សូមឲ្យយើងកាន់ខ្ជាប់ខ្ជួននឹងសេចក្ដីជំនឿដ៏មានតម្លៃរបស់យើង!
«ពួកអ្នក ដែលបានទទួលសេចក្ដីជំនឿដ៏វិសេស ត្រូវគ្នានឹងយើងខ្ញុំដែរ»។—ពេត្រុសទី២ ១:១
១. តើព្រះយេស៊ូបានមានបន្ទូលយ៉ាងណាក្នុងការព្រមានដល់ពួកសាវ័កទ្រង់ ប៉ុន្តែតើអ្វីដែលពេត្រុសបានអួត?
ក្នុងរាត្រីមុនព្រះយេស៊ូសោយទិវង្គត ទ្រង់បានមានបន្ទូលថា ពួកសាវ័កទាំងអស់នឹងបោះបង់ចោលទ្រង់។ ពេត្រុស ដែលជាបុគ្គលម្នាក់ក្នុងចំណោមពួកគេ បានអួតថា៖ «ទោះបើមនុស្សទាំងអស់នឹងរវាតចិត្ត ដោយព្រោះទ្រង់ក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ»! (ម៉ាថាយ ២៦:៣៣) ប៉ុន្តែ ព្រះយេស៊ូបានជ្រាបថាមិនមែនដូច្នេះទេ។ ម្ល៉ោះហើយបានជាទ្រង់មានបន្ទូលប្រាប់ពេត្រុស ក្នុងពេលដដែលនោះថា៖ «ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្ដីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»។—លូកា ២២:៣២
២. ថ្វីបើពេត្រុសមានសេចក្ដីទុកចិត្តហួសហេតុក៏ដោយ តើសកម្មភាពអ្វីរបស់គាត់ ដែលបានបង្ហាញថាជំនឿរបស់គាត់គឺខ្សោយ?
២ ពេត្រុសដែលបានក្លាយទៅជាទុកចិត្តហួសហេតុចំពោះជំនឿរបស់គាត់ បានបោះបង់ព្រះយេស៊ូក្នុងរាត្រីនោះតែម្ដង។ គាត់បានបដិសេធបីដង ថាគាត់មិនទាំងស្គាល់ព្រះគ្រីស្ទទេ! (ម៉ាថាយ ២៦:៦៩-៧៥) ពេលដែលគាត់បាន«វិលមកវិញ» ពាក្យសំដីចៅហ្វាយរបស់គាត់ ដែលថា«ចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង» នោះបានលាន់ទ្ទ័រក្នុងត្រចៀករបស់គាត់យ៉ាងខ្លាំងហើយច្បាស់ទៀត។ ការដាស់តឿននោះបានមានឥទ្ធិពលយ៉ាងជ្រាលជ្រៅលើជីវិតរបស់ពេត្រុសតាំងពីនោះមក ដូចបានឃើញជាក់ស្តែងដោយសំបុត្រពីរដែលគាត់បានសរសេរ ដែលបានការពារទុកក្នុងព្រះគម្ពីរ។
ហេតុដែលពេត្រុសបានសរសេរសំបុត្ររបស់គាត់
៣. ហេតុអ្វីពេត្រុសសរសេរសំបុត្រទីមួយរបស់គាត់?
៣ ប្រមាណ៣០ឆ្នាំក្រោយពីព្រះយេស៊ូបានសោយទិវង្គត ពេត្រុសបានសរសេរសំបុត្រទីមួយរបស់គាត់ សំដៅទៅបងប្អូននៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា ឥឡូវនេះជាភូមិភាគខាងជើងនិងខាងលិច នៃប្រទេសទួរគីសម័យនេះ។ (ពេត្រុសទី១ ១:១) សាសន៍យូដាខ្លះដែលប្រហែលបានក្លាយទៅជាគ្រីស្ទាននៅបុណ្យភិន្ដាកុស៣៣ ស.យ. គឺច្បាស់ជាបានរួមបញ្ចូលក្នុងចំណោមពួកដែលពេត្រុសបានសរសេរជូន។ (កិច្ចការ ២:១, ៧-៩) ពួកគេភាគច្រើនជាសាសន៍ដទៃ ដែលបានទទួលការទុក្ខលំបាកដ៏ខ្លាំង ដោយស្នាដៃពួកសត្រូវ។ (ពេត្រុសទី១ ១:៦, ៧; ២:១២, ១៩, ២០; ៣:១៣-១៧; ៤:១២-១៤) ម្ល៉ោះហើយបានជាពេត្រុសសរសេរទៅបងប្អូនទាំងនេះ ដើម្បីលើកទឹកចិត្តពួកគេ។ គោលដៅរបស់គាត់ គឺដើម្បីជួយពួកគេឲ្យទទួល «ចុងបំផុតនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នា គឺជាសេចក្ដីសង្គ្រោះដល់ព្រលឹង»។ ដូច្នេះ ក្នុងការដាស់តឿនរបស់គាត់ គាត់បានជំរុញថា៖ «ចូរតស៊ូនឹង[អារក្ស]ដោយមានចិត្តជឿមាំមួន»។—ពេត្រុសទី១ ១:៩; ៥:៨-១០
៤. ហេតុអ្វីពេត្រុសសរសេរសំបុត្រទីពីររបស់គាត់?
៤ ពេលក្រោយមក ពេត្រុសបានសរសេរសំបុត្រទីពីរទៅពួកគ្រីស្ទានទាំងនេះ។ (ពេត្រុសទី២ ៣:១) ហេតុអ្វី? ពីព្រោះមានការគំរាមកំហែងយ៉ាងខ្លាំងថែមទៀត។ បុគ្គលឥតសីលធម៌ខ្លះខំប្រឹងផ្សព្វផ្សាយការប្រព្រឹត្តស្មោកគ្រោករបស់គេ ក្នុងចំណោមពួកអ្នកជឿគ្នីគ្នា ហើយបានវង្វេងមនុស្សខ្លះ! (ពេត្រុសទី២ ២:១-៣) ម្យ៉ាងវិញទៀត ពេត្រុសបានព្រមានប្រាប់អំពីពួកអ្នកសើចចំអក។ គាត់បានសរសេរសំបុត្រទីមួយរបស់គាត់ថា «ចុងបំផុតនៃរបស់ទាំងអស់នោះជិតដល់ហើយ» ហើយឥឡូវនេះតាមប្រមើលទៅ មានអ្នកខ្លះកំពុងតែមើលងាយនឹងមតិដូចនេះ។ (ពេត្រុសទី១ ៤:៧; ពេត្រុសទី២ ៣:៣, ៤) សូមឲ្យយើងពិនិត្យមើលសំបុត្រទីពីររបស់ពេត្រុស ហើយមើលនូវរបៀបដែលបានពង្រឹងបងប្អូនឲ្យកាន់ជំនឿយ៉ាងខ្ជាប់ខ្ជួន។ ក្នុងអត្ថបទទីមួយនេះ យើងនឹងពិចារណាមើលពេត្រុសទី២ ជំពូកទី១។
គោលបំណងនៃជំពូកទី១
៥. តើតាមរបៀបណាដែលពេត្រុសបានប្រុងប្រៀបពួកអ្នកអានរបស់គាត់ ចំពោះការពិគ្រោះបញ្ហាទាំងឡាយ?
៥ ពេត្រុសមិនបាននិយាយភ្លាមទៅលើបញ្ហាដ៏ធ្ងន់ធ្ងរនោះទេ។ ផ្ទុយទៅវិញ គាត់បានប្រុងប្រៀបសំរាប់ការពិគ្រោះបញ្ហាទាំងនេះ ដោយបង្កើនអំណររបស់អ្នកអានចំពោះអ្វីដែលពួកគេបានទទួលពេលដែលពួកគេបានក្លាយទៅជាគ្រីស្ទាន។ គាត់រំឭកពួកគេអំពីសេចក្ដីសន្យាដ៏អស្ចារ្យទាំងឡាយរបស់ព្រះ ហើយនឹងការទុកចិត្តនៃទំនាយព្រះគម្ពីរ។ គាត់ធ្វើនេះដោយប្រាប់អំពីចក្ខុនិមិត្តនៃការផ្លាស់ប្រែទ្រទ្រាយដែលគាត់បានពិសោធផ្ទាល់ខ្លួន អំពីព្រះគ្រីស្ទកាន់អំណាចព្រះរាជាណាចក្រ។—ម៉ាថាយ ១៧:១-៨; ពេត្រុសទី២ ១:៣, ៤, ១១, ១៦-២១
៦, ៧. (ក) តើយើងអាចរៀនមេរៀនអ្វីពីពាក្យផ្ដើមនៃសំបុត្រពេត្រុស? (ខ) ប្រសិនបើយើងផ្ដល់នូវឱវាទ តើយើងត្រូវសារភាពអ្វីដែលពេលខ្លះជាជំនួយដ៏ល្អនោះ?
៦ តើយើងអាចរៀនមេរៀនពីពាក្យផ្ដើមរបស់ពេត្រុសទេ? តើឱវាទមិនស្រួលទទួលទេឬ បើយើងសើរើជាមួយពួកអ្នកស្ដាប់ជាមុនសិន អំពីសេចក្ដីសង្ឃឹមនៃព្រះរាជាណាចក្រដ៏រុងរឿងដែលយើងមានដូចគ្នានោះ? ហើយយ៉ាងណាវិញបើប្រើការពិសោធផ្ទាល់ខ្លួន? ក្រោយពីព្រះយេស៊ូសោយទិវង្គត ពេត្រុសតែងតែប្រាប់គេអំពីចក្ខុនិមិត្ត ដែលគាត់បានឃើញព្រះគ្រីស្ទក្នុងសេចក្ដីរុងរឿងនៃព្រះរាជាណាចក្រ។—ម៉ាថាយ ១៧:៩
៧ សូមចងចាំថា ប្រហែលនៅពេលដែលពេត្រុសបានសរសេរសំបុត្រទីពីររបស់គាត់ ដំណឹងល្អរបស់ម៉ាថាយនិងសំបុត្ររបស់សាវ័កប៉ុលទៅពួកកាឡាទី បានចែកចាយរួចទៅហើយ។ ដូច្នេះហើយ ភាពឥតគ្រប់ល័ក្ខណ៍និងប្រវត្ដិនៃជំនឿរបស់ពេត្រុស ប្រហែលបានគេដឹងសុសសាយក្នុងជំនាន់ពួកគាត់។ (ម៉ាថាយ ១៦:២១-២៣; កាឡាទី ២:១១-១៤) ប៉ុន្តែ នេះមិនបានដកចេញសេរីភាពក្នុងការបញ្ចេញមតិរបស់គាត់ទេ។ មែនហើយ នេះប្រហែលបានធ្វើឲ្យសំបុត្រគាត់មានការចាប់អារម្មណ៍ច្រើន ចំពោះអ្នកណាដែលដឹងនូវភាពទន់ខ្សោយរបស់គេ។ ដូច្នេះ ពេលដែលជួយអ្នកណាដែលមានបញ្ហា តើនេះមិនជាការល្អទេឬ បើយើងសារភាពប្រាប់ថា យើងក៏ជាមនុស្សឥតគ្រប់ល័ក្ខណ៍ដែរ?—រ៉ូម ៣:២៣; កាឡាទី ៦:១
ពាក្យគំនាប់ដ៏ពង្រឹងមួយ
៨. តើក្នុងន័យអ្វីដែលពេត្រុសប្រើពាក្យ «សេចក្ដីជំនឿ»?
៨ ឥឡូវនេះសូមពិចារណាពាក្យគំនាប់របស់ពេត្រុស។ ភ្លាមនោះ គាត់បាននិយាយអំពីសេចក្ដីជំនឿ ដោយសំដៅទៅអ្នកអានរបស់គាត់ជា «ពួកអ្នកដែលបានទទួលសេចក្ដីជំនឿដ៏វិសេស ត្រូវគ្នានឹងយើងខ្ញុំដែរ»។ (ពេត្រុសទី២ ១:១) ឃ្លាដែលថា «សេចក្ដីជំនឿ» នៅទីនេះ ប្រហែលមានន័យថា «ជំនឿដ៏ខ្ជាប់ខ្ជួន» ហើយសម្ដែងទៅលើជំនឿទូទៅរបស់គ្រីស្ទាន ឬសេចក្ដីបង្រៀន ដែលនៅក្នុងព្រះគម្ពីរពេលខ្លះហៅថា «សេចក្ដីពិត»។ (កាឡាទី ៥:៧; ពេត្រុសទី២ ២:២; យ៉ូហានទី២ ១) ពាក្យ «សេចក្ដីជំនឿ» បានប្រើជាញឹកញាប់ក្នុងន័យនេះ ជាជាងក្នុងន័យទូទៅនៃការទុកចិត្ត ឬជំនឿទៅលើបុគ្គលឬក៏អ្វីមួយ។—កិច្ចការ ៦:៧; កូរិនថូសទី២ ១៣:៥; កាឡាទី ៦:១០; អេភេសូរ ៤:៥; យូដាស ៣
៩. ហេតុអ្វីបានជាពាក្យគំនាប់របស់ពេត្រុស ជាពិសេសមានការកក់ក្ដៅទៅលើពួកសាសន៍ដទៃ?
៩ ពាក្យគំនាប់របស់ពេត្រុស ជាពិសេសមានភាពកក់ក្ដៅចំពោះពួកអ្នកអានសាសន៍ដទៃ។ ពួកសាសន៍យូដាឥតមានការទាក់ទងជាមួយពួកសាសន៍ដទៃឡើយ ថែមទាំងស្អប់ពួកគេ ហើយការប្រកាន់ពួកសាសន៍ដទៃនៅមានក្នុងចំណោមពួកយូដាដែលបានក្លាយទៅជាគ្រីស្ទាន។ (លូកា ១០:២៩-៣៧; យ៉ូហាន ៤:៩; កិច្ចការ ១០:២៨) ប៉ុន្តែ ពេត្រុស ជាសាសន៍យូដាពីកំណើតហើយជាសាវ័កនៃព្រះយេស៊ូគ្រីស្ទបាននិយាយថា អ្នកអានរបស់គាត់—ពួកសាសន៍យូដានិងពួកសាសន៍ដទៃ—មានជំនឿដូចគ្នាហើយមានសិទ្ធិស្មើគ្នានឹងគាត់។
១០. តើមានមេរៀនអ្វីដែលយើងអាចរៀនពីការគំនាប់របស់ពេត្រុស?
១០ សូមគិតពីមេរៀនដ៏ល្អដែលពាក្យគំនាប់របស់ពេត្រុសបង្រៀនយើងសព្វថ្ងៃនេះ។ ព្រះមិនរើសមុខអ្នកណាឡើយ ទ្រង់មិនលំអៀងទៅសាសន៍ណាមួយ ឬក៏សញ្ជាតិណាមួយជាងមួយទៀតឡើយ។ (កិច្ចការ ១០:៣៤, ៣៥; ១១:១, ១៧; ១៥:៣-៩) ដូចជាព្រះយេស៊ូទ្រង់ផ្ទាល់បានបង្រៀនមក ពួកគ្រីស្ទានទាំងអស់គឺជាបងប្អូននឹងគ្នា ហើយគ្មានអ្នកណាមួយត្រូវមានចិត្តថាខ្លួនខ្ពង់ខ្ពស់នោះឡើយ។ ថែមទៀត ពាក្យគំនាប់របស់ពេត្រុសបញ្ជាក់ថា យើងពិតជាមានភាតរភាពពាសពេញពិភពលោក ដែល‹មានឯកសិទ្ធិស្មើគ្នា› ចំពោះសេចក្ដីជំនឿដែលពេត្រុសនិងពួកសាវ័កគ្នីគ្នាមាន។—ម៉ាថាយ ២៣:៨; ពេត្រុសទី១ ៥:៩
ចំណេះនិងសេចក្ដីសន្យារបស់ព្រះ
១១. បន្ទាប់ពីការគំនាប់របស់គាត់ តើអ្វីជារបស់ដ៏សំខាន់ដែលពេត្រុសបានបញ្ជាក់?
១១ បន្ទាប់ពីពាក្យគំនាប់របស់គាត់ ពេត្រុសសរសេរថា៖ ‹សូមឲ្យព្រះគុណដែលគ្មានសិទ្ធិទទួល នឹងសេចក្ដីសុខសាន្ត បានចំរើនដល់អ្នករាល់គ្នា›។ តើតាមរបៀបណាដែលថា ព្រះគុណដែលគ្មានសិទ្ធិទទួល និងសេចក្ដីសុខសាន្តបានចំរើនដល់អ្នករាល់គ្នានោះ? ពេត្រុសបានឆ្លើយថា៖ ‹ដោយមានចំណេះត្រឹមត្រូវនៃព្រះនិងព្រះយេស៊ូជាព្រះអម្ចាស់នៃយើង›។ រួចហើយគាត់និយាយថា៖ «ព្រះចេស្ដានៃព្រះ បានផ្ដល់ឲ្យយើងរាល់គ្នាមានគ្រប់របស់ទាំងអស់ ខាងឯជីវិត នឹងសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ»។ ប៉ុន្តែ តើតាមរបៀបណាដែលយើងទទួលរបស់ដ៏សំខាន់ទាំងនេះ? ‹ដោយមានចំណេះត្រឹមត្រូវនៃព្រះអង្គ ដែលទ្រង់ហៅយើងរាល់គ្នាមក ដោយសារសិរីល្អនឹងសគុណរបស់ទ្រង់›។ ដូច្នេះ ពេត្រុសបានបញ្ជាក់ពីរដង ថាចំណេះត្រឹមត្រូវនៃព្រះនិងព្រះរាជបុត្រាទ្រង់គឺជាការសំខាន់ណាស់។—ពេត្រុសទី២ ១:២, ៣; យ៉ូហាន ១៧:៣
១២. (ក) ហេតុអ្វីបានជាពេត្រុសបញ្ជាក់នូវសារៈសំខាន់នៃចំណេះត្រឹមត្រូវ? (ខ) ដើម្បីឲ្យមានចិត្តអបអរនឹងសេចក្ដីសន្យារបស់ព្រះ តើអ្វីដែលយើងត្រូវធ្វើមុនដំបូង?
១២ «គ្រូក្លែងក្លាយ» ដែលពេត្រុសបានព្រមានក្នុងជំពូកទី២ ប្រើ«ពាក្យបញ្ឆោតបំពោត» ដើម្បីបំភាន់ពួកគ្រីស្ទាន។ ក្នុងករណីនេះ ពួកគ្រូក្លែងក្លាយខំប្រឹងប្រលោមពួកគ្រីស្ទានឲ្យត្រឡប់ទៅប្រព្រឹត្តអំពើឥតសីលធម៌ ដែលពួកគេបានត្រូវរំដោះ។ ចំពោះអ្នកណាដែលបានសង្គ្រោះដោយ‹ចំណេះត្រឹមត្រូវនៃព្រះអម្ចាស់យេស៊ូគ្រីស្ទ ជាអ្នកសង្គ្រោះ› ហើយក្រោយមកបានបន្ទន់ទៅតាមការបំភាន់បែបនេះ ជាលទ្ធផលនឹងទទួលហិនវិនាស។ (ពេត្រុសទី២ ២:១-៣, ២០) យ៉ាងជាក់ស្តែងណាស់ ក្នុងការពិគ្រោះអំពីបញ្ហានេះ ពេត្រុសបានបញ្ជាក់នៅដើមដំបូងនៃសំបុត្ររបស់គាត់ នូវសេចក្ដីត្រូវការចំណេះត្រឹមត្រូវដើម្បីឲ្យបានស្អាតស្អំចំពោះព្រះ។ ពេត្រុសបានកត់សម្គាល់ថា ព្រះ«ទ្រង់បានប្រទានសេចក្ដីសន្យាដ៏ធំបំផុត ហើយវិសេសផង មកយើងរាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ»។ ប៉ុន្តែ ដើម្បីឲ្យមានចិត្តអបអរចំពោះសេចក្ដីសន្យាទាំងនេះ ដែលទាក់ទងទាំងស្រុងលើជំនឿរបស់យើង ពេត្រុសមានប្រសាសន៍ថា មុនដំបូងយើងត្រូវតែឲ្យបាន«រួចពីសេចក្ដីពុករលួយនៅក្នុងលោកីយ៍នេះ»។—ពេត្រុសទី២ ១:៤
១៣. តើអ្វីដែលពួកគ្រីស្ទានចាក់ប្រេងតាំងនិង«ចៀមឯទៀត» បានប្ដេជ្ញាកាន់ខ្ជាប់ខ្ជួន?
១៣ តើអ្នកមានទស្សនៈយ៉ាងណា ចំពោះសេចក្ដីសន្យារបស់ព្រះ? តើមានទស្សនៈដូចពួកអ្នកសំណល់ចាក់ប្រេងតាំងគ្រីស្ទានឬ? ក្នុងឆ្នាំ១៩៩១ ហ្វ្រីឌីរិក ហ្វ្រេន្ស ដែលជាប្រធាននៃសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៅពេលនោះ ដែលបានបំរើពេញពេលជាង៧៥ឆ្នាំ បានសង្ខេបអារម្មណ៍របស់ពួកអ្នកដែលមានសង្ឃឹមគ្រប់គ្រងជាមួយព្រះគ្រីស្ទថា៖ «យើងកាន់ខ្ជាប់ដល់ពេលវេលានេះ ហើយយើងនឹងកាន់ខ្ជាប់ទាល់តែព្រះបានសឲ្យឃើញ ថាទ្រង់គឺស្មោះត្រង់ចំពោះសេចក្ដី‹សន្យាដ៏មានតម្លៃនិងដ៏រុងរឿងរបស់ទ្រង់›»។ បងប្រុសហ្វ្រីឌីរិក ហ្វ្រេន្សបានទុកចិត្តលើសេចក្ដីសន្យារបស់ព្រះចំពោះសេចក្ដីរស់ឡើងវិញនៅស្ថានសួគ៌ ហើយគាត់បានកាន់ជំនឿយ៉ាងខ្ជាប់ខ្ជួនរហូតដល់មរណភាពរបស់គាត់ ដែលមានអាយុ៩៩ឆ្នាំ។ (កូរិនថូសទី១ ១៥:៤២-៤៤; ភីលីព ៣:១៣, ១៤; ធីម៉ូថេទី២ ២:១០-១២) ស្រដៀងគ្នាដែរ មនុស្សរាប់លាននាក់ដែលកំពុងតែកាន់ជំនឿយ៉ាងខ្ជាប់ខ្ជួន ដោយយកចិត្តទុកដាក់ជាខ្លាំងលើសេចក្ដីសន្យារបស់ព្រះ ចំពោះផែនដីមនោរម្យដែលមនុស្សជាតិនឹងរស់នៅដោយសុភមង្គលជានិរន្តរ៍។ តើអ្នកក្នុងចំណោមពួកទាំងនេះទេ?—លូកា ២៣:៤៣; ពេត្រុសទី២ ៣:១៣; វិវរណៈ ២១:៣, ៤
ការតបឆ្លើយតាមសេចក្ដីសន្យារបស់ព្រះ
១៤. ហេតុអ្វីក៏ពេត្រុសរៀបរាប់គុណធម៌ជាគុណសម្បត្ដិទីមួយ ក្នុងការបន្ថែមពីលើសេចក្ដីជំនឿ?
១៤ តើយើងមិនអបអរនូវអ្វីៗដែលព្រះបានសន្យាចំពោះយើងទេឬ? បើដូច្នេះមែន ពេត្រុសមានប្រសាសន៍ថាយើងគួរតែបង្ហាញឲ្យឃើញ។ «ហើយដោយហេតុនោះ» (ពីព្រោះព្រះបានប្រទានសេចក្ដីសន្យាដ៏មានតម្លៃសំរាប់យើង) យើងគួរតែខំប្រឹងឲ្យបានសកម្មក្នុងជំនឿ។ យើងមិនអាចសប្បាយចិត្តដោយគ្រាន់តែមានជំនឿ ឬគ្រាន់តែដឹងនូវសេចក្ដីពិតនៃព្រះគម្ពីរប៉ុណ្ណោះឡើយ។ នោះគឺមិនគ្រប់គ្រាន់ទេ! មើលទៅនៅជំនាន់ពេត្រុស មានអ្នកខ្លះនៅក្នុងក្រុមជំនុំបាននិយាយជាច្រើនអំពីសេចក្ដីជំនឿ ប៉ុន្តែបានជាប់ទាក់ទងនឹងអំពើឥតសីលធម៌។ មារយាទរបស់គេត្រូវប្រកបដោយគុណធម៌ ដូច្នេះ ពេត្រុសដាស់តឿនថា៖ ‹បន្ថែមគុណធម៌ពីលើជំនឿ›។—ពេត្រុសទី២ ១:៥; យ៉ាកុប ២:១៤-១៧
១៥. (ក) ហេតុអ្វីក៏ចំណេះបានរៀបរាប់ក្រោយគុណធម៌ជាគុណសម្បត្ដិ ដើម្បីបន្ថែមលើសេចក្ដីជំនឿ? (ខ) តើមានគុណសម្បត្ដិណាទៀតដែលនឹងប្រដាប់យើងដើម្បីឲ្យកាន់ខ្ជាប់ខ្ជួនដល់សេចក្ដីជំនឿ?
១៥ ក្រោយពីបាននិយាយអំពីគុណធម៌ ពេត្រុសរៀបរាប់គុណសម្បត្ដិប្រាំមួយទៀតដែលត្រូវបន្ថែមពីលើសេចក្ដីជំនឿរបស់យើង។ គុណសម្បត្ដិនិមួយៗទាំងនេះគឺត្រូវការជាចាំបាច់ ប្រសិនបើយើងនឹង«ឈរឲ្យមាំមួនក្នុងសេចក្ដីជំនឿ»។ (កូរិនថូសទី១ ១៦:១៣) ពីព្រោះពួកអ្នកក្បត់ជំនឿបាន‹បង្វែងបទគម្ពីរ› ហើយបណ្ដុះបណ្ដាល«ការបង្រៀនដោយសេចក្ដីបញ្ឆោត» បន្ទាប់មកពេត្រុសរៀបរាប់ថា ចំណេះជាអ្វីដ៏សំខាន់ ដោយថ្លែងថា៖ ‹បន្ថែមការចេះទប់ចិត្តពីលើចំណេះ›។ គាត់និយាយទៀតថា៖ ‹បន្ថែមការតស៊ូពីលើការចេះទប់ចិត្ត បន្ថែមការចេះទប់ចិត្តពីលើសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ បន្ថែមសេចក្ដីគោរពប្រតិបត្ដិដល់ព្រះពីលើការរាប់អានជាបងប្អូន ហើយបន្ថែមពីការរាប់អានគ្នាជាបងប្អូន បានសេចក្ដីស្រឡាញ់ថែមទៀត›។—ពេត្រុសទី២ ១:៥-៧; ២:១២, ១៣; ៣:១៦
១៦. តើអ្វីនឹងកើតឡើងប្រសិនបើគុណសម្បត្ដិដែលពេត្រុសរៀបរាប់បានបន្ថែមពីលើសេចក្ដីជំនឿ ប៉ុន្តែតើអ្វីនឹងកើតឡើងប្រសិនបើឥតបន្ថែមពីលើនោះ?
១៦ តើអ្វីនឹងកើតឡើងប្រសិនបើគុណសម្បត្ដិទាំងប្រាំពីរនេះបានបន្ថែមទៅលើជំនឿរបស់យើង? ពេត្រុសឆ្លើយថា៖ ‹ដ្បិតបើមានសេចក្ដីទាំងនោះចំរើនឡើង ក្នុងចិត្តអ្នករាល់គ្នាហើយ នោះអ្នករាល់គ្នាមិននៅទំនេរ ឬឥតផលខាងឯចំណេះត្រឹមត្រូវព្រះយេស៊ូគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាឡើយ›។ (ពេត្រុសទី២ ១:៨) ម្យ៉ាងទៀត ពេត្រុសនិយាយថា៖ «ពីព្រោះអ្នកណាដែលគ្មានសេចក្ដីទាំងនោះ គឺឈ្មោះថាជាអ្នកខ្វាក់ មើលទៅឆ្ងាយមិនឃើញ ព្រមទាំងភ្លេចថា ព្រះបានសំអាតបាបដែលខ្លួនធ្វើពីដើមផង»។ (ពេត្រុសទី២ ១:៩) សូមកត់សម្គាល់ថា ពេត្រុសប្ដូរពីការសំដៅផ្ទាល់ខ្លួនទៅការសំដៅទូទៅ ដោយប្រើសព្វនាមខុសគ្នា។ ប៉ុន្តែ ទោះជាអ្នកខ្លះខ្វាក់ ដែលភ្លេចច្រើន ហើយស្មោកគ្រោកក៏ដោយ ពេត្រុសមិនដែលសំដៅទៅលើពួកអ្នកអានរបស់គាត់ ថាគេជាបុគ្គលក្នុងចំណោមនេះឡើយ។—ពេត្រុសទី២ ២:២
ការពង្រឹងបងប្អូនរបស់គាត់
១៧. តើអ្វីប្រហែលជាបានជំរុញពេត្រុសឲ្យអំពាវនាវដ៏ថ្នាក់ថ្នម ដើម្បីប្រព្រឹត្ត‹សេចក្ដីទាំងនេះ›?
១៧ ប្រហែលដោយទទួលស្គាល់ថា ពួកអ្នកថ្មីអាចជាប់ការល្បួងយ៉ាងស្រួល នោះពេត្រុសលើកទឹកចិត្តពួកគេយ៉ាងថ្នាក់ថ្នមថា៖ «បងប្អូនអើយ គួរឲ្យអ្នករាល់គ្នាមានចិត្តឧស្សាហ៍វិញ ដើម្បីនឹងធ្វើឲ្យដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នា បានពិតប្រាកដឡើង បើប្រព្រឹត្តដូច្នោះ នោះអ្នករាល់គ្នាមិនដែលជំពប់ឡើយ»។ (ពេត្រុសទី២ ១:១០; ២:១៨) ពួកគ្រីស្ទានចាក់ប្រេងតាំងដែលបន្ថែមគុណសម្បត្ដិប្រាំពីរនេះពីលើសេចក្ដីជំនឿរបស់គេ នឹងទទួលបានរង្វាន់ដ៏ធំអស្ចារ្យ ដូចដែលពេត្រុសបានថ្លែងថា៖ «នឹងមានផ្លូវបើកចំហ ឲ្យអ្នករាល់គ្នាចូលទៅក្នុងនគរដ៏នៅអស់កល្បជានិច្ច របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា»។ (ពេត្រុសទី២ ១:១១) ពួក«ចៀមឯទៀត» នឹងទទួលផែនដីមរតកអស់កល្បជានិច្ចនៃព្រះរាជាណាចក្ររបស់ព្រះ។—យ៉ូហាន ១០:១៦; ម៉ាថាយ ២៥:៣៣, ៣៤
១៨. ហេតុអ្វីក៏ពេត្រុសបានប្រុងប្រៀប«នឹងរំឭក»ដល់បងប្អូនរបស់គាត់?
១៨ ពេត្រុសចង់ឲ្យបងប្អូនរបស់គាត់បានរង្វាន់ដ៏ធំអស្ចារ្យនេះជាខ្លាំង។ «ដូច្នេះ» គាត់សរសេរថា «ខ្ញុំប្រុងប្រៀបនឹងរំឭក ដល់អ្នករាល់គ្នា អំពីសេចក្ដីទាំងនេះជានិច្ច ទោះបើអ្នករាល់គ្នាស្គាល់ ហើយបានតាំងខ្ជាប់ខ្ជួន ក្នុងសេចក្ដីពិត»។ (ពេត្រុសទី២ ១:១២) ពេត្រុសប្រើពាក្យក្រិកស្ទេរីហ្សូ (ste·riʹzo) ដែលបកប្រែថា «តាំងខ្ជាប់ខ្ជួន» ប៉ុន្តែឲ្យអត្ថន័យជា ‹ចំរើនឲ្យបានខ្ជាប់ខ្ជួន› ក្នុងការដាស់តឿនរបស់ព្រះយេស៊ូពីមុនទៅពេត្រុសថា៖ «ចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»។ (លូកា ២២:៣២) ការប្រើពាក្យនោះ ប្រហែលប្រាប់ថា ពេត្រុសចាំនូវការដាស់តឿនដ៏ខ្លាំងក្លាដែលគាត់បានទទួលពីព្រះអម្ចាស់របស់គាត់។ ឥឡូវនេះពេត្រុសនិយាយថា៖ «ហើយកាលខ្ញុំនៅក្នុងត្រសាល[រូបកាយមនុស្ស]នេះនៅឡើយ នោះខ្ញុំគិតថា ត្រូវឲ្យខ្ញុំដាស់តឿនរំឭកដល់អ្នករាល់គ្នាជាដរាប ដោយដឹងថា វេលាដែលខ្ញុំត្រូវដោះត្រសាលនេះចេញ នោះដល់ឆាប់ហើយ»។—ពេត្រុសទី២ ១:១៣, ១៤
១៩. តើជំនួយអ្វីដែលយើងត្រូវការសព្វថ្ងៃនេះ?
១៩ ថ្វីបើពេត្រុសនិយាយដោយសប្បុរស ថាអ្នកអានរបស់គាត់ «បានតាំងខ្ជាប់ខ្ជួន ក្នុងសេចក្ដីពិត»ក៏ដោយ គាត់ដឹងថា សេចក្ដីជំនឿរបស់គេអាចលិចលង់បាត់ទៅ។ (ធីម៉ូថេទី១ ១:១៩) ដោយដឹងថាគាត់នឹងស្លាប់ក្នុងពេលឆាប់ៗនេះ គាត់ពង្រឹងកម្លាំងបងប្អូនរបស់គាត់ដោយរៀបរាប់ប្រាប់សេចក្ដី ដែលពួកគេអាចនឹកចាំនៅពេលក្រោយមក ដើម្បីឲ្យគេបានមុតមាំខាងវិញ្ញាណ។ (ពេត្រុសទី២ ១:១៥; ៣:១២, ១៣) ស្រដៀងគ្នាដែរ យើងសព្វថ្ងៃនេះត្រូវការការរំឭកជាញឹកញាប់ ដើម្បីឲ្យសេចក្ដីជំនឿបានខ្ជាប់ខ្ជួនជានិច្ច។ មិនថាឡើយយើងជាអ្នកណា ឬយើងមានសេចក្ដីពិតប៉ុន្មានឆ្នាំក៏ដោយ យើងមិនត្រូវធ្វេសប្រហែសនឹងការអានព្រះគម្ពីររៀងរាល់ថ្ងៃ ការសិក្សាផ្ទាល់ខ្លួន និងការទៅប្រជុំតាមក្រុមជំនុំឡើយ។ អ្នកខ្លះដោះសាការមិនទៅប្រជុំ ដោយនិយាយថាគេអស់កម្លាំងពេក ឬក៏កិច្ចប្រជុំនិយាយច្រំដែលៗ ឬក៏សម្ដែងឥតល្អសោះ ប៉ុន្តែ ពេត្រុសដឹងថាយើងម្នាក់ៗអាចបាត់បង់ជំនឿយ៉ាងលឿន ប្រសិនបើយើងមានការទុកចិត្តហួសហេតុ។—ម៉ាកុស ១៤:៦៦-៧២; កូរិនថូសទី១ ១០:១២; ហេព្រើរ ១០:២៥
មូលដ្ឋានមាំមួនសំរាប់សេចក្ដីជំនឿរបស់យើង
២០, ២១. តើតាមរបៀបណាដែលការផ្លាស់ទ្រង់ទ្រាយពង្រឹងសេចក្ដីជំនឿនៃពេត្រុស និងពួកអ្នកអានសំបុត្ររបស់គាត់ រួមបញ្ចូលយើងសព្វថ្ងៃនេះ?
២០ តើសេចក្ដីជំនឿរបស់យើងសំអាងទៅលើរឿងប្រពៃណីដែលបានប្រឌិតយ៉ាងប្រសើរឬ? «ទេ» ពេត្រុសបានឆ្លើយយ៉ាងប្រាកដថា «ដ្បិតដែលយើងខ្ញុំបានឲ្យអ្នករាល់គ្នាស្គាល់ដល់ព្រះចេស្ដានៃព្រះយេស៊ូគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងដំណើរដែលទ្រង់យាងមក នោះមិនមែនតាមរឿងព្រេងប្រឌិតដោយដំរិះនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ ដែលបានឃើញឫទ្ធានុភាពរបស់ទ្រង់ជាក់នឹងភ្នែកវិញ»។ ពេត្រុស យ៉ាកុប និងយ៉ូហាននៅជាមួយព្រះយេស៊ូ ពេលដែលពួកគេបានឃើញចក្ខុនិមិត្តនៃទ្រង់ក្នុងអំណាចព្រះរាជាណាចក្រ។ ពេត្រុសពន្យល់ថា៖ «ដ្បិតទ្រង់បានល្បីព្រះនាម នឹងសិរីល្អពីព្រះដ៏ជាព្រះវរបិតា ក្នុងកាលដែលមានឮសំឡេងពីសិរីល្អដ៏ប្រសើរឧត្តម មានបន្ទូលមកទ្រង់ថា ‹នេះជាកូនស្ងួនភ្ងាអញ ជាទីគាប់ចិត្តអញណាស់› យើងខ្ញុំបានឮសំឡេងនោះមកពីលើមេឃ ក្នុងកាលដែលនៅលើភ្នំបរិសុទ្ធជាមួយនឹងទ្រង់»។—ពេត្រុសទី២ ១:១៦-១៨
២១ ពេលដែលពេត្រុស យ៉ាកុប និងយ៉ូហានបានឃើញចក្ខុនិមិត្តនោះ ព្រះរាជាណាចក្រគឺប្រាកដជាការពិតចំពោះគេ! ពេត្រុសកត់សម្គាល់ថា «ហើយយើងខ្ញុំមានពាក្យទំនាយដ៏ពិតជាង ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់តាម»។ ត្រូវហើយ ពួកអ្នកអានសំបុត្ររបស់ពេត្រុស រួមបញ្ចូលពួកយើងសព្វថ្ងៃនេះ មានមូលហេតុដ៏ខ្លាំងក្លាក្នុងការប្រុងស្មារតីនឹងទំនាយទាំងឡាយអំពីព្រះរាជាណាចក្រនៃព្រះ។ តើតាមរបៀបណាយើងត្រូវប្រុងស្មារតី? ពេត្រុសឆ្លើយថា៖ «ដូចជាតាមចង្កៀងដែលភ្លឺក្នុងទីងងឹត ទាល់តែថ្ងៃភ្លឺឡើង ហើយផ្កាយព្រឹករះឡើងក្នុងចិត្តអ្នករាល់គ្នា»។—ពេត្រុសទី២ ១:១៩; ដានីយ៉ែល ៧:១៣, ១៤; អេសាយ ៩:៦, ៧
២២. (ក) តើទៅលើអ្វីដែលចិត្តរបស់យើងត្រូវការប្រុងស្មារតី? (ខ) តើតាមរបៀបណាដែលយើងអាចប្រុងស្មារតីទៅលើពាក្យទំនាយ?
២២ ចិត្តរបស់យើងនៅក្នុងភាពងងឹតបើគ្មានពន្លឺពីពាក្យទំនាយនោះ។ ប៉ុន្តែ ដោយប្រុងស្មារតីទៅលើពាក្យទំនាយ ចិត្តនៃពួកគ្រីស្ទានបានប្រុងប្រយ័ត្នជាដរាបរហូតដល់មានពន្លឺ «ផ្កាយថ្ងៃ» ព្រះយេស៊ូគ្រីស្ទ ឡើងទទួលសិរីល្អក្នុងព្រះរាជាណាចក្រ។ (វិវរណៈ ២២:១៦) តើតាមរបៀបណាដែលយើងសព្វថ្ងៃនេះអាចប្រុងស្មារតីទៅលើពាក្យទំនាយ? ដោយសិក្សាព្រះគម្ពីរ ដោយរៀបចំនឹងចូលរួមក្នុងកិច្ចប្រជុំ ហើយដោយ ‹សញ្ជឹងគិតលើសេចក្ដីទាំងនោះ ហើយកាន់ខ្ជាប់ផង›។ (ធីម៉ូថេទី១ ៤:១៥) ប្រសិនបើពាក្យទំនាយជាចង្កៀងភ្លឺក្នុង«កន្លែងងងឹត» (ចិត្តរបស់យើង) យើងត្រូវតែអនុញ្ញាតឲ្យ—សេចក្ដីប្រាថ្នា អារម្មណ៍ ការជំរុញទឹកចិត្ត និងគោលដៅរបស់យើង មានឥទ្ធិពលលើយើងយ៉ាងជ្រាលជ្រៅ។ យើងត្រូវជាសិស្សព្រះគម្ពីរ ពីព្រោះពេត្រុសបញ្ចប់ជំពូកទី១ថា៖ «ដ្បិតសេចក្ដីទំនាយមិនដែលមក ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្ដាលវិញ»។—ពេត្រុសទី២ ១:២០, ២១
២៣. សំរាប់អ្វីដែលជំពូកទីមួយនៃពេត្រុសទី២ បានប្រុងប្រៀបពួកអ្នកអាន?
២៣ ក្នុងជំពូកដំបូងនៃសំបុត្រទីពីររបស់គាត់ ពេត្រុសបានផ្ដល់ការជំរុញទឹកចិត្តដ៏ខ្លាំងក្លា ដើម្បីឲ្យយើងកាន់ខ្ជាប់ខ្ជួនដល់ជំនឿដ៏មានតម្លៃរបស់យើង។ យើងឥឡូវនេះបានប្រុងប្រៀបនឹងការពិចារណាមើលនូវរឿងដ៏ធ្ងន់មួយជាបន្ទាប់។ អត្ថបទជាបន្ទាប់នឹងពិគ្រោះជំពូកទី២ នៃពេត្រុសទី២ ពេលដែលសាវ័កពេត្រុសប្រឈមដោះស្រាយឥទ្ធិពលឥតសីលធម៌ដែលមានក្នុងក្រុមជំនុំ។
តើអ្នកនៅចាំទេ?
◻ ហេតុអ្វីបានជាពេត្រុសបញ្ជាក់នូវសារៈសំខាន់នៃចំណេះត្រឹមត្រូវ?
◻ តើអ្វីជាមូលហេតុដែលថាគុណធម៌បានរៀបរាប់ជាគុណសម្បត្ដិទីមួយ ដែលត្រូវបន្ថែមពីលើសេចក្ដីជំនឿ?
◻ ហេតុអ្វីបានជាពេត្រុសបានប្រុងប្រៀបផ្ដល់ការរំឭកដល់បងប្អូនរបស់គាត់?
◻ តើមូលដ្ឋានមាំមួនអ្វីដែលពេត្រុសផ្ដល់សំរាប់សេចក្ដីជំនឿរបស់យើង?
[រូបភាពនៅទំព័រ៨]
ភាពទន់ខ្សោយរបស់ពេត្រុសមិនបណ្ដាលឲ្យគាត់បោះបង់ចោលសេចក្ដីជំនឿរបស់គាត់ទេ