ចូរឲ្យព្រះយេហូវ៉ាដឹកនាំអ្នកទៅកាន់សេរីភាពពិតប្រាកដ
«[ចូរ]ពិនិត្យមើលច្បាប់ល្អឥតខ្ចោះដែលនាំឲ្យមានសេរីភាព»។—យ៉ា. ១:២៥
តើអ្នកអាចពន្យល់បានឬទេ?
តើច្បាប់អ្វីដែលនាំឲ្យមានសេរីភាពពិតប្រាកដ ហើយតើអ្នកណាទទួលប្រយោជន៍ពីច្បាប់នោះ?
តើអ្វីជាកត្ដាសំខាន់បំផុតដែលនាំឲ្យមានសេរីភាពពិតប្រាកដ?
តើអស់អ្នកដែលបន្តស្ដាប់បង្គាប់ព្រះយេហូវ៉ានឹងមានសេរីភាពអ្វី?
១, ២. (ក) តើអ្វីកំពុងកើតឡើងដល់សេរីភាពរបស់មនុស្សក្នុងពិភពលោកនេះ ហើយហេតុអ្វី? (ខ) តើអ្នកបម្រើរបស់ព្រះយេហូវ៉ាសង្ឃឹមថានឹងមានសេរីភាពអ្វី?
យើងកំពុងរស់នៅក្នុងគ្រាមួយដែលមនុស្សមានចិត្តលោភលន់ ប្រឆាំងច្បាប់ និងកាចសាហាវកាន់តែខ្លាំងឡើង។ (២ធី. ៣:១-៥) ដើម្បីទប់ស្កាត់បញ្ហាទាំងនេះ រដ្ឋាភិបាលបង្កើតច្បាប់កាន់តែច្រើន ពង្រឹងកម្លាំងនគរបាល និងដំឡើងម៉ាស៊ីនថតដើម្បីត្រួតពិនិត្យ។ ក្នុងប្រទេសខ្លះ បណ្ដាជនបានដំឡើងប្រព័ន្ធឲ្យសញ្ញាអាសន្នក្នុងផ្ទះរបស់ពួកគេ ចាក់សោច្រើនជាន់ ហើយថែមទាំងដាក់ខ្សែភ្លើងឆក់នៅរបងទៀតផង។ មនុស្សជាច្រើនមិនហ៊ានចេញក្រៅនៅពេលយប់ដោយសារមានអារម្មណ៍ថាគ្មានសុវត្ថិភាព ឬមិនឲ្យកូនរបស់ពួកគេលេងនៅខាងក្រៅតែឯងទេ។ ច្បាស់ណាស់ ដែលមនុស្សមានសេរីភាពកាន់តែតិចទៅៗ ហើយស្ថានភាពនេះទំនងជានឹងមិនល្អប្រសើរឡើងវិញឡើយ។
២ នៅសួនអេដែន សាថានបានអះអាងថាកត្ដាសំខាន់បំផុតដែលនាំឲ្យមានសេរីភាពពិតប្រាកដគឺការមិនពឹងផ្អែកលើព្រះយេហូវ៉ា។ នេះជាការភូតភរដ៏អាក្រក់ក្រៃលែង! ពិតមែន កាលណាមនុស្សកាន់តែធ្វើអ្វីដែលពួកគេចង់ធ្វើ ហើយមិនធ្វើអ្វីដែលព្រះប្រាប់ពួកគេឲ្យធ្វើ មនុស្សទាំងអស់កាន់តែរងទុក្ខ។ ស្ថានភាពដែលកាន់តែអាក្រក់ទៅនេះក៏ប៉ះពាល់ដល់អ្នកបម្រើព្រះយេហូវ៉ាដែរ។ ប៉ុន្តែយើងមានសេចក្ដីសង្ឃឹមថាថ្ងៃណាមួយមនុស្សនឹងបានរួចពីអំពើខុសឆ្គងនិងការខូចរលួយ ហើយអ្វីដែលគម្ពីរហៅថា«សេរីភាពរុងរឿងជាកូនព្រះ»។ (រ៉ូម ៨:២១) តាមពិត ព្រះយេហូវ៉ាបានចាប់ផ្ដើមជួយអ្នកបម្រើរបស់លោកត្រៀមលក្ខណៈដើម្បីមានសេរីភាពនោះ។ តើតាមរបៀបណា?
៣. តើច្បាប់អ្វីដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យអ្នកកាន់តាមលោកយេស៊ូ ហើយតើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
៣ ដើម្បីជួយអ្នកបម្រើរបស់លោកត្រៀមលក្ខណៈដើម្បីមានសេរីភាពនោះនៅអនាគត ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវអ្វីដែលយ៉ាកុបបានហៅថា«ច្បាប់ល្អឥតខ្ចោះដែលនាំឲ្យមានសេរីភាព»។ (សូមអាន យ៉ាកុប ១:២៥) គម្ពីរឯទៀតបកប្រែពាក្យនេះថា «ច្បាប់ដែលនាំឲ្យយើងមានសេរីភាព» (The New English Bible) និង«ច្បាប់ល្អឥតខ្ចោះនៃសេរីភាព»។ (The New American Bible) ធម្មតា មនុស្សគិតថាច្បាប់គឺជាប់ទាក់ទងនឹងការដាក់កម្រិត មិនជាប់ទាក់ទងនឹងសេរីភាពទេ។ បើដូច្នេះ តើ«ច្បាប់ល្អឥតខ្ចោះដែលនាំឲ្យមានសេរីភាព»គឺជាអ្វី? ហើយតើច្បាប់នោះនាំឲ្យយើងមានសេរីភាពយ៉ាងដូចម្ដេច?
ច្បាប់ដែលនាំឲ្យមានសេរីភាព
៤. តើអ្វីជា«ច្បាប់ល្អឥតខ្ចោះដែលនាំឲ្យមានសេរីភាព» ហើយតើអ្នកណាខ្លះទទួលប្រយោជន៍ពីច្បាប់នោះ?
៤ «ច្បាប់ល្អឥតខ្ចោះដែលនាំឲ្យមានសេរីភាព» មិនមែនជាច្បាប់ម៉ូសេទេ ពីព្រោះច្បាប់នោះបានសឲ្យឃើញការរំលង ហើយគ្រិស្តធ្វើឲ្យច្បាប់នោះបានសម្រេច។ (ម៉ាថ. ៥:១៧; កាឡ. ៣:១៩) ដូច្នេះ តើយ៉ាកុបចង់និយាយអំពីច្បាប់មួយណា? គាត់ចង់និយាយអំពី«ច្បាប់គ្រិស្ត» ដែលក៏បានត្រូវហៅដែរថា«ច្បាប់នៃជំនឿ»និង«ច្បាប់របស់មនុស្សដែលមានសេរីភាព»។ (កាឡ. ៦:២; រ៉ូម ៣:២៧; យ៉ា. ២:១២) ហេតុនេះ «ច្បាប់ល្អឥតខ្ចោះ»រួមបញ្ចូលអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ។ ទាំងគ្រិស្តសាសនិកដែលព្រះបានរើសតាំងនិង«ចៀមឯទៀត»បានទទួលប្រយោជន៍ពីច្បាប់នោះ។—យ៉ូន. ១០:១៦
៥. ហេតុអ្វីច្បាប់ដែលនាំឲ្យមានសេរីភាពមិនមែនជាបន្ទុកធ្ងន់ទេ?
៥ មិនដូចច្បាប់នៃប្រទេសជាច្រើន «ច្បាប់ល្អឥតខ្ចោះ»មិនស្មុគស្មាញ ហើយក៏មិនមែនជាបន្ទុកធ្ងន់ តែជាបញ្ញត្ដិដែលស្រួលយល់និងជាគោលការណ៍សំខាន់ៗ។ (១យ៉ូន. ៥:៣) លោកយេស៊ូបានមានប្រសាសន៍ថា៖ «នឹមរបស់ខ្ញុំស្រួលពាក់ ហើយបន្ទុកខ្ញុំក៏ស្រាល»។ (ម៉ាថ. ១១:២៩, ៣០) ម្យ៉ាងទៀត «ច្បាប់ល្អឥតខ្ចោះ»មិនត្រូវការបញ្ជីយ៉ាងវែងអំពីទណ្ឌកម្មឬទោសដែលមកពីការបំពានច្បាប់នោះទេ ពីព្រោះច្បាប់នោះមានមូលដ្ឋានលើសេចក្ដីស្រឡាញ់ ហើយបានចារឹកទុកក្នុងគំនិតនិងចិត្ត មិនមែនលើបន្ទះថ្មឡើយ។—សូមអាន ហេប្រឺ ៨:៦, ១០
របៀបដែល«ច្បាប់ល្អឥតខ្ចោះ»នាំឲ្យយើងមានសេរីភាព
៦, ៧. តើយើងអាចនិយាយយ៉ាងណាអំពីខ្នាតតម្រារបស់ព្រះយេហូវ៉ា ហើយតើច្បាប់នៃសេរីភាពអនុញ្ញាតឲ្យយើងធ្វើអ្វី?
៦ ច្បាប់ដែលព្រះយេហូវ៉ាបានដាក់ឲ្យមនុស្សនិងទេវតាគឺដើម្បីជាប្រយោជន៍ដល់ពួកគេនិងដើម្បីការពារពួកគេ។ ជាឧទាហរណ៍ សូមគិតអំពីច្បាប់ធម្មជាតិដែលកាន់កាប់លើថាមពលនិងរូបធាតុ។ មនុស្សមិនត្អូញត្អែរថាច្បាប់ទាំងនោះធ្វើឲ្យពួកគេពិបាកឡើយ។ ផ្ទុយទៅវិញ ពួកគេសប្បាយចិត្តដែលមានច្បាប់ទាំងនោះ ពីព្រោះពួកគេទទួលស្គាល់ថាច្បាប់ទាំងនោះមានប្រយោជន៍ណាស់ចំពោះពួកគេ។ ស្រដៀងគ្នាដែរ ខ្នាតតម្រាខាងសីលធម៌និងខាងការគោរពប្រណិប័តន៍របស់ព្រះយេហូវ៉ាដែលបានត្រូវសឲ្យឃើញក្នុង«ច្បាប់ល្អឥតខ្ចោះ»របស់គ្រិស្ត គឺមានប្រយោជន៍ដល់មនុស្សជាតិ។
៧ ច្បាប់នៃសេរីភាពគឺសម្រាប់ការពារយើង ហើយក៏អនុញ្ញាតឲ្យយើងបំពេញសេចក្ដីប៉ងប្រាថ្នាត្រឹមត្រូវទាំងអស់របស់យើងដែរ ដោយមិនធ្វើឲ្យខ្លួនអន្តរាយ ឬប៉ះពាល់ដល់សិទ្ធិនិងសេរីភាពរបស់អ្នកឯទៀតឡើយ។ ហេតុនេះ អ្វីសំខាន់បំផុតដែលជួយយើងឲ្យមានសេរីភាពពិតប្រាកដ ពោលគឺសេរីភាពធ្វើអ្វីដែលយើងចង់ធ្វើ គឺការបណ្ដុះឲ្យមានសេចក្ដីប៉ងប្រាថ្នាត្រឹមត្រូវដែលសមស្របនឹងបុគ្គលិកលក្ខណៈនិងខ្នាតតម្រារបស់ព្រះយេហូវ៉ា។ យើងត្រូវរៀនស្រឡាញ់អ្វីដែលព្រះយេហូវ៉ាស្រឡាញ់ ហើយស្អប់អ្វីដែលលោកស្អប់។ ច្បាប់នៃសេរីភាពជួយយើងឲ្យធ្វើដូច្នោះ។—អេម. ៥:១៥
៨, ៩. ដោយសារយើងធ្វើតាមច្បាប់នៃសេរីភាព តើយើងទទួលប្រយោជន៍យ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍មួយ។
៨ ដោយសារយើងមានភាពមិនល្អឥតខ្ចោះ យើងពិបាកកាន់កាប់លើសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវណាស់។ ប៉ុន្តែ កាលណាយើងធ្វើតាមច្បាប់នៃសេរីភាពយ៉ាងស្មោះត្រង់ យើងអាចមានសេរីភាពខ្លះសូម្បីតែឥឡូវនេះក្ដី។ ជាឧទាហរណ៍ សិស្សគម្ពីរថ្មីម្នាក់ឈ្មោះយេធ្លាប់ញៀនបារី។ ពេលដែលគាត់បានដឹងថា ព្រះមិនពេញចិត្តនឹងទម្លាប់នេះ គាត់ត្រូវធ្វើការសម្រេចចិត្ត។ តើគាត់បន្តធ្វើតាមចំណង់របស់គាត់ ឬគាត់ចុះចូលនឹងព្រះយេហូវ៉ាវិញ? គាត់បានសម្រេចចិត្តយ៉ាងឈ្លាសវៃថា បម្រើព្រះយេហូវ៉ា ទោះជារូបកាយរបស់គាត់ធ្វើទុក្ខពេលមិនបានជក់បារីក៏ដោយ។ តើគាត់មានអារម្មណ៍យ៉ាងណាបន្ទាប់ពីបានយកឈ្នះទម្លាប់របស់គាត់? ក្រោយមក គាត់បានស្រដីថា៖ «ខ្ញុំមានអារម្មណ៍ថា មានសេរីភាពដ៏អស្ចារ្យ ហើយសប្បាយចិត្តណាស់»។
៩ តាមរយៈបទពិសោធន៍ដោយផ្ទាល់ យេបានដឹងថា សេរីភាពនៃពិភពលោកដែលអនុញ្ញាតឲ្យមនុស្ស«ផ្ដោតគំនិតទៅលើសេចក្ដីប៉ងប្រាថ្នានៃរូបកាយ»បានធ្វើឲ្យពួកគេក្លាយទៅជាខ្ញុំបម្រើវិញ រីឯសេរីភាពដែលព្រះយេហូវ៉ាផ្ដល់ឲ្យ ដែលមានន័យថាការ«ផ្ដោតអារម្មណ៍ទៅលើអ្វីៗដែលពាក់ព័ន្ធនឹងសកម្មពលរបស់ព្រះ» នាំឲ្យបាន«ជីវិតនិងសេចក្ដីសុខសាន្ត»។ (រ៉ូម ៨:៥, ៦) តើយេបានកម្លាំងពីណាដើម្បីលះបង់ទម្លាប់របស់គាត់? មិនមែនបានមកពីខ្លួនគាត់ទេ តែមកពីព្រះវិញ។ គាត់បាននិយាយថា៖ «ខ្ញុំបានសិក្សាគម្ពីរយ៉ាងទៀងទាត់ បានអធិដ្ឋានសុំសកម្មពលបរិសុទ្ធ ហើយបានសុំជំនួយដែលក្រុមជំនុំបានផ្ដល់ឲ្យខ្ញុំដោយស្ម័គ្រចិត្តនិងដោយសេចក្ដីស្រឡាញ់»។ ការរៀបចំទាំងនេះអាចជួយយើងទាំងអស់គ្នា ពេលយើងស្វែងរកសេរីភាពពិតប្រាកដ។ សូមមើលនូវរបៀបដែលការរៀបចំទាំងនេះជួយយើង។
ចូរពិនិត្យមើលបណ្ដាំរបស់ព្រះ
១០. តើការ«ពិនិត្យមើល»ក្នុងច្បាប់របស់ព្រះមានន័យដូចម្ដេច?
១០ នៅយ៉ាកុប ១:២៥ យើងអានថា៖ «អ្នកដែលពិនិត្យមើលច្បាប់ល្អឥតខ្ចោះដែលនាំឲ្យមានសេរីភាព ហើយព្យាយាមធ្វើនោះជានិច្ច . . . នឹងមានសុភមង្គលក្នុងការនោះ ពីព្រោះអ្នកនោះបានក្លាយទៅជាអ្នកដែលធ្វើការនោះ»។ ពាក្យភាសាក្រិចដែលបកប្រែថា«ពិនិត្យមើល» មានន័យថា«ឈ្ងោកមើល»ដែលបង្កប់អត្ថន័យថាប្រមូលអារម្មណ៍ខំធ្វើអ្វីមួយ។ មែនហើយ បើយើងចង់ឲ្យច្បាប់នៃសេរីភាពមានឥទ្ធិពលលើគំនិតនិងចិត្តរបស់យើង យើងក៏ត្រូវព្យាយាមសិក្សាគម្ពីរ ហើយសញ្ជឹងគិតនិងអធិដ្ឋានអំពីអ្វីដែលយើងអាន។—១ធី. ៤:១៥
១១, ១២. (ក) តើលោកយេស៊ូបាននិយាយអ្វីដែលបង្ហាញថាយើងត្រូវយកសេចក្ដីពិតជារបៀបរស់នៅរបស់យើង? (ខ) ដូចរូបភាពខាងលើ តើយើងត្រូវជៀសពីគ្រោះថ្នាក់អ្វី ជាពិសេសបើយើងជាមនុស្សវ័យក្មេង?
១១ ដំណាលគ្នានោះ យើងត្រូវ«ព្យាយាម» ឬស៊ូទ្រាំក្នុងការអនុវត្តបណ្ដាំរបស់ព្រះ។ យើងត្រូវយកសេចក្ដីពិតជារបៀបរស់នៅរបស់យើង។ លោកយេស៊ូបានបង្ហាញគំនិតស្រដៀងគ្នានេះ ពេលដែលលោកបានមានប្រសាសន៍ទៅកាន់មនុស្សខ្លះដែលបានជឿលើលោកថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងសេចក្ដីបង្រៀនរបស់ខ្ញុំ អ្នករាល់គ្នាពិតជាអ្នកកាន់តាមខ្ញុំមែន ហើយអ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ (យ៉ូន. ៨:៣១, ៣២) ឯកសារយោងមួយចែងថា«ស្គាល់»នៅក្នុងឃ្លានេះក៏មានន័យថាឲ្យតម្លៃដែរ ពីព្រោះ«អ្វីដែលគេ‹ស្គាល់›មានតម្លៃឬសារៈសំខាន់ចំពោះអ្នកដែលស្គាល់វា»។ ហេតុនេះ យើង«ស្គាល់»សេចក្ដីពិតយ៉ាងពេញលេញបំផុត កាលណាយើងយកសេចក្ដីពិតជារបៀបរស់នៅរបស់យើង។ ក្រោយមក យើងអាចនិយាយយ៉ាងត្រឹមត្រូវថា «បណ្ដាំរបស់ព្រះកំពុងមានឥទ្ធិពល»ទៅលើយើង ដោយកែប្រែបុគ្គលិកលក្ខណៈរបស់យើង ដើម្បីអាចធ្វើតាមគំរូរបស់បិតានៅស្ថានសួគ៌កាន់តែដិតដល់ជាង។—១ថែ. ២:១៣
១២ សូមសួរខ្លួនអ្នកថា‹តើខ្ញុំពិតជាស្គាល់សេចក្ដីពិតឬទេ? តើខ្ញុំយកសេចក្ដីពិតជារបៀបរស់នៅរបស់ខ្ញុំឬទេ? ឬមួយខ្ញុំនៅតែចង់បាន«សេរីភាព»ខ្លះនៃពិភពលោក? សូមគិតអំពីបទពិសោធន៍របស់ប្អូនស្រីម្នាក់ដែលមានឪពុកម្ដាយជាគ្រិស្តសាសនិក។ នាងរៀបរាប់ថា ពេលដែលនាងនៅក្មេង នាងបានជឿលើព្រះយេហូវ៉ា ប៉ុន្តែតាមពិតនាងមិនស្គាល់លោកទេ។ នាងបានសរសេរថា៖ «ខ្ញុំមិនដែលរៀនស្អប់អ្វីដែលលោកស្អប់ ខ្ញុំមិនដែលជឿថាអ្វីដែលខ្ញុំធ្វើគឺសំខាន់ចំពោះលោកឡើយ។ ខ្ញុំមិនដែលរៀនពឹងផ្អែកលើលោក ពេលដែលខ្ញុំមានបញ្ហាទេ។ ខ្ញុំពឹងទៅលើការយល់ដឹងរបស់ខ្ញុំដែលឥឡូវខ្ញុំដឹងថាជាអ្វីដែលគួរឲ្យអស់សំណើច ពីព្រោះខ្ញុំមិនបានដឹងអ្វីសោះ»។ ប៉ុន្តែ ជាការល្អដែលប្អូនស្រីនោះបានដឹងថា របៀបគិតគូររបស់នាងគឺខុសខ្លាំងណាស់ ហើយនាងបានកែប្រែយ៉ាងច្រើន។ នាងថែមទាំងបានចាប់ផ្ដើមបម្រើជាអ្នកត្រួសត្រាយពេញពេលទៀតផង។
សកម្មពលបរិសុទ្ធអាចជួយអ្នកឲ្យមានសេរីភាព
១៣. តើតាមរបៀបណាសកម្មពលបរិសុទ្ធរបស់ព្រះជួយយើងឲ្យមានសេរីភាព?
១៣ នៅកូរិនថូសទី២ ៣:១៧ យើងអានថា៖ «កន្លែងណាដែលមានសកម្មពលរបស់ព្រះយេហូវ៉ា កន្លែងនោះមានសេរីភាព»។ តើតាមរបៀបណាសកម្មពលបរិសុទ្ធជួយយើងឲ្យមានសេរីភាព? សកម្មពលនេះជួយយើងឲ្យមានគុណសម្បត្ដិដូចជា«សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តធ្ងន់ សេចក្ដីសប្បុរស គុណធម៌ ជំនឿ ចិត្តស្លូតបូត ការចេះទប់ចិត្ត»។ (កាឡ. ៥:២២, ២៣) បើគ្មានគុណសម្បត្ដិទាំងនោះទេ ជាពិសេសបើគ្មានសេចក្ដីស្រឡាញ់ គ្មានសង្គមមនុស្សណាអាចមានសេរីភាពពិតប្រាកដទេ នេះជាការពិតដែលគេឃើញច្បាស់នៅក្នុងពិភពលោកសព្វថ្ងៃនេះ។ គួរឲ្យចាប់អារម្មណ៍ណាស់ថា បន្ទាប់ពីសាវ័កប៉ូលរៀបរាប់អំពីផលផ្លែនៃសកម្មពលបរិសុទ្ធ គាត់បានបន្ថែមថា៖ «គ្មានក្រិត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទេ»។ តើគាត់ចង់និយាយយ៉ាងណា? គាត់ចង់និយាយថាគ្មានច្បាប់មួយណាអាចរារាំងមិនឲ្យផលផ្លែនៃសកម្មពលរបស់ព្រះលូតលាស់បានឡើយ។ (កាឡ. ៥:១៨) ព្រះយេហូវ៉ាចង់ឲ្យយើងបន្តបង្ហាញគុណសម្បត្ដិទាំងនេះកាន់តែខ្លាំងឡើងៗនិងជារៀងរហូត។
១៤. តើតាមរបៀបណាដែលចិត្តគំនិតរបស់ពិភពលោកនេះធ្វើឲ្យមនុស្សក្លាយជាខ្ញុំបម្រើរបស់វា?
១៤ ពួកអ្នកដែលបានត្រូវគ្រប់គ្រងដោយចិត្តគំនិតរបស់ពិភពលោក ហើយដែលបំពេញសេចក្ដីប៉ងប្រាថ្នាខុសឆ្គងរបស់ខ្លួន ប្រហែលជាគិតថាពួកគេមានសេរីភាព។ (សូមអាន ពេត្រុសទី២ ២:១៨, ១៩) ក៏ប៉ុន្តែ ការពិតគឺផ្ទុយស្រឡះពីអ្វីដែលពួកគេគិត។ រដ្ឋាភិបាលនានាត្រូវបង្កើតច្បាប់ជាច្រើនដើម្បីទប់ស្កាត់មិនឲ្យមនុស្សទាំងនោះប្រព្រឹត្តតាមចិត្តគេចង់។ សាវ័កប៉ូលនិយាយថា៖ «គេមិនបង្កើតច្បាប់សម្រាប់មនុស្សសុចរិតទេ តែសម្រាប់មនុស្សដែលប្រឆាំងច្បាប់ ពិបាកគ្រប់គ្រង»។ (១ធី. ១:៩, ១០) ពួកគេក៏ជាខ្ញុំបម្រើនៃភាពខុសឆ្គងដែលជំរុញឲ្យប្រព្រឹត្ត«អ្វីៗតាមបំណងប្រាថ្នារបស់រូបកាយ»ដែលជាម្ចាស់ដែលគ្មានមេត្ដា។ (អេភ. ២:១-៣) ប្រៀបដូចជាសត្វល្អិតដែលវារចូលទៅក្នុងចានទឹកឃ្មុំដើម្បីបំពេញការស្រេកឃ្លានរបស់វា ហើយបន្ទាប់មកវាត្រូវជាប់ខ្លួនរើមិនរួច នោះមនុស្សទាំងនេះធ្វើតាមបំណងប្រាថ្នាខុសឆ្គងរបស់ពួកគេ ហើយក្លាយទៅជាខ្ញុំបម្រើនៃភាពខុសឆ្គង។—យ៉ា. ១:១៤, ១៥
ព្រះនាំឲ្យមានសេរីភាពនៅក្នុងក្រុមជំនុំគ្រិស្តសាសនិក
១៥, ១៦. តើការចូលរួមជាមួយក្រុមជំនុំគឺសំខាន់យ៉ាងណា ហើយតើយើងមានសេរីភាពអ្វីខ្លះនៅក្នុងក្រុមជំនុំ?
១៥ ពេលអ្នកចាប់ផ្ដើមចូលរួមជាមួយក្រុមជំនុំគ្រិស្តសាសនិក នេះមិនដូចជាការចូលរួមក្លិបកម្សាន្តណាមួយនោះទេ។ ផ្ទុយទៅវិញ អ្នកបានចូលរួមក្នុងក្រុមជំនុំដោយសារព្រះយេហូវ៉ាបានទាញនាំអ្នក។ (យ៉ូន. ៦:៤៤) តើអ្វីបានជំរុញចិត្តលោកឲ្យធ្វើដូច្នេះ? តើលោកបានឃើញថាអ្នកជាមនុស្សសុចរិតដែលកោតខ្លាចព្រះឬ? អ្នកប្រហែលជានិយាយថា៖ «មិនមែនទេ!»។ ដូច្នេះតើព្រះបានឃើញអ្វី? លោកបានឃើញថាអ្នកមានចិត្តចង់ទទួលយកច្បាប់របស់លោកដែលនាំឲ្យមានសេរីភាព ហើយចុះចូលក្រោមអំណាចនៃច្បាប់នោះ។ តាំងពីអ្នកបានក្លាយទៅជាសមាជិកនៃក្រុមជំនុំ ព្រះយេហូវ៉ាបានថែរក្សាអ្នកដោយបង្រៀនអ្នកពីបណ្ដាំរបស់លោក។ លោកបានធ្វើឲ្យអ្នករួចផុតពីសេចក្ដីបង្រៀនមិនពិតនិងអបិយជំនឿនៃសាសនាមិនពិត ហើយបានបង្រៀនអ្នកអំពីរបៀបយកតម្រាប់បុគ្គលិកលក្ខណៈរបស់គ្រិស្ត។ (សូមអាន អេភេសូរ ៤:២២-២៤) ជាលទ្ធផល អ្នកមានឯកសិទ្ធិស្ថិតក្នុងចំណោមរាស្ត្រតែមួយគត់ក្នុងពិភពលោក ជាពួកអ្នកដែលគេអាចហៅយ៉ាងត្រឹមត្រូវថាជា«មនុស្សដែលមានសេរីភាព»។—យ៉ា. ២:១២
១៦ សូមពិចារណាអំពីរឿងនេះ។ ពេលដែលអ្នកនៅក្នុងចំណោមពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ាអស់ពីចិត្ត តើអ្នកមានអារម្មណ៍ភ័យខ្លាចឬទេ? ពេលអ្នកកំពុងនិយាយជាមួយបងប្អូនប្រុសស្រីនៅសាលប្រជុំ តើអ្នកបារម្ភថាអ្នកណាម្នាក់ប្រហែលជាលួចវត្ថុទ្រព្យរបស់អ្នកឬទេ? អ្នកមិនបារម្ភទេ! អ្នកមានអារម្មណ៍ថាមានសុវត្ថិភាពនិងសេរីភាព។ តើអ្នកមានអារម្មណ៍ដូចនេះក្នុងចំណោមក្រុមមនុស្សឯទៀតនៅកន្លែងផ្សេងទៀតឬទេ? អត់ទេ! ប៉ុន្តែ សេរីភាពដែលអ្នកមានក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ានៅឥឡូវនេះ បង្ហើបឲ្យដឹងអំពីសេរីភាពដែលអ្នកនឹងមាននៅអនាគត។
«សេរីភាពរុងរឿងជាកូនព្រះ»
១៧. តើសេរីភាពរបស់មនុស្សជាតិជាប់ទាក់ទងយ៉ាងណានឹង«គ្រាដែលកូនព្រះនឹងត្រូវសម្ដែង»?
១៧ ពេលពិភាក្សាអំពីសេរីភាពដែលព្រះយេហូវ៉ាបានរៀបចំទុកសម្រាប់អ្នកបម្រើរបស់លោកនៅផែនដី ប៉ូលបានសរសេរថា៖ «អ្វីៗដែលព្រះបានបង្កើតកំពុងទន្ទឹងរង់ចាំយ៉ាងរំភើបនូវគ្រាដែលកូនព្រះនឹងត្រូវសម្ដែង»។ បន្ទាប់មកគាត់បានបន្ថែមថា៖ «អ្វីៗដែលព្រះបានបង្កើតក៏នឹងត្រូវរំដោះឲ្យរួចពីចំណងនៃការខូចរលួយ ដើម្បីមានសេរីភាពរុងរឿងជាកូនព្រះ»។ (រ៉ូម ៨:១៩-២១) «អ្វីៗដែលព្រះបានបង្កើត»សំដៅទៅលើមនុស្សជាតិដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដី ជាពួកអ្នកដែលនឹងទទួលប្រយោជន៍ពី«គ្រាដែលកូនព្រះនឹងត្រូវសម្ដែង» ជាកូនព្រះដែលបានត្រូវរើសតាំងដោយសកម្មពល។ ការបើកសម្ដែងនោះនឹងចាប់ផ្ដើមពេល«កូន»ទាំងនេះរបស់ព្រះដែលបានត្រូវប្រោសឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណ ចូលរួមជាមួយគ្រិស្តក្នុងការសម្អាតផែនដីពីអំពើអាក្រក់និងក្នុងការការពារ«មនុស្សមួយក្រុមធំ»ឲ្យចូលទៅក្នុងរបៀបរបបពិភពលោកថ្មី។—បប. ៧:៩, ១៤
១៨. ចំពោះមនុស្សជាតិដែលស្ដាប់បង្គាប់តើសេរីភាពនឹងមានកាន់តែច្រើនឡើងយ៉ាងដូចម្ដេច ហើយនៅទីបំផុតតើពួកគេនឹងមានសេរីភាពអ្វី?
១៨ បន្ទាប់មកមនុស្សជាតិនឹងមានសេរីភាពពិសេសបំផុត។ ពួកគេនឹងរួចផុតពីឥទ្ធិពលរបស់សាថាននិងពួកវិញ្ញាណកំណាច។ (បប. ២០:១-៣) នេះពិតជានឹងនាំឲ្យធូរស្បើយមែន! ចាប់ពីពេលនោះមក ពួក១៤៤.០០០នាក់ដែលជាស្តេចនិងជាសង្ឃនឹងប្រើគ្រឿងបូជាដែលជាថ្លៃលោះដើម្បីជាប្រយោជន៍ដល់មនុស្សជាតិរហូតដល់ពួកគេរួចផុតទាំងស្រុងពីភាពខុសឆ្គងនិងភាពមិនល្អឥតខ្ចោះ។ (បប. ៥:៩, ១០) បន្ទាប់ពីជំនឿរបស់ពួកគេបានត្រូវសាកល្បង នោះនៅទីបំផុតមនុស្សដែលស្ដាប់បង្គាប់នឹងមានសេរីភាពដែលល្អឥតខ្ចោះដែលព្រះយេហូវ៉ាមានបំណងឲ្យពួកគេមានតាំងពីដើមដំបូង ពោលគឺ«សេរីភាពរុងរឿងជាកូនព្រះ»។ សូមគិតទៅមើល! អ្នកនឹងលែងពិបាកធ្វើអ្វីដែលត្រឹមត្រូវស្របតាមទស្សនៈរបស់ព្រះ ពីព្រោះរូបកាយទាំងមូលរបស់អ្នកនឹងល្អឥតខ្ចោះ ហើយបុគ្គលិកលក្ខណៈរបស់អ្នកនឹងត្រូវកែប្រែទាំងស្រុងឲ្យមានភាពដូចព្រះ។
១៩. តើយើងត្រូវបន្តធ្វើអ្វីបើយើងចង់មាន«សេរីភាពរុងរឿងជាកូនព្រះ»?
១៩ តើអ្នកទន្ទឹងរង់ចាំ«សេរីភាពរុងរឿងជាកូនព្រះ»ឬទេ? បើមែន ចូរឲ្យគំនិតនិងចិត្តរបស់អ្នកបន្តទទួលឥទ្ធិពលពី«ច្បាប់ល្អឥតខ្ចោះដែលនាំឲ្យមានសេរីភាព»។ សូមព្យាយាមសិក្សាបទគម្ពីរជាទៀងទាត់។ សូមយកសេចក្ដីពិតជារបៀបរស់នៅរបស់អ្នក។ សូមអធិដ្ឋានសុំសកម្មពលបរិសុទ្ធ។ សូមទទួលប្រយោជន៍យ៉ាងពេញលេញពីកិច្ចប្រជុំនិងពីសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដែលព្រះយេហូវ៉ាផ្ដល់ឲ្យ។ សូមកុំឲ្យសាថានបោកបញ្ឆោតអ្នកឲ្យសោះដូចវាបានបញ្ឆោតនាងអេវ៉ាឲ្យគិតថាអ្វីដែលព្រះតម្រូវគឺតឹងរ៉ឹងពេក។ កុំភ្លេចថាមេកំណាចវាឆ្លាតណាស់។ ប៉ុន្តែ ដូចដែលយើងនឹងឃើញក្នុងអត្ថបទបន្ទាប់ យើងមិនត្រូវ«ឲ្យសាថានមានឱកាសឈ្នះយើងឡើយ ព្រោះមិនមែនយើងមិនដឹងអំពីកលល្បិចទាំងប៉ុន្មានរបស់សាថាននោះទេ»។—២កូ. ២:១១
[រូបភាពនៅទំព័រ៩]
តើខ្ញុំនៅតែចង់បានយ៉ាងខ្លាំងនូវ«សេរីភាព»ខ្លះនៃពិភពលោកនេះឬទេ?
[រូបភាពនៅទំព័រ៩]
តើខ្ញុំបានយកសេចក្ដីពិតជារបៀបរស់នៅរបស់ខ្ញុំឬទេ?