ព្រះយេហូវ៉ា—បិតារបស់យើងដែលមានព្រះទ័យអាណិតអាសូរ
«ព្រះយេហូវ៉ាទ្រង់មានសេចក្ដីស្រឡាញ់យ៉ាងថ្នាក់ថ្នមនិងសេចក្ដីអាណិតអាសូរ»។—យ៉ាកុប ៥:១១, ពថ, ន័យលក្ខណៈ
១. ហេតុអ្វីក៏ពួកអ្នករាបទាបចាប់អារម្មណ៍នឹងព្រះយេហូវ៉ា?
សកលលោកមានទំហំធំដ៏ម្ល៉េះ ដែលពួកតារាវិទូគ្មានសមត្ថភាពអាចនឹងដឹងចំនួនតារាវលីទាំងអស់បានឡើយ។ តារាវលីរបស់យើង គឺជើងភ្នាយមានទំហំធំដ៏ម្ល៉េះដែលមនុស្សមិនអាចដឹងចំនួនតារាទាំងអស់នៅក្នុងនោះឡើយ។ តារាខ្លះ ដូចជាតារាឈ្មោះអង់ធើរ គឺធំហើយភ្លឺជាងព្រះអាទិត្យរបស់យើងរាប់ពាន់ដងទៅទៀត។ ព្រះដែលជាអ្នកបង្កើតដ៏ខ្ពង់ខ្ពស់នៃតារាទាំងអស់ក្នុងសកលលោក ច្បាស់ជាមានឫទ្ធានុភាពខ្លាំងណាស់! ត្រូវហើយ ទ្រង់ជាអ្នក«ដែលបានបង្កើតរបស់ទាំងនេះ ដែលនាំពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ទ្រង់ក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ»។ (អេសាយ ៤០:២៦) ហើយព្រះដ៏ស្ញប់ស្ញែងនេះ ក៏ជាព្រះដែល«មានសេចក្ដីស្រឡាញ់យ៉ាងថ្នាក់ថ្នមនិងសេចក្ដីអាណិតអាសូរ»ដែរ។ ចំពោះពួកអ្នកបំរើដ៏រាបទាបនៃព្រះយេហូវ៉ា ចំណេះបែបនេះជាការគួរឲ្យលើកទឹកចិត្តណាស់ ជាពិសេសចំពោះពួកអ្នកដែលរងទុក្ខការបៀតបៀន ជំងឺ ការមានចិត្តក្រៀមក្រំ ឬទុក្ខលំបាកអ្វីផ្សេងៗទៀត!
២. តើមនុស្សខាងលោកីយ៍នេះតែងតែយល់យ៉ាងណាអំពីមនោសញ្ចេតនាដ៏ស្រទន់?
២ មនុស្សជាច្រើនចាត់ទុកមនោសញ្ចេតនាដ៏ស្រទន់ ដូចជា«សេចក្ដីថ្និតថ្នម នឹងសេចក្ដីអាណិតអាសូរ»របស់ព្រះគ្រីស្ទជាភាពទន់ខ្សោយទៅវិញ។ (ភីលីព ២:១) ដោយសារតែទស្សនៈខាងវិវត្តន៍មានឥទ្ធិពលលើពួកគេ ពួកគេបានលើកទឹកចិត្តមនុស្សឲ្យលើកខ្លួនជាទីមួយ ទោះបីការនេះធ្វើឲ្យអ្នកដទៃទៀតមានអារម្មណ៍ឈឺចាប់ក៏ដោយ។ ពួកតួឯកគំរូមួយចំនួនខាងវិស័យសិល្បៈនិងកីឡា គឺជាពួកមនុស្សប្រុសដែលមិនសម្រក់ទឹកភ្នែក ឬសម្ដែងសេចក្ដីស្រឡាញ់យ៉ាងថ្នាក់ថ្នមឲ្យគេឃើញទេ។ អ្នកដឹកនាំខាងនយោបាយខ្លះក៏បញ្ចេញឫកពាស្រដៀងនេះដែរ។ ទស្សនវិទូខាងលទ្ធិស្ទូអិកម្នាក់ឈ្មោះសេនីកា ដែលបានអប់រំរាជាធិរាជនីរ៉ូ បានបញ្ជាក់ថា«សេចក្ដីអាណិតអាសូរជាភាពទន់ខ្សោយ»។ សព្វវចនាធិប្បាយម៉ាគ្លិនថុកនិងស្ត្រង ចែងថា៖ «អានុភាពនៃលទ្ធិស្ទូអិក . . . នៅតែមានឥទ្ធិពលលើគំនិតមនុស្សជាច្រើន សូម្បីតែក្នុងបច្ចុប្បន្នកាលនេះក៏ដោយ»។
៣. តើព្រះយេហូវ៉ាបានរាយរាប់ប្រាប់លោកម៉ូសេយ៉ាងណាខ្លះអំពីអង្គទ្រង់?
៣ ជាការផ្ទុយទៅវិញ បុគ្គលិកលក្ខណៈរបស់ព្រះដែលជាអ្នកបង្កើតមនុស្សលោក មានសភាពយ៉ាងកក់ក្ដៅ។ ទ្រង់បានរាយរាប់ប្រាប់លោកម៉ូសេអំពីអង្គទ្រង់ តាមពាក្យដូចតទៅនេះ៖ «យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ . . . ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង នឹងអំពើបាប ប៉ុន្តែទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ»។ (និក្ខមនំ ៣៤:៦, ៧) ត្រូវហើយ ព្រះយេហូវ៉ាបានបញ្ចប់សេចក្ដីរាយរាប់អំពីអង្គទ្រង់ ដោយលើកស្ទួយឡើងនូវយុត្ដិធម៌របស់ទ្រង់។ ទ្រង់នឹងមិនអនុញ្ញាតឲ្យពួកអ្នកដែលប្រព្រឹត្តអំពើបាបដោយចេតនារួចពីទណ្ឌកម្មដែលគេសមទទួលនោះឡើយ។ តែទ្រង់បានរាយរាប់អំពីអង្គទ្រង់ មុនដំបូងជាព្រះដែលពោរពេញទៅដោយមេត្ដាករុណា។
៤. តើអ្វីជាអត្ថន័យដ៏កក់ក្ដៅនៃពាក្យហេព្រើរដែលតែងតែបកប្រែជា«មេត្ដាករុណា»?
៤ ជួនកាលគេតែងតែគិតថា ពាក្យ«មេត្ដាករុណា»មានន័យត្រឹមតែការលើកលែងពីទណ្ឌកម្មដោយគ្មានមនោសញ្ចេតនាសោះ ក្នុងន័យតុលាការកាត់ទោស។ ប៉ុន្តែ ការប្រៀបធៀបនូវសេចក្ដីបកប្រែព្រះគម្ពីរផ្សេងៗ បញ្ចេញឲ្យឃើញយ៉ាងច្បាស់នូវអត្ថន័យនៃគុណសព្ទហេព្រើរនេះ ដែលមកពីកិរិយាសព្ទរា·ឆាម។ យោងទៅតាមវិជ្ជាករខ្លះ អត្ថន័យដើមដំបូងនៃពាក្យនេះគឺ«ចិត្តស្រទន់»។ សៀវភៅវេវចនសព្ទនៃគម្ពីរសញ្ញាចាស់ពន្យល់ថា«ពាក្យរាឆាម សម្ដែងនូវមនោអារម្មណ៍ដ៏ស្រទន់និងជ្រៅ ដូចជាពេលដែលឃើញពួកអ្នកស្ងួនភ្ងារបស់យើង ឬពួកអ្នកដែលត្រូវការជំនួយពីយើង ខ្សោយ ឬកំពុងតែរងទុក្ខ»។ អត្ថន័យដ៏កក់ក្ដៅផ្សេងៗទៀត អាចរកឃើញក្នុងសៀវភៅការពិនិត្យមើលក្នុងបទគម្ពីរ ក័ណ្ឌលេខ២ ទំព័រ៣៧៥-៩។ (ជាភាសាអង់គ្លេស)
៥. តើមេត្ដាករុណាត្រូវបានឃើញជាក់ស្តែងយ៉ាងណាខ្លះក្នុងក្រិត្យវិន័យលោកម៉ូសេ?
៥ សេចក្ដីអាណិតអាសូររបស់ព្រះ អាចឃើញយ៉ាងជាក់ស្តែងនៅក្នុងក្រិត្យវិន័យដែលទ្រង់បានប្រគល់ឲ្យទៅសាសន៍អ៊ីស្រាអែល។ ពួកគេត្រូវតែប្រព្រឹត្តចំពោះបុគ្គលដែលមានការខ្វះខាត ដូចជាពួកមេម៉ាយ កុមារកំព្រា និងពួកអ្នកទាល់ក្រដោយចិត្តអាណិតអាសូរ។ (និក្ខមនំ ២២:២២-២៧; លេវីវិន័យ ១៩:៩, ១០; ចោទិយកថា ១៥:៧-១១) មនុស្សទាំងអស់ រាប់បញ្ចូលទាំងពួកបាវ និងពពួកសត្វ នឹងត្រូវបានប្រយោជន៍ពីថ្ងៃឈប់សំរាកប្រចាំសប្ដាហ៍។ (និក្ខមនំ ២០:១០) ម្យ៉ាងវិញទៀត ព្រះបានយកព្រះទ័យទុកដាក់នឹងបុគ្គលណាដែលប្រព្រឹត្តយ៉ាងស្រទន់នឹងពួកអ្នកទាល់ក្រ។ សុភាសិត ១៩:១៧ ចែងថា៖ «អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ទ្រង់នឹងតបស្នងសងគុណអ្នកនោះវិញ»។
សេចក្ដីអាណិតអាសូររបស់ព្រះមានល័ក្ខខ័ណ្ឌ
៦. ហេតុអ្វីបានជាព្រះយេហូវ៉ាចាត់ពួកព្យាការី និងទូតរបស់ទ្រង់ឲ្យទៅឯប្រជារាស្ត្រដូច្នេះ?
៦ ប្រជារាស្ត្រអ៊ីស្រាអែលបានកាន់តាមព្រះនាមនៃព្រះ ហើយបានថ្វាយបង្គំនៅឯព្រះវិហារក្នុងក្រុងយេរូសាឡិម ដែលជា«ព្រះវិហារ សំរាប់ព្រះនាមព្រះយេហូវ៉ា»។ (របាក្សត្រទី២ ២:៤; ៦:៣៣) ប៉ុន្តែ ក្រោយមកពួកគេបានបណ្ដោយឲ្យមានអំពើអសីលធម៌ សរណវត្ថុបូជា និងការកាប់សម្លាប់គ្នាកើតឡើង ដែលធ្វើឲ្យខូចដល់កិត្ដិនាមនៃព្រះយេហូវ៉ា។ ក្នុងការស្របទៅតាមបុគ្គលិកលក្ខណៈអាណិតអាសូររបស់ទ្រង់ ព្រះបានកែសម្រួលស្ថានការណ៍ដ៏អាក្រក់នេះយ៉ាងអត់ធ្មត់ ដោយមិនធ្វើឲ្យមានមហន្តរាយមកលើសាសន៍ទាំងមូលនេះទេ។ ទ្រង់«បានចាត់ទូតទ្រង់ឲ្យទៅឯគេ ទាំងក្រោកពីព្រលឹមនឹងចាត់គេផង ដ្បិតទ្រង់មានព្រះហឫទ័យអាណិតមេត្ដាដល់រាស្ត្រទ្រង់ ហើយដល់ទីលំនៅទ្រង់។ តែគេចំអកឲ្យពួកទូតនៃព្រះ ក៏មើលងាយដល់ព្រះបន្ទូលទ្រង់ ព្រមទាំងឡកឡឺយឲ្យពួកហោរា[ព្យាការី,ពថ]ទ្រង់វិញ ដរាបដល់សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងគេទាល់តែរកកែខៃមិនបានឡើយ»។—របាក្សត្រទី២ ៣៦:១៥, ១៦
៧. កាលដែលសេចក្ដីអាណិតអាសូររបស់ព្រះយេហូវ៉ាបានដល់កំរិតពេញទីហើយ តើអ្វីបានកើតឡើងដល់ព្រះរាជាណាចក្រយូដា?
៧ ថ្វីបើព្រះយេហូវ៉ាមានព្រះទ័យអាណិតអាសូរ ហើយយឺតនឹងខ្ញាល់ក្ដី តែទ្រង់នៅតែបញ្ចេញសេចក្ដីក្រោធដ៏សុចរិត បើកាលណាចាំបាច់នោះ។ នៅជំនាន់នោះ សេចក្ដីអាណិតអាសូររបស់ព្រះបានដល់កំរិតពេញទីហើយ។ យើងអានអំពីផលកម្មដូចតទៅ៖ «ហេតុនោះ [ព្រះយេហូវ៉ា]ទ្រង់នាំស្តេចពួកខាល់ដេមកលើគេ ស្តេចនោះបានសំឡាប់ពួកកំឡោះៗរបស់គេដោយដាវនៅក្នុងព្រះវិហារ ជាទីបរិសុទ្ធរបស់គេ ឥតមានមេត្ដាករុណាដល់ ទោះទាំងកំឡោះ ក្រមុំ ចាស់ទុំ ឬសក់ស្កូវណាឡើយ ទ្រង់បានប្រគល់គេទាំងអស់ ទៅក្នុងកណ្ដាប់ព្រះហស្តនៃស្តេចនោះ»។ (របាក្សត្រទី២ ៣៦:១៧) ដោយហេតុនេះហើយបានជាក្រុងយេរូសាឡិមនិងព្រះវិហារនោះ ត្រូវបានបំផ្លាញចោល ហើយប្រជារាស្ត្រត្រូវបានចាប់យកទៅជាឈ្លើយទៅក្រុងបាប៊ីឡូន។
សេចក្ដីអាណិតអាសូរសំរាប់ព្រះនាមរបស់ទ្រង់
៨, ៩. (ក) ហេតុអ្វីបានជាព្រះយេហូវ៉ាប្រកាសថា ទ្រង់នឹងមានសេចក្ដីអាណិតអាសូរសំរាប់ព្រះនាមទ្រង់? (ខ) តើពួកសត្រូវនៃព្រះយេហូវ៉ាបានស្ងាត់មាត់ច្រៀបទៅយ៉ាងដូចម្ដេច?
៨ សាសន៍ទាំងឡាយដែលនៅជុំវិញនាំគ្នាសប្បាយរីករាយចំពោះមហន្តរាយនេះ។ ពួកគេបាននិយាយចំអកថា៖ «ពួកនេះជាពួករបស់ព្រះយេហូវ៉ា គេបានចេញចាកពីស្រុករបស់ទ្រង់មក»។ ដោយព្រោះតែព្រះយេហូវ៉ាជ្រាបអំពីសេចក្ដីបន្ទោសនេះ ទ្រង់ក៏បានប្រកាសថា៖ «អញបានយល់ដល់ឈ្មោះបរិសុទ្ធរបស់អញ . . . អញក៏នឹងញែកឈ្មោះដ៏ជាធំរបស់អញ . . . ចេញជាបរិសុទ្ធដែរ នោះពួកសាសន៍ដទៃនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត»។—អេសេគាល ៣៦:២០-២៣
៩ ក្រោយពីសាសន៍អ៊ីស្រាអែលបានជាប់ជាឈ្លើយអស់៧០ឆ្នាំហើយ ព្រះយេហូវ៉ា ជាព្រះដែលមានសេចក្ដីអាណិតអាសូរ បានដោះលែងពួកគេ ហើយអនុញ្ញាតឲ្យពួកគេត្រឡប់ទៅសង់ព្រះវិហារនៅក្រុងយេរូសាឡិមឡើងវិញ។ ការនេះធ្វើឲ្យសាសន៍ដែលនៅជុំវិញទាំងឡាយស្ងាត់មាត់ច្រៀប ហើយមើលមកដោយហួសចិត្ត។ (អេសេគាល ៣៦:៣៥, ៣៦) ប៉ុន្តែ គួរឲ្យស្ដាយដែរ សាសន៍អ៊ីស្រាអែលបានធ្លាក់ខ្លួនទៅក្នុងការប្រព្រឹត្តអាក្រក់ជាម្ដងទៀត។ បុរសស្មោះត្រង់ជាតិយូដាម្នាក់ឈ្មោះនេហេមា បានជួយកែសម្រួលស្ថានការណ៍នោះ។ ក្នុងសេចក្ដីអធិស្ឋានសាធារណៈមួយ គាត់បានរៀបរាប់ឡើងវិញនូវការទាក់ទងដែលប្រកបដោយសេចក្ដីអាណិតអាសូររបស់ព្រះ ជាមួយសាសន៍នេះ ដោយថ្លែងថា៖
១០. តើតាមរបៀបណាដែលលោកនេហេមា បានលើកស្ទួយឡើងសេចក្ដីអាណិតអាសូរនៃព្រះយេហូវ៉ា?
១០ «កាលគេកើតមានសេចក្ដីវេទនា ហើយបានអំពាវនាវរកទ្រង់ នោះទ្រង់ក៏ឮពីលើមេឃ ហើយបានប្រទានឲ្យគេមានពួកអ្នកជួយសង្គ្រោះ ឲ្យរួចពីកណ្ដាប់ដៃនៃពួកសត្រូវនោះ ដោយសេចក្ដីមេត្ដាករុណាដ៏ក្រៃលែងរបស់ផងទ្រង់។ តែកាលគេមានសេចក្ដីស្រាកស្រាន្តបន្ដិច នោះគេបានប្រព្រឹត្តសេចក្ដីអាក្រក់ នៅចំពោះទ្រង់វិញទៀត បានជាទ្រង់ទុកគេ នៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ ឲ្យពួកនោះមានអំណាចលើគេ។ ប៉ុន្តែកាលគេបានវិលមកអំពាវនាវរកទ្រង់ទៀត នោះទ្រង់ក៏ឮពីលើមេឃដែរ ហើយបានប្រោសឲ្យគេរួចជាច្រើនដង តាមសេចក្ដីមេត្ដាករុណារបស់ទ្រង់។ . . . ទ្រង់បានអត់ទ្រាំនឹងគេជាយូរឆ្នាំ»។—នេហេមា ៩:២៦-៣០; សូមមើល អេសាយ ៦៣:៩, ១០
១១. តើមានសភាពខុសគ្នាយ៉ាងណារវាងព្រះយេហូវ៉ានិងពួកព្រះផ្សេងទៀតរបស់មនុស្ស?
១១ នៅទីបំផុត ក្រោយពីបានបដិសេធយ៉ាងឃោរឃៅនូវព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះ សាសន៍យូដាបានបាត់បង់ឋានៈដ៏ឯកសិទ្ធិរបស់ខ្លួនជានិរន្តរ៍។ ព្រះបានទាក់ទងយ៉ាងស្មោះជាមួយពួកគេអស់រយៈជាង១.៥០០ឆ្នាំ។ នេះជាសាក្សីដ៏អស់កល្បជានិច្ចចំពោះការណ៍ពិតដែលថា ព្រះយេហូវ៉ាពិតជាព្រះប្រកបដោយមេត្ដាករុណាមែន។ ជាការផ្ទុយស្រឡះពីពួកព្រះដ៏ឃោរឃៅនិងរូបព្រះទាំងឡាយដែលមនុស្សមានបាបបានបង្កើតមក!
ការសម្ដែងយ៉ាងអស្ចារ្យនូវសេចក្ដីអាណិតអាសូរ
១២. តើការសម្ដែងយ៉ាងអស្ចារ្យនូវសេចក្ដីអាណិតអាសូររបស់ព្រះ គឺជាអ្វី?
១២ ការសម្ដែងយ៉ាងអស្ចារ្យនូវសេចក្ដីអាណិតអាសូររបស់ព្រះ គឺជាការបញ្ជូនរាជបុត្រាស្ងួនភ្ងារបស់ទ្រង់មកផែនដីនេះ។ ពិតមែនហើយ ព្រះជន្មដ៏ស្មោះគ្រប់ល័ក្ខណ៍របស់ព្រះយេស៊ូបានធ្វើឲ្យព្រះយេហូវ៉ាមានព្រះហឫទ័យរីករាយ ហើយបានផ្ដល់ឲ្យទ្រង់នូវចម្លើយដ៏គ្រប់ល័ក្ខណ៍ចំពោះការចោទមិនពិតរបស់អារក្ស។ (សុភាសិត ២៧:១១) ប៉ុន្តែ នៅពេលដំណាលគ្នានេះ ដោយទតឃើញបុត្រាស្ងួនភ្ងារបស់ទ្រង់កំពុងតែរងទុក្ខនឹងទិវង្គតដ៏ឃោរឃៅនិងដ៏អាម៉ាស់មុខ ព្រះយេហូវ៉ាច្បាស់ជាមានព្រះទ័យឈឺចាប់យ៉ាងខ្លាំង ដែលគ្មានមាតាបិតាមនុស្សណាធ្លាប់ស៊ូទ្រាំដូចនេះឡើយ។ នេះជាយញ្ញបូជាដែលពេញទៅដោយសេចក្ដីស្រឡាញ់ ដែលនឹងបើកផ្លូវឲ្យមនុស្សលោកបានសង្គ្រោះ។ (យ៉ូហាន ៣:១៦) ដូចលោកសាការី ដែលត្រូវជាឱពុករបស់លោកយ៉ូហាន-បាទីស្ទ បានទាយមកថា ការនេះលើកស្ទួយឡើងនូវ«ព្រះហឫទ័យមេត្ដាករុណា របស់ព្រះនៃយើង»។—លូកា ១:៧៧, ៧៨
១៣. តើតាមរបៀបដ៏សំខាន់ណា ដែលព្រះយេស៊ូបានបង្ហាញឲ្យឃើញនូវបុគ្គលិកលក្ខណៈនៃព្រះវរបិតារបស់ទ្រង់?
១៣ ការបញ្ជូនបុត្រារបស់ព្រះមកផែនដី ក៏ជួយមនុស្សលោកឲ្យយល់ឃើញយ៉ាងច្បាស់នូវបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ាដែរ។ តើតាមរបៀបណាទៅ? គឺតាមរបៀបដែលព្រះយេស៊ូបានបង្ហាញឲ្យឃើញយ៉ាងគ្រប់ល័ក្ខណ៍នូវបុគ្គលិកលក្ខណៈនៃព្រះវរបិតារបស់ទ្រង់ ជាពិសេសនូវរបៀបដែលទ្រង់ប្រព្រឹត្តចំពោះមនុស្សទាល់ក្រ ដោយព្រះទ័យអាណិតអាសូរយ៉ាងខ្លាំង! (យ៉ូហាន ១:១៤; ១៤:៩) ចំពោះករណីនេះ អ្នកសរសេរគម្ពីរដំណឹងល្អបីនាក់គឺ ម៉ាថាយ ម៉ាកុស និង លូកា ប្រើកិរិយាសព្ទក្រិកសប្លេក·ខ្នីហ្សូ·ម៉ាយ ដែលមកពីពាក្យក្រិកសំរាប់«ពោះវៀន»។ វិជ្ជាករខាងព្រះគម្ពីរម្នាក់ឈ្មោះវិល្លាម បាក្លេបានពន្យល់ថា៖ «យើងអាចឃើញថា ដើមកំណើតនៃពាក្យនេះមិនមានអត្ថន័យជាការអាណិត ឬការអាណិតអាសូរធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាជាមនោសញ្ចេតនាដែលជម្រុញពីជម្រៅខាងក្នុងនៃមនុស្សម្នាក់។ នេះជាពាក្យក្រិកដែលមានអត្ថន័យយ៉ាងខ្លាំងចំពោះការមានអារម្មណ៍អាណិតអាសូរ»។ ពាក្យនេះត្រូវគេបកប្រែផ្សេងៗគ្នា ដូចជា«ក្ដួលអាណិត» ឬ ‹អាណិតអាសូរពន់ពេក›។—ម៉ាកុស ៦:៣៤; ៨:២
ពេលដែលព្រះយេស៊ូមានព្រះហឫទ័យក្ដួលអាណិត
១៤, ១៥. នៅក្រុងមួយក្នុងស្រុកកាលីឡេ តើអ្វីដែលបានធ្វើឲ្យព្រះយេស៊ូមានព្រះហឫទ័យក្ដួលអាណិត ហើយការនេះបង្ហាញយ៉ាងណា?
១៤ វិការដ្ឋាន គឺនៅក្រុងមួយក្នុងស្រុកកាលីឡេ។ បុរសម្នាក់«កើតឃ្លង់ពេញទាំងខ្លួន»បានមកជិតព្រះយេស៊ូ ដោយមិនបានព្រមានជាមុន ដែលជាទំលាប់របស់មនុស្សឃ្លង់។ (លូកា ៥:១២) តើព្រះយេស៊ូស្តីបន្ទោសគាត់ជាខ្លាំងឬ ដោយគាត់មិនបានស្រែកថា«ខ្ញុំស្មោកគ្រោកៗ» ដែលតម្រូវមកក្នុងក្រិត្យវិន័យរបស់ព្រះនោះ? (លេវីវិន័យ ១៣:៤៥) មិនទេ ផ្ទុយទៅវិញ ព្រះយេស៊ូបានយកព្រះទ័យស្ដាប់នឹងពាក្យអង្វររបស់បុរសនោះ៖ «បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន» «ទ្រង់មានព្រះហឫទ័យក្ដួលអាណិត» ក៏លូកព្រះហស្តទៅពាល់គាត់ដោយបន្ទូលថា៖ «ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅ»។ ស្រាប់តែបុរសនោះមានសុខភាពល្អឡើងវិញភ្លាម។ ដូច្នេះ ព្រះយេស៊ូមិនត្រឹមតែបានសម្ដែងនូវឫទ្ធានុភាពដែលព្រះប្រទានឲ្យតាមបែបដ៏អស្ចារ្យប៉ុណ្ណោះទេ ទ្រង់ក៏បានសម្ដែងនូវព្រះទ័យយ៉ាងស្រទន់ដែលជម្រុញទ្រង់ឲ្យប្រើឫទ្ធានុភាពបែបនេះ។—ម៉ាកុស ១:៤០-៤២
១៥ មុននឹងព្រះយេស៊ូសម្ដែងព្រះហឫទ័យអាណិតអាសូរដល់បុគ្គលណាម្នាក់ តើគាត់ត្រូវតែទៅជិតទ្រង់សិនឬ? មិនមែនទេ នៅពេលមួយ ទ្រង់បានជួបប្រទះនឹងក្បួនហែសពមួយដែលកំពុងតែហែចេញពីក្រុងណាអ៊ីន។ គ្មានការសង្ស័យទេ ព្រះយេស៊ូច្បាស់ជាបានជួបប្រទះក្បួនហែសពជាច្រើនពីមុន ប៉ុន្តែមួយនេះគួរឲ្យខ្លោចផ្សាណាស់។ ខ្មោចនោះត្រូវជាកូនតែមួយគត់របស់ស្ត្រីមេម៉ាយម្នាក់។ «នោះទ្រង់មានព្រះហឫទ័យក្ដួលអាណិតអាសូរដល់គាត់ណាស់» ក៏យាងទៅជិតនាងរួចមានបន្ទូលថា៖ «កុំយំអី»។ រួចទ្រង់ក៏ធ្វើអព្ភូតហេតុយ៉ាងអស្ចារ្យមួយ ដោយប្រោសកូនរបស់នាងឲ្យមានជីវិតរស់ឡើងវិញ។—លូកា ៧:១១-១៥
១៦. ហេតុអ្វីបានជាព្រះយេស៊ូមានព្រះហឫទ័យក្ដួលអាណិតដល់ហ្វូងមនុស្សដែលដើរតាមទ្រង់?
១៦ មេរៀនដ៏គួរឲ្យចាប់អារម្មណ៍ចំពោះព្រឹត្ដិការណ៍ខាងលើនេះគឺថា កាលណាព្រះយេស៊ូ«មានព្រះហឫទ័យក្ដួលអាណិត» ទ្រង់ធ្វើអ្វីមួយដ៏ជាក់លាក់ដើម្បីជួយ។ នៅឱកាសក្រោយមកទៀត ព្រះយេស៊ូបានពិនិត្យមើលហ្វូងមនុស្សដែលកំពុងតែដើរតាមទ្រង់។ ម៉ាថាយបានរាយការណ៍មកថា«ទ្រង់មានព្រះហឫទ័យក្ដួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល»។ (ម៉ាថាយ ៩:៣៦) ពួកផារីស៊ីពុំសូវយកចិត្តទុកដាក់ចំអែតដល់ការស្រេកឃ្លានខាងវិញ្ញាណនៃពួកមនុស្សសាមញ្ញទេ។ ផ្ទុយទៅវិញ ពួកគេបានដាក់បន្ទុកយ៉ាងធ្ងន់ទៅលើពួកមនុស្សរាបទាប ដោយឲ្យគេកាន់តាមច្បាប់ដែលមិនចាំបាច់ជាច្រើន។ (ម៉ាថាយ ១២:១, ២; ១៥:១-៩; ២៣:៤, ២៣) ទស្សនៈរបស់គេចំពោះមនុស្សសាមញ្ញត្រូវបានបង្ហាញឲ្យឃើញ នៅពេលដែលពួកគេបាននិយាយអំពីមនុស្សដែលបានស្ដាប់ព្រះយេស៊ូថា៖ «ឯហ្វូងមនុស្សនេះ ដែលមិនស្គាល់ក្រិត្យវិន័យ គេជាមនុស្សត្រូវបណ្ដាសាវិញ»។—យ៉ូហាន ៧:៤៩
១៧. តើការអាណិតនៃព្រះយេស៊ូដល់ហ្វូងមនុស្សបានជម្រុញទ្រង់ឲ្យធ្វើអ្វី ហើយតើទ្រង់បានផ្ដល់ឲ្យការណែនាំដែលមានអានុភាពដ៏ធំធេងអ្វីនៅទីនោះ?
១៧ ជាការផ្ទុយទៅវិញ ព្រះយេស៊ូមានសេចក្ដីក្ដួលក្នុងព្រះទ័យយ៉ាងខ្លាំង ពេលទ្រង់ឃើញសេចក្ដីវេទនាខាងវិញ្ញាណនៃហ្វូងមនុស្ស។ ប៉ុន្តែមានមនុស្សច្រើនណាស់ចូលចិត្តស្ដាប់សារព្រះរាជាណាចក្រ ដែលទ្រង់ពុំអាចយកព្រះទ័យទុកដាក់នឹងពួកគេនិមួយៗបានឡើយ។ ដូច្នេះទ្រង់បានមានបន្ទូលប្រាប់សិស្សរបស់ទ្រង់ឲ្យអធិស្ឋានសូមឲ្យមានអ្នកជំនួយច្រើនទៀត។ (ម៉ាថាយ ៩:៣៥-៣៨) ជាការស្របទៅតាមសេចក្ដីអធិស្ឋាននេះ ព្រះយេស៊ូបានចាត់សាវ័ករបស់ទ្រង់ឲ្យចេញទៅដោយមានសារថា៖ «នគរស្ថានសួគ៌ជិតដល់ហើយ»។ សេចក្ដីបង្គាប់ដែលបានឲ្យនៅឱកាសនោះ បានទៅជាការណែនាំដ៏មានតម្លៃសំរាប់ជនគ្រីស្ទានរហូតមកដល់សព្វថ្ងៃនេះ។ ដោយគ្មានការសង្ស័យឡើយ ព្រះហឫទ័យក្ដួលអាណិតអាសូរនៃព្រះយេស៊ូ បានជម្រុញទ្រង់ឲ្យចំអែតការស្រេកឃ្លានខាងវិញ្ញាណនៃមនុស្សលោក។—ម៉ាថាយ ១០:៥-៧
១៨. តើព្រះយេស៊ូមានប្រតិកម្មយ៉ាងណា ពេលហ្វូងមនុស្សចូលរំខានដល់ទីសំរាករបស់ទ្រង់ ហើយតើមានមេរៀនអ្វីចំពោះយើង?
១៨ នៅឱកាសមួយទៀត ព្រះយេស៊ូក៏មានព្រះទ័យខ្វល់ខ្វាយចំពោះការខ្វះខាតខាងវិញ្ញាណនៃហ្វូងមនុស្សដែរ។ នៅពេលនេះទ្រង់និងសាវ័ករបស់ទ្រង់បានអស់កម្លាំងណាស់ ក្រោយពីបានដើរផ្សាយយ៉ាងយូរ ហើយពួកគេរកកន្លែងមួយសំរាប់សំរាក។ ប៉ុន្តែមិនយូរប៉ុន្មាន បណ្ដាមនុស្សបានរកឃើញពួកគេ។ ជាជាងមានព្រះទ័យមួម៉ៅនឹងការចូលរំខានដល់ទីសំរាករបស់គេ ម៉ាកុសបានសរសេរថា ព្រះយេស៊ូបាន«មានព្រះហឫទ័យក្ដួលអាណិតដល់គេ»។ ហើយតើអ្វីបានបណ្ដាលឲ្យព្រះយេស៊ូមានព្រះហឫទ័យយ៉ាងជ្រៅបែបនេះ? ពីព្រោះ«គេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល»។ ម្ដងនេះទៀត ព្រះយេស៊ូបានប្រព្រឹត្តស្របទៅតាមព្រះហឫទ័យរបស់ទ្រង់ ហើយក៏ចាប់ផ្ដើមបង្រៀនហ្វូងមនុស្ស«ពីនគរព្រះ»។ មែនហើយ ការស្រេកឃ្លានខាងវិញ្ញាណនៃពួកគេបានធ្វើឲ្យទ្រង់មានព្រះហឫទ័យក្ដួលអាណិតនឹងពួកគេដល់ម្ល៉េះ ដែលទ្រង់បានបូជាការសំរាកដើម្បីបង្រៀនពួកគេ។—ម៉ាកុស ៦:៣៤; លូកា ៩:១១
១៩. តើព្រះយេស៊ូមិនត្រឹមតែមានព្រះទ័យខ្វល់ខ្វាយដល់ការខ្វះខាតខាងវិញ្ញាណរបស់គេយ៉ាងណា?
១៩ កាលដែលទ្រង់ខ្វល់ខ្វាយជាអាទិចំពោះការខ្វះខាតខាងវិញ្ញាណនៃពួកមនុស្ស ព្រះយេស៊ូមិនដែលភ្លេចពីការខ្វះខាតខាងរូបរាងកាយរបស់គេទេ។ នៅឱកាសដដែលនោះ ទ្រង់ក៏បាន«ប្រោសដល់អស់អ្នកដែលត្រូវការឲ្យគេបានជាផង»។ (លូកា ៩:១១) នៅឱកាសក្រោយមកទៀត ហ្វូងមនុស្សបាននៅជាមួយទ្រង់អស់រយ:ពេលយ៉ាងយូរ ហើយពួកគេនៅឆ្ងាយពីផ្ទះរបស់គេ។ ដោយទ្រង់ជ្រាបពីការខ្វះខាតខាងរូបរាងកាយរបស់គេ ទ្រង់ក៏បានមានបន្ទូលទៅពួកសិស្សទ្រង់ថា៖ «ខ្ញុំមានចិត្តក្ដួលអាណិត ដល់ហ្វូងមនុស្សនេះណាស់ ដ្បិតគេបាននៅជាមួយនឹងខ្ញុំអស់៣ថ្ងៃមកហើយ គេគ្មានអ្វីនឹងបរិភោគសោះ ហើយខ្ញុំមិនចង់ឲ្យគេទៅវិញទាំងអត់ឃ្លានទេ ក្រែងហេវតាមផ្លូវ»។ (ម៉ាថាយ ១៥:៣២) ឥឡូវនេះ ព្រះយេស៊ូប្រុងនឹងធ្វើអ្វីមួយ ដើម្បីកុំឲ្យមានការឈឺស្កាត់។ តាមរយៈអព្ភូតហេតុ ទ្រង់បានចំអែតមនុស្សរាប់ពាន់នាក់ទាំងប្រុសស្រីនិងក្មេងៗ ពីនំប៉័ងតែប្រាំពីរដុំនឹងត្រីតូចៗខ្លះប៉ុណ្ណោះ។
២០. តើមានមេរៀនអ្វីខ្លះចំពោះយើង ពីឧទាហរណ៍អំពីការអាណិតអាសូរនៃព្រះយេស៊ូដែលបានកត់ទុកមកចុងក្រោយបង្អស់?
២០ ឧទាហរណ៍អំពីការអាណិតអាសូរនៃព្រះយេស៊ូចុងក្រោយបង្អស់ដែលបានកត់ទុកមក គឺនៅពេលដែលទ្រង់យាងទៅក្រុងយេរូសាឡិមជាលើកចុងក្រោយ។ ហ្វូងមនុស្សដ៏ធំកំពុងតែដើរតាមទ្រង់ទៅធ្វើបុណ្យរំលង។ នៅតាមផ្លូវនៅជិតក្រុងយេរីខូរ មានមនុស្សខ្វាក់ពីរនាក់អង្គុយសុំទាន ពួកគេស្រែកឡើងថា៖ «ឱព្រះអម្ចាស់ . . . សូមទ្រង់ប្រោសមេត្ដាដល់យើងខ្ញុំផង»។ ឯបណ្ដាមនុស្ស គេប្រាប់អ្នកទាំងពីរនោះកុំឲ្យមាត់ ប៉ុន្តែព្រះយេស៊ូបានហៅពួកគេមក ហើយមានបន្ទូលសួរតើគេចង់ឲ្យទ្រង់ធ្វើអ្វីឲ្យគេ។ ពួកគេទូលអង្វរថា៖ «ឱព្រះអម្ចាស់អើយ សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺឡើងផង»។ «ទ្រង់មានសេចក្ដីក្ដួលក្នុងព្រះហឫទ័យ» ក៏ពាល់ភ្នែកគេ ស្រាប់តែភ្នែកបានភ្លឺឡើង។ (ម៉ាថាយ ២០:២៩-៣៤) យើងអាចរៀននូវមេរៀនដ៏សំខាន់ពីរឿងនេះ! ព្រះយេស៊ូហៀបនឹងចូលក្នុងសប្ដាហ៍ចុងក្រោយបង្អស់នៃកិច្ចការបំរើរបស់ទ្រង់នៅលើផែនដីនេះ។ ទ្រង់មានកិច្ចការច្រើនណាស់ដែលទ្រង់ត្រូវសម្រេច មុននឹងចូលទិវង្គតដ៏ឃោរឃៅក្នុងកណ្ដាប់ដៃនៃពួកភ្នាក់ងាររបស់សាតាំង។ ទោះជាយ៉ាងណាក៏ដោយ ទ្រង់មិនបណ្ដោយឲ្យការគាបសង្កត់នៃពេលវេលាដ៏សំខាន់នេះ បង្ការទ្រង់ពីការសម្ដែងអារម្មណ៍ដ៏ស្រទន់នៃការអាណិតអាសូរដល់សេចក្ដីត្រូវការដែលមិនសូវសំខាន់របស់មនុស្សឡើយ។
រឿងប្រៀបប្រដូចដែលបង្ហាញឲ្យឃើញនូវសេចក្ដីអាណិតអាសូរ
២១. តើការដែលចៅហ្វាយបានឲ្យបាវរួចពីបំណុលដ៏ធំនោះ បង្ហាញឲ្យឃើញអ្វី?
២១ កិរិយាសព្ទក្រិកសប្លេក·ខ្នីហ្សូ·ម៉ាយ ដែលបានប្រើក្នុងដំណើររឿងនៃព្រះជន្មរបស់ព្រះយេស៊ូ ក៏បានប្រើក្នុងរឿងប្រៀបប្រដូចបីរបស់ព្រះយេស៊ូដែរ។ ក្នុងរឿងមួយ បាវម្នាក់បានអង្វរសុំពេលវេលាដើម្បីសងបំណុលដ៏ធំមួយ។ ចៅហ្វាយរបស់គាត់«មានព្រះទ័យក្ដួលអាណិត» ក៏ឲ្យរួចពីបំណុលនោះទៅ។ រឿងនេះបង្ហាញថា ព្រះយេហូវ៉ាបានសម្ដែងសេចក្ដីអាណិតអាសូរ ដោយឲ្យរួចពីបំណុលដ៏ធំនៃអំពើបាប ដល់ជនគ្រីស្ទានម្នាក់ៗណាដែលអនុវត្តសេចក្ដីជំនឿលើយញ្ញបូជាលោះនៃព្រះយេស៊ូ។—ម៉ាថាយ ១៨:២៧; ២០:២៨
២២. តើរឿងប្រៀបប្រដូចនៃកូនបង្ហិនទ្រព្យ បង្ហាញឲ្យឃើញយ៉ាងណា?
២២ បន្ទាប់មក មានរឿងមួយទៀតស្តីអំពីកូនបង្ហិនទ្រព្យ។ សូមរំឭកអំពីការណ៍ដែលបានកើតឡើង ពេលដែលកូនរឹងទទឹងនេះត្រឡប់មកផ្ទះវិញ។ «លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្ដា ហើយរត់ទៅឱបថើបវា»។ (លូកា ១៥:២០) រឿងនេះបង្ហាញថា កាលណាជនគ្រីស្ទានរឹងទទឹងណាម្នាក់បានប្រែចិត្តយ៉ាងស្មោះវិញ នោះព្រះយេហូវ៉ានឹងមានព្រះហឫទ័យអាណិតនិងទទួលយកជននោះវិញយ៉ាងថ្នាក់ថ្នម។ ដូច្នេះហើយ តាមរយៈរឿងប្រៀបប្រដូចពីរនេះ ព្រះយេស៊ូបង្ហាញថា បិតារបស់យើងព្រះយេហូវ៉ា «ទ្រង់មានសេចក្ដីស្រឡាញ់យ៉ាងថ្នាក់ថ្នមនិងសេចក្ដីអាណិតអាសូរ»។—យ៉ាកុប ៥:១១, ពថ, ន័យលក្ខណៈ
២៣. តើមានមេរៀនអ្វីចំពោះយើង ពីរឿងប្រៀបប្រដូចដែលស្តីអំពីជនជាតិសាម៉ារី?
២៣ រឿងប្រៀបប្រដូចទីបី ដែលប្រើពាក្យសប្លេក·ខ្នីហ្សូ·ម៉ាយ គឺស្តីអំពីជនជាតិសាម៉ារីម្នាក់ដែល«មានចិត្តក្ដួលអាណិត» ពេលបានឃើញទុក្ខវេទនានៃជនជាតិយូដាម្នាក់ ដែលត្រូវបានចោរប្លន់ ហើយទុកឲ្យសន្លប់នៅទីនោះ។ (លូកា ១០:៣៣) ដោយប្រព្រឹត្តតាមអារម្មណ៍ទាំងនេះ ជនជាតិសាម៉ារីនេះបានខំជួយបុរសចំឡែកនេះអស់ពីសមត្ថភាពរបស់គាត់។ រឿងនេះបង្ហាញថា ព្រះយេហូវ៉ានិងព្រះយេស៊ូចង់ឲ្យជនគ្រីស្ទានពិតធ្វើតាមគំរូទ្រង់ ក្នុងការសម្ដែងសេចក្ដីថ្នាក់ថ្នមនិងសេចក្ដីអាណិតអាសូរ។ វិធីខ្លះៗដែលយើងអាចធ្វើការនេះបាន នឹងត្រូវពិភាក្សាក្នុងអត្ថបទជាបន្ទាប់។
សំនួរសាឡើងវិញ
◻ ការមានចិត្តមេត្ដាករុណា មានន័យយ៉ាងណា?
◻ តើតាមរបៀបណាដែលព្រះយេហូវ៉ាបានសម្ដែងសេចក្ដីអាណិតអាសូរសំរាប់ព្រះនាមទ្រង់?
◻ តើការសម្ដែងយ៉ាងអស្ចារ្យនូវសេចក្ដីអាណិតអាសូររបស់ព្រះ គឺជាអ្វី?
◻ តើតាមរបៀបដ៏ប្រសើរណា ដែលព្រះយេស៊ូបង្ហាញឲ្យឃើញនូវបុគ្គលិកលក្ខណៈនៃព្រះវរបិតារបស់ទ្រង់?
◻ តើមានមេរៀនអ្វីចំពោះយើងពីការប្រព្រឹត្តដោយសេចក្ដីអាណិតអាសូររបស់ព្រះយេស៊ូ ហើយពីរឿងប្រៀបប្រដូចរបស់ទ្រង់នោះ?
[រូបភាពនៅទំព័រ៩]
កាលណាសេចក្ដីអាណិតអាសូររបស់ព្រះបានដល់កំរិតពេញទីហើយ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យសាសន៍បាប៊ីឡូនឈ្នះលើប្រជារាស្ត្រដ៏រឹងទទឹងរបស់ទ្រង់