ព្រះយេហូវ៉ាប្រុងស្ដាប់សម្រែករបស់យើង
«ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិត ហើយព្រះកាណ៌ទ្រង់ក៏ប្រុងស្ដាប់សំរែករបស់គេ»។—ទំនុក. ៣៤:១៥
១, ២. (ក) នៅសព្វថ្ងៃនេះ តើមនុស្សជាច្រើនមានអារម្មណ៍យ៉ាងណា? (ខ) ម្ដេចក៏ស្ថានភាពនេះមិនធ្វើឲ្យយើងភ្ញាក់ផ្អើល?
តើអ្នកកំពុងរងទុក្ខលំបាកទេ? តាមការពិត មនុស្សរាប់លាននាក់កំពុងស៊ូទ្រាំនឹងទុក្ខវេទនាផ្សេងៗដែរ។ ជីវិតសព្វថ្ងៃក្នុងពិភពលោកដ៏អាក្រក់នេះតម្រូវឲ្យយើងខំពុះពារទាំងលំបាកផង ក្រោមស្ថានការណ៍ដែលគាបសង្កត់យើង។ អ្នកខ្លះស្ទើរតែទ្រាំមិនបានទេ។ ពួកគេមានអារម្មណ៍ដូចស្តេចដាវីឌដែលបានតែងបទទំនុកដំកើងថា៖ «ទូលបង្គំហេវហើយត្រូវជាំជាខ្លាំង ទូលបង្គំបានថ្ងូរដោយព្រោះសេចក្ដីថែថប់ក្នុងចិត្ត។ ចិត្តទូលបង្គំកំរើកជាខ្លាំង ហើយកំឡាំងនៃទូលបង្គំក៏អន់ថយ។ ឯពន្លឺនៃភ្នែកទូលបង្គំ នោះក៏ងងឹតទៅ»។—ទំនុក. ៣៨:៨, ១០
២ ដោយសារអ្វីដែលយើងបានរៀនជាគ្រិស្តសាសនិក យើងមិនភ្ញាក់ផ្អើលទេ ចំពោះទុក្ខលំបាកដែលមនុស្សមានក្នុងជីវិត។ យើងយល់ថា សញ្ញាដែលព្រះយេស៊ូទាយថានឹងសម្គាល់គ្រាដែលទ្រង់យាងមកនិងមានវត្តមាននោះ គឺរួមបញ្ចូល«ទុក្ខវេទនា»ផងដែរ។ (ម៉ាក. ១៣:៨; ម៉ាថ. ២៤:៣) ពាក្យភាសាដើមដែលបកប្រែថា «ទុក្ខវេទនា»នោះ សំដៅទៅលើការឈឺចាប់របស់ស្ត្រីពេលសម្រាលកូន។ ពាក្យនោះពិពណ៌នាយ៉ាងច្បាស់លាស់ នូវទុក្ខវេទនាដែលមនុស្សមានក្នុងអំឡុង«គ្រាលំបាក»នេះ។—២ធី. ៣:១
ពេលយើងរងទុក្ខ ព្រះយេហូវ៉ាយល់អារម្មណ៍
៣. តើរាស្ត្ររបស់ព្រះយេហូវ៉ាទទួលស្គាល់អំពីអ្វីខ្លះ?
៣ រាស្ត្ររបស់ព្រះយេហូវ៉ាទទួលស្គាល់ថា ពួកគេមិនអាចជៀសវាងទាំងស្រុងពីទុក្ខវេទនាដែលមានជាទូទៅ។ តាមការពិត ពួកគេទទួលស្គាល់ថា ស្ថានភាពទាំងនេះមុខជានឹងកើនឡើងហើយកាន់តែអាក្រក់ទៅៗ។ រាស្ត្ររបស់ព្រះយេហូវ៉ាមិនគ្រាន់តែរងទុក្ខលំបាកដូចមនុស្សទូទៅប៉ុណ្ណោះទេ តែយើងក៏ប្រឈមមុខនឹង«អារក្សដែលជាខ្មាំងសត្រូវ» ហើយវាមានបំណងបង្ខូចជំនឿរបស់យើងថែមទៀត។ (១ពេ. ៥:៨) អាស្រ័យហេតុនេះ មិនជាការចម្លែកអ្វីឡើយបើយើងមានអារម្មណ៍ដូចដាវីឌដែលបានសរសេរថា៖ «សេចក្ដីត្មះតិះដៀលបានញាំញីចិត្តទូលបង្គំ ក៏មានសេចក្ដីទំងន់សង្កត់នៅពេញក្នុងខ្លួនហើយ។ ទូលបង្គំបានគន់រកអ្នកណាដែលនឹងអាណិតមេត្ដា តែឥតមាន១សោះ ក៏ស្វែងរកអ្នកណាដែលនឹងកំសាន្តចិត្ត តែមិនឃើញ១ទេ!»។—ទំនុក. ៦៩:២០
៤. ពេលមានទុក្ខវេទនា តើអ្វីអាចសម្រាលទុក្ខយើង?
៤ តើទស្សនៈរបស់ដាវីឌបង្កប់អត្ថន័យថា គាត់អស់សង្ឃឹមទេ? មិនមែនទេ។ សូមកត់សម្គាល់អ្វីដែលគាត់សរសេរតទៅទៀតក្នុងបទទំនុកនោះថា៖ «ព្រះយេហូវ៉ាទ្រង់ប្រោសស្ដាប់មនុស្សកំសត់ទុគ៌ត ហើយមិនដែលមើលងាយដល់ពួកអ្នករបស់ទ្រង់ដែលត្រូវគេចាប់ចងឡើយ»។ (ទំនុក. ៦៩:៣៣) ជួនកាលយើងក៏អាចមានអារម្មណ៍ថា ខ្លួនយើងហាក់ដូចជាមានទុក្ខលំបាកចាប់ចងនិងយាយីខ្លួន។ រីឯអ្នកដទៃ គឺអាចមើលទៅដូចជាពួកគេមិនយល់ពីទុក្ខវេទនារបស់យើង ហើយតាមការពិត ប្រហែលជាពួកគេមិនយល់មែន! ប៉ុន្តែដូចដាវីឌ ពេលយើងដឹងថាព្រះយេហូវ៉ាជ្រាបពីទុក្ខវេទនារបស់យើង នេះពិតជាសម្រាលទុក្ខយើងវិញ។—ទំនុក. ៣៤:១៥
៥. តើស្តេចសាឡូម៉ូនមានទំនុកចិត្តយ៉ាងណាទៅលើព្រះយេហូវ៉ា?
៥ ពេលបុត្ររបស់ដាវីឌ ឈ្មោះសាឡូម៉ូន បានធ្វើពិធីសម្ពោធន៍វិហារនៅទីក្រុងយេរូសាឡិម គាត់បញ្ជាក់ថា ព្រះយេហូវ៉ាពិតជាជ្រាបពីទុក្ខវេទនារបស់យើងមែន! (សូមអាន របាក្សត្រទី២ ៦:២៩-៣១) សាឡូម៉ូនបានសូមអង្វរព្រះយេហូវ៉ាឲ្យប្រុងស្ដាប់ ពេលមនុស្សម្នាក់ៗដែលមានចិត្តស្មោះសអធិដ្ឋានសូមជំនួយពីទ្រង់ ដោយសារពួកគេមាន«សេចក្ដីវេទនានឹងសេចក្ដីទុក្ខលំបាក»។ ពេលឮការអធិដ្ឋានរបស់មនុស្សម្នាក់ៗដែលកើតទុក្ខនោះ តើព្រះយេហូវ៉ាធ្វើយ៉ាងណា? ពាក្យរបស់សាឡូម៉ូនបង្ហាញពីទំនុកចិត្តរបស់គាត់ថា ព្រះយេហូវ៉ាមិនគ្រាន់តែប្រុងស្ដាប់ប៉ុណ្ណោះ តែទ្រង់ក៏ចាត់វិធានការដើម្បីជួយពួកគេផងដែរ។ ហេតុអ្វីបានជាព្រះយេហូវ៉ាសុខចិត្តជួយយ៉ាងនោះ? គឺដោយសារទ្រង់«ជ្រាបចិត្តនៃពួកមនុស្សលោកទាំងអស់»។
៦. តើអ្វីនឹងជួយយើងឲ្យចេះស៊ូទ្រាំនឹងកង្វល់? តើចំណេះនេះជួយយើងយ៉ាងដូចម្ដេច?
៦ ដូចគ្នាដែរ យើងអាចអធិដ្ឋានហើយប្រាប់ព្រះយេហូវ៉ាពី«សេចក្ដីវេទនានឹងសេចក្ដីទុក្ខលំបាក»របស់យើងផ្ទាល់។ ដោយដឹងថា ព្រះយេហូវ៉ាជ្រាបពីកង្វល់និងយល់ពីអារម្មណ៍ក្នុងចិត្តយើង ព្រមទាំងយកចិត្តទុកដាក់ចំពោះយើងផង នេះគួរជួយសម្រាលទុក្ខយើងមែន! សាវ័កពេត្រុសបានបញ្ជាក់ចំណុចនេះដែរ ដោយសរសេរថា៖ «ចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា»។ (១ពេ. ៥:៧) ពេលមានទុក្ខលំបាក ព្រះយេហូវ៉ាពិតជាយកចិត្តទុកដាក់នឹងយើងមែន! ព្រះយេស៊ូក៏បានបញ្ជាក់ពីសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាមានចំពោះយើង ដោយមានប្រសាសន៍ថា៖ «តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី? តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ។ សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ។ យ៉ាងនោះ មិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃលើសជាងចាបជាច្រើន»។—ម៉ាថ. ១០:២៩-៣១
ចូរពឹងព្រះយេហូវ៉ាចុះ!
៧. តើអាចទុកចិត្តថាយើងនឹងទទួលជំនួយបែបណា?
៧ យើងប្រាកដជាអាចជឿថា ទោះជាយើងជួបប្រទះនឹងទុក្ខវេទនាបែបណាក៏ដោយ ព្រះយេហូវ៉ាពិតជាចង់ជួយយើង ហើយទ្រង់ក៏មានសមត្ថភាពជួយយើងមែន! «ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន»។ (ទំនុក. ៣៤:១៥-១៨; ៤៦:១) តើព្រះយេហូវ៉ាផ្ដល់ជំនួយតាមរបៀបណា? សូមពិនិត្យមើលអ្វីដែលចែងទុកក្នុងសៀវភៅកូរិនថូសទី១ ១០:១៣ ដែលថា៖ «ព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្ដីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួចដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន»។ ព្រះយេហូវ៉ាអាចដកទុក្ខវេទនាចេញក៏បាន ឬមួយក៏ទ្រង់នឹងផ្ដល់កម្លាំងឲ្យយើងចេះស៊ូទ្រាំវិញ។ ដូច្នេះ មិនថាព្រះយេហូវ៉ាចាត់វិធានការមួយណាក៏ដោយ ទ្រង់តែងតែផ្ដល់ជំនួយឲ្យយើង។
៨. តើយើងត្រូវធ្វើយ៉ាងណាដើម្បីទទួលជំនួយពីព្រះយេហូវ៉ា?
៨ តើយើងត្រូវធ្វើយ៉ាងណាដើម្បីទទួលជំនួយពីព្រះយេហូវ៉ា? សូមកត់សម្គាល់ដំបូន្មាននេះដែលថា៖ ‹ចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយទៅលើទ្រង់›។ នេះបានសេចក្ដីថា ក្នុងន័យធៀប យើងត្រូវតែប្រគល់ដល់ព្រះយេហូវ៉ាទាំងស្រុង នូវភារកិច្ចដោះស្រាយកង្វល់និងទុក្ខព្រួយរបស់យើង។ យើងលែងភ័យព្រួយទៀត ហើយទុកចិត្តថាព្រះយេហូវ៉ានឹងផ្ដល់អ្វីដែលយើងត្រូវការ។ (ម៉ាថ. ៦:២៥-៣២) ទំនុកចិត្តបែបនេះតម្រូវឲ្យយើងមានចិត្តរាបទាប ដោយមិនពឹងផ្អែកទៅលើកម្លាំងនិងប្រាជ្ញារបស់ខ្លួនឡើយ។ ពេលយើងបន្ទាបខ្លួន«នៅក្រោមព្រះហស្តដ៏ពូកែ»របស់ព្រះយេហូវ៉ា យើងទទួលស្គាល់ថា យើងគ្មានសមត្ថភាពស្មើនឹងទ្រង់ទេ។ (សូមអាន ពេត្រុសទី១ ៥:៦) ស្មារតីបែបនេះក៏អាចជួយយើងឲ្យចេះស៊ូទ្រាំនឹងទុក្ខលំបាកអ្វីក៏ដោយដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងជួបប្រទះ។ យើងច្បាស់ជាសង្ឃឹមថា ព្រះយេហូវ៉ានឹងដកចេញភ្លាមៗនូវមូលហេតុដែលបណ្ដាលឲ្យមានទុក្ខវេទនា។ ប៉ុន្តែ យើងក៏ទុកចិត្តថា ព្រះយេហូវ៉ាជ្រាបពីរបៀបនិងពេលដែលល្អបំផុតឲ្យទ្រង់ចាត់វិធានការ។—ទំនុក. ៥៤:៧; អេសា. ៤១:១០
៩. តើដាវីឌបានផ្ទេរបន្ទុកបែបណាទៅលើព្រះយេហូវ៉ា?
៩ សូមនឹកចាំពាក្យរបស់ដាវីឌដែលបានសរសេរក្នុងបទទំនុកដំកើងទី៥៥:២២ ដែលថា៖ «ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ»។ ដាវីឌបានសរសេរបទទំនុកនោះក្នុងគ្រាដែលគាត់កំពុងកើតទុក្ខយ៉ាងខ្លាំង។ (ទំនុក. ៥៥:៤) យើងយល់ថា ដាវីឌបានសរសេរទំនុកនោះពេលដែលបុត្រលោក ឈ្មោះអាប់សាឡំម មានល្បិចសម្ងាត់ដើម្បីដណ្ដើមរាជ្យពីបិតា។ លោកអ័ហ៊ីថូផែល ដែលពីមុនជាបុរោហិតឬអ្នកជំនិតដែលដាវីឌទុកចិត្តជាងគេ ក៏បានពួតដៃជាមួយនឹងអាប់សាឡំម។ រួចមក ដាវីឌត្រូវរត់គេចពីទីក្រុងយេរូសាឡិម ដើម្បីរួចរស់ជីវិត។ (២សាំ. ១៥:១២-១៤) សូម្បីតែក្រោមកាលៈទេសៈដ៏ពិបាកបែបនោះក្ដី ដាវីឌនៅតែទុកចិត្តទៅលើព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាបានជួយគាត់មែន!
១០. ពេលរងទុក្ខវេទនា តើចាំបាច់ឲ្យយើងធ្វើអ្វី?
១០ ទោះជាយើងរងទុក្ខវេទនាបែបណាក៏ដោយ គឺចាំបាច់ណាស់ឲ្យយើងប្រព្រឹត្តដូចដាវីឌ ហើយអធិដ្ឋានសូមជំនួយពីព្រះយេហូវ៉ា។ សូមពិនិត្យមើលអ្វីដែលសាវ័កប៉ុលបានដាស់តឿនឲ្យយើងធ្វើក្នុងករណីនេះ។ (សូមអាន ភីលីព ៤:៦, ៧) តើការអង្វរព្រះយេហូវ៉ានាំឲ្យមានលទ្ធផលយ៉ាងណា? ការអង្វរព្រះយេហូវ៉ានាំឲ្យយើងទទួល«សេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្តហើយនឹងគំនិតរបស់[យើង]រាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ»។
១១. តើ«សេចក្ដីសុខសាន្តរបស់ព្រះ»ការពារចិត្តនិងគំនិតរបស់យើងយ៉ាងដូចម្ដេច?
១១ តើការអង្វរព្រះយេហូវ៉ាអាចកែប្រែកាលៈទេសៈរបស់យើងភ្លាមទេ? ប្រហែលជាកាលៈទេសៈរបស់យើងនឹងប្រែប្រួលមែន។ ក៏ប៉ុន្តែ យើងត្រូវតែទទួលស្គាល់ថា ព្រះយេហូវ៉ាមិនតែងតែធ្វើតាមសំណូមពររបស់យើង ស្របទៅតាមចំណង់ចំណូលចិត្តរបស់យើងឡើយ។ យ៉ាងណាក៏ដោយ ការអធិដ្ឋានរមែងជួយយើងឲ្យចេះគិតដោយថ្លឹងថ្លែង ហើយនេះក៏ជួយកុំឲ្យកង្វល់របស់យើងសង្គ្រុបចិត្តទាំងស្រុង។ «សេចក្ដីសុខសាន្តរបស់ព្រះ»អាចជួយយើងឲ្យមានភាពនឹងនរ សូម្បីតែពេលដែលយើងមានអារម្មណ៍ពិបាកដែលប្រៀបដូចជាបន្ទុកដ៏ធ្ងន់។ «សេចក្ដីសុខសាន្តរបស់ព្រះ»នឹងការពារចិត្តនិងគំនិតរបស់យើង ប្រៀបដូចជាកងទ័ពដែលការពារទីក្រុង កុំឲ្យខ្មាំងសត្រូវរុករានទន្ទ្រានចូលឡើយ។ ចិត្តសុខសាន្តក៏នឹងជួយយើងឲ្យយកឈ្នះគំនិតមិនល្អ ដែលចេះតែភ័យព្រួយនិងខ្វល់ខ្វាយ។ យ៉ាងនេះ យើងនឹងមិនប្រព្រឹត្តដោយឥតបើគិត ឬរហ័សធ្វើអ្វីដោយមិនគិតមុខគិតក្រោយឡើយ។—ទំនុក. ១៤៥:១៨
១២. សូមរៀបរាប់ពីឧទាហរណ៍មួយ ដែលបង្ហាញពីអ្វីដែលអាចនាំឲ្យមានចិត្តសុខសាន្ត។
១២ ពេលយើងរងទុក្ខវេទនា តើអ្វីនឹងជួយយើងឲ្យមានចិត្តសុខសាន្ត? សូមគិតអំពីឧទាហរណ៍មួយនេះ ដែលបញ្ជាក់ពីលទ្ធផលល្អដែលមកពីការអង្វរសូមជំនួយ។ ឧបមាថា កម្មកររោងចក្រម្នាក់ធ្វើការក្រោមអំណាចអ្នកចាត់ការដែលកាចអាក្រក់។ ប៉ុន្តែ នៅថ្ងៃមួយ កម្មករនោះមានឱកាសជួបជាមួយថៅកែរោងចក្រ ដែលជាមនុស្សស្លូតហើយចេះយោគយល់។ ពេលកម្មករប្រាប់ដោយចំហពីអារម្មណ៍របស់ខ្លួន ថៅកែក៏យល់ចិត្តកម្មករ និងពន្យល់ថា បន្ដិចទៀតថៅកែនឹងដកអ្នកចាត់ការនោះចេញ។ ពេលឮដំណឹងនេះ តើកម្មករមានអារម្មណ៍យ៉ាងណា? ដោយសារកម្មករទុកចិត្តថា ថៅកែនឹងធ្វើអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហានោះមែន គាត់មានកម្លាំងចិត្តធ្វើការតទៅទៀត ទោះជាគាត់ត្រូវតែរងទុក្ខមួយរយៈក្នុងចន្លោះពេលនោះក្ដី។ ស្រដៀងគ្នាដែរ យើងដឹងថាព្រះយេហូវ៉ាយល់អំពីទុក្ខលំបាកដែលយើងជួបប្រទះ ហើយទ្រង់ធានាថា មិនយូរប៉ុន្មានទៀត «ចៅហ្វាយរបស់លោកីយនេះក៏ត្រូវបោះចោលចេញ»។ (យ៉ូន. ១២:៣១) ចំណេះដឹងនេះពិតជាសម្រាលទុក្ខយើងមែន!
១៣. ក្រោយបានអធិដ្ឋានហើយ តើយើងគួរតែធ្វើអ្វី?
១៣ បើដូច្នេះ តើគ្រប់គ្រាន់ឲ្យយើងអធិដ្ឋាននិងប្រាប់ព្រះយេហូវ៉ាពីបញ្ហារបស់យើងតែប៉ុណ្ណោះទេ? មិនគ្រប់គ្រាន់ទេ។ យើងក៏ត្រូវតែចាត់វិធានការផ្ទាល់ខ្លួន សមស្របនឹងអ្វីដែលយើងបានអធិដ្ឋាន។ ពេលស្តេចសូលបានចាត់អ្នកពិឃាតឲ្យទៅឯផ្ទះរបស់ដាវីឌដើម្បីសម្លាប់គាត់ ដាវីឌបានអធិដ្ឋានថា៖ «ឱព្រះនៃទូលបង្គំអើយ! សូមទ្រង់ជួយឲ្យទូលបង្គំរួចពីពួកខ្មាំងសត្រូវ។ សូមការពារឲ្យរួចពីពួកអ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ។ សូមជួយទូលបង្គំឲ្យរួចពីពួកអ្នកដែលប្រព្រឹត្តអាក្រក់ ហើយសង្គ្រោះទូលបង្គំឲ្យរួចពីមនុស្សដែលកំចាយឈាម»។ (ទំនុក. ៥៩:១, ២) ដាវីឌមិនគ្រាន់តែអធិដ្ឋានប៉ុណ្ណោះទេ តែគាត់ក៏ស្ដាប់តាមភរិយារបស់ខ្លួន ហើយបានចាត់វិធានការដោយរត់ឲ្យរួច។ (១សាំ. ១៩:១១, ១២) ដូចគ្នាដែរ យើងក៏អាចអធិដ្ឋានសូមព្រះយេហូវ៉ាជួយយើងឲ្យចេះស៊ូទ្រាំ ព្រមទាំងរកវិធីបន្ធូរបន្ថយស្ថានការណ៍ដែលធ្វើទុក្ខផង។—យ៉ា. ១:៥
ចំណុចដ៏គួរឲ្យចងចាំដើម្បីមានកម្លាំងស៊ូទ្រាំ
១៤. ពេលយើងជួបប្រទះនឹងកាលៈទេសៈដ៏ពិបាក តើអ្វីនឹងជួយយើងឲ្យចេះស៊ូទ្រាំ?
១៤ ប្រហែលជាព្រះយេហូវ៉ាមិនដកចេញទុក្ខវេទនារបស់យើងភ្លាមៗទេ តែអនុញ្ញាតឲ្យយើងរងទុក្ខយូរបន្ដិចទៀតក៏មិនដឹង។ បើដូច្នេះ តើយើងអាចមានកម្លាំងដើម្បីស៊ូទ្រាំបានយ៉ាងដូចម្ដេច? ចំណុចទីមួយដ៏គួរឲ្យចងចាំដើម្បីមានកម្លាំងស៊ូទ្រាំ គឺថា ពេលយើងបម្រើព្រះយេហូវ៉ាដោយឥតឈប់ឈរទោះជាមានទុក្ខលំបាកក្ដី យើងកំពុងបង្ហាញថា យើងពិតជាស្រឡាញ់ទ្រង់មែន។ (កិច្ច. ១៤:២២) សូមចាំពាក្យរបស់សាតាំង ដែលចោទប្រឆាំងថា៖ «តើយ៉ូបពិតជាគោរពកោតខ្លាចព្រះអង្គដោយសុទ្ធចិត្តមែនឬ? តាមពិត គាត់គោរពព្រះអង្គដូច្នេះ មកពីព្រះអង្គការពារគាត់និងផ្ទះសំបែងរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មាន។ ព្រះអង្គប្រទានពរអោយគាត់បានចំរើនក្នុងកិច្ចការដែលគាត់ធ្វើ ហើយក៏ប្រទានអោយហ្វូងសត្វរបស់គាត់ កើនចំនួនច្រើនពាសពេញស្រុកដែរ។ ប្រសិនបើព្រះអង្គបំផ្លាញអ្វីៗទាំងអស់ដែលគាត់មាន នោះគាត់មុខជាប្រមាថព្រះអង្គមិនខាន!»។ (យ៉ូប ១:៩-១១, ខ.ស.) ដោយសារយ៉ូបបានរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា គាត់បង្ហាញថា អ្វីដែលសាតាំងចោទនោះ សុទ្ធតែជាពាក្យមិនពិត។ ពេលយើងស៊ូទ្រាំនឹងកាលៈទេសៈដ៏ពិបាក យើងក៏មានឱកាសផ្ដល់ទីសំអាងថា សាតាំងជាអ្នកកុហក។ ជាលទ្ធផល ការស៊ូទ្រាំដោយខ្ជាប់ខ្ជួននោះ ផ្ដល់ហេតុឲ្យយើងទុកចិត្តទៅលើព្រះយេហូវ៉ាបន្ថែមទៅទៀត និងមានសេចក្ដីសង្ឃឹមដ៏ច្បាស់លាស់ផង។—យ៉ា. ១:៤
១៥. តើគំរូរបស់អ្នកណាខ្លះដែលអាចពង្រឹងកម្លាំងចិត្តយើង?
១៥ ចំណុចទីពីរដ៏គួរឲ្យចងចាំដើម្បីមានកម្លាំងស៊ូទ្រាំ គឺថា «បងប្អូន[«រួមជំនឿឯទៀតៗ»]កំពុងតែរងទុក្ខលំបាកដូចគ្នាដែរ»។ (១ពេ. [១ពត្រ.] ៥:៩; ខ.ស.) ត្រូវមែន «គ្មានសេចក្ដីល្បួងណាកើតដល់[យើង]រាល់គ្នា ក្រៅពីសេចក្ដីល្បួងដែល[«មនុស្សលោកតែងជួបប្រទះនោះឡើយ»]»។ (១កូ. [១ករ.] ១០:១៣; ខ.ស.) ដូច្នេះ យើងអាចមានកម្លាំងចិត្តនិងចិត្តក្លាហានឡើង ដោយរំពឹងគិតពីគំរូរបស់បងប្អូនឯទៀត ជាជាងគិតពីបញ្ហាដែលយើងកំពុងជួបប្រទះ។ (១ថែ. ១:៥-៧; ហេ. ១២:១) ចូរឆ្លៀតពេលដើម្បីគិតអំពីគំរូរបស់អស់អ្នកដែលបានស៊ូទ្រាំដោយចិត្តស្មោះត្រង់ ទោះជាមានទុក្ខវេទនាដ៏ឈឺចាប់ក៏ដោយ។ ប្រហែលជាយើងអាចស្រាវជ្រាវជីវប្រវត្ដិនៃបងប្អូនដែលបានបោះពុម្ពក្នុងសៀវភៅនៃអង្គការរបស់ព្រះយេហូវ៉ា ហើយអានបទពិសោធន៍របស់ពួកគាត់ដែលបានឆ្លងកាត់ការពិបាកដូចយើងដែរ។ ទង្វើបែបនេះអាចពង្រឹងកម្លាំងចិត្តយើងបាន។
១៦. ពេលយើងជួបប្រទះទុក្ខលំបាកផ្សេងៗ តើព្រះយេហូវ៉ាពង្រឹងកម្លាំងចិត្តយើងយ៉ាងដូចម្ដេច?
១៦ ចំណុចទីបីដ៏គួរឲ្យចងចាំដើម្បីមានកម្លាំងស៊ូទ្រាំ គឺថា ព្រះយេហូវ៉ាជា«បិតាដ៏មានសេចក្ដីមេត្ដាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នាក្នុងគ្រប់ទាំងសេចក្ដីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀតក្នុងអស់ទាំងសេចក្ដីវេទនារបស់គេបានដែរ។ គឺដោយសារសេចក្ដីក្សាន្តនោះឯង ដែលព្រះបានកំសាន្តចិត្តយើងស្រេចហើយ»។ (២កូ. ១:៣, ៤) នេះមានន័យថា គឺហាក់ដូចជាព្រះយេហូវ៉ាឈរនៅក្បែរយើងដើម្បីលើកទឹកចិត្តនិងពង្រឹងកម្លាំងចិត្តយើង មិនគ្រាន់តែពេលឥឡូវនេះដែលយើងកើតទុក្ខទេ តែ‹ក្នុងគ្រប់ទាំងសេចក្ដីវេទនា›ផង។ ជាលទ្ធផល យើងក៏អាចជួយសម្រាលទុក្ខអ្នកដទៃ‹ក្នុងអស់ទាំងសេចក្ដីវេទនា›របស់ពួកគេផងដែរ។ បទពិសោធន៍របស់ប៉ុលបង្ហាញពីសច្ចភាពនៃពាក្យទាំងនេះ។—២កូ. ៤:៨, ៩; ១១:២៣-២៧
១៧. តើគម្ពីរអាចជួយយើងឲ្យចេះស៊ូទ្រាំការពិបាកដែលយើងមានក្នុងជីវិតយ៉ាងដូចម្ដេច?
១៧ ចំណុចទីបួនដ៏គួរឲ្យចងចាំដើម្បីមានកម្លាំងស៊ូទ្រាំ គឺថា យើងមានគម្ពីរដែលជាបណ្ដាំរបស់ព្រះយេហូវ៉ា ហើយព័ត៌មានក្នុងគម្ពីរ«មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។ (២ធី. ៣:១៦, ១៧) បណ្ដាំរបស់ព្រះយេហូវ៉ាមិនគ្រាន់តែជួយយើងឲ្យមាន‹លក្ខណៈល្អ›និងចេះ«ធ្វើការល្អ»ប៉ុណ្ណោះទេ។ បណ្ដាំរបស់ទ្រង់ក៏ជួយយើងឲ្យចេះស៊ូទ្រាំការពិបាកដែលយើងមានក្នុងជីវិត។ ដូច្នេះ ដោយសារបណ្ដាំរបស់ព្រះយេហូវ៉ា យើងអាចមានលក្ខណៈ‹គ្រប់លក្ខណ៍› ហើយមាន‹គ្រប់ទាំងចំណេះ›ផង។ ពាក្យភាសាដើមដែលបកប្រែថា «គ្រប់ទាំងចំណេះ»នោះ មានន័យចំៗថា «មានគ្រប់សព្វហើយ»។ នៅសម័យបុរាណ គេប្រើពាក្យនេះពេលសំដៅទៅលើនាវាដែលមានសម្ភារៈគ្រប់បែបយ៉ាងដែលជាចាំបាច់ដើម្បីធ្វើដំណើរកាត់មហាសាគរ។ ឬមួយក៏ ពាក្យនេះអាចសំដៅទៅលើឧបករណ៍ប្រើប្រាស់ដែលងាយប្រើដើម្បីសម្រេចការណាមួយ។ ដូចគ្នាដែរ ក្នុងបណ្ដាំរបស់ព្រះយេហូវ៉ា ទ្រង់ប្រទានព័ត៌មានដែលយើងត្រូវការដើម្បីឲ្យចេះស៊ូទ្រាំនឹងទុក្ខលំបាកបែបណាក៏ដោយដែលយើងជួបប្រទះក្នុងជីវិត។ អាស្រ័យហេតុនេះ យើងអាចមានទស្សនៈថា «បើព្រះយេហូវ៉ាអនុញ្ញាតឲ្យខ្ញុំជួបប្រទះទុក្ខលំបាកនេះ ខ្ញុំអាចស៊ូទ្រាំបាន ដោយពឹងទៅលើជំនួយពីទ្រង់»។
រួចពីទុក្ខវេទនាទាំងអស់!
១៨. តើយើងគួរចងចាំអ្វីទៀត ដើម្បីឲ្យមានកម្លាំងស៊ូទ្រាំដោយចិត្តស្មោះត្រង់?
១៨ ចំណុចទីប្រាំដ៏គួរឲ្យអស្ចារ្យដែលយើងចងចាំដើម្បីមានកម្លាំងស៊ូទ្រាំ គឺថា មិនយូរប៉ុន្មានទៀតព្រះយេហូវ៉ានឹងជួយយើងឲ្យរួចពីទុក្ខវេទនាទាំងអស់! (ទំនុក. ៣៤:១៩; ៣៧:៩-១១; ២ពេ. ២:៩) នៅទីបំផុត ព្រះយេហូវ៉ានឹងមិនគ្រាន់តែជួយយើងឲ្យរួចពីទុក្ខវេទនាប៉ុណ្ណោះ តែនឹងផ្ដល់ឱកាសឲ្យយើងទទួលជីវិតដែលគ្មានទីបញ្ចប់ទៀតផង មិនថានៅឯស្ថានសួគ៌ជាមួយព្រះយេស៊ូ ឬក្នុងសួនមនោរមនៅផែនដីក្ដី។
១៩. តើអ្វីនឹងជួយយើងឲ្យចេះស៊ូទ្រាំដោយចិត្តស្មោះត្រង់?
១៩ ទម្រាំដល់ពេលនោះ យើងនឹងជួបប្រទះទុក្ខវេទនាក្នុងពិភពលោកដ៏អាក្រក់នេះតទៅទៀត។ ដូច្នេះ យើងពិតជាសង្វាតចង់បានគ្រានោះណាស់! (ទំនុក. ៥៥:៦-៨) ចូរឲ្យយើងចងចាំថា ការស៊ូទ្រាំដោយចិត្តស្មោះត្រង់ផ្ដល់ទីសំអាងថា សាតាំងជាអ្នកកុហក។ ចូរឲ្យយើងទទួលកម្លាំងដែលមកពីការអធិដ្ឋានផង និងពីបងប្អូនរួមជំនឿផង ដោយចាំថាពួកគេកំពុងស៊ូទ្រាំនឹងទុក្ខលំបាកដូចយើងដែរ។ ណាមួយទៀត ចូរឲ្យយើងមានលក្ខណៈគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះផង ដោយមានទម្លាប់ល្អក្នុងការអានគម្ពីរ។ កុំឲ្យទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ាដែលស្រឡាញ់និង«កំសាន្តចិត្ត[យើង]គ្រប់ជំពូក»ចុះខ្សោយឡើយ។ ចូរយើងចាំថា «ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិត ហើយព្រះកាណ៌ទ្រង់ក៏ប្រុងស្ដាប់សំរែករបស់គេ»ជានិច្ច។—ទំនុក. ៣៤:១៥
តើអ្នកអាចឆ្លើយបានទេ?
• តើដាវីឌមានទស្សនៈយ៉ាងណាចំពោះទុក្ខលំបាកដែលគាត់ជួបប្រទះ?
• តើស្តេចសាឡូម៉ូនបានបង្ហាញទំនុកចិត្តបែបណា?
• ដើម្បីមានកម្លាំងស៊ូទ្រាំនឹងអ្វីដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងជួបប្រទះ តើយើងគួរចងចាំអ្វីខ្លះ?
[រូបភាពនៅទំព័រ១៧]
សាឡូម៉ូនមានទំនុកចិត្តថា ព្រះយេហូវ៉ានឹងចាត់វិធានការ ដើម្បីជួយរាស្ត្រទ្រង់ដែលកើតទុក្ខ
[រូបភាពនៅទំព័រ១៨]
ក្នុងការអធិដ្ឋាន ដាវីឌបានផ្ទេរបន្ទុកទៅលើព្រះយេហូវ៉ា ហើយក្រោយមកគាត់បានចាត់វិធានការផ្ទាល់ខ្លួន សមស្របនឹងអ្វីដែលគាត់បានអធិដ្ឋាន