលដែលប៉ុលបានប្រាប់បងប្អូននៅក្រុងអេភេសូរ ថាពួកគេនឹងមិនឃើញគាត់ម្ដងទៀតទេ«គ្រប់គ្នាក៏យំជាច្រើន រួចគេឱបកគាត់ថើបដោយថ្និតថ្នម»។ (កិច្ចការ ២០:២៥, ៣៧) យ៉ាងច្បាស់ណាស់ ប៉ុលនិងគ្រីស្ទានគ្នីគ្នាមានចំណងមិត្តភាពជិតស្និទ្ធ មិនមែនគ្រាន់តែដោយសារតែពួកគេមានជំនឿដូចគ្នានោះទេ។ ហើយពួកគេស្រឡាញ់រាប់អានគ្នាយ៉ាងខ្លាំងទៀតផង។
លក្ខណៈផ្សេងៗនៃសេចក្ដីស្រឡាញ់
៣. តើគុណសម្បត្ដិណាខ្លះរបស់ព្រះដែលទាក់ទងនឹងសេចក្ដីស្រឡាញ់?
៣ នៅក្នុងបទគម្ពីរ ចិត្តអាណិតអាសូរ និងចិត្តទន់សន្ដោសឬសន្ដោសប្រណីគឺផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតនឹងសេចក្ដីស្រឡាញ់ ដែលជាគុណសម្បត្ដិគ្រីស្ទានដ៏ប្រសើរបំផុត។ (ពេត្រុសទី១ ៣:៨) គុណសម្បត្ដិទាំងនេះរបស់ព្រះជួយជនគ្រីស្ទានឲ្យមានចំណងមិត្តភាពជិតស្និទ្ធ ហើយក៏នាំឲ្យពួកគេចូលទៅកាន់តែជិតនឹងព្រះវរបិតានៅស្ថានសួគ៌ដែរ។ ហេតុដូច្នេះហើយ សាវ័កប៉ុលបានដាស់តឿនអ្នកជឿគ្នីគ្នាថា៖ «ចូរមានចិត្តស្រឡាញ់ដោយឥតលាក់ពុតឡើយ។ . . . ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមកទុកដូចជាបងប្អូនបង្កើត»។—រ៉ូម ១២:៩, ១០ ខ.ស.
៤. តើពាក្យថា‹សេចក្ដីស្រឡាញ់រាប់អានគ្នា›រួមបញ្ចូលអ្វីខ្លះ?
៤ ពាក្យក្រិចដែលប៉ុលបានប្រើនេះគឺ‹សេចក្ដីស្រឡាញ់រាប់អាន›មានពីរផ្នែក។ ផ្នែកទីមួយមានន័យទាក់ទងនឹងមិត្តភាព និងផ្នែកទីពីរគឺសំដៅទៅអារម្មណ៍កក់ក្ដៅដែលមនុស្សសម្ដែងជាទូទៅ។ អ្នកប្រាជ្ញខាងព្រះគម្ពីរម្នាក់ពន្យល់ថា ពាក្យនេះបានន័យថា ជនគ្រីស្ទាន«ត្រូវសម្គាល់ដោយចិត្តភក្ដីដែលមានដូចក្នុងក្រុមគ្រួសារដែលពោរពេញដោយការគាំទ្រគ្នាថែមទាំងមានភាពជិតស្និទ្ធហើយចេះស្រឡាញ់គ្នា»។ តើអ្នកមានអារម្មណ៍បែបនេះចំពោះបងប្អូនប្រុសស្រីគ្រីស្ទានរបស់អ្នកទេ? ក្រុមជំនុំគ្រីស្ទានគួរមានបរិយាកាសកក់ក្ដៅដោយភាតរភាពគ្រីស្ទាន។ (កាឡាទី ៦:១០) ហេតុនេះហើយ គម្ពីរសញ្ញាថ្មីក្នុងភាសាអង់គ្លេសទំនើប ដែលនិពន្ធដោយលោកភីលីពបានបកស្រាយរ៉ូម ១២:១០ថា៖ «សូមឲ្យយើងមានសេចក្ដីស្រឡាញ់កក់ក្ដៅដ៏ស្មោះទុកដូចជាបងប្អូន»។ ហើយព្រះគម្ពីរបរិសុទ្ធ ចែងថា៖ «ឯសេចក្ដីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ!»។ ពិតមែន ជនគ្រីស្ទានស្រឡាញ់គ្នាទៅវិញទៅមក មិនមែនដោយសារការធ្វើបែបនេះជាអ្វីដែលត្រឹមត្រូវ ឬជាភារកិច្ចដែលយើងត្រូវធ្វើប៉ុណ្ណោះទេ។ គប្បីឲ្យយើងមាន«សេចក្ដីស្រឡាញ់ជាបងប្អូនឥតពុតមាយា»ហើយ«ស្រឡាញ់គ្នាទៅវិញទៅមកជាយ៉ាងខ្លាំងដោយចិត្តដ៏ស្អាត»។—ពេត្រុសទី១ ១:២២
‹ព្រះទ្រង់បង្រៀនឲ្យស្រឡាញ់គ្នាទៅវិញទៅមក›
៥, ៦. (ក) តាមរយៈមហាសន្និបាតអន្តរជាតិ តើព្រះយេហូវ៉ាបានបង្រៀនរាស្ត្ររបស់ទ្រង់អំពីសេចក្ដីស្រឡាញ់ដែលផ្ដល់នូវភាពកក់ក្ដៅយ៉ាងដូចម្ដេច? (ខ) តើតាមរបៀបណាដែលបងប្អូនគ្រីស្ទានមានចំណងមិត្តភាពកាន់តែជិតស្និទ្ធឡើងៗក្នុងតែមួយរយៈនោះ?
៥ ទោះជា«សេចក្ដីស្រឡាញ់របស់មនុស្សជាច្រើន»ក្នុងលោកីយ៍នេះបានរសាយអស់ទៅក៏ពិតមែន តែព្រះយេហូវ៉ាកំពុងតែបង្រៀនរាស្ត្ររបស់ទ្រង់នៅសម័យនេះឲ្យ«ស្រឡាញ់គ្នាទៅវិញទៅមក»។ (ម៉ាថាយ ២៤:១២; ថែស្សាឡូនីចទី១ ៤:៩) គ្រាដ៏អស្ចារ្យដែលសឲ្យឃើញនូវការអប់រំនេះគឺអាចឃើញជាក់ស្តែងនៅឯមហាសន្និបាតអន្តរជាតិរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ នៅឯមហាសន្និបាតទាំងនេះ ស្មរបន្ទាល់ក្នុងតំបន់ជួបបងប្អូនដែលមកពីប្រទេសនានា ហើយពួកគេជាច្រើននាក់ទទួលបងប្អូនពីប្រទេសនានាឲ្យស្នាក់នៅក្នុងផ្ទះរបស់ខ្លួន។ នៅឯមហាសន្និបាតមួយពេលថ្មីៗនេះ មានបងប្អូនខ្លះមកពីប្រទេសដែលមនុស្សមិនសូវបង្ហាញនូវមនោសញ្ចេតនាទេ។ បងប្រុសគ្រីស្ទានម្នាក់ដែលទទួលខុសត្រូវផ្នែកស្វែងរកកន្លែងស្នាក់នៅបានរៀបរាប់ថា៖ «នៅពេលបងប្អូនទាំងនោះទើបតែមកដល់ ពួកគាត់មានចិត្តភ័យនិងអៀនណាស់។ ប៉ុន្តែ នៅពេលដល់ថ្ងៃដែលត្រូវត្រឡប់ទៅវិញគ្រាន់តែប្រាំមួយថ្ងៃក្រោយមក នោះពួកគាត់ឱបអ្នកដែលបានទទួលពួកគាត់ហើយយំ។ ពួកគាត់បានរីករាយនឹងការសម្ដែងនូវសេចក្ដីស្រឡាញ់របស់គ្រីស្ទាន ដែលធ្វើឲ្យពួកគាត់ពុំអាចបំភ្លេចបានឡើយ»។ ការបង្ហាញនូវសេចក្ដីចៅរ៉ៅឬការរាក់ទាក់ដល់បងប្អូនរបស់យើង មិនថាពួកគាត់មានប្រវត្ដិបែបណា នេះអាចជាប្រយោជន៍ដល់ភ្ញៀវផងនិងអ្នកទទួលភ្ញៀវផងដែរ។—រ៉ូម ១២:១៣
៦ បទពិសោធន៍ទាំងនេះនៅឯមហាសន្និបាតគឺធ្វើឲ្យរំភើបចិត្តណាស់ ប៉ុន្តែនៅពេលជនគ្រីស្ទានបំរើព្រះយេហូវ៉ាជាមួយគ្នាអស់មួយរយៈ នោះក៏បណ្ដុះឲ្យមានចំណងមិត្តភាពដ៏ជិតស្និទ្ធ។ នៅពេលដែលយើងស្គាល់បងប្អូនរបស់យើងកាន់តែច្រើន នោះយើងកាន់តែសរសើរនូវគុណសម្បត្ដិដ៏មានតម្លៃដូចជា ពួកគេជាមនុស្សទៀងត្រង់ អាចទុកចិត្តបាន ភាពស្មោះត្រង់ សេចក្ដីសប្បុរស មានចិត្តទូលាយ ការចេះគិតដល់អារម្មណ៍អ្នកឯទៀត សេចក្ដីមេត្ដាករុណានិងការមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។ (ទំនុកដំកើង ១៥:៣-៥; សុភាសិត ១៩:២២) ម៉ាកុសដែលបំរើជាសាសនទូតនៅប្រទេសមួយនៅទ្វីបអាហ្វ្រិកខាងកើតបានពោលថា៖ «ការរួមសាមគ្គីគ្នាជាមួយនឹងបងប្អូនដើម្បីបំពេញកិច្ចបំរើនោះបង្កើតឲ្យមានចំណងមិត្តភាពដែលគ្មានអ្នកណាអាចពង្រាត់បានឡើយ»។
៧. ដើម្បីរីករាយនឹងសេចក្ដីស្រឡាញ់យ៉ាងកក់ក្ដៅក្នុងក្រុមជំនុំ តើមានសេចក្ដីតម្រូវអ្វីចំពោះយើង?
៧ សមាជិកក្នុងក្រុមជំនុំត្រូវតែបង្កើតឲ្យមានភាពស្និទ្ធស្នាលជាមួយគ្នាដើម្បីអាចមានចំណងមិត្តភាពដូចនោះបាន ហើយរក្សាឲ្យមានចំណងមិត្តភាពនោះជានិច្ច។ នៅពេលដែលយើងចូលរួមកិច្ចប្រជុំគ្រីស្ទានជាទៀងទាត់ យើងនឹងពង្រឹងចំណងមិត្តភាពនោះជាមួយនឹងបងប្អូនប្រុសស្រីរបស់យើង។ យើងលើកទឹកចិត្តនិងជំរុញចិត្តគ្នា«ឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង» បើយើងមានវត្តមាននៅឯកិច្ចប្រជុំនិងសំណេះសំណាលជាមួយនឹងបងប្អូនមុននិងក្រោយកិច្ចប្រជុំ ព្រមទាំងចូលរួមឆ្លើយ។ (ហេព្រើរ ១០:២៤, ២៥) អ្នកចាស់ទុំម្នាក់នៅសហរដ្ឋអាមេរិករៀបរាប់ថា៖ «ខ្ញុំចាំពេលខ្ញុំនៅក្មេង ក្រុមគ្រួសារខ្ញុំគឺក្នុងចំណោមគ្រួសារដែលចេញពីសាលព្រះរាជាណាចក្រចុងក្រោយគេ។ យើងសប្បាយនិយាយជាមួយនឹងបងប្អូនដែលលើកទឹកចិត្តគ្នាទៅវិញទៅមក»។
តើអ្នកចាំបាច់«បើកចិត្តឲ្យទូលាយឡើង»ទេ?
៨. (ក) តើប៉ុលចង់និយាយយ៉ាងណាពេលដែលគាត់ដាស់តឿនបងប្អូនគ្រីស្ទាននៅក្រុងកូរិនថូសឲ្យ«បើកចិត្តឲ្យទូលាយឡើង»? (ខ) តើយើងអាចធ្វើអ្វីដើម្បីជួយឲ្យមានសេចក្ដីស្រឡាញ់ដែលផ្ដល់នូវភាពកក់ក្ដៅដល់ក្រុមជំនុំ?
៨ ដើម្បីបង្ហាញនូវសេចក្ដីស្រឡាញ់ដែលផ្ដល់នូវភាពកក់ក្ដៅឲ្យបានពេញលេញនោះ យើងត្រូវការ«បើកចិត្តឲ្យទូលាយឡើង»។ សាវ័កប៉ុលបានសរសេរដល់ក្រុមជំនុំនៅក្រុងកូរិនថូសថា៖ «ចិត្តយើងខ្ញុំបានទូលាយឡើង អ្នករាល់គ្នាមិនចង្អៀតក្នុងយើងខ្ញុំទេ»។ ប៉ុលបានដាស់តឿនពួកគេឲ្យ«បើកចិត្តឲ្យទូលាយឡើង»។ (កូរិនថូសទី២ ៦:១១-១៣) ចំពោះការបង្ហាញនូវសេចក្ដីស្រឡាញ់ តើអ្នកអាច«បើកចិត្តឲ្យទូលាយឡើង»បានទេ? អ្នកមិនចាំបាច់ប្រចាំអ្នកដទៃឲ្យធ្វើមុននោះទេ។ ក្នុងសំបុត្ររបស់ប៉ុលជូនបងប្អូននៅក្រុងរ៉ូម គាត់បានផ្សារភ្ជាប់សេចក្ដីស្រឡាញ់ដែលផ្ដល់នូវភាពកក់ក្ដៅជាមួយនឹងឱវាទនេះថា៖ «ខាងឯសេចក្ដីរាប់អាន នោះឲ្យខំរាប់អានគេជាមុន»។ (រ៉ូម ១២:១០) យើងរាប់អានហើយលើកកិត្ដិយសចំពោះគ្នាដោយស្វាគមន៍បងប្អូននៅឯកិច្ចប្រជុំ។ អ្នកក៏អាចអញ្ជើញពួកគេឲ្យចូលរួមក្នុងកិច្ចបំរើផ្សាយឬរៀបចំសំរាប់កិច្ចប្រជុំជាមួយនឹងអ្នកដែរ។ ទង្វើនេះនឹងជួយបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ដែលផ្ដល់នូវភាពកក់ក្ដៅ។
៩. តើបងប្អូនខ្លះបានធ្វើអ្វីដើម្បីឲ្យមានមិត្តជិតស្និទ្ធជាមួយបងប្អូនគ្រីស្ទាន? (រួមបញ្ចូលឧទាហរណ៍ក្នុងតំបន់)
៩ ក្រុមគ្រួសារនិងបុគ្គលម្នាក់ៗក្នុងក្រុមជំនុំអាច«បើកចិត្តឲ្យទូលាយឡើង» ដោយទៅសួរសុខទុក្ខគ្នា ប្រហែលអញ្ជើញបងប្អូនខ្លះមកបរិភោគអាហារ ហើយដោយចូលរួមក្នុងការកំសាន្តជាមួយគ្នា។ (លូកា ១០:៤២; ១៤:១២-១៤) យូរម្ដងៗ បងប្រុសហាកុបរៀបចំឲ្យមានក្រុមតូចមួយសំរាប់ធ្វើដំណើរកំសាន្ត។ គាត់រៀបរាប់ថា៖ «បងប្អូនគ្រប់វ័យមានវត្តមាន រួមទាំងឪពុកឬម្ដាយដែលគ្មានគូ។ បងប្អូនគ្រប់គ្នាទៅផ្ទះវិញដោយមានអនុស្សាវរីយល្អ ហើយពួកគេមានអារម្មណ៍ជិតស្និទ្ធនឹងគ្នាទៅវិញទៅមក»។ ជាជនគ្រីស្ទាន យើងគប្បីខំធ្វើជាមិត្តដ៏ស្មោះ មិនគ្រាន់តែជាអ្នកជឿគ្នីគ្នាទេ។—យ៉ូហានទី៣ ១៤
១០. តើយើងអាចធ្វើអ្វីពេលដែលយើងមានបញ្ហាជាមួយនឹងបងប្អូនប្រុសស្រីគ្រីស្ទាន?
១០ ប៉ុន្តែ នៅពេលខ្លះដោយសារភាពឥតគ្រប់ល័ក្ខណ៍ នោះនាំឲ្យពិបាកចងមិត្តភាពនិងបង្ហាញសេចក្ដីស្រឡាញ់យ៉ាងកក់ក្ដៅ។ តើយើងអាចធ្វើយ៉ាងណា? មុនដំបូង យើងអាចទូលថ្វាយព្រះដើម្បីឲ្យមានទំនាក់ទំនងល្អជាមួយនឹងបងប្អូនរបស់យើង។ គឺជាបំណងព្រះហឫទ័យរបស់ព្រះដែលចង់ឲ្យយើងចេះចុះសម្រុងជាមួយគ្នា ហើយទ្រង់តបឆ្លើយនឹងសេចក្ដីអធិស្ឋានដ៏ស្មោះបែបនេះ។ (យ៉ូហានទី១ ៤:២០, ២១; ៥:១៤, ១៥) យើងគួរតែធ្វើតាមសេចក្ដីអធិស្ឋានរបស់យើង។ បងប្រុស រិកជាអ្នកធ្វើដំណើរត្រួតពិនិត្យនៅប្រទេសមួយនៅអាហ្វ្រិកខាងកើត គាត់នឹកចាំអំពីបងប្រុសម្នាក់ដែលមានបុគ្គលិកលក្ខណៈធ្វើឲ្យអ្នកដទៃពិបាកចុះសម្រុងនឹងគាត់។ បងរិកពន្យល់ថា៖ «ខ្ញុំបានខំស្គាល់គាត់ជាជាងខំគេចពីគាត់។ ខ្ញុំដឹងថា ឪពុករបស់បងប្រុសនោះជាអ្នកប្រកាន់ទំនៀមទំលាប់តឹងរ៉ឹង។ ក្រោយមកខ្ញុំបានយល់ថា គឺពិបាកណាស់ឲ្យបងប្រុសនេះយកឈ្នះនូវភាពទន់ខ្សោយរបស់គាត់ ហើយដែលគាត់បានរីកចំរើនយ៉ាងច្រើន នោះខ្ញុំបានសរសើរគាត់ណាស់។ យើងបានទៅជាមិត្តដ៏ស្មោះត្រង់ជាមួយគ្នា»។—ពេត្រុសទី១ ៤:៨
ចូរបើកចិត្តរបស់អ្នកឡើង
១១. (ក) តើយើងត្រូវធ្វើអ្វីដើម្បីបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ដែលផ្ដល់នូវភាពកក់ក្ដៅដល់ក្រុមជំនុំ? (ខ) ហេតុអ្វីការមិនសម្ដែងនូវមនោសញ្ចេតនាអាចមានគ្រោះថ្នាក់ខាងវិញ្ញាណ?
១១ សព្វថ្ងៃនេះ មនុស្សជាច្រើនពុំដែលបង្កើតឲ្យមានភាពជិតស្និទ្ធជាមួយនឹងបុគ្គលណាសោះ។ នេះជាអ្វីដែលគួរឲ្យសោកស្ដាយមែន! ក្រុមជំនុំជនគ្រីស្ទានមិនចាំបាច់ក៏មិនត្រូវដូច្នេះឡើយ។ ការបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូន មិនគ្រាន់តែជាការនិយាយគួរសម និងបង្ហាញឫកពាសមរម្យនោះទេ ហើយក៏មិនមែនជាការបង្ហាញមនោសញ្ចេតនាជ្រុលពេកនោះដែរ។ ផ្ទុយទៅវិញ យើងគួរសុខចិត្តបើកចិត្តរបស់យើង ដូចជាសាវ័កប៉ុលបានធ្វើចំពោះបងប្អូននៅក្រុងកូរិនថូស និងបង្ហាញអ្នកជឿគ្នីគ្នាថាយើងពិតជាយកចិត្តទុកដាក់នឹងពួកគេមែន។ ទោះជាមិនមែនមនុស្សគ្រប់គ្នាជាមនុស្សដែលចូលចិត្តមានគ្នីគ្នាឬចេះសម្ដែងមនោសញ្ចេតនាក៏ដោយ ប៉ុន្តែ បើយើងមិនសម្ដែងមនោសញ្ចេតនាសោះ ក៏មិនល្អដែរ។ ព្រះគម្ពីរព្រមានថា៖ «អ្នកណាដែលញែកខ្លួនចេញពីអ្នកដទៃ នោះជាអ្នករកបំពេញតែចិត្តខ្លួនឯងទេ ហើយក៏មានចិត្តគ្នាន់ក្នាញ់ទាស់នឹងអស់ទាំងសេចក្ដីដែលមានទំនង»។—សុភាសិត ១៨:១
១២. ហេតុអ្វីបានជាការនិយាយគ្នាចេញពីចិត្តគឺសំខាន់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធក្នុងក្រុមជំនុំ?
១២ ការនិយាយជាមួយគ្នាដោយត្រង់ៗ គឺសំខាន់ចាំបាច់ចំពោះមិត្តភាពដ៏ស្មោះ។ (យ៉ូហាន ១៥:១៥) យើងគ្រប់គ្នាត្រូវការមិត្តភក្ដិដែលយើងអាចនិយាយប្រាប់រឿងផ្ទាល់ខ្លួន។ ម្យ៉ាងទៀត កាលណាយើងស្គាល់គ្នាកាន់តែច្បាស់ នោះស្រួលឲ្យយើងជួយទុក្ខធុរៈគ្នា។ នៅពេលដែលយើងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកនោះ យើងជួយក្រុមជំនុំបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់រាប់អានគ្នា ហើយយើងធ្លាប់ពិសោធនូវពាក្យរបស់ព្រះយេស៊ូដែលថា៖ «ដែលឲ្យ នោះបានពរជាជាងទទួល»។—កិច្ចការ ២០:៣៥; ភីលីព ២:១-៤
១៣. តើយើងអាចធ្វើអ្វីដើម្បីបង្ហាញថាយើងមានសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះបងប្អូនយើង?
១៣ យើងត្រូវតែបង្ហាញសេចក្ដីស្រឡាញ់ដែលផ្ដល់នូវភាពកក់ក្ដៅ បើយើងចង់ឲ្យបងប្អូនទទួលប្រយោជន៍ច្រើនបំផុតនោះ។ (សុភាសិត ២៧:៥) នៅពេលដែលយើងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះ នោះនឹងឃើញតាមទឹកមុខយើង និងប្រហែលជាបណ្ដាលឲ្យអ្នកដទៃបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះដែរ។ សុភាសិតក្នុងព្រះគម្ពីរចែងថា៖ «ពន្លឺនៃភ្នែក នោះនាំឲ្យចិត្តរីករាយ»។ (សុភាសិត ១៥:៣០) ការប្រព្រឹត្តដែលបង្ហាញពីចិត្តសប្បុរសក៏បណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ដែលផ្ដល់នូវភាពកក់ក្ដៅផងដែរ។ ពិតមែនដែលយើងមិនអាចទិញសេចក្ដីស្រឡាញ់ដ៏ស្មោះបានទេ តែអំណោយដែលឲ្យដោយស្មោះពីចិត្តនោះពិតជាសំខាន់ណាស់។ យើងអាចបង្ហាញនូវជំរៅនៃសេចក្ដីស្រឡាញ់របស់យើងដោយឲ្យសំបុត្រ និងតាមរយៈ«ពាក្យសំដីដែលនិយាយចំពេល»។ (សុភាសិត ២៥:១១; ២៧:៩) កាលណាយើងបានចងមិត្តភាពជាមួយគ្នា យើងត្រូវតែរក្សាចំណងមិត្តភាពនោះ ដោយបន្តបង្ហាញនូវសេចក្ដីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ខ្លួនឡើយ។ ជាពិសេស យើងចង់ជួយមិត្តយើងនៅពេលដែលគាត់ត្រូវការយើងជាទីបំផុត។ ព្រះគម្ពីរចែងថា៖ «មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ»។—សុភាសិត ១៧:១៧
១៤. តើយើងអាចធ្វើអ្វីបើបុគ្គលម្នាក់ហាក់ដូចជាមិនតបឆ្លើយនឹងការបង្ហាញសេចក្ដីស្រឡាញ់រាប់អានពីយើង?
១៤ មែនហើយ យើងមិនអាចមានភាពជិតស្និទ្ធនឹងមនុស្សគ្រប់គ្នាក្នុងក្រុមជំនុំបានទេ។ ធម្មតានឹងមានមនុស្សខ្លះដែលយើងមានអារម្មណ៍ជិតស្និទ្ធជាងអ្នកដទៃ។ ដូច្នេះ បើអ្នកណាម្នាក់ហាក់ដូចជាមិនសូវរាក់ទាក់ជាមួយអ្នកទេ ចូរកុំឆាប់សន្និដ្ឋានថា ខ្លួនមានបញ្ហាណាមួយឬបុគ្គលនោះមានបញ្ហាអ្វីឲ្យសោះ។ ហើយកុំបង្ខំឲ្យបុគ្គលនោះចងមិត្តភាពជាមួយនឹងអ្នកឡើយ។ ប្រសិនបើអ្នកគ្រាន់តែបង្ហាញភាពរាក់ទាក់ដល់បុគ្គលនោះតាមតែគាត់យល់ព្រម នោះអ្នកបង្កើតឲ្យមានឱកាសអាចចងមិត្តភាពជាមួយគាត់នៅថ្ងៃក្រោយ។
‹ឯងជាទីពេញចិត្តអញណាស់!›
១៥. តើការសរសើរមានអានុភាពយ៉ាងណាលើអ្នកដទៃ? ហើយបើមិនសរសើរតើមានអានុភាពយ៉ាងណាដែរលើអ្នកដទៃ?
១៥ នៅឯពិធីជ្រមុជទឹក នោះព្រះយេស៊ូមានព្រះទ័យរីករាយណាស់ពេលទ្រង់បានឮសំឡេងពីលើមេឃថា៖ ‹ឯងជាទីពេញចិត្តអញណាស់!›។ (ម៉ាកុស ១:១១) ការសម្ដែងនូវការយល់ព្រមនេះ ច្បាស់ជាធ្វើឲ្យព្រះយេស៊ូជឿជាក់ថា ព្រះវរបិតាស្រឡាញ់ទ្រង់ស្មោះ។ (យ៉ូហាន ៥:២០) គួរឲ្យសោកស្ដាយណាស់ មនុស្សខ្លះមិនដែលសរសើរដូចនេះចំពោះបុគ្គលដែលគេគោរពនិងស្រឡាញ់នោះទេ។ ប្អូនស្រីអែនកត់សម្គាល់ថា៖ «យុវវ័យជាច្រើនក៏ដូចជាខ្ញុំដែរមិនមានសមាជិកគ្រួសារដែលកាន់សាសនាដូចគ្នានោះទេ។ នៅឯផ្ទះ យើងឮតែការរិះគន់ប៉ុណ្ណោះ។ នេះធ្វើឲ្យយើងមិនសប្បាយទេ»។ ប៉ុន្តែ នៅពេលដែលពួកគេក្លាយជាសមាជិកក្នុងក្រុមជំនុំនោះពួកគេទទួលនូវការគាំទ្រដ៏កក់ក្ដៅពីគ្រួសារខាងវិញ្ញាណ ដែលរួមមានឪពុកម្ដាយនិងបងប្អូនប្រុសស្រីដែលមើលថែរក្សាពួកគេ។—ម៉ាកុស ១០:២៩, ៣០; កាឡាទី ៦:១០
១៦. ហេតុអ្វីក៏ការរិះគន់មិនជួយអ្នកដទៃ?
១៦ នៅក្នុងវប្បធម៌នៃប្រទេសខ្លះ មាតាបិតា មនុស្សចាស់ និងគ្រូបង្រៀនកម្រសម្ដែងនូវការពេញចិត្តដល់ក្មេងៗណាស់ ដោយគិតថា បើសរសើរក្មេងៗនោះនឹងធ្វើឲ្យពួកគេមិនយកចិត្តទុកដាក់នឹងអ្វីដែលគេធ្វើឬក្លាយជាមនុស្សមានអំនួត។ គំនិតបែបនេះអាចមានក្នុងក្រុមគ្រួសារគ្រីស្ទាននិងក្នុងក្រុមជំនុំដែរ។ មនុស្សចាស់អាចនិយាយប្រាប់យុវវ័យចំពោះសុន្ទរកថាឬការខំប្រឹងដែលក្មេងៗទើបធ្វើ ដោយពោលថា៖ «ប្អូនថ្លែងបានល្អគួរសម ប៉ុន្តែ ប្អូនអាចធ្វើប្រសើរជាង!»។ ឬតាមរបៀបផ្សេងទៀត មនុស្សចាស់អាចបង្ហាញនូវការមិនពេញចិត្តនឹងយុវវ័យ។ មនុស្សជាច្រើនជឿថា ពួកគេកំពុងតែជំរុញចិត្តយុវវ័យឲ្យខំប្រឹងកាន់តែខ្លាំងថែមទៀត។ ប៉ុន្តែ ការធ្វើបែបនេះតែងនាំឲ្យមានលទ្ធផលផ្ទុយទៅវិញ ដោយព្រោះក្មេងៗអាចទៅជាមិនរវីរវល់ឬមានអារម្មណ៍ថាខ្លួនពុំអាចធ្វើបានទេ។
១៧. ហេតុអ្វីក៏យើងត្រូវរកឱកាសដើម្បីសរសើរអ្នកដទៃ?
១៧ ប៉ុន្តែ យើងមិនគួរប្រើការសរសើរគ្រាន់តែជាវិធីនិយាយលួងចិត្តមុនដែលជូនឱវាទអ្នកដទៃឡើយ។ ការសរសើរដោយស្មោះនាំឲ្យមានសេចក្ដីស្រឡាញ់ដែលផ្ដល់នូវភាពកក់ក្ដៅដល់ក្រុមគ្រួសារនិងដល់ក្រុមជំនុំ ហើយនេះលើកទឹកចិត្តយុវវ័យឲ្យទៅរកបងប្អូនដែលមានការពិសោធន៍ដើម្បីទទួលឱវាទ។ ដូច្នេះ ជាជាងឲ្យវប្បធម៌របស់ប្រទេសបង្គាប់យើងអំពីរបៀបដែលយើងប្រព្រឹត្តលើអ្នកដទៃ សូមឲ្យយើង«ប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្ដីសុចរិត ហើយក្នុងសេចក្ដីបរិសុទ្ធរបស់ផងសេចក្ដីពិតតាមភាពព្រះ»។ ចូរសរសើរអ្នកឯទៀតដូចព្រះយេហូវ៉ាធ្វើនោះដែរ។—អេភេសូរ ៤:២៤
១៨. (ក) យុវវ័យអើយ! តើអ្នកគួរមានអារម្មណ៍យ៉ាងណាចំពោះឱវាទរបស់មនុស្សចាស់? (ខ) ហេតុអ្វីក៏មនុស្សចាស់ត្រូវប្រុងប្រយ័ត្នចំពោះរបៀបដែលពួកគាត់ផ្ដល់ឱវាទ?
១៨ ផ្ទុយទៅវិញ យុវវ័យអើយ! កុំសន្និដ្ឋានថាបើមនុស្សចាស់ឲ្យឱវាទឬកែតម្រង់អ្នក នោះបានន័យថាពួកគាត់មិនចូលចិត្តអ្នកនោះឡើយ។ (សាស្ដា ៧:៩) នេះគឺមានន័យផ្ទុយទៅវិញទេ! ពួកគាត់ធ្វើនេះគឺដោយសារពួកគាត់ខ្វល់ខ្វាយនិងមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះអ្នក។ បើមិនដូច្នេះទេ ហេតុអ្វីក៏ពួកគាត់ចាំបាច់ខំនិយាយជាមួយអ្នកអំពីរឿងនេះធ្វើអ្វី? ពីព្រោះពួកគាត់ដឹងថាពាក្យសំដីអាចមានអានុភាពខ្លាំងទៅលើមនុស្ស នោះធ្វើឲ្យអ្នកពេញវ័យជាពិសេសអ្នកចាស់ទុំក្នុងក្រុមជំនុំតែងតែចំណាយពេលគិតនិងអធិស្ឋានមុននឹងផ្ដល់ឱវាទ នេះគឺដោយសារពួកគាត់ចង់តែជួយអ្នក។—ពេត្រុសទី១ ៥:៥
«ព្រះយេហូវ៉ាទ្រង់មានសេចក្ដីស្រឡាញ់ដែលផ្ដល់នូវភាពកក់ក្ដៅ»
១៩. ហេតុអ្វីក៏អស់អ្នកដែលធ្លាប់មានការខកចិត្តអាចពឹងព្រះយេហូវ៉ាឲ្យជួយគាំទ្រ?
១៩ មនុស្សខ្លះគិតថាការបង្ហាញសេចក្ដីស្រឡាញ់ដែលផ្ដល់នូវភាពកក់ក្ដៅនឹងនាំឲ្យមានតែការខកចិត្តទៀតប៉ុណ្ណោះ ពីព្រោះពួកគេពុំបានទទួលលទ្ធផលល្អពីមុនមកទេ។ ពួកគាត់ត្រូវមានចិត្តក្លាហាននិងជំនឿមាំមួនចំពោះការបើកចិត្តដល់អ្នកដទៃម្ដងទៀត។ ប៉ុន្តែ ពួកគាត់មិនគួរភ្លេចថាព្រះយេហូវ៉ា«មិនគង់ឆ្ងាយពីយើងនិមួយៗ»ទេ។ ទ្រង់អញ្ជើញយើងឲ្យចូលទៅជិតទ្រង់។ (កិច្ចការ ១៧:២៧; យ៉ាកុប ៤:៨) ទ្រង់ក៏យល់ថាយើងខ្លាចមិនចង់ជួបនឹងការឈឺចាប់ ហើយទ្រង់សន្យាថានឹងជួយគាំទ្រយើង។ ដាវីឌដែលជាអ្នកតែងបទទំនុកដំកើងជួយបង្កើននូវទំនុកចិត្តរបស់យើងដោយថា៖ «ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នកដែលមានវិញ្ញាណទន់ទាប»។—ទំនុកដំកើង ៣៤:១៨
២០, ២១. (ក) តើតាមរបៀបណាដែលយើងដឹងថា យើងអាចមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា? (ខ) បើយើងចង់មានភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា តើយើងត្រូវធ្វើអ្វី?
២០ មិត្តភាពដ៏ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាគឺជាចំណងមិត្តភាពដ៏សំខាន់បំផុត ដែលយើងអាចបណ្ដុះឲ្យមាន។ ប៉ុន្តែ តើអាចមានចំណងមិត្តភាពបែបនេះបានទេ? គឺអាចបានមែន ដ្បិតព្រះគម្ពីរចែងអំពីមនុស្សសុចរិតទាំងប្រុសទាំងស្រីដែលមានអារម្មណ៍ជិតស្និទ្ធជាមួយព្រះវរបិតានៅស្ថានសួគ៌។ ការថ្លែងប្រាប់ពីអារម្មណ៍កក់ក្ដៅរបស់ពួកគេដែលបានកត់ទុកធ្វើឲ្យយើងមានទំនុកចិត្តថា យើងក៏អាចចូលទៅជិតព្រះយេហូវ៉ាបានដែរ។—ទំនុកដំកើង ២៣, ៣៤, ១៣៩; យ៉ូហាន ១៦:២៧; រ៉ូម ១៥:៤
២១ យើងម្នាក់ៗអាចបំពេញតម្រូវការរបស់ព្រះយេហូវ៉ាដើម្បីមានភាពស្និទ្ធស្នាលជាមួយទ្រង់។ ដាវីឌបានទូលសួរថា៖ «ឱព្រះយេហូវ៉ាអើយ! តើអ្នកណានឹងនៅក្នុងរោងឧបោសថរបស់ទ្រង់? . . . គឺជាអ្នកណាដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តសេចក្ដីសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្តផង»។ (ទំនុកដំកើង ១៥:១, ២; ២៥:១៤) កាលដែលយើងឃើញថាការបំរើព្រះនាំឲ្យទទួលបានផលល្អ ហើយនាំឲ្យទទួលនូវការដឹកនាំនិងការការពារពីទ្រង់ នោះយើងនឹងដឹងថា«ព្រះយេហូវ៉ាទ្រង់មានសេចក្ដីស្រឡាញ់ដែលផ្ដល់នូវភាពកក់ក្ដៅ»។—យ៉ាកុប ៥:១១, ព.ថ.
២២. តើព្រះយេហូវ៉ាមានព្រះទ័យឲ្យរាស្ត្រទ្រង់មានចំណងមិត្តភាពបែបណាជាមួយទ្រង់?
២២ យើងពិតជាបានពរមែនដែលព្រះយេហូវ៉ាមានព្រះទ័យចង់បង្កើតឲ្យមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយនឹងមនុស្សឥតគ្រប់ល័ក្ខណ៍! នេះគួរជំរុញចិត្តយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់ដែលផ្ដល់នូវភាពកក់ក្ដៅដល់គ្នាទៅវិញទៅមក មែនទេ? ដោយមានជំនួយពីព្រះយេហូវ៉ា យើងម្នាក់ៗអាចរីករាយនឹងសេចក្ដីស្រឡាញ់ដែលផ្ដល់នូវភាពកក់ក្ដៅនេះ ដែលជាសញ្ញាសម្គាល់ភាតរភាពគ្រីស្ទានរបស់យើង។ មនុស្សគ្រប់គ្នានៅផែនដីនឹងទទួលនូវសេចក្ដីស្រឡាញ់នេះជារៀងរហូតក្រោមព្រះរាជាណាចក្ររបស់ព្រះ។
តើអ្នកអាចពន្យល់បានទេ?
• តើក្រុមជំនុំគ្រីស្ទានគួរមានបរិយាកាសបែបណា?
• តើយើងម្នាក់ៗអាចបង្ហាញសេចក្ដីស្រឡាញ់ដែលផ្ដល់នូវភាពកក់ក្ដៅដល់ក្រុមជំនុំយ៉ាងដូចម្ដេច?
• តើតាមរបៀបណាដែលការសរសើរដ៏ស្មោះនាំឲ្យមានសេចក្ដីស្រឡាញ់ដែលផ្ដល់នូវភាពកក់ក្ដៅ?
• តើសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាដែលផ្ដល់នូវភាពកក់ក្ដៅជួយគាំទ្រយើងយ៉ាងដូចម្ដេច?