ជំពូកទី១១
‹ចូរចាត់ទុកអាពាហ៍ពិពាហ៍ជាអ្វីដែលមានតម្លៃ›
«[ចូរ]រីករាយចំពោះប្រពន្ធដែលបានគ្នាពីកាលក្រមុំកំឡោះ»។—សុភាសិត ៥:១៨
១, ២. តើយើងនឹងពិចារណាសំណួរអ្វី? ហើយហេតុអ្វី?
តើអ្នកបានរៀបការហើយឬ? បើបានរៀបការហើយ តើអាពាហ៍ពិពាហ៍របស់អ្នកធ្វើឲ្យអ្នកមានសុភមង្គល ឬមានបញ្ហាធំទៅវិញ? បន្ដិចម្ដងៗតើអ្នកនិងគូរបស់អ្នកចាប់ផ្ដើមណាយចិត្តនឹងគ្នា លែងមានភាពស្និទ្ធស្នាលឬទេ? តើអ្នកទ្រាំរួមរស់ជាមួយគូរបស់អ្នកដោយគ្មានអំណរឬទេ? បើដូច្នេះ អ្នកទំនងជាពិបាកចិត្ត ដោយសារការរួមរស់ជាប្ដីប្រពន្ធមិនសូវមានភាពកក់ក្ដៅដូចពីមុនទេ។ ក្នុងនាមជាគ្រិស្តសាសនិក អ្នកច្បាស់ជាចង់ឲ្យការរស់នៅជាប្ដីប្រពន្ធនាំឲ្យព្រះយេហូវ៉ាជាព្រះដែលអ្នកស្រឡាញ់ ទទួលការសរសើរតម្កើង។ ហេតុនេះ ស្ថានភាពរបស់អ្នកសព្វថ្ងៃនេះទំនងជាធ្វើឲ្យអ្នកខ្វល់ខ្វាយនិងឈឺចិត្ត។ ទោះជាយ៉ាងនោះក៏ដោយ សូមកុំសន្និដ្ឋានថាស្ថានភាពរបស់អ្នកពុំអាចកែប្រែឲ្យប្រសើរឡើងវិញបានឡើយ។
២ សព្វថ្ងៃនេះ មានប្ដីប្រពន្ធគ្រិស្តសាសនិកជាច្រើនគូដែលធ្លាប់រួមរស់ជាមួយគ្នាដោយគ្មានភាពកក់ក្ដៅឬភាពស្និទ្ធស្នាលទេ ប៉ុន្តែពួកគេបានរកឃើញវិធីពង្រឹងចំណងអាពាហ៍ពិពាហ៍។ អ្នកក៏អាចទទួលបានសុភមង្គលក្នុងការរួមរស់ជាប្ដីប្រពន្ធដែរ។ តើតាមរបៀបណា?
របៀបធ្វើឲ្យមានភាពជិតស្និទ្ធជាងជាមួយព្រះនិងជាមួយគូរបស់អ្នក
៣, ៤. ហេតុអ្វីគូអាពាហ៍ពិពាហ៍នឹងមានភាពស្និទ្ធស្នាលជាង បើពួកគេខំធ្វើឲ្យមានភាពជិតស្និទ្ធជាងជាមួយនឹងព្រះ? សូមឲ្យឧទាហរណ៍។
៣ អ្នកនិងគូអាពាហ៍ពិពាហ៍របស់អ្នកនឹងមានភាពស្និទ្ធស្នាលជាងមុន បើទាំងពីរនាក់ព្យាយាមធ្វើឲ្យមានភាពជិតស្និទ្ធជាងជាមួយនឹងព្រះ។ ហេតុអ្វី? សូមគិតអំពីឧទាហរណ៍មួយ: សូមស្រមៃគិតអំពីភ្នំមួយដែលមានកំពូលស្រួច។ បុរសម្នាក់កំពុងឈរនៅជើងភ្នំនោះខាងនាយ ហើយស្ត្រីម្នាក់កំពុងឈរនៅជើងភ្នំដដែលនោះខាងអាយ។ ពួកគេទាំងពីរនាក់ចាប់ផ្ដើមឡើងភ្នំ។ ពេលដែលពួកគេនៅជើងភ្នំនៅឡើយ នោះពួកគេនៅឆ្ងាយពីគ្នា។ ប៉ុន្តែកាលដែលពួកគេឡើងភ្នំនោះកាន់តែខ្ពស់ទៅ ពួកគេក៏កាន់តែជិតគ្នាដែរ។ តើអ្នកយល់មេរៀនគួរឲ្យលើកទឹកចិត្តដែលឧទាហរណ៍នេះបានបញ្ជាក់ឬទេ?
៤ ការព្យាយាមរបស់អ្នកដើម្បីបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាព គឺប្រៀបដូចជាការព្យាយាមឡើងភ្នំ។ ដោយសារអ្នកស្រឡាញ់ព្រះយេហូវ៉ា អ្នកកំពុងខំប្រឹងយ៉ាងខ្លាំងដើម្បីឡើងភ្នំហើយ។ ទោះជាយ៉ាងនោះក៏ដោយ បើអ្នកនិងគូអាពាហ៍ពិពាហ៍របស់អ្នកលែងមានភាពស្និទ្ធស្នាលដូចពីមុន នោះស្ថានភាពរបស់អ្នកប្រហែលប្រៀបដូចជាអ្នកនៅខាងនាយភ្នំ តែគូរបស់អ្នកនៅខាងអាយភ្នំវិញ។ ប៉ុន្តែតើអ្វីនឹងកើតឡើងបើអ្នកបន្តឡើងភ្នំ? ប្រហែលនៅដើមដំបូងអ្នកទាំងពីរដូចជានៅឆ្ងាយពីគ្នា។ ក៏ប៉ុន្តែកាលដែលអ្នកខំប្រឹងឡើងភ្នំនោះកាន់តែខ្ពស់ទៅ ពោលគឺខំប្រឹងធ្វើឲ្យមានភាពជិតស្និទ្ធជាងជាមួយនឹងព្រះ នោះអ្នកនឹងមានភាពស្និទ្ធស្នាលជាងជាមួយនឹងគូរបស់អ្នកដែរ។ ដូច្នេះ កត្ដាសំខាន់បំផុតដែលនាំឲ្យអ្នកមានភាពស្និទ្ធស្នាលជាងជាមួយនឹងគូរបស់អ្នក គឺអ្នកត្រូវព្យាយាមធ្វើឲ្យមានភាពជិតស្និទ្ធជាងជាមួយនឹងព្រះ។ ប៉ុន្តែ តើអ្នកអាចធ្វើដូច្នេះតាមរបៀបណា?
ការធ្វើតាមចំណេះពីគម្ពីរអាចពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នក
៥. (ក) តើអ្វីជាវិធីមួយដែលអាចធ្វើឲ្យអ្នកមានភាពជិតស្និទ្ធជាងជាមួយព្រះយេហូវ៉ានិងជាមួយគូរបស់អ្នក? (ខ) តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះការរួមរស់ជាប្ដីប្រពន្ធ?
៥ វិធីសំខាន់មួយគឺអ្នកនិងគូរបស់អ្នកត្រូវធ្វើតាមឱវាទក្នុងបណ្ដាំរបស់ព្រះស្តីអំពីការរួមរស់ជាប្ដីប្រពន្ធ។ (ទំនុកតម្កើង ២៥:៤; អេសាយ ៤៨:១៧, ១៨) ដូច្នេះសូមពិចារណាចំណុចមួយក្នុងឱវាទរបស់សាវ័កប៉ូល។ គាត់និយាយថា៖ «ចូរឲ្យមនុស្សទាំងអស់គ្នាចាត់ទុកអាពាហ៍ពិពាហ៍ជាអ្វីដែលមានតម្លៃ»។ (ហេប្រឺ ១៣:៤) នោះបញ្ជាក់យ៉ាងច្បាស់អំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះការរួមរស់ជាប្ដីប្រពន្ធ ពោលគឺលោកចាត់ទុកនោះជាអ្វីដ៏ថ្លៃវិសេស។
សេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះព្រះយេហូវ៉ាត្រូវជំរុញចិត្តរបស់អ្នក
៦. តើរបៀបដែលប៉ូលបានឲ្យឱវាទអំពីអាពាហ៍ពិពាហ៍បញ្ជាក់អំពីអ្វី? ហេតុអ្វីជាការសំខាន់ដែលអ្នកចាំចំណុចនេះ?
៦ ដោយសារអ្នកនិងគូរបស់អ្នកជាអ្នកបម្រើព្រះ នោះអ្នកទាំងពីរដឹងហើយថាចំណងអាពាហ៍ពិពាហ៍ជាអ្វីដែលថ្លៃវិសេស ហើយក៏ពិសិដ្ឋដែរ។ ព្រះយេហូវ៉ាជាអ្នកដែលបានផ្ដើមឲ្យមនុស្សរៀបការ។ (សូមអាន ម៉ាថាយ ១៩:៤-៦) ក៏ប៉ុន្តែ បើអ្នកកំពុងមានបញ្ហាជាមួយនឹងគូរបស់អ្នក នោះការគ្រាន់តែយល់ដឹងថាអាពាហ៍ពិពាហ៍គឺជាអ្វីថ្លៃវិសេស ប្រហែលជាមិនគ្រប់គ្រាន់ទេដើម្បីជំរុញអ្នកនិងគូរបស់អ្នកឲ្យស្រឡាញ់គ្នានិងគោរពគ្នាទៅវិញទៅមកនោះ។ បើដូច្នេះ តើអ្វីនឹងជំរុញអ្នកទាំងពីរឲ្យស្រឡាញ់និងគោរពគ្នាទៅវិញទៅមក? សូមពិចារណាដោយយកចិត្តទុកដាក់អំពីរបៀបដែលប៉ូលបាននិយាយអំពីតម្លៃនៃអាពាហ៍ពិពាហ៍។ គាត់មិនត្រឹមតែនិយាយថា«អាពាហ៍ពិពាហ៍ជាអ្វីដែលមានតម្លៃ»ប៉ុណ្ណោះទេ តែគាត់និយាយថា«ចូរឲ្យមនុស្សទាំងអស់គ្នាចាត់ទុកអាពាហ៍ពិពាហ៍ជាអ្វីដែលមានតម្លៃ»។ ក្នុងខនេះប៉ូលកំពុងបង្គាប់ឲ្យធ្វើអ្វីមួយ។a បើអ្នកចាំអំពីចំណុចនេះ អ្នកប្រហែលជានឹងត្រូវជំរុញឲ្យគោរពគូរបស់អ្នកឡើងវិញ។ ហេតុអ្វី?
៧. (ក) តើយើងធ្វើតាមបង្គាប់អ្វីខ្លះ? ហើយហេតុអ្វី? (ខ) តើការស្ដាប់បង្គាប់ទទួលបានលទ្ធផលល្អណាខ្លះ?
៧ សូមគិតអំពីទស្សនៈរបស់អ្នកចំពោះសេចក្ដីបង្គាប់ឯទៀតក្នុងគម្ពីរ ដូចជាសេចក្ដីបង្គាប់ឲ្យបង្រៀនមនុស្សឲ្យកាន់តាមលោកយេស៊ូ ឬសេចក្ដីបង្គាប់ឲ្យជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ។ (ម៉ាថាយ ២៨:១៩; ហេប្រឺ ១០:២៤, ២៥) ជួនកាលអ្នកពិបាកធ្វើតាមបង្គាប់ទាំងនេះ។ មនុស្សដែលអ្នកជួបក្នុងកិច្ចផ្សព្វផ្សាយប្រហែលជាមានប្រតិកម្មមិនល្អ ឬប្រហែលជាការងាររបស់អ្នកធ្វើឲ្យអ្នកហត់ណាស់ រហូតដល់ត្រូវខំប្រឹងយ៉ាងខ្លាំងទើបអាចទៅកិច្ចប្រជុំបាន។ ទោះជាយ៉ាងនោះក៏ដោយ អ្នកនៅតែបន្តផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ ហើយទៅកិច្ចប្រជុំ។ គ្មានអ្នកណាអាចធ្វើឲ្យអ្នកឈប់បានឡើយ សូម្បីតែសាថានក៏ដោយ! ហេតុអ្វី? គឺពីព្រោះអ្នកស្រឡាញ់ព្រះយេហូវ៉ាយ៉ាងស្មោះ ហើយនោះជំរុញអ្នកឲ្យស្ដាប់បង្គាប់លោក។ (យ៉ូហានទី១ ៥:៣) តើអ្នកទទួលបានលទ្ធផលល្អណាខ្លះ? អ្នកមានអំណរនិងសេចក្ដីសុខសាន្តក្នុងចិត្តពេលដែលផ្សព្វផ្សាយនិងទៅកិច្ចប្រជុំ ដោយសារអ្នកដឹងថាអ្នកកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះ រួចអំណរនិងសេចក្ដីសុខសាន្តនោះពង្រឹងកម្លាំងចិត្តរបស់អ្នក។ (នេហេមា ៨:១០) តើយើងអាចទាញយកមេរៀនអ្វីពីចំណុចនេះ?
៨, ៩. (ក) តើអ្វីអាចជំរុញយើងឲ្យធ្វើតាមបង្គាប់ដែលថាត្រូវចាត់ទុកអាពាហ៍ពិពាហ៍ជាអ្វីដែលមានតម្លៃ? ហើយហេតុអ្វី? (ខ) តើយើងនឹងពិចារណាចំណុចពីរយ៉ាងអ្វី?
៨ ដោយសារអ្នកស្រឡាញ់ព្រះយ៉ាងខ្លាំង នោះជំរុញអ្នកឲ្យធ្វើតាមបង្គាប់ដែលឲ្យទៅផ្សព្វផ្សាយនិងទៅកិច្ចប្រជុំ ទោះជាពិបាកយ៉ាងណាក្ដី។ ដូចគ្នាដែរ សេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ាអាចជំរុញអ្នកឲ្យធ្វើតាមបង្គាប់ដែលថា«ចូរឲ្យមនុស្សទាំងអស់គ្នាចាត់ទុកអាពាហ៍ពិពាហ៍ជាអ្វីដែលមានតម្លៃ» ទោះជានោះមើលទៅដូចជាពិបាកក៏ដោយ។ (ហេប្រឺ ១៣:៤; ទំនុកតម្កើង ១៨:២៩; សាស្ដា ៥:៤) ម្យ៉ាងទៀត ពេលដែលអ្នកព្យាយាមផ្សព្វផ្សាយនិងទៅកិច្ចប្រជុំ នោះព្រះឲ្យពរជាច្រើនដល់អ្នក។ ដូចគ្នាដែរ ពេលដែលអ្នកព្យាយាមបង្ហាញថាអាពាហ៍ពិពាហ៍មានតម្លៃចំពោះអ្នក នោះព្រះយេហូវ៉ានឹងកត់សម្គាល់ហើយនឹងឲ្យពរអ្នក។—ថែស្សាឡូនិចទី១ ១:៣; ហេប្រឺ ៦:១០
៩ តើអ្នកអាចធ្វើដូចម្ដេចដើម្បីបង្ហាញថាអាពាហ៍ពិពាហ៍មានតម្លៃចំពោះអ្នក? អ្នកត្រូវជៀសចេញពីការប្រព្រឹត្តណាដែលអាចធ្វើឲ្យល្អក់កករដល់ការរួមរស់ជាប្ដីប្រពន្ធ។ ម្យ៉ាងទៀត អ្នកត្រូវចាត់វិធានការដើម្បីពង្រឹងចំណងអាពាហ៍ពិពាហ៍។
កុំនិយាយឬប្រព្រឹត្តអ្វីដែលមិនឲ្យតម្លៃចំណងអាពាហ៍ពិពាហ៍
១០, ១១. (ក) តើការប្រព្រឹត្តបែបណាមិនឲ្យតម្លៃអាពាហ៍ពិពាហ៍? (ខ) តើយើងគួរសួរសំណួរអ្វីដល់គូរបស់យើង?
១០ តាំងពីយូរហើយ ប្រពន្ធម្នាក់ដែលជាគ្រិស្តសាសនិកបាននិយាយថា៖ «ខ្ញុំអធិដ្ឋានសុំព្រះយេហូវ៉ាជួយផ្ដល់កម្លាំងឲ្យខ្ញុំស៊ូទ្រាំ»។ តើនាងត្រូវស៊ូទ្រាំអ្វីទៅ? នាងពន្យល់ថា៖ «ប្ដីខ្ញុំសំពងខ្ញុំដោយសម្ដី។ ពិតមែនតែខ្ញុំមិនជាំសាច់ទេ ប៉ុន្តែខ្ញុំឈឺចាប់ក្នុងចិត្តវិញ ដោយសារគាត់តែងតែនិយាយថា‹រស់នៅជាមួយឯងពិបាកណាស់› ហើយថា‹ឯងគ្មានប្រយោជន៍អ្វីទេ!›»។ អ្វីដែលនាងប្រាប់នេះ ជារឿងសំខាន់មួយ ពោលគឺការប្រើពាក្យប្រមាថមើលងាយចំពោះគូអាពាហ៍ពិពាហ៍។
១១ ពិតជាគួរឲ្យស្ដាយណាស់ ពេលប្ដីប្រពន្ធគ្រិស្តសាសនិកប្រើសម្ដីអាក្រក់ដាក់គ្នាទៅវិញទៅមក ហើយធ្វើឲ្យមានរបួសផ្លូវចិត្តដែលមិនងាយជាឡើងវិញឡើយ! យើងដឹងថាបើប្ដីប្រពន្ធប្រើសម្ដីដែលបញ្ឈឺចិត្ត នោះពួកគេមិនឲ្យតម្លៃអាពាហ៍ពិពាហ៍ទេ។ តើសម្ដីរបស់អ្នកគឺដូចម្ដេច? វិធីមួយដើម្បីដឹងគឺដោយបន្ទាបខ្លួនសួរគូរបស់អ្នកថា«តើសម្ដីរបស់ខ្ញុំធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា?»។ បើគូរបស់អ្នកមានអារម្មណ៍ថាសម្ដីរបស់អ្នកច្រើនតែបញ្ឈឺចិត្តគាត់ នោះអ្នកត្រូវសុខចិត្តកែប្រែដើម្បីធ្វើឲ្យមានស្ថានភាពល្អជាងក្នុងគ្រួសារ។—កាឡាទី ៥:១៥; សូមអាន អេភេសូរ ៤:៣១
១២. តើការគោរពប្រណិប័តន៍របស់បុគ្គលម្នាក់អាចទៅជាឥតប្រយោជន៍តាមទស្សនៈរបស់ព្រះយ៉ាងដូចម្ដេច?
១២ សូមចាំថា របៀបដែលអ្នកនិយាយជាមួយនឹងគូរបស់អ្នកមានឥទ្ធិពលទៅលើចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះ។ គម្ពីរចែងថា៖ «បើអ្នកណាចាត់ទុកខ្លួនជាអ្នកគោរពប្រណិប័តន៍តាមរបៀបត្រឹមត្រូវ តែមិនទប់អណ្ដាតខ្លួន ប៉ុន្តែចេះតែបញ្ឆោតចិត្តខ្លួន នោះរបៀបដែលអ្នកនោះគោរពប្រណិប័តន៍គឺគ្មានប្រយោជន៍ទេ»។ (យ៉ាកុប ១:២៦) ពាក្យសម្ដីរបស់អ្នកនិងការគោរពប្រណិប័តន៍គឺជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ គម្ពីរមិនគាំទ្រទេនូវគំនិតដែលថានៅផ្ទះរបស់ខ្លួន បុគ្គលម្នាក់អាចប្រព្រឹត្តយ៉ាងណាក៏ដោយឲ្យតែគាត់និយាយថាគាត់ជាអ្នកបម្រើព្រះ។ សូមកុំបញ្ឆោតខ្លួនឲ្យសោះ។ នេះជារឿងធ្ងន់ធ្ងរណាស់។ (សូមអាន ពេត្រុសទី១ ៣:៧) ទោះជាអ្នកមានការប៉ិនប្រសប់និងចិត្តខ្នះខ្នែងក៏ដោយ បើអ្នកបញ្ឈឺចិត្តគូរបស់អ្នកដោយចេតនា តាមរយៈការវាយប្រហារដោយពាក្យសម្ដី នោះអ្នកមិនឲ្យតម្លៃចំណងអាពាហ៍ពិពាហ៍ទេ ហើយព្រះអាចចាត់ទុកថាការគោរពប្រណិប័តន៍របស់អ្នកគឺឥតប្រយោជន៍។
១៣. តើគូអាពាហ៍ពិពាហ៍អាចធ្វើឲ្យគូខ្លួនឈឺចិត្តយ៉ាងដូចម្ដេច?
១៣ ប្ដីប្រពន្ធក៏ត្រូវប្រុងប្រយ័ត្ន កុំធ្វើឲ្យគូរបស់ខ្លួនឈឺចិត្តតាមរបៀបប្រយោលដែរ។ សូមគិតអំពីឧទាហរណ៍ពីរយ៉ាងដូចតទៅនេះ។ ម្ដាយដែលគ្មានគូទូរស័ព្ទទៅបុរសគ្រិស្តសាសនិកម្នាក់ជារឿយៗដើម្បីសុំយោបល់ ហើយពួកគេនិយាយគ្នាយូរ ទោះជាបុរសនោះមានប្រពន្ធក៏ដោយ។ បងប្រុសគ្រិស្តសាសនិកម្នាក់ទៀតដែលនៅលីវចំណាយពេលច្រើនរាល់សប្ដាហ៍ដោយផ្សព្វផ្សាយជាមួយនឹងបងស្រីគ្រិស្តសាសនិកម្នាក់ដែលមានប្ដី។ ក្នុងឧទាហរណ៍ទាំងពីរនេះ បុរសដែលមានប្រពន្ធនោះ ហើយបងស្រីដែលមានប្ដីប្រហែលជាមានបំណងចិត្តត្រឹមត្រូវ ប៉ុន្តែតើការប្រព្រឹត្តរបស់ពួកគេមានឥទ្ធិពលយ៉ាងណាទៅលើគូរបស់ខ្លួន? បងស្រីម្នាក់ដែលកំពុងប្រឈមមុខនឹងស្ថានភាពបែបនោះបាននិយាយថា៖ «ពេលខ្ញុំឃើញប្ដីខ្ញុំចំណាយពេលច្រើនដោយយកចិត្តទុកដាក់នឹងបងស្រីម្នាក់ក្នុងក្រុមជំនុំ នោះធ្វើឲ្យខ្ញុំឈឺចិត្ត ហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាបងស្រីនោះមានតម្លៃច្រើនជាងខ្ញុំ»។
១៤. (ក) តើលោកុប្បត្តិ ២:២៤បញ្ជាក់អំពីភារកិច្ចអ្វីរបស់ប្ដីនិងប្រពន្ធ? (ខ) តើយើងគួរសួរខ្លួនយើងសំណួរអ្វី?
១៤ យើងអាចយល់ពីមូលហេតុដែលបងស្រីនោះនិងអ្នកឯទៀតដែលមានស្ថានភាពស្រដៀងគ្នាកំពុងឈឺចិត្ត។ គូរបស់ខ្លួនមិនបានអើពើនឹងការណែនាំរបស់ព្រះសម្រាប់ការរួមរស់ជាប្ដីប្រពន្ធទេ ពោលគឺ«មនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ»។ (លោកុប្បត្តិ ២:២៤) ពិតមែនតែអ្នកដែលរៀបការនៅតែគោរពឪពុកម្ដាយរបស់ខ្លួន ប៉ុន្តែ ក្នុងរបៀបរៀបចំរបស់ព្រះ ភារកិច្ចដែលពួកគេមានចំពោះគូរបស់ខ្លួនគឺសំខាន់បំផុត។ ស្រដៀងគ្នាដែរ គ្រិស្តសាសនិកស្រឡាញ់បងប្អូនរួមជំនឿយ៉ាងខ្លាំង ប៉ុន្តែភារកិច្ចសំខាន់បំផុតរបស់ពួកគេគឺភារកិច្ចចំពោះគូរបស់ខ្លួន។ ដូច្នេះ ពេលគ្រិស្តសាសនិកដែលមានប្ដីឬប្រពន្ធ ចំណាយពេលច្រើនពេកឬមានភាពជិតស្និទ្ធពេកជាមួយនឹងបងប្អូនរួមជំនឿ ជាពិសេសបងប្អូនភេទផ្ទុយ នោះពួកគេនាំឲ្យការរួមរស់ជាប្ដីប្រពន្ធមានភាពតានតឹង។ តើនោះជាមូលហេតុដែលគ្រួសាររបស់អ្នកមានភាពតានតឹងទេដឹង? សូមសួរខ្លួនអ្នកថា‹តើខ្ញុំពិតជាលះបង់ពេលវេលាដើម្បីគូរបស់ខ្ញុំ ថែមទាំងបង្ហាញការយកចិត្តទុកដាក់ និងសេចក្ដីស្រឡាញ់ចំពោះគាត់យ៉ាងត្រឹមត្រូវទេ?›។
១៥. យោងទៅតាមម៉ាថាយ ៥:២៨ ហេតុអ្វីគ្រិស្តសាសនិកដែលបានរៀបការហើយ មិនត្រូវបង្ហាញការយកចិត្តទុកដាក់ហួសហេតុពេកចំពោះបុគ្គលភេទផ្ទុយ?
១៥ ម្យ៉ាងទៀត គ្រិស្តសាសនិកដែលមានប្ដីឬប្រពន្ធ តែបង្ហាញការយកចិត្តទុកដាក់ដែលខុសទំនងចំពោះបុគ្គលភេទផ្ទុយដែលមិនមែនជាគូរបស់ខ្លួន នោះកំពុងផ្សងគ្រោះថ្នាក់ហើយ។ គួរឲ្យស្ដាយណាស់ គ្រិស្តសាសនិកខ្លះដែលមានប្ដីឬប្រពន្ធបានចាប់ចិត្តស្រឡាញ់អ្នកដែលពួកគេបានជិតស្និទ្ធហួសហេតុពេកជាមួយនោះ។ (ម៉ាថាយ ៥:២៨) ជាលទ្ធផល អារម្មណ៍បែបនោះបាននាំឲ្យប្រព្រឹត្តអ្វីដែលមិនឲ្យតម្លៃចំពោះចំណងអាពាហ៍ពិពាហ៍កាន់តែខ្លាំងជាងទៅទៀត។ សូមពិចារណាអ្វីដែលសាវ័កប៉ូលបាននិយាយអំពីរឿងនេះ។
«[ចូរ]ឲ្យការរួមរស់ជាប្ដីប្រពន្ធត្រូវឥតសៅហ្មង»
១៦. តើប៉ូលបានបង្គាប់អ្វីខ្លះស្តីអំពីការរួមរស់ជាប្ដីប្រពន្ធ?
១៦ បន្ទាប់ពីប៉ូលដាស់តឿនថា«ចូរឲ្យមនុស្សទាំងអស់គ្នាចាត់ទុកអាពាហ៍ពិពាហ៍ជាអ្វីដែលមានតម្លៃ» គាត់បានបន្ថែមសេចក្ដីព្រមានមួយគឺថា៖ «[ចូរ]ឲ្យការរួមរស់ជាប្ដីប្រពន្ធត្រូវឥតសៅហ្មង ព្រោះព្រះនឹងវិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌និងអ្នកផិតក្បត់»។ (ហេប្រឺ ១៣:៤) ក្នុងខនេះ ពាក្យថា«ការរួមរស់ជាប្ដីប្រពន្ធ»សំដៅទៅលើការរួមភេទ។ ការរួមភេទគឺ«ឥតសៅហ្មង» ឬស្អាតស្អំខាងសីលធម៌ បើការនោះកើតឡើងរវាងបុគ្គលដែលជាប្ដីប្រពន្ធប៉ុណ្ណោះ។ ដូច្នេះ គ្រិស្តសាសនិកពិតធ្វើតាមពាក្យដែលព្រះបានដឹកនាំឲ្យសរសេរថា៖ «[ចូរ]រីករាយចំពោះប្រពន្ធដែលបានគ្នាពីកាលក្រមុំកំឡោះចុះ»។—សុភាសិត ៥:១៨
១៧. (ក) ហេតុអ្វីទស្សនៈរបស់ពិភពលោកនេះចំពោះអំពើផិតក្បត់ មិនគួរមានឥទ្ធិពលលើគ្រិស្តសាសនិក? (ខ) តើយើងអាចធ្វើតាមគំរូរបស់យ៉ូបយ៉ាងដូចម្ដេច?
១៧ អ្នកដែលរួមភេទជាមួយនឹងបុគ្គលដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួន កំពុងប្រមាថមើលងាយយ៉ាងខ្លាំងនូវច្បាប់សីលធម៌របស់ព្រះ។ ពិតមែនតែមនុស្សជាច្រើនសព្វថ្ងៃនេះចាត់ទុកអំពើផិតក្បត់ថាជាការប្រព្រឹត្តធម្មតាមួយ ប៉ុន្តែទស្សនៈរបស់មនុស្សចំពោះអំពើផិតក្បត់ មិនគួរមានឥទ្ធិពលទៅលើទស្សនៈរបស់គ្រិស្តសាសនិកពិតទេ។ ពួកគេទទួលស្គាល់ថា នៅទីបំផុត«ព្រះនឹងវិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌និងអ្នកផិតក្បត់» មិនមែនមនុស្សជាអ្នកវិនិច្ឆ័យទេ។ (ហេប្រឺ ១០:៣១; ១២:២៩) ហេតុនេះ គ្រិស្តសាសនិកពិតកាន់ខ្ជាប់តាមទស្សនៈរបស់ព្រះយេហូវ៉ាក្នុងរឿងនេះ។ (សូមអាន រ៉ូម ១២:៩) សូមចាំអំពីអ្វីដែលយ៉ូបនិយាយថា៖ «ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ»។ (យ៉ូប ៣១:១) ដូច្នេះដើម្បីកុំឲ្យចាប់ផ្ដើមដើរក្នុងផ្លូវខុសដែលនាំទៅដល់អំពើផិតក្បត់ នោះគ្រិស្តសាសនិកពិតគ្រប់គ្រងភ្នែករបស់ខ្លួន កុំឲ្យមើលដោយមានចំណង់មិនត្រឹមត្រូវចំពោះបុគ្គលភេទផ្ទុយដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួន (សូមមើលសេចក្ដីពន្យល់បន្ថែមដែលមានចំណងជើងថា «ការណែនាំក្នុងគម្ពីរស្តីអំពីការលែងលះគ្នានិងការបែកលំនៅសង្វាស»)។
១៨. (ក) តាមទស្សនៈរបស់ព្រះយេហូវ៉ា តើការផិតក្បត់ជាកំហុសធ្ងន់ធ្ងរយ៉ាងណា? (ខ) តើការគោរពបូជារូបព្រះនិងអំពើផិតក្បត់គឺស្រដៀងគ្នាយ៉ាងណា?
១៨ ចំពោះព្រះយេហូវ៉ា តើអំពើផិតក្បត់ជាកំហុសធ្ងន់ធ្ងរយ៉ាងណា? ច្បាប់របស់ម៉ូសេជួយបញ្ជាក់ឲ្យយើងដឹងអំពីអារម្មណ៍របស់ព្រះយេហូវ៉ា។ នៅអ៊ីស្រាអែល អ្នកដែលផិតក្បត់ឬគោរពបូជារូបព្រះជាដើម បានទទួលទោសប្រហារជីវិត។ (លេវីវិន័យ ២០:២, ១០) តើអ្នកយល់ថាកំហុសទាំងពីរនោះគឺស្រដៀងគ្នាយ៉ាងណាទេ? ជនជាតិអ៊ីស្រាអែលដែលគោរពបូជារូបព្រះបានផ្ដាច់កិច្ចព្រមព្រៀងជាមួយនឹងព្រះយេហូវ៉ា។ ស្រដៀងគ្នាដែរ ជនជាតិអ៊ីស្រាអែលណាដែលផិតក្បត់បានផ្ដាច់កិច្ចព្រមព្រៀងជាមួយនឹងគូអាពាហ៍ពិពាហ៍របស់ខ្លួន។ ទាំងអ្នកគោរពបូជារូបព្រះ ទាំងអ្នកផិតក្បត់ គឺជាជនក្បត់។ (និក្ខមនំ ១៩:៥, ៦; ចោទិយកថា ៥:៩; សូមអាន ម៉ាឡាគី ២:១៤) ដូច្នេះ ពួកគេទាំងពីរនាក់មានទោសនៅចំពោះព្រះយេហូវ៉ា ដែលជាព្រះដ៏ស្មោះត្រង់និងគួរឲ្យទុកចិត្ត។—ទំនុកតម្កើង ៣៣:៤
១៩. តើអ្វីអាចពង្រឹងការតាំងចិត្តរបស់យើងឲ្យជៀសចេញពីអំពើផិតក្បត់? ហើយហេតុអ្វី?
១៩ ពិតមែនតែគ្រិស្តសាសនិកមិននៅក្រោមច្បាប់ម៉ូសេ ប៉ុន្តែការចងចាំថាអំពើផិតក្បត់ជាកំហុសធ្ងន់ធ្ងរនៅអ៊ីស្រាអែលសម័យបុរាណ អាចជួយគ្រិស្តសាសនិកពង្រឹងការតាំងចិត្តដើម្បីមិនប្រព្រឹត្តអំពើផិតក្បត់។ ហេតុអ្វី? សូមគិតអំពីការប្រៀបធៀបដូចតទៅនេះ: តើអ្នកនឹងចូលវិហារមួយ លុតជង្គង់ រួចអធិដ្ឋាននៅមុខរូបព្រះឬទេ? អ្នកប្រាកដជាឆ្លើយថា‹ខ្ញុំមិនធ្វើដូច្នេះទេ!›។ ប៉ុន្តែបើគេស្នើឲ្យលុយច្រើន តើអ្នកនឹងធ្វើដូច្នេះឬទេ? អ្នកច្បាស់ជាឆ្លើយថា‹ខ្ញុំនៅតែមិនធ្វើ!›។ គ្រាន់តែគិតថាក្បត់ព្រះយេហូវ៉ាដោយគោរពបូជារូបព្រះ ធ្វើឲ្យគ្រិស្តសាសនិកពិតខ្ពើមឆ្អើមហើយ។ ស្រដៀងគ្នាដែរ គ្រិស្តសាសនិកក៏គួរខ្ពើមឆ្អើមនូវគំនិតក្បត់ព្រះយេហូវ៉ានិងគូអាពាហ៍ពិពាហ៍របស់ខ្លួនដោយផិតក្បត់ដែរ ទោះជាអំពើខុសឆ្គងនោះមើលទៅដូចជាផ្ដល់ផលប្រយោជន៍ណាមួយក៏ដោយ។ (ទំនុកតម្កើង ៥១:១, ៤; កូឡុស ៣:៥) យើងមិនចង់ផិតក្បត់សោះឡើយ ពីព្រោះនោះនាំឲ្យសាថានរីករាយ តែនាំឲ្យព្រះយេហូវ៉ាអាប់កិត្ដិយស ហើយមិនឲ្យតម្លៃចំណងអាពាហ៍ពិពាហ៍ដែលជារបៀបរៀបចំពិសិដ្ឋរបស់លោក។
របៀបពង្រឹងចំណងអាពាហ៍ពិពាហ៍
២០. តើអ្វីបានកើតឡើងចំពោះប្ដីប្រពន្ធខ្លះ? សូមឲ្យឧទាហរណ៍។
២០ ក្រៅពីការវៀរចាកអំពើដែលមិនឲ្យតម្លៃអាពាហ៍ពិពាហ៍ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីឲ្យអ្នកមានការគោរពឡើងវិញចំពោះគូអាពាហ៍ពិពាហ៍របស់អ្នក? ដើម្បីឆ្លើយសំណួរនោះ សូមគិតថាការរួមរស់ជាប្ដីប្រពន្ធគឺប្រៀបដូចជាផ្ទះមួយ ហើយការប្រព្រឹត្តនិងសម្ដីដ៏សប្បុរសព្រមទាំងវិធីឯទៀតដែលប្ដីប្រពន្ធបង្ហាញថាពួកគេគោរពគ្នាទៅវិញទៅមក គឺប្រៀបដូចជាសម្ភារៈតុបតែងដែលធ្វើឲ្យផ្ទះនោះស្អាត។ បើអ្នកទាំងពីរមានអារម្មណ៍ស្និទ្ធស្នាលនឹងគ្នា នោះការរួមរស់ជាប្ដីប្រពន្ធគឺប្រៀបដូចជាផ្ទះមួយដែលមានគ្រឿងតុបតែងប្រណីតៗចម្រុះពណ៌។ បើលែងមានភាពស្និទ្ធស្នាល គឺហាក់ដូចជាគ្រឿងតុបតែងនោះបាត់ទៅបន្ដិចម្ដងៗ រហូតដល់សល់តែសម្បកផ្ទះ។ ដោយសារអ្នកចង់ធ្វើតាមបង្គាប់របស់ព្រះដែលថា«[ចូរ]ចាត់ទុកអាពាហ៍ពិពាហ៍ជាអ្វីដែលមានតម្លៃ» នោះនឹងជំរុញអ្នកឲ្យកែប្រែស្ថានភាពនោះឲ្យប្រសើរឡើងវិញ។ យ៉ាងណាមិញ អ្វីដែលថ្លៃវិសេសនិងប្រកបដោយកិត្ដិយសគឺសមនឹងកែលម្អ។ តើអ្នកអាចធ្វើដូច្នេះតាមរបៀបណា? បណ្ដាំរបស់ព្រះចែងថា៖ «ការដែលសង់ផ្ទះឡើងបាន នោះក៏ដោយសារប្រាជ្ញា ហើយគឺដោយសារយោបល់ដែលផ្ទះនោះនឹងបានតាំងនៅជាមាំមួន ហើយដោយសារដំរិះ នោះបន្ទប់ទាំងឡាយបានពេញដោយគ្រប់ទាំងទ្រព្យសម្បត្ដិដ៏វិសេស ជារបស់ដែលគាប់ចិត្ត»។ (សុភាសិត ២៤:៣, ៤) សូមពិចារណាអំពីរបៀបដែលយើងអាចធ្វើតាមពាក្យនោះក្នុងការរួមរស់ជាប្ដីប្រពន្ធ។
២១. តើយើងអាចពង្រឹងចំណងអាពាហ៍ពិពាហ៍បន្ដិចម្ដងៗយ៉ាងដូចម្ដេច? (សូមមើលប្រអប់ដែលមានចំណងជើងថា «តើខ្ញុំអាចពង្រឹងចំណងអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច?»)
២១ ក្នុងចំណោមទ្រព្យសម្បត្ដិដ៏វិសេសដែលមានក្នុងផ្ទះពោរពេញទៅដោយសុភមង្គល គឺគុណសម្បត្ដិផ្សេងៗ ដូចជាសេចក្ដីស្រឡាញ់ពិតប្រាកដ ការកោតខ្លាចព្រះ និងជំនឿមាំមួន។ (សុភាសិត ១៥:១៦, ១៧; ពេត្រុសទី១ ១:៧) គុណសម្បត្ដិទាំងនោះធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំ។ ប៉ុន្តែតើអ្នកបានកត់សម្គាល់នូវមូលហេតុដែលបន្ទប់ក្នុងសុភាសិតនោះគឺពោរពេញទៅដោយទ្រព្យសម្បត្ដិដ៏វិសេសឬទេ? «ដោយសារដំរិះ»ឬចំណេះ។ ដូច្នេះ ពេលមនុស្សធ្វើតាមចំណេះពីគម្ពីរ ចំណេះនោះមានឥទ្ធិពលកែប្រែគំនិតរបស់ពួកគេ ហើយអាចជំរុញពួកគេឲ្យស្រឡាញ់គ្នាឡើងវិញ។ (រ៉ូម ១២:២; ភីលីព ១:៩) ដូច្នេះ ពេលណាអ្នកនិងគូរបស់អ្នកចំណាយពេលមើលបទគម្ពីរជាមួយគ្នាដោយចិត្តស្ងប់ ដូចបទគម្ពីរប្រចាំថ្ងៃ ឬអត្ថបទមួយដែលមានមូលដ្ឋានលើគម្ពីរក្នុងទស្សនាវដ្ដីប៉មយាម ឬអត្ថបទផ្សេងទៀតដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ នោះគឺដូចជាអ្នកទាំងពីរកំពុងពិនិត្យមើលគ្រឿងតុបតែងមួយដែលអាចធ្វើឲ្យផ្ទះរបស់អ្នកកាន់តែស្អាត។ ពេលសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាជំរុញអ្នកឲ្យធ្វើតាមឱវាទដែលអ្នកទើបតែពិនិត្យមើល នោះគឺប្រៀបដូចជាអ្នកយកគ្រឿងតុបតែងនោះចូលក្នុងបន្ទប់ផ្ទះរបស់អ្នក។ ជាលទ្ធផល ភាពកក់ក្ដៅខ្លះដែលអ្នកធ្លាប់មានក្នុងការរួមរស់ជាប្ដីប្រពន្ធ ប្រហែលជានឹងមានឡើងវិញ។
២២. បើយើងព្យាយាមបំពេញនាទីរបស់យើងក្នុងការពង្រឹងចំណងអាពាហ៍ពិពាហ៍ ហេតុអ្វីយើងនឹងមានអំណរ?
២២ ពិតមែនតែអ្នកប្រហែលជាត្រូវចំណាយពេលច្រើន ហើយខំប្រឹងយ៉ាងខ្លាំង ទើបអាចដាក់តាំងគ្រឿងតុបតែងនោះឡើងវិញម្ដងមួយៗ ប៉ុន្តែបើអ្នកព្យាយាមបំពេញតួនាទីរបស់អ្នក នោះអ្នកនឹងមានអំណរយ៉ាងខ្លាំង ដោយដឹងថាអ្នកកំពុងធ្វើតាមបង្គាប់ក្នុងគម្ពីរដែលថា៖ «ក្នុងការលើកកិត្ដិយសគ្នាទៅវិញទៅមក ចូរលើកកិត្ដិយសគេមុន»។ (រ៉ូម ១២:១០; ទំនុកតម្កើង ១៤៧:១១) សំខាន់បំផុត ការខំប្រឹងដ៏ស្មោះអស់ពីចិត្តរបស់អ្នកដើម្បីឲ្យតម្លៃចំណងអាពាហ៍ពិពាហ៍នឹងជួយអ្នករក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់។
a បទគម្ពីរមុននិងក្រោយខនេះបង្ហាញថាឱវាទរបស់ប៉ូលស្តីអំពីអាពាហ៍ពិពាហ៍គឺនៅក្នុងចំណោមសេចក្ដីបង្គាប់ផ្សេងៗទៀត។—ហេប្រឺ ១៣:១-៥