ការកើតម្ដងទៀត តើបើកផ្លូវឲ្យព្រះសង្គ្រោះទេ?
«តើអ្នកបានកើតម្ដងទៀតទេ?»។ តើអ្នកនឹងឆ្លើយសំណួរនេះយ៉ាងដូចម្ដេច? គ្រិស្តសាសនិករាប់លាននាក់ទូទាំងផែនដីនឹងឆ្លើយខ្លាំងៗថា «មែន!»។ ពួកគេជឿថាការកើតម្ដងទៀតជាសញ្ញាសម្គាល់ដែលបញ្ជាក់ថាពួកគេជាគ្រិស្តសាសនិកពិត ហើយនេះជាវិធីតែមួយគត់ដើម្បីឲ្យព្រះសង្គ្រោះយើង។ ពួកគេយល់ស្របនឹងទស្សនៈរបស់អ្នកដឹកនាំសាសនាដូចជាសាសនវិទូម្នាក់ឈ្មោះរ៉ូបឺត សាប្រួល ដែលបានសរសេរថា៖ «ប្រសិនបើបុគ្គលម្នាក់មិនកើតម្ដងទៀត . . . បុគ្គលនោះមិនមែនជាគ្រិស្តសាសនិកឡើយ»។
តើអ្នកស្ថិតក្នុងចំណោមអស់អ្នកដែលជឿថាការកើតម្ដងទៀតបើកផ្លូវឲ្យព្រះសង្គ្រោះអ្នកឬទេ? បើមែន អ្នកពិតជាចង់ជួយញាតិសន្ដាននិងមិត្តភក្ដិរបស់អ្នកឲ្យរកឃើញហើយចាប់ផ្ដើមដើរតាមផ្លូវនោះដែរ មែនទេ? ក៏ប៉ុន្តែ ដើម្បីឲ្យពួកគេធ្វើដូចនេះ ពួកគេត្រូវយល់ភាពខុសគ្នារវាងអ្នកដែលកើតម្ដងទៀត និងអ្នកដែលមិនបានកើតម្ដងទៀត។ តើអ្នកនឹងពន្យល់យ៉ាងណាឲ្យពួកគេយល់អត្ថន័យនៃការកើតម្ដងទៀត?
មនុស្សជាច្រើនជឿថាពាក្យ«កើតម្ដងទៀត»សំដៅទៅលើអ្នកដែលបានសន្យាយ៉ាងស្មោះដើម្បីបម្រើព្រះនិងគ្រិស្ត ហើយជាលទ្ធផលត្រូវបានផ្លាស់ប្ដូរពីការគ្មានចំណងមេត្រីភាពជាមួយព្រះ ទៅជាមានចំណងមេត្រីភាពជាមួយលោក។
តើអ្នកនឹងភ្ញាក់ផ្អើលទេ បើដឹងថាគម្ពីរមិនឯកភាពនឹងជំនឿនេះ? តើអ្នកចង់ដឹងអ្វីដែលគម្ពីរពិតជាបង្រៀនអំពីការកើតម្ដងទៀតទេ? អ្នកនឹងពិតជាទទួលប្រយោជន៍ពីការពិចារណាយ៉ាងហ្មត់ចត់អំពីរឿងនេះ។ ហេតុអ្វី? ដោយសារការយល់ត្រឹមត្រូវអំពីអត្ថន័យនៃការកើតម្ដងទៀតនឹងមានឥទ្ធិពលលើជីវិតរបស់អ្នក ហើយអ្វីដែលអ្នកសង្ឃឹមនឹងបាននៅអនាគត។
តើគម្ពីរបង្រៀនយ៉ាងណា?
ក្នុងគម្ពីរទាំងមូល មានតែយ៉ូហាន ៣:១-១២ទេដែលប្រើពាក្យ«កើតម្ដងទៀត»។ កំណត់ហេតុនោះរៀបរាប់ពីការសន្ទនាដែលគួរឲ្យចាប់អារម្មណ៍រវាងលោកយេស៊ូនិងអ្នកនាំមុខសាសនាម្នាក់ក្នុងទីក្រុងយេរូសាឡិម។ អ្នកអាចអានកំណត់ហេតុដែលបានដកស្រង់ទាំងមូលពីគម្ពីរក្នុងប្រអប់នៅទំព័រនេះ ដូច្នេះយើងសូមអញ្ជើញលោកអ្នកឲ្យអានកំណត់ហេតុនេះយ៉ាងដិតដល់។
ក្នុងកំណត់ហេតុនោះ លោកយេស៊ូបានលើកចំណុចផ្សេងៗពី‹ការកើតជាថ្មី›។a តាមពិត ការសន្ទនារបស់លោកយេស៊ូជួយយើងឲ្យឆ្លើយសំណួរសំខាន់ៗទាំងប្រាំនេះ:
◼ តើការកើតជាថ្មីសំខាន់យ៉ាងណា?
◼ តើការកើតជាថ្មីស្រេចទៅលើយើងចង់ឬមិនចង់ឬ?
◼ តើកើតជាថ្មីក្នុងបំណងអ្វី?
◼ តើមនុស្សកើតម្ដងទៀតយ៉ាងដូចម្ដេច?
◼ ព្រះនិងមនុស្សដែលបានកើតជាថ្មីតើត្រូវអ្វីនឹងគ្នា?
សូមឲ្យយើងពិចារណាសំណួរទាំងនេះម្ដងមួយៗ។
[កំណត់សម្គាល់]
a ពាក្យ«កើតជាថ្មី»មាននៅក្នុងសៀវភៅពេត្រុសទី១ ១:៣, ២៣។ ពាក្យនេះក៏សំដៅទៅលើការ«កើតម្ដងទៀត»ដែរ។ ពាក្យទាំងពីរនេះមកពីកិរិយាសព្ទជាភាសាក្រិចដែលអានថាយិនណេអូ (gen·naʹo)។
[ប្រអប់/រូបភាពនៅទំព័រ៤]
«អ្នករាល់គ្នាត្រូវកើតម្ដងទៀត»
«មានបុរសផារិស៊ីម្នាក់ឈ្មោះនីកូដេម ដែលជាអ្នកគ្រប់គ្រងម្នាក់របស់ជនជាតិយូដា។ គាត់មកជួបលោកនៅពេលយប់ ហើយជម្រាបថា៖ ‹រ៉ាប៊ី យើងដឹងថាលោកជាអ្នកបង្រៀនដែលមកពីព្រះ ព្រោះគ្មានអ្នកណាអាចធ្វើសញ្ញាសម្គាល់ទាំងប៉ុន្មានដែលលោកធ្វើ លុះត្រាតែព្រះនៅជាមួយនឹងអ្នកនោះ›។ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ ‹ខ្ញុំប្រាប់អ្នកការពិតថា អ្នកណាដែលមិនកើតម្ដងទៀត អ្នកនោះមិនអាចឃើញរាជាណាចក្ររបស់ព្រះបានឡើយ›។ នីកូដេមសួរលោកថា៖ ‹តើបុរសវ័យចាស់ម្នាក់អាចកើតម្ដងទៀតដូចម្ដេចបាន? គាត់មិនអាចចូលក្នុងផ្ទៃម្ដាយម្ដងទៀតហើយកើតមកបានឡើយ មែនទេ?›។ លោកយេស៊ូឆ្លើយថា៖ ‹ខ្ញុំប្រាប់អ្នកការពិតថា គ្មានអ្នកណាអាចចូលក្នុងរាជាណាចក្ររបស់ព្រះបានឡើយ លុះត្រាតែអ្នកនោះកើតពីទឹកនិងពីសកម្មពលរបស់ព្រះ។ អ្វីដែលកើតពីសាច់ឈាមគឺជាកូនមនុស្ស ហើយអ្វីដែលកើតពីសកម្មពលរបស់ព្រះគឺជាកូនព្រះ។ កុំឲ្យពាក្យដែលខ្ញុំប្រាប់អ្នកថា អ្នករាល់គ្នាត្រូវកើតម្ដងទៀតធ្វើឲ្យអ្នកឆ្ងល់ឡើយ។ ខ្យល់បក់ទៅទិសណាក៏បាន ហើយអ្នកឮសូរខ្យល់ តែមិនដឹងថាខ្យល់នោះមកពីណានិងកំពុងបក់ទៅណាទេ។ អស់អ្នកដែលកើតពីសកម្មពលរបស់ព្រះក៏ដូច្នោះដែរ›។ នីកូដេមតបទៅលោកថា៖ ‹តើការទាំងនេះអាចកើតឡើងយ៉ាងដូចម្ដេច?›។ លោកយេស៊ូតបទៅគាត់ថា៖ ‹តើអ្នកជាអ្នកបង្រៀនជនជាតិអ៊ីស្រាអែល តែមិនដឹងការទាំងនេះទេឬ? ខ្ញុំប្រាប់អ្នកការពិតថា យើងនិយាយអំពីអ្វីដែលយើងដឹង ក៏ធ្វើការបញ្ជាក់អំពីអ្វីដែលយើងបានឃើញ ប៉ុន្តែអ្នករាល់គ្នាមិនទទួលការបញ្ជាក់ពីយើងទេ។ ប្រសិនបើអ្នករាល់គ្នាមិនជឿពេលដែលខ្ញុំប្រាប់នូវអ្វីដែលទាក់ទងនឹងផែនដីទៅហើយ តើអ្នករាល់គ្នានឹងជឿដូចម្ដេចបាន បើខ្ញុំប្រាប់នូវអ្វីដែលទាក់ទងនឹងស្ថានសួគ៌វិញ?›»។—យ៉ូហាន ៣:១-១២