ចូរបង្រៀនខ្លួននិងអ្នកឯទៀតអំពីសីលធម៌គ្រីស្ទាន
«អ្នកឯង ដែលបង្រៀនគេ តើមិនបង្រៀនដល់ខ្លួនឯងទេឬ?»។—រ៉ូម ២:២១
១, ២. តើអ្នកចង់សិក្សាព្រះគម្ពីរដោយព្រោះតែមានហេតុអ្វីខ្លះ?
មានហេតុជាច្រើនដែលអ្នកសិក្សាព្រះបន្ទូលរបស់ព្រះ។ អ្នកប្រហែលជាចង់ដឹងពត៌មានដែលនៅក្នុងព្រះបន្ទូល ដូចជាពត៌មានស្តីអំពីមនុស្ស ព្រឹត្ដិការណ៍ និងទីកន្លែងជាដើម។ អ្នកចង់រៀនលទ្ធិជំនឿពិត មិនមែនលទ្ធិជំនឿមិនពិត ដូចជាលទ្ធិព្រះឯកត្រីអង្គ ឬក៏លទ្ធិស្តីអំពីភ្លើងនរកជាដើមនោះទេ។ (យ៉ូហាន ៨:៣២) ម្យ៉ាងទៀត អ្នកក៏គួរសិក្សាដោយមានបំណងចង់ស្គាល់ព្រះយេហូវ៉ាឲ្យកាន់តែច្បាស់ ដើម្បីបណ្ដុះឲ្យមានលក្ខណៈដូចទ្រង់ឲ្យបានច្រើនជាង និងប្រព្រឹត្តដោយសុចរិតនៅចំពោះទ្រង់ដែរ។—ពង្សាវតារក្សត្រទី១ ១៥:៤, ៥
២ ហេតុសំខាន់មួយទៀតដែលអ្នកគួរសិក្សាព្រះបន្ទូលរបស់ព្រះ គឺដើម្បីមានសមត្ថភាពបង្រៀនអ្នកដទៃ ដូចជាមនុស្សជាទីស្រឡាញ់របស់អ្នក មនុស្សដែលអ្នកស្គាល់ និងរហូតដល់មនុស្សដែលអ្នកពុំស្គាល់ទៅទៀត។ នេះមិនមែនជាកិច្ចការមួយដែលជនគ្រីស្ទានពិតអាចសម្រេចចិត្តថា ខ្លួនចង់ធ្វើឬក៏មិនចង់ធ្វើនោះឡើយ។ ព្រះយេស៊ូបានមានបន្ទូលទៅកាន់សិស្សទ្រង់ថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ . . . ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។—ម៉ាថាយ ២៨:១៩, ២០
៣, ៤. បើអ្នកបង្រៀនដូចព្រះយេស៊ូបានបង្គាប់នោះ តើហេតុអ្វីបានជានោះជាអ្វីដ៏ប្រសើរ?
៣ ការសិក្សាព្រះគម្ពីរដោយមានបំណងបង្រៀនអ្នកឯទៀត គឺជាបំណងមួយដ៏ប្រសើរគួរឲ្យសរសើរណាស់ និងក៏អាចនាំឲ្យមានអំណរដែលមិនចេះរសាយផងដែរ។ ការបង្រៀនជាអាជីពមួយដែលមនុស្សធ្លាប់គោរពតាំងពីយូរយារមកហើយ។ សព្វវចនាធិប្បាយមួយចែងថា៖ «ជនជាតិយូដាជាច្រើននាក់ដែលពេញវ័យ បានចាត់ទុកលោកគ្រូអ្នកគ្រូជាអ្នកដឹកនាំកុមារទៅកាន់សេចក្ដីសង្គ្រោះ ហើយក៏បានជំរុញកុមារឲ្យគោរពគ្រូរបស់ខ្លួនឲ្យច្រើនជាងមាតាបិតាទៅទៀត»។ (Encarta Encyclopedia) គឺជាអ្វីដ៏ប្រសើរគួរឲ្យសរសើរជាពិសេស ប្រសិនបើជនគ្រីស្ទានបង្រៀនខ្លួនដោយសិក្សាព្រះគម្ពីរ រួចបង្រៀនអ្នកឯទៀត។
៤ «មនុស្សដែលធ្វើការជាគ្រូបង្រៀនមានចំនួនច្រើនជាងមនុស្សដែលប្រកបមុខរបរដទៃទៀត។ មនុស្សប្រុសស្រីប្រមាណ៤៨លាននាក់ទូទាំងផែនដីគឺជាគ្រូបង្រៀន»។ (The World Book Encyclopedia) គ្រូបង្រៀនមានភារកិច្ចបង្វឹកបង្វឺនសតិក្មេងៗ ហើយការបង្រៀនរបស់គ្រូនោះអាចមានអានុភាពទៅលើក្មេងៗជាយូរឆ្នាំក្រោយៗមក។ ពេលអ្នកស្ដាប់តាមបង្គាប់ព្រះយេស៊ូនិងបង្រៀនអ្នកឯទៀតនោះ ការបង្រៀនរបស់អ្នកអាចមានអានុភាពយូរបំផុត ពីព្រោះការបង្រៀននេះអាចមានឥទ្ធិពលទៅលើពួកគេជានិរន្តរ៍។ សាវ័កប៉ុលបានលើកបញ្ជាក់ចំណុចនេះ ពេលគាត់ទូន្មានដោយជំរុញធីម៉ូថេថា៖ «ចូរប្រុងប្រយ័ត្ននឹងខ្លួនអ្នក ហើយនឹងសេចក្ដីបង្រៀន។ ចូរកាន់ខ្ជាប់តាមសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នោះ នោះអ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្ដាប់អ្នកផង»។ (ធីម៉ូថេទី១ ៤:១៦, កំណែជាអក្សរទ្រេត) ពិតណាស់ ការបង្រៀនរបស់អ្នកទាក់ទងនឹងសេចក្ដីសង្គ្រោះ។
៥. ហេតុអ្វីបានជាការបង្រៀនរបស់ជនគ្រីស្ទានគឺជាការបង្រៀនដែលមានកិត្ដិយសខ្ពង់ខ្ពស់បំផុតនោះ?
៥ ការបង្រៀនខ្លួននិងអ្នកឯទៀតត្រូវអនុម័តនិងដឹកនាំដោយបុគ្គលដែលមានឋានៈខ្ពស់បំផុត គឺព្រះមហាក្សត្រសកលលោកតែម្ដង។ ហេតុនេះហើយបានជាកិច្ចការបង្រៀនបែបនេះគឺសំខាន់ជាងការបង្រៀនណាផ្សេងទៀតក្នុងរបបលោកីយ៍នេះ មិនថាការបង្រៀនខាងបឋមសិក្សា វិជ្ជាជីវៈ ឬជំនាញខាងវេជ្ជសាស្ត្រណាក៏ដោយ។ ការបង្រៀនរបស់ជនគ្រីស្ទានរួមបញ្ចូលការបង្រៀនខ្លួនឯងជាមុនសិន ឲ្យយកតម្រាប់តាមព្រះរាជបុត្រារបស់ព្រះ គឺព្រះយេស៊ូគ្រីស្ទ រួចមកត្រូវបង្រៀនអ្នកឯទៀតឲ្យធ្វើដូចគ្នាដែរ។—យ៉ូហាន ១៥:១០
ហេតុអ្វីអ្នកគួរបង្រៀនខ្លួនឯង?
៦, ៧. (ក) ហេតុអ្វីបានជាយើងត្រូវបង្រៀនខ្លួនជាមុនសិន? (ខ) ហេតុដូចម្ដេចបានជាជនជាតិយូដានៅសតវត្សទីមួយធ្វើជាគ្រូបង្រៀនមិនកើតនោះ?
៦ ហេតុដូចម្ដេចបានជាយើងនិយាយថា យើងគួរបង្រៀនខ្លួនឯងមុនសិន? គឺពីព្រោះយើងមិនអាចបង្រៀនអ្នកឯទៀតឲ្យបានត្រឹមត្រូវប្រសិនបើយើងពុំទាន់បានបង្រៀនខ្លួនឯងជាមុននោះទេ។ ប៉ុលបានសង្កត់ធ្ងន់លើចំណុចនេះក្នុងខគម្ពីរមួយដែលនាំឲ្យត្រិះរិះពិចារណា។ ពំនោលរបស់ប៉ុលនោះធ្លាប់មានខ្លឹមសារសំខាន់ចំពោះពួកសាសន៍យូដានៅសម័យនោះ ថែមទាំងមានខ្លឹមសាររឹតតែសំខាន់សំរាប់ជនគ្រីស្ទាននៅសព្វថ្ងៃនេះដែរ។ ប៉ុលបានសួរថា៖ «អ្នកឯង ដែលបង្រៀនគេ តើមិនបង្រៀនដល់ខ្លួនឯងទេឬអី? អ្នកឯងដែលប្រដៅថា៖ ‹កុំឲ្យលួចគេ› តើអ្នកលួចឬទេ? អ្នកឯងដែលថា៖ ‹កុំឲ្យផិតគ្នា› តើអ្នកផិតឬទេ? អ្នកឯងដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ? អ្នកឯងដែលអួតពីក្រិត្យវិន័យ តើអ្នកបង្អាប់ព្រះ ដោយប្រព្រឹត្តរំលងនឹងក្រិត្យវិន័យឬទេ?»។—រ៉ូម ២:២១-២៣
៧ ដោយប្រើសំនួរត្រិះរិះ ប៉ុលបានលើកឡើងអំពើបាបពីរយ៉ាងដែលក្រិត្យវិន័យដប់ប្រការបានហាមយ៉ាងចំៗ គឺថា កុំលួចប្លន់ឲ្យសោះ និងកុំឲ្យផិតគ្នាឲ្យសោះ។ (និក្ខមនំ ២០:១៤, ១៥) ជនជាតិយូដាខ្លះនៅសម័យប៉ុលបានអួតខ្លួន ដោយសារពួកគេមានក្រិត្យវិន័យរបស់ព្រះ។ អ្នកទាំងនោះ‹បានរៀនតាមក្រិត្យវិន័យទាំងជឿប្រាកដថា ខ្លួនជាអ្នកដឹកនាំមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកដែលងងឹត និងជាគ្រូបង្រៀនដល់កូនក្មេង›។ (រ៉ូម ២:១៧-២០) ប៉ុន្តែ ជនយូដាទាំងនោះជាមនុស្សមានពុតត្បុត ពីព្រោះពួកគេលួចនិងផិតគ្នាដោយសម្ងាត់។ ទង្វើបែបនេះបង្អាប់បង្អោនដល់កិត្ដិយសនៃក្រិត្យវិន័យនិងបុគ្គលនៅស្ថានសួគ៌ដែលបាននិពន្ធក្រិត្យវិន័យនោះ។ នេះសឲ្យឃើញថា ជនយូដាទាំងនោះប្រាកដជាមិនគួរបង្រៀនអ្នកឯទៀត ពីព្រោះពួកគេពុំទាន់បានបង្រៀនខ្លួននៅឡើយទេ។
៨. នៅសម័យរបស់ប៉ុល តើជនជាតិយូដាប្រហែលជាបាន‹ប្លន់វិហារ›ក្នុងន័យអ្វី?
៨ ប៉ុលបាននិយាយអំពីការប្លន់វិហារ។ តើជនយូដាពិតជាបានធ្វើដូច្នេះឬទេ? តើសំដីប៉ុលសំដៅទៅលើអ្វី? បើនិយាយឲ្យចំទៅ យើងមិនអាចប្រាកដថា សាសន៍យូដាធ្លាប់‹ប្លន់វិហារ›ក្នុងន័យអ្វី ដោយសារពត៌មានក្នុងខនេះមិនសូវមានច្រើនទេ។ មុនពេលនោះ អនុរដ្ឋលេខាធិការនៃទីក្រុងអេភេសូរបានប្រកាសថា ប៉ុលនិងពួកសហការីរបស់ប៉ុលមិនមែនជា«ចោរលួចវិហារ»ទេ។ នេះបង្ហើបឲ្យដឹងថា ប្រហែលជាមានមនុស្សខ្លះសង្ស័យថា ជនយូដាអាចជាអ្នកប្លន់វិហារមែន។ (កិច្ចការ ១៩:២៩-៣៧) តើជនយូដាបានយករបស់ក្នុងព្រះវិហារមកប្រើផ្ទាល់ខ្លួន ឬមួយក៏លក់នូវវត្ថុទ្រព្យថ្លៃៗ ដែលបានត្រូវលួចពីវិហារសាសនាមិនពិតដោយទាហានសត្រូវ ឬដោយជននិយមជ្រុលខាងសាសនាឬ? យោងទៅតាមក្រិត្យវិន័យរបស់ព្រះ មាសនិងប្រាក់ពីរូបចម្លាក់ត្រូវបំផ្លាញចោល មិនមែនយកមកប្រើផ្ទាល់ខ្លួនទេ។ (ចោទិយកថា ៧:២៥)a ដូច្នេះ ប៉ុលប្រហែលជាបានសំដៅទៅលើជនជាតិយូដាដែលមិនបានគោរពតាមច្បាប់របស់ព្រះ និងបានប្រើឬក៏លក់នូវវត្ថុដែលមកពីវិហារពាហិរជន។
៩. តើការប្រព្រឹត្តដ៏អាក្រក់ណាខ្លះនៅទីក្រុងយេរូសាឡិម អាចប្រៀបដូចជាការប្លន់ព្រះវិហារ?
៩ ម្យ៉ាងវិញទៀត យ៉ូសេហ្វឺសបានរៀបរាប់អំពីរឿងអាស្រូវនៅចក្រភពរ៉ូមដែលមានជនជាតិយូដាបួននាក់ជាមេផ្ដើមនោះ។ មេខ្លោងរបស់ពួកគេជាអ្នកបង្រៀនក្រិត្យវិន័យ។ ស្ត្រីសាសន៍រ៉ូមម្នាក់ដែលបានផ្លាស់សាសនាទៅកាន់សាសនាយូដា បានត្រូវជនបួននាក់នេះបញ្ចុះបញ្ចូលឲ្យប្រគល់មាសនិងវត្ថុថ្លៃៗឯទៀត ជាវិភាគទានសំរាប់ព្រះវិហារនៅទីក្រុងយេរូសាឡិម។ ពេលអ្នកទាំងបួននេះបានទ្រព្យសម្បត្ដិពីស្ត្រីនោះរួចហើយ ពួកគេប្រើនោះសំរាប់តែខ្លួនគេ។ ការប្រព្រឹត្តនេះគឺមិនសូវខុសគ្នាពីការប្លន់ព្រះវិហារនោះទេ។b ជនឯទៀតបានប្រព្រឹត្តប្រៀបដូចជាប្លន់ព្រះវិហាររបស់ព្រះ ដោយថ្វាយដង្វាយពិការនិងដោយលក់ដូរយ៉ាងលោភលន់ក្នុងបរិវេណព្រះវិហារ ជាហេតុធ្វើឲ្យព្រះវិហារទៅជា«រោងចោរ»វិញ។—ម៉ាថាយ ២១:១២, ១៣; ម៉ាឡាគី ១:១២-១៤; ៣:៨, ៩
ចូរបង្រៀនសីលធម៌គ្រីស្ទាន
១០. តើអ្វីជាចំណុចសំខាន់ដែលប៉ុលបានបញ្ជាក់នៅរ៉ូម ២:២១-២៣?
១០ នៅសតវត្សទីមួយ មិនថាប៉ុលបានសំដៅទៅលើការប្រព្រឹត្តណាក៏ដោយ ពេលគាត់និយាយអំពីការលួច ការផិត និងការប្លន់ព្រះវិហារនោះ យើងត្រូវយល់នូវចំណុចសំខាន់ដែលប៉ុលចង់បញ្ជាក់។ ប៉ុលបានសួរថា៖ «អ្នកឯង ដែលបង្រៀនគេ តើមិនបង្រៀនដល់ខ្លួនឯងទេឬ?»។ គួរឲ្យកត់សម្គាល់ថា ឧទាហរណ៍ដែលប៉ុលបានលើកឡើងបានជាប់ទាក់ទងនឹងសីលធម៌។ នៅទីនេះ ប៉ុលមិនបានបញ្ជាក់អំពីលទ្ធិព្រះគម្ពីរ ឬក៏ប្រវត្ដិសាស្ត្រព្រះគម្ពីរឡើយ។ ការបង្រៀនខ្លួនឯងនិងអ្នកឯទៀតដែលប៉ុលបានបញ្ជាក់ក្នុងនេះ ទាក់ទងនឹងសីលធម៌គ្រីស្ទាន។
១១. ហេតុអ្វីបានជាអ្នកគួរយកចិត្តទុកដាក់នឹងសីលធម៌គ្រីស្ទានពេលអ្នកសិក្សាព្រះគម្ពីរ?
១១ ការអនុវត្តតាមមេរៀនក្នុងរ៉ូម ២:២១-២៣ បានន័យថា យើងត្រូវរៀនសីលធម៌គ្រីស្ទានពីព្រះបន្ទូលរបស់ព្រះ អនុវត្តតាមអ្វីដែលយើងរៀន រួចបង្រៀនអ្នកឯទៀតឲ្យធ្វើដូចគ្នាដែរ។ ដូច្នេះ ពេលអ្នកសិក្សាព្រះគម្ពីរ ចូរខំសម្គាល់ខ្នាតតម្រារបស់ព្រះយេហូវ៉ា ដែលជាមូលដ្ឋាននៃសីលធម៌គ្រីស្ទានដ៏ពិត។ រំពឹងគិតអំពីឱវាទនិងមេរៀនដែលអ្នកឃើញក្នុងព្រះគម្ពីរ។ រួចបង្ហាញចិត្តក្លាហានក្នុងការអនុវត្តតាមអ្វីដែលអ្នករៀន។ ការធ្វើដូច្នេះពិតជាតម្រូវឲ្យប្រមូលភាពក្លាហាននិងតាំងចិត្ត។ មនុស្សឥតគ្រប់ល័ក្ខណ៍ពូកែរកលេសរកហេតុដែលខ្លួនគួររំលងឬមួយក៏ចាំបាច់រំលងនូវខ្នាតតម្រាសីលធម៌គ្រីស្ទានក្នុងករណីណាមួយ។ ប្រហែលជាពួកយូដាដែលប៉ុលបានសំដៅទៅលើនោះ ធ្លាប់គិតដូច្នេះដើម្បីវែកញែករកលេសឬក៏បញ្ឆោតអ្នកឯទៀត។ ប៉ុន្តែ សំដីរបស់ប៉ុលបង្ហាញថា យើងមិនត្រូវមើលស្រាល ឬធ្វើព្រងើយនឹងសីលធម៌គ្រីស្ទានឲ្យតែចិត្តខ្លួនចង់នោះឡើយ។
១២. តើចរិយាល្អឬក៏ចរិយាមិនល្អ ទាក់ទងនឹងព្រះយេហូវ៉ាយ៉ាងដូចម្ដេច? ហើយហេតុអ្វីបានជាយើងគួរនឹកចាំពីហេតុការណ៍នេះ?
១២ សាវ័កប៉ុលបានលើកបញ្ជាក់ហេតុចំបងដែលអ្នកត្រូវរៀននិងអនុវត្តតាមសីលធម៌ក្នុងព្រះគម្ពីរ។ កិរិយាអាក្រក់របស់សាសន៍យូដាបាននាំមកនូវការតិះដៀលដល់ព្រះនាមរបស់ព្រះយេហូវ៉ា៖ «អ្នកឯងដែលអួតពីក្រិត្យវិន័យ តើអ្នកបង្អាប់ព្រះ ដោយប្រព្រឹត្តរំលងនឹងក្រិត្យវិន័យឬទេ? ដ្បិតពួកសាសន៍ដទៃ គេប្រមាថដល់ព្រះនាមព្រះ ដោយព្រោះតែអ្នករាល់គ្នា»។ (រ៉ូម ២:២៣, ២៤) នៅសម័យនេះ គឺពិតដូចគ្នាដែរថា បើយើងធ្វើព្រងើយនឹងសីលធម៌គ្រីស្ទាន នេះបានន័យថា យើងក៏ធ្វើព្រងើយនឹងប្រភពនៃសីលធម៌គ្រីស្ទានដែរ។ ផ្ទុយទៅវិញ បើយើងកាន់ខ្ជាប់តាមខ្នាតតម្រារបស់ព្រះ នេះលើកកិត្ដិយសចំពោះទ្រង់។ (អេសាយ ៥២:៥; អេសេគាល ៣៦:២០) ការយល់នូវចំណុចនេះអាចជួយអ្នកប្ដេជ្ញាចិត្តនៅចំពោះមុខការល្បួង ឬក៏កាលៈទេសៈណាដែលបណ្ដាលឲ្យអ្នកគិតថា ការធ្វើព្រងើយនឹងសីលធម៌គ្រីស្ទានគឺជាផ្លូវដោះស្រាយដ៏ស្រួលបំផុត។ ម្យ៉ាងទៀត សំដីរបស់ប៉ុលបង្រៀនយើងអ្វីមួយទៀត។ ក្រៅពីការយល់ដឹងថា ការប្រព្រឹត្តរបស់ខ្លួនទាក់ទងនឹងព្រះនោះ ចូរជួយបង្រៀនអ្នកឯទៀតឲ្យយល់ដឹងពីរបៀបដែលការអនុវត្តតាមគោលការណ៍សីលធម៌ដែលពួកគេកំពុងតែរៀន ក៏ទាក់ទងនឹងព្រះយេហូវ៉ាដែរ។ មិនគ្រាន់តែថា សីលធម៌គ្រីស្ទានធ្វើឲ្យយើងសប្បាយចិត្ត និងជួយការពារសុខភាពរបស់យើងទេ។ សីលធម៌គ្រីស្ទានក៏ទាក់ទងនឹងបុគ្គលដែលបានផ្ដល់និងលើកទឹកចិត្តឲ្យកាន់តាមសីលធម៌នោះ។—ទំនុកដំកើង ៧៤:១០; យ៉ាកុប ៣:១៧
១៣. (ក) តើព្រះគម្ពីរជួយយើងយ៉ាងដូចម្ដេចស្តីអំពីសីលធម៌? (ខ) សូមលើកបញ្ជាក់ចំណុចសំខាន់ៗពីថែស្សាឡូនីចទី១ ៤:៣-៧
១៣ សីលធម៌ក៏ប៉ះពាល់លើមនុស្សឯទៀតដែរ។ អ្នកអាចឃើញថានេះជាការពិតមែន ដោយមើលគំរូក្នុងព្រះបន្ទូលរបស់ព្រះ ដែលបង្ហាញប្រយោជន៍ពីការអនុវត្តតាមសីលធម៌របស់ព្រះ និងលទ្ធផលដែលមកពីការមិនអនុវត្តតាម។ (លោកុប្បត្តិ ៣៩:១-៩, ២១; យ៉ូស្វេ ៧:១-២៥) អ្នកក៏អាចរកឃើញនូវឱវាទចំៗអំពីសីលធម៌ដូចតទៅនេះ: «ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺអោយបងប្អូនបានវិសុទ្ធ អោយបងប្អូនចៀសវាងអំពើប្រាសចាកសីលធម៌[«អំពើសហាយស្មន់», ព.ថ.]។ ម្នាក់ៗត្រូវចេះរួមរស់ជាមួយភរិយារបស់ខ្លួន ដោយវិសុទ្ធ និងថ្លៃថ្នូរ ឥតបណ្ដោយខ្លួនទៅតាមចំណង់តណ្ហា ដូចសាសន៍ដទៃ ដែលមិនស្គាល់ព្រះជាម្ចាស់នោះឡើយ។ មិនត្រូវអោយបងប្អូនណាម្នាក់ប្រព្រឹត្តអ្វីខុសចំពោះបងប្អូនឯទៀតៗ ឬរំលោភលើសិទ្ធិគេក្នុងរឿងនេះឡើយ ដ្បិតព្រះអម្ចាស់ . . . ត្រាស់ហៅយើងមក មិនមែនអោយរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺអោយយើងបានវិសុទ្ធវិញ»។—ថែស្សាឡូនីចទី១ ៤:៣-៧, ព្រះគម្ពីរភាសាខ្មែរសម្រាយ
១៤. តើអ្នកអាចសួរខ្លួននូវសំនួរអ្វីខ្លះស្តីអំពីឱវាទនៅថែស្សាឡូនីចទី១ ៤:៣-៧?
១៤ អ្នកណាក៏ដោយអាចឃើញថា អំពើអសីលធម៌ខាងការរួមដំណេកគឺជាការបំពានគោលការណ៍សីលធម៌គ្រីស្ទាន។ ប៉ុន្តែ អ្នកអាចយល់ធ្លុះជ្រៅថែមទៀតអំពីខនេះ។ ខគម្ពីរខ្លះបើកឱកាសឲ្យយើងធ្វើការសិក្សាផ្ទាល់ខ្លួន និងការរំពឹងគិតជាច្រើនដែលផ្ដល់ជាការយល់ដឹងដ៏ជ្រៅជ្រះ។ ជាឧទាហរណ៍ អ្នកអាចរំពឹងគិតអំពីអ្វីដែលប៉ុលបាននិយាយពេលគាត់ថា ការសហាយស្មន់អាចនាំឲ្យអ្នកណាម្នាក់‹រំលោភលើសិទ្ធិបងប្អូនក្នុងរឿងនេះ›។ តើនេះទាក់ទងនឹងសិទ្ធិអ្វីខ្លះ? ហើយតើការយល់ដឹងច្បាស់ជាងអំពីរឿងនេះ នឹងជួយជំរុញចិត្តយើងយ៉ាងដូចម្ដេច ឲ្យកាន់តាមសីលធម៌គ្រីស្ទានកាន់តែខ្ជាប់ខ្ជួន? តើលទ្ធផលពីការស្រាវជ្រាវអាចជួយអ្នកយ៉ាងដូចម្ដេច ឲ្យមានសមត្ថភាពថែមទៀតដើម្បីបង្រៀនអ្នកឯទៀត និងជួយពួកគេលើកកិត្ដិយសចំពោះព្រះ?
ចូរសិក្សាដើម្បីចេះបង្រៀន
១៥. តើអ្នកអាចប្រើឧបករណ៍ណាខ្លះដើម្បីបង្រៀនខ្លួនតាមរយៈការសិក្សាផ្ទាល់ខ្លួន?
១៥ ស្មរបន្ទាល់ព្រះយេហូវ៉ាមានឧបករណ៍ផ្សេងៗដែលពួកគេប្រើ សំរាប់ការស្រាវជ្រាវរកចម្លើយឬក៏ពត៌មាន អំពីរឿងណាដែលពួកគេជួបប្រទះក្នុងកំឡុងពេលសិក្សា ដើម្បីបង្រៀនខ្លួនឬអ្នកឯទៀត។ ឧបករណ៍មួយដែលមានជាភាសាជាច្រើនគឺជា លិបិក្រមប្រកាសនវត្ថុប៉មយាម។ ប្រសិនបើសៀវភៅនេះមានជាភាសារបស់អ្នក អ្នកអាចប្រើសៀវភៅនោះដើម្បីរកពត៌មានដែលមានក្នុងប្រកាសនវត្ថុស្មរបន្ទាល់ព្រះយេហូវ៉ា។ អ្នកក៏អាចរកដោយមើលប្រធានឬក៏ខគម្ពីរ។ ឧបករណ៍មួយទៀតដែលស្មរបន្ទាល់ព្រះយេហូវ៉ាប្រើក្នុងភាសាសំខាន់ៗគឺជា បណ្ណាល័យប៉មយាម។ ស៊ីឌីប្រូក្រាមកុំព្យូទ័រនេះមានប្រកាសវត្ថុច្រើនជាឯកសារកុំព្យូទ័រ។ ប្រូក្រាមនេះផ្ដល់សមត្ថភាពស្រាវជ្រាវរឿងផ្សេងៗ និងរកការពន្យល់អំពីខគម្ពីរ។ ប្រសិនបើឧបករណ៍មួយឬក៏ទាំងពីរនេះអាចត្រូវទទួលជាភាសារបស់អ្នក ចូរប្រើនោះដើម្បីសិក្សាព្រះបន្ទូលរបស់ព្រះដើម្បីបង្រៀនអ្នកឯទៀត។
១៦, ១៧. (ក) តើអ្នកអាចរកឃើញការពន្យល់ដែលឆ្លុះបញ្ចាំងឲ្យយល់អំពីសិទ្ធិដែលត្រូវរៀបរាប់នៅថែស្សាឡូនីចទី១ ៤:៦ឬទេ? (ខ) តើការសហាយស្មន់អាចរំលោភទៅលើសិទ្ធិរបស់អ្នកដទៃយ៉ាងដូចម្ដេច?
១៦ យើងសូមប្រើថែស្សាឡូនីចទី១ ៤:៣-៧ ជាឧទាហរណ៍។ យើងបានសួរសំនួរអំពីសិទ្ធិ។ តើសិទ្ធិរបស់អ្នកណា? តើសិទ្ធិទាំងនេះអាចត្រូវរំលោភយ៉ាងដូចម្ដេចបាន? ដោយប្រើឧបករណ៍ទាំងនេះ អ្នកប្រហែលជាអាចរកឃើញការពន្យល់ជាច្រើនអំពីខនោះ សូម្បីតែអំពីសិទ្ធិដែលប៉ុលបានពន្យល់ក៏ដោយ។ អ្នកក៏អាចអានការពន្យល់បែបនេះក្នុងប្រកាសនវត្ថុជាភាសាអង់គ្លេសដែលមានដូចតទៅនេះ: សៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរ ក្បាលទី១ ទំព័រ៨៦៣-៨៦៤; សៀវភៅតើអ្នកអាចរកឃើញនូវសន្ដិភាពនិងសេចក្ដីសុខដ៏ពិតយ៉ាងដូចម្ដេច? ទំព័រទី១៤៥; ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ទំព័រ៣១។
១៧ ដោយសិក្សាតាមរយៈនោះ អ្នកនឹងឃើញថា សំដីរបស់ប៉ុលគឺពិតណាស់។ អ្នកសហាយស្មន់នោះធ្វើបាបប្រឆាំងនឹងព្រះ ហើយក៏ធ្វើឲ្យខ្លួនងាយឆ្លងជម្ងឺ។ (កូរិនថូសទី១ ៦:១៨, ១៩; ហេព្រើរ ១៣:៤) បុរសម្នាក់ដែលសហាយស្មន់នោះ រំលោភទៅលើសិទ្ធិរបស់ស្ត្រីដែលរួមធ្វើអំពើបាបនេះជាមួយនឹងគាត់។ បុរសនោះក៏បង្ខូចនូវភាពស្អាតស្អំខាងសីលធម៌និងមនសិការជ្រះថ្លារបស់ស្រីនោះ។ បើស្រីនោះគ្មានគ្រួសារ បុរសនោះរំលោភទៅលើសិទ្ធិរបស់នាងឲ្យរៀបការជាស្រីបរិសុទ្ធ ថែមទាំងរំលោភទៅលើសិទ្ធិរបស់បុរសដែលនឹងក្លាយជាប្ដីនាងនៅអនាគត ដោយព្រោះគាត់សង្ឃឹមថានាងនៅបរិសុទ្ធ។ បុរសដែលសហាយស្មន់នោះក៏ធ្វើឲ្យមាតាបិតារបស់ស្រីនោះខូចចិត្ត និងបញ្ឈឺចិត្តរបស់ស្វាមីនាង បើសិនជាស្រីនោះបានរៀបការរួចហើយ។ បុរសអសីលធម៌នេះក៏រំលោភទៅលើសិទ្ធិរបស់ក្រុមគ្រួសារខ្លួន ដែលមានកេរ្ដិ៍ឈ្មោះល្អខាងសីលធម៌។ បើគាត់ជាសមាជិកនៃក្រុមជំនុំគ្រីស្ទាន គាត់នាំមកនូវការតិះដៀលចំពោះក្រុមជំនុំនិងបង្ខូចឈ្មោះល្អរបស់ក្រុមជំនុំនោះ។—កូរិនថូសទី១ ៥:១
១៨. តើអ្នកទទួលប្រយោជន៍អ្វីពីការសិក្សាព្រះគម្ពីរនិងសីលធម៌គ្រីស្ទាន?
១៨ ការពន្យល់នេះស្តីអំពីសិទ្ធិ ជួយបើកសម្ដែងអត្ថន័យនៃខនោះ មែនទេ? ការសិក្សាបែបនេះពិតជាមានតម្លៃណាស់។ ពេលអ្នកធ្វើការសិក្សាបែបនេះ អ្នកកំពុងតែបង្រៀនខ្លួន។ ការយល់ដឹងរបស់អ្នកស្តីអំពីភាពពិតនៃសាររបស់ព្រះ គឺរឹតតែជ្រៅជ្រះ។ អ្នកប្ដេជ្ញាកាន់តែខ្លាំងដើម្បីកាន់ខ្ជាប់តាមសីលធម៌គ្រីស្ទាន មិនថាមានការល្បួងយ៉ាងណាក៏ដោយ។ ម្យ៉ាងទៀត អ្នកនឹងមានប្រសិទ្ធិភាពច្រើនជាងឆ្ងាយណាស់ក្នុងការបង្រៀនអ្នកឯទៀត! ជាឧទាហរណ៍ ពេលអ្នកកំពុងតែបង្រៀនអ្នកឯទៀតអំពីសេចក្ដីពិតព្រះគម្ពីរ អ្នកអាចជួយពួកគេយល់ធ្លុះជ្រៅអំពីថែស្សាឡូនីចទី១ ៤:៣-៧ និងធ្វើឲ្យពួកគេយល់ដឹងច្រើនជាង និងយល់តម្លៃនៃសីលធម៌គ្រីស្ទាន។ ដូច្នេះ ការសិក្សារបស់អ្នកអាចជួយខ្លួនអ្នក និងមនុស្សជាច្រើនឯទៀត ឲ្យលើកកិត្ដិយសចំពោះព្រះ។ ទីនេះយើងបានលើកឡើងគំរូតែមួយគត់ ពីសំបុត្ររបស់ប៉ុលទៅកាន់ជនគ្រីស្ទាននៅថែស្សាឡូនីច។ មានផ្នែកជាច្រើនឯទៀតនៃសីលធម៌គ្រីស្ទាន ព្រមទាំងគំរូនិងឱវាទជាច្រើនថែមទៀតក្នុងព្រះគម្ពីរដែលអ្នកអាចសិក្សា អនុវត្តតាម និងបង្រៀន។
១៩. ហេតុអ្វីគឺសំខាន់ដែលអ្នកកាន់តាមសីលធម៌គ្រីស្ទាន?
១៩ គ្មានការសង្ស័យអ្វីឡើយ ថាការធ្វើដូច្នេះបង្ហាញថាខ្លួនមានប្រាជ្ញា។ យ៉ាកុប ៣:១៧ បានចែងថា៖ «ប្រាជ្ញាដែលមកពីស្ថានលើ» ពីព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់ «មុនដំបូងហៅថាបរិសុទ្ធ»។ នេះបញ្ជាក់ច្បាស់ថា យើងត្រូវកាន់តាមខ្នាតតម្រាសីលធម៌របស់ព្រះ។ តាមពិតក្នុងការបង្រៀនព្រះគម្ពីរ ព្រះយេហូវ៉ាតម្រូវឲ្យអ្នកដែលតំណាងទ្រង់ ធ្វើជាគំរូល្អស្តីអំពី«សេចក្ដីបរិសុទ្ធ»។ (ធីម៉ូថេទី១ ៤:១២) គន្លងជីវិតនៃសិស្សព្រះយេស៊ូនៅសម័យដើម ដូចជាប៉ុលនិងធីម៉ូថេជាដើមបង្ហាញថា ពួកគេបានជៀសវាងពីអំពើអសីលធម៌ និងប៉ុលរហូតដល់បានសរសេរថា៖ «សេចក្ដីកំផិត[«ការសហាយស្មន់», ព.ថ.] សេចក្ដីស្មោកគ្រោកគ្រប់យ៉ាង នឹងសេចក្ដីលោភ នោះមិនត្រូវទាំងឲ្យឮឈ្មោះក្នុងពួកអ្នករាល់គ្នាផង ដូចជាគួរគប្បីក្នុងពួកបរិសុទ្ធ ព្រមទាំងរឿងគួរខ្មាស ពាក្យសំដីចំកួត នឹងពាក្យកំប្លែង[«ដ៏អាសអាភាស», ព.ថ.]»។—អេភេសូរ ៥:៣, ៤
២០, ២១. ហេតុអ្វីអ្នកយល់ព្រមនឹងអ្វីដែលសាវ័កយ៉ូហានបានសរសេរនៅយ៉ូហានទី១ ៥:៣?
២០ ទោះជាខ្នាតតម្រាសីលធម៌ដែលមានក្នុងព្រះបន្ទូលរបស់ព្រះគឺច្បាស់ និងជាក់លាក់យ៉ាងណាក៏ដោយនោះ ខ្នាតតម្រានោះគឺមិនមែនជាបន្ទុកធ្ងន់ទេ។ សាវ័កយ៉ូហាន ជាសាវ័កដែលបានរស់យូរជាងគេ បានយល់ចំណុចនេះយ៉ាងច្បាស់។ ដោយផ្អែកលើអ្វីដែលគាត់បានរៀនអស់រាប់ទសវត្សនោះ គាត់ដឹងថា សីលធម៌គ្រីស្ទានមិនមែននាំមកនូវការពិបាកទេ។ ផ្ទុយទៅវិញ សីលធម៌គ្រីស្ទានគឺល្អ ផ្ដល់ជាផលប្រយោជន៍ និងជាពរមួយ។ យ៉ូហានបានបញ្ជាក់ចំណុចនេះដោយសរសេរថា៖ «នេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់។ ឯបញ្ញត្តទ្រង់នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។—យ៉ូហានទី១ ៥:៣
២១ ប៉ុន្តែ សូមកត់សម្គាល់ថា យ៉ូហានមិនគ្រាន់តែថា ការស្ដាប់បង្គាប់ព្រះដោយកាន់តាមសីលធម៌គ្រីស្ទានគឺជាអ្វីដ៏ល្អបំផុត ដោយសារតែនោះជួយយើងរួចពីបញ្ហានិងលទ្ធផលអាក្រក់ពីអំពើអសីលធម៌ប៉ុណ្ណោះនោះទេ។ យ៉ូហានបានមានទស្សនៈត្រឹមត្រូវដោយមុនដំបូងទទួលស្គាល់ថា ការគោរពតាមសីលធម៌គ្រីស្ទានជាការបង្ហាញសេចក្ដីស្រឡាញ់របស់ខ្លួនចំពោះព្រះយេហូវ៉ា និងជាឱកាសពិសេសដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះទ្រង់។ ពិតមែនហើយ ការបង្រៀនខ្លួនឬអ្នកឯទៀតឲ្យស្រឡាញ់ព្រះ តម្រូវឲ្យយើងអនុវត្តតាមខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់ទ្រង់។ ពិតមែនហើយ នេះតម្រូវឲ្យយើងបង្រៀនខ្លួននិងអ្នកឯទៀតឲ្យកាន់តាមសីលធម៌គ្រីស្ទាន។
[កំណត់សម្គាល់]
a ទោះជាលោកយ៉ូសេហ្វឺសបានពណ៌នាថា សាសន៍យូដាមិនដែលប្រមាថដល់វត្ថុពិសិដ្ឋក៏ដោយនោះ តែលោកបានរំឭកពួកគេអំពីក្រិត្យវិន័យរបស់ព្រះដែលថា៖ «កុំប្រមាថដល់ព្រះដែលសាសន៍ផ្សេងទៀតថ្វាយបង្គំ ឬមួយក៏ប្លន់ព្រះវិហារ ឬមួយក៏យករតនវត្ថុដែលបានត្រូវថ្វាយចំពោះព្រះណាមួយឲ្យសោះ»។ (កំណែជាអក្សរទ្រេត)—ប្រវត្ដិសាស្ត្របុរាណរបស់សាសន៍យូដា សៀវភៅទី៤ ជំពូក៨ វគ្គ១០ (ជាភាសាអង់គ្លេស)
b ប្រវត្ដិសាស្ត្របុរាណរបស់សាសន៍យូដា សៀវភៅទី១៨ ជំពូក៣ វគ្គ៥
តើអ្នកចាំទេ?
• ហេតុអ្វីបានជាយើងត្រូវសិក្សាដើម្បីបង្រៀនខ្លួន មុនដែលយើងបង្រៀនអ្នកឯទៀត?
• តើទង្វើរបស់យើងអាចទាក់ទងព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
• តើអ្នកសហាយស្មន់ប្រហែលជារំលោភទៅលើសិទ្ធិរបស់អ្នកណាខ្លះ?
• តើអ្នកតាំងចិត្តធ្វើអ្វីស្តីអំពីសីលធម៌គ្រីស្ទាន?
[រូបភាពនៅទំព័រ៣០]
«បញ្ញត្តទ្រង់នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ»