អត្ថបទសិក្សា ៣៦
សង្គ្រាមហាម៉ាគេដូនគឺជាដំណឹងល្អ!
‹ពួកគេបានប្រមូលគ្នាទៅឯកន្លែងដែលហៅថាហាម៉ាគេដូន›។—បប. ១៦:១៦
ចម្រៀងលេខ១៥០ ចូរស្វែងរកសេចក្ដីសង្គ្រោះពីព្រះ
សេចក្ដីសង្ខេបa
១-២. (ក) ហេតុអ្វីសង្គ្រាមហាម៉ាគេដូនគឺជាដំណឹងល្អសម្រាប់មនុស្សជាតិ? (ខ) ក្នុងអត្ថបទនេះ តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
មនុស្សខ្លះជឿថាសង្គ្រាមនុយក្លេអ៊ែរ ឬមហន្តរាយធម្មជាតិនឹងបំផ្លាញពិភពលោក។ ប៉ុន្តែនេះមិនមែនជាអ្វីដែលគម្ពីរចែងទេ។ ផ្ទុយទៅវិញ គម្ពីរបង្រៀនថាមិនយូរទៀតនឹងមានសង្គ្រាមមួយដែលនាំឲ្យទទួលលទ្ធផលដ៏ល្អ។ សង្គ្រាមនេះបានត្រូវហៅថាហាម៉ាគេដូន ហើយអ្វីដែលគម្ពីរចែងអំពីសង្គ្រាមនេះគួរជាអ្វីដែលធ្វើឲ្យយើងសប្បាយរីករាយ។ (បប. ១:៣) សង្គ្រាមហាម៉ាគេដូននឹងមិនបំផ្លាញមនុស្សជាតិទេ ប៉ុន្តែនឹងសង្គ្រោះពួកគេវិញ។ តើតាមរបៀបណា?
២ គម្ពីរបង្ហាញថាសង្គ្រាមហាម៉ាគេដូននឹងសង្គ្រោះមនុស្សជាតិដោយបំបាត់ចោលការគ្រប់គ្រងរបស់មនុស្ស ហើយបំផ្លាញចោលមនុស្សទុច្ចរិត និងទុកមនុស្សសុចរិតឲ្យរស់នៅ។ ម្យ៉ាងទៀត សង្គ្រាមនោះនឹងសង្គ្រោះមនុស្សជាតិដោយបំផ្លាញពួកអ្នកដែលបង្ខូចផែនដី។ (បប. ១១:១៨) ដើម្បីយល់ចំណុចទាំងនេះឲ្យកាន់តែច្បាស់ សូមយើងពិចារណាសំណួរបួនដូចតទៅ៖ តើសង្គ្រាមហាម៉ាគេដូនគឺជាអ្វី? តើព្រឹត្ដិការណ៍អ្វីខ្លះនឹងនាំទៅដល់សង្គ្រាមនោះ? តើតាមរបៀបណាយើងអាចនៅក្នុងចំណោមពួកអ្នកដែលនឹងរួចជីវិតពីសង្គ្រាមហាម៉ាគេដូន? តើយើងអាចរក្សាភាពស្មោះត្រង់យ៉ាងដូចម្ដេចកាលដែលទីបញ្ចប់កាន់តែជិតមកដល់?
តើសង្គ្រាមហាម៉ាគេដូនគឺជាអ្វី?
៣. (ក) តើពាក្យ«ហាម៉ាគេដូន»មានន័យយ៉ាងណា? (ខ) យោងទៅតាមការបើកបង្ហាញ ១៦:១៤, ១៦ ហេតុអ្វីយើងអាចនិយាយថាហាម៉ាគេដូនមិនមែនជាកន្លែងមែនទែន?
៣ សូមអាន ការបើកបង្ហាញ ១៦:១៤, ១៦។ ពាក្យ«ហាម៉ាគេដូន»មានតែម្ដងប៉ុណ្ណោះក្នុងគម្ពីរ ហើយពាក្យនេះមកពីពាក្យភាសាហេប្រឺដែលមានន័យថា«ភ្នំមេគីដោ»។ (បប. ១៦:១៦) មេគីដោគឺជាក្រុងមួយនៅអ៊ីស្រាអែលសម័យបុរាណ។ (យ៉ូស. ១៧:១១) ហាម៉ាគេដូនមិនសំដៅទៅលើកន្លែងមែនទែនលើផែនដីនេះទេ។ និយាយឲ្យចំទៅ ហាម៉ាគេដូនសំដៅទៅលើស្ថានភាពមួយ ពេល«ស្តេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី»ប្រមូលគ្នាច្បាំងនឹងព្រះយេហូវ៉ា។ (បប. ១៦:១៤) ប៉ុន្តែក្នុងអត្ថបទនេះ យើងក៏នឹងប្រើពាក្យ«ហាម៉ាគេដូន» ដើម្បីសំដៅទៅលើសង្គ្រាមដែលនឹងកើតឡើងភ្លាមៗបន្ទាប់ពីការប្រមូលស្តេចទាំងឡាយនៅផែនដី។ ហេតុអ្វីយើងដឹងថាហាម៉ាគេដូនមិនសំដៅលើកន្លែងមែនទែន? មូលហេតុទី១ គ្មានភ្នំមេគីដោទេ។ ទី២ តំបន់នៅជុំវិញក្រុងមេគីដោគឺមានទីតាំងតូចពេកសម្រាប់«ស្តេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី» កងទ័ព និងអាវុធរបស់ពួកគេ។ ទី៣ ដូចយើងនឹងរៀនក្នុងអត្ថបទនេះ សង្គ្រាមហាម៉ាគេដូននឹងចាប់ផ្ដើមពេលដែល«ស្តេច»ក្នុងពិភពលោកនេះវាយប្រហាររាស្ត្ររបស់ព្រះដែលរស់នៅទូទាំងផែនដី។
៤. ហេតុអ្វីព្រះយេហូវ៉ាដាក់ឈ្មោះសង្គ្រាមចុងក្រោយដ៏អស្ចារ្យរបស់លោកឲ្យជាប់ទាក់ទងនឹងមេគីដោ?
៤ ហេតុអ្វីព្រះយេហូវ៉ាដាក់ឈ្មោះសង្គ្រាមចុងក្រោយដ៏អស្ចារ្យរបស់លោកឲ្យជាប់ទាក់ទងនឹងមេគីដោ? នៅសម័យគម្ពីរ មានការប្រយុទ្ធជាច្រើននាក្រុងមេគីដោនិងជ្រលងភ្នំយេសរាលនៅក្បែរនោះ។ ជួនកាល ព្រះយេហូវ៉ាបានជួយរាស្ត្ររបស់លោកឲ្យទទួលជ័យជម្នះក្នុងការប្រយុទ្ធទាំងនោះ។ ជាឧទាហរណ៍ នៅ«ជិតទឹកមេគីដោ» ព្រះយេហូវ៉ាបានជួយចៅហ្វាយជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះបារ៉ាក់ឲ្យយកឈ្នះកងទ័ពជនជាតិកាណានដែលដឹកនាំដោយមេទ័ពស៊ីសេរ៉ា។ បារ៉ាក់និងដេបូរ៉ាដែលជាអ្នកប្រកាសទំនាយបានអរគុណព្រះយេហូវ៉ាសម្រាប់ជ័យជម្នះដ៏អស្ចារ្យនោះ។ ពួកគេបានច្រៀងថា៖ ‹ផ្ទៃមេឃក៏បានជួយច្បាំងនឹងស៊ីសេរ៉ា។ ស្ទឹងគីសុនបានហូរនាំយកគេទៅបាត់›។—ចៅ. ៥:១៩-២១
៥. តើនឹងមានភាពខុសគ្នាដ៏សំខាន់អ្វីរវាងសង្គ្រាមហាម៉ាគេដូននិងការប្រយុទ្ធរបស់បារ៉ាក់?
៥ បារ៉ាក់និងដេបូរ៉ាបានច្រៀងដោយពាក្យបញ្ចប់ថា៖ «ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ទ្រង់វិនាសទៅដូច្នេះដែរ តែសូមឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់បានភ្លឺដូចជាថ្ងៃក្នុងកាលដែលរះឡើងពេញវង់វិញ»។ (ចៅ. ៥:៣១) នៅសង្គ្រាមហាម៉ាគេដូន សត្រូវរបស់ព្រះក៏នឹងត្រូវបំផ្លាញចោលដែរ រីឯពួកអ្នកដែលស្រឡាញ់ព្រះនឹងត្រូវសង្គ្រោះ។ ប៉ុន្តែ មានចំណុចខុសគ្នាមួយដែលសំខាន់រវាងការប្រយុទ្ធទាំងពីរនេះ គឺថារាស្ត្ររបស់ព្រះនឹងមិនប្រយុទ្ធនៅសង្គ្រាមហាម៉ាគេដូនទេ។ ពួកគេក៏នឹងគ្មានអាវុធដែរ! ពួកគេ«នឹងមានកំឡាំងដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត»លើព្រះយេហូវ៉ា និងកងទ័ពរបស់លោកនៅស្ថានសួគ៌។—អេ. ៣០:១៥; បប. ១៩:១១-១៥
៦. តើព្រះយេហូវ៉ាប្រហែលជានឹងធ្វើអ្វីដើម្បីយកឈ្នះសត្រូវរបស់លោកនៅសង្គ្រាមហាម៉ាគេដូន?
៦ តើព្រះនឹងធ្វើអ្វីដើម្បីយកឈ្នះសត្រូវរបស់លោកនៅសង្គ្រាមហាម៉ាគេដូន? លោកប្រហែលជាប្រើវិធីផ្សេងៗ។ ជាឧទាហរណ៍ លោកប្រហែលជាធ្វើឲ្យមានរញ្ជួយដី រន្ទះបាញ់ និងទម្លាក់ដុំព្រិល។ (យ៉ូប ៣៨:២២, ២៣; អេស. ៣៨:១៩-២២) លោកប្រហែលជាធ្វើឲ្យសត្រូវរបស់លោកប្រយុទ្ធគ្នាទៅវិញទៅមក។ (២រប. ២០:១៧, ២២, ២៣) ម្យ៉ាងទៀត លោកក៏ប្រហែលជាប្រើទេវតារបស់លោកដើម្បីសម្លាប់មនុស្សទុច្ចរិត។ (អេ. ៣៧:៣៦) ទោះជាព្រះប្រើវិធីណាក៏ដោយ លោកនឹងទទួលជ័យជម្នះទាំងស្រុង។ មនុស្សទាំងអស់ដែលប្រឆាំងព្រះនឹងត្រូវបំផ្លាញចោល ហើយមនុស្សសុចរិតទាំងអស់នឹងត្រូវសង្គ្រោះ។—សុភ. ៣:២៥, ២៦
តើព្រឹត្ដិការណ៍អ្វីខ្លះនឹងនាំទៅដល់សង្គ្រាមហាម៉ាគេដូន?
៧-៨. (ក) យោងទៅតាមថែស្សាឡូនិចទី១ ៥:១-៦ តើពួកអ្នកដឹកនាំពិភពលោកនឹងប្រកាសអ្វី? (ខ) ហេតុអ្វីការប្រកាសនោះជាពាក្យកុហកដែលនាំឲ្យមានគ្រោះថ្នាក់?
៧ ការប្រកាសអំពី«សន្ដិភាពនិងសន្ដិសុខ»នឹងកើតឡើងមុន«ថ្ងៃរបស់ព្រះយេហូវ៉ា»។ (សូមអាន ថែស្សាឡូនិចទី១ ៥:១-៦) នៅថែស្សាឡូនិចទី១ ៥:២ «ថ្ងៃរបស់ព្រះយេហូវ៉ា»សំដៅលើ«គ្រាទុក្ខវេទនាដ៏ខ្លាំង»។ (បប. ៧:១៤) តើយើងនឹងដឹងយ៉ាងដូចម្ដេចថាគ្រាទុក្ខវេទនាដ៏ខ្លាំងជិតចាប់ផ្ដើម? គម្ពីរប្រាប់យើងអំពីការប្រកាសដែលខុសពីធម្មតា។ ការប្រកាសនោះគឺជាសញ្ញាសម្គាល់អំពីទីចាប់ផ្ដើមនៃគ្រាទុក្ខវេទនាដ៏ខ្លាំង។
៨ សេចក្ដីប្រកាសនោះគឺថា៖ «មានសន្ដិភាពនិងសន្ដិសុខហើយ»។ ហេតុអ្វីពួកអ្នកដឹកនាំពិភពលោកនឹងនិយាយដូច្នេះ? តើអ្នកដឹកនាំសាសនានឹងរួមចំណែកក្នុងការប្រកាសនោះឬទេ? ប្រហែលជាដូច្នេះ។ ទោះជាយ៉ាងនោះក៏ដោយ សេចក្ដីប្រកាសនោះជាពាក្យកុហកដែលមកពីពួកវិញ្ញាណកំណាច។ ពាក្យកុហកនេះគឺជាអ្វីដែលនាំឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង ពីព្រោះមនុស្សនឹងគិតថាពួកគេមានសុវត្ថិភាព តែតាមការពិតគ្រាទុក្ខវេទនាដ៏ខ្លាំងបំផុតក្នុងប្រវត្ដិសាស្ត្រមនុស្សហៀបនឹងចាប់ផ្ដើម។ ពេលដែលមានសេចក្ដីប្រកាសនោះ «នោះស្រាប់តែសេចក្ដីហិនវិនាសនឹងកើតមានដល់ពួកគេភ្លាម ដូចជាការឈឺចាប់របស់ស្ត្រីដែលហៀបនឹងសម្រាលកូន»។ ចុះយ៉ាងណាអ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ា? តើនឹងមានអ្វីកើតឡើងចំពោះពួកគេ? ពួកគេប្រហែលជាភ្ញាក់ផ្អើល ដោយសារពួកគេមិនដឹងថាគ្រាទុក្ខវេទនាដ៏ខ្លាំងនឹងចាប់ផ្ដើមនៅពេលណាទេ តែពួកគេបានត្រៀមខ្លួនរួចរាល់សម្រាប់គ្រានោះ។
៩. តើព្រះយេហូវ៉ានឹងបំផ្លាញរបៀបរបបពិភពលោករបស់សាថាននៅពេលដំណាលគ្នាឬទេ? សូមពន្យល់។
៩ ព្រះយេហូវ៉ានឹងមិនបំផ្លាញពិភពលោកទាំងមូលរបស់សាថាននៅពេលតែមួយ ដូចដែលលោកបានធ្វើនៅសម័យណូអេទេ។ ផ្ទុយទៅវិញ លោកនឹងបំផ្លាញពិភពលោកនេះជាពីរដំណាក់កាលសំខាន់ៗ។ ដំបូង លោកនឹងបំផ្លាញបាប៊ីឡូនដ៏ខ្លាំងក្លា ពោលគឺសាសនាមិនពិតទាំងឡាយនៅទូទាំងពិភពលោក។ បន្ទាប់មក នៅសង្គ្រាមហាម៉ាគេដូន លោកនឹងបំផ្លាញអ្វីដែលនៅសេសសល់ពីពិភពលោកសាថាន ដូចជាប្រព័ន្ធពាណិជ្ជកម្ម នយោបាយ និងយោធាជាដើម។ សូមយើងពិចារណាថែមទៀតអំពីព្រឹត្ដិការណ៍ដ៏សំខាន់ទាំងពីរនេះ។
១០. យោងទៅតាមការបើកបង្ហាញ ១៧:១, ៦ និង១៨:២៤ ហេតុអ្វីព្រះយេហូវ៉ានឹងបំផ្លាញបាប៊ីឡូនដ៏ខ្លាំងក្លា?
១០ «ការវិនិច្ឆ័យទោសមេស្ត្រីពេស្យា»។ (សូមអាន ការបើកបង្ហាញ ១៧:១, ៦; ១៨:២៤) បាប៊ីឡូនដ៏ខ្លាំងក្លាបាននាំឲ្យមានការតិះដៀលជាច្រើនដល់នាមរបស់ព្រះ។ ជាឧទាហរណ៍ នាងបានបង្រៀនអ្វីដែលមិនពិតអំពីព្រះ។ សាសនាមិនពិតគឺប្រៀបដូចជាស្ត្រីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ក្នុងន័យថាសាសនាមិនពិតមិនបានស្មោះត្រង់ចំពោះព្រះយេហូវ៉ា ដោយសារនាងគាំទ្ររដ្ឋាភិបាលរបស់មនុស្ស។ នាងបានប្រើអំណាចរបស់នាងដើម្បីកេងប្រវ័ញ្ចសមាជិកសាសនារបស់នាង។ ម្យ៉ាងទៀត នាងបានសម្លាប់មនុស្សជាច្រើន រួមទាំងអ្នកបម្រើរបស់ព្រះមួយចំនួនផងដែរ។ (បប. ១៩:២) តើព្រះយេហូវ៉ានឹងបំផ្លាញបាប៊ីឡូនដ៏ខ្លាំងក្លាយ៉ាងដូចម្ដេច?
១១. តើ«សត្វសាហាវមួយដែលមានសម្បុរក្រហមឆ្អៅ»ជាតំណាងអ្វី? តើវាជាប់ទាក់ទងយ៉ាងណានឹងការធ្វើឲ្យគោលបំណងរបស់ព្រះបានសម្រេចស្តីអំពីបាប៊ីឡូនដ៏ខ្លាំងក្លា?
១១ ព្រះយេហូវ៉ានឹងបំផ្លាញ«មេស្ត្រីពេស្យា» តាមរយៈ«ស្នែងដប់»របស់«សត្វសាហាវមួយដែលមានសម្បុរក្រហមឆ្អៅ»។ សត្វសាហាវនោះជាតំណាងអង្គការសហប្រជាជាតិ។ ស្នែងដប់ជាតំណាងរដ្ឋាភិបាលដែលគាំទ្រអង្គការនោះ។ នៅពេលកំណត់របស់ព្រះ រដ្ឋាភិបាលទាំងនោះនឹងវាយប្រហារបាប៊ីឡូនដ៏ខ្លាំងក្លា។ ពួកគេ«នឹងបំផ្លាញនាងព្រមទាំងធ្វើឲ្យនាងនៅអាក្រាត» ដោយប្លន់យកទ្រព្យសម្បត្ដិរបស់នាង និងបង្ហាញដល់មនុស្សគ្រប់គ្នាអំពីអំពើអាក្រក់របស់នាង។ (បប. ១៧:៣, ១៦) សេចក្ដីហិនវិនាសដ៏ឆាប់រហ័សនោះ ហាក់ដូចជាកើតឡើងក្នុងមួយថ្ងៃប៉ុណ្ណោះ។ ពួកអ្នកដែលគាំទ្រនាងនឹងតក់ស្លុតចំពោះព្រឹត្ដិការណ៍នោះ។ នោះគឺដោយសារនាងច្រើនតែនិយាយអួតថា៖ «ខ្ញុំគ្រប់គ្រងជាមហាក្សត្រី ហើយខ្ញុំមិនមែនជាស្ត្រីមេម៉ាយទេ ខ្ញុំនឹងមិនមានទុក្ខព្រួយឡើយ»។—បប. ១៨:៧, ៨
១២. តើព្រះយេហូវ៉ានឹងមិនអនុញ្ញាតឲ្យប្រជាជាតិនានាធ្វើអ្វី ហើយហេតុអ្វី?
១២ ព្រះនឹងមិនអនុញ្ញាតឲ្យប្រជាជាតិនានាបំផ្លាញរាស្ត្ររបស់លោកឡើយ។ ហេតុអ្វី? ពីព្រោះរាស្ត្ររបស់ព្រះមានមោទនភាពធ្វើជាតំណាងនាមរបស់លោក ហើយពួកគេបានធ្វើតាមបង្គាប់របស់លោកដែលឲ្យចេញពីបាប៊ីឡូនដ៏ខ្លាំងក្លា។ (សកម្ម. ១៥:១៦, ១៧; បប. ១៨:៤) ពួកគេក៏បានខំជួយអ្នកឯទៀតឲ្យចេញពីនាងដែរ។ ហេតុនេះ អ្នកបម្រើរបស់ព្រះយេហូវ៉ានឹងមិន«ទទួលចំណែកពីសេចក្ដីវេទនារបស់នាង»ទេ។ ទោះជាយ៉ាងនេះក្ដី ពួកគេត្រូវមានជំនឿរឹងមាំដើម្បីប្រឈមមុខចំពោះអ្វីដែលនឹងកើតឡើងក្រោយមក។
១៣. (ក) តើកូកជាអ្នកណា? (ខ) យោងទៅតាមអេសេគាល ៣៨:២, ៨, ៩ តើអ្វីបណ្ដាលឲ្យកូកវាយប្រហាររាស្ត្ររបស់ព្រះ?
១៣ ការវាយប្រហារដោយកូក។ (សូមអាន អេសេគាល ៣៨:២, ៨, ៩) ក្រោយពីសាសនាមិនពិតទាំងអស់បានត្រូវបំផ្លាញចោល នោះនៅសល់តែសាសនាមួយប៉ុណ្ណោះលើផែនដី គឺអ្នកបម្រើរបស់ព្រះយេហូវ៉ា។ សាថានពិតជានឹងមានកំហឹងខ្លាំងណាស់។ វានឹងបញ្ចេញកំហឹងនោះ ដោយប្រើ«បណ្ដាំស្មោកគ្រោក» ដែលសំដៅទៅលើព័ត៌មានមិនពិតពីពួកវិញ្ញាណកំណាច។ ព័ត៌មានមិនពិតនោះនឹងបណ្ដាលឲ្យប្រជាជាតិផ្សេងៗដែលចងសម្ព័ន្ធជាមួយគ្នា វាយប្រហារអ្នកបម្រើរបស់ព្រះយេហូវ៉ា។ (បប. ១៦:១៣, ១៤) ប្រជាជាតិទាំងនោះបានត្រូវហៅថា‹កូកនៃស្រុកម៉ាកូក›។ ពេលដែលប្រជាជាតិទាំងនោះវាយប្រហាររាស្ត្ររបស់ព្រះយេហូវ៉ា នោះសង្គ្រាមហាម៉ាគេដូននឹងចាប់ផ្ដើម។—បប. ១៦:១៦
១៤. តើកូកនឹងទទួលស្គាល់អ្វី?
១៤ កូកនឹងទុកចិត្តទៅលើ«ដៃខាងសាច់ឈាម» ពោលគឺកងកម្លាំងយោធារបស់គាត់។ (២រប. ៣២:៨) រីឯយើងនឹងទុកចិត្តព្រះយេហូវ៉ាដែលជាព្រះរបស់យើង។ នេះមើលទៅជាការល្ងង់ខ្លៅចំពោះប្រជាជាតិទាំងនោះ។ ហេតុអ្វី? ពីព្រោះបាប៊ីឡូនដ៏ខ្លាំងក្លាធ្លាប់មានអំណាច តែព្រះរបស់នាងមិនបានសង្គ្រោះនាងពី«សត្វសាហាវ»និង«ស្នែងទាំងដប់»របស់វាឡើយ។ (បប. ១៧:១៦) ដូច្នេះ កូកនឹងគិតថាគាត់អាចបំផ្លាញយើងយ៉ាងស្រួល។ គាត់នឹងវាយប្រហាររាស្ត្ររបស់ព្រះយេហូវ៉ា«ដូចជាពពកដែលគ្របស្រុក»។ (អេស. ៣៨:១៦) ប៉ុន្តែមិនយូរក្រោយមក កូកនឹងទទួលស្គាល់ថាខ្លួនបានធ្លាក់ចូលអន្ទាក់មួយ។ ដូចផារ៉ូនៅសមុទ្រក្រហម កូកនឹងទទួលស្គាល់ថាគាត់កំពុងប្រយុទ្ធប្រឆាំងនឹងព្រះយេហូវ៉ា។—និក្ខ. ១៤:១-៤; អេស. ៣៨:៣, ៤, ១៨, ២១-២៣
១៥. តើលោកយេស៊ូនឹងធ្វើអ្វីខ្លះនៅសង្គ្រាមហាម៉ាគេដូន?
១៥ គ្រិស្តនិងកងទ័ពរបស់លោកនៅស្ថានសួគ៌នឹងការពាររាស្ត្រព្រះ ហើយបំផ្លាញប្រជាជាតិទាំងនោះនិងកងទ័ពរបស់ពួកគេ។ (បប. ១៩:១១, ១៤, ១៥) តែចុះយ៉ាងណាសាថានដែលជាមេសត្រូវរបស់ព្រះយេហូវ៉ា និងជាអ្នកដែលបានប្រើពាក្យកុហកដើម្បីបណ្ដាលឲ្យកូកវាយប្រហាររាស្ត្ររបស់ព្រះនៅសង្គ្រាមហាម៉ាគេដូន? តើអ្វីនឹងកើតឡើងចំពោះវា? លោកយេស៊ូនឹងបោះវានិងពួកវិញ្ញាណកំណាចទៅក្នុងទីជ្រៅបំផុត។ នៅទីនោះពួកវានឹងត្រូវឃុំទុកអស់មួយពាន់ឆ្នាំ។—បប. ២០:១-៣
តើតាមរបៀបណាអ្នកអាចទទួលសេចក្ដីសង្គ្រោះនៅសង្គ្រាមហាម៉ាគេដូន?
១៦. (ក) តើយើងបង្ហាញថាយើង«ស្គាល់ព្រះ»យ៉ាងដូចម្ដេច? (ខ) នៅសង្គ្រាមហាម៉ាគេដូន តើអ្វីនឹងកើតឡើងចំពោះពួកអ្នកដែលស្គាល់ព្រះយេហូវ៉ា?
១៦ ទោះជាយើងទើបតែចូលក្នុងសេចក្ដីពិតឬចូលសេចក្ដីពិតអស់រយៈពេលយូរឆ្នាំហើយក្ដី យើងត្រូវបង្ហាញថាយើង«ស្គាល់ព្រះ» ហើយថាយើង«ស្ដាប់តាមដំណឹងល្អអំពីលោកយេស៊ូជាម្ចាស់របស់យើង» ដើម្បីទទួលសេចក្ដីសង្គ្រោះនៅសង្គ្រាមហាម៉ាគេដូន។ (២ថែ. ១:៧-៩) យើង«ស្គាល់ព្រះ»ពេលដែលយើងដឹងអំពីអ្វីដែលលោកចូលចិត្តនិងមិនចូលចិត្ត ព្រមទាំងខ្នាតតម្រារបស់លោក។ យើងក៏បង្ហាញថាយើងស្គាល់លោកពេលដែលយើងស្រឡាញ់លោក ស្ដាប់បង្គាប់លោក និងមានភក្ដីភាពផ្ដាច់មុខចំពោះលោក។ (១យ៉ូន. ២:៣-៥; ៥:៣) ពេលយើងធ្វើដូច្នេះ ព្រះក៏នឹងស្គាល់យើង ពោលគឺយើងនឹងទទួលការពេញចិត្តពីលោក។ (១កូ. ៨:៣) ជាលទ្ធផល យើងនឹងត្រូវសង្គ្រោះនៅសង្គ្រាមហាម៉ាគេដូន។
១៧. តើការ«ស្ដាប់តាមដំណឹងល្អអំពីលោកយេស៊ូជាម្ចាស់របស់យើង»មានន័យយ៉ាងណា?
១៧ «ដំណឹងល្អអំពីលោកយេស៊ូជាម្ចាស់របស់យើង» រួមបញ្ចូលសេចក្ដីបង្រៀនទាំងអស់របស់លោកយេស៊ូ ដែលមានក្នុងបណ្ដាំរបស់ព្រះ។ យើងស្ដាប់តាមដំណឹងល្អពេលយើងអនុវត្តអ្វីទាំងនោះក្នុងជីវិតយើង។ នោះរួមបញ្ចូលការចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិត ការរស់នៅស្របតាមខ្នាតតម្រាដ៏សុចរិតរបស់លោក និងការប្រកាសផ្សាយអំពីរាជាណាចក្រព្រះ។ (ម៉ាថ. ៦:៣៣; ២៤:១៤) ម្យ៉ាងទៀត ការស្ដាប់តាមដំណឹងល្អនោះក៏រួមបញ្ចូលការគាំទ្របងប្អូនរបស់គ្រិស្តដែលបានត្រូវរើសតាំង កាលដែលពួកគេបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរ។—ម៉ាថ. ២៥:៣១-៤០
១៨. តើអ្នកបម្រើដែលព្រះបានរើសតាំងនឹងតបស្នងចំពោះសេចក្ដីសប្បុរសដែលពួកគេបានទទួលយ៉ាងដូចម្ដេច?
១៨ មិនយូរទៀត អ្នកបម្រើដែលព្រះបានរើសតាំងនឹងតបស្នងដល់«ចៀមឯទៀត»ចំពោះសេចក្ដីសប្បុរសដែលពួកគេបានទទួលពីចៀមឯទៀត។ (យ៉ូន. ១០:១៦) តើពួកគេនឹងធ្វើដូច្នេះយ៉ាងដូចម្ដេច? មុនសង្គ្រាមហាម៉ាគេដូនចាប់ផ្ដើម សមាជិកទាំងអស់នៃពួក១៤៤.០០០នាក់នឹងត្រូវយកទៅស្ថានសួគ៌ជាបុគ្គលវិញ្ញាណដែលមានជីវិតអមតៈ។ ក្រោយមក ពួកគេនឹងរួមចំណែកជាមួយកងទ័ពនៅស្ថានសួគ៌ដែលនឹងកម្ទេចកូក ហើយការពារ«មនុស្សមួយក្រុមធំ»ដែលជារាស្ត្ររបស់ព្រះ។ (បប. ២:២៦, ២៧; ៧:៩, ១០) មនុស្សមួយក្រុមធំនឹងសប្បាយរីករាយដែលពួកគេបានគាំទ្រពួកអ្នកបម្រើដែលព្រះយេហូវ៉ាបានរើសតាំង កាលដែលពួកអ្នកទាំងនោះមិនទាន់ឡើងទៅស្ថានសួគ៌។
តើយើងអាចរក្សាភាពស្មោះត្រង់យ៉ាងដូចម្ដេចកាលដែលទីបញ្ចប់កាន់តែជិតមកដល់?
១៩-២០. ទោះជាយើងមានទុក្ខលំបាកក៏ដោយ តើយើងអាចរក្សាភាពស្មោះត្រង់យ៉ាងដូចម្ដេចកាលដែលសង្គ្រាមហាម៉ាគេដូនកាន់តែជិតមកដល់?
១៩ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ដ៏លំបាកនេះ រាស្ត្ររបស់ព្រះយេហូវ៉ាជាច្រើននាក់ជួបប្រទះនឹងទុក្ខលំបាកផ្សេងៗ។ ទោះជាយ៉ាងនេះក៏ដោយ យើងអាចស៊ូទ្រាំដោយមានអំណរ។ (យ៉ា. ១:២-៤) អ្វីដែលនឹងជួយយើងគឺការតស៊ូក្នុងសេចក្ដីអធិដ្ឋានដោយស្មោះអស់ពីចិត្ត។ (លូក. ២១:៣៦) ក្រៅពីការអធិដ្ឋាន យើងក៏ត្រូវសិក្សានិងរំពឹងគិតអំពីបណ្ដាំរបស់ព្រះជារៀងរាល់ថ្ងៃ នេះរួមបញ្ចូលទំនាយដ៏អស្ចារ្យក្នុងគម្ពីរស្តីអំពីសម័យយើង។ (ទំនុក. ៧៧:១២) បើយើងធ្វើដូច្នេះ ហើយខំអស់ពីសមត្ថភាពក្នុងកិច្ចបម្រើផ្សាយ នោះយើងនឹងរក្សាសេចក្ដីសង្ឃឹមនិងជំនឿរបស់យើងឲ្យនៅមាំមួន។
២០ សូមគិតថាអ្នកនឹងរំភើបចិត្តយ៉ាងណាពេលបាប៊ីឡូនដ៏ខ្លាំងក្លាបានត្រូវបំផ្លាញ និងពេលសង្គ្រាមហាម៉ាគេដូនបានចប់! សំខាន់ជាងនេះទៅទៀត សូមស្រមៃគិតថាអ្នកនឹងសប្បាយរីករាយយ៉ាងណាពេលដែលមនុស្សគ្រប់រូបគោរពនាមរបស់ព្រះនិងសិទ្ធិរបស់លោកក្នុងការគ្រប់គ្រង! (អេស. ៣៨:២៣) មែនហើយ សង្គ្រាមហាម៉ាគេដូនគឺជាដំណឹងល្អចំពោះពួកអ្នកដែលស្គាល់ព្រះ ស្ដាប់បង្គាប់បុត្រលោក និងស៊ូទ្រាំរហូតដល់ទីបញ្ចប់។—ម៉ាថ. ២៤:១៣
ចម្រៀងលេខ១៤៣ ចូរបន្តធ្វើការ បន្តរង់ចាំ និងចាំយាម
a រាស្ត្ររបស់ព្រះយេហូវ៉ាបានទន្ទឹងរង់ចាំសង្គ្រាមហាម៉ាគេដូនអស់រយៈពេលជាយូរមកហើយ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីដែលជាសង្គ្រាមហាម៉ាគេដូន ព្រឹត្ដិការណ៍ដែលនឹងនាំទៅដល់សង្គ្រាមហាម៉ាគេដូន និងរបៀបដែលយើងអាចរក្សាភាពស្មោះត្រង់កាលដែលទីបញ្ចប់កាន់តែជិតមកដល់។
b ការពណ៌នាអំពីរូបភាព: ព្រឹត្ដិការណ៍ដ៏អស្ចារ្យនឹងកើតឡើងជុំវិញយើង។ យើងនឹង(១) ចូលរួមក្នុងកិច្ចបម្រើផ្សាយដរាបណាដែលយើងអាចធ្វើបាន (២) រក្សាទម្លាប់ល្អក្នុងកម្មវិធីសិក្សា និង(៣) បន្តទុកចិត្តថាព្រះនឹងការពារយើង។
c ការពណ៌នាអំពីរូបភាព: ប៉ូលិសសម្រុកចូលក្នុងផ្ទះរបស់ក្រុមគ្រួសារគ្រិស្តសាសនិកមួយ។ តែក្រុមគ្រួសារនោះមានទំនុកចិត្តថាលោកយេស៊ូនិងពួកទេវតារបស់លោកដឹងអំពីអ្វីដែលកំពុងកើតឡើង។