ចូរដើរជាមួយនឹងព្រះនៅគ្រាច្របូកច្របល់នេះ!
«ហេណុកគាត់ជាអ្នកដើរជាមួយនឹងព្រះ។ នោះគាត់មិននៅទៀតទេ ពីព្រោះព្រះទ្រង់បានទទួលយកគាត់ទៅ»។—លោកុប្បត្តិ ៥:២៤
១. តើស្ថានភាពណាកំពុងតែធ្វើឲ្យគ្រាយើងនេះមានទុក្ខលំបាក?
គ្រាច្របូកច្របល់! ពាក្យនេះត្រូវបានពណ៌នាយ៉ាងត្រឹមត្រូវនូវសម័យយើងដែលពោរពេញទៅដោយសភាពចលាចលនិងអំពើឃោរឃៅចាប់តាំងពីព្រះរាជាណាចក្រនៃព្រះមេស្ស៊ីបានតាំងឡើងនៅឆ្នាំ១៩១៤។ ក្នុងកំឡុងច្រើនឆ្នាំចាប់តាំងពីនោះមក មនុស្សបានរស់នៅ«ជាន់ក្រោយបង្អស់»។ ទុក្ខវេទនាដូចជាទុរភិក្ស រោគរាតត្បាត រញ្ជួយដីនិងសង្គ្រាមបានញាំញីមនុស្សជាតិដល់ម្ល៉េះដែលពុំធ្លាប់មានពីមុនទេ។ (ធីម៉ូថេទី២ ៣:១; វិវរណៈ ៦:១-៨) ពួកអ្នកដែលថ្វាយបង្គំព្រះយេហូវ៉ាមិនបានរួចខ្លួនពីទុក្ខលំបាកទាំងនោះទេ។ មិនថាច្រើនឬតិចក្ដី យើងរាល់គ្នាត្រូវស៊ូទ្រាំទុក្ខលំបាកនិងភាពមិននឹងនរនៃគ្រានេះ។ បញ្ហាខាងសេដ្ឋកិច្ច ភាពចលាចលខាងរឿងនយោបាយ ឧក្រិដ្ឋកម្មនិងជំងឺជាដើម ជាអ្វីដែលធ្វើឲ្យជីវិតមានការពិបាកក្រៃលែង។
២. តើស្មរបន្ទាល់ព្រះយេហូវ៉ាជួបប្រទះនូវការពិបាកអ្វីខ្លះ?
២ បន្ថែមទៅទៀត រាស្ត្រជាច្រើនរបស់ព្រះយេហូវ៉ាបានស៊ូទ្រាំការបៀតបៀនជាខ្លាំងម្ដងហើយម្ដងទៀត កាលដែលសាតាំងច្បាំងទាស់នឹងពួកអ្នក«ដែលកាន់តាមបញ្ញត្តព្រះហើយមាន[កិច្ចការធ្វើ]បន្ទាល់ពីព្រះយេស៊ូវ»។ (វិវរណៈ ១២:១៧) ទោះបីជាយើងភាគច្រើនមិនធ្លាប់រងការបៀតបៀនផ្ទាល់ក៏ដោយ គ្រីស្ទានពិតទាំងឡាយត្រូវពុះពារទប់ទល់នឹងអារក្សសាតាំងនិងវិញ្ញាណឬចិត្តគំនិតដែលវាបណ្ដុះបណ្ដាលឲ្យមនុស្សមានក្នុងលោកីយ៍នេះ។ (អេភេសូរ ២:២; ៦:១២) យើងត្រូវប្រុងប្រៀបខ្លួនជានិច្ចកុំឲ្យវិញ្ញាណរបស់លោកីយ៍នេះមានឥទ្ធិពលលើយើង ដ្បិតយើងអាចប្រទះចិត្តគំនិតបែបនោះនៅឯកន្លែងធ្វើការ សាលារៀននិងកន្លែងផ្សេងៗទៀតដែលយើងសេពគប់ជាមួយនឹងមនុស្សដែលមិនចាប់អារម្មណ៍ចំពោះការថ្វាយបង្គំពិត។
ចូរដើរជាមួយនឹងព្រះ មិនមែនជាមួយនឹងសាសន៍ដទៃទេ
៣, ៤. តើពួកគ្រីស្ទានមានលក្ខណៈខុសប្លែកពីលោកីយ៍នេះយ៉ាងណាខ្លះ?
៣ នៅសតវត្សរ៍ទីមួយនោះ បណ្ដាគ្រីស្ទានក៏ត្រូវទប់ទល់យ៉ាងខ្លាំងនឹងវិញ្ញាណឬចិត្តគំនិតនៃលោកីយ៍នោះដែរ ហើយនេះក៏ធ្វើឲ្យពួកគេមានលក្ខណៈខុសប្លែកពីមនុស្សដែលមិនរួមចំណែកក្នុងក្រុមជំនុំគ្រីស្ទាន។ ប៉ុលបានពណ៌នាអំពីភាពខុសគ្នានោះពេលដែលគាត់សរសេរថា៖ «ខ្ញុំនិយាយសេចក្ដីនេះ ហើយធ្វើបន្ទាល់ក្នុងព្រះអម្ចាស់ថា កុំបីឲ្យអ្នករាល់គ្នាដើរដូចជាសាសន៍ដទៃឯទៀត ដែលគេដើរតាមគំនិតឥតប្រយោជន៍របស់គេទៀតឡើយ គំនិតគេត្រូវបង្អាប់ហើយគេដាច់ចេញពីព្រះជន្មព្រះដោយសារសេចក្ដីខ្លៅល្ងង់ក្នុងខ្លួនគេព្រោះចិត្តគេរឹងទទឹង។ គេលែងខ្លាចបាបបានជាគេប្រគល់ខ្លួនទៅខាងសេចក្ដីអាសអាភាសដើម្បីនឹងប្រព្រឹត្តសេចក្ដីស្មោកគ្រោកគ្រប់យ៉ាងដោយចិត្តវក់វិញ»។—អេភេសូរ ៤:១៧-១៩
៤ ពាក្យទាំងនោះពណ៌នាយ៉ាងច្បាស់អំពីភាពងងឹតងងល់ខាងវិញ្ញាណនិងខាងសីលធម៌នៃលោកីយ៍នេះ មិនថានៅសម័យសាវ័កប៉ុលឬនាបច្ចុប្បន្នកាលក្ដី! ដូចនៅសតវត្សរ៍ទីមួយនោះ ពួកគ្រីស្ទានសព្វថ្ងៃនេះមិន«ដើរដូចជាសាសន៍ដទៃ»ឡើយ។ ផ្ទុយទៅវិញ បណ្ដាគ្រីស្ទានពិតមានឯកសិទ្ធិអស្ចារ្យក្នុងការដើរជាមួយនឹងព្រះ។ ប៉ុន្តែ មនុស្សខ្លះប្រហែលជាសង្ស័យថា យើងជាមនុស្សដែលខ្សោយនិងមិនគ្រប់ល័ក្ខណ៍នោះ គ្មានលទ្ធភាពដើរជាមួយនឹងព្រះយេហូវ៉ាទេ។ យ៉ាងណាក៏ដោយ ព្រះគម្ពីរបង្ហាញថា មនុស្សយើងអាចដើរជាមួយនឹងព្រះបាន។ ម្យ៉ាងទៀត ព្រះយេហូវ៉ាតម្រូវឲ្យយើងធ្វើដូច្នេះ។ នៅសតវត្សរ៍ទីប្រាំបីមុនគ្រីស្ទសករាជ ព្យាការីមីកាបានសរសេរពាក្យដូចតទៅនេះដែលព្រះបានបណ្ដាលឲ្យគាត់សរសេរថា៖ «តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្ដេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួនដោយសុភាពរាបទាបប៉ុណ្ណោះ?»។—មីកា ៦:៨, កំណែជាអក្សរទ្រេត
តើយើងគួរដើរជាមួយនឹងព្រះដោយរបៀបណា? ហើយហេតុអ្វី?
៥. តើមនុស្សដែលមិនគ្រប់ល័ក្ខណ៍អាចដើរជាមួយនឹងព្រះបានយ៉ាងណា?
៥ តើយើងអាចដើរជាមួយនឹងព្រះដ៏មានព្រះចេស្ដាបំផុតដែលយើងមើលមិនឃើញបានយ៉ាងណា? គឺច្បាស់ហើយដែលយើងមិនអាចដើរជាមួយនឹងទ្រង់ដូចជាដើរជាមួយនឹងមនុស្សដទៃបានឡើយ។ ពាក្យ«ដើរ» ក្នុងព្រះគម្ពីរអាចសំដៅទៅលើ«ការប្រព្រឹត្តតាមមាគ៌ាណាមួយ»។a យ៉ាងនេះយើងយល់ថា មនុស្សដែលដើរជាមួយនឹងព្រះត្រូវមានមាគ៌ាស្របទៅតាមអ្វីដែលព្រះកំណត់ឲ្យ ហើយដែលផ្គាប់ព្រះហឫទ័យរបស់ទ្រង់។ ការដើរជាមួយនឹងព្រះនឹងធ្វើឲ្យយើងមានភាពខុសប្លែកពីមនុស្សភាគច្រើនជុំវិញយើង តែនេះជាមាគ៌ាត្រឹមត្រូវសំរាប់ជនគ្រីស្ទាន។ ហេតុអ្វី? មានមូលហេតុជាច្រើន។
៦, ៧. ហេតុអ្វីក៏ការដើរជាមួយនឹងព្រះជាមាគ៌ាល្អបំផុត?
៦ មូលហេតុទីមួយគឺពីព្រោះព្រះយេហូវ៉ាជាអ្នកបង្កើតយើង ទ្រង់ក៏ជាប្រភពនៃជីវិតយើង ហើយក៏ជាអ្នកប្រទានអ្វីៗទាំងអស់ដែលយើងត្រូវការដើម្បីរស់នៅ។ (វិវរណៈ ៤:១១) ដូច្នេះ មានតែទ្រង់ប៉ុណ្ណោះដែលមានសិទ្ធិដឹកនាំផ្លូវដែលយើងគួរដើរ។ បន្ថែមទៅទៀត ការដើរជាមួយនឹងព្រះជាផ្លូវដែលមានប្រយោជន៍ច្រើនបំផុត។ ចំពោះអស់អ្នកដែលដើរជាមួយនឹងព្រះយេហូវ៉ា ទ្រង់បានរៀបចំសំវិធានការមួយដើម្បីទទួលការអត់ទោសបាប ហើយទ្រង់ក៏ប្រទាននូវសេចក្ដីសង្ឃឹមដ៏ពិតឲ្យយើងរស់ជារៀងរហូត។ ព្រះវរបិតារបស់យើងនៅស្ថានសួគ៌ដែលពេញទៅដោយសេចក្ដីស្រឡាញ់ក៏ប្រទានឱវាទដែលបង្ហាញពីប្រាជ្ញារបស់ទ្រង់ ដើម្បីជួយអស់អ្នកដែលដើរជាមួយនឹងទ្រង់អាចមានជោគជ័យក្នុងជីវិតពេលឥឡូវនេះ ទោះជាអ្នកទាំងនោះមានភាពមិនគ្រប់ល័ក្ខណ៍ ហើយរស់នៅក្នុងលោកីយ៍ដែលក្រោមអំណាចរបស់សាតាំងក្ដី។ (យ៉ូហាន ៣:១៦; ធីម៉ូថេទី២ ៣:១៥, ១៦; យ៉ូហានទី១ ១:៨; ២:២៥; ៥:១៩) មូលហេតុមួយទៀតដែលយើងគួរដើរជាមួយនឹងព្រះគឺពីព្រោះការសុខចិត្តធ្វើដូច្នេះអាចជួយបណ្ដុះឲ្យមានសន្ដិភាពនិងសាមគ្គីភាពក្នុងក្រុមជំនុំគ្រីស្ទាន។—កូល៉ុស ៣:១៥, ១៦
៧ មូលហេតុចុងបង្អស់ដែលប្រហែលជាមូលហេតុសំខាន់បំផុតនោះគឺថា ពេលដែលយើងដើរជាមួយនឹងព្រះយើងបង្ហាញថាយើងគាំទ្រទ្រង់ស្តីអំពីរឿងចំណោទដែលបានចោទឡើងនៅក្នុងសួនច្បារអេដែន ពោលគឺ តើអ្នកណាជាអធិបតីសកលលោក? (លោកុប្បត្តិ ៣:១-៦) មាគ៌ាជីវិតយើងបង្ហាញថាយើងគាំទ្រយ៉ាងដាច់ខាតខាងព្រះយេហូវ៉ា ហើយយើងប្រកាសប្រាប់យ៉ាងអង់អាចថា មានតែទ្រង់ប៉ុណ្ណោះដែលមានសិទ្ធិធ្វើជាអធិបតីសកលលោក។ (ទំនុកដំកើង ៨៣:១៨) គឺយ៉ាងនេះហើយដែលយើងធ្វើតាមសេចក្ដីដែលយើងអធិស្ឋានពេលសូមឲ្យព្រះនាមព្រះបានបរិសុទ្ធ ហើយសូមឲ្យព្រះហឫទ័យទ្រង់បានសម្រេច។ (ម៉ាថាយ ៦:៩, ១០) មនុស្សដែលសម្រេចចិត្តដើរជាមួយនឹងព្រះ ពិតជាមានប្រាជ្ញាមែន! ពួកអ្នកនោះអាចដឹងច្បាស់ថា ខ្លួនកំពុងតែដើរតាមមាគ៌ាដ៏ត្រឹមត្រូវពីព្រោះមានតែព្រះយេហូវ៉ាទេ ដែល«មានប្រាជ្ញាតែ១ព្រះអង្គ»។ ទ្រង់មិនចេះធ្វើខុសឡើយ។—រ៉ូម ១៦:២៧
៨. តើសម័យរបស់ហេណុកនិងណូអេមានសភាពស្រដៀងនឹងសម័យយើងនេះយ៉ាងណាខ្លះ?
៨ ប៉ុន្តែ ធ្វើដូចម្ដេចឲ្យយើងរស់នៅស្របទៅតាមមាគ៌ាគ្រីស្ទាននៅគ្រាច្របូកច្របល់នេះដែលពេញទៅដោយមនុស្សដែលមិនចាប់អារម្មណ៍នឹងការបំរើព្រះយេហូវ៉ាទេ? យើងអាចឆ្លើយសំណួរនេះដោយគិតអំពីមនុស្សស្មោះភក្ដីពីបុរាណដែលបានរក្សាឲ្យមានចិត្តស្មោះគ្រប់ល័ក្ខណ៍ក្នុងកំឡុងគ្រាដ៏ពិបាកដែរ។ លោកហេណុកនិងណូអេជាបុរសពីរនាក់ដែលបានធ្វើដូច្នេះ។ បុរសពីរនាក់នោះបានរស់នៅគ្រាដែលមានសភាពស្រដៀងនឹងសម័យយើងនេះ។ សម័យទាំងពីរនោះមានអំពើឃោរឃៅជាទូទៅ។ នៅជំនាន់លោកណូអេ ផែនដីបានពេញទៅដោយអំពើឃោរឃៅនិងអំពើអនាចារ។ ប៉ុន្តែ ហេណុកនិងណូអេបានទប់ទល់នឹងវិញ្ញាណឬចិត្តគំនិតរបស់លោកីយ៍នោះ ហើយបានដើរជាមួយនឹងព្រះយេហូវ៉ា។ តើពួកគាត់អាចធ្វើដូច្នេះបានយ៉ាងណា? ដើម្បីឆ្លើយសំណួរនេះ អត្ថបទនេះនឹងពិគ្រោះអំពីគំរូរបស់លោកហេណុក។ អត្ថបទជាបន្ទាប់នឹងពិគ្រោះអំពីលោកណូអេវិញ។
ហេណុកបានដើរជាមួយនឹងព្រះនៅគ្រាច្របូកច្របល់
៩. តើយើងមានព័ត៌មានអ្វីខ្លះអំពីហេណុក?
៩ ហេណុកជាមនុស្សទីមួយដែលបទគម្ពីរពណ៌នាថាជាអ្នកដើរជាមួយនឹងព្រះ។ កំណត់ហេតុក្នុងព្រះគម្ពីរចែងថា៖ «ក្រោយគ្រាដែលបង្កើតមធូសាឡាមក នោះគាត់[ហេណុក]ក៏ដើរជាមួយនឹងព្រះ»។ (លោកុប្បត្តិ ៥:២២) ខនោះក៏ប្រាប់អំពីអាយុជីវិតហេណុកដែលមើលទៅដូចជាអាយុវែងបើប្រៀបធៀបនឹងអាយុជីវិតរបស់យើងនៅសព្វថ្ងៃនេះ តែតាមពិតគឺខ្លីណាស់សំរាប់មនុស្សនៅសម័យនោះ។ បន្ទាប់មកកំណត់ហេតុចែងទៀតថា៖ «ហេណុកគាត់ជាអ្នកដើរជាមួយនឹងព្រះ។ នោះគាត់មិននៅទៀតទេ ពីព្រោះព្រះទ្រង់បានទទួលយកគាត់ទៅ»។ (លោកុប្បត្តិ ៥:២៤) តាមមើលទៅ ព្រះយេហូវ៉ាបានដកលោកពីចំណោមមនុស្សរស់ឲ្យលក់ទៅក្នុងសេចក្ដីស្លាប់ មុនសត្រូវអាចចាប់ធ្វើទុក្ខដល់គាត់។ (ហេព្រើរ ១១:៥, ១៣) ក្រៅពីខគម្ពីរខ្លីៗទាំងប៉ុន្មាននេះ ព្រះគម្ពីរមិនសូវរៀបរាប់ច្រើនប៉ុន្មានអំពីហេណុកទេ។ យ៉ាងណាក្ដី ព័ត៌មាននេះរួមទាំងព័ត៌មានសម្គាល់ឯទៀតផ្ដល់ហេតុឲ្យយើងអះអាងថា ហេណុកបានរស់នៅគ្រាច្របូកច្របល់ណាស់!
១០, ១១. (ក) ក្រោយអ័ដាមនិងអេវ៉ាបានបះបោរប្រឆាំងនឹងព្រះ តើភាពខូចខាតបានរីករាលដាលបានយ៉ាងណា? (ខ) តើហេណុកបានផ្សព្វផ្សាយសារទំនាយអ្វី? តើគាត់ច្បាស់ជាបានជួបប្រទះប្រតិកម្មបែបណា?
១០ ជាឧទាហរណ៍ សូមគិតអំពីការរីករាលដាលនៃអំពើអាក្រក់ក្នុងចំណោមមនុស្សលោកក្រោយអ័ដាមបានធ្វើបាប។ ព្រះគម្ពីរប្រាប់ថា កូនប្រុសទីមួយរបស់អ័ដាម ឈ្មោះកាអ៊ីន បានក្លាយជាមនុស្សទីមួយដែលបានប្រព្រឹត្តអំពើឃាតកម្មពេលដែលគាត់សម្លាប់ប្អូនឈ្មោះអេបិល។ (លោកុប្បត្តិ ៤:៨-១០) ក្រោយពីអេបិលបានត្រូវសម្លាប់យ៉ាងសាហាវនោះ អ័ដាមនិងអេវ៉ាបានបង្កើតកូនប្រុសមួយទៀតដែលពួកគាត់ដាក់ឈ្មោះសេត។ យើងអានអំពីសេតថា៖ «សេតគាត់ក៏បង្កើតបានកូនប្រុស១ដែរ ដាក់ឈ្មោះថា អេណុស។ ហើយនៅជាន់នោះ គេចាប់តាំងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា»។ (លោកុប្បត្តិ ៤:២៥, ២៦) តែគួរឲ្យស្ដាយ ការ«អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា»នោះ ជាការក្បត់ជំនឿទៅវិញ។b ច្រើនឆ្នាំក្រោយកំណើតអេណុសនោះ កូនចៅម្នាក់របស់កាអ៊ីន ឈ្មោះឡាមេក បានតែងបទចំរៀងមួយសំរាប់ភរិយាពីរនាក់របស់ខ្លួន ហើយពាក្យក្នុងបទនោះប្រកាសថាឡាមេកបានសម្លាប់យុវបុរសម្នាក់ដែលបានធ្វើឲ្យគាត់មានរបួស។ ឡាមេកក៏បានព្រមានថា៖ «បើសិនជាត្រូវសងសឹកជួសកាអ៊ីន១ជា៧ដង នោះក៏ត្រូវសងសឹកជួសឡាមេក១ជា៧៧ដងវិញ»។—លោកុប្បត្តិ ៤:១០, ១៩, ២៣, ២៤
១១ ហេតុការណ៍សង្ខេបទាំងប៉ុន្មាននេះបង្ហាញថាការខូចខាតដែលសាតាំងបណ្ដាលឲ្យមានក្នុងសួនច្បារអេដែននោះ បានប្រែក្លាយយ៉ាងលឿនរហូតដល់នាំឲ្យមានអំពើអាក្រក់ពេញទូទៅក្នុងចំណោមពួកកូនចៅរបស់អ័ដាម។ ហេណុកបានធ្វើជាព្យាការីម្នាក់របស់ព្រះយេហូវ៉ាក្នុងលោកីយ៍បែបនោះ ហើយលោកបានបញ្ចេញពាក្យយ៉ាងខ្លាំងដែលនៅមានឥទ្ធិពលរហូតមកដល់យុគសម័យនេះដែរ។ លោកយូដាសរាយការណ៍ថា ហេណុកបានទាយថា៖ «មើល! ព្រះអម្ចាស់ទ្រង់យាងមកនៅកណ្ដាលពួកបរិសុទ្ធទ្រង់ទាំងសល់សែនដើម្បីនឹងកាត់ទោសដល់គ្រប់មនុស្សទាំងឡាយ ហើយនឹងរំឭកពួកទមិលល្មើសទាំងអម្បាលម៉ានឲ្យដឹងខ្លួនពីគ្រប់ទាំងការទមិលល្មើសដែលគេបានប្រព្រឹត្តធ្វើដោយចិត្តល្មើស ហើយពីអស់ទាំងសេចក្ដីរឹងទទឹងទាំងប៉ុន្មានដែលអស់ពួកទមិលល្មើសដ៏មានបាបទាំងនោះបានពោលទាស់នឹងទ្រង់»។ (យូដាស ១៤, ១៥) ពាក្យទាំងនោះត្រូវសម្រេចជាទីបំផុតនៅឯសង្គ្រាមអើម៉ាគេដូន។ (វិវរណៈ ១៦:១៤, ១៦) យ៉ាងណាក៏ដោយ យើងអាចជឿជាក់ថា សូម្បីតែនៅសម័យលោកហេណុកនោះក៏មាន«ពួកទមិលល្មើសដ៏មានបាប»ដែលមានចិត្តមួម៉ៅពេលបានឮទំនាយរបស់ហេណុក។ ព្រះយេហូវ៉ាពិតជាបានបង្ហាញនូវសេចក្ដីស្រឡាញ់ដោយយកព្យាការីនោះចេញ កុំឲ្យគេធ្វើបាបដល់គាត់!
តើអ្វីបានពង្រឹងកម្លាំងហេណុកឲ្យដើរជាមួយនឹងព្រះ?
១២. តើហេណុកនិងមនុស្សឯទៀតនៅសម័យគាត់មានលក្ខណៈខុសគ្នាយ៉ាងណា?
១២ នៅក្នុងសួនច្បារអេដែននោះ អ័ដាមនិងអេវ៉ាបានស្ដាប់តាមសាតាំង ហើយអ័ដាមបានប្រឆាំងនឹងព្រះយេហូវ៉ា។ (លោកុប្បត្តិ ៣:១-៦) កូនរបស់ពួកគាត់ ឈ្មោះអេបិល បានជ្រើសរើសមាគ៌ាខុសប្លែកពីនោះ ហើយព្រះយេហូវ៉ាសព្វព្រះហឫទ័យចំពោះអេបិល។ (លោកុប្បត្តិ ៤:៣, ៤) គួរឲ្យស្ដាយដែលកូនចៅភាគច្រើនរបស់អ័ដាមមិនបានធ្វើដូចអេបិលទេ។ យ៉ាងណាក្ដី ហេណុកដែលបានកើតមករាប់រយឆ្នាំក្រោយអេបិលនោះ បានធ្វើដូចគាត់វិញ។ តើហេណុកមានលក្ខណៈខុសគ្នាយ៉ាងណាពីកូនចៅឯទៀតរបស់អ័ដាម? សាវ័កប៉ុលបានឆ្លើយសំណួរនេះពេលដែលគាត់សរសេរថា៖ «ដោយសារសេចក្ដីជំនឿនោះហេណុកបានឡើងទៅលើ មិនបានឃើញសេចក្ដីស្លាប់ឡើយ ហើយគេរកគាត់មិនឃើញទៀតពីព្រោះព្រះបានយកគាត់ទៅ ដ្បិតកាលមុនដែលលើកយកគាត់ទៅ នោះមានសេចក្ដីបន្ទាល់ពីគាត់ថា ព្រះទ្រង់សព្វព្រះហឫទ័យនឹងគាត់ណាស់»។ (ហេព្រើរ ១១:៥) ហេណុកបានរួមចំណែកក្នុងចំណោម«ស្មរបន្ទាល់១ហ្វូងធំ»ដែលបានរស់មុនសម័យពួកគ្រីស្ទាន ហើយជាពួកអ្នកដែលតាំងគំរូអស្ចារ្យក្នុងការបង្ហាញជំនឿយ៉ាងរឹងមាំ។ (ហេព្រើរ ១២:១) ជំនឿនោះហើយជាអ្វីដែលបានជួយហេណុកឲ្យស៊ូទ្រាំទាំងប្រព្រឹត្តយ៉ាងល្អអស់មួយជីវិតប្រមាណជាង៣០០ឆ្នាំ ដែលវែងជាងជីវិតយើងភាគច្រើនសព្វថ្ងៃនេះជាងបីដងទៅទៀត!
១៣. តើហេណុកមានជំនឿបែបណា?
១៣ ប៉ុលបានពិពណ៌នាអំពីជំនឿរបស់ហេណុកនិងស្មរបន្ទាល់ឯទៀតពេលដែលគាត់សរសេរថា៖ «សេចក្ដីជំនឿនោះគឺជាចិត្តដែលដឹងជាក់ថា នឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ»។ (ហេព្រើរ ១១:១) ពិតមែនហើយ ជំនឿជាចិត្តដែលដឹងជាក់ដោយផ្អែកលើសេចក្ដីសន្យាផ្សេងៗ ថាអ្វីដែលយើងសង្ឃឹមទទួលនោះ នឹងសម្រេចជាមិនខាន។ ជំនឿនោះជាចិត្តដែលដឹងច្បាស់ដល់ម្ល៉េះបានជាមានអានុភាពលើការសម្រេចចិត្តរបស់យើងស្តីអំពីអ្វីជារឿងសំខាន់ចំបងក្នុងជីវិត។ ជំនឿបែបនេះបានជួយហេណុកដើរជាមួយនឹងព្រះទោះជាលោកីយ៍ជុំវិញគាត់មិនបានធ្វើដូច្នេះក៏ដោយ។
១៤. តើជំនឿរបស់ហេណុកប្រហែលជាមានមូលដ្ឋានលើចំណេះពិតអ្វីខ្លះ?
១៤ ជំនឿពិតតែងតែមានមូលដ្ឋានលើចំណេះពិត។ តើហេណុកមានចំណេះអំពីអ្វីខ្លះ? (រ៉ូម ១០:១៤, ១៧; ធីម៉ូថេទី១ ២:៤) ហេណុកពិតជាដឹងអំពីព្រឹត្ដិការណ៍ដែលបានកើតឡើងក្នុងសួនច្បារអេដែន។ គាត់ក៏ប្រហែលជាធ្លាប់ឮអំពីស្ថានភាពនៅក្នុងសួនច្បារដែលនៅស្រុកអេដែន ដែលប្រហែលជានៅមាននៅឡើយនាសម័យហេណុក ទោះជាគ្មានមនុស្សណាអាចចូលទីនោះបានទេ។ (លោកុប្បត្តិ ៣:២៣, ២៤) ហើយហេណុកក៏ដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះ ថាកូនចៅរបស់អ័ដាមនឹងរីកចំរើនរហូតដល់ពេញផែនដី ហើយត្រូវធ្វើឲ្យផែនដីទាំងមូលក្លាយទៅជាសួនមនោរម្យដូចមានពីដើមនោះ។ (លោកុប្បត្តិ ១:២៨) បន្ថែមទៅទៀត ហេណុកច្បាស់ជាស្រឡាញ់សេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថា ទ្រង់នឹងបង្កើតពូជមួយដែលនឹងកិនក្បាលសាតាំងនិងកែប្រែនូវលទ្ធផលអាក្រក់ដែលកើតមកពីការបោកបញ្ឆោតរបស់វា។ (លោកុប្បត្តិ ៣:១៥) ប្រាកដហើយ ទំនាយដែលព្រះបានបណ្ដាលឲ្យហេណុកសរសេរនោះ ដែលត្រូវកត់ទុកក្នុងសៀវភៅយូដាស ក៏សំដៅទៅលើការបំផ្លាញពូជរបស់សាតាំងដែរ។ ដោយសារហេណុកមានជំនឿ យើងដឹងថាគាត់បានថ្វាយបង្គំព្រះយេហូវ៉ាដែលជាព្រះមួយអង្គដែល«ប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់»។ (ហេព្រើរ ១១:៦) ដូច្នេះ ទោះជាហេណុកមិនមានចំណេះច្រើនស្មើនឹងចំណេះដែលយើងមានសព្វថ្ងៃនេះក្ដី គាត់ពិតជាមានចំណេះគ្រប់គ្រាន់ដើម្បីបង្កើតឲ្យមានមូលដ្ឋានល្អសំរាប់ជំនឿដ៏រឹងមាំ។ ដោយមានជំនឿរឹងមាំនោះ ហេណុកអាចរក្សាឲ្យមានចិត្តស្មោះគ្រប់ល័ក្ខណ៍ក្នុងកំឡុងគ្រាច្របូកច្របល់បាន។
ចូរត្រាប់តាមគំរូរបស់ហេណុកចុះ!
១៥, ១៦. តើយើងអាចធ្វើតាមគំរូរបស់ហេណុកបានយ៉ាងណា?
១៥ ដោយសារយើងចង់ផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ាក្នុងកំឡុងគ្រាច្របូកច្របល់នាយុគសម័យនេះដូចហេណុកបានធ្វើនោះ យកល្អឲ្យយើងធ្វើតាមគំរូរបស់គាត់។ យើងត្រូវទទួលនិងរក្សាឲ្យមានជាដរាបនូវចំណេះពិតអំពីព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់។ ប៉ុន្តែ យើងក៏ត្រូវធ្វើអ្វីទៀត។ យើងត្រូវអនុញ្ញាតឲ្យចំណេះពិតនោះនាំផ្លូវរបស់យើង។ (ទំនុកដំកើង ១១៩:១០១; ពេត្រុសទី២ ១:១៩) យើងត្រូវអនុញ្ញាតឲ្យគំនិតរបស់ព្រះដឹកនាំមាគ៌ាជីវិតយើង ព្រមទាំងខិតខំធ្វើឲ្យប្រាកដថា គ្រប់ទាំងគំនិតនិងការប្រព្រឹត្តរបស់យើងកំពុងតែផ្គាប់ព្រះហឫទ័យព្រះ។
១៦ គ្មានសេចក្ដីរាយការណ៍ណាបង្ហាញថាមនុស្សឯទៀតបានបំរើព្រះយេហូវ៉ានៅសម័យលោកហេណុកទេ ដូច្នេះយើងដឹងថាគាត់បានបំរើព្រះម្នាក់ឯងឬក្នុងចំណោមមនុស្សតិចណាស់។ យើងក៏មានគ្នាតិចដែរក្នុងលោកីយ៍នេះ តែនេះមិនធ្វើឲ្យយើងធ្លាក់ទឹកចិត្តទេ។ ព្រះយេហូវ៉ានឹងគាំទ្រយើង ថ្វីបើមនុស្សណាប្រឆាំងយើងក៏ដោយ។ (រ៉ូម ៨:៣១) ហេណុកមានចិត្តក្លាហានក្នុងការព្រមានអំពីសេចក្ដីហិនវិនាសនៃមនុស្សទមិលល្មើស។ យើងក៏មានចិត្តក្លាហានដែរពេលផ្សព្វផ្សាយ«ដំណឹងល្អនេះដែលសំដែងពីនគរ»ព្រះ មិនថាយើងជួបប្រទះនូវការប្រឆាំង ការចំអកមើលងាយឬការបៀតបៀនក៏ដោយ។ (ម៉ាថាយ ២៤:១៤) ហេណុកមិនបានរស់នៅយូរអង្វែងដូចមនុស្សជាច្រើននៅសម័យគាត់ទេ។ យ៉ាងណាក៏ដោយ គាត់មិនបានសង្ឃឹមលើលោកីយ៍នាសម័យនោះឡើយ តែបានផ្ដោតអារម្មណ៍លើអ្វីដែលសំខាន់ជាងនោះទៅទៀត។ (ហេព្រើរ ១១:១០, ៣៥) យើងក៏ផ្ដោតអារម្មណ៍ទៅលើការសម្រេចនៃបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ាដែរ។ ដូច្នេះ យើងមិនប្រើប្រាស់លោកីយ៍នេះឲ្យហួសប្រមាណទេ។ (កូរិនថូសទី១ ៧:៣១) ផ្ទុយទៅវិញ យើងប្រើកម្លាំងនិងធនធានរបស់យើងជាចំបងក្នុងការបំរើព្រះយេហូវ៉ា។
១៧. តើយើងមានចំណេះអ្វីខ្លះដែលហេណុកមិនមាននោះ? ដូច្នេះ តើយើងគួរធ្វើអ្វី?
១៧ ហេណុកមានជំនឿថាពូជដែលព្រះយេហូវ៉ាបានសន្យាប្រទានមកនោះ នឹងយាងមកតាមកំណត់ពេលរបស់ទ្រង់។ ឥឡូវ ជិត២.០០០ឆ្នាំបានកន្លងផុតទៅចាប់តាំងពីព្រះយេស៊ូគ្រីស្ទដែលជាពូជនោះបានលេចមក ទាំងផ្ដល់នូវតម្លៃលោះនិងបើកផ្លូវឲ្យយើងនិងស្មរបន្ទាល់ស្មោះភក្ដីទាំងឡាយពីបុរាណដូចហេណុកនោះ អាចទទួលបាននូវជីវិតជារៀងរហូត។ ពូជនោះកំពុងតែគ្រប់គ្រងជាស្តេចនៃព្រះរាជាណាចក្ររបស់ព្រះ ហើយបានទំលាក់សាតាំងចេញពីស្ថានសួគ៌មកឯផែនដីនេះ ហើយយើងកំពុងតែឃើញនូវទុក្ខវេទនានៅជុំវិញយើងជាលទ្ធផលនោះ។ (វិវរណៈ ១២:១២) ពិតមែនហើយ យើងមានចំណេះច្រើនជាងហេណុកពីបុរាណនោះឆ្ងាយណាស់! ដូច្នេះ ចូរឲ្យយើងមានជំនឿរឹងមាំដូចហេណុក។ ចូរឲ្យទំនុកចិត្តរបស់យើងទៅលើការសម្រេចនៃសេចក្ដីសន្យារបស់ព្រះមានឥទ្ធិពលលើអ្វីៗទាំងអស់ដែលយើងធ្វើ។ ចូរឲ្យយើងដើរដូចហេណុកដែរ គឺដើរជាមួយនឹងព្រះទោះជាកំពុងតែរស់នៅគ្រាច្របូកច្របល់ក៏ដោយ។
[កំណត់សម្គាល់]
a សូមមើលវគ្គ៦ នៅទំព័រទី២២០ ក្នុងក្បាលទី១នៃសៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរ (ជាភាសាអង់គ្លេស) បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
b មុនសម័យលោកអេណុស ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់អ័ដាម។ អេបិលបានថ្វាយដង្វាយមួយដែលផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា។ ព្រះក៏បានមានបន្ទូលទៅកាន់កាអ៊ីនដែរ មុនដែលចិត្តច្រណែនបានបណ្ដាលឲ្យគាត់មានកំហឹងរហូតដល់ប្រព្រឹត្តអំពើឃាតកម្ម។ អាស្រ័យហេតុនេះ ការចាប់ផ្ដើម«អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា»នោះ ជាការអំពាវនាវបែបផ្សេងពីមុនដែលមិនមែនជាការថ្វាយបង្គំបរិសុទ្ធទេ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើការដើរជាមួយនឹងព្រះមានន័យអ្វី?
• ហេតុអ្វីក៏ការដើរជាមួយនឹងព្រះជាមាគ៌ាដ៏ប្រសើរបំផុត?
• ទោះជាហេណុកបានរស់នៅគ្រាច្របូកច្របល់ក៏ដោយ តើអ្វីបានជួយឲ្យគាត់ដើរជាមួយនឹងព្រះបាន?
• តើយើងអាចធ្វើតាមគំរូរបស់ហេណុកបានយ៉ាងណា?
[រូបភាពនៅទំព័រ១០]
‹ហេណុកបានដើរជាមួយនឹងព្រះ›ដោយជំនឿរឹងមាំ
[រូបភាពនៅទំព័រ១២]
យើងជឿជាក់ថា សេចក្ដីសន្យារបស់ព្រះយេហូវ៉ានឹងសម្រេចជាក់ជាមិនខាន
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៨]
Woman, far right: FAO photo/B. Imevbore; collapsing building: San Hong R-C Picture Company