ភរិយាទាំងឡាយ ចូរគោរពស្វាមីយ៉ាងជ្រាលជ្រៅ
«ស្ត្រីរាល់គ្នាអើយ! ចូរឲ្យចុះចូលចំពោះប្ដីខ្លួន»។—អេភេសូរ ៥:២២
១. ហេតុអ្វីក៏ពិបាកម្ល៉េះឲ្យស្ត្រីជាច្រើនគោរពស្វាមី?
នៅថ្ងៃមង្គលការក្នុងប្រទេសជាច្រើន កូនក្រមុំស្បថចំពោះកូនកំលោះថា នាងនឹងគោរពស្វាមីយ៉ាងជ្រាលជ្រៅ។ ប៉ុន្តែ ការធ្វើតាមសម្បថនោះជាអ្វីដែលស្រួលឬពិបាកធ្វើ គឺអាស្រ័យលើរបៀបស្វាមីប្រព្រឹត្តលើភរិយា។ តាមពិត ការផ្សំផ្គុំគ្នាជាស្វាមីភរិយាមុនគេបង្អស់បាននាំឲ្យពួកគេមានចិត្តរីករាយ។ ព្រះយេហូវ៉ាបានយកឆ្អឹងជំនីរមួយពីអ័ដាមដែលជាបុរសមុនគេបង្អស់ ហើយទ្រង់បានបង្កើតស្ត្រីពីឆ្អឹងនោះ។ ជាលទ្ធផល អ័ដាមបានលាន់មាត់ថា៖ «នេះហើយជាឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ»។—លោកុប្បត្តិ ២:១៩-២៣
២. ពេលថ្មីៗនេះ តើមនុស្សស្រីជាច្រើនមានទស្សនៈយ៉ាងណាចំពោះការរៀបអាពាហ៍ពិពាហ៍?
២ ការផ្សំផ្គុំគ្នាជាគូស្វាមីភរិយាមុនគេបង្អស់បាននាំឲ្យពួកគេមានចិត្តរីករាយមែន ប៉ុន្តែនៅសហរដ្ឋអាម៉េរិកតាំងពីឆ្នាំ១៩៦០ជាង ពួកគេចាប់ផ្ដើមផ្សាយទស្សនៈថ្មីដែលចង់ជួយឲ្យស្ត្រីមានសេរីភាព ពោលគឺ កុំឲ្យមនុស្សប្រុសត្រួតត្រាលើមនុស្សស្រីទៀត។ នៅគ្រានោះ ក្នុងចំណោមបុរស៣០០នាក់ដែលបានចាកចោលក្រុមគ្រួសាររបស់ខ្លួន គឺមានតែស្ត្រីម្នាក់ប៉ុណ្ណោះដែលបានធ្វើដូច្នេះ។ ប៉ុន្តែ ជិតមកដល់ឆ្នាំ១៩៧០ ចំនួនស្ត្រីដែលបានចាកចោលក្រុមគ្រួសារបានកើនដល់បីនាក់។ នៅសព្វថ្ងៃនេះ មើលទៅដូចជាមនុស្សស្រីបែរជាចេះជេរប្រមាថ ផឹកស្រា ជក់បារីនិងធ្វើអំពើអសីលធម៌ច្រើនស្មើនឹងមនុស្សប្រុស។ តើនេះនាំឲ្យមនុស្សស្រីមានសុភមង្គលច្រើនជាងមុនទេ? គឺអត់ទេ! ដ្បិតនៅប្រទេសខ្លះ ប្រមាណ៥០ភាគរយនៃមនុស្សដែលរៀបការក៏លែងលះគ្នា។ តើការប្រឹងប្រែងរបស់មនុស្សស្រីទាំងនេះពិតជាបានជួយឲ្យពួកគេមានស្ថានភាពក្នុងគ្រួសារប្រសើរជាងមុនទេ?—ធីម៉ូថេទី២ ៣:១-៥
៣. តើអ្វីជាដើមហេតុនៃបញ្ហាគ្រួសារ?
៣ តើអ្វីជាដើមហេតុនៃបញ្ហាគ្រួសារ? តាមពិត បញ្ហានេះមានតាំងពីនាងអេវ៉ាបានចាញ់បញ្ឆោតទេវតាបះបោរមួយរូបដែលជា«ពស់ពីបុរាណដែលឈ្មោះហៅថាអារក្សហើយសាតាំងផង»។ (វិវរណៈ ១២:៩; ធីម៉ូថេទី១ ២:១៣, ១៤) សាតាំងកំពុងតែពង្រេចពង្រឹលសេចក្ដីបង្រៀនរបស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ អារក្សបានញុះញង់ឲ្យមនុស្សច្រើនមានគំនិតថា អ្នកដែលរៀបការលែងមានសិទ្ធិសេរីភាពហើយតែងតែមានបញ្ហា។ ដោយសារសាតាំងជាចៅហ្វាយលើពិភពលោកនេះ វាប្រើបណ្ដាញអ្នកផ្សាយព័ត៌មានដើម្បីឃោសនាទស្សនៈដែលនាំឲ្យមនុស្សគិតថា ការណែនាំរបស់ព្រះសុទ្ធតែហួសសម័យហើយតឹងរ៉ឹងពេក។ (កូរិនថូសទី២ ៤:៣, ៤) ប៉ុន្តែ បើយើងពិនិត្យមើលទស្សនៈរបស់ព្រះយេហូវ៉ាចំពោះតួនាទីរបស់មនុស្សស្រីដែលមានស្វាមី យើងនឹងឃើញថាយោបល់ក្នុងព្រះគម្ពីរពិតជាល្អហើយនាំឲ្យមានប្រយោជន៍។
ការព្រមានចំពោះអស់អ្នកដែលចង់រៀបការ
៤, ៥. (ក) ពេលគិតចង់រៀបការ ហេតុអ្វីក៏មនុស្សស្រីគួរប្រុងប្រយ័ត្ន? (ខ) មុននឹងយល់ព្រមរៀបការជាមួយបុរសណាម្នាក់ តើស្ត្រីដែលនៅលីវគួរធ្វើអ្វីជាមុនសិន?
៤ ព្រះគម្ពីរព្រមានថា អស់អ្នកដែលចង់រៀបការគួរប្រុងប្រយ័ត្ន។ ព្រះគម្ពីរពន្យល់ថា សូម្បីតែស្វាមីភរិយាដែលមានសុភមង្គលក៏នឹងមាន«សេចក្ដីទុក្ខព្រួយ»ដែរ។ ដូច្នេះ ទោះបីជាព្រះយេហូវ៉ាមានបំណងឲ្យមនុស្សប្រុសស្រីរៀបការក៏ដោយ ព្រះគម្ពីរនៅតែផ្ដល់ការព្រមានខ្លះដែរ។ ព្រះយេហូវ៉ាបានផ្ដាំឲ្យបុរសម្នាក់សរសេរក្នុងព្រះគម្ពីរថា ក្នុងករណីដែលស្វាមីស្លាប់ទៅ នោះភរិយារបស់គាត់មានសិទ្ធិរៀបការម្ដងទៀត។ ប៉ុន្តែ «បើនាងនោះនៅតែមេម៉ាយតទៅ[ឬ«មិនយកប្ដីទៀត»] នោះនាងបានសប្បាយជាង»។ ចំពោះអស់អ្នក«ដែលអាច[នៅលីវរហូត]បាន» ព្រះយេស៊ូបានលើកទឹកចិត្តពួកគេឲ្យនៅលីវវិញ។ ប៉ុន្តែ ចំពោះអស់អ្នកដែលសម្រេចចិត្តរៀបការវិញ ពួកគេត្រូវរកគូអាពាហ៍ពិពាហ៍«ក្នុងព្រះអម្ចាស់»ប៉ុណ្ណោះ ដែលមានន័យថា ពួកគេគួររកស្វាមីឬភរិយាដែលជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាដែលបានឧទ្ទិសថ្វាយខ្លួននិងធ្វើបុណ្យជ្រមុជទឹករួចហើយ។—កូរិនថូសទី១ ៧:២៨, ៣៦-៤០; ខ.ស.; ម៉ាថាយ ១៩:១០-១២
៥ មូលហេតុដែលមនុស្សស្រីត្រូវប្រុងប្រយ័ត្នជាងគេពេលជ្រើសរើសស្វាមី គឺដោយសារព្រះគម្ពីរព្រមានថា ស្ត្រីដែលរៀបការត្រូវនៅ«ជាប់នឹងប្ដីដោយសារក្រិត្យវិន័យ»។ នាងមិនអាចដកខ្លួន«រួចពីច្បាប់របស់ប្ដី»បានទេ លើកលែងតែស្វាមីស្លាប់ ឬក៏នាងបានលែងលះគាត់ដោយព្រោះគាត់ប្រព្រឹត្តអំពើអសីលធម៌។ (រ៉ូម ៧:២, ៣) ក្ដីស្នេហាដែលមានពេលដើរលេងជាគូប្រហែលជានាំឲ្យសប្បាយមែន ប៉ុន្តែនេះមិនមែនជាមូលដ្ឋានរឹងមាំដើម្បីឲ្យបានសុភមង្គលពិតពេលរៀបការទេ។ ដូច្នេះ ស្ត្រីដែលនៅលីវត្រូវសួរខ្លួនឯងថា ‹តើខ្ញុំសុខចិត្តចុះចូលក្រោមច្បាប់បុរសនេះទេ?›។ ស្ត្រីទាំងឡាយត្រូវគិតអំពីសំណួរនេះមុនគាត់រៀបការ មិនមែនក្រោយថ្ងៃមង្គលការទេ។
៦. តើស្ត្រីភាគច្រើននៅសព្វថ្ងៃនេះមានសិទ្ធិសម្រេចចិត្តខ្លួនឯងអំពីអ្វី? ហេតុអ្វីក៏ចាំបាច់ឲ្យមនុស្សស្រីប្រុងប្រយ័ត្នពេលធ្វើការសម្រេចចិត្តនោះ?
៦ នៅប្រទេសជាច្រើនសព្វថ្ងៃនេះ ស្ត្រីមានសិទ្ធិសម្រេចចិត្តខ្លួនឯងថា យល់ព្រមឬមិនយល់ព្រមរៀបការជាមួយបុរសណាម្នាក់។ ប៉ុន្តែ ការសម្រេចចិត្តឲ្យបានល្អប្រហែលជាពិបាកណាស់ ពីព្រោះក្ដីប្រាថ្នាចង់បានប្ដីដែលស្រឡាញ់ខ្លួននិងជាមិត្ត១០០ឆ្នាំ ជាអ្វីដែលគេចង់បានខ្លាំងណាស់។ អ្នកនិពន្ធម្នាក់បានសរសេរថា៖ «កាលណាយើងប្រាថ្នាយ៉ាងខ្លាំងចង់ធ្វើអ្វីមួយ (មិនថាចង់រៀបការឬចង់ឡើងភ្នំខ្ពស់ក្ដី) យើងច្បាស់ជាមិនសូវគិតដោយប្រយ័ត្នប្រយែងទេ ហើយយកចិត្តទុកដាក់ចំពោះតែព័ត៌មានណាដែលត្រូវចិត្តប៉ុណ្ណោះ»។ ចំពោះអ្នកដែលចង់ឡើងភ្នំខ្ពស់ គាត់អាចបាត់បង់ជីវិតបាន បើគាត់មិនប្រុងប្រយ័ត្នពេលធ្វើការសម្រេចចិត្តផ្សេងៗ។ ដូចគ្នាដែរ ការជ្រើសរើសគូអាពាហ៍ពិពាហ៍ដោយមិនយកចិត្តទុកដាក់ នោះអាចនាំឲ្យមានគ្រោះថ្នាក់មែន។
៧. តើមានយោបល់ល្អៗអ្វីខ្លះដែលទាក់ទងនឹងការរកស្វាមីឬភរិយា?
៧ ពេលបុរសម្នាក់សូមនារីម្នាក់រៀបការជាមួយគាត់ គប្បីឲ្យនាងគិតពិចារណាថា តើការចុះចូលក្រោមច្បាប់បុរសនោះនឹងតម្រូវឲ្យនាងធ្វើអ្វីខ្លះ? ប៉ុន្មានឆ្នាំមុននេះ នារីជនជាតិឥណ្ឌាម្នាក់បង្ហាញពីចិត្តរាបទាបរបស់គាត់ដោយមានប្រសាសន៍ថា៖ «ឪពុកម្ដាយមានវ័យចាស់និងមានប្រាជ្ញាច្រើនជាងយើង ហើយគាត់មិនងាយចាញ់បោកគេដូចជាយើងទេ។ . . . នេះគឺងាយស្រួលណាស់ឲ្យខ្ញុំធ្វើការសម្រេចចិត្តខុស»។ ជំនួយដែលយើងអាចទទួលពីមាតាបិតានិងមនុស្សឯទៀតគឺសំខាន់ណាស់។ បុរសម្នាក់ដែលជាអ្នកជូនយោបល់ល្អច្រើនឆ្នាំហើយ គាត់លើកទឹកចិត្តឲ្យកំលោះក្រមុំស្គាល់មាតាបិតារបស់បុរសឬស្ត្រីដែលនឹងទៅជាស្វាមីឬភរិយារបស់ខ្លួន ព្រមទាំងកត់សម្គាល់របៀបដែលគាត់ប្រព្រឹត្តលើមាតាបិតានិងបងប្អូនរបស់គាត់។
របៀបដែលព្រះយេស៊ូចុះចូល
៨, ៩. (ក) តើព្រះយេស៊ូមានទស្សនៈយ៉ាងណាពេលចុះចូលចំពោះព្រះ? (ខ) តើការចេះចុះចូលអាចនាំឲ្យមានប្រយោជន៍អ្វីខ្លះ?
៨ ជួនកាលការចុះចូលចំពោះស្វាមីជាការពិបាកក៏ពិតមែន ប៉ុន្តែមនុស្សស្រីអាចចាត់ទុកការចុះចូលនោះជាអ្វីដែលនាំឲ្យមានកិត្ដិយសវិញ ដូចព្រះយេស៊ូពេញចិត្តចុះចូលចំពោះព្រះ។ ព្រះយេស៊ូបានរងទុក្ខលំបាកខ្លះ គឺរហូតដល់ទទួលមរណភាពនៅលើបង្គោលទារុណកម្ម ពីព្រោះទ្រង់ពេញចិត្តចុះចូលចំពោះព្រះយេហូវ៉ា។ ត្រូវហើយ ព្រះយេស៊ូមានអំណរក្នុងការចុះចូលចំពោះព្រះ។ (លូកា ២២:៤១-៤៤; ហេព្រើរ ៥:៧, ៨; ១២:៣) ស្ត្រីទាំងឡាយក៏អាចយកព្រះយេស៊ូជាគំរូ ដ្បិតព្រះគម្ពីរចែងថា៖ «បុរស . . . ជាក្បាល[ឬអ្នក«នាំមុខ»]ស្ត្រី ហើយសិរសា[ឬអ្នក«នាំមុខ»]ព្រះគ្រីស្ទ គឺជាព្រះ»។ (កូរិនថូសទី១ ១១:៣; ខ.ស.) ប៉ុន្តែគួរឲ្យកត់សម្គាល់ដែរថា មនុស្សស្រីត្រូវចុះចូលចំពោះមនុស្សប្រុសជាអ្នកនាំមុខ មិនគ្រាន់តែពេលរៀបការប៉ុណ្ណោះទេ។
៩ ព្រះគម្ពីរពន្យល់ថាមនុស្សស្រី (មិនថានៅលីវឬមានស្វាមីក្ដី) គួរតែចុះចូលចំពោះបុរសនានាដែលមានលក្ខណៈគ្រប់គ្រាន់តាមព្រះគម្ពីរឲ្យធ្វើជាអ្នកនាំមុខក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិក។ (ធីម៉ូថេទី១ ២:១២, ១៣; ហេព្រើរ ១៣:១៧) ពេលមនុស្សស្រីស្ដាប់តាមបង្គាប់ព្រះដោយធ្វើដូច្នេះ ពួកគេក៏តាំងគំរូឲ្យពួកទេវតាចុះចូលតាមការរៀបចំរបស់ព្រះដែរ។ (កូរិនថូសទី១ ១១:៨-១០) បន្ថែមទៅទៀត មនុស្សស្រីវ័យចំណាស់ដែលមានស្វាមីហើយ អាចបង្រៀនស្ត្រីវ័យក្មេងដោយធ្វើជាគំរូល្អដល់ពួកគេ ព្រមទាំងជូនយោបល់ដែលជួយឲ្យពួកគេ«ចុះចូលចំពោះប្ដី»ខ្លួនដែរ។—ទីតុស ២:៣-៥
១០. តើព្រះយេស៊ូទុកគំរូអ្វីក្នុងការចុះចូល?
១០ ព្រះយេស៊ូទទួលស្គាល់ថា ការចុះចូលចំពោះអ្នកដែលយើងគួរគោរពគឺពិតជាមានតម្លៃមែន។ មានគ្រាមួយដែលព្រះយេស៊ូបានបង្គាប់ឲ្យពេត្រុសបង់ពន្ធដល់ពួករាជការដែលទារពន្ធពីគាត់ទាំងពីរនាក់ ហើយទ្រង់ក៏ផ្ដល់ប្រាក់ឲ្យពេត្រុសបង់ពន្ធដែរ។ ក្រោយៗមក ពេត្រុសបានសរសេរថា៖ «ចូរឲ្យចុះចូលនឹងគ្រប់ទាំងច្បាប់នៃមនុស្សលោកដោយយល់ដល់ព្រះអម្ចាស់»។ (ពេត្រុសទី១ ២:១៣; ម៉ាថាយ ១៧:២៤-២៧) យើងក៏អាចអានអំពីគំរូដ៏អស្ចារ្យបំផុតដែលព្រះយេស៊ូបានទុកសម្រាប់យើងក្នុងការចុះចូលនោះគឺ «ទ្រង់បានលះបង់ព្រះអង្គទ្រង់មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្ដាប់បង្គាប់រហូតដល់ទីមរណៈ»។—ភីលីព ២:៥-៨
១១. ហេតុអ្វីបានជាពេត្រុសលើកទឹកចិត្តឲ្យស្ត្រីទាំងឡាយចុះចូលចំពោះស្វាមីខ្លួន សូម្បីតែចំពោះស្វាមីដែលមិនជឿលើព្រះយេហូវ៉ាក្ដី?
១១ ពេត្រុសបានលើកទឹកចិត្តពួកគ្រិស្តសាសនិកឲ្យចុះចូលចំពោះពួករាជការដែលមានក្នុងពិភពលោកនេះ សូម្បីតែពេលអ្នកទាំងនោះប្រើអំពើហិង្សាឬធ្វើអ្វីដែលអយុត្ដិធម៌ក្ដី។ ពេត្រុសពន្យល់ថា៖ «[ព្រះយេស៊ូ]បានហៅអ្នករាល់គ្នាមកឯសេចក្ដីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់»។ (ពេត្រុសទី១ ២:២១) ក្រោយមកពេត្រុសពន្យល់ថា ព្រះយេស៊ូបានស៊ូទ្រាំនឹងទុក្ខលំបាកខ្លះដែរក្នុងការចុះចូលចំពោះព្រះ។ រួចមក ពេត្រុសលើកទឹកចិត្តពួកស្ត្រីទាំងឡាយដែលមានស្វាមីមិនជឿលើព្រះយេហូវ៉ាថា៖ «ពួកស្រីៗត្រូវចុះចូលចំពោះប្ដីខ្លួនបែបដូច្នោះដែរ ដើម្បីបើមានអ្នកណាដែលមិនព្រមស្ដាប់បង្គាប់តាមព្រះបន្ទូល នោះប្រពន្ធនឹងទាញចិត្តមកបានដោយសារកិរិយាល្អ [គឺ«មិនបាច់បញ្ចេញពាក្យសំដីទេ», ខ.ស.]»។ នេះមានន័យថា ស្វាមីនឹង«ឃើញកិរិយាបរិសុទ្ធដែលប្រពន្ធប្រព្រឹត្ត»រួមទាំង«សេចក្ដីគោរពយ៉ាងជ្រាលជ្រៅ»។—ពេត្រុសទី១ ៣:១, ២; ព.ថ.
១២. តើការចុះចូលរបស់ព្រះយេស៊ូបាននាំឲ្យមានប្រយោជន៍អ្វីខ្លះ?
១២ អ្នកខ្លះគិតថា មានតែមនុស្សទន់ខ្សោយទេដែលសុខចិត្តចុះចូលចំពោះអ្នកដែលធ្វើបាបខ្លួនឬពេលគេជេរប្រមាថនោះ។ ប៉ុន្តែ ព្រះយេស៊ូមិនដែលមានទស្សនៈដូចនោះទេ។ ពេត្រុសសរសេរថា៖ «កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណៈដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ»។ (ពេត្រុសទី១ ២:២៣) ជាលទ្ធផល ពេលមនុស្សខ្លះឃើញព្រះយេស៊ូរងទុក្ខវេទនានោះ ពួកគេក៏មានជំនឿទៅលើទ្រង់តិចតួចដែរ ដូចជាចោរម្នាក់ដែលជាប់នៅលើបង្គោលឈើក្បែរព្រះយេស៊ូ និងមេទ័ពដែលមើលគេប្រហារជីវិតទ្រង់។ (ម៉ាថាយ ២៧:៣៨-៤៤, ៥៤; ម៉ាកុស ១៥:៣៩; លូកា ២៣:៣៩-៤៣) ស្រដៀងគ្នាដែរ ពេត្រុសបង្ហាញថាស្វាមីខ្លះដែលមិនទាន់ជឿទៅលើព្រះយេហូវ៉ា (សូម្បីតែអ្នកខ្លះធ្លាប់ធ្វើបាបភរិយាផង)អាចក្លាយជាគ្រិស្តសាសនិកបាន ពេលគាត់ឃើញកិរិយារបស់ភរិយាដែលតែងតែចុះចូលចំពោះគាត់។ នៅសព្វថ្ងៃនេះយើងក៏ធ្លាប់ឃើញបុរសខ្លះធ្វើដូច្នេះមែន។
របៀបភរិយាអាចទាញចិត្តស្វាមីបាន
១៣, ១៤. តើការចុះចូលចំពោះស្វាមីដែលមិនថ្វាយបង្គំព្រះយេហូវ៉ាបាននាំឲ្យមានប្រយោជន៍អ្វីខ្លះ?
១៣ ប្រសិនបើស្ត្រីណាម្នាក់ចាប់ផ្ដើមថ្វាយបង្គំព្រះយេហូវ៉ាហើយមានកិរិយាល្អជាគ្រិស្តសាសនិក នាងក៏អាចយកឈ្នះចិត្តស្វាមីបានឬទាញចិត្តគាត់ឲ្យទៅជាអ្នកមានជំនឿដែរ។ កាលដែលពួកស្មរបន្ទាល់ព្រះយេហូវ៉ាមានកម្មវិធីមហាសន្និបាតតាមតំបន់ពេលថ្មីៗនេះ បុរសម្នាក់បានរៀបរាប់អំពីភរិយារបស់គាត់ដែលជាគ្រិស្តសាសនិកថា៖ «មើលទៅ ខ្ញុំជាមនុស្សភ្លើសុទ្ធដែលប្រព្រឹត្តដូច្នេះទៅលើនាង។ យ៉ាងណាក៏ដោយ នាងតែងតែបង្ហាញការគោរពចំពោះខ្ញុំ។ គាត់មិនដែលមើលងាយខ្ញុំសោះ ហើយក៏មិនបង្ខំឲ្យខ្ញុំចូលសាសនាគាត់ទេ។ នាងតែងតែស្រឡាញ់និងយកចិត្តទុកដាក់ចំពោះខ្ញុំ។ ពេលនាងទៅសន្និបាត គាត់ធ្វើម្ហូបទុកឲ្យខ្ញុំ ហើយគាត់តែងតែបង្ហើយកិច្ចការផ្ទះជាមុនដែរ។ អាកប្បកិរិយារបស់នាងធ្វើឲ្យខ្ញុំចាប់អារម្មណ៍ចង់ដឹងអំពីព្រះគម្ពីរ ហើយឥឡូវនេះខ្ញុំក៏ជាអ្នកជឿដែរ!»។ ត្រូវហើយ កិរិយាល្អរបស់ភរិយាបាន«ទាញចិត្ត»ស្វាមីមែន!
១៤ ដូចពេត្រុសបានបញ្ជាក់នោះ លទ្ធផលល្អច្រើនតែទាក់ទងនឹងការប្រព្រឹត្តរបស់ភរិយាជាជាងអ្វីដែលគាត់និយាយ។ បទពិសោធន៍របស់បងស្រីម្នាក់ឈ្មោះអេកនីសសឲ្យឃើញការពិតនេះ។ បងស្រីបានរៀនសេចក្ដីពិតពីព្រះគម្ពីរ ហើយគាត់ខំចូលរួមកិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិកពុំដែលខាន។ មានពេលមួយដែលស្វាមីរបស់បងស្រីស្រែកដាក់គាត់ថា៖ «បើឯងហ៊ានចេញពីទ្វារនោះ មិនបាច់ត្រឡប់មកផ្ទះវិញទេ»។ ដូច្នេះ បងស្រីអេកនីសមិនបានចេញ«ពីទ្វារនោះ»ទេ តែបានចេញពីផ្ទះតាមទ្វារផ្សេងទៀត! លើកក្រោយដែលបងស្រីអេកនីសចង់ទៅប្រជុំ ស្វាមីគំរាមថា៖ «ពេលឯងត្រឡប់មកវិញ នឹងមិនឃើញអញទៀត»។ តាំងពីពេលនោះមក បងស្រីមិនបានជួបគាត់ទៀតទេ ដោយសារគាត់បានចាកចេញពីផ្ទះអស់បីថ្ងៃ។ ប៉ុន្តែ ពេលគាត់ត្រឡប់មកផ្ទះវិញ បងស្រីសួរដោយទន់ភ្លន់ថា៖ «តើបងចង់ពិសាអីទេ?»។ បងស្រីអេកនីសមិនបានឈប់គោរពព្រះយេហូវ៉ាទេ ហើយមិនបន្ថយសកម្មភាពសូម្បីតែបន្ដិចបន្តួចក្ដី។ នៅទីបំផុត ស្វាមីរបស់បងស្រីក៏យល់ព្រមរៀនព្រះគម្ពីរដែរ ហើយគាត់បានឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ា និងក្រោយៗមកបានបម្រើជាអ្នកចាស់ទុំដែលមានភារកិច្ចជាច្រើន។
១៥. តើភរិយាគ្រិស្តសាសនិកគួរ«តែងខ្លួន»បែបណា?
១៥ បងស្រីទាំងប៉ុន្មានខាងលើនេះបានធ្វើតាមយោបល់របស់សាវ័កពេត្រុសអំពីការ«តែងខ្លួន»។ ការ«តែងខ្លួន»នេះមិនមែនសំដៅទៅលើការយកចិត្តទុកដាក់ហួសហេតុពេកចំពោះការ«ក្រងសក់»និងការពាក់«សំលៀកបំពាក់ផ្សេងៗឡើយ»។ ផ្ទុយទៅវិញ ពេត្រុសមានប្រសាសន៍ថា ការតែងខ្លួននោះទាក់ទងនឹង«មនុស្សលាក់កំបាំងក្នុងចិត្តវិញ ដោយគ្រឿងដ៏មិនចេះពុករលួយរបស់វិញ្ញាណសំឡូតហើយរម្យទម។ នោះឯងជាសេចក្ដីដែលមានដំឡៃវិសេសនៅចំពោះព្រះ»។ មនុស្សស្រីអាចបង្ហាញវិញ្ញាណឬលក្ខណៈសម្លូតហើយរមទមនេះ ដោយពាក្យសម្ដីនិងការប្រព្រឹត្តគួរសមជាជាងទាមទារច្រើនពេកពីស្វាមីហើយប្រកួតប្រជែងនឹងគាត់។ បើដូច្នេះ ភរិយាគ្រិស្តសាសនិកអាចគោរពស្វាមីយ៉ាងជ្រាលជ្រៅបាន។—ពេត្រុសទី១ ៣:៣, ៤
ការទាញយកមេរៀនពីគំរូផ្សេងៗ
១៦. តើសារ៉ាតាំងគំរូល្អអ្វីសម្រាប់ស្ត្រីគ្រិស្តសាសនិកដែលមានស្វាមី?
១៦ ពេត្រុសសរសេរថា៖ «ពីដើម ពួកស្រីៗបរិសុទ្ធដែលសង្ឃឹមដល់ព្រះក៏បានតែងខ្លួនយ៉ាងដូច្នោះ ទាំងចុះចូលចំពោះប្ដីខ្លួនដែរ»។ (ពេត្រុសទី១ ៣:៥) ស្ត្រីទាំងនោះទទួលស្គាល់ថា ពួកគាត់អាចមានសុភមង្គលក្នុងគ្រួសារនិងមានជីវិតជារៀងរហូតបានទុកជារង្វាន់ បើគាត់ធ្វើអ្វីដែលគាប់ចិត្តព្រះយេហូវ៉ាហើយស្ដាប់តាមដំបូន្មានពីទ្រង់។ ពេត្រុសរៀបរាប់អំពីនាងសារ៉ាដែលជាភរិយាស្អាតរបស់លោកអ័ប្រាហាំថា នាង«បានចុះចូលនឹងលោកអ័ប្រាហាំ ព្រមទាំងហៅលោកជាម្ចាស់ផង»។ ព្រះយេហូវ៉ាបានបង្គាប់អ័ប្រាហាំឲ្យទៅបម្រើទ្រង់នៅឯប្រទេសក្រៅយ៉ាងឆ្ងាយពីស្រុកកំណើត ហើយសារ៉ាបានគាំទ្រស្វាមីរបស់ខ្លួនដែលកោតខ្លាចព្រះ ដោយលះបង់ជីវិតស្រណុកស្រួលនិងសុខចិត្តប្រថុយជីវិតទៅតាមស្វាមីនាង។ (លោកុប្បត្តិ ១២:១, ១០-១៣) ពេត្រុសបានសរសើរសារ៉ាដែលជាគំរូល្អនោះ ដោយសរសេរថា៖ «អ្នករាល់គ្នាក៏បានត្រឡប់ជាពូជនាងនោះ ដោយបានប្រព្រឹត្តល្អឥតភិតភ័យនឹងសេចក្ដីស្ញែងខ្លាចណាឡើយ»។—ពេត្រុសទី១ ៣:៦
១៧. តើពេត្រុសប្រហែលជាគិតពីអ័ប៊ីកែលជាគំរូល្អសម្រាប់ភរិយាគ្រិស្តសាសនិកដោយព្រោះអ្វី?
១៧ ពេត្រុសប្រហែលជាបានគិតពីនាងអ័ប៊ីកែលជាគំរូល្អមួយទៀត ដ្បិតនាងបានសង្ឃឹមលើព្រះយេហូវ៉ាហើយក៏ឥតមានភិតភ័យអ្វីឡើយ។ អ័ប៊ីកែល«ជាស្ត្រីប្រកបដោយប្រាជ្ញា» តែស្វាមីនាងឈ្មោះណាបាល«ជាមនុស្សកាចអាក្រក់ក្នុងកិរិយាប្រព្រឹត្ត»។ ពេលណាបាលមិនព្រមជួយដាវីឌនិងពួកអ្នកនៅជាមួយគាត់ នោះពួកគេបានត្រៀមខ្លួនទៅសម្លាប់ណាបាលនិងក្រុមគ្រួសារទាំងមូលរបស់គាត់។ ប៉ុន្តែ អ័ប៊ីកែលបានចាត់វិធានការដើម្បីសង្គ្រោះក្រុមគ្រួសាររបស់នាង។ អ័ប៊ីកែលបានរៀបអាហារដាក់លើសត្វលាទាំងប៉ុន្មាន ហើយក៏ទៅជួបដាវីឌនិងគ្នារបស់គាត់ដែលប្រដាប់ដោយអាវុធកំពុងតែមករកសងសឹកណាបាល។ ពេលអ័ប៊ីកែលឃើញដាវីឌ នាងចុះពីលាហើយទម្លាក់ខ្លួននៅទៀបជើងលោកទាំងអង្វរសូមកុំឲ្យដាវីឌរហ័សទៅសងសឹក។ សម្ដីរបស់អ័ប៊ីកែលមានឥទ្ធិពលខ្លាំងណាស់លើដាវីឌ ហើយគាត់ក៏និយាយទៅកាន់នាងថា៖ «សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់បានចាត់អ្នកឲ្យមកជួបនឹងខ្ញុំនៅថ្ងៃនេះ! ហើយសូមពរដល់ប្រាជ្ញារបស់អ្នកនឹងដល់ខ្លួនអ្នកផង»។—សាំយូអែលទី១ ២៥:២-៣៣
១៨. បើបុរសដទៃស្រឡាញ់ស្ត្រីដែលមានស្វាមីហើយ តើនាងគួរនឹកចាំគំរូរបស់អ្នកណា? ហេតុអ្វី?
១៨ នាងពីក្រុងស៊ូឡាមក៏ជាគំរូល្អមួយទៀតសម្រាប់ភរិយាទាំងឡាយ ដ្បិតនាងបានរក្សាចិត្តស្មោះត្រង់ចំពោះគូដណ្ដឹងរបស់នាង ទោះបើគាត់ជាអ្នកគង្វាលសាមញ្ញម្នាក់ក្ដី។ នាងនៅតែស្រឡាញ់គាត់យ៉ាងខ្លាំង សូម្បីតែពេលស្តេចដែលជាអ្នកមានស្តុកស្តម្ភបានសូមស្រឡាញ់នាងក៏ដោយ។ នាងប្រាប់អារម្មណ៍របស់ខ្លួនទៅអ្នកកំលោះគង្វាលថា៖ «សូមចារឹករូបអូនក្នុងដួងចិត្តរបស់បងដើម្បីកុំអោយភ្លេចឡើយ ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំងដូចសេចក្ដីស្លាប់» ហើយ«ទឹកជាច្រើនយ៉ាងណាក៏មិនអាចនឹងពន្លត់សេចក្ដីស្រឡាញ់បានឡើយ ទឹកជំនន់នឹងពន្លិចក៏មិនបានដែរ»។ (បទចំរៀងសាឡូម៉ូន ៨:៦, ៧; ខ.ស.) ដូចគ្នាដែរចំពោះស្ត្រីដែលយល់ព្រមរៀបការជាមួយបុរសណាម្នាក់ នាងគួរតាំងចិត្តនៅស្មោះត្រង់ចំពោះស្វាមីនិងគោរពគាត់យ៉ាងជ្រាលជ្រៅ។
ឱវាទបន្ថែមទៀតពីព្រះ
១៩, ២០. (ក) ហេតុអ្វីក៏ចាំបាច់ម្ល៉េះឲ្យភរិយាចុះចូលចំពោះស្វាមី? (ខ) តើអ្នកណាបានតាំងគំរូល្អចំពោះភរិយាទាំងឡាយ?
១៩ ចុងក្រោយបង្អស់ សូមមើលម្ដងទៀតនូវប្រធានបទគម្ពីរសម្រាប់អត្ថបទសិក្សានេះដែលដាស់តឿនឲ្យ«ស្ត្រីរាល់គ្នា . . . ចុះចូលចំពោះប្ដីខ្លួន» ហើយសូមគិតពីចំណុចសំខាន់ក្នុងខបន្ទាប់។ (អេភេសូរ ៥:២២) ហេតុអ្វីក៏ចាំបាច់ម្ល៉េះឲ្យពួកស្ត្រីចុះចូលចំពោះស្វាមី? ខ២៣បញ្ជាក់ថាភរិយាគួរចុះចូលចំពោះស្វាមី «ដ្បិតប្ដីជាក្បាល[ឬអ្នក«នាំមុខ»]ប្រពន្ធ ដូចជាព្រះគ្រីស្ទទ្រង់ជាសិរសា[ឬអ្នក«នាំមុខ»]ពួកជំនុំដែរ»។ ដូច្នេះ ភរិយាទាំងឡាយបានត្រូវដាស់តឿនថា៖ «ដូចជាពួកជំនុំចុះចូលនឹងព្រះគ្រីស្ទជាយ៉ាងណា នោះត្រូវឲ្យប្រពន្ធចុះចូលនឹងប្ដីខ្លួនក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ»។—អេភេសូរ ៥:២៣, ២៤, ៣៣; ខ.ស.
២០ ដើម្បីធ្វើតាមបង្គាប់ឲ្យចុះចូលចំពោះស្វាមីនោះ ភរិយាទាំងឡាយគួរពិនិត្យមើលនិងធ្វើតាមគំរូរបស់ពួកជំនុំនៃព្រះគ្រិស្តដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ សូមអានសៀវភៅកូរិនថូសទី២ ១១:២៣-២៨ ដើម្បីពិនិត្យមើលអ្វីដែលសាវ័កប៉ុលបានស៊ូទ្រាំក្នុងការរក្សាភាពស្មោះត្រង់ចំពោះព្រះយេស៊ូគ្រិស្តជាអ្នកនាំមុខ ដ្បិតគាត់ជាសមាជិកនៃពួកជំនុំនោះ។ ភរិយាទាំងឡាយរួមជាមួយក្រុមជំនុំទាំងមូលគួរធ្វើតាមគំរូរបស់ប៉ុលដោយមានភាពស្មោះត្រង់ក្នុងការចុះចូលចំពោះព្រះយេស៊ូ។ ភរិយាទាំងឡាយអាចធ្វើដូច្នេះបានដោយចុះចូលចំពោះស្វាមី។
២១. តើអ្វីអាចជំរុញចិត្តស្ត្រីឲ្យចុះចូលជានិច្ចចំពោះស្វាមី?
២១ នៅសព្វថ្ងៃនេះស្ត្រីជាច្រើនមិនចូលចិត្តចុះចូលចំពោះស្វាមីទេ តែស្ត្រីដែលមានប្រាជ្ញានឹងគិតពិចារណាពីប្រយោជន៍ដែលមកពីការចុះចូលនោះវិញ។ ជាឧទាហរណ៍ សូមគិតអំពីស្ត្រីដែលចុះចូលចំពោះស្វាមីដែលមិនថ្វាយបង្គំព្រះយេហូវ៉ា។ បើនាងចុះចូលចំពោះគាត់ក្នុងគ្រប់ករណីដែលមិនប្រាសចាកគោលការណ៍ព្រះគម្ពីរហើយមិនបំពានច្បាប់ព្រះផង នោះនាងអាចទទួលរង្វាន់ដ៏អស្ចារ្យមួយ ពោលគឺ ប្រហែលជានាងអាច«សង្គ្រោះប្ដី»របស់ខ្លួនបាន! (កូរិនថូសទី១ ៧:១៣, ១៦) ម្យ៉ាងទៀត ស្ត្រីដែលចុះចូលចំពោះស្វាមីអាចមានអារម្មណ៍ស្កប់ស្កល់បាន ដោយដឹងថាព្រះយេហូវ៉ាពេញចិត្តចំពោះទង្វើរបស់គាត់ ហើយទ្រង់នឹងសងគុណគាត់ពីព្រោះបានធ្វើតាមគំរូរបស់បុត្រជាទីស្រឡាញ់របស់ទ្រង់។
តើអ្នកនៅចាំទេ?
• ហេតុអ្វីក៏ជួនកាលពិបាកម្ល៉េះឲ្យភរិយាចុះចូលចំពោះស្វាមី?
• ហេតុអ្វីក៏ការសម្រេចចិត្តយល់ព្រមឬមិនយល់ព្រមរៀបការជាមួយបុរសណាម្នាក់ជារឿងសំខាន់?
• តើព្រះយេស៊ូតាំងគំរូអ្វីសម្រាប់ភរិយាទាំងឡាយ? ពេលភរិយាធ្វើតាមគំរូរបស់ព្រះយេស៊ូ តើអាចមានប្រយោជន៍អ្វីខ្លះ?
[រូបភាពនៅទំព័រ១៥]
ហេតុអ្វីការសម្រេចចិត្តយល់ព្រមឬមិនយល់ព្រមរៀបការជាមួយបុរសណាម្នាក់ជារឿងសំខាន់ម្ល៉េះ?
[រូបភាពនៅទំព័រ១៧]
តើភរិយាទាំងឡាយអាចទាញយកមេរៀនអ្វីពីគំរូល្អៗក្នុងព្រះគម្ពីរដូចជាគំរូរបស់នាងអ័ប៊ីកែលនោះ?