«ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់អ្នករាល់គ្នា»
«ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់អ្នករាល់គ្នា មិនមែនឃ្វាលដោយបង្ខំចិត្តទេ តែដោយស្ម័គ្រចិត្ត»។—១ពេ. ៥:២
១. ពេលពេត្រុសសរសេរសំបុត្រទី១របស់គាត់ តើបងប្អូនគ្រិស្តសាសនិកជួបប្រទះនឹងកាលៈទេសៈអ្វី?
សាវ័កពេត្រុសបានសរសេរសំបុត្រទី១របស់គាត់ មុនអធិរាជនីរ៉ូដែលជាអ្នកគ្រប់គ្រងក្រុងរ៉ូម បានចាប់ផ្ដើមប្រឆាំងនឹងពួកគ្រិស្តសាសនិកនៅទីក្រុងនោះ។ គាត់បានសរសេរសំបុត្រនោះដោយសារគាត់ចង់ពង្រឹងកម្លាំងរបស់បងប្អូនរួមជំនឿ។ គាត់ដឹងថាមេកំណាចបាន«ដើរក្រវែល»ដើម្បីរកលេបត្របាក់ពួកគ្រិស្តសាសនិក។ ដូច្នេះ ដើម្បីកាន់ជំហរមាំមួនប្រឆាំងនឹងវា នោះពួកគាត់ត្រូវ«ដឹងខ្លួនជានិច្ច» និង«បន្ទាបខ្លួនក្រោមដៃដ៏ខ្លាំងក្លារបស់ព្រះ»។ (១ពេ. ៥:៦, ៨) បន្ថែមទៅទៀត ពួកគាត់ក៏ត្រូវមានសាមគ្គីគ្នាដែរ។ ពួកគាត់មិនគួរ«ប្រខាំនិងត្របាក់គ្នាទៅវិញទៅមក»ទេ ព្រោះនេះអាចនាំឲ្យ«វិនាសដោយសារតែគ្នាឯង»។—កាឡ. ៥:១៥
២, ៣. តើយើងគួរប្រយុទ្ធនឹងអ្នកណា? ហើយក្នុងអត្ថបទបន្តបន្ទាប់នេះ តើយើងនឹងពិចារណាអំពីអ្វីខ្លះ?
២ សព្វថ្ងៃនេះ យើងក៏មានស្ថានភាពដូចគ្នាដែរ។ មេកំណាចវាស្វែងរកឱកាសដើម្បីលេបត្របាក់យើង។ (បប. ១២:១២) ម្យ៉ាងទៀត នៅពេលឆាប់ៗខាងមុខនេះនឹងមានគ្រា«ទុក្ខវេទនាជាខ្លាំង ដែលមិនធ្លាប់មានតាំងពីកំណើតពិភពលោករហូតដល់ឥឡូវនេះ»។ (ម៉ាថ. ២៤:២១) ហេតុនេះហើយ យើងក៏ត្រូវប្រយ័ត្នមិនឲ្យមានការឈ្លោះប្រកែកគ្នាទៅវិញទៅមកដូចពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ដែរ។ ដើម្បីឲ្យយើងធ្វើដូច្នេះបាន នោះជួនកាលយើងត្រូវការជំនួយពីពួកអ្នកចាស់ទុំដែលមានលក្ខណៈគ្រប់គ្រាន់។
៣ សូមឲ្យយើងពិចារណាអំពីរបៀបដែលពួកអ្នកចាស់ទុំអាចបង្កើនឲ្យមានចិត្តដឹងគុណច្រើនថែមទៀតចំពោះភារកិច្ចក្នុងការឃ្វាល‹ហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់ពួកគាត់›។ (១ពេ. ៥:២) ក្រោយមក យើងនឹងសញ្ជឹងគិតអំពីវិធីដ៏ត្រឹមត្រូវក្នុងការបំពេញកិច្ចការរបស់ពួកគាត់ជាគង្វាលក្នុងក្រុមជំនុំ។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលបងប្អូនក្នុងក្រុមជំនុំអាច‹គោរពពួកអ្នកដែលធ្វើការនឿយហត់ ព្រមទាំងដឹកនាំ›លើពួកគេ។ (១ថែ. ៥:១២) ការពិចារណាអំពីរឿងនេះនឹងជួយយើងឲ្យកាន់ជំហរមាំមួនប្រឆាំងនឹងសត្រូវដ៏ធំបំផុតរបស់យើង ថែមទាំងទទួលស្គាល់ថាវាជាគូប្រយុទ្ធរបស់យើងផងដែរ។—អេភ. ៦:១២
ឃ្វាលហ្វូងចៀមរបស់ព្រះ
៤, ៥. តើពួកអ្នកចាស់ទុំគួរមានទស្សនៈយ៉ាងណាចំពោះបងប្អូនរួមជំនឿដែលប្រៀបដូចជាហ្វូងចៀម? សូមលើកឧទាហរណ៍។
៤ ពេត្រុសបានលើកទឹកចិត្តបុរសចាស់ទុំក្នុងចំណោមពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ឲ្យមានទស្សនៈដូចព្រះចំពោះបងប្អូនរួមជំនឿដែលប្រៀបដូចជាហ្វូងចៀមរបស់លោក។ (សូមអាន ពេត្រុសទី១ ៥:១, ២) ទោះជាបងប្អូនបានចាត់ទុកពេត្រុសជាសសរនៃក្រុមជំនុំក៏ដោយ គាត់មិនបាននិយាយមើលងាយពួកអ្នកចាស់ទុំទេ។ ផ្ទុយទៅវិញ គាត់បានដាស់តឿនពួកគេក្នុងនាមជាអ្នកចាស់ទុំដូចគ្នា។ (កាឡ. ២:៩) ដោយមានចិត្តគំនិតដូចពេត្រុស នោះគណៈអភិបាលនៅសព្វថ្ងៃនេះក៏ដាស់តឿនពួកអ្នកចាស់ទុំឲ្យព្យាយាមបំពេញភារកិច្ចយ៉ាងធ្ងន់ក្នុងការឃ្វាលហ្វូងចៀមរបស់ព្រះដែរ។
៥ សាវ័កពេត្រុសបានសរសេរថាពួកអ្នកចាស់ទុំត្រូវ‹ឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់ពួកគាត់›។ នេះជាការសំខាន់ណាស់ឲ្យពួកគាត់ទទួលស្គាល់ថាបងប្អូនរួមជំនឿដែលប្រៀបដូចជាហ្វូងចៀមគឺជារបស់ព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្ត។ ពួកអ្នកចាស់ទុំត្រូវទទួលខុសត្រូវចំពោះព្រះស្តីអំពីរបៀបដែលពួកគាត់ថែរក្សាចៀមរបស់លោក។ ឧបមាថា មិត្តជិតស្និទ្ធរបស់អ្នកសុំអ្នកឲ្យថែរក្សាកូនៗរបស់គាត់ពេលគាត់មិននៅផ្ទះ។ អ្នកប្រាកដជាថែរក្សាពួកគេយ៉ាងល្អ និងផ្ដល់ចំណីអាហារដល់ពួកគេដែរ មែនទេ? បើកូនម្នាក់ឈឺ អ្នកពិតជាយកគាត់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យព្យាបាល មែនទេ? ស្រដៀងគ្នាដែរ ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំត្រូវ«ឃ្វាលក្រុមជំនុំរបស់ព្រះ ដែលលោកបានទិញដោយឈាមរបស់បុត្រលោក»។ (សកម្ម. ២០:២៨) ដូច្នេះ ពួកគាត់ចងចាំជានិច្ចថាបងប្អូនម្នាក់ៗបានត្រូវទិញដោយឈាមដ៏មានតម្លៃរបស់គ្រិស្តយេស៊ូ។ ដោយចេះទទួលខុសត្រូវ នោះពួកអ្នកចាស់ទុំផ្ដល់ចំណីអាហារ ការការពារ និងការថែទាំដល់បងប្អូនរួមជំនឿទាំងនោះ។
៦. តើពួកគង្វាលពីសម័យបុរាណមានភារកិច្ចអ្វី?
៦ សូមគិតអំពីភារកិច្ចរបស់ពួកគង្វាលនៅសម័យគម្ពីរ។ ពួកគេត្រូវទ្រាំហាលថ្ងៃហាលខ្យល់ដើម្បីថែរក្សាហ្វូងចៀម។ (លោ. ៣១:៤០) ពួកគេថែមទាំងបានប្រថុយជីវិតដើម្បីចៀមទៀតផង។ ដាវីឌដែលជាក្មេងគង្វាលចៀមម្នាក់បានសង្គ្រោះហ្វូងចៀមរបស់គាត់ពីសត្វសាហាវ ដែលមានទាំងតោនិងខ្លាឃ្មុំ។ នៅពេលនោះដាវីឌបានពោលថាគាត់«បានចាប់វាត្រង់ពុកចង្កាវាយសំឡាប់ទៅ»។ (១សាំ. ១៧:៣៤, ៣៥) គាត់ពិតជាក្លាហានមែន! គាត់ពិតជានៅជិតចង្កូមវាណាស់! ទោះជាយ៉ាងនោះក៏ដោយ គាត់មិនបានរាថយក្នុងការជួយចៀមរបស់គាត់នោះទេ។
៧. ក្នុងន័យធៀប តើពួកអ្នកចាស់ទុំអាចកន្ដ្រាក់បងប្អូនចេញពីចង្កូមរបស់មេកំណាចយ៉ាងដូចម្ដេច?
៧ សព្វថ្ងៃនេះ ពួកអ្នកចាស់ទុំត្រូវការពារហ្វូងចៀមរបស់ព្រះពីការពាធារបស់មេកំណាចដែលប្រៀបដូចជាសត្វតោ។ នេះប្រហែលជារួមបញ្ចូលនូវការប្រព្រឹត្តដែលបង្ហាញពីចិត្តក្លាហានដើម្បីកន្ដ្រាក់បងប្អូនចេញពីចង្កូមរបស់មេកំណាច។ ដោយវែកញែកជាមួយនឹងបងប្អូនដែលធ្លាក់ខ្លួនប្រព្រឹត្តតាមការល្បួងរបស់សាថានដោយមិនដឹងខ្លួន នោះពួកអ្នកចាស់ទុំប្រៀបដូចជាចាប់ពុកចង្ការបស់សត្វសាហាវ។ ដោយធ្វើដូច្នេះ នោះពួកគាត់អាចសង្គ្រោះចៀមបាន។ (សូមអាន យូដាស ២២, ២៣) ពិតមែន បើគ្មានជំនួយពីព្រះយេហូវ៉ាទេ នោះពួកអ្នកចាស់ទុំមិនអាចបំពេញភារកិច្ចនេះបានឡើយ។ ម្យ៉ាងទៀត ពួកគាត់ប្រព្រឹត្តចំពោះបងប្អូនដែលរបួសដោយថ្នាក់ថ្នម ហើយពួកគាត់ក៏រុំរបួសនិងលាបប្រេងឲ្យដែលជាបណ្ដាំរបស់ព្រះដែរ។
៨. តើពួកអ្នកចាស់ទុំនាំបងប្អូនរួមជំនឿឲ្យទៅឯណា? ហើយតើតាមរបៀបណា?
៨ គង្វាលក៏នាំហ្វូងចៀមទៅរកកន្លែងល្អដែលមានស្មៅនិងទឹកគ្រប់គ្រាន់។ ដូចគ្នាដែរ ពួកអ្នកចាស់ទុំនាំបងប្អូនរួមជំនឿដែលប្រៀបដូចជាហ្វូងចៀមឲ្យទៅកន្លែងដែលពួកគេអាចទទួល«អាហារ»ដែលល្អ និង«តាមត្រូវពេល»រាល់ៗដង។ ពួកគាត់ធ្វើដូច្នេះដោយលើកទឹកចិត្តបងប្អូនឲ្យមកប្រជុំយ៉ាងទៀងទាត់។ (ម៉ាថ. ២៤:៤៥) ពួកអ្នកចាស់ទុំប្រហែលជាត្រូវចំណាយពេលច្រើនជាងដើម្បីជួយបងប្អូនដែលខ្សោយខាងជំនឿឲ្យទទួលយកសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារពីបណ្ដាំរបស់ព្រះ។ បងប្អូនរួមជំនឿដែលចាកចេញពីក្រុមជំនុំប្រហែលជាខំព្យាយាមត្រឡប់មកវិញ។ ដូច្នេះ ជាជាងបំភ័យគាត់ នោះពួកអ្នកចាស់ទុំនិយាយយ៉ាងស្រទន់ក្នុងការពន្យល់អំពីគោលការណ៍ក្នុងគម្ពីរ និងបង្ហាញអំពីរបៀបដែលគាត់អាចអនុវត្តតាមក្នុងជីវិត។
៩, ១០. តើពួកអ្នកចាស់ទុំគួរថែរក្សាបងប្អូនដែលខ្សោយខាងជំនឿយ៉ាងដូចម្ដេច?
៩ ជាឧទាហរណ៍ សូមគិតអំពីគ្រូពេទ្យពីរនាក់ដែលអ្នកអាចទៅជួប ពេលអ្នកធ្លាក់ខ្លួនឈឺ។ គ្រូពេទ្យម្នាក់ចំណាយពេលស្ដាប់អ្នកតែបន្ដិច ហើយចេញវេជ្ជបញ្ជាភ្លាមៗ ដើម្បីគាត់អាចជួបអ្នកជំងឺផ្សេងទៀត។ ឯគ្រូពេទ្យម្នាក់ទៀតស្ដាប់អ្នកយ៉ាងយកចិត្តទុកដាក់ ហើយគាត់ពន្យល់អំពីអ្វីដែលបណ្ដាលឲ្យអ្នកឈឺ ថែមទាំងប្រាប់អ្នកអំពីវិធីព្យាបាលខ្លះៗដែរ។ តើអ្នកចង់ទៅជួបគ្រូពេទ្យមួយណាជាង?
១០ ដូចគ្នាដែរ ពួកអ្នកចាស់ទុំអាចស្ដាប់បងប្អូនដែលខ្សោយខាងជំនឿនិងជួយគាត់ឲ្យជាឡើងវិញ ការធ្វើដូច្នេះប្រៀបដូចជាពួកគាត់កំពុង«លាបប្រេងក្នុងនាមព្រះយេហូវ៉ា»ដល់បងប្អូននោះ។ (សូមអាន យ៉ាកុប ៥:១៤, ១៥) ដូចប្រទាលមុខសះនៅស្រុកកាឡាត នោះបណ្ដាំរបស់ព្រះអាចធ្វើឲ្យបងប្អូនដែលខ្សោយនោះមានអារម្មណ៍ធូរស្រាលឡើង។ (យេ. ៨:២២; អេស. ៣៤:១៦) ពេលដែលបងប្អូនខ្សោយខាងជំនឿអនុវត្តតាមគោលការណ៍ក្នុងគម្ពីរ នេះអាចជួយគាត់ឲ្យមានតុល្យភាពម្ដងទៀតក្នុងការបម្រើព្រះយេហូវ៉ា។ ពិតមែន ពួកអ្នកចាស់ទុំអាចធ្វើអ្វីដែលនាំឲ្យមានប្រយោជន៍ជាច្រើន ពេលពួកគាត់ស្ដាប់កង្វល់របស់បងប្អូនដែលខ្សោយ ថែមទាំងអធិដ្ឋានជាមួយនឹងគាត់ផងដែរ។
មិនមែនឃ្វាលដោយបង្ខំចិត្តទេ តែដោយស្ម័គ្រចិត្ត
១១. តើអ្វីជំរុញចិត្តពួកអ្នកចាស់ទុំឲ្យឃ្វាលហ្វូងចៀមរបស់ព្រះដោយស្ម័គ្រចិត្ត?
១១ បន្ទាប់មក ពេត្រុសរំលឹកអំពីរបៀបដែលពួកអ្នកចាស់ទុំគួរធ្វើ និងមិនគួរធ្វើក្នុងពេលឃ្វាលឬលើកទឹកចិត្តនិងណែនាំបងប្អូនរួមជំនឿដែលប្រៀបដូចជាហ្វូងចៀម។ ពួកអ្នកចាស់ទុំត្រូវឃ្វាលហ្វូងចៀមរបស់ព្រះ«មិនមែនឃ្វាលដោយបង្ខំចិត្តទេ តែដោយស្ម័គ្រចិត្ត»វិញ។ តើអ្វីជំរុញពួកអ្នកចាស់ទុំឲ្យបម្រើបងប្អូនរួមជំនឿដោយស្ម័គ្រចិត្ត? ដើម្បីដឹងអំពីរឿងនេះ តើអ្វីជំរុញឲ្យពេត្រុសឃ្វាលនិងផ្ដល់ចំណីអាហារដល់ចៀមរបស់លោកយេស៊ូ? នោះគឺជាសេចក្ដីស្រឡាញ់ចំពោះលោកម្ចាស់។ (យ៉ូន. ២១:១៥-១៧) ដោយសារសេចក្ដីស្រឡាញ់ ពួកអ្នកចាស់ទុំ‹រស់ដើម្បីលោកដែលបានស្លាប់ មិនមែនរស់ដើម្បីខ្លួនពួកគេទៀតទេ›។ (២កូ. ៥:១៤, ១៥) សេចក្ដីស្រឡាញ់នេះរួមទាំងសេចក្ដីស្រឡាញ់ចំពោះព្រះនិងចំពោះបងប្អូនរួមជំនឿ ក៏ជំរុញពួកអ្នកចាស់ទុំឲ្យបម្រើបងប្អូនក្នុងក្រុមជំនុំ ដោយចំណាយកម្លាំង ធនធាន និងពេលវេលារបស់ពួកគាត់ដែរ។ (ម៉ាថ. ២២:៣៧-៣៩) ពួកគាត់លះបង់ប្រយោជន៍ខ្លួនមិនមែនដោយបង្ខំចិត្តទេ តែដោយស្ម័គ្រចិត្តវិញ។
១២. តើសាវ័កប៉ូលលះបង់ប្រយោជន៍ខ្លួនដល់កម្រិតណា?
១២ តើពួកអ្នកចាស់ទុំគួរលះបង់ប្រយោជន៍ខ្លួនដល់កម្រិតណា? ក្នុងការបំពេញភារកិច្ចដើម្បីចៀម នោះពួកគាត់យកតម្រាប់តាមសាវ័កប៉ូល ដូចប៉ូលបានយកតម្រាប់តាមលោកយេស៊ូដែរ។ (១កូ. ១១:១) ដោយមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះបងប្អូនក្នុងក្រុមជំនុំថែស្សាឡូនិច នោះប៉ូលនិងគូកនរបស់គាត់សប្បាយចិត្តផ្ដល់ឲ្យបងប្អូនទាំងនោះ‹មិនត្រឹមតែដំណឹងល្អរបស់ព្រះប៉ុណ្ណោះទេ តែថែមទាំងជីវិតពួកគាត់ទៀតផង›។ ពេលពួកគាត់ធ្វើដូច្នេះ នោះពួកគាត់ប្រព្រឹត្តដោយស្លូតបូត«ដូចម្ដាយដែលបំបៅកូន ស្រឡាញ់ថ្នាក់ថ្នមកូន»។ (១ថែ. ២:៧, ៨) ប៉ូលយល់អំពីអារម្មណ៍ដែលម្ដាយមានចំពោះកូនដែលនៅបៅ។ នាងនឹងធ្វើអ្វីៗទាំងអស់ដើម្បីកូន សូម្បីតែនៅពេលយប់កណ្ដាលអធ្រាត្រក្ដី ក៏នាងនៅតែភ្ញាក់ដើម្បីបំបៅកូនដែរ។
១៣. តើពួកអ្នកចាស់ទុំត្រូវមានតុល្យភាពអំពីអ្វី?
១៣ ពួកអ្នកចាស់ទុំត្រូវប្រុងប្រយ័ត្នក្នុងការរក្សាឲ្យមានតុល្យភាពរវាងភារកិច្ចលើកទឹកចិត្តនិងណែនាំបងប្អូនក្នុងក្រុមជំនុំ និងភារកិច្ចរបស់គាត់ក្នុងក្រុមគ្រួសារ។ (១ធី. ៥:៨) ពេលវេលាដែលពួកអ្នកចាស់ទុំចំណាយសម្រាប់ក្រុមជំនុំ គឺជាពេលវេលាដ៏មានតម្លៃដែលគាត់អាចចំណាយជាមួយនឹងក្រុមគ្រួសាររបស់គាត់។ វិធីមួយដើម្បីជួយឲ្យពួកគាត់មានតុល្យភាពរវាងភារកិច្ចទាំងពីរនេះ គឺម្ដងម្កាលពួកគាត់អញ្ជើញបងប្អូនឯទៀតឲ្យចូលរួមក្នុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសាររបស់ពួកគាត់។ អស់ជាច្រើនឆ្នាំ បងប្រុសម៉ាសាណាអូដែលជាអ្នកចាស់ទុំម្នាក់ក្នុងប្រទេសជប៉ុន គាត់បានអញ្ជើញបងប្អូនដែលនៅលីវ និងក្រុមគ្រួសារដែលមិនមានឪពុកជាអ្នកដែលរួមជំនឿឲ្យចូលរួមក្នុងការសិក្សាជាក្រុមគ្រួសាររបស់គាត់។ នៅពេលក្រោយៗមក បងប្អូនខ្លះដែលគាត់បានជួយក៏ក្លាយទៅជាអ្នកចាស់ទុំ ហើយពួកគេក៏យកតម្រាប់តាមគំរូរបស់បងប្រុសម៉ាសាណាអូដែរ។
កុំចង់បានប្រយោជន៍ផ្ទាល់ខ្លួន តែចូរឃ្វាលហ្វូងចៀមដោយស្មោះអស់ពីចិត្ត
១៤, ១៥. ហេតុអ្វីពួកអ្នកចាស់ទុំគួរការពារខ្លួនពីការ«ចង់បានប្រយោជន៍ផ្ទាល់ខ្លួន»? ហើយស្តីអំពីរឿងនេះ តើពួកគាត់អាចយកតម្រាប់តាមប៉ូលយ៉ាងដូចម្ដេច?
១៤ ពេត្រុសក៏បានលើកទឹកចិត្តពួកអ្នកចាស់ទុំឲ្យឃ្វាលក្រុមជំនុំ«មិនមែនដោយចង់បានប្រយោជន៍ផ្ទាល់ខ្លួនឡើយ តែដោយស្មោះអស់ពីចិត្ត»វិញ។ កិច្ចការរបស់ពួកអ្នកចាស់ទុំពិតជាត្រូវការពេលវេលាជាច្រើនមែន ប៉ុន្តែពួកគាត់មិនរំពឹងថានឹងទទួលកម្រៃពីកិច្ចការនោះទេ។ ពេត្រុសបានឃើញថាគាត់ត្រូវព្រមានពួកអ្នកចាស់ទុំអំពីគ្រោះថ្នាក់ដែលមកពីការឃ្វាលក្រុមជំនុំដោយ«ចង់បានប្រយោជន៍ផ្ទាល់ខ្លួន»។ គ្រោះថ្នាក់នេះបានឃើញជាក់ស្តែង ដោយសារអ្នកដឹកនាំសាសនានៃ«បាប៊ីឡូនដ៏ខ្លាំងក្លា»មានជីវិតដ៏សម្បូរសប្បាយ ប៉ុន្តែមនុស្សជាច្រើនត្រូវមានជីវភាពក្រតោកយ៉ាកវិញ។ (បប. ១៨:២, ៣) ពួកអ្នកចាស់ទុំសព្វថ្ងៃនេះមានមូលហេតុត្រឹមត្រូវដើម្បីការពារខ្លួនពីទំនោរចិត្តដែលទោរទន់ទៅរកចិត្តគំនិតបែបនោះ។
១៥ ប៉ូលបានទុកគំរូដ៏ល្អចំពោះពួកអ្នកចាស់ទុំគ្រិស្តសាសនិកទាំងឡាយ។ ទោះជាគាត់ជាសាវ័កនិងអាចធ្វើឲ្យបងប្អូនរួមជំនឿនៅក្រុមជំនុំថែស្សាឡូនិច«អស់ប្រាក់ច្រើន»ក៏ដោយ ក៏គាត់មិនបាន«បរិភោគអាហាររបស់អ្នកណាទទេដែរ»។ ផ្ទុយទៅវិញ គាត់បាន«ធ្វើការយ៉ាងនឿយហត់ទាំងយប់ទាំងថ្ងៃ»។ (២ថែ. ៣:៨) ពួកអ្នកចាស់ទុំជាច្រើននៅសព្វថ្ងៃនេះ រួមទាំងពួកអ្នកដែលធ្វើដំណើរត្រួតពិនិត្យ ពួកគាត់បានទុកគំរូដ៏ល្អស្តីអំពីរឿងនេះ។ ទោះជាពួកគាត់សុខចិត្តឲ្យបងប្អូនរួមជំនឿទទួលពួកគាត់យ៉ាងរាក់ទាក់ក៏ដោយ ក៏ពួកគាត់មិនចង់ឲ្យបងប្អូនណាម្នាក់«អស់ប្រាក់ច្រើន»ដែរ។—១ថែ. ២:៩
១៦. តើការឃ្វាលក្រុមជំនុំ«ដោយស្មោះអស់ពីចិត្ត»មានន័យយ៉ាងណា?
១៦ ពួកអ្នកចាស់ទុំឃ្វាលក្រុមជំនុំ«ដោយស្មោះអស់ពីចិត្ត» ហើយនេះបានសឲ្យឃើញតាមរយៈចិត្តគំនិតលះបង់ប្រយោជន៍ខ្លួនរបស់ពួកគាត់ដើម្បីជួយបងប្អូនរួមជំនឿ។ ក៏ប៉ុន្តែ នេះមិនមានន័យថាពួកគាត់បង្ខំបងប្អូនឲ្យបម្រើព្រះយេហូវ៉ានោះទេ ឬក៏លើកទឹកចិត្តអ្នកឯទៀតឲ្យបម្រើព្រះដោយមានចិត្តគំនិតចង់ប្រកួតប្រជែងគ្នានោះដែរ។ (កាឡ. ៥:២៦) ពួកអ្នកចាស់ទុំទទួលស្គាល់ថាបងប្អូនម្នាក់ៗមានលក្ខណៈខុសៗពីគ្នា។ ពួកគាត់មានចិត្តចង់ជួយបងប្អូនរួមជំនឿឲ្យបម្រើព្រះយេហូវ៉ាដោយសប្បាយរីករាយ។
មិនមែនធ្វើជាចៅហ្វាយលើហ្វូងចៀមទេ តែធ្វើជាគំរូវិញ
១៧, ១៨. (ក) ហេតុអ្វីជួនកាលពួកសាវ័កពិបាកធ្វើតាមការបង្រៀនរបស់លោកយេស៊ូដែលឲ្យមានចិត្តរាបទាបនោះ? (ខ) តើយើងអាចជួបកាលៈទេសៈស្រដៀងនឹងពួកគាត់យ៉ាងណា?
១៧ ដូចយើងបានពិភាក្សារួចទៅហើយ ពួកអ្នកចាស់ទុំគួរចងចាំថាហ្វូងចៀមដែលពួកគាត់ថែរក្សាគឺជារបស់ព្រះ មិនមែនរបស់ខ្លួនពួកគាត់នោះទេ។ ពួកគាត់ប្រយ័ត្នមិន«ធ្វើជាចៅហ្វាយលើពួកអ្នកដែលជាមត៌ករបស់ព្រះ»នោះឡើយ។ (សូមអាន ពេត្រុសទី១ ៥:៣) ជួនកាល ពួកសាវ័ករបស់លោកយេស៊ូចង់បានភារកិច្ចដោយមានបំណងចិត្តមិនត្រឹមត្រូវ ព្រោះពួកគាត់ចង់បានមុខមាត់ធំដុំដូចពួកអ្នកគ្រប់គ្រងប្រជាជាតិនានាដែរ។—សូមអាន ម៉ាកុស ១០:៤២-៤៥
១៨ សព្វថ្ងៃ ជាការល្អឲ្យបងប្អូនដែល«ព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ» ពិចារណាខ្លួនអំពីមូលហេតុដែលពួកគាត់ចង់បានភារកិច្ចនៅក្នុងក្រុមជំនុំ។ (១ធី. ៣:១) នេះគឺដោយសារមនុស្សក្នុងពិភពលោកនេះចូលចិត្តមានអំណាចលើអ្នកឯទៀត។ ដូច្នេះ ពួកអ្នកដែលឥឡូវកំពុងធ្វើជាអ្នកចាស់ទុំ អាចសួរខ្លួនយ៉ាងចំៗថា តើខ្ញុំបម្រើជាអ្នកចាស់ទុំដោយសារចង់មានអំណាចឬមុខមាត់ធំដុំដូចពួកសាវ័កខ្លះឬទេ? បើពួកសាវ័កមានបញ្ហាចំពោះរឿងនេះទៅហើយ ពួកអ្នកចាស់ទុំក៏ត្រូវខំប្រឹងដើម្បីជៀសវាងពីការមានចិត្តគំនិតបែបនោះដែរ។
១៩. ពេលចាត់វិធានការដើម្បីការពារហ្វូងចៀម តើពួកអ្នកចាស់ទុំគួរចងចាំចំណុចអ្វី?
១៩ ពិតមែន ជួនកាលអ្នកចាស់ទុំត្រូវប្រព្រឹត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារហ្វូងចៀមពី«ឆ្កែចចកដ៏សាហាវ»។ (សកម្ម. ២០:២៨-៣០) ប៉ូលបានប្រាប់ទីតុសឲ្យ‹បំផុសទឹកចិត្ត ហើយកែតម្រង់ដោយប្រើអំណាចរបស់គាត់យ៉ាងពេញលេញ›។ (ទីត. ២:១៥) ប៉ុន្តែ ទោះជាពេលពួកគាត់ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក៏ដោយ ពួកអ្នកចាស់ទុំព្យាយាមប្រព្រឹត្តទៅលើបងប្អូនដែលធ្វើខុសដោយបង្ហាញការគោរព។ ពួកគាត់យល់ថាការបញ្ជាក់ហេតុផលដែលនាំឲ្យជឿអាចជំរុញបងប្អូនដែលធ្វើខុសឲ្យប្រព្រឹត្តតាមអ្វីដែលត្រឹមត្រូវវិញ ការធ្វើដូច្នេះគឺប្រសើរជាងការរិះគន់យ៉ាងខ្លាំងដល់បុគ្គលនោះ។
២០. ក្នុងការទុកគំរូល្អ តើពួកអ្នកចាស់ទុំអាចយកតម្រាប់តាមលោកយេស៊ូយ៉ាងដូចម្ដេច?
២០ គំរូដ៏ល្អប្រសើររបស់គ្រិស្តជំរុញទឹកចិត្តពួកអ្នកចាស់ទុំឲ្យស្រឡាញ់បងប្អូនក្នុងក្រុមជំនុំ។ (យ៉ូន. ១៣:១២-១៥) ពេលដែលយើងអានអំពីរបៀបដែលលោកបង្ហាត់ពួកអ្នកកាន់តាមលោកក្នុងការផ្សព្វផ្សាយនិងបង្រៀនអ្នកឯទៀត នោះធ្វើឲ្យយើងកក់ក្ដៅក្នុងចិត្តមែន។ គំរូរបស់លោកយេស៊ូស្តីអំពីចិត្តរាបទាបពិតជាមានឥទ្ធិពលទៅលើចិត្តរបស់ពួកអ្នកកាន់តាមលោកណាស់ ដែលជំរុញពួកគាត់ឲ្យធ្វើតាមគំរូនោះដោយ«បន្ទាបខ្លួនដោយចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន»។ (ភី. ២:៣) ដូចគ្នាដែរ នៅសព្វថ្ងៃនេះ ពួកអ្នកចាស់ទុំបានត្រូវជំរុញទឹកចិត្តឲ្យធ្វើតាមគំរូរបស់លោកយេស៊ូ ហើយជាលទ្ធផល ពួកគាត់ក៏ចង់ធ្វើជា«គំរូដល់ហ្វូងចៀម»ដែរ។
២១. តើពួកអ្នកចាស់ទុំអាចទទួលរង្វាន់អ្វីនៅថ្ងៃអនាគត?
២១ ពេត្រុសបានបញ្ចប់ពាក្យដាស់តឿនរបស់គាត់ចំពោះពួកអ្នកចាស់ទុំ ដោយរៀបរាប់អំពីសេចក្ដីសន្យាមួយសម្រាប់ពេលអនាគត។ (សូមអាន ពេត្រុសទី១ ៥:៤) ពួកអ្នកចាស់ទុំដែលបានត្រូវរើសតាំង«នឹងទទួលមកុដនៃសិរីរុងរឿងដែលមិនអាចសាបសូន្យ»ជាមួយនឹងគ្រិស្តនៅស្ថានសួគ៌។ គង្វាលដែលជា«ចៀមឯទៀត»នឹងមានឯកសិទ្ធិឃ្វាលចៀមរបស់ព្រះនៅលើផែនដីក្រោមការគ្រប់គ្រងរបស់«មេគង្វាល»។ (យ៉ូន. ១០:១៦) អត្ថបទបន្ទាប់នឹងពិគ្រោះអំពីរបៀបផ្សេងៗដែលសមាជិកក្នុងក្រុមជំនុំអាចគាំទ្រពួកអ្នកដែលបានត្រូវតែងតាំងឲ្យនាំមុខក្នុងក្រុមជំនុំ។
ការពិនិត្យសាឡើងវិញ
• ហេតុអ្វីជាការសមរម្យដែលពេត្រុសដាស់តឿនពួកអ្នកចាស់ទុំឲ្យឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់ពួកគាត់?
• តើពួកអ្នកចាស់ទុំគួរជួយបងប្អូនដែលខ្សោយខាងជំនឿយ៉ាងដូចម្ដេច?
• តើអ្វីជំរុញពួកអ្នកចាស់ទុំឲ្យឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់ពួកគាត់?
[រូបភាពនៅទំព័រ២១]
ពួកអ្នកចាស់ទុំសព្វថ្ងៃនេះត្រូវការពារ«ចៀម»ដែលនៅក្រោមការថែទាំរបស់ពួកគាត់ ដូចគង្វាលនៅសម័យបុរាណដែរ