ជំពូកទី១៦
របៀបដែលអ្នកអាចចូលទៅជិតព្រះ
១. តើមានភាពស្រដៀងគ្នាយ៉ាងណាខ្លះ ដែលឃើញជាក់ស្តែងក្នុងសាសនាជាច្រើន?
ទេសចរម្នាក់ដែលទៅលេងប្រទេសមួយនៅទ្វីបអាស៊ី បានស្ងើចអស្ចារ្យនឹងក្បួនរីត៌សាសនា ដែលនាងបានឃើញនៅឯវត្តពុទ្ធសាសនា។ ថ្វីបើគេមិនប្រើបដិមាករនាងម៉ារា ឬ ព្រះគ្រីស្ទក៏ដោយ ក្បួនរីត៌ជាច្រើនគឺដូចក្បួនរីត៌នៅប្រទេសរបស់នាងអញ្ចឹងដែរ។ ជាឧទាហរណ៍ នាងបានកត់សម្គាល់ឃើញការប្រើចង្វាយគ្រាប់ផ្គាំ និងការសូត្រធម៌។ ពួកអ្នកឯទៀតក៏បានប្រៀបធៀបឃើញយ៉ាងដូច្នោះ។ នៅបូព៌ាប្រទេសឬបស្ចិមប្រទេស របៀបដែលពួកអ្នកស៊ប់ក្នុងសាសនាខំចូលទៅជិតព្រះ ឬវត្ថុថ្វាយបង្គំរបស់គេ គឺស្រដៀងគ្នាអស្ចារ្យមែន។
២. តើសេចក្ដីអធិស្ឋានបានត្រូវរៀបរាប់យ៉ាងដូចម្ដេច ហើយហេតុអ្វីក៏មនុស្សជាច្រើនអធិស្ឋាន?
២ មនុស្សជាច្រើន ជាពិសេសខំចូលទៅជិតព្រះ ដោយអធិស្ឋានទៅទ្រង់។ សេចក្ដីអធិស្ឋានបានត្រូវរៀបរាប់ថាជា«របៀបដែលមនុស្សប្រស្រ័យទាក់ទងជាមួយនឹងតួអង្គពិសិដ្ឋឬបរិសុទ្ធ គឺព្រះ ពួកព្រះ វិស័យអតិសេដ្ឋ ឬអំណាចអធិធម្មជាតិ»។ (សព្វវចនាធិប្បាយប៊្រីធែណនីកាថ្មី) ប៉ុន្តែ ពេលចូលទៅជិតព្រះដោយសេចក្ដីអធិស្ឋាន អ្នកខ្លះគិតតែពីផលប្រយោជន៍អ្វីដែលគេនឹងទទួលប៉ុណ្ណោះ។ ជាឧទាហរណ៍ គ្រាមួយ បុរសម្នាក់បានសួរស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ ថា៖ «ប្រសិនបើអ្នកអធិស្ឋានសំរាប់ខ្ញុំ តើបញ្ហាដែលខ្ញុំមានក្នុងគ្រួសារ នៅកន្លែងធ្វើការ និងបញ្ហាសុខភាពរបស់ខ្ញុំ នឹងដោះស្រាយបានឬទេ»? មើលទៅ បុរសនេះបានគិតថានឹងអាចដោះស្រាយបាន ប៉ុន្តែមនុស្សជាច្រើនអធិស្ឋាន ហើយឃើញថាគេនៅតែមានបញ្ហាដដែល។ ដូច្នេះយើងអាចសួរថា ‹ហេតុអ្វីក៏យើងគួរចូលទៅជិតព្រះ›?
មូលហេតុដែលយើងចូលទៅជិតព្រះ
៣. តើសេចក្ដីអធិស្ឋានរបស់យើងគួរតែសំដៅទៅអ្នកណា ហើយហេតុអ្វី?
៣ សេចក្ដីអធិស្ឋានមិនមែនជាក្បួនរីត៌ដ៏គ្មានន័យ ហើយក៏មិនមែនគ្រាន់តែជាផ្លូវមួយសំរាប់ទទួលអ្វីមួយនោះដែរ។ មូលហេតុដ៏ធំមួយក្នុងការចូលទៅជិតព្រះ គឺដើម្បីឲ្យមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយទ្រង់។ ដូច្នេះ សេចក្ដីអធិស្ឋានរបស់យើងគឺត្រូវតែសំដៅទៅព្រះយេហូវ៉ា។ អ្នកតែងទំនុកដំកើង ឈ្មោះដាវីឌ បានមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នកដែលអំពាវនាវដល់ទ្រង់»។ (ទំនុកដំកើង ១៤៥:១៨) ព្រះយេហូវ៉ាអញ្ជើញយើងឲ្យចូលក្នុងទំនាក់ទំនងដ៏សុខសាន្តជាមួយទ្រង់។ (អេសាយ ១:១៨) អស់អ្នកដែលទទួលយកសេចក្ដីអញ្ជើញនេះ គឺយល់ស្របនឹងអ្នកតែងទំនុកដំកើង ដែលមានប្រសាសន៍ថា៖ «ឯទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ»។ ហេតុអ្វី? ពីព្រោះអស់អ្នកដែលចូលទៅជិតព្រះយេហូវ៉ា នឹងមានសុភមង្គលពិតហើយនឹងមានចិត្តសុខស្រួលផង។—ទំនុកដំកើង ៧៣:២៨
៤, ៥. (ក) ហេតុអ្វីក៏ជាការសំខាន់ក្នុងការអធិស្ឋានទៅព្រះ? (ខ) តើទំនាក់ទំនងប្រភេទណា ដែលយើងអាចកសាងបានជាមួយព្រះ តាមរយៈសេចក្ដីអធិស្ឋាន?
៤ ហេតុអ្វីក៏អធិស្ឋានទៅព្រះសូមឲ្យទ្រង់ជួយ ប្រសិនបើទ្រង់‹ជ្រាបនូវអ្វីៗដែលយើងត្រូវការ មុននឹងយើងសុំទ្រង់នោះ›? (ម៉ាថាយ ៦:៨; ទំនុកដំកើង ១៣៩:៤) សេចក្ដីអធិស្ឋានបង្ហាញថា យើងមានជំនឿលើព្រះ ហើយចាត់ទុកទ្រង់ជាប្រភពនៃ‹គ្រប់ទាំងរបស់ដ៏ល្អ និងអស់ទាំងអំណោយទានដ៏គ្រប់ល័ក្ខណ៍›។ (យ៉ាកុប ១:១៧; ហេព្រើរ ១១:៦) ព្រះយេហូវ៉ាគាប់ព្រះហឫទ័យនឹងសេចក្ដីអធិស្ឋានរបស់យើង។ (សុភាសិត ១៥:៨) ទ្រង់មានព្រះទ័យរីករាយដោយបានឮសំដីដ៏មានន័យរបស់យើង ដែលទូលថ្លែងអបអរនិងសរសើរដំកើងទ្រង់ ដូចជាឪពុកម្នាក់មានចិត្តរីករាយ ពេលឮកូនតូចរបស់គាត់ពោលពាក្យសម្ដែងសេចក្ដីដឹងគុណយ៉ាងស្មោះពីចិត្ត។ (ទំនុកដំកើង ១១៩:១០៨) ពេលណាមានទំនាក់ទំនងដ៏ល្អរវាងឪពុកនិងកូន នោះក៏មានការប្រស្រ័យទាក់ទងគ្នាយ៉ាងកក់ក្ដៅដែរ។ កូនដែលមានឪពុកស្រឡាញ់ នោះចង់និយាយទៅរកឪពុករបស់ខ្លួន។ ក៏ត្រូវដូចគ្នាដែរ ចំពោះទំនាក់ទំនងរបស់យើងជាមួយនឹងព្រះ។ ប្រសិនបើយើងពិតជាអបអរចំពោះអ្វីៗដែលយើងកំពុងរៀនអំពីព្រះយេហូវ៉ា និងសេចក្ដីស្រឡាញ់ដែលទ្រង់បានបង្ហាញដល់យើង នោះយើងនឹងមានចិត្តចង់សម្ដែងប្រាប់យោបល់យើងដល់ទ្រង់ ដោយសេចក្ដីអធិស្ឋាន។—យ៉ូហានទី១ ៤:១៦-១៨
៥ ពេលដែលយើងចូលទៅជិតព្រះដ៏ខ្ពស់បំផុត យើងត្រូវតែមានសេចក្ដីគោរព តែមិនបាច់ព្រួយហួសហេតុនឹងពាក្យដែលយើងត្រូវប្រើនោះឡើយ។ (ហេព្រើរ ៤:១៦) យើងតែងតែចូលទៅទាក់ទងនឹងព្រះយេហូវ៉ាបានជានិច្ច។ ហើយនេះជាឯកសិទ្ធិដ៏ល្អអ្វីម្ល៉េះហ្ន៎ ដែលយើងអាច‹ប្លុងចិត្តរបស់យើង›នៅចំពោះទ្រង់ដោយសេចក្ដីអធិស្ឋាន! (ទំនុកដំកើង ៦២:៨) សេចក្ដីអបអរចំពោះព្រះយេហូវ៉ា នឹងនាំឲ្យមានទំនាក់ទំនងដ៏កក់ក្ដៅជាមួយនឹងទ្រង់ ដូចទំនាក់ទំនងរវាងព្រះនិងលោកអ័ប្រាហាំជាបុរសស្មោះត្រង់ ដែលបានត្រូវរាប់ទុកជាមិត្តរបស់ព្រះ។ (យ៉ាកុប ២:២៣) ប៉ុន្តែ ពេលអធិស្ឋានទៅព្រះអម្ចាស់មហាក្សត្រនៃសកលលោក យើងត្រូវតែធ្វើតាមសេចក្ដីតម្រូវរបស់ទ្រង់ សំរាប់ការចូលទៅជិតទ្រង់។
សេចក្ដីតម្រូវសំរាប់ការចូលទៅជិតព្រះទ្រង់
៦, ៧. ថ្វីបើព្រះទ្រង់មិនទាមទារការបង់ប្រាក់ ដើម្បីស្ដាប់សេចក្ដីអធិស្ឋានរបស់យើង តើទ្រង់តម្រូវអ្វីពីយើងពេលយើងអធិស្ឋាន?
៦ តើត្រូវការប្រាក់ដើម្បីចូលទៅជិតព្រះឬ? មនុស្សជាច្រើនបង់ប្រាក់ដល់ពួកបព្វជិត ឲ្យអធិស្ឋានសំរាប់ពួកគេ។ អ្នកខ្លះព្រមទាំងជឿថា ព្រះនឹងស្ដាប់សេចក្ដីអធិស្ឋានរបស់គេ ស្រេចតែលើចំនួនអំណោយទានដែលគេបានផ្ដល់ឲ្យ។ ប៉ុន្តែ បន្ទូលរបស់ព្រះមិនបានចែងថា យើងត្រូវតែថ្វាយប្រាក់ ដើម្បីចូលទៅជិតព្រះយេហូវ៉ាដោយសេចក្ដីអធិស្ឋាននោះឡើយ។ យើងអាចទទួលដោយឥតបង់ថ្លៃនូវជំនួយគ្រោងទុកខាងវិញ្ញាណពីទ្រង់ និងពរនៃទំនាក់ទំនងជាមួយនឹងទ្រង់ដោយសេចក្ដីអធិស្ឋាន។—អេសាយ ៥៥:១, ២
៧ បើដូច្នេះ តើត្រូវការអ្វីទៅ? អាកប្បកិរិយាត្រឹមត្រូវ គឺជាសេចក្ដីតម្រូវដ៏សំខាន់មួយ។ (របាក្សត្រទី២ ៦:២៩, ៣០; សុភាសិត ១៥:១១) ក្នុងចិត្តរបស់យើង យើងត្រូវតែមានជំនឿលើព្រះយេហូវ៉ា ជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន» ជាព្រះដែល«ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»។ (ទំនុកដំកើង ៦៥:២; ហេព្រើរ ១១:៦) យើងក៏ត្រូវតែមានចិត្តរាបទាបដែរ។ (ពង្សាវតារក្សត្រទី២ ២២:១៩; ទំនុកដំកើង ៥១:១៧) ក្នុងពាក្យប្រៀបប្រដូចមួយរបស់ទ្រង់ ព្រះយេស៊ូគ្រីស្ទបានបង្ហាញថា ពេលចូលទៅជិតព្រះ នោះអ្នកយកពន្ធចិត្តរាបទាបម្នាក់ គឺឃើញថាសុចរិតជាងផារីស៊ីដ៏មានចិត្តក្រអឺតក្រអោង។ (លូកា ១៨:១០-១៤) ពេលយើងចូលទៅជិតព្រះដោយសេចក្ដីអធិស្ឋាន ចូរយើងចងចាំថា «អស់អ្នកណាដែលមានចិត្តឆ្មើងឆ្មៃ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា»ហើយ។—សុភាសិត ១៦:៥
៨. ប្រសិនបើយើងប៉ងចង់ឲ្យព្រះតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់យើង តើយើងត្រូវតែសំអាតខ្លួនយើងពីអ្វី?
៨ ប្រសិនបើយើងចង់ឲ្យព្រះទ្រង់ឆ្លើយតបនឹងសេចក្ដីអធិស្ឋានរបស់យើង នោះយើងត្រូវតែសំអាតខ្លួនយើងពីចរិយាដ៏មានបាប។ ពេលដែលសិស្សយ៉ាកុបលើកទឹកចិត្តអ្នកឯទៀតឲ្យចូលទៅជិតព្រះ គាត់បាននិយាយថែមទៀតថា៖ «ឱពួកមានបាបអើយ ចូរលាងដៃឲ្យស្អាតចុះ ឱពួកអ្នកមានចិត្ត២អើយ ចូរសំអាតចិត្តឡើង»។ (យ៉ាកុប ៤:៨) សូម្បីតែមនុស្សប្រព្រឹត្តខុស ក៏អាចមានទំនាក់ទំនងដ៏សុខសាន្តជាមួយព្រះយេហូវ៉ាដែរ ប្រសិនបើគេប្រែចិត្ត ហើយលះបង់របៀបរស់នៅពីមុនរបស់គេចោល។ (សុភាសិត ២៨:១៣) ព្រះយេហូវ៉ានឹងមិនស្ដាប់សេចក្ដីអធិស្ឋានរបស់យើងទេ ប្រសិនបើយើងគ្រាន់តែធ្វើពុតថាបានសំអាតផ្លូវរបស់យើង។ បន្ទូលរបស់ព្រះចែងថា៖ «ព្រះនេត្រនៃ[ព្រះយេហូវ៉ា] តែងទតមកលើមនុស្សសុចរិត ឯព្រះកាណ៌ទ្រង់ក៏ផ្ទៀងស្ដាប់ពាក្យទូលអង្វររបស់គេ តែព្រះភក្ដ្រ[ព្រះយេហូវ៉ា]តែងទាស់ទទឹងនឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់វិញ»។—ពេត្រុសទី១ ៣:១២
៩. តើតាមរយៈអ្នកណាដែលយើងគួរចូលទៅជិតព្រះយេហូវ៉ា ហើយហេតុអ្វី?
៩ ព្រះគម្ពីរចែងថា៖ «ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបឡើយនោះទេ»។ (សាស្ដា ៧:២០) ដូច្នេះ អ្នកប្រហែលជាសួរថា៖ ‹បើដូច្នេះ តើយើងអាចចូលទៅជិតព្រះយេហូវ៉ាយ៉ាងដូចម្ដេចទៅ›? ព្រះគម្ពីរឆ្លើយថា៖ «បើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញ នោះយើងមានបុគ្គលដ៏ជាជំនួយមួយអង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូគ្រីស្ទ ជាមួយអង្គដ៏សុចរិត»។ (យ៉ូហានទី១ ២:១, ព.ថ.) ទោះបីយើងជាមនុស្សមានបាបក៏ដោយ យើងអាចចូលទៅជិតព្រះបានដោយប្រើពាក្យសំដីយ៉ាងសេរីឥតភ័យខ្លាច តាមរយៈព្រះយេស៊ូគ្រីស្ទ ដែលបានសោយទិវង្គតដើម្បីលោះយើងរាល់គ្នា។ (ម៉ាថាយ ២០:២៨) ទ្រង់ជាផ្លូវតែមួយគត់ ដែលនាំយើងចូលទៅជិតព្រះយេហូវ៉ាបាន។ (យ៉ូហាន ១៤:៦) យើងមិនត្រូវគិតថា តម្លៃយញ្ញបូជាលោះរបស់ព្រះយេស៊ូ នឹងគ្របបាំងបាបរបស់យើង ហើយតាំងប្រព្រឹត្តអំពើបាបដោយចេតនានោះឡើយ។ (ហេព្រើរ ១០:២៦) ប៉ុន្តែ ប្រសិនបើយើងខំឲ្យអស់ពីសមត្ថភាពកុំឲ្យធ្វើអំពើអាក្រក់ទៀត ហើយជួនកាលនៅតែធ្វើខុស នោះយើងអាចប្រែចិត្តវិញបាន ហើយទូលសូមព្រះឲ្យទ្រង់អត់ឱនទោសដល់យើង។ ពេលយើងចូលទៅជិតទ្រង់ដោយចិត្តរាបទាប នោះទ្រង់នឹងស្ដាប់សេចក្ដីអធិស្ឋានរបស់យើងជាមិនខាន។—លូកា ១១:៤
ឱកាសដែលគួរអធិស្ឋានទៅព្រះ
១០. ពេលអធិស្ឋាន តើតាមរបៀបណាដែលយើងអាចយកតម្រាប់តាមព្រះយេស៊ូ ហើយមានគ្រាណាខ្លះសំរាប់អធិស្ឋានផ្ទាល់ខ្លួន?
១០ ព្រះយេស៊ូគ្រីស្ទបានចាត់ទុកទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងព្រះយេហូវ៉ា ជារបស់ដ៏មានតម្លៃមួយ។ ដូច្នេះ ព្រះយេស៊ូបានទុកពេលវេលាដើម្បីទូលទៅព្រះ ដោយអធិស្ឋានស្ងាត់ៗតែព្រះអង្គទ្រង់។ (ម៉ាកុស ១:៣៥; លូកា ២២:៤០-៤៦) ជាការល្អចំពោះយើងក្នុងការយកតម្រាប់តាមព្រះយេស៊ូ ហើយអធិស្ឋានទៅព្រះជារឿយៗ។ (រ៉ូម ១២:១២) ជាការត្រឹមត្រូវ ដែលយើងគួរអធិស្ឋានមុនចាប់ប្រកបកិច្ចការប្រចាំថ្ងៃ ហើយមុនពេលចូលគេង យើងអាចថ្លែងអំណរគុណដល់ព្រះយេហូវ៉ាចំពោះសកម្មភាព ដែលយើងបានសម្រេចកាលពីថ្ងៃមក។ ក្នុងរយៈវេលាថ្ងៃ សូមតាំងចិត្តចូលទៅជិតព្រះ«រាល់ពេលរាល់វេលា»។ (អេភេសូរ ៦:១៨) យើងក៏អាចអធិស្ឋានស្ងាត់ៗក្នុងចិត្តរបស់យើងដែរ ដោយដឹងថាព្រះយេហូវ៉ានឹងឮយើង។ អធិស្ឋានទៅព្រះដោយស្ងាត់ៗតែខ្លួនឯង ជួយយើងឲ្យពង្រឹងទំនាក់ទំនងរបស់យើងជាមួយនឹងទ្រង់ ហើយអធិស្ឋានទៅព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ ជួយឲ្យយើងបានជិតស្និទ្ធនឹងទ្រង់ថែមទៀតផង។
១១. (ក) ហេតុអ្វីក៏គ្រួសារគួរអធិស្ឋានជាមួយគ្នា? (ខ) តើមានន័យយ៉ាងណា ពេលដែលអ្នកនិយាយថា «អាម៉ែន» នៅទីបញ្ចប់នៃសេចក្ដីអធិស្ឋាន?
១១ ព្រះយេហូវ៉ាក៏ស្ដាប់សេចក្ដីអធិស្ឋាន ដែលថ្លែងឡើងដើម្បីប្រយោជន៍ដល់មនុស្សដែលផ្ដុំគ្នាជាក្រុមៗដែរ។ (ពង្សាវតារក្សត្រទី១ ៨:២២-៦៣) យើងអាចចូលទៅជិតព្រះ ជាគ្រួសារមួយក្រុម ដោយមានមេគ្រួសារជាអ្នកនាំមុខក្នុងសេចក្ដីអធិស្ឋាន។ នេះនឹងពង្រឹងចំណងគ្រួសារ ហើយព្រះយេហូវ៉ាក៏ក្លាយជាបុគ្គលពិតចំពោះពួកក្មេងៗ ពេលគេឮឪពុកម្ដាយរបស់គេអធិស្ឋានទៅព្រះដោយរាបទាប។ ចុះយ៉ាងណាវិញ ប្រសិនបើបុគ្គលម្នាក់ តំណាងមនុស្សមួយក្រុមក្នុងសេចក្ដីអធិស្ឋាន ប្រហែលដូចក្នុងពេលប្រជុំនៃស្មរបន្ទាល់ព្រះយេហូវ៉ានោះ? ប្រសិនបើយើងនៅក្នុងចំណោមពួកអ្នកស្ដាប់ ចូរយើងយកចិត្តទុកដាក់ស្ដាប់ ដើម្បីនៅទីបញ្ចប់នៃសេចក្ដីអធិស្ឋាន យើងអាចតបស្មោះអស់ពីចិត្តថា«អាម៉ែន» ដែលមានន័យថា ‹សូមឲ្យបានដូចប្រាថ្នា›។—កូរិនថូសទី១ ១៤:១៦
សេចក្ដីអធិស្ឋានដែលព្រះយេហូវ៉ាស្ដាប់
១២. (ក) ហេតុអ្វីក៏ព្រះមិនតបឆ្លើយនឹងសេចក្ដីអធិស្ឋានខ្លះ? (ខ) ហេតុអ្វីក៏យើងមិនគួរគិតតែពីរបស់ត្រូវការផ្ទាល់ខ្លួន ពេលយើងអធិស្ឋាន?
១២ អ្នកខ្លះប្រហែលជាយល់ថា ព្រះមិនតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់គេទេ ទោះជាគេបានអធិស្ឋានទៅទ្រង់ តាមរយៈព្រះគ្រីស្ទក៏ដោយ។ ប៉ុន្តែ សាវ័កយ៉ូហានបានមានប្រសាសន៍ថា៖ «បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម»។ (យ៉ូហានទី១ ៥:១៤) ដូច្នេះ យើងត្រូវតែសុំអ្វីៗដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះ។ ពីព្រោះទ្រង់មានព្រះទ័យទុកដាក់នឹងសុខុមាលភាពខាងវិញ្ញាណរបស់យើង អ្វីៗដែលទាក់ទងនឹងភាពវិញ្ញាណ គឺជារឿងត្រឹមត្រូវសំរាប់អធិស្ឋាន។ យើងត្រូវតែទប់ទល់នឹងសេចក្ដីល្បួង ដែលនាំឲ្យយើងគិតតែរបស់ត្រូវការខាងរូបកាយ។ ជាឧទាហរណ៍ ថ្វីបើជាការត្រឹមត្រូវក្នុងការអធិស្ឋានសូមឲ្យយើងយល់ជ្រៅជ្រះ ឲ្យយើងមានកម្លាំងដើម្បីលៃលកដោះស្រាយបញ្ហាជម្ងឺ តែសេចក្ដីព្រួយបារម្ភអំពីសុខភាពមិនគួររុញចោលផលប្រយោជន៍ខាងវិញ្ញាណចេញពីយើងឡើយ។ (ទំនុកដំកើង ៤១:១-៣) ដោយបានជ្រាបថានាងបានខ្វល់ខ្វាយនឹងសុខភាពរបស់នាងហួសហេតុពេក ស្ត្រីគ្រីស្ទានម្នាក់បានសូមព្រះយេហូវ៉ាឲ្យជួយនាង ឲ្យមានទស្សនៈត្រឹមត្រូវអំពីជម្ងឺរបស់នាង។ ជាលទ្ធផល បញ្ហាសុខភាពរបស់នាង បានក្លាយទៅជារឿងតូចតាចមួយ ហើយនាងក៏មានអារម្មណ៍ថា នាងបានទទួល«ឥទ្ធិឫទ្ធិដ៏លើសលប់»។ (កូរិនថូសទី២ ៤:៧) នាងមានសេចក្ដីប្រាថ្នារឹតតែខ្លាំងឡើង ចង់ផ្ដល់ជំនួយខាងវិញ្ញាណដល់មនុស្សឯទៀត ហើយនាងក៏បានក្លាយទៅជាអ្នកប្រកាសព្រះរាជាណាចក្រពេញពេលម្នាក់។
១៣. ដូចបានបង្ហាញនៅម៉ាថាយ ៦:៩-១៨ តើរឿងត្រឹមត្រូវណាខ្លះ ដែលយើងអាចបញ្ចូលក្នុងសេចក្ដីអធិស្ឋានរបស់យើង?
១៣ តើយើងអាចអធិស្ឋានអំពីរបស់បែបណាខ្លះ ដើម្បីឲ្យព្រះយេហូវ៉ាគាប់ព្រះហឫទ័យចង់ឮនោះ? ព្រះយេស៊ូគ្រីស្ទបានបង្រៀនពួកសិស្សរបស់ទ្រង់នូវរបៀបដែលគេត្រូវអធិស្ឋាន។ ក្នុងសេចក្ដីអធិស្ឋានគំរូដែលកត់ទុកក្នុងម៉ាថាយ ៦:៩-១៣ ទ្រង់បានដាក់គំរូមួយដែលបង្ហាញនូវរបស់នានា ដែលយើងអាចអធិស្ឋានសុំបានដោយត្រឹមត្រូវ។ តើអ្វីជារបស់ដែលយើងគួរខ្វល់ខ្វាយជាងគេក្នុងសេចក្ដីអធិស្ឋានរបស់យើង? ព្រះនាមរបស់ព្រះយេហូវ៉ា និងព្រះរាជាណាចក្រ គឺសំខាន់ជាងគេបំផុត។ ទូលសុំវត្ថុដែលយើងត្រូវការ គឺជាការត្រឹមត្រូវ។ ហើយក៏សំខាន់ដែរ ក្នុងការទូលសូមឲ្យព្រះអត់ឱនទោសដល់បាបរបស់យើង និងសូមឲ្យទ្រង់ជួយយើងឲ្យជៀសរួចពីសេចក្ដីល្បួង និងពីអាកំណាច គឺអារក្សសាតាំង។ ព្រះយេស៊ូមិនចង់ឲ្យយើងសូត្រសេចក្ដីអធិស្ឋាន ឬនិយាយដដែលៗម្ដងហើយម្ដងទៀត ដោយឥតគិតអំពីន័យនៃពាក្យអធិស្ឋាននោះ។ (ម៉ាថាយ ៦:៧) តើនឹងមានទំនាក់ទំនងបែបណា ប្រសិនបើកូនម្នាក់បានប្រើពាក្យដដែលៗរាល់តែដង ពេលដែលវានិយាយទៅរកឪពុកនោះ?
១៤. ក្រៅពីសំណូមពរ តើសេចក្ដីអធិស្ឋានអ្វីដែលយើងគួរថ្លែង?
១៤ ក្រៅពីសំណូមពរ និងការទូលអង្វរសុំយ៉ាងអស់ពីចិត្ត យើងក៏គួរអធិស្ឋានថ្លែងសេចក្ដីសរសើរដំកើងនិងពាក្យអរព្រះគុណដែរ។ (ទំនុកដំកើង ៣៤:១; ៩២:១; ថែស្សាឡូនីចទី១ ៥:១៨) យើងក៏អាចអធិស្ឋានសំរាប់អ្នកឯទៀតដែរ។ សេចក្ដីអធិស្ឋានចំពោះបងប្អូនប្រុសស្រីខាងវិញ្ញាណរបស់យើង ដែលកំពុងរងទុក្ខវេទនាឬមានគេបៀតបៀន បង្ហាញនូវការខ្វល់ខ្វាយរបស់យើងចំពោះពួកគេ ហើយព្រះយេហូវ៉ាគាប់ព្រះហឫទ័យចង់ឮយើងសម្ដែងសេចក្ដីខ្វល់ខ្វាយបែបនេះ។ (លូកា ២២:៣២; យ៉ូហាន ១៧:២០; ថែស្សាឡូនីចទី១ ៥:២៥) តាមពិត សាវ័កប៉ុលបានសរសេរថា៖ «កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ»។—ភីលីព ៤:៦, ៧
តស៊ូក្នុងសេចក្ដីអធិស្ឋាន
១៥. តើយើងគួរចាំអ្វី ប្រសិនបើសេចក្ដីអធិស្ឋានរបស់យើងហាក់ដូចជាគ្មានចម្លើយតបឆ្លើយមកវិញនោះ?
១៥ ថ្វីបើអ្នកកំពុងកើនចំណេះអំពីព្រះ អ្នកប្រហែលជាយល់ថា ព្រះជួនកាលឥតតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់អ្នកទេ។ នេះអាចគឺជាដូច្នេះមែន ពីព្រោះប្រហែលជាមិនទាន់ដល់គ្រា ដែលព្រះតបឆ្លើយនឹងសេចក្ដីអធិស្ឋានជាក់លាក់ណាមួយនៅឡើយ។ (សាស្ដា ៣:១-៩) ព្រះយេហូវ៉ាប្រហែលជាអនុញ្ញាតឲ្យស្ថានភាពណាមួយមាននៅមួយរយៈសិន។ ប៉ុន្តែ ទ្រង់តបឆ្លើយនឹងសេចក្ដីអធិស្ឋានមិនដែលខានឡើយ ហើយជ្រាបនូវពេលវេលាដ៏ប្រសើរបំផុតសំរាប់តបឆ្លើយ។—កូរិនថូសទី២ ១២:៧-៩
១៦. ហេតុអ្វីក៏យើងគួរខំព្យាយាមអធិស្ឋាន ហើយការធ្វើនេះអាចមានឥទ្ធិពលលើទំនាក់ទំនងរបស់យើងជាមួយព្រះយ៉ាងដូចម្ដេច?
១៦ ការតស៊ូរបស់យើងក្នុងសេចក្ដីអធិស្ឋាន បង្ហាញថាយើងយកចិត្តទុកដាក់ ចំពោះអ្វីៗដែលយើងទូលទៅព្រះ។ (លូកា ១៨:១-៨) ជាឧទាហរណ៍ យើងប្រហែលជាសូមព្រះយេហូវ៉ាឲ្យជួយយើងឲ្យឈ្នះលើការទន់ខ្សោយណាមួយ។ ដោយតស៊ូក្នុងសេចក្ដីអធិស្ឋាន ហើយប្រព្រឹត្តឲ្យស្របតាមសំណូមពររបស់យើង យើងបង្ហាញនូវសេចក្ដីស្មោះត្រង់របស់យើង។ សំណូមពររបស់យើងគឺគួរតែច្បាស់ជាក់លាក់ ហើយទៀងត្រង់ផង។ ជាពិសេសគឺសំខាន់ណាស់ ដែលយើងត្រូវអធិស្ឋានឲ្យអស់ពីចិត្តអស់ពីកម្លាំង ពេលដែលយើងកំពុងរងសេចក្ដីល្បួង។ (ម៉ាថាយ ៦:១៣) កាលយើងបន្តអធិស្ឋាន ហើយខំទប់ទល់នឹងសេចក្ដីជំរុញដ៏មានបាបរបស់យើង នោះយើងនឹងឃើញនូវរបៀបដែលព្រះយេហូវ៉ាជួយយើង។ នេះនឹងបង្កើនជំនឿរបស់យើង ហើយពង្រឹងទំនាក់ទំនងរបស់យើងជាមួយទ្រង់ផង។—កូរិនថូសទី១ ១០:១៣; ភីលីព ៤:១៣
១៧. តើតាមរបៀបណាដែលយើងទទួលប្រយោជន៍ ពីអាកប្បកិរិយាព្យាយាមអធិស្ឋានក្នុងការបំរើព្រះ?
១៧ ដោយបណ្ដុះឲ្យមានអាកប្បកិរិយាព្យាយាមអធិស្ឋាន ក្នុងការថ្វាយកិច្ចបំរើពិសិដ្ឋដល់ព្រះយេហូវ៉ា នោះយើងនឹងជ្រាបថាយើងមិនមែនបំរើទ្រង់ ដោយកម្លាំងរបស់ខ្លួនយើងឡើយ។ គឺជាព្រះយេហូវ៉ាទេដែលធ្វើឲ្យកិច្ចការបានសម្រេចនោះ។ (កូរិនថូសទី១ ៤:៧) ការទទួលស្គាល់យ៉ាងនេះ នឹងជួយយើងឲ្យមានចិត្តរាបទាប និងបង្កើនទំនាក់ទំនងរបស់យើងជាមួយទ្រង់។ (ពេត្រុសទី១ ៥:៥, ៦) ត្រូវហើយ យើងមានមូលហេតុត្រឹមត្រូវ ក្នុងការតស៊ូអធិស្ឋាន។ សេចក្ដីអធិស្ឋានដ៏ស្មោះអស់ពីចិត្ត និងចំណេះដ៏មានតម្លៃរបស់យើង ចេះដឹងនូវរបៀបដែលចូលទៅជិតព្រះវរបិតាស្ថានសួគ៌ ដែលប្រកបដោយសេចក្ដីស្រឡាញ់របស់យើង នឹងធ្វើឲ្យជីវិតយើងបានសប្បាយពិតមែន។
ការប្រស្រ័យទាក់ទងជាមួយព្រះយេហូវ៉ា មិនមែនតែម្ខាងទេ
១៨. តើតាមរបៀបណាដែលយើងស្ដាប់តាមព្រះ?
១៨ ប្រសិនបើយើងចង់ឲ្យព្រះស្ដាប់សេចក្ដីអធិស្ឋានរបស់យើង យើងត្រូវតែស្ដាប់តាមអ្វីៗដែលទ្រង់មានបន្ទូលមក។ (សាការី ៧:១៣) ទ្រង់លែងប្រាប់សាររបស់ទ្រង់ តាមរយៈពួកព្យាការីក្រោមការដឹកនាំរបស់ទ្រង់ទៀតហើយ ហើយទ្រង់ក៏ច្បាស់ជាមិនប្រើផ្លូវមន្តអាគមដែរ។ (ចោទិយកថា ១៨:១០-១២) ប៉ុន្តែ យើងអាចស្ដាប់តាមព្រះ ដោយសិក្សាបន្ទូលរបស់ទ្រង់ គឺព្រះគម្ពីរ។ (រ៉ូម ១៥:៤; ធីម៉ូថេទី២ ៣:១៦, ១៧) ដូចជាយើងត្រូវបណ្ដុះឲ្យមានចំណូលចិត្តចំពោះរសជាតិអាហារ ដែលល្អសំរាប់រូបកាយយើង យើងក៏បានត្រូវដាស់តឿនឲ្យ‹សង្វាតរកទឹកដោះសុទ្ធខាងឯបន្ទូល›ផងដែរ។ សូមបណ្ដុះឲ្យមានចំណូលចិត្តចំពោះរសជាតិអាហារខាងវិញ្ញាណ ដោយអានបន្ទូលរបស់ព្រះជារៀងរាល់ថ្ងៃ។—ពេត្រុសទី១ ២:២, ៣; កិច្ចការ ១៧:១១
១៩. តើនឹងមានប្រយោជន៍អ្វី ពីការរំពឹងគិតអំពីអ្វីៗដែលអ្នកអានក្នុងព្រះគម្ពីរ?
១៩ សូមរំពឹងគិតអំពីអ្វីៗដែលអ្នកអានក្នុងព្រះគម្ពីរ។ (ទំនុកដំកើង ១:១-៣; ៧៧:១១, ១២) នេះមានន័យថា សញ្ជឹងគិតអំពីសេចក្ដីដែលចែងក្នុងព្រះគម្ពីរ។ អ្នកអាចប្រដូចការនេះនឹងការរំលាយអាហារក្នុងក្រពះ។ អ្នកអាចរំលាយអាហារខាងវិញ្ញាណ ដោយផ្ទៀងអ្វីៗដែលអ្នកកំពុងតែអាន នឹងអ្វីៗដែលអ្នកបានដឹងរួចមកហើយ។ សូមពិចារណាមើលនូវរបៀបដែលសេចក្ដីទាំងប៉ុន្មានមានឥទ្ធិពលលើជីវិតរបស់អ្នក ឬជញ្ជឹងគិតដល់អ្វីដែលសេចក្ដីទាំងនោះសម្ដែងឲ្យឃើញអំពីគុណសម្បត្ដិនិងការលៃលកទាំងឡាយរបស់ព្រះយេហូវ៉ា។ ដូច្នេះ តាមរយៈការសិក្សាផ្ទាល់ខ្លួន អ្នកអាចទទួលយកអាហារខាងវិញ្ញាណ ដែលព្រះយេហូវ៉ាប្រទានឲ្យ។ នេះនឹងទាក់ទាញអ្នកឲ្យចូលទៅជិតព្រះថែមទៀត ហើយនឹងជួយអ្នកឲ្យលៃលកដោះស្រាយនឹងបញ្ហាប្រចាំថ្ងៃផង។
២០. តើតាមរបៀបណាដែលការចូលរួមក្នុងការប្រជុំគ្រីស្ទាន ជួយយើងឲ្យចូលទៅជិតព្រះ?
២០ អ្នកក៏អាចចូលទៅជិតព្រះ ដោយស្ដាប់តាមបន្ទូលរបស់ទ្រង់ ដែលមានពិគ្រោះក្នុងការប្រជុំគ្រីស្ទាន ដូចពួកអ៊ីស្រាអែលអញ្ចឹងដែរ ដែលបានស្ដាប់ដោយយកចិត្តទុកដាក់ ពេលដែលគេផ្ដុំគ្នាស្ដាប់ការអានច្បាប់របស់ព្រះតាមសាធារណៈ។ ពួកអ្នកបង្រៀននៅជំនាន់នោះ បញ្ចូលន័យក្នុងការអានច្បាប់ដែលគេមានបង្រៀន ដូច្នេះក៏អាចជួយពួកអ្នកស្ដាប់ឲ្យយល់ ហើយលើកទឹកចិត្តពួកគេឲ្យអនុវត្តតាមអ្វីដែលគេបានឮផង។ នេះបាននាំឲ្យមានអំណរយ៉ាងខ្លាំង។ (នេហេមា ៨:៨, ១២) ដូច្នេះ សូមតាំងឲ្យបានជាទម្លាប់ល្អ ចូលរួមក្នុងការទៅការប្រជុំនៃស្មរបន្ទាល់ព្រះយេហូវ៉ា។ (ហេព្រើរ ១០:២៤, ២៥) នេះនឹងជួយអ្នកឲ្យយល់ ហើយរួចមកឲ្យអនុវត្តតាមចំណេះអំពីព្រះក្នុងជីវិតរបស់អ្នក ហើយនឹងនាំឲ្យអ្នកមានសុភមង្គលមិនខានឡើយ។ ការមានចំណែកក្នុងភាតរភាពគ្រីស្ទានទូទាំងពិភពលោក នឹងជួយអ្នកឲ្យស្ថិតនៅជិតព្រះយេហូវ៉ា។ ហើយដូចយើងនឹងឃើញនៅខាងមុខនេះ អ្នកនឹងអាចរកឃើញសន្ដិសុខពិតក្នុងចំណោមរាស្ត្ររបស់ព្រះ។
សាកល្បងចំណេះរបស់អ្នក
ហេតុអ្វីក៏អ្នកគួរចូលទៅជិតព្រះយេហូវ៉ា?
តើមានសេចក្ដីតម្រូវអ្វីខ្លះ សំរាប់ការចូលទៅជិតព្រះ?
តើអ្វីដែលអ្នកអាចរួមបញ្ចូលក្នុងសេចក្ដីអធិស្ឋានរបស់អ្នក?
ហេតុអ្វីក៏អ្នកគួរតស៊ូក្នុងសេចក្ដីអធិស្ឋាន?
តើអ្នកអាចស្ដាប់តាម ព្រះយេហូវ៉ាយ៉ាងដូចម្ដេចសព្វថ្ងៃនេះ?
[រូបភាពពេញមួយទំព័រនៅទំព័រ១៥៧]