ជំពូកទី១
តើព្រះពិតជាអ្នកណា?
១, ២. ជាញឹកញយ តើមនុស្សសួរសំណួរអ្វីខ្លះ?
កូនក្មេងពូកែសួរសំណួរណាស់ មែនទេ? អ្នកប្រហែលជាពន្យល់រឿងខ្លះដល់ពួកគេ ប៉ុន្តែពួកគេច្រើនតែសួរថា ‹ហេតុអ្វី?›។ ពេលដែលអ្នកព្យាយាមប្រាប់ចម្លើយ ពួកគេប្រហែលជាសួរសំណួរថែមទៀតថា ‹ប៉ុន្តែហេតុអ្វី?›។
២ ទោះជាយើងចាស់ឬក្មេងក៏ដោយ យើងទាំងអស់គ្នាចេះសួរសំណួរ។ រាល់ថ្ងៃ យើងប្រហែលជាចង់ដឹងថាយើងនឹងបរិភោគអ្វី ឬស្លៀកពាក់អ្វី ឬក៏ត្រូវទិញអ្វីខ្លះជាដើម។ ម្យ៉ាងទៀត យើងក៏ប្រហែលជាចង់ដឹងចម្លើយចំពោះសំណួរសំខាន់ៗអំពីជីវិតនិងអនាគតដែរ។ ប៉ុន្តែ ពេលយើងមិនអាចរកឃើញចម្លើយដែលធ្វើឲ្យយើងអស់ចិត្ត នោះយើងប្រហែលជាឈប់ស្វែងរកចម្លើយទៀត។
៣. ហេតុអ្វីមនុស្សជាច្រើនមិនអាចរកឃើញចម្លើយចំពោះសំណួរសំខាន់ៗដែលពួកគេឆ្ងល់?
៣ តើគម្ពីរមានចម្លើយចំពោះសំណួរសំខាន់ៗដែលយើងសួរឬទេ? មនុស្សខ្លះប្រហែលជាគិតថាមាន។ យ៉ាងណាក្ដី ពួកគេមានអារម្មណ៍ថាចម្លើយក្នុងគម្ពីរគឺពិបាកយល់ពេក។ ពួកគេទំនងជាគិតថាមានតែអ្នកបង្ហាត់បង្រៀនសាសនាប៉ុណ្ណោះដែលអាចយល់បាន។ ចំណែកឯអ្នកខ្លះទៀតខ្មាសមិនហ៊ានប្រាប់ត្រង់ថាពួកគេមិនដឹងចម្លើយនោះទេ។ ចុះអ្នកវិញគិតយ៉ាងណាដែរ?
៤, ៥. តើអ្នកមានសំណួរដ៏សំខាន់អ្វីខ្លះ? ហេតុអ្វីអ្នកគួរស្វែងរកឥតឈប់នូវចម្លើយចំពោះសំណួរទាំងនោះ?
៤ អ្នកប្រហែលជាចង់ដឹងចម្លើយចំពោះសំណួរដូចជា: តើអ្វីជាគោលបំណងនៃជីវិត? តើនឹងមានអ្វីកើតឡើងពេលដែលខ្ញុំស្លាប់? តើព្រះជាបុគ្គលបែបណា? លោកយេស៊ូដែលជាគ្រូដ៏ល្បីល្បាញបានមានប្រសាសន៍ថា៖ «ចូរសុំឥតឈប់ នោះអ្នកនឹងទទួល ចូររកឥតឈប់ នោះអ្នកនឹងរកឃើញ ចូរគោះទ្វារឥតឈប់ នោះទ្វារនឹងត្រូវបើកឲ្យ»។ (ម៉ាថាយ ៧:៧) សូមបន្តស្វែងរករហូតដល់អ្នករកឃើញចម្លើយដែលអ្នកអាចទុកចិត្តបាន។
៥ ពិតមែន បើអ្នក«រកឥតឈប់» អ្នកនឹងរកចម្លើយឃើញ។ ចម្លើយនោះគឺមាននៅក្នុងគម្ពីរបរិសុទ្ធ។ (សុភាសិត ២:១-៥) ចម្លើយទាំងនេះមិនពិបាកយល់ទេ។ អ្វីដែលអ្នករៀននឹងផ្ដល់ឲ្យអ្នកមានសុភមង្គលច្រើនជាងនៅឥឡូវនេះ និងមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យសម្រាប់អនាគតផងដែរ។ សូមយើងពិចារណាអំពីសំណួរមួយដែលធ្វើឲ្យមនុស្សជាច្រើនយល់ខុស។
តើព្រះយកចិត្តទុកដាក់នឹងយើងឬទេ?
៦. ហេតុអ្វីមនុស្សខ្លះគិតថាព្រះមិនអើពើនឹងទុក្ខវេទនារបស់ពួកគេ?
៦ មនុស្សជាច្រើនគិតថាព្រះមិនយកចិត្តទុកដាក់នឹងយើងទេ។ ពួកគេមានអារម្មណ៍ថាបើព្រះពិតជាខ្វល់ខ្វាយអំពីយើងមែន ពិភពលោកនឹងមានស្ថានភាពខុសពីនេះឆ្ងាយណាស់ ពីព្រោះយើងទាំងអស់គ្នាឃើញមានសង្គ្រាម ការស្អប់គ្នា និងទុក្ខវេទនានៅគ្រប់ទីកន្លែង។ បន្ថែមទៅទៀត មនុស្សធ្លាក់ខ្លួនឈឺ រងទុក្ខវេទនា ហើយស្លាប់។ អ្នកខ្លះឆ្ងល់ថា ‹បើព្រះយកចិត្តទុកដាក់នឹងយើងមែន ហេតុអ្វីលោកមិនបញ្ឈប់ទុក្ខវេទនាទាំងអស់នេះ?›។
៧. (ក) តើពួកអ្នកដឹកនាំសាសនាបង្រៀនមនុស្សយ៉ាងដូចម្ដេចថាព្រះគឺគ្មានមេត្ដា? (ខ) ហេតុអ្វីយើងអាចប្រាកដថាព្រះមិនមែនជាដើមហេតុនៃរឿងអាក្រក់ដែលបានកើតឡើង?
៧ ជួនកាល ពួកអ្នកដឹកនាំសាសនាធ្វើឲ្យមនុស្សជឿថាព្រះគឺគ្មានមេត្ដា។ ពេលដែលមានរឿងអាក្រក់ណាមួយកើតឡើង ពួកគេនិយាយថានេះជាបំណងប្រាថ្នារបស់ព្រះ ហើយថែមទាំងប្រាប់ទៀតថាព្រះចង់ឲ្យមានរឿងអាក្រក់នេះកើតឡើង។ ពេលពួកគេនិយាយដូច្នេះ ពួកគេពិតជាកំពុងទម្លាក់កំហុសទៅលើព្រះ។ ប៉ុន្តែ គម្ពីរបង្រៀនថាព្រះមិនមែនជាដើមហេតុនៃរឿងអាក្រក់ឡើយ។ សៀវភៅយ៉ាកុប ១:១៣ ប្រាប់យើងថាព្រះមិនដែលល្បងលអ្នកណាដោយសេចក្ដីអាក្រក់ទេ។ បទគម្ពីរនោះចែងថា៖ «ពេលដែលជួបទុក្ខលំបាក កុំឲ្យអ្នកណានិយាយថា៖ ‹ព្រះកំពុងល្បងលខ្ញុំ›។ ព្រោះគ្មានអ្នកណាអាចល្បងលព្រះដោយសេចក្ដីអាក្រក់ឡើយ ហើយព្រះក៏មិនល្បងលអ្នកណាដោយសេចក្ដីអាក្រក់ដែរ»។ នេះមានន័យថា ទោះជាព្រះមិនទាន់បញ្ឈប់រឿងអាក្រក់ផ្សេងៗក្ដី តែលោកមិនដែលធ្វើឲ្យរឿងទាំងនោះកើតឡើងឡើយ។ (សូមអាន យ៉ូប ៣៤:១០-១២) សូមពិចារណាឧទាហរណ៍មួយ។
៨, ៩. ហេតុអ្វីគឺអយុត្ដិធម៌បើទម្លាក់កំហុសទៅលើព្រះចំពោះបញ្ហារបស់យើង? សូមលើកឧទាហរណ៍មួយ។
៨ ជាឧទាហរណ៍ បុរសវ័យក្មេងម្នាក់រស់នៅផ្ទះជាមួយនឹងឪពុកម្ដាយគាត់។ ឪពុកស្រឡាញ់គាត់ខ្លាំងណាស់ ហើយបានបង្រៀនគាត់អំពីរបៀបធ្វើការសម្រេចចិត្តត្រឹមត្រូវ។ ក្រោយមក កូននោះបែរជារឹងរូសលែងចង់ស្ដាប់បង្គាប់ឪពុកទៀត រួចក៏ចាកចេញពីផ្ទះ។ កូននោះបានប្រព្រឹត្តអំពើអាក្រក់ជាច្រើន ហើយក៏ជួបទុក្ខលំបាក។ តើអ្នកនឹងទម្លាក់កំហុសទៅលើឪពុកចំពោះទុក្ខលំបាកដែលបានកើតឡើងចំពោះកូន ដោយសារតែឪពុកមិនព្រមឃាត់កូនកុំឲ្យចាកចេញពីផ្ទះឬ? មិនមែនដូច្នោះទេ! (លូកា ១៥:១១-១៣) ដូចឪពុកនោះដែរ ព្រះមិនឃាត់មនុស្សពេលដែលពួកគេសម្រេចចិត្តប្រឆាំងលោក ហើយធ្វើអំពើអាក្រក់នោះឡើយ។ ដូច្នេះ ពេលមានរឿងអាក្រក់ណាមួយកើតឡើង យើងគួរចាំថាព្រះមិនមែនជាដើមហេតុទេ។ គឺអយុត្ដិធម៌ណាស់ បើទម្លាក់កំហុសទៅលើព្រះ!
៩ មានមូលហេតុត្រឹមត្រូវដែលព្រះមិនទាន់បញ្ឈប់រឿងអាក្រក់ផ្សេងៗ។ ក្នុងជំពូកទី១១នៃសៀវភៅនេះ អ្នកនឹងរៀនថែមទៀតអំពីអ្វីដែលគម្ពីរចែងអំពីរឿងនេះ។ ក៏ប៉ុន្តែ អ្នកអាចប្រាកដថាព្រះស្រឡាញ់យើង ហើយថាលោកមិនមែនជាដើមហេតុនៃបញ្ហារបស់យើងទេ។ តាមពិត គឺមានតែលោកប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហាទាំងនោះបាន។—អេសាយ ៣៣:២
១០. ហេតុអ្វីយើងអាចប្រាកដថាព្រះនឹងបំបាត់ចោលផលវិបាកទាំងអស់ដែលផ្ដើមមកពីការប្រព្រឹត្តអាក្រក់របស់មនុស្ស?
១០ ព្រះគឺបរិសុទ្ធ។ (អេសាយ ៦:៣) អ្វីទាំងអស់ដែលលោកធ្វើគឺបរិសុទ្ធ ឥតមន្ទិល ហើយល្អប្រពៃ។ ដូច្នេះ យើងអាចទុកចិត្តលោកបាន តែយើងមិនអាចទុកចិត្តមនុស្សបានទេ ពីព្រោះជួនកាលពួកគេអាចក្លាយទៅជាអាក្រក់វិញក៏មាន។ សូម្បីតែអ្នកគ្រប់គ្រងដែលទៀងត្រង់បំផុត ក៏គ្មានសមត្ថភាពបំបាត់ចោលផលវិបាកទាំងអស់ដែលផ្ដើមមកពីការប្រព្រឹត្តអាក្រក់របស់មនុស្សដែរ។ ម្យ៉ាងទៀត ពួកគេគ្មានសមត្ថភាពឬអំណាចដូចព្រះទេ។ ប៉ុន្តែ ព្រះអាចបំបាត់ចោលនូវផលវិបាកទាំងអស់ដែលបណ្ដាលមកពីមនុស្សអាក្រក់។ លោកនឹងបំបាត់ចោលអំពើអាក្រក់ទាំងអស់ឲ្យសាបសូន្យទៅ។—សូមអាន ទំនុកតម្កើង ៣៧:៩-១១
តើព្រះមានអារម្មណ៍យ៉ាងណាពេលមនុស្សរងទុក្ខវេទនា?
១១. តើព្រះមានអារម្មណ៍យ៉ាងណាអំពីទុក្ខវេទនារបស់អ្នក?
១១ តើព្រះមានអារម្មណ៍យ៉ាងណាពេលឃើញអ្វីដែលកំពុងកើតឡើងក្នុងពិភពលោកនេះ និងក្នុងជីវិតរបស់អ្នកផ្ទាល់? គម្ពីរបង្រៀនថាព្រះ‹ស្រឡាញ់យុត្ដិធម៌›។ (ទំនុកតម្កើង ៣៧:២៨) ដូច្នេះ ចំពោះលោកការប្រព្រឹត្តដោយយុត្ដិធម៌ជាការសំខាន់ណាស់។ លោកមិនពេញចិត្តសោះឡើយពេលឃើញមនុស្សរងទុក្ខ។ គម្ពីរចែងថា៖ «ទ្រង់មានព្រះហឫទ័យព្រួយ» ពេលឃើញពិភពលោកពោរពេញទៅដោយអំពើអាក្រក់នៅសម័យបុរាណ។ (លោកុប្បត្តិ ៦:៥, ៦) មកដល់សព្វថ្ងៃនេះ ព្រះមិនបានប្រែប្រួលទេ។ (ម៉ាឡាគី ៣:៦) គម្ពីរប្រាប់ថាព្រះរមែងគិតអំពីអ្នក។—សូមអាន ពេត្រុសទី១ ៥:៧
១២, ១៣. (ក) ហេតុអ្វីយើងស្រឡាញ់ហើយយកចិត្តទុកដាក់នឹងអ្នកឯទៀត ហើយតើយើងមានអារម្មណ៍យ៉ាងណាចំពោះទុក្ខវេទនាក្នុងពិភពលោកនេះ? (ខ) ហេតុអ្វីយើងអាចទុកចិត្តថាព្រះនឹងបំបាត់ចោលការឈឺចាប់ទាំងអស់និងអំពើអយុត្ដិធម៌?
១២ គម្ពីរក៏ចែងដែរថាព្រះបានបង្កើតយើងឲ្យមានភាពដូចលោក។ (លោកុប្បត្តិ ១:២៦) នេះមានន័យថាព្រះបង្កើតយើងឲ្យមានគុណសម្បត្ដិដូចលោក។ ដូច្នេះ បើអ្នកចេះទើសចិត្តពេលអ្នកឃើញជនស្លូតត្រង់រងការឈឺចាប់ នោះអ្នកអាចប្រាកដថា ព្រះទើសចិត្តខ្លាំងជាងអ្នកទៅទៀត! តើមានមូលហេតុអ្វីទៀតដែលយើងដឹងដូច្នេះ?
១៣ គម្ពីរបង្រៀនយើងថា៖ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) សេចក្ដីស្រឡាញ់ជំរុញព្រះឲ្យធ្វើអ្វីៗទាំងអស់។ ហេតុនេះ យើងមានសេចក្ដីស្រឡាញ់ដោយសារព្រះជាសេចក្ដីស្រឡាញ់។ សូមគិតអំពីរឿងនេះ បើអ្នកមានអំណាច តើអ្នកនឹងបំបាត់ចោលការឈឺចាប់ទាំងអស់ ព្រមទាំងអំពើអយុត្ដិធម៌ក្នុងពិភពលោកនេះឬទេ? អ្នកប្រាកដជានឹងធ្វើដូច្នេះ ដោយសារអ្នកស្រឡាញ់មនុស្សឯទៀត។ ចុះព្រះវិញ? លោកមានឫទ្ធានុភាព ហើយដោយសារលោកស្រឡាញ់យើង នោះលោកនឹងបំបាត់ចោលការឈឺចាប់ទាំងអស់ ព្រមទាំងអំពើអយុត្ដិធម៌ផង។ អ្នកអាចជឿជាក់ថាសេចក្ដីសន្យាទាំងប៉ុន្មានដែលបានរៀបរាប់នៅសេចក្ដីផ្ដើមក្នុងសៀវភៅនេះនឹងក្លាយទៅជាការពិតមែន! ប៉ុន្តែ ដើម្បីមានជំនឿទៅលើសេចក្ដីសន្យារបស់ព្រះ អ្នកត្រូវដឹងថែមទៀតអំពីលោក។
ព្រះចង់ឲ្យអ្នកស្គាល់លោក
១៤. តើព្រះមាននាមអ្វី ហើយហេតុអ្វីយើងដឹងថាយើងគួរប្រើនាមលោក?
១៤ បើអ្នកចង់ធ្វើជាមិត្តសម្លាញ់របស់អ្នកណាម្នាក់ តើមុនដំបូងអ្នកនឹងប្រាប់អ្វី? អ្នកនឹងប្រាប់ឈ្មោះរបស់អ្នក មែនទេ? តើព្រះមាននាមទេ? សាសនាជាច្រើនឆ្លើយថា នាមរបស់លោកគឺ«ព្រះ» ឬ«ព្រះជាម្ចាស់»។ ប៉ុន្តែនេះមិនមែនជានាមរបស់លោកទេ គ្រាន់តែជាឋានៈប៉ុណ្ណោះ ដូចជា«ស្តេច» ឬ«នាយករដ្ឋមន្ត្រី»ជាដើម។ ព្រះប្រាប់យើងថា នាមរបស់លោកគឺយេហូវ៉ា។ ទំនុកតម្កើង ៨៣:១៨ ចែងថា៖ «ដើម្បីឲ្យគេបានដឹងថា គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។ អ្នកសរសេរគម្ពីរកត់ទុកនាមរបស់ព្រះរាប់ពាន់ដងក្នុងគម្ពីរ។ ដូច្នេះ ព្រះយេហូវ៉ាច្បាស់ជាចង់ឲ្យអ្នកស្គាល់នាមរបស់លោក ហើយប្រើនាមនោះ។ លោកប្រាប់អ្នកអំពីនាមរបស់លោក ដើម្បីអ្នកអាចធ្វើជាមិត្តសម្លាញ់របស់លោក។
១៥. តើនាមយេហូវ៉ាមានអត្ថន័យអ្វី?
១៥ នាមយេហូវ៉ាមានអត្ថន័យជ្រាលជ្រៅ។ នាមរបស់ព្រះមានន័យថាលោកអាចសម្រេចសេចក្ដីសន្យានិងគោលបំណងទាំងអស់របស់លោក។ គ្មានអ្វីណាមួយអាចរារាំងលោកបានឡើយ។ នាមយេហូវ៉ាគឺសម្រាប់តែលោកប៉ុណ្ណោះ។a
១៦, ១៧. តើឋានៈរបស់ព្រះមានអត្ថន័យអ្វី (ក) «ឫទ្ធានុភាពខ្លាំងក្លាបំផុត»? (ខ) «ស្តេចដែលរស់ជារៀងរហូត»? (គ) «អ្នកបង្កើត»?
១៦ ដូចយើងបានអានរួចហើយនៅទំនុកតម្កើង ៨៣:១៨ ដែលចែងអំពីព្រះយេហូវ៉ាថា៖ «គឺទ្រង់តែ១អង្គ . . . ដែលជាព្រះដ៏ខ្ពស់បំផុត»។ ម្យ៉ាងទៀត ការបើកបង្ហាញ ១៥:៣ ចែងថា៖ «ព្រះយេហូវ៉ាដែលជាព្រះមានឫទ្ធានុភាពខ្លាំងក្លាបំផុតអើយ អ្វីៗដែលលោកបានធ្វើគឺអស្ចារ្យ ហើយប្រសើរក្រៃលែង។ ស្តេចដែលរស់ជារៀងរហូតអើយ ផ្លូវរបស់លោកគឺសុចរិតនិងគួរឲ្យទុកចិត្ត»។ ដូច្នេះ ពាក្យ«ឫទ្ធានុភាពខ្លាំងក្លាបំផុត»ជាឋានៈមួយរបស់ព្រះ។ តើនេះមានន័យអ្វី? នេះមានន័យថាព្រះយេហូវ៉ាមានឫទ្ធានុភាពខ្លាំងក្លាបំផុតក្នុងសកលលោកដែលគ្មានអ្នកណាអាចប្រៀបផ្ទឹមបាន។ បន្ថែមទៀត ឋានៈជា«ស្តេចដែលរស់ជារៀងរហូត» មានន័យថាព្រះយេហូវ៉ាតែងតែមានជីវិតជានិច្ច។ ទំនុកតម្កើង ៩០:២ ពន្យល់ថាព្រះគ្មានទីចាប់ផ្ដើម ហើយក៏គ្មានទីបញ្ចប់ដែរ។ នេះពិតជាគួរឲ្យអស្ចារ្យណាស់!
១៧ ម្យ៉ាងទៀត មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលជាអ្នកបង្កើត។ ការបើកបង្ហាញ ៤:១១ ចែងថា៖ «ព្រះយេហូវ៉ាជាព្រះរបស់យើងអើយ លោកសមនឹងទទួលសេចក្ដីសរសើរដោយសារសិរីរុងរឿង កិត្ដិយស និងឫទ្ធានុភាព ពីព្រោះលោកបានបង្កើតអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់នោះបានកើតមក ក៏មាននៅផង ដោយសារបំណងប្រាថ្នារបស់លោក»។ ពិតមែន តាំងពីបុគ្គលវិញ្ញាណនៅស្ថានសួគ៌ដែលយើងមើលពុំឃើញ រហូតដល់ផ្កាយដែលមានពាសពេញផ្ទៃមេឃ ព្រមទាំងអ្វីដែលមាននៅផែនដីដូចជាផ្លែឈើ ហើយត្រីដែលហែលក្នុងទន្លេនិងសមុទ្រផង ទាំងអស់នេះមានគឺដោយសារព្រះយេហូវ៉ាជាអ្នកបង្កើត!
តើអ្នកអាចធ្វើជាសម្លាញ់របស់ព្រះយេហូវ៉ាបានទេ?
១៨. ហេតុអ្វីមនុស្សខ្លះគិតថាពួកគេមិនអាចធ្វើជាសម្លាញ់របស់ព្រះបាន? តើគម្ពីរបង្រៀនយ៉ាងណាអំពីរឿងនេះ?
១៨ ពេលមនុស្សខ្លះអានអំពីគុណសម្បត្ដិដែលគួរឲ្យកោតស្ងើចរបស់ព្រះយេហូវ៉ា ពួកគេបែរជាមានអារម្មណ៍ភ័យខ្លាចទៅវិញ។ ពួកគេគិតថា ‹ព្រះមានឫទ្ធានុភាពខ្លាំងក្លា ឋានៈខ្ពង់ខ្ពស់ ហើយនៅឆ្ងាយណាស់។ ហេតុនេះ តើព្រះអាចយកចិត្តទុកដាក់ចំពោះខ្ញុំដូចម្ដេចបាន?›។ ប៉ុន្តែ តើព្រះចង់ឲ្យយើងគិតដូច្នេះឬ? មិនមែនសោះឡើយ។ ព្រះយេហូវ៉ាចង់ចូលមកជិតយើង។ គម្ពីរចែងថាព្រះ«មិននៅឆ្ងាយពីយើងម្នាក់ៗ»ទេ។ (សកម្មភាព ១៧:២៧) ព្រះចង់ឲ្យអ្នកចូលទៅជិតលោក ហើយលោកសន្យាថា៖ «លោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។—យ៉ាកុប ៤:៨
១៩. (ក) តើអ្នកអាចធ្វើជាសម្លាញ់របស់ព្រះបានយ៉ាងដូចម្ដេច? (ខ) តើគុណសម្បត្ដិណាខ្លះរបស់ព្រះយេហូវ៉ាដែលទាក់ទាញចិត្តអ្នកខ្លាំងបំផុត?
១៩ តើអ្នកអាចធ្វើជាសម្លាញ់របស់ព្រះបានយ៉ាងដូចម្ដេច? លោកយេស៊ូមានប្រសាសន៍ថា៖ «ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់ ពួកគាត់ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់ ព្រមទាំងយេស៊ូគ្រិស្ត ដែលលោកបានចាត់ឲ្យមក»។ (យ៉ូហាន ១៧:៣) ដូច្នេះ សូមបន្តរៀនគម្ពីរ ហើយអ្នកនឹងស្គាល់ព្រះយេហូវ៉ានិងលោកយេស៊ូ។ ក្រោយមក អ្នកអាចទទួលជីវិតដែលគ្មានទីបញ្ចប់។ ជាឧទាហរណ៍ យើងបានរៀនហើយថា«ព្រះគឺជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:១៦) ប៉ុន្តែ លោកនៅមានគុណសម្បត្ដិដ៏អស្ចារ្យជាច្រើនទៀត។ គម្ពីរប្រាប់យើងថាព្រះយេហូវ៉ា«មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ»។ (និក្ខមនំ ៣៤:៦) ព្រះយេហូវ៉ា«ទ្រង់ល្អទ្រង់បំរុងតែនឹងអត់ទោស»។ (ទំនុកតម្កើង ៨៦:៥) លោកមានចិត្តអត់ធ្មត់ ហើយស្មោះត្រង់។ (ពេត្រុសទី២ ៣:៩; ការបើកបង្ហាញ ១៥:៤) ពេលដែលអ្នកអានគម្ពីរ នោះអ្នកនឹងរៀនច្រើនថែមទៀតអំពីព្រះនិងគុណសម្បត្ដិដ៏ថ្លៃថ្លារបស់លោក។
២០, ២១. តើអ្នកអាចចូលទៅជិតព្រះយ៉ាងដូចម្ដេចបាន បើអ្នកមិនអាចមើលឃើញព្រះផង?
២០ តើអ្នកអាចចូលទៅជិតព្រះយ៉ាងដូចម្ដេចបាន បើអ្នកមិនអាចមើលឃើញព្រះផង? (យ៉ូហាន ១:១៨; ៤:២៤; ធីម៉ូថេទី១ ១:១៧) ពេលអ្នករៀនអំពីព្រះយេហូវ៉ាតាមរយៈគម្ពីរ អ្នកនឹងស្គាល់ថាលោកជាបុគ្គលពិត ព្រមទាំងស្គាល់បុគ្គលិកលក្ខណៈរបស់លោកដែរ។ (ទំនុកតម្កើង ២៧:៤; រ៉ូម ១:២០) កាលដែលអ្នករៀនកាន់តែច្រើនអំពីព្រះយេហូវ៉ា នោះអ្នកនឹងស្រឡាញ់លោកកាន់តែខ្លាំង ហើយអ្នកនឹងមានអារម្មណ៍ថាមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងលោក។
២១ បន្ដិចម្ដងៗអ្នកនឹងយល់ដឹងថា ព្រះយេហូវ៉ាជាបិតារបស់យើង។ (ម៉ាថាយ ៦:៩) លោកផ្ដល់ជីវិតឲ្យយើង ហើយលោកថែមទាំងចង់ឲ្យយើងមានជីវិតដ៏ល្អបំផុត ដូចឪពុកដែលស្រឡាញ់កូនក៏ចង់ឲ្យកូនមានជីវិតដូចនោះដែរ។ (ទំនុកតម្កើង ៣៦:៩) ពិតមែន គម្ពីរបង្រៀនថាអ្នកអាចធ្វើជាសម្លាញ់របស់ព្រះយេហូវ៉ាបាន។ (យ៉ាកុប ២:២៣) សូមគិតទៅមើល! ព្រះយេហូវ៉ាដែលជាអ្នកបង្កើតសកលលោក ចង់ឲ្យអ្នកធ្វើជាសម្លាញ់របស់លោក!
២២. តើអ្នកគួរធ្វើអ្វីបើអ្នកឯទៀតចង់ឲ្យអ្នកឈប់រៀនគម្ពីរ?
២២ មនុស្សខ្លះប្រហែលជាចង់ឲ្យអ្នកឈប់រៀនគម្ពីរ។ ពួកគេប្រហែលជាខ្លាចថាអ្នកនឹងដូរសាសនា។ ប៉ុន្តែ កុំឲ្យអ្នកណាម្នាក់មករារាំងអ្នកមិនឲ្យធ្វើជាសម្លាញ់របស់ព្រះយេហូវ៉ាឡើយ។ លោកគឺជាមិត្តដ៏ល្អបំផុតរបស់អ្នក។
២៣, ២៤. (ក) ហេតុអ្វីអ្នកគួរបន្តសួរសំណួរ? (ខ) តើយើងនឹងពិចារណាអំពីអ្វីនៅជំពូកបន្ទាប់?
២៣ កាលដែលអ្នករៀនគម្ពីរ នឹងមានចំណុចខ្លះដែលអ្នកមិនយល់។ ប៉ុន្តែ កុំឲ្យការអៀនខ្មាសធ្វើឲ្យអ្នកស្ទាក់ស្ទើរមិនហ៊ានសួរឡើយ។ លោកយេស៊ូមានប្រសាសន៍ថាយើងគួរមានចិត្តរាបទាបដូចកូនក្មេង ដែលតែងតែសួរសំណួរច្រើន។ (ម៉ាថាយ ១៨:២-៤) ព្រះក៏ចង់ឲ្យអ្នករកឃើញចម្លើយចំពោះសំណួររបស់អ្នកដែរ។ ដូច្នេះ សូមសិក្សាគម្ពីរដោយយកចិត្តទុកដាក់ ដើម្បីប្រាកដថាអ្វីដែលអ្នកកំពុងរៀនគឺជាសេចក្ដីពិត។—សូមអាន សកម្មភាព ១៧:១១
២៤ វិធីល្អបំផុតដែលយើងអាចរៀនអំពីព្រះយេហូវ៉ា គឺដោយសិក្សាគម្ពីរ។ នៅជំពូកបន្ទាប់ យើងនឹងពិចារណាមូលហេតុដែលគម្ពីរគឺខុសប្លែកពីសៀវភៅឯទៀត។
a បើគម្ពីររបស់អ្នកគ្មាននាមយេហូវ៉ាទេ ឬបើអ្នកចង់ដឹងព័ត៌មានថែមទៀតអំពីអត្ថន័យនិងរបៀបអាននាមរបស់ព្រះ សូមមើលលេខ១ក្នុងកំណត់នៅចុងសៀវភៅ។