«ខំតយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ»
«ខំតយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច»។—យូដាស ៣
១. ក្នុងន័យយ៉ាងណា ដែលពួកគ្រីស្ទានពិតសព្វថ្ងៃនេះបានជាប់ក្នុងចម្បាំងមួយ?
ពួកទាហានក្នុងសង្គ្រាមមានជីវិតដ៏ពិបាកជានិច្ច។ សូមគិតអំពីការពាក់ខោអាវចម្បាំង ហើយដើរអស់ច្រើនគីឡូម៉ែត្រក្នុងគ្រប់អាកាសធាតុ ហើយទទួលការហាត់ដ៏នឿយហត់យ៉ាងខ្លាំងក្នុងការប្រើអាវុធ ឬក៏ត្រូវតែការពារខ្លួនពីការគំរាមកំហែងគ្រប់បែបយ៉ាង ដែលអាចនាំឲ្យស្លាប់ឬក៏របួសនោះវិញ។ ប៉ុន្តែ ពួកគ្រីស្ទានពិតពុំមានចំណែកក្នុងសង្គ្រាមនៃសាសន៍ទាំងឡាយទេ។ (អេសាយ ២:២-៤; យ៉ូហាន ១៧:១៤) ប៉ុន្តែ បើនិយាយខាងវិញ្ញាណ យើងមិនត្រូវភ្លេចឡើយថា យើងទាំងអស់គ្នានៅក្នុងសង្គ្រាម។ សាតាំងគឺមានសេចក្ដីស្អប់យ៉ាងខ្លាំងនឹងព្រះយេស៊ូគ្រីស្ទ និងពួកអ្នកកាន់តាមទ្រង់នៅលើផែនដីនេះ។ (វិវរណៈ ១២:១៧) មនុស្សគ្រប់គ្នាដែលសម្រេចចិត្តធ្វើការបំរើព្រះយេហូវ៉ា គឺចុះឈ្មោះជាពួកទាហានចូលធ្វើសង្គ្រាមខាងវិញ្ញាណ។—កូរិនថូសទី២ ១០:៤
២. តើយូដាសបានរៀបរាប់យ៉ាងណាអំពីសង្គ្រាមរបស់ពួកគ្រីស្ទាន ហើយតើសំបុត្ររបស់គាត់ជួយយើងឲ្យស៊ូទ្រាំយ៉ាងដូចម្ដេច?
២ យ៉ាងសមហេតុផលណាស់ យូដាសដែលជាប្អូនខាងម្ដាយរបស់ព្រះយេស៊ូ បានសរសេរថា៖ «ពួកស្ងួនភ្ងាអើយ កំពុងដែលខ្ញុំខ្មីឃ្មាតសរសេរពីសេចក្ដីសង្គ្រោះ ដែលសំរាប់យើងទាំងអស់គ្នា នោះខ្ញុំមានសេចក្ដីបង្ខំនឹងសរសេរ ផ្ញើមកអ្នករាល់គ្នា ទាំងទូន្មានឲ្យខំតយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច»។ (យូដាស ៣) នៅពេលដែលយូដាសបានដាស់តឿនពួកគ្រីស្ទានឲ្យ«ខំតយុទ្ធ» គាត់បានប្រើពាក្យដែលទាក់ទងនឹងពាក្យ«ការឈឺចាប់យ៉ាងខ្លាំង»។ ត្រូវហើយ ការតយុទ្ធនេះអាចទៅជាអ្វីដ៏ពិបាកមួយ ព្រមទាំងអ្វីដ៏ឈឺចាប់យ៉ាងខ្លាំងផង! តើអ្នកមានការពិបាកស៊ូទ្រាំនឹងការតយុទ្ធនេះនៅពេលខ្លះឬទេ? សំបុត្រពីយូដាសនេះ ទោះជាខ្លីក៏ដោយអាចមានឥទ្ធិពលជួយយើងបាន។ សំបុត្រនេះដាស់តឿនយើងឲ្យទប់ទល់នឹងអំពើឥតសីលធម៌ ហើយឲ្យគោរពតាមអាជ្ញាដែលព្រះស្ថាបនាឡើង ហើយឲ្យយើងរក្សាខ្លួនទុកក្នុងសេចក្ដីស្រឡាញ់របស់ព្រះ។ សូមឲ្យយើងពិនិត្យមើលនូវរបៀបដែលយើងអាចអនុវត្តតាមឱវាទនេះ។
ការទប់ទល់នឹងអំពើអសីលធម៌
៣. តើស្ថានការណ៍ដ៏អាសន្នអ្វីដែលប្រឈមមុខក្រុមជំនុំគ្រីស្ទាននៅសម័យរបស់យូដាស?
៣ យូដាសអាចឃើញថា មិនមែនពួកគ្រីស្ទានទាំងអស់ទេ ដែលកំពុងតែឈ្នះលើសាតាំងក្នុងចំបាំងនោះឡើយ។ ស្ថានការណ៍ដ៏អាសន្នបានប្រឈមមុខនឹងពួកហ្វូងចៀម។ យូដាសបានសរសេរថា ពួកមនុស្សដ៏ពុករលួយបាន«លួចចូល»។ ដោយកលល្បិច ពួកបុរសទាំងនេះបានលើកទឹកចិត្តឲ្យគេធ្វើអំពើឥតសីលធម៌។ ហើយគេបាននិយាយយ៉ាងប៉ិនប្រសប់ក្នុងការដោះសារនូវអំពើរបស់គេ ដោយ«បំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្ដីអាសអាភាស»។ (យូដាស ៤) ប្រហែលដូចពួកដែលមិនជឿព្រះខ្លះនៅពីបុរាណ គេបានវែកញែកថា បើបុគ្គលម្នាក់ប្រព្រឹត្តបាបឲ្យកាន់តែច្រើន នោះគេនឹងអាចទទួលនូវសេចក្ដីមេត្ដាករុណាពីព្រះក៏ច្រើនទៀតដែរ—ដូច្នេះជាការប្រសើរក្នុងការប្រព្រឹត្តបាបឲ្យបានច្រើនទៀត! ឬក៏គេប្រហែលជាគិតថា ព្រះបែបដ៏ស្លូតនេះនឹងមិនដាក់ទណ្ឌកម្មគេនោះទេ។ ទោះជាយ៉ាងណាក៏ដោយ គេបានគិតខុសហើយ។—កូរិនថូសទី១ ៣:១៩
៤. តើឧទាហរណ៍បីយ៉ាងណាក្នុងព្រះគម្ពីរ ដែលយូដាសរៀបរាប់អំពីការជំនុំជំរះរបស់ព្រះយេហូវ៉ា?
៤ យូដាសឆ្លើយបដិសេធនឹងការវែកញែកដ៏អាក្រក់របស់គេ ដោយរៀបរាប់ឧទាហរណ៍បីនៃការជំនុំជំរះរបស់ព្រះយេហូវ៉ា នៅសម័យពីដើម៖ ការជំនុំជំរះនូវ ពួកអ៊ីស្រាអែលដែលមិនបាន‹បង្ហាញជំនឿ› និង«ពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន» ដើម្បីនឹងប្រព្រឹត្តអំពើបាបជាមួយពួកស្ត្រី ហើយនិងជំនុំជំរះពួកអ្នកនៅក្នុងក្រុងសូដុំមនិងពួកកូម៉ូរ៉ា ដែល«គេបានប្រគល់ខ្លួនទៅប្រព្រឹត្តសេចក្ដីកំផិតដូចគ្នា ទាំងបណ្ដោយទៅតាមសាច់ដទៃ»។ (យូដាស ៥-៧; លោកុប្បត្តិ ៦:២-៤; ១៩:៤-២៥; ជនគណនា ១៤:៣៥) ក្នុងករណីនិមួយៗ ព្រះយេហូវ៉ាបាននាំឲ្យមានការជំនុំជំរះដ៏គ្រប់ពេញទីមកលើពួកអ្នកដែលបានប្រព្រឹត្តអំពើបាបទាំងនោះ។
៥. តើយូដាសបានដកស្រង់ពាក្យពីព្យាការីនៅពីបុរាណមួយណា ហើយតើទំនាយនោះបានថ្លែងអំពីការសម្រេចពិតប្រាកដយ៉ាងដូចម្ដេច?
៥ ក្រោយមក យូដាសសំដៅទៅការជំនុំជំរះដែលមានកាន់តែច្រើនជាងនោះទៅទៀត។ គាត់បានដកស្រង់ពីទំនាយរបស់អេណុក ដែលពាក្យទាំងនេះមិនមាននៅឯណាទៀតក្នុងបទគម្ពីរបរិសុទ្ធ។a (យូដាស ១៤, ១៥) លោកអេណុកបានទាយប្រាប់អំពីគ្រាដែលព្រះយេហូវ៉ានឹងជំនុំជំរះពួកទមិលល្មើសទាំងអម្បាលម៉ាន និងអំពើដ៏អាក្រក់របស់គេ។ គួរឲ្យចាប់អារម្មណ៍ណាស់ អេណុកបាននិយាយដោយប្រើពាក្យជាអតីតកាល ដ្បិតការជំនុំជំរះរបស់ព្រះ គឺពិតប្រាកដដ៏ម្ល៉េះ នេះហាក់ដូចជាបានកើតឡើងរួចទៅហើយ។ មនុស្សប្រហែលជាបានចំអកមើលងាយដាក់អេណុក និងលោកណូអេ ប៉ុន្តែពួកមនុស្សចំអកបែបនេះ បានលង់ទឹកស្លាប់ពេលទឹកជំនន់បានពេញពិភពលោកទៅហើយ។
៦. (ក) តើពួកគ្រីស្ទាននៅសម័យយូដាសត្រូវបានរំឭកអំពីអ្វី? (ខ) ហេតុអ្វីក៏យើងត្រូវធ្វើតាមការរំឭករបស់យូដាស?
៦ ហេតុអ្វីក៏យូដាសបានសរសេរអំពីការជំនុំជំរះនេះរបស់ព្រះ? ពីព្រោះលោកបានដឹងថា អ្នកខ្លះដែលបានចូលរួមជាមួយក្រុមជំនុំគ្រីស្ទានក្នុងសម័យនោះ បានប្រព្រឹត្តអំពើបាបដ៏អាក្រក់ ហើយត្រូវទទួលទោស ដូចពួកដែលនាំឲ្យមានការជំនុំជំរះពីមុនៗ។ ដូច្នេះ យូដាសសរសេរថា ក្រុមជំនុំនិមួយៗត្រូវបានរំឭកអំពីសេចក្ដីពិតខាងវិញ្ញាណដ៏សំខាន់ៗ។ (យូដាស ៥) ពួកគេច្បាស់ជាភ្លេចថាព្រះយេហូវ៉ាបានទតឃើញនូវអ្វីដែលគេកំពុងតែធ្វើ។ ត្រូវហើយ នៅពេលដែលពួកអ្នកបំរើរបស់ទ្រង់បានបំពានច្បាប់ទ្រង់ដោយចេតនា ដែលធ្វើខ្លួននិងអ្នកដទៃឲ្យបានប្រឡាក់ នោះទ្រង់ទតឃើញហើយ។ (សុភាសិត ១៥:៣) ការប្រព្រឹត្តបែបនេះធ្វើឲ្យទ្រង់ឈឺព្រះហឫទ័យណាស់។ (លោកុប្បត្តិ ៦:៦; ទំនុកដំកើង ៧៨:៤០) ជាអ្វីដ៏គួរឲ្យអស្ចារ្យណាស់ ដែលយើងជាមនុស្សអាចមានឥទ្ធិពលលើព្រះហឫទ័យ នៃព្រះអម្ចាស់មហាក្សត្រនៃសកលលោកនេះ។ ទ្រង់ទតមើលយើងរៀងរាល់ថ្ងៃ ហើយនៅពេលដែលយើងខំប្រឹងធ្វើតាមដានរបស់បុត្រាទ្រង់ ព្រះយេស៊ូគ្រីស្ទ នោះចរិយារបស់យើងធ្វើឲ្យទ្រង់មានព្រះហឫទ័យសប្បាយដែរ។ ដូច្នេះ សូមកុំឲ្យយើងតូចចិត្តនឹងការរំឭករបស់យូដាសឲ្យសោះ ប៉ុន្តែសូមឲ្យយើងធ្វើតាមឱវាទនោះចុះ។—សុភាសិត ២៧:១១; ពេត្រុសទី១ ២:២១
៧. (ក) ហេតុអ្វីក៏ជាការសំខាន់ចំពោះអស់អ្នកដែលប្រព្រឹត្តអំពើខុសទំនងដ៏ធ្ងន់ ក្នុងការរកជំនួយភ្លាមនោះ? (ខ) តើយើងរាល់គ្នាអាចចៀសវាងពីអំពើឥតសីលធម៌យ៉ាងដូចម្ដេចបាន?
៧ ព្រះយេហូវ៉ាមិនគ្រាន់តែទតឃើញប៉ុណ្ណោះ តែទ្រង់ក៏ចាត់វិធានការដែរ។ ជាព្រះនៃសេចក្ដីយុត្ដិធម៌ នោះទ្រង់នឹងនាំឲ្យមានការជំនុំជំរះលើពួកអ្នកប្រព្រឹត្តអាក្រក់ តែក្នុងគ្រាកំណត់របស់ទ្រង់។ (ធីម៉ូថេទី១ ៥:២៤) អស់អ្នកដែលវែកញែកថា ការជំនុំជំរះរបស់ទ្រង់គ្រាន់តែជារឿងក្នុងប្រវត្ដិសាស្ត្រ ហើយថាទ្រង់ឥតខ្វល់ខ្វាយនឹងអំពើអាក្រក់ នោះគេច្បាស់ជានិយាយបំភាន់ខ្លួនឯងហើយ។ គឺជាការសំខាន់ណាស់ ចំពោះអ្នកណាដែលជាប់ធ្វើអំពើឥតសីលធម៌នៅសព្វថ្ងៃនេះ ឲ្យមករកជំនួយពីពួកអ្នកចាស់ទុំគ្រីស្ទានជាប្រញាប់! (យ៉ាកុប ៥:១៤, ១៥) យើងគ្រប់គ្នាប្រហែលជាបានគិតឲ្យបានមធ្យ័ត ដោយការគំរាមកំហែងនៃអំពើឥតសីលធម៌ក្នុងការតយុទ្ធខាងវិញ្ញាណរបស់យើង។ រៀងរាល់ឆ្នាំគឺមានគ្រោះថ្នាក់ ជាបុគ្គលដែលបានបណ្ដេញចេញពីចំណោមយើង ហើយភាគច្រើននៃចំនួននេះ ជាពួកអ្នកប្រព្រឹត្តអំពើអសីលធម៌ ដែលមិនព្រមកែប្រែចិត្ត។ យើងត្រូវតែប្ដេជ្ញាតទល់នឹងសេចក្ដីល្បួងណា ដែលប្រហែលជាចាប់ផ្ដើមនាំយើងឲ្យទៅតាមផ្លូវបែបនេះ។—ប្រៀបធៀប ម៉ាថាយ ២៦:៤១
គោរពតាមអាជ្ញាដែលព្រះស្ថាបនាឡើង
៨. តើអ្នកណាជា«ពួកប្រសើរឧត្តម»ដែលបានរៀបរាប់នៅក្នុងយូដាស ៨?
៨ បញ្ហាមួយទៀតដែលយូដាសបានលើកមកពិគ្រោះ គឺជាការឥតគោរពតាមអាជ្ញាដែលព្រះស្ថាបនាឡើង។ ជាឧទាហរណ៍ ក្នុងខ៨ គាត់បានចោទប្រកាន់ពួកបុរសដ៏អាក្រក់ដដែលនេះ ថាគេ«ជេរប្រមាថដល់ពួកប្រសើរឧត្តមផង»។ តើ«ពួកប្រសើរឧត្តម»ជាអ្នកណា? ពួកគេជាបុរសដែលឥតគ្រប់ល័ក្ខណ៍ ប៉ុន្តែមានភារៈដាក់មកលើគេដោយវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ ក្រុមជំនុំទាំងឡាយមានពួកអ្នកចាស់ទុំ ដែលបានទទួលខុសត្រូវធ្វើការគង្វាលហ្វូងចៀមរបស់ព្រះ។ (ពេត្រុសទី១ ៥:២) គឺមានពួកអ្នកធ្វើដំណើរត្រួតពិនិត្យដែរ ដូចជាសាវ័កប៉ុល។ ហើយក្រុមអ្នកចាស់ទុំក្នុងក្រុងយេរូសាឡិមបានធ្វើជាគណៈអភិបាល ដែលការធ្វើសេចក្ដីសម្រេចដែលមានឥទ្ធិពលលើក្រុមជំនុំគ្រីស្ទានទាំងឡាយ។ (កិច្ចការ ១៥:៦) យូដាសបានខ្វល់ខ្វាយយ៉ាងខ្លាំង ដោយសារបុគ្គលខ្លះៗក្នុងក្រុមជំនុំបាននិយាយមើលងាយឬប្រមាថដល់ពួកបុរសបែបនេះ។
៩. តើឧទាហរណ៍អ្វីដែលស្តីអំពីការមិនគោរពដល់អំណាច ដែលយូដាសបានរៀបរាប់នោះ?
៩ ដើម្បីនឹងស្តីបន្ទោសការនិយាយដ៏មិនគោរពនេះ ក្នុងខ១១ យូដាសបានរៀបរាប់ឧទាហរណ៍បីយ៉ាងទៀត ទុកជាការរំឭក គឺជា៖ កាអ៊ីន បាឡាម និងកូរេ។ កាអ៊ីនបានមិនអើពើនូវឱវាទដ៏ជាទីស្រឡាញ់របស់ព្រះយេហូវ៉ា ហើយបានបន្តតាមផ្លូវសម្អប់ចង់សម្លាប់របស់គាត់។ (លោកុប្បត្តិ ៤:៤-៨) បាឡាមបានទទួលការព្រមានម្ដងហើយម្ដងទៀត ដែលច្បាស់ជាមកពីប្រភពអធិធម្មជាតិ ដែលសូម្បីតែសត្វលារបស់គាត់ក៏បាននិយាយប្រាប់គាត់ដែរ! ប៉ុន្តែ បាឡាមបន្តយ៉ាងកំណាញ់តាមផ្លូវរបស់គាត់ ដើម្បីប្រឆាំងនឹងរាស្ត្ររបស់ព្រះ។ (ជនគណនា ២២:២៨, ៣២-៣៤; ចោទិយកថា ២៣:៥) កូរេមានឋានៈខ្ពស់ទទួលខុសត្រូវហើយ ប៉ុន្តែគាត់មិនពេញចិត្តទាំងស្រុងនោះទេ។ គាត់បានបណ្ដាលឲ្យមានការបះបោរនឹងបុរសដ៏សុភាពបំផុតនៅលើផែនដី គឺម៉ូសេ។—ជនគណនា ១២:៣; ១៦:១-៣, ៣២
១០. តើតាមរបៀបណាដែលមនុស្សខ្លះនៅសព្វថ្ងៃនេះធ្លាក់ក្នុងអន្ទាក់នៃការ«ជេរប្រមាថដល់ពួកប្រសើរឧត្តម» ហើយហេតុអ្វីក៏យើងត្រូវចៀសវាងការនិយាយបែបនេះ?
១០ ឧទាហរណ៍ទាំងនេះបង្រៀនយើងយ៉ាងច្បាស់ ឲ្យស្ដាប់តាមឱវាទហើយឲ្យគោរពតាមអ្នកណាដែលព្រះយេហូវ៉ាប្រើ ក្នុងឋានៈមើលការខុសត្រូវ! (ហេព្រើរ ១៣:១៧) គឺជាការស្រួលមែនក្នុងការរកកំហុសរបស់ពួកអ្នកចាស់ទុំដែលបានតែងតាំង ដ្បិតគេជាមនុស្សដែលឥតគ្រប់ល័ក្ខណ៍ដូចយើងដែរ។ ប៉ុន្តែ ប្រសិនបើយើងគិតតែលើកំហុសរបស់គេ ហើយមិនគោរពដល់គេ នោះតើយើងប្រហែលជា«ជេរប្រមាថដល់ពួកប្រសើរឧត្តម»ទេដឹង? ក្នុងខ១០ យូដាសបានរៀបរាប់អំពីអស់អ្នកដែល«ជេរប្រមាថដល់ទាំងអ្វីៗដែលគេមិនស្គាល់ផង»។ នៅពេលខ្លះ មនុស្សខ្លះនឹងរិះគន់នឹងសេចក្ដីសម្រេចចិត្តដែលបានធ្វើឡើងដោយក្រុមអ្នកចាស់ទុំឬ ដោយគណៈកម្មាធិការវិនិច្ឆ័យមួយ។ ប៉ុន្តែ ពួកគេមិនបានចូលរួមដឹងអំពីសេចក្ដីល្អិតល្អន់ ដែលពួកអ្នកចាស់ទុំត្រូវតែពិចារណា ក្នុងការធ្វើសេចក្ដីសម្រេចចិត្តនោះទេ។ ដូច្នេះ ហេតុអ្វីក៏ជេរប្រមាថអំពីអ្វីដែលគេមិនស្គាល់សោះនោះ? (សុភាសិត ១៨:១៣) ពួកអ្នកដែលខំចង់និយាយយ៉ាងអវិជ្ជមាន អាចនាំឲ្យមានការបែកខ្ញែកក្នុងក្រុមជំនុំ ហើយប្រហែលជាអាចប្រដូចទៅនឹង«ដុំស្មោកគ្រោក» នៅកន្លែងមកចូលរួមនៃពួកអ្នកជឿគ្នីគ្នា។ (យូដាស ១២, ១៦, ១៩) ហើយយើងក៏មិនចង់ធ្វើជាគ្រោះថ្នាក់ខាងវិញ្ញាណដល់អ្នកដទៃឡើយ។ ផ្ទុយទៅវិញ សូមឲ្យយើងរាល់គ្នាសម្រេចចិត្តធ្វើការអបអរនឹងបុរសដែលមើលខុសត្រូវទាំងនេះ ដោយកិច្ចការនិងចិត្តភក្ដីរបស់គេចំពោះហ្វូងចៀមរបស់ព្រះ។—ធីម៉ូថេទី១ ៥:១៧
១១. ហេតុអ្វីក៏មីកែលបានទប់ខ្លួនពីការជំនុំជំរះសាតាំង ដោយពាក្យប្រមាថនោះទេ?
១១ យូដាសរៀបរាប់អំពីគំរូនៃបុគ្គលមួយអង្គ ដែលបានគោរពតាមអំណាចដែលបានតែងតាំងមក។ គាត់សរសេរថា៖ «រីឯមីកែល ជាមហាទេវតា លោកមិនហ៊ានប្ដឹងប្រមាថដល់អារក្ស ក្នុងកាលដែលកំពុងតែជជែកនឹងវា ទាំងប្រកែកពីដំណើរសពរបស់លោកម៉ូសេនោះទេ គឺបាននិយាយដូច្នេះវិញថា សូមឲ្យព្រះអម្ចាស់បន្ទោសឯងចុះ»។ (យូដាស ៩) ដំណើររឿងដ៏អស្ចារ្យនេះ ដែលមានតែយូដាសបានកត់ទុកក្នុងបទគម្ពីរ គឺបង្រៀនមេរៀនដ៏ច្បាស់ពីរយ៉ាង។ ទីមួយ គឺបង្រៀនយើងឲ្យទុកការជំនុំជំរះជាមួយព្រះយេហូវ៉ា។ យ៉ាងច្បាស់ណាស់ សាតាំងចង់ប្រើយ៉ាងមិនត្រឹមត្រូវនូវសពនៃបុរសស្មោះត្រង់ គឺលោកម៉ូសេ ក្នុងការបណ្ដាលឲ្យមានការថ្វាយបង្គំខ្លែងក្លាយ។ នេះជាអំពើដ៏អាក្រក់មែន! ប៉ុន្តែ ដោយចិត្តរាបទាប មីកែលបានទប់ចិត្តពីការជំនុំជំរះ ដ្បិតមានតែព្រះយេហូវ៉ាទេដែលមានអំណាចនោះ។ ដូច្នេះ ជាការសំខាន់ណាស់ ដែលយើងត្រូវចៀសវាងពីការជំនុំជំរះពួកបុរសដ៏ស្មោះត្រង់ ដែលខំបំរើព្រះយេហូវ៉ា ទោះជាគេមិនគ្រប់ល័ក្ខណ៍យ៉ាងណាក៏ដោយនោះ។
១២. តើពួកដែលមានភារៈមើលខុសត្រូវក្នុងក្រុមជំនុំគ្រីស្ទានអាចរៀនអ្វី ពីគំរូរបស់មីកែល?
១២ ម្យ៉ាងវិញទៀត ពួកអ្នកដែលមានអំណាចក្នុងក្រុមជំនុំ ក៏អាចរៀនមេរៀនពីមីកែលដែរ។ ដ្បិតទោះជាមីកែលជា«មហាទេវតា» ឬក៏ជាមេទេវតាទាំងអស់ក៏ដោយ ទ្រង់មិនបានប្រើអំណាចទ្រង់យ៉ាងឥតត្រឹមត្រូវឡើយ ទោះជាគេនាំឲ្យមានការរករឿងក៏ដោយ។ ពួកអ្នកចាស់ទុំដ៏ស្មោះត្រង់ធ្វើតាមគំរូនេះយ៉ាងដិតដល់ ដោយទទួលស្គាល់ថាការប្រើអំណាចរបៀបឥតត្រឹមត្រូវ គឺជាការឥតគោរពដល់អធិបតេយ្យភាពរបស់ព្រះយេហូវ៉ា។ សំបុត្ររបស់យូដាសបាននិយាយជាច្រើនអំពី ពួកបុរសដែលមានឋានៈគួរឲ្យគោរពស្តីអំពីក្រុមជំនុំ ប៉ុន្តែដែលជាទីបំផុតបានរំលោភលើអំណាចរបស់គេទៅវិញ។ ជាឧទាហរណ៍ ក្នុងខ១២ទៅ១៤ យូដាសបានសរសេរពាក្យកាត់ទោសយ៉ាងខ្លាំងនូវអ្នកគង្វាលដែល«បរិភោគជាមួយឥតខ្លាច ទាំងចិញ្ចឹមតែខ្លួនគេ»។ (ប្រៀបធៀប អេសេគាល ៣៤:៧-១០) នេះមានសេចក្ដីថា គោលបំណងរបស់គេ គឺដើម្បីឲ្យគេបានប្រយោជន៍ខ្លួនឯង មិនមែនគិតអំពីហ្វូងចៀមរបស់ព្រះយេហូវ៉ាទេ។ ពួកអ្នកចាស់ទុំនៅសព្វថ្ងៃនេះក៏អាចរៀនមេរៀនពីឧទាហរណ៍ដ៏អវិជ្ជមាននេះដែរ។ ពិតមែន ពាក្យសំដីរបស់យូដាសរៀបរាប់យ៉ាងច្បាស់អំពីអ្វីដែលយើងមិនចង់ក្លាយទៅជាទេ។ នៅពេលដែលយើងចុះចូលនឹងចិត្តកំណាញ់ នោះយើងមិនអាចជាទាហានរបស់ព្រះគ្រីស្ទទេ ព្រោះយើងរវល់តែនឹងតយុទ្ធចំពោះខ្លួនឯង។ ផ្ទុយទៅវិញ សូមឲ្យយើងធ្វើតាមបន្ទូលរបស់ព្រះយេស៊ូ៖ «ដែលឲ្យ នោះបានពរជាជាងទទួល»។—កិច្ចការ ២០:៣៥
«ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះ»
១៣. ហេតុអ្វីក៏យើងរាល់គ្នាខំប្រឹងក្នុងការ‹រក្សាខ្លួនឲ្យនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ›?
១៣ មកដល់ទីបញ្ចប់នៃសំបុត្ររបស់គាត់ យូដាសបានផ្ដល់ឱវាទដ៏កក់ក្ដៅនេះថា៖ «ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះចុះ»។ (យូដាស ២០) គ្មានអ្វីមួយដែលនឹងជួយយើងឲ្យតយុទ្ធក្នុងសង្គ្រាមគ្រីស្ទាន ជាងរបស់មួយនេះឡើយ គឺការនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ ដ្បិត សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិដែលលេចចេញឡើងជាងគេរបស់ព្រះយេហូវ៉ា។ (យ៉ូហានទី១ ៤:៨) ប៉ុលបានសរសេរទៅពួកគ្រីស្ទាននៅក្នុងរ៉ូមថា៖ «ដ្បិតខ្ញុំជឿជាក់ថាទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្ដី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ»។ (រ៉ូម ៨:៣៨, ៣៩) ប៉ុន្តែ តើតាមរបៀបណាដែលយើងរក្សាខ្លួននៅក្នុងសេចក្ដីស្រឡាញ់នោះ? សូមកត់សម្គាល់នូវជំហានបីយ៉ាងដែលយើងអាចធ្វើយោងទៅតាមយូដាស។
១៤, ១៥. (ក) តើមានន័យយ៉ាងណាក្នុងការ‹ស្អាងខ្លួនយើងក្នុងសេចក្ដីជំនឿដ៏បរិសុទ្ធបំផុតរបស់យើង›? (ខ) តើតាមរបៀបណាដែលយើងអាចពិនិត្យមើលស្ថានភាព នៃអាវក្រោះខាងវិញ្ញាណរបស់យើង?
១៤ នៅទីមួយ យូដាសប្រាប់យើងឲ្យបន្តស្អាងឡើងលើ«សេចក្ដីជំនឿដ៏បរិសុទ្ធបំផុត»។ (យូដាស ២១) ដូចជាយើងបានឃើញក្នុងអត្ថបទនៅពីមុខ នេះជាដំណើរដែលមានបន្តទៅមុខ។ យើងដូចជាអាគារ ដែលត្រូវបានពង្រឹងជាច្រើនទៀត ដើម្បីទប់ទល់នឹងរបស់ខាងក្រៅ។ (ប្រៀបធៀប ម៉ាថាយ ៧:២៤, ២៥) ដូច្នេះ សូមកុំឲ្យយើងទុកចិត្តលើខ្លួនហួសហេតុពេក។ ផ្ទុយទៅវិញ យើងត្រូវគិតមើលនៅកន្លែងណាដែលយើងអាចស្អាងខ្លួនលើគ្រឹះនៃជំនឿរបស់យើង ដើម្បីទៅជាខ្លាំងមាំមួន ជាទាហានដ៏ស្មោះត្រង់ថែមទៀតរបស់ព្រះគ្រីស្ទ។ ជាឧទាហរណ៍ យើងអាចពិចារណាមើលសមាសភាគនៃក្រោះខាងវិញ្ញាណ ដែលបានរៀបរាប់នៅអេភេសូរ ៦:១១-១៨។
១៥ តើអាវក្រោះខាងវិញ្ញាណរបស់យើងមានស្ថានភាពយ៉ាងណា? តើ«សេចក្ដីជំនឿទុកជាខែល»របស់យើងនៅខ្លាំងឬទេ? កាលដែលយើងពិនិត្យមើលទៅឆ្នាំមុនៗនេះ តើយើងឃើញសញ្ញាដែលបង្ហាញនូវភាពបន្ថយ ដូចជាការបន្ថយក្នុងការចូលប្រជុំ ការដែលឥតមានចិត្តខ្នះខ្នែងចំពោះការផ្សាយ ឬការបាត់បង់នូវសេចក្ដីសាទរចំពោះការសិក្សាផ្ទាល់ខ្លួន? សញ្ញាសម្គាល់បែបនេះជាការមិនលេងសើចទេ! យើងត្រូវតែចាត់វិធានការឥឡូវនេះ ដើម្បីស្អាងនិងពង្រឹងខ្លួនយើងក្នុងសេចក្ដីពិត។—ធីម៉ូថេទី១ ៤:១៥; ធីម៉ូថេទី២ ៤:២; ហេព្រើរ ១០:២៤, ២៥
១៦. តើមានន័យយ៉ាងណាក្នុងការអធិស្ឋានដោយវិញ្ញាណបរិសុទ្ធ ហើយតើអ្វីមួយដែលយើងត្រូវសុំពីព្រះយេហូវ៉ាជាញឹកញយ?
១៦ ផ្លូវទីពីរដើម្បីនឹងរក្សាខ្លួនឲ្យនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ គឺត្រូវឲ្យបន្ត«អធិស្ឋាន ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង»។ (យូដាស ២១) នេះមានសេចក្ដីថា ឲ្យអធិស្ឋាននៅក្រោមឥទ្ធិពលនៃវិញ្ញាណរបស់ព្រះយេហូវ៉ា ហើយឲ្យសមស្របជាមួយនឹងបន្ទូលរបស់ព្រះ។ ការអធិស្ឋានជាផ្លូវដ៏សំខាន់មួយដើម្បីទៅជិតព្រះយេហូវ៉ាផ្ទាល់ខ្លួន ហើយសម្ដែងភក្ដីភាពរបស់យើងចំពោះទ្រង់។ យើងមិនត្រូវភ្លេចអំពីឯកសិទ្ធិដ៏អស្ចារ្យនេះឡើយ! ហើយនៅពេលដែលយើងអធិស្ឋាន យើងអាចបន្តសុំវិញ្ញាណបរិសុទ្ធវិញ។ (លូកា ១១:១៣) នេះជាកម្លាំងដ៏ខ្លាំងបំផុតដែលយើងអាចទទួលបាន។ ដោយមានជំនួយបែបនេះ យើងអាចរក្សាខ្លួននៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជានិច្ច ហើយអាចស៊ូទ្រាំជាពួកទាហានរបស់ព្រះគ្រីស្ទ។
១៧. (ក) ហេតុអ្វីក៏គំរូរបស់យូដាសក្នុងរឿងចិត្តអាណិតជាការគួរឲ្យអស្ចារ្យម្ល៉េះ? (ខ) តើយើងម្នាក់ៗអាចបន្តក្នុងការបង្ហាញចិត្តអាណិតយ៉ាងដូចម្ដេច?
១៧ ទីបី យូដាសដាស់តឿនយើងឲ្យបន្តក្នុងការបង្ហាញនូវចិត្តអាណិត។ (យូដាស ២២) គំរូរបស់គាត់ផ្ទាល់ស្តីអំពីរឿងនេះ ជាការដ៏អស្ចារ្យមែន។ ដ្បិត ជាការត្រឹមត្រូវហើយដែលគាត់បានខ្វល់ខ្វាយនឹងការពុករលួយ អំពើឥតសីលធម៌ និងសេចក្ដីក្បត់ជំនឿដែលកំពុងតែជ្រាបចូលក្នុងក្រុមជំនុំ។ យ៉ាងណាក៏ដោយ គាត់មិនបានទៅជាភ័យស្លន់នោះទេ ដោយគិតថា គ្រានោះមានគ្រោះថ្នាក់ដល់ម្ល៉េះបានជាគាត់មិនអាចបង្ហាញគុណសម្បត្ដិ«ដ៏ខ្សោយ» ដូចជាចិត្តអាណិតនោះទេ។ ប៉ុន្តែគាត់បានដាស់តឿនបងប្អូនរបស់គាត់ឲ្យបន្តក្នុងការបង្ហាញចិត្តអាណិត ក្នុងកាលដែលអាចធ្វើបាន ដោយការវែកញែកដ៏សប្បុរសជាមួយអស់អ្នកដែលមានការសង្ស័យ ហើយ‹ឆក់យកចេញពីភ្លើង› អស់អ្នកដែលខិតទៅរកអំពើបាបដ៏ធ្ងន់នោះ។ (យូដាស ២៣; កាឡាទី ៦:១) នេះជាការដាស់តឿនដ៏ល្អមែនចំពោះពួកអ្នកចាស់ទុំក្នុងគ្រាដ៏ពិបាកដូចនេះ! ហើយគេក៏ខំប្រឹងដើម្បីបង្ហាញចិត្តអាណិត កាលណាដែលមានមូលដ្ឋាននឹងធ្វើ ក្នុងកាលដែលត្រូវតែនៅមុតមាំនោះដែរ។ យើងគ្រប់គ្នាក៏ត្រូវចង់បង្ហាញចិត្តអាណិតដល់គ្នាទៅវិញទៅមកដែរ។ ជាឧទាហរណ៍ ជាជាងចងកំហឹងនឹងរឿងតិចតួច យើងអាចមានចិត្តសប្បុរសដោយការអត់ឱនទោស។—កូល៉ុស ៣:១៣
១៨. ហេតុអ្វីបានជាយើងអាចដឹងជាពិតប្រាកដថា យើងនឹងមានជោគជ័យក្នុងចម្បាំងខាងវិញ្ញាណរបស់យើង?
១៨ ចម្បាំងរបស់យើងមិនមែនស្រួលទេ។ ដូចយូដាសនិយាយប្រាប់ថា យើងត្រូវតែ«ខំតយុទ្ធ»។ (យូដាស ៣) ពួកសត្រូវរបស់យើងគឺខ្លាំងក្លាណាស់។ មិនគ្រាន់តែសាតាំងប៉ុណ្ណោះ តែលោកីយ៍ដ៏អាក្រក់របស់វា ហើយភាពមិនគ្រប់ល័ក្ខណ៍របស់យើង ទាំងនេះគឺសុទ្ធតែជាសត្រូវរបស់យើង។ ប៉ុន្តែ យើងអាចមានការទុកចិត្តទាំងស្រុងថា នឹងអាចឈ្នះជោគជ័យបាន! ហេតុអ្វី? ពីព្រោះយើងនៅខាងព្រះយេហូវ៉ា។ យូដាសបញ្ចប់ពាក្យរបស់គាត់ ដោយរំឭកថាព្រះយេហូវ៉ាសមទទួលយ៉ាងត្រឹមត្រូវនូវ«សិរីល្អ ឫទ្ធានុភាព ព្រះចេស្ដា នឹងអំណាច តាំងពីមុនអស់កល្ប នៅជាន់ឥឡូវនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ»។ (យូដាស ២៥) តើនេះមិនមែនជាអ្វីដ៏ស្ញប់ស្ញែងទេឬ? ដូច្នេះ តើមានការសង្ស័យទេ ថាព្រះដដែលនេះ«អាចនឹងថែរក្សា មិនឲ្យអ្នករាល់គ្នាជំពប់ដួល»នោះ? (យូដាស ២៤) គឺប្រាកដជាអត់ទេ! សូមឲ្យយើងតាំងចិត្តដើម្បីបន្តទប់ទល់នឹងអំពើឥតសីលធម៌ ហើយឲ្យគោរពតាមអាជ្ញាដែលព្រះបានស្ថាបនាឡើង ហើយឲ្យរក្សាខ្លួនយើងក្នុងសេចក្ដីស្រឡាញ់របស់ព្រះ។ ដោយធ្វើតាមរបៀបនេះ នោះយើងនឹងបានទទួលជោគជ័យដ៏រុងរឿងទាំងអស់គ្នា។
[កំណត់សម្គាល់]
a អ្នកស្រាវជ្រាវខ្លះអះអាងថា យូដាសដកស្រង់ពាក្យចេញពីសៀវភៅរបស់អេណុក ដែលជាសៀវភៅមួយក្នុងចំណោមសៀវភៅអាផុករីហ្វា។ ប៉ុន្តែ រិឆឌ លិនស្គី កត់សម្គាល់ថា៖ «យើងសួរថា៖ ‹តើអ្វីទៅជាប្រភពនៃសៀវភៅដ៏ច្របូកច្របល់នេះ ដែលជាសៀវភៅរបស់អេណុក›? សៀវភៅនេះបានបូកបញ្ចូលបន្ដិចម្ដងៗ ហើយគ្មានអ្នកណាដឹងពិតប្រាកដនៅកាលបរិច្ឆេទផ្នែកផ្សេងៗនោះទេ . . . ហើយគ្មានអ្នកណាអាចដឹងប្រាកដទេ ថាសេចក្ដីខ្លះក្នុងសៀវភៅនេះ ប្រហែលជាបានដកស្រង់ចេញពីយូដាសនោះវិញ»។
សំនួរសំរាប់ពិនិត្យសាឡើងវិញ
◻ តើសំបុត្រយូដាសបង្រៀនយើងឲ្យទប់ទល់អំពើឥតសីលធម៌យ៉ាងដូចម្ដេច?
◻ ហេតុអ្វីក៏ជាការសំខាន់ក្នុងការគោរពអំណាច ដែលបានតែងតាំងឡើងដោយព្រះ?
◻ ហេតុអ្វីបានជាការរំលោភអំណាចក្នុងក្រុមជំនុំជាការអាក្រក់ដ៏ធ្ងន់ធ្ងរ?
◻ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីឲ្យបានរក្សាក្នុងសេចក្ដីស្រឡាញ់របស់ព្រះ?
[រូបភាពនៅទំព័រ១៥]
មិនដូចពួកទាហានរ៉ូម៉ាំងទេ ពួកគ្រីស្ទានចូលធ្វើសង្គ្រាមខាងវិញ្ញាណ
[រូបភាពនៅទំព័រ១៨]
ពួកអ្នកគង្វាលគ្រីស្ទានបំរើ មិនមែនដោយចិត្តកំណាញ់ទេ ប៉ុន្តែដោ យសេចក្ដីស្រឡាញ់វិញ