ចូរធ្វើជាពួកអ្នកអានយ៉ាងសប្បាយនៃសៀវភៅវិវរណៈ
«មានពរហើយ អ្នកណាដែលមើល នឹងអស់អ្នកដែលស្ដាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ»។—វិវរណៈ ១:៣
១. តើសាវ័កយ៉ូហានមានស្ថានភាពបែបណា ពេលដែលលោកបានសរសេរសៀវភៅវិវរណៈ ហើយតើការកត់ទុកនូវចក្ខុនិមិត្តទាំងនេះមានគោលបំណងយ៉ាងណា?
«យ៉ូហានខ្ញុំ . . . បាននៅឯកោះឈ្មោះប៉ាត់ម៉ុស ដោយព្រោះព្រះបន្ទូល នឹងសេចក្ដីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ»។ (វិវរណៈ ១:៩) សាវ័កយ៉ូហានបានមានស្ថានភាពបែបនេះ ពេលដែលលោកបានសរសេរសៀវភៅវិវរណៈនោះ។ គេបានគិតថា លោកបានត្រូវធ្វើនិរទេសទៅកោះប៉ាត់ម៉ុស ក្នុងកំឡុងការគ្រប់គ្រងរបស់ស្តេចចក្រពត្ដិជនជាតិរ៉ូម៉ាំង ព្រះនាម ឌ័មីធាន (ឆ្នាំ៨១-៩៦ ស.យ.) ជាបុគ្គលដែលបានបង្ខំឲ្យថ្វាយបង្គំស្តេចចក្រពត្ដិ ហើយក៏បានក្លាយទៅជាអ្នកបៀតបៀនពួកគ្រីស្ទានទៀតផង។ កាលដែលនៅកោះប៉ាត់ម៉ុស នោះយ៉ូហានបានទទួលនូវចក្ខុនិមិត្តមួយចំនួនជាលំដាប់ ដែលលោកបានសរសេរទុក។ លោកបានរៀបរាប់ប្រាប់ចក្ខុនិមិត្តទាំងនោះ មិនមែនដើម្បីបន្លាចពួកគ្រីស្ទានសម័យដើមនោះទេ ក៏ប៉ុន្តែដើម្បីពង្រឹង សម្រាលទុក្ខ និងលើកទឹកចិត្តពួកគេពីសេចក្ដីទុក្ខលំបាកដែលពួកគេកំពុងតែឆ្លងកាត់ ហើយសេចក្ដីទុក្ខលំបាកឯទៀតដែលមាននៅខាងមុខ។—កិច្ចការ ២៨:២២; វិវរណៈ ១:៤; ២:៣, ៩, ១០, ១៣
២. ហេតុអ្វីក៏ស្ថានភាពរបស់យ៉ូហាននិងពួកគ្រីស្ទានគ្នីគ្នារបស់លោក ជាការគួរឲ្យចាប់អារម្មណ៍ដល់ពួកគ្រីស្ទានដែលរស់នៅសព្វថ្ងៃនេះ?
២ ស្ថានភាពដែលសៀវភៅនេះបានសរសេរមកនោះ គឺមានសារៈសំខាន់សំរាប់ពួកគ្រីស្ទានដែលរស់នៅសព្វថ្ងៃនេះ។ លោកយ៉ូហានកំពុងតែពិសោធនូវការបៀតបៀន ពីព្រោះលោកជាស្មរបន្ទាល់ម្នាក់របស់ព្រះយេហូវ៉ា និងរបស់ព្រះគ្រីស្ទយេស៊ូដ៏ជារាជបុត្រារបស់ទ្រង់។ លោកនិងពួកគ្រីស្ទានគ្នីគ្នារស់នៅក្នុងស្ថានភាពដែលមានការជំទាស់ប្រឆាំង ពីព្រោះពួកគេមិនអាចថ្វាយបង្គំស្តេចចក្រពត្ដិ ទោះជាពួកគេខំប្រឹងធ្វើល្អយ៉ាងណាក៏ដោយ។ (លូកា ៤:៨) នៅក្នុងប្រទេសខ្លះ ពួកគ្រីស្ទានពិតក៏មានស្ថានភាពស្រដៀងនេះដែរ ពេលដែលរដ្ឋអំណាចប្រកាន់សិទ្ធិ ក្នុងការបកស្រាយថាអ្វីទៅដែល«ត្រឹមត្រូវខាងសាសនា»នោះ។ ដូច្នេះហើយ ពាក្យលំនាំនៃសៀវភៅវិវរណៈ នោះជាការគួរឲ្យសម្រាលទុក្ខមែន ដែលចែងថា៖ «មានពរហើយ អ្នកណាដែលមើល នឹងអស់អ្នកដែលស្ដាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ»។ (វិវរណៈ ១:៣) ត្រូវហើយ ពួកអ្នកអាននៃសៀវភៅវិវរណៈ ដែលយកចិត្តទុកដាក់និងចេះស្ដាប់បង្គាប់ នោះនឹងរកឃើញសុភមង្គលពិត ព្រមទាំងប្រសិទ្ធិពរជាច្រើនទៀតផង។
៣. តើអ្នកណាជាប្រភពនៃសៀវភៅវិវរណៈ ដែលបានប្រគល់ឲ្យយ៉ូហាននោះ?
៣ តើអ្នកណាជាប្រភពខ្ពស់បំផុតនៃសៀវភៅវិវរណៈ ហើយតើខ្សែរយៈអ្វីដែលបានប្រើដើម្បីប្រគល់នូវសារនោះ? ខដំបូងប្រាប់យើងថា៖ «នេះជាសេចក្ដីដែលព្រះយេស៊ូវគ្រីស្ទ បានបើកឲ្យឃើញ ជាសេចក្ដីដែលព្រះបានប្រទានមកទ្រង់ ដើម្បីនឹងបង្ហាញដល់ពួកបាវបំរើទ្រង់ ឲ្យដឹងពីអស់ទាំងការ ដែលបន្ដិចទៀតត្រូវកើតមានមក ទ្រង់ក៏បានសំដែងឲ្យឃើញ ដោយចាត់ទេវតាទ្រង់មកឯយ៉ូហាន ជាបាវបំរើទ្រង់»។ (វិវរណៈ ១:១) បើនិយាយឲ្យស្រួលយល់ទៅ ប្រភពពិតនៃសៀវភៅវិវរណៈគឺមកពីព្រះយេហូវ៉ា ដែលបានប្រទានមកព្រះយេស៊ូ ហើយព្រះយេស៊ូប្រទានសារនេះមកលោកយ៉ូហាន តាមរយៈទេវតាមួយអង្គ។ បើពិនិត្យមើលឲ្យបានដិតដល់បន្ដិចទៀត នោះបង្ហាញថាព្រះយេស៊ូក៏បានប្រើវិញ្ញាណបរិសុទ្ធ ដើម្បីប្រគល់សារទៅក្រុមជំនុំទាំងឡាយ ហើយដើម្បីប្រគល់ឲ្យចក្ខុនិមិត្តទៅយ៉ូហាន។—វិវរណៈ ២:៧, ១១, ១៧, ២៩; ៣:៦, ១៣, ២២; ៤:២; ១៧:៣; ២១:១០; ប្រៀបមើល កិច្ចការ ២:៣៣
៤. តើតាមខ្សែរយៈអ្វីដែលព្រះយេហូវ៉ានៅតែប្រើសព្វថ្ងៃនេះ ដើម្បីដឹកនាំប្រជារាស្ត្ររបស់ទ្រង់នៅលើផែនដីនេះ?
៤ ព្រះយេហូវ៉ានៅតែប្រើរាជបុត្រារបស់ទ្រង់ ជា«សិរសានៃពួកជំនុំ» ដើម្បីបង្រៀនពួកអ្នកបំរើរបស់ទ្រង់នៅលើផែនដីនេះ។ (អេភេសូរ ៥:២៣; អេសាយ ៥៤:១៣; យ៉ូហាន ៦:៤៥) ព្រះយេហូវ៉ាក៏ប្រើវិញ្ញាណរបស់ទ្រង់ ដើម្បីបង្ហាត់បង្រៀនប្រជារាស្ត្ររបស់ទ្រង់ដែរ។ (យ៉ូហាន ១៥:២៦; កូរិនថូសទី១ ២:១០) ហើយដូចជាព្រះយេស៊ូបានប្រើ«យ៉ូហាន ជាបាវបំរើទ្រង់»ជាយ៉ាងណា ដើម្បីផ្ដល់អាហារខាងវិញ្ញាណដែលទ្រទ្រង់ ដល់ក្រុមជំនុំទាំងប៉ុន្មាននៅសតវត្សទីមួយ នោះសព្វថ្ងៃនេះក៏អ៊ីចឹងដែរ ទ្រង់ប្រើ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ដែលជា«ពួកបងប្អូន»ចាក់ប្រេងតាំងរបស់ទ្រង់នៅលើផែនដីនេះ ដើម្បីផ្ដល់ឲ្យពួកផ្ទះទ្រង់និងគូកនរបស់គេ នូវ‹អាហារខាងវិញ្ញាណតាមត្រូវពេល›។ (ម៉ាថាយ ២៤:៤៥-៤៧; ២៥:៤០) គឺមានសុភមង្គលហើយ ពួកអ្នកដែលទទួលស្គាល់ប្រភពនៃ‹អំណោយដ៏ល្អវិសេសនេះ› ដែលយើងទទួល ដូចជាអាហារខាងវិញ្ញាណនិងតាមខ្សែរយៈដែលទ្រង់កំពុងតែប្រើនោះ។—យ៉ាកុប ១:១៧
ក្រុមជំនុំទាំងឡាយដែលព្រះគ្រីស្ទដឹកនាំ
៥. (ក) តើក្រុមជំនុំគ្រីស្ទាននិងពួកអ្នកត្រួតពិនិត្យរបស់គេ បានត្រូវប្រដូចទៅនឹងអ្វី? (ខ) ទោះបីមានភាពឥតគ្រប់ល័ក្ខណ៍ក៏ដោយ តើអ្វីទៅដែលនឹងផ្ដល់ឲ្យយើងមានសុភមង្គល?
៥ នៅក្នុងជំពូកដំបូងទាំងប៉ុន្មាននៃសៀវភៅវិវរណៈ នោះក្រុមជំនុំគ្រីស្ទានបានប្រដូចទៅនឹងជើងចង្កៀង។ ពួកអ្នកត្រួតពិនិត្យរបស់គេបានប្រដូចទៅនឹងពួកទេវតា (ពួកអ្នកនាំសារ) ហើយទៅនឹងផ្កាយ។ (វិវរណៈ ១:២០)a ស្តីអំពីអង្គទ្រង់ នោះព្រះគ្រីស្ទបានមានបន្ទូលប្រាប់យ៉ូហាន ឲ្យសរសេរថា៖ «ព្រះអង្គដែលកាន់ផ្កាយទាំង៧នៅព្រះហស្តស្ដាំ ហើយយាងនៅកណ្ដាលជើងចង្កៀងមាសទាំង៧នោះ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះ»។ (វិវរណៈ ២:១) សារប្រាំពីរដែលបានផ្ញើទៅក្រុមជំនុំទាំងប្រាំពីរនៅទ្វីបអាស៊ីបង្ហាញថា ក្រុមជំនុំនិងពួកអ្នកចាស់ទុំរបស់គេនៅក្នុងសតវត្សទីមួយ គឺមានចំណុចខ្លាំងនិងចំណុចខ្សោយ។ សព្វថ្ងៃនេះក៏មានភាពដូចគ្នាដែរ។ ដូច្នេះហើយ យើងនឹងកាន់តែសប្បាយចិត្តថែមទៀត បើយើងមិនភ្លេចនូវហេតុការណ៍ពិតដែលថាព្រះគ្រីស្ទ ដែលជាសិរសារបស់យើង គឺនៅកណ្ដាលក្រុមជំនុំទាំងឡាយ។ ទ្រង់ជ្រាបយ៉ាងប្រាកដនូវអ្វីដែលកើតឡើងក្នុងក្រុមជំនុំ។ ជានិមិត្តរូប នោះពួកអ្នកត្រួតពិនិត្យគឺ‹នៅព្រះហស្តស្ដាំរបស់ទ្រង់› នេះមានន័យថា នៅក្រោមការកាន់កាប់និងការដឹកនាំរបស់ទ្រង់ ហើយទទួលខុសត្រូវចំពោះទ្រង់នូវរបៀបដែលពួកគេមើលថែរក្សាក្រុមជំនុំនោះ។—កិច្ចការ ២០:២៨; ហេព្រើរ ១៣:១៧
៦. តើអ្វីដែលបង្ហាញថា មិនមែនមានតែពួកអ្នកត្រួតពិនិត្យប៉ុណ្ណោះ ដែលទទួលខុសត្រូវចំពោះព្រះគ្រីស្ទ?
៦ ក៏ប៉ុន្តែ យើងនឹងបំភាន់ខ្លួនយើងហើយ ប្រសិនបើយើងបានគិតថា មានតែពួកអ្នកត្រួតពិនិត្យទេ ដែលទទួលខុសត្រូវចំពោះព្រះគ្រីស្ទស្តីអំពីអំពើរបស់គេនោះ។ នៅក្នុងសារមួយនៃសារទាំងប៉ុន្មានរបស់ទ្រង់ នោះព្រះគ្រីស្ទបានមានបន្ទូលថា៖ «នោះគ្រប់ទាំងពួកជំនុំនឹងដឹងថា គឺអញនេះហើយ ដែលស្ទង់មើលចិត្តនឹងថ្លើម រួចអញនឹងសងការដល់ឯងរាល់គ្នា តាមការដែលគ្រប់គ្នាបានប្រព្រឹត្ត»។ (វិវរណៈ ២:២៣) នេះជាការព្រមានមួយ តែនៅដំណាលគ្នានោះ ក៏ជាការលើកទឹកចិត្តដែរ។ ជាការព្រមានមួយ ដោយថាព្រះគ្រីស្ទជ្រាបដឹងពីបំណងចិត្តដ៏ជ្រៅរបស់យើង ហើយជាការលើកទឹកចិត្ត ពីព្រោះនេះធានារ៉ាប់រងយើងថា ព្រះគ្រីស្ទជ្រាបនូវការខំប្រឹងរបស់យើង ហើយនិងប្រទានពរដល់យើង ប្រសិនបើយើងធ្វើអ្វីដែលយើងអាចធ្វើទៅបាន។—ម៉ាកុស ១៤:៦-៩; លូកា ២១:៣, ៤
៧. តើតាមរបៀបណាដែលពួកគ្រីស្ទាននៅទីក្រុងភីឡាដិលភា ‹បានកាន់តាមពាក្យអំពីការស៊ូទ្រាំរបស់ព្រះយេស៊ូ›នោះ?
៧ សាររបស់ព្រះគ្រីស្ទដែលផ្ញើទៅក្រុមជំនុំនៅទីក្រុងភីឡាដិលភាស្រុកលីឌា នោះឥតមានការស្តីបន្ទោសទេ ក៏ប៉ុន្តែបានធ្វើសេចក្ដីសន្យាមួយ ដែលគួរជាទីចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះយើង។ «ហើយដោយព្រោះឯងបានកាន់តាមរឿង ពីសេចក្ដីអត់ធ្មត់របស់អញ នោះអញនឹងរក្សាឯង ឲ្យរួចពីវេលាល្បងដែលត្រូវមកលើលោកីយទាំងមូល ដើម្បីនឹងល្បងលដល់ពួកអ្នក ដែលនៅលើផែនដីទាំងប៉ុន្មាន»។ (វិវរណៈ ៣:១០) ពាក្យភាសាក្រិកសំរាប់«បានកាន់តាមរឿង ពីសេចក្ដីអត់ធ្មត់របស់អញ» ក៏អាចមានន័យថា «កាន់តាមអ្វីដែលអញបានមានបន្ទូលអំពីការស៊ូទ្រាំ»ផងដែរ។ ខ៨ថ្លែងថា ពួកគ្រីស្ទាននៅទីក្រុងភីឡាដិលភា មិនគ្រាន់តែបានស្ដាប់បង្គាប់តាមបទបញ្ជារបស់ព្រះគ្រីស្ទនោះទេ ក៏ប៉ុន្តែបានធ្វើតាមឱវាទរបស់ទ្រង់ ក្នុងការឲ្យពួកគេស៊ូទ្រាំយ៉ាងស្មោះត្រង់នោះដែរ។—ម៉ាថាយ ១០:២២; លូកា ២១:១៩
៨. (ក) តើព្រះយេស៊ូបានធ្វើសេចក្ដីសន្យាអ្វី ដល់ពួកគ្រីស្ទាននៅទីក្រុងភីឡាដិលភា? (ខ) តើ«វេលាល្បងល»មានឥទ្ធិពលលើអ្នកណាសព្វថ្ងៃនេះ?
៨ ព្រះយេស៊ូបានមានបន្ទូលបន្ថែមថា ទ្រង់នឹងរក្សាទុកគេឲ្យរួចពី«វេលាល្បងល»។ យើងមិនដឹងថានេះមានន័យយ៉ាងណាចំពោះពួកគ្រីស្ទាននៅសម័យនោះទេ។ ទោះជាមានពេលផ្អាកដ៏ខ្លីមួយពីការបៀតបៀន ក្នុងកាលដែលស្តេចចក្រពត្ដិ ព្រះនាមឌ័មីធានសោយទិវង្គតនៅឆ្នាំ៩៦ស.យ.នោះក្ដី តែមានការបៀតបៀនថ្មីទៀតបានចាប់ផ្ដើមឡើង នៅក្រោមអំណាចស្តេចចក្រពត្ដិព្រះនាម ត្រាជិន (ឆ្នាំ៩៨-១១៧ ស.យ.) ហើយនេះប្រាកដជានាំឲ្យមានសេចក្ដីទុក្ខលំបាកច្រើនទៀត។ ក៏ប៉ុន្តែ«វេលាល្បងល»ដ៏ធំជាងគេកើតឡើងនៅក្នុង«ថ្ងៃរបស់ព្រះអម្ចាស់» នៅក្នុងកំឡុង«គ្រាចុងបំផុត» ជាគ្រាដែលយើងកំពុងតែរស់នៅសព្វថ្ងៃនេះ។ (វិវរណៈ ១:១០; ដានីយ៉ែល ១២:៤) ពួកគ្រីស្ទានដែលបានចាក់ប្រេងតាំងដោយវិញ្ញាណបរិសុទ្ធ បានពិសោធន៍នូវពេលល្បងលមួយ គឺនៅក្នុងកំឡុងសង្គ្រាមលោកលើកទី១ និងបន្ទាប់ពីពេលនោះដែរ។ ក៏ប៉ុន្តែ «វេលាល្បងល»គឺនៅតែមាននៅឡើយ។ នេះមានឥទ្ធិពលលើ«លោកីយទាំងមូល» រួមបញ្ចូលមនុស្សជាច្រើនលាននាក់នៃពួកហ្វូងធំ ដែលមានសង្ឃឹមរួចរស់ជីវិតពីសេចក្ដីវេទនាជាខ្លាំង។ (វិវរណៈ ៣:១០; ៧:៩, ១៤) យើងនឹងមានសុភមង្គលមែន ប្រសិនបើយើង‹កាន់តាមអ្វីដែលព្រះយេស៊ូបានមានបន្ទូលអំពីការស៊ូទ្រាំ› នោះគឺ«អ្នកណាដែលកាន់ខ្ជាប់[បានស៊ូទ្រាំ, ព.ថ.] ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ»។—ម៉ាថាយ ២៤:១៣
ការចុះចូលដ៏សប្បាយចំពោះអធិបតេយ្យរបស់ព្រះយេហូវ៉ា
៩, ១០. (ក) តើចក្ខុនិមិត្តអំពីបល្ល័ង្ករបស់ព្រះយេហូវ៉ា គួរមានឥទ្ធិពលយ៉ាងណាមកលើយើង? (ខ) តើការអានសៀវភៅវិវរណៈអាចនាំឲ្យយើងមានសុភមង្គលយ៉ាងដូចម្ដេច?
៩ ចក្ខុនិមិត្តអំពីបល្ល័ង្ករបស់ព្រះយេហូវ៉ា និងអំពីរាជវាំងនៅស្ថានសួគ៌ ដែលបានផ្ដល់មកនៅជំពូកទី៤និងទី៥នៃសៀវភៅវិវរណៈ គួរធ្វើឲ្យយើងពេញដោយសេចក្ដីស្ញប់ស្ញែង។ យើងគួរមានចិត្តដ៏រំភើបនឹងសេចក្ដីសរសើរដ៏ស្មោះ ដែលពួកសត្តនិករដ៏ខ្លាំងក្លានៅស្ថានសួគ៌បានសម្ដែងឡើង កាលដែលពួកគេចុះចូលយ៉ាងរីករាយ ចំពោះអធិបតេយ្យដ៏សុចរិតរបស់ព្រះយេហូវ៉ា។ (វិវរណៈ ៤:៨-១១) សម្លេងរបស់យើងគួរឲ្យបានឮក្នុងចំណោមអស់អ្នក ដែលនិយាយថា៖ «សូមថ្វាយព្រះពរ កិត្ដិនាម សិរីល្អ នឹងព្រះចេស្ដា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ»។—វិវរណៈ ៥:១៣
១០ តាមវិធីដែលមានប្រយោជន៍ នេះមានន័យថា យើងចុះចូលដោយរីករាយចំពោះបំណងព្រះហឫទ័យក្នុងគ្រប់ប្រការទាំងអស់។ សាវ័កប៉ុលបានសរសេរថា៖ «ហើយក្នុងគ្រប់ការទាំងអស់ ទោះបើការអ្វី ដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតា ដោយសារទ្រង់ផង»។ (កូល៉ុស ៣:១៧) ការអានសៀវភៅវិវរណៈនឹងធ្វើឲ្យយើងពិតជាមានសុភមង្គល ប្រសិនបើនៅក្នុងទីជំរៅនៃចិត្តគំនិតរបស់យើង នោះយើងទទួលស្គាល់អធិបតេយ្យរបស់ព្រះយេហូវ៉ា ហើយយកបំណងព្រះហឫទ័យរបស់ទ្រង់មកពិចារណាមើល ក្នុងគ្រប់ប្រការទាំងអស់ នៃជីវិតរបស់យើង។
១១, ១២. (ក) តើរបបនៅលើផែនដីរបស់សាតាំងនឹងត្រូវអង្រន់ ហើយកំទេចចោលទៅយ៉ាងដូចម្ដេច? (ខ) យោងទៅតាមវិវរណៈ ជំពូក៧ តើអ្នកណាដែល«អាចនឹងឈរនៅបាន»នៅពេលនោះ?
១១ ការចុះចូលដោយអំណរចំពោះអធិបតេយ្យរបស់ព្រះយេហូវ៉ា ជាគ្រឹះសំរាប់សុភមង្គលខាងផ្នែកផ្ទាល់ខ្លួន និងខាងផ្នែកសកលលោកផងដែរ។ មិនយូរប៉ុន្មានទៀត នោះការកក្រើកដីជានិមិត្តរូប នឹងអង្រន់រហូតដល់គ្រឹះរបស់របបសាតាំង ហើយបំផ្លាញចោលទៅតែម្ដង។ នោះគ្មានទីជ្រកពួនឡើយ សំរាប់មនុស្សណាដែលបដិសេធមិនព្រមចុះចូលចំពោះរាជរដ្ឋាភិបាលនៅស្ថានសួគ៌របស់ព្រះគ្រីស្ទ ដែលតំណាងនូវអធិបតេយ្យដ៏សមត្រឹមត្រូវរបស់ព្រះ។ ទំនាយនេះចែងថា៖ «អស់ទាំងស្តេចនៅផែនដី នឹងពួកអ្នកធំ ពួកអ្នកមាន ពួកមេទ័ព ពួកខ្លាំងពូកែ ហើយគ្រប់ទាំងបាវបំរើ នឹងអ្នកជាទាំងប៉ុន្មាន គេពួននៅក្នុងរអាង ហើយក្នុងក្រហែងភ្នំទាំងអស់គ្នា គេអង្វរទៅភ្នំ ហើយទៅថ្មថា៖ ‹សូមធ្លាក់មកលើយើង ដើម្បីបំបាំងយើងពីព្រះភក្ដ្រព្រះអង្គ ដែលគង់លើបល្ល័ង្ក នឹងពីសេចក្ដីក្រោធរបស់កូនចៀមចេញ ដ្បិតថ្ងៃធំនៃសេចក្ដីក្រោធរបស់ទ្រង់បានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន?›»—វិវរណៈ ៦:១២, ១៥-១៧
១២ ស្តីអំពីសំនួរនោះ នៅក្នុងជំពូកជាបន្ទាប់ សាវ័កយ៉ូហានពិពណ៌នាអំពីអស់អ្នកនៃ«ហ្វូងធំ» ដែល«ចេញពីគ្រាវេទនាយ៉ាងធំមក» ថា«ឈរនៅមុខបល្ល័ង្ក នឹងកូនចៀម»។ (វិវរណៈ ៧:៩, ១៤, ១៥) ការឈរនៅមុខបល្ល័ង្ករបស់ព្រះបង្ហាញថា ពួកគេទទួលស្គាល់បល្ល័ង្កនោះ ហើយចុះចូលយ៉ាងពេញលេញចំពោះអធិបតេយ្យរបស់ព្រះយេហូវ៉ា។ ដូច្នេះហើយ ពួកគេមានជំហរជាអ្នកដែលទ្រង់ព្រមទទួល។
១៣. (ក) តើពួកអ្នករស់នៅលើផែនដីភាគច្រើនថ្វាយបង្គំអ្វី ហើយអ្វីដែលបានត្រូវតំណាងដោយសញ្ញាសម្គាល់លើថ្ងាសនិងនៅដៃរបស់គេ? (ខ) តើហេតុអ្វីក៏ការស៊ូទ្រាំគឺត្រូវការជាចាំបាច់អ៊ីចឹង?
១៣ ម្យ៉ាងវិញទៀត ជំពូកទី១៣ពិពណ៌នាអំពីពួកអ្នកនៅសល់ទាំងប៉ុន្មាននៅលើផែនដី ថាកំពុងតែថ្វាយបង្គំប្រព័ន្ធនយោបាយរបស់សាតាំង ដែលបានត្រូវតំណាងដោយសត្វសាហាវមួយ។ ពួកគេទទួលសញ្ញាសម្គាល់មួយនៅលើ«ថ្ងាស» ឬនៅលើ«ដៃ»របស់គេ ដែលបង្ហាញនូវការគាំទ្រខាងគំនិត និងខាងកម្លាំងរបស់គេចំពោះប្រព័ន្ធនោះ។ (វិវរណៈ ១៣:១-៨, ១៦, ១៧) រួចមក ជំពូកទី១៤ ចែងបន្ថែមថា៖ «បើអ្នកណាក្រាបថ្វាយបង្គំដល់សត្វនោះ នឹងរូបវា ហើយទទួលទីសំគាល់វានៅលើថ្ងាស ឬនៅដៃ អ្នកនោះនឹងត្រូវផឹកស្រាផងសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ទ្រង់ . . . នេះហើយជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធ ដែលកាន់តាមបញ្ញត្តរបស់ព្រះ ហើយមានសេចក្ដីជំនឿដល់ព្រះយេស៊ូវ»។ (វិវរណៈ ១៤:៩, ១០, ១២) កាលដែលពេលកន្លងទៅ សំនួរនឹងកើនឡើងថែមទៀតដូចជា៖ តើនរណាដែលអ្នកគាំទ្រនោះ? តើអ្នកគាំទ្រព្រះយេហូវ៉ានិងអធិបតេយ្យរបស់ទ្រង់ ឬក៏ប្រព័ន្ធខាងនយោបាយដែលឥតគោរពព្រះ ដែលបានត្រូវតំណាងដោយសត្វសាហាវនោះទេ? អស់អ្នកដែលជៀសវាងពីការទទួលសញ្ញាសម្គាល់របស់សត្វសាហាវ ហើយអស់អ្នកដែលស៊ូទ្រាំយ៉ាងស្មោះត្រង់ក្នុងការចុះចូលចំពោះអធិបតេយ្យរបស់ព្រះយេហូវ៉ា នឹងមានសុភមង្គលជាមិនខាន។
១៤, ១៥. តើសារអ្វីដែលបានកាត់សំដីនឹងការពិពណ៌នាអំពីអើម៉ាគេដូន នៅក្នុងសៀវភៅវិវរណៈ តើនេះមានអត្ថន័យយ៉ាងណាចំពោះយើង?
១៤ ពួកអ្នកគ្រប់គ្រង«នៅផែនដីទាំងមូល»គឺនៅលើផ្លូវនៃការទង្គិចគ្នា ឆ្ពោះទៅជំលោះជាមួយនឹងព្រះយេហូវ៉ា ស្តីអំពីរឿងអធិបតេយ្យ។ ការប្រកួតចុងក្រោយនឹងនៅឯអើម៉ាគេដូន ដែលជា«ចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដាបំផុត»។ (វិវរណៈ ១៦:១៤, ១៦) ឃ្លាដែលគួរឲ្យចាប់អារម្មណ៍ណាស់ ក៏មានលេចមកនៅកណ្ដាលនៃការពិពណ៌នានេះ ស្តីអំពីការប្រមូលពួកគ្រប់គ្រងនៅលើផែនដីមកក្នុងចំបាំងជាមួយនឹងព្រះយេហូវ៉ា។ ព្រះយេស៊ូអង្គទ្រង់កាត់សំដីក្នុងចក្ខុនិមិត្តនេះ ដោយមានបន្ទូលថា៖ «(មើល អញមកដូចជាចោរប្លន់ មានពរហើយ អ្នកណាដែលនៅចាំ ហើយរក្សាសំលៀកបំពាក់ខ្លួន ដើម្បីមិនឲ្យដើរអាក្រាត ឲ្យអ្នកណាឃើញកេរ្ដិ៍ខ្មាសខ្លួនឡើយ)»។ (វិវរណៈ ១៦:១៥) នេះប្រហែលជាសំដៅទៅពួកលេវីដ៏ជាអ្នកយាមព្រះវិហារ ដែលបានត្រូវសម្រាត និងបានត្រូវធ្វើឲ្យអាម៉ាស់មុខជាសាធារណៈ ប្រសិនបើពួកគេដេកលក់កាលកំពុងតែចាំយាមនោះ។
១៥ សារនេះគឺច្បាស់លាស់ណាស់៖ ប្រសិនបើយើងចង់រួចរស់ជីវិតពីអើម៉ាគេដូន យើងត្រូវតែនៅភ្ញាក់ខាងវិញ្ញាណ ហើយពាក់សំលៀកបំពាក់ដ៏ជានិមិត្តរូបនេះ ដែលសម្គាល់ថាយើងជាពួកស្មរបន្ទាល់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។ យើងនឹងមានសុភមង្គលមែន ប្រសិនបើយើងជៀសវាងពីភាពរហិតរហៃខាងវិញ្ញាណ ហើយនិងបន្តចូលរួមប្រកាសដោយឥតឈប់ឈរ នូវ«ដំណឹងល្អដ៏នៅអស់កល្បជានិច្ច»អំពីព្រះរាជាណាចក្ររបស់ព្រះដែលបានស្ថាបនានោះ។—វិវរណៈ ១៤:៦
‹មានសុភមង្គលហើយ អ្នកណាដែលកាន់តាមពាក្យទាំងនេះ›
១៦. ហេតុអ្វីក៏ជំពូកចុងក្រោយទាំងប៉ុន្មាននៃសៀវភៅវិវរណៈ ជាមូលហេតុដ៏ពិសេសចំពោះសុភមង្គល?
១៦ ពួកអ្នកអានយ៉ាងសប្បាយនៃសៀវភៅវិវរណៈ អាចចាប់អារម្មណ៍ដោយអំណរ កាលដែលពួកគេអានជំពូកចុងក្រោយទាំងប៉ុន្មាន ដែលពិពណ៌នាអំពីសេចក្ដីសង្ឃឹមដ៏រុងរឿងរបស់យើង ស្តីអំពីផ្ទៃមេឃថ្មីនិងផែនដីថ្មី នោះគឺរាជរដ្ឋាភិបាលដ៏សុចរិតនៅស្ថានសួគ៌ ដែលនឹងគ្រប់គ្រងទៅលើសង្គមថ្មីនៃមនុស្សលោកដែលបានត្រូវសំអាត ដែលជាការសរសើរដល់«ព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាបំផុត»។ (វិវរណៈ ២១:២២) កាលដែលចក្ខុនិមិត្តដ៏អស្ចារ្យដែលមានជាលំដាប់ បានមកដល់ទីបញ្ចប់ នោះអ្នកនាំសារ ដែលជាទេវតាមួយអង្គនេះ ក៏មានបន្ទូលទៅយ៉ូហានថា៖ «ពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ ឯព្រះអម្ចាស់ដ៏ជាព្រះនៃវិញ្ញាណពួកហោរា ទ្រង់ក៏ចាត់ទេវតាទ្រង់មក បង្ហាញឲ្យពួកបាវបំរើទ្រង់ឃើញការ ដែលបន្ដិចទៀតត្រូវកើតមក មើល អញមកជាឆាប់ មានពរហើយ អ្នកណាដែលកាន់តាមសេចក្ដីទំនាយក្នុងគម្ពីរនេះ»។—វិវរណៈ ២២:៦, ៧
១៧. (ក) តើវិវរណៈ ២២:៦ ផ្ដល់នូវការធានារ៉ាប់រងយ៉ាងណា? (ខ) តើយើងគួរតែប្រុងប្រយ័ត្នដើម្បីជៀសវាងអ្វី?
១៧ ពួកអ្នកអានដ៏សប្បាយនៃសៀវភៅវិវរណៈ នឹងចាំថាពាក្យស្រដៀងនេះ គឺមាននៅដើមដំបូងនៃ«គម្ពីរ»នេះ។ (វិវរណៈ ១:១, ៣) ពាក្យទាំងនេះធានារ៉ាប់រងយើងថា «អស់ទាំងការ»ដែលបានទាយនៅក្នុងសៀវភៅព្រះគម្ពីរចុងក្រោយនេះ នឹង«បន្ដិចទៀតត្រូវកើតមានមក»។ យើងកំពុងតែរស់នៅគ្រាចុងបញ្ចប់ ហើយព្រឹត្ដិការណ៍ដែលទាក់ទងដែលបានទាយនៅក្នុងសៀវភៅវិវរណៈ នោះមិនយូរប៉ុន្មានទៀតនឹងកើតឡើងជាប់ៗគ្នាយ៉ាងរហ័ស។ ដូច្នេះហើយ បើសិនជាប្រព័ន្ធរបស់សាតាំងហាក់ដូចជាមានស្ថេរភាពយ៉ាងណា នេះមិនគួរធ្វើឲ្យយើងដេកខាងវិញ្ញាណនោះឡើយ។ អ្នកអានដែលប្រុងប្រយ័ត្ននឹងចាំអំពីការព្រមាន ដែលបានផ្ដល់មកក្នុងសារ ដែលបញ្ជូនទៅក្រុមជំនុំទាំងប្រាំពីរនៅទ្វីបអាស៊ី ហើយនិងជៀសវាងពីអន្ទាក់ទាំងឡាយ ដូចជាវត្ថុនិយម ការថ្វាយបង្គំរូបព្រះ អំពើឥតសីលធម៌ ភាពមិនក្ដៅឬត្រជាក់ និងនិកាយនិយមដែលក្បត់ជំនឿ។
១៨, ១៩. (ក) ហេតុអ្វីក៏ព្រះយេស៊ូនឹងត្រូវតែយាងមក ហើយតើយើងចូលរួមនឹងសេចក្ដីសង្ឃឹមអ្វី ដែលបានពោលឡើងដោយលោកយ៉ូហាននោះ? (ខ) តើចំពោះគោលបំណងអ្វី ដែលព្រះយេហូវ៉ានឹង‹យាងមក›នៅឡើយ?
១៨ នៅក្នុងសៀវភៅវិវរណៈ ព្រះយេស៊ូមានបន្ទូលប្រកាសប៉ុន្មានដងថា៖ «អញនឹងមកឯឯងជាឆាប់»។ (វិវរណៈ ២:១៦; ៣:១១; ២២:៧, ២០ក) ទ្រង់ត្រូវតែយាងមកដើម្បីប្រហារសេចក្ដីជំនុំជំរះលើបាប៊ីឡូនដ៏ធំ ដែលជាប្រព័ន្ធខាងនយោបាយរបស់សាតាំង និងលើអស់អ្នកដែលបដិសេធមិនព្រមចុះចូលចំពោះអធិបតេយ្យរបស់ព្រះយេហូវ៉ា ដែលឥឡូវនេះបានត្រូវសម្ដែងមកតាមរយៈព្រះរាជាណាចក្រនៃព្រះមេស្ស៊ីនោះ។ យើងចូលរួមសម្លេងរបស់យើងជាមួយនឹងសាវ័កយ៉ូហាន ដែលបានបន្លឺសម្លេងថា៖ «អាម៉ែន! ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក»។—វិវរណៈ ២២:២០ខ
១៩ ព្រះយេហូវ៉ាអង្គទ្រង់មានបន្ទូលថា៖ «មើល អញមកជាឆាប់ ទាំងនាំយករង្វាន់មកជាមួយ ដើម្បីនឹងចែកឲ្យគ្រប់គ្នា តាមការដែលខ្លួនបានធ្វើ»។ (វិវរណៈ ២២:១២) កាលដែលរង់ចាំនូវរង្វាន់ដ៏រុងរឿងស្តីអំពីជីវិតដ៏មិនចេះចប់ មិនថាមានចំណែកក្នុង«ផ្ទៃមេឃថ្មី»ឬនៅក្នុង«ផែនដីថ្មី»ដែលបានសន្យាមក នោះសូមឲ្យយើងចូលរួមដោយខ្នះខ្នែង ក្នុងការផ្ដល់នូវសេចក្ដីអញ្ជើញនេះ ដល់មនុស្សទាំងអស់ណាដែលមានចិត្តស្មោះត្រង់ គឺថា៖ «‹អញ្ជើញមក!› . . . អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ»។ (វិវរណៈ ២២:១៧) សូមឲ្យពួកគេក៏ក្លាយទៅជាពួកអ្នកអានដ៏សប្បាយនៃសៀវភៅវិវរណៈដែរ ដែលបានត្រូវបណ្ដាលមកដោយព្រះ ហើយដែលនឹងជំរុញទឹកចិត្តផងនោះ។
[កំណត់សម្គាល់]
a សូមមើលសៀវភៅ វិវរណៈ—ការសម្រេចផ្ដាច់ព្រាត់ជិតមកដល់ហើយ! ទំព័រ ២៨-២៩, ១៣៦ កំណត់ចំណាំ។ (ភាសាអង់គ្លេស)
ចំណុចសំរាប់ពិនិត្យមើលសាឡើងវិញ
◻ តើព្រះយេហូវ៉ាប្រើខ្សែរយៈអ្វី ដើម្បីប្រគល់នូវសៀវភៅវិវរណៈ ហើយតើយើងអាចរៀនអ្វីពីនេះ?
◻ ហេតុអ្វីក៏យើងគួរមានចិត្តសប្បាយនឹងអានសារដំណឹង ដែលបានផ្ញើទៅក្រុមជំនុំទាំងប្រាំពីរនៅទ្វីបអាស៊ីនោះ?
◻ តើយើងអាចរក្សាខ្លួនឲ្យបានរួចពីកំឡុង«វេលាល្បងល»យ៉ាងដូចម្ដេច?
◻ តើយើងនឹងមានសុភមង្គលយ៉ាងណា បើយើងកាន់តាមពាក្យដែលមានក្នុងសៀវភៅវិវរណៈ?
[រូបភាពនៅទំព័រ១៥]
មានសុភមង្គលហើយអស់អ្នកដែលទទួលស្គាល់ប្រភពនៃដំណឹងល្អនេះ
[រូបភាពនៅទំព័រ១៨]
មានសុភមង្គលហើយ អ្នកណាដែលនៅភ្ញាក់