ចូរ«ចាំយាម»ចុះ! គ្រាជំនុំជម្រះបានមកដល់ហើយ!
ព័ត៌មានក្នុងអត្ថបទសិក្សានេះមានមូលដ្ឋានលើសៀវភៅស្តើងចូរចាំយាមចុះ! ដែលបានចេញនៅមហាសន្និបាតទូទាំងពិភពលោកក្នុងកំឡុងឆ្នាំ២០០៤-២០០៥។
«[ចូរ]ចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ»។—ម៉ាថាយ ២៤:៤២
១, ២. តើព្រះយេស៊ូបានប្រដូចការយាងមករបស់ទ្រង់ទៅនឹងអ្វី?
បើអ្នកដឹងថា រាល់យប់មានចោរគាស់ចូលផ្ទះមួយក្នុងសហគមន៍របស់អ្នក តើអ្នកនឹងធ្វើយ៉ាងណា? អ្នកនឹងប្រុងប្រយ័ត្នហើយចាំយាមជានិច្ចដើម្បីការពារបងប្អូនជាទីស្រឡាញ់និងទ្រព្យសម្បត្ដិរបស់អ្នក។ យ៉ាងណាមិញ ចោរមិនផ្ញើសំបុត្រមកប្រាប់ឲ្យដឹងទុកជាមុនថា វានឹងមកនៅពេលណានោះទេ។ ផ្ទុយទៅវិញ វាធ្វើចោរកម្មដោយលួចលាក់នៅពេលមនុស្សមិនដឹងខ្លួន។
២ ជាច្រើនដងព្រះយេស៊ូលើកពីសកម្មភាពលួចលាក់របស់ចោរមកធ្វើជាឧទាហរណ៍។ (លូកា ១០:៣០; យ៉ូហាន ១០:១០) ស្តីអំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងនៅគ្រាចុងបញ្ចប់មុននឹងទ្រង់យាងមកដើម្បីសម្រេចតាមការជំនុំជម្រះនោះ ព្រះយេស៊ូបានព្រមានថា៖ «[ចូរ]ចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ។ ចូរដឹងសេចក្ដីនេះចុះ! បើម្ចាស់ផ្ទះបានដឹងជាចោរនឹងមកនៅយាមណា នោះគេនឹងបានចាំយាមមិនឲ្យចោរទំលុះចូលផ្ទះបានទេ»។ (ម៉ាថាយ ២៤:៤២, ៤៣) ដូច្នេះព្រះយេស៊ូបានប្រដូចការយាងមករបស់ទ្រង់ទៅនឹងពេលដែលចោរមក ពីព្រោះចោរមកនៅពេលដែលគ្មានអ្នកណាដឹងជាមុនទេ។
៣, ៤. (ក) តើមនុស្សត្រូវធ្វើអ្វីដើម្បីស្ដាប់តាមការព្រមានរបស់ព្រះយេស៊ូស្តីអំពីការយាងមករបស់ទ្រង់? (ខ) តើនេះធ្វើឲ្យមានសំណួរអ្វីខ្លះ?
៣ ឧទាហរណ៍នោះគឺសមរម្យ ដ្បិតគ្មានអ្នកណាដឹងថាព្រះយេស៊ូនឹងយាងមកនៅពេលណានោះទេ។ ក្នុងទំនាយដដែលនោះ ព្រះយេស៊ូបានមានបន្ទូលថា៖ «ឯត្រង់ថ្ងៃនឹងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ»។ (ម៉ាថាយ ២៤:៣៦) ហេតុនេះហើយព្រះយេស៊ូបានដាស់តឿនអ្នកដែលកំពុងតែស្ដាប់ទ្រង់ឲ្យ«ប្រុងប្រៀបខ្លួនជាស្រេច»។ (ម៉ាថាយ ២៤:៤៤) អ្នកដែលស្ដាប់តាមការព្រមានរបស់ព្រះយេស៊ូនឹងប្រុងប្រៀបខ្លួនដោយរក្សាឲ្យមានការប្រព្រឹត្តត្រឹមត្រូវជានិច្ច មិនថាព្រះយេស៊ូយាងមកសម្រេចតាមការជំនុំជម្រះរបស់ព្រះយេហូវ៉ានៅពេលណាក៏ដោយ។
៤ នេះធ្វើឲ្យចោទជាសំណួរសំខាន់ៗមួយចំនួន ពោលគឺ តើបន្ទូលព្រមានរបស់ព្រះយេស៊ូឲ្យ«ចាំយាម» គ្រាន់តែសម្រាប់មនុស្សលោកិយ ឬក៏សម្រាប់គ្រីស្ទានពិតដែរ? ហេតុអ្វីបានជាបន្ទាន់ណាស់ឲ្យយើង«ចាំយាម»? ហើយតើយើងអាច«ចាំយាម»ដោយដូចម្ដេច?
តើការព្រមាននោះសម្រាប់អ្នកណា?
៥. ហេតុអ្វីយើងដឹងថាការព្រមានឲ្យ«ចាំយាម»នោះ ក៏សម្រាប់ពួកគ្រីស្ទានពិតដែរ?
៥ ពិតមែនថា ចំពោះមនុស្សក្នុងលោកិយនេះ ព្រះអម្ចាស់នឹងយាងមកដូចជាចោរមែន ពីព្រោះពួកគេមិនព្រមស្ដាប់តាមការព្រមានអំពីសេចក្ដីហិនវិនាសដែលត្រូវមកនៅថ្ងៃខាងមុខនេះ។ (ពេត្រុសទី២ ៣:៣-៧) ក៏ប៉ុន្តែចុះយ៉ាងណាគ្រីស្ទានពិតវិញ? សាវ័កប៉ុលបានសរសេរទៅកាន់អ្នកជឿគ្នីគ្នាថា៖ «អ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់»។ (ថែស្សាឡូនីចទី១ ៥:២) យើងជឿជាក់ថា‹ថ្ងៃនៃព្រះយេហូវ៉ានឹងមកដល់›ជាមិនខាន។ ប៉ុន្តែតើនេះមានន័យថាយើងមិនចាំបាច់ចាំយាមឬទេ? សូមកត់សម្គាល់ថា ព្រះយេស៊ូកំពុងតែមានបន្ទូលទៅកាន់សិស្សរបស់ទ្រង់ពេលទ្រង់បន្ទូលថា៖ «កូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត»។ (ម៉ាថាយ ២៤:៤៤, កំណែជាអក្សរទ្រេត) មុននោះ ពេលដែលព្រះយេស៊ូដាស់តឿនបណ្ដាសិស្សឲ្យស្វែងរកព្រះរាជាណាចក្រជានិច្ចនោះ ទ្រង់បានព្រមានថា៖ «ចូរអ្នករាល់គ្នាបំរុងខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត»។ (លូកា ១២:៣១, ៤០, កំណែជាអក្សរទ្រេត) នេះបង្ហាញច្បាស់ថា ព្រះយេស៊ូចង់ព្រមានអ្នកកាន់តាមទ្រង់ពេលដែលមានបន្ទូលថាត្រូវ«ចាំយាម»នោះ មែនទេ?
៦. ហេតុអ្វីបានជាយើងត្រូវ«ចាំយាម»នោះ?
៦ ហេតុអ្វីបានជាយើងត្រូវ«ចាំយាម»និង«បំរុងខ្លួនជាស្រេច»? ព្រះយេស៊ូពន្យល់ថា៖ «នៅគ្រានោះ នឹងមានមនុស្ស២នាក់នៅចំការ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ ស្ត្រី២នាក់កំពុងតែកិនម្សៅ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ»។ (ម៉ាថាយ ២៤:៤០, ៤១) អ្នកដែលប្រុងប្រៀបជាស្រេចនឹងត្រូវ«យកទៅ»ឬត្រូវសង្គ្រោះនៅពេលដែលរបបលោកិយអាក្រក់នេះត្រូវបំផ្លាញចោល។ អ្នកឯទៀតនឹងត្រូវ«ទុកនៅ»ឲ្យទទួលសេចក្ដីហិនវិនាសដោយសារពួកគេចង់ប្រព្រឹត្តតាមតែចិត្តខ្លួន។ ក្នុងចំណោមអ្នកទាំងនោះប្រហែលជាមានអ្នកខ្លះដែលធ្លាប់ដឹងឮបន្ទូលរបស់ព្រះយេស៊ូ ប៉ុន្តែមិនបានចាំយាមរហូតទេ។
៧. ដោយសារយើងមិនដឹងថាទីបញ្ចប់នឹងមកនៅពេលណានោះ តើយើងអាចធ្វើអ្វី?
៧ ដោយសារយើងមិនដឹងថាទីបញ្ចប់នៃរបបលោកិយនេះនឹងមកពេលណា យើងមានឱកាសបង្ហាញថាយើងបម្រើព្រះដោយមានបំណងចិត្តបរិសុទ្ធ។ ហេតុអ្វីយើងអាចនិយាយដូច្នេះបាន? ប្រហែលមើលទៅដូចជាទីបញ្ចប់ក្រមក។ គួរឲ្យស្ដាយណាស់ គ្រីស្ទានខ្លះដែលមានអារម្មណ៍ដូច្នេះបានរសាយព្យាយាមក្នុងកិច្ចបំរើព្រះយេហូវ៉ា។ ក៏ប៉ុន្តែដោយសារយើងបានថ្វាយខ្លួនចំពោះទ្រង់ នេះមានន័យថាយើងនឹងបម្រើព្រះយេហូវ៉ាដោយគ្មានល័ក្ខខ័ណ្ឌ។ មនុស្សដែលស្គាល់ព្រះយេហូវ៉ា ដឹងថាការចាំទំរាំទីបញ្ចប់មកដល់ហើយទើបខ្នះខ្នែងបម្រើទ្រង់ នោះមិនអាចផ្គាប់ព្រះហឫទ័យរបស់ព្រះទេ។ ទ្រង់ជ្រាបពីអ្វីក្នុងចិត្ត។—សាំយូអែលទី១ ១៦:៧
៨. តើសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាជំរុញឲ្យយើងចាំយាមយ៉ាងដូចម្ដេច?
៨ ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ាយ៉ាងស្មោះពិតនោះ អ្វីដែលធ្វើឲ្យយើងរីករាយបំផុតគឺការធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ (ទំនុកដំកើង ៤០:៨; ម៉ាថាយ ២៦:៣៩) ហើយយើងចង់បម្រើព្រះយេហូវ៉ាជារៀងរហូត។ សេចក្ដីសង្ឃឹមនោះនៅតែមានតម្លៃលើសលប់ចំពោះយើង ទោះបើត្រូវរង់ចាំយូរជាងយើងបាននឹកស្មានក៏ដោយ។ សំខាន់បំផុត យើងនៅតែចាំយាមពីព្រោះយើងចង់ឃើញណាស់នូវថ្ងៃនៃព្រះយេហូវ៉ា ដ្បិតថ្ងៃនោះជាព្រឹត្ដិការណ៍សំខាន់ក្នុងការសម្រេចនូវគោលបំណងរបស់ទ្រង់។ សេចក្ដីប៉ងប្រាថ្នាដ៏ស្មោះរបស់យើងដែលចង់ធ្វើឲ្យព្រះសព្វព្រះហឫទ័យនោះ ជំរុញឲ្យយើងធ្វើតាមឱវាទក្នុងព្រះបន្ទូលរបស់ទ្រង់ ដោយចាត់ទុកព្រះរាជាណាចក្ររបស់ទ្រង់ជាអាទិភាពក្នុងជីវិតយើង។ (ម៉ាថាយ ៦:៣៣; យ៉ូហានទី១ ៥:៣) ឥឡូវយើងនឹងពិចារណានូវឥទ្ធិពលដែលការចាំយាមគួរមានលើការសម្រេចចិត្តនិងជីវិតប្រចាំថ្ងៃរបស់យើង។
តើអ្នកបានកំណត់គោលដៅនៃជីវិតរបស់ខ្លួនឬទេ?
៩. ហេតុអ្វីពេលគឺបន្ទាន់ឲ្យមនុស្សលោកិយទទួលស្គាល់អត្ថន័យនៃព្រឹត្ដិការណ៍ពិភពលោកសម័យនេះ?
៩ មនុស្សជាច្រើនសព្វថ្ងៃនេះទទួលស្គាល់ថាបញ្ហាធ្ងន់ធ្ងរនិងព្រឹត្ដិការណ៍ដ៏គួរឲ្យតក់ស្លុតបានក្លាយជារឿងធម្មតាវិញ។ ពួកគេប្រហែលជាមិនពេញចិត្តនឹងគោលដៅនៃជីវិតរបស់ខ្លួនឡើយ។ ក៏ប៉ុន្តែ តើពួកគេយល់នូវអត្ថន័យពិតប្រាកដនៃសភាពការណ៍ពិភពលោកទេ? តើពួកគេទទួលស្គាល់ថាយើងកំពុងតែរស់នៅ«អវសានកាលនៃពិភពលោក»ឬទេ? (ម៉ាថាយ ២៤:៣, ខ.ស.) តើពួកគេទទួលស្គាល់ថា អំពើហិង្សា ភាពអាត្មានិយម ថែមទាំងការមិនគោរពព្រះដែលមានទូទាំងផែនដីសព្វថ្ងៃនេះ ជាទីសម្គាល់ថានេះជាគ្រា«ជាន់ក្រោយបង្អស់»ឬទេ? (ធីម៉ូថេទី២ ៣:១-៥) ពេលគឺបន្ទាន់ហើយ! គួរឲ្យពួកគេទទួលស្គាល់ពីអត្ថន័យនៃព្រឹត្ដិការណ៍ទាំងអស់នេះហើយពិចារណាគោលដៅនៃជីវិតខ្លួន។
១០. តើយើងត្រូវធ្វើអ្វីដើម្បីប្រាកដថាយើងកំពុងតែចាំយាម?
១០ ចុះយើងវិញ? ជារៀងរាល់ថ្ងៃយើងត្រូវធ្វើការសម្រេចចិត្តដែលទាក់ទងនឹងការងារធ្វើ សុខភាព ក្រុមគ្រួសារ និងការថ្វាយបង្គំរបស់យើង។ យើងដឹងពីអ្វីដែលព្រះគម្ពីរចែងហើយយើងក៏ព្យាយាមធ្វើតាមដែរ។ ហេតុនេះយកល្អឲ្យយើងសួរខ្លួនឯងថា៖ ‹តើខ្ញុំបានអនុញ្ញាតឲ្យសេចក្ដីខ្វល់ខ្វាយនៃជីវិតទាញបង្វែរខ្ញុំចេញពីការរកបំពេញគោលដៅខាងវិញ្ញាណឬទេ? តើខ្ញុំឲ្យទស្សនៈនិងគំនិតរបស់លោកិយនេះមានអានុភាពលើការសម្រេចចិត្តរបស់ខ្ញុំឬទេ?›។ (លូកា ២១:៣៤-៣៦; កូល៉ុស ២:៨) យើងត្រូវតែបន្តបង្ហាញថាយើងទុកចិត្តព្រះយេហូវ៉ាអស់ពីចិត្ត ហើយមិនពឹងផ្អែកលើយោបល់ខ្លួនឡើយ។ (សុភាសិត ៣:៥) តាមវិធីនេះ យើងនឹង«ចាប់បានជីវិតអស់កល្បជានិច្ច» ក្នុងពិភពលោកថ្មីរបស់ព្រះ។—ធីម៉ូថេទី១ ៦:១២, ១៩
១១-១៣. តើយើងអាចទាញមេរៀនអ្វីពីព្រឹត្ដិការណ៍ដែលបានកើតឡើង (ក) នៅសម័យណូអេ? (ខ) នៅសម័យឡុត?
១១ ព្រះគម្ពីរមានគំរូជាច្រើនដែលព្រមានយើង និងអាចជួយឲ្យយើងបន្តចាំយាម។ សូមពិចារណាអ្វីដែលបានកើតឡើងនៅសម័យណូអេ។ ព្រះបានរៀបចំឲ្យមានការព្រមានយូរទុកជាមុន។ ប៉ុន្តែក្រៅពីណូអេនិងក្រុមគ្រួសាររបស់គាត់ គ្មានអ្នកណាចាប់អារម្មណ៍អ្វីសោះ។ (ពេត្រុសទី២ ២:៥) ទាក់ទងនឹងរឿងនេះព្រះយេស៊ូក៏បានមានបន្ទូលថា៖ «កាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ។ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ [«គេមិនបានចាប់អារម្មណ៍អ្វីសោះ»] ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»។ (ម៉ាថាយ ២៤:៣៧-៣៩; ខ.ស.) តើយើងទាញមេរៀនអ្វីពីគំរូនេះ? បើយើងណាម្នាក់ធ្វើឲ្យកង្វល់កង្វាយពីជីវិតប្រចាំថ្ងៃឬសូម្បីតែកិច្ចការធម្មតាក្នុងជីវិត រំខានដល់រឿងខាងវិញ្ញាណដែលព្រះជំរុញឲ្យយើងទុកជាអាទិភាពនោះ យើងត្រូវតែគិតម្ដងទៀតឲ្យបានជ្រៅជ្រះអំពីបញ្ហានោះ។—រ៉ូម ១៤:១៧
១២ ម្យ៉ាងទៀត សូមគិតអំពីសម័យឡុត។ ទីក្រុងសូដុំមដែលជាលំនៅរបស់ឡុតនិងក្រុមគ្រួសារគាត់ ជាទីក្រុងរីកចំរើនណាស់ តែស្ថិតក្នុងសភាពថោកទាបខាងសីលធម៌។ ព្រះយេហូវ៉ាបានចាត់ទេវតារបស់ទ្រង់ឲ្យទៅបំផ្លាញទីក្រុងនោះចោល។ ទេវតាទាំងនោះបានជំរុញឡុតនិងក្រុមគ្រួសារឲ្យរត់ពីទីក្រុងសូដុំមមិនឲ្យត្រឡប់មកវិញ។ ដោយមានការលើកទឹកចិត្តពីពួកទេវតា ពួកគេបានចាកចេញពីទីក្រុងសូដុំមមែន។ ប៉ុន្តែតាមមើលទៅប្រពន្ធរបស់ឡុតមិនបានដាច់អាល័យពីទីក្រុងសូដុំមជាលំនៅរបស់គាត់ឡើយ។ គាត់មិនស្ដាប់បង្គាប់ដោយបានងាកមើលទៅក្រោយវិញ។ នេះជាហេតុធ្វើឲ្យគាត់បាត់បង់ជីវិត។ (លោកុប្បត្តិ ១៩:១៥-២៦) ព្រះយេស៊ូបានព្រមានយើងអំពីពេលអនាគតថា៖ «ចូរនឹកចាំពីប្រពន្ធលោកឡុត»។ តើយើងកំពុងធ្វើតាមការព្រមាននោះឬទេ?—លូកា ១៧:៣២
១៣ អស់អ្នកដែលបានស្ដាប់តាមការព្រមានពីព្រះបានត្រូវសង្គ្រោះ។ នេះបានកើតឡើងក្នុងករណីណូអេនិងក្រុមគ្រួសាររបស់គាត់ ហើយចំពោះឡុតនិងកូនស្រីពីរនាក់របស់គាត់ដែរ។ (ពេត្រុសទី២ ២:៩) យើងរំពឹងគិតអំពីគំរូទាំងនេះហើយទទួលស្គាល់មេរៀនមួយទៀតថា អ្នកដែលស្រឡាញ់សេចក្ដីសុចរិតត្រូវបានសង្គ្រោះ។ មេរៀននេះលើកទឹកចិត្តយើងផង ហើយពង្រឹងក្ដីសង្ឃឹមឲ្យមានជំនឿជឿជាក់ទៅលើការសម្រេចនៃសេចក្ដីសន្យារបស់ព្រះស្តីអំពី«ផ្ទៃមេឃថ្មី នឹងផែនដីថ្មី»ដែលមាន«សុទ្ធតែសេចក្ដីសុចរិត»។—ពេត្រុសទី២ ៣:១៣
‹គ្រាជំនុំជំរះ›បានមកដល់ហើយ!
១៤, ១៥. (ក) តើគ្រាជំនុំជម្រះរួមបញ្ចូលអ្វី? (ខ) តើការ«កោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់»រួមបញ្ចូលអ្វីខ្លះ?
១៤ ពេលដែលយើងចាំយាម តើយើងកំពុងតែរង់ចាំព្រឹត្ដិការណ៍អ្វីខ្លះ? សៀវភៅវិវរណៈបញ្ជាក់ដំណាក់កាលផ្សេងៗនៃការសម្រេចនូវគោលបំណងរបស់ព្រះ។ ប៉ុន្តែអ្វីចាំបាច់ត្រូវឲ្យយើងធ្វើតាមសេចក្ដីនេះ ទើបអាចប្រុងប្រៀបខ្លួនជាស្រេច។ បទទំនាយនោះរៀបរាប់យ៉ាងក្បោះក្បាយអំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងនៅ«ថ្ងៃនៃព្រះអម្ចាស់»ដែលចាប់ផ្ដើមឆ្នាំ១៩១៤នៃការគ្រងរាជ្យរបស់ព្រះគ្រីស្ទនៅស្ថានសួគ៌។ (វិវរណៈ ១:១០) សៀវភៅវិវរណៈប្រាប់យើងអំពីទេវតាមួយរូបដែលបានទទួល«ដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់»។ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងប្រកាសថា៖ «ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ! ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ»។ (វិវរណៈ ១៤:៦, ៧) «ពេល»ឬគ្រាជំនុំជម្រះនោះគឺរយៈពេលខ្លី ក៏រួមបញ្ចូលពេលប្រកាសរហូតដល់ពេលដែលត្រូវជំនុំជម្រះដូចត្រូវបញ្ជាក់ក្នុងបទទំនាយ។ សព្វថ្ងៃនេះយើងកំពុងតែរស់នៅគ្រានោះ។
១៥ ឥឡូវ មុនដែលគ្រាជំនុំជម្រះចប់នោះ យើងត្រូវជំរុញឲ្យ «កោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់»។ តើនេះរួមបញ្ចូលអ្វីខ្លះ? ការកោតខ្លាចព្រះយ៉ាងត្រឹមត្រូវគួរជំរុញឲ្យយើងបែរចេញពីសេចក្ដីអាក្រក់។ (សុភាសិត ៨:១៣) ប្រសិនបើយើងកោតខ្លាចព្រះ យើងនឹងស្ដាប់បង្គាប់ទ្រង់ហើយគោរពទ្រង់យ៉ាងជ្រាលជ្រៅ។ យើងនឹងមិនឲ្យខ្លួនរវល់រហូតដល់មិនអាចអានព្រះគម្ពីរជាបន្ទូលទ្រង់ជាទៀងទាត់ឡើយ។ យើងក៏មិនមើលស្រាលឱវាទរបស់ទ្រង់ដែលថាត្រូវឲ្យចូលរួមកិច្ចប្រជុំដែរ។ (ហេព្រើរ ១០:២៤, ២៥) យើងចាត់ទុកឯកសិទ្ធិប្រកាសដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះក្រោមអំណាចព្រះមេស្ស៊ីជាអ្វីដែលមានតម្លៃលើសលប់។ យើងប្រកាសដំណឹងល្អនោះដោយខ្នះខ្នែង។ យើងទុកចិត្តព្រះយេហូវ៉ាគ្រប់ពេលវេលាហើយដោយអស់ពីចិត្ត។ (ទំនុកដំកើង ៦២:៨) ដោយទទួលស្គាល់ថាព្រះយេហូវ៉ាជាព្រះមហាក្សត្រសកលលោក យើងគោរពទ្រង់ដោយចិត្តចុះចូលយ៉ាងស្មោះចំពោះការគ្រប់គ្រងរបស់ទ្រង់។ តើអ្នកពិតជាកោតខ្លាចព្រះហើយសរសើរតម្កើងសិរីរុងរឿងរបស់ទ្រង់តាមវិធីទាំងអស់នេះទេ?
១៦. ហេតុអ្វីយើងអាចនិយាយថាការជំនុំជម្រះបាប៊ីឡូនដ៏ធំដូចត្រូវរៀបរាប់នៅវិវរណៈ ១៤:៨ បានសម្រេចរួចហើយ?
១៦ វិវរណៈជំពូកទី១៤ រៀបរាប់អំពីព្រឹត្ដិការណ៍ឯទៀតដែលនឹងកើតឡើងក្នុងគ្រាជំនុំជម្រះ។ បាប៊ីឡូនដ៏ធំដែលជាសាសនាមិនពិតទូទាំងពិភពលោកត្រូវរៀបរាប់ជាមុនដោយថា៖ «មានទេវតា១ទៀតមកតាមក្រោយប្រាប់ថា៖ ‹ក្រុងបាប៊ីឡូនដ៏ជាធំ បានរលំហើយ បានរលំហើយ!› »។ (វិវរណៈ ១៤:៨) ពិតមែនថា ចំពោះព្រះ បាប៊ីឡូនដ៏ធំបានរលំហើយ។ នៅឆ្នាំ១៩១៩ អ្នកបម្រើចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ាបានត្រូវរំដោះឲ្យរួចពីចំណងជានិមិត្តរូប ពោលគឺចំណងនៃសេចក្ដីបង្រៀននិងទំនៀមទម្លាប់ដែលមានលក្ខណៈដូចបាប៊ីឡូនសម័យបុរាណ ដែលមានឥទ្ធិពលលើសាសន៍ផ្សេងៗអស់រាប់ពាន់ឆ្នាំហើយ។ (វិវរណៈ ១៧:១, ១៥) ចាប់ពីពេលនោះទៅ ពួកគេអាចប្រមូលអារម្មណ៍ទៅលើការថ្វាយបង្គំពិត។ តាំងពីពេលនោះមក ដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះបានត្រូវផ្សាយទូទាំងពិភពលោក។—ម៉ាថាយ ២៤:១៤
១៧. តើការចេញពីបាប៊ីឡូនដ៏ធំរួមបញ្ចូលអ្វី?
១៧ ការជំនុំជម្រះរបស់ព្រះចំពោះបាប៊ីឡូនដ៏ធំមិនមានតែប៉ុណ្ណេះទេ។ សេចក្ដីហិនវិនាសចុងក្រោយរបស់វានឹងមកឆាប់ៗខាងមុខនេះ។ (វិវរណៈ ១៨:២១) ដោយមានហេតុត្រឹមត្រូវ ព្រះគម្ពីរដាស់តឿនមនុស្សនៅគ្រប់កន្លែងថា៖ «ចូរចេញពីទីក្រុង[បាប៊ីឡូនដ៏ធំ] . . . ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ»។ (វិវរណៈ ១៨:៤, ៥) តើយើងចេញពីបាប៊ីឡូនដ៏ធំយ៉ាងដូចម្ដេច? នេះមិនត្រឹមតែទាក់ទងការផ្ដាច់ទំនាក់ទំនងជាមួយនឹងសាសនាមិនពិតឡើយ។ សូម្បីតែឥទ្ធិពលពីបាប៊ីឡូនដ៏ធំមានក្នុងពិធីបុណ្យសាសនានិងទំនៀមទម្លាប់ផ្សេងៗ អំពើអសីលធម៌ខាងកាម ហើយនាទីកំសាន្តដែលទាក់ទងនឹងមន្តអាគមជាដើម។ ដើម្បីចាំយាមជានិច្ច ជាការសំខាន់គឺយើងមិនរួមចំណែកក្នុងបាប៊ីឡូនដ៏ធំឲ្យសោះ ដោយការប្រព្រឹត្តនិងសេចក្ដីប៉ងប្រាថ្នារបស់យើង។
១៨. ដោយគិតពីអ្វីដែលត្រូវរៀបរាប់នៅវិវរណៈ ១៤:៩, ១០ តើពួកគ្រីស្ទានត្រូវប្រុងប្រយ័ត្ននឹងអ្វី?
១៨ វិវរណៈ ១៤:៩, ១០ រៀបរាប់លក្ខណៈមួយទៀតនៃ‹គ្រាជំនុំជំរះ›។ ទេវតាមួយទៀតប្រាប់ថា៖ «បើអ្នកណាក្រាបថ្វាយបង្គំដល់សត្វនោះ នឹងរូបវា ហើយទទួលទីសំគាល់វានៅលើថ្ងាស ឬនៅដៃ អ្នកនោះនឹងត្រូវផឹកស្រាផងសេចក្ដីឃោរឃៅរបស់ព្រះ»។ ហេតុអ្វី? ពីព្រោះ‹សត្វនោះ និងរូបវា› តំណាងការគ្រប់គ្រងរបស់មនុស្សដែលមិនទទួលស្គាល់អធិបតេយ្យរបស់ព្រះយេហូវ៉ា។ គ្រីស្ទានពិតប្រុងប្រយ័ត្ននឹងឥទ្ធិពលរបស់បុគ្គលដែលមិនព្រមទទួលស្គាល់អធិបតេយ្យរបស់ព្រះយេហូវ៉ាដែលជាព្រះពិត ដោយជៀសចេញពីចិត្តគំនិតឬការប្រព្រឹត្តណាដែលសម្គាល់ពួកគេជាអ្នកបម្រើអ្នកទាំងនោះ។ គ្រីស្ទានទាំងឡាយដឹងថាព្រះរាជាណាចក្ររបស់ព្រះបានត្រូវស្ថាបនាឡើងនៅស្ថានសួគ៌ហើយ ក៏ដឹងថាការគ្រប់គ្រងរបស់មនុស្សនឹងត្រូវបំផ្លាញចោល តែព្រះរាជាណាចក្ររបស់ព្រះនឹងនៅស្ថិតស្ថេរជារៀងរហូត។—ដានីយ៉ែល ២:៤៤
កុំភ្លេចថាពេលគឺបន្ទាន់ហើយ!
១៩, ២០. (ក) ពេលដែលយើងកាន់តែជិតដល់ទីបញ្ចប់នៃជាន់ក្រោយបង្អស់នេះ តើយើងអាចប្រាកដថាសាតាំងនឹងខំធ្វើអ្វី? (ខ) តើយើងគួរតាំងចិត្តធ្វើអ្វី?
១៩ ពេលដែលយើងកាន់តែជិតដល់ទីបញ្ចប់នៃគ្រាជាន់ក្រោយបង្អស់នេះ សេចក្ដីល្បួងផ្សេងៗនិងការបង្ខិតបង្ខំពីលោកិយមានកាន់តែខ្លាំងឡើងៗ។ ដរាបណាដែលយើងរស់ក្នុងរបបលោកិយចាស់នេះនិងមានភាពឥតគ្រប់ល័ក្ខណ៍ យើងនៅតែមានបញ្ហាសុខភាព ទៅជាចាស់ជរា បាត់បង់មនុស្សជាទីស្រឡាញ់ ទទួលរងការឈឺចាប់ផ្លូវចិត្ត ខកចិត្តនឹងមនុស្សមិនស្ដាប់សារពីព្រះបន្ទូលរបស់ព្រះដែលយើងខំផ្សព្វផ្សាយ និងមានអ្វីជាច្រើនទៀត។ កុំភ្លេចថាសាតាំងចង់ឆ្លៀតប្រយោជន៍ពីបញ្ហាទាំងនោះដើម្បីបង្ខំឲ្យយើងឈប់ផ្សព្វផ្សាយដំណឹងល្អឬឈប់ប្រព្រឹត្តសមស្របតាមខ្នាតតម្រារបស់ព្រះ។ (អេភេសូរ ៦:១១-១៣) យើងមិនត្រូវភ្លេចថា នៅសម័យយើងនេះពេលគឺបន្ទាន់ហើយ!
២០ ព្រះយេស៊ូជ្រាបថាទ្រង់នឹងត្រូវគេបង្ខិតបង្ខំឲ្យឈប់ធ្វើតាមព្រះហឫទ័យព្រះ ដូច្នេះទ្រង់ជូនឱវាទថា៖ «[ចូរ]ចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ»។ (ម៉ាថាយ ២៤:៤២) ដូច្នេះ ចូរយើងចាំជានិច្ចថាយើងកំពុងតែរស់នៅគ្រាណាសព្វថ្ងៃនេះ! ចូរយើងការពារខ្លួនពីល្បិចកលរបស់សាតាំងដែលអាចធ្វើឲ្យយើងលែងខ្នះខ្នែងឬឈប់បម្រើព្រះតែម្ដង។ ចូរយើងតាំងចិត្តរឹងមាំឲ្យផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះដោយខ្នះខ្នែងកាន់តែខ្លាំងឡើងៗ។ ពេលដែលយើងធ្វើតាមការព្រមានរបស់ព្រះយេស៊ូដែលឲ្យ«ចាំយាម»នោះ ចូរចាំជានិច្ចថា ពេលគឺបន្ទាន់ហើយ។ ធ្វើដូច្នេះ យើងថ្វាយកិត្ដិយសចំពោះព្រះយេហូវ៉ា ហើយនឹងរួមចំណែកនៅក្នុងចំណោមពួកអ្នកដែលនឹងទទួលពរជារៀងរហូត។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើយើងដឹងយ៉ាងណាថាការព្រមានរបស់ព្រះយេស៊ូឲ្យ«ចាំយាម» ក៏រួមបញ្ចូលពួកគ្រីស្ទានពិតដែរ?
• តើមានគំរូអ្វីក្នុងព្រះគម្ពីរដែលព្រមាននិងជួយយើងឲ្យ«ចាំយាម»?
• តើគ្រាជំនុំជម្រះជាអ្វី? តើយើងត្រូវដាស់តឿនឲ្យធ្វើអ្វីមុនដែលគ្រានោះចប់?
[រូបភាពនៅទំព័រ៥]
ពេលដែលបាប៊ីឡូនដ៏ធំត្រូវបំផ្លាញចោល គឺជិតដល់ហើយ
[រូបភាពនៅទំព័រ៧]
ចូរយើងតាំងចិត្តរឹងមាំឲ្យផ្សព្វផ្សាយដោយខ្នះខ្នែងកាន់តែខ្លាំងឡើងៗ